ចាប់ខ្លួនជនសង្ស័យ៥នាក់ពាក់ពន្ធ័ករណីចាប់ ឃុំឃាំង និងបង្ខាំងមនុស្សដោយខុសច្បាប់
សមត្ថកិច្ចខេត្តមណ្ឌលគិរី និងខេត្តសៀមរាប ឃាត់ខ្លួនជនបរទេសចំនួន១៦២នាក់ ក្នុង​ប្រតិបត្តិការ​បង្រ្កាបបទល្មើសតាមប្រព័ន្ធបច្ចេកវិទ្យា
ជនបរទេស១៣នាក់ត្រូវបានឃាត់ខ្លួនក្នុងប្រតិបត្តិការបង្រ្កាបបទល្មើសតាមប្រព័ន្ធបច្ចេកវិទ្យានៅសៀមរាប
ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញសម្រេចឃុំខ្លួនជនត្រូវចោទ៨នាក់ជាបណ្តោះអាសន្នពាក់ព័ន្ធអំពើឆបោកតាមឆបោកតាមប្រព័ន្ធអនឡាញ

សន្តិសុខ និង សង្គម

អាជ្ញាធរខេត្ដសៀមរាប ប្រកាសបិទផ្សារលើធំថ្មីចំនួន២អាទិត្យទៀត ខណៈដែលខេត្ដនេះ កំពុងរីករាលដាលជំងឺកូវីដ១៩

2021/07/06 09:49:06 am        571
សៀមរាប ៖ រដ្ឋបាលខេត្ដសៀមរាប បានប្រកាសបិទការលក់ដូរ ​នៅផ្សារលើធំថ្មី ជា​​បណ្ដោះ​អាសន្ន​ចំនួន២សប្ដាហ៍​បន្ថែមទៀត ​ដើម្បីទប់ស្កាត់ការឆ្លងជំងឺកូវីដ១៩ ទីតាំងផ្សេងទៀត ខណៈដែល​ខេត្ដនេះ បាននឹងកំពុងរីករាលជំងឺកូវីដ១៩ កើនឡើងគួរអោយព្រួយបារម្ភ។ផ្សារលើធំថ្មីមានទីតាំងស្ថិតនៅភូមិដកពោធិ ​សង្កាត់ស្លក្រាម ក្រុងសៀមរាប ។ ផ្សារនេះ ត្រូវបាន​រដ្ឋបាល​ខេត្ដសៀមរាប បានប្រកាសបិទការលក់ដូរ ​ចំនួន២អាទិត្យរួចហើយ កាល​ពីថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២១កន្លងទៅនេះ បន្ទាប់ពីរកឃើញអ្នកមានវិជ្ជមានកូវីដ១៩​ជាច្រើននាក់​នៅ​ក្នុងផ្សារនោះ ។យោងតាមសេចក្ដីសម្រេចរបស់រដ្ឋបាលខេត្ដសៀមរាប បានចេញផ្សាយនៅថ្ងៃទី​០៦ខែកក្កដា​ឆ្នាំ២០២១នេះ​ បានបង្ហាះថា រដ្ឋបាលខេត្ដ បានបន្តបិទផ្សារលើធំថ្មី​ជាបណ្ដោះអាសន្ន​ចំនួន​២សប្ដាហ៍ទៀត ខណៈដែលជាផ្សារនេះ មានការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ក្នុង​ព្រឹត្តិ​ការណ៍​សហគមន៍ ២០កុម្ភៈ ២០២១ ។ការបិទការលក់ដូរនេះ ដោយគិតចាប់ពីថ្ងៃទី០៧ ដល់ថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២១ ក្នុងគោល​បំណង​ធានា​ដល់ប្រសិទ្ធភាពនៃការគ្រប់គ្រងការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ​នៅក្នុងភូមិសាស្ត្រ ទីតាំងដែលត្រូវបិទ ​និងទប់ស្កាត់ជំងឺនេះមិនឱ្យឆ្លងរាលដាលទៅតំបន់ផ្សេងទៀត រហូត​មានការចេញ សេចក្តីសម្រេចជាថ្មី។ការបន្ដបិទផ្សារលើធំថ្មីបន្ថែមពីរសប្ដាហ៍ទៀតនេះ ត្រូវបានគេមើលឃើញថា ខេត្ដសៀមរាប បាន​នឹងកំពុងរីករាលដាលនូវជំងឺកូវីដ១៩ ជាបន្ដបន្ទាប់គួរអោយព្រួយបារម្ភ ជាក់ស្ដែងចាប់​ពីថ្ងៃទី១​ដល់​ថ្ងៃទី០៥ ខែកក្កដានេះ ខេត្ដសៀមរាប ត្រូវបានរកឃើញអ្នកវិជ្ជមានកូវីដ១៩​មាន​អត្រាខ្ពស់​រហូត​ជាង​១រយនាក់​ក្នុងមួយថ្ងៃ។ ប៉ុន្ដែយ៉ាងនេះក្ដី អាជ្ញាធរខេត្ដសៀមរាប ក៏​បាន​បញ្ចប់ការ​កំណត់ជា “តំបន់លឿង" នៅក្នុងភូមិសាស្ត្រភូមិអន្លង់ពីរ​ (ផែ្នកខាងជើងផ្លូវជាតិលេខ៦) ឃុំត្រពាំងធំ ស្រុកប្រាសាទបាគង ខេត្តសៀមរាបផងដែរ ។តំបន់លឿងនៅក្នុងឃុំត្រពាំងធំ ស្រុកប្រាសាទបាគងនោះ ត្រូវបានដាក់ចេញនូវវិធានការរដ្ឋបាល ក្នុងរយៈពេលកន្លងទៅ ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩។រដ្ឋបាលខេត្តសៀមរាប ប្រកាសដំណឹងដល់ប្រជាពលរដ្ឋ ដែលមានការពាក់ព័ន្ធដោយផ្ទាល់ ឬ​ដោយ​ប្រយោល ជាមួយអ្នកវិជ្ជមានកូវីដ១៩ ទោះនៅតំបន់ណា សូមផ្ដល់សំណាក​ធ្វើតេស្ដរកមេរោគកូវីដ១៩ និង​រួសរាន់​ធ្វើចត្តាឡីស័ក​តាមផ្ទះក្នុងក្រុម​គ្រួសាររៀងៗខ្លួន​ឱ្យបានគ្រប់១៤ថ្ងៃ ដោយមិនត្រូវពាក់ព័ន្ធ ​និងប៉ះពាល់ជាមួយអ្នកដទៃជាដាច់ខាត។ក្នុងករណីមិនអនុវត្តកាតព្វកិច្ចចត្តាឡីស័ក រដ្ឋបាលខេត្ត​នឹងចាត់វិធានការផ្លូវច្បាប់​ចំពោះ​បុគ្គលទាំង​ឡាយ​ណាដែលលើ្មស នឹងវិធានសុខាភិបាលនេះ។ ​ប្រសិនបើមានការប្រែប្រួលសុខភាព ប្រជា​ពលរដ្ឋ​ផ្តល់ព័ត៌មានទៅកាន់លេខទូរស័ព្ទ ០១២ ៩៥៥ ៤៧៤ / ០៧៧ ៧៨៩ ០០៧ ដើម្បីក្រុមការងារ​ចាត់វិធានការក្នុងការយកសំណាកធ្វើតេស្តស្រាវជ្រាវ។ជាមួយគ្នានោះដែរ មន្ទីរសុខាភិបាលខេត្ដសៀមរាប ក៏​បានប្រកាស​បង្ហាញទីតាំងច្បាស់លាស់​នូវ​កន្លែងស្រាវជ្រាវធ្វើតេស្ដសំណាក​រកមេរោគជំងឺកូវីដ១៩ ចំពោះអ្នកដែលសង្ស័យថា បាន​ប៉ះពាល់​អ្នកវិជ្ជមាន ឬមានរោគសញ្ញាសង្ស័យកូវីដ១៩ផងដែរ។លោកវេជ្ជបណ្ឌិត ក្រុស សារ៉ាត់ ប្រធានមន្ទីរសុខាភិបាលខេត្ដសៀមរាប បានឲ្យ​ដឹងថា ទីតាំងយក​សំណាក​នៅកន្លែងច្បាស់លាស់​មានចំនួន០៨ទីតាំង នៅក្នុងខេត្ដសៀមរាប។ ​ទីតាំងទាំងនោះ រួមមាន ៖ មណ្ឌលសុខភាពកំពង់ក្ដី ស្រុកជីក្រែង វិទ្យាល័យដំដែក ​ស្រុកសូទ្រនិគម សាលាគរុកោសល្យ និង​វិក្រិតិការ​ខេត្ដសៀមរាប ​វិទ្យាល័យអង្គរ ​ក្រុងសៀមរាប អនុវិទ្យាល័យដូនទ្រ ស្រុកពួក សាលាបឋមសិក្សា ទៀ បាញ់ ដូនស្វា ស្រុកអង្គរជុំ វិទ្យាល័យស្រែណូយ ស្រុកវ៉ារិន និងមន្ទីរពេទ្យបង្អែកស្រុកក្រឡាញ់ ។បន្ថែមលើសពីនោះ ​លោកក៏បានណែនាំដល់ប្រជាពលរដ្ឋ ដែលបានប៉ះពល់​និង​សង្ស័យ​មាន​រោគ​​សញ្ញា​ជំងឺ​កូវីដ១៩ ត្រូវទៅជួប​ប្រឹក្សា​យោបល់​ជាមួយ​គ្រូពេទ្យ និងយកសំណាក​ទៅទីតាំង​ដែល​នៅ​ជិតផ្ទះរបស់ពួកគាត់​ ដើម្បីឲ្យ​ក្រុមគ្រូពេទ្យពិនិត្យមើលពីសុខភាពរបស់ពួកគាត់ ៕អត្ថបទ ៖ សាវី 

