ឯកឧត្តម ស៊ី ជីនពីង អញ្ជើញធ្វើមាតុភូមិនិវត្តន៍បន្ទាប់ពីបញ្ចប់​ទស្សនកិច្ចផ្លូវរដ្ឋ​រយៈពេល២ថ្ងៃ នៅកម្ពុជា
កម្ពុជា-ចិន ចុះហត្ថលេខាលើឯកសារកិច្ចសហប្រតិបត្តិការចំនួន ៣៧ គ្របដណ្តប់​លើវិស័យជាច្រើន
ព្រះករុណាព្រះមហាក្សត្រស្តេចយាងជាព្រះរាជាធិបតីភាពព្រះរាជពិធីបួងសួងចម្រើនសេចក្តីសុខជូនព្រះរាជាណាចក្រកម្ពុជា
សម្តេច ម៉ែន សំអន អញ្ជើញជាអធិបតីពិធីទទួល និងអំណរសាទរទេវតាឆ្នាំថ្មី ឆ្នាំម្សាញ់ ព្រះនាម «គោរាគៈទេវី»

នយោបាយ​ និង ការអភិវឌ្ឍន៍

ឯកឧត្តម ស៊ី ជីនពីង អញ្ជើញធ្វើមាតុភូមិនិវត្តន៍បន្ទាប់ពីបញ្ចប់​ទស្សនកិច្ចផ្លូវរដ្ឋ​រយៈពេល២ថ្ងៃ នៅកម្ពុជា

2025/04/18 12:16:19 pm        125
បន្ទាប់ពីបានបំពេញទស្សនកិច្ចផ្លូវរដ្ឋប្រកដោយផ្លែផ្កា និងជោគជ័យរយៈពេលពីរថ្ងៃនៅកម្ពុជា គឺ​ចាប់​ពី​ថ្ងៃទី១៧ ដល់ថ្ងៃទី ១៨ ខែមេសា ឆ្នាំ២០២៥នេះ នៅព្រឹកថ្ងៃទី១៨ ខែមេសានេះ ឯកឧត្តម ស៊ី ជិនពីង (Xi Jinping) ប្រធានាធិបតី​នៃសាធារណរដ្ឋ​ប្រជាមានិត​ចិន​បាន​អញ្ជើញ​ធ្វើ​មាតុភូមិ​និវត្តន៍​វិញ​ហើយ។ក្នុងឱកាសនោះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃ​ព្រះរា​ជា​ណា​ចក្រ​កម្ពុជា រួមជាមួយគណៈប្រតិភូជាន់ខ្ពស់កម្ពុជា បានអញ្ជើញជូនដំណើរនិវត្តន៍របស់ ឯកឧត្តម ស៊ី ជិនពីង ប្រធានាធិបតីនៃសាធារណរដ្ឋប្រជាមានិតចិន បន្ទាប់​ពី​បាន​បំពេញ​ទស្សន​កិច្ច​ផ្លូវ​រដ្ឋ​រយៈ​ពេល​២ថ្ងៃ នៅព្រះរាជាណាចក្រកម្ពុជា។ជាមួយគ្នានេះមហាជនក៏បានចូលរួមជូនដំណើរនិវត្តន៍របស់ឯកឧត្តម ស៊ី ជីនពីង ប្រធានាធិបតី​នៃ​សាធារណ​រដ្ឋប្រជាមានិតចិន បន្ទាប់ពីបញ្ចប់ទស្សនកិច្ចផ្លូវរដ្ឋចំនួនពីរថ្ងៃនៅកម្ពុជា ប្រកប​ដោយ​ជោគ​ជ័យ​នៅខាងមុខព្រលានយន្តហោះអន្តរជាតិភ្នំពេញផងដែរ។សូម​ជម្រាបថា តបតាមការអញ្ជើញរបស់ ព្រះករុណាព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ឯកឧត្តម ស៊ី ជីនពីង ប្រធានាធិបតី នៃ​សាធារណរដ្ឋ ប្រជាមានិតចិនបានអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវរដ្ឋ នៅព្រះរាជា​ណា​ចក្រ​កម្ពុជា ពីថ្ងៃទី១៧ ដល់ ១៨ ខែមេសា ឆ្នាំ២០២៥។ក្នុងដំណើរទស្សនកិច្ចនេះ ឯកឧត្តម ស៊ី ជីនពីង បានចូលថ្វាយបង្គំគាល់ ព្រះករុណា ព្រះមហាក្សត្រ​កម្ពុជា និង សម្តេចមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជ មាតាជាតិខ្មែរ។ ឯកឧត្តម បានមានជំនួបជាមួយសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធាន ព្រឹទ្ធសភា និងបានជួបពិភាក្សាការងារជាមួយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។ដំណើរទស្សនកិច្ចដ៏មានសារៈសំខាន់នេះ មិនត្រឹមតែបានបញ្ជាក់សាជាថ្មីពីការប្តេជ្ញាចិត្តឥតងាករេចំពោះទំនាក់ទំនងមិត្តភាពដែកថែបរវាងកម្ពុជា និងចិនប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានពង្រឹង និងធ្វើឱ្យស៊ីជម្រៅថែមទៀតនូវភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ និងកិច្ចសហប្រតិបត្តិការ ឈ្នះ-ឈ្នះ រវាងប្រទេសទាំងពីរ។ដំណើរទស្សនកិច្ចនេះបានបន្ថែមសន្ទុះថ្មីដល់ការកសាងសហគមន៍វាសនារួមកម្ពុជា-ចិន គ្រប់រដូវកាល ក្នុងយុគសម័យថ្មី ប្រកបដោយគុណភាពខ្ពស់ កម្រិតខ្ពស់ និងស្តង់ដាខ្ពស់។ ក្នុងបរិការណ៍នេះ ភាគីទាំងពីរបានសម្តែងការប្តេជ្ញាចិត្តក្នុងការធានាការអនុវត្តប្រកបដោយប្រសិទ្ធភាព នៃក្របខណ្ឌកិច្ចសហប្រតិបត្តិការត្បូងពេជ្រ និងពន្លឿនការកសាង “ច្រករបៀង ឧស្សាហកម្ម និងបច្ចេកវិទ្យា” និង “ច្រករបៀងមច្ឆា និងអង្គរ”៕

កម្ពុជា-ចិន ចុះហត្ថលេខាលើឯកសារកិច្ចសហប្រតិបត្តិការចំនួន ៣៧ គ្របដណ្តប់​លើវិស័យជាច្រើន

