ស្នងការរាជធានី ដាក់ចេញនូវគោលការណ៍បង្ការ ទប់ស្កាត់រាល់បទល្មើស និង អនុវត្ត​ប្រកប​ដោយ​ក្រម​សីលធម៌​វិជ្ជាជីវៈនគរបាល
ក្មេងទំនើង៣នាក់​បំផ្លាញទ្រព្យសម្បត្តិសាធារណៈ​ត្រូវបានឃាត់ខ្លួន ធ្វើកិច្ច​សន្យា​អប់រំ​ណែនាំ​ដោយ​មាន​ការធានាពីអាណាព្យាបាល ដើម្បី​អប់រំ​នៅ​មូលដ្ឋាន​បន្ត
រយៈពេល១ខែកន្លះចុងឆមាសទី១នេះ សមត្ថកិច្ចរាជធានី បង្ក្រាបបទល្មើសគ្រឿងញៀន ឃាត់មនុស្ស៧៣នាក់
​កម្លាំងនគរបាលស្រុកស្វាយជ្រំយកចិត្តទុកដាក់ទប់ស្កាត់និងបង្ក្រាប ធ្វើឱ្យបទល្មើសថយចុះស្ទើរទាំងស្រុង

សន្តិសុខ និង សង្គម

អភិបាលខេត្តបាត់ដំបង ណែនាំអាជ្ញាធរឱ្យបង្ក្រាប និងឈប់ពាក់ព័ន្ធនឹងល្បែងស៊ីសង

2022/09/19 02:08:49 pm        509
បាត់ដំបង៖ អនុវត្តតាមបទបញ្ជារបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ឯកឧត្តម សុខ លូ អភិ បាលខេត្តបាត់ដំបង កាលពីថ្ងៃទី១៨ ខែកញ្ញាម្សិលមិញ បានដឹកនាំកិច្ចប្រជុំដាក់ផែនការជាក់លាក់បង្រ្កាបល្បែងស៊ីសងខុស ច្បាប់គ្រប់ប្រភេទ។ ឯកឧត្ដម បានណែនាំអាជ្ញាធរឱ្យបង្ក្រាប និងដកខ្លួនកុំពាក់ព័ន្ធនឹងល្បែងស៊ីសង។ក្នុងកិច្ចប្រជុំ ដែលមានការចូលរួមពីអភិបាលរងខេត្ត អភិបាលក្រុង ស្រុក និងថ្នាក់ដឹកនាំកងកម្លាំង ទាំងបីប្រភេទ ឯកឧត្តមអភិបាលខេត្តបាត់ដំបង សុខ លូ បានណែនាំដល់អ្នកពាក់ព័ន្ធនឹងល្បែងខុស​ច្បាប់ ទាំងអស់ ត្រូវដកខ្លួនថយជាបន្ទាន់ ​ហើយដកខ្លួនជារៀងរហូត។ មេល្បែងខុសច្បាប់​គ្រប់ប្រភេទ និង កន្លែង លួចលាក់លេងល្បែងនានា ​ត្រូវបញ្ឈប់ជាបន្ទាន់។ឯកឧត្តម បានណែនាំដល់អ្នកញៀនល្បែងទាំងឡាយ​ ឱ្យឈប់លេងតទៅទៀត ដើម្បី សុភមង្គល ក្នុងគ្រួសារ។ឯកឧត្តម បានជំរុញដល់អាជ្ញាធរ និងកងម្លាំងមានសមត្ថកិច្ច​ ត្រូវបង្រ្កាបគ្រឿងញៀន និងបទ ល្មើសគ្រប់​ប្រភេទជាប់ជាប្រចាំ ​ដោយមិនដកដៃឡើយ។តាមរយៈសារសំឡេងកាលពីថ្ងៃទី១៧ ខែកញ្ញា នេះ សម្ដេចតេជោ ​ហ៊ុន សែន​ បានចេញបញ្ជា ដោយ​ម៉ឺងម៉ាត់បំផុត ឱ្យចាត់វិធានការបង្រ្កាបល្បែងស៊ីសងខុសច្បាប់​គ្រប់ប្រភេទ ដោយ​សម្ដេចតេ​ជោ ​បានបញ្ជាក់អំពីភាពមិនញញើតក្នុងការដកចេញពីមុខតំណែងអភិបាលរាជធានី ខេត្ត និង​អាជ្ញាធរមូល ដ្ឋានទាំងឡាយណា ​ដែលត្រូវបានរកឃើញថា ​មិនទទួលខុសត្រូវ លើមុខងារ​របស់ខ្លួន៕អត្ថបទ៖ នឿត សុភក្ត្រ

