TOP STORY | សម្ដេចធិបតី បានចាត់វិធានការចាំបាច់​ជាបន្ត​បន្ទា​ប់ចំ​ពោះកា​រ​វិល​ត្រឡប់​ទ្រង់ទ្រាយ​ធំរ​បស់​ពលករ​ខ្មែរ និងជនភៀសសឹក
TOP STORY | សម្ដេចតេជោ៖ ពេលនេះ ខ្ញុំកំពុងតែរួមចំណែកបញ្ជាទ័ព តាមប្រព័ន្ធវីដេអូ និងប្រព័ន្ធផ្សេងទៀតជាមួយនាយករដ្ឋមន្ត្រី, រដ្ឋមន្ត្រីក្រសួងការពារជាតិ អគ្គមេបញ្ជាការកងទ័ព និងបញ្ជាការកងកម្លាំងប្រដាប់អាវុធគ្រប់លំដាប់ថ្នាក់
TOP STORY |សម្ដេចធិបតី ហ៊ុន ម៉ាណែត ដាក់លិខិតស្នើសុំ​​កោះប្រជុំក្រុមប្រឹក្សាសន្តិសុខជាបន្ទាន់ ដើម្បី​សុំ​ការ​អន្ត​រាគមន៍​បញ្ចប់​ការ​ឈ្លាន​ពាន​របស់​កង​ទ័ព​ថៃមក​លើដែនអធិបតេយ្យភាពរបស់កម្ពុជា
TOP STORY | សម្ដេចធិបតី៖ កងទ័ពថៃបានបើកការ​វាយប្រហារ​មក​លើ​ទីតាំង​ឈរ​ជើង​របស់​កង​ទ័ព​កម្ពុជា​ នៅប្រាសាទតាមាន់ធំ តាក្របី និងបានពង្រីកភូមិសាស្ត្រវាយប្រហារទៅដល់តំបន់មុំបី

នយោបាយ​ និង ការអភិវឌ្ឍន៍

ប្រៃសណីយ៍កម្ពុជា និង ACU ចុះMOU លើសេចក្តីជូនដំណឹងរួមពាក់ព័ន្ធនឹងអំពើពុករលួយ

2024/03/12 04:03:56 pm        186
ប្រៃសណីយ៍កម្ពុជា និងអង្គភាពប្រឆាំងអំពើពុករលួយ (ACU) នៅថ្ងៃទី១២ខែមីនានេះ បានចុះMOU លើសេចក្តីជូនដំណឹងរួមគ្នាពាក់ព័ន្ធនឹងអំពើពុករលួយ។ ពិធីនេះ រៀបចំឡើងនៅ ACU រាជធានីភ្នំពេញ ដោយមានការអញ្ជើញចូលរួមចុះហត្ថលេខាពីឯកឧត្តម ថេន សំវិសុទ្ធ អគ្គនាយកប្រៃសណីយ៍កម្ពុជា និងឯកឧត្តម ជា សំអាត អគ្គនាយក នៃអគ្គនាយកដ្ឋានប្រតិបត្តិការនៃអង្គភាពប្រឆាំងអំពើពុករលួយ។នៅក្នុងឱកាសនោះ ឯកឧត្តម ថេន សំវិសុទ្ធ អគ្គនាយកប្រៃសណីយ៍កម្ពុជា បានមានប្រសាសន៍ថា ការចុះ MOUនាពេលនេះ គឺជាការជួយសម្រួលបន្ថែមទៀតដល់ប្រពលរដ្ឋក្នុងការផ្ញើសំបុត្រ និងលិខិស្នាមផ្សេងៗពាក់ព័ន្ធនឹងអំពើពុករលួយផ្ញើមកកាន់ប្រៃសណីយ៍កម្ពុជានៅទូទាំង២៥រាជធានី-ខេត្ត ដោយមិនគិតថ្លៃ។ បន្ទាប់មកប្រៃសណីយ៍កម្ពុជានឹងយកសំបុត្រទាំងនោះ ទៅអង្គភាពប្រឆាំងអំពើពុករលួយ។ ការផ្ញើរសំបុត្រ ឫលិខិតស្នាមពាក្យបណ្តឹងផ្សេងៗ មកអង្គភាពប្រឆាំងអំពើពុករលួយ តាមរយៈប្រៃសណីយ៍កម្ពុជា សាធារណៈជនត្រូវសរសេរនៅលើខ្នងសំបុត្រតាមរបៀបដូចជា៖ទី១.ជូនអង្គភាពប្រឆាំងអំពើពុករលួយ អាសយដ្ឋានអាគារ ៥៤ មហាវិថីព្រះនរោត្តម សង្កាត់ផ្សារថ្មី៣ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។ ទី២.ជូនអង្គភាពប្រឆាំងអំពើពុករលួយ (មិនចាំចាច់បញ្ជាក់អាសយដ្ឋាន) និងទី៣. ជូនដល់អង្គភាពប្រឆាំងអំពើពុករលួយ ប្រអប់សំបុត្រ លេខ៦២៦ ឫ លេខ ៣២៨៤ ឫមិនចាំបាច់សរសេរពាក្យផ្ញើជូនអង្គភាពប្រឆាំងអំពើពុករលួយ គ្រាន់តែសរសេរពាក្យផ្ញើមកប្រអប់សំបុត្រលេខ ៦២៦ ឫ លេខ ៣២៨៤។គួរបញ្ជាក់ដែរថា អង្គភាពប្រឆាំងអំពើពុករលួយមានបេសកកម្មដឹកនាំការប្រយុទ្ធប្រឆាំង នឹងអំពើពុករលួយគ្រប់រូបភាព គ្រប់វិស័យ និងគ្រប់ជាន់ថ្នាក់នៅទូទាំងព្រះរាជាណាចក្រកម្ពុជា តាមរយៈការចាត់វិធានការអប់រំ បង្ការ ទប់ស្កាត់ និងអនុវត្តច្បាប់បង្រ្កាបបទល្មើសពុករលួយ ដោយមានការចូលរួមពីសាធារណៈជន និង ប្រតិបត្តិការ ៕ អត្ថបទ៖ទូច សោភ័ណ 