2025/04/18 11:44:05 am        185
ជាលទ្ធផលផ្លែផ្កានៃដំណើរទស្សនកិច្ចដ៏សំខាន់របស់ឯកឧត្តមប្រធានាធិបតី ស៊ី ជីនពីង ក្នុងនោះមានការចុះហត្ថលេខាលើឯកសារកិច្ចសហប្រតិបត្តិការចំនួន ៣៧ ដោយគ្របដណ្តប់លើវិស័យជាច្រើន រួមមានការលើកកម្ពស់កិច្ចសហប្រតិបត្តិការសន្តិសុខសកល ការអប់រំ និងការអភិវឌ្ឍធនធានមនុស្ស កសិកម្ម ឧស្សាហកម្ម ខ្សែច្រវាក់ផ្គត់ផ្គង់ ជំនួយអភិវឌ្ឍន៍ ពន្ធគយ ចត្តាឡីស័ក សុខាភិបាល ទេសចរណ៍ និងប្រព័ន្ធផ្សព្វផ្សាយផងដែរ។នេះបើយោងតាមសេចក្ដីប្រកាសព័ត៌មានស្ដីពី លទ្ធផល នៃដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់ ឯកឧត្តម ស៊ី ជីនពឹង ប្រធានាធិបតី នៃសាធារណរដ្ឋប្រជាមានិតចិន នៅព្រះរាជាណាចក្រកម្ពុជា ពីថ្ងៃទី១៧ ដល់១៨ ខែមេសា ឆ្នាំ២០២៥នេះ។ ចំនួនឯកសារលើកិច្ចសហប្រតិបត្តិការចំនួន ៣៧ គ្របដណ្តប់លើវិស័យជាច្រើននេះ មិនរាប់បញ្ចូលឯកសាររវាងរដ្ឋ និងឯកជន ព្រមទាំងរវាងធុរកិច្ច និងធុរកិច្ចមួយចំនួន ដែលបានចុះហត្ថលេខា លើគម្រោងធំៗ រួមមានគម្រោងគ្រប់គ្រងធនធានទឹកចម្រុះហ្វូណនតេជោ ការសាងសង់រោងចក្រថាមពល LPG 900 MW ក្នុងខេត្តកោះកុង និងគម្រោងភាពជាដៃគូយុទ្ធសាស្ត្រផ្លូវដែកជាដើម។ចំពោះកិច្ចសហប្រតិបត្តិការនយោបាយ ភាគីទាំងពីរបានទទួលស្គាល់ពីសារៈសំខាន់យ៉ាងខ្លាំង នៃការផ្លាស់ប្តូរទស្សនកិច្ចគ្រប់កម្រិតក្នុងការថែរក្សាទំនាក់ទំនងមិត្តភាពប្រពៃណីយូរអង្វែង និងការជឿទុកចិត្តគ្នាជាយុទ្ធសាស្ត្រ។ ភាគីទាំងពីរបានបង្ហាញពីបំណងរួមក្នុងការលើកកម្ពស់ការផ្លាសប្តូរ និងជំរុញកិច្ចសន្ទនា និងកិច្ចសហប្រតិបត្តិការគ្រប់ស្ថាប័នពាក់ព័ន្ធ នៃប្រទេសទាំងពីរ រួមទាំងរវាងក្រសួង ការបរទេស និងក្រសួងការពារជាតិផងដែរ។ ភាគីទាំងពីរបានកោតសរសើរអំពីកិច្ចខិតខំប្រឹងប្រែង រួមគ្នានាពេលបច្ចុប្បន្ន ក្នុងការជំរុញទំនាក់ទំនងយ៉ាងស្អិតរមួត និងការពង្រីកកិច្ចសហប្រតិបត្តិការ ដែលផ្តល់ផលប្រយោជន៍ទៅវិញទៅមកលើគ្រប់វិស័យ។ភាគីទាំងពីរបានអះអាងជាថ្មីនូវការគាំទ្រគ្នាយ៉ាងមុះមុត ចំពោះផលប្រយោជន៍ស្នូលរបស់គ្នា ទៅវិញទៅមក។ ភាគីកម្ពុជាបានបញ្ជាក់ជាថ្មីពីការប្រកាន់ខ្ជាប់យ៉ាងម៉ឺងម៉ាត់ចំពោះគោលនយោបាយ ចិនមួយ និងចាត់ទុកថា តៃវ៉ាន់ជាផ្នែកមួយមិនអាចកាត់ផ្តាច់បានពីទឹកដីចិន។ កម្ពុជាប្រឆាំងចំពោះការប៉ុនប៉ងជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុងរបស់ចិន ដោយចាត់ទុកថា បញ្ហាស៊ីនជាំង ស៊ីចាង ហុងកុង និងតៃវ៉ាន់ គឺជាបញ្ហាផ្ទៃក្នុងរបស់ចិនសុទ្ធសាធ។ភាគីចិនបានអះអាងជាថ្មីនូវការគាំទ្រយ៉ាងម៉ឺងម៉ាត់ ចំពោះកម្ពុជាក្នុងការជ្រើសរើសដោយ ឯករាជ្យនូវមាគ៌ាអភិវឌ្ឍន៍ស្របតាមលក្ខខណ្ឌជាតិរបស់ខ្លួន និងការពារអធិបតេយ្យភាពជាតិ ឯករាជ្យភាព និងបូរណភាពទឹកដី និងគាំទ្រកម្ពុជាដើរតួនាទីសកម្ម និងកាន់តែសំខាន់ក្នុងកិច្ចការតំបន់ និងអន្តរជាតិ។ ភាគីទាំងពីរប្តេជ្ញាមិនអនុញ្ញាតឱ្យមានសកម្មភាពអរិភាពណាមួយកើតឡើងលើទឹកដី នៃប្រទេសមួយប្រឆាំងនឹងប្រទេសមួយទៀតឡើយ។ចំពោះកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ ពាណិជ្ជកម្ម និងវិនិយោគ ភាគីកម្ពុជាបានវាយតម្លៃ ខ្ពស់ចំពោះសមិទ្ធផលសេដ្ឋកិច្ច-សង្គមដ៏ឆ្នើមរបស់ប្រទេសចិន និងបានសាទរចំពោះការរីកចម្រើន ឥតឈប់ឈររបស់ចិនឆ្ពោះទៅការកសាងប្រទេសសង្គមនិយមទំនើបដ៏អស្ចារ្យ និងប្រជាជាតិចិនដ៏ រុងរឿង។ ភាគីចិនបានអបអរសាទរចំពោះសមិទ្ធផលដ៏គួរឱ្យកត់សម្គាល់របស់កម្ពុជា ក្នុងការរក្សា ស្ថិរភាពនយោបាយ ជំរុញកំណើនសេដ្ឋកិច្ច លើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជន និងគាំទ្រ យ៉ាងខ្លាំងចំពោះការខិតខំប្រឹងប្រែងរបស់កម្ពុជា ដើម្បីសម្រេចគោលដៅជាប្រទេសមានចំណូលខ្ពស់ នៅឆ្នាំ ២០៥០។ ភាគីទាំងពីរបានឯកភាពធ្វើឱ្យស៊ីជម្រៅនូវការបន្ស៊ីគ្នារវាងគំនិតផ្តួចផ្តើមខ្សែក្រវាត់ និងផ្លូវ និងយុទ្ធសាស្ត្របញ្ចកោណ ដើម្បីជំរុញការអភិវឌ្ឍកាន់តែខ្លាំងថែមទៀត។ភាគីទាំងពីរបានឯកភាពធ្វើការរួមគ្នា ដើម្បីកសាងច្រវាក់ផ្គត់ផ្គង់ និងឧស្សាហកម្មប្រកបដោយសុវត្ថិភាព និងស្ថិរភាព។ ភាគីទាំងពីរក៏បានប្តេជ្ញាចិត្តក្នុងការគាំទ្រដល់ការអភិវឌ្ឍតំបន់កិច្ច សហប្រតិបត្តិការសេដ្ឋកិច្ច និងពាណិជ្ជកម្មស្តង់ដាខ្ពស់ ក៏ដូចជាការលើកកម្ពស់ការកសាងហេដ្ឋារចនា សម្ព័ន្ធគាំទ្រសំខាន់ៗ រួមមានប្រព័ន្ធដឹកជញ្ជូន បណ្តាញថាមពល ខ្សែកាបអុបទិក ឃ្លាំងស្តុកទំនិញ និងភស្តុភារកម្ម។ភាគីចិនបានបញ្ជាក់ជាថ្មីនូវការគាំទ្រការអភិវឌ្ឍតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ ដើម្បីជំរុញការអភិវឌ្ឍខេត្តព្រះសីហនុ និងបានសន្យាលើកទឹកចិត្តសហគ្រាសចិនដែលមានសមត្ថភាព កាន់តែច្រើនមកបណ្តាក់ទុននៅកម្ពុជា។ លើសពីនេះ ភាគីចិនក៏បានសម្តែងការគាំទ្រយ៉ាងពេញទំហឹងចំពោះកិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជា ក្នុងការជំរុញគម្រោងគ្រប់គ្រងធនធានទឹកចម្រុះហ្វូណនតេជោ។ភាគីទាំងពីរបានប្តេជ្ញាយ៉ាងម៉ឺងម៉ាត់ក្នុងការគាំទ្រប្រព័ន្ធពាណិជ្ជកម្មពហុភាគី ផ្អែកលើច្បាប់ បើកចំហ តម្លាភាព បរិយាប័ន្ន និងគ្មានការរើសអើង ខណៈរួមគ្នាលើកកម្ពស់ការរីកចម្រើនជាបន្ត បន្ទាប់ នៃច្បាប់របស់អង្គការពាណិជ្ជកម្មពិភពលោក ក៏ដូចជាសេរីភាវូបនីយកម្មពាណិជ្ជកម្ម ការវិនិយោគ និងការសម្របសម្រួល។ ភាគីទាំងពីរបានឯកភាពបន្តផ្តល់តួនាទីដល់កិច្ចព្រមព្រៀង ពាណិជ្ជកម្មសេរីកម្ពុជា-ចិន កិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់ តំបន់ពាណិជ្ជកម្មសេរីអាស៊ាន-ចិន និងជំរុញយ៉ាងសកម្មឱ្យមានការចុះហត្ថលេខាលើពិធីសារដំឡើងកម្រិត កិច្ចព្រមព្រៀងតំបន់ពាណិជ្ជកម្មសេរីអាស៊ាន-ចិន ៣.