នាយកប្រតិបត្តិអង្គការ HFHI កោតសរសើរគោលនយោបាយ​អភិវឌ្ឍលំនៅដ្ឋានរបស់កម្ពុជា​
ឯកអគ្គរាជទូតជប៉ុនថ្មី ប្តេជ្ញាបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការទ្វេភាគីឱ្យកាន់តែរឹងមាំ និងស៊ីជម្រៅ
សម្ដេចតេជោផ្ដល់អនុសាសន៍ដល់គុនខ្មែរ និងសមាគមខ្មែរនៅជប៉ុនឱ្យខិតខំបន្ថែម ដើម្បីនិរន្តរភាពស្ថាប័ន
តំណាងពិសេសរបស់អគ្គលេខាធិការអង្គការសហប្រជាជាតិ កោតសរសើរកម្ពុជាលើការអនុវត្តផែនការសកម្មភាពជាតិស្តីពីការបង្ការ និងការឆ្លើយតបចំពោះអំពើហិង្សាលើកុមារ

នយោបាយ​ និង ការអភិវឌ្ឍន៍

អ្នកបំបែកខ្លួនកាន់សាសនាស៊ីក(Sikh)ដែលជាប់ពន្ធនាគារ ឈ្នះអាសនៈក្នុងការបោះឆ្នោតឥណ្ឌា

2024/06/05 05:37:31 pm        268
មេដឹកនាំបំបែកខ្លួនកាន់សាសនាស៊ីក (Sikh) កំពុងជាប់ក្នុងពន្ធនាគារ លោក អាំរីតផាល់ស៊ីញ (Amritpal Singh) ដែលបានប្រកួតប្រជែងការបោះឆ្នោតសកលរបស់ប្រទេសឥណ្ឌាពីពន្ធនាគារ និងទទួលបានការគាំទ្រគួរសមដែរនោះ បានឈ្នះអាសនៈ១ពីរដ្ឋ ពុនចាប (Punjab)ភាគខាងជើង ដោយទទួលបានសំឡេងគាំទ្រ ១.៩៧.១២០ សំឡេង ជាអ្វីដែលអាចក្លាយជាការព្រួយបារម្ភសម្រាប់ទីក្រុង New Delhi ដែលបានព្យាយាមលុបបំបាត់ការរស់ឡើងវិញនៃពួកសកម្មប្រយុទ្ធ កាន់សាសនាស៊ីក (Sikh) ។ លោក ស៊ីញ វ័យ៣១ ឆ្នាំ ត្រូវបានឃុំខ្លួននៅក្នុងពន្ធនាគារដែលមានការយាមកាមសន្តិសុខយ៉ាងតឹងរ៉ឹងក្នុងរដ្ឋ អាសាំ (Assam)ចម្ងាយជិត៣.០០០គីឡូម៉ែត្រ ពីមណ្ឌលបោះឆ្នោត កាដ័រ សាហ៊ីប (Khadoor Sahib) ក្នុងរដ្ឋ ពុនចាប (Punjab)ជាទីដែលភូមិ និងទីប្រជុំជននានា ត្រូវបានចងព្រោងព្រៀតដោយផ្ទាំងរូបភាពរបស់លោក ។លោកត្រូវបានចាប់ខ្លួនកាលពីឆ្នាំមុន និងដាក់ពន្ធនាគារក្រោមច្បាប់សន្តិសុខដ៏តឹងរ៉ឹង បន្ទាប់ពីរូបលោក និងអ្នកគាំទ្ររាប់រយនាក់បានសម្រុកចូលប៉ុស្តិ៍នគរបាលប្រដាប់ដោយដាវ និងអាវុធ ទាមទារឱ្យដោះលែងជំនួយការម្នាក់របស់លោក។ ជាមួយគ្នានោះ ឪពុករបស់លោកស៊ីញ គឺ លោក តាសេម ស៊ីញ (Tarsem Singh) អាយុ៦១ ឆ្នាំបានថ្លែងអំណរគុណដល់ក្រុមអ្នកគាំទ្រកូនប្រុសរបស់លោកកាលពីថ្ងៃអង្គារ ទី ៤ ខែមិថុនា ។ ក្រុមអ្នកកាន់សាសនាស៊ីក គឺជាសហគមន៍អ្នកកាន់សាសនាស៊ីកភាគច្រើននៅក្នុងរដ្ឋ ពុនចាប ប៉ុន្តែពួកគេមានត្រឹមតែ ២% នៃប្រជាជនឥណ្ឌា ១,៤ ពាន់លាននាក់។ ក្រុមសកម្មប្រយុទ្ធ កាន់សាសនា ស៊ីកបានចាប់ផ្តើមក្រោកប្រឆាំងដើម្បីមាតុភូមិឯករាជ្យមួយក្នុងទសវត្សរ៍ឆ្នាំ១៩៧០ ប៉ុន្តែការបះបោរត្រូវបានបង្ក្រាបយ៉ាងព្រៃផ្សៃ នៅដើមទសវត្សរ៍ឆ្នាំ១៩៩០ ។ទោះបីជាយ៉ាងណាក៏ដោយ ការបំបែកខ្លួនរបស់ក្រុមអ្នកកាន់សាសនាស៊ីក បានធ្វើឱ្យក្លាយជាបញ្ហាជាសកលកាលពីឆ្នាំមុន ខណៈប្រទេសកាណាដា និងសហរដ្ឋអាមេរិក បានចោទប្រកាន់ឥណ្ឌាថាបានជាប់ពាក់ព័ន្ធក្នុងផែនការធ្វើឃាតមេដឹកនាំកាន់សាសនាស៊ីក នៅក្នុងប្រទេសទាំងនោះ ជាការចោទប្រកាន់ដែលទីក្រុងញូវដែលីបានបដិសេធ៕

