TOP STORY | សម្ដេចធិបតី បានចាត់វិធានការចាំបាច់​ជាបន្ត​បន្ទា​ប់ចំ​ពោះកា​រ​វិល​ត្រឡប់​ទ្រង់ទ្រាយ​ធំរ​បស់​ពលករ​ខ្មែរ និងជនភៀសសឹក
TOP STORY | សម្ដេចតេជោ៖ ពេលនេះ ខ្ញុំកំពុងតែរួមចំណែកបញ្ជាទ័ព តាមប្រព័ន្ធវីដេអូ និងប្រព័ន្ធផ្សេងទៀតជាមួយនាយករដ្ឋមន្ត្រី, រដ្ឋមន្ត្រីក្រសួងការពារជាតិ អគ្គមេបញ្ជាការកងទ័ព និងបញ្ជាការកងកម្លាំងប្រដាប់អាវុធគ្រប់លំដាប់ថ្នាក់
TOP STORY |សម្ដេចធិបតី ហ៊ុន ម៉ាណែត ដាក់លិខិតស្នើសុំ​​កោះប្រជុំក្រុមប្រឹក្សាសន្តិសុខជាបន្ទាន់ ដើម្បី​សុំ​ការ​អន្ត​រាគមន៍​បញ្ចប់​ការ​ឈ្លាន​ពាន​របស់​កង​ទ័ព​ថៃមក​លើដែនអធិបតេយ្យភាពរបស់កម្ពុជា
TOP STORY | សម្ដេចធិបតី៖ កងទ័ពថៃបានបើកការ​វាយប្រហារ​មក​លើ​ទីតាំង​ឈរ​ជើង​របស់​កង​ទ័ព​កម្ពុជា​ នៅប្រាសាទតាមាន់ធំ តាក្របី និងបានពង្រីកភូមិសាស្ត្រវាយប្រហារទៅដល់តំបន់មុំបី

នយោបាយ​ និង ការអភិវឌ្ឍន៍

លោកប្ល៊ីនខិន ប្រាប់អ៊ីស្រាអែលថា ខ្លួនត្រូវតែធ្វើសកម្មភាពជាបន្ទាន់ ដើម្បីជំរុញជំនួយចូលដល់តំបន់ហ្កាហ្សា

