តំណាងអង្គការយូណេស្កូប្រចាំកម្ពុជាប្ដេជ្ញាបន្តពង្រឹងនិងពង្រីកភាពជាដៃគូជាមួយកម្ពុជា ឱ្យកាន់តែរីកចម្រើនថែមទៀត
ឯកអគ្គរដ្ឋទូតឡាវថ្មី ប្រចាំកម្ពុជា ប្ដេជ្ញាពង្រឹងនិងពង្រីកទំនាក់ទំនងជាមួយកម្ពុជាថែមទៀត
កម្ពុជា និងអាស៊ែបៃហ្សង់ ឯកភាពជំរុញ​ ទំនាក់ទំនង​ និងកិច្ចសហប្រតិបត្តិការទ្វេភាគីឱ្យកាន់តែរីកចម្រេីន
ប្រធានក្រុមការងារគណបក្សប្រជាជនចុះមូលដ្ឋាន ប្រកាសបញ្ចូល​សមាជិក​គណបក្ស​ថ្មីជាង ១៥០០នាក់នៃឃុំចំនួន៥ ក្នុងស្រុកកំពង់សៀម ខេត្តកំពង់ចាម

នយោបាយ​ និង ការអភិវឌ្ឍន៍

មន្ត្រីហ្វីលីពីន ចេញបញ្ជាជម្លៀសប្រជាជន និងជំរុញឱ្យមានការប្រុងប្រយ័ត្ន ក្រោយបន្ទុះភ្នំភ្លើង

2024/06/04 09:46:09 am        85
អាជ្ញាធរហ្វីលីពីន បានបញ្ជាឱ្យជម្លៀសប្រជាជនដែលរស់នៅក្បែរភ្នំភ្លើងមួយនៅភាគកណ្តាលប្រទេសហ្វីលីពីន នៅថ្ងៃអង្គារ (០៤ មិថុនា) នេះ បន្ទាប់ពីការផ្ទុះដែលបានបញ្ជូនពពកផេះកម្ពស់ ៥ គីឡូម៉ែត្រទៅលើមេឃ។ក្រុមមន្ត្រីរដ្ឋាភិបាលបានព្រមានពីលទ្ធភាពនៃការផ្ទុះភ្នំភ្លើង កាន់ឡាអន (Kanlaon) បន្ថែមទៀត ការធ្លាក់សំណុំផេះដ៏គ្រោះថ្នាក់ និងចំហាយក្លិនស្ពាន់ធ័រ។ ពួកគេក៏បានព្រមានផងដែរថាទន្លេនៅខាងក្រោមភ្នំភ្លើងមានហានិភ័យនៃទឹកជំនន់យ៉ាងគំហុក ល្បប់ភក់ និងគ្រោះថ្នាក់ផ្សេងទៀត។នៅក្នុងខេត្ត ណេក្រូស អកស៊ីឌែនតាល់ (Negros Occidental) ដែលនៅជិតនោះ មនុស្សជាង ៧០០ នាក់កំពុងជ្រកកោននៅក្នុងមជ្ឈមណ្ឌលជម្លៀស នេះបើតាមអភិបាលក្រុង ហូសេ ឡាកសុន (Jose Lacson) បានប្រាប់ស្ថានីយវិទ្យុ DWPM ។ ការផ្ទុះរយៈពេល ៦ នាទីនេះបានជំរុញឱ្យមានការផ្អាកការងារ និងសាលារៀននៅក្នុងទីក្រុង កាន់ឡាអន ខណៈដែលក្រុមហ៊ុនអាកាសចរណ៍ចំនួន ៣ បានលុបចោលជើងហោះហើរចំនួន ៣២ ជើងនៅថ្ងៃអង្គារនេះ។ទីភ្នាក់ងាររញ្ជួយដីរបស់រដ្ឋបានបង្កើនកម្រិតប្រកាសអាសន្នសម្រាប់ភ្នំភ្លើងនេះ ដោយលើកឡើងថាការផ្ទុះបន្ថែមទៀតអាចកើតឡើង ខណៈក្រុមឆ្លើយតបត្រូវបានដាក់ពង្រាយនៅក្នុងតំបន់ដែលរងផលប៉ះពាល់ដើម្បីជម្លៀសអ្នកស្រុកទៅកាន់កន្លែងមានសុវត្ថិភាព។ ភ្នំភ្លើង កាន់ឡាអន ដែលជាភ្នំភ្លើងបន្ទុះសកម្មមួយក្នុងចំណោមពីររបស់ប្រទេសនេះ បានផ្ទុះចុងក្រោយនៅក្នុងខែធ្នូ ឆ្នាំ២០១៧។ ប្រទេសហ្វីលីពីន ស្ថិតនៅក្នុងតំបន់កងភ្លើងប៉ាស៊ីហ្វិក ជាទីដែលមានសកម្មភាពបន្ទុះភ្នំភ្លើង និងការរញ្ជួយដីខ្ពស់៕