អ៊ុយក្រែន៖ ការបន្តប្រើអាវុធលោកខាងលិចដើម្បីវាយប្រហារ នឹងធ្វើឱ្យរុស្ស៊ី ចុះខ្សោយនៅជិតព្រំដែន

2024/06/05 05:34:20 pm        289
លោក អាន់ឌ្រី យើម៉ាក (Andriy Yermak) ប្រធានបុគ្គលិករបស់ប្រធានាធិបតីអ៊ុយក្រែន លោក វ្ល៉ូឌីមី ហ្ស៊េឡិនស្គី (Volodymyr Zelenskiy) បាននិយាយកាលពីថ្ងៃអង្គារ (០៤ មិថុនា) ថា ការប្រើប្រាស់អាវុធរបស់លោកខាងលិច ដើម្បីវាយប្រហារនៅក្នុងប្រទេសរុស្ស៊ី គឺជាការសម្រេចចិត្តដ៏សំខាន់ដែលនឹងប៉ះពាល់ដល់អាកាសចរណ៍យុទ្ធសាស្ត្ររបស់ទីក្រុងមូស្គូ និងសមត្ថភាពរបស់ខ្លួនក្នុងប្រតិបត្តិការនៅតំបន់ព្រំដែន។បន្ទាប់ពីមានសម្ពាធពីអ៊ុយក្រែន និងសម្ព័ន្ធមិត្តអឺរ៉ុបមួយចំនួន សហរដ្ឋអាមេរិក បានយល់ព្រមកាលពីសប្តាហ៍មុនដើម្បីផ្លាស់ប្តូរគោលនយោបាយរបស់ខ្លួន និងអនុញ្ញាតឱ្យទីក្រុងគីវ វាយប្រហារខាងក្នុងប្រទេសរុស្ស៊ីដោយប្រើអាវុធរបស់លោកខាងលិច ដែលជាផ្នែកនៃយុទ្ធនាការរបស់ខ្លួនដើម្បីប្រឆាំងនឹងការវាយលុកពេញលេញរបស់រុស្ស៊ី។ទីក្រុងគីវ បាននិយាយថា ជំហាននេះនឹងជួយរុញច្រានការវាយរុលរបស់រុស្ស៊ី ឱ្យថយក្រោយ និងការពារទឹកដីបានកាន់តែល្អប្រសើរនៅក្នុងតំបន់ខាគីវ (Kharkiv) ភាគឦសាន។ អ៊ុយក្រែន បានកំណត់គោលដៅជាញឹកញាប់លើតំបន់កាន់កាប់ គ្រីម៉េ ( Crimea) ដែលរុស្ស៊ី បានដាក់បញ្ចូលក្នុងឆ្នាំ២០១៤ ដោយអាវុធផលិតដោយលោកខាងលិច។ប៉ុន្តែដោយសារសព្វាវុធ និងទាហាននៅសមរភូមិមានចំនួនតិចខ្លាំងពេកនោះ រដ្ឋធានីគីវ បានអង្វរករទីក្រុងវ៉ាស៊ីនតោន ឱ្យអនុញ្ញាតឱ្យុខ្លួនវាយលុកលើទឹកដីរុស្ស៊ី ដោយអាវុធផលិតដោយអាមេរិក ខណៈក្រុងមូស្គូ បានបើកសមរភូមិមុខថ្មីនៅតំបន់ខាគីវ ភាគឦសាន៕

UNOSAT៖ ជាងពាក់កណ្តាលនៃរចនាសម្ព័ន្ធនៅតំបន់ហ្កាហ្សា ត្រូវបានបំផ្លាញ ឬខូចខាត

2024/06/05 05:30:59 pm        313
យោងតាមទិន្នន័យចុងក្រោយដែលចេញផ្សាយដោយមជ្ឈមណ្ឌលផ្កាយរណបអង្គការសហប្រជាជាតិ (UNOSAT) កាលពីថ្ងៃចន្ទ (០៣ មិថុនា) បានឱ្យដឹងថា ជាងពាក់កណ្តាលនៃរចនាសម្ព័ន្ធទាំងអស់នៅក្នុងតំបន់ហ្កាហ្សាស្ទ្រីប ត្រូវបានបំផ្លាញ ឬខូចខាត ចាប់តាំងពីជម្លោះបច្ចុប្បន្នរវាងប៉ាឡេស្ទីន និងអ៊ីស្រាអែល បានផ្ទុះឡើងកាលពីខែតុលា ឆ្នាំមុនមក។មជ្ឈមណ្ឌលផ្កាយរណប UNOSAT បាននិយាយនៅលើបណ្ដាញសង្គម X ដែលកាលពីមុនឈ្មោះ ធ្វីតធឺ (Twitter) ថា ពួកគេបានរកឃើញថាអគារជាង ១៣៧.០០០ ខ្នងនៅតំបន់ហ្កាហ្សា ត្រូវបានរងផលប៉ះពាល់នៅពេលប្រៀបធៀបរូបភាពផ្កាយរណបដែលបានថតនៅក្នុងខែឧសភា ឆ្នាំនេះ ជាមួយនឹងរូបភាពដែលបានថតនៅមុន និងក្រោយការផ្ទុះជម្លោះ។អង្គការនេះបន្ថែមថា រចនាសម្ព័ន្ធសរុបចំនួន ១៣៧.២៩៧ ទីតាំង ឬប្រហែល ៥៥ ភាគរយនៃចំនួនសរុបនៅក្នុងតំបន់ហ្កាហ្សា ត្រូវបានរងផលប៉ះពាល់។ ទីក្រុង ឌើ អាល់បាឡា (Deir Al-Balah) នៅភាគកណ្តាល និងទីក្រុងហ្កាហ្សា នៅភាគខាងជើង បានទទួលការខូចខាតយ៉ាងធ្ងន់ធ្ងរបំផុតរវាង ថ្ងៃទី០១ ខែមេសា និងថ្ងៃទី០៣ ឧសភា នេះបើតាមមជ្ឈមណ្ឌល UNOSAT ។ទីភ្នាក់ងារនេះបានសង្កត់ធ្ងន់ថា ការរកឃើញនេះនៅតែជាផ្នែកមួយនៃការវិភាគបឋមប៉ុណ្ណោះ ដែលមិនទាន់មានសុពលភាព។ អ្នកសម្របសម្រួលពិសេសរបស់អង្គការសហប្រជាជាតិសម្រាប់ដំណើរការសន្តិភាពមជ្ឈិមបូព៌ា លោក ថ័រ វិននីសលែន (Tor Wennesland) បាននិយាយថា លោកបានចុះទៅពិនិត្យតំបន់ហ្កាហ្សាស្ទ្រីប កាលពីថ្ងៃចន្ទ និងបានមើលឃើញពីផលប៉ះពាល់ដ៏ធំធេងនឹកស្មានមិនដល់នៃជម្លោះដ៏បង្ហូរឈាមនេះ៕