2024/03/06 10:29:45 am        158
អ្នកនាំពាក្យក្រសួងការបរទេសអាមេរិក លោក Matthew Miller បាននិយាយថា រដ្ឋមន្ត្រីការបរទេសអាមេរិក លោកអង់តូនី ប្ល៊ីនខិន ( Antony Blinken) បានប្រាប់រដ្ឋមន្ត្រីទទួលបន្ទុកកិច្ចការសង្រ្គាមនៃគណៈរដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benny Gantz នៅឯកិច្ចប្រជុំរបស់ពួកគេកាលពីថ្ងៃអង្គារ តាមរបៀប «ស្មោះត្រង់» ថា អ៊ីស្រាអែលចាំបាច់ត្រូវចាត់វិធានការជាបន្ទាន់ ដើម្បីអនុញ្ញាតឲ្យមានជំនួយបន្ថែមទៀតចូលទៅក្នុងតំបន់ហ្កាហ្សា។ថ្លែងនៅក្នុងសន្និសីទសារព័ត៌មានមួយ លោក Miller បានបញ្ជាក់ថា ទីក្រុងវ៉ាស៊ីនតោន បានឃើញរដ្ឋមន្ត្រីអ៊ីស្រាអែលមួយចំនួន នៅក្នុងរដ្ឋាភិបាល រារាំងការដឹកជញ្ជូនម្សៅទៅកាន់តំបន់ហ្កាហ្សា និងគាំទ្រក្រុមបាតុករដែលរារាំងជំនួយមិនឲ្យចូលទៅក្នុងដែនដីដែលមានប្រជាជនច្រើន ហើយលោកបានបន្ថែមថា សហរដ្ឋអាមេរិក បានអំពាវនាវឲ្យបញ្ចប់សកម្មភាពបែបនេះ។លោក Miller បានថ្លែងថា បច្ចុប្បន្ន ទីក្រុងវ៉ាស៊ីនតោន ចង់ឃើញច្រកឆ្លងកាត់ព្រំដែនមួយផ្សេងទៀតចូលទៅក្នុងតំបន់ហ្គាហ្សាត្រូវបានបើកដោយអ៊ីស្រាអែល ហើយត្រូវបានចូលរួមជាមួយសមភាគីអ៊ីស្រាអែលដោយផ្ទាល់ ដើម្បីធ្វើឲ្យរឿងនោះកើតឡើង ហើយការចូលរួមទាំងនោះរួមមានកិច្ចប្រជុំរបស់លោកប្ល៊ីនខិន ជាមួយលោក Gantz ។លោក Miller បានបញ្ជាក់ថា៖ «គាត់ (Blinken) បាននិយាយដោយផ្ទាល់ និងស្មោះត្រង់ចំពោះភាពធ្ងន់ធ្ងរនៃស្ថានភាពជាក់ស្តែង និងការពិតដែលថា អ្នកដែលពាក់ព័ន្ធទាំងអស់ ត្រូវធ្វើការបន្ថែមទៀត ដើម្បីទទួលបានជំនួយជាបន្ទាន់ឲ្យបានឆាប់តាមដែលអាចធ្វើទៅបាន»។ ស្ថានការណ៍មនុស្សធម៌ នៅតំបន់ហ្កាហ្សាថា «គួរឲ្យភ័យខ្លាច»។លោក Gantz បានថ្លែងទៅកាន់អ្នកសារព័ត៌មាននៅខាងក្រៅក្រសួងការបរទេស បន្ទាប់ពីកិច្ចប្រជុំរបស់លោកជាមួយលោកប៊្លីនខិនថា៖«កិច្ចប្រជុំនេះ គឺល្អណាស់»។ លោកមិនបានឆ្លើយតបនឹងសំណួរដែលបានលើកឡើងថាតើអ៊ីស្រាអែល នឹងបើកច្រកព្រំដែនមួយទៀត ដើម្បីអនុញ្ញាតឲ្យមានជំនួយបន្ថែមទៀតឬអត់?

រុស្ស៊ីនិយាយថា ខ្លួនកំពុងពិចារណាដាក់រោងចក្រថាមពលនុយក្លេអ៊ែរនៅលើឋានព្រះចន្ទជាមួយចិន

2024/03/06 10:18:00 am        155
លោក យ៉ូរី បូរីសូវ (Yuri Borisov) ប្រធានទីភ្នាក់ងារអវកាស ស៉ូសខូស្មូស (Roscosmos) របស់រុស្ស៊ី បាននិយាយកាលពីថ្ងៃអង្គារ (០៥ មីនា) ថាប្រទេសរុស្ស៊ី និងប្រទេសចិន កំពុងពិចារណាដាក់រោងចក្រថាមពលនុយក្លេអ៊ែរនៅលើឋានព្រះចន្ទក្នុងឆ្នាំ២០៣៣ ទៅឆ្នាំ២០៣៥។លោក បូរីសូវ អតីតអនុរដ្ឋមន្ត្រីការពារជាតិ បាននិយាយថា រុស្ស៊ី និងចិន បាននឹងកំពុងធ្វើការរួមគ្នាលើកម្មវិធីបេសកកម្មព្រះចន្ទ ហើយថាទីក្រុងមូស្គូ អាចចូលរួមចំណែកជាមួយអ្នកជំនាញរបស់ខ្លួនលើគម្រោង «ថាមពលនុយក្លេអ៊ែរអវកាស»។ប្រធានទីភ្នាក់ងារអវកាសរុស្ស៊ីរូបនេះក៏បាននិយាយផងដែរអំពីផែនការរបស់រុស្ស៊ី ក្នុងការសាងសង់យានអវកាសដឹកទំនិញដើរដោយថាមពលនុយក្លេអ៊ែរ។ លោកបានបន្ថែមថា សំណួរបច្ចេកទេសទាំងអស់ទាក់ទងនឹងគម្រោងនេះត្រូវបានដោះស្រាយ ក្រៅពីការស្វែងរកដំណោះស្រាយអំពីមធ្យោបាយធ្វើឱ្យម៉ាស៊ីនរ៉េអាក់ទ័រនុយក្លេអ៊ែរត្រជាក់ ដើម្បីឆ្ពោះទៅមុខលើដែនការនេះ។ក្រុមមន្ត្រីរុស្ស៊ី បាននិយាយជាយូរមកហើយពីផែនការដ៏មហិច្ឆិតារបស់ខ្លួនថាថ្ងៃណាមួយនឹងធ្វើការបង្កើតថ្មីមួយនៅលើឋានព្រះចន្ទ ប៉ុន្តែកម្មវិធីអវកាសរុស្ស៊ី បានទទួលរងនូវការបរាជ័យជាបន្តបន្ទាប់ក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ៕