ឃាត់មនុស្ស៧០នាក់ ក្នុងប្រតិបត្តិការបង្ក្រាបល្បែងស៊ីសងរយៈពេល២ថ្ងៃនៅភ្នំពេញ

2022/09/19 12:23:58 pm        489
ភ្នំពេញ៖ បន្ទាប់ពីមានបទបញ្ជារបស់ថ្នាក់ដឹកនាំកម្លាំងអាជ្ញាធរទាំង១៤ខណ្ឌ ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ បានចុះប្រតិបត្តិការបង្ក្រាបល្បែងស៊ីសងជាបន្តបន្ទាប់ ចាប់ពីរសៀលថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២២ រហូតឃាត់ខ្លួនមនុស្សចំនួន៧០នាក់ ក្នុងរយៈពេល២ថ្ងៃមកនេះ។លោកវរសេនីយ៍ឯក សាន សុខសីហា អ្នកនាំពាក្យស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឱ្យដឹង នាព្រឹកថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២២ថា គិតត្រឹមរយៈពេល២ថ្ងៃ គឺថ្ងៃទី១៧ និងទី១៨ ខែកញ្ញា ឆ្នាំ២០២២ ដោយអនុវត្តតាមបទបញ្ជារបស់ឯកឧត្តម ឃួង ស្រេង ​អភិបាលរាជធានីភ្នំពេញ និងឯកឧត្តម ​ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានដាក់ចេញនូវផែនការ និងបង្កើតក្រុមការងារធ្វើការបង្ក្រាបទីតាំង​បើកលេងល្បែងស៊ីសង​រយៈពេល២ថ្ងៃ​មកនេះបានចំនួន ៣៦ករណី ​ដោយឃាត់ខ្លួនមនុស្ស៧០នាក់ ​មានស្រ្ដី ៣៥នាក់។លោកវរសេនីយ៍ឯក សាន សុខសីហា បានបន្ថែមថា មូលដ្ឋានដែលមានការបង្ក្រាបល្បែងស៊ីសង​មានដូចជា ខណ្ឌចំការមន​ ខណ្ឌបឹងកេងកង ​ខណ្ឌដូនពេញ ​ខណ្ឌទួលគោក ខណ្ឌដង្កោ ខណ្ឌមានជ័យ ខណ្ឌច្បារអំពៅ ខណ្ឌឬស្សីកែវ ខណ្ឌជ្រោយចង្វារ​ ខណ្ឌសែនសុខ និងខណ្ឌកំបូល។ ជាមួយគ្នានេះកម្លាំងសមត្ថកិច្ចនឹងបន្តស្រាវជ្រាវ អនុវត្តបង្ក្រាបទីតាំងល្បែងខុសច្បាប់គ្រប់ប្រភេទ​បន្ត​បន្ទាប់ទៀតជាប្រចាំ។ ចំពោះមនុស្សប្រុសស្រីទាំង៧០នាក់​ ត្រូវបានកម្លាំងអាជ្ញាធរសាកសួរ និង​កសាងសំណុំរឿងបញ្ជូនខ្លួនទៅអយ្យការអមសារដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមនីតិវិធី។គួរបញ្ជាក់ថា កាលពីថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២២ ក្រោយមាន​អនុក្រឹត្យ និងប្រសាសន៍របស់​សម្ដេច​អគ្គមហាសេនាបតីតេជោ ហ៊ុនសែន ​នាយករដ្ឋមន្ត្រី​ បានបញ្ជាដាច់ខាតឱ្យអាជ្ញាធររាជធានី ខេត្ត ចុះ​បង្ក្រាបល្បែងស៊ីសងគ្រប់ប្រភេទ ភ្លាមៗឯកឧត្តម ឃួង ស្រេង​ អភិបាលរាជធានីភ្នំពេញ បាន​ប្រជុំបន្ទាន់​ពាក់ព័ន្ធ​ការការពារសន្តិសុខ និងបង្ក្រាបល្បែងស៊ីសងគ្រប់ប្រភេទទាំងនោះ អភិបាលរាជ​ធានីភ្នំពេញ​បានដាក់បទបញ្ជាឱ្យអាជ្ញាធរខណ្ឌនីមួយៗ មិនត្រូវបិទបាំងទីតាំងលេងល្បែងស៊ីសង​ខុសច្បាប់​ណាមួយទាំងអស់​ ក្នុងដែនសមត្ថកិច្ចរបស់ខ្លួន ហើយក្នុងករណីក្រុមការងារចម្រុះ​បាន​ឃើញ និងចុះបង្ក្រាបបាន ​គឺអភិបាលខណ្ឌនោះត្រូវទទួលខុសត្រូវ។ឯកឧត្តមអភិបាលរាជធានី បានបន្តថា ក្រុមការងាររបស់សាលារាជធានីនឹងចុះទៅ​បង្ក្រាប​តាម​មូលដ្ឋាន ​នៅពេលចុះបង្ក្រាបនៅខណ្ឌណាមួយ គឺមិនឱ្យអភិបាលខណ្ឌនោះ​ចុះបង្ក្រាប​ជាមួយទេ ដូច្នេះខណ្ឌនោះត្រូវទទួលខុសត្រូវបង្ក្រាបឱ្យបានមុនក្រុមការងាររាជធានីចុះទៅដល់ ប្រសិន​បើមិនដូច្នោះអភិបាលខណ្ឌនោះត្រូវទទួល​ខុសត្រូវផងដែរ នៅពេលក្រុមការងាររាជធានី​ចុះ​រកឃើញ ​និងបង្ក្រាប​ ហើយឯកឧត្តមនឹងស្នើប្រមុខរាជរដ្ឋាភិបាលដកដំណែងអភិបាលខណ្ឌនោះ ដោយមិនលើកលែងឡើយ៕អត្ថបទ៖ កុម្ភៈ

នគរបាលឃាត់ខ្លួនបុរសម្នាក់ជាមេការ និងនារីរងគ្រោះចំនួន០៤នាក់ ពាក់ព័ន្ធករណីប្រព្រឹត្តិអំពើ​សញ្ចារកម្ម

