BREAKING NEWS | កម្ពុជា និងថៃឯកភាពឈប់បាញ់គ្នា និងត្រលប់ទៅអនុវត្តបទឈប់បាញ់តាមរយៈការសម្របសម្រួលរបស់ប្រធានាធិបតីអាមេរិក
តម្លៃសេវាអ៊ីនធឺណិតនឹងទាបជាងមុន បន្ទាប់ពីកម្ពុជាតបណ្តាញប្រព័ន្ធអ៊ីនធឺណិតពីហុងកុង
វេទិកានយោបាយអាស៊ី-អឺរ៉ុប ស្នើឱ្យភាគីជម្លោះគោរពចំពោះកិច្ចព្រមព្រៀងសន្តិភាពនានា និង​ធម្មនុញ្ញ UN
ក្រសួងរៀងចំដែនដី នឹងបង្កើតសួនបន្ថែមក្នុងទីក្រុង ឆ្លើយតបនឹងកំណើនពលរដ្ឋក្នុងទីក្រុង

នយោបាយ​ និង ការអភិវឌ្ឍន៍

សម្តេចតេជោ បន្តផ្តល់អំណោយរថយន្តដឹកវ៉ាក់សាំងដល់មន្ទីរសុខាភិបាលរាជធានី-ខេត្ត

2022/03/10 12:27:59 pm        400
ភ្នំពេញ៖ មន្ទីរសុខាភិបាលរាជធានី-ខេត្ត ចំនួន១២ និងឃ្លាំងឱសថកណ្តាល នៃក្រសួងសុខាភិបាល នៅថ្ងៃនេះ ទទួលបានរថយន្តដឹកវ៉ាក់សាំងចំនួន២០គ្រឿង ដែលជាអំណោយរបស់សប្បុរជនខ្មែរ តាមរយៈសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា។លោកជំទាវវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល ​និងជាប្រធានគណៈកម្មការ ចំពោះកិច្ចចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ក្នុងប្រកខណ្ឌទូទាំងប្រទេស នៅថ្ងៃទី១០ ខែមីនានេះ បន្តប្រគល់រថយន្តដឹកវ៉ាក់សាំងចំនួន២០គ្រឿង​ ដែលជាអំណោយរបស់សប្បុរជនខ្មែរ តាម​រយៈសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា ជូនមន្ទីរសុខាភិបាលរាជធានី-ខេត្ត ចំនួន១២ និងឃ្លាំងឱសថ កណ្តាល នៃក្រសួងសុខាភិបាល។លោកជំទាវវេជ្ជបណ្ឌិត ឱ វណ្ណឌីន បានឱ្យដឹងថា រថយន្តដឹកវ៉ាក់សាំង ដែលជាអំណោយរបស់ សប្បុរសជនខ្មែរ តាមរយៈសម្តេចតេជោ ហ៊ុន សែន ប្រគល់ជូនមន្ទីសុខាភិបាលរាជធានី-ខេត្ត និងឱសថកណ្តាលនៅពេលនេះ នឹងចូលរួមចំណែកយ៉ាងសំខាន់ក្នុងដំណើរការចាក់វ៉ាក់សាំងកូវីដ-១៩ ជូនប្រជាពលរដ្ឋនៅទូទាំងប្រទេស និងទុកប្រើប្រាស់ក្នុងវិស័យសុខាភិបាល។រាជធានី-ខេត្តចំនួន១២ ដែលទទួលបានរថយន្តដឹកវ៉ាក់សាំង រួមមាន មន្ទីរសុខាភិបាលរាជធានីភ្នំពេញ ​មន្ទីរសុខាភិបាលខេត្តបន្ទាយមានជ័យ ​ខេត្តបាត់ដំបង ខេត្តកំពង់ចាម ​ខេត្តកំពង់ស្ពឺ​ ខេត្តកំពង់ធំ ​ខេត្តកំពត ខេត្តកណ្តាល ខេត្តព្រៃវែង ខេត្តសៀមរាម ខេត្តតាកែវ និងខេត្តត្បូងឃ្មុំ។អំណោយរថយន្តដឹកវ៉ាក់សាំង ម៉ាក Ford មានការរៀបចំឡើងទៅតាមតម្រូវការរបស់វ៉ាក់សាំង មាន​កម្រិតត្រជាក់​ក្នុងសីតុណ្ហភាព -24អង្សាសេ​ និងមានលក្ខណៈពិសេសជាច្រើនទៀត។ គិតត្រឹមថ្ងៃទី១០ ខែមីនានេះ រថយន្តដឹកវ៉ាក់សាំងជាង ១០០គ្រឿងហើយ​ ដែលជាអំណោយរបស់ សប្បុរជនខ្មែរ ​តាមរយៈសម្តេចតេជោ ​ត្រូវបានប្រគល់ជូនមន្ទីរសុខាភិបាលរាជាធានី-ខេត្តទាំង២៥ ក្រសួងការពារជាតិ និងប្រទេសឡាវ៕អត្ថបទ៖ ទូច សោភ័ណ

ពលរដ្ឋរាជធានីភ្នំពេញ មកចាក់វ៉ាក់សាំងកូវីដ-១៩ ដូសជំរុញទី៣ បានចំនួនជាង១លាននាក់ និងដូសជំរុញទី៤ បានចំនួន៧២ម៉ឺននាក់