កូរ៉េខាងត្បូង នឹងផ្អាកកិច្ចព្រមព្រៀងយោធាជាមួយកូរ៉េខាងជើង ជុំវិញបញ្ហាបាឡុងសំរាម

2024/06/04 08:31:45 am        167
ការិយាល័យប្រធានាធិបតី បាននិយាយកាលពីថ្ងៃចន្ទ (០៣ មិថុនា) ថា ប្រទេសកូរ៉េខាងត្បូង គ្រោងនឹងផ្អាកកិច្ចព្រមព្រៀងយោធា ដែលបានចុះហត្ថលេខាជាមួយកូរ៉េខាងជើង ក្នុងឆ្នាំ២០១៨ ក្នុងគោលបំណងបន្ធូរបន្ថយភាពតានតឹង បន្ទាប់ពីទីក្រុងសេអ៊ូល បានព្រមានពីការឆ្លើយតបដ៏ខ្លាំងក្លាចំពោះបាឡុងដឹកសំរាមដែលបង្ហោះដោយទីក្រុងព្យុងយ៉ាង ទៅកាន់កូរ៉េខាងត្បូង។កូរ៉េខាងជើង បានបង្ហោះបាឡុងដឹកសំរាមរាប់រយគ្រឿងរសាត់តាមខ្យល់ឆ្លងកាត់ព្រំដែន ដែលបានទម្លាក់សំរាមពាសពេញទីក្រុងសេអ៊ូល ហើយកូរ៉េខាងត្បូង ហៅបាឡុងនោះថាជាការបង្កហេតុ និងបានច្រានចោលការអះអាងរបស់ទីក្រុងព្យុងយ៉ាង ដែលថាធ្វើឡើងដើម្បីបង្កការរំខានដល់អ្នកជិតខាងរបស់ខ្លួន។ក្រុមប្រឹក្សាសន្តិសុខជាតិបាននិយាយថា ខ្លួននឹងលើកផែនការផ្អាកទាំងស្រុងនៃកិច្ចព្រមព្រៀងយោធាសម្រាប់ការអនុម័តដោយគណៈរដ្ឋមន្ត្រីនៅក្នុងកិច្ចប្រជុំមួយនៅថ្ងៃអង្គារ (០៤ មិថុនា) នេះ។ក្រុមប្រឹក្សាបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ការផ្អាកកិច្ចព្រមព្រៀងនេះនឹងត្រួសត្រាយផ្លូវសម្រាប់កូរ៉េខាងត្បូង ក្នុងការធ្វើការហ្វឹកហ្វឺននៅជិតព្រំដែនយោធា និងចាត់វិធានការឱ្យបានគ្រប់គ្រាន់ និងជាបន្ទាន់ ដើម្បីឆ្លើយតបទៅនឹងការបង្កហេតុរបស់កូរ៉េខាងជើង។កតិកាសញ្ញា ដែលជាកិច្ចព្រមព្រៀងដ៏សំខាន់បំផុតកើតឡើងបន្ទាប់ពីកិច្ចប្រជុំកំពូលជាប្រវត្តិសាស្ត្រអស់ជាច្រើនខែរវាងកូរ៉េទាំងពីរក្នុងឆ្នាំ២០១៨ នេះ ត្រូវបានរង្គោះរង្គើរនៅពេលដែលទីក្រុងព្យុងយ៉ាង បានប្រកាសកាលពីឆ្នាំមុនថាខ្លួនលែងគោរពតាមកិច្ចព្រមព្រៀងនោះទៀតហើយ។ ចាប់តាំងពីពេលនោះមក ខាងជើងបានដាក់ពង្រាយទាហាន និងសព្វាវុធនៅប៉ុស្តិ៍យាមក្បែរព្រំដែនយោធារវាងប្រទេសទាំងពីរ៕

ចិន បដិសេធការដាក់សម្ពាធលើប្រទេសដទៃ ជុំវិញជំនួបកំពូលសន្តិភាពអ៊ុយក្រែន

2024/06/04 08:10:38 am        220
ប្រទេសចិនកាលពីថ្ងៃចន្ទទី៣មិថុនាសប្ដាហ៍នេះ បានបដិសេធការចោទប្រកាន់របស់ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelensky ដែលថាខ្លួនកំពុងព្យាយាមរារាំងប្រទេសផ្សេងទៀតមិនឱ្យចូលរួមក្នុងកិច្ចប្រជុំកំពូលសន្តិភាព ដែលបានគ្រោងទុកស្តីពីសង្គ្រាមនៅអ៊ុយក្រែន។លោក Zelensky បាននិយាយនៅឯវេទិកាសន្តិសុខក្នុងប្រទេសសិង្ហបុរីកាលពីថ្ងៃអាទិត្យថា ទីក្រុង ប៉េកាំង កំពុងធ្វើការយ៉ាងលំបាកនៅពេលបច្ចុប្បន្ននេះ ដើម្បីរារាំងប្រទេសនានាមិនឱ្យចូលរួមកិច្ចប្រជុំកំពូលសន្តិភាព ដែលប្រទេសស្វីសនឹងត្រូវធ្វើជាម្ចាស់ផ្ទះ នៅសៅរ៍ទី១៥ ដល់ ថ្ងៃអាទិត្យទី១៦ មិថុនាខាងមុខនេះ។ ទីក្រុង គីវ (Kyiv) សង្ឃឹមថា កិច្ចប្រជុំកំពូលនេះ នឹងជួយឱ្យខ្លួនទទួលបានការគាំទ្រពីអន្តរជាតិយ៉ាងច្រើន សម្រាប់ចក្ខុវិស័យរបស់ខ្លួនអំពីលក្ខខណ្ឌដែលត្រូវការដើម្បីបញ្ចប់សង្រ្គាមរបស់រុស្ស៊ី។ប្រទេសចិនបានរិះគន់សន្និសីទនេះកាលពីសប្តាហ៍មុន ដោយនិយាយថា វានឹងមានការលំបាកសម្រាប់ខ្លួន ក្នុងការចូលរួម ប្រសិនបើរុស្ស៊ីមិនបានចូលរួមនោះ។ក្រសួងការបរទេសរបស់ទីក្រុងប៉េកាំងបាននិយាយកាលពីថ្ងៃចន្ទដើមប្ដាហ៍នេះថា ជំហររបស់ចិនគឺបើកចំហ និងមានតម្លាភាព ហើយគ្មានឧទាហរណ៍ណាមួយដែលយើងដាក់សម្ពាធលើប្រទេសផ្សេងៗនោះទេ។តាមរយៈអ្នកនាំពាក្យលោកស្រី ម៉ៅ នីង បានបញ្ជាក់ថា ប្រទេសចិន បានការពារជម្រើសរបស់ខ្លួនដែលមិនចូលរួមកិច្ចប្រជុំកំពូលស្ដីពីសន្តិភាពអ៊ុយក្រែននៅខែនេះ ដោយនិយាយថាការសម្រេចចិត្តនេះ គឺពុំបានប្រឆាំងដោយផ្ទាល់ចំពោះភាគីណាមួយទេ៕

