សម្ដេចធិបតី៖គិតត្រឹមខែមេសាឆ្នាំនេះយុវជនមកពីគ្រួសារក្រីក្រ និងងាយរងហានិភ័យចំនួន ២៧,១ម៉ឺននាក់ទទួលបានការបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈ
សម្ដេ​ចតេជោ ហ៊ុន សែន៖«២០ មិថុនា ១៩៧៧ ជីវិតរបស់ខ្ញុំ និងភរិយាពេលនោះជួបជាមួយគ្រោះថ្នាក់ និងលំបាកវេទនាខ្លាំងណាស់»
សម្តេចតេជោ ហ៊ុន សែន ថ្លែងថា អាវក្រោះ និងសម្ភារយោធាម៉ាក DSS សុទ្ធតែមានគុណភាពហើយអាវការពារនេះនាយករដ្ឋមន្រ្តីបានសាករួចហើយ
សម្ដេចតេជោ ហ៊ុន សែន អញ្ជើញពិនិត្យមើលរោងចក្រ ផលិតសម្ភារៈយោធា DSS និងសំណេះសំណាលជាមួយកម្មករ កម្មការិនី

នយោបាយ​ និង ការអភិវឌ្ឍន៍

កិច្ចសហប្រតិបត្តិការរវាងភាគីកម្ពុជា-ចិន នឹងផ្តល់កាលានុវត្តភាពដល់វិនិយោគិនលើវិស័យកសិកម្ម

2022/01/18 04:03:12 pm        621
ភ្នំពេញ៖ ឯកឧត្តម វេង សាខុន ក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ សង្ឃឹមជឿជាក់ថា កិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយរវាងកម្ពុជា-ចិន នឹងផ្តល់កាលានុវត្តភាពសម្រាប់វិនិយោគិន កសិករម្ចាស់ចំការ និងអាជីវករមានឱកាសពង្រីកសក្តានុពលផលិតកែច្នៃ និងនាំចេញស្រប​តាម​គន្លង​ប្រក្រតីភាពថ្មី។នៅក្នុងជំនួបសម្តែងការ​គួរសម​ និងកិច្ចសហប្រតិបត្តិការលើវិស័យកសិកម្ម ​កាលពីថ្ងៃទី១៧ មករា ឆ្នាំ២០២២កន្លងទៅ ​នៅទីស្តីការក្រសួង​ជាមួយក្រុមហ៊ុន ហ័រឡុង ឯកឧត្តម​ វេង សាខុន បាន​លើក​ឡើងថា ​បច្ចុប្បន្នមានក្រុមហ៊ុនចិនជាច្រើនបានមកធ្វើការវិនិយោគ​លើវិស័យ​កសិកម្ម ដោយការ​វិនិយោគនេះ ​គឺ​មាន​បំណងអភិវឌ្ឍវិស័យកសិកម្មកម្ពុជា ដើម្បីធានា​បាន​បរិមាណ​ផ្គត់ផ្គង់​ គុណភាព សុវត្ថិភាព និងស្តងដារទីផ្សារនាំចេញ។ឯកឧត្តម សង្ឃឹមថា នាពេល​អនាគតដ៏ខ្លី ​សកម្មភាពវិនិយោគរបស់ក្រុមហ៊ុនចិន​ដែល​បាន​និង​កំពង់​ដំណើរការ នឹងធ្វើឲ្យផលិតផលកសិកម្មកម្ពុជា មានវត្តមាននៅលើទីផ្សារអន្តរជាតិ ជាពិសេស​ទីផ្សារចិន​កាន់​តែច្រើន​ឡើងថែមទៀត។ឯកឧត្តមរដ្ឋមន្ត្រី បានបញ្ជាក់ជូនថា ​យោងលើកិច្ចព្រមព្រៀងភាពជាដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុង​ជ្រោយរវាងប្រទេសទាំងពីរ បានទាក់ទាញវិនិយោគិនចិនជា​ ច្រើនមកវិនិយោគលើវិស័យកសិកម្ម ហើយមួយ​ក្នុងចំណោមក្រុមហ៊ុនធំៗទាំងនោះ ​គឺក្រុមហ៊ុនហ៊ុនទី ដែលបានដាក់ទុនវិនិយោគ​បង្កើត​មជ្ឈមណ្ឌលកសិ-ឧស្សាហកម្ម លើផ្ទៃដី ៨០ហិចតា ដោយធ្វើការបែងចែកទីផ្សារផ្លែឈើ អគារ​កែច្នៃ អគារវេចខ្ចប់​ ឃ្លាំងស្តុក (Cold storage) អគារ​ពិព័រណ៍​កសិផល​កន្លែង​សម្លាប់មេរោគ និង​សត្វល្អិត​ចង្រៃ ​សម្រាប់ផ្លែឈើដូចជា ស្វាយ មានប៉ៃលិន ចេក ដូង​ និងផលិតផលវារីវប្បកម្មផងដែរ។ល។ ដើម្បីជួយជំរុញដល់ការនាំចេញកសិផលកម្ពុជា​ រដ្ឋាភិបាលចិនបានឧបត្ថម្ភមន្ទីរពិសោធន៍ ថ្នាំការពារ​ជំងឺឆ្លងគោ-ក្របី និង​ជំងឺដំពកស្បែកគោផងដែរ។តាមរយៈជំនួយឧបត្ថម្ភនេះ ​ឯកឧត្តមរដ្ឋមន្ត្រីបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ​ជូនចំពោះ​រដ្ឋាភិបាល​នៃសាធារណរដ្ឋប្រជាមានិតចិន ​ស្ថានទូតចិន អគ្គរដ្ឋបាលគយដែលបានផ្តល់​កិច្ច​សហការពិនិត្យ ​និងវាយតម្លៃលើគុណភាព​ និងលក្ខខណ្ឌតម្រូវភូតគាមអនាម័យលើផលិតផលផ្លែ ស្វាយកែវរមៀតកម្ពុជា ​និងមានប៉ៃលិន ហើយ​ឈានទៅសម្រេច​អនុញ្ញាត​ជាផ្លូវ​ការឲ្យផលិត​ផល​ស្វាយ និងចេកអំបូង​លឿង​នាំ​ចេញ​ទៅកាន់ទីផ្សារចិន​ជាផ្លូវការកន្លងមក។ មួយវិញទៀត ​សកម្មភាព​វិនិយោគរបស់​ក្រុមហ៊ុនចិន​ គឺ​ពិតជានឹងចូលរួមបំពេញ​បន្ថែមនូវខ្សែច្រវាក់​ផលិតកម្មផ្លែឈើ ខ្សែច្រវាក់តម្លៃ ​និរន្តរភាពផលិតកម្ម និងទីផ្សារនាំចេញ៕អត្ថបទ៖ ឈិត បូរ៉ាវី

មន្ត្រីជំនាញ៖ ទោះយុវជនចូលរួមស្ទើរគ្រប់វិស័យក្នុងសង្គម តែនៅមានបញ្ហាសុខភាព និង​អាហារូបត្ថម្ភ

