តំណាងអង្គការយូណេស្កូប្រចាំកម្ពុជាប្ដេជ្ញាបន្តពង្រឹងនិងពង្រីកភាពជាដៃគូជាមួយកម្ពុជា ឱ្យកាន់តែរីកចម្រើនថែមទៀត
ឯកអគ្គរដ្ឋទូតឡាវថ្មី ប្រចាំកម្ពុជា ប្ដេជ្ញាពង្រឹងនិងពង្រីកទំនាក់ទំនងជាមួយកម្ពុជាថែមទៀត
កម្ពុជា និងអាស៊ែបៃហ្សង់ ឯកភាពជំរុញ​ ទំនាក់ទំនង​ និងកិច្ចសហប្រតិបត្តិការទ្វេភាគីឱ្យកាន់តែរីកចម្រេីន
ប្រធានក្រុមការងារគណបក្សប្រជាជនចុះមូលដ្ឋាន ប្រកាសបញ្ចូល​សមាជិក​គណបក្ស​ថ្មីជាង ១៥០០នាក់នៃឃុំចំនួន៥ ក្នុងស្រុកកំពង់សៀម ខេត្តកំពង់ចាម

នយោបាយ​ និង ការអភិវឌ្ឍន៍

ព្រះមហាក្សត្រស្តេច យាងជាព្រះរាជាធិបតីដ៏ខ្ពង់ខ្ពស់បំផុត ពិធីអបអរសាទររំលឹកខួប២០ឆ្នាំ របស់អង្គការមូលនិធិកុមារកម្ពុជា

2024/05/28 04:05:57 pm        143
ភ្នំពេញ៖ នៅថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៤ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ព្រះអង្គសព្វព្រះរាជហឫទ័យស្តេចយាងជាព្រះរាជាធិបតីដ៏ខ្ពង់ខ្ពស់បំផុតក្នុងពិធីរំលឹកខួប២០ឆ្នាំ របស់អង្គការមូលនិធិកុមារកម្ពុជា (ហៅកាត់ថា ស៊ីស៊ីអេហ្វ)។ព្រះករុណាព្រះមហាក្សត្រ បានមានព្រះរាជបន្ទូល កោតសរសើរដល់ស៊ីស៊ីអេហ្វ​សម្រាប់​កិច្ចខិតខំប្រឹងប្រែងក្នុងការលើកកម្ពស់ជីវភាពរស់នៅរបស់កុមារ និងគ្រួសារក្នុងសហគមន៍ក្រីក្រក្នុងប្រទេសកម្ពុជា។ក្នុងមហាព្រឹត្តិការណ៍នេះ ក៏មានព្រះវត្តមានដ៏ខ្ពង់ខ្ពស់របស់ សម្តេចព្រះអភិសិរីសុគន្ធាមហាសង្ឃ​រាជាធិបតី កិត្តិឧទ្ទេសបណ្ឌិត បួរ គ្រី សម្ដេចព្រះមហាសង្ឃរាជ នៃគណៈធម្មយុត្តិកនិកាយ សម្តេចរាជបុត្រីព្រះអនុជ នរោត្តម អរុណរស្មី ​ ព្រមទាំង ឯកឧត្តម លោកជំទាវ តំណាងក្រសួងនានា អង្គទូត លោក លោកស្រី អ្នកនាង កញ្ញា ភ្ញៀវកិត្តិយសជាតិនិងអន្តរជាតិ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស​ និងបងប្អូនប្រជាពលរដ្ឋសហគមន៍ស្ទឹងមានជ័យ បានអញ្ជើញចូលរួម​យ៉ាងច្រើន​កុះករប្រមាណ ៥០០នាក់ ដើម្បីអបអរដំណើរវិថីដ៏អស្ចារ្យ របស់អង្គការមូលនិធិកុមារកម្ពុជា ដែលបានបង្កើតឡើងចាប់តាំងពីឆ្នាំ២០០៤។ ពិធីរំលឹកខួប ២០ឆ្នាំនេះបានប្រារព្ធធ្វើឡើងនៅសាលានីសិនគ្រីបអាខាដេមី​ដែលជា​អគារសិក្សាថ្នាក់អនុវិទ្យាល័យ និងវិទ្យាល័យរបស់ស៊ីស៊ីអេហ្វ។នៅក្នុងឱកាសដ៏មហានក្ខត្តឬក្សថ្លៃថ្លានេះ ​ព្រះករុណាព្រះមហាក្សត្រ បានមានព្រះរាជបន្ទូលថា «ខ្ញុំសូមថ្លែងអំណរគុណ និងកោតសរសើរចំពោះ អង្គការមូលនិធិកុមារកម្ពុជា និងលោកគ្រូ អ្នកគ្រូ មន្ត្រី បុគ្គលិកទាំងអស់ ​ដែលបានចំណាយកម្លាំងកាយចិត្ត ខិតខំជួយអប់រំ ​ថែបំប៉នកុមារា កុមារី ដូចជាកូន​របស់ខ្លួនបង្កើត ​ដែលនាំឱ្យចៅៗទទួលបានភាពកក់ក្តៅក្នុងជីវិត ​ព្រមទាំងទទួលបាន នូវសីលធម៌ ប្រពៃណី​ និងចំណេះវិជ្ជាផ្សេងៗសម្រាប់ជាមធ្យោបាយក្នុងការរស់នៅក្នុងសង្គម»។ព្រះករុណាព្រះមហាក្សត្រ ​បានមានព្រះរាជបន្ទូលបន្តថា៖ «ខ្ញុំសូមអរគុណលោក ស្កុត នីសិន ស្ថាបនិក និងជា នាយកប្រតិបត្តិ អង្គការមូលនិធិកុមារកម្ពុជា ដែលបានជួយដល់កុមារកម្ពុជាកំព្រា ក្រីក្រខ្វះខាតរាប់ពាន់នាក់ ​ជារៀងរាល់ឆ្នាំ​ ឱ្យទទួលបានចំណេះដឹងជាច្រើន ​តាមរយៈការអប់រំ ការថែទាំនិងគាំទ្រដល់សហគមន៍​ ការបណ្តុះបណ្តាល វិជ្ជាជីវៈ »។ព្រះករុណា បានមានព្រះរាជបន្ទូលទៀតថា កូនសិស្សមួយចំនួនដែលរៀនបញ្ចប់ពីសាលានេះ មាន​ការងារធ្វើជា មន្រ្តីរាជការ ឬប្រកបការងារក្នុងវិស័យឯកជន រីឯសិស្សផ្សេងទៀតបានទៅប្រឡង​យកអាហា​រូបករណ៍​ទៅរៀនបន្ត ​នៅបរទេស ដើម្បីយកជំនាញឯកទេសឧត្តមសិក្សាណាមួយ​ធ្វើឱ្យជីវភាព​ក្នុងគ្រួសារបានធូរស្រាលល្អជាងមុន។ ទាំងនេះជាសកម្មភាពដ៏ល្អប្រពៃថ្លៃថ្លា របស់​អង្គការមូលនិធិកុមារកម្ពុជា ​ដែលបានចូលរួមជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការ ជួយកសាង​ធនធានមនុស្ស ដែលជាកត្តាចម្បងបំផុត សម្រាប់ការអភិវឌ្ឍសង្គមជាតិកម្ពុជា។មុនបញ្ចប់ព្រះរាជសុន្ទរកថា ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃ​ ព្រះរាជាណាចក្រកម្ពុជា ​ជាទីគោរពសក្ការ:ដ៏ខ្ពង់ខ្ពស់បំផុត បានមានព្រះរាជ​បន្ទូលថា ទិដ្ឋភាពគួរឱ្យចងចាំនាឱកាសដ៏ ​ថ្លៃថ្លានេះ ​ជាការលើកទឹកចិត្តដល់ចៅៗកុមារា កុមារី​ទាំងឡាយ ​ដែលអាចនាំចៅៗសម្រេចបានជោគជ័យនៅពេល អនាគត ​គឺជាទំពាំងស្នងឬស្សី ជាពលរដ្ឋល្អនៃសង្គមជាតិ ស្របតាមគោលការណ៍អប់រំថ្មី គឺ កូនល្អ សិស្សល្អ និង ពលរដ្ឋល្អ។ឆ្លៀតក្នុងឱកាសដ៏មហានក្ខត្តឬក្សនេះ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា បានសព្វព្រះរាជហឫទ័យប្រោសព្រះរាជទាននូវគ្រឿង​ឥស្សរិយយសដល់ថ្នាក់ដឹកនាំនិងម្ចាស់ជំនួយរបស់អង្គការមូលនិធិកុមារកម្ពុជា ដែលបាន​ចូលរួមក្នុងការសម្រេចបាននូវសមិទ្ធផលធំធេងជាច្រើន​ នាពេលកន្លងមក។ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ស្តេចយាង​ទតសាលានីសិនគ្រីប​អាខាដេមី​ ដែលនៅក្នុងនោះ​មានការដាក់តាំងពិព័រណ៍នានា​ដែលជាស្នាដៃ​របស់សិស្សស៊ីស៊ីអេហ្វ រួមមានពិព័រណ៍​ស្តីអំពី វិទ្យាសាស្រ្ត បច្ចេកវិទ្យា សិល្បៈនិងការច្នៃប្រឌិត គំនូរជីវចល និង កំណាព្យភាសាខ្មែរជាដើម។លោកស្កុតបានគូសបញ្ជាក់ថា៖ «សាលានីសិនគ្រីបអាខាដេមី គឺជា តឹកតាងដ៏អស្ចារ្យមួយបង្ហាញ​ពីភាព​ផ្លាស់ប្ដូរ។ ​ទីកន្លែងមួយនេះ ដើមឡើយគឺជាដីវាលចាក់សម្រាមស្មោកគ្រោក បានប្រែ​មកជាអាគារដ៏ធំសម្បើមមួយដែលក្លាយជាតំណាងនៃក្ដីសង្ឃឹមសម្រាប់សហគមន៍»។ជាចុងក្រោយលោកស្កុត បានមានប្រសាសន៍បន្តទៀតថា៖ «បើសម្លឹងមើលទៅអនាគត ខ្ញុំមាន​សេចក្តីរំភើបចំពោះ ឱកាសល្អៗជាច្រើនដែលនឹងអាចកើតឡើងតាមរយៈការពង្រីក​ការផ្លាស់ប្តូរ​ជាវិជ្ជមាន និងការចែករំលែកចំនេះដឹងរបស់ពួកយើង ដើម្បីបន្តផ្ដល់ជាប្រយោជន៍ដល់ក្មេងៗ និងមនុស្សជាច្រើននាក់​ទៀតដែលត្រូវការជំនួយ»។គួរបញ្ជាក់ផងដែរថា ប្រមាណជាង ៧០% នៃនិស្សិតដែលជាកុមារស៊ីស៊ីអេហ្វដំបូងគេ បាន​ឆ្លងកាត់ថ្នាក់​ឧត្តមសិក្សា ​និងអភិវឌ្ឍន៍​អាជីពជោគជ័យ ហើយភាគច្រើន​កំពុងប្រឹងប្រែងជួយគ្រួសារ​របស់ពួកគេអោយចេញផុតពីភាពក្រីក្រ។ ​មកទល់ពេលនេះ អង្គការបានជួយទំនុកបម្រុងកុមារ​ប្រមាណ ៤.៣០០នាក់ ​អោយទទួលបានការអប់រំ ​និងសេវាជំនួយ ​សហគមន៍នានាប្រកប​ដោយគុណភាព៕