ប្រមុខ និងប្រមុខរងរបស់អាជ្ញាធរនៃរដ្ឋធានីថ្មីរបស់ប្រទេសឥណ្ឌូនេស៊ី លាលែងពីតំណែង

2024/06/03 02:38:25 pm        122
រដ្ឋមន្ត្រីលេខាធិការដ្ឋានរដ្ឋ របស់ឥណ្ឌូនេស៊ី បាននិយាយនៅថ្ងៃចន្ទ (០៣ មិថុនា) នេះថា ប្រធាន និងអនុប្រធាននៃអាជ្ញាធររដ្ឋធានីថ្មីរបស់ប្រទេសឥណ្ឌូនេស៊ី ដែលជាអ្នកមើលការខុសត្រូវលើគម្រោងតម្លៃ ៣២ ពាន់លានដុល្លារ បានលាលែងពីតំណែង។ ការលាលែងពីតំណែងនេះកើតឡើងមុនការប្រារព្ធពិធីដែលគ្រោងទុករបស់លោកប្រធានាធិបតីជិតអស់អាណត្តិ ចូកូ វីដូដូ (Joko Widodo) នៅរដ្ឋធានីថ្មី ដែលមានឈ្មោះថា នូសានតារ៉ា (Nusantara) នៅថ្ងៃបុណ្យឯករាជ្យឥណ្ឌូនេស៊ី នៅថ្ងៃទី១៧ ខែសីហា ខាងមុខនេះ។លោក បាមបាង ស៊ូសានតូណូ (Bambang Susantono) អតីតមន្ត្រីនៅធនាគារអភិវឌ្ឍន៍អាស៊ីដែលជាប្រធានដឹកនាំគម្រោងរដ្ឋធានីថ្មី និងលោក ដូនី រ៉ាហាចូ (Dhony Rahajoe) ស្ថាបត្យករឥណ្ឌូនេស៊ី និងជាអតីតអ្នកអភិវឌ្ឍន៍អចលនទ្រព្យ ដែលជាអនុប្រធានអាជ្ញាធរ ត្រូវបានចាត់តាំងឱ្យពន្លឿនការសាងសង់រដ្ឋធានីថ្មីនេះ ហើយមិនមានហេតុផលសម្រាប់ការលាលែងពីតំណែងនៃមន្រ្តីទាំងពីររូបនេះត្រូវបានផ្ដល់ឱ្យនោះទេ។ការលាលែងពីតំណែងនេះកើតឡើងស្របពេលដែលមានកង្វះខាតថវិកាឯកជនសម្រាប់គម្រោងដ៏មហិច្ឆតានៃរដ្ឋធានីថ្មី កំពុងត្រូវបានសាងសង់នៅតំបន់ដាច់ស្រយាល និងតំបន់ព្រៃ កាលីម៉ាន់តាន់ (Kalimantan) លើផ្នែកឥណ្ឌូនេស៊ីនៃកោះ ប័រនេអូ (Borneo)។រដ្ឋាភិបាលបាននិងកំពុងប្រជែងគ្នាក្នុងការសាងសង់ហេដ្ឋារចនាសម្ព័ន្ធ ដែលតម្រូវឱ្យមានសម្រាប់ការផ្លាស់ប្តូរទីតាំងមន្ត្រីរាជការចំនួន ១២.០០០ នាក់ដំបូងក្នុងខែកញ្ញានេះ ប៉ុន្តែផែនការនេះពីមុនត្រូវបានពន្យារពេលពីរដងហើយ ដោយបង្កឱ្យមានការសង្ស័យជាច្រើនលើគម្រោងចុះហត្ថលេខារបស់ប្រធានាធិបតីមួយនេះ៕

អាមេរិករំពឹងថា អ៊ីស្រាអែលនឹងទទួលយកផែនការបទឈប់បាញ់នៅហ្កាហ្សា ប្រសិនបើក្រុមហាម៉ាសព្រមទទួល