2022/01/18 03:37:37 pm        543
ភ្នំពេញ៖ មន្ត្រីជាន់ខ្ពស់ក្រសួងសុខាភិបាល បានឱ្យដឹងថា បច្ចុប្បន្ន ថ្វីត្បិតយុវជន មានឱកាសចូលរួមស្ទើរតែ គ្រប់វិស័យក្នុងសង្គមក៏ដោយ ប៉ុន្តែពួកគេមួយចំនួន នៅតែមានបញ្ហាប្រឈមនឹងសុខភាព និងកង្វះអាហារូបត្ថម្ភ ដែលបណ្ដាលមកពីកត្តាចំណេះដឹងនៅមានកម្រិត ។ក្នុងពិធីបើកវគ្គបណ្ដុះបណ្ដាលយុវជនជើងឯកអាហារូបត្ថម្ភ ស្តីពីមូលដ្ឋានគ្រឹះអាហារូបត្ថម្ភ របបអាហារសុខភាព សុវត្ថិភាពចំណីអាហារ ការបញ្ចូលមីក្រូសារជាតិក្នុងចំណីអាហារ និងស្លាកសញ្ញាផលិតផលចំណីអាហារ នៅថ្ងៃទី១៨ ខែមករានេះ លោកជំទាវវេជ្ជបណ្ឌិត ប្រាក់ សោភ័ណ្ឌនារី រដ្ឋលេខាធិការក្រសួងសុខាភិបាល បានលើកឡើងថា ឆ្នាំ២០១៣ របាយការណ៍​អង្គការសហប្រជាជាតិ បានបង្ហាញថា កម្ពុជាមានយុវជនអាយុក្រោម៣០ឆ្នាំ ប្រមាណ ៦៥.៣ភាគរយ នៃប្រជាជនសរុប ដែលនេះជាកម្លាំងស្នូល និងសក្ដានុពលមួយ ក្នុងការ​អភិវឌ្ឍប្រទេសជាតិ នាពេលបច្ចុប្បន្ន ​ក៏ដូចជាថ្ងៃអនាគត ។លោកជំទាវ បានបន្តថា យុវជនកម្ពុជា បាននឹងកំពុងចូលរួមយ៉ាងសកម្ម ក្នុងវិស័យសង្គម វប្បធម៌ សេដ្ឋកិច្ច និងនយោបាយដោយពួកគេ មិនត្រឹមតែបានចូលរួមរាល់សកម្មភាពទាំងនោះទេ តែក៏បានក្លាយជាអ្នកដឹកនាំក្នុងវិស័យមួយចំនួនផងដែរ ​ហើយក៏ជាតួអង្គដ៏សំខាន់មួយ ក្នុងការ​ជួយ​ជំរុញការផ្លាស់ប្តូរ និងជាអ្នកដឹកនាំមិនអាចខ្វះបាន ដើម្បីចូលរួមលើកកម្ពស់ការយល់ដឹង​អាហា​រូបត្ថម្ភ របបអាហារសុខភាព និងសុវត្ថិភាពចំណីអាហារ ដើម្បីរួមចំណែកកាត់បន្ថយ​បញ្ហា​អាហារូបត្ថម្ភ គ្រប់ទម្រង់នៅកម្ពុជា ។លោកជំទាវ បានសង្កត់ធ្ងន់ថា ថ្វីត្បិតតែយុវជនមានឱកាសចូលរួមស្ទើរតែគ្រប់វិស័យក្នុងសង្គមក៏ ដោយតែយុវជនកម្ពុជា ​ក៏នៅមានបញ្ហាប្រឈមមួយចំនួន​ ជាពិសេសបញ្ហាសុខភាព និង​អាហារូបត្ថម្ភ ដូចជាកង្វះមីក្រូសារជាតិ ស្លេកស្លាំង ​ស្គមស្គាំង​ និងធាត់ជ្រុល ដែល​បណ្ដាល​មក​ពី​កត្តាចំណេះដឹង និងការផ្លាស់ប្តូរឥរិយាបទលើផ្នែកសុខភាព ​និងអាហារូបត្ថម្ភនៅមានកម្រិត ។លោកជំទាវ ប្រាក់ សោភ័ណ្ឌនារី បានរំពឹងថា អ្នកចូលរួមវគ្គបណ្ដុះបណ្ដាលនេះ ​ដែលធ្វើឡើង នៅ​ថ្ងៃទី១៨-១៩ ខែមករានេះ ​ដែលបានរៀបចំ និងឧបត្ថម្ភគាំទ្រអង្គការ Helen Keller ​និងគម្រោង ម៉ូសេ ហ្វូ (MUSEFO) នោះ​ នឹងជួយ​ផ្សព្វផ្សាយ​សារ​គន្លឹះដល់ពលរដ្ឋទាំងអស់​លើការអនុវត្តល្អប្រសើរ​ប្រចាំថ្ងៃ ​ដូចជាការបរិភោគអាហារ​ចម្រុះ​មុខ ​សម្បូរសារ​ជាតិ​ចិញ្ចឹម​ខ្ពស់ ការបរិភោគអាហារមានជាតិខ្លាញ់ អំបិល និងស្ករតិច ​ការជំរុញលើកកម្ពស់ ការបំបៅ​កូន​ដោយទឹកដោះម្ដាយ ​និងអាហារបន្ថែមដល់កុមារ ​និងការ ​ហាត់ប្រាណជាប្រចាំ៕អត្ថបទ៖ បាន សុខរិទ្ធ

អគ្គលេខាធិការអាស៊ានគាំទ្រកម្ពុជាធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ាន នៅឆ្នាំ២០២២

