BREAKING NEWS|កម្ពុជាចាត់ទុកផែនការថៃចង់ដណ្តើមប្រាសាទតាក្របី និងបិទប្រាសាទតាមាន់ធំគឺជាការប៉ុនប៉ងឈ្លានពានកម្ពុជាគិតទុកជាមុន និងមិនគោរពបទឈប់បាញ់
សម្ដេចតេជោ៖សង្គ្រាមព្រំដែនកម្ពុជា-ថៃបានផ្ទេរពីសង្គ្រាមប្រើប្រាស់អាវុធមកជាសង្រ្គាម ប្រើប្រាស់ជំពាមកៅស៊ូ ខណៈបើពិនិត្យឲ្យសុីជម្រៅវាជារឿងធំ ប្រសិនបើមិនទប់ស្កាត់
ឯកឧត្តម ចាន់ ដារ៉ុង ដឹកនាំគណៈកម្មការ​អន្តរ​ក្រសួង​ចុះ​ពិនិត្យ​វាយ​តម្លៃ​បញ្ចប់​សុពល​ភាព​ការងារ​ថែ​ទាំ​ផ្លូវ​ខួបចំនួន ៣កំណាត់ ក្នុងខេត្តពោធិ៍សាត់
BREAKING NEWS! សម្តេចធិបតី អបអរសាទរចំពោះការប្រព្រឹត្តទៅដោយជោគជ័យ​នូវ​កិច្ច​ប្រជុំ​​វិសាមញ្ញ នៃ​គណៈកម្មាធិកា​រ​ព្រំដែន​ទូទៅកម្ពុជា-ថៃ

នយោបាយ​ និង ការអភិវឌ្ឍន៍

ស្លូវ៉ាគីចាប់ផ្ដើមដំណើរបោះឆ្នោតជ្រើសរើសប្រធានាធិបតី ដែលអាចពង្រឹងនាយករដ្ឋមន្ត្រីលោក Fico

2024/03/23 05:41:55 pm        260
ប្រទេសស្លូវ៉ាគីបានចាប់ផ្តើមការបោះឆ្នោតជ្រើសរើសប្រធានាធិបតី នៅថ្ងៃសៅរ៍ (ទី២៣ ខែមីនា) នេះ ដែលដំណើរការនេះអាចនឹងជួយពង្រឹងអំណាចរបស់នាយករដ្ឋមន្ត្រី លោក Robert Fico ខណៈដែលលោកស្វែងរកការគ្រប់គ្រងបន្ថែមទៀតលើប្រព័ន្ធផ្សព្វផ្សាយសាធារណៈ ច្បាប់ប្រឆាំងអំពើពុករលួយមិនសូវតឹងរ៉ឹង និងសំឡេងប្រឆាំងនឹងការគាំទ្ររបស់សហភាពអឺរ៉ុប ចំពោះប្រទេសអ៊ុយក្រែន។ការបោះឆ្នោតត្រូវបានបើកក្នុងការបោះឆ្នោតជុំទី១ ចាប់ពីម៉ោង ៧:០០ព្រឹក (ត្រូវនឹងម៉ោង ៦:០០ ម៉ោងសកល) ដល់ម៉ោង ១០:០០យប់ (ត្រូវនឹងម៉ោង ២១:០០ ម៉ោងសកល)។ ការប្រកួតប្រជែងជុំទី២ រវាងបេក្ខជនមានសំឡេងគាំទ្រច្រើនទាំង ២រូប នឹងត្រូវកំណត់នៅថ្ងៃទី៦ ខែមេសា ប្រសិនបើគ្មានអ្នកណាឈ្នះសំឡេងភាគច្រើនដាច់ខាត នៅចុងសប្តាហ៍នេះនោះទេ។សម្ព័ន្ធមិត្តរបស់លោក Fico គឺលោក Peter Pellegrini វ័យ ៤៨ឆ្នាំ បានក្លាយជាបេក្ខជននាំមុខ ក្នុងការប្រជែងដើម្បីជំនួសតំណែងប្រធានាធិបតីលោកស្រី Zuzana Caputova វ័យ ៥០ឆ្នាំ ដែលជាគូប្រជែងដ៏ស្រួចស្រាល់របស់លោក Fico ទោះបីជាលោកស្រីមិនស្វែងរកអាណត្តិថ្មីក៏ដោយ។ក្នុងចំណោមបញ្ជីបេក្ខជន លោក Pellegrini ត្រូវប្រឈមជាមួយលោក Ivan Korcok វ័យ ៥៩ឆ្នាំ ជាអតីតរដ្ឋមន្ត្រីការបរទេសគាំទ្រសហភាពអឺរ៉ុប ដែលចង់រារាំងរដ្ឋាភិបាលមិនឲ្យទទួលបានកៅអីប្រធានាធិបតី៕

ប្រធានរដ្ឋសភាថៃ អញ្ជើញធ្វើមាតុភូមិនិវត្តន៍ បន្ទាប់ពីបានបញ្ចប់ទស្សនកិច្ចនៅកម្ពុជា រយៈពេល៣ថ្ងៃ

2024/03/23 05:16:46 pm        137
នៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ នារសៀលថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៤ ឯកឧត្តម វង សូត អនុប្រធានទី២ នៃរដ្ឋសភា បានអញ្ជើញជូនដំណើរ ឯកឧត្តម វ៉ាន់មូហាម៉ាត់ណ មៈថា (Wanmuhamadnoor Matha) ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រថៃ ធ្វើមាតុភូមិនិវត្តន៍ បន្ទាប់ពីបានបញ្ចប់ទស្សនកិច្ចផ្លូវការ នៅព្រះរាជាណាចក្រកម្ពុជា រយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី២១-២៣ ខែមីនា ឆ្នាំ២០២៤។