អាមេរិក៖ សម្ព័ន្ធមិត្តកំពុងពន្លឿនលើការប្រើប្រាស់ទ្រព្យបង្កករុស្ស៊ី ដើម្បីជួយអ៊ុយក្រែន

2024/06/05 05:12:56 pm        301
មន្ត្រីជាន់ខ្ពស់នៃរតនាគារអាមេរិក បាននិយាយកាលពីថ្ងៃអង្គារ (០៤ មិថុនា) ថា សហរដ្ឋអាមេរិក និងដៃគូ G7 របស់ខ្លួនកំពុងពន្លឿនលើការស្វែងរកមធ្យោបាយដើម្បីផ្តល់មូលនិធិដែលត្រូវការជាបន្ទាន់បន្ថែមទៀតដល់អ៊ុយក្រែន ពីការទាញយកប្រាក់ចំណេញដែលទទួលបានលើទ្រព្យសម្បត្តិបង្កករបស់រុស្ស៊ី។លោក ប្រេនត៍ នៃមែន (Brent Neiman) ជំនួយការលេខាធិការហិរញ្ញវត្ថុអន្តរជាតិ បាននិយាយថា ការសម្រេចនាពេលថ្មីៗនេះរបស់សហភាពអឺរ៉ុប ក្នុងការប្រើប្រាស់លំហូរប្រចាំឆ្នាំនៃប្រាក់ចំណេញរកបានពីទ្រព្យសកម្មដែលត្រូវបង្កក អាចមានលទ្ធភាពផ្តល់ប្រាក់រាប់ពាន់លានដុល្លារក្នុងមួយឆ្នាំដើម្បីជួយអ៊ុយក្រែន ប្រយុទ្ធប្រឆាំងនឹងការវាយលុកយោធារបស់រុស្ស៊ី។លោក នៃមែន ដែលទើបត្រឡប់មកពីទស្សនកិច្ចនៅអ៊ុយក្រែននាពេលថ្មីៗនេះ បាននិយាយថា សហរដ្ឋអាមេរិក និងដៃគូនៃក្រុមប្រទេសទាំងប្រាំពីរ G7 របស់ខ្លួនកំពុងជំរុញការពិភាក្សាអំពីមធ្យោបាយផ្តល់មូលនិធិកាន់តែច្រើនដល់អ៊ុយក្រែននៅពេលនេះ។ លោកបន្ថែមថា ការធ្វើដូច្នេះនឹងផ្តល់នូវការជំរុញសារពើពន្ធភ្លាមៗដល់អ៊ុយក្រែន និងជាសញ្ញាដល់ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន (Vladimir Putin) ថាលោក «មិនអាចយកឈ្នះអ៊ុយក្រែន និងដៃគូរបស់ខ្លួនបានឡើយ»។សហរដ្ឋអាមេរិក បាននឹងកំពុងជំរុញដៃគូ G7 របស់ខ្លួនដូចជា អង់គ្លេស កាណាដា បារាំង អាល្លឺម៉ង់ អ៊ីតាលី និងជប៉ុន ដើម្បីផ្ដល់ប្រាក់កម្ចីដែលគាំទ្រដោយប្រាក់ចំណូលពីទ្រព្យសម្បត្តិបង្កកនោះ ដោយអាចផ្តល់ឱ្យទីក្រុងគីវ នូវទឹកប្រាក់ចំនួន ៥០ ពាន់លានដុល្លារក្នុងរយៈពេលខ្លី។ ប្រាក់កម្ចីនេះបានលេចចេញជាជម្រើសចម្បង ដោយសារប្រទេស G7 នៅតែមានការខ្វែងគំនិតលើការរឹបអូសទ្រព្យសម្បត្តិបង្កកទាំងស្រុងរបស់រុស្ស៊ី៕

សមាជិកសភាអាមេរិក អនុម័តសេចក្តីស្នើច្បាប់ដាក់ទណ្ឌកម្មតុលាការ ICC ជុំវិញការស៊ើបអង្កេតអ៊ីស្រាអែល

