តំណាងអង្គការយូណេស្កូប្រចាំកម្ពុជាប្ដេជ្ញាបន្តពង្រឹងនិងពង្រីកភាពជាដៃគូជាមួយកម្ពុជា ឱ្យកាន់តែរីកចម្រើនថែមទៀត
ឯកអគ្គរដ្ឋទូតឡាវថ្មី ប្រចាំកម្ពុជា ប្ដេជ្ញាពង្រឹងនិងពង្រីកទំនាក់ទំនងជាមួយកម្ពុជាថែមទៀត
កម្ពុជា និងអាស៊ែបៃហ្សង់ ឯកភាពជំរុញ​ ទំនាក់ទំនង​ និងកិច្ចសហប្រតិបត្តិការទ្វេភាគីឱ្យកាន់តែរីកចម្រេីន
ប្រធានក្រុមការងារគណបក្សប្រជាជនចុះមូលដ្ឋាន ប្រកាសបញ្ចូល​សមាជិក​គណបក្ស​ថ្មីជាង ១៥០០នាក់នៃឃុំចំនួន៥ ក្នុងស្រុកកំពង់សៀម ខេត្តកំពង់ចាម

នយោបាយ​ និង ការអភិវឌ្ឍន៍

ថៃនឹងចោទប្រកាន់អតីតនាយករដ្ឋមន្ត្រី លោក ថាក់ស៊ីន ពីបទប្រមាថព្រះមហាក្សត្រ

2024/05/29 12:23:52 pm        126
អគ្គមេធាវីរបស់ប្រទេសថៃ នឹងចោទប្រកាន់អតីតនាយករដ្ឋមន្ត្រី លោក ថាក់ស៊ីន ស៊ីណាវ៉ាត់ (Thaksin Shinawatra) ពីបទប្រមាថព្រះមហាក្សត្រ នេះបើយោងតាមមន្ត្រីម្នាក់បាននិយាយនៅថ្ងៃពុធ (២៩ ឧសភា) នេះ នៅក្នុងជំហានថយក្រោយនៃបន្ទុកដ៏ធ្ងន់ផ្នែកនយោបាយ ដែលបច្ចុប្បន្នក្រុមអ្នកស្មោះត្រង់នឹងរាជានិយម កំពុងកាន់កាប់ជួររដ្ឋាភិបាល។ពាក្យបណ្តឹង ដែលដាក់ដោយយោធារាជានិយម ដែលបានទម្លាក់រដ្ឋាភិបាលរបស់ប្អូនស្រីរបស់អតីតនាយករដ្ឋមន្ត្រីរូបនេះ គឺលោកស្រី យីងឡាក់ ស៊ីណាវ៉ាត់ (Yingluck Shinawatra) បានកើតចេញពីបទសម្ភាសន៍ ដែលមហាសេដ្ឋីដ៏មានឥទ្ធិពលរូបនេះបានផ្តល់ទៅឱ្យប្រព័ន្ធផ្សព្វផ្សាយបរទេសកាលពីឆ្នាំ២០១៥។ អ្នកនាំពាក្យ លោក ប្រាយុធ បាចារ៉ាគូណា (Prayuth Bejraguna) បានប្រាប់អ្នកសារព័ត៌មានថា «អគ្គមេធាវីបានសម្រេចចោទលោក ថាក់ស៊ីន លើគ្រប់ការចោទប្រកាន់ទាំងអស់» ដោយបន្ថែមថា អតីតនាយករដ្ឋមន្ត្រីរូបនេះនឹងត្រូវបង្ហាញខ្លួននៅចំពោះមុខតុលាការនៅថ្ងៃទី១៨ ខែមិថុនា។ ការចោទប្រកាន់ផ្សេងទៀតប្រឆាំងនឹងលោក ថាក់ស៊ីន រួមមានការបំពានច្បាប់ព្រហ្មទណ្ឌកុំព្យូទ័រ។ មេធាវីរបស់លោក ថាក់ស៊ីន គឺលោក វីនយ៉ាត់ ឆាតម៉ុនទ្រី (Winyat Chartmontri) បានប្រាប់សារព័ត៌មានរ៉យទ័រថា កូនក្តីរបស់លោកមិនអាចបង្ហាញខ្លួនក្នុងសវនាការនៅថ្ងៃពុធនេះបានទេ ដោយសារឆ្លងមេរោគកូវីដ១៩។ លោក ថាក់ស៊ីន វ័យ ៧៤ ឆ្នាំ បានសន្យាម្តងហើយម្តងទៀតនូវភាពស្មោះត្រង់របស់ខ្លួនចំពោះរាជានិយម។មហាសេដ្ឋី ដែលត្រូវបានកាត់ទោសពីបទរំលោភអំណាច និងទំនាស់ផលប្រយោជន៍រូបនេះ ត្រូវបានដោះលែងឱ្យនៅក្រៅឃុំកាលពីខែកុម្ភៈ បន្ទាប់ពីជាប់ឃុំរយៈពេលប្រាំមួយខែ។ លោកបានត្រលប់មកប្រទេសកំណើតវិញនៅឆ្នាំ២០២៣ ពីការនិរទេសខ្លួនឯងរយៈពេល ១៥ ឆ្នាំ ក្នុងអំឡុងពេលដែលលោកនៅតែជាតួសំខាន់ក្នុងជម្លោះនយោបាយដដែលៗរបស់ប្រទេសអាស៊ីអាគ្នេយ៍មួយនេះ៕