កម្ពុជា-វៀតណាម ឯកភាពបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិ និងសន្តិសុខ វិស័យទេសចរណ៍ និងការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធ

2024/03/06 10:14:11 am        107
នាព្រឹកថ្ងៃទី៦ ខែមីនា ឆ្នាំ២០២៤ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រកម្ពុជា និងឯកឧត្តម ផាម មិញជិញ (PHAM Minh Chinh) នាយករដ្ឋមន្រ្តី នៃ​សាធារណរដ្ឋសង្គមនិយមវៀតណាម បានជួបពិភាក្សាការងារទ្វេភាគី ក្នុងឱកាស​ចូលរួម​កិច្ចប្រជុំ​កំពូល​អាស៊ាន-អូស្រ្តាលី នៅទីក្រុងម៉ែលប៊ន ប្រទេសអូស្ត្រាលី។ជាកិច្ចចាប់ផ្តើម ថ្នាក់ដឹកនាំទាំងពីរបានសម្តែងនូវការស្វាគមន៍​យ៉ាងកក់ក្តៅ​ចំពោះគ្នា​ទៅវិញ​ទៅមក ដោយក្ដីសោមនស្សរីករាយ។ ក្នុងជំនួបនេះ ឯកឧត្តម ផាម មិញជិញ បានអបអរសាទរ​កម្ពុជា​ចំពោះ​ជោគជ័យនៃរៀបចំការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ ក៏​ដូចជា​អបអរសាទរចំពោះគណបក្សប្រជាជនកម្ពុជាដែលទទួលបានជ័យជំនះលើការបោះឆ្នោត ដោយ​ទទួលបាន៥៥អាសនៈ។ ឯកឧត្តមនាយករដ្ឋមន្រ្តី ក៏បានផ្ដាំផ្ញើ​ការសួរសុខទុក​ថ្វាយ​ជូន​ព្រះករុណា ព្រះបាទ សម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណា​ចក្រ​កម្ពុជា និងសម្តេច អគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានក្រុមឧ​ត្តម​ប្រឹក្សាផ្ទា​ល់​ព្រះ​មហា​ក្សត្រ ​និងជាអតីតនាយករដ្ឋមន្ត្រី និងថ្នាក់ដឹកនាំមួយចំនួនទៀតនៃប្រទេសកម្ពុជាផងដែរ។ ជាការឆ្លើយតប សម្តេចធិបតី បានសម្ដែងនូវការស្វាគមន៍ និងក្ដីរីករាយ​ដែល​បាន​ជួប​ពិភាក្សា​ការងារ​ទ្វេភាគី​ជាមួយឯកឧត្តម នាយករដ្ឋមន្ត្រីជាថ្មីម្ដងទៀត​ដែល​នេះ​ជា​ឱកាស​នៃ​កិច្ច​ពិភាក្សា​លើ​កិច្ច​សហប្រតិបត្តិការដែលបានឯកភាពគ្នានាពេលកន្លងមក និងការបន្ត​ពិភាក្សា​លើ​កិច្ច​សហប្រតិបត្តិការ​នាថ្ងៃអនាគតបន្ថែមទៀត។ក្នុងជំនួបនេះ ថ្នាក់ដឹកនាំទាំងពីរបានពិភាក្សាគ្នាលើវិស័យគន្លឹះ ដែលជាកម្មវត្ថុនៃការពង្រឹង និង​ពង្រីកកិច្ចសហប្រតិបត្តិការបន្ថែម រវាងកម្ពុជា និងវៀតណាម ដែលរួមមានដូចជា៖ វិស័យ​ការពារ​ជាតិ និងសន្តិសុខ វិស័យទេសចរណ៍ និងការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធ ដូចជាផ្លូវលឿន ភ្នំពេញ-បាវិត-ហូជីមិញ ជាដើម។ ក្នុងក្របខ័ណ្ឌនៃកិច្ចសហប្រតិបត្តិការការងារត្រីភាគី CLV, ថ្នាក់​ដឹក​នាំ​ទាំ​ងពីរ បានគូសបញ្ជាក់ថា នៅថ្ងៃខាងមុខ នឹងមានការរៀបចំកិច្ចប្រជុំកំពូល CLV លើកទី១២ ហើយ​បានលើកទឹកចិត្តឱ្យក្រសួង ស្ថាប័នមួយចំនួនដើម្បីពង្រឹង និងពង្រីក​កិច្ច​សហ​ប្រតិបត្តិការ​គ្នា​ក្នុង​ក្របខ័ណ្ឌ CLV បន្ថែមទៀត។ ដោយឡែកក្នុងវិស័យទេសចរណ៍ ថ្នាក់ដឹកនាំ​ទាំង​ពីរ​បាន​ឯកភាព​ឱ្យ​ក្រសួង​ទេសចរណ៍ប​ង្កើន​កិច្ច​ពិភា​​ក្សា​ដើម្បី​ស្វែង​រក​ឱកាស​ក្នុង​ការ​ជំរុញ​កំណើន​ទេសចរណ៍​ក្នុង​ប្រទេសទាំងបី។ ជាមួយគ្នានេះដែរ ថ្នាក់ដឹកនាំទាំងពីរក៏បា​ន​ពិភា​ក្សាគ្នា​លើ​កិច្ច​ការ​មួយ​ចំនួន ដែលជាផលប្រយោជន៍រួម សម្រាប់ប្រទេសកម្ពុជា និងប្រទេសវៀតណាមផងដែរ ៕