បារាំង នឹងបញ្ជូនទ័ពទៅអ៊ុយក្រែន ដើម្បីបណ្តុះបណ្តាលទាហាននៅទីនោះ

2024/05/28 02:43:36 pm        146
មេបញ្ជាការជាន់ខ្ពស់របស់ទីក្រុងគីវ បាននិយាយកាលពីថ្ងៃចន្ទថា ប្រទេសបារាំង នឹងចាប់ផ្តើមបញ្ជូនកងទ័ពឆាប់ៗនេះ ដើម្បីបណ្តុះបណ្តាលកងកម្លាំងអ៊ុយក្រែន នៅក្នុងប្រទេសដែលហែកហួរដោយសង្រ្គាម នេះ។លោកឧត្តមសេនីយ៍ Oleksandr Syrskyi បានអះអាងថា ឯកសារ ត្រូវបានចុះហត្ថលេខា ដើម្បីអនុញ្ញាតឲ្យគ្រូយោធាបារាំង ធ្វើទស្សនកិច្ចនៅមជ្ឈមណ្ឌលហ្វឹកហ្វឺនអ៊ុយក្រែន បន្ទាប់ពីពិភាក្សាជាមួយរដ្ឋមន្ត្រីការពារជាតិបារាំងលោក Sebastien Lecornu។លោកឧត្តមសេនីយ៍ Syrskyi បានសរសេរនៅលើកម្មវិធីផ្ញើសារ Telegram ថា៖«ខ្ញុំស្វាគមន៍គំនិតផ្តួច ផ្តើមរបស់ប្រទេសបារាំងក្នុងការបញ្ជូនគ្រូទៅអ៊ុយក្រែន ដើម្បីបណ្តុះបណ្តាលបុគ្គលិកយោធាអ៊ុយក្រែន»។«ខ្ញុំបានចុះហត្ថលេខារួចហើយនូវឯកសារដែលនឹងអនុញ្ញាតឲ្យគ្រូជនជាតិបារាំងដំបូងគេមកទស្សនកិច្ច ជ្ឈមណ្ឌលបណ្តុះបណ្តាលរបស់យើង ក្នុងពេលឆាប់ៗនេះ ដើម្បីឲ្យដឹងច្បាស់ពីហេដ្ឋារចនាសម្ព័ន្ធ និងបុគ្គលិករបស់ពួកគេ។«ខ្ញុំជឿថា ការប្តេជ្ញាចិត្តរបស់ប្រទេសបារាំង នឹងលើកទឹកចិត្តដៃគូផ្សេងទៀតឲ្យចូលរួមក្នុងគម្រោងដ៏សំខាន់នេះ»។អគ្គមេបញ្ជាការអ៊ុយក្រែន មិនបានផ្តល់ព័ត៌មានលម្អិតអំពីការដាក់ពង្រាយគ្រូបណ្តុះបណ្តាលរបស់បារាំងដំបូងឡើយ។