កម្មកររោងចក្រY&W៖ ពេលមកបើកលុយ ក្រសួងការងារបានយកចិត្តទុកដាក់ណាស់

2024/03/23 03:47:36 pm        272
កម្មករនិយោជិតនៃរោងចក្រ Y&W ផ្ទុះការកោតសរសើរចំពោះរាជរដ្ឋាភិបាលដែលមានក្រសួការងារជាសេនាធិការ និងមន្ត្រីអាជ្ញាធរពាក់ព័ន្ធដែលបានយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះកម្មករនិយោជិតនៃក្រុមហ៊ុន Y & Wដែលកំពុងសម្រុកមកបើកប្រាក់ឈ្នួល និងប្រាក់បំណាច់ផ្សេងៗនៅសាលាខណ្ឌដង្កោ។ អ្នកនាង យី សោភា កម្មករនៃក្រុមហ៊ុន Y & W បានថ្លែងថា មន្ត្រីសម្របសម្រួលរបស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងមន្ត្រីអាជ្ញាធមូលដ្ឋាន បានយកចិត្តទុកដាក់ខ្លាំងចំពោះកម្មករ​ទាំងអស់​ដែលបានមកបើកប្រាក់នៅសាលាខណ្ឌ។ អ្នកនាងកត់សម្គាល់ឃើញថា ក្រសួងបានរៀបចំពីលំហូរ និងតម្រាយណែនាំបានយ៉ាងល្អ គ្មានឧបសគ្គសម្រាប់ការបើកប្រាក់ឡើយ។ បន្ថែមពីនេះ មន្ត្រី បានគិតគូលំអិតលើការផ្តល់ទឹកសុទ្ធ ភេសជ្ជៈ និងនុំប័ងដើម្បីជួយសម្រួលដល់បងប្អូនកម្មករថែមទៀតផង។ ចំណែកលោក សាន វាសនា កម្មករផ្នែកដេរ នៃក្រុមហ៊ុន Y & W បានសង្កេតឃើញថា អាជ្ញាធរបានរៀបចំរោងកង្ហា កៅអីអង្គុយដើម្បីសម្រួលដល់កម្មករថែមទៀតផង។ សម្រាប់កម្មកររូបនេះ ការយកចិត្តទុកដាក់បែបនេះរបស់រដ្ឋាភិបាល គឺគួរឱ្យសរសើរណាស់ មិននឹកស្មានដល់។ដោយឡែកលោក ហ្វា សាលី ដែលជាប្រធានសម្ព័ន្ធសហជីពជាតិ បានវាយតម្លៃខ្ពស់​ចំពោះការ​រៀបចំរបស់រាជរដ្ឋាភិបាលដែលគិតគូបានល្អិតល្អន់ និងធ្វើឱ្យដំណើរការនៃការបើកប្រាក់ឈ្នួលប្រព្រឹត្តទៅដោយរលូន។ ចំពោះការត្រៀមលើការបើកប្រាក់ឈ្នួល និងប្រាក់បំណាច់ជូនកម្មករនិយោជិតនៃរោងចក្រ Y & Wនេះក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងអាជ្ញាធរពាក់ព័ន្ធបានពង្រាយកម្លាំងសន្តិសុខ មន្ត្រីពេទ្យដើម្បីសង្គ្រោះបឋម​ រថយន្តក្រុងដើម្បីដឹកកម្មករ ការត្រៀមទឹកសុទ្ធ នុំប័ង ភេសជ្ជៈក្នុង​គោលបំណង​ជួយសម្រួលដល់កម្មករនិយោជិតទាំងអស់ក្នុងអំឡុងពេលបើកប្រាក់ឈ្នួលនេះ។ សូមបញ្ជាក់ថា ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានផ្តើមការបើកថវិកាជូនកម្មករ​និយោជិតនៃក្រុមហ៊ុន Y & W ចាប់តាំងពីរសៀលម៉ោង១ ថ្ងៃសុក្រទី២២ ខែមីនាមក។ ក្នុងនោះ មានកម្មករប្រមាណ២ពាន់នាក់បានទទួលប្រាក់ឈ្នួលរបស់ខ្លួន។ នេះបើតាមសេចក្តីប្រកាសរបស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈកាលពីថ្ងៃសុក្រ ទី២២ ខែមីនា ឆ្នាំ២០២៤នេះ៕

វិទ្យាស្ថាន NTTI រៀបចំសង្រ្កាន្តឆ្នាំថ្មី ដើម្បីជំរុញឲ្យយុវជនស្រឡាញ់វប្បធម៌ និងសាមគ្គីភាពរឹងមាំ