០។ចំពោះកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិ និងសន្តិសុខ ភាគីទាំងពីរបានឯកភាព ពង្រឹងយន្តការកិច្ចសហប្រតិបត្តិការរវាងកងកម្លាំងប្រដាប់អាវុធ នៃប្រទេសទាំងពីរ រក្សាការផ្លាស់ប្តូរ ទស្សនកិច្ចជាញឹកញាប់នៅគ្រប់កម្រិត និងបង្កើនសកម្មភាពកិច្ចសហប្រតិបត្តិការ រួមទាំងការ ហ្វឹកហ្វឺន និងសមយុទ្ធរួម ដូចជាការសង្គ្រោះបន្ទាន់ ការជួយសង្គ្រោះក្នុងគ្រោះមហន្តរាយ និងការកែលម្អផ្នែកសេវាវេជ្ជសាស្ត្រ និងភស្តុភារកម្ម។ភាគីចិនបានកោតសរសើរកិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជា ក្នុងការបង្ក្រាបល្បែងស៊ីសងតាម ប្រព័ន្ធអ៊ីនធឺណេតខុសច្បាប់ និងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ព្រមទាំងប្តេជ្ញាចិត្តក្នុងការពង្រឹង ការសម្របសម្រួល និងកិច្ចសហប្រតិបត្តិការអនុវត្តច្បាប់ ដើម្បីបង្ក្រាបឧក្រិដ្ឋកម្មឆ្លងដែន រួមទាំង ល្បែងឆ្លងដែនខុសច្បាប់ ការជួញដូរគ្រឿងញៀន ការរត់ពន្ធមនុស្ស និងការក្លែងបន្លំ។ចំពោះសន្តិសុខមនុស្សជាតិ ភាគីទាំងពីរបានទទួលស្គាល់ការគំរាមកំហែងជាសកលដែលបង្កឡើងដោយការប្រែប្រួលអាកាសធាតុ ហើយប្តេជ្ញាពង្រឹងការការពារបរិស្ថាន ជំរុញកិច្ចសហការ ថាមពលស្អាត រួមមានវារីអគ្គិសនី ថាមពលព្រះអាទិត្យ និងថាមពលខ្យល់។ កម្ពុជាបានវាយតម្លៃ ខ្ពស់ចំពោះជំនួយឧបត្ថម្ភរបស់ចិន ការបណ្តុះបណ្តាលធនធានមនុស្ស និងការផ្តល់ឧបករណ៍បោសសម្អាតមីន ដើម្បីជួយកម្ពុជាឱ្យសម្រេចគោលដៅកម្ពុជាមិនទទួលរងផលប៉ះពាល់ពីមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាម។ ភាគីទាំងពីរបានឯកភាពលើការផ្លាស់ប្តូរ និងកិច្ចសហប្រតិបត្តិការឱ្យស៊ីជម្រៅ ផ្នែកឱសថបុរាណ ការគ្រប់គ្រងវេជ្ជសាស្ត្រ ការបណ្តុះបណ្តាលបុគ្គលិកវេជ្ជសាស្ត្រ ការគ្រប់គ្រងជំងឺ និងវិស័យសុខាភិបាលផ្សេងៗ រួមទាំងការគាំទ្រផ្នែកសង្គ្រោះបន្ទាន់។ចំពោះការផ្លាស់ប្តូរប្រជាជន និងប្រជាជន និងវប្បធម៌ ភាគីចិនបានសន្យាផ្តល់អាហារូបករណ៍បន្ថែមទៀត និងពង្រឹងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ដើម្បីបង្កើនការងារ និងលើកកម្ពស់សហគ្រិនភាព។ ភាគីទាំងពីរបានឯកភាពយកឆ្នាំ២០២៥ ជាឆ្នាំទេសចរណ៍កម្ពុជា-ចិន និងលើកទឹកចិត្តប្រជាពលរដ្ឋខ្លួនឱ្យធ្វើដំណើររវាងប្រទេសទាំងពីរ។ ភាគីទាំងពីរនឹងរួមគ្នាអភិវឌ្ឍវិថី ទេសចរណ៍ លើកកម្ពស់ការផ្សព្វផ្សាយគោលដៅទេសចរណ៍ និងពង្រឹងកិច្ចសហប្រតិបត្តិការផ្នែក សុវត្ថិភាពទេសចរណ៍។ ភាគីទាំងពីរនឹងពង្រឹងកិច្ចខិតខំប្រឹងប្រែងជំរុញកម្មវិធីអភិរក្ស និងស្តារព្រះបរមរាជវាំងបុរាណនៅអង្គរ ក៏ដូចជាប្រាសាទព្រះវិហារ និងបេតិកភណ្ឌវប្បធម៌ដទៃទៀត។ លើសពីនេះ ភាគីទាំងពីរនឹងបង្កើតយន្តការដើម្បីសម្រួលដល់ការផ្លាស់ប្តូរទៀងទាត់រវាងនាយកដ្ឋានកិច្ចការ យុវជន និងសហភាពសហព័ន្ធយុវជន នៃប្រទេសទាំងពីរ និងធ្វើឱ្យស៊ីជម្រៅនូវកិច្ចសហប្រតិបត្តិការ រវាងធនាគារខួរក្បាល និងទីក្រុងសម្ព័ន្ធមេត្រីភាព ក្នុងគោលបំណងលើកកម្ពស់មិត្តភាពកម្ពុជា-ចិន។ចំពោះកិច្ចសហប្រតិបត្តិការអន្តរជាតិ ភាគីទាំងពីរបានផ្លាស់ប្តូរទស្សនៈលើបញ្ហាតំបន់ និង សកល ដែលជាការចាប់អារម្មណ៍និងកង្វល់រួម ហើយប្តេជ្ញាពង្រឹងកិច្ចសហប្រតិបត្តិការក្រោមក្របខណ្ឌ ពហុភាគី និងដើម្បីរួមគ្នារួមចំណែកដល់សន្តិភាព ស្ថិរភាព និងវិបុលភាពពិភពលោក។ ភាគីកម្ពុជា បានអះអាងនូវការគាំទ្រចំពោះគំនិតផ្តួចផ្តើមអភិវឌ្ឍន៍សកល (GDI) គំនិតផ្តួចផ្តើមសន្តិសុខសកល (GSI) និងគំនិតផ្តួចផ្តើមអរិយធម៌សកល (GCI) ធម៌សកល (GCI) និងបានកោតសរសើរចំពោះការប្តេជ្ញារបស់ចិន ក្នុងការអនុវត្តតំបន់បើកចំហ លើកកម្ពស់មជ្ឈភាពអាស៊ាន និងកិច្ចខិតខំប្រឹងប្រែងជំរុញភាពជាដៃគូ យុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយអាស៊ាន-ចិន ការកសាងសហគមន៍វាសនារួមអាស៊ាន-ចិន និងសហគមន៍ វាសនារួម នៃសន្តិភាព និងវិបុលភាព ក្នុងបណ្តាប្រទេសមេគង្គ-ឡានឆាង។ជាលទ្ធផលនៃដំណើរទស្សនកិច្ចនេះសេចក្តីថ្លែងការណ៍រួមរវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណៈរដ្ឋប្រជាមានិតចិន ស្តីពីការកសាងសហគមន៍វាសនារួមកម្ពុជា-ចិន គ្រប់រដូវកាល ក្នុងយុគសម័យថ្មី និងការអនុវត្តគំនិតផ្តួចផ្តើមជាសាកលទាំងបីនឹងត្រូវចេញផ្សាយនៅចុងបញ្ចប់ នៃទស្សនកិច្ច៕

