សម្ដេចធិបតី៖គិតត្រឹមខែមេសាឆ្នាំនេះយុវជនមកពីគ្រួសារក្រីក្រ និងងាយរងហានិភ័យចំនួន ២៧,១ម៉ឺននាក់ទទួលបានការបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈ
សម្ដេ​ចតេជោ ហ៊ុន សែន៖«២០ មិថុនា ១៩៧៧ ជីវិតរបស់ខ្ញុំ និងភរិយាពេលនោះជួបជាមួយគ្រោះថ្នាក់ និងលំបាកវេទនាខ្លាំងណាស់»
សម្តេចតេជោ ហ៊ុន សែន ថ្លែងថា អាវក្រោះ និងសម្ភារយោធាម៉ាក DSS សុទ្ធតែមានគុណភាពហើយអាវការពារនេះនាយករដ្ឋមន្រ្តីបានសាករួចហើយ
សម្ដេចតេជោ ហ៊ុន សែន អញ្ជើញពិនិត្យមើលរោងចក្រ ផលិតសម្ភារៈយោធា DSS និងសំណេះសំណាលជាមួយកម្មករ កម្មការិនី

នយោបាយ​ និង ការអភិវឌ្ឍន៍

កោះតៃវ៉ាន់ ពិបាកក្នុងការចូលរួមសន្និបាតរបស់អង្គការ WHO ទោះអាមេរិក គាំទ្រក៏ដោយ

2024/05/02 12:08:32 pm        117
ប្រមុខការបរទេសរបស់កោះតៃវ៉ាន់ បាននិយាយនៅថ្ងៃព្រហស្បតិ៍ (០២ ឧសភា) នេះថា វានឹងពិបាកសម្រាប់កោះតៃវ៉ាន់ ក្នុងការចូលរួមសន្និបាតប្រចាំឆ្នាំរបស់អង្គការសុខភាពពិភពលោក (WHO) នៅឆ្នាំនេះ ហើយខ្លួនសង្ឃឹមថាប្រទេសជាច្រើនទៀតនឹងគាំទ្រវត្តមានរបស់កោះតៃវ៉ាន់ បន្ទាប់ពីសហរដ្ឋអាមេរិក បានជំរុញឱ្យមានការអញ្ជើញ ប៉ុន្តែលទ្ធភាពនៃការចូលរួមណាមួយហាក់មានតិច ទោះអាមេរិកគាំទ្រក៏ដោយ។កោះតៃវ៉ាន់ ត្រូវបានដកចេញពីអង្គការអន្តរជាតិភាគច្រើនដោយសារតែការជំទាស់របស់ប្រទេសចិន ដែលចាត់ទុកកោះគ្រប់គ្រងតាមបែបប្រជាធិបតេយ្យនេះជាទឹកដីរបស់ខ្លួន។ សន្និបាតសុខភាពពិភពលោក (WHA) ឆ្នាំនេះចាប់ផ្តើមនៅថ្ងៃទី២៧ ខែឧសភា ត្រឹមតែមួយសប្តាហ៍បន្ទាប់ពីមេដឹកនាំជាប់ឆ្នោតថ្មីរបស់តៃវ៉ាន់ លោក ឡៃ ឈីងទឺ (Lai Ching-te) ដែលចិនចាត់ទុកថាជាអ្នកផ្ដាច់ខ្លួន ចូលកាន់តំណែង។តៃវ៉ាន់ បានចូលរួមសន្និបាតសុខភាពពិភពលោក (WHA) នេះក្នុងនាមជាអ្នកសង្កេតការណ៍ពីឆ្នាំ២០០៩ ដល់ឆ្នាំ២០១៦ ក្រោមការគ្រប់គ្រងរបស់មេដឹកនាំនៅពេលនោះ គឺលោក ម៉ា អ៊ីងចូវ (Ma Ying-jeou) ដែលបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្ម និងទេសចរណ៍សំខាន់ៗជាមួយប្រទេសចិន។ ប៉ុន្តែទីក្រុងប៉េកាំង បានចាប់ផ្តើមរារាំងការចូលរួមរបស់តៃវ៉ាន់នៅឆ្នាំ២០១៧ បន្ទាប់ពីមេដឹកនាំថ្មី លោកស្រី សៃ អ៊ីងវិន (Tsai Ing-wen) បានឈ្នះតំណែង។ថ្លែងទៅកាន់អ្នកសារព័ត៌មានក្នុងសភា ប្រមុខការបរទេសតៃវ៉ាន់ លោក ចូសេប អ៊ូ (Joseph Wu) បានលើកឡើងពីសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃពុធ របស់រដ្ឋមន្ត្រីការបរទេសអាមេរិក លោក អាន់តូនី ប្លីងខិន (Antony Blinken) ដែលក្នុងនោះលោកបាននិយាយថា សហរដ្ឋអាមេរិក «លើកទឹកចិត្តយ៉ាងខ្លាំង» ដល់អង្គការសុខភាពពិភពលោក ឱ្យស្តារការអញ្ជើញរបស់តៃវ៉ាន់ឡើងវិញ៕