2022/01/18 03:25:52 pm        699
ភ្នំពេញ៖ អគ្គលេខាធិការអាស៊ាន បានគាំទ្រចំពោះក្រសួងការពារជាតិកម្ពុជា ក្នុងការរៀបចំធ្វើជាម្ចាស់ផ្ទះកិច្ច ប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ាន និងកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិបូក នៅឆ្នាំ២០២២ និងបានប្តេជ្ញាធ្វើការ ជាមួយក្រសួងការពារជាតិកម្ពុជា និងសម្របសម្រួលការងារគ្រប់បែបយ៉ាងជាមួយ ប្រទេសដៃគូទាំងអស់ សំដៅរួមគ្នាជួយរៀបចំកិច្ចប្រជុំដំណើរការឱ្យសម្រេចជោគជ័យ។ក្នុងជំនួបជាមួយសម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ កាល​ពីរសៀលម្សិលមិញ នៅរាជធានីភ្នំពេញ ក្នុងនាមអគ្គលេខាធិការអាស៊ាន ​លោក លីម ចុកហ៊ុយ បាន​បង្ហាញពីការប្ដេជ្ញាបន្តយកចិត្តទុកដាក់ជួយសម្របសម្រួលរាល់កិច្ចការទាំងឡាយ ពាក់ព័ន្ធនឹងវិស័យ ការពារជាតិ ពិសេសឯកសារទស្សនទានចំនួនបី គឺទី១- កិច្ចសហប្រតិបត្តិការកងទ័ពអាស៊ាន ទប់​ស្កាត់ការ ឆ្លងដែននៃជំងឺកូវីដ១៩, ទី២- ការចូលរួមប្រតិបត្តិការរក្សាសន្តិភាពស្ត្រីអាស៊ាន សន្តិភាព និងសន្តិសុខ និង ទី៣- បង្កើតកិច្ចសហប្រតិបត្តិការសកលវិទ្យាល័យការពារជាតិអាស៊ាន និងសេចក្តីថ្លែងការណ៍រួម ។លោកបានបញ្ជាក់ថា នឹងចាត់ក្រុមការងារពិសេសមួយក្រុម សហការជាមួយក្រុមការងារក្រសួង ការពារជាតិ ទទួលបន្ទុកកិច្ចការអាស៊ាននេះ។ ក្នុងនាមម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំរដ្ឋមន្ត្រី​ការពារជាតិ​អាស៊ាន ​និងកិច្ចប្រជុំពាក់ព័ន្ធ នៅឆ្នាំនេះ​ សម្តេចពិជ័យសេនា ទៀ បាញ់ បានប្តេជ្ញាចិត្តខិតខំ​ប្រឹងប្រែង​រៀបចំ​កិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ាន ​និងកិច្ចប្រជុំពាក់ព័ន្ធឱ្យទទួលបានជោគជ័យ។សម្តេចពិជ័យសេនា បានជម្រាបជូនអគ្គលេខាធិការអាស៊ានថា ការធ្វើម្ចាស់ផ្ទះប្តូរវេនកិច្ចប្រជុំរដ្ឋ មន្ត្រីការពារជាតិអាស៊ាន ​និងកិច្ចប្រជុំពាក់ព័ន្ធឆ្នាំ២០២២ កម្ពុជា ​បានរៀបចំកិច្ចប្រជុំចំនួន១៣ និងបានត្រៀមរៀបចំឯកសារ ​ធនធានមនុស្ស ​និងមធ្យោបាយផ្សេងៗបានរួចរាល់។ ដោយសារប្រទេសកម្ពុជា មានស្ថានភាពល្អក្នុងការទប់ស្កាត់ការរីករាលដាលជំងឺកូដ-១៩ ​ទើបកម្ពុជា គ្រោងនឹងរៀបចំកិច្ចប្រជុំដោយផ្ទាល់ ដែលគ្រោងនឹងរៀបចំនៅទីស្តីការក្រសួងការពារជាតិថ្មី និងនៅតាមខេត្តមួយចំនួន។សម្តេចពិជ័យសេនា បានសង្កត់ធ្ងន់ថា «ទោះបីកម្ពុជា បានរៀបចំឯកសារពាក់ព័ន្ធរួចរាល់ ​សម្រាប់ កិច្ច​ប្រជុំនេះ ប៉ុន្តែកម្ពុជា នៅតែតម្រូវការធាតុចូលបន្ថែមពីបណ្តាប្រទេសអាស៊ាន ពិសេស​ពី​អគ្គលេធិការ ដ្ឋានអាស៊ាន ​ទៅលើការងារខ្លឹមសារ និងរដ្ឋបាល ដូចនេះស្នើអគ្គលេខាធិការអាស៊ាន បន្ត​ជួយសម្រប សម្រួលរាល់កិច្ចការទាំងឡាយពាក់ព័ន្ធនឹងវិស័យការពារជាតិ ពិសេស​ឯកសារ​ទស្សនទាន​ទាំងបី។សម្តេចពិជ័យសេនា បានបញ្ជាក់ថា ​រហូតមកដល់ពេលនេះ កម្ពុជា ​ទើបទទួលបានការស្នើសុំរៀប ចំកិច្ចប្រជុំក្រៅផ្លូវការរដ្ឋមន្ត្រីការពារជាតិអាស៊ានបូក១ រួមមាន៖ រុស្ស៉ី និងជប៉ុន ដូច្នេះសម្តេច បាន​ស្នើអគ្គលេខាធិការដ្ឋានអាស៊ាន ជួយជំរុញ​និងសម្របសម្រួលជាមួយប្រទេសដៃគូដទៃទៀត ក្នុង​ការស្នើសុំរៀបចំ កិច្ចប្រជុំក្រៅផ្លូវការរដ្ឋមន្ត្រីការពារជាតិអាស៊ានបូក១ នៅចុងឆ្នាំនេះ៕ អត្ថបទ៖ បាន ចក់

អាជ្ញាធរជាតិអប្សរាបើកឱ្យទស្សនាវង់នៅលើប្រាសាទបាយ័ន

2022/01/18 08:11:25 am        1149
សៀមរាប៖ អាជ្ញាធរជាតិអប្សរា បានដាក់ឱ្យដំណើរការវង់ទស្សនាថ្មី នៅលើប្រាសាទបាយ័ន ដើម្បីសម្រួលដល់រំហូរការចូលទស្សនារបស់ភ្ញៀវទេសចរក្នុងប្រាសាទកុំឱ្យកកកុញ។លោក សេង សុធារ៉ា អនុប្រធាននាយកដ្ឋានអភិវឌ្ឍន៍ទេសចរណ៍អង្គរនៃអាជ្ញាធរជាតិអប្សរា ឱ្យដឹងនៅថ្ងៃទី១៨ខែមករានេះថា ការរៀបចំវង់ទស្សនាថ្មីនៅប្រាសាទបាយ័ននេះ ដើម្បី​រៀបចំ​រំហូរភ្ញៀវតាមប្រាសាទ​ឱ្យមានលំដាប់​លំដោយ ​ចៀសវាង​ការ​កកស្ទះ នៅពេលអ្នក​ទេសចរណ៍​ដើរ​ទស្សនាផ្ទាំងចម្លាក់ មិនបានគ្រប់ជ្រុងជ្រោយ។ លោកបញ្ជាក់ថា ​ការរៀបចំនេះ ក៏ក្នុងបំណង​ឱ្យទេសចរបានដឹងពីគុណតម្លៃប្រាសាទ​ដែលមាន​ដូចជា​ប្រវត្តិសាស្រ្ត ក្បាច់ចម្លាក់ ក្នុង​រោងទងទាំងអស់​ដែលកន្លងមកទេសចរ​តែង​ទស្សនារំលង​ទិដ្ឋភាពខ្លះ និងជួយរក្សាគំលាតសុវត្ថិភាពដល់ទេសចរ ​ខណៈដែលជំងឺកូវីដ១៩ មិនទាន់ទៅ​ណា​ឆ្ងាយ។ ការធ្វើដូច្នេះ ​អាចកាត់បន្ថយពីហានិភ័យ ​រក្សាគំលាតបានច្រើន ស្របតាម​គោលការណ៍​ណែនាំរបស់ក្រសួងសុខាភិបាល។លោក បានបន្តថា វង់ទស្សនាថ្មីនេះមានជំរើសក្នុងការទស្សនាចំនួន៣ខ្សែ ដោយរៀបចំនៅជាន់ទី១ និងទី២ ខណៈដែលជាន់ទី៣ ​បានបិទបណ្ដោះអាសន្ន ​ដើម្បីជួសជុល។ការទស្សនាខ្សែទី១ មានរយៈពេល ១ម៉ោងនិង៤៥នាទី ខ្សែទី២ ​មានរយៈពេល ៥៥នាទី និងខ្សែទី៣ មានរយៈពេល ៤៥នាទី។បន្ថែមពីនេះ ការរៀបចំ​វង់​ទស្សនាថ្មីនេះ​ ក៏មានការរៀបចំចំណុច​ទីតាំង​ដែលថតរូបភាពស្អាត​ចំនួន ៤កន្លែង ដើម្បីឱ្យទេសចរ​ផ្តិតរូបភាពពួកគេ ​ជាមួយចំណុចពិសេសទាំងនោះ។ ​ជាមួយគ្នានេះ អាជ្ញាធរជាតិអប្សរាក៏បានរៀបចំផ្ទាំងព័ត៌មានថ្មីនៅ​តាម​រោងទង ​ចំនួនបីភាសាផងដែរ ​មានភាសាខ្មែរ អង់គ្លេស និងចិន។បើតាមលោកអនុប្រធាននាយកដ្ឋានអភិវឌ្ឍន៍ទេសចរណ៍រូបនោះ ​បន្ថែមថា កន្លងមកអាជ្ញាធរ​ជាតិ​អប្សរា ធ្លាប់បានរៀបចំវង់ទស្សនានេះនៅតាមប្រាសាទផ្សេងៗ​ទៀតរួចហើយ ដូចជា​ប្រាសាទ​អង្គរវត្ត ប្រាសាទតាព្រហ្ម និងប្រាសាទបន្ទាយស្រីជាដើម។ លោក បន្ដថា អាជ្ញាធរជាតិអប្សរា​ក៏កំពុងគិតគូរក្នុងការរៀបចំ​តាមប្រាសាទ​ដទៃទៀតផងដែរ ក្នុង​ន័យលើករៀបចំរំហូរវង់ទស្សនារបស់ទេសចរ និងលើកពីគុណតម្លៃប្រាសាទទាំងនោះជាដើម៕

