ចាប់ខ្លួនជនសង្ស័យ៥នាក់ពាក់ពន្ធ័ករណីចាប់ ឃុំឃាំង និងបង្ខាំងមនុស្សដោយខុសច្បាប់
សមត្ថកិច្ចខេត្តមណ្ឌលគិរី និងខេត្តសៀមរាប ឃាត់ខ្លួនជនបរទេសចំនួន១៦២នាក់ ក្នុង​ប្រតិបត្តិការ​បង្រ្កាបបទល្មើសតាមប្រព័ន្ធបច្ចេកវិទ្យា
ជនបរទេស១៣នាក់ត្រូវបានឃាត់ខ្លួនក្នុងប្រតិបត្តិការបង្រ្កាបបទល្មើសតាមប្រព័ន្ធបច្ចេកវិទ្យានៅសៀមរាប
ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញសម្រេចឃុំខ្លួនជនត្រូវចោទ៨នាក់ជាបណ្តោះអាសន្នពាក់ព័ន្ធអំពើឆបោកតាមឆបោកតាមប្រព័ន្ធអនឡាញ

សន្តិសុខ និង សង្គម

អ្នកជំងឺ​កូ​វីដ​-១៩​ជាង​៥​០០​នាក់​ដែល​កំពុងតែ​សម្រាក​ព្យាបាល​នៅក្នុង​ខេត្តតាកែវ​ មាន​ស្ថានភាព​ធម្មតា

2021/05/26 01:19:49 pm        403
តាកែវ​ ៖ ​ប្រធាន​មន្ទីរ​សុខាភិបាល​ខេត្តតាកែវ​ លោក​វេជ្ជបណ្ឌិត នុត ស៊ី​ណាត ថ្លែង​ថា រហូតមកដល់​ពេលនេះ​ ស្ថានភាព​អ្នកជំងឺ​កូ​វីដ​-១៩​ ចំនួន​ជាង​៥​០០​នាក់ ​ដែល​កំពុងតែ​សម្រាក​ព្យាបាល​នៅ​តាម​មន្ទីរពេទ្យបង្អែក​ក្រុង​ស្រុក​ ក្នុង​ខេត្តតាកែវ​ មាន​សភាព​ធម្មតា ​ពោល​គឺ​មិន​មាន​អ្នកជំងឺ​ណា​ម្នាក់ ​វិវត្តន៍​កាន់តែ​ធ្ងន់ធ្ងរ​ខ្លាំង​នោះទេ​។លោក​ប្រធាន​មន្ទីរ​សុខាភិបាល​ខេត្តតាកែវ​ បាន​ថ្លែងបន្តថា ​នៅក្នុង​ខេត្តតាកែវ​ទាំងមូល​មាន​អ្នក​កើត​ជំងឺ​កូ​វីដ-​១៩​ចំនួន​៨៤៥​នាក់ ​​ក្នុងនោះ​កំពុងតែ​សម្រាក​ព្យាបាលក្នុង​ក្រុង​ដូន​កែវ​ ចំនួន​ជាង​១​០០​នាក់​នឹង​សម្រាក​ព្យាបាល​នៅ​តាម​មន្ទីរពេទ្យ​ ​បណ្ដាល​ស្រុក​ ចំនួន​ជាង​៣​០០​នាក់ ​មាន​អ្នកជា​សះស្បើយ​ចំនួន​២៩៥​នាក់ ​និង​អ្នក​ស្លាប់​មាន​ចំនួន​៤​នាក់​។ បច្ចុប្បន្ន​​អ្នកជំងឺ​កូ​វីដ-​១៩​ ដែល​កំពុងតែ​សម្រាក​ព្យាបាល​ទាំងអស់​មាន​សភាព​ធម្មតា ​មិនមាន​អាការៈ​ធ្ងន់ធ្ងរ​នោះទេ​ ហើយ​មន្ត្រី​សុខាភិបាល​បាន​យក​ចិត្ត​ទុកដាក់​ខ្ពស់ ​ក្នុង​ការថែទាំ​ព្យាបាល​យ៉ាង​យក​ចិត្ត​ទុកដាក់ ​ដើម្បី​ធ្វើ​យ៉ាងណា​ឲ្យ​ជំងឺ​របស់​ពួកគាត់​ឆាប់​បានជា​សះស្បើយ​។លោក មានប្រសាសន៍​បន្តថា​ ក្រៅពី​ព្យាបាល​អ្នកជំងឺ​កូ​វីដ​-១៩​ ទាំង​ជាង​៥​០០​នាក់ ​មន្ត្រី​សុខាភិបាល​ក៏​បានធ្វើ​សកម្ម​ភាព​ចុះ​យក​សំណាក​អ្នក​ពាក់ប័ន្ធ​មួយចំនួន​ផងដែរ ​ជាពិសេស​បងប្អូន​កម្មករ​នៅ​តាម​បណ្ដាល​រោងចក្រ​មួយ​ចំនួន ​ដែលមាន​អ្នក​ឆ្លង​ជំងឺ​កូ​វីដ​ ធ្វើការ​នៅ​រោងចក្រ​ ​និង​បងប្អូន​ពលករ​ជាង​៤០០​នាក់​ ដែល​កំពុងតែ​ធ្វើ​ច​ត្តា​ឡី​ស័ក ​នៅក្នុង​ក្រុង​ដូន​កែវ ​ដែល​ត្រូវ​យក​សំណាក​រហូតដល់​៣​ដង ​បើ​លទ្ធផល​អវិជ្ជមាន​កូ​វីដ​-១៩​ ទើប​យើង​អនុញ្ញាត​ឲ្យពួកគាត់​ត្រលប់​ទៅផ្ទះ​វិញ​បាន​។គួរបញ្ជាក់​ថា​ ស្ថានភាព​ការ​ឆ្លង​រីក​រាលដាល​ជំងឺ​កូ​វីដ​-១៩​ នៅក្នុង​ខេត្តតាកែវ ​មាន​សន្ទុះ​ខ្លាំងក្លា​ក្នុង​មួយ​រយៈ​ពេល​ចុងក្រោយ​នេះ ​ពោល​ចាប់​តាំង​ពី​ព្រឹត្តិការណ៍​​សហគមន៍​២០ ​កុម្ភៈ​មក ​មនុស្ស​ជាង​៨០០នាក់​ បាន​ឆ្លង​ជំងឺ​កូ​វីដ​១៩ ​ហើយ​មូលដ្ឋាន​ភូមិ​ឃុំ ​ផ្សារ​មួយ​ចំនួន​ត្រូវ​បាន​បិទ​ខ្ទប់​ និង​ផ្អាក​ការលក់ដូរ​ជា​បណ្ដោះអាសន្ន ​បន្ទាប់ពី​មាន​អ្នក​ពាក់ព័ន្ធ​ច្រើន​នឹង​អ្នកជំងឺ​កូ​វីដ​១៩។ដោយឡែកនៅ​ថ្ងៃនេះ​ រ​ដ្ឋបាល​ខេត្តតាកែវ ​រកឃើញអ្នកវិជ្ជមានកូវីដ-១៩ថ្មី​​ ដែល​ជា​ករណី​ឆ្លង​នៅ​ក្នុង​សហគមន៍​ចំនួន​៣៧នាក់​ ស្រី​២០នាក់ ​ភាគ​ច្រើន​ជា​កម្មកររោង​ចក្រ​សាន់បូរ និង​អាជីវករ​ផ្សារ​សំរោងយ៉ោង ៕ដោយ​ ៖ ​គុជ វិភាគ