2024/06/03 02:34:51 pm        118
មន្ត្រីសេតវិមានជាន់ខ្ពស់មួយរូប បាននិយាយថា សហរដ្ឋអាមេរិក មាន«ការរំពឹងទុក»ថា អ៊ីស្រាអែល នឹងទទួលយកសំណើបទឈប់បាញ់ ដែលនឹងចាប់ផ្តើមជាមួយនឹងការបញ្ឈប់អរិភាពរយៈពេល ៦សប្តាហ៍ នៅក្នុងតំបន់ហ្កាហ្សា ប្រសិនបើក្រុមហាម៉ាស ទទួលយកកិច្ចព្រមព្រៀងនេះ។ផែនការបីផ្នែកដែលបានបង្ហាញដោយលោកប្រធានាធិបតី ចូ បៃដិន កាលពីសប្តាហ៍មុន ក៏នឹងឃើញ «ការកើនឡើង»នៃជំនួយមនុស្សធម៌ ក៏ដូចជាការដោះដូរចំណាប់ថ្នូរមួយចំនួនសម្រាប់អ្នកទោសប៉ាឡេស្ទីន មុនពេលបញ្ចប់សង្រ្គាមជាអចិន្ត្រៃយ៍។ទោះជាយ៉ាងនេះក្តី សំណើនេះ ត្រូវបានប្រឆាំងពីសមាជិករដ្ឋាភិបាលអ៊ីស្រាអែលមួយចំនួន។ការចរចា បានកើតឡើង នៅពេលដែលការប្រយុទ្ធគ្នា នៅតែបន្តនៅក្នុងទីក្រុងរ៉ហ្វា ដែលបានកើតឡើងក្រោមការវាយប្រហារតាមអាកាសដ៏ខ្លាំងក្លារបស់អ៊ីស្រាអែល កាលពីចុងសប្តាហ៍។យោងតាម UNRWA ដែលជាទីភ្នាក់ងារអង្គការសហប្រជាជាតិទទួលបន្ទុកជនភៀសខ្លួនប៉ាឡេស្ទីន ទីជម្រករបស់ខ្លួនទាំង ៣៦ នៅក្នុងតំបន់រ៉ាហ្វា គឺទទេ បន្ទាប់ពីក្រុមអ្នកស្រុក ត្រូវបានបង្ខំឲ្យភៀសខ្លួនចេញនោះ។មនុស្ស ១,៧ លាននាក់ផ្សេងទៀត ត្រូវបានគេប៉ាន់ស្មានថា នឹងត្រូវផ្លាស់ទីលំនៅ នៅទីក្រុងខាន់យូនីស (Khan Younis) និងផ្នែកខ្លះនៃតំបន់ហ្កាហ្សាភាគកណ្តាល។ថ្លែងទៅកាន់សារព័ត៌មាន ABC News កាលពីព្រឹកថ្ងៃអាទិត្យ អ្នកនាំពាក្យក្រុមប្រឹក្សាសន្តិសុខជាតិសេតវិមាន លោក John Kirby បាននិយាយថា សហរដ្ឋអាមេរិក មាន «ការរំពឹងទុក»ថា អ៊ីស្រាអែលនឹង«និយាយថា «Yes» ចំពោះកិច្ចព្រមព្រៀងបទឈប់បាញ់ ដែលបានស្នើឡើង ប្រសិនបើក្រុមហាម៉ាសយល់ទទួលយកនោះ។

UN ព្រមានថា កំណើនសីតុណ្ហភាព គំរាមកំហែងដល់វិបត្តិមនុស្សធម៌ហ្កាហ្សា ឱ្យកាន់តែអាក្រក់ទៅៗ

2024/06/03 02:22:05 pm        104
មន្ត្រីមនុស្សធម៌របស់អង្គការសហប្រជាជាតិ បាននិយាយកាលពីថ្ងៃអាទិត្យ (០២ មិថុនា) ថា ក្រុមជំនួយនៅតែមិនអាចផ្តល់ «តម្រូវការមូលដ្ឋាន» រួមទាំងតង់ និងទឹកស្អាតដល់ប្រជាជនប៉ាឡេស្ទីនរាប់លាននាក់នៅក្នុងតំបន់ហ្កាហ្សាស្ទ្រីប នៅពេលដែលសីតុណ្ហភាពកំពុងកើនឡើងខ្លាំង និងជំងឺរីករាលដាល ខណៈកិច្ចចរចាកំពុងបន្ត ស្ដីពីការបើកច្រកឆ្លងកាត់សម្រាប់ជំនួយ ដែលត្រូវបានបិទជាច្រើនសប្តាហ៍។លោក ស្កុត អាន់ឌឺសុន (Scott Anderson) មន្ត្រីជាន់ខ្ពស់នៅទីភ្នាក់ងារជំនួយប៉ាឡេស្ទីន UNRWA របស់អង្គការសហប្រជាជាតិ បានប្រាប់សារព័ត៌មាន ស៊ីប៊ីអេស (CBS) ថា ការផ្គត់ផ្គង់មិនគ្រប់គ្រាន់ដើម្បីបំពេញតម្រូវការមូលដ្ឋានរបស់ប្រជាជនឡើយ ហើយកង្វះទឹកស្អាតបានក្លាយទៅជាកង្វល់ចម្បងមួយ ដោយសារសីតុណ្ហភាពកាន់តែក្តៅ ហើយប្រជាជនប៉ាឡេស្ទីន ប្រឈមមុខនឹងការខ្សោះជាតិទឹក ក៏ដូចជាការរីករាលដាលនៃជំងឺឆ្លង។បញ្ហាប្រឈមដែលក្រុមផ្តល់ជំនួយជួបប្រទះនេះ ត្រូវបានធ្វើឱ្យកាន់តែធ្ងន់ធ្ងរឡើងដោយការបិទច្រកព្រំដែនជាមួយអេហ្ស៊ីប នៅក្រុងរ៉ាហ្វា (Rafah) ដែលជាទីក្រុងចុងខាងត្បូងហ្កាហ្សា ដែលអ៊ីស្រាអែល បាននិងកំពុងធ្វើការវាយលុកក្នុងប៉ុន្មានសប្តាហ៍ថ្មីៗនេះ។ ច្រកឆ្លងកាត់ រ៉ាហ្វា គឺជាផ្លូវដ៏សំខាន់មួយសម្រាប់ការទទួលបានជំនួយមនុស្សធម៌ដែលត្រូវការយ៉ាងខ្លាំងចូលទៅក្នុងតំបន់ហ៊ុមព័ទ្ធ ហើយអនុញ្ញាតឱ្យប្រជាជនប៉ាឡេស្ទីនដែលមានជំងឺ និងរបួសចាកចេញ៕