ក្រុងសៀមរាប ​ជាប់ជ័យលាភី​ជាទី​ក្រុង​ទេសចរណ៍​ស្អាត​ អាស៊ាន​លើកទី៣

2022/01/18 12:41:48 pm        606
សៀមរាប៖ ក្រសួងទេសចរណ៍ បានឱ្យដឹងថា ទីក្រុងសៀមរាប បានជាប់ជ័យលាភីជាទីក្រុងទេសចរណ៍ស្អាតអាស៊ានលើកទី៣ ដោយមានសុពលភាព៣ឆ្នាំ ចាប់ពីឆ្នាំ២០២២ ដល់ឆ្នាំ២០២៤ ដោយគ្រោងនឹងប្រគល់ជ័យលាភីរង្វាន់ទេសចរណ៍អាស៊ាន នាឱកាសវេទិកាទេសចរណ៍អាស៊ានឆ្នាំ២០២២ នៅខេត្តព្រះសីហនុ។យោងតាមសេចក្ដីជូនដំណឹងរបស់ក្រសួងទេសចរណ៍ ចេញផ្សាយនៅថ្ងៃទី ១៧ខែមករា ឆ្នាំ២០២២នេះថា គណៈកម្មាធិការជាតិវាយតម្លៃទីក្រុងស្អាត ក្រសួងទេសចរណ៍ បានឱ្យដឹងថា ដោយមានការឯកភាព​ជា​គោលការណ៍​ដ៏ខ្ពង់ខ្ពស់​ពីរាជរដ្ឋាភិបាល ទីក្រុង​ទេសចរណ៍ឆ្នើម​របស់​កម្ពុជាចំនួន ៣ រួមមាន៖ ទីក្រុងបាត់ដំបង ​ទីក្រុងព្រះសីហនុ ​និងទីក្រុងសៀមរាប បាន​ចូលរួម​ប្រឡងប្រណាំង ​ហើយ​ទទួលបានជ័យលាភីជាទីក្រុងទេសចរណ៍ស្អាត​អាស៊ានលើកទី៣ សុពលភាព​ឆ្នាំ ២០២២-២០២៤ ​ហើយជ័យលាភីនេះ ​ដោយគ្រោងនឹងចែក នៅក្នុងពិធី​ប្រគល់​ជ័យលាភីរង្វាន់ទេសចរណ៍អាស៊ាន នាឱកាសវេទិកាទេសចរណ៍អាស៊ាន ឆ្នាំ២០២២ នៅខេត្តព្រះសីហនុ។សេចក្ដីជូនដំណឹង បានបន្ដថា រដ្ឋមន្ត្រីទេសចរណ៍អាស៊ាន នឹងប្រគល់រង្វាន់ទីក្រុងទេសចរណ៍ស្អាត​អាស៊ាននេះ ជូនដល់ដល់ទីក្រុងទេសចរណ៍ចំនួន ​២១ នៅក្នុងំបន់អាស៊ាន។​ ជាមួយគ្នានេះ គណៈកម្មាធិការជាតិវាយតម្លៃទីក្រុងស្អាត ​បាននឹង​កំពុងជំរុញ​ចលនាប្រឡងប្រណាំងទីក្រុងស្អាត ទាំងនៅ​កម្រិតថ្នាក់ជាតិ និងកម្រិត ​តំបន់អាស៊ាន សំដៅចូលរួមដល់ការជំរុញការកសាង​ទី​ក្រុងឆ្លាតវៃ​ (Smart City)​ នៅក្នុងតំបន់អាស៊ាន។ សេចក្ដីជូនដំណឹង​ដដែល បានបន្ដថា ការណ៍នេះបាន​ឆ្លុះបញ្ចាំង​ពីតួនាទី និងការចូលរួមរបស់កម្ពុជា​ក្នុងតំបន់​ ក្រោមការដឹកនាំដ៏ឈ្លាសវៃប្រកប ​ដោយគតិបណ្ឌិតរបស់ សម្ដេចអគ្គមហាសេនាបតីតេ​ជោ ហ៊ុន សែន ​នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។ការប្រគល់រង្វាន់នេះ ធ្វើឡើងដើម្បីពង្រឹងភាពទាក់ទាញ និងបង្កើនភាពប្រកួតប្រជែង របស់​ទីក្រុង​ទេសចរណ៍​អាស៊ាន ក៏ដូចជាពង្រឹងគុណភាពផលិតផល ​និងសេវាកម្មទេសចរណ៍នៅតាម បណ្តា​ទីក្រុងរបស់អាស៊ាន ​ស្របតាមផែនការយុទ្ធសាស្ត្រទេសចរណ៍អាស៊ាន ​ឆ្នាំ២០១៦-២០២៥ សំដៅ ធ្វើឱ្យអាស៊ានក្លាយជាគោលដៅទេសចរណ៍ប្រកប​ដោយគុណភាព​ និងភាពទាក់ទាញ ផ្តល់ភាព​កក់ក្ដៅ ដល់ភ្ញៀវទេសចរ។ ប​ន្ថែមលើពីនោះ ការប្រកួតប្រជែងនេះ ​ក៏បានជំរុញដល់ការរៀបចំ​មជ្ឈដ្ឋាន​រស់នៅ​របស់​ប្រជាពលរដ្ឋ ​តាមបណ្តាទីក្រុងនៅក្នុងតំបន់អាស៊ាន​ឱ្យកាន់តែប្រសើរឡើង ព្រមទាំង​ចូលរួម​យ៉ាងមាន​ប្រសិទ្ធភាព​ដល់ការអភិវឌ្ឍទីក្រុងប្រកបដោយនិរន្តរភាព ​សុវត្ថិភាព និងបរិយាបន្ន។សូមបញ្ជាក់ថា ស្ដង់ដា​ទីក្រុងទេសចរណ៍ស្អាតអាស៊ាន ត្រូវបានដឹកនាំរៀបចំឡើងដោយក្រសួង ទេស​ចរណ៍កម្ពុជា និងគណៈកម្មាធិការជាតិវាយតម្លៃទីក្រុងស្អាត​ តាំងពីឆ្នាំ២០១១ និង​ដោយមានការ​គាំទ្រ​ ពីរដ្ឋ​មន្ត្រីទេសចរណ៍អាស៊ាន​ ហើយស្ដង់ដា​នេះត្រូវបានអនុម័ត និង​ដាក់​ឱ្យអនុវត្តន៍ជាផ្លូវការកាលពី ​វេទិកា​ទេសចរណ៍អាស៊ាន​ ឆ្នាំ២០២២ដល់ឆ្នាំ២០២៤៕