អាជ្ញាធរខណ្ឌដូនពេញចុះស្ទួចរថយន្តដែលតាំងលក់ល្មើសនិងវិធានការរដ្ឋបាលខណ្ឌ

2021/07/06 02:27:48 pm        277
ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០២១ នេះ កម្លាំងគណៈបញ្ជាការឯកភាពខណ្ឌដូនពេញ បានចុះអនុវត្តវិធានការក្ដៅ​ចំពោះម្ចាស់ទីតាំង លក់រថយន្ត​មួយចំនួន​ស្ថិតនៅ​តាម​បណ្ដោយ​ផ្លូវ​លេខ១០៦ សង្កាត់វត្តភ្នំ។បងប្អូន​អាជីវករ​មួយ​ចំនួន​មិនគោរពតាមសេចក្ដីជូនដំណឹង​របស់​រដ្ឋបាលខណ្ឌ ក៏ដូចរបស់រដ្ឋបាល​រាជធានីភ្នំពេញ​ ដោយ​រឹងទទឹង​​តាំង​លក់រថយន្ត​រំលោភលើ​ចិញ្ជើម​ផ្លូវ​មិនរក្សា​ចិញ្ជើម​ទុក​សម្រាប​អ្នក​ថ្មើរជើង​ ឬ​ជនពិការភាព​នោះ​​ឡើយ ត្រូវបាន​កម្លាំង​សណ្ដាប់ធ្លាប់ខណ្ឌ​​​ធ្វើការ​ស្ទួច​រថយន្ត​មករក្សា​ទុកនៅសាលាខណ្ឌ​ តែម្ចាស់ទីតាំងមិនត្រឹម​តែមិន​អនុវត្ត​តាមវិធានការរដ្ឋបាលនោះទេ​ ថែមទាំង​រឹងទទឹង​ជាមួយអាជ្ញាធរទៀតផងដែរ​។គួរបញ្ជាក់ផងដែរ កាលពថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០២១ លោក សុខ ពេញវុធ អភិបាលខណ្ឌដូនពេញ បានចេញសេចក្ដីជូនដំណឹង​មួយលេខ 588/21 សជណ ស្តីពីការ​បញ្ឈប់​ការដាក់តាំង​លក់​រថយន្ត​នៅលើទ្រូងផ្លូវ និង​ចិញ្ចើម​ផ្លូវសាធារណៈក្នុងមូលដ្ឋានខណ្ឌដូនពេញ។យោងតាមសេចក្ដីជូនដំណឹង បានឲ្យដឹងថា រដ្ឋបាលខណ្ឌដូនពេញ កន្លងមកបាន​ចុះ​អនុវត្ត​ការរៀបចំ​សណ្តាប់ធ្នាប់ ​និងរបៀបរៀបរយនៅលើទ្រូងផ្លូវ និងចិញ្ចើមផ្លូវសាធារណៈ​បាន​ស្អាត​ជាប្រចាំ។ ប៉ុន្តែនៅក្រោយពេលបញ្ចប់ការបិទខ្ទប់​រាជធានីភ្នំពេញមក រដ្ឋបាលខណ្ឌ បាន​សង្កេត​ឃើញថា មានបងប្អូនប្រជាពលរដ្ឋ​មួយចំនួនតូច បានយក​រថយន្តមកដាក់តាំង​លក់នៅលើទ្រូងផ្លូវ និង​​ចិញ្ចើមផ្លូវសាធារណៈ ​ដែលធ្វើឱ្យបាត់បង់​សោភ័ណភាព ​សណ្តាប់ធ្នាប់ របៀបរៀប​រយ​សាធារណៈ និងបណ្តាលឱ្យមាន ​ការកកស្ទះ​ចរាចរណ៍​តាមដងផ្លូវផងដែរ៕អត្ថបទ៖ កុម្ភះ

រយះពេល​៦ខែដើមឆ្នាំ២០២១ សមត្ថកិច្ច​បង្ក្រាប​បទ​គ្រឿងញៀន​ជាង៣០០០ករណី ចាប់យក​វត្ថុតាង​គ្រឿងញៀន​សរុបជាង៧០០គីឡូក្រាម

2021/07/06 08:58:30 am        387
ភ្នំពេញ ​៖ យើងដឹងហើយថា ប្រទេសកម្ពុជាមិនមែនជាប្រទេសដែលផលិតគ្រឿងញៀន​នោះទេ ផ្ទុយ​ទៅ​វិញ​ឧក្រិដ្ឋ​គ្រឿងញៀន តែងតែ​ប៉ុនប៉ង​នាំ​គ្រឿងញៀន​ឆ្លងកាត់​ប្រទេស​កម្ពុជា ដើម្បី​យក​ទៅ​ជួញដូរ និងចែកចាយទៅកាន់បណ្តាប្រទេសផ្សេងៗទៀត ។យោង​តាម​ប្រភពព័ត៌មានពីមន្ទីរប្រឆាំងគ្រឿងញៀន ​អគ្គស្នងការដ្ឋាននគរបាលជាតិ នៃក្រសួង​មហាផ្ទៃ ​បាន​ឲ្យដឹង​ថា លទ្ធផលអនុវត្តន៍ច្បាប់ចាប់ពីថ្ងៃទី០១ខែមករា​ រហូតដល់ថ្ងៃទី០៥ខែកក្កដា ឆ្នាំ២០២១ ​សមត្ថកិច្ច​បង្ក្រាប​បទល្មើសគ្រឿងញៀន​សរុប៣​ ៣៣០៦ករណី ​ឃាត់​មនុស្ស​៧៣៧០នាក់ ​​ស្រី៤០៨នាក់ ។ ក្នុងនោះជួញដូរ​រក្សាទុក​កែច្នៃ​ចាត់ចែង​ ២១៦៦​ករណី ការ​ដាំដុះ ២៩ករណី ប្រើប្រាស់១ ១១១ ករណី និងអនុវត្ដន៍ដីកា២៣៣ដីកា ។របាយការណ៍ដដែល បានឲ្យដឹងទៀតថា ​សមត្ថកិច្ច​បាន​រឹបអូស​យក​វត្ថុតាង​សារ​ធាតុញៀន​គ្រប់​ប្រភេទ​សរុបជាង ៧៥៤គីឡូក្រាម កញ្ឆា​ស្រស់៥៧,៥២៣ដើម និង​កញ្ឆា​ស្ងួត​ ជាង៩៩គីឡូក្រាម រថយន្ដ៦១គ្រឿង ម៉ូតូ ១ ០១៥គ្រឿង ទូរស័ព្ទ៣២៥៤គ្រឿង ជញ្ជីង ១៦២គ្រឿង ​អាវុធខ្លី២៦ដើម និង អាវុធវែង១៩ដើម (កែច្នៃ១៨ដើម) ៕តារាវុទ្ធី

ឆេះទីតាំងស្តុកសម្ភារៈសម្រាប់ជួលធ្វើ​រោងការ​បង្កការ​ភ្ញាក់ផ្អើល ​សមត្ថកិច្ច​​អន្ដរាគមន៍​បាញ់​ទឹក​ពន្លត់​អស់ចំនួន​៥៤ឡាន