លោក Trump៖ ការឆ្មក់ចាប់ខ្លួនរបស់នគរបាលលើក្រុមបាតុករនៅសាកលវិទ្យាល័យ ជារឿងល្អ

2024/05/02 10:41:04 am        173
បេក្ខជនប្រធានាធិបតីអាមេរិក មកពីគណបក្សសាធារណរដ្ឋ លោក ដូណាល់ ត្រាំ (Donald Trump) បាននិយាយកាលពីថ្ងៃពុធ (០១ ឧសភា) ថា «នេះគឺជារឿងដ៏ល្អបំផុតក្នុងការមើលឃើញ» មន្ត្រីនគរបាលក្រុងញូវយ៉ក ឆ្មក់ចូលអគារសាកលវិទ្យាល័យ កូឡុំប៊ី (Columbia) ដែលត្រូវបានកាន់កាប់ដោយនិស្សិតបាតុកម្មគាំទ្រប៉ាឡេស្ទីន ដោយហៅក្រុមបាតុករទាំងនោះថា «ជាពួកឆ្កួតលីលា និងជាអ្នកអាណិតអាសូរក្រុមហាម៉ាស»។លោក ត្រាំ បានប្រាប់អ្នកគាំទ្រនៅឯការប្រមូលផ្តុំយុទ្ធនាការនៅរដ្ឋ វីស្ខនស៊ីន (Wisconsin) ថា «ក្រុងញូវយ៉ក បានស្ថិតនៅក្រោមការឡោមព័ទ្ធកាលពីយប់មិញ ហើយនោះជារឿងល្អខ្លាំងណាស់»។ លោកបានសរសើរមន្ត្រីនគរបាលដែលបានចាប់ខ្លួនបាតុករប្រមាណ ៣០០ នាក់។ លោក ត្រាំ បាននិយាយដោយយោងលើរបាយការណ៍ប្រព័ន្ធផ្សព្វផ្សាយអំពីផែនការរបស់រដ្ឋបាលលោកប្រធានាធិបតី ចូ បៃដិន (Joe Biden) ក្នុងការទទួលយកជនភៀសខ្លួនហ្កាហ្សា ថា «យើងមិនត្រូវនាំយកជនភៀសខ្លួនរាប់ពាន់នាក់ពីចំណុចកណ្តាលភេរវកម្ម ដូចជាតំបន់ហ្កាហ្សា នេះមកអាមេរិកទេ ទោះក្នុងកាលៈទេសៈណាក៏ដោយ»។ការវាយប្រហារកាលពីថ្ងៃទី០៧ ខែតុលា ទៅលើភាគខាងត្បូងអ៊ីស្រាអែល ដោយក្រុមសកម្មប្រយុទ្ធហាម៉ាស មកពីតំបន់ហ្កាហ្សាស្ទ្រីប និងការវាយលុករបស់អ៊ីស្រាអែល ជាបន្តបន្ទាប់លើតំបន់ហ៊ុមព័ទ្ធប៉ាឡេស្ទីន បានធ្វើឱ្យមានកំណើនដ៏ធំបំផុតនៃសកម្មភាពតវ៉ារបស់និស្សិតអាមេរិក ចាប់តាំងពីការតវ៉ាប្រឆាំងនឹងការរើសអើងជាតិសាសន៍ក្នុងឆ្នាំ២០២០ មក រួមទាំងឧបទ្ទវហេតុប្រឆាំងជនជាតិជ្វីហ្វជាច្រើន៕

លោក Blinken៖ អាមេរិក មិនគាំទ្រការវាយលុកជើងគោកលើក្រុងរ៉ាហ្វា ទេ បើពុំមានផែនការមនុស្សធម៌

2024/05/02 10:06:16 am        138
រដ្ឋមន្ត្រីការបរទេសអាមេរិក លោក អាន់តូនី ប្លីងខិន (Antony Blinken) បាននិយាយកាលពីថ្ងៃពុធ (០១ ឧសភា) ថា លោកនៅតែមិនបានឃើញផែនការការពារជនស៊ីវិលណាមួយក្នុងការវាយលុកជើងគោកដែលបានគ្រោងទុករបស់អ៊ីស្រាអែល លើទីក្រុងរ៉ាហ្វា (Rafah) ភាគខាងត្បូងនៃតំបន់ហ្កាហ្សា នោះទេ ហើយទីក្រុងវ៉ាស៊ីនតោន មិនគាំទ្រប្រតិបត្តិការបែបនេះឡើយ បើពុំមានផែនការមនុស្សធម៌ជាក់លាក់។លោក ប្លីងខិន និងនាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក បេនចាមីន ណេតាន់យ៉ាហ៊ូ (Benjamin Netanyahu) បានជួបប្រជុំគ្នានៅទីក្រុងហ្សេរុយសាឡឹម រយៈពេលពីរម៉ោងកន្លះ បន្ទាប់មកអ៊ីស្រាអែលបាននិយាយម្តងទៀតថាប្រតិបត្តិការ រ៉ាហ្វា នឹងបន្តទៅមុខ ទោះជាមានជំហរប្រឆាំងរបស់សហរដ្ឋអាមេរិក និងការព្រមានរបស់អង្គការសហប្រជាជាតិ ដែលថានឹងនាំឱ្យមាន «សោកនាដកម្ម» ក៏ដោយ។អ្នកនាំពាក្យរដ្ឋាភិបាលអ៊ីស្រាអែល បាននិយាយថា អ៊ីស្រាអែលនៅតែប្តេជ្ញាចិត្តបំផ្លាញទម្រង់ប្រយុទ្ធរបស់ក្រុមហាម៉ាស ដែលនៅសេសសល់ទោះជាមានសម្ពាធខ្លាំងក៏ដោយ។អ៊ីស្រាអែល គឺជាទីឈប់សំចតចុងក្រោយក្នុងដំណើរទស្សកិច្ចមជ្ឈិមបូព៌ារបស់ប្រមុខការទូតអាមេរិករូបនេះ ដែលជាដំណើរលើកទីប្រាំពីររបស់ខ្លួនទៅកាន់តំបន់ដែលត្រូវបានធ្លាក់ចូលទៅក្នុងជម្លោះកាលពីខែតុលាឆ្នាំមុន នៅពេលដែលក្រុមហាម៉ាស បានវាយប្រហារភាគខាងត្បូងអ៊ីស្រាអែល។ ដំណើរទស្សកិច្ចនេះបានផ្តោតជាសំខាន់លើកិច្ចខិតខំប្រឹងប្រែងដើម្បីកែលម្អលក្ខខណ្ឌមនុស្សធម៌នៅក្នុងតំបន់ហ្កាហ្សា៕