2022/03/10 12:20:33 pm        405
ភ្នំពេញ៖ គិតមកដល់ព្រឹកថ្ងៃទី១០ ខែមីនា ឆ្នាំ២០២២នេះ មានបងប្អូនប្រជាពលរដ្ឋរស់នៅក្នុងរាជធានីភ្នំពេញ បានអញ្ជើញមកទទួលការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដូសជំរុញទី៣ បានចំនួនជាង ១លាននាក់ និងដូសជំរុញទី៤ បានចំនួន៧២នាក់។ បើតាមការបញ្ជាក់របស់ឯកឧត្តមវេជ្ជបណ្ឌិត ងី មានហេង ប្រធានមនី្ទរសុខាភិបាល រាជធានីភ្នំពេញ ប្រាប់BTV ព័ត៌មាន នៅព្រឹកនេះថា ការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ដូសជំរុញទី៣ ជូនយុវវ័យ បងប្អូនប្រជាពលរដ្ឋ អាយុចាប់ពី ១៨ឆ្នាំឡើង មកដល់ព្រឹកនេះ បានចំនួន ១លាន៣៧ម៉ឺននាក់ បើគិតជាភាគរយ បានចំនួន៩៧% រីឯដូសជំរុញទី៤ ចំពោះប្រជាពលរដ្ឋអាយុចាប់ពី ១៨ឆ្នាំឡើង បានចំនួន ៧២ម៉ឺននាក់ បើគិតជាភាគរយ បានចំនួន៥០%។ជាមួយគ្នានោះដែរលោក សុំ វ៉ាន់ថៃ ប្រធានរដ្ឋបាលនៃមនី្ទរពេទ្យបង្អែកពោធិ៍ចិនតុង បានឲ្យដឹងថា ដោយយោងទៅតាមគោលការណ៍ និងអនុសាសន៍របស់ប្រមុខថ្នាក់ដឹកនាំ គឺក្រុមការងារ​គ្រូពេទ្យ​ទាំងអស់ បានបំពេញការងារពីថ្ងៃច័ន្ទ រហូតដល់ថ្ងៃអាទិត្យ និងថ្ងៃបុណ្យទានផ្សេងៗ ចាក់វ៉ាក់សាំង​បង្ការជំងឺកូវីដ១៩ ​ជូនបងប្អូនប្រជាពលរដ្ឋមកពីគ្រប់តំបន់​ ដែលគ្រូពេទ្យរបស់យើងបានបំពេញ​ការងារ​នេះ មានរយៈពេលជាង ១ឆ្នាំមកហើយ។ទន្ទឹមនឹងនោះសម្រាប់ដំណើរការចាក់វ៉ាក់សាំងជូនបងប្អូនប្រជាពលរដ្ឋ ​ក្នុងថ្ងៃធម្មតាពីថ្ងៃច័ន្ទ រហូតដល់ថ្ងៃសុក្រ ​ទាបបំផុត​ ចាក់វ៉ាក់សាំងជូនបងប្អូនប្រជាពលរដ្ឋ ​បានចំនួនជាង៤០០នាក់ ។ ដោយឡែកថ្ងៃសៅរ៍ ​និងថ្ងៃអាទិត្យ ​ចាក់វ៉ាក់សាំងដូសទី១​ ដូសទី២​ ដូសជំរុញទី៣ និងដូស​ជំរុញទី៤នោះ មានចំនួនជាង ១៣០០នាក់ រហូតដល់ទៅជាង ១៤០០នាក់ ដែលពួកគាត់​បាន​អញ្ជើញ​មកទទួលការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩៕ អត្ថបទ ៖ រដ្ឋា

ការសាងសង់ស្ពានអាកាសចោមចៅ គ្រោងបញ្ចប់ជាស្ថាពរចុងខែមីនានេះ

2022/03/10 12:11:34 pm        877
ភ្នំពេញ៖ ក្នុងពេលរាជធានីភ្នំពេញ កំពុងមានការអភិវឌ្ឍហេដ្ឋារចនាសម័្ពន្ធជាបន្តបន្ទាប់ ក្នុងនោះ ការសាងសង់ស្ពានអាកាសចោមចៅ គ្រោងបញ្ចប់ជាស្ថាពរនៅចុងខែមីនានេះ។ការសាងសង់ស្ពានអាកាស​ចោមចៅ​សម្រេចបានលទ្ធផលស្ទើរតែ ​១០០ភាគរយ ហើយ​គ្រោង​បញ្ចប់​ការសាងសង់​ជាស្ថាពរ​នៅចុងខែមីនានេះ ​និង​អនុញ្ញាត​ឲ្យ​ប្រជាពលរដ្ឋ​ប្រើប្រាស់​ជា​បណ្តោះអាសន្ន​ក្នុងឱកាស​ចូលឆ្នាំ​ប្រពៃណីជាតិខ្មែរខាងមុខ។ គិតត្រឹមថ្ងៃទី១០ ខែមីនា ឆ្នាំ២០២២នេះ ការ​សាង​សង់​ស្ពាន​អាកាស​ចោមចៅ​ជិត​បញ្ចប់​ទៅតាម​ផែនការ និ​ងកំពុងរួមចំណែក​យ៉ាងសំខាន់ដល់ប្រជាពលរដ្ឋជាអ្នកដំណើរទូទៅ ក៏ដូចជាបម្រើដល់​វិស័យ​ដឹកជញ្ជូន​ទៅតាមបណ្តាខេត្តជាប់តំបន់សមុទ្រ។ប្រជាពលរដ្ឋជាអ្នកធ្វើដំណើរឆ្លងកាត់ស្ពាន​អាកាស​ចោមចៅ បាន​សម្តែងក្តីរីករាយ​ចំពោះ​សមិទ្ធផល​ថ្មី​របស់រាជរដ្ឋាភិបាល​ ក្រោយពីការសាង​សង់ស្ពាន​អាកាសចោមចៅ ក្នុងក្របខណ្ឌរាជធានីភ្នំពេញ ដែលនេះបង្ហាញពីសន្ទុះអភិវឌ្ឍន៍​ស្ពានអាកាសធំៗច្រើន ​ដើម្បី​បញ្ចៀស​ការ​កកស្ទះចរាចរណ៍។ ស្ពានអាកាសចោមចៅ បានបើកឲ្យប្រើប្រាស់ជាបណ្តោះអាសន្ន រួមមាន ផ្លូវក្រោមដីចំនួន៣ខ្សែ៖ ខ្សែទី១ ផ្លូវក្រោមដីភ្ជាប់ចរាចរពីផ្លូវជាតិលេខ៤ ​មក​មហាវិថីសហព័ន្ធរុស្សី ដើម្បីសម្រួល​លំហូរ​ចរាចរណ៍មកពីផ្លូវជាតិលេខ៤, ខ្សែទី២ ផ្លូវក្រោមដីភ្ជាប់ពីផ្លូវជាតិលេខ៤ ឆ្ពោះទៅមហាវិថីចោមចៅ ជាផ្លូវឯកទិស និងខ្សែទី៣ ជាផ្លូវឯកទិសភ្ជាប់ចរាចរណ៍ពីផ្លូវជាតិលេខ៤ បត់ស្តាំឆ្ពោះទៅផ្លូវជាតិ​លេខ៣។ ដោយឡែក ចំពោះស្ពានអាកាសទី១ ជាស្ពានអាកាសមេ​តភ្ជាប់ចរាចរ​ពីមហាវិថីសហព័ន្ធរុស្ស៊ី ទៅ​ផ្លូវជាតិលេខ៣ មានប្រវែង ​សរុប ៤០៨ម៉ែត្រ និងស្ពានអាកាសទី២​ បំបែក​ចេញ​ពី​ស្ពានអាកាសមេ បត់ឆ្វេង​តភ្ជាប់ចរាចរ​ពី​មហាវិថីសហព័ន្ធរុស្ស៊ី ​ឆ្ពោះទៅ​មហាវិថីចោមចៅ ក្រុមការងារ​ការដ្ឋាន​បន្ត​ក្រាលកៅស៊ូ និង​គូស​គំនូស​ចរាចរណ៍។ស្ពានអាកាសចោមចៅជាគម្រោងរបស់រាជរដ្ឋាភិបាលកម្ពុជា​ តាមរយៈរដ្ឋបាលរាជធានីភ្នំពេញ ដែល​សាងសង់​ដោយក្រុមហ៊ុនវិនិយោគទុនអានិកជនកម្ពុជា​ (OCIC) ហើយប្រើប្រាស់​ការសាងសង់​រយៈពេល​៣០ខែ ​និងចំណាយថវិការសាងសង់ប្រមាណ ២២លានដុល្លា។មក​ទល់ពេលបច្ចុប្បន្ន ស្ពានអាកាសក្នុងរាជធានីភ្នំពេញ ដែលបានសាងសង់មានចំនួន៧ ​រួមមាន ស្ពានអាកាសក្បាលថ្នល់ ​ស្ពានអាកាសស្ទឹងមានជ័យ ស្ពានអាកាស៥មករា​ ស្ពានអាកាស៧មករា ស្ពានអាកាសស្តុបផ្សារដីហ៊ុយ ​ស្ពានអាកាសចោមចៅ និងស្ពានអាកាសឬស្សីកែវ ដែល​កំពុង​ដំណើរ​ការ​សាងសង់ ខណៈ រដ្ឋបាលរាជធានីភ្នំពេញ ក៏កំពុងសិក្សាគម្រោង​សាងសង់ស្ពាន​អាកាស​នៅ​ចំណុច​ស្តុបផ្សារស៊ិនជូរីផ្លាហ្សា តាមបណ្តោយមហាវិថីសហព័ន្ធរុស្ស៊ី៕អត្ថបទ សេក ឧត្តម