សម្តេចធិបតី៖ សមិទ្ធផលអាកាសយានដ្ឋានអន្តរជាតិតេជោ ជានិម្មិតរូបនៃការរីកចម្រើនរបស់ប្រទេសកម្ពុជា ក្រោមដំបូលសុខសន្ដិភាព

2024/03/12 03:03:54 pm        141
ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា មានប្រសាសន៍ថា សមិទ្ធផលអាកាសយានដ្ឋានអន្តរជាតិតេជោ ជានិម្មិតរូបនៃការរីកចម្រើនរបស់ប្រទេសកម្ពុជា ក្រោមដំបូលសុខសន្ដិភាព និងជាកម្លាំងចលករដ៏សំខាន់ក្នុងការបង្កើតការងារ និងបណ្តុះបណ្តាលសមត្ថភាព គាំទ្រដល់ការរីកចម្រើនក្នុងវិស័យទេសចរណ៍ វិស័យដឹកជញ្ជូន និងទ្បូជីស្ទីក ដល់តំបន់ជុំវិញ និងទូទាំងប្រទេស។ សម្តេចធិបតីនាយករដ្ឋមន្រ្តី មានប្រសាសន៍បែបនេះ ក្នុងឱកាសអញ្ជើញជាអធីបតី ក្នុងពិធី​សំណេះសំណាល និងចុះត្រួតពិនិត្យវឌ្ឍនភាពនៃគម្រោងអភិវឌ្ឍន៍​សាងសង់អាកាសយានដ្ឋាន​អន្តរជាតិតេជោ លំដាប់ថ្នាក់ 4F ដំណាក់កាលទីមួយ ស្ថិតក្នុងភូមិសាស្រ្ត ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល និងស្រុកបាទី ខេត្តតាកែវ នាព្រឹកថ្ងៃទី១២ ខែមីនា ឆ្នាំ ២០២៤។ មានប្រសាសន៍នៅក្នុងពិធីនោះ សម្តេចធិបតីនាយករដ្ឋមន្ត្រី បានធ្វើការអរគុណដល់ក្រសួង-ស្ថាប័នគ្រប់លំដាប់ថ្នាក់ ក្រុមហ៊ុនក្នុងនិងក្រៅប្រទេស ក៏ដូចជាបុគ្គលិក ​កម្មករ-កម្មការិនី ពាក់ព័ន្ធទាំងអស់ ដែលបានសហការគ្នាយ៉ាង​ជិតស្និទ្ធ និងសម្របសម្រួលឱ្យគម្រោងអភិវឌ្ឍន៍​សាងសង់អាកាសយានដ្ឋានអន្តរជាតិតេជោ លំដាប់ថ្នាក់ 4F នេះ ដំណើរការដោយរលូន ប្រកបដោយ​ស្មារតីបុរេសកម្ម និងទទួលខុសត្រូវខ្ពស់ ចាប់តាំងពីពេលចាប់ផ្ដើមរហូតដល់​សម្រេចបានលទ្ធផលជារូបរាងតាមផែនការ ហើយក៏គ្រោងនឹងបើកឱ្យដំណើរការនៅ​ឆមាសទីមួយឆ្នាំ ២០២៥ ខាងមុខ។ សម្តេចធិបតី បានគូសបញ្ជាក់ថា សមិទ្ធផលជាប្រវត្តិសាស្ត្រនេះ ជានិម្មិតរូបនៃការរីកចម្រើន​របស់​ប្រទេសកម្ពុជា ក្រោមដំបូលសុខសន្ដិភាព ​និងជាកម្លាំងចលករដ៏សំខាន់ក្នុងការបង្កើតការងារ និង​បណ្តុះបណ្តាលសមត្ថភាព​ គាំទ្រដល់ការរីកចម្រើនក្នុងវិស័យទេសចរណ៍ ​វិស័យដឹកជញ្ជូន និងទ្បូជីស្ទីក ​ដល់តំបន់ជុំវិញ និងទូទាំងប្រទេស​ ក៏ដូចជាការជួយជំរុញការអភិវឌ្ឍប៉ូលទិសនិរតី រួមជាមួយគម្រោងផ្លូវនាវាចរណ៍​ និងប្រព័ន្ធភស្ដុភារកម្មទន្លេបាសាក់ឈ្មោះថា “គម្រោងព្រែកជីកហ្វូណនតេជោ” ក្នុងតំបន់នេះ នាពេលអនាគតដ៏ខ្លីខាងមុខ សម្រាប់ទ្រទ្រង់​ដល់សេដ្ឋកិច្ចជាតិ និងលើកស្ទួយជីវភាពរស់នៅរបស់ប្រជាជន ។សម្តេចធិបតី ក៏បានរំឭកផងដែរថា គម្រោងអភិវឌ្ឍន៍​សាងសង់អាកាសយានដ្ឋាន​អន្តរជាតិតេជោនេះ កសាងឡើងក្រោមគំនិតផ្ដួចផ្ដើម ប្រកបដោយចក្ខុវិស័យវែងឆ្ងាយរបស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា និង ជាប្រធាន​ក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ ដោយផ្អែកតាមផែនការមេច្បាស់លាស់។ កម្មវិធីសាងសង់អាកាសយានដ្ឋានអន្តរជាតិតេជោលំដាប់ថ្នាក់ 4F ត្រូវបានចែកចេញជា ៣ ដំណាក់កាលធំៗ គឺ ដំណាក់កាលទី ១ ពីឆ្នាំ ២០២០-ឆ្នាំ២០៣០ សម្រាប់អ្នកដំណើរ ១៣ លាននាក់ក្នុងមួយឆ្នាំ, ដំណាក់កាលទី ២ ពីឆ្នាំ ២០៣០-២០៥០ សម្រាប់អ្នកដំណើរ ៣០ លាននាក់ក្នុងមួយឆ្នាំ និង ដំណាក់កាលទី ៣ ក្រោយឆ្នាំ ២០៥០ សម្រាប់អ្នកដំណើរពី ៥០ លាននាក់ឡើងទៅក្នុងមួយឆ្នាំ៕

គ.ជ.ប ប្រកាសទទួលស្គាល់គណបក្សនយោបាយចំនួន៥ ឱ្យចូលរួមបោះឆ្នោតជ្រើសរើស​ក្រុមប្រឹក្សារាជធានី-ខេត្ត