អ៊ុយក្រែន៖ អវត្តមានលោក BIDEN ក្នុងកិច្ចចរចាសន្តិភាព នឹងត្រូវបានសាទរដោយលោក PUTIN

2024/05/29 12:16:15 pm        156
ប្រធានាធិបតីអ៊ុយក្រែន លោក វ្ល៉ូឌីមី ហ្ស៊េឡិនស្គី (Volodymyr Zelenskiy) បាននិយាយកាលពីថ្ងៃអង្គារ (២៨ ឧសភា) ថា ប្រសិនបើប្រធានាធិបតីសហរដ្ឋអាមេរិក លោក ចូ បៃដិន (Joe Biden) ខកខានមិនចូលរួមកិច្ចប្រជុំកំពូលសន្តិភាព ដែលរៀបចំដោយទីក្រុងគីវ ក្នុងប្រទេសស្វីស នៅខែក្រោយនេះទេ នោះប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន (Vladimir Putin) នឹងអបអរសាទរចំពោះអវត្តមានរបស់លោក។អ៊ុយក្រែន សង្ឃឹមថានឹងទទួលបណ្ដាប្រទេសឱ្យបានច្រើនតាមតែអាចធ្វើទៅបានក្នុងការប៉ុនប៉ងបង្រួបបង្រួមមតិស្តីពីវិធីបញ្ឈប់សង្រ្គាម និងដាក់សម្ពាធលើរុស្ស៊ី ដែលបានដណ្តើមកាន់កាប់ស្ទើរតែមួយភាគប្រាំនៃទឹកដីអ៊ុយក្រែន។ ទីក្រុងវ៉ាស៊ីនតោន បានផ្តល់សញ្ញាគាំទ្រ ប៉ុន្តែមិនបាននិយាយថាតើលោក បៃដិន នឹងចូលរួម ឬយ៉ាងណានោះទេ។លោក ហ្ស៊េឡិនស្គី កាលពីថ្ងៃអាទិត្យ បានជំរុញទាំងលោក បៃដិន និងប្រធានាធិបតីចិន លោក ស៊ី ជីនពីង (Xi Jinping) ដែលជាសម្ព័ន្ធមិត្តជិតស្និទ្ធរបស់លោក ពូទីន និងជាអ្នកទទួលផលឈានមុខគេនៃការបែកបាក់របស់លោកជាមួយលោកខាងលិច ឱ្យចូលរួមក្នុងកិច្ចប្រជុំកំពូលនេះ។ រុស្ស៊ី ដែលបានចាប់ផ្តើមការវាយលុកពេញលេញលើអ៊ុយក្រែន ក្នុងខែកុម្ភៈ ឆ្នាំ២០២២ បាននិយាយថា ខ្លួនមើលមិនឃើញភាពចាំបាច់នៅក្នុងសន្និសីទនោះទេ។មន្ត្រីអាមេរិកម្នាក់បាននិយាយកាលពីថ្ងៃអាទិត្យថា សហរដ្ឋអាមេរិក នឹងចូលរួមក្នុងកិច្ចប្រជុំកំពូលនេះ ប៉ុន្តែបានបដិសេធមិននិយាយថាជាអ្នកណា ឬឋានៈកម្រិតណានោះទេ។ ទីក្រុងគីវ នៅក្នុងផែនការសន្តិភាពរបស់ខ្លួន អំពាវនាវឱ្យមានការដកកងទ័ពរុស្ស៊ីទាំងស្រុង និងការស្ដារឡើងវិញនូវព្រំដែនដែលត្រូវបានទទួលស្គាល់ជាអន្តរជាតិរបស់ខ្លួន ដោយនោះជាអ្វីដែលទីក្រុងមូស្គូ ចាត់ទុកថាមិនអាចទៅរួច៕

មេដឹកនាំបារាំង និងអាល្លឺម៉ង់៖ អ៊ុយក្រែន គួរតែត្រូវបានអនុញ្ញាតឱ្យវាយប្រហារក្នុងប្រទេសរុស្ស៊ី

2024/05/29 12:12:07 pm        135
មេដឹកនាំរបស់ប្រទេសបារាំង និងអាល្លឺម៉ង់ បាននិយាយកាលពីថ្ងៃអង្គារ (២៨ ឧសភា) ថា អ៊ុយក្រែន គួរតែត្រូវបានអនុញ្ញាតឱ្យវាយប្រហារទីតាំងយោធានៅខាងក្នុងប្រទេសរុស្ស៊ី ដែលបានមីស៊ីលទៅលើទឹកដីអ៊ុយក្រែន ប៉ុន្តែមិនមែនទៅលើគោលដៅផ្សេងទៀតនោះទេ។ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន (Vladimir Putin) បានព្រមានលោកខាងលិចថា សមាជិកណាតូ នៅអឺរ៉ុប កំពុងប្រលែងលេងជាមួយភ្លើងក្នុងណែនាំឱ្យអ៊ុយក្រែន ប្រើអាវុធដែលផ្គត់ផ្គង់ដោយលោកខាងលិច ដើម្បីវាយប្រហារនៅខាងក្នុងរុស្ស៊ី ដែលលោកបាននិយាយថាអាចបង្កឱ្យមានជម្លោះសកល។ប្រធានាធិបតីបារាំង លោក អ៊ីម៉ានុយអែល ម៉ាក្រុង (Emmanuel Macron) បាននិយាយនៅក្នុងសន្និសីទសារព័ត៌មានរួមគ្នាជាមួយអធិការបតីអាល្លឺម៉ង់ លោក អូឡា សូល (Olaf Scholz) ថា «យើងគួរតែអនុញ្ញាតឱ្យអ៊ុយក្រែន វាយលើទីតាំងយោធាដែលមីស៊ីលត្រូវបានបាញ់ ទីតាំងយោធាដែលប្រើវាយប្រហារអ៊ុយក្រែន ប៉ុន្តែយើងមិនគួរអនុញ្ញាតឱ្យវាយប្រហារគោលដៅផ្សេងទៀតនៅក្នុងប្រទេសរុស្ស៊ី និងទីតាំងស៊ីវិល ឬទីតាំងយោធាផ្សេងទៀតនៅរុស្ស៊ី នោះទេ»។លោក សូល និយាយថាខ្លួនយល់ស្របជាមួយលោក ម៉ាក្រុង ហើយថាដរាបណាអ៊ុយក្រែន គោរពលក្ខខណ្ឌដែលបានផ្តល់ឱ្យដោយប្រទេសដែលផ្គត់ផ្គង់អាវុធរួមទាំងសហរដ្ឋអាមេរិក និងច្បាប់អន្តរជាតិ ប្រទេសនេះត្រូវបានអនុញ្ញាតឱ្យការពារខ្លួន។អគ្គលេខាធិការអង្គការណាតូ លោក ជេនស៍ ស្តុលថិនប៊ឺក (Jens Stoltenberg) បាននិយាយថា សមាជិកសម្ព័ន្ធយោធាគួរតែអនុញ្ញាតឱ្យអ៊ុយក្រែន វាយលុកចូលជ្រៅទៅក្នុងប្រទេសរុស្ស៊ី ដោយប្រើអាវុធរបស់លោកខាងលិច ដែលនោះជាទស្សនៈមួយគាំទ្រដោយសមាជិកអឺរ៉ុបមួយចំនួននៃសម្ព័ន្ធយោធាឆ្លងអាត្លង់ទិក ប៉ុន្តែសហរដ្ឋអាមេរិក មិនគាំទ្រនោះទេ៕