ព្រះករុណាព្រះមហាក្សត្រស្តេចយាងជាព្រះរាជាធិបតីភាពព្រះរាជពិធីបួងសួងចម្រើនសេចក្តីសុខជូនព្រះរាជាណាចក្រកម្ពុជា

2025/04/14 10:18:01 am        113
នៅព្រឹកថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២៥នេះ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ព្រះអង្គសព្វព្រះរាជហឫទ័យ ស្តេចយាងជាព្រះរាជាធិបតីដ៏ខ្ពង់ខ្ពស់បំផុត ព្រះរាជពិធីបួងសួងចម្រើនសេចក្តីសុខជូនព្រះរាជាណាចក្រកម្ពុជា នាព្រឹកថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២៥ នៅបរិវេណប្រាសាទអង្គរវត្ត ខេត្តសៀមរាប។យាង និមន្ត និងចូលរួមក្នុងព្រះរាជពិធីនេះរួមមាន សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ថ្នាក់ដឹកនាំព្រឹទ្ធសភា រដ្ឋសភា រាជរដ្ឋាភិបាល បណ្តាអង្គទូតប្រចាំព្រះរាជាណាចក្រកម្ពុជា ថ្នាក់ដឹកនាំសង្ឃទាំងពីរគណៈ និងមន្ត្រីរាជការជាច្រើនរូបទៀត។សូមជម្រាបថា ការជ្រើសរើសមុខប្រាសាទអង្គរវត្ត ធ្វើជាទីតាំងសម្រាប់ប្រារព្ធព្រះរាជពិធីនេះ ដោយសារតែទីតាំងនោះមានទំនាក់ទំនងគ្នាយ៉ាងជិតស្និទ្ធរវាងកេរដំណែលប្រវត្តិសាស្ត្រ និងព្រលឹងបុព្វបុរសខ្មែរ។អង្គរវត្ត ជាទឹកដីដ៏ស័ក្ដិសិទ្ធនៃព្រលឹងបុព្វបុរសខ្មែរ និងជាទីតាំងដ៏រុងរឿងនៃប្រទេសខ្មែរកាលពីសម័យបុរាណ។ ដូច្នេះទីតាំងនៅទីនោះមានអំណោយផលល្អសម្រាប់ការប្រារព្ធព្រះរាជពិធីនេះ បួងសួងចម្រើនសេចក្តីសុខជូនដល់ព្រះរាជាណាចក្រកម្ពុជា។ ព្រះរាជពិធីនេះ បានក្លាយជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រមួយរបស់កម្ពុជាថែមទៀតផង។ព្រះរាជពិធីនេះមិនត្រឹមតែឆ្លុះបញ្ចាំងអំពីសីលធម៌របស់ប្រជាជនខ្មែរ ដែលមានការគោរពដឹងគុណចំពោះម្ចាស់ទឹកម្ចាស់ដី ទេវតារក្សាលោក និងបុព្វបុរសខ្មែរគ្រប់ជំនាន់ប៉ុណ្ណោះទេ ហើយក៏បានឆ្លុះបញ្ចាំងពីទំនៀមទម្លាប់ និងប្រពៃណីដែលជាផ្នែកមួយនៃអត្តសញ្ញាណជាតិ និងវប្បធម៌ខ្មែរ ដែលប្រជាជនតែងតែប្រារព្ធធ្វើតាមស្រុកតាមភូមិនីមួយៗ៕ការប្រារព្ធព្រះរាជពិធីនេះ ក៏ជាការរួមចំណែកផ្សព្វផ្សាយពីវប្បធម៌ខ្មែរ និងសំណង់ស្ថាបត្យកម្មខ្មែរបុរាណទៅកាន់ពិភពលោក ក៏ដូចជា ការទាក់ទាញទេសចរជាតិ និងអន្តរជាតិមកទស្សនានៅប្រទេសកម្ពុជាផងដែរ៕