2024/03/12 02:33:08 pm        109
អ្នកនាំពាក្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ហៅកាត់ គ.ជ.ប បានឱ្យដឹងថា គ.ជ.ប បានសម្រេចទទួលស្គាល់ជាផ្លូវការឱ្យគណបក្សនយោបាយចំនួន៥ចូលរួមការបោះឆ្នោតជ្រើសរើស​ក្រុមប្រឹក្សារាជធានី-ខេត្ត ក្រុង ស្រុក និងខណ្ឌ។ថ្លែងប្រាប់ BTV នៅថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៤ ឯកឧត្តម ហង្ស ពុទ្ធា សមាជិក និង​ជា​អ្នក​នាំ​ពាក្យ ​គ.ជ.ប បានឱ្យដឹងថា ដើម្បីឆ្ពោះទៅរកការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ក្រុម​ប្រឹក្សា​ខេត្ត ក្រុមប្រឹក្សាក្រុង ក្រុមប្រឹក្សាស្រុក និងក្រុមប្រឹក្សាខណ្ឌ អាណត្តិទី៤ ឆ្នាំ២០២៤ គិត​មក​ទល់​ពេល​នេះ មានគណបក្សនយោបាយចំនួន៥ហើយដែល គ.ជ.ប បានប្រកាស​ទទួល​ស្គាល់​ជា​ផ្លូវ​ការឱ្យចូលរួមប្រកួតប្រជែងការបោះឆ្នោតខាងមុខ ក្នងុនោះមាន គណបក្ស​ប្រជាជន​កម្ពុជា​ គណបក្សឆន្ទៈខ្មែរ គណបក្សកម្លាំងជាតិ គណបក្សហ្វ៊ុនស៊ិនប៉ិច និង​គណបក្ស​ខ្មែរ​រួបរួម​ជាតិ​។ ពាក់ព័ន្ធនឹងការស្នើចុះបញ្ជីបេក្ខជននេះ ឯកឧត្តម ហង្ស ពុទ្ធា បញ្ជាក់ថា តាមមណ្ឌលរាជធានី ខេត្ត ក្រុង ស្រុក និងខណ្ឌ ត្រូវបានគណៈកម្មការរាជធានី-ខេត្តរៀបចំការបោះឆ្នោត កំពុង​បន្ត​នីតិ​វិធី​លើ​ការ​ពិនិត្យការចុះបញ្ជីបេក្ខជនឈរឈ្មោះរបស់គណបក្សនយោបាយ ដោយសារ​គណបក្ស​សាម៉ី​មួយ​ចំនួន​ពុំទាន់រៀបចំឯកសារដាក់បេក្ខជនរបស់ខ្លួនបានត្រឹមត្រូវនៅឡើយទេ។អ្នក​នាំ​ពាក្យរូបនេះលើកឡើងថា ស្របតាមគោលការណ៍លទ្ធិប្រជាធិបតេយ្យ និងផ្អែក​តាម​ការ​ចូលរួម​ដោយ​ស្ម័គ្រចិត្ត ជាពិសេស​គណបក្ស​នយោបាយទាំង៥​ដែល​ចុះ​បញ្ជី​ចូល​រួម​ប្រកួត​ប្រជែង​ការ​​បោះឆ្នោតខាងមុខ បង្ហាញឱ្យ​ឃើញ​ថា​ទោះ​បី​គណបក្ស​នយោបាយ​មាន​លទ្ធភាព​ចូលរួម​ដាក់​បេក្ខជន​តិច ឬច្រើនក្តី តែក៏បានឆ្លុះបញ្ចាំងពីជំនឿចិត្តរបស់គណបក្សចំពោះការបោះឆ្នោត នឹង​រួម​ចំ​ណែក​ឱ្យ​កម្ពុជាទទួលបានបទពិសោធន៍ និងជំរុញឱ្យភាព​ជា​តំណាង​របស់​ប្រជាពលរដ្ឋ​កាន់​តែ​មាន​ភាព​សុក្រិត​ជាងមុន។សូមជម្រាបថា ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ក្រុមប្រឹក្សាខេត្ត ក្រុមប្រឹក្សាក្រុង ក្រុម​ប្រឹក្សា​ស្រុក ក្រុមប្រឹក្សាខណ្ឌ អាណត្តិទី៤ ឆ្នាំ២០២៤ នឹងប្រព្រឹត្តទៅនាថ្ងៃទី២៥ ខែឧសភា ឆ្នាំ​២០២៤​ខាងមុខ និងមានអង្គបោះឆ្នោតជាសមាជិកក្រុមប្រឹក្សាឃុំ-សង្កាត់ក្នុងមុខតំណែង៕ អត្ថបទ៖ សេក ឧត្តម

អតីតយុទ្ធជនជាង ៦០គ្រួសារក្នុងខេត្តកំពង់ធំនឹងទទួលបានដី និងផ្ទះជាអំណោយ​របស់សម្តេចតេជោ ហ៊ុន សែន