រាជ​រដ្ឋាភិបាល​ណែនាំ​ឱ្យ​ប្រារព្ធ​ទិវា​នយោបាយ​ឈ្នះ ឈ្នះ ២៩​ធ្នូ ទូទាំង​ប្រទេសដើម្បី​ចង​ចាំ​គុណូបការៈ​ស្ថាបនិក​សន្តិភាព

2022/01/18 12:24:04 pm        347
ភ្នំពេញ៖ ប្រមុខ​រាជ​រដ្ឋាភិបាល​កម្ពុជា សម្ដេច​តេជោ ហ៊ុន សែន បាន​ណែនាំ​ឱ្យ​ដាក់​បញ្ចូល​ទិវា​នយោបាយ​ឈ្នះ ឈ្នះ ២៩ ធ្នូ ទៅ​ក្នុង​ប្រតិទិន​ប្រចាំ​ឆ្នាំ ប៉ុន្តែមិន​មែន​ជា​ថ្ងៃ​ឈប់​សម្រាក​ជា​សាធារណៈ​នោះ​ឡើយ។ក្នុង​សារចរ​ណែនាំ​មួយសម្ដេច​តេជោ ហ៊ុន សែន បាន​បញ្ជាក់​ថា រាជ​រដ្ឋាភិបាល​បាន​កំណត់​យក​ថ្ងៃ​ទី​២៩ ខែ​ធ្នូ ឆ្នាំ​១៩៩៨ គឺ​ជា​ថ្ងៃ​បញ្ចប់​ទាំង​ស្រុង​នូវ​សង្គ្រាម​ស៊ីវិល​នៅ​កម្ពុជា​មិន​មាន​ការ​បង្ហូរ​ឈាម និង​ទទួល​បាន​សន្តិភាព​ពេញ​លេញ។សម្ដេច​តេជោ ហ៊ុន សែន ក៏​សម្រេច​ណែនាំ​ទៅ​គ្រប់​ស្ថាប័ន​រដ្ឋ និង​ឯកជន ឱ្យ​ដាក់​បញ្ចូល​ទិវា​ឈ្នះ ឈ្នះ ​២៩ ធ្នូ ក្នុង​ប្រតិទិន​ប្រចាំ​ឆ្នាំ។ប្រមុខ​រាជ​រដ្ឋាភិបាល​កម្ពុជា ក៏​បាន​ណែនាំ​ទៅ​គ្រប់​ស្ថាប័ន​រដ្ឋ និង​គ្រឹះស្ថាន​ឯកជន ឱ្យ​អបអរ​សាទរ​ទិវា​នយោបាយ​ឈ្នះ ឈ្នះ ២៩ ធ្នូ ជាមួយ​ការ​លើក​ស្លាក​ដែល​សរសេរ​ថា «អរគុណ​សន្តិភាព! អរគុណ​នយោបាយ​ឈ្នះ ឈ្នះ! ដឹង​គុណ​ស្ថាបនិក មគ្គុទ្ទេសក៍​ឯក និង​ប្រតិបត្តិករ​នយោបាយ​ឈ្នះ ឈ្នះ ដែល​នាំ​មក​នូវ​សន្តិភាព និង​ការ​ឯកភាព​ជាតិ​ពេញ​លេញ!»។សម្ដេច​តេជោ ហ៊ុន សែន បាន​បញ្ជាក់​ថា ការ​ណែនាំ​ឱ្យ​ដាក់​បញ្ចូល​ទិវា​នយោបាយ​ឈ្នះ ឈ្នះ ២៩ ធ្នូ ក្នុង​ប្រតិទិន​ប្រចាំ​ឆ្នាំ​នេះ គឺ​ដើម្បី​ដឹង​គុណ​កតញ្ញូ និង​ចង​ចាំ​គុណូបការៈ​ដ៏​ថ្លៃ​ថ្លា​នេះ។នៅ​ក្នុង​ពិធី​សម្ពោធ​ដាក់​ឱ្យ​ប្រើ​ប្រាស់​អគារ​ថ្មី​នៃ​ទីស្ដី​ការ​ក្រសួង​ការពារជាតិកាលថ្ងៃ​ទី​២៩ ខែ​ធ្នូ​កន្លង​មក​នេះ សម្ដេច​តេជោ ហ៊ុន សែន បាន​​ស្នើ​ឱ្យ​មាន​ការ​ដាក់​បញ្ចូល​ថ្ងៃ​ទី​២៩ ធ្នូ ទៅ​ក្នុង​ប្រតិទិន​ប្រចាំ​ឆ្នាំ​ចាប់​ពី​ឆ្នាំ​នេះ​ត​ទៅ ប៉ុន្តែ សម្ដេច​បញ្ជាក់​ថា មិន​មែន​ជា​ថ្ងៃ​ឈប់​សម្រាក​សាធារណៈ​នោះ​ឡើយ៕

រាជធានីភ្នំពេញមានករណីឆ្លងកូវីដ-១៩ បំប្លែងថ្មី ប្រភេទអូមីក្រុង ចូលក្នុងសហគមន៍ចំនួន៥៩នាក់