2021/07/06 01:53:28 pm        542
ភ្នំពេញ ៖ សមត្ថកិច្ចជំនាញពន្លត់អគ្គិភ័យ​សហការជាមួយសមត្ថកិច្ចនគរបាលខណ្ឌឬស្សីកែវ បាន​បញ្ចេញ​រថយន្តពន្លត់អគ្គិភ័យ​ជាច្រើនគ្រឿង ដើម្បីជួយអន្តរាគមន៍​ករណីភ្លើងឆាបឆេះទីតាំងស្តុក សម្ភារៈសម្រាប់ជួលធ្វើរោងការ ។ហេតុការណ៍គ្រោះអគ្គិភ័យកើតឡើង​កាលពីវេលាប្រហែលម៉ោង ១១និង ៣០នាទី ថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២១ នៅ​ចំណុចទីតាំងស្តុកសម្ភារៈសម្រាប់ជួលធ្វើរោងការ ក្នុងបុរី ជីព ម៉ុង ផ្លូវបេតុង ភូមិ៤ សង្កាត់ច្រាំងចំរេះទី១ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ ។សមត្ថកិច្ចជំនាញសង្គ្រោះ បង្ការ និង ពន្លត់អគ្គិភ័យ ​បាន​ឲ្យដឹងថា នៅ​ក្នុងប្រតិបត្តិការ​អន្តរាគមន៍​សង្គ្រោះ​គ្រោះអគ្គិភ័យនេះ សមត្ថកិច្ចប្រើប្រាស់រថយន្តសង្គ្រោះ បង្ការ និង ពន្លត់អគ្គិភ័យ នៃ​ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញចំនួន ១៨គ្រឿង ដោយបាញ់ទឹកអស់ចំនួន​៥៤ឡាន ។ ក្រៅពីនោះ ក៏មានរថយន្តពន្លត់អគ្គិភ័យ ផ្នែកឯកជនជាច្រើនគ្រឿង​ជួយអន្តរាគមន៍ផងដែរ ។សមត្ថកិច្ចជំនាញ ប្រាប់បន្តថា ក្នុង​ប្រតិបត្តិការ​ជួយអន្តរាគមន៍គ្រោះអគ្គិភ័យនេះ មាន​​ភាព​ស្មុគស្មាញ ​និងលំបាកបន្តិច​ ដោយសារទីតាំងដែលឆេះនោះ គឺជាកម្រាល​ព្រុំ​ដែល​ដាក់​គរ​លើ​គ្នា​ច្រើន ។ ដូច្នេះត្រូវប្រើប្រាស់គ្រឿងចក្រ អេស្កាវ៉ាទ័រ មួយគ្រឿង ​កាយ​គំនរព្រុំ​នោះ​បន្តិចម្តងៗ រួចបាញ់​ទឹក​មេសាប៊ូ ​រហូតទទួលបានជោគជ័យ ។ចំពោះគ្រោះអគ្គិភ័យ បើតាមរបាយការណ៍ គឺ​មិនប៉ះពាល់ដល់មនុស្សនោះឡើយ ដោយគ្រាន់​តែឆេះ​រោលទៅផ្ទះពីរខ្នង និង វិឡាមួយនៅជុំវិញប៉ុណ្ណោះ ។ មូលហេតុសមត្ថកិច្ចកំពុងស្រាវជ្រាវបន្តទៀត ។ជាមួយគ្នានេះ សមត្ថកិច្ច បានបញ្ជាក់ថា​ នៅដើមខែកក្កដា ឆ្នាំ២០២១នេះ គឺកើត​មាន​គ្រោះអគ្គិភ័យ​នៅក្នុង​រាជធានីភ្នំពេញ១០ករណីហើយ ៕តារាវុទ្ធី

កម្ពុជា​បន្ដ​រក​ឃើញ​មនុស្ស​៩៣៥នាក់​​ឆ្លង​កូវីដ-១៩​ ខណៈ​អ្នក​ស្លាប់​ថ្មី​៣១នាក់​បន្ថែមទៀត

2021/07/06 12:37:42 pm        418
ភ្នំពេញ ៖ ក្រសួង​សុខាភិបាល​នៅថ្ងៃនេះ បាន​ប្រកាស​​ថា​ កម្ពុជា​បន្ដ​រក​ឃើញ​មនុស្ស​ចំនួន​៩៣៥នាក់​បន្ថែម​ទៀត ឆ្លង​មេរោគ​កូវីដ-១៩​ ខណៈអ្នក​ជំងឺ​កូវីដ​ចំនួន៦៥៤នាក់​ទៀត​ ត្រូវ​បាន​ព្យាបាល​ជា​សះ​ស្បើយ។ក្នុង​សេចក្ដី​ប្រកាស​ព័ត៌មាន​​របស់​​ខ្លួន​នៅ​ថ្ងៃ​នេះ ​ក្រសួង​សុខាភិបាល​បាន​​បញ្ជាក់​ថា ករណី​ឆ្លង​ថ្មី​ដល់​ទៅ​ចំនួន៧៨០នាក់ សុទ្ធ​តែ​ពាក់​ព័ន្ធ​នឹង​ព្រឹត្តិការណ៍​សហគមន៍២០​កុម្ភៈ ហើយ១៥៥នាក់​ទៀត គឺ​ជា​ករណី​នាំ​ចូល។ក្រសួង​សុខាភិបាល ​ក៏​បាន​ប្រកាស​ផង​ដែរ​ថា មនុស្ស៣១នាក់​បន្ថែម​ទៀត បាន​ស្លាប់​​​ដោយ​សារ​ជំងឺ​កូវីដ-១៩ ដែល​នាំ​ឱ្យ​តួលេខ​អ្នក​ស្លាប់​សរុប​ឡើង​ដល់៧៧៩នាក់​គិត​ចាប់​តាំង​ពី​កម្ពុជា​ប្រកាស​ពី​ករណី​ស្លាប់​លើក​ដំបូង​ជា​ផ្លូវការ​កាល​ពី​ថ្ងៃ​ទី​១១ ខែ​មីនា​កន្លង​មក។បើ​តាម​ក្រសួង​សុខាភិបាល អ្នក​ជំងឺ​កូវីដ-១៩​សរុប ៤៨​ ០៤០នាក់​ហើយ ត្រូវ​បាន​ព្យាបាល​ជា​សះ​ស្បើយ ក្នុង​នោះ​មាន​ទាំង​អ្នក​ជា​សះ​ស្បើយ​ថ្មី​ ដែល​ក្រសួង​ប្រកាស​នៅ​ថ្ងៃ​នេះ​ផង​ដែរ។គិត​ត្រឹម​ថ្ងៃ​នេះ កម្ពុជា​រក​ឃើញ​មនុស្ស​សរុប​ដល់​ទៅ ៥៦ ១២២នាក់​ហើយ បាន​ឆ្លង​មេរោគ​កូវីដ-១៩​នៅ​ទូទាំង​ប្រទេស​ចាប់​តាំង​ពី​កម្ពុជា​រក​ឃើញ​ករណី​ឆ្លង​ដំបូង​កាល​ពី​ចុង​ខែ​មករា​ឆ្នាំ​២០២០​កន្លង​មក​៕