អាល្លឺម៉ង់ ប្រាប់រុស្ស៊ី ថាសម្ព័ន្ធយោធាណាតូ នឹងការពារគ្រប់ម៉ែត្រក្រឡានៃទឹកដីរបស់ខ្លួន

2024/06/03 02:19:07 pm        179
អធិការបតីអាល្លឺម៉ង់ លោក អូឡា សូស (Olaf Scholz) បាននិយាយកាលពីថ្ងៃអាទិត្យ (០២ មិថុនា) ថា ចំណាត់ការនាពេលថ្មីៗនេះរបស់អង្គការណាតូ (NATO) ក្នុងការពង្រឹងព្រំដែនភាគខាងកើតរបស់ខ្លួន គឺសំដៅរារាំងប្រទេសរុស្ស៊ី ហើយណាតូ នឹងការពារគ្រប់ម៉ែត្រក្រឡានៃទឹកដីសមាជិកខ្លួន ដោយបន្ថែមថានេះគួរតែច្បាស់ចំពោះទីក្រុងមូស្គូ ហើយថា សម្ព័ន្ធយោធានឹងត្រៀមដើម្បីការពារខ្លួនប្រសិនបើចាំបាច់។ថ្លែងនៅក្នុងវេទិកាសេដ្ឋកិច្ចអាល្លឺម៉ង់ខាងកើត លោក សូស បាននិយាយថា ប្រទេសអាល្លឺម៉ង់ បានដើរតួនាទីនាំមុខនៅក្នុងវត្តមានរបស់អង្គការណាតូ នៅក្នុងតំបន់បាល់ទិក នៅតាមព្រំដែនរបស់រុស្ស៊ី ដែលលាតសន្ធឹងជិតមួយទសវត្សរ៍។លោកបាននិយាយថា ការទូតនឹងទទួលបានជោគជ័យតែក្នុងទីតាំងដ៏រឹងមាំប៉ុណ្ណោះ ដោយបន្ថែមថា វាពិតជាមានសារៈសំខាន់ណាស់ដែលរដ្ឋបាល់ទិក អាចពឹងផ្អែកទាំងស្រុងលើសម្ព័ន្ធមិត្តណាតូ ដែលបង្កើនការការពាររបស់ពួកគេនៅក្នុងព្រឹត្តិការណ៍នៃការវាយប្រហាររបស់រុស្ស៊ី។ ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន (Vladimir Putin) នៅដើមសប្តាហ៍នេះ បានព្រមានសមាជិកណាតូ ប្រឆាំងនឹងការអនុញ្ញាតឱ្យអ៊ុយក្រែន បាញ់អាវុធចូលទៅក្នុងប្រទេសរុស្ស៊ី បន្ទាប់ពីសម្ព័ន្ធមិត្តលោកខាងលិចមួយចំនួនបានលុបចោលការរឹតបន្តឹងលើការប្រើប្រាស់អាវុធដែលបានផ្ដល់ឱ្យទីក្រុងគីវ។ប្រធានអង្គការណាតូ លោក ជេនស៍ ស្តុលថិនប៊ឺក (Jens Stoltenberg) កាលពីថ្ងៃសុក្រសប្ដាហ៍មុន បានច្រានចោលការព្រមាននេះ ដោយនិយាយថា សម្ព័ន្ធយោធាបានដឹងលឺការព្រមាននោះជាច្រើនដងពីមុន ហើយការការពារខ្លួនគឺមិនមែនជាបង្កើនភាពតានតឹងនៃសង្រ្គាមនោះទេ៕