2022/09/17 04:51:43 pm        885
ភ្នំពេញ ៖ កម្លាំងការិយាល័យប្រឆាំងការជួញដូរមនុស្ស និង​ការពារ​អនីតិជន សហការ​ជាមួយ​អាជ្ញាធរមូលដ្ឋាន ចុះបង្ក្រាបជាក់ស្តែងករណីប្រព្រឹត្តិអំពើសញ្ចារកម្ម មានស្ថានទម្ងន់ទោស បើកហាងម៉ាស្សាបង្កប់បំរើសេវាផ្លូវភេទ បានឃាត់ខ្លួនបុរសម្នាក់ជាមេខ្យល់ និងនារីរងគ្រោះចំនួន ០៤នាក់ ក្នុងនោះមានអនីតិជនចំនួន០២នាក់។ដោយមានការ​ចង្អុលបង្ហាញ​ពីឯកឧត្តមឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជា​ស្នងការ​នគរបាលរាជធានីភ្នំពេញ និងលោកឩត្តមសេនីយ៍ទោ ចាន់ កិត្តិខុម ស្នងការរងទទួលដឹកនាំ​ការងារ​ការិយាល័យប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន នៃស្នងការដ្ឋាននគរបាល​រាជាធានី​ភ្នំពេញ ដឹកនាំប្រតិបត្តិការផ្ទាល់ដោយលោក ឆាយ ហុង ព្រះរាជអាជ្ញារង និងលោកវរសេនីយ៍ទោ ហាក់ លី នាយរងការិយាល័យ បានធ្វើការឃាត់បុរសម្នាកជាអ្នកគ្រប់គ្រងនិងនារីរងគ្រោះ ក្មេងៗ​ចំនួន០៤​នាក់ នៅវេលាម៉ោង០៩ យប់ ថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២២ ចំណុចហាង​ម៉ាស្សា​យីហោ«សម្រស់ម្ល៉េះ» ស្ថិតនៅផ្ទះលេខ៣៥ ផ្លូវលំ សង្កាត់កន្ទោក ខណ្ឌកំបូល រាជធានីភ្នំពេញ។បុរសជាថៅកែមាន​ឈ្មោះ សៀវ ប៊ុនធឿន អាយុ២៥ឆ្នាំ ស្នាក់នៅចំណុចហាងម៉ាស្សា​យីហោ«សម្រស់ម្ល៉េះ» ស្ថិតនៅផ្ទះលេខ៣៥ ផ្លូវលំ សង្កាត់កន្ទោក ខណ្ឌកំបូល រាជធានីភ្នំពេញ។​តាមប្រភព បានឲ្យដឹងថា ទីតាំងហាងម៉ាស្សាយីហោ«សម្រស់ម្ល៉េះ» មានថៅកែប្រុសម្នាក់គឺជាអ្នក​មើលការ​ខុសត្រូវ នៅក្នុងហាងនេះមានស្រីៗរង់ចាំទទួលភ្ញៀវម៉ាស្សា ​និងរួមភេទ​ចំនួន ០៤នាក់ សង្ស័យអនីតិជន ០២នាក់ និងមានបន្ទប់សម្រាប់រួមភេទចំនួន​០២បន្ទប់ តម្លៃម៉ាស្សាធម្មតា ២០.០០០រៀល ក្នុងមួយម៉ោង និងតម្លៃនៃការរួមភេទក្នុងមួយដងចាប់ពី ២០ដុល្លារ ទៅ ២៥ដុល្លារ ហើយលុយដែល​បានមកពីការ រួមភេទ គឺថៅកែហាងចែកស្មើគ្នាជាមួយស្រីៗម៉ាស្សាទាំងនោះ ។ ប្រភពដដែល បានឲ្យដឹងថា ហាងម៉ាស្សានេះ បើកដំណើរការរកស៊ីទទួលភ្ញៀវចាប់ពីម៉ោង ០៨ព្រឹក រហូតដល់យប់​អាធ្រាត្រ​ទើបបិទទ្វារ រីឯនារីដែលសង្ស័យជាអនីតិជនចំនួន ០២នាក់ គឺចូលមកបម្រើ​ការងារចាប់ពីម៉ោង ០៧យប់ រហូតដល់ម៉ោង ១០យប់ ។ក្រោយប្រតិបត្តិការកម្លាំងជំនាញបាននាំខ្លួនបុរសមេការ ទៅការិយាល័យប្រឆាំងការជួញដូរ​មនុស្ស​និងការពារអនីតិជន ​ដើម្បីសួរនាំកសាងសំណុំរឿង ​ចាត់ការតាមនីតិវិធី។ ចំណែកនារីរងគ្រោះទាំង​០៤នាក់ត្រូវបានប្រគល់ជូនមន្ទីរសង្គមកិច្ចរាចធានីភ្នំពេញធ្វើការអប់រំ៕អត្ថបទ៖ កុម្ភៈ

អាជ្ញាធរខណ្ឌដូនពេញប្រគល់ម៉ូតូទៅម្ចាស់ម៉ូតូវិញ ក្រោយធ្វើការផ្លាស់ប្ដូរបំពង់​ស៊ីម៉ាំង​​ប្រែនរួចរាល់

2022/09/14 03:15:08 pm        1631
ភ្នំពេញ៖ ក្រោយពីកម្លាំងនគរបាលនៃអធិការដ្ឋាននគរបាលខណ្ឌដូនពេញ​ធ្វើការ​ឃាត់​ម៉ូតូជាច្រើន​គ្រឿងដែលលេងបំពង់ស៊ីម៉ាំងលឺៗ បង្កការរំខានតាមដងផ្លូវ កន្លងមកយកមករក្សារទុកនៅ​អធិការដ្ឋាន​នគរបាលខណ្ឌរហូតដល់ពេលនេះ​ ម្ចាស់ម៉ូតូនីមួយៗ​ បានធ្វើការផ្លាស់ប្ដូរដាក់បំពង់​ស៊ីម៉ាំងធម្មតាឡើងវិញរួចរាល់ ​ត្រូវបានកម្លាំង​នគរបាលធ្វើការប្រគល់​ជូនម្ចាស់វិញ មាន​អាណាព្យាបាល​មក​ធានា​ផងដែរ​ និងធ្វើពិន័យតាមអនុក្រឹតលេខ៣៩ នៃច្បាប់ចរាចរណ៍។ជាក់ស្ដែងការប្រគល់ម៉ូតូជនម្ចាស់ម៉ូតូវិញនេះ បានធ្វើឡើងនៅថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២២ នៅ​អធិការនគរបាលខណ្ឌដូនពេញ រាជធានីភ្នំពេញ។ក្នុងនោះដែរអាណាព្យាបាលរបស់យុវជនទាំងនោះ បាន​សូមថ្លែងអំណរអរគុណ ដល់​អាជ្ញាធរ​ពាក់ព័ន្ធ​ដែល​អនុញ្ញាត​ឲ្យម៉ូតូរបស់កូនគាត់ត្រឡប់ទៅផ្ទះវិញ។​ បន្ថែមទៀតនោះ ​ពួក​សន្យាថា មិន​ឲ្យកូនពួកគាត់ប្រព្រឹត្តខុសដូនកន្លងទៅទៀតឡើយ​ និងធ្វើការអប់រំដល់កូនៗបន្តទៀត៕ អតត្ថបទ៖ កុម្ភៈ

នគរបាលខេត្ត បង្ហាញមុខ​ជនសង្ស័យឆក់មានស្ថានទម្ងន់ទោសចំនួន០៩នាក់ ដែលសមត្ថកិច្ចបានសហការគ្នាចុះប្រតិបត្តិការបង្ក្រាបចាប់ខ្លួនបាន