2022/01/18 12:16:43 pm        455
ភ្នំពេញ៖ ឯកឧត្តមវេជ្ជបណ្ឌិត ងី មានហេង ប្រធានមនី្ទរសុខាភិបាលរាជធានីភ្នំពេញប្រាប់BTV ព័ត៌មាននាព្រឹកថ្ងៃទី១៨ ខែមករា ឆ្នាំ២០២២នេះថា គិតត្រឹមថ្ងៃនេះ ក្នុងមូលដ្ឋានរាជធានីភ្នំពេញ មានករណីឆ្លងមេរោគកូវីដ-១៩ បំប្លែងថ្មី ប្រភេទអូមីក្រុង (Omicron) ចូលក្នុងសហគមន៍មានចំនួន៥៩នាក់។ឯកឧត្តម វេជ្ជបណ្ឌិត ងី មានហេង បានឲ្យដឹងទៀតថា អ្នកឆ្លងមេរោគកូវីដ១៩ បំប្លែងថ្មី ប្រភេទ​អូមីក្រុងនេះ​ កំពុងទទួលការព្យាបាលយ៉ាងយកចិត្តទុកដាក់ជាទីបំផុត​ពីក្រុមការងារ​គ្រូពេទ្យ​ជំនាញ​នៅតាមមណ្ឌលព្យាបាលជំងឺកូវីដ-១៩។បើគិតមកដល់ខែមករា ឆ្នាំ២០២២នេះ ក្នុងមូលដ្ឋានរាជធានីភ្នំពេញ ​មានមណ្ឌលព្យាបាលជំងឺកូវីដ-១៩ ទាំងមន្ទីរពេទ្យរដ្ឋ និងឯកជន ចំនួន៧ទីតាំង ​គឺមនី្ទរពេទ្យហ្លួងម៉ែ, មនី្ទរពេទ្យមិត្តភាពខ្មែរ-សូវៀត, មនី្ទរពេទ្យព្រះអង្គឌួង, មជ្ឈមណ្ឌលជាតិកំចាត់រោគរបេង ​និងហង់សិន, ​មណ្ឌលព្យាបាលកូវីដ១៩ ស្តាតអូឡាំពិក, ​មណ្ឌលសុខភាពចាក់អង្រែ និងគ្លីនិកក្រវ៉ាន់។ដើម្បីចូលរួមកាត់ផ្តាច់ការចម្លងមេរោគកូវីដ-១៩ បំប្លែងថ្មី ប្រភេទអូមីក្រុង ​ឯកឧត្តម វេជ្ជបណ្ឌិត ងី មានហេង បានអំពាវនាវដល់កុមារ យុវវ័យ​ បងប្អូនប្រជាពលរដ្ឋគ្រប់រូប សូមអញ្ជើញទៅទទួល​ចាក់​វ៉ាក់សាំង​បង្ការជំងឺកូវីដ-១៩ ដូសទី៣ និងដូសទី៤​ ​និងដូសមូលដ្ឋាន សម្រាប់អ្នកសេសសល់ មិនទាន់ចាក់វ៉ាក់សាំង នៅតាមទីតាំង​ដែល​បាន​កំណត់​ជូន​ក្នុងតារាង​ឧបសម្ព័ន្ធ​ស្របតាម​កាល​បរិច្ឆេទមានចំនួន ៥១ទីតាំង៕ អត្ថបទ៖ រដ្ឋា

សម្តេចតេជោ បានអញ្ជើញទៅដល់ក្រុងព្រះសីហនុ ដើម្បីបើក​វេទិកា​ទេសចរណ៍​អាស៊ាន នៅ​រសៀលថ្ងៃនេះ

2022/01/18 11:39:45 am        295
ព្រះសីហនុ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានអាស៊ានឆ្នាំ២០២២ បានអញ្ជើញទៅដល់ក្រុងព្រះសីហនុហើយ នៅព្រឹកថ្ងៃទី១៨ ខែមករានេះ ដើម្បីអញ្ជើញជាអធិបតីបើក វេទិកាទេសចរណ៍អាស៊ាន លើកទី៤០ (ATF 2022) នៅរសៀលថ្ងៃនេះ។វេទិកាទេសចរណ៍អាស៊ានលើកទី៤០ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ ត្រូវបានរៀបចំចាប់ពីថ្ងៃទី១៦-២២ ខែមករានេះ។ វេទិកានេះ មានសារសំខាន់ ក្នុងការជំរុញផ្សព្វផ្សាយវិស័យទេសចរណ៍របស់ប្រទេស ទាំង១០ ដែលជាសមាជិកអាស៊ាន។ វេទិកាទេសចរណ៍អាស៊ានឆ្នាំនេះ ដែលត្រូវរៀបចំឡើងនៅកម្ពុជា គឺជាការបង្ហាញឱ្យឃើញនូវកិច្ច​ខិតខំ​ប្រឹងប្រែង​របស់កម្ពុជា​ ក៏ដូចជា​ប្រទេសសមាជិកអាស៊ាន​ដទៃទៀត ក្នុងការធ្វើឱ្យវិស័យ​ទេសចរណ៍​មានដង្ហើមឡើងវិញ ​ក្រោយរងការវាយប្រហារយ៉ាងខ្លាំង​ពីវិបត្តិជំងឺកូវីដ-១៩ រយៈពេលប្រមាណ ២ឆ្នាំកន្លងទៅនេះ។មុនពេលមកដល់នៃវិបត្តិកូវីដ-១៩ ក្នុងឆ្នាំ២០១៩ ប្រទេសសមាជិកអាស៊ាន ​គឺជាទីតាំងសម្រាប់ លម្ហែកាយ​ និងដំណើរកម្សាន្តដ៏ទាក់ទាញមួយ។ ​អ្នកទេសចរអន្តរជាតិចូលមកអាស៊ាន ចំនួនជាង ១៣៦ លាននាក់ និងបង្កើតការងារផ្ទាល់ប្រមាណ ៣០លាននាក់។ វិស័យទេសចរណ៍នេះ បានផ្តល់ចំណូលប្រមាណ ១០ភាគរយ នៃផលិតផល​សរុប​របស់អាស៊ាន។ ​តែនៅឆ្នាំ២០២០ ទេសចរ​អន្តរជាតិ ចូលមក ទស្សនាអាស៊ាន មានត្រឹមប្រមាណជាង ២៥លាននាក់ប៉ុណ្ណោះ ធ្លាក់ចុះប្រមាណជាង៨០ភាគរយ។ ចំណូលពីទេសចរណ៍ ធ្លាក់ចុះរហូតដល់ជាង៧៥ភាគរយ។វេទិកាទេសចរណ៍អាស៊ានលើកទី៤០ នឹងភ្ជាប់ជាមួយកិច្ចប្រជុំស្ថាប័នជាតិទេសចរណ៍អាស៊ាន (ASEAN NTO) កិច្ចប្រជុំរដ្ឋមន្ត្រីទេសចរណ៍អាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធ ព្រឹត្តិការណ៍អម និងការតាំង ពិព័រណ៍ទេសចរណ៍ (Travel Exchange/ Travex) ខ្នាតតូចល្មម។ ព្រឹត្តិការណ៍នេះ ក៏មានការចូលរួមពី ដៃគូសន្ទនា ដូចជា អង្គការទេសចរណ៍ពិភពលោក (UNWTO), សមាគម​ទីភ្នាក់ងារទេសចរណ៍អាស៊ីប៉ាស៊ីហ្វិក (PATA)​ និងសមាគមទេសចរណ៍អាស៊ាន (ASEANTA) ។ វេទិកានេះ ក៏មានការដាក់លក់ទំនិញ ផ្សេងៗរហូតដល់ទៅ១៨៧ស្តង់​ ក្នុងនោះស្តង់អន្តរជាតិ ចំនួន៦១​ និងស្តង់ក្នុងស្រុក ​ចំនួន១២៦ មកពី ឥណ្ឌូនេស៊ី ម៉ាឡេស៊ី ភូមា ហ្វីលីពីន និងថៃ ។ល។ឯកឧត្ដម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានបង្ហាញក្តីសង្ឃឹមថា ​វេទិកាទេសចរណ៍អាស៊ាន ឆ្នាំនេះនឹងក្លាយជាព្រឹត្តិការណ៍ដ៏សំខាន់ក្នុងការប្រកាសបើកគោលដៅទេសចរណ៍ក្នុងតំបន់អាស៊ានឡើង វិញជាផ្លូវការ។ ព្រឹត្តិការណ៍អន្តរជាតិនេះ នឹងជួយផ្សព្វផ្សាយពីប្រទេសកម្ពុជា​ ជាគោលដៅទេសចរណ៍ សុវត្ថិភាព​មួយក្នុងតំបន់អាស៊ាន៕ អត្ថបទ៖ មុត សុទ្ធ 