សម្តេច ម៉ែន សំអន អញ្ជើញជាអធិបតីពិធីទទួល និងអំណរសាទរទេវតាឆ្នាំថ្មី ឆ្នាំម្សាញ់ ព្រះនាម «គោរាគៈទេវី»

2025/04/14 07:56:36 am        123
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីចូលរួមក្នុងពិធីទទួល និងអំណរសាទរទេវតាឆ្នាំថ្មី ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ព្រះនាម «គោរាគៈទេវី» ដែលបានប្រារព្ធធ្វើឡើងនៅមុខប្រាសាទបាយ័ន នៃខេត្តសៀមរាបត្រូវនឹង ថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២៥។ ក្នុងពិធីនេះក៏មានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈ និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា, ឯកឧត្តមឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តី អភិបាលនៃគណៈអភិបាលខេត្ត មន្រ្តីរាជការ កងកម្លាំងទាំងបីប្រភេទ និងក្រុមការងារ សសយក យ៉ាងច្រើនកុះករ។ បើតាមក្បួនច្បាប់សៀវភៅ «មហាសង្រ្កាន្ត» ថ្ងៃចន្ទ ទី១៤ ខែមេសា ឆ្នាំ២០២៥ ទេវតាឆ្នាំរោង នឹងត្រូវប្ដូរវេនថ្មីដោយទេពធីតាឆ្នាំម្សាញ់ ព្រះនាម គោរាគៈទេវី ជារាជបុត្រីទី ២ នៃកបិលមហាព្រហ្ម។ ព្រះនាង គោរាគៈទេវី ទេពធីតាឆ្នាំថ្មី ទ្រង់អម្ពរពណ៌លឿង លម្អនៅព្រះកាណ៌ដោយសៀតផ្កាអង្គារបុស្ស ព្រះហស្តស្តាំទ្រង់ព្រះខ័ន្ធ ព្រះហស្តឆ្វេងទ្រង់ឈើច្រត់ ទ្រង់គង់ផ្ទំបិទព្រះនេត្រលើខ្នងសេ្តចព្យាគ្ឃៈ (សត្វខ្លា) ជាយានជំនិះ ។ ទេពធីតាឆ្នាំថ្មីនេះទ្រង់នឹងយាងចុះមកកាន់ជម្ពូទ្វីប នាំអស់ទេវបុត្រទេពធីតា១សែនកោដ្ឋអង្គមកជាមួយនៅថ្ងៃចន្ទ ទី១៤ ខែមេសា វេលាម៉ោង ០៤:៤៨ នាទីទៀបភ្លឺ។ ចំណែកឯគ្រឿងអភរណៈទ្រង់សាយ ប្រេងធញ្ញជាតិ មានប្រេងសណ្តែក និង ប្រេងល្ងជាដើម។ ចំពោះការរៀបចំគ្រឿងរណ្តាប់តាមទំនៀមពីបុរាណរៀងមក គេត្រូវរៀបរានទទួលទេវតានៅខាងមុខផ្ទះមួយសម្រាប់ តាំងគ្រឿងពលិការផ្សេងៗ។ សូមជម្រាបថា ពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំ២០២៥ គឺមានរយៈពេល៣ថ្ងៃ ដោយរាប់ចាប់ពីថ្ងៃទី១៤ ដល់ ១៦ ខែមេសា ឆ្នាំ២០២៥។ ថ្ងៃទី១ជាថ្ងៃចូលឆ្នាំ ហៅថ្ងៃមហាសង្ក្រាន្ត, ថ្ងៃទី២ ជាថ្ងៃវារៈវ័នបត និងថ្ងៃទី៣ ជាថ្ងៃវារៈឡើងស័ក ចូលជាឆ្នាំម្សាញ់ សប្តស័ក ព.ស ២៥៦៩៕

សម្ដេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត អបអរសាទរ និងរីករាយពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ខណៈប្រទេសមានសុខសន្តិភាពពេញលេញទើបមានឱកាសប្រារព្ធពិធី​បុណ្យតូចធំ​ដូចនេះបាន

2025/04/14 07:33:53 am        125
ភ្នំពេញ៖ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃ​កម្ពុជា​នៅ​ព្រឹក​ថ្ងៃ​ទី​១៤ ខែមេសា ឆ្នាំ២០២៥នេះ បានផ្ញើសារអបអរសាទរ និងរីករាយពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណី​ជាតិ​ខ្មែរ ខណៈប្រទេសមានសុខសន្តិភាពពេញលេញ ទើបមាន​ឱកាស​ប្រារព្ធ​ពិធី​បុណ្យ​តូច​ធំ​ដូច​នេះ​បាន។ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ សម្ដេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានជូនពរបងប្អូនប្រជាពលរដ្ឋខ្មែរ ជនរួមជាតិទាំងក្នុង និងក្រៅប្រទេស សូមជួបតែសេចក្តីសុខ សេចក្តីចម្រើន លាភសំណាង និងជោគជ័យថ្មីៗក្នុងជីវិតគ្រប់ៗគ្នាពេញមួយជីវិត។ សម្ដេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជូនពរបងប្អូនប្រជាពលរដ្ឋខ្មែរ ជនរួមជាតិទាំងក្នុង និងក្រៅប្រទេស សូមធ្វើដំណើរទៅលេងស្រុកកំណើតជួបជុំក្រុមគ្រួសារ ប្រកបដោយសុខសុវត្ថិភាព និងបានសប្បាយរីករាយក្នុងឱកាសឆ្នាំថ្មីនេះ ខណៈប្រទេសយើងមានសុខសន្តិភាពពេញលេញទើបយើងមានឱកាសប្រារព្ឋពិធីបុណ្យតូចធំដូចនេះបាន។សូមជម្រាបថា ពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ “សង្ក្រាន្ត” ក្នុងរយៈពេលបីថ្ងៃ ជាឱកាសសម្រាប់ប្រជាពលរដ្ឋយើង រួមគ្នាជម្រុះចោលឱ្យជ្រះស្រឡះនូវអពមង្គលឧបទ្រពចង្រៃ និងមន្ទិលហ្មងសៅទាំងពួង ក្នុងឆ្នាំចាស់ ឆ្នាំរោង ឆស័ក ដែលបានកន្លងផុតទៅ ហើយតាំងចិត្តជាថ្មីក្នុងការប្រព្រឹត្តអំពើល្អ ប្រកបដោយមេត្តា ករុណា មុទិតា ឧរបក្ខា និងបញ្ញាចាប់ពីឆ្នាំថ្មីនេះតទៅ។សម្ដេចតេជោ មានប្រសាសន៍ថា បច្ចុប្បន្ន ព្រះរាជាណាចក្រកម្ពុជាកំពុងធ្វើដំណើរឈានទៅមុខលើមាគ៌ាសន្តិភាព ប្រជាធិបតេយ្យ នីតិរដ្ឋ និងអភិវឌ្ឍន៍ ដើម្បីកសាងអនាគតរបស់ខ្លួនឱ្យក្លាយជាអរិយប្រទេសមួយស្មើមុខស្មើមាត់ដូចបណ្តាប្រទេស ជឿនលឿនលើពិភពលោក។ ប្រជាជនកម្ពុជាកំពុងរួមសាមគ្គីជាធ្លុងមួយក្រោមដំបូលរដ្ឋធម្មនុញ្ញនិងម្លប់ដ៏ត្រជាក់ នៃព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត និងកំពុងរួមសាមគ្គីគាំទ្រដល់រាជរដ្ឋាភិបាលសម្រាប់នីតិកាលទី៧ នៃរដ្ឋសភា ឱ្យសម្រេចបានសមិទ្ធផលថ្មីៗទៀតលើមនុញ្ញផល ក្រោមម្លប់សន្តិភាព ក្នុងការកសាងនិងការពារមាតុភូមិ ក៏ដូច ការលើកស្ទួយជីវភាពរបស់ប្រជាជនខ្លួនប្រកបដោយការប្តេជ្ញាចិត្តយ៉ាងមុតមាំ ដើម្បីពន្លឿនកិច្ចអភិវឌ្ឍសង្គម សេដ្ឋកិច្ច និងជំរុញការអនុវត្តកំណែទម្រង់ឱ្យកាន់តែស៊ីជម្រៅ និងទូលំទូលាយ ឆ្ពោះទៅសម្រេចចក្ខុវិស័យជា ប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងជាប្រទេសមានចំណូលខ្ពស់នៅឆ្នាំ២០៥០។ នៅក្នុង មហាសន្និបាតអង្គការសហប្រជាជាតិ នាថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៤ ព្រះរាជាណាចក្រកម្ពុជាបានជាប់ឆ្នោតជា សមាជិកនៃគណៈកម្មាធិការចាត់តាំងនៃគណៈកម្មការកសាងសន្តិភាពអង្គការសហប្រជាជាតិសម្រាប់អាណត្តិ ២០២៥-២០២៦ និងបានអនុម័តសេចក្តីសម្រេចសម្រាប់ការចាកចេញរបស់កម្ពុជាពីក្រុមប្រទេសអភិវឌ្ឍ តិចតួចជាផ្លូវការ នៅថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៩៕