កោះតៃវ៉ាន់៖ សមយុទ្ធចិន ផ្ដោតលើការបំភិតបំភ័យ និងការឃោសនា ជាជាងការចាប់ផ្តើមសង្គ្រាម

2024/05/29 12:03:41 pm        132
ប្រមុខមន្ត្រីសន្តិសុខរបស់កោះតៃវ៉ាន់ បាននិយាយនៅថ្ងៃពុធ (២៩ ឧសភា) នេះថា សមយុទ្ធយោធារបស់ប្រទេសចិន កាលពីសប្តាហ៍មុន គឺផ្ដោតលើការឃោសនា និងការបំភិតបំភ័យ ជាងការចាប់ផ្តើមសង្រ្គាម ប៉ុន្តែកងកម្លាំងចិន បានបង្ហាញថាពួកគេអាចមានប្រតិកម្មយ៉ាងរហ័សក្នុងករណីបន្ទាន់ណាមួយ។ប្រទេសចិន បាននិយាយថា ខ្លួនបានអនុវត្តហ្គេមសង្រ្គាមរយៈពេលពីរថ្ងៃ ដែលចាប់ផ្តើមពីថ្ងៃព្រហស្បតិ៍ សប្ដាហ៍មុនជា «ការដាក់ទណ្ឌកម្ម» សម្រាប់សុន្ទរកថាឡើងកាន់តំណែងរបស់មេដឹកនាំថ្មី លោក ឡៃ ឆឹងទ័រ (Lai Ching-te) ដែលក្នុងនោះលោកបាននិយាយថា ភាគីទាំងពីរនៃច្រកសមុទ្រតៃវ៉ាន់ «មិនចុះញ៉មនឹងគ្នានោះទេ» ដែល ចិនចាត់ទុកថា នោះជាការប្រកាសថាភាគីទាំងពីរជាប្រទេសដាច់ដោយឡែកពីគ្នា។ថ្លែងទៅកាន់អ្នកសារព័ត៌មាននៅឯសភា អគ្គនាយកនៃការិយាល័យសន្តិសុខជាតិកោះតៃវ៉ាន់ លោក សៃ មីងយិន (Tsai Ming-yen) បាននិយាយថា គោលបំណងនៃសមយុទ្ធរបស់ប្រទេសចិន គឺមិនមែនដើម្បីឆ្ពោះទៅរកសង្រ្គាមនោះទេ ប៉ុន្តែដើម្បីបង្ហាញទស្សនិកជនខាងក្រៅ និងក្នុងស្រុកថា ទីក្រុងប៉េកាំង «មានការគ្រប់គ្រងទាំងស្រុងលើស្ថានភាពនៅច្រកសមុទ្រតៃវ៉ាន់»។ក្នុងរយៈពេល ៤ ឆ្នាំកន្លងមកនេះ ប្រទេសចិន បានបញ្ជូនកម្លាំងយោធារបស់ខ្លួននៅជុំវិញកោះតៃវ៉ាន់ ស្ទើរតែរាល់ថ្ងៃ ខណៈដែលខ្លួនព្យាយាមដាក់សម្ពាធលើកោះនេះ ប៉ុន្តែប្រទេសចិន ក៏ហាក់ដូចជាកំពុងព្យាយាមរក្សាវិសាលភាពនៃសមយុទ្ធទាំងនេះផងដែរ នេះបើតាមការិយាល័យរបស់លោក សៃ បាននិយាយនៅក្នុងរបាយការណ៍ជាលាយលក្ខណ៍អក្សរទៅកាន់សមាជិកសភា៕

ប្រធានក្រុមយុវជនសង្គមស៊ីវិល ថ្កោលទោសក្រុមដែលធ្វើវិទ្ធង្សនានយោបាយ ចំពោះលទ្ធផលបោះឆ្នោតនៅកម្ពុជា