សាលារៀនផ្លាស់ប្ដូរម៉ោងសិក្សា និងស្រោចទឹកជាប្រចាំ ក្នុងការទប់ស្កាត់ការកើនឡើងកម្ដៅខ្លាំង

2024/05/01 03:15:51 pm        185
តាមបណ្ដាសាលារៀនមិនថានៅរាជធានីភ្នំពេញ ឬនៅតាមបណ្ដាខេត្ត ចាប់ផ្ដើមធ្វើការស្រោចទឹកជាប្រចាំថ្ងៃ ក្នុងការទប់ស្កាត់ការកើនឡើងកម្ដៅខ្លាំង។ ទន្ទឹមគ្នានេះដែរ ក្រសួងអប់រំ យុវជន និងកីឡា ក៏បានសម្រេចឱ្យមានការផ្លាស់ប្ដូរម៉ោងសិក្សាផងដែរ ដោយវេនព្រឹកចាប់ផ្ដើមនៅម៉ោង ៧.00 ចេញម៉ោង ១០.00ព្រឹក រឺឯវេនថ្ងៃចូលសិក្សានៅម៉ោង ២.០០ ចេញម៉ោង ៥.០០ ល្ងាច។កម្ពុជា ក៏ដូចជាប្រទេសជិតខាងក្នុងតំបន់ បច្ចុប្បន្នកំពុងជួបវិបត្តិនៃការកើនឡើងកម្ដៅខ្លាំង។ ជាក់ស្ដែងសម្រាប់ប្រទេសកម្ពុជា ក្នុងរដូវប្រាំង ជាពិសេសមួយរយៈចុងក្រោយនេះ អាកាសធាតុបាន​ឡើងកម្ដៅ លើសពី ៤០ អង្សា ដែលបង្ករជាផលវិបាកសម្រាប់មនុស្សគ្រប់គ្នា ពិសេសកុមារ និងមនុស្សចាស់ដែលមានភាពប្រឈម។ ស្របពេលដែលកម្ដៅមានការហក់ឡើងខ្លាំងបែបនេះ ក្រសួងអប់រំ យុវជន និងកីឡា បានសម្រេចឱ្យមានការផ្លាស់ប្ដូរម៉ោងសិក្សា ដើម្បីទប់ស្កាត់ហានិភ័យ និងចៀសវាងជំងឺផ្សេងៗ ដែលអាចប៉ះពាល់ដល់សុខភាព ការរៀនសូត្ររបស់សិស្ស និងការបំពេញការងាររបស់គ្រូបង្រៀន។ ការផ្លាស់ប្ដូរ គឺវេនព្រឹកត្រូវចូលរៀន ម៉ោង ៧.00 ចេញម៉ោង ១០.00ព្រឹក ចំណែគវេនថ្ងៃចូល​សិក្សានៅម៉ោង ២.០០ ចេញម៉ោង ៥.០០ ល្ងាច។សម្រាប់ការកើនឡើងកម្ដៅនេះដែរ លោកជំទាវ ឃួន វិច្ឆិកា អ្នកនាំពាក្យក្រសួងអប់រំ យុវជន និងកីឡា លើកឡើងដែរថា ​ក្រសួងកំពុងធ្វើការងារតាមដានយ៉ាងយកចិត្តទុកដាក់ ទៅលើស្ថានភាព​សាលានីមួយៗ ដើម្បីអាចស្វែងរកដំណោះស្រាយបន្ទាន់តាមករណីជាក់ស្ដែង។ ទន្ទឹមនឹងការផ្លាស់ប្ដូរម៉ោងសិក្សានេះដែរ តាមបណ្ដាសាលារៀន ក៏បានដាក់ចេញវិធានការផ្ទាល់ខ្លួន ទៅតាមលទ្ធភាពជាក់ស្ដែង ក្នុងការទប់ស្កាត់ការកើនឡើងកម្ដៅនេះដែរ។ ភាគច្រើនជាការ​សង្កេតឃើញ គឺសាលាចាប់ផ្ដើមស្រោចទឹក ក្នុងថ្នាក់រៀន រឺនៅតាមបរិវេណសាលា។ សម្រាប់ សាលាបឋមសិក្សាសំបួរមាស ក្នុងភូមិសាស្ត្រខណ្ឌដង្កោ បានតទុយោទឹកដោយខ្លួនឯង និងធ្វើការស្រោចនៅក្នុងបន្ទប់រៀនរយៈពេលជិតមួយសប្ដាហ៍រួចមកហើយ។ លោក សាយ ឆាយ ជានាយកសាលាបឋមសិក្សាសំបួរមាស លើកឡើងថាការបាញ់ទឹក​រយៈពេល​ប៉ុន្មានថ្ងៃមកនេះ ជួយដល់ការសិក្សារបស់សិស្សបានច្រើន។ លើកសម្គាល់ឃើញថា ប៉ុន្មានថ្ងៃមុន​ឳពុកម្ដាយមួយចំនួនបានសុំច្បាប់ឱ្យកូនឈប់សម្រាក ដោយសារបញ្ហាកម្ដៅខ្លាំង តែចាប់ពីសាលា​មានការស្រោចទឹកនៅក្នុងបន្ទប់រៀននេះ ចំនួនសិស្សសុំច្បាប់គឺមានការធ្លាក់ចុះ។ ទន្ទឹមនឹងធាតុអាកាសបែបនេះ លោកក៏សំណូមពរឱ្យអាណាព្យាបាលរៀបចំ ទឹកពិសារសម្រាប់កូនជាចាំបាច់ផងដែរ។កំពុងអង្គុយរៀនក្នុងបន្ទប់ដែលបាញ់ទឹកសើមជាប្រចាំ កុមារាកុមារី លើកឡើងជាសប្បាយចិត្ត ព្រោះការស្រោចទឹកនេះ ​ជួយឱ្យពួកគេទទួលបានភាពត្រជាក់ ងាយស្រួលអង្គុយសិក្សាជាងមុន។ ក្រសួងអប់រំ ក្រៅពីសម្រេចឱ្យមានការផ្លាស់ប្ដូរម៉ោងសិក្សា​ ក៏បានបញ្ជាក់ដែរថា ​ករណីសីតុណ្ហភាព​កើនឡើងខ្លាំងលើសពីការគ្រប់គ្រង គ្រឹះស្ថានសិក្សាមានសិទ្ធិក្នុងការសម្រេចជាក់ស្ដែង៕អត្ថបទ៖ គឹមហុក