2024/03/23 03:34:47 pm        368
វិទ្យាស្ថានជាតិបណ្តុះបណ្តាលបច្ចេកទេស (NTTI) បានរៀបចំកម្មវិធីសង្ក្រាន្ត ក្រោមប្រធានបទ “យុវជនស្រឡាញ់វប្បធម៌ ទំនៀមទំលាប់ និងអត្តសញ្ញាណជាតិ រួមទាំងមានសាមគ្គីភាពរឹងមាំ” ដើម្បីបង្ហាញអំពីភាពរុងរឿងនៃវប្បធម៌ ក៏ដូចជាបង្ហាញកម្មវិធីរបស់រាជរដ្ឋាភិបាល ក្នុងការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈដល់យុវជន ១,៥លាននាក់។ឯកឧត្តមបណ្ឌិត យ៉ោក សុទ្ធី នាយកវិទ្យាស្ថានជាតិបណ្តុះបណ្តាលបច្ចេកទេស បានមានប្រសាសន៍​ថា នេះជាលើកទី៤ហើយ ដែលថ្នាក់ដឹកនាំវិទ្យាស្ថាន សហការជាមួយក្រុមការងារយុវជនស្ម័គ្រចិត្ត រៀបចំពិធីសង្ក្រាន្តនេះឡើង ដែលសបញ្ជាក់ឲ្យឃើញពីសាមគ្គីភាព ការប្រាស្រ័យទាក់ទងល្អរបស់​យុវជនក្នុងសង្គមឌីជីថល។ បន្ថែមពីនេះទៀត គឺដើម្បីផ្សព្វផ្សាយ វប្បធម៌ អត្តសញ្ញាណជាតិ និងអបអរសាទរ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ដែលមានវ័យចំណាស់ជាងគេក្នុងតំបន់អាស៊ីអាគ្នេយ៍។ ម្យ៉ាងទៀត ក្នុងន័យពង្រឹងស្មារតីយុវជន ពិសេសក្រុមយុវជនស្ម័គ្រចិត្ត NTTI និងសិស្ស និស្សិតក្នុងការបង្កើតចំណងមិត្តភាព និងបង្កើតនូវភាពរីករាយ ទំនាក់ទំនងល្អ ភាពម្ចាស់ការ ព្រមទាំងបង្ហាញពីក្ដីស្រឡាញ់ ​និងសាមគ្គីភាពក្នុងគោលដៅតែមួយរបស់យុវជនជាសរសរទ្រូង និងតំណាងភាពមោះមុតក្នុងការបង្កើតព្រឹត្តិការណ៍មួយនេះ។ ក្នុងពិធីប្រកាសបើកសម្ភោធ សង្ក្រាន្ត NTTI ២០២៤នេះ ឯកឧត្តម ប៉ុក ប៉ាន់ រដ្ឋលេខាធិការ​ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ​បានសំដែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់​ចំពោះកម្មវិធីដ៏មានអត្ថន័យនេះ ព្រមទាំងចាត់ទុកថា ជាការរៀបចំបង្ហាញស្នាដៃនិស្សិត ឬយុវជន តាមរយៈសង្ក្រាន្ត ​និងការចូលរួមសហគម បាន​ឆ្លុះបញ្ចាំង​គំនិចច្នៃប្រឌិតរបស់យុវជន ពោរពេញ​ដោយសមត្ថភាព និងការតស៊ូខ្ពស់នៅក្នុងការងារសហគម។ ឯកឧត្តម ​បានសម្តែងការអបអរសាទរចំពោះសមិទ្ធផលដ៏មានតម្លៃនេះ ​ដែលជាកិច្ចខិតខំប្រឹងប្រែង និង​ចូលរួមយ៉ាងសកម្មពីថ្នាក់ដឹកនាំ មន្រ្តីរាជការ ​និងក្រុមយុវជនស្ម័គ្រចិត្ត រួមទាំងអាជីវកម្ម និង​ក្រុមហ៊ុននានា ដែលបានជម្រុញលទ្ធភាពក្នុងដំណើរការរៀបចំសង្ក្រាន្តជាផ្លូវការនាពេលនេះ ប្រកបដោយស្មារតីសាមគ្គីភាពយ៉ាងជិតស្និទ្ធបំផុត។ ឯកឧត្តម បានគូសបញ្ជាក់ថា ​យុវជនជាធនធានមូលធនមនុស្ស ដើម្បីរួមចំណែក​ជាកម្លាំង​ចលករក្នុងការលើកស្ទួយការអភិវឌ្ឍជាតិ ​ពិសេសវិស័យអប់រំបណ្តុះបណ្តាលបច្ចកេទេស និង​វិជ្ជាជីវៈ បានកាន់តែប្រសើរ ​តាមរយៈការបង្ហាញស្នាដៃ ទេពកោសល្យ ការច្នៃប្រឌិត ប្រកប​ដោយគុណភាព គុណតម្លៃ និងប្រសិទ្ធភាពខ្ពស់ តួយ៉ាងការរៀបចំសកម្មភាពដំណើរការកម្មវិធី “សង្ក្រាន្ត-NTTI-២០២៤” នេះ។សូមជម្រាបថា ព្រឹត្តការណ៍សង្រ្កាន្ត NTTI ២០២៤នេះ រៀបចំឡើងក្នុងបរិវេណវិទ្យាស្ថានជាតិ​បណ្តុះបណ្តាល ដែលមានរយៈពេល ២ថ្ងៃ គឺថ្ងៃទី២៣ និង២៤ ខែមីនា ឆ្នាំ២០២៤។ ព្រឹត្តិការណ៍នេះ មានការចូលរួមយ៉ាងសកម្មរបស់ក្រុមយុវជនស្ម័គ្រចិត្តNTTI ក្នុងគោលដៅបង្ហាញទឹកចិត្តយុវជន​ស្រលាញ់​វប្បធម៌ ទំនៀមទំលាប់ប្រពៃណីជាតិ និងការទទួលខុសត្រូវលើការងារសហគម ចំពោះសង្គមជាតិទាំងបច្ចុប្បន្ន និងអនាគត។ នៅក្នុងដំណើរការកម្មវិធីនេះ ​ឃើញមានការដាក់តាំងបង្ហាញស្នាដៃនិស្សិត ​ស្ថាបត្យកម្ម សំណង់ អគ្គិសនី​ ការច្នៃម៉ូត​សំលៀកបំពាក់ របាំជូនពរ ​របាំត្រុដិ ចាប៉ីដងវែង និងរបាំរស្មីដួងច័ន្ទ។ល។ ដែលជាការសម្តែងដោយនិស្សិតវិទ្យាស្ថានជាតិបណ្តុះបណ្តាលបច្ចេកទេស រួមទាំងមានតារា​ចំរៀងពេញនិយម និងការប្រគុំតន្រ្តីដែលមានការចូលរួមពីសិល្បៈករ សិល្បៈការិនីល្បីៗ​ជាច្រើនរូបផ្សេងទៀត៕អត្ថបទ ឈិត បូរ៉ាវី 