ក្លឹបអ្នកកាសែតកម្ពុជាដឹកនាំសារព័ត៌មាន៣០ស្ថាប័ន ចុះផ្សព្វផ្សាយពីសក្តានុពលទេសចរណ៍នៅភ្នំបូកគោ

2024/05/28 02:24:33 pm        152
ក្លឹបអ្នកកាសែតកម្ពុជាដែលមានលោក ពុយ គា ជាប្រធាន នាថ្ងៃទី២៨ ខែឧសភា ឆ្នាំ ២០២៤ នេះ បានដឹកនាំអ្នកសារព័ត៌មានចំនួន ៣០ ស្ថាប័ន ធ្វើដំណើរមកកាន់ទីក្រុងបូកគោ ក្នុងខេត្តកំពត ដើម្បីផ្សព្វផ្សាយពីសក្តានុពលទេសចរណ៍ដ៏សម្បូរបែបនៅទីនេះ។លោក ពុយ គា ប្រធានក្លឹបអ្នកកាសែតកម្ពុជា បានលើកឡើងថា «កន្លងមកអ្នកទេសចរ​ទាំងក្នុង​ប្រទេស និងអន្តជាតិ កាលណាចង់ធ្វើដំណើរទេសចរណ៍តែងគិតភ្លាមទៅដល់ទឹកដី​នៃ​ខេត្តសៀមរាប នឹកឃើញដល់ប្រាសាទអង្គរវត្ត ឬមួយក៏ទៅនៅតំបន់ឆ្នេរសមុទ្រដូចជា ខេត្តព្រះសីហនុ ខេត្តកំពត និងខេត្តកែបជាដើម។ក្លឹបអ្នកកាសែតកម្ពុជាចង់បង្ហាញថា តំបន់ទេសចរណ៍នៅកម្ពុជា​មានច្រើនណាស់ ហើយនៅ​ចំពោះមុខ​នៃ​បម្រែបម្រួលអាកាសធាតុអាកាសធាតុក្តៅដែលកំពុងជួបប្រទះ កម្ពុជាយើងក៏មាន​ជម្រើស​រកតំបន់ទេសចរណ៍​ដែលមានអាកាសធាតុត្រជាក់រហូតដល់បីតំបន់តំបន់៖ ទីមួយ ភូមិភាគឦសាននៃប្រទេសកម្ពុជា នៅលើទឹកដីខេត្តមណ្ឌលគិរី។ ទីពីរ គីរីរម្យក្នុងខេត្តកំពង់ស្ពឺ។ ទីបី ទីក្រុងបូកគោ ដែលមានរហូតដល់បីរដូវក្នុងមួយថ្ងៃ មានន័យថា ក្តៅ ត្រជាក់ និងធ្លាក់អ័ព។ អ្នកសារព័ត៌មានអាចជួយផ្សព្វផ្សាយដើម្បីផ្ដល់ជម្រើសឱ្យអ្នកទេសចរទាំងក្នុងស្រុកនិងអន្តរជាតិបានដឹង។» ។តាមការគ្រោងទុក ដំណើរទស្សនកិច្ចអ្នកសារព័ត៌មានមកកាន់ ​ក្រុងបូកគោ ខេត្តកំពត នឹងធ្វើឡើង​រយៈពេល ៣ ថ្ងៃ ចាប់ពីថ្ងៃទី ២៨-៣០ ​ខែឧសភា ឆ្នាំ២០២៤។ រយៈពេល ៣ ថ្ងៃនេះ អ្នកសារព័ត៌មាន​ចម្រុះស្ថាប័ន នឹងត្រូវទៅទស្សនកិច្ចនៅ​រមណីយដ្ឋាន​ទេសចរណ៍ធម្មជាតិ​ និងប្រវត្តិសាស្ត្រសំខាន់ ៗ ជាច្រើនកន្លែង ​ព្រមទាំងទីតាំងបង្កើតថ្មីជាច្រើនកន្លែងផ្សេងទៀត​ ក្នុងនោះ​មានដូចជា ទឹកធ្លាក់​ពពកវិល សំណង់បុរាណ ការដ្ឋាននៃសំណង់អភិវឌ្ឍន៍លើភ្នំបូកគោ​ ក៏ដូចជាកសិដ្ឋានបន្លែធម្មជាតិ និងចំការស្ត្រប័ររី ​ជាដើម៕ អត្ថបទ៖ ចេន សុភានាថ

និយ័តករមូលបត្រកម្ពុជា ពង្រីកការផ្សព្វផ្សាយព័ត៌មានផ្សារហ៊ុនដល់សិស្សនិស្សិត ដើម្បីបញ្ចៀសការចាញ់បោកជនខិលខូច