ពលករមកពីថៃ តាមច្រកខេត្តបន្ទាយមានជ័យ មានច្រើនរាល់ថ្ងៃ និងរកឃើញវិជ្ជមាន ២០ទៅ៣០នាក់

2022/03/10 11:59:56 am        641
បន្ទាយមានជ័យ៖ នៅមុនបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ ពលករខ្មែរត្រឡប់មកពីប្រទេសថៃ ឆ្លងដែនតាមច្រកជាប់ ក្នុងបន្ទាយមានជ័យ មានចំនួនច្រើនរាល់ថ្ងៃ ហើយក្នុងចំណោមពលករទាំងនោះ ត្រូវបានរកឃើញមាន វិជ្ជមានកូវីដ-១៩ ប្រមាណពី២០ ទៅ៣០នាក់ ជាប្រភេទបំប្លែងថ្មី អូមីក្រុង ហើយបានបញ្ជូនទៅព្យាបាល នៅតាមមណ្ឌល ឬមន្ទីរពេទ្យ ដែលបានរៀបចំទុកជាស្រេច ។ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ នៅថ្ងៃទី១០ ខែមីនា នេះ បានឱ្យដឹងថា នារយៈពេលចុង​ក្រោយនេះ ពលករខ្មែរ មកពីប្រទេសថៃ ដែលឆ្លងតាមច្រកនានាជាប់​ខេត្តបន្ទាយមានជ័យ គឺមានចន្លោះពី៤០០ ទៅ៥០០នាក់ ហើយនៅថ្ងៃខ្លះ ក៏មានចំនួនលើសនោះផងដែរ។ឯកឧត្តម បានបន្តថា ពលករទាំងអស់ ដែលឆ្លងដែនមក ត្រូវបានអាជ្ញាធរ និងមន្ត្រីសុខាភិបាល​ពិនិត្យសុខភាព ​និងធ្វើតេស្ត​សំណាកគ្រប់គ្នា​ ដើម្បីរកមេរោគកូវីដ-១៩ រួមទាំងអ្នកមិនទាន់បាន​ចាក់វ៉ាក់សាំង ក៏ត្រូវបានជំរុញ និងណែនាំ​ពួក​គេឲ្យទៅចាក់ ​ឲ្យបានគ្រប់គ្នា ។ឯកឧត្តម អ៊ុំ រាត្រី បានបញ្ជាក់ថា ​សម្រាប់ពលករខ្មែរ ​ដែលឆ្លងដែនមកពីប្រទេសថៃ ​តាមចំនួន​នៃ ខេត្តបន្ទាយមានជ័យ ​ក្នុងនោះ​មានច្រក​បឹងត្រកួន ​ច្រកអូរបីជាន់ ​និងច្រកស្រុកម៉ាឡៃជាដើម៕ អត្ថបទ៖ បាន សុខរិទ្ធ

កិច្ចប្រជុំកំពូលអាស៊ាន-អាម៉េរិក បានលើកពេលដោយសារថ្នាក់ដឹកនាំដែលត្រូវចូលរួមជាប់រវល់