នាយករដ្ឋមន្ត្រីអូស្ត្រាលីប្រាប់មេដឹកនាំអាស៊ានថា ជោគវាសនារបស់អូស្ត្រាលី ស្ថិតនៅជាមួយអាស៊ីអាគ្នេយ៍

2024/03/06 10:09:38 am        78
អូស្ត្រាលីបានប្តេជ្ញាធ្វើការជាមួយបណ្ដាមេដឹកនាំអាស៊ាន ឬ(សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍) ក្នុងកិច្ចប្រជុំពេញអង្គរបស់ក្រុមមេដឹកនាំនៅថ្ងៃពុធ ៦ មីនា សប្ដាហ៍នេះ ជាផ្នែកមួយនៃកិច្ចប្រជុំកំពូលពិសេសអាស៊ាន-អូស្ត្រាលី ដែលរៀបចំនៅទីក្រុងមែលប៊ន(Melbourne)។ ថ្លែងនៅក្នុងកិច្ចប្រជុំពេញអង្គ សហប្រធាននៃកិច្ចប្រជុំកំពូល នាយករដ្ឋមន្ត្រី អាន់តូនី អាល់បានីស(Anthony Albanese) បាននិយាយថា ជោគវាសនារបស់អូស្រ្តាលីស្ថិតនៅជាមួយអាស៊ីអាគ្នេយ៍ ហើយបានប្តេជ្ញាចិត្តជាថ្មីគាំទ្រតំបន់នេះ។អូស្ត្រាលីដែលជាប្រទេសធំបំផុតប្រចាំទ្វីបអូសេអានី កំពុងធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលរយៈពេលបីថ្ងៃដើម្បីប្រារព្ធខួប ៥០ ឆ្នាំចាប់តាំងពីប្រទេសនេះ បានក្លាយជាដៃគូខាងក្រៅដំបូងរបស់អាស៊ាន។ប្រទេសធំបំផុតទី៦នៅលើពិភពលោកមួយនេះ នឹងសម្លឹងរកការពង្រឹងទំនាក់ទំនងជាមួយតំបន់ដែលមានការរីកចម្រើនយ៉ាងឆាប់រហ័ស ខណៈដែលចិនសម្លឹងរកការបង្កើនលទ្ធភាពការទូត និងយោធារបស់ខ្លួន។ ក្រុមមេដឹកនាំប្លុកនេះ នឹងត្រូវបានស្វាគមន៍ទៅកាន់វិមានរដ្ឋាភិបាលរបស់ទីក្រុង Melbourne នៅពេលក្រោយចប់កិច្ចប្រជុំ៕