2024/03/12 02:23:57 pm        191
កំពង់ធំ៖ ឯកឧត្តម នាយឧត្តមសេនីយ៍ កិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្ត្រី អនុ​ប្រធាន​សមាគម​អតីតយុទ្ធជនកម្ពុជា នៅថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៤ បានអញ្ជើញ​ជា​អធិបតី​ដឹកនាំ​កិច្ច​ប្រជុំ​ត្រួត​ពិនិត្យវឌ្ឍនភាពការងារ របស់សមាគមអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ធំ។ នាឱកាសនោះ ឯកឧត្តមកិត្តិសង្គហបណ្ឌិត បានកោតសរសើរ និងវាយ​តម្លៃ​ខ្ពស់​ចំពោះ​ការ​ខិតខំ​ប្រឹងប្រែង​កន្លងមករបស់សមាគមខេត្ត។ ឯកឧត្តម មានប្រសាសន៍ថា តាងនាម សម្តេចតេជោ ហ៊ុន សែន ប្រធានសមាគមអតីតយុទ្ធជនកម្ពុជា និង សម្តេចបវរធិបតីនាយករដ្ឋមន្ត្រីកម្ពុជា ក៏​ដូច​ជា​ថ្នាក់​ដឹកនាំគ្រប់ជាន់ថ្នាក់ មិនដែលភ្លេចនូវគុណូបការៈ ដែលបងប្អូនបានខិតខំនាពេលកន្លងមក គឺ​នៅ​តែចងចាំ នៅតែដឹងគុណជាប់ជានិច្ចចំពោះបងប្អូនអតីតយុទ្ធជន គ្រួសារអ្នកពលី-មរណៈ ជន​ពិការ និងនិវត្តន៍ជន មន្រ្តីរាជការស៉ីវិលទាំងអស់ និងបានជំរុញឱ្យអាជ្ញាធរពាក់ព័ន្ធទាំងអស់ បន្ត​យក​ចិត្តទុកដាក់លើជីវភាព និងការរស់នៅរបស់អតីតយុទ្ធជន។ ឯកឧត្តមកិត្តិសង្គហបណ្ឌិត មានប្រសាសន៍ទៀតថា តាមរយៈការប្រជុំត្រួតពិនិត្យ និង​ការ​ស្រង់​ស្ថិតិ​ទិន្នន័យរបស់អតីតយុទ្ធជនខេត្តកំពង់ធំ រកឃើញថា អតីតយុទ្ធជន គ្មានដី គ្មាន​ផ្ទះ មានដី ខ្វះផ្ទះ និងអតីតយុទ្ធជនកំពុងរស់នៅលើដីសាធារណៈមានប្រមាណ៦៥គ្រួសារ នឹង​ទទួល​បាន​ការ​រៀបចំ​សាងសង់ផ្ទះ និងដីបង្ករបង្កើនផល ដែលជា​អំណោយ​របស់​សម្តេច​តេជោប្រ​ធាន​សមាគម​អតីតយុទ្ធជន និងសម្តេចបវរធិបតី នាយករដ្ឋមន្ត្រី ប្រគល់ជូននាពេលខាងមុខ។ ឯកឧត្តមកិត្តិសង្គហបណ្ឌិត បានឱ្យដឹងទៀតថា ដោយឡែកចំពោះប្រជាពលរដ្ឋ​ជួប​ការ​លំបាក​ខ្វះ​ខាត​ហើយ​បាន​ទៅរស់នៅលើដីសម្បទានសង្គមកិច្ចរបស់អតីតយុទ្ធជន ចំនួន៧០គ្រួសារ បាន​យល់​ព្រម​ប្រគល់​ដីមកវិញ។ ឯកឧត្តមកិត្តិសង្គហបណ្ឌិត បន្តថា ឯកឧត្តម សាយ សំអាល់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តី​ក្រសួង​រៀបចំ​ដែន​ដី នគរូបនីយកម្ម និងសំណង់ និងជាអនុប្រធានសមាគមអតីតយុទ្ធជនកម្ពុជា បាន​សន្យា​រក​មូល​និធិ​សម្រាប់​ជួយ​កសាង​ផ្ទះ​ជូន​ដល់​អតីត​យុទ្ធជនក្រីក្រ​មុ​ន​គេ​បង្អស់​ចាប់ពី​​ឆ្នាំ​២០២៤​ ដល់២០២៨ ដើម្បីជូនពួកគាត់បានរស់នៅ ។ ក្នុងនាមជាសេនាធិការរបស់សម្តេចតេជោលើការងារអតីតយុទ្ធជននេះ ឯកឧត្តមកិត្តិ​សង្គហ​បណ្ឌិត គន់ គីម បានបន្តចុះត្រួតពិនិត្យ ស្រង់ស្ថិតិអតីតយុទ្ធជន ខ្វះដីខ្វះផ្ទះ មានដី ខ្វះផ្ទះ និង​អតីត​យុទ្ធជនកំពុងរស់នៅលើដីសាធារណៈនៅតាមបណ្តាខេត្តជុំវិញបឹងទន្លេសាបមុនគេ និង​បន្ត​ចុះ​តាម​បណ្តាខេត្តទូទាំងប្រទេស ដើម្បីធ្វើបច្ចុប្បន្នភាពអតីតយុទ្ធជនក្រីក្រពិតប្រាកដ សម្រាប់​ធ្វើជា​របាយការណ៍ជូន ឯកឧត្តម សាយ សំអាល់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ដើម្បីដោះស្រាយបញ្ហាជូនដល់អតីតយុទ្ធជនយើង៕

ឧបនាយករដ្ឋមន្រ្តី ស៊ុន ចាន់ថុល ស្នើសហភាពអឺរ៉ុបជំរុញអ្នកវិនិយោគបន្ថែមពីអឺរ៉ុបមកកម្ពុជា