2024/05/28 02:14:38 pm        750
និយ័តករមូលបត្រកម្ពុជា (ន.ម.ក.) និងក្រុមហ៊ុនមូលបត្រ អេស៊ីលីដា ម.ក បានសហការ​ដើម្បី​រៀបចំ​វគ្គបណ្តុះបណ្តាលវិនិយោគិនជូនដល់យុវជន សិស្សនិស្សិត ក្នុងគោលបំណងផ្សព្វផ្សាយ​ឲ្យបាន​ទូលំទូលាយ​អំពីទីផ្សារមូលបត្រ ​និងដើម្បីបញ្រ្ជាបការយល់ដឹងដល់សាធារណជន សម្រាប់ធ្វើការ​ត្រិះរិះ វិភាគ តាមដានអំពីការវិនិយោគឲ្យបានត្រឹមត្រូវនិងស្របច្បាប់។ឯកឧត្តម កែប សំភី ប្រធាននាយកដ្ឋានត្រួតពិនិត្យទីផ្សារមូលបត្រ​ នៃនិយ័តករមូលបត្រកម្ពុជា ន.ម.ក. នៅ​ក្រោយពិធីបើកវគ្គបណ្តុះបណ្តាលវិនិយោគិនស្តីពី “ការវិនិយោគឆ្លាតវៃ” ជូនដល់និស្សិត​នៃវិទ្យាស្ថានពហុបច្ចេកទេស ព្រះកុសុមៈ នាព្រឹកថ្ងៃទី២៨ ​ខែឧសភានេះ បានមានប្រសាសន៍​ប្រាប់ព័ត៌មាន ប៊ីធីវី ឲ្យដឹងថា ​គិតមកដល់ពេលនេះ ជាលើកទី៦ហើយដែលបានរៀបចំវគ្គ​សិក្ខាសាលានេះ​ឡើង ដើម្បីផ្តល់​នូវការយល់ដឹងតែមួយគត់ដល់សាធារណជនជំនាន់​ក្រោយ​អំពី​ប្រភេទ​ទីផ្សារមូលបត្រ ​ការវិភាគលើការវិនិយោគនៅក្នុងទីផ្សារ ការស្វែង​យល់ពីក្រុមហ៊ុន​បោះផ្សាយ​ក្នុងស្រុក និង​តួ​អង្គពាក់ព័ន្ធ​ដែលមាន​អាជ្ញា​បណ្ណត្រឹមត្រូវពីនិយ័តករមូលបត្រកម្ពុជា។ លោកបានបញ្ជាក់ថា ​វគ្គបណ្តុះបណ្តាលនេះដែរ គឺ​ដើម្បីបញ្រ្ជាបការយល់ដឹងឲ្យកាន់តែច្រើន​បន្ថែមទៀត ​និងដើម្បីបង្ការការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ​ខណៈនៅតែមានជនទុច្ចរិតមួយចំនួន​ខិតខំ​ទាក់ទាញ​ការវិនិយោគិនក្នុងការវិនិយោគដោយសន្យាថា ផ្តល់ប្រាក់ចំណេញខ្ពស់​ក្នុងរយៈពេលខ្លី ដែលជនទាំងនោះ​មិនមែនជាក្រុមហ៊ុនដែលមានអាជ្ញាបណ្ណត្រឹមត្រូវតាមច្បាប់។លោកស្រី ម៉ៅ ភិរក្ស នាយិកាប្រតិបត្តិការក្រុមហ៊ុនមូលបត្រ អេស៊ីលីដា ម.ក ​បានលើកឡើងថា ដើម្បី​ចៀសវាង​ការចាញ់បោកគេតាមប្រព័ន្ធអនឡាញ វិនិយោគិនថ្មីទាំងអស់ត្រូវបង្កើនការប្រុង​ប្រយ័ត្នឲ្យបានខ្ពស់ ក្នុងការបើកគណនីជួញដូរភាគហ៊ុន ឬឧបករណ៍ជួញដូរហិរញ្ញវត្ថុផ្សេងៗ ជាមួយអ្នកផ្សព្វផ្សាយតាមប្រព័ន្ធអនឡាញ ដែលងាយជាប់អន្ទាក់ឆបោកពីសំណាក់ជន​ខិលខូច​មួយចំនួន​ក្នុងវិស័យមូលបត្រនេះ។គិតមកដល់បច្ចុប្បន្ននេះ ផ្សារមូលបត្រកម្ពុជា មានក្រុមហ៊ុនចុះបញ្ជីសរុបចំនួន២២ ដែលក្នុងនោះ​រួមមាន​ក្រុមហ៊ុនចុះបញ្ជីមូលបត្រកម្មសិទ្ធិនៅទីផ្សារគោលចំនួន៩​ ទីផ្សារកំណើនចំនួន២ និង​ក្រុមហ៊ុន​ចុះបញ្ជីមូលបត្របំណុលចំនួន១១។​ ក្រុមហ៊ុនទាំង២២នេះ បានប្រមូលទុនពីការ​បោះផ្សាយមូលបត្រសរុបប្រមាណ ៣៧៩លានដុល្លារអាម៉េរិក។ ដោយឡែក គិតត្រឹមត្រីមាសទី១ ឆ្នាំ២០២៤ ​លេខ​អត្តសញ្ញាណ​វិនិយោគិន​សរុប​មានចំនួនជិត ៥ម៉ឺននាក់ និងមានការបើក​គណនីជួញដូរ​ចំនួនជាង ៥ម៉ឺន គណនី៕អត្ថបទ៖ ឈិត បូរ៉ាវី 

រដ្ឋមន្រ្តីកសិកម្ម ណែនាំមន្រ្តីជំនាញឲ្យចុះដល់មូលដ្ឋាន ដើម្បីធ្វើការដោយផ្ទាល់ជាមួយកសិករ

2024/05/28 12:57:28 pm        242
ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានណែនាំដល់ថ្នាក់​ដឹកនាំ​ពាក់ព័ន្ធ និងមន្ដ្រីជំនាញ ចាំបាច់ត្រូវចុះឱ្យដល់មូលដ្ឋានផ្ទាល់ ដើម្បីពិនិត្យ សិក្សាឱ្យបាន​គ្រប់ជ្រុងជ្រោយពីស្ថានភាពជាក់ស្តែង ​ហើយត្រូវមានផែនការវិនិយោគច្បាស់លាស់ ជាពិសេសត្រូវប្រើប្រាស់ថវិកាឱ្យចំគោលដៅ ​និងមានប្រសិទ្ធភាព ដើម្បីផ្ដល់ប្រយោជន៍ដល់​ប្រជាកសិករ។ ក្នុងកិច្ចប្រជុំពិនិត្យលើសំណើសុំបន្តចុះអនុស្សារណៈយោគយល់គ្នា រវាងអគ្គនាយកដ្ឋានកសិកម្ម ជាមួយសហព័ន្ធសហករណ៍ រ៉ៃអៃសិនអាល្លឺម៉ង់ (DGRV) ស្តីពីការអភិវឌ្ឍសហគមន៍កសិកម្ម កាលពីថ្ងៃទី២៧ ឧសភា ឆ្នាំ២០២៤នេះ ឯកឧត្តមរដ្ឋមន្ត្រី បានលើកឡើងអំពីកម្មវិធីគោល​នយោបាយ​អាទិភាពវិស័យកសិកម្ម ​តាមរយៈការជំរុញសហគមន៍កសិកម្មទំនើប។ ឯកឧត្តម បានណែនាំដល់ថ្នាក់ដឹកនាំក្រសួង ​ត្រូវមានភាពម្ចាស់ការលើការគ្រប់គ្រង ដឹកនាំ មាន​ផែនការ​មេច្បាស់លាស់ ​ជាពិសេសដំណាំស្វាយចន្ទី។ បើតាម​ឯកឧត្តមរដ្ឋមន្ត្រី ការអភិវឌ្ឍនៅក្នុងវិស័យកសិកម្មចាំបាច់ ត្រូវការដៃគូសហការចូលរួម​នៅក្នុង​ចំណុច​ដែលខ្វះខាត ជាអាទិ៍ទីប្រឹក្សាជួយគាំទ្រដល់ការបង្កើតសហគមន៍កសិកម្មទំនើប ការ​បង្កើតផែនការវិនិយោគ ​ដែលជួយឱ្យកសិករអាចអនុវត្តប្រកបដោយប្រសិទ្ធភាព និងប្រសិទ្ធផលខ្ពស់៕ អត្ថបទ៖ ឈិត បូរ៉ាវី

ឯកឧត្ដម វ៉ាង វិនធាន ជាតួអង្គដ៏សំខាន់ធ្វើឱ្យស្មារតីនៃកិច្ចព្រមព្រៀងថ្នាក់ដឹកនាំកម្ពុជា-ចិន សម្រេចជាលទ្ធផលជាក់ស្តែងនាំមកនូវផលប្រយោជន៍ដល់ប្រជាជនទំាងសងខាង