2022/09/08 06:42:38 pm        123
កំពង់ឆ្នាំង ៖ មុខសញ្ញាក្រុមសង្ស័យឆក់មានស្ថានទម្ងន់ទោសចំនួន ០៩នាក់ ត្រូវបានសមត្ថកិច្ចនគរបាលនៃស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង បង្ហាញមុខនៅល្ងាចថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០២២នេះ បន្ទាប់ពីសមត្ថកិច្ចសហការគ្នាចុះបង្ក្រាប និងចាប់ខ្លួនបាន ក្រោយពីពួកគេធ្វើសកម្មភាព នៅក្នុងស្រុកចំនួន៤ នៃខេត្តកំពង់ឆ្នាំង ។លោកឧត្តមសេនីយ៍ត្រី ប៉ុល វុទ្ធី ស្នងការរងទទួលបន្ទុកផ្នែកព្រហ្មទណ្ឌកម្រិតធ្ងន់ នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង បាននិយាយឲ្យដឹងថា : អនុវត្តតាមបទបញ្ជាលោកឧត្តមសេនីយ៍ទោ ខូវ លី ស្នងការនគរបាល ខេត្តកំពង់ឆ្នាំង ក្រោយពីមានសកម្មភាព​ចោរលួចចោរឆក់មានស្ថានទម្ងន់ទោស កើត មាននៅក្នុងខែ០៧ និងខែ០៨ នៅក្នុងស្រុកចំនួន៤ គឺ ស្រុកកំពង់ត្រឡាច, ស្រុកសាមគ្គីមានជ័យ ,ស្រុកទឹកផុស និងស្រុករលាប្អៀរ ។ លោកបានដឹកនាំសមត្ថកិច្ចជំនាញបានសហការជា មួយនគរបាលស្រុក នគរបាលប៉ុស្តិ៍ពាក់ព័ន្ធ និងករណីមួយចំនួនបានសហការជាមួយសមត្ថកិច្ចនគរបាលខេត្តកណ្ដាល និងខេត្តកំពង់ស្ពឺផងដែរ ក្នុងពេលចេញប្រតិបត្តិការស្រាវជ្រាវរកមុខសញ្ញាជនល្មើសដែលច្រើនភាគធ្វើសកម្មភាពនៅពេលយប់ ដោយប្រើរូបភាព ជិះម៉ូតូធ្លាក់ផ្ដួលម៉ូតូជនរងគ្រោះ ឬឆក់កាបូបជន រងគ្រោះ ពេលជនរងគ្រោះដួលម៉ូតូពួកវាក៏បាន ទាញកាំបិតដេញកាប់ និងពេលជនរងគ្រោះរត់ចេញហើយនោះ ពួកវាក៏លួចយកម៉ូតូតែម្តង ។ជាក់ស្ដែងនៅក្នុងអំឡុង ខែសីហាកន្លងមកថ្មីៗនេះសមត្ថកិច្ចស្រាវជ្រា វចាប់ខ្លួន បានមុខសញ្ញាខាងលើនេះចំនួន០៩នាក់ មាន១ឈ្មោះ រិន មិថុនា , ២ ស និមល , ៣ លានថា, ៤ ងន សេងលី , ៥ ប៊ុន រ៉ូស ,៦ ជាសុង , ៧ រ៉េត រ៉ុង ,៦ ហូរ អូន , ៨ យន ពិសី , ៩ សាន់ ពួកគេទាំង០៩នាក់នេះ រស់នៅក្នុងឃុំមានោក ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង ។ វត្ថុតាងដែលសមត្ថកិច្ចរឹបអូសបានរួមមាន កាំ បិត ១ , ពូថៅ ១ និងម៉ូតូ ០៤ គ្រឿង។លោកឧត្តមសេនីយ៍ត្រី ប៉ុល វុទ្ធី បានបញ្ជាក់ឲ្យដឹងទៀតថា : ដោយឡែកនៅក្នុងអំឡុងខែកក្កដា កន្លងមកមុខសញ្ញាដែលធ្វើសកម្មភាពដូចខាងលើនេះ និងលួចគាស់ផ្ទះលួចទ្រព្យសម្បត្តិប្រជាពលរដ្ឋ នៅក្នុងក្រុងកំពង់ឆ្នាំង និងក្នុងស្រុករលាប្អៀរក៏ត្រូវបានសមត្ថកិច្ចបង្ក្រាបចាប់ខ្លួនបានចំនួន០៧នាក់ផងដែរ ដែលជនល្មើសមួយចំនួន នៅក្នុងស្រុកសាមគ្គីមានជ័យ និងមួយចំនួនទៀតមកពីស្រុកពញាឮ ខេត្តកណ្ដាល។ ជនសង្ស័យទាំង ៧ នាក់នេះក៏ត្រូវបានកសាងសំណុំរឿងបញ្ជូនទៅកាន់តុលាការខេត្ត និងត្រូវបានតុលាការឃុំខ្លួននៅក្នុងពន្ធនា គារខេត្តអស់ហើយ ៕ អត្ថបទ ៖ ហុង វាស្នា

ជាង៨ខែឆ្នាំនេះ សមត្ថកិច្ចបង្ក្រាបបទល្មើសគ្រឿងញៀនជាង ៤ពាន់ករណី ដកហូតថ្នាំញៀនជាង៦តោន

2022/09/08 02:10:33 pm        664
ភ្នំពេញ៖ មន្ទីរប្រឆាំងគ្រឿងញៀន អគ្គស្នងការដ្ឋាននគរបាលជាតិ នៃក្រសួងមហាផ្ទៃ បានឱ្យដឹងថា ជាង៨ខែឆ្នាំនេះ សមត្ថកិច្ចបង្ក្រាបបទល្មើសគ្រឿងញៀនជាង ៤ពាន់ករណី ដកហូតថ្នាំញៀនជាង៦តោន។ប្រភពព័ត៌មានពីមន្ទីរប្រឆាំងគ្រឿងញៀន អគ្គស្នងការដ្ឋាននគរបាលជាតិ នៃក្រសួងមហាផ្ទៃ បាន​ឱ្យដឹងថា លទ្ធផលអនុវត្តច្បាប់ប្រឆាំងបទល្មើសគ្រឿងញៀន ​ចាប់ពីថ្ងៃទី០១ ខែមករា ដល់ថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០២២ ​សមត្ថកិច្ចបង្ក្រាប ​សរុប៤៥៦៨ករណី​ ឃាត់មនុស្សជាង ១ម៉ឺននាក់ (ជនបរទេស១៩២នាក់ ៨សញ្ជាតិ) ។ប្រភព បានបញ្ជាក់ថា រាល់សកម្មភាពបទល្មើសគ្រឿងញៀនទាំងអស់ ​សមត្ថកិច្ចកម្ពុជា តែងតែ​ចាត់វិធាន​ការទប់ស្កាត់គ្រប់កាលទេសៈ ក្នុងការបង្ក្រាបក្រុម​ឧក្រិដ្ឋ​គ្រឿងញៀនជាបន្តបន្ទាប់ ដែល​មួយខែៗ សមត្ថកិច្ចគ្រប់លំដាប់ថ្នាក់របស់ប្រទេសកម្ពុជា​ បានខិតខំប្រឹងប្រែងបង្ការ និងបង្ក្រាប​បទល្មើសគ្រឿងញៀនជាច្រើនករណី ​ព្រមទាំងចាប់យកវត្ថុតាងថ្នាំញៀនរាប់គីឡូក្រាមផងដែរ ។សមត្ថកិច្ច ជំនាញមន្ទីរប្រឆាំងគ្រឿងញៀន​ សូមសំណូមពរដល់ប្រជាពលរដ្ឋ ត្រូវចៀសឱ្យឆ្ងាយ​ពី​គ្រឿងញៀន​ កុំចង់សាកប្រើប្រាស់គ្រឿងញៀន ​ដោយត្រូវនិយាយថា ទេ ចំពោះគ្រឿង​ញៀនគ្រប់ប្រភេទ ៕អត្ថបទ៖ តារាវុទ្ធី