សិស្សជាប់បាក់ឌុប កំពុងស្វែងរកព័ត៌មាន និងចុះឈ្មោះចូលរៀននៅតាមបណ្តាសាកលវិទ្យាល័យ

2022/01/18 11:20:35 am        504
ភ្នំពេញ៖ សិស្សដែលទើបប្រឡងជាប់បាក់ឌុបក្នុងឆ្នាំសិក្សា ២០២០-២០២១ ថ្មីនេះៗ បាននិងកំពុងស្វះស្វែងរកព័ត៌មានពីកម្មវិធីសិក្សា និងចុះឈ្មោះចូលរៀននៅតាមសាកលវិទ្យាល័យនានា ក្នុងរាជធានីភ្នំពេញ។ ក្រោយពីប្រកាសលទ្ធផលប្រឡងបាក់ឌុប ទូទាំងប្រទេសកាលពីសប្ដាហ៍មុននេះ សិស្សមធ្យមសិក្សាទុតិយភូមិដែលបានប្រឡងជាប់បានធ្វើដំណើរចាកចេញពីស្រុកកំណើត មក​កាន់រាជធានីភ្នំពេញ ដើម្បីសាកសួរព័ត៌មាន និងចុះឈ្មោះចូលរៀននៅតាមសាកលវិទ្យាល័យ។ ជាក់ស្ដែងនៅថ្ងៃនេះ មានវត្តមានសិស្សជាច្រើនបានចុះឈ្មោះចូលរៀន នៅសាកលវិទ្យាល័យ​ជាតិគ្រប់គ្រង។ សម្រាប់ការមកចុះឈ្មោះចូលរៀននៅថ្ងៃនេះ ពួកគាត់លើកឡើងថា ពួកគាត់​មានការ​ពិចារណា​ច្រើន និងមាន​គោលដៅ​ច្បាស់លាស់​ ក្នុងជ្រើសរើសមុខជំនាញសិក្សា និង​សាកលវិទ្យាល័យ​ដែលត្រូវសិក្សាក្នុងរយៈពេល ៤ឆ្នាំ។ពាក់ព័ន្ធនឹងការជ្រើសរើសមុខវិជ្ជា និងសាកលវិទ្យាល័យដែលត្រូវសិក្សា​ ក្នុងថ្នាក់ឧត្តមសិក្សា គឺ​ជារឿងសំខាន់សម្រាប់​អនាគត​។ នេះជាការលើកឡើងរបស់ លោកបណ្ឌិត លី សុខហេង សាកលវិទ្យាធិការរង ​នៃសាកលវិទ្យាល័យជាតិគ្រប់គ្រង។ លោកបណ្ឌិតណែនាំថា ការជ្រើសរើសមុខវិជ្ជាសិក្សា ត្រូវស្របតាមចំណង់ចំណូលចិត្តរបស់ខ្លួន និង​សមស្របទៅតាមទីផ្សារការងារ ជាពិសេស ការជ្រើសរើសសាកលវិទ្យាល័យសិក្សា ក៏ត្រូវ​ជ្រើសរើស​សាកលវិទ្យាល័យដែលមានគុណភាព​ និងមាននិរន្តរភាព។លទ្ធផលនៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង៖ ២៧ ធ្នូ ២០២១ ចាប់រាប់ពី ដំណើរការសំណេរ, កំណែ, ស្រង់ បូកពិន្ទុដោយកុំព្យូទ័រ, និងផ្ទៀងផ្ទាត់ពិន្ទុ បានប្រព្រឹត្តទៅប្រកប​ដោយ​ជោគជ័យ ​និងពុំមាន​ឧបទ្ទវហេតុអ្វីគួរឱ្យកត់សម្គាល់ឡើយ។ ការប្រឡងនេះ​ មានសិស្សប្រឡងជាប់ចំនួន ​៧២០១៦ នាក់ ត្រូវជា ​៦៥.៦៥% (បើប្រៀបធៀប​នឹងឆ្នាំ២០១៩ចំនួន ៦៨.៦២%) ​ក្នុងនោះ​បេក្ខជនដែលទទួលបាននិទ្ទេស A មានចំនួន ១ ៧៥៣ នាក់ (ឆ្នាំ២០១៩ ចំនួន ៤៤៣ នាក់)៕ អត្ថបទ៖ គឹមហុក 