2024/06/05 05:03:59 pm        348
សភារបស់សហរដ្ឋអាមេរិក បានអនុម័តសេចក្តីស្នើច្បាប់ដែលអំពាវនាវឱ្យមានការដាក់ទណ្ឌកម្មលើតុលាការព្រហ្មទណ្ឌអន្តរជាតិ (ICC) បន្ទាប់ពីរដ្ឋអាជ្ញា បានដាក់ស្នើសុំដីកាចាប់ខ្លួន នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu ។រដ្ឋអាជ្ញាតុលាការ ដែលមានមូលដ្ឋាននៅទីក្រុងឡាអេ ប្រទេសហូឡង់ បាននិយាយថា លោក Netanyahu និងរដ្ឋមន្ត្រីការពារជាតិ លោក Yoav Gallant គួរតែត្រូវបានចាប់ខ្លួនពីបទចោទប្រកាន់ពាក់ព័ន្ធទៅនឹងសង្គ្រាមនៅតំបន់ហ្កាហ្សា រួមជាមួយមេដឹកនាំបីនាក់នៃក្រុមសកម្មប្រយុទ្ធហាម៉ាស។ច្បាប់ប្រឆាំងតុលាការមិនស្របច្បាប់របស់សភាសហរដ្ឋអាមេរិក ដែលគាំទ្រដោយស្ទើរតែគ្រប់សមាជិកគណបក្សសាធារណរដ្ឋ និងប្រហែលមួយភាគប្រាំនៃគណបក្សប្រជាធិបតេយ្យ នឹងរារាំងការចូលមកក្នុងសហរដ្ឋអាមេរិកសម្រាប់មន្ត្រីតុលាការព្រហ្មទណ្ឌអន្តរជាតិ (ICC) ដែលពាក់ព័ន្ធទៅនឹងករណីនេះ ដោយដកហូតទិដ្ឋាការរបស់ពួកគេ និងដាក់ការរឹតត្បិតលើប្រតិបត្តិការអចលនទ្រព្យដែលមានមូលដ្ឋាននៅសហរដ្ឋអាមេរិក។លោក Mike Johnson ប្រធានសភាមកពីគណបក្សសាធារណរដ្ឋ បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ថា ការបោះឆ្នោត បានដាក់ការកំណត់សម្រាប់សកម្មភាពដែលគ្មានច្បាប់ ធ្វើឡើងដោយមន្ត្រីតុលាការ ICC។ សហរដ្ឋអាមេរិក មានជំហរយ៉ាងរឹងមាំជាមួយអ៊ីស្រាអែល ហើយបដិសេធមិនអនុញ្ញាតឱ្យមន្ត្រីអន្តរជាតិចេញដីកាចាប់ខ្លួនដោយគ្មានមូលដ្ឋាន ចំពោះមេដឹកនាំរបស់អ៊ីស្រាអែលសម្រាប់បទឧក្រិដ្ឋកម្មមិនពិតប្រាកដ។ ទោះជាយ៉ាងណា ច្បាប់នេះ ត្រូវបានចាត់ទុកថាជា «សេចក្តីស្នើច្បាប់ផ្ញើសារ» ព្រោះវាមិនទំនងជា ត្រូវបានទទួលយកដោយព្រឹទ្ធសភាគ្រប់គ្រងដោយគណបក្សប្រជាធិបតេយ្យ ហើយអាចត្រូវបានវ៉េតូ ក្នុងករណីណាមួយ ដោយប្រធានាធិបតី លោក Joe Biden ដែលបាននិយាយថាលោក ប្រឆាំងដាច់ខាត ។រដ្ឋអាជ្ញាតុលាការ ICC លោក Karim Khan បាននិយាយថា លោកកំពុងស្វែងរកដីកាចាប់ខ្លួនជនជាតិអ៊ីស្រាអែលពីរនាក់ ព្រមទាំងមេដឹកនាំក្រុមហាម៉ាស ៣នាក់ ពីបទសង្ស័យប្រព្រឹត្តិឧក្រិដ្ឋកម្មសង្រ្គាម និងឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ។ រដ្ឋជាសមាជិកទាំង១២៤របស់តុលការ ICC នឹងសម្រេចចុងក្រោយ ថាតើត្រូវអនុវត្តដីកាណាមួយ ដែលចេញដោយចៅក្រមរបស់ខ្លួន។ ទាំងអ៊ីស្រាអែល និងសហរដ្ឋអាមេរិក ពុំមែនជាសមាជិករបស់តុលាការនេះទេ។

ស្លូវេនី ក្លាយជាប្រទេសសហភាពអឺរ៉ុបចុងក្រោយបង្អស់ ដែលទទួលស្គាល់រដ្ឋប៉ាឡេស្ទីន

2024/06/05 04:31:07 pm        262
ស្លូវេនី បានក្លាយជាប្រទេសចុងក្រោយបង្អស់របស់សហភាពអឺរ៉ុប ដែលទទួលស្គាល់រដ្ឋប៉ាឡេស្ទីនឯករាជ្យមួយ បន្ទាប់ពីសភារបស់ខ្លួនបានអនុម័តវិធានការនេះជាមួយនឹងសំឡេងភាគច្រើនកាលពីថ្ងៃអង្គារ (០៤ មិថុនា) ដោយបានច្រានចោលការអំពាវនាវឱ្យធ្វើប្រជាមតិលើបញ្ហានេះដោយគណបក្សប្រឆាំងធំបំផុត។រដ្ឋាភិបាលកាលពីសប្តាហ៍មុនបានសម្រេចទទួលស្គាល់ប៉ាឡេស្ទីនជារដ្ឋឯករាជ្យ និងអធិបតេយ្យភាពតាមជំហាននៃប្រទេសអេស្ប៉ាញ អៀរឡង់ និងន័រវេស ដែលជាផ្នែកនៃកិច្ចខិតខំប្រឹងប្រែងកាន់តែទូលំទូលាយក្នុងការសម្របសម្រួលសម្ពាធលើអ៊ីស្រាអែល ដើម្បីបញ្ចប់ជម្លោះនៅតំបន់ហ្កាហ្សា។លោកនាយករដ្ឋមន្ត្រី រ៉ូប៊ឺត ហ្កូឡូប (Robert Golob) បាននិយាយនៅលើបណ្ដាញសង្គម X ថា «ការទទួលស្គាល់ប៉ាឡេស្ទីនថ្ងៃនេះជារដ្ឋអធិបតេយ្យ និងឯករាជ្យ ផ្ញើក្តីសង្ឃឹមដល់ប្រជាជនប៉ាឡេស្ទីននៅតំបន់ វេសបែង (West Bank) និងហ្កាហ្សា»។ គណបក្សស្តាំនិយមប្រជាធិបតេយ្យស្លូវេនី (SDS) ដែលជាគណបក្សប្រឆាំងដ៏ធំបំផុតបានអះអាងថា នេះមិនមែនជាពេលវេលាត្រឹមត្រូវក្នុងការទទួលស្គាល់រដ្ឋប៉ាឡេស្ទីនឯករាជ្យមួយទេ ហើយថាវិធានការរបស់រដ្ឋាភិបាលនេះនឹងគ្រាន់តែជាការលើកទឹកចិត្តដល់ «អង្គការភេរវករហាម៉ាស» ប៉ុណ្ណោះ៕