2022/03/10 11:49:14 am        377
ភ្នំពេញ៖ អ្នកនាំពាក្យក្រសួងការបរទេសកម្ពុជា បានបញ្ជាក់ថា កិច្ចប្រជុំកំពូលអាស៊ាន-អាម៉េរិក ដែលគ្រោងរៀប ចំឡើងនៅចុងខែមីនានេះ ត្រូវបានលើកពេល ដោយសារថ្នាក់ដឹកនាំប្រជុំ ដែលត្រូវចូលរួម ជាប់រវល់ ។ឯកឧត្តម ជុំ សុន្ទរី អ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៃកម្ពុជា បានឱ្យ ដឹងថា បច្ចុប្បន្ន ឥណ្ឌូនេស៊ី ជាប្រទេសសម្របសម្រួលទំនាក់ទំនងដៃគូសន្ទនា រវាងអាស៊ាន និងសហរដ្ឋអាម៉េរិក ហើយកិច្ចប្រជុំកំពូលពិសេសអាស៊ាន-សហរដ្ឋអាម៉េរិក បានស្នើឡើងដោយសហរដ្ឋអាម៉េរិក ត្រូវបាន ឯកភាពដោយថ្នាក់ដឹកនាំកំពូលអាស៊ាន ។ ឯកឧត្តម បានបន្តថា កាលបរិច្ឆេទ ត្រូវបានស្នើឡើងសម្រាប់កិច្ចប្រជុំកំពូល ហើយឥណ្ឌូនេស៊ី បាន ខិតខំអស់ពីសមត្ថភាពក្នុងការសម្របសម្រួល ដើម្បីស្វែងរកកាលបរិច្ឆេទមួយ ដែលអាចទទួល​យកបាន ​ដោយថ្នាក់ដឹកនាំទាំងអស់ ​តែគួរឲ្យសោកស្តាយ កាលបរិច្ឆេទ ​ដែលបានស្នើឡើង គឺមិន​សមស្របសម្រាប់ ថ្នាក់ដឹកនាំ ដោយសារភាពជាប់រវល់ច្រើន របស់ថ្នាក់ដឹកនាំ ហេតុដូចនេះហើយ ភាគីទាំងសងខាង អាស៊ាន និងសហរដ្ឋអាម៉េរិក បានសម្រេចលើកពេលកិច្ចប្រជុំកំពូលនេះ និងបន្តធ្វើការដើម្បីស្វែងរកកាលបរិច្ឆេទ ដែលសមស្របសម្រាប់ភាគីទាំងសងខាង។អ្នកនាំពាក្យក្រសួងការបរទេសរូបនេះ បានបន្ថែមថា កម្ពុជា ក្នុងនាមជាប្រធានអាស៊ាន គឺប្រកាន់ ភាពបត់បែនទៅលើ​កាលបរិច្ឆេទ​ ដែលបានស្នើឡើង និងបានធ្វើការសម្របសម្រួលជាពិសេស​ទៅលើ របៀបវារៈនៅក្នុងប្រទេស ដើម្បីបំពេញកាតព្វរបស់ខ្លួនក្នុងតំបន់ ​និងអន្តរជាតិ តែដើម្បីភាព​សមស្រប និង លទ្ធភាពចូលរួមរបស់ថ្នាក់ដឹកនាំ កម្ពុជា បានឯកភាពជាមួយប្រទេសសមាជិក​អាស៊ាន ក្នុងការលើកពេល កិច្ចប្រជុំនេះ ។កិច្ចប្រជុំកំពូលពិសេសអាស៊ាន-អាម៉េរិក ដែលសហរដ្ឋអាមេរិកធ្វើជាម្ចាស់ផ្ទះ ​ត្រូវបានសេតវិមាន ប្រធានាធិបតីសហរដ្ឋអាមេរិក ប្រកាសថា ​នឹងរៀបចំឡើងនៅថ្ងៃទី២៨-២៩ ​ខែមីនា នេះ បន្ទាប់​ពីបាន លើកពេលជាង១ខែ ​ទោះជាយ៉ាងនេះក្តី ​មេដឹកនាំអាស៊ានមួយចំនួន មិនទាន់ឯកភាព​នឹងពេលវេលា ដែលប្រកាសដោយសហរដ្ឋអាម៉េរិក នៅឡើយទេ៕អត្ថបទ៖ បាន សុខរិទ្ធ រូបភាព៖ ឯកសារ

នគរបាលនារី បាននឹងកំពុងបម្រើការងាយ៉ាងមុតមាំការពារថែរក្សាសន្តិសុខសណ្តាប់ធ្នាប់សង្គម

2022/03/09 05:47:12 pm        723
ភ្នំពេញ៖ កម្លាំងនគរបាលជានារីនៅខេត្តកោះកុង បាននឹងកំពុងបម្រើការងាររបស់ខ្លួនយ៉ាងមុតមាំ ចំពោះការការពារថែរក្សាសន្តិសុខសណ្តាប់ធ្នាប់ និងសុខាភិបាល ជូនថ្នាក់ដឹកនាំសំខាន់ៗ និងប្រជាពលរដ្ឋមិនចាញ់កងកម្លាំងនគរបាលជាបុរសៗឡើយ។ក្នុងឱកាសទិវាសិទ្ធិនារីអន្តរជាតិ ៨មីនា ឆ្នាំ២០២២នេះ លោកឧត្តមសេនីយ៍ទោ គង់ មនោ ស្នងការ​នគរបាល​ខេត្តកោះកុង ​លើកឡើងថា ​ពីមួយឆ្នាំទៅមួយឆ្នាំ អត្រាកងកម្លាំងជានារី ត្រូវបាន​ជ្រើសរើសឱ្យចូលបម្រើការងារចំនួន​គួរសម​ជាលំដាប់ ​ដើម្បី​ឆ្លើយ​តប​នឹង​តម្រូវការ ក៏ដូចជា​បំពេញ​បន្ថែម​នៃបេសកម្ម ​ការងារចំពោះមុខផងដែរ។លោកស្នងការ បានបញ្ជាក់ថា សព្វថ្ងៃនេះ ស្រ្តីវ័យក្មេងជាកងកម្លាំងនគរបាលនៅក្នុងខេត្តគឺបាន នឹង​កំពុងបម្រើការងាររបស់​ខ្លួន​យ៉ាង​មុតមាំ​ឥត​រុញរា​លើកិច្ចការពារថែរក្សានូវសន្តិសុខ ​សណ្តាប់ធ្នាប់​សាធារណៈ ​និងថ្នាក់ដឹកនាំសំខាន់ៗ​ផ្សេងទៀត ​មិនចាញ់​កងកម្លាំង​ជាបុរសនោះទេ។ រីឯស្រ្តីជានគរបាលវ័យចំណាស់ ក៏បានចូលរួមពង្រឹងនូវវិធានការសុខាភិបាលយ៉ាងខ្លាំងក្លា​ណាស់​ដែរ ​អំឡុងពេលរីករាលដាល ​ជំងឺកូវីដ-១៩ ដើម្បីកងកម្លាំងប្រដាប់អាវុធទាំងមូល​មាន​សុវត្ថិភាព​សុខភាពល្អ។បច្ចុប្បន្នស្នងការដ្ឋានខេត្តកោះកុង មានកម្លាំងនគរបាលជាស្រ្តីប្រមាណ៦៧នាក់ ​កំពុងបំពេញកិច្ច ការងារតាមការិយាល័យជំនាញរៀងៗខ្លួន ​ដោយមិនរាប់បញ្ចូលកងកម្លាំង​នគរបាលវរៈការពារ​ព្រំដែន​ទឹក ​ឬផែន​អន្តោប្រវេសន៍នោះទេ។បើតាមការឱ្យដឹងពីលោកស្រីឧត្តមសេនីយ៍ត្រី ពេជ្រ ស្រីពី​ ស្នងការរងនគរបាលខេត្ត រាជរដ្ឋាភិបាល ក្រសួងកិច្ចការនារី ​និងក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីស្រ្តី ​គឺ​បាន​ប្រឹងប្រែង​ជំរុញ​លើកកម្ពស់សមភាព យេនឌ័រ ​ដើម្បីស្រ្តីបានទទួល​នូវកិច្ចការពារសិទ្ធិ ​និង​ផលប្រយោជន៍ ​តាមរយៈការកែប្រែ​ឥរិយាបថ​សង្គមឱ្យទទួលស្គាល់ ​ព្រមទាំងចាត់ទុកស្រ្តី ​ជាដៃគូដ៏សំខាន់ក្នុងការ​អភិវឌ្ឍគ្រួសារ​ សង្គម​និង​វិស័យកងកម្លាំងប្រដាប់អាវុធជាដើម៕ អត្ថបទ៖ ឈឹម មករា