ច្បាប់សន្តិសុខជាតិថ្មីរបស់ទីក្រុងហុងកុង ចូលជាធរមាន

2024/03/23 03:17:52 pm        197
ច្បាប់សន្តិសុខជាតិថ្មីរបស់ទីក្រុងហុងកុង បានចូលជាធរមានហើយ នៅថ្ងៃសៅរ៍ (ទី២៣ ខែមីនា) បើទោះបីជាច្បាប់នេះរងការរិះគន់ពីអន្តរជាតិយ៉ាងខ្លាំងក្លាក៏ដោយ ដែលថា វាអាចបំផ្លាញសេរីភាពនៅក្នុងទីក្រុងដែលគ្រប់គ្រងដោយប្រទេសចិន ប៉ុន្តែមានស្វ័យភាពមួយចំនួនចេញពីប្រវត្តិសាស្ត្ររបស់ខ្លួន ក្នុងនាមជាអាណានិគមរបស់អង់គ្លេស។ច្បាប់នេះបានចូលជាធរមានកាលពីពាក់កណ្តាលអធ្រាត្រ នៅពេលដែលត្រូវបានផ្សព្វផ្សាយនៅលើគេហទំព័ររបស់រដ្ឋបាលទីក្រុង ពោលគឺមានរយៈពេលប៉ុន្មានថ្ងៃបន្ទាប់ពីសមាជិកសភាគាំទ្រទីក្រុងប៉េកាំងរបស់ទីក្រុងហុងកុងបានអនុម័តជាឯកច្ឆន្ទ ជាការប្រញាប់ប្រញាល់ចេញនូវច្បាប់ ដើម្បីបំពេញនូវអ្វីដែលអាជ្ញាធរហៅថា ចន្លោះប្រហោងផ្នែកសន្តិសុខជាតិ។ នាយកប្រតិបត្តិក្រុងហុងកុងលោក John Lee បានចុះហត្ថលេខាលើច្បាប់សន្តិសុខជាតិថ្មីនេះ កាលពីល្ងាចថ្ងៃសុក្រ (ទី២២ ខែមីនា) ដោយនិយាយថា ទីក្រុង «សម្រេចបាននូវបេសកកម្មជាប្រវត្តិសាស្ត្រ ដោយបំពេញតាមការទុកចិត្តដែលអាជ្ញាធរកណ្តាល (ចិន) មានមកលើពួកយើង»។យ៉ាងណាក្ដី ច្បាប់នេះបានរងនូវការរិះគន់ពីបណ្ដាប្រទេសធំៗជាច្រើន ដោយប្រទេសអូស្ត្រាលី និងអង់គ្លេស កាលពីថ្ងៃសុក្រនោះ បានសម្ដែងការមិនបេញចិត្តចំពោះសកម្មភាពរបស់ប្រទេសចិន នៅក្នុងទីក្រុងហុងកុង បន្ទាប់ពីកិច្ចប្រជុំនៅទីក្រុង Adelaide ដោយបានកត់សម្គាល់នៅក្នុងសេចក្តីថ្លែងការណ៍រួមមួយថា «មានការព្រួយបារម្ភយ៉ាងខ្លាំងអំពីការបន្តលុបបំបាត់ស្វ័យភាព សេរីភាព និងសិទ្ធិជាប្រព័ន្ធ នៅទីក្រុងនេះ»។ អង្គការសហប្រជាជាតិ និងសហភាពអឺរ៉ុបបានរិះគន់ការអនុម័តយ៉ាងឆាប់រហ័ស ចំពោះច្បាប់នេះ ដែលត្រូវបានយកមកពិភាក្សាលើកដំបូងជាសេចក្តីព្រាងច្បាប់ នៅដើមខែមីនា។ ចំណែករដ្ឋមន្ត្រីការបរទេសអាមេរិក លោក Antony Blinken បាននិយាយថា ច្បាប់នេះនឹងមាន «ផលប៉ះពាល់យ៉ាងទូលំទូលាយ» ដល់ពលរដ្ឋអាមេរិក និងក្រុមហ៊ុននានា នៅក្នុងទីក្រុងហុងកុង។ច្បាប់ថ្មីនេះ រួមបញ្ចូលទាំងបទល្មើសក្បត់ជាតិ ចារកម្ម និងការជ្រៀតជ្រែកពីខាងក្រៅ ហើយកំពុងត្រូវបានឃ្លាំមើលយ៉ាងដិតដល់ពីសំណាក់អ្នកការទូត និងក្រុមហ៊ុននានាដែលភ័យខ្លាចថា ច្បាប់នេះអាចធ្វើឲ្យប៉ះពាល់បន្ថែមទៀតដល់ភាពទាក់ទាញរបស់ទីក្រុងហុងកុង ក្នុងនាមជាមជ្ឈមណ្ឌលហិរញ្ញវត្ថុអន្តរជាតិ។ ចិន និងរដ្ឋបាលហុងកុង បានការពារការបង្រ្កាបផ្នែកសន្តិសុខថា ជាកត្តាសំខានចាំបាច់ ក្នុងការស្តារសណ្តាប់ធ្នាប់ឡើងវិញ បន្ទាប់ពីមានការតវ៉ាដោយហិង្សាជាច្រើនខែប្រឆាំងរដ្ឋបាល នៅឆ្នាំ២០១៩។ សូមរំលឹកថា ក្រុងហុងកុងត្រូវបានប្រគល់ឲ្យប្រទេសចិនគ្រប់គ្រងវិញ នៅឆ្នាំ១៩៩៧ ដោយមានការធានាថា ស្វ័យភាព និងសេរីភាពកម្រិតខ្ពស់ ក្នុងនោះរួមទាំងសេរីភាពក្នុងការបញ្ចេញមតិ និងការជួបជុំ នឹងត្រូវបានការពារក្រោមរូបមន្ត «ប្រទេសមួយ ប្រព័ន្ធពីរ»៕

រៀងរាល់ឆ្នាំកសិផលសរីរាង្គក្នុងរង្វង់១ម៉ឺនតោន ត្រូវបានគាំទ្រឱ្យមានទីផ្សារ និងធានាគុណភាពសរីរាង្គអឺរ៉ុប និងអាមេរិក