អាមេរិក រំពឹងថានឹងបន្តទំនាក់ទំនងជិតស្និទ្ធ និងកិច្ចសន្ទនាសិទ្ធិមនុស្សជាមួយឥណ្ឌា ក្រោយការបោះឆ្នោត

2024/06/05 04:27:26 pm        292
សហរដ្ឋអាមេរិក បាននិយាយកាលពីថ្ងៃអង្គារ (០៤ មិថុនា) ថា ខ្លួនរំពឹងថានឹងបន្តទំនាក់ទំនងជិតស្និទ្ធ រួមជាមួយនឹងការពិភាក្សាអំពីបញ្ហាសិទ្ធិមនុស្សជាមួយប្រទេសឥណ្ឌា បន្ទាប់ពីការបោះឆ្នោត ដែលលោកនាយករដ្ឋមន្ត្រី ណារ៉េនដ្រា ម៉ូឌី (Narendra Modi) នឹងបន្តរក្សាអំណាច ប៉ុន្តែមានសំឡេងភាគច្រើនស្ដួចស្ដើងដ៏គួរឱ្យភ្ញាក់ផ្អើល។ការរាប់សន្លឹកឆ្នោត ដែលជិតបញ្ចប់កាលពីយប់ថ្ងៃអង្គារ បានបង្ហាញឱ្យឃើញថា សម្ព័ន្ធភាពរបស់លោក ម៉ូឌី បានទទួលជ័យជម្នះ ទោះបីជាមានសំឡេងភាគច្រើនដ៏ស្ដួចស្ដើងគួរឱ្យភ្ញាក់ផ្អើលក៏ដោយ។ លោក ម៉ូឌី ហាក់ចង់រក្សាអំណាចជាប្រមុខក្រុមចម្រុះដែលកំពុងកាន់អំណាច ប៉ុន្តែគណបក្សជាតិនិយមហិណ្ឌូ បារ៉ាទីយ៉ា ចាណាតា (Bharatiya Janata) របស់លោកបានបាត់បង់សំឡេងភាគច្រើនទាំងស្រុងជាលើកដំបូងក្នុងរយៈពេលមួយទស្សវត្សរ៍។កាលពីឆ្នាំមុន ក្នុងដំណើរទស្សនកិច្ចរបស់លោក ម៉ូឌី ទៅកាន់សហរដ្ឋអាមេរិក ប្រទេសទាំងពីរបានប្រកាសអំពីកិច្ចព្រមព្រៀងជាច្រើនស្តីពី បន្ទះឈីប រ៉ែសំខាន់ៗ បច្ចេកវិទ្យា កិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិ និងអវកាស។ ក្រសួងការបរទេសអាមេរិក បាននិយាយថា ខ្លួននឹងបន្តលើកឡើងការព្រួយបារម្ភអំពីសិទ្ធិមនុស្សជាមួយឥណ្ឌា។ ខណៈពេលដែលមានការរិះគន់ម្តងម្កាលដោយទីក្រុងវ៉ាស៊ីនតោន ក្រុមអ្នកវិភាគនយោបាយនិយាយថា អាមេរិកជៀសវាងការរិះគន់ជាសាធារណៈ ព្រោះសង្ឃឹមថាឥណ្ឌា នឹងដើរតួជាអ្នកប្រឆាំងទៅនឹងប្រទេសចិនដែលកំពុងពង្រីកខ្លួន។ រដ្ឋាភិបាលក្រោមការដឹកនាំរបស់លោក ម៉ូឌី បដិសេធការរើសអើងប្រឆាំងនឹងជនជាតិភាគតិច និងក្រុមអ្នកប្រឆាំង ហើយនិយាយថាខ្លួនធ្វើការដើម្បីផលប្រយោជន៍របស់ប្រជាជនឥណ្ឌាទាំងអស់ ប៉ុន្តែអ្នកតស៊ូមតិសិទ្ធិមនុស្សជំទាស់នឹងរឿងនេះ៕

ឯកឧត្តម ប៉ែន បូណា៖ កម្ពុជាគឺជាប្រទេសដែលយកពន្ធតិច និងអនុគ្រោះបំផុត តែការអភិវឌ្ឍលឿនរហ័ស