ប្រទេសម៉ាល់ឌីវ នឹងធ្វើវិសោធនកម្មច្បាប់ ហាមជនជាតិអ៊ីស្រាអែល មិនឲ្យចូលមកប្រទេសនេះ

2024/06/03 02:13:01 pm        115
ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក បានដកស្រង់សម្តីរដ្ឋមន្ត្រីក្រសួងសន្តិសុខ និងបច្ចេកវិទ្យា លោក អាលី អ៊ីហ៊ូសាន Ali Ihusan ដែលបាននិយាយថា រដ្ឋាភិបាលប្រទេសម៉ាល់ឌីវ បានសម្រេចធ្វើវិសោធនកម្មច្បាប់របស់ខ្លួន ដើម្បីដាក់បម្រាមលើជនជាតិអ៊ីស្រាអែល មិនឱ្យចូលមកក្នុងប្រទេស។នៅក្នុងសន្និសីទសារព័ត៌មាន កាលពីថ្ងៃអាទិត្យ លោក Ihusan បាននិយាយថា ការសម្រេចនេះ ត្រូវបានធ្វើឡើងនៅក្នុងកិច្ចប្រជុំគណៈរដ្ឋមន្ត្រី បន្ទាប់ពីការអំពាវនាវរបស់ប្រជាជនក្នុងតំបន់ ឱ្យដាក់បម្រាមលើជនជាតិអ៊ីស្រាអែល ដោយសារតែការវាយប្រហារដ៏មហន្តរាយ នៅតំបន់ហ្កាហ្សា។លោកនិយាយថា រដ្ឋាភិបាលនឹងធ្វើវិសោធនកម្មច្បាប់ ដើម្បីអនុវត្តបម្រាម ហើយគណៈកម្មាធិការពិសេសមួយ ត្រូវបានចាត់តាំងដើម្បីពន្លឿនដំណើរការនេះ។ ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក បានរាយការណ៍ថា ប្រទេសម៉ាល់ឌីវ ទទួលបានភ្ញៀវទេសចរជាង១ លាននាក់ក្នុងមួយឆ្នាំ ដែលក្នុងចំណោមអ្នកទេសចរទាំងនេះ ប្រមាណ ១៥.០០០នាក់ មកពីប្រទេសអ៊ីស្រាអែល។

សម្ដេចតេជោ ហ៊ុន សែន អញ្ជើញដង្ហែព្រះមហាក្សត្រយាងថ្វាយព្រះភ្លើងព្រះបរមសព សម្ដេចព្រះមហាសង្ឃរាជ ទេព វង្ស

2024/06/03 12:12:06 pm        221
ភ្នំពេញ៖ នៅព្រឹកថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២៤នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានក្រុមឧត្ដមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ អញ្ជើញដង្ហែ ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា យាងថ្វាយព្រះភ្លើង ព្រះបរមសព សម្តេចព្រះអគ្គមហាសង្ឃរាជាធិបតី កិត្តិឧទ្ទេសបណ្ឌិត ទេព វង្ស សម្ដេចព្រះមហាសង្ឃរាជ នៃព្រះរាជាណាចក្រកម្ពុជា នៅ ព្រះមេរុ មុខវត្តបទុមវតីរាជរោម រាជធានីភ្នំពេញ។ នៅក្នុងព្រះរាជពិធីថ្វាយព្រះភ្លើង ព្រះបរមសព ក្រោមព្រះរាជាធិបតីដ៏ខ្ពង់ខ្ពស់បំផុតរបស់ ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ត្រូវបានយាង និមន្ត និងអញ្ជើញចូលរួមដោយ ម្រមុខដឹកនាំកំពូលៗ ឥស្សរជនឆ្នើមជាច្រើនរួមមាន សម្តេចព្រះអភិសិរីសុគន្ធាមហាសង្ឃរាជាធិបតី កិត្តិឧទ្ទេសបណ្ឌិត បួរ គ្រីសម្តេចព្រះមហាសង្ឃរាជ និងជាសម្តេចព្រះប្រធានគណៈសង្ឃនាយក គណៈធម្មយុត្តិកនិកាយ នៃព្រះរាជាណាចក្រកម្ពុជា, សម្តេចព្រះពោធិវ័ង្ស កិត្តិបណ្ឌិត អំ លឹមហេង សម្តេចព្រះសង្ឃនាយកស្ដីទី គណៈមហានិកាយ នៃព្រះរាជាណាចក្រកម្ពុជា, ព្រះរាជាគណៈ ព្រះមន្ត្រីសង្ឃតាមព្រះឋានាក្រម ព្រះថេរានុត្ថេរៈ, សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា, សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា, សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី, សម្តេច ឯកឧត្តម ដែលជា ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ, ព្រះអង្គម្ចាស់ ព្រះអង្គម្ចាស់ក្សត្រី, ឯកអគ្គរាជទូត ឯកអគ្គរដ្ឋទូត ប្រចាំព្រះរាជាណាចក្រកម្ពុជា, ភ្ញៀវកិត្តិយសជាតិ-អន្តរជាតិ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធគ្រប់ជាន់ថ្នាក់ លោកតាជី ដូនជី ព្រមទាំងប្រជាពលរដ្ឋ សិស្សានុសិស្សយ៉ាងច្រើនកុះករ។ សូមរំឭកថា សម្ដេចព្រះអគ្គមហាសង្ឃរាជាធិបតី កិត្តិឧទ្ទេសបណ្ឌិត ទេព វង្ស សម្ដេចព្រះមហាសង្ឃរាជ នៃព្រះរាជាណាចក្រកម្ពុជា និងជាសម្ដេចព្រះចៅអធិការវត្តឧណ្ណាលោម រាជធានីភ្នំពេញ បានយាងចូលព្រះទិវង្គត់ នៅថ្ងៃចន្ទ ២ រោច ខែមាឃ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៤ វេលាម៉ោង ០៥:៤០នាទីល្ងាច ក្នុងព្រះជន្ម ៩៣ព្រះវស្សា ដោយព្រះរោគាពាធ នៅក្នុងវត្តឧណ្ណាលោម សង្កាត់ជ័យជំនះ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។យោងតាមសារាចរណែនាំលេខ ០៣ សរណន ចុះថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៤ របស់រាជរដ្ឋាភិបាលកម្ពុជាស្តីពីការចូលរួមកាន់ទុក្ខព្រះបរមសពសម្តេចព្រះអគ្គមហាសង្ឃរាជាធិបតីកិត្តិឧទ្ទេសបណ្ឌិត ទេព វង្ស សម្តេច ព្រះមហាសង្ឃរាជនៃព្រះរាជាណាចក្រកម្ពុជា រាជរដ្ឋាភិបាលកម្ពុជា បានប្រកាសយកថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២៤ ជាថ្ងៃកាន់ទុក្ខផ្លូវការ លើកទី២។នៅថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២៤នេះ រដ្ឋបាលរាជធានីភ្នំពេញ បានធ្វើការណែនាំអោយ គ្រប់រដ្ឋបាលខណ្ឌ-សង្កាត់ មន្ទីរ-អង្គភាពជំនាញជុំវិញរដ្ឋបាលរាជធានីភ្នំពេញ រោងចក្រ សហគ្រាស ក្រុមហ៊ុន គ្រឹះស្ថានសិក្សា វត្តអារាម មន្ត្រីរាជការ កងកម្លាំង និងប្រជាពលរដ្ឋរស់នៅក្នុងរាជធានីភ្នំពេញទាំងអស់ ត្រូវបង្ហូតទង់ជាតិ ទង់សាសនា និងទង់ព្រះមហាក្សត្រ មួយភាគបីនៃដងពីលើចុះមកក្រោម ដើម្បីចូលរួម កាន់ទុក្ខ លើកទី២ រយៈពេល ០១ថ្ងៃ ដើម្បីចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំបំផុត និងរៀបចំព្រះរាជពិធីបុណ្យ ថ្វាយព្រះបរមសព សម្ដេចព្រះមហាសង្ឃរាជ ឱ្យស្របតាមប្រពៃណីជាតិ ស័ក្តិសមនឹងព្រះកិត្តិយស និងព្រះគុណូបការៈ ដ៏ធំធេងបំផុតរបស់សម្តេច ដែលបានបូជាថ្វាយចំពោះ ជាតិ សាសនា ព្រះមហាក្សត្រ៕