ស្ដ្រី​ម្នាក់​បាន​ស្លាប់​នៅ​រសៀល​នេះ ក្នុងចំណោម​ជនរងគ្រោះ​ទាំង ​០៧​នាក់ ករណី​របូត​ក្បាល​រុំ​ម៉ាណេហ្គាស​ផ្ទុះ​

2022/09/05 06:15:26 pm        448
ភ្នំពេញ​៖ យោង​តាម​ប្រភពពី​មន្ត្រី​ជំនាញ ការិយាល័យ​បង្ការ និង​ពន្លត់​អគ្គិភ័យ​នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ បាន​ឲ្យ​BTV ដឹង​នា​រសៀល​ថ្ងៃទី​០៥ ខែកញ្ញា នេះ​ថា ស្ដ្រី​ម្នាក់ ក្នុងចំណោម​ជនរងគ្រោះ ប្រុស​ស្រី​ទាំង​ ០៧​នាក់ ក្នុង​ករណី​របូត​ក្បាល​រុំ​ម៉ា​ណេ​ហ្គាស បណ្ដាល​ឲ្យ​ផ្ទុះ​រង​របួស​នោះ បាន​ស្លាប់បាត់​បង់ជីវិត​នៅ​មន្ទីរពេទ្យ បន្ទាបពី​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​បាន​រយៈពេល​២​ថ្ងៃ​។​គួរ​បញ្ជាក់​ផងដែរ កាលពី​វេលា​ម៉ោង​១​និង​៥០​នាទី រសៀល​ថ្ងៃទី​០៣ ខែកញ្ញា ឆ្នាំ​២០២២ មាន​ករណី ផ្ទុះ​ហ្គាស បណ្ដាល​ឲ្យ​មនុស្ស​រងរបួស​ចំនួន​០៧​នាក់ នៅ​ចំណុច​ក្បែរ​ផ្សា​របឹង​បៃតង តាម​បណ្ដោយ​ផ្លូវ​លេខ​១៩២៨ ភូមិ​ក្រុង​ថ្មី មូលដ្ឋាន​សង្កាត់​គោក​ឃ្លាង ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ​។​តាម​ប្រភពព័ត៌មាន ​បាន​ឲ្យ​ដឹងថា នៅ​មុនពេល​កើតហេតុ គឺ​រថយន្ត​ដឹក​ស៉ី​ទែន​ហ្គាស បាន​ចូល​ផ្ទេរ​ហ្គាស មិនដឹង​ជាហេតុ​អ្វី ស្រាបតែ​របូត​ក្បាល​រុំ​ម៉ា​ណេ ហ្គាស បណ្ដាល​ឲ្យ​ផ្ទុះ​ឆ្លង​ផ្លូវ ត្រូវ​អ្នកជិះ​ម៉ូតូ​រ៉ឺម៉ក កំពុង​ជិះ​តាម​បណ្តោយ​ផ្លូវ ជិះ​ម៉ូតូ និង​ម្ចាស់​រងរបួស​ធ្ងន់ធ្ងរ​។ បន្ថែមទៀត​នោះ​កម្លាំង​ផ្ទុះ​ហ្គាស​បាន​ខ្ទាត​មក​ចំ​ផ្ទះ​ធ្វើ​ម៉ូតូ​និង​រថយន្ត បណ្ដាល​ឲ្យ​ឆាបឆេះ​យ៉ាង​សន្ធោសន្ធៅ​។​ភ្លាមៗ​នោះ​កម្លាំង​សមត្ថកិច្ច​មូលដ្ឋាន និង​កម្លាំង​ការិយាល័យ​បង្ការ​និង​ពន្លត់​អគ្គិភ័យ បានចេញ​រថយន្ត​ពន្លត់​អគ្គិភ័យ​គ្រប់​គោលដៅ ជួយ​អន្តរាគមន៍​បាញ់​ពន្លត់ ប៉ុន្តែ​ដោយ​ទំហំ​នៃ​ការឆាបឆេះ ធំ​ក្នុង​លឿន​ផង​នោះ ធ្វើ​ឲ្យ​កម្លាំង​អាជ្ញាធរ​ជំនាញ​បង្ការ​និង​ពន្លត់​អគ្គិភ័យ​លំបាក​ក្នុង​ការជួយ​អន្តរាគមន៍​ឲ្យ​បាន​ទាន់ពេលវេលា តែ​យ៉ាងណា អគ្គិភ័យ​មិនបាន​រាលដាល​ដល់​កា​រ៉ា​ស​សាំង​ក្បែរ​នោះឡើយ​។​លោក វរសេនីយ៍ឯក ព្រហ្ម យ៉​ន នាយការិយាល័យ​បង្ការ​និង​ពន្លត់​អគ្គិភ័យ​នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​បាន​ឲ្យ​ដឹងថា ម្ចាស់​ទីតាំង​កា​រ៉ា​ស​ហ្គាស​មាន ឈ្មោះ ប៉ែន ភា​រិ​ទ្ធ ភេទ​ប្រុស អាយុ​៦៩ ឆ្នាំ រងរបួស​ធ្ងន់ធ្ងរ​។ លោកនាយ​ការិយាល័យ បាន​ឲ្យ​ដឹងថា ក្នុង​ហេតុ​ការ​នេះ​បណ្ដាល​ឲ្យ​មនុស្ស​ប្រុស​ស្រី​រងរបួស​ ០៧​នាក់ ក្នុងនោះ ប្រុស​ ០៦​នាក់ និង​ស្រី​ម្នាក់ របួសធ្ងន់​ទាំងអស់​ត្រូវបាន​បញ្ជូន​ទៅ​មន្ទីរ​សង្គ្រោះបន្ទាន់​ពេទ្យ​ភ្លាមៗ​។​​លោក នាយការិយាល័យ​បាន​បន្ត​ឲ្យ​ដឹងថា ក្នុង​ប្រតិបត្តិការ​នេះ​រថយន្ត​ពន្លត់​អគ្គិភ័យ​មកដល់​ទីតាំង​កើតហេតុ​ចំនួន​២២​គ្រឿង កម្លាំង​នគរបាល​បាន​ប្រើប្រាស់ រថយន្ត​របស់​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ​ចំនួន​១២ គ្រឿង រថយន្ត​ទីក្រុង ជ្រោយចង្វា​ចំនួន​៧​គ្រឿង រថយន្ត​ស្រា​បៀ កម្ពុជា​ចំនួន​១​គ្រឿង និង​រថយន្ត​កងរាជអាវុធហត្ថ ចំនួន​២​គ្រឿង​អត់​បាន​ប្រើប្រាស់​។ ចំពោះ​មូលហេតុ​កម្លាំង​អាជ្ញាធរ​ជំនាញ​ស្រាវជ្រាវ​ឃើញថា​បណ្ដាលមកពី​ធ្លាយ​ក្បាល​រុំ​ម៉ា​ណេ​ផ្ទេរ​ហ្គាស​ចូល​ស៊ីទែន​៕ អត្ថបទ​៖ កុ​ម្ភះ​

នគរបាលឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីលួចលេខកូដសម្ងាត់វីងពីអតិថិជនវីង ក្លែងបន្លំបើកលុយ

2022/09/04 11:58:45 am        506
ភ្នំពេញ៖ ជនសង្ស័យម្នាក់ជំនាញលួចលេខកូដសម្ងាត់វីងពីអតិថិជនវីង ត្រូវបានកម្លាំងនគរបាល​ឃាត់ខ្លួន ក្រោយធ្វើសកម្មភាពសម្រេចបានចំនួន៥១លើក ស្មើលុយជាង១៦,០០០ដុល្លារ។ប្រតិបត្តិការនេះ បានធ្វើឡើងនៅវេលាម៉ោង២០៖២៥នាទី ថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២២ នៅចំណុចផ្ទះសំណាក់យីហោ ស្រែល្អ ស្ថិតនៅក្នុងសង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។ជនសង្ស័យឈ្មោះ សុខ វណ្ណៈ ភេទប្រុស អាយុ ៣៥ឆ្នាំ មានទីលំនៅភូមិចមពុល ឃុំជាងទង ស្រុកត្រាំកក់ ខេត្តតាកែវ។តាមមន្រ្តីជំនាញនៃនាយកដ្ឋាននគរបាល បានឲ្យដឹងថា​ ក្រោយ​ទទួលពាក្យ​បណ្តឹងរបស់​ធនាគារវីង ប្តឹងពីឈ្មោះ សុខ វណ្ណៈ ភេទប្រុស ដែលតែងតែប្រើប្រាស់សេវាកម្មរបស់​ធនាគារវីង ធ្វើជា​មធ្យោបាយ​ប្រព្រឹត្តបទល្មើសនានា​ក្នុងប្រទេសកម្ពុជា ​ដោយលួចយកលេខកូដ​សម្ងាត់របស់​អតិថិជន ​ដែល​បានប្រើប្រាស់សេវាកម្មវេប្រាក់​តាមរយៈ​ធនាគារ​វីង ចំនួន៥១លើក គិតជា​ទឹកប្រាក់ចំនួន ជាង១៦០០០ដុល្លារអាមេរិក។ ភ្លាមៗនោះលោកឧត្តមសេនីយ៍ទោ ជាវ វិបុល ​អនុប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បាន​ដឹកនាំកម្លាំងការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ ​សហការជាមួយសមត្ថកិច្ចពាក់ព័ន្ធ បើក​ការ​ស្រាវជ្រាវ​យ៉ាងយកចិត្តទុកដាក់ ​និងឈានរហូតដល់ការឃាត់ខ្លួនជនសង្ស័យបានតែម្ដង។តាមចម្លើយសារភាពរបស់ជនសង្ស័យ ​បានសារភាពថា ខ្លួនពិតជា​បានប្រព្រឹត្តអំពើលួច​ថតយក​លេខ​កូដ​ពី​អតិថិនជន​ ដែលទៅផ្ញើប្រាក់តាមកន្លែងវេប្រាក់ ​ហើយ​ធ្វើការកែ​លេខទូរស័ព្ទ​នៅ​លើ​រូបភាព​ឲ្យ​ដូច​នឹង​លេខ​របស់​អតិថិជន​អ្នក​ទទួលប្រាក់ ​ដើម្បីបន្លំភ្នែកភ្នាក់ងារវីងដែល​កំពុងរវល់ មិន​បានចុចឆែកលេខ ​បាន​ចំនួន ៥១លើក ប្រាកដមែន។បច្ចុប្បន្នជនសង្ស័យត្រូវបានកម្លាំងនគរបាលនាយកដ្ឋានព្រហ្មទណ្ឌ​ កសាងសំណុំរឿងបញ្ជូនខ្លួន​ទៅ​អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមនីតិវិធី៕អត្ថបទ៖ កុម្ភៈ

Update៖ មនុស្សប្រុសស្រីចំនួន០៧នាក់រងរបួសធ្ងន់ ក្នុងករណីរបូតក្បាលរុំម៉ាណេហ្គាសផ្ទុះឆាបឆេះ