ឯកឧត្តម ហ៊ុន ម៉ាណែត៖ គណបក្សប្រជាជនកម្ពុជា បានជួយសង្រ្គោះជីវិតប្រជាជន៤ដងធំៗ

2022/01/17 02:55:47 pm        957
កំពង់ចាម៖ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត សមាជិកគណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការកណ្តាល និងជាប្រធានយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល បានបញ្ជាក់ថា គណបក្សប្រជាជនកម្ពុជា បានស្រោចស្រង់ជីវិតប្រជាជនពីសោដនាធកម្មធំៗចំនួន ៤ដង។ឯកឧត្តមបណ្ឌិត បានថ្លែងបែបនេះ នៅក្នុងពិធីប្រកាសទទួលស្គាល់ ឯកឧត្តម ហេង សួរ ជាប្រធានក្រុមការងារជនបង្គោលយុវជនថ្នាក់កណ្តាលចុះជួយស្រុកបាធាយ និងលោក ឡូញ សារ៉ូ ជាប្រធានក្រុមការងារយុវជនស្រុកបាធាយ។ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត បានបញ្ជាក់ថា សមាជិកគណបក្សប្រជាជនកម្ពុជា​ត្រូវមាន​មោទនភាព​ចំពោះគណបក្សប្រជាជនកម្ពុជា ​ពីព្រោះក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន គណបក្សប្រជាជនបាន ទី១.ផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត ដោយបញ្ចប់ភ្លាមៗនូវការ​កាប់​សម្លាប់ជីវិតប្រជាជនខ្លួនឯងយ៉ាងរង្គាល ​នាថ្ងៃ៧ ខែមករា ឆ្នាំ១៩៧៩។ ប្រសិនជារបបនេះបន្តបាន១ថ្ងៃនោះប្រជាជនកម្ពុជារាប់ម៉ឺននាក់នឹងត្រូវពួក​ឃាតករនេះ​យក​ទៅ​សម្លាប់​ចោលដោយមិនរើសមុខ។ ទី២.ក្រោយការផ្តួលរំលំរបបប៉ុលពតភ្លាម គណបក្សបាន​ខិតខំក​សាងប្រទេសជាតិពីបាតដៃទទេ​ ពីសេសបានកសាងឡើងវិញ នូវខឿនសេដ្ឋកិច្ច​ និងកសិកម្ម ដោយ​សង្រ្គោះប្រជាជនឱ្យរួចផុតពី​គ្រោះធម្មជាតិ និងស្លាប់ដោយការខ្វះស្បៀងអាហារ។ ទី៣. បានសង្រ្គោះជីវិតខ្មែរ ពីការច្បាំងសម្លាប់ខ្មែរគ្នាឯង តាមរយៈនយោបាយឈ្នះ-ឈ្នះ នាំមកនូវខុស​សន្តិភាព១០០% ពេញផ្ទៃប្រទេស នាឆ្នាំ១៩៩៨។ និងទី៤. បាន​ជួយ​សង្រ្គោះជីវិត​ប្រជាជន​ពី​ការ​ស្លាប់ដោយសារជំងឺកូវីដ-១៩ ដ៏កាច​សាហាវ​ប្រចាំ​សតវត្ស តាមរយៈការសម្រេចចិត្តយ៉ាងត្រឹមត្រូវ​ក្នុងការស្វែករកវ៉ាក់សាំងកូវីដ-១៩ ចាក់ជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ ​យ៉ាងសំបូរបែប និង​ទាន់ពេលវេលា ព្រមទាំងបាន​ទិញថ្នាំ សម្ភារៈ ​បរិក្ខា​រ​ពេទ្យសម្រាប់ព្យាបាលជំងឺកូវីដ-១៩ ប្រកប​ដោយប្រសិទ្ធភាព។ ប្រសិនជាគ្មានវ៉ាក់សាំង ថ្នាំព្យបាល​ និងការចាត់វិធានការទាន់ពេលវេលា​ក្នុងការគ្រប់គ្រង និង​ទប់ស្កាត់​ការរីក​រាលដាលជំងឺកូវីដ-១៩ នោះជីវិតប្រជាពលរដ្ឋច្រើន​ម៉ឺន​នាក់​ថែមទៀត​អាចនឹង​ត្រូវបាត់បង់ ហើយក៏គ្មានទេ ការបើកនិងស្តាសេដ្ឋកិច្ច មុខរបរ ​និងការងារឡើងវិញ។ក្នុងការប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩នេះ​ សម្តេចតេជោ ​បានយកជីវិតកូន ​និងចៅរបស់ខ្លួនធ្វើជាគំរូ ដើម្បី​បង្ហាញអំពីភាពជឿជាក់​ទៅលើវ៉ាក់សាំងនានា ​និងវិធីសាស្ត្រ​ព្យាបាលនានាដល់មហាជន។ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ក៏បានស្នើសុំឱ្យប្រជាជន​កត់សំគាល់​ផងដែរថា ​ក្នុងអំឡុងពេល កូវីដ-១៩ នេះ មានអ្នកនយោបាយមួយចំនួនមិនត្រឹមតែមិនបាន​ស្នើសុំឱ្យបរទេសជួយផ្តល់​វ៉ាក់សាំង​កូវីដ-១៩ ដើម្បីចាក់ជូនប្រជាជនខ្លួនឯងនោះទេ ​គឺថែមទាំងបានស្នើសុំឱ្យបរទេសផ្តាច់ជំនួយ ឬដាក់​ទណ្ឌកម្មលើកម្ពុជា ​ក្នុងគោលបំណងធ្វើឱ្យប្រជាជនដែលកំពុងតែរងផល​ប៉ះពាល់ខ្លាំង ដោយ​សារកូវីដ-១៩ហើយនោះ ​កាន់តែរងផលប៉ះពាល់បន្ថែម។ ​អ្នកនយោបាយបែបនេះ គឺជាអ្នក​នយោបាយ​ដែលគ្មានគុណធម៌​ និងសុជីវធម៌ចំពោះប្រជាជន ​និងជាតិខ្លួនឯង ដោយស្រេកឃ្លានចង់​ឃើញ​តែប្រជាជនខ្លួនឯងរងទុក្ខវេទនា។ក្នុងឱកាសនោះ ឯកឧត្តមបណ្ឌិត ក៏បានណែនាំឱ្យក្រុមការងារយុវជនគ្រប់ជាន់ថ្នាក់ ត្រូវចូលរួមជួយ​ការ​ងារ​គណបក្សថ្នាក់ខ្លួនឱ្យបានល្អ ​ជាពិសេសគឺត្រូវខិតខំជួយបំរើប្រជាជនឱ្យបានល្អ ពីព្រោះ​គណបក្ស​ប្រជាជនកម្ពុជា​យើងរក្សាបានប្រៀបឈ្នះកន្លងមកនេះ​ គឺដោយសារតែមន្ត្រីគណបក្ស​យើង​មានគុណធម៌ សុជីវធម៌ ​កសាងអំពើល្អ ​មានសាមគ្គីភាព ​និងតែងតែចាត់ទុកប្រយោជន៍​ប្រជាជនជាធំ។ សូមមន្ត្រីគណបក្សគ្រប់ជាន់ថ្នាក់​ចូលរួមយ៉ាង​សកម្មជាមួយអាជ្ញាធរមាន សមត្ថកិច្ច​សហការរៀបចំការចាក់វ៉ាក់សាំងដូសជំរុញឱ្យបានទាន់ពេល ​និង​សូមរួមគ្នា​បំផុស និង​បន្តអនុវត្តឱ្យបាន ​នូវវិធានការ ៣កុំ ៣ការពារ ​របស់រាជរដ្ឋាភិបាល៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

មេដឹកនាំ G7ពិភាក្សាលើការគ្រប់គ្រងប្រព័ន្ធ AI ជាមួយប្រធានបច្ចេកវិទ្យា ក្នុងកិច្ចប្រជុំកំពូលនៅបារាំង
06/17/2026 08:06 PM
លោក​ប្រធានាធិបតី Aoun និយាយថា លីបង់មាន «ផ្លូវឯករាជ្យ» ក្នុងការចរចាជាមួយ​អ៊ីស្រាអែល
06/17/2026 08:06 PM
មេដឹកនាំអាស៊ានធ្វើដំណើរទៅដល់ទីក្រុង Kazan ដើម្បីចូលរួមកិច្ចប្រជុំកំពូលរុស្ស៊ី-អាស៊ាន
06/17/2026 08:06 PM
បារាំងប្រកាសហាមឃាត់ការប្រើប្រាស់ទូរស័ព្ទដៃ នៅក្នុងសាលាវិទ្យាល័យ ចាប់ពីខែកញ្ញា
06/17/2026 08:06 PM
លោក Trump ៖ គ្មាននរណាម្នាក់ រួមទាំងលោក Obama មិនអាចបង្កើតកិច្ចព្រមព្រៀងជាមួយអ៊ីរ៉ង់បានទេ
06/17/2026 08:06 PM
ក្រុមឧទ្ទាមកូឡុំប៊ីស្វាគមន៍កិច្ចប្រជុំជាមួយប្រធានាធិបតីថ្មី តែពួកគេក៏អាចរស់រានពីការវាយប្រហារយោធាដែរ
06/17/2026 08:06 PM
កោះតៃវ៉ាន់អះអាងថា កេនយ៉ាងរារាំងខ្លួនមិនឲ្យចូលរួមសន្និសីទដោយសារសម្ពាធពីចិន
06/17/2026 08:06 PM
សំណុំផ្សែងនៅតែបន្តឃើញមាននៅតំបន់ភាគខាងត្បូងលីបង់ បើទោះបីជាមានកិច្ចព្រមព្រៀងអាមេរិក-អ៊ីរ៉ង់
06/17/2026 08:06 PM
នាយករដ្ឋមន្រ្តីប៉ូឡូញ៖ ការបាញ់ប្រហារវិចិត្រកររុស្ស៊ី ទំនងផ្តើមចេញពីរឿងនយោបាយ
06/17/2026 08:06 PM
ស្លូវ៉ាគីប្រញាប់ប្រញាល់ប្រមូលផលគ្រាប់ធុញ្ញជាតិមុនរដូវ ដោយសារក្តីកង្វល់ពីគ្រោះរាំងស្ងួត
06/17/2026 08:06 PM