កម្ពុជានិងក្រុមប្រឹក្សាត្រួតពិនិត្យគ្រឿងញៀនអន្តរជាតិ ផ្លាស់ប្តូរព័ត៌មានគ្នា ដើម្បីទប់ស្កាត់ គ្រឿងញៀន

2022/03/09 05:30:31 pm        699
ភ្នំពេញ ៖ ដោយសារតែពិភពលោក នៅតែជួបបញ្ហាប្រឈមធំ ពីការលួចបង្វែរសារធាតុគីមីផ្សំ យកទៅសំយោគលួចលាក់ផលិតគ្រឿងញៀនខុសច្បាប់នោះ កម្ពុជានិងក្រុមប្រឹក្សាត្រួតពិនិត្យគ្រឿងញៀនអន្តរជាតិ (INCB) បានសហការគ្នារៀបចំ នូវវគ្គបណ្តុះបណ្តាល ស្ដីពីប្រព័ន្ធផ្លាស់ប្តូរព័ត៌មានរបស់ក្រុមប្រឹក្សាត្រួតពិនិត្យគ្រឿងញៀន អន្តរជាតិដល់មន្រ្តីអនុវត្តច្បាប់កម្ពុជា។ពិធីបើកវគ្គបណ្តុះបណ្តាលនេះ ប្រព្រឹត្តទៅនៅថ្ងៃទី៩ខែមីនា ឆ្នាំ២០២២ ក្រោមអធិបតីឯកឧត្តម នាយឧត្តមសេនីយ៍ មាស វិរិទ្ធ អគ្គលេខាធិការ នៃអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និង​លោក ហ្វឺណង់ដូ រ៉ូម៉េរ៉ូ កុងត្រឺរ៉ាស (Fernando Romero Contreras) ជាអ្នក​សម្របសម្រួល​កម្មវិធី​គំនិត​ផ្ដួចផ្ដើម​ប្រតិបត្តិការរបស់កម្មវិធី​សកល​ស្ដីពីការហាមឃាត់សារធាតុគ្រោះថ្នាក់​ (GRIDS ) ដែលមាន​ការចូលរួមពីមន្រ្តីអនុវត្តច្បាប់ពាក់ព័ន្ធ។ថ្លែងក្នុងនាមឯកឧត្តមឧបនាយករដ្ឋមន្រ្តី កែ គឹមយ៉ាន ប្រធានអាជ្ញាធរជាតិ​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន នាឱកាសនោះ ឯកឧត្តមនាយឧត្តមសេនីយ៍ មាស វិរិទ្ធ អគ្គលេខាធិការ បានថ្លែងថា យើងទាំងអស់គ្នាត្រូវមានវិធានការទប់ស្កាត់ និងគ្រប់គ្រងសារធាតុគីមីផ្សំអោយបានច្បាស់លាស់ និងមានប្រសិទ្ធភាពខ្ពស់ ដោយកម្លាំងសមត្ថកិច្ចកម្ពុជា​បង្រ្កាបបានករណី​លួច​កែច្នៃ​ផលិត​គ្រឿង​ញៀន​សំយោគទ្រង់ ទ្រាយតូច ​និងទ្រង់ទ្រាយធំ​ បង្ក្រាប​បានករណីផលិតកែច្នៃគ្រឿង​ញៀន​ខុសច្បាប់​ចំនួន៣ករណី ​នៅទីតាំងចំនួន៤ផ្សេងៗគ្នា រឹបអូសបានសារធាតុញៀនប្រមាណជាង ២តោន សារធាតុគីមីជាង២០០តោន ​និង​ឧបករណ៍​ផលិតគ្រឿងញៀន​មួយចំនួនធំ ដែល​មាន​ទីតាំង​ស្ថិតក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ ខេត្តកំពង់ស្ពឺ និងខេត្តព្រះសីហនុ។សូមបញ្ជាក់ថា វគ្គបណ្តុះបណ្តាលនេះ ​មានរយៈពេល២ថ្ងៃគឺថ្ងៃទី៩-១០ ​ខែមីនាឆ្នាំ២០២២ ដើម្បី​លើក​កំពស់​សមត្ថភាពចំណេះ ​ដឹងមន្រ្តីចូលរួមមកពីបណ្តាក្រសួង-ស្ថាប័ន​អនុវត្តច្បាប់ពាក់ព័ន្ធ ដើម្បី​ស្វែងយល់អំពីយន្តការ​គ្រប់គ្រង​ត្រួត​ពិនិត្យ​សារធាតុគីមី​ផ្សំ​របស់​ក្រុម​ប្រឹក្សា​ត្រួត​ពិនិត្យ​គ្រឿងញៀន​អន្តរជាតិ (INCB) ក្នុងការ​លើក​កម្ពស់​ការផ្លាស់ប្តូរព័ត៌មានស្តីអំពីការ​ចរាចរ​សារធាតុ​គីមីផ្សំ​នៅក្នុងតំបន់ និងសកលលោក៕ អត្ថបទ៖ស៊ុម សុជា