2022/09/03 05:17:52 pm        679
ភ្នំពេញ៖ មនុស្សបុ្រសស្រីចំនួន០៧នាក់រងរបួសធ្ងន់ស្រាល ក្នុងករណីរបូតក្បាលរុំម៉ាណេ ហ្គាស បណ្ដាលឱ្យផ្ទុះឆ្លងផ្លូវឆាបឆេះផ្ទះប្រជាពលរដ្ឋ រងការខូចខាត និងរថយន្ត ម៉ូតូកង់៣ផងដែរ។ ហេតុការណ៍នេះ បានកើតឡើងនៅវេលាម៉ោង១និង៥០នាទី រសៀលថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០២២ នៅចំណុចក្បែរផ្សារបឹងបៃតង ភូមត្រពាំងស្វាយ ​តាមបណ្ដោយផ្លូវលេខ១៩២៨ មូលដ្ឋានសង្កាត់គោកឃ្លៀង ខណ្ឌសែនសុខ រាជធានីភ្នំពេញ។តាមប្រភពព័ត៌មាន បានឲ្យដឹងថា នៅមុនពេលកើតហេតុ គឺរថយន្តដឹកស៊ីទែនហ្គាស បានចូល​ផ្ទេរហ្គាស ​មិនដឹងជាហេតុអ្វីស្រាប់តែរបូតក្បាលរុំម៉ាណេហ្គាស ​បណ្ដាលឱ្យ​ផ្ទុះឆ្លងផ្លូវ ត្រូវអ្នក​ជិះម៉ូតូរ៉ឺម៉ក​ កំពុងជិះតាមបណ្តោយផ្លូវ ជិះម៉ូតូ ​និងម្ចាស់រងរបួសធ្ងន់ធ្ងរ។ ​បន្ថែមទៀតនោះ​កម្លាំង​ផ្ទុះហ្គាស​បានខ្ទាតមកចំផ្ទះធ្វើម៉ូតូ​ និងរថយន្ត ​បណ្ដាល​ឲ្យឆាប​ឆេះយ៉ាង​សន្ធោសន្ធៅ​។ភ្លាមៗនោះ កម្លាំងសមត្ថកិច្ចមូលដ្ឋាន ​និងកម្លាំងការិយាល័យបង្ការ និងពន្លត់អគ្គិភ័យ បានចេញ​រថយន្ត​ពន្លត់​អគ្គិភ័យគ្រប់គោលដៅ​ ជួយ​អន្តរាគមន៍បាញ់ពន្លត់ ​ប៉ុន្តែដោយទំហំនៃការឆាបឆេះ ធំក្នុង​លឿនផងនោះ ធ្វើឲ្យកម្លាំងអាជ្ញាធរ​ជំនាញបង្កា ​និងពន្លត់អគ្គិភ័យ​លំបាកក្នុងការ​ជួយ​អន្តរាគមន៍ឲ្យ​បាន​ទាន់ពេលវេលា ​តែយ៉ាងណា​អគ្គិភ័យ​មិន​បានរាលដាល​ដល់​ការ៉ាស​សាំង​ក្បែរ​នោះឡើយ។តាមប្រភពពីមន្រ្តីជំនាញ បានឲ្យដឹងថា ក្នុងហេតុការណ៍គ្រោះអគ្គិភ័យ​បណ្ដាលឲ្យមនុស្សប្រុស​ស្រី​ចំនួន០៧នាក់ ​រងរបួសធ្ងន់ធ្ងរ ​ត្រូវបានបញ្ជូន​ទៅមន្ទីរសង្គ្រោះបន្ទាន់ពេទ្យភ្លាមៗ។លោកវរសេនីយ៍ឯក ព្រហ្ម យ៉ន ​នាយការិយាល័យបង្ការ ​និងពន្លត់អគ្គិភ័យនៃស្នងការដ្ឋាន​នគរបាល​រាជធានីភ្នំពេញ បានឲ្យដឹងថា ​ម្ចាស់ទីតាំង​ការ៉ាសហ្គាសមាន ឈ្មោះ ប៉ែន ភារិទ្ធ ​ភេទប្រុស អាយុ៦៩ ឆ្នាំ​ រងរបួសធ្ងន់ធ្ងរ។ លោកនាយការិយាល័យ ​បានឲ្យដឹងថា ក្នុងហេតុការនេះ​បណ្ដាលឲ្យមនុស្សប្រុសស្រីរង របួស០៧នាក់ ​ក្នុងនោះ​ ប្រុស០៦នាក់ ​និងស្រីម្នាក់ ​របួស​ធ្ងន់ទាំងអស់។លោកនាយការិយាល័យ បានបន្តឲ្យដឹងថា ក្នុងប្រតិបត្តិការនេះ រថយន្តពន្លត់អគ្គិភ័យមក​ដល់ទីតាំង​កើត​ហេតុចំនួន២២គ្រឿង​ កម្លាំងនគរបាលបានប្រើប្រាស់​ រថយន្តរបស់​ស្នងការ​នគរបាលរាជធានី​ភ្នំពេញ​ចំនួន១២ ​គ្រឿង ​រថយន្តទីក្រុង ​ជ្រោយចង្វាចំនួន៧គ្រឿង​ រថយន្តស្រាបៀ កម្ពុជា​ចំនួន​១គ្រឿង និងរថយន្តកងរាជអាវុធហត្ថ ចំនួន២គ្រឿង អត់បានប្រើប្រាស់។ ចំពោះមូលហេតុកម្លាំង​អាជ្ញាធរជំនាញ​កំពុង​ធ្វើការស្រាវជ្រាវ៕ អត្ថបទ៖ កុម្ភះ

បង្ក្រាបករណីជួញដូរគ្រឿងញៀនឆ្លងដែន ចាប់ខ្លួនជនជាតិថៃ ៤នាក់ដកហូតគ្រឿងញៀនជាង ៤០ គីឡូក្រាម