រថយន្តឈ្នួល​ដឹក​មនុស្ស​ចេញចូល​ស្រុក​ស្រែអំបិល ​មិន​អនុញ្ញាត​ឱ្យ​ចូល​ក្នុង​ផ្សារ​ដាច់ខាត​១​សប្តាហ៍

2021/05/26 12:30:04 pm        1272
កោះកុង​ ៖ លោកជំទាវ មិថុនា ភូ​ថង អភិបាលខេត្ត​កោះកុង ​បាន​ដាក់​បញ្ជា​មួយ​ដល់​អភិបាលស្រុក​ស្រែអំបិល ​ដោយ​បិទ​ការ​ចរាចរណ៍​មួយ​សប្តាហ៍ និង​មិន​អនុញ្ញាត​ឱ្យ​រថយន្ត​ឈ្នួល​ដឹក​មនុស្ស​ចូល​ក្នុង​បរិវេណ​ផ្សារ​ជាដាច់ខាត​។ការដាក់​នូវ​បញ្ជា​របស់​អភិបាលខេត្ត​កោះកុង​នៅពេលនេះ ​ធ្វើឡើង​តាមរយៈ​លិខិត​មួយ​ច្បាប់ ​ក្រោយ​បញ្ចប់​កិច្ចប្រជុំ​បន្ទាន់​កាលពី​ថ្ងៃទី​២៥ ​ឧសភា ម្សិលមិញ​ ជាមួយ​អភិបាលរង អភិបាលក្រុង​ស្រុក និង​មន្ទីរ​ជំនាញ​ពាក់ព័ន្ធ​។លោកជំទាវ មិថុនា ភូ​ថង បញ្ជាក់​ទៀតថា ចំពោះ​រថយន្ត​ដឹកទំនិញ ត្រូវ​ធ្វើ​តេស្ត​រហ័ស​លើ​អ្នកបើកបរ និង​ព្រូ​រថយន្ត​ជាប្រចាំ ​ដើម្បី​ធានា​បាន​សន្តិសុខ​សុវត្ថិភាព ​និង​សណ្តាប់ធ្នាប់​សាធារណៈ​ឱ្យ​ល្អ​ប្រសើរ ខណៈ​អត្រា​រក​ឃើញ​មាន​អ្នក​ឆ្លង​ថ្មី​ នៃ​ជំងឺ​កូ​វីដ​ កើន​ជា​បន្តបន្ទាប់​។ក្រៅពី​នេះដែរ លោកជំទាវ​អភិបាលខេត្ត​កោះកុង ​សម្រេច​បាន​បិទ​ជា​បណ្តោះអាសន្ន​នូវ​តំបន់​ទេសចរ​ធម្មជាតិ​ចំនួន​២​ស្រុក ​គឺ​ស្រុក​ស្រែអំបិល​ មាន ​៖​ ឆ្នេរ​នេសាទ​ ឆ្នេរ​កោង​កាង​ ស្ថិត​នៅក្នុង​ឃុំ​ជ្រោយ​ស្វាយ កោះ​ខ្យង​ ស្ថិតក្នុង​ឃុំ​ជីខ​ក្រោម​ និង​ស្ទឹង​ពពក​ ក្នុង​ឃុំ​ដង​ពែង ព្រោះ​ជា​តំបន់​កំពុងមាន​ការ​ឆ្លង​រាលដាល​ជំងឺ​កូ​វីដ​-១៩​ចូលក្នុង​សហគមន៍​។ដោយឡែក​ស្រុក​ថ្មបាំង គឺ​បិទ​ជា​បណ្តោះ​អាសន្ន​ដូចគ្នា​ដែរ តំបន់​អេកូ​ទេសចរ​ធម្មជាតិ​ជី​ផាត ស្ថិតក្នុង​ឃុំ​ជី​ផាត ​ចាប់ពី​ថ្ងៃទី​២៦ ឧសភា ​២០២១​ រហូតដល់​មានការ​ជូនដំណឹង​ជាថ្មី ​ដើម្បី​អនុវត្ត​វិធានការ​សុខាភិបាល​ និង​ទប់ស្កាត់​ការ​ឆ្លង​រីក​រាល​បន្ថែម​៕អត្ត​ប​ទ ៖ ឈឹម មករា​