ក្រសួងសេដ្ឋកិច្ច បើកវគ្គបណ្តុះបណ្តាលវិធីសាស្រ្តនៃការរៀបចំថវិកាសមិទ្ធកម្មសម្រាប់ឆ្នាំ២០២៣

2022/03/09 05:00:51 pm        847
ភ្នំពេញ៖ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បើកវគ្គបណ្តុះបណ្តាលនៃការរៀបចំថវិកាសមិទ្ធកម្ម ដើម្បីផ្តល់ចំណេះដឹងបន្ថែម អំពីគោលការណ៍ និងវិធីសាស្រ្តនៃការរៀបចំថវិកាសមិទ្ធកម្ម ដែលក្រសួង-ស្ថាប័ន នឹងត្រូវអនុវត្តសាកល្បងសម្រាប់ការរៀបចំថវិកាឆ្នាំ ២០២៣, ដើម្បីពង្រឹងការទទួលខុសត្រូវកាន់តែច្បាស់លាស់ជាងមុន ជាពិសេស លើប្រតិបត្តិការអនុវត្តចំណាយ ។ឯកឧត្តម វង្សី វិស្សុត រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី និងជារដ្ឋលេខាធិការប្រចាំការ​នៃក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ​លើកឡើងនៅក្នុងការបើក​វគ្គបណ្តុះ​បណ្តាល​គោលការណ៍​ណែនាំ​ ស្តីពីការ​រៀបចំ​ថវិកា​សមិទ្ធកម្ម ​តាមប្រព័ន្ធអនឡាញ (Zoom) ជូនដល់សិក្ខាកាម ជាគ្រូបង្គោល និង​មន្ត្រី​ជំនាញ​ថវិកា​មកពី​គ្រប់​ក្រសួង-ស្ថាប័ន ​នៅថ្ងៃទី០៩ខែមីនា ឆ្នាំ២០២២ នេះថា សម្រាប់ការ​អនុវត្ត​ថវិកា​ជំហានបន្ត វគ្គ​បណ្តុះ​បណ្តាលនេះ ​ក៏នឹងជួយបំពេញនូវចំណុចខ្វះខាតមួយចំនួន រួមទាំង​ធ្វើ​បច្ចុប្បន្នភាពចំណេះដឹង​ ជូនដល់​គ្រូបង្គោលជំនាញថវិកា ​នៅតាមក្រសួងស្ថាប័ន ពាក់ព័ន្ធនឹងការ​រៀបចំ​រចនាសម្ព័ន្ធកម្មវិធី, ការ​កំណត់​សូចនាករ, ការរៀបចំអង្គភាពថវិកា និងការវិភាជ​ថវិកា​ឱ្យចំ​កម្មវិធី និងគោលដៅអាទិភាពជាដើម ដើម្បី​បង្កើន​គុណភាពនៃការវិភាជថវិកា និងរៀបចំ​សូចនាករ​សមិទ្ធកម្មគន្លឹះ។ឯកឧត្តម​ គូសបញ្ជាក់ថា ថវិកាសមិទ្ធកម្ម មិនមែនជាការងារថ្មីសន្លាង និងមាន​ភាព​ខុស​គ្នា​ខ្លាំង​ជាមួយ​នឹង​ថវិកា កម្មវិធី​ដែលក្រសួង-ស្ថាប័ន​កំពុង​អនុវត្ត​នាពេល​បច្ចុប្បន្ននេះ​ នោះឡើយ, ថវិកា​សមិទ្ធកម្ម គឺជា​ការ​រៀបចំ​កញ្ចប់​ថវិកា មាន​ការផ្សារភ្ជាប់ជាមួយនឹងព័ត៌មានសមិទ្ធកម្មដែលគ្រោង​នឹង​សម្រេច ឬដែល​សម្រេច​បាន​កន្លងមក​ ដោយ​ក្រសួង-ស្ថាប័ន។ឯកឧត្តម វង្សី វិស្សុត ​បន្តលើកឡើងថា ​កន្លងមករាជរដ្ឋាភិបាល ​និងក្រសួងសេដ្ឋកិច្ច ​និងហិរញ្ញវត្ថុ បាន​ចេញ​នូវ អនុក្រឹត្យប្រកាស​ និង​លិខិតបទដ្ឋានគតិយុត្តផ្សេងៗ ​ក្នុងការជំរុញ​ការប្រគល់​សិទ្ធិ​អំណាច​ជូន​អង្គភាព​ថវិកា ​នៅ​តាមក្រសួង-ស្ថាប័នទាំងអស់ ​ដោយផ្អែកលើលក្ខខណ្ឌ​វិនិច្ឆ័យ​ច្បាស់លាស់ ​ដើម្បីពង្រឹង​ប្រសិទ្ធភាព​បន្ថែមក្នុងការរៀបចំ ​និងការគ្រប់គ្រងថវិកា ​ព្រមទាំងពង្រឹង​ការ​ទទួល​ខុស​ត្រូវ​កាន់​តែ​ច្បាស់​លាស់​ជាង​មុនលើប្រតិបត្តិការ ​អនុវត្ត​ចំណាយ​សំដៅ​ឈានទៅ​សម្រេច​លទ្ធផលការងារ ​ជាពិសេស​គោល​បំណង​គោល​នយោបាយរបស់ក្រសួង-ស្ថាប័ន។ ឯកឧត្តម បញ្ជាក់ថា ក្រសួងស្ថាប័នណាដែ​ល​បានរៀបចំ ​និង​គ្រប់​គ្រង​ថវិកាបានល្អ ក្រសួង​ស្ថាប័ននោះ នឹងទទួល​បាននូវការប្រគល់​សិទ្ធិអំណាច​កាន់​តែ​ច្រើន​ថែម​ទៀត​៕អត្ថបទ៖ សុន រ៉ាឌី