ក្រុមហ៊ុនTEPCO ផ្សព្វផ្សាយប្រាក់ចំណេញសុទ្ធឆ្នាំសារពើពន្ធ២០២៣ កើនពីការខាតបង់ក្នុងឆ្នាំ២០២២

2024/05/01 02:20:29 pm        143
ក្រុមហ៊ុនអគ្គិសនី TEPCO Holdings បានចេញផ្សាយលទ្ធផលហិរញ្ញវត្ថុរបស់ខ្លួនសម្រាប់ឆ្នាំសារពើពន្ធ២០២៣ កាលពីថ្ងៃអង្គារថា ក្រុមហ៊ុនអគ្គិសនី TEPCO Holdings ក្រុងតូក្យូ ប្រទេសជប៉ុន បានផ្សព្វផ្សាយប្រាក់ចំណេញសុទ្ធប្រហែល ១,៦៩ពាន់លានដុល្លារសម្រាប់ឆ្នាំអាជីវកម្ម ដែលបានបញ្ចប់ទៅក្នុងខែមីនា កើនឡើងពីការខាតបង់កាលពីឆ្នាំ២០២២។ ការលក់របស់ក្រុមហ៊ុន បានធ្លាក់ចុះ១៤ភាគរយពីឆ្នាំសារពើពន្ធ២០២២ មកនៅត្រឹម ៤៣,៧៨ ពាន់លានដុល្លារ។ ប៉ុន្តែក្រុមហ៊ុន បានប្រកាសប្រាក់ចំណេញសុទ្ធចំនួន ១,៦៩ ពាន់លានដុល្លារ កើនឡើងពីការខាតបង់កាលពីឆ្នាំមុនចំនួន ៧៨៣ លានដុល្លារ។ អតិរេកលើកដំបូងរបស់ក្រុមហ៊ុន ក្នុងរយៈពេលពីរឆ្នាំ ត្រូវបានសន្មតថាជាផ្នែកនៃការធ្លាក់ចុះនៃការចំណាយលើផ្គត់ផ្គង់សម្រាប់ឧស្ម័នធម្មជាតិរាវ និងធ្យូងថ្ម ដែលប្រើប្រាស់ក្នុងការផលិតថាមពលកម្ដៅ។ក្រុមហ៊ុន TEPCO បានផ្សព្វផ្សាយនូវការចំណាយចំនួន ៩៥៧លានដុល្លារសម្រាប់សំណង ទាក់ទងទៅនឹងរោងចក្រថាមពលនុយក្លេអ៊ែរ Fukushima Daiichi ដែលត្រូវបានបំផ្លាញ។ នេះរួមបញ្ចូលទាំងការចំណាយសម្រាប់ការបញ្ចេញទឹកសំណល់នុយក្លេអ៊ែរដែលបានធ្វើប្រព្រឹត្តិកម្មនិងពង្រាវរួចចូលទៅក្នុងសមុទ្រ ពីរោងចក្រ Fukushima Daiichi ដែលបានចាប់ផ្តើម កាលពីខែសីហា ឆ្នាំមុន។ក្រុមហ៊ុនបាននិយាយថា ក្រុមហ៊ុនមិនអាចព្យាករណ៍ប្រាក់ចំណេញសម្រាប់ឆ្នាំសារពើពន្ធ២០២៤ បានទេ ដោយសារ ក្រុមហ៊ុនមិនអាចព្យាករណ៍បានថា នៅពេលណាដែលរោងចក្រថាមពលនុយក្លេអ៊ែរ កាស្សីវ៉ាហ្សាគិ-ការីវ៉ា(Kashiwazaki-Kariwa) ក្នុងខេត្ត Niigata នឹងបន្តដំណើរការពាណិជ្ជកម្មឡើងវិញ។ក្រុមហ៊ុនTEPCO និយាយថាក្រុមហ៊ុននឹងផ្តោតលើការចាប់ផ្តើមឡើងវិញនូវរោងចក្រថាមពលនុយក្លេអ៊ែរ Kashiwazaki-Kariwa ហើយនឹងខិតខំដើម្បីទទួលបានការផ្គត់ផ្គង់អគ្គិសនីដែលមានស្ថេរភាព និងអព្យាក្រឹតកាបូន ព្រមទាំងការជំរុញតម្លៃសាជីវកម្ម។ ក្រុមហ៊ុនថាមពលអគ្គិសនីឈានមុខគេទាំង ១០ នៅក្នុងប្រទេសជប៉ុន បានប្រកាសប្រាក់ចំណេញសុទ្ធសម្រាប់ឆ្នាំសារពើពន្ធ២០២៣។