ស្នងការ​ខេត្ត​ឧត្ដរមានជ័យ​ ចុះ​បង្ក្រាប​ទីតាំង​ដាំ​កញ្ឆា​ខុសច្បាប់​មួយ​កន្លែង​ នៅ​ស្រុក​អន្លង់វែង

2021/07/05 04:55:30 pm        690
ឧត្ដរមានជ័យ​ ៖ សមត្ថកិច្ច​ខេត្តឧត្ដរមានជ័យ ​បាន​ចុះ​បង្ក្រាប​ទីតាំង​ដាំ​កញ្ឆា​ខុសច្បាប់​ នៅ​ចំការ​ស្វាយមួយ​កន្លែង ស្ថិតនៅ​ចំណុច​ពាង​២ ស្ថិតក្នុង​ភូមិ​អូរ​តា​មែ​ង ឃុំ​-​ស្រុក​អន្លង់វែង ​​ដែល​បាន​លួច​បង្កប់​ដាំ​ដំណាំ​កញ្ឆា​ខុសច្បាប់​ ​មាន​ទំហំ ៥,៥០០ ម៉ែត្រការ៉េ​ ។ប្រតិបត្តិការនេះ​​ ដឹកនាំ​ដោយ​ផ្ទាល់ពី​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ ហួត សុធី ​ស្នងការ​នគរបាល​ខេត្ត​ឧត្ដរមានជ័យ ​កម្លាំង​កង​អន្តរាគមន៍​ពិសេស ​សហការ​ជាមួយ​កម្លាំង​អធិការដ្ឋាន​ស្រុក​អន្លង់វែង នា​ថ្ងៃទី​៥ ​កក្កដា ​ឆ្នាំ​២០២១ ។ក្នុងឱកាសនោះ លោក​ឧ​ត្ត​ម​សេនីយ៍​ទោ ហួត សុធី បាន​ឲ្យ​ដឹង​ថា ដោយមាន​ការ​សម្របសម្រួល​ពី​ព្រះរាជអាជ្ញា​ នៃ​អយ្យការ​អម​សាលាដំបូង​ខេត្ត​ឧ​ត្ត​រ​មានជ័យ ​ក្នុង​កិច្ចប្រតិបត្តិការ​នេះដែរ​​កម្លាំង​យើង​បាន​ធ្វើការ​ឃាត់ខ្លួន​ភ្លាមៗ ​លើ​ជនសង្ស័យ​ចំនួន០៣នាក់​ ក្នុងនោះ​ ស្រី០២​នាក់ ​នៅ​នឹង​ទីតាំង​ផ្ទាល់ ព្រមទាំង​បាន​ធ្វើ​ការ​ដកហូត​បាន​នូវ​វត្ថុ​តាំង​រួមមាន​ កញ្ឆា​ក្រៀម​ចំនួន៣៦គីឡូក្រាម ​កញ្ឆា​ស្រស់​ចំនួន​១២៥០០​ដើម​, រថយន្ត ១ គ្រឿង​, គោយន្ត​កន្ត្រៃ១គ្រឿង​ និង​សម្ភារៈ​មួយ​ចំនួនទៀត​ដែល​មធ្យោបាយ​របស់​ជនសង្ស័យ​ធ្វើ​សកម្មភាព​ផង​ដែរ ។លោក​ស្នងការ​នគរបាល​ខេត្ត​ បាន​បន្ត​ថា ជនសង្ស័យ ​និង​វត្ថុតាង​ខាងលើ​ ​សមត្ថកិច្ច​យើង​បាន​រៀបចំ​សំណុំរឿង​ បញ្ជូន​ទៅ​តុលាការ​​ចាត់ការ​បន្ត​តាម​នីតិវិធី​ច្បាប់​ផងដែរ​៕អត្ថបទ ៖ ​សារិទ្ធ

មនុស្ស​១៣​នាក់​ស្លាប់​ដោយសារ​ពុល​ស្រា​ក្នុង​ខេត្តកំពត អភិបាលខេត្ត​បញ្ជា​ឱ្យ​ចាត់វិធានការ​ច្បាប់​លើ​អ្នក​ផលិត