2024/06/05 04:06:04 pm        431
ឯកឧត្តម ប៉ែន បូណា ប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល៖ រាជរដ្ឋាភិបាលដឹកនាំដោយគណបក្សប្រជាជនកម្ពុជាតាំងពីជំនាន់សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងបច្ចុប្បន្នដឹកនាំដោយ សម្តេចធិបតី ហ៊ុន ម៉ាណែត បានផ្តល់ការអនុគ្រោះបំផុតចំពោះការយកពន្ធពីប្រជាពលរដ្ឋ ជាពិសេសពលរដ្ឋក្រីក្រ និងអ្នកមានចំណូលទាប ត្រូវបានរាជរដ្ឋាភិបាលគិតគូរជាអាទិភាពនិងព្យាយាមបញ្ចៀសពួកគេមិនឱ្យជាប់ពន្ធឡើយ។ ជាក់ស្តែង រដ្ឋមិនយកពន្ធដីកសិកម្មជាលក្ខណៈគ្រួសារ មិនយកពន្ធលើសម្ភារកសិកម្ម ផលិតផលកសិកម្ម និងអចលនទ្រព្យដែលមានតម្លៃក្រោម ១០០ លានរៀល ឬ ២៥ ០០០ ដុល្លារអាម៉េរិក។ លើកលែងពន្ធប្រថាប់ត្រាលើការផ្ទេរកម្មសិទ្ធិអចលទ្រព្យក្រោមឬស្មើ ៧ម៉ឺនដុល្លារអាម៉េរិក។ រដ្ឋមិនយកពន្ធប្រថាប់ត្រាផ្ទេរមរតកជាអំណោយមួយលើក មិនយកពន្ធផ្លូវម៉ូតូឬកង់បី។ ប្រាក់បៀវត្សទាបជាង ១,៥ លានរៀល មិនជាប់ពន្ធ។ អ្នកប្រកបរបរតូចតាចដែលមានផលរបរក្រោម ២៥០ លានរៀល មិនតម្រូវឱ្យ មានកាតព្វកិច្ចបង់ពន្ធទេ។ ទន្ទឹមគ្នានេះ គោលនយោបាយអនុគ្រោះដល់អាជីវកម្មនានា ដែលជួបការលំបាក ក៏ត្រូវបានដាក់ចេញជាបន្តបន្ទាប់ និងនៅតែអនុវត្តជាប្រចាំ។ នៅមានការអនុគ្រោះ ព្រមទាំងការលើកលែងជាច្រើនផ្សេងទៀតដែលរដ្ឋបានផ្តល់ជូន។ក្រៅពីមិនជាប់ពន្ធ ពលរដ្ឋក្រីក្រនិងងាយរងហានិភ័យត្រូវបានរាជរដ្ឋាភិបាលចាត់ទុកជាអាទិភាពក្នុងការទទួលបានការឧបត្ថម្ភ គាំពារពីរដ្ឋ។ ជាក់ស្តែង ក្នុងអំឡុងការរីករាលដាលនៃជំងឺកូវីដ-១៩ រដ្ឋបានចំណាយថវិកាជាង ១ ២០០ លានដុល្លារអាម៉េរិក ដើម្បីជួយពលរដ្ឋក្រីក្រដែលរងគ្រោះ។ បច្ចុប្បន្ន កម្មវិធីគោលនយោបាយអាទិភាព៦ចំណុចដែលដាក់ចេញដោយសម្តេចធិបតី ហ៊ុន ម៉ាណែត កំពុងបន្តជួយគាំពារដល់ពលរដ្ឋក្រីក្រនិងងាយរងហានិភ័យដូចជា ការផ្តល់ជូនសេវាសុខាភិបាល ការបណ្តុះបណ្តាលកូនអ្នកក្រីក្រដោយឥតបង់ប្រាក់ និងថែមទាំងទទួលបានការឧបត្ថម្ភប្រចាំខែទៀត គោលនយោបាយអភិវឌ្ឍន៍សេដ្ឋកិច្ចក្រៅប្រព័ន្ធ កម្មវិធីជាតិជំនួយសង្គម និងគោលនយោបាយគាំពារវិស័យកសិកម្មជាដើម សុទ្ធសឹងតែជាគោលនយោបាយគាំពារពលរដ្ឋក្រីក្រនិងងាយរងហានិភ័យ។ ទោះបីជាស្ថាប័នហិរញ្ញវត្ថុអន្តរជាតិ និងប្រទេសដៃគូអភិវឌ្ឍន៍នានាតែងផ្តល់អនុសាសន៍ឱ្យរាជរដ្ឋាភិបាលបង្កើនការប្រមូលពន្ធ ដើម្បីឆ្លើយតបទៅនឹងតម្រូវការជាក់ស្តែងនៃការអភិវឌ្ឍប្រទេសក៏ដោយ ក៏រាជរដ្ឋាភិបាលគណបក្សប្រជាជនកម្ពុជា នៅតែបន្តគោលនយោបាយអនុគ្រោះពន្ធដល់ប្រជាពលរដ្ឋជាពិសេសពលរដ្ឋក្រីក្រដដែល។ ទោះបីជាយកពន្ធតិច ប៉ុន្តែ កម្ពុជាត្រូវបានអង្គការសហប្រជាជាតិចាត់ទុកជាប្រទេសដែលកាត់បន្ថយភាពក្រីក្របានលឿនរហ័សបំផុតមួយក្នុងលោក។ ចាកចេញពីគំនរផេះផង់នៃភ្លើងសង្គ្រាមនិងរបបប្រល័យពូជសាសន៍ កម្ពុជាបានឆ្លងផុតពីប្រទេសក្រីក្រឈានចូលប្រទេសដែលមានចំណូលមធ្យមកម្រិតទាប ហើយកំពុងត្រៀមខ្លួនក្លាយជាប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងប្រទេសមានចំណូលខ្ពស់នៅឆ្នាំ២០៥០។ ហេដ្ឋារចនាសម្ព័ន្ធរូបវន្តនានាដូចជា ផ្លូវ ស្ពាន សាលារៀន មន្ទីរពេទ្យ អគារខ្ពស់ៗ ហាងទំនិញ ផ្សារទំនើប យានយន្តកកកុញលើដងផ្លូវ និងស្នាមញញឹមរបស់ប្រជាពលរដ្ឋ សុទ្ធសឹងជាភស្តុតាងជាក់ស្តែងនៃសមិទ្ធផលដែលកើតចេញពីសុខសន្តិភាពនិងការអភិវឌ្ឍ។ ប្រទេសមួយដែលយកពន្ធតិចបំផុត តែអភិវឌ្ឍបានលឿនរហ័សបំផុតបែបនេះ ពិតជាកម្រមានណាស់។ សមិទ្ធផលដ៏អស្ចារ្យនេះកើតចេញពីទេពកោសល្យពិសេស នៃការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន ជាអតីតនាយករដ្ឋមន្ត្រី និងសម្តេចធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រីបន្តវេនដែលជាក្តីសង្ឃឹមពិតប្រាកដរបស់ប្រជាពលរដ្ឋខ្មែរ៕