អ្នក​ជំងឺ​កូ​វី​ដ-១៩ ដែល​ញៀន​ថ្នាំ ​វាយ​មន្ត្រី​យោធា​ម្នាក់ស្លាប់​នោះ​ ពេលនេះ​ សមត្ថកិច្ច​ឃាត់ខ្លួន​បានហើយ

2021/05/26 12:13:39 pm        367
ត្បូងឃ្មុំ​ ៖ ​ បុរស​ម្នាក់​ដែល​មាន​ជំងឺ​កូ​វីដ​-១៩ ហើយ​បែក​ថ្នាំ​នោះ ពេលនេះ​ត្រូវបាន​​​សមត្ថកិច្ច​ឃាត់​ខ្លួន​បាន​ហើយ​ ក្រោយពី​បាន​វាយ​អ្នកយាម​ជា​យោធា​ម្នាក់​បណ្តាល​ឱ្យស្លាប់ ​នៅ​មន្ទីរពេទ្យបង្អែក​ស្រុក​ពញាក្រែក ​កាលពី​ល្ងាច​ថ្ងៃទី​២៥ ​ខែឧសភា ឆ្នាំ​២០២១​នេះ ។លោក​វេជ្ជបណ្ឌិត កែវ វណ្ណៈ ប្រធាន មន្ទីរ​សុខាភិបាល​ខេត្ត​ត្បូងឃ្មុំ​ បាន​ឲ្យ​ដឹងថា ​ ជនសង្ស័យ​ដែល​មាន​វិជ្ជមាន​កូ​វីដ​-១៩ ​ដែល​មាន​សារធាតុ​ញៀន​ក្នុង​ខ្លួន​ផង​នោះ​ មានឈ្មោះ មឿ​ន ម៉ឺន អាយុ ៣៨​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ក្រពើ​សារ ឃុំ​ដំរិល ស្រុក​អូររាំងឪ​ ត្រូវ​បាន​ឃាត់ខ្លួន​ក្រោយ​ធ្វើ​សកម្មភាព​សម្លាប់​ជនរងគ្រោះ ជា​យោធា ឈ្មោះ មាន វ៉ៃ អាយុ​២៩​ឆ្នាំ នៅ​ភូមិ​ហួច​កើត ឃុំ​ក្រែក ស្រុក​ពញាក្រែក​ ជា​មន្ត្រី​យោធា​ផ្នែក​សឹក​រង​ស្រុក​ពញាក្រែក ​ត្រូវ​បាន​អង្គភាព​បញ្ជូន​ទៅ​យាម​នៅ​មន្ទីរពេទ្យបង្អែក​ស្រុក​ពញាក្រែក ។ ប៉ុន្តែ ជា​អកុសល ជនរងគ្រោះ ​បាន​សម្លាប់​ភ្លាមៗ​ នៅ​កន្លែង​កើតហេតុ ខណៈ ជនសង្ស័យ​មាន​អាការៈ​ រត់​ឆ្លេឆ្លា ​ក្រុម​គ្រូពេទ្យ​ដែល​ប្រចាំ​នៅ​មណ្ឌល​នោះ​ បាន​សួរ​គេ​ថា គេ​មាន​អាការៈ​ ពិបាក​ក្នុង​ខ្លួន​( បែក​ថ្នាំ ) ហើយ​គេ​បាន​ដើរ​សំ​ដៅទៅ​កន្លែង​អ្នកយាម​ជាម​ន្ត្រី​យោធា​រួច​ បាន​វាយប្រតប់​ឈាន​ដល់​ការ​វាយ​នឹង​ដំបង ​និង​ចបកាប់​វាយ​ចំ​សៀតផ្កា ​របស់​ជនរងគ្រោះ​កំពុង​អង្គុយ​យាម​ម្នាក់ឯង​រហូត​ស្លាប់​។ ក្រោយ​កើតហេតុ ជនសង្ស័យ ត្រូវ​បាន​បញ្ជូន​ទៅ​ដាក់​ក្នុង​បន្ទប់​ព្យាបាល​អ្នកទោស​ ក្នុង​មន្ទីរពេទ្យ និង​រង​ចាំ​ព្យាបាល​ជំងឺ​កូ​វីដ​-១៩ ទើប​​សមត្ថ​កិច្ចចាត់ការ​តាម​នីតិ​វិធី​ច្បាប់ ។ ដោយឡែក សាកសព​ជនរងគ្រោះ​ ត្រូវ​បាន​យក​ទៅ​បូជា​នៅ​វត្ត​សមាធិ​ ក្នុងស្រុក​ពញាក្រែក ៕