2024/05/29 11:26:42 am        198
ប្រធានក្រុមយុវជនសង្គមស៊ីវិល និងក្រុមសេដ្ឋកិច្ចក្រៅប្រព័ន្ធលោក ហេង សំណាង ប្រកាស​ថ្កោលទោស​ចំពោះក្រុមប្រឆាំង ពិសេសបណ្ដាញព័ត៌មានបរទេសនៅក្រៅស្រុកមួយចំនួនតូច ដែល​នៅតែបន្តយករឿងបោះឆ្នោតនៅកម្ពុជា ជាពិសេសការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ អាណត្តិទី៤ ឆ្នាំ ២០២៤នេះ កាលពីថ្ងៃទី២៦ ខែ​ឧសភា​កន្ល​ង​ទៅ​នេះ​។ ប្រធានក្រុមយុវជនសង្គមស៊ីវិល និងក្រុមសេដ្ឋកិច្ចក្រៅប្រព័ន្ធលោក ហេង សំណាង បាន​លើក​ឡើង​ថា ក្រុមអ្នកធ្វើនយោបាយប្រឆាំង ជាពិសេសទណ្ឌិតដែលកំពុងរត់ភៀសខ្លួន និង​វិទ្យុ​បរទេស​នៅ​ក្រៅស្រុ​ក ពួកគេតែងតែទាញយកព្រឹត្តិការណ៍នានារបស់កម្ពុជា ដូចជាករណី​បោះឆ្នោត​ជាដើម ទៅបង្កើតវិទ្ធង្សនានយោបាយតាមរូបភាពផ្សេង ដើម្បីតែកេញ​ចំណេញ​លើ​ការ​ធ្វើ​នយោបាយ​របស់ពួកគេតែប៉ុណ្ណោះ។លោកបានប្រកាសថ្កោលទោសចំពោះក្រុមប្រឆាំង និងវិទ្យុបរទេស​នៅក្រៅស្រុក​ដែល​ពួក​គេ​នៅ​តែ​បន្ត​ធ្វើ​វិទ្ធង្សនានយោបាយចំពោះលទ្ធផលបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សា រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ អាណត្តិទី៤ ឆ្នាំ២០២៤នេះនៅកម្ពុជា។ លោកបន្តថា បច្ចុប្បន្ននេះ សម្ទុះនៃការ​យល់​ដឹងរបស់ប្រជាពលរដ្ឋអំពីការបោះឆ្នោត ឬចេនាអាក្រក់របស់ក្រុមប្រឆាំង គឺពលរដ្ឋ​បាន​យល់​ដឹង​យ៉ាង​ទូលំ​ទូលាយ ដូច្នេះការប៉ុនប៉ងវិទ្ធង្សនានយោបាយរបស់ក្រុមប្រឆាំង ដើម្បីតែបង្កើត​អស្ថិភាព​នយោបាយ និងភាពចលាចលនៅកម្ពុជានោះ គឺមិនទទួលបានជោគជ័យឡើយ។សូមជម្រាបថា បណ្ដាអង្គការសមាគមនៃបណ្តុំអង្គការសង្គមស៊ីវិលបានមើលឃើញថា ដំណើរ​ការ​បោះឆ្នោត​ជ្រើសរើស ក្រុមប្រឹក្សា រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ អាណត្តិទី៤ ឆ្នាំ២០២៤ កាល​ពី​ថ្ងៃ​ទី២៦ ខែឧសភានេះគឺបានប្រព្រឹត្តទៅស្របតាមរដ្ឋធម្មនុញ្ញ និងច្បាប់នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។ ការបោះឆ្នោតនេះបានដំណើរការទៅប្រកបដោយលក្ខណៈសេរីត្រឹមត្រូវ និងយុត្តិធម៌ ក្នុងបរិយាកាសអព្យាក្រឹត សន្តិសុខ របៀបរៀបរយគ្មានអំពើហិង្សា និងការ​គំរាម​កំហែង​ណាមួយ​កើត​ឡើង​ឡើយ។ តាមតួលេខបណ្តោះអាសន្ននៃអ្នកបោះឆ្នោតរបស់ គ.ជ.ប អ្នកបានទៅ​បោះឆ្នោត​សរុបមានចំនួន ១១.៥៩៨ នាក់ ស្មើនឹង ៩៩,៧៩ ភាគរយនៃ​អ្នក​មាន​ឈ្មោះ​ក្នុង​បញ្ជី​បោះឆ្នោត​ចំនួនសរុប ១១.៦២២ នាក់៕ 

រដ្ឋាភិបាលកោះតៃវ៉ាន់ នឹងបដិសេធកំណែទម្រង់សភាដែលពោពេញដោយជម្លោះ

2024/05/29 09:59:21 am        214
គណៈរដ្ឋមន្ត្រីរបស់កោះតៃវ៉ាន់នឹងច្រានចោល និងបញ្ជូនត្រឡប់ទៅវិញសម្រាប់ការត្រួតពិនិត្យឡើងវិញចំពោះសំណើច្បាប់ ដែលក្រុមប្រឆាំងបានអនុម័តកាលពីថ្ងៃអង្គារ ទី ២៨ ឧសភា ស្តីពីកំណែទម្រង់សភា ដែលបាននាំមនុស្សរាប់ម៉ឺននាក់ចេញតវ៉ាតាមដងផ្លូវនានា និងការចោទប្រកាន់ពីការជ្រៀតជ្រែករបស់ចិន។សមាជិកសភាគណបក្សប្រឆាំង កំពុងព្យាយាមជំរុញដាក់ចេញនូវច្បាប់ដ៏ចម្រូងចម្រាសនេះ ដែលផ្តល់ឲ្យពួកគេនូវអំណាចស៊ើបអង្កេតកាន់តែច្រើនជាងមុន និងទប់ស្កាត់អំណាចរបស់មេដឹកនាំថ្មី លោក ឡៃ ឆឹង-ទ័រ (Lai Ching-te) ប្រកបដោយប្រសិទ្ធភាព។ការតវ៉ាដោយស្ងៀមស្ងាត់ និងពេលខ្លះមានការប្រឈមមុខដាក់គ្នាដោយហិង្សានៅក្នុងសភាជុំវិញការកែទម្រង់នេះ បាននិងកំពុងកើតឡើងប្រឆាំងនឹងស្ថានភាពគួរឲ្យព្រួយបារម្ភកាន់តែខ្លាំងអំពីកិច្ចខិតខំប្រឹងប្រែងរបស់ចិន ដែលចាត់ទុកតៃវ៉ាន់ជាទឹកដីរបស់ខ្លួន ដើម្បីជះឥទ្ធិពលគ្របសង្កត់លើនយោបាយកោះនេះ និងបំបែកបំបាក់មតិសាធារណៈរបស់កោះតៃវ៉ាន់។កំណែទម្រង់របស់សភាផ្តល់អំណាចដល់សមាជិកសភាក្នុងការស្នើសុំឱ្យយោធា ក្រុមហ៊ុនឯកជន ឬបុគ្គលនានាបញ្ចេញព័ត៌មានដែលចាត់ទុកថាពាក់ព័ន្ធដោយសមាជិកសភា ដែលមានអំណាចក្នុងការដាក់ទោសអ្នកដែលមិនសហការ។ វិធានការនេះនឹងពង្រីកសមត្ថភាពរបស់សមាជិកសភា ក្នុងការកោះអញ្ជើញមេដឹកនាំ ក្រុមហ៊ុន និងសូម្បីតែសាធារណជនទូទៅមកសាកសួរ។ ហើយច្បាប់នេះ ក៏នឹងផ្តល់ឲ្យពួកគេនូវលទ្ធភាពចូលប្រើប្រាស់ឯកសារសម្ងាត់ផងដែរ៕