2024/03/12 02:10:32 pm        168
ភ្នំពេញ៖ ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា នៅថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៤ បានអនុញ្ញាតឱ្យលោក Peteris Ustubs នាយក​សម្រាប់​មជ្ឈឹម​បូព៌ា អាស៊ី និងបាស៊ីហ្វិក នៃអគ្គនាយកដ្ឋានភាពជាដៃគូអន្តរជាតិ (DG INTPA) សហភាពអ៊ឺរ៉ុប ព្រម​ទាំង​ឯកឧត្ដម Igor Driesmans ឯកអគ្គរដ្ឋទូតវិសាមញ្ញ និង​ពេញ​សមត្ថភាព​នៃ​សហភាព​អឺរ៉ុប​ប្រចាំ​ព្រះរាជាណាចក្រកម្ពុជា និងសហការី ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ។ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានថ្លែង​អំណរ​គុណ​ជូន​ចំពោះ​សហភាព​អឺរ៉ុប​ដែល​បាន​គាំទ្រ​លើ​ការផ្ដល់ជំនួយអភិវឌ្ឍន៍ កិច្ចសហប្រតិបត្តិការទ្វេភាគីនានា ជាមួយរាជ​រដ្ឋាភិបាល​កម្ពុជា​។ យ៉ាងណាមិញ ដោយសង្កេតឃើញថាស្ថានភាពកិច្ចសហប្រតិបត្តិការវិនិយោគរវាងកម្ពុជា-សហ​ភាពអឺរ៉ុប ហាក់មានកម្រិតតិចតួចនៅឡើយ គឺស្ថិតក្នុងរង្វង់ទឹកប្រាក់ប្រមាណ ៥៤០លានដុល្លារ បាន​ពី​៦២គម្រោងវិនិយោគមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ គិតចាប់ពីឆ្នាំ១៩៩៤ ដល់បច្ចុប្បន្ន ឯកឧត្តម​ឧបនាយករដ្ឋមន្ត្រី បានជម្រាបជូនសហភាពអឺរ៉ុបអំពីជំហររបស់កម្ពុជា ដែលបើកចំ​ហរ​ស្វាគម​ន៍​រាល់គ្រប់វិនិយោគិនទាំងអស់ចូលមកវិនិយោគលើគ្រប់វិស័យ និងមានការលើក​ទឹក​ចិត្ត​លើ​វិស័យ​មួយចំនួនផងដែរ។ ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី បញ្ជាក់ថា កម្ពុជាបាន​ទទួល​វិនិយោគិន​រួចរាល់​ពី​ប្រទេស​នានា​រួម​មាន​សហរដ្ឋអាមេរិក កូរ៉េ ជប៉ុន ចិន ព្រមទាំងប្រទេសផ្សេងៗជាច្រើនទៀត ដែលក្នុងនោះ​កម្ពុជា​ចង់​ឱ្យ​វិនិយោគិនពីតំបន់អឺរ៉ុបចូលមកវិនិយោគនៅកម្ពុជាបន្ថែមទៀតផងដែរ។បន្ថែមពីនេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានជម្រាបជូនតំណាងសហភាពអឺរ៉ុប អំពីផែនការ​អភិវឌ្ឍន៍​ជាតិ​នានា​របស់​រដ្ឋាភិបាល​ដើម្បី​គាំទ្រ​ដល់​វិស័យ​ឯកជន​រួម​មាន​លើ​វិស័យ​ហេដ្ឋា​រចនា​សម្ព័ន្ធ ការសាងផ្លូវជាតិ ផ្លូវល្បឿនលឿន ព្រលានយន្តហោះ កំពង់ផែ និង​ពិសេស​ផែន​ការ​មេ​គ្រប់​ជ្រុង​ជ្រោយ​ស្ដីពីប្រព័ន្ធដឹកជញ្ជូនអន្តរមធ្យោបាយ និងភស្ដុភារកម្មកម្ពុជា ២០២៣-២០៣៣ មាន​ចំនួន ១៧៤គម្រោង ដែល​ក្រុម​ហ៊ុន​ឯកជន​ពី​សហភាព​អឺរ៉ុប​អាច​ពិនិត្យ​លទ្ធភាព​ក្នុង​ការ​វិនិយោគ​បាន​ផង​ដែរ។ បន្ថែមពីនេះទៀត ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី លើកឡើងថា ស្របតាម​ផែន​ការរបស់​រាជ​រដ្ឋាភិបាល ដើម្បីជំរុញផ្លាស់ប្ដូរកម្ពុជាពីការប្រើកម្លាំងពលកម្ម ទៅជា​ការ​ប្រើប្រាស់​ជំនាញ​កម្រិត​មធ្យម និងជំនាញបច្ចេកទេសកម្រិតខ្ពស់ ព្រមទាំង​ការ​យក​ចិត្ត​ទុក​ដាក់​ក្នុង​ការ​អ​ភិវឌ្ឍ​ធន​ធាន​មនុស្ស កម្ពុជាក៏បានដាក់ចេញកម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និង​បច្ចេក​ទេស​ទៅ​ដល់​យុវជន​ចំនួន​ពីគ្រួសារក្រីក្រនិងងាយរងគ្រោះ ១,៥លាននាក់ ដើម្បីបង្កើន​កម្រិត​សមត្ថភាព​ផង​ដែរ​។លោក Peteris Ustubs បាន​ឆ្លៀត​ឱកាស​នេះ​ដើម្បី​អបអរ​សាទរ​ដល់​លទ្ធ​ផល​ដ៏​ល្អ​ប្រសើរ​លើ​ការ​អភិវឌ្ឍ​ជាតិ​ដែល​ទទួលបានពីកិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជា។ លោក Peteris Ustubs បាន​លើក​ឡើង​ផង​ដែរ​អំពី​ទស្សន​កិច្ច​ទាក់​ទាញ​វិនិយោគិន​ដែល​កម្ពុជា​អាច​រៀបចំ​បាន​ក្នុង​សហភាព​អ៊ឺរ៉ុប​ ដែលមាន ២៧ប្រទេស ដោយក្នុង​នោះលោកបាន​លើក​ទឹក​ចិត្ត​កម្ពុជា​ឱ្យ​ជ្រើស​យក​វិស័យ​អាទិភាព​សំខាន់ៗ ដើម្បីបង្ហាញជូនវិនិយោគិន។ លោក Peteris Ustubs ក៏បានបន្តជម្រាបជូន​ពី​ការ​យក​ចិត្តទុកដាក់របស់សហភាពអឺរ៉ុបដែលបច្ចុប្បន្នផ្ដោតលើគម្រោងអភិវឌ្ឍន៍បៃតង និង​បច្ចេកវិ​ទ្យា​៕

ឯកឧត្តម ម៉ៅ សុផាន់ ចុះជួបជាមួយប្រជាពលរដ្ឋចំនួន ១៤៣គ្រួសារ រស់នៅក្នុងឃុំស្រយង់ ស្រុកគូលែន