កម្ពុជារកឃើញមនុស្ស៦៦០នាក់ទៀតឆ្លងមេរោគកូវីដ-១៩ ខណៈជំងឺនេះ​ផ្ដាច់ជីវិត​មនុស្ស៧នាក់​បន្ថែមទៀត

2021/05/26 12:01:09 pm        70
ភ្នំពេញ ៖ ក្រសួងសុខាភិបាល បានប្រកាសនៅថ្ងៃនេះថា ​មនុស្ស ៦៦០នាក់ទៀត ត្រូវបានរកឃើញ​ឆ្លង​មេរោគកូវីដ-១៩ ដែលភាគច្រើនសុទ្ធតែពាក់ព័ន្ធ នឹងព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ។ក្រសួងសុខាភិបាល បញ្ជាក់ថា ​ករណីឆ្លងកូវីដ-១៩ចំនួន ៦២៦នាក់ ​បានឆ្លងមេរោគកូវីដ-១៩ បន្ទាប់ពី​ពាក់ព័ន្ធនឹងព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ ហើយករណីឆ្លងថ្មី ​៣៤នាក់ គឺជាករណីនាំចូល។ក្រសួងសុខាភិបាល បានឱ្យដឹងទៀតថា អ្នកជំងឺកូវីដ-១៩ចំនួន​ ៩នាក់ទៀត បាន​ស្លាប់បាត់បង់ជីវិត​ដោយ​សារជំងឺនេះ ដែលនាំឱ្យតួលេខអ្នកស្លាប់សរុបឡើងដល់ ១៩០នាក់ហើយគិតចាប់​តាំង​ពី​ថ្ងៃទី១១ ខែមីនា ​នៅពេលដែលកម្ពុជា បានប្រកាសជាផ្លូវការពីករណីស្លាប់ជាលើកដំបូង។គិតត្រឹមថ្ងៃនេះ ​កម្ពុជារកឃើញមនុស្សដល់ទៅ ២៦ ៩៨៩នាក់ហើយ បានឆ្លងមេរោគកូវីដ-១៩​ នៅទូទាំង​ប្រទេសគិតចាប់តាំងពីពេលដែលកម្ពុជា រកឃើញករណីឆ្លងជាលើកដំបូង​កាលពីចុង​ខែមករាឆ្នាំមុន។ក្រសួងសុខាភិបាលក៏បានឱ្យដឹងផងដែរថា អ្នកជំងឺកូវីដ-១៩ចំនួន ​១៩ ៧៧២នាក់ ត្រូវបានព្យាបាល​ជាសះស្បើយហើយ​ ក្នុងនោះ មានទាំងអ្នកជាសះស្បើយថ្មី ​៧៥០នាក់ ដែលក្រសួង​ប្រកាស​នៅ​ថ្ងៃនេះផងដែរ៕

កម្លាំង​ជំនាញ​ស្នងការ​នគរបាល​ខេត្ត​ឧត្តរមានជ័យ​ ​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន ០​៤​នាក់ ​ពាក់ព័ន្ធ​ករណី​គ្រឿងញៀន ​និង​ប្រើប្រាស់​អាវុធ​ខុសច្បាប់​