2024/03/23 01:20:45 pm        112
ព្រះវិហារ៖ ក្នុងសន្និបាតប្រចាំឆ្នាំ ដើម្បីបង្ហាញពីសមិទ្ធផល ដែលសម្រេចបានក្នុងឆ្នាំ២០២៣ និងលើកទិសដៅផែនការសកម្មភាពសម្រាប់ ឆ្នាំ២០២៤ សហភាពសហគមន៍កសិកម្មព្រះវិហារមានជ័យ បានលើកឡើងថា ជាលទ្ធផល រៀងរាល់ឆ្នាំកសិផលសរីរាង្គ ក្នុងរង្វង់ ១ម៉ឺនតោន ត្រូវបានគាំទ្រឱ្យមាន ទីផ្សារសមរម្យ តាមរយៈការផលិត និងធានាគុណភាពសរីរាង្គអឺរ៉ុប និងអាមេរិក។នាថ្ងៃទី២២ ខែមីនា ម្សិលមិញនេះ សហភាពសហគមន៍កសិកម្មព្រះវិហារ បានរៀបចំមហាសន្និបាត បូកសរុបលទ្ធផលការងារប្រចាំឆ្នាំរបស់ខ្លួន ដើម្បីបង្ហាញពីសមិទ្ធផលសម្រេច ក្នុងឆ្នាំ២០២៣ ពិសេសការប្រមូលធាតុចូលសំខាន់ៗដែលបានមកពីមហាសន្និបាត ដើម្បីយកមកកែលម្អរ និងរៀបចំផែនការសកម្មភាពការងារសម្រាប់អនុវត្តនៅឆ្នាំ២០២៤ បន្ថែមពីនេះ ក៏ជាការពង្រឹងទំនាក់ទំនង និងភាពជាដៃគូររវាងសហគមន៍កសិកម្ម និងស្ថាប័នពាក់ព័ន្ធ រួមមាន ស្ថាប័នរដ្ឋ ក្រុមហ៊ុនឯកជន និងអង្គការក្រៅរាជរដ្ឋាភិបាល។លោក នួន ដេ ប្រធានសហភាពសហគមន៍កសិកម្មព្រះវិហារមានជ័យ បានឱ្យដឹងថា សហភាពសហគមន៍ព្រះវិហារមានជ័យ ត្រូវបានចុះបញ្ជីទទួលស្គាល់ជាផ្លូវការ នៅអគ្គនាយក-ដ្ឋានកសិកម្ម នៅក្នុងខែកក្កដា ឆ្នាំ២០១៦។ មកដល់បច្ចុប្បន្នសហភាព មានសហគមន៍កសិកម្ម ជាសមាជិកសរុបចំនួន ២៥សហគមន៍ ដែលមានសមាជិកជាអ្នកផលិតចំនួន ៥,៤០៣គ្រួសារ។ លោក បន្ដថា គំនិតផ្តួចផ្តើមដំបូង នៃការបង្កើតសហភាពនេះឡើង ក្នុងគោលបំណងជំរុញ និង​គាំទ្រការផលិតស្រូវសរីរាង្គ ជួយពង្រឹង ​និងពង្រីកទីផ្សារកសិផលរបស់ប្រជាកសិករ​ ព្រម ទាំងការ​ទទួល​បាននូវវិញ្ញាបនបត្រស្រូវសរីរាង្គ ​ស្របតាមស្តង់ដាររបស់សហភាពអឺរ៉ុប​ និងសហ-រដ្ឋអាមេរិក​ជារៀងរាល់ឆ្នាំ ដើម្បីលក់ឲ្យក្រុមហ៊ុនអ្នកនាំចេញក្នុងតម្លៃខ្ពស់សមរម្យ។ ក្នុងឱកាសនោះប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ ​និងនេសាទខេត្ត ​លោក ពឹង ទ្រីដា បានថ្លែងអំណរ​គុណដល់ដៃគូរអភិវឌ្ឍន៍ ​និងអ្នកពាក់ព័ន្ធទាំងអស់ដែលបានធ្វើជាដៃគូ ​និងបាន​គាំទ្រដល់សហភាព និង​ថ្លែងកោតសរសើរ ​និងវាយតម្លៃខ្ពស់ ចំពោះសហភាពសហគមន៍ កសិកម្មព្រះវិហារមានជ័យ ដែល​សម្រេចបាននូវលទ្ធផលល្អ ធ្វើឱ្យសហគមន៍ទទួលបានការ រីកចម្រើន។ ជាមួយគ្នានេះលោកក៏បានផ្ដាំផ្ញើ ​ភាពសហគមន៍កសិកម្មព្រះវិហារមានជ័យ ត្រូវបន្តពង្រឹងស្មារតី​សាមគ្គីភាព ​ឯកភាពផ្ទៃក្នុងរបស់ខ្លួនឱ្យបានល្អប្រសើរ​ ធ្វើយ៉ាងណាសម្រេច ឱ្យបាននូវផែនការ​អាជីវកម្មរបស់ខ្លួនឱ្យរឹងមាំ ​សម្ដៅធ្វើឱ្យប្រសើរឡើងនូវការអភិវឌ្ឍ​សហគមន៍​ កសិកម្ម បង្កើន​ប្រាក់ចំណូលកសិករ រួមចំណែកលើកកម្ពស់វិស័យកសិកម្ម ទ្រទ្រង់ខឿនសេដ្ឋ កិច្ចជាតិ ដែល​ជាទិសដៅរបស់រាជរដ្ឋាភិបាលកម្ពុជា ​ក៏ដូចជាក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ៕ 

ប្រធានរដ្ឋសភាថៃ អញ្ជើញចូលរួមរំលែកមរណទុក្ខជូនសម្តេចរដ្ឋសភាធិបតី ឃួន សុដារី ដោយផ្ទាល់ នៅគេហដ្ឋានសម្តេច