ស.ស.យ.ក ខេត្តស្វាយរៀង ប្រកាសបើកជាផ្លូវការនូវកម្មវិធី «វោហារសព្ទយុវជន» ដើម្បីអបអរទិវាអន្តរជាតិនារី ៨មីនា ឆ្នាំ២០២២ ខួបទី១១១

2022/03/09 03:26:52 pm        874
ស្វាយរៀង៖ ឯកឧត្តម ឌី វិជ្ជា ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តស្វាយរៀង នៅថ្ងៃម្សិលមិញនេះ បានប្រកាសបើកជាផ្លូវការ នូវកម្មវិធី «វោហារសព្ទយុវជន» ដែលផ្ដួចផ្ដើមបង្កើតឡើង ដោយសហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តស្វាយរៀង ក្នុងគោលបំណង អបអរសាទរទិវាអន្តរជាតិនារី ៨មីនា ឆ្នាំ២០២២ ខួបទី១១១។កម្មវិធីនេះ បានប្រារព្ធឡើង ដោយមានការចូលរួម ពីសំណាក់ឯកឧត្តម លោក លោកស្រី អនុប្រធានស.ស.យ.ក ខេត្តស្វាយរៀង ប្រធានគណៈកម្មាធិការស.ស.យ.ក ស្រុក-ក្រុងទាំង៨ សមាសភាពគណៈកម្មការដាក់ពិន្ទុការប្រកួត ក្នុងកម្មវិធី «វោហារសព្ទយុវជន» ក៏ដូចជា​សមាជិក​សមាជិកាស.ស.យ.ក ខេត្តស្វាយរៀង ​ជាច្រើន តាមរយៈប្រព័ន្ធ Zoom ហើយក៏មានការផ្សាយ​បន្តផ្ទាល់ លើហ្វេសប៊ុកផេកផ្លូវការរបស់សហភាពសហព័ន្ធយុវជនកម្ពុជា ​ខេត្តស្វាយរៀងផងដែរ។ជាមួយគ្នានោះ ឯកឧត្តម ឌី វិជ្ជា បានមានប្រសាសន៍ថា​ ការបង្កើតកម្មវិធីនេះឡើង គឺដើម្បីផ្ដល់​ឱកាស​សម្រាប់យុវជនក្នុងខេត្តស្វាយរៀង ​បានបង្ហាញនូវសមត្ថភាព និង​ទេពកោសល្យ​ផ្នែកការ​និយាយជាសាធារណៈ ក៏ដូចជាការពង្រឹង​សមត្ថភាព​និយាយប្រកបដោយមូលដ្ឋាន​នៃចំណេះដឹង និង​ការ​បណ្ដុះផ្នត់​គំនិត​សុទិដ្ឋិនិយម​ចំពោះសង្គមជាតិ​ដល់យុវជនផងដែរ។ កម្មវិធី «វោហារសព្ទយុវជន» នេះ នឹងត្រូវធ្វើឡើង ​ក្រោមមូលបទ ​«សមភាពយេនឌ័រថ្ងៃនេះ ដើម្បី​ចីរភាពនា​ពេលអនាគត» ​ដែលអាចឱ្យយុវជន​បានចូលរួមសិក្សាឱ្យកាន់​តែស៊ីជម្រៅបន្ថែម ជុំវិញ​មូលបទនេះថែមទៀតផង។ឯកឧត្តម ឌី វិជ្ជា បញ្ជាក់បន្ថែមថា «ខ្ញុំសង្ឃឹម​ និងជឿជាក់យ៉ាងមុតមាំថា​ កម្មវិធីនេះ នឹង​ក្លាយ​ជា​វេទិកាមួយ ​សម្រាប់យុវជនក្នុងខេត្តស្វាយរៀង ​ក្នុងការបង្ហាញភាពក្លាហាន សមត្ថភាព និង​សក្តានុពលរបស់ខ្លួន ​ក្នុងនាម​ជាយុវជនបន្តវេន​របស់​ប្រទេសកម្ពុជាយើង»។គួររំឭកផងដែរថា ​លក្ខខណ្ឌនៃការចូលរួម ក្នុងកម្មវិធី​ «វោហារសព្ទយុវជន» គឺ៖- បេក្ខជនដាក់​ពាក្យ​ចូលរួមប្រកួត​ គឺជាសិស្ស-និស្សិត ​ដែលកំពុងសិក្សានៅក្នុងខេត្តស្វាយរៀង ហើយ​មាន​អាយុចាប់ពី ១៦ឆ្នាំ រហូតដល់ ២៥ឆ្នាំ។- បេក្ខជនដាក់ពាក្យប្រកួតត្រូវភ្ជាប់ជាមួយ​នូវប្រវត្តិរូបសង្ខេប រួមទាំងអត្ថបទ ដែលខ្លួនបានសរសេររួច អំពីប្រធានបទ៖ ការរួមចំណែករបស់ស្ត្រី នៅក្នុងសង្គមជាតិ។ចាប់ផ្តើមទទួលពាក្យចាប់ពីថ្ងៃទី៩ រហូតដល់ថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២២ ហើយសម្រាប់ព័ត៌មានបន្ថែមអាចទាក់ទងមកកាន់ទូរសព្ទលេខ៖ 096 44 32 023/ 012 366 810។

រាជធានី-ខេត្តចំនួន១១ ទទួលបានវ៉ាក់សាំងប្រភេទPfizerរួចរាល់ សម្រាប់ចាក់ជូនក្រុមអាទិភាព