កិច្ចប្រជុំកំពូលអាស៊ានផ្តោតលើសន្តិសុខដែនសមុទ្រ ស្របពេលមានភាពតានតឹងនៅសមុទ្រចិនខាងត្បូង

2024/03/06 10:06:04 am        152
នាយករដ្ឋមន្ត្រីអូស្ត្រាលី លោក អាន់ថូនី អាល់បានីស (Anthony Albanese) បាននិយាយនៅថ្ងៃពុធ (០៦ មីនា) នេះថាសន្តិសុខដែនសមុទ្រ ពាណិជ្ជកម្ម និងថាមពលស្អាតនឹងបង្កើតអនាគតរបស់ប្រទេសនេះជាមួយប្លុកអាស៊ាន ខណៈដែលទីក្រុងប៉េកាំង សម្លឹងមើលការបង្កើនវត្តមានរបស់ខ្លួននៅក្នុងសមុទ្រចិនខាងត្បូង ដែលមានការប្រកួតប្រជែងខ្លាំង។ប្រទេសអូស្ត្រាលី កំពុងធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលអាស៊ាន នៅទីក្រុងមែលប៊ន ដែលជាការប្រារព្ធខួបលើកទី ៥០ នៃទំនាក់ទំនងរបស់ខ្លួនជាមួយអាស៊ាន បើទោះបីជាភាពខុសគ្នានៅតែមាននៅទូទាំងប្លុកដែលមានសមាជិក ១០ ប្រទេសនេះ ស្តីពីផែនការរបស់ប្រទេសចិន ក្នុងការពង្រីកវត្តមានការទូត និងយោធានៅក្នុងតំបន់។លោក អាល់បានីស បាននិយាយនៅក្នុងសុន្ទរកថានៅឯកិច្ចប្រជុំកំពូលរយៈពេលបីថ្ងៃ ដែលនឹងបញ្ចប់នៅល្ងាចនៅថ្ងៃពុធនេះថា «អូស្ត្រាលី ប្តេជ្ញាធ្វើការជាមួយបណ្ដាប្រទេសទាំងអស់ដើម្បីធ្វើឱ្យប្រាកដថាគោលការណ៍នៃអធិបតេយ្យភាព បូរណភាពទឹកដី សមភាព និងឯករាជ្យភាពត្រូវបានរក្សា»។ការអត្ថាធិប្បាយនេះកើតឡើងនៅពេលដែលហ្វីលីពីន កាលពីថ្ងៃអង្គារ បានកោះហៅអនុប្រធានបេសកកម្មរបស់ចិន នៅទីក្រុងម៉ានីល ដើម្បីតវ៉ាចំពោះអ្វីដែលខ្លួនហៅថាជា «សកម្មភាពឈ្លានពាន» របស់កងកម្លាំងជើងទឹកចិន ប្រឆាំងនឹងបេសកកម្មផ្គត់ផ្គង់ឡើងវិញសម្រាប់កងទ័ពហ្វីលីពីន ដែលឈរជើងនៅលើដែនទឹកសមុទ្រចិនខាងត្បូង៕