2021/05/25 11:00:43 am        386
​ឧត្តរមានជ័យ​៖ កម្លាំង​ផែន​ជំនាញ​គ្រឿងញៀន ​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ឧ​ត្ត​រ​មានជ័យ​ចាប់​ឃាត់ខ្លួន​ជនសង្ស័យ​មាន​គ្នា​ ០៤​នាក់​ ពាក់ព័ន្ធ​ករណី​គ្រឿងញៀន​និង​ប្រើប្រាស់​អាវុធ​ខុសច្បាប់​ដែល​ជា​មុខសញ្ញា​ចាស់​ ត្រូវ​បាន​ឃាត់ខ្លួន​នៅ​ថ្ងៃទី​២៥ ​ឧសភា ​ឆ្នាំ​២០២១​នេះ ​ស្ថិត​នៅក្នុង​ភូមិសាស្ត្រ​សង្កាត់​អូរ​ស្មាច់​ក្រុង​សំរោង​ខេត្ត​ឧ​ត្ត​រ​មានជ័យ​។​​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ ហួត សុធី ស្នងការ​នគរបាល​ខេត្ត​ឧ​ត្ត​រ​មានជ័យ ​បាន​ឲ្យ​ដឹង​ថា ជនសង្ស័យ​ដែល​មាន​គ្នា​ចំនួន ០​៤​នាក់ ​ក្នុងនោះ ០​៣​នាក់​ ជា​មុខសញ្ញា​ចាស់​ធ្វើការ​ឃាត់ខ្លួន​នៅ​សង្កាត់​អូរ​ស្មាច់​នឹង​បន្ត​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់ទៀត​នៅ​សង្កាត់​កូន​ក្រៀល ទី​១​.មានឈ្មោះ តៀង វ័​ន្ត ហៅ ឃ្លី ភេទ​ប្រុស​អាយុ​៣៤​ឆ្នាំ ទី​២.​ឈ្មោះ ត្រាក់ ពិសី ភេទ​ប្រុស​អាយុ​៤២​ឆ្នាំ​ទី​៣.​ឈ្មោះ​អ៊ឹម រតនា ភេទ​ប្រុស​អាយុ​២៧​ឆ្នាំ​ទី​៤​ឈ្មោះ​ង៉ែត រិ​ទ្ធ ភេទ​ប្រុស​អាយុ​២៩​ឆ្នាំ​។​​ករណី​បង្ក្រាប​ជន​សកម្ម​គ្រឿងញៀន ​និង​ប្រើប្រាស់​អាវុធ​ខុសច្បាប់​៤​នាក់​ខាងលើនេះ​សមត្ថកិច្ច​បាន​ដកហូត​វត្ថ​តាំង​រួមមាន រថយន្ត​លិច​ស៊ី​ស​RX ៣៣០ ពណ៌ស​១​គ្រឿង ស្លា​ក់ខ​/​ម ២-១១៦៨ កាំភ្លើង​AK៤៧ កាត់​ចុង​មួយ​ដើម គ្រប់​១​បង់ កាំបិត​ខ្លី​ចំនួន​៣​ដើម ថ្នាំញៀន​ប្រភេទ​ទឹកកក​ចំនួន​៣​កញ្ចប់​នឹង​សម្ភារៈ​ពាក់ព័ន្ធ​មួយ​ចំនួន​ផងដែរ​។​​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ ហួត សុធី បន្តថា ជនសង្ស័យ​៣​នាក់​ជា​មុខសញ្ញា​ចាស់​ដែល​សមត្ថកិច្ច​បាន​ធ្វើការ​ស្រាវជ្រាវ​នឹង​ឃាត់ខ្លួន​ពេលនេះ​ ០៣​នាក់​ធ្លាប់​ធ្វើ​សកម្មភាព​ជាប់ទោស​ពាក់ព័ន្ធ​នឹង​គ្រឿងញៀន​នៅ​ឆ្នាំ​២០១៤- ២០១៧ និង​ឆ្នាំ​២០២០ ធ្លាប់​ជាប់ឃុំ​ពាក់ព័ន្ធ​ករណី​គ្រឿងញៀន​មិន​រាងចាល​នៅតែ​បន្ត​ធ្វើ​សកម្មភាព​ជួញដូរ​ និង​ចែកចាយ​ត្រូវ​កម្លាំង​សមត្ថកិច្ច​ចាប់​ឃាត់ខ្លួន​បាន​ម្តង​ទៀត​និង​ពាក់ព័ន្ធ​ជាប់​សា​ធាតុ​ញាណ​ក្នុង​ខ្លួន​បន្តទៀត​។​​​លោកស្នងការ​ខេត្ត​ឧ​ត្ត​រ​មានជ័យ​បញ្ជាក់ថា ជនសង្ស័យ​ទាំង​ ៤​នាក់​នៅ​ឆ្នាំ​២០២០ ​បាន​ធ្វើ​ការ​បាញ់រះ​ជាច្រើន​គ្រប់​មក​លើ​កម្លាំង​សមត្ថកិច្ច​ក្នុងស្រុក​អន្លង់វែង ​បណ្តា​ឲ្យ​រងរបួស​ធ្ងន់​ម្នាក់​ ខ​ណៈ​សមត្ថកិច្ច​កំពុង​ធ្វើការ​តាម​ប្រ​ម៉ាញ់​នៅ​ចំណុច​ផ្លូវ​ក្រវ៉ាត់​ព្រំដែន​នោះ​។​​បច្ចុប្បន្ន​សមត្ថកិច្ច​ស្នងការ​នគរបាល​ខេត្ត​ឧ​ត្ត​រ​មានជ័យ​ បាន​កសាង​សំណុំរឿង​បញ្ជូនទៅ​តុលាការ​តាម​នីតិវិធី​៕ អត្ថបទ៖ ​ឃិន ​សារិទ្ធ​

ខេត្ត​បន្ទាយមានជ័យ ​ប្រកាស​ថា អ្នក​ជំងឺ​កូវីដ-១៩​ចំនួន​១៤១​នាក់​ទៀត​ ត្រូវ​បាន​ព្យាបាល​ជា​សះ​ស្បើយ

2021/05/25 08:53:12 am        261
បន្ទាយមានជ័យ៖ រដ្ឋបាល​ខេត្ត​បន្ទាយមានជ័យ​ បាន​ប្រកាស​ថា អ្នក​ជំ​ងឺ​កូវីដ-១៩​ចំនួន ១៤១​នាក់​ទៀត ត្រូវ​បាន​អនុញ្ញាត​ឱ្យ​វិល​ត្រឡប់​ទៅ​ផ្ទះ​សម្បែង​របស់​ពួកគេ​ហើយ ​បន្ទាប់​ពី​ត្រូវ​បាន​ព្យាបាល​ជា​សះ​ស្បើយ។ក្នុង​របាយការណ៍​ចេញ​នៅ​ថ្ងៃ​នេះ ​មន្ទីរ​សុខាភិបាល​ខេត្ត​បន្ទាយមានជ័យ បាន​បញ្ជាក់​ថា ក្នុង​ចំណោម​អ្នក​ជំងឺ​កូវីដ-១៩​​ចំនួន ១៤១​នាក់​ ដែល​ត្រូវ​បាន​ព្យាបាល​ជា​សះ​ស្បើយ​នេះ ​មាន​ជន​ជាតិ​ខ្មែរ​ចំនួន ៧០​នាក់​ ត្រូវ​បាន​ព្យាបាល​ជា​សះស្បើយ​ហើយ ជន​ជាតិ​ឥណ្ឌូនេស៊ី ​៤០​នាក់ ជន​ជាតិ​ថៃ ៣០​នាក់ ​និង​ជន​ជាតិ​ម៉ាឡេស៊ី ១​នាក់។បើ​តាម​របាយការណ៍​ដដែល​នេះ អ្នក​ជា​សះ​ស្បើយ​ថ្មី ១៣៥​នាក់ សុទ្ធ​តែ​ជា​អ្នក​ជំងឺ​កូវីដ-១៩ ដែល​ត្រូវ​បាន​ដាក់​ឱ្យ​សម្រាក​ព្យាបាល​នៅ​តាម​មណ្ឌល​ព្យាបាល​នានា​នៅ​ក្រុង​ប៉ោយប៉ែត ​ហើយ​អ្នក​ជា​សះ​ស្បើយ ៦​នាក់​ទៀត ត្រូវ​បាន​ដាក់​ឱ្យ​សម្រាក​ព្យាបាល​នៅ​មណ្ឌល​ព្យាបាល​សាកលវិទ្យាល័យ​មានជ័យ៕