2024/03/12 01:18:49 pm        276
ឯកឧត្តម ម៉ៅ សុផាន់ ប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានខេត្តព្រះវិហារ អមដំណើរដោយឯកឧត្តម គីម រិទ្ធី អភិបាល នៃគណៈអភិបាលខេត្ត នារសៀលថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៤ បានអញ្ជើញចុះជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋរស់នៅក្នុងភូមិម្រេច ឃុំស្រយង់ ស្រុកគូលែន ខេត្តព្រះវិហារ ។ ក្នុងឱកាសនោះក៏មានការអញ្ជើញចូលរួមពីសំណាក់ ឧត្តមសេនីយ៍ឯក ស្រី ឌឹក មេបញ្ជាការកងពលធំអន្តរគមន៍លេខ៣ ​កងកម្លាំងទាំង៣ ប្រធានមន្ទីរពាក់ព័ន្ធ និងអាជ្ញាធរមូលដ្ឋានជាច្រើនរូបទៀត។ក្នុងជំនួបសំណេះសំណាលជាមួយប្រជាពលរដ្ឋនាឱកាសនោះ ឯកឧត្តម គីម រិទ្ធី បានណែនាំអោយមន្ទីរជំនាញកំណត់តំបន់ធ្វើការវិនិច្ឆ័យ សម្រាប់ការចុះបញ្ជីដីធ្លីជាលក្ខណៈប្រព័ន្ធ និងធ្វើការចុះវាស់វែងដីធ្លីជូនប្រជាពលរដ្ឋទាំង ១៤៣គ្រួសារ ដែលរស់នៅក្នុងតំបន់ខាងលើ​ដើម្បីចេញប្លង់កម្មសិទ្ធិជូនអោយបានឆាប់ៗនេះ។បន្ថែមពីនេះឯកឧត្តម ម៉ៅ សុផាន់ ប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានខេត្តព្រះវិហារ ក៏បានសន្យាថាហ្នឹងធ្វើការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ សាងសង់អណ្ដូងទឹក សាលារៀន និងតបណ្ដាញអគ្គីសនីអោយបានចូលដល់ ជូនប្រជាពលរដ្ឋដែលរស់នៅក្នុងតំបន់នេះផងដែរ៕

សម្តេចធិបតី ផ្ដាំទៅវិទ្យុប្រឆាំងនៅក្រៅប្រទេសកុំបង្ខូចឈ្មោះមន្រ្ដី និងការអភិវឌ្ឍរបស់កម្ពុជា ពិសេសពាក់ព័ន្ធ «គម្រោងព្រែកជីកហ្វូណនតេជោ»

2024/03/12 01:11:44 pm        216
ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃកម្ពុជា បានថ្លែងថា ការប្រើពាក្យមន្រ្តីជាន់ខ្ពស់ក្រសួងសេដ្ឋកិច្ចដោយវិទ្យុមួយនៅក្រៅប្រទេស គឺមិនមានវិជ្ជាជីវៈនោះទេ ហើយមន្រ្តីរបស់រាជរដ្ឋាភិបាល គឺបានយល់ច្បាស់ពីការអភិវឌ្ឍ « គម្រោងព្រែកជីកហ្វូណនតេជោ» ដែលនឹងផ្តល់ផលប្រយោជន៍ដល់សេដ្ឋកិច្ចជាតិ។សម្ដេចធិបតី បានបញ្ជាក់បែបនេះ ក្នុងឱកាសអញ្ជើញត្រួតពិនិត្យវឌ្ឍនភាពនៃការសាងសង់ព្រលានយន្តហោះអន្តរជាតិតេជោ ស្ថិតនៅឃុំព្រែកស្លែង ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល នៅព្រឹកថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៤នេះ។ សម្តេចធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា គម្រោងព្រែកជីកហ្វូណនតេជោ មិនមែនខ្ចីប្រាក់​ពីបរទេសមក​ធ្វើការអភិវឌ្ឍនោះទេ គឺធ្វើឡើងតាមរយៈ BOT ហើយសម្តេចក៏មិនជឿថា មន្រ្តីរាជរដ្ឋាភិបាល​ល្ងង់ដល់ថ្នាក់មិនស្គាល់ពាក្យ BOT នោះទេ។សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានសង្កត់ធ្ងន់ថា រាជរដ្ឋាភិបាលមានចក្ខុវិស័យខ្ពស់ក្នុងគម្រោង​អភិវឌ្ឍន៍​នានា ទាំងផ្លូវអាកាស ផ្លូវទឹក និងផ្លូវគោកដើម្បីជំរុញកំណើន​សេដ្ឋកិច្ចនិង​បម្រើផលប្រយោជន៍ប្រជាពលរដ្ឋ៕

សម្តេចធិបតី បង្ហាញមោទនភាពចំពោះសមិទ្ធផលព្រលានយន្តហោះអន្តរជាតិតេជោ នៅលើទឹកដីកម្ពុជា