សម្ដេចធិបតី៖ បច្ចុប្បន្នក្រុមហ៊ុនចំនួន៤៤ ស្នើវិនិយោគឡើងវិញ លើវិស័យអចលនទ្រព្យនៅសីហនុ

2024/05/01 02:17:07 pm        145
សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃកម្ពុជា បានបញ្ជាក់ថា នៅឆ្នាំ ២០២៤នេះ រាជរដ្ឋាភិបាល បានវិនិយោគ និងដាក់គោលនយោបាយមួយចំនួនផ្ដោតទៅលើវិស័យអចលនទ្រព្យ នៅខេត្តព្រះសីហនុ ខណៈបច្ចុប្បន្នមានក្រុមហ៊ុនធំៗចំនួន ៤៤ បានដាក់គម្រោងវិនិយយោគឡើងវិញ ក្នុងនោះក្រុមហ៊ុនចំនួន ៨ បានឯកភាព និងចាប់ផ្ដើមដំណើរការឡើងវិញហើយ។សម្ដេចធិបតី នាយករដ្ឋមន្រ្ដី មានប្រសាសន៍បញ្ជាក់បែបនេះ ក្នុងឱកាសអញ្ជើញសំណេះសំណាល ជាមួយមន្ត្រីរាជការ បុគ្គលិក កម្មករ និយោជិតបម្រើការងារនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ ក្នុងឱកាសអបអរសាទរខួបអនុស្សាវរីយ៍លើកទី១៣៨ នៃទិវាពលកម្មអន្តរជាតិ១ឧសភា ដែលធ្វើឡើងក្រោមប្រធានបទ «សហគ្រាសមួយជាសហគមន៍សុខសាន្តមួយ» នៅព្រឹកថ្ងៃទី១ ខែឧសភា ឆ្នាំ២០២៤នេះ។សម្ដេចធិបតី បានបញ្ជាក់ថា សម្ដេចបានផ្ដល់គោលការណ៍ជូន ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ជំរុញ គោលនយោបាយ​បន្ថែមទៀតដល់ខេត្តព្រះសីហនុ ជាពិសេសក្នុងវិស័យឧស្សាហកម្ម និងកម្មន្តសាល ខណៈខេត្តព្រះសីហនុ ​ជាខេត្តសក្ដានុពលលើគ្រប់វិស័យទាំងអស់ ​ប៉ុន្ដែចំណុចសំខាន់ ត្រូវដឹង​វិស័យណាអាចដើរមុន ហើយមានសក្ដានុពលធំដូចជាវិស័យអចលនទ្រព្យនេះជាដើម​ដែលត្រូវជំរុញបន្ថែមលើការវិនិយោគ។ក្នុងឱកាសនោះសម្ដេចធិបតីនាយករដ្ឋមន្រ្ដី បានបញ្ជាក់ថា ដើម្បីជំរុញដល់ការជាប់គាំង​លើការ​វិនិយោគ និងការអនុវត្តគោលនយោបាយនានា ដែលរាជរដ្ឋាភិបាល​បានដាក់ចេញ​ទៅបង្កើត​ក្រុមការងារអន្តរាគមន៍ពិសេសរបស់នាយករដ្ឋមន្រ្ដីមួយ សម្រាប់តាមដាន ត្រួតពិនិត្យលើការងារ​ផ្សេងៗ​ដែលបានដាក់ចេញហើយជាប់គាំង ឬមិនដំណើរការល្អ ដើម្បីជំរុញការងារនោះឱ្យ​សម្រេចបាន ឬក៏ត្រូវវះកាត់ចេញតែម្ដង។សូមជម្រាបថា រាជរដ្ឋាភិបាលតាំងពីអាណត្តិមុនៗ ដឹកនាំដោយសម្ដេចតេជោ ហ៊ុន សែន អតីត​នាយករដ្ឋមន្រ្ដី រហូតដល់អាណត្តិទី៧នេះ​ ដឹកនាំដោយសម្ដេចធិបតី ហ៊ុន ម៉ាណែត កំពុងយក​ចិត្តទុក​ដាក់ជំរុញការវិនិយោគនៅខេត្តព្រះសីហនុ ដែលជាប៉ូលសេដ្ឋកិច្ចពិសេស​ពហុបំណងរបស់កម្ពុជា៕អត្ថបទ៖ វ៉ន ដារ៉ា

សម្ដេចធិបតី អរគុណជាថ្មីដល់ពលរដ្ឋទាំងក្នុង និងក្រៅប្រទេសគាំទ្រ «គម្រោងព្រែកជីកហ្វូណនតេជោ»