ខេត្ត​ព្រៃវែង ​រក​ឃើញ​ស្ត្រី​៥​នាក់ និង​បុរស​២​នាក់​ទៀត​ឆ្លង​កូវីដ-១៩ ​នៅ​តាម​ស្រុក​ចំនួន​៤

2021/05/25 03:07:52 pm        530
ព្រៃវែង ៖ រដ្ឋបាល​ខេត្ត​ព្រៃវែង បាន​​ប្រកាស​ថា បាន​រក​ឃើញ​មនុស្ស ៧​នាក់​ទៀត​បាន​ឆ្លង​មេរោគ​កូវីដ-១៩​កាល​ពី​ថ្ងៃ​ម្សិល​មិញ​នេះ។ក្នុង​សេចក្ដី​ជូន​ដំណឹង​របស់​ខ្លួន រដ្ឋបាល​ខេត្ត​ព្រៃវែង​បញ្ជាក់​ថា ករណី​ឆ្លង​ថ្មី​ទាំង ៧​នាក់​នេះ ត្រូវ​បាន​រក​ឃើញ​លើ​ពលរដ្ឋ​ជា​ស្ត្រី ៥​នាក់ និង​បុរស​ ៣​នាក់ ក្នុង​នោះ​រក​ឃើញ ពលរដ្ឋ ៣​នាក់​​ទៀត​នៅ​ស្រុក​ពារាំង អ្នក​ភូមិ ២​នាក់​ទៀត​​នៅ​ស្រុក​ព្រះស្ដេច ​និងនៅឃើញ​ ១​ករណីៗ​នៅ​​ស្រុក​ពាមជរ និង​ស្រុក​កញ្ជៀច។គិត​ត្រឹមថ្ងៃ​ម្សិ​លមិញ​នេះ ខេត្ត​ព្រៃវែង​ បាន​រក​ឃើញ​មនុស្ស​សរុប ២៨៣​នាក់​ហើយ​បាន​ឆ្លង​មេរោគ​កូវីដ-១៩​នៅ​ក្នុង​ខេត្ត​មួយ​នេះ​ ក្នុង​នោះ​អ្នក​ជំងឺ​កូវីដ-១៩ចំនួន ៤​នាក់​បាន​ស្លាប់​បាត់​បង់​ជីវិត។បើ​តាម​រដ្ឋបាល​ខេត្ត​ព្រៃវែង ​អ្នក​ជំងឺ​កូវីដ-១៩​សរុប ​១៤៣​នាក់ហើយ ​ត្រូវ​បាន​ព្យាបាល​ជា​សះស្បើយ និង ១៣៦​នាក់​ទៀត កំពុង​ស្ថិត​ក្រោម​ការ​ព្យាបាល​បន្ត៕

ខេត្ត​កណ្ដាល​សម្រេច ​អនុញ្ញាត​ឱ្យ​ផ្សារ​ស្អាង​ខាង​ជើង​ បើក​ដំណើរការ​វិញ​ តែ​តម្រូវ​ឱ្យ​បន្ត​អនុវត្ត​វិធានការ​សុខាភិបាល

2021/05/25 03:02:51 pm        24
កណ្ដាល៖ រដ្ឋបាល​ខេត្ត​កណ្ដាល​ សម្រេច​អនុញ្ញាត​ឱ្យ​ផ្សារ​ស្អាង​ខាង​ជើង ស្ថិត​ក្នុង​ស្រុក​ស្អាង បើក​ដំណើការ​ឡើង​វិញ​ ចាប់​ពី​ថ្ងៃ​ស្អែក​នេះ​ត​ទៅ។ក្នុង​សេចក្ដី​សម្រេច​នៅ​ថ្ងៃ​នេះ អភិបាល​ខេត្ត​កណ្ដាល លោក គង់ សោភ័ណ្ឌ បាន​​បញ្ជាក់​បន្ថែម​ថា បន្ទាប់​ពី​អនុញ្ញាត​ឱ្យ​បើក​ដំណើរការ​ឡើង​វិញ អាជីវករ​នៅ​ផ្សារ​ស្អាង​ខាង​ជើង ​ និង​ប្រជា​ពលរដ្ឋ​ ត្រូវ​បន្ត​អនុវត្ត​តាម​វិធានការ​សុខាភិបាល ​ដូចជា ពាក់​ម៉ាស់ ​រក្សា​គម្លាត និង​លាង​ដៃ​សម្លាប់​មេរោគ​ជា​ប្រចាំ។អភិបាល​ខេត្ត​កណ្ដាល​ ក៏​បាន​ប្រាប់​ទៅ​អាជ្ញាធរ​ស្រុក​ស្អាង ឱ្យ​សម្រប​សម្រួល​ការ​បើក​ដំណើរការ​ផ្សារ​មួយ​នេះ​ឡើង​វិញ​ ជាមួយ​ការ​រៀបចំ​នូវ​វិធានការ​បង្ការ​ការ​ឆ្លង​មេរោគ​កូវីដ-១៩​ផង​ដែរ៕