2024/05/28 12:49:45 pm        176
សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា បានវាយតម្លៃខ្ពស់និងកោតសរសើរយ៉ាងក្រៃលែងអំពីជោគជ័យនៃបេសកកម្មការទូតរបស់ ឯកឧត្ដម វ៉ាង វិនធាន (Wang Wentian) ឯកអគ្គរដ្ឋទូត នៃសាធារណរដ្ឋប្រជាមានិតចិន ប្រចាំព្រះរាជាណាចក្រកម្ពុជា ដែលជាផ្នែកសំខាន់មួយក្នុងការធ្វើឱ្យសម្រេចនូវរាល់ស្មារតីឯកភាពគ្នារវាងថ្នាក់ដឹកនាំកម្ពុជានិងចិន ជាលទ្ធផលជាក់ស្តែងបម្រើដល់ផលប្រយោជន៍ប្រទេសនិងប្រជាជនទំាងសងខាង។សម្តេចរដ្ឋសភាធិបតី បានវាយតម្លៃបែបនេះ នៅក្នុងឱកាសអនុញ្ញាតឱ្យ ឯកឧត្ដម វ៉ាង វិនធាន ចូលជួបពិភាក្សាការងារនិងជម្រាបលា នាព្រឹកថ្ងៃទី ២៨ ខែ ឧសភា ឆ្នាំ ២០២៤ នៅក្នុងឱកាសដែលឯកឧត្តមនឹងត្រូវបញ្ចប់បេសកកម្មការទូតពីកម្ពុជានាពេលដ៏ខ្លីខាងមុខ។សម្តេចប្រធានរដ្ឋសភា បានបង្ហាញនូវមនោសញ្ចេតនាជ្រាលជ្រៅជាខ្លាំង នៅពេលដឹងថា ឯកឧត្ដមឯកអគ្គរដ្ឋទូត ត្រូវបញ្ចប់បេសកកម្មការទូតនៅព្រះរាជាណាចក្រកម្ពុជា ហើយគ្រោងចាកចេញពីកម្ពុជានាពេលឆាប់ៗខាងមុខ។ សម្តេចបានបានគូសបញ្ជាក់ថា ឯកឧត្ដម វ៉ាង វិនធាន ក៏ដូចជា ឯកអគ្គរដ្ឋទូតមុនៗ បានរួមចំណែកយ៉ាងសំខាន់ និងមានតម្លៃដល់ការពង្រឹង ពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគី បានកាន់តែស៊ីជម្រៅ និងទូលំទូលាយ ដោយបាននាំមកនូវផលប្រយោជន៍ដ៏ឧត្តុង្គឧត្តម ជូនប្រជាជននិងប្រទេសទាំងពីរ ហើយបន្តពង្រឹងមិត្តភាពដែកថែបជាប្រវត្តិសាស្រ្ត ក្លាយជាដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយ ក្នុងការកសាងសហគមន៍ជោគវាសនារួម កម្ពុជា-ចិន ក្នុងយុគសម័យថ្មី តាមរយៈកិច្ចសហប្រតិបត្តិត្បូងពេជ្រ និងផែនការសកម្មភាព ២០២៤-២០២៨ ប្រកបដោយគុណភាពខ្ពស់ កម្រិតខ្ពស់ និងស្តង់ដារខ្ពស់។ ឯកឧត្ដម វ៉ាង វិនធាន បានថ្លែងអំណគុណសម្តេចប្រធានរដ្ឋសភា ដែលបានអនុញ្ញាតឱ្យឯកឧត្តមបានជួបពិភាក្សាការងារនិងជម្រាបលានាឱកាសនេះ។ ជាមួយគ្នានេះ ឯកឧត្តមបានថ្លែងអំណរគុណដល់សម្តេចរដ្ឋសភាធិបតី ក៏ដូចជារដ្ឋសភាកម្ពុជាទំាងមូល ដែលបានគំាទ្រនិងផ្តល់កិច្ចសហការយ៉ាងល្អ ជាមួយស្ថានទូតចិនប្រចាំនៅភ្នំពេញ ធ្វើឱ្យបេសកកម្មការទូតរបស់ឯកឧត្តមជិត៦ឆ្នាំមកនេះ ទទួលបានលទ្ធផលយ៉ាងធំធេង ។ក្នុងនាមជាសាក្សីមួយ ដែលបានស្នាក់នៅ និងបំពេញការងារនៅកម្ពុជា ឯកឧត្តមសូមកោតសរសើរចំពោះការរីកចម្រើន និងសមិទ្ធផលសំខាន់ជាច្រើនរបស់កម្ពុជា ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមមន្រ្តី និងជាប្រធានព្រឹទ្ធសភា និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី បន្តវេនក្នុងអាណត្តិទី៧នេះ ជាពិសេសជោគជ័យរបស់កម្ពុជានៅក្នុងការប្រយុទ្ធប្រឆំាងជំងឺកូវីដ-១៩ ជោគជ័យនៅក្នុងការស្តារសេដ្ឋកិច្ចសង្គមឡើងវិញក្រោយពីកូវីដ-១៩ ក៏ដូចជាជោគជ័យនៅក្នុងការធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំ ព្រឹត្តិការណ៍អន្តរជាតិជាច្រើន ដូចជាកិច្ចប្រជុំកំពូលអាស៊ាន (ASEAN Summit) ភាពជាដៃគូសភាអាស៊ី អ៊ឺរ៉ុប (ASEP) និងមហាសន្និបាតអាយប៉ា (AIPA) ជាដើម ដែលធ្វើឱ្យតួនាទីរបស់កម្ពុជានៅលើឆាកអន្តរជាតិកាន់តែត្រូវបានលើកកម្ពស់ និងសំខាន់ឡើង។ឯកឧត្ដម វ៉ាង វិនធាន បានបង្ហាញអារម្មណ៍អាឡោះអាល័យ ដែលត្រូវចាកចេញពីកម្ពុជា និងបានគូសបញ្ជាក់ថា ទោះបី ឯកឧត្តម ត្រូវចាកចេញពីកម្ពុជាក្តី តែឯកឧត្តមនៅតែបន្តជួយគំាទ្រដល់ការអភិវឌ្ឍរបស់កម្ពុជា តាមលទ្ធភាពផ្សេងៗ។ ឯកឧត្តម បានគូសបញ្ជាក់ថា ចិន និងកម្ពុជា គឺជាមិត្តប្រពៃណី និងមិត្តដែកថែប។ សម្តេចរដ្ឋសភាធិបតី ឃួន សុដារី បានសម្តែងនូវមោទនភាពបំផុតដែលចំណងមិត្តភាពកម្ពុជាចិនកាន់តែរីកចម្រើននិងរឹងមាំឡើង នៅក្នុងនោះសមិទ្ធផលជាច្រើនបានលេចជារូបរាងឡើងនៅក្នុងអាណត្តិការទូតរបស់ឯកឧត្តម វ៉ាង វិនធាន ជាអាទិ៍ នៅឆ្នាំ២០១៩ ចិននិងកម្ពុជា បានចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នា ស្តីពីកិច្ចព្រមព្រៀងជាឯកច្ឆន្ទក្នុងការកសាងសហគមន៍ជោគវាសនារួមចិន-កម្ពុជា ក្នុងយុគសម័យថ្មីប្រកបដោយគុណភាពខ្ពស់ កម្រិតខ្ពស់ និងស្តង់ដារខ្ពស់។ សម្តេចប្រធានរដ្ឋសភាបានចាត់ទុកថា ទំនាក់ទំនងចិន-កម្ពុជា គឺជាគម្រូនៃទំនាក់ទំនងអន្តរជាតិបែបថ្មីមួយ ដែលឈរលើគោលការណ៍ស្មោះត្រង់ ស្មើរភាព គោរពក្នា ឱ្យតម្លៃ និងអធ្យាស្រ័យគ្នាទៅវិញទៅមក។ នាឱកាសនេះដែរ សម្តេចរដ្ឋសភាធិបតី ឃួន សុដារី បានបំពាក់គ្រឿងឥស្សរិយយសព្រះរាជាណាចក្រកម្ពុជា ថ្នាក់មហាសេរីវឌ្ឍន៍ ជូនដល់ឯកឧត្តម វ៉ាង វិនធាន ផងដែរ។ មេដាយមហាសេរីវឌ្ឍន៍នេះ គឺជាគ្រឿងឥស្សរិយយស ផ្តល់កិត្តិយសជូនឯកឧត្តមឯកអគ្គរដ្ឋទូត ចំពោះកិច្ចប្រឹងប្រែងយ៉ាងខ្លាំងក្នុងការលើកកម្ពស់នូវទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងចិន៕