2024/05/01 02:04:36 pm        113
សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃកម្ពុជា បានប្រកាសថ្លែងអំណរគុណសារជាថ្មីចំពោះប្រជាពលរដ្ឋខ្មែរទាំងក្នុង និងក្រៅប្រទេសរាប់លាននាក់ ដែលបានចេញមកប្រកាសគាំទ្រចំពោះ «គម្រោងព្រែកជីកហ្វូណនតជោ» ខណៈគម្រោងនេះ ជាសមិទ្ធផលជាប្រវត្តិសាស្រ្ដសម្រាប់ប្រទេសជាតិ និងជួយជំរុញដល់កំណើនសេដ្ឋកិច្ចជាតិ។សម្ដេចធិបតី នាយករដ្ឋមន្រ្ដី បានប្រកាសថ្លែងអំណរគុណជាថ្មីបែបនេះ ក្នុងឱកាសអញ្ជើញ សំណេះសំណាលជាមួយមន្ត្រីរាជការ បុគ្គលិក កម្មករ និយោជិតបម្រើការងារនៅកំពង់ផែស្វយ័ត ក្រុងព្រះសីហនុ ក្នុងឱកាសអបអរសាទរខួបអនុស្សាវរីយ៍លើកទី១៣៨ នៃទិវាពលកម្មអន្តរជាតិ១ឧសភា ​ដែលធ្វើឡើងក្រោមប្រធានបទ «សហគ្រាសមួយ​ជាសហគមន៍សុខសាន្តមួយ» នៅព្រឹកថ្ងៃទី១ ខែឧសភា ឆ្នាំ២០២៤នេះ។សម្ដេចធិបតីនាយកដ្ឋមន្រ្ដី បានមានប្រសាសន៍បញ្ជាក់ថា គម្រោងព្រែកជីកហ្វូណន តេជោ ដាច់ខាតត្រូវតែធ្វើឱ្យខាងតែបាន ខណៈគម្រោងព្រែកជីកនេះ នឹងចាប់ផ្ដើម នៅចុងឆ្នាំ២០២៤នេះ ហើយបើយូរបំផុតនៅត្រឹមដើមឆ្នាំ២០២៥។ សម្ដេចធិបតីថ្លែងថា គម្រោងព្រែកជីកហ្វូណនតេជោ មិនមែនបម្រើតែផលប្រយោជន៍​របស់កម្ពុជា​ប៉ុណ្ណោះនោះទេ តែក៏ដើម្បីបម្រើផលប្រយោជន៍ដល់ប្រទេសក្នុងតំបន់ រួមទាំងវៀតណាម និងឡាវផងដែរ។ក្នុងឱកាសនោះ ​សម្ដេចធិបតីឱ្យដឹងថា មានក្រុមប្រឆាំងជ្រុលនិយមមួយក្រុមនៅក្រៅប្រទេស​កំពុងរៀបចំធ្វើចលនាប្រឆាំងគម្រោងព្រែកជីកហ្វូណនតេជោនេះ ដោយសម្ដេចចាត់ទុកពួក​ប្រឆាំង​ជ្រុលនិយមទាំងនេះ កំពុងកិតខុសដែលមកប្រឆាំងការកសាង និងអភិវឌ្ឍន៍​សមិទ្ធផល​ជាប្រយោជន៍ជាតិ​ និងមានប្រជាពលរដ្ឋរាប់លានានក់ទាំងក្នុង និងក្រៅប្រទេសបានគាំទ្រ។ក្នុងឱកាសនោះ សម្ដេចធិបតី នាយករដ្ឋមន្ត្រី ក៏បានអំពាវនាវដល់ជនរួមជាតិទាំងអស់ បន្តចូលរួមសាមគ្គីគ្នាការពារផលប្រយោជន៍ជាតិ ការពារសន្តិភាព ការពារការរីកចម្រើនរបស់ជាតិ និងបញ្ជៀសកុំឱ្យធ្លាក់ទៅក្នុងអន្ទាក់របស់ប្រទេសមហាអំណាចជាថ្មី តាមរយៈនយោបាយ​មនោគមវិជ្ជា​ខ្មៅកខ្វក់របស់ក្រុមប្រឆាំងជ្រុលនិយម៕អត្ថបទ៖ វ៉ន ដារ៉ា

នាវាផ្ទុកយន្តហោះ Fujian របស់ចិន ចាប់ផ្តើមការសាកល្បងនៅសមុទ្រលើកដំបូង

2024/05/01 01:25:47 pm        272
នាវាផ្ទុកយន្តហោះទីបីរបស់ប្រទេសចិន ហៅថា Fujian បានចាប់ផ្តើមការការសាកល្បងនៅសមុទ្រ នៅព្រឹកថ្ងៃពុធនេះ។ នាវា បានចាកចេញពីកន្លែងផលិតនាវា Shanghai Jiangnan ដែលការសាកល្បងនៅសមុទ្រនឹងក្លាយជាការសាកល្បងសំខាន់នូវភាពជឿជាក់ និងស្ថេរភាពនៃប្រព័ន្ធជំរុញ និងអគ្គិសនីរបស់នាវាផ្ទុកយន្តហោះ។ នាវា Fujian បានបំពេញតាមតម្រូវការបច្ចេកទេសសម្រាប់ការសាកល្បងនៅសមុទ្រ។នាវានេះគឺជានាវាដឹកជញ្ជូនផលិតក្នុងស្រុកដំបូងគេរបស់ប្រទេសចិនដែលប្រើប្រាស់ប្រព័ន្ធកម្លាំងជំរុញ។ ដោយការផ្លាស់ទីមានផ្ទុកសម្ភារៈពេញមានទម្ងន់ជាង ៨០.០០០តោន ដែលនាវាដឹកជញ្ជូននេះត្រូវបានបំពាក់ដោយកម្លាំងជំរុញអេឡិចត្រូម៉ាញ៉េទិក និងឧបករណ៍ស្ទាក់ចាប់។នាវា Fujian ជានាវាជំនាន់ថ្មីរបស់ប្រទេសចិន ជាការបង្ហាញព្រឹត្តិការណ៍ដ៏សំខាន់មួយផ្សេងទៀត ក្នុងការធ្វើទំនើបកម្មកងទ័ពជើងទឹកនៃកងទ័ពរំដោះប្រជាជន។ប្រទេសចិន បានបង្កើនការបន្ថែមយ៉ាងច្រើននៃកងកម្លាំងកងទ័ពជើងទឹករបស់ខ្លួន ក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ ខណៈប្រទេសនេះស្វែងរកការពង្រីកដែនទឹករបស់ខ្លួននៅក្នុងតំបន់ប៉ាស៊ីហ្វិក និងការប្រជែងទៅនឹងសម្ព័ន្ធមិត្តដឹកនាំដោយសហរដ្ឋអាមេរិក។ភាពតានតឹង បានផ្ទុះឡើងគួរឱ្យកត់សម្គាល់នៅសមុទ្រចិនខាងត្បូងដែលមានជម្លោះ ខណៈទីក្រុងប៉េកាំង បានអះអាងសិទ្ធស្ទើរតែទាំងស្រុងរបស់ខ្លួន និងនៅជិតកោះតៃវ៉ាន់ស្វ័យគ្រប់គ្រង ជាកន្លែងដែលប្រទេសនេះបានដាក់ពង្រាយនាវាផ្ទុកយន្តហោះ Shandong ។