យប់មិញសម្ដេចធិបតីឆ្លៀតជិះរម៉កកង់បីមើលទិដ្ឋភាពជាក់ស្ដែងនៅក្នុងការរៀបចំអបអរសាទរឆ្នាំថ្មីក្នុងក្រុងសៀមរាប

2025/04/14 07:08:52 am        66
សៀមរាប៖ នៅយប់ថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២៥នេះ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃកម្ពុជា បានឆ្លៀតជិះរម៉កកង់បីមើលទិដ្ឋភាពជាក់ស្ដែងនៅក្នុងការរៀបចំអបអរសាទរឆ្នាំថ្មីក្នុងក្រុងសៀមរាប ក៏ដូចជាការដើរកំសាន្តរបស់ប្រជាពលរដ្ឋនៅក្នុងក្រុងសៀមរាប រួមទាំងនៅ Pub Street។ក្នុងឱកាសនោះសម្ដេចធិបតី នាយករដ្ឋមន្រ្ដីបានបង្ហាញក្ដីសប្បាយរីករាយដែលបានឃើញនូវការសហការគ្នាយ៉ាងល្អរវាងរដ្ឋបាលខេត្តសៀមរាប វិស័យឯកជននិងប្រជាពលរដ្ឋនៅក្នុងក្រុងសៀមរាបផ្ទាល់ ដែលបានរួមគ្នារៀបចំតុបតែងលម្អបានយ៉ាងស្អាត ក៏ដូចជាបង្កលក្ខណៈឲ្យមានការលក់ដូរ និងសកម្មភាពកុំកម្សាន្តនៅតាមបណ្ដោយស្ទឹងសៀមរាប និងនៅតាមកន្លែងផ្សេងទៀតនៅក្នុងក្រុង។ សម្ដេចថ្លែងថា ទោះជាម៉ោងយប់ជ្រៅបន្តិច ប៉ុន្តែក៍នៅមានប្រជាពលរដ្ឋ ភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិដើរលេងកម្សាន្តយ៉ាងច្រើនកុះករ និងមានការបង្គំតន្ត្រីកម្សាន្តផង។ សម្ដេចធិបតី នាយករដ្ឋមន្រ្ដីមានប្រសាសន៍ថា សម្ដេចមានការរំភើបណាស់ដែលការសម្រេចចិត្តក្នុងការរៀបចំព្រឹត្តិការណ៍អង្គរសង្ក្រាន្តឆ្នាំនេះនៅខេត្តសៀមរាប បន្ថែមលើសង្ក្រាន្តនៅតាមបណ្ដារាជធានី-ខេត្តទូទាំងប្រទេស ដែលព្រឹត្តិការណ៍នេះបានបង្កលក្ខណៈឲ្យសកម្មភាពសេដ្ឋកិច្ចនៅក្នុងខេត្តសៀមរាប ជាពិសេសនៅក្នុងក្រុងសៀមរាបមានភាពរស់រវើក និងជួយដល់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ជាពិសេសអ្នកលក់ដូរ និងអ្នកប្រកបរបរនានានៅក្នុងវិស័យទេសចរណ៍ នៅក្នុងក្រុងសៀមរាប និងនៅតំបន់ជុំវិញផងដែរ។ សម្ដេចនាយករដ្ឋមន្រ្ដីមានប្រសាសន៍ថា៖«ដំបូងរូបខ្ញុំក្លែងបន្លំខ្លួនដោយពាក់មួក និងពាក់ម៉ាស់កុំអោយគេចាប់ស្គាល់ ប៉ុន្តែនៅតែគេចមិនរួចពីក្រសែភ្នែករបស់បងប្អូនប្រជាពលរដ្ឋ អញ្ចឹងបានទទួលទាំងទឹក ទាំងម្ស៉ៅផងដែរ»។សម្ដេចនាយករដ្ឋមន្រ្ដីបានកោតសរសើរចំពោះបងប្អូនប្រជាពលរដ្ឋទាំងអស់ ដែលបានចូលរួមអបអរសាទរបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិដោយសប្បាយរីករាយ ប្រកបដោយការគោរពគ្នាទៅវិញទៅមក។ សម្ដេចក៏សូមអរគុណចំពោះសមត្ថកិច្ចទាំងអស់ដែលបានការពារសន្តិសុខសណ្ដាប់ធ្នាប់បានយ៉ាងល្អ ដែលបង្កលលក្ខណៈឲ្យបងប្អូនប្រជាពលរដ្ឋ ទាំងភ្ញៀវទេសចរណ៍ជាតិនិងអន្តរជាតិ បានដើរកំសាន្តដោយសប្បាយរីករាយ និងប្រកបដោយភាពកក់ក្តៅ៕