2021/07/05 04:35:38 pm        562
កំពត ៖ បើតាម​មន្ត្រី​ជំនាញ​មន្ទីរ​សុខាភិបាល បាន​ឲ្យ​ដឹងថា ករណី​ពុល​ស្រាស​ នៅ​ស្រុក​កំពុងត្រាច មាន​អ្នក​ស្លាប់​កើន​ដល់​១៣​នាក់​ហើយ ​ខណៈដែល​អ្នកពុល​៣៤​នាក់​ផ្សេងទៀត​ ត្រូវ​បាន​ក្រុម​គ្រូពេទ្យ​សង្គ្រោះ​ទាន់​ពេលវេលា ហើយ​បច្ចុប្បន្ន ​មាន​អ្នកជំងឺ​៣​នាក់​ប៉ុណ្ណោះ​កំពុង​សម្រាក​ព្យាបាល​ក្នុង​មន្ទីរពេទ្យបង្អែក​ស្រុក​។កាលពី​ថ្ងៃទី​៤ ខែកក្កដា​ម្សិលមិញ ករណី​ពុល​ស្រា​នៅ​ភូមិ​កោះ​ជ្វាំង ​ឃុំ​ស្វាយ​ទង​ខាងត្បូង ស្រុក​កំពង់ត្រាច បាន​បណ្តាល​ឲ្យ​មនុស្ស​ប្រុស​ស្រី​១០​នាក់​បាន​ស្លាប់​ ហើយ​អ្នក​ពុល​ស្រា​ជាច្រើន​នាក់​ទៀត​កំពុង​សម្រាក​ព្យាបាល​។ដោយឡែក​នៅ​ថ្ងៃទី​៥ ខែកក្កដា​នេះ​វិញ បើតាម លោក ហេង ចាន់ថា ប្រធាន​ការិយាល័យ​បច្ចេកទេស ​មន្ទីរ​សុខាភិបាល​ខេត្ត បាន​ឲ្យ​ដឹងថា ​កាលពី​យប់​ម្សិលមិញ មាន​អ្នក​ស្លាប់​បីនាក់​បន្ថែមទៀត ​ធ្វើ​ឲ្យ​ចំនួន​អ្នក​ស្លាប់​កើន​ដល់​១៣​នាក់ ​ស្រី​៧​នាក់​។ ​ចំណែក​អ្នក​ពុល​ស្រា​៣៤​នាក់​ផ្សេងទៀត ​មាន​ស្ថានភាព​ប្រសើរ​ឡើងវិញ​អស់ហើយ​។លោក​វេជ្ជបណ្ឌិត ពៅ សារី ប្រធាន​មន្ទីរពេទ្យបង្អែក​ស្រុក​កំពង់ត្រាច ​បាន​ប្រាប់​ឲ្យ​ដឹង​ដែរ​ថា ​ក្នុង​មន្ទីរ​ពេទ្យបង្អែក​ស្រុក​កំពង់ត្រាច​ នៅសល់​អ្នកជំងឺ​ពុល​ស្រាតែ​៣​នាក់​ប៉ុណ្ណោះ​ កំពុង​សម្រាក​ព្យាបាល ​ហើយ​ពួកគេ​ នឹង​អាច​ចេញទៅ​ផ្ទះ​វិញ​ក្នុង​ថ្ងៃនេះ ឬ​ថ្ងៃស្អែក​។ទាក់ទង​ករណី​ពុល​ស្រាស​នេះដែរ ​លោក ម៉ៅ ច័ន្ទ​មធុ​រិ​ទ្ធ​ ស្នងការ​នគរបាល​ខេត្តកំពត​ បាន​ប្រាប់​ឲ្យ​ដឹងថា ​កម្លាំង​សមត្ថកិច្ច​កំពុង​ស្រាវជ្រាវ​តាម​ចាប់ខ្លួន​អ្នក​បិទ​ស្រា​ដែល​បាន​រត់​គេចខ្លួន​ យកមក​ផ្ដន្ទាទោស​តាម​នីតិ​វិធី​ច្បាប់​។ ចំណែក ឯកឧត្តម ​ជាវ តា​យ អភិបាល​ខេត្តកំពត ​បាន​បញ្ជា​ដល់​អាជ្ញាធរ ​និង​សមត្ថកិច្ច​ទូទាំង​ខេត្ត ត្រូវ​ចុះ​ពិនិត្យ ​និង​ឃាត់ខ្លួន​រាល់​ជន​ណា​ដែល​បិទ​ស្រា​គ្មាន​លិខិត​អនុញ្ញាត ឬ​ ការ​ត្រួតពិនិត្យ​លក្ខណៈ​បច្ចេកទេស​ត្រឹមត្រូវ ​យក​មក​ផ្តន្ទាទោស​តាមច្បាប់ ​ទោះ​ការ​បិទ​លក្ខណៈ​តិចតួច​ក្តី ឬ​ ច្រើនក្តី​។ករណី​ពុល​ស្រាស​នៅ​ស្រុក​កំពុងត្រាច ​លើក​ទី​២​នេះ ​មាន​អ្នក​ពុល​តិច ប៉ុន្តែ​អ្នក​ស្លាប់​ច្រើន ខណៈដែល​ករណី​ពុល​ស្រាស​លើក​ទី​១ ​កាលពី​ចុងខែ​ឧសភា ​មាន​អ្នក​សម្លាប់​១២​នាក់ ​ក្នុងចំណោម​អ្នកពុល​សរុប​ជាង​៥០​នាក់​៕​អន សារី​ម 

សត្វ​តោ​ដែល​រដ្ឋបាល​ព្រៃឈើ​​ភ្នំពេញ​​ ដកហូត​យក​ទៅ​រក្សាទុក​នៅ​ទីតាំង​អភិរក្ស​សត្វព្រៃ​​ ត្រូវ​បាន​ប្រគល់​ជូន​ម្ចាស់​ដើម​វិញហើយ