មេដឹកនាំកូរ៉េខាងជើង ប្តេជ្ញាថានឹងមិនបោះបង់គម្រោងឈ្លបយកការណ៍អវកាសឡើយ

2024/05/29 09:45:01 am        124
ប្រព័ន្ធផ្សព្វផ្សាយរដ្ឋបាននិយាយនៅថ្ងៃពុធ (២៩ ឧសភា) នេះថា មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន (Kim Jong Un) បាននិយាយថា សមត្ថភាពឈ្លបយកការណ៍អវកាសមានសារៈសំខាន់ណាស់សម្រាប់ការការពារខ្លួនរបស់ជាតិប្រឆាំងនឹងការគំរាមកំហែងរបស់សត្រូវ ហើយប្រទេសនេះនឹងមិនបោះបង់ចោលការតស៊ូដើម្បីកាន់កាប់សមត្ថភាពនេះទេ។ការប៉ុនប៉ងរបស់កូរ៉េខាងជើង ក្នុងការបាញ់បង្ហោះផ្កាយរណបចារកម្មកាលពីថ្ងៃចន្ទ បានបរាជ័យ បន្ទាប់ពីយានជំរុញដំណាក់កាលដំបូងបានផ្ទុះនៅក្នុងការហោះហើរ។ លោក គីម បាននិយាយថា «ការមានផ្កាយរណបឈ្លបយកការណ៍យោធា គឺជាកិច្ចការសំខាន់មួយ ដើម្បីពង្រឹងការការពារជាតិ និងការពារអធិបតេយ្យភាព និងសន្តិសុខជាតិពីការគំរាមកំហែងដែលអាចកើតមាន ដោយសារតែសកម្មភាព និងការបង្កហេតុរបស់យោធាសហរដ្ឋអាមេរិក»។ទោះបីជាមានការបរាជ័យនេះក៏ដោយ ក្រុមអ្នកជំនាញបាននិយាយថា ការបាញ់បង្ហោះផ្កាយរណបចុងក្រោយបង្អស់ដោយកូរ៉េខាងជើង បង្ហាញពីការបោះជំហានថ្មីក្នុងការប្រណាំងប្រជែងអវកាសរបស់ប្រទេសប្រដាប់អាវុធនុយក្លេអ៊ែរមួយនេះ ជាមួយនឹងការប្រើប្រាស់ម៉ាស៊ីនថ្មីដែលបំពាក់ដោយអុកស៊ីសែនរាវ និងប្រេងឥន្ធនៈ។អ្នកជំនាញម្នាក់បាននិយាយថា ការរចនានេះបង្ហាញថា រុស្ស៊ី ប្រហែលជាបានផ្តល់ជំនួយក្នុងការសាងសង់យាននេះ ដោយហៅវាថាជា «ការលោតផ្លោះដ៏ធំមួយ»។ កូរ៉េខាងជើង និងរុស្ស៊ី បានធ្វើឱ្យប្រសើរឡើងយ៉ាងខ្លាំងនូវកិច្ចសហប្រតិបត្តិការយោធា ចាប់តាំងពីកិច្ចប្រជុំកំពូលរបស់ពួកគេកាលពីឆ្នាំមុនមក៕

លោក Putin ព្រមានលោកខាងលិច កុំអនុញាតឲ្យអ៊ុយក្រែនប្រើប្រាស់មីស៊ីលរបស់ខ្លួនវាយប្រហាររុស្ស៊ី