សម្ដេចធិបតីឱ្យសមត្ថកិច្ចពាក់ព័ន្ធតាមច្រកទ្វារព្រំដែនកម្ពុជា-ថៃយកចិត្តទុកដាក់សម្រួល​ដល់​ពលរដ្ឋ​មកស្រុកកំណើត

2025/04/11 01:18:05 pm        101
នៅព្រឹកថ្ងៃទី១១ ខែមេសានេះ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃកម្ពុជា បានណែនាំដល់សមត្ថកិច្ចពាក់ព័ន្ធទាំងអស់នៅតាមបណ្ដាច្រកទ្វារព្រំដែនកម្ពុជា-ថៃ ខិតខំ​យកចិត្តទុកដាក់ជួយសម្រួលដល់លំហូររបស់ប្រជាពលរដ្ឋដែលធ្វើដំណើរចូលមកប្រទេសដើម្បីអបអរសាទរឆ្នាំថ្មី និងធ្វើដំណើរត្រឡប់ទៅវិញក្រោយពេលចូលឆ្នាំ ជាពិសេសគឺមិនឱ្យមានការយកកម្រៃនោះទេ។សម្ដេចធិបតី នាយករដ្ឋមន្រ្ដីបានមានប្រសាសន៍ថា តបតាមសំណើរបស់រាជរដ្ឋាភិបាលកម្ពុជា រាជរដ្ឋាភិបាលថៃបានឯកភាពលើកលែងការយកកម្រៃសេវ៉ាចេញចូល(re-entry fee) ពីប្រជាពលករខ្មែរដែលត្រឡប់មកលេងស្រុកកំណើតក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីយ៍ជាតិខ្មែរនាឆ្នាំនេះ ដែលអនុវត្តចាប់ពីថ្ងៃទី១ ខែមេសា ដល់ថ្ងៃទី១៥ ខែឧសភាឆ្នាំ២០២៥។ 

ឯកឧត្តម ប៉ែន បូណា៖ កត្តាសុខសន្ដិភាពធ្វើឱ្យកម្ពុជាអាចបន្តរៀបចំ​មហាព្រឹត្តិការណ៍​អង្គរសង្ក្រាន្ត​ដ៏ធំក្នុងឆ្នាំនេះ

2025/04/11 11:59:24 am        87
ឯកឧត្តម ប៉ែន បូណា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធានអង្គភាព​អ្នកនាំ​ពាក្យ​រាជ​រដ្ឋាភិបាល មានប្រសាសន៍បញ្ជាក់ថា ដោយសារកត្តាសុខសន្ដិភាព ទើបកម្ពុជា​អាច​ប្រារព្ធ​មហា​ព្រឹត្តិការណ៍​អង្គរសង្រ្កាន្ត និងពិធីបុណ្យជាតិធំៗនៅទូទាំងប្រទេសយ៉ាងសប្បាយរីករាយ ស្រប​ពេល​ដែលកម្ពុជានៅបន្តរក្សាបាននូវកំណើនសេដ្ឋកិច្ចល្អ។តាមរយៈកិច្ចសម្ភាសន៍ជាមួយ BTV កាលពីពេលថ្មីៗ ឯកឧត្តម ប៉ែន បូណា បានលើកឡើងថា តម្លៃ​សន្តិភាពនៅកម្ពុជា មិនត្រឹមតែមានប្រយោជន៍សម្រាប់ប្រជាពលរដ្ឋខ្មែរប៉ុណ្ណោះទេ ប៉ុន្តែ​ត្រូវ​បាន​ទទួល​ស្គាល់ជាសកល ហើយសុខសន្តិភាពពេញលេញ និងរយៈពេលយូរ ជា​ផ្លែ​ផ្កា​នៃ​នយោបាយ​ ឈ្នះ ឈ្នះ របស់សម្ដេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្ដី និងជាប្រធាន​ព្រឹទ្ធសភា​នៃ​កម្ពុជា។ ឯកឧត្តម ប៉ែន បូណា បានបញ្ជាក់ថា ប្រទេសកម្ពុជា​យើង​សំណាង​ណាស់​ដែល​មាន​មេ​ដឹកនាំ​ខ្លាំង​ពូកែ​ដូចជាសម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីបច្ចុប្បន្នដែលបានកសាងប្រទេសឡើងវិញពីចំណុចក្រោមសូន្យឱ្យរីកលូតលាស់ដូច​សព្វថ្ងៃ ហើយឈរយ៉ាងរឹងមាំដើម្បីការពារសុខសន្តិភាព និងភាពសុខសានរបស់ប្រជាពលរដ្ឋ ក៏​ដូច​ជា​ទប់ស្កាត់កុំឱ្យមនុស្សទ្រុស្តប្រយោជន៍ជាតិមានអត្ថិភាពនៅលើទឹកដីកម្ពុជា។ តាមរយៈកិច្ចសម្ភាសន៍ ឯកឧត្តម ប៉ែន បូណា ថ្លែងបញ្ជាក់ថា ប្រជាពលរដ្ឋកម្ពុជា ជឿជាក់​លើ​រាជ​រដ្ឋាភិបាល​ដឹកនាំដោយសម្តេចធិបតី ហ៊ុន ម៉ាណែត ដែលកំពុងដឹកនាំ​ប្រទេស​ឈាន​ឆ្ពោះ​ទៅ​សម្រេច​ចក្ខុ​វិស័យកម្ពុជាឆ្នាំ២០៥០ ក្លាយជាប្រទេសដែលមានចំណូលខ្ពស់។ យើង​ទាំង​អស់​គ្នា​ឈរ​នៅ​ជា​មួយ​រាជ​រដ្ឋាភិបាល និង​គាំទ្រ​រាជ​រដ្ឋាភិបាល​នៅ​គ្រប់​កាលៈ​ទេសៈ​ ដើម្បី​អនាគត​របស់​យើង និងកូនចៅយើង៕ អត្ថបទ៖ វ៉ន ដារ៉ា

ឯកឧត្តមប្រធានាធិបតីចិន ស៊ី ជីនពីង នឹងអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅកម្ពុជាពីថ្ងៃទី១៧-១៨ ខែមេសានេះ

2025/04/11 10:46:57 am        154
ភ្នំពេញ៖ តបតាមការអញ្ជើញរបស់ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ឯកឧត្តម ស៊ី ជីនពីង ប្រធានាធិបតី នៃសាធារណរដ្ឋ ប្រជាមានិតចិន នឹងអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅព្រះរាជាណាចក្រកម្ពុជា ពីថ្ងៃទី១៧ ដល់១៨ ខែមេសា ឆ្នាំ២០២៥នេះ។ក្នុងដំណើរទស្សនកិច្ចនេះ ឯកឧត្តម ប្រធានាធិបតី ស៊ី ជីនពីង នឹងចូលគាល់ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង និងសម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជ មាតាជាតិខ្មែរ នៅព្រះបរមរាជវាំង។ ឯកឧត្តមនឹងជួបពិភាក្សាជាមួយសម្តេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាមួយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ស្តីពីការពង្រឹងពង្រីកទំនាក់ទំនងទ្វេភាគី និងផ្លាស់ប្តូរយោបល់ អំពីបញ្ហា តំបន់ និងអន្តរជាតិ ដែលមានការចាប់អារម្មណ៍ដូចគ្នា។ដំណើរទស្សនកិច្ចផ្លូវរដ្ឋនេះជាព្រឹត្តិការណ៍ដ៏សំខាន់ ដែលនឹងធ្វើឱ្យកាន់តែរឹងមាំថែមទៀត នូវចំណងមិត្តភាពជាប្រពៃណីដែលត្រូវបានកសាងឡើងដោយថ្នាក់ដឹកនាំជាបន្តបន្ទាប់ នៃប្រទេស ទាំងពីរ។ ទស្សនកិច្ចនេះក៏នឹងបង្កើនសារៈសំខាន់បន្ថែមទៀតដល់ចំណងមិត្តភាពដែកថែប និងភាព ជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ រវាងប្រជាជាតិទាំងពីរ៕