2024/03/12 01:07:04 pm        111
សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃកម្ពុជា បង្ហាញមោទនភាព និងអារម្មណ៍រំភើប ចំពោះសមិទ្ធផលព្រលានយន្តហោះអន្តរជាតិតេជោនៅលើទឹកដីកម្ពុជា ក្នុងឱកាសអញ្ជើញពិនិត្យការសាងសង់អាកាសយានដ្ឋានអន្តរជាតិតេជោ កណ្តាលស្ទឹង ខេត្តកណ្ដាល ខណៈការសាងសង់ជំហានទី១ សម្រេចបានជាង ៦៦ ភាគរយហើយ និងគ្រោងដាក់ឱ្យប្រើប្រាស់នៅឆ្នាំក្រោយ។ សម្ដេចធិបតី នាយករដ្ឋមន្រ្ដី មានប្រសាសន៍ក្នុងឱកាសអញ្ជើញត្រួតពិនិត្យវឌ្ឍនភាពនៃការសាងសង់ព្រលានយន្តហោះអន្តរជាតិតេជោ នៅព្រឹកថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៤នេះ ដោយបានកោតសរសើរ និងបង្ហាញមោទនភាពចំពោះសមិទ្ធផលព្រលានយន្តហោះអន្តរជាតិតេជោ នៅលើទឹកដីនៃព្រះរាជាណាចក្រកម្ពុជា។ សម្ដេចធិបតីបញ្ជាក់ថា ការសាងសង់អាកាសយានដ្ឋានអន្តរជាតិតេជោ គឺត្រូវបន្តរហូតទោះបីជាអំឡុងពេលការផ្ទុះរីករាលដាលជំងឺកូវីដ-១៩ ក៏ដោយ គឺមិនបានឈប់សម្រាកនោះទេ។ ខណៈវឌ្ឍនភាពជំហានទី១ នៃការសាងសង គឺសម្រេចបានជាង ៦៦% និងបានចំណាយទឹកប្រាក់សរុបសម្រាប់ការសាងសង់ប្រមាណ ១ ពាន់លានដុល្លារហើយ។ក្នុងឱកាសនោះសម្ដេចធិបតី នាយករដ្ឋមន្រ្ដី បានថ្លែងអំណរគុណដល់ក្រសួង ស្ថាប័ន អ្នកវិនិយោគិនដែលបានបណ្ដាក់ទុន និងកម្មករ អ្នកសាងសង់ព្រលានយន្តហោះនេះទាំងអស់ ដែលបានរួមគ្នាធ្វើការដោះស្រាយបញ្ហាផ្សេងៗ និងធ្វើឱ្យការការសាងសង់អាកាសយានដ្ឋាន​អន្តរជាតិតេជោ អាចដំណើរការទៅបានដោយរលូន និងប្រកបដោយសមិទ្ធផលរហូត​មកទល់ពេលនេះ។សម្ដេចធិបតី នាយករដ្ឋមន្រ្ដីបញ្ជាក់ថា ប្រទេសកម្ពុជាធ្លាប់មានព្រលានយន្តហោះខ្នាតធំ កាលពី ៦៥ឆ្នាំមុន ប៉ុន្តែនៅឆ្នាំខាងមុខនេះប្រទេសកម្ពុជា នឹងបើកដំណើរការព្រលានយន្តហោះខ្នាតធំ​ជាប្រវត្តិសាស្រ្ត​មួយទៀត។ សម្តេចធិបតីថ្លែងថា សម្តេចធ្លាប់បានឃើញព្រលានយន្តហោះធំ​ច្រើនហើយ​ តែមិនរំភើបដូចឃើញព្រលានយន្តហោះអន្តរជាតិតេជោ នៅលើទឹកដីកម្ពុជាបែប​នេះឡើយ ពីព្រោះសមិទ្ធផលនេះ ​គឺជា របស់ខ្មែរ នៅលើទឹកដីកម្ពុជា។ សូមជម្រាបថា គម្រោងអភិវឌ្ឍសាងសង់អាកាសយានដ្ឋានអន្តរជាតិតេជោ លំដាប់ថ្នាក់ 4F ត្រូវបានបែងចែកជា ៣ដំណាក់កាល។ ដំណាក់កាលទី១ អាកាសយានដ្ឋានអន្តរជាតិនេះ អាចទទួលអ្នកដំណើរបានប្រមាណ ១៣ លាននាក់ក្នុងមួយឆ្នាំ, ដំណាក់កាលទី២ អាចទទួល​បានអ្នកដំណើរ ៣០លាននាក់ក្នុង១ឆ្នាំ និងដំណាក់កាលទី៣ អាចទទួលបានអ្នកដំណើររហូតដល់ ៥០ លាននាក់ក្នុងមួយឆ្នាំ។ កាលានុវត្តភាពថ្មីនេះ នឹងក្លាយជាសក្តានុពលស្រូបទាញដ៏ខ្លាំងក្លា និងសំខាន់សម្រាប់វិស័យទេសចរណ៍ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ និយាយដោយឡែក ព្រមទាំងវិស័យទេសចរណ៍នៅទូទាំងប្រទេស និយាយជារួម។ បន្ថែមពីនេះ​ក៏នឹងអាចទាក់ទាញដល់វិនិយោគិន មកវិនិយោគនៅកម្ពុជា រួមទាំងផ្តល់ប្រយោជន៍​សេដ្ឋកិច្ចដល់ប្រជាពលរដ្ឋផងដែរ៕អត្ថបទ៖ វ៉ន ដារ៉ា

សម្តេចធិបតី៖ មានសន្តិភាព និងស្ថិរភាព ទើបមានវិនិយោគិនមកវិនិយោគនៅកម្ពុជា

2024/03/12 12:58:57 pm        176
សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃកម្ពុជា បានមានប្រសាសន៍បញ្ជាក់បន្ថែមអំពីគុណតម្លៃនៃសន្ដិភាព និងស្ថិរភាពរបស់ប្រទេសកម្ពុជា ដែលរាជរដ្ឋាភិបាល និងប្រជាពលរដ្ឋបានរួមគ្នាខិតខំថែរក្សាបានរហូតមកដល់បច្ចុប្បន្ននេះ គឺជាសមិទ្ធផលមួយដ៏សំខាន់ដែលអាចទាក់ទាញកំណើនវិនិយោគនានាពីបណ្ដាប្រទេសផ្សេងៗមកបណ្ដាក់ទុននៅកម្ពុជា។ សម្ដេចធិបតី នាយករដ្ឋមន្រ្ដីមានប្រសាសន៍បញ្ជាក់បែបនេះ ក្នុងឱកាសអញ្ជើញត្រួតពិនិត្យវឌ្ឍនភាពនៃការសាងសង់ព្រលានយន្តហោះអន្តរជាតិតេជោ ស្ថិតនៅឃុំព្រែកស្លែង ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល នៅព្រឹកថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៤។ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា សមិទ្ធផលនានា រួមទាំងព្រលានយន្តហោះអន្តរជាតិនេះ កើតឡើងទៅបានដោយសារប្រទេសកម្ពុជា មានសុខសន្តិភាព និងស្ថិរភាព ប្រជាពលរដ្ឋរួបរួមសាមគ្គីគ្នា និងជឿទុកចិត្តលើការដឹកនាំរបស់រាជរដ្ឋាភិបាលតាំងពីអាណត្តិមុនដឹកនាំដោយសម្ដេចតេជោ ហ៊ុន សែន និងនៅអាណត្តិទី៧នេះផងដែរ។ សម្តេចធិបតីបានបញ្ជាក់ថា ដោយសារកត្តាសន្តិភាព និងស្ថិរភាពនេះហើយទើបវិនិយោគិនបរទេសមកបណ្តាក់ទុនវិនិយោគបន្ថែមទៀតនៅកម្ពុជា។ក្នុងឱកាសនោះសម្តេចធិបតី នាយករដ្ឋមន្រ្ដីក៏បានសង្កត់ធ្ងន់ថា កាលពីអតីតកាល ដោយសារសង្រ្គាមព្រលានយន្តហោះនៅកម្ពុជាត្រូវបានប្រើប្រាស់សម្រាប់តែដឹកមនុស្សចេញពីប្រទេសឬធ្វើចំណាកស្រុកទៅប្រទេសផ្សេងតែប៉ុណ្ណោះ ប៉ុន្តែនៅពេលនេះនៅកម្ពុជាមានភ្ញៀវទេសចរ ចូលមកទស្សនា និងមានភ្ញៀវទេសចរក្នុងស្រុកចេញទៅលេងក្រៅប្រទេសប្រកបដយសន្ដិភាព និងនិរន្តរភាពយ៉ាងខ្លាំង៕អត្ថបទ៖វ៉ន ដារ៉ា