ក្រុមហ៊ូរទីនៅយេម៉ែន និយាយថា ពួកគេបានវាយប្រហារនាវា៣គ្រឿង នៅសមុទ្រក្រហម និងមហាសមុទ្រឥណ្ឌា

2024/05/28 11:59:01 am        155
អ្នកនាំពាក្យយោធារបស់ក្រុមហ៊ូរទី នៅប្រទេសយេម៉ែន បានប្រកាសកាលពីថ្ងៃចន្ទថា ក្រុមនេះបានបើកការវាយប្រហារលើនាវាចំនួនបីគ្រឿង នៅលើសមុទ្រក្រហម និងមហាសមុទ្រឥណ្ឌា។លោក Yahya Sarea បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ ដែលចេញផ្សាយដោយទូរទស្សន៍ al-Masirah គ្រប់គ្រងដោយក្រុមហ៊ូរទីថា ការវាយប្រហារលើកទីមួយ បានដាក់គោលដៅលើនាវាអាមេរិក Larego Desert នៅលើមហាសមុទ្រឥណ្ឌា លើកទីពីរបានកំណត់គោលដៅលើនាវារបស់អ៊ីស្រាអែល MSC Mechela នៅមហាសមុទ្រឥណ្ឌា ហើយលើកទីបី បានដាក់គោលដៅលើនាវា Minerva Lisa នៅលើសមុទ្រក្រហម។លោក Sarea និយាយថា ក្រុមរបស់លោក ក៏បានបើកការវាយប្រហារដោយយានដ្រូនទៅលើ នាវាចម្បាំងអាមេរិកពីរគ្រឿង នៅលើសមុទ្រក្រហម ហើយការវាយប្រហារគឺត្រឹមត្រូវ ជាការប្តេជ្ញាបន្តការវាយប្រហារ រហូតដល់អ៊ីស្រាអែល បញ្ឈប់សង្គ្រាមរបស់ខ្លួននៅតំបន់ហ្កាហ្សាស្ទ្រីប។ ពុំឃើញមានព័ត៌មានជាសាធារណៈសម្រាប់នាវាពីរគ្រឿងដំបូងឡើយ ប៉ុន្តែអង្គភាពឃ្លាំមើលចរាចរណ៍ផ្លូវសមុទ្រ បានបង្ហាញពីនាវាដឹកប្រេង Largo Desert ដោតទង់ជាតិប្រជុំកោះម៉ាសល(Marshall) កំពុងធ្វើដំណើរពីទីក្រុង Durban ប្រទេសអាហ្វ្រិកខាងត្បូងទៅកាន់ទីក្រុង Beira ប្រទេសម៉ូហ្សាំប៊ីក មានសកម្មភាពនៅក្នុងតំបន់នោះ។ អង្គភាពតាមដានតាមប្រព័ន្ធអនឡាញ Marine Traffic បានបង្ហាញថា នាវា Minerva Lisa គឺជានាវាដឹកប្រេងឆៅ ស្ថិតនៅទីតាំងលើសមុទ្រក្រហម។ កាលពីថ្ងៃសុក្រ សប្តាហ៍មុន ក្រុមហ៊ូរទី បានអះអាងថា ពួកគេបានវាយប្រហារដោយមីស៊ីលប្រឆាំងនាវាអ៊ីស្រាអែល Essex នៅសមុទ្រមេឌីទែរ៉ាណេ។ ក្រុមឧទ្ទាមហ៊ូរទី បានចាប់ផ្តើមបាញ់មីស៊ីលបាលីស្ទីកប្រឆាំងនាវា និងយានដ្រូន ចាប់តាំងពីខែវិច្ឆិកា ដោយដាក់គោលដៅលើអ្វីដែលពួកគេបាននិយាយថា ជានាវាមានទំនាក់ទំនងជាមួយប្រទេសអ៊ីស្រាអែល ឆ្លងកាត់សមុទ្រក្រហម ដែលការវាយប្រហារនេះគឺដើម្បីបង្ហាញពីសាមគ្គីភាពជាមួយប្រជាជនប៉ាឡេស្ទីន នៅតំបន់ហ្កាហ្សាស្ទ្រីប។ ក្នុងការឆ្លើយតប ក្រុមចម្រុះកងទ័ពជើងទឹកអាមេរិក-អង់គ្លេស ដែលមានមូលដ្ឋានក្នុងដែនទឹក ចាប់តាំងពីខែមករា បានធ្វើការវាយឆ្មក់តាមអាកាស និងវាយប្រហារដោយមីស៊ីល ទៅលើគោលដៅរបស់ក្រុមហ៊ូរទីនៅក្នុងប្រទេសយេម៉ែន ដើម្បីរារាំងក្រុមនេះ ប៉ុន្តែបានត្រឹមតែនាំទៅរកការពង្រីកការវាយប្រហារកាន់តែធំរបស់ក្រុមហ៊ូរទី រួមមានទាំងការវាយប្រហារលើនាវាពាណិជ្ជកម្ម និងកងទ័ពជើងទឹករបស់សហរដ្ឋអាមេរិក និងអង់គ្លេស។