2024/05/29 08:00:42 am        227
លោកប្រធានាធិបតីរុស្ស៊ី Vladimir Putin បានព្រមានលោកខាងលិចកាលពីថ្ងៃអង្គារសប្ដាហ៍នេះថា សមាជិកណាតូនៅអឺរ៉ុបកំពុងប្រលែងលេងជាមួយភ្លើង ដោយសារតែការស្នើឱ្យអ៊ុយក្រែនប្រើអាវុធរបស់លោកខាងលិច ដើម្បីវាយប្រហារចូលទៅជ្រៅក្នុងប្រទេសរុស្ស៊ី ដែលលោកបាននិយាយថាអាចបង្កឱ្យមានជម្លោះជាសកល។ បន្ទាប់ពីសង្គ្រាមលើដីដ៏សាហាវបំផុតរបស់រុស្ស៊ីនៅអឺរ៉ុបជាង២ឆ្នាំ ចាប់តាំងពីសង្គ្រាមលោកលើកទី២ មក លោក Putin បាននិយាយបង្កើនវោហារសាស្ត្រអំពីហានិភ័យនៃជម្លោះសកលលោកកាន់តែធំ នៅពេលលោកខាងលិចកំពុងដោះស្រាយអ្វីដែលរុស្ស៊ី កំពុងព្យាយាមវាយរុលទៅមុខនៅក្នុងប្រទេសអ៊ុយក្រែន។ អគ្គលេខាធិការសម្ព័ន្ធយោធាណាតូ លោក Jens Stoltenberg បានប្រាប់សារព័ត៌មាន The Economist ថាសមាជិកសម្ព័ន្ធភាពនេះ គួរតែអនុញ្ញាតឱ្យអ៊ុយក្រែនវាយលុកចូលជ្រៅទៅក្នុងប្រទេសរុស្ស៊ីដោយប្រើអាវុធរបស់លោកខាងលិច ដែលជាទស្សនៈគាំទ្រដោយសមាជិកណាតូមួយចំនួន ប៉ុន្តែមិនមានសហរដ្ឋអាមេរិកនោះទេ។ លោក Putin បានប្រាប់អ្នកសារព័ត៌មាននៅរដ្ឋធានី តាស្កិន(Tashkent) ប្រទេសអ៊ូសបេគីស្ថាន ថា ការរុញឥតឈប់ឈរអាចនាំឱ្យមានផលវិបាកធ្ងន់ធ្ងរ ។ប្រសិនបើផលវិបាកធ្ងន់ធ្ងរទាំងនេះកើតឡើងនៅអឺរ៉ុប តើសហរដ្ឋអាមេរិកនឹងធ្វើដូចម្តេច?។លោក Putin បាននិយាយថា ការវាយប្រហាររបស់អ៊ុយក្រែន ទៅលើប្រទេសរុស្ស៊ី ដោយប្រើអាវុធរយៈចម្ងាយឆ្ងាយ នឹងត្រូវការផ្កាយរណប ចារកម្ម និងជំនួយយោធាពីលោកខាងលិច ដូច្នេះលោកខាងលិចនឹងចូលរួមដោយផ្ទាល់។ លោកបាននិយាយថាការបញ្ជូនទាហានបារាំងទៅអ៊ុយក្រែននឹងជាជំហានមួយឆ្ពោះទៅរកជម្លោះពិភពលោក៕

សម្ដេចធិបតី ហ៊ុន ម៉ាណែត អនុញ្ញាតឱ្យប្រធានស្ថាបនិក សភាពាណិជ្ជកម្មត្រកូលលីន ពិភពលោក និងគណៈប្រតិភូជួបសម្ដែងការគួរសម និងពិភាក្សាការងារ

2024/05/28 04:29:07 pm        196
ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃកម្ពុជា នារសៀលថ្ងៃទី២៨ ខែឧសភា ឆ្នាំ ២០២៤នេះ អញ្ជើញជួបជាមួយ លោក Tan Sri Dato Lim Soon Peng ប្រធានស្ថាបនិក សភាពាណិជ្ជកម្មត្រកូលលីន ពិភពលោក និងគណៈប្រតិភូ ក្នុងជំនួបសម្ដែងការគួរសម និងពិភាក្សាការងារនៅវិមានសន្តិភាព ។សភាពាណិជ្ជកម្មត្រកូលលីន ពិភពលោក (WLCC) ត្រូវបានបង្កើតឡើងក្នុងឆ្នាំ 2011 នៅប្រទេសសិង្ហបុរី ក្រោមគំនិតផ្តួចផ្តើមរបស់លោក Tan Sri Dato Lim Soon Peng ជាប្រធានស្ថាបនិក ជាមួយសហស្ថាបនិកកិត្តិយស ០៦រូបផ្សេងទៀតដោយក្នុងនោះក៏មានជនជាតិខ្មែរម្នាក់ដែរ ។WLCC មានការិយាល័យនៅ សិង្ហបុរី ម៉ាឡេស៊ី មីយ៉ាន់ម៉ា កូរ៉េខាងត្បូង ឥណ្ឌូនេស៊ី កម្ពុជា ប៉ាពួញូហ្គីណេ វៀតណាម និងនៅក្នុងតំបន់ជាច្រើននៃប្រទេសចិន រួមមាន ហេណាន ប៉េកាំង ក្វាងទុង ក្វាងស៊ី ហ្វូជៀន ក្វានចូវ, ម៉ាកាវ, ហុងកុង ជាដើម ។WLCC កំពុងមានការអភិវឌ្ឍនៅកម្ពុជា ដែលនឹងក្លាយជាចំណែកមួយ ចូលរួមជាមួយរាជរដ្ឋាភិបាល ក្នុងការកៀរគរធុរជនឱ្យមកវិនិយោគនៅកម្ពុជាកាន់តែច្រើន៕

សម្ដេចតេជោ ហ៊ុន សែន ផ្ដល់ការឧបត្ថម្ភទ្រទ្រង់សមាគមសិល្បករខ្មែរ ១០ម៉ឺនដុល្លារ ក្នុង១ឆ្នាំរយៈពេល៥ឆ្នាំ