អាមេរិក៖ លោក Netanyahu អាចនឹងអូសបន្លាយសង្គ្រាមហ្កាហ្សា ដើម្បីគោលបំណងនយោបាយ

2024/06/05 03:20:00 pm        266
ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន (Joe Biden) បាននិយាយថា មេដឹកនាំអ៊ីស្រាអែល លោក បេនចាមីន ណេតាន់យ៉ាហ៊ូ (Benjamin Netanyahu) អាចនឹងធ្វើឱ្យការបញ្ចប់សង្រ្គាមនៅតំបន់ហ្កាហ្សា មានភាពជាប់គាំងដោយសារហេតុផលនយោបាយ នេះបើយោងតាមបទសម្ភាសន៍ជាមួយទស្សនាវដ្តី ថែម (Time) ចេញផ្សាយកាលពីថ្ងៃអង្គារ (០៤ មិថុនា)។ការអត្ថាធិប្បាយនៅក្នុងបទសម្ភាសន៍កាលពីថ្ងៃទី២៨ ឧសភា នេះ ត្រូវបានធ្វើឡើងប៉ុន្មានថ្ងៃមុនពេលលោក បៃដិន រៀបរាប់លម្អិតអំពីសំណើបទឈប់បាញ់នៅហ្កាហ្សា ហើយខណៈដែលនាយករដ្ឋមន្ត្រីអ៊ីស្រាអែល កំពុងជួបការលំបាកជាមួយការបែកបាក់នយោបាយយ៉ាងស៊ីជម្រៅនៅក្នុងប្រទេស។ នៅពេលត្រូវសាកសួរថាតើលោកគិតថាលោក ណេតាន់យ៉ាហ៊ូ កំពុងអូសបន្លាយសង្រ្គាមសម្រាប់ហេតុផលនយោបាយផ្ទាល់ខ្លួន ឬយ៉ាងណា លោក បៃដិន បានឆ្លើយថា «មានហេតុផលគ្រប់គ្រាន់ដែលមនុស្សគ្រប់គ្នាអាចសន្និដ្ឋានបានបែបនោះ»។លោក បៃដិន ដែលបាននិងកំពុងជំរុញឱ្យមានការបញ្ចប់សង្រ្គាមជិតប្រាំបីខែនោះ ក៏បាននិយាយផងដែរថា គេមិនច្បាស់ទេថា តើកងកម្លាំងអ៊ីស្រាអែល បានប្រព្រឹត្តឧក្រិដ្ឋកម្មសង្រ្គាមនៅហ្កាហ្សា ឬយ៉ាងណា។ លោកបានច្រានចោលការចោទប្រកាន់ដែលថាអ៊ីស្រាអែល កំពុងប្រើប្រាស់ភាពអត់ឃ្លានរបស់ជនស៊ីវិលជាវិធីសាស្រ្តនៃសង្គ្រាម ប៉ុន្តែបាននិយាយថា «ខ្ញុំគិតថាពួកគេបានចូលរួមក្នុងសកម្មភាពដែលមិនសមរម្យមួយចំនួន»។អ្នកនាំពាក្យរដ្ឋាភិបាលអ៊ីស្រាអែល លោក ដេវីដ មេនសឺ (David Mencer) ដែលត្រូវបានសួរអំពីបទសម្ភាសន៍នោះ បាននិយាយថា នោះគឺ «នៅក្រៅបទដ្ឋានការទូត» សម្រាប់លោក បៃដិន ក្នុងការធ្វើអត្ថាធិប្បាយបែបនេះអំពីលោក ណេតាន់យ៉ាហ៊ូ។ ការស្ទង់មតិបង្ហាញថា ប្រជាជនអ៊ីស្រាអែល ភាគច្រើនគាំទ្រសង្គ្រាម ប៉ុន្តែបានបន្ទោសលោក ណេតាន់យ៉ាហ៊ូ ចំពោះការបរាជ័យផ្នែកសន្តិសុខ នៅពេលដែលខ្មាន់កាំភ្លើងក្រុមហាម៉ាស បានវាយលុកតាមសហគមន៍អ៊ីស្រាអែល នៅជិតតំបន់ហ្កាហ្សា កាលពីថ្ងៃទី០៧ ខែតុលា ហើយនឹងមិនគាំទ្រលោកនោះទេ ប្រសិនបើមានការបោះឆ្នោតម្ដងទៀត៕

ក្រុមហាម៉ាស ចង់ឱ្យអ៊ីស្រាអែល ប្តេជ្ញាចំពោះបទឈប់បាញ់អចិន្ត្រៃយ៍ និងដកទ័ពទាំងស្រុងពីហ្កាហ្សា