លោក ម៉ក់ ហឺន ចាត់ទុកក្រុមប្រឆាំងគម្រោង«ព្រែកជីកហ្វូណនតេជោ» ជាជនវង្វេងជាតិ និងវង្វេងស្មារតី

2024/06/03 12:05:43 pm        205
លោក ម៉ក់ ហឺន ពលរដ្ឋដើមកំណើតខ្មែររស់នៅអាមេរិក និងជាអ្នក​និយាយ​អំពី​នយោបាយ​នៅ​ក្រៅ​ប្រ​ទេស បានចាត់ទុកថា ក្រុមប្រឆាំងនឹងគម្រោង«ព្រែកជីកហ្វូណនតេជោ» គឺជាជន​វង្វេង​ជាតិ និងវង្វងស្មារតី ហើយទង្វើរបស់ពួកអគតិទាំងនោះ គឺធ្វើ​ឡើង​ផ្ទុយ​ទាំង​ស្រុង​ទៅ​នឹង​ផល​ប្រយោជន៍​ជា​យុទ្ធសាស្រ្តរបស់ជាតិ និងបេះដូងដ៏ពុះកញ្រ្ជោលរបស់ប្រជាជនខ្មែរគ្រប់រូប ខណៈ​គម្រោង​ជាប្រវត្តិសាស្រ្តមួយនេះត្រូវបានមហាជនខ្មែរប្រកាសគាំទ្រយ៉ាងភ្លូកទឹកភ្លូកដីនោះ។នៅក្នុងកិច្ចសម្ភាស៍ជាមួយទូរទស្សន៍ប៊ីធីវី ក្រោយចូលរួមអាហារសាមគ្គី ដែលរៀបចំ​ឡើង​ដោយ​ក្រុម​សេនា​សន្តិភាព នាល្ងាចថ្ងៃទី២ ខែមិថុនា ឆ្នាំ ២០២៤នេះ លោកម៉ក់ ហឺន បានសង្កត់ធ្ងន់ថា ការ​ប្រតិកម្មម្ដងហើយម្ដងទៀតរបស់ក្រុមក្បត់ជាតិបីជំនាន់ សម រង្ស៊ី និងបក្ស​ពួក​ពាក់ព័ន្ធ​នឹង​គម្រោង​ព្រែក​ជីកហ្វូណនតេជោ គឺផ្ទុយទាំងស្រុង​ទៅ​នឹង​ផល​ប្រយោជន៍​ជា​យុទ្ធសាស្ត្រ​របស់​ជាតិ​ និង​បេះដូង​ដ៏ពុះ​កញ្ជ្រោល​របស់​ប្រជាជនខ្មែរ​ទូទាំង​ប្រទេស និង​ប្រជាជន​ខ្មែរ​ដ៏​ច្រើន​លើស​លប់​ដែល​កំពុង​រស់នៅឯនាយសមុទ្រ ដែលប្រាថ្នាចង់ឃើញ​ព្រែកជីក​នេះ​លេច​ចេញ​ជា​រូប​រាង​ឆាប់ៗ​នៅ​លើ​ទឹកដីខ្មែរ ដោយពួកគេចាត់ទុកថា គម្រោងនេះនឹងផ្តល់ផលប្រយោជន៍ជូនជាតិ និង​ប្រជាជន​បានយ៉ាងច្រើនលើសលុបនាពេលអនាគត។នៅក្នុងកិច្ចសម្ភាសន៍ជាមួយទូរទស្សន៍ប៊ីធីវីនោះដែរ លោក ម៉ក់ ហឺន បានចំអកឲ្យជនក្បត់ជាតិបី ជំនាន់ និងបក្សពួកថា ការប្រកាសប្រឆាំងនឹងគម្រោងព្រែកជីកហ្វូណនតេជោនេះ គឺជា​មនុស្ស​ច្រណែន ឈ្នានីស សរុបសេចក្តីមក ការលើកឡើង​ម្តង​ហើយ​ម្តង​ទៀត​របស់​ក្រុម​អគតិ​ទាំង​នោះ​ពាក់ព័ន្ធ​នឹង​គម្រោងព្រែកជីកហ្វូណនតេជោ ដូចគ្នានឹងការ​លើក​ឡើង​ដដែលៗ​របស់​វៀតណាម​ដែរ ដែលហាក់ដូចជាមានចេតនារារាំងការអភិវឌ្ឍរបស់ប្រទេសកម្ពុជា ដែល​ជា​ការ​រំលោភ​លើ​ឯករាជ្យ​ភាព​ក្នុងការធ្វើសេចក្តីសម្រេចចិត្តផ្ទៃក្នុងរបស់រដ្ឋអធិបតេយ្យមួយ។ យ៉ាងណា​ក៏​ដោយ​ក្នុង​នាម​ប្រជាពលរដ្ឋខ្មែរម្នាក់ លោក ម៉ក់ ហឺន បានប្រកាស​គាំទ្រ​យ៉ាង​ពេញ​ទំហឹង​នូវ​គម្រោង​ព្រែក​ជីក​ហ្វូណន​តេជោ​នេះដោយលោកចាត់ទុកថា គម្រោងនេះ ជា​គម្រោង​ប្រវត្តិសាស្រ្ត​មួយ​នឹង​ផ្តល់​ប្រយោជន៍​រាប់​ពាន់ឆ្នាំទៅមុខទៀតសម្រាប់ប្រជាជាតិខ្មែរទាំងមូល៕ អត្ថបទ៖ បាន ចក់