ខេត្ត​តាកែវ​ រក​ឃើញ​មនុស្ស​៤៩​នាក់​ទៀត​ឆ្លង​កូវីដ-១៩ ភាគ​ច្រើន​ជា​កម្មការិនី​​រោងចក្រ​សាន់បូរ

2021/05/25 06:28:43 am        382
តាកែវ៖ រដ្ឋបាល​ខេត្ត​តាកែវ បាន​ប្រកាស​ថា មនុស្ស ៤៩​នាក់​ទៀត ត្រូវ​បាន​រក​ឃើញ​ឆ្លង​មេរោគ​កូវីដ-១៩ ដែល​ភាគ​ច្រើន​ជា​កម្មករ​កម្មការិនី ​រោងចក្រ​សាន់បូរ។ក្នុង​សេចក្ដីជូន​ដំណឹង​នៅ​ថ្ងៃ​នេះ​ រដ្ឋបាល​ខេត្ត​តាកែវ បាន​បញ្ជាក់​ថា កម្មការិនី​រោងចក្រ​សាន់បូរ​ចំនួន ៣៥​នាក់​ទៀត ត្រូវ​បាន​រក​ឃើញ​ឆ្លង​មេរោគ​កូវីដ-១៩​ ខណៈ​អាជីវករ​ផ្សារ​សំរោង​យ៉ោង​ចំនួន ៧​នាក់​ទៀត ក៏​ត្រូវ​បាន​រក​ឃើញ​ឆ្លង​មេរោគ​នេះ​ផង​ដែរ។ក្រៅ​ពី​នេះ ករណី​ឆ្លង​មេរោគ​កូវីដ-១៩​នេះ​ក៏​ត្រូវ​បាន​រក​ឃើញ​លើ​កុមារ​ម្នាក់​អាយុ ១០​ឆ្នាំ កម្មករ​ក្បឿង ២​នាក់ អ្នក​លក់​បុក​ល្ហុង ២​នាក់ និង​បុរស​ម្នាក់​អាយុ ៥១​ឆ្នាំ​ជា​អ្នក​រត់​តាក់ស៊ី​ភ្នំពេញ-ព្រះសីហនុ។អាជីវករ​ជាច្រើន​នាក់​ នៅ​ផ្សារ​សំរោងយ៉ោង​ ស្ថិត​ក្នុង​ស្រុក​បាទី ត្រូវ​បាន​រក​ឃើញ​ឆ្លង​មេរោគ​កូវីដ-១៩​ជា​បន្ត​បន្ទាប់ រហូត​អាជ្ញាធរ​ត្រូវ​សម្រេច​ផ្អាក​ដំណើរការ​ផ្សារ​មួយ​នេះ ហើយ​ប្រមូល​សំណាក​ពី​អាជីវករ​ និង​អ្នក​ពាក់​ព័ន្ធ​ទាំង​អស់​ទៅ​ពិនិត្យ​រក​មេរោគ​។ចំណែក​ឯ​រោងចក្រ​សាន់បូរ​វិញ ​ក៏​បាន​រក​ឃើញ​ករណី​ឆ្លង​ក្នុង​ចំណោម​កម្មករ​កម្មការិនី​ជាច្រើន​ផង​ដែរ ដែល​ជំរុញ​ឱ្យ​ផ្អាក​ដំណើរការ​តាម​ផ្នែក​ខ្លះ​នៃ​រោងចក្រ​នេះ​ផង​ដែរ៕

កម្ពុជា​រក​ឃើញ​មនុស្ស ៥៦៨​នាក់​ទៀត​ឆ្លង​មេរោគ​កូវីដ-១៩ ខណៈ​អ្នក​ជំងឺ​៦៦៣​​នាក់​ទៀត​បាន​ជា​សះ​ស្បើយ