2024/05/28 04:19:30 pm        118
ភ្នំពេញ៖ នៅព្រឹកថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៤ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យប្រតិភូសមាគមសិល្បករខ្មែរ ដឹកនាំ​ដោយអ្នកឧកញ៉ា ម៉ៅ ចំណាន ចូលជួបសម្តែងការគួរសម នៅវិមាន ៧មករា រាជធានីភ្នំពេញ។ជាកិច្ចចាប់ផ្តើម សម្ដេចតេជោ ហ៊ុន សែន បានអបអរសាទរ អ្នកឧកញ៉ា ម៉ៅ ចំណាន ដែលបាន​ជាប់ឆ្នោត​ជាប្រធានសមាគមសិល្បករខ្មែរ ព្រមទាំង ស្វាគមន៍សមាជិកក្រុមប្រឹក្សាភិបាល​នៃសមាគមសិល្បករខ្មែរ ​និងលោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា ដែលបាន​ជួយជ្រោមជ្រែង​រៀបចំរចនាសម្ព័ន្ធសមាគម។អ្នកឧកញ៉ា ម៉ៅ ចំណាន បានគោរពថ្លែងអំណរគុណ សម្តេចតេជោ ​ដែលបានចំណាយពេលវេលាដ៏​មានតម្លៃ ទទួលជួប សមាជិកក្រុមប្រឹក្សាភិបាលនៃសមាគមសិល្បករខ្មែរ ដែលជាសារវិជ្ជមានមួយសម្រាប់សមាគម។ អ្នកឧកញ៉ា ម៉ៅ ចំណាន ក៏បានធ្វើរបាយការណ៍ជូនសម្តេចតេជោ អំពីសាវតាសង្ខេបរបស់សមាគម ដោយបានរំលឹកពីការគាំទ្រ និងជំនួយរបស់ សម្តេចតេជោ និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដល់សមាគម និង អំពីសកម្មភាពការងារសំខាន់ៗក្រោយការបោះឆ្នោតជ្រើរើសប្រធានសមាគម អាណត្តិទី៦ ដូចជាការរៀបចំក្រុមប្រឹក្សាភិបាល និងគណកម្មការប្រតិបត្តិសមាគម និងការរត្រៀមរៀបចំពិធីជួបជុំមហាគ្រួសារសិល្បករខ្មែរ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់​សម្តេចធិបតី នាយករដ្ឋមន្ត្រី នៅពេលខាងមុខ ព្រមទាំង ការរៀបចំមូលដ្ឋានរដ្ឋបាល កែសម្រួលលក្ខន្តិកៈ បទបញ្ជាផ្ទៃក្នុង និងការរៀបចំផែនការជាទស្សនវិស័យ និង ចក្ខុវិស័យនៃសមាគម ដើម្បីឧត្តមភាពនៃ សិល្បៈខ្មែរ ទាំងនៅលើឆាកជាតិ និង ឆាកអន្តរជាតិ។ អ្នកឧកញ៉ា ម៉ៅ ចំណាន បានគូសបញ្ជាក់ថា កិច្ចការនេះនឹងអនុញ្ញាតឱ្យសមាគមអាចសម្រេច​គោលដៅ​ដែលបានកំណត់ ដូចជា៖ ១ កិច្ចការអភិរក្ស ការពារ អភិវឌ្ឍ និង លើកស្ទួយសិល្បៈ និង វប្បធម៌ជាតិ។ ២ ការពារសិទ្ធិ និងផលប្រយោជន៍របស់សមាជិក ៣ ស្វែងរកសប្បុរសជន ដើម្បីជួយដល់សកម្មភាពសិល្បៈ និង កិច្ចការសង្គម, ៤ ប្រមូលកម្លាំងធនធានសិល្បករ ដើម្បីបម្រើសកម្មភាពសិល្បៈ និងកិច្ចការសង្គម និង ៥ រួមចំណែកលើកកម្ពស់សីលធម៌សង្គម និងក្រមសីលធម៌វិជ្ជាជីវៈរបស់សិល្បករ។ជាកិច្ចឆ្លើយតប សម្តេចតេជោ ប្រធានព្រឹទ្ធសភា បានកោតសរសើរចំពោះការរៀបចំសមាគម ចាប់ពីការបោះឆ្នោតជ្រើសរើសប្រធានថ្មី។ សម្តេច បានគូសបញ្ជាក់ថា ការកកើតឱ្យមានសមាគម គឺជារឿងល្អហើយ ក៏ប៉ុន្តែ ការធានានិរន្តរភាព ជាការលំបាក។ សម្តេច ជឿជាក់ថា នៅក្នុងអាណត្តិថ្មីនេះ សមាគមអាចជៀសផុតពីការលំបាកដែលកើតមានកន្លងមក តាមរយៈ ការរៀបចំរចនាសម្ព័ន្ធគ្រប់គ្រងឡើងវិញ និង ការពង្រឹងសីលធម៌របស់សិល្បករ សិល្បការិនី។ សម្តេចក៏បានរំលឹកអំពីដំណាក់កាលរស់ឡើងវិញនៃសិល្បៈ ចាប់ពីថ្ងៃ៧ មករា ឆ្នាំ១៩៧៩ និង ដំណាក់កាលប្រមូលទុន ធនធានមនុស្ស ដែលបានខិតខំជាបន្តបន្ទាប់ ជាពិសេស ក្រោយ ពេលកម្ពុជាបានសន្តិភាពពេញលេញដោយសារនយោបាយឈ្នះ-ឈ្នះ។ ចាប់ពីឆ្នាំ១៩៩៨មក ប្រទេសយើងវិវត្តដល់ដំណាក់កាលថ្មី គឺ ដំណាក់កាលអភិរក្ស និងអភិវឌ្ឍ។ សម្តេចបានលើកឡើងថា “យើងអភិរក្សរបស់មានស្រាប់ និង ខិតខំឆ្នៃប្រឌិតថ្មី។ សម្តេចបានគូសបញ្ជាក់ថា “ខ្មែរយើងរក្សាអត្តសញ្ញាណរបស់យើងបាន ដោយសារកាលពីសម័យបារាំង ទីអារាម និងព្រះបរមរាជវាំង គឺជាទីដែលរក្សាកេរដំណែល វប្បធម៌មរតកជាតិ ហើយទោះខ្មែរក្រហមបានបំផ្លាញយ៉ាងណាក្តី ក៏យើងបានគាស់យកមកវិញ នូវវប្បធម៌ និង សិល្បៈ ដូចជា ពិធីអាពាហ៍ពិពាហ៍ ...។ ការការពារសិល្បៈ និង វប្បធម៌ គឺជាកាតព្វកិច្ចរបស់យើង។” សម្តេចតេជោបានផ្តល់អនុសាសន៍ឱ្យរកវិធីសាស្ត្រជួយពង្រឹងតួនាទីរបស់សិល្បករសម្រាប់រយៈពេលវែង ដូចជា ជួយដល់ការបណ្តុះបណ្តាលកូនសិល្បករ ហើយ នៅពេលរៀនចប់ ជួយពួកគេក្នុងការរកការងារធ្វើ។ “យើងចង់បណ្តុះបណ្តាល កុំឱ្យសិល្បករខ្វះអ្នកបន្តវេន ឬ អ្នកទ្រទ្រង់ជំនាន់ក្រោយ។ សមាគម គួររៀបចំវគ្គបណ្តុះបណ្តាលខ្លីៗ លើជំនាញនីមួយ រួមទាងប្រធានបទក្រមសីលធម៌វិជ្ជាជីវៈ”។សម្តេចតេជោ បានណែនាំឱ្យ ពិនិត្យលក្ខខណ្ឌឡើងវិញ ដើម្បីរក្សានូវតម្លៃសិល្បករ សិល្បការិនីរបស់យើង។ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ត្រូវពិនិត្យកំណត់លក្ខណវិនិច្ឆ័យ ហើយ សមាគមយកទៅអនុវត្ត។ សកម្មភាពសង្គម សេដ្ឋកិច្ច ឆ្លុះបញ្ចាំងតាមសកម្មភាពវប្បធម៌។ ក្រសួងវប្បធម៌ ត្រូវជំរុញឱ្យមានការកសាងក្របខ័ណ្ឌ បែបបទគតិយុត្តសមាគម ឱ្យបានគ្រប់គ្រាន់ ដូចសុភាសិតមួយចែង ថា “បើឈរមិនទាន់រឹង កុំរត់”។ ក្រសួងវប្បធម៌ ត្រូវគិតការកត់ត្រាទុក មូដសំលៀកបំពាក់ខ្មែរ តាមជំនាន់នីមួយៗ។ ការកែឆ្នៃថ្មី ត្រូវអនុញ្ញាតដល់កម្រិតណាមួយ និង ត្រូវចុះបញ្ជីទាំងអស់។ ការចុះបញ្ជី គឺ កុំឱ្យកូនចៅជំនាន់ក្រោយ ច្រឡំ។ នេះហើយជា ការអភិរក្ស ដើម្បី អភិវឌ្ឍ និង ការអភិវឌ្ឍ ដើម្បីអភិរក្ស។ ប្រទេសមួយ រីកលូតលាស់ ទាល់តែមានគ្រប់វិស័យលូតលាស់ រួមទាំង សិល្បៈ។ជាការទ្រទ្រង់ដល់សមាគម សម្តេចតេជោ បានអំពាវនាវដល់បណ្តាញផ្សព្វផ្សាយក្នុងស្រុក ឱ្យមានក្រុមផលិត ផ្សព្វផ្សាយសកម្មភាពរបស់សមាគម រួមទាំង តាមវែបសាយ Youtube TikTok ...។ល។ ជាមួយគ្នានេះដែរសម្តេចតេជោ បានសម្រេចជួយឧបត្ថម្ភទ្រទ្រង់ សមាគមសិល្បករខ្មែរ ចំនួន ១០ ម៉ឺនដុល្លារអាមេរិកក្នុង១ឆ្នាំ ក្នុងរយៈពេល ៥ឆ្នាំ ចាប់ពីឆ្នាំ២០២៤នេះតទៅ៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