សម្តេចធិបតី៖ អាកាសយានដ្ឋានអន្តរជាតិតេជោ គឺជាចលករសម្រាប់ជំរុញកំណើនសេដ្ឋកិច្ចជាតិ

2024/03/12 12:52:27 pm        94
សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃកម្ពុជា មានប្រសាសន៍ថា សមិទ្ធផលអាកាសយានដ្ឋានអន្តរជាតិតេជោ គឺជាចលករដ៏មានតម្លៃសម្រាប់ជំរុញដល់កំណើនសេដ្ឋកិច្ចជាតិ។សម្ដេចធិបតីនាយករដ្ឋមន្រ្ដីមានប្រសាសន៍បែបនេះ ក្នុងឱកាស អញ្ជើញត្រួតពិនិត្យវឌ្ឍនភាពនៃការសាងសង់ព្រលានយន្តហោះអន្តរជាតិតេជោ ស្ថិតនៅឃុំព្រែកស្លែង ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល នៅព្រឹកថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៤។ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា សំណង់អាកាសយានដ្ឋានអន្តរជាតិតេជោ ពុំមែនតែជានិមិត្តរូបនៃភាពល្អមើលប៉ុណ្ណោះទេ ប៉ុន្តែគឺបង្ហាញពីការរីកចម្រើនរបស់កម្ពុជា និងការទាក់ទាញភ្ញៀវទេសចរ ជាពិសេស គឺជាចលករសម្រាប់ជំរុញកំណើនសេដ្ឋកិច្ចជាតិ និងលើកកម្ពស់ជីវភាពប្រជាជន។សម្តេចធិបតីនាយករដ្ឋមន្រ្ដី បានបញ្ជាក់បន្ថែមថា ព្រលានយន្តហោះនេះក៏នឹងចូលរួមទាក់ទាញ និងជំរុញវិស័យទេសចរណ៍ឱ្យកាន់តែរីកចម្រើន ដើម្បីបង្កើតការងារ និងបង្កើនចំណូលជូនប្រជាពលរដ្ឋ និងបង្កើនចំណូលថវិកាជាតិផងដែរ។ សម្តេចធិបតីសង្កត់ធ្ងន់ថា វិស័យទេសចរណ៍ បាននិងកំពុងចូលរួមចំណែកយ៉ាងធំធេងសម្រាប់​កំណើន​សេដ្ឋកិច្ចជាតិ ប៉ុន្តែទន្ទឹមនោះ កម្ពុជាត្រូវពង្រឹង និងពង្រីកសេវាកម្មទេសចរណ៍​ឱ្យកាន់​តែច្រើនថែមទៀត ជាពិសេសវិស័យទេសចរណ៍របស់កម្ពុជា ​ដែលមានគុណភាព ដើម្បីឱ្យ​ទេសចរបរទេសស្នាក់នៅយូរអង្វែងនៅក្នុងប្រទេសកម្ពុជា៕អត្ថបទ៖ វ៉ន ដារ៉ា

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

[UPDATE] មនុស្ស ៤នាក់ស្លាប់ និង ៥០នាក់បាត់ខ្លួន ក្រោយទឹកជំនន់ដ៏គំហុកវាយប្រហារទីក្រុងតំបន់ហិម៉ាឡៃ ប្រទេសឥណ្ឌា
08/05/2025 08:08 PM
អំណោយសប្បុរសធម៌ជាច្រើនរបស់សហជីព និងកម្មកររោងចក្រ បានផ្តល់ជូនជនភៀសសឹកនៅខេត្តព្រះវិហារ
08/05/2025 08:08 PM
ស៊ុយអែត ន័រវែស និងដាណឺម៉ាក ផ្តល់ ៤៨៦លានដុល្លារ ដល់គម្រោងរបស់ណាតូ ដើម្បីបញ្ជូនអាវុធអាមេរិកទៅអ៊ុយក្រែន
08/05/2025 08:08 PM
លោក Netanyahu ៖ វាចាំបាច់ត្រូវបញ្ចប់គោលបំណងសង្រ្គាមហ្កាហ្សា
08/05/2025 08:08 PM
UNICEF៖ ការកាត់បន្ថយមូលនិធិ ធ្វើឲ្យកុមារស៊ូដង់ធ្លាក់ទៅកៀកកម្រិតគ្រោះថ្នាក់សង្គ្រោះមិនបាន
08/05/2025 07:08 PM
មនុស្ស ២នាក់ស្លាប់ក្រោយរុស្ស៊ីប្រើប្រាស់យានដ្រូនវាយប្រហារតំបន់ Kharkiv របស់អ៊ុយក្រែន
08/05/2025 07:08 PM
ឥណ្ឌាចោទប្រកាន់ EU និងអាមេរិកថា ប្រើប្រាស់ស្តង់ដារ ២ ជុំវិញពាណិជ្ជកម្មរុស្ស៊ី
08/05/2025 07:08 PM
គណៈរដ្ឋមន្ត្រីលីបង់ ជួបប្រជុំ ដើម្បីពិភាក្សា អំពីអាវុធរបស់ក្រុមហេសបូឡា ក្រោយមានសម្ពាធពីអាមេរិក
08/05/2025 07:08 PM
ភ្លៀងធ្លាក់ខ្លាំងធ្វើឲ្យដងផ្លូវប្រែក្លាយជាដងទន្លេនៅតំបន់ភាគខាងត្បូងប្រទេសចិន
08/05/2025 07:08 PM
UNICEF៖ អ៊ីស្រាអែលសម្លាប់កុមារប៉ាឡេស្ទីនជាមធ្យម ២៨នាក់ជារៀងរាល់ថ្ងៃនៅតំបន់ហ្កាហ្សា
08/05/2025 07:08 PM