ប្រធានាធិបតីចិន កំពុងត្រៀមបំពេញបេសកកម្ម ផ្សះផ្សាទំនាក់ទំនងរវាងអាមេរិក និងអឺរ៉ុប

2024/05/01 01:18:41 pm        285
ក្រសួងការបរទេសចិននិយាយថា មេដឹកនាំកំពូលរបស់ខ្លួន នឹងចាប់ផ្តើមដំណើរទស្សនកិច្ចពីថ្ងៃទី៥ ដល់១០ ខែឧសភា តបតាមការអញ្ជើញរបស់លោកប្រធានាធិបតីបារាំង និងទៅកាន់ ស៊ែរប៊ី និងហុងគ្រី ខណៈប្រទេសទាំងនោះកំពុងស្វែងរកការវិនិយោគពីប្រទេសចិន ទោះបីជាមានការស៊ើបអង្កេតជាច្រើនពីសហភាពអឺរ៉ុបលើគោលនយោបាយឧស្សាហកម្មរបស់ទីក្រុងប៉េកាំង និងការព្រមានពីមន្ត្រីនៅទីក្រុងវ៉ាស៊ីនតោនអំពីហានិភ័យក៏ដោយ។ អ្នកដឹងផែនការពិភាក្សាអំពីវិធីសាស្រ្តពីទីក្រុងប៉ារីស បាននិយាយសុំមិនបញ្ចេញឈ្មោះ ថា លោកប្រធានាធិបតី បារាំង Emmanuel Macron មានគោលបំណងធ្វើឱ្យទំនាក់ទំនងផ្ទាល់ខ្លួនរបស់លោកជាមួយលោក Xi កាន់តែស៊ីជម្រៅ អំឡុងដំណើរទស្សនកិច្ចរយៈពេលពីរថ្ងៃនៅប្រទេសបារាំង ខណៈ លោកបានអំពាវនាវដល់មេដឹកនាំចិន ជំរុញឱ្យលោក Vladimir Putin បញ្ចប់សង្រ្គាមរបស់រុស្ស៊ីនៅអ៊ុយក្រែន។លោក Macron ក៏មានគោលបំណងទាក់ទាញការវិនិយោគរបស់ចិនទៅក្នុងវិស័យរថយន្តអគ្គិសនី ឬEV របស់ប្រទេសបារាំងផងដែ។ លោក Macron នឹងទទួលលោក Xi សម្រាប់អាហារពេលល្ងាចនៅវិមាន អេលីសេ (Elysee) ក្នុងទីក្រុងប៉ារីស។លោក ឆុង ចាអ៊ីរ៉ាន (Chong Ja Ian) សាស្ត្រាចារ្យរងផ្នែកវិទ្យាសាស្ត្រនយោបាយនៅសាកលវិទ្យាល័យជាតិសិង្ហបុរីបាននិយាយថា លោក Emmanuel Macron នឹងផ្តល់ឱកាសឱ្យលោក Xi ចរចាជាមួយមហាអំណាចឈានមុខគេរបស់សហភាពអឺរ៉ុប ដែលបង្ហាញពីឆន្ទៈក្នុងការត្រួសត្រាយផ្លូវឯករាជ្យបន្ថែមទៀត ។ ដំណើរទស្សនកិច្ចនេះ គឺជាកិច្ចប្រឹងប្រែងមួយដើម្បីព្យាយាមទាញយកផ្នែកនានានៃទ្វីបអឺរ៉ុប ដែលលោក Xi យល់ថា អាចនឹងផ្ដល់ផលប្រយោជន៍បន្ថែមទៀតដល់ប្រទេសចិន។ ដំណើរទស្សនកិច្ចរបស់លោក Xi កើតឡើង ខណៈសហភាពអឺរ៉ុបកំពុងរួមដៃគ្នាកាន់តែខ្លាំងជាមួយក្រុងវ៉ាស៊ីនតោនក្នុងការប្រឆាំងនឹងសមត្ថភាពរបស់ចិនសម្រាប់ការនាំចេញដែលមានតម្លៃទាប និងប្រឈមហានិភ័យសន្តិសុខជាតិ។កាលពីថ្មីៗនេះ អធិការបតីអាល្លឺម៉ង់ Olaf Scholz ក៏បានទៅបំពេញទស្សកិច្ចក្នុងប្រទេសចិនដែរ និងបានជួបពិភាក្សាជាមួយលោកXi ដោយភាគីទាំង២បានសន្យាថានឹងបន្តស្វែងរកគំនិតរួមគ្នា និងដោះស្រាយការខ្វែងគំនិតគ្នា៕