2024/03/23 12:56:45 pm        196
ក្នុងមនោសញ្ចេតនាគោរពរាប់អានដ៏ជ្រាលជ្រៅ ឆ្លៀតឱកាសក្នុងដំណើរទស្សនកិច្ចផ្លូវការនៅកម្ពុជា ឯកឧត្តម វ៉ាន់មូហាម៉ាត់ណ មៈថា (Wanmuhamadnoor Matha) ប្រធានសភានៃព្រះរាជាណាចក្រថៃ នៅព្រឹកថ្ងៃទី២៣ ខែមីនាឆ្នាំ២០២៤ បានអញ្ជើញទៅសម្តែងការគួរសមនិងចូលរួមរំលែកមរណទុក្ខ​ដោយផ្ទាល់ ជូនសម្តេចរដ្ឋសភាធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះណាចក្រកម្ពុជា ចំពោះមរណភាព​ប្អូនប្រុសបង្កើតរបស់សម្តេច ដល់គេហដ្ឋាន នៅក្នុងសង្កាត់ជ្រោយចង្វា ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។ឯកឧត្តម វ៉ាន់មូហាម៉ាត់ណ មៈថា បានសម្តែងនូវមរណៈទុក្ខដ៏ក្រៀមក្រំជាមួយសម្តេច​ប្រធាន​រដ្ឋសភា ចំពោះការបាត់បង់របស់ ឯកឧត្តម ឃួន ផល្លារិទ្ធ ដែលជាការបាត់បង់ដ៏ធំមួយសម្រាប់ក្រុម​គ្រួសារ​ក៏ដូចជាសង្គមជាតិ។ សម្តេចរដ្ឋសភាធិបតី បានថ្លែងអំណរគុណនិងបង្ហាញក្តីរំភើបឥតឧបមា ដែលឯកឧត្តម វ៉ាន់មូហាម៉ាត់ណ មៈថា បានផ្ញើសារ និងកូរ៉ោនផ្ការំលែកទុក្ខជូនសម្តេចនិងក្រុមគ្រួសារ។ ជាពិសេសវត្តមានឯកឧត្តម ដែលបានអញ្ជើញមកដល់គេហដ្ឋានសម្តេចផ្ទាល់នាឱកាសនេះ បានផ្តល់​កិត្តិយស និងកម្លំាងចិត្ត យ៉ាងខ្លំាងក្លាជូនសម្តេចនិងក្រុមគ្រួសារ នៅក្នុងឱកាសមានទុក្ខ​ដ៏ក្រៀមក្រំនេះ។ ជាមួយគ្នានេះ សម្តេចបានសូមអភ័យទោសជូន ឯកឧត្តមប្រធានរដ្ឋសភា ដែលមិនអាចទទួលបដិសណ្ឋារកិច្ច និងជួបពិភាក្សាការងារផ្ទាល់ជាមួយឯកឧត្តម និងគណៈប្រតិភូបាន តាមការគ្រោងទុកបាន។ នៅក្នុងឱកាសប្រកបដោយ​មនោសញ្ចេតនា​ដ៏ជ្រាលជ្រៅនេះ ​ប្រធានរដ្ឋសភាប្រទេសទំាងពីរ ក៏បានលើកឡើងពីការពង្រឹងពង្រីកចំណងមិត្តភាពនិងកិច្ចសហប្រតិបត្តិការរដ្ឋសភាប្រទេសទំាងពីរឱ្យកាន់តែរីកចម្រើនឡើងជាពិសេសការឈានទៅការរៀបចំកែសម្រួលអនុស្សរណៈយោគយល់គ្នា រវាងរដ្ឋសភាប្រទេសទាំងពីរឡើងវិញ ​នៅគ្រប់កម្រិត ទាំងកិច្ចសហប្រតិបត្តិការថ្នាក់ដឹកនាំ គណៈកម្មការ​ជំនាញ ក្រុមមិត្តភាព អគ្គលេខាធិការរដ្ឋសភា ​ឱ្យស្របតាមសភាពការណ៍ ដើម្បីបម្រើ​ផលប្រយោជនជូនប្រទេសជាតិនិងប្រជាជនប្រទេសទំាងពីរឱ្យកាន់តែមានប្រសិទ្ធភាពឡើង។ ឯកឧត្តម វ៉ាន់មូហាម៉ាត់ណ មៈថា ​បានគោរពអញ្ជើញសម្តេចប្រធានរដ្ឋសភា ដឹកនាំ​គណៈប្រតិភូ​ជាន់​ខ្ពស់រដ្ឋសភាកម្ពុជា​ ទៅបំពេញសទស្សនកិច្ចនៅប្រទេសថៃក្នុងពេលឆាប់ៗនេះ។ សម្តេច បានទទួលយកសំណើនេះ និងបានគូសបញ្ជាក់ថាការពង្រឹងពង្រីកចំណងមិត្តភាព​ជាមួយរដ្ឋ​សភាប្រទេសថៃ ជាអាទិភាពសំខាន់មួយរបស់រដ្ឋសភាកម្ពុជា។ សម្តេចបានបញ្ជាក់ពីការគំាទ្រ ​ចំពោះការលើកឡើងរបស់ឯកឧត្តម ដែលថា “មានមិត្តជិតខាង​ល្អម្នាក់ ប្រសើរជាងមិត្តលល្អដប់នាក់ដែលស្ថិតនៅឆ្ងាយ”។ឯកឧត្តម ប្រធានរដ្ឋសភាថៃ បានអបអរសាទរជូនសម្តេចរដ្ឋសភាធិបតី ដែលត្រូវបានរដ្ឋសភា​បោះឆ្នោត​ជាប់ជាប្រធានរដ្ឋសភា ​និងជាស្រ្តីដំបូងនៅកម្ពុជាទទួលបានតំណែងដ៏សំខាន់នេះ។ ឆ្លងកាត់បទពិសោធន៍ និងពលីកម្មចូលរួមកសាងអភិឌ្ឍន៍សង្គមជាតិតំាងពីរដើមមក ឯកឧត្តមមានជំនឿមុតមាំថា សម្តេសរដ្ឋសភានឹងដឹកនាំស្ថាបន័រដ្ឋ​សភាឱ្យសម្រេច​បាននូវលទ្ធផលជាច្រើនទៀតជូនជាតិមាតុភូមិ។ សម្តេចរដ្ឋសភាធិបតី បានសម្តែងក្តីរីករាយ ​និងវាយតម្លៃខ្ពស់ចំពោះលទ្ធផលដំណើរទស្សនកិច្ច​របស់ ឯកឧត្តម វ៉ាន់មូហាម៉ាត់ណ មៈថា នៅកម្ពុជា។ ជាពិសេសលទ្ធផលនៃជំនួបពិភាក្សាទ្វេភាគី​រវាង ឯកឧត្តម និងឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប ប្រធានរដ្ឋសភាស្តីទី។លទ្ធផលជំនួបពិភាក្សានោះមិនត្រឹមតែលើកកម្ពស់កិច្ចសហប្រតិបត្តិរដ្ឋសភាប្រទេសទំាងពីរឱ្យសកម្មនិងគ្រប់ជ្រុងជ្រោយឡើងនោះទេ ថែមទំាងបានជំរុញនិងលើកកម្ពស់កិច្ចសហប្រតិបត្តិការ ភាពជាដៃគូយុទ្ធសាស្រ្ត នៃរាជរដ្ឋាភិបាលប្រទេសទំាងពីរ កាន់តែទទួលបានជោគជ័យច្រើនឡើង នៅលើគ្រប់គ្រប់វិស័យ ​មានទំាងវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម ទេសចរណ៍ កសិកម្ម ជាពិសេសទំនាក់ទំនង​ប្រជាជននិងប្រជាជននៃប្រទេសទំាងពីរ៕