2022/03/09 02:02:54 pm        627
ភ្នំពេញ៖ គិតត្រឹមថ្ងៃទី៨ ខែមីនា នេះ គណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងបង្កាជំងឺកូវីដ-១៩ ក្នុងក្របខណ្ឌ ទូទាំងប្រទេស បានបញ្ជូនវ៉ាក់សាំងប្រភេទPfizer ទៅដល់រាជធានី-ខេត្ត ចំនួន១១ សម្រាប់ចាក់ជូនក្រុម អាទិភាពជួរមុខ។លោកជំទាវវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការ ចំពោះកិច្ចចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ក្នុងក្របខណ្ឌទូទាំងប្រទេស នៅថ្ងៃនេះ បាន​ប្រាប់BTV​ឱ្យដឹងថា គិតត្រឹមថ្ងៃម្សិលមិញ ​រាជធានី-ខេត្ត ចំនួន១១ហើយ ដែលទទួលបានវ៉ាក់សាំង​ប្រភេទPfizer សម្រាប់ ចាក់ជូនក្រុមអាទិភាពជួរមុខ រួមមាន ខេត្តបាត់ដំបង កំពង់ឆ្នាំង កំពង់ធំ កណ្ដាល ពោធិ៍សាត់ សៀមរាប ព្រះសីហនុ ស្ទឹងត្រែង ស្វាយរៀង ប៉ៃលិន និងខេត្តកំពង់ស្ពឺ។សម្រាប់ខេត្ត៩ផ្សេងទៀត​ អាចនឹងទទួលបានក្នុងសប្តាហ៍នេះ ​ជាបន្តបន្ទាប់ ក្រោយពេលរៀបចំ ប្រព័ន្ធត្រជាក់ ​និងតេស្តឱ្យដំណើរការស្រួលបួលសិន។ ខេត្តទាំង៩នោះ រួមមាន ខេត្តកំពង់ចាម ឧត្តរមានជ័យ បន្ទាយមានជ័យ កំពត រតនគិរី ក្រចេះ កោះកុង ត្បូងឃ្មុំ និងខេត្តមណ្ឌលគិរី។ រីឯខេត្តនៅសេស​ សល់៤ទៀត អាចធ្វើជាបន្តបន្ទាប់ទៀត ក្រោយ​ពីប្រព័ន្ធ​ត្រជាក់​ដំណើរការបានត្រឹមត្រូវ ​តាមបច្ចេកទេស។ក្រោយរាជធានី-ខេត្តទាំងនោះ ទទួលបានវ៉ាក់សាំងប្រភេទPfizerរួចរាល់ហើយ ​ការចាក់វ៉ាក់សាំង កូវីដ-១៩ជូនក្រុមអាទិភាព​ នឹងចាប់ផ្តើមអនុវត្ត ​ដោយអាស្រ័យទៅលើការរៀបចំរបស់អាជ្ញាធរខេត្ត។ការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋ គឺជាយុទ្ធសាស្រ្តចំម្បងមួយ ដែលរាជរដ្ឋាភិ បាលកម្ពុជាបាន ដាក់ចេញ ដើម្បីប្រយុទ្ធប្រឆាំងនឹងការរាតត្បានៃជំងឺកូវីដ-១៩។ បច្ចុប្បន្ន កម្ពុជារកវ៉ាក់សាំងកូវីដ-១៩ បាន ជាង៤៣លានដូស ​រាប់​បញ្ជូល​ទាំង​ការ​បញ្ជាទិញពីប្រទេសចិន ​ជំនួយ​តាមរយៈយន្តការកូវ៉ាក់ និងបណ្តាប្រទេសផ្សេងៗ មួយចំនួនទៀត ​សម្រាប់​ប្រើប្រាស់​ក្នុង​យុទ្ធនាការ​ចាក់វ៉ាក់​សាំង​បង្ការ​ជំងឺកូវីដ-១៩ ​ជូនពលរដ្ឋ ​អាយុពី៣ឆ្នាំឡើង​ ចាប់ពីដូសទី១ ដល់ដូសទី៤៕អត្ថបទ៖ ទូច សោភ័ណ

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

អភិបាលខេត្តពោធិ៍សាត់ ចុះជួបគ្រួសារវីរកងទ័ពជួរមុខ និងពិនិត្យវឌ្ឍនភាព វាយតម្លៃគម្រោងមូលនិធិឃុំ ក្នុងស្រុកក្រគរ
12/16/2025 09:12 PM
ក្តីស្រមៃពឹងផ្អែកស្រូវសាលីរបស់ប្រជាកសិករអ៊ីរ៉ាក់ត្រូវបានបំផ្លាញដោយសារវិបត្តិទឹក
12/16/2025 08:12 PM
ពលរដ្ឋលីបង់ស្វាគមន៍រដូវកាលបុណ្យណូអែលជាមួយក្តីសង្ឃឹមថា ព្រះជាម្ចាស់នឹងជួយទប់ស្កាត់សង្រ្គាម
12/16/2025 08:12 PM
តើយានដ្រូនបានផ្លាស់ប្តូរសង្រ្គាមបែបណាខ្លះនៅក្នុងឆ្នាំ ២០២៥?
12/16/2025 08:12 PM
ផ្សែងអ័ព្ទយ៉ាងក្រាស់នៅប៉ាគីស្ថាន បង្ខំឲ្យបិទផ្លូវហាយវ៉េសំខាន់ៗជាច្រើនខ្សែនៅខេត្ត Punjab
12/16/2025 08:12 PM
ចិនបញ្ជាក់ឡើងវិញពីតម្រូវការឲ្យនាយករដ្ឋមន្រ្តីជប៉ុនកែសម្រួលសេចក្តីអត្ថាធិប្បាយលើបញ្ហាកោះតៃវ៉ាន់
12/16/2025 08:12 PM
ក្រុមហ៊ុនធានារ៉ាប់រង Swiss Re ៖ គ្រោះមហន្តរាយធម្មជាតិធ្វើឲ្យប៉ះពាល់សេដ្ឋកិច្ចសកល ២២០ពាន់លានដុល្លារ ក្នុងឆ្នាំ ២០២៥
12/16/2025 08:12 PM
មន្ត្រីក្រសួងកសិកម្ម ដឹកនាំក្រុមការងារ​ ពិនិត្យការបំពាក់ឧបករណ៍ប្រព័ន្ធតាមដាននាវា នៅខេត្តព្រះសីហនុ
12/16/2025 08:12 PM
រដ្ឋបាលរាជធានី នឹងបញ្ចៀសចរាចរណ៍យានយន្តគ្រប់ប្រភេទ នៅតីរវិថីព្រះស៊ីសុវត្ថិ ជាបណ្ដោះអាសន្ន
12/16/2025 08:12 PM
សមាជិកកម្លាំងសន្តិសុខ ៣នាក់ នៅអ៊ីរ៉ង់ ត្រូវបានសម្លាប់ អំឡុងការប្រយុទ្ធគ្នា
12/16/2025 08:12 PM