ចៅក្រមពិន័យលោក Trump ចំនួន ៩ ពាន់ដុល្លារ និងគំរាមដាក់ពន្ធនាគារពីបទមើលងាយតុលារការ

2024/05/01 01:15:38 pm        229
ចៅក្រមដែលមើលការខុសត្រូវលើការកាត់ទោសក្ដីព្រហ្មទណ្ឌជុំវិញបណ្ដឹងប្រាក់បំបិទមាត់របស់លោក ដូណាល់ ត្រាំ (Donald Trump) បានពិន័យអតីតប្រធានាធិបតីអាមេរិករូបនេះចំនួន ៩.០០០ ដុល្លារសម្រាប់ការមើលងាយតុលាការកាលពីថ្ងៃអង្គារ (៣០ មេសា) ហើយនិយាយថាចៅក្រមនឹងពិចារណាចាប់លោក ត្រាំ ដាក់ពន្ធនាគារ ប្រសិនបើលោកបន្តបំពានលើដីកាបង្គាប់។នៅក្នុងដីកាជាលាយលក្ខណ៍អក្សរ លោកចៅក្រម វ័ន មើឆែន (Juan Merchan) បាននិយាយថា ការផាកពិន័យនេះប្រហែលជាមិនគ្រប់គ្រាន់ដើម្បីជាការរារាំងអ្នកជំនួញ និងអ្នកនយោបាយ ដែលមានទ្រព្យសម្បត្តិហូរហៀរូបនេះទេ ហើយលោកមានការសោកស្ដាយជាខ្លាំងដែលលោកមិនមានអំណាចក្នុងការដាក់ប្រាក់ពិន័យឱ្យខ្ពស់ជាងនេះទេ។លោក មើឆែន បានដាក់ចេញនូវដីការារាំងលោក ត្រាំ ពីការរិះគន់សាក្សី និងអ្នកផ្សេងទៀតដែលពាក់ព័ន្ធនឹងបណ្ដឹងនេះ។ ចៅក្រមបានពិន័យលោក ត្រាំ ចំនួន ១.០០០ ដុល្លារលើរាល់ការបង្ហោះតាមអ៊ីនធឺណិតចំនួនប្រាំបួនផុស ដែលបានរំលោភលើបញ្ជារបស់ចៅក្រមមិនឱ្យរិះគន់សាក្សី ឬអ្នកចូលរួមផ្សេងទៀតនៅក្នុងការកាត់ក្តី។ រដ្ឋអាជ្ញាបានលើកឡើង ១០ សារបង្ហោះថាអាចជាការបំពានដីកាបង្គាប់។លោក មើឆែន បានច្រានចោលទឡ្ហីករណ៍របស់លោក ត្រាំ ដែលថាខ្លួនមិនអាចទទួលខុសត្រូវចំពោះ «សារបង្ហោះបន្ត» ដែលលោកមិនបានសរសេរដោយខ្លួនឯងនោះទេ។ ចៅក្រមនឹងពិចារណាថាតើត្រូវដាក់ពិន័យបន្ថែមទៀតសម្រាប់សារបង្ហោះផ្សេងទៀត ឬយ៉ាងណា នៅក្នុងសវនាការនៅថ្ងៃព្រហស្បតិ៍ (០២ ឧសភា) ស្អែកនេះ៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ និងរុស្ស៊ី ជួបពិភាក្សាតាមទូរស័ព្ទ ផ្ដោតលើអនុស្សរណៈនៃការយោគយល់គ្នាជាមួយអាមេរិក
06/17/2026 06:06 PM
កិច្ចប្រជុំកំពូលនៅទីក្រុងព្រុចសែល នឹងផ្តោតសំខាន់លើការចង់បានសមាជិកភាព EU របស់អ៊ុយក្រែន
06/17/2026 06:06 PM
ជប៉ុនផ្តល់ថវិកា ១,៣លានដុល្លារបន្ថែម ដើម្បីគាំទ្រគម្រោង «ការឆ្លើយតបទៅនឹងតម្រូវការបន្ទាន់របស់ជនទេសន្តរប្រវេសន៍ និងជនភៀសសឹកដែលងាយរងគ្រោះដោយសារវិបត្តិព្រំដែនកម្ពុជា-ថៃ និងការកសាងភាពធន់នឹងវិបត្តិនាពេលអនាគត»
06/17/2026 06:06 PM
ប្រទេសចិនទាមទារឲ្យចក្រភពអង់គ្លេសលុបចោលទណ្ឌកម្មប្រឆាំងនឹងក្រុមហ៊ុនចិន
06/17/2026 05:06 PM
កងទ័ពជើងទឹក IRGC បន្តទាមទារឲ្យនាវាសម្របសម្រួលជាមួយពួកគេ ទោះបីជាមានការដកការបិទផ្លូវរបស់អាមេរិកក៏ដោយ
06/17/2026 05:06 PM
នាយករដ្ឋមន្ត្រីកាណាដា ចាត់ទុក​កិច្ចព្រមព្រៀងអាមេរិក-អ៊ីរ៉ង់ថា ជា «ការ​ផ្លាស់ប្តូរស្ថានការណ៍​»
06/17/2026 05:06 PM
ហេសបូឡា៖ អ៊ីរ៉ង់នឹងមិនចុះហត្ថលេខាលើកិច្ចព្រមព្រៀងនុយក្លេអ៊ែរទេ បើអ៊ីស្រាអែលបន្ត​វត្តមាន​នៅ​លីបង់
06/17/2026 05:06 PM
រដ្ឋមន្ត្រីការបរទេសហ្ស៊កដានី និងបារ៉ែន ពិភាក្សាអំពីការវិវត្តថ្មីៗ បន្ទាប់ពីមានអនុស្សរណៈនៃយោគយល់រវាងអាមេរិកនិងអ៊ីរ៉ង់
06/17/2026 05:06 PM
លោក Trump រិះគន់យុទ្ធសាស្ត្ររបស់អ៊ីស្រាអែល នៅលីបង់ និង​និយាយថា ជនស៊ីវិលស្លាប់ច្រើន​ណាស់​
06/17/2026 05:06 PM
ជនជាតិចិន ១៦៤នាក់ពាក់ទៀត ព័ន្ធករណី Online Scams ត្រូវបានបណ្ដេញចេញពីកម្ពុជា
06/17/2026 05:06 PM