កងទ័ពមីយ៉ាន់ម៉ា មានចំណាត់ការចុះបញ្ជីក្រុមជនស៊ីវិលជាលើកដំបូង ចូលជាយោធា

2024/03/23 12:04:47 pm        122
កងទ័ពសហភាពមីយ៉ាន់ម៉ា មានចំណាត់ការដើម្បីចុះឈ្មោះជនស៊ីវិលជាក្រុមដំបូងរបស់ខ្លួន ចូលជាយោធា ដោយមានលិខិតកោះហៅ ដែលតាមសេចក្តីរាយការណ៍ថា បានបញ្ជូនទៅកាន់បេក្ខជនដែលមានសិទ្ធិ នៅតំបន់ផ្សេងៗរបស់សហភាពមីយ៉ាន់ម៉ា។ លិខិត ពុំអាចជាទម្រង់ស្តង់ដារនោះទេ ប៉ុន្តែវាមានសារដូចគ្នា ដែលណែនាំអ្នកទទួលឱ្យចុះឈ្មោះចូលបម្រើយោធា ហើយបានព្រមានថា ការខកខានក្នុងការរាយការណ៍នឹងនាំឱ្យមានការកាត់ទោស។នេះគឺស្របតាមច្បាប់យោធាដែលបានអនុម័តកាលពីពេលថ្មីៗនេះ ដែលបានបង្កឱ្យមានការព្រួយបារម្ភជាច្រើនជុំវិញភាពតានតឹង រហូតដល់ការកើនឡើងអំពើហិង្សាក្នុងពេលវិបត្តិដែលកំពុងកើតមាន។ ប្រជាពលរដ្ឋដែលមានអាយុពី ១៨ ដល់ ៣៥ឆ្នាំ ហើយក្នុងករណីខ្លះរហូតដល់ ៤៥ ឆ្នាំ ត្រូវបានតម្រូវឱ្យចូលបម្រើកងទ័ព នៅក្រោមច្បាប់នេះ។អ្នកទទួលលិខិតម្នាក់ ដែលបដិសេធមិនប្រើឈ្មោះពេញ ជាបុរសអាយុ ៣១ ឆ្នាំ បានទទួលលិខិតកាលពីពាក់កណ្តាលខែមីនា ដែលត្រូវបានកោះហៅទៅកាន់ការិយាល័យសង្កាត់ក្នុងតំបន់របស់លោក បាននិយាយថា ពេលដែលលោកដឹងថាឈ្មោះរបស់លោកមាននៅក្នុងបញ្ជី លោកត្រូវតែធ្វើចំណាកស្រុក។ អ្នកគ្រប់គ្នាដឹងថា នឹងមានអ្វីកើតឡើងប្រសិនបើអ្នកត្រូវបានគេកែណ្ឌឲ្យធ្វើទាហាន។ យើងត្រូវបានផ្ដល់ជម្រើសដូចជា ការលះបង់ខ្លួនឯង បើមិនដូច្នេះទេត្រូវភៀសខ្លួន ដែលលោកសុខចិត្តធ្វើជាអ្នកសុំទាននៅក្រៅប្រទេស។

អ្នកការទូតជាន់ខ្ពស់អាមេរិក ព្រមានអ៊ីស្រាអែល ពីភាពឯកោជាសកល ប្រសិនបើបន្តការវាយលុក ទីក្រុង Rafah

2024/03/23 12:02:14 pm        158
រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិក លោក Antony Blinken បានព្រមាននាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu កាលពីថ្ងៃសុក្រថា អ៊ីស្រាអែលប្រឈមហានិភ័យភាពឯកោជាសកលបន្ថែមទៀត ប្រសិនបើប្រទេសនេះបន្តផែនការវាយលុកតាមជើងគោកលើទីក្រុង Rafah របស់ប៉ាឡេស្ទីននៅតំបន់ហ្កាហ្សា។ លោក Blinken បានជួបជាមួយលោក Netanyahu ក្នុងអំឡុងពេលបេសកកម្មសន្តិភាពទៅកាន់តំបន់មជ្ឈិមបូព៌ា ខណៈមានភាពតានតឹងក្នុងទំនាក់ទំនងជុំវិញការវាយលុករបស់អ៊ីស្រាអែលនៅតំបន់ហ្កាហ្សា ដែលគ្រប់គ្រងដោយក្រុមហាម៉ាស។ លោក Blinken បាននិយាយទៅកាន់អ្នកសារព័ត៌មាននៅទីក្រុង Tel Aviv ថាយើងចែករំលែកគោលដៅរបស់អ៊ីស្រាអែលក្នុងការកម្ចាត់ក្រុមហាម៉ាស ទោះបីជាយ៉ាងណាប្រតិបត្តិការជើងគោករបស់យោធាទ្រង់ទ្រាយធំនៅទីក្រុង Rafah ពុំមែនជាវិធីដើម្បីធ្វើដូច្នេះឡើយ។ លោក Blinken បាននិយាយថា វាមានហានិភ័យចំពោះការសម្លាប់ជនស៊ីវិលកាន់តែច្រើន វាមានហានិភ័យចំពោះការបំផ្លាញកាន់តែខ្លាំងសម្រាប់ការផ្តល់ជំនួយមនុស្សធម៌ វាមានហានិភ័យភាពនៅឯកោបន្ថែមទៀតសម្រាប់អ៊ីស្រាអែលនៅជុំវិញពិភពលោក និងធ្វើឱ្យប៉ះពាល់ដល់សន្តិសុខ និងជំហរយូរអង្វែង។លោក Netanyahu បាននិយាយកាលពីពេលមុនថា អ៊ីស្រាអែលនឹងដើរតែម្នាក់ឯង ប្រសិនបើទីក្រុងវ៉ាស៊ីនតោន នៅតែប្រឆាំងនឹងផែនការរុលចូលទៅក្នុងទីក្រុង Rafah នៅរបងព្រំដែនភាគខាងត្បូង ជាកន្លែងដែលពលរដ្ឋតំបន់ហ្កាហ្សាជាងមួយលាននាក់បានជ្រកកោននៅក្នុងទីជម្រកបណ្តោះអាសន្ន។ មេដឹកនាំអ៊ីស្រាអែល បាននិយាយថាលោកបានប្រាប់ លោក Blinken ថាលោកកោតសរសើរចំពោះការគាំទ្ររបស់សហរដ្ឋអាមេរិកក្នុងការប្រយុទ្ធប្រឆាំងក្រុមហាម៉ាស ជាក្រុមសកម្មប្រយុទ្ធប៉ាឡេស្ទីន ហើយ អ៊ីស្រាអែល ទទួលស្គាល់ថាវាចាំបាច់ដើម្បីការពារជនស៊ីវិល។អ៊ីស្រាអែល និយាយថាទីក្រុង Rafah គឺជាទីតាំងលាក់ខ្លួនចុងក្រោយរបស់ក្រុមសកម្មប្រយុទ្ធហាម៉ាស ហើយខ្លួនមានផែនការជម្លៀសជនស៊ីវិលមុនពេលមានការវាយប្រហារ។ ទីក្រុង វ៉ាស៊ីនតោន និយាយថា ការវាយលុកតាមជើងគោក អាចជាកំហុសមួយ និងបង្កគ្រោះថ្នាក់ខ្លាំងដល់ជនភៀសខ្លួននៅទីនោះ។