2021/07/05 04:11:47 pm        348
ភ្នំពេញ​៖ នៅ​រសៀល​ថ្ងៃទី​០៥ ខែកក្កដា ឆ្នាំ​២០២១ ជន​បរទេស​ជន​ជាតិចិន ​​ដែល​ជា​ម្ចាស់​សត្វតោ​បាន​ទៅ​ទទួល​យក​មក​ចិញ្ចើម​មើល​ថែរក្សា​នៅផ្ទះ​វិញ ​និង​អនុវត្ត​តាម​គោលការណ៍​របស់​ថ្នាក់ដឹកនាំ​។គួរម្លឹក​ផងដែរ​ នៅ​ថ្ងៃទី​២៧​ខែមិថុនា ឆ្នាំ​២០២១ ​អាជ្ញាធរ​ចម្រុះ​ បាន​ចុះ​ធ្វើ​ការ​ដក​ហូត​យក​សត្វ​តោ​ឈ្មោល​មួយក្បាល​ពី​ជនជាតិ​ចិន ​ដែល​បាន​ចិញ្ចឹម​ដោយ​ខុសច្បាប់ ​នៅ​ក្នុង​លំនៅឋាន​របស់​ខ្លួន ហើយ​ប្រតិបត្តិការ​ ចុះ​ដកហូត​សត្វ​តោ​នោះ ធ្វើឡើង​​នៅ​ក្នុង​ផ្ទះ​វីឡាមួយ​កន្លែង ​ស្ថិតនៅ​ផ្ទះ​លេខ​២២ ផ្លូវ​៣០៦ ​ភូមិ​៧​ សង្កាត់​បឹង​កេងកង​១ ​ខណ្ឌ​បឹង​កេងកង​​៕អត្ថបទ កុម្ភៈ

កម្ពុជា​បន្ដ​រក​ឃើញ​មនុស្ស​៨៩៦នាក់​​ឆ្លង​កូវីដ-១៩​ ខណៈ​អ្នកស្លាប់​សរុបកើន​ជិត​៧៤៨នាក់ គិតត្រឹមថ្ងៃនេះ

2021/07/05 12:35:33 pm        58
ភ្នំពេញ៖ ក្រសួង​សុខាភិបាល​នៅថ្ងៃនេះ បាន​ប្រកាស​​ថា​ កម្ពុជា​បន្ដ​រក​ឃើញ​មនុស្ស​ចំនួន​៨៩៦នាក់​បន្ថែម​ទៀត ឆ្លង​មេរោគ​កូវីដ-១៩​ ខណៈអ្នក​ជំងឺ​កូវីដ-១៩​ចំនួន៦៤៦នាក់​ទៀត​ ត្រូវ​បាន​ព្យាបាល​ជា​សះ​ស្បើយ។ក្នុង​សេចក្ដី​ប្រកាស​ព័ត៌មាន​​របស់​​ខ្លួន​នៅ​ថ្ងៃ​នេះ ​ក្រសួង​សុខាភិបាល​បាន​​បញ្ជាក់​ថា ករណី​ឆ្លង​ថ្មី​ដល់​ទៅ​ចំនួន៦៨៦នាក់ សុទ្ធ​តែ​ពាក់​ព័ន្ធ​នឹង​ព្រឹត្តិការណ៍​សហគមន៍២០​កុម្ភៈ ហើយ២១០នាក់​ទៀត គឺ​ជា​ករណី​នាំ​ចូល។ក្រសួង​សុខាភិបាល ​ក៏​បាន​ប្រកាស​ផង​ដែរ​ថា មនុស្ស២៤នាក់​បន្ថែម​ទៀត បាន​ស្លាប់​​​ដោយ​សារ​ជំងឺ​កូវីដ-១៩ ដែល​នាំ​ឱ្យ​តួលេខ​អ្នក​ស្លាប់​សរុប​ឡើង​ដល់៧២០នាក់​គិត​ចាប់​តាំង​ពី​កម្ពុជា​ប្រកាស​ពី​ករណី​ស្លាប់​លើក​ដំបូង​ជា​ផ្លូវការ​កាល​ពី​ថ្ងៃ​ទី​១១ ខែ​មីនា​កន្លង​មក។បើ​តាម​ក្រសួង​សុខាភិបាល អ្នក​ជំងឺ​កូវីដ-១៩​សរុប ៤៦​ ៧៤០នាក់​ហើយ ត្រូវ​បាន​ព្យាបាល​ជា​សះ​ស្បើយ ក្នុង​នោះ​មាន​ទាំង​អ្នក​ជា​សះ​ស្បើយ​ថ្មី​ ដែល​ក្រសួង​ប្រកាស​នៅ​ថ្ងៃ​នេះ​ផង​ដែរ។គិត​ត្រឹម​ថ្ងៃ​នេះ កម្ពុជា​រក​ឃើញ​មនុស្ស​សរុប​ដល់​ទៅ ៥៤ ២៩១នាក់​ហើយ បាន​ឆ្លង​មេរោគ​កូវីដ-១៩​នៅ​ទូទាំង​ប្រទេស​ចាប់​តាំង​ពី​កម្ពុជា​រក​ឃើញ​ករណី​ឆ្លង​ដំបូង​កាល​ពី​ចុង​ខែ​មករា​ឆ្នាំ​២០២០​កន្លង​មក​៕