តំណាងអង្គការយូណេស្កូប្រចាំកម្ពុជាប្ដេជ្ញាបន្តពង្រឹងនិងពង្រីកភាពជាដៃគូជាមួយកម្ពុជា ឱ្យកាន់តែរីកចម្រើនថែមទៀត
05/11/2026 09:05 PM
ការវាយប្រហារស្លាប់មនុស្សរបស់អ៊ីស្រាអែលនៅតំបន់ហ្កាហ្សា បង្ហាញពីភាពផុយស្រួយនៃបទឈប់បាញ់
05/11/2026 08:05 PM
ប្រធានាធិបតីអ៊ុយក្រែន៖ ទម្រង់នៃកិច្ចប្រជុំជាមួយលោក Putin ត្រូវបានពិភាក្សាជាមួយអាមេរិក
05/11/2026 08:05 PM
មីយ៉ាន់ម៉ាបង្ហាញភាពមិនសប្បាយចិត្ត អំពីការប្រព្រឹត្តិកាត់ផ្ដាច់ខ្លួនចេញពីប្លុក នៅក្នុងក្រុមអាស៊ាន
05/11/2026 08:05 PM
ឯកអគ្គរដ្ឋទូតឡាវថ្មី ប្រចាំកម្ពុជា ប្ដេជ្ញាពង្រឹងនិងពង្រីកទំនាក់ទំនងជាមួយកម្ពុជាថែមទៀត
05/11/2026 08:05 PM
អ៊ីតាលី៖ គ្មានបេសកកម្មកំពុងដំណើរការ នៅច្រកសមុទ្រ Hormuz ទេ ទោះមានការចល័តកងទ័ពជើងទឹកក្ដី
05/11/2026 08:05 PM
កម្ពុជា និងអាស៊ែបៃហ្សង់ ឯកភាពជំរុញ​ ទំនាក់ទំនង​ និងកិច្ចសហប្រតិបត្តិការទ្វេភាគីឱ្យកាន់តែរីកចម្រេីន
05/11/2026 08:05 PM
ទាហានអ៊ីស្រាអែលវាយឆ្មក់ជំរំ Qalandia ស្ថិតក្នុងតំបន់កាន់កាប់វ៉េសប៊ែងបណ្តាលឲ្យយុវជនម្នាក់ស្លាប់
05/11/2026 08:05 PM
កសិករបារាំងរងផលប៉ះពាល់ខ្លាំង ដោយសារវិបត្តិអ៊ីរ៉ង់ ខណៈតម្លៃជីកសិកម្មហក់ឡើងខ្ពស់
05/11/2026 08:05 PM
រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ និងអារ៉ាប៊ីសាអ៊ូឌីត ពិភាក្សាគ្នាអំពីដំណើរការការទូត រវាងអាមេរិក និងអ៊ីរ៉ង់
05/11/2026 08:05 PM