សភាអាមេរិក អនុម័តសេចក្តីស្នើច្បាប់មូលនិធិ១,២សែនកោដិដុល្លារ ដើម្បីបញ្ចៀសការបិទរដ្ឋាភិបាល

2024/03/23 11:58:52 am        161
សភាសហរដ្ឋអាមេរិក កាលពីថ្ងៃសុក្រ បានអនុម័តសេចក្តីស្នើច្បាប់ផ្តល់មូលនិធិចំនួន ១,២ សែនកោដិដុល្លាររបស់រដ្ឋាភិបាល ដោយមានការគាំទ្រពីគណបក្សប្រជាធិបតេយ្យច្រើនជាងគណបក្សសាធារណរដ្ឋ ដែលនាំឱ្យមានការគំរាមកំហែងថ្មីដោយសមាជិកសភាអភិរក្សនិយមប្រកាន់តឹង ដើម្បីបណ្តេញប្រធានសភា លោក Mike Johnson ។ការបោះឆ្នោតមានសំឡេង ២៨៦ទល់នឹង១៣៤សំឡេង នៅក្នុងសភា ដែលបានបញ្ជូនទៅព្រឹទ្ធសភាភាគច្រើនមកពីគណបក្សប្រជាធិបតេយ្យ ដែលមានរយៈពេលច្រើនម៉ោងដើម្បីមានចំណាត់ការ មុនពេលផុតកំណត់នៅពាក់កណ្តាលអធ្រាត្រ ថ្ងៃសៅរ៍ ។ចំណាត់ការនេះ គឺជាជំហានដ៏សំខាន់មួយឆ្ពោះទៅរកការបញ្ចប់ការប្រយុទ្ធគ្នាជាងប្រាំមួយខែលើសកម្មភាពនៃការចំណាយរបស់ទីក្រុងវ៉ាស៊ីនតោនសម្រាប់ឆ្នាំសារពើពន្ធ ដែលបានចាប់ផ្តើមនៅថ្ងៃទី ១ ខែតុលា។ ទីភ្នាក់ងារវាយតម្លៃ បានព្រមានថាភាពច្របូកច្របល់ម្តងហើយម្តងទៀត អាចប៉ះពាល់ដល់ភាពជឿជាក់នៃរដ្ឋាភិបាលសហព័ន្ធដែលបច្ចុប្បន្នមានបំណុលច្រើនជាង៣៤,៦សែនកោដិដុល្លារ។វិធានការ ត្រូវបានអនុម័តដោយសភា មានសំឡេងឆ្នោត១៨៥ របស់គណបក្សប្រជាធិបតេយ្យ និង ១០១សំឡេងរបស់គណបក្សសាធារណរដ្ឋ ដែលនាំឱ្យអ្នកតំណាងអភិរក្សនិយមប្រកាន់តឹង លោកស្រី Marjorie Taylor Greene ណែនាំវិធានការមួយដើម្បីបណ្តេញចេញប្រធានសភាគណបក្សសាធារណរដ្ឋ លោក Mike Johnson ។ លោក Johnson បានឡើងកាន់តំណែងនេះកាលពីខែតុលា បន្ទាប់ពី អ្នកកាន់តំណែងមុនរបស់លោកគឺ លោក Kevin McCarthy បានអនុម័តវិធានការផ្តល់មូលនិធិបណ្តោះអាសន្នលើការជំទាស់របស់ពួកគេ ដោយបណ្តេញលោកចេញពីតំណែងជាអ្នកដឹកនាំ។

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

[BREAKING NEWS] លោក Zelenskiy បានទៅដល់ទីក្រុងវ៉ាស៊ីនតោន ដើម្បីពិភាក្សាជាមួយលោក Trump ស្តីពីការបញ្ចប់សង្គ្រាមអ៊ុយក្រែន
08/18/2025 01:08 PM
ឧត្តមនាវីឯក ទៀ សុខា ដឹកនាំប្រតិភូទៅចូលរួមកិច្ចប្រជុំមេបញ្ជាការកងទ័ពជើងទឹកអាស៊ានលើកទី១៩ នៅប្រទេសម៉ាឡេស៊ី
08/18/2025 12:08 PM
ក្រុមហ៊ុនអាកាសចរណ៍ Qantas ត្រូវបានផាកពិន័យ៥៨លានដុល្លារជុំវិញការបណ្តេញបុគ្គលិក១.៨០០ នាក់អំឡុងជំងឺរាតត្បាត
08/18/2025 12:08 PM
ក្រុមតាលីបង់នៅអាហ្វហ្គានីស្ថាន ព្យាយាមបញ្ចប់ភាពឯកោជាអន្តរជាតិ
08/18/2025 12:08 PM
ពលរដ្ឋហ្កាហ្សានិយាយថា«តើយើងនឹងទៅណា?» ខណៈអ៊ីស្រាអែលរៀបចំផែនការជម្លៀសឲ្យទៅភាគខាងត្បូង
08/18/2025 12:08 PM
យោធាអ៊ីស្រាអែល ទម្លាក់គ្រាប់បែកលើរោងចក្រថាមពលនៅជិតរដ្ឋធានីសាណារបស់យេម៉ែន
08/18/2025 12:08 PM
អ្នកបម្រើការលើយន្តហោះក្រុមហ៊ុន Air Canada បន្តធ្វើកូដកម្ម ទោះបីជាមានបញ្ជាពីរដ្ឋាភិបាលក៏ដោយ
08/18/2025 12:08 PM
ភ្នាក់ងារសង្គ្រោះបន្ទាន់៖ មនុស្សជាង ៤០នាក់ បានបាត់ខ្លួនក្នុងឧបទ្ទវហេតុលិចទូកនៅនីហ្សេរីយ៉ា
08/18/2025 12:08 PM
លោក Zelenskiy និយាយថា សមរភូមិជួរមុខបច្ចុប្បន្ន គួរតែជាចំណុចចាប់ផ្តើមសម្រាប់ការចរចាសន្តិភាព
08/18/2025 12:08 PM
សេចក្ដីលម្អិតមួយចំនួនលេចឡើងពីក្នុងសំណើរបស់លោក Putin ដើម្បីបញ្ចប់សង្រ្គាមនៅអ៊ុយក្រែន
08/18/2025 11:08 AM