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

តំណាងអង្គការយូណេស្កូប្រចាំកម្ពុជាប្ដេជ្ញាបន្តពង្រឹងនិងពង្រីកភាពជាដៃគូជាមួយកម្ពុជា ឱ្យកាន់តែរីកចម្រើនថែមទៀត
05/11/2026 09:05 PM
ការវាយប្រហារស្លាប់មនុស្សរបស់អ៊ីស្រាអែលនៅតំបន់ហ្កាហ្សា បង្ហាញពីភាពផុយស្រួយនៃបទឈប់បាញ់
05/11/2026 08:05 PM
ប្រធានាធិបតីអ៊ុយក្រែន៖ ទម្រង់នៃកិច្ចប្រជុំជាមួយលោក Putin ត្រូវបានពិភាក្សាជាមួយអាមេរិក
05/11/2026 08:05 PM
មីយ៉ាន់ម៉ាបង្ហាញភាពមិនសប្បាយចិត្ត អំពីការប្រព្រឹត្តិកាត់ផ្ដាច់ខ្លួនចេញពីប្លុក នៅក្នុងក្រុមអាស៊ាន
05/11/2026 08:05 PM
ឯកអគ្គរដ្ឋទូតឡាវថ្មី ប្រចាំកម្ពុជា ប្ដេជ្ញាពង្រឹងនិងពង្រីកទំនាក់ទំនងជាមួយកម្ពុជាថែមទៀត
05/11/2026 08:05 PM
អ៊ីតាលី៖ គ្មានបេសកកម្មកំពុងដំណើរការ នៅច្រកសមុទ្រ Hormuz ទេ ទោះមានការចល័តកងទ័ពជើងទឹកក្ដី
05/11/2026 08:05 PM
កម្ពុជា និងអាស៊ែបៃហ្សង់ ឯកភាពជំរុញ​ ទំនាក់ទំនង​ និងកិច្ចសហប្រតិបត្តិការទ្វេភាគីឱ្យកាន់តែរីកចម្រេីន
05/11/2026 08:05 PM
ទាហានអ៊ីស្រាអែលវាយឆ្មក់ជំរំ Qalandia ស្ថិតក្នុងតំបន់កាន់កាប់វ៉េសប៊ែងបណ្តាលឲ្យយុវជនម្នាក់ស្លាប់
05/11/2026 08:05 PM
កសិករបារាំងរងផលប៉ះពាល់ខ្លាំង ដោយសារវិបត្តិអ៊ីរ៉ង់ ខណៈតម្លៃជីកសិកម្មហក់ឡើងខ្ពស់
05/11/2026 08:05 PM
រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ និងអារ៉ាប៊ីសាអ៊ូឌីត ពិភាក្សាគ្នាអំពីដំណើរការការទូត រវាងអាមេរិក និងអ៊ីរ៉ង់
05/11/2026 08:05 PM