2024/06/05 03:15:51 pm        317
មន្ត្រីជាន់ខ្ពស់មកពីក្រុមសកម្មប្រយុទ្ធប៉ាឡេស្ទីនមួយនេះបាននិយាយកាលពីថ្ងៃអង្គារ (០៤ មិថុនា) ថា ក្រុមហាម៉ាស មិនអាចយល់ព្រមលើកិច្ចព្រមព្រៀងណាមួយបានទេ លុះត្រាតែអ៊ីស្រាអែល ធ្វើការប្តេជ្ញាចិត្ត «ច្បាស់លាស់» ចំពោះបទឈប់បាញ់ជាអចិន្ត្រៃយ៍ និងការដកទ័ពទាំងស្រុងចេញពីតំបន់ហ្កាហ្សាស្ទ្រីប។ប្រទេសកាតា ដែលរួមជាមួយនឹងសហរដ្ឋអាមេរិក និងអេហ្ស៊ីប បាននិងកំពុងសម្របសម្រួលកិច្ចចរចារវាងក្រុមហាម៉ាស និងអ៊ីស្រាអែល ក៏បានជំរុញឱ្យអ៊ីស្រាអែល ផ្តល់ជំហរច្បាស់លាស់ដែលមានការគាំទ្រពីរដ្ឋាភិបាលទាំងមូលរបស់ខ្លួន ដើម្បីឈានដល់កិច្ចព្រមព្រៀងមួយ។លោកប្រធានាធិបតីអាមេរិក ចូ បៃដិន (Joe Biden) កាលពីថ្ងៃសុក្រ សប្ដាហ៍មុន បានបង្ហាញនូវសំណើបីដំណាក់កាល ដែលដំណាក់កាលដំបូងរួមមានបទឈប់បាញ់រយៈពេលប្រាំមួយសប្តាហ៍ នៅពេលដែលកងកម្លាំងអ៊ីស្រាអែលនឹងដកខ្លួនចេញពី «ផ្នែកដែលមានប្រជាជនរស់នៅទាំងអស់» នៃតំបន់ហ្កាហ្សា និងដោះលែងចំណាប់ថ្នូរមួយចំនួន រួមទាំងមនុស្សចាស់ និងស្ត្រីផងដែរ នៅក្នុងផ្លាស់ប្តូរអ្នកទោសប៉ាឡេស្ទីនរាប់រយនាក់។លោក អូសាម៉ា ហានដាន (Osama Hamdan) មន្ត្រីក្រុមហាម៉ាស បានប្រាប់សន្និសីទសារព័ត៌មានតាមទូរទស្សន៍ថា «អ៊ីស្រាអែលគ្រាន់តែចង់បានដំណាក់កាលមួយដែលចំណាប់ថ្នូរទាំងអស់ត្រូវបានដោះលែង ហើយបន្ទាប់មកប្រទេសនេះនឹងបន្តការឈ្លានពាន និងធ្វើសង្រ្គាមលើប្រជាជន»។ សហរដ្ឋអាមេរិក បាននិយាយកាលពីថ្ងៃអាទិត្យ ថា ប្រសិនបើក្រុមហាម៉ាស ទទួលយកផែនការដែលបានស្នើឡើងនោះ នោះគេរំពឹងថាអ៊ីស្រាអែល ក៏នឹងធ្វើទទួលយកដូចគ្នា៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ចាត់តំណាងចូលរួមរំលែកទុក្ខសិស្សសាលា ប៊ែលធី អន្ដរជាតិ ចំនួន ៥រូប ដែលស្លាប់ក្នុងហេតុការណ៍រថយន្ដធ្លាក់ទឹក នៅស្រុកខ្សាច់កណ្ដាល ខេត្តកណ្តាល…!!
11/10/2026 11:11 PM
កាតាបញ្ជាក់​ថា អាមេរិក និង​អ៊ីរ៉ង់ ផ្ដល់​ការ​ឆ្លើយ​តប​វិជ្ជមាន​ ចំពោះកិច្ចប្រឹងប្រែង​សម្រប​សម្រួល​
11/10/2026 07:11 PM
ប៉ាគីស្ថានបង្កើនវិធានការបង្ក្រាបការបំភាយឧស្ម័នពុលរបស់រថយន្ត ខណៈផ្សែងអ័ព្ទកាន់តែធ្ងន់ធ្ងរនៅទីក្រុង Lahore
11/10/2026 07:11 PM
ប៉ាគីស្ថាន៖ ការដុត​កាំជ្រួចភ្ញី ក្នុងពិធីបុណ្យ Diwali របស់ឥណ្ឌា បង្ក​ឱ្យមាន​​ខ្យល់ពុល នៅ​ទី​ក្រុង Lahore
11/10/2026 07:11 PM
សិស្សានុសិស្ស នៅបារាំង បិទសាលារៀនរាប់សិបកន្លែង ដើម្បី​បន្ត​ដាក់សម្ពាធ​រដ្ឋាភិបាល​​
11/10/2026 07:11 PM
ផ្លូវជនបទកំពុងផ្តល់ក្តីសង្ឃឹមដល់ប្រជាពលរដ្ឋ តាមរយៈការជំរុញដំណើរអន្តរកម្មផ្នែកសេដ្ឋកិច្ច
11/10/2026 07:11 PM
ការវាយប្រហាររុស្ស៊ីលើទីក្រុង Odesa របស់អ៊ុយក្រែន សម្លាប់មនុស្ស ៣នាក់ និងមនុស្សម្នាក់រងរបួស
11/10/2026 06:11 PM
ម៉ិកស៊ិកចាប់ខ្លួនមេខ្លោងគ្រឿងញៀន ក្នុងប្រតិបត្តិការដោយមានជំនួយពីចារកម្មអាមេរិក
11/10/2026 06:11 PM
រដ្ឋមន្រ្តីការបរទេសបារាំងជួបសមភាគីមកពីអ៊ីតាលី កូរ៉េខាងត្បូង ប្រេស៊ីល និងអារ៉ាប៊ីសាអ៊ូឌីត
11/10/2026 06:11 PM
នាយករដ្ឋមន្ត្រី៖ ហុងគ្រីឃាត់ខ្លួនប្អូនប្រុសរបស់លោក Viktor Orban ពាក់ព័ន្ធ​សំណុំរឿងជួញដូរមនុស្ស
11/10/2026 06:11 PM