2022/09/03 05:08:42 pm        583
ភ្នំពេញ៖ សមត្ថកិច្ចជំនាញនៃមន្ទីរប្រឆាំងគ្រឿងញៀន បង្ក្រាបករណីជួញដូរគ្រឿងញៀនឆ្លងដែន ចាប់ខ្លួនជនជាតិថៃ ៤នាក់ និងរឹបអូសគ្រឿងញៀនជាង៤០ គីឡូក្រាម ។សមត្ថកិច្ច ប្រាប់ឱ្យដឹងនារសៀលថ្ងៃទី៣កញ្ញាថា កាលពីថ្ងៃទី៣១​ ខែសីហា ឆ្នាំ២០២២ វេលាម៉ោង​០៨ និង៣០នាទី កម្លាំងជំនាញ (ក៥) នៃមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន ដឹកនាំ​ដោយ​លោក ឧត្តមសេនីយ៍ទោ សាន សុទ្ធី នាយករងមន្ទីរ បានធ្វើការស៊ើបអង្កេតជាង ១ខែ ដោយ​សហការពី​កម្លាំង​នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ​ក្រោមការសម្របសម្រួលពីលោក អ៊ុ សភ្តិ ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ​បានបើកកិច្ចប្រតិបត្តិការបង្ក្រាប ក្រុម​ឩក្រិដ្ធជន ជនជាតិថៃ ដឹកជញ្ជូន ជួញដូរគ្រឿងញៀននៅចំណុច ផ្លូវកែវចិន្តា ស្ថិតក្នុងភូមិ៣ សង្កាត់ជ្រោយចង្វារ ​ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ។ ក្នុងករណីនេះដែរ ជនសង្ស័យបានបើករថយន្តបំបុក និងប្រើអាវុធបាញ់មកលើសមត្ថកិច្ចចំនួន ០៨គ្រាប់​ ហើយសមត្ថកិច្ចប្រើសិទ្ធិការពារខ្លួនបាញ់តបតវិញ ​បណ្តាលឱ្យជនសង្ស័យ​ ០១នាក់ ស្លាប់ និង ០១នាក់ រងរបួស ។នាប្រតិបត្តិការនោះ សមត្ថកិច្ចជំនាញ ឃាត់ខ្លួនជនសង្ស័យ៖ ៤នាក់ : ១-ឈ្មោះ នុំ ប៉ាគុន ភេទប្រុស អាយុ ៣៤ឆ្នាំ ជនជាតិ ថៃ ។ ២-ឈ្មោះ សែប ជីឡែងស៊ុក ភេទប្រុស អាយុ ២៥ឆ្នាំ ជនជាតិ ថៃ ។ ៣-ឈ្មោះ ណា កូ ភេទប្រុស អាយុ ៤៤ឆ្នាំ ជនជាតិ ថៃ (រងរបួស) មេក្លោងឧក្រិដ្ឋជន និងជាមុខសញ្ញាមានដីកាស្វែងរកចាប់ខ្លួនជាច្រើនករណី ឃាតករ បាញ់សម្លាប់ប៉ូលិសថៃ និង​មេក្លោងជួញដូរគ្រឿងញៀននៅថៃទៀតផង។ ៤-ឈ្មោះ NATTHAPONG POLKHAN ភេទប្រុស អាយុ ២៨ឆ្នាំ ជនជាតិ ថៃ (ស្លាប់) ។វត្ថុតាងដកហូត ​គ្រឿងញៀនសរុប ៤១ គីឡូ និង៩៣២ ក្រាម កេតាមីន (KETAMINE) ទម្ងន់ ១២ គីឡូ ១៨០ ក្រាមអ៊ិចស្តាស៊ី (MDMA) ទម្ងន់ ២៩ គីឡូ ៧៥២ ក្រាម រថយន្ត ២គ្រឿង អាវុធខ្លី ២ដើម ។ចំពោះករណីនេះជនសង្ស័យ ​និងវត្ថុតាងទាំងអស់ សមត្ថកិច្ចជំនាញ​បាន​កសាងសំណុំរឿង បញ្ជូន​ទៅសាលាដំបូងរាជធានីភ្នំពេញ ​ដើម្បីចាត់ការបន្តតាមនីតិវិធី ៕ តារាវុទ្ធី

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ពលរដ្ឋស្រុកសំឡូតខេត្តបាត់ដំបង នាំយកទុរេនជាង៤តោន ទៅជូនកងកម្លាំងទិសទី១ ខេត្តបន្ទាយមានជ័យ
07/15/2025 10:07 AM
អ្នកស្លាប់ក្នុងទឹកជំនន់នៅរដ្ឋតិចសាស់ កើនឡើងមិនឈប់ ខណៈព្យុះថ្មីជិតវាយប្រហារម្ដងទៀត
07/15/2025 10:07 AM
តុលាការកំពូលសហរដ្ឋអាមេរិក បានបើកផ្លូវឱ្យលោក Trump ក្នុងការបន្តរុះរើក្រសួងអប់រំ
07/15/2025 10:07 AM
មេដឹកនាំកោះតៃវ៉ាន់ គ្រោងទៅទស្សនកិច្ចប៉ារ៉ាហ្គាយនៅខែក្រោយ ហើយអាចឈប់សំចតនៅអាមេរិក
07/15/2025 10:07 AM
នាយករដ្ឋមន្ត្រីថៃដែលត្រូវព្យួរតំណែង Paetongtarn រងការស៊ើបអង្កេតពីបទរំលោភក្រមសីលធម៌និងបំពានអំណាចដោយចេតនា
07/15/2025 10:07 AM
អ្នកម៉ៅការសាងសង់ផ្សារកំពង់បឹងសន្តិភាពនៅស្រុកកំពង់លែង បានសាងសង់រំលោភលើប្រព័ន្ធលូបង្ហូរទឹក និងប៉ះពាល់ដល់ចិញ្ចើមផ្លូវសាធារណៈ
07/15/2025 10:07 AM
សម្តេចរដ្ឋសភាធិបតីឃួន សុដារី៖ «យើងត្រូវស្តារឡើងវិញ និងបង្កើនពហុភាគីនិយម ដែលបើកចំហហើយអាស៊ានដើរតួនាទីកាន់តែសំខាន់ក្នុងរឿងនេះ»
07/15/2025 10:07 AM
អ៊ីរ៉ង់ព្រមាន សងសឹក ប្រសិនបើទណ្ឌកម្មរបស់អង្គការសហប្រជាជាតិត្រូវបានដាក់ឡើងវិញ
07/15/2025 09:07 AM
អ៊ីស្រាអែល ទម្លាក់គ្រាប់បែកលើតំបន់ហ្កាហ្សាសម្លាប់មនុស្សរាប់សិបនាក់ ខណៈកិច្ចចរចាបទឈប់បាញ់ជាប់គាំង
07/15/2025 09:07 AM
អ៊ីរ៉ង់៖ គ្មានការចរចានុយក្លេអ៊ែរទេ ប្រសិនបើអាមេរិកទទូចឲ្យខ្លួនបញ្ឈប់ការចម្រាញ់អ៊ុយរ៉ានីញ៉ូម
07/15/2025 09:07 AM