កូរ៉េខាងជើងនិយាយថា ការបាញ់បង្ហោះផ្កាយរណបចុងក្រោយរបស់ខ្លួន ផ្ទុះនៅក្នុងពេលហោះហើរ

2024/05/28 11:10:19 am        154
ប្រទេសកូរ៉េខាងជើង បាននិយាយថា ការប៉ុនប៉ងរបស់ខ្លួនក្នុងការបាញ់បង្ហោះផ្កាយរណបស៊ើបការណ៍យោធាថ្មី បានបញ្ចប់ដោយការបរាជ័យ កាលពីថ្ងៃចន្ទទី២៧ ខែឧសភា នៅពេលដែលម៉ាស៊ីនរ៉ុក្កែតដែលទើបផលិតថ្មី បានផ្ទុះនៅក្នុងពេលហោះហើរ។ បំណងនេះ បានកើតឡើងប៉ុន្មានម៉ោង បន្ទាប់ពីទីក្រុងព្យុងយ៉ាង បានចេញការព្រមានថា ខ្លួននឹងព្យាយាមបាញ់បង្ហោះផ្កាយរណបនៅត្រឹមថ្ងៃទី៤ ខែមិថុនា ជាអ្វីដែលនឹងក្លាយជាផ្កាយរណបចារកម្មទីពីររបស់ខ្លួន នៅក្នុងគន្លងតារាវិថី។អគ្គនាយករងនៃរដ្ឋបាលបច្ចេកវិទ្យាអវកាសជាតិរបស់ប្រទេសកូរ៉េខាងជើង បាននិយាយ នៅក្នុងរបាយការណ៍ដែលចេញផ្សាយដោយប្រព័ន្ធផ្សព្វផ្សាយរដ្ឋថា ការបាញ់បង្ហោះនេះ បានក្លាយជាការបរាជ័យចុងក្រោយរបស់ប្រទេសកូរ៉េខាងជើងដែលមានអាវុធនុយក្លេអ៊ែរ បន្ទាប់ពីការបរាជ័យពីរលើកផ្សេងទៀត កាលពីឆ្នាំមុន។ ប្រទេសកូរ៉េខាងជើង បានបង្ហោះផ្កាយរណបចារកម្មលើកដំបូងរបស់ខ្លួនដោយជោគជ័យ នៅក្នុងគន្លងតារាវិថី កាលពីខែវិច្ឆិកា។ ការបាញ់បង្ហោះរ៉ុក្កែតបំពាក់ផ្កាយរណបថ្មី បានបរាជ័យ ខណៈបានផ្ទុះនៅកណ្តាលអាកាស អំឡុងពេលហោះហើរនៃដំណាក់កាលដំបូង។ របាយការណ៍និយាយថា ការវិភាគដំបូងបានលើកឡើងថា មូលហេតុគឺដោយសារតែ ម៉ូទ័ររ៉ុក្កែតប្រើឥន្ធនៈរាវដែលត្រូវបានផលិតថ្មី ប៉ុន្តែមូលហេតុដែលអាចកើតមានផ្សេងទៀត កំពុងត្រូវបានស៊ើបអង្កេត។ នាយសេនាធិការចម្រុះរបស់ប្រទេសកូរ៉េខាងត្បូង (JCS) បាននិយាយថា ប្រទេសកូរ៉េខាងជើង បានបាញ់មីស៊ីល នៅឆ្នេរសមុទ្រភាគខាងលិចរបស់ខ្លួន នៅម៉ោងប្រហែល ១០:៤៤នាទីយប់ ម៉ោងក្នុងស្រុក ខណៈកូរ៉េខាងត្បូងបានរកឃើញបំណែកជាច្រើនពីគ្រាប់រ៉ុក្កែត នៅក្នុងសមុទ្រ រយៈពេលត្រឹមតែពីរនាទីបន្ទាប់ពីការបាញ់បង្ហោះ។ លោក Yoshimasa Hayashi ប្រធានរដ្ឋមន្ត្រីគណៈរដ្ឋមន្ត្រីរបស់ប្រទេសជប៉ុន បានប្រាប់អ្នកសារព័ត៌មានថា វត្ថុដែលប្រទេសកូរ៉េខាងជើង បានបាញ់ បានបាត់នៅលើសមុទ្រលឿង។ ការបាញ់បង្ហោះទាំងនេះ គឺជាការបំពានលើសេចក្តីសម្រេចរបស់ក្រុមប្រឹក្សាសន្តិសុខពាក់ព័ន្ធ ហើយជាបញ្ហាដ៏ធ្ងន់ធ្ងរទាក់ទងទៅនឹងសុវត្ថិភាពប្រជាជនរបស់យើង។អ្នកនាំពាក្យក្រសួងការបរទេសបាននិយាយថា សហរដ្ឋអាមេរិក បានថ្កោលទោសការបាញ់បង្ហោះនេះ ដែលរួមបញ្ចូលបច្ចេកវិទ្យាពាក់ព័ន្ធដោយផ្ទាល់ទៅនឹងកម្មវិធីមីស៊ីលបាលីស្ទីករបស់កូរ៉េខាងជើង ហើយបានធ្វើឡើងក្នុងការបំពានលើសេចក្តីសម្រេចជាច្រើនរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ។

អាជ្ញាធរហ្វីលីពីន និយាយថា មនុស្ស ៧ នាក់ បានស្លាប់បន្ទាប់ពីខ្យល់ព្យុះ

2024/05/28 11:02:20 am        153
អាជ្ញាធរហ្វីលីពីន បាននិយាយថា មនុស្សយ៉ាងហោចណាស់ ៧ នាក់ បានស្លាប់ដោយសារព្យុះត្រូពិច អេវីនែរ (Ewiniar) ដែលបានបោកបក់ប្រទេសនេះកាលពីចុងសប្តាហ៍ ហើយលោកប្រធានាធិបតី ហ្វឺឌីណាន ម៉ាកូស ជូនៀ (Ferdinand Marcos Jr) បាននិយាយនៅថ្ងៃអង្គារ (២៨ ឧសភា) នេះថា កិច្ចខិតខំប្រឹងប្រែងស្វែងរក និងជួយសង្គ្រោះ កំពុងបន្ត។ព្យុះ អេវីនែរ បាននាំមកនូវខ្យល់បក់ខ្លាំង និងភ្លៀងធ្លាក់យ៉ាងខ្លាំងនៅក្នុងខេត្តភាគខាងត្បូងនៃរដ្ឋធានី ដោយបានបិទព្រលានយន្តហោះ និងកំពង់ផែសមុទ្រ ព្រមទាំងរំខានដល់ការផ្គត់ផ្គង់ថាមពល។ ព្យុះនេះកំពុងធ្វើដំណើរឆ្ពោះទៅកាន់ឆ្នេរសមុទ្រភាគខាងកើតនៃប្រទេសជប៉ុន នៅថ្ងៃអង្គារ នេះជាមួយនឹងកម្លាំងខ្យល់បក់មធ្យមរហូតដល់ ១៣០ គីឡូម៉ែត្រក្នុងមួយម៉ោង និងខ្យល់កន្រ្តាក់ក្នុងល្បឿនរហូតដល់ ១៦០ គីឡូម៉ែត្រក្នុងមួយម៉ោង។លោក ម៉ាកូស បាននិយាយនៅមុនដំណើរទស្សនកិច្ចផ្លូវរដ្ឋទៅកាន់ប្រទេសប្រ៊ុយណេ ថា ព្យុះនេះបានប៉ះពាល់ដល់មនុស្សជិត ២៧.០០០ នាក់ និងបានរំខានដល់ប្រតិបត្តិការនៃអាកាសយានដ្ឋានចំនួន ៣ ទីតាំង និងកំពង់ផែសមុទ្រចំនួន ៩ កន្លែងកាលពីចុងសប្តាហ៍។ ព្យុះ អេវីនែរ គឺជាព្យុះត្រូពិចដំបូងគេដែលបានវាយប្រហារហ្វីលីពីនក្នុងឆ្នាំនេះ។ ប្រទេសអាស៊ីអាគ្នេយ៍មួយនេះ ជួបប្រទះខ្យល់ព្យុះជាមធ្យមចំនួន ២០ ដងក្នុងមួយឆ្នាំ ដែលជារឿយៗបណ្តាលឱ្យមានភ្លៀងធ្លាក់ខ្លាំង ខ្យល់បក់ខ្លាំង និងបំណាក់ដី៕