មនុស្ស​ជាង ២០នាក់ នៅស្រុកកំពង់ត្រាចស្លាប់ និង​សង្គ្រោះ​ដោយ​សារពុលស្រា

2021/07/04 11:46:42 am        568
កំពត៖ មនុស្ស​ប្រុស​ស្រី ១០នាក់ បានស្លាប់ និង១១នាក់ផ្សេងទៀត កំពុង​ទទួល​ការ​សង្គ្រោះ​ពី​ក្រុម​គ្រូពេទ្យ​ដោយ​សារពុលស្រាស នៅ​ពេល​​កំដរ​រោង​បុណ្យសព ដែល​ស្លាប់​ដោយ​សារពុលស្រាសដែរ ។​ហេតុការណ៍​នេះ បាន​កើត​ឡើង​នៅ​ភូមិកោះជ្វាំង ឃុំស្វាយទងខាងត្បូង ស្រុកកំពង់ត្រាច។ ករណី​នេះ ជា​លើក​ទីពីរ​ហើយ សម្រាប់​ស្រុក​កំពង់​ត្រាច ក្នុង​អំឡុងពេលជាងមួយខែនេះ ចំពោះ​ចរាចរណ៍​ផលិតផល​ស្រាស ដែល​គ្មាន​ជំនាញ​ត្រួតពិនិត្យឱ្យបានត្រឹមត្រូវ។នាយ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ឃុំ​ស្វាយ​ទងខាងត្បូង​លោកឆា គង់ បាន​ប្រាប់​ឱ្យដឹង​មុននេះបន្តិចថា មនុស្ស​ប្រុស​ស្រី​ក្នុង​មូល​ដ្ឋានរបស់​លោក​ចំនួន ១០នាក់ ស្រី០៧នាក់ បាន​ស្លាប់​ដោយ​សារ​តែ​នាំ​គ្នា​ផឹក​ស្រា។ លោក​នាយប៉ុស្តិ៍ បាន​រៀប​រាប់​ពីដំណើររឿងថា កាលពីវេលាម៉ោងជាង៥ល្ងាចថ្ងៃទី២ ខែ​កក្កដា ឆ្នាំ២០២១ ស្រ្តី​ម្នាក់​បាន​ស្លាប់​បន្ទាប់​ពី​ធ្វើ​ការ​រួចចូលទិញស្រាផឹក។ ក្រោយ​មក​អ្នក​ភូមិ​ដែល​ទៅ​កំដរ​បុណ្យ ក៏​នាំ​គ្នា​ផឹក​ស្រា​រហូត​មាន​ហេតុការណ៍​ពុល​ពេញរោង ដោយ​អ្នក​ខ្លះ​បាន​ស្លាប់​នៅផ្ទះ ខ្លះ​ស្លាប់​នៅ​គ្លីនិក​ឯកជន និង​ខ្លះ​ស្លាប់​នៅមន្ទីរពេទ្យបង្អែកស្រុក។ លោក​ ឆា គង់ បានបន្តថាក្រៅពីអ្នកស្លាប់ទាំង១០នាក់ គិតត្រឹមម៉ោង១០ និង៣០នាទីព្រឹកថ្ងៃទី៤ ខែ​កក្កដា ឆ្នាំ២០២១នេះ នៅ​មានអ្នករងគ្រោះ ១១នាក់ទៀតដែលក្រុមគ្រូពេទ្យកំពុងជួយសង្គ្រោះ៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

មន្រ្តីជាន់ខ្ពស់CMACបានអះអាងថា គ្រាន់តែទិសឧត្តរមានជ័យមានគ្រាប់ទម្លាក់ពី​លើ​យន្តហោះ​របស់​ថៃ​រហូតដល់ជាង ១៥០០គ្រាប់
08/10/2025 08:08 PM
TOP STORY | សម្តេចតេជោ៖ រាល់ការបង្ហោះសាររបស់ខ្ញុំ​មានជនជាតិ​ថៃច្រើន​ជាង​៥ភាគរយ​ចូល​មើល និង​Comment ប៉ុន្តែខ្ញុំឆ្លើយតបត្រឹមតែពាក្យថា «Don’t Thai to me»
08/10/2025 07:08 PM
ការតវ៉ាប្រឆាំងជនអន្តោប្រវេសន៍បានផ្ទុះឡើងយ៉ាងក្ដៅគគុកនៅទូទាំងចក្រភពអង់គ្លេស
08/10/2025 05:08 PM
ហ្វូងមនុស្សជិត ១ម៉ឺននាក់ ចេញតវ៉ាប្រឆាំងគម្រោងសង់ស្ពានវែងជាងគេលើពិភពលោកពីកោះស៊ីស៊ីលី ទៅអ៊ីតាលី
08/10/2025 05:08 PM
យោធាកូរ៉េខាងត្បូង ថយចុះ ២០% ក្នុងពេល ៦ឆ្នាំ ដោយសារចំនួនប្រជាជនបុរសធ្លាក់ចុះយ៉ាងគំហុក
08/10/2025 05:08 PM
ចំហេះព្រៃបានឆាបឆេះពាសពេញអឺរ៉ុបខាងត្បូង ស្របពេលមានសីតុណ្ហភាពក្ដៅគគុក
08/10/2025 05:08 PM
អភិបាលខេត្តពោធិ៍សាត់ បន្តទទួលអំណោយពីសប្បុរសជនសម្រាប់ជួយដល់កងកម្លាំងជួរមុខ និងជនភៀសសឹក
08/10/2025 05:08 PM
PRESS BRIEFING -Update on the implementation of the immediate and unconditional ceasefire agreement between Cambodia and Thailand (3:00PM, August 10, 2025)
08/10/2025 05:08 PM
យោធិននារី នៃកងពលតូចដឹកជញ្ជូនលេខ៩៩ បន្តយកគ្រឿងឧបភោគបរិភោគដល់វីរកងទ័ពជួរមុខ
08/10/2025 04:08 PM
កាកបាទក្រហមកម្ពុជា បន្តផ្តល់ផ្ទះ២ខ្នងដល់គ្រួសារទីទ័លក្រីក្រ នៅស្រុកបសេដ្ឋ
08/10/2025 04:08 PM