2021/05/25 12:17:31 pm        210
ភ្នំពេញ៖ ក្រសួង​សុខាភិបាល ​បាន​ប្រកាស​នៅ​ថ្ងៃ​នេះ​ថា មនុស្ស​ ៥៦៨​នាក់​ទៀត ត្រូវ​បាន​រក​ឃើញ​ឆ្លង​មេរោគ​កូវីដ-១៩ ​ហើយ​អ្នក​ជំងឺ​កូវីដ-១៩​ចំនួន ៦៦៣នាក់​ទៀត ​ត្រូវ​បាន​ព្យាបាល​ជា​សះ​ស្បើយ។ក្រសួង​សុខាភិបាល​ បញ្ជាក់​ថា ករណី​ឆ្លង​ថ្មី​ដល់​ទៅ ៥៤០​នាក់ សុទ្ធ​តែ​ពាក់​ព័ន្ធ​នឹង​ព្រឹត្តិការណ៍​សហគមន៍ ២០​កុម្ភៈ ហើយ ២៨​នាក់​ទៀត គឺ​ជា​ករណី​នាំ​ចូល។ គិត​ត្រឹម​ថ្ងៃ​នេះ កម្ពុជា​បាន​រក​ឃើញ​មនុស្ស​​សរុប ២៦ ៣២៩​នាក់​ហើយ ឆ្លង​មេរោគ​កូវីដ-១៩​នៅ​ទូទាំង​ប្រទេស​ចាប់​តាំង​ពី​កម្ពុជា​រក​ឃើញ​ករណី​ឆ្លង​លើក​ដំបូង​កាល​ពី​ចុង​ខែ​មករា​ ឆ្នាំ​២០២០​ កន្លង​មក។ក្រសួង​សុខាភិបាល​ ក៏​បាន​ប្រកាស​ផង​ដែរ​ថា មនុស្ស ៤​នាក់​បន្ថែម​ទៀត បាន​ស្លាប់​បាត់​បង់​ជីវិត​ដោយ​សារ​ជំងឺ​កូវីដ-១៩ ដែល​នាំ​ឱ្យ​តួលេខ​អ្នក​ស្លាប់​សរុប​ឡើង​ដល់ ១៨៣​នាក់​ហើយ​គិត​ចាប់​តាំង​ពី​ពេល​កម្ពុជា ​បាន​ប្រកាស​ពី​ករណី​ស្លាប់​ ដោយសារ​ជំងឺ​កូវីដ-១៩​ ជាលើក​ដំបូង​កាល​ពី​ថ្ងៃ​ទី​១១ ខែ​មីនា​កន្លង​មក។បើ​តាម​ក្រសួង​សុខាភិបាល អ្នក​ជំងឺ​កូវីដ-១៩​សរុប ១៩ ០២២​នាក់​ហើយ​ ត្រូវ​បាន​ព្យាបាល​ជា​សះ​ស្បើយ ក្នុង​នោះ ​មាន​ទាំង​អ្នក​ជា​សះ​ស្បើយ ៦៦៣​នាក់​ទៀត ដែល​ក្រសួង​ប្រកាស​នៅ​ថ្ងៃ​នេះ​ផង​ដែរ៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

លោកជំទាវលីម ដារ៉ែន ជួន ណារិន្ទ ផ្តល់ម៉ូតូ២០គ្រឿង និងអំណោយមួយចំនួន ទៅកាន់វរៈនគរបាល និងកងទ័ពការពារព្រំដែន
08/16/2025 06:08 PM
ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានឃុំកណ្តឹងស្រុកបាទី ខេត្តតាកែវនិងរដ្ឋបាលឃុំកណ្តឹងប្រារព្វពិធីផ្សព្វផ្សាយពីបញ្ហាគ្រឿងញៀន និង ពិធីបង្សុកូលឧទ្ទិសកុសលដល់វិញ្ញាណក្ខន្ធវិរះកងទ័ពកម្ពុជាដែលបានពលីជីវិតក្នុងសមរភូមិ
08/16/2025 06:08 PM
ហ្វីលីពីន និងអូស្ត្រាលី ចាប់ផ្តើមសមយុទ្ធដ៏ធំបំផុតមិនធ្លាប់មាន នៅជិតសមុទ្រចិនខាងត្បូង
08/16/2025 05:08 PM
ទីក្រុងគីវ៖ រុស្ស៊ីបាញ់យាន ៨៥គ្រឿង និងមីស៊ីល ១គ្រាប់ លើអ៊ុយក្រែន ប៉ុន្មានម៉ោងក្រោយមានជំនួប Trump-Putin
08/16/2025 05:08 PM
ផ្ទុះរោងចក្រ នៅតំបន់ Ryazan របស់រុស្ស៊ី បណ្ដាលឲ្យមនុស្ស ១១នាក់ស្លាប់ និង ១៣០នាក់របួស
08/16/2025 05:08 PM
នាយករដ្ឋមន្ត្រីដាណឺម៉ាក និយាយថា លោក Netanyahu បានប្រែទៅជាបង្ក «បញ្ហាដោយខ្លួនលោកផ្ទាល់»
08/16/2025 05:08 PM
ឯកឧត្តមសាស្ត្រាចារ្យ ប៉ិច សុធី អញ្ជើញបើកសន្និសីទប្រចាំឆ្នាំលើកទី១ របស់សមាគមគ្រូពេទ្យបង្កកំណើតកម្ពុជា
08/16/2025 04:08 PM
មេដឹកនាំអឺរ៉ុបស្វាគមន៍កិច្ចប្រឹងប្រែងរបស់លោក Trump ប៉ុន្តែបញ្ជាក់ថា សម្ពាធលើរុស្ស៊ី ត្រូវតែមានបន្ត
08/16/2025 04:08 PM
មេភូមិភាគ៣កម្ពុជាស្នើថៃជៀសវាងសកម្មភាពទាំងឡាយដែលនាំឲ្យមានភាពតានតឹងនៅតាមព្រំដែនជាយថាហេតុ
08/16/2025 04:08 PM
[UPDATE] ក្រុមអ្នកជួយសង្គ្រោះប៉ាគីស្ថាន ពិបាកស្រង់សាកសព ក្រោយភ្លៀងរដូវមូសុង សម្លាប់មនុស្សយ៉ាងតិច ៣២០នាក់
08/16/2025 03:08 PM