ក្រសួងមហាផ្ទៃ ស្នើឱ្យរដ្ឋបាលក្រុង ស្រុក ខណ្ឌសម្របសម្រួល និងគាំទ្រ ក្នុងការអនុវត្តការចុះបញ្ជីដីធ្លី​មានលក្ខណៈជាប្រព័ន្ធ ប្រកបដោយប្រសិទ្ធភាពជូនប្រជាពលរដ្ឋ

2024/03/06 09:36:08 am        104
ភ្នំពេញ៖ ក្រសួងមហាផ្ទៃ នៅថ្ងៃទី៥ ខែមីនានេះ បានចេញលិខិតស្នើឱ្យរដ្ឋបាលក្រុង ស្រុក ខណ្ឌ​សម្របសម្រួល និងគាំទ្រក្នុងការអនុវត្តការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ ប្រកប​ដោយ​ប្រសិទ្ធភាពជូនប្រជាពលរដ្ឋ។ក្រសួងមហាផ្ទៃ បានជម្រាប ឯកឧត្តម លោកជំទាវអភិបាលនៃ គណៈអភិបាលរាជធានី ខេត្ត ជ្រាបថា យុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ ដែលមានរួមបញ្ចូលការធ្វើកំណែ ទម្រង់ដីធ្លី និងនគរូបនីយកម្ម ជាមួយនឹងការបង្កើតឱ្យមាននូវគោលនយោបាយដីធ្លី រួមមាន ការចុះ​បញ្ជីដីធ្លី​មាន លក្ខណៈជាប្រព័ន្ធ ដោយក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បាន​កំណត់យកការចុះបញ្ជីដីធ្លីជូន ប្រជាពលរដ្ឋជាការងារអាទិភាពខ្ពស់ និងត្រូវ​អនុវត្តឱ្យ​បានចប់​សព្វគ្រប់​នៅទូទាំងប្រទេស។ ក្រសួងបញ្ជាក់ថា កន្លងមក ក្រុមការងារ ចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ នៅតាមបណ្តា​រាជ​ធានី ខេត្ត ដែលមានប្រធានការិយាល័យរៀបចំដែនដី នគរូប នីយកម្ម សំណង់ និងភូមិបាលក្រុង ស្រុក ខណ្ឌ ជាប្រធានក្រុមការងារចុះបញ្ជី បាននិងកំពុងអនុវត្តកម្មវិធីអនុវិស័យ រដ្ឋបាលដីធ្លី ក្នុង​គោល​បំណងធ្វើការចុះបញ្ជីកម្មសិទ្ធិ និងសិទ្ធិផ្សេងៗទៀតលើអចលនវត្ថុឱ្យបានច្បាស់លាស់ និង​ជា​ផ្លូវការ ដើម្បីទប់ស្កាត់ និងដោះស្រាយវិវាទដីធ្លី សំដៅពង្រឹងសុវត្ថិភាពនៃការកាន់កាប់ដីធ្លី និង​បង្កើន​ភាពជឿជាក់ លើប្រព័ន្ធចុះបញ្ជីដីធ្លី។ ក្នុងន័យនេះ ដើម្បីជំរុញការអនុវត្តការចុះបញ្ជីដីធ្លីមានលក្ខណៈ​ជាប្រព័ន្ធឱ្យកាន់តែមាន​ប្រសិទ្ធ​ភាព​​បន្ថែមទៀតនឹងទទួលបានជោគជ័យតាមផែនការដែលបានកំណត់ ក្រសួងមហាផ្ទៃ ស្នើ រដ្ឋបាលរាជធានី ខេត្ត ធ្វើការណែនាំដល់រដ្ឋបាលក្រុង ស្រុក ខណ្ឌ ដើម្បីសម្របសម្រួល និង​គាំទ្រ​ក្នុងការអនុវត្តការចុះបញ្ជី ដីធ្លីមានលក្ខណៈជាប្រព័ន្ធរបស់ក្រុមការងារ​ចុះបញ្ជី​ដីធ្លី​មាន​លក្ខណៈ​ជាប្រព័ន្ធ ដែលមានប្រធានការិយាល័យរៀបចំ ដែនដី នគរូបនីយកម្ម សំណង់ និងភូមិបាលក្រុង ស្រុក ខណ្