ការបដិសេធសំណើរបស់កោះតៃវ៉ាន់ ក្នុងសន្និបាត WHA បង្ហាញពីជំហរគោលការណ៍ចិនតែមួយ

2024/05/28 10:58:42 am        170
លោក ឈិន ស៊ូ (Chen Xu) តំណាងអចិន្ត្រៃយ៍របស់ប្រទេសចិន ប្រចាំការិយាល័យអង្គការសហប្រជាជាតិនៅទីក្រុងហ្សឺណែវ និងអង្គការអន្តរជាតិផ្សេងៗទៀតអង្គការអន្តរជាតិនៅប្រទេសស្វីស បាននិយាយថា ការបដិសេធរបស់មហាសន្និបាតសុខភាពពិភពលោក (WHA) លើកទី៧៧ នៃសំណើសុំចូលរួមក្នុងកិច្ចប្រជុំនេះរបស់កោះតៃវ៉ាន់ បង្ហាញពីការប្តេជ្ញាចិត្ត និងជំហរដ៏រឹងមាំ ដែលមិនអាចប្រកែកបានរបស់សហគមន៍អន្តរជាតិចំពោះគោលការណ៍ចិនតែមួយ។កាលពីថ្ងៃចន្ទ (២៧ ឧសភា) មហាសន្និបាតសុខភាពពិភពលោក WHA ដែលជាស្ថាប័នធ្វើការសម្រេចចិត្តខ្ពស់បំផុតរបស់អង្គការសុខភាពពិភពលោក WHO បានសម្រេចចិត្តមិនដាក់បញ្ចូលក្នុងរបៀបវារៈរបស់ខ្លួននូវសំណើស្តីពីការចូលរួមរបស់កោះតៃវ៉ាន់ នៅក្នុងសន្និបាតប្រចាំឆ្នាំក្នុងនាមជាអ្នកសង្កេតការណ៍។លោក ឈិន បាននិយាយថា «មហាសន្និបាតសុខភាពពិភពលោក បានច្រានចោលសំណើដែលទាក់ទងនឹងកោះតៃវ៉ាន់ រយៈពេលប្រាំបីឆ្នាំជាប់ៗគ្នា ដោយនេះបង្ហាញឱ្យឃើញយ៉ាងច្បាស់ថា គោលការណ៍ចិនតែមួយ ដែលជាការឯកភាពទូទៅក្នុងចំណោមសហគមន៍អន្តរជាតិ មិនមានបញ្ហាប្រឈមអ្វីឡើយ»។កោះតៃវ៉ាន់ ត្រូវបានដកចេញពីអង្គការអន្តរជាតិភាគច្រើន ដោយសារតែការជំទាស់របស់ចិន ដែលចាត់ទុកកោះស្វ័យគ្រប់គ្រងតាមបែបប្រជាធិបតេយ្យនេះថាជាទឹកដីរបស់ខ្លួន។ ការិយាល័យកិច្ចការតៃវ៉ាន់ របស់ប្រទេសចិន បាននិយាយនៅខែនេះថា វាជាកំហុសរបស់បក្សកាន់អំណាចតៃវ៉ាន់ ដែលកោះនេះមិនអាចចូលរួមសន្និបាត WHA បាន ដោយសារ «កង្វះមូលដ្ឋាននយោបាយ»៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

លោកTrump៖បទឈប់បាញ់ស្ថិតក្នុងភាព​​ផុយស្រួយបំផុត ​ខណៈក្តីសង្ឃឹមសម្រាប់កិច្ចព្រមព្រៀងរសាត់ទៅឆ្ងាយហើយ
05/12/2026 08:05 AM
តំណាងអង្គការយូណេស្កូប្រចាំកម្ពុជាប្ដេជ្ញាបន្តពង្រឹងនិងពង្រីកភាពជាដៃគូជាមួយកម្ពុជា ឱ្យកាន់តែរីកចម្រើនថែមទៀត
05/11/2026 09:05 PM
ការវាយប្រហារស្លាប់មនុស្សរបស់អ៊ីស្រាអែលនៅតំបន់ហ្កាហ្សា បង្ហាញពីភាពផុយស្រួយនៃបទឈប់បាញ់
05/11/2026 08:05 PM
ប្រធានាធិបតីអ៊ុយក្រែន៖ ទម្រង់នៃកិច្ចប្រជុំជាមួយលោក Putin ត្រូវបានពិភាក្សាជាមួយអាមេរិក
05/11/2026 08:05 PM
មីយ៉ាន់ម៉ាបង្ហាញភាពមិនសប្បាយចិត្ត អំពីការប្រព្រឹត្តិកាត់ផ្ដាច់ខ្លួនចេញពីប្លុក នៅក្នុងក្រុមអាស៊ាន
05/11/2026 08:05 PM
ឯកអគ្គរដ្ឋទូតឡាវថ្មី ប្រចាំកម្ពុជា ប្ដេជ្ញាពង្រឹងនិងពង្រីកទំនាក់ទំនងជាមួយកម្ពុជាថែមទៀត
05/11/2026 08:05 PM
អ៊ីតាលី៖ គ្មានបេសកកម្មកំពុងដំណើរការ នៅច្រកសមុទ្រ Hormuz ទេ ទោះមានការចល័តកងទ័ពជើងទឹកក្ដី
05/11/2026 08:05 PM
កម្ពុជា និងអាស៊ែបៃហ្សង់ ឯកភាពជំរុញ​ ទំនាក់ទំនង​ និងកិច្ចសហប្រតិបត្តិការទ្វេភាគីឱ្យកាន់តែរីកចម្រេីន
05/11/2026 08:05 PM
ទាហានអ៊ីស្រាអែលវាយឆ្មក់ជំរំ Qalandia ស្ថិតក្នុងតំបន់កាន់កាប់វ៉េសប៊ែងបណ្តាលឲ្យយុវជនម្នាក់ស្លាប់
05/11/2026 08:05 PM
កសិករបារាំងរងផលប៉ះពាល់ខ្លាំង ដោយសារវិបត្តិអ៊ីរ៉ង់ ខណៈតម្លៃជីកសិកម្មហក់ឡើងខ្ពស់
05/11/2026 08:05 PM