សម្ដេចធិបតី នាយករដ្ឋមន្រ្ដី បង្កើតក្រុមការងារចំពោះកិច្ចសម្របសម្រួលទំនាក់ទំនង ពាណិជ្ជកម្ម និងវិនិយោគទ្វេភាគីកម្ពុជា-សហរដ្ឋអាម៉េរិក ដោយមានឯកឧត្តម ស៊ុន ចាន់ថុល ជាប្រធាន

2025/04/10 04:00:27 pm        161
ភ្នំពេញ៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃកម្ពុជា នៅថ្ងៃទី១០ ខែមេសា ឆ្នាំ ២០២៥នេះ បានចេញសេចក្តីសម្រេច ស្តីពី ការបង្កើតក្រុមការងារ​ចំពោះ​កិច្ច​សម្រប​សម្រួល​ទំនាក់​ទំនង ពាណិជ្ជកម្ម និងវិនិយោគទ្វេភាគីកម្ពុជា-សហរដ្ឋអាម៉េរិក ក្នុងនោះមាន ឯកឧត្តម​ឧប​នាយករដ្ឋ​មន្ត្រី ស៊ុន ចាន់ថុល ជាប្រធាន។ សម្ដេចសម្រេចបានបញ្ជាក់ថា ក្រុមការងារចំពោះកិច្ចសម្របសម្រួលទំនាក់ទំនងពាណិជ្ចកម្ម និងវិនិយោគទ្វេភាគីកម្ពុជា-សហរដ្ឋអាមេរិច ដែលនឹងត្រូវដឹកនាំដោយឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល មានភារកិច្ចក្នុងការសម្របសម្រួល ចរចា និងជំរុញទំនាក់ទំនងពាណិជ្ជកម្មទ្វេភាគីកម្ពុជា-សហរដ្ឋអាមេរិច, សម្របសម្រួល និងជំរុញការវិនិយោគរបស់សហរដ្ឋអាមេរិចនៅកម្ពុជា, សហការសម្របសម្រួលជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធ ស្ថានទូតនៃព្រះរាជាណាចក្រកម្ពុជាប្រចាំសហរដ្ឋអាមេរិច និងសភាពាណិជ្ជកម្មសហរដ្ឋអាមេរិចប្រចាំកម្ពុជា, សិក្សាវាយតម្លៃ លើកយោបល់ និងធ្វើរបាយការណ៍នៃលទ្ធផលការងារជូនប្រមុខរាជររដ្ឋាភិបាល។សេចក្ដីសម្រេចបានបញ្ជាក់ថា ក្រុមការងារចំពោះកិច្ចសម្របសម្រួលទំនាក់ទំនងពាណិជ្ជកម្ម និងវិនិយោគទ្វេភាគីកម្ពុជា-សហរដ្ឋអាមេរិចនេះ គឺរៀបចំឡើងក្រោមការដឹកនាំ និងគិតគូរយ៉ាងច្បាស់លាស់របស់ សម្តេចបវរធិបតីនាយករដ្ឋមន្ត្រី សំដៅរៀបចំ និងជំរុញការបើកការចរចាជាមួយភាគីពាក់ព័ន្ធរបស់សហរដ្ឋអាមេរិចនាពេលឆាប់ៗខាងមុខនេះ អំពីការអនុវត្តពន្ធគយបដិការ (Reciprocal Tariffs) រវាងប្រទេសទាំងពីរ ពិសេសជំរុញការវិនិយោគ និងលើកកម្ពស់ផលប្រយោជន៍ប្រទេស និងប្រជាជនទាំងពីរ៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា អនុញ្ញាតឲ្យឯកអគ្គរដ្ឋទូតអូស្រ្តាលី ប្រចាំនៅកម្ពុជា ជួបពិភាក្សាការងារ
04/18/2025 10:04 PM
ក្រុមជំនួយ៖ កុមារហ្កាហ្សារស់រានដោយសារអាហារតិចជាង ១ដង ក្នុង ១ថ្ងៃ
04/18/2025 09:04 PM
ក្រុមបុរាណវិទូរកឃើញប្រាសាទអាយុកាល ៤ពាន់ឆ្នាំមានសាកសពមនុស្សបូជាយញ្ញនៅប្រទេសប៉េរូ
04/18/2025 08:04 PM
ជនប៉ាឡេស្ទីននាំគ្នាកាន់ទុក្ខសាច់ញាតិស្លាប់ក្នុងការវាយប្រហាររបស់អ៊ីស្រាអែលនៅទីក្រុង Jabalia
04/18/2025 08:04 PM
អនុប្រធានាធិបតីអាមេរិកមានសុទិដ្ឋិនិយមថាសង្រ្គាមរុស្ស៊ី-អ៊ុយក្រែន អាចនឹងបញ្ចប់
04/18/2025 08:04 PM
អ៊ីរ៉ង់៖ កិច្ចព្រមព្រៀងនុយក្លេអ៊ែរ អាចកើតឡើងបាន បើទីក្រុងវ៉ាស៊ីនតោនប្រាកដនិយម
04/18/2025 07:04 PM
ទីប្រឹក្សា៖ ប៉ាគីស្ថានបណ្តេញជនជាតិអាហ្វហ្កានីស្ថានជាង ៨០.០០០នាក់ ជាការជំរុញនៅមុនថ្ងៃកំណត់ទី៣០ ខែមេសា
04/18/2025 07:04 PM
កងទ័ពអ៊ីស្រាអែលអះអាងថា កាំជ្រួចផ្លោងត្រូវបានបាញ់ចេញពីប្រទេសយេម៉ែន
04/18/2025 07:04 PM
ប្រភពការទូត៖ រ៉្វាន់ដាអនុញ្ញាតឲ្យទាហានអាហ្រ្វិកភាគខាងត្បូង នៅកុងហ្គោ ឆ្លងកាត់ទៅតង់ហ្សានី
04/18/2025 07:04 PM
នាយករដ្ឋមន្ត្រីវៀតណាម សរសើរ «ចំណងទាក់ទងពិសេស» ជាមួយអាមេរិក ប៉ុន្មានថ្ងៃក្រោយស្វាគមន៍មេដឹកនាំចិន
04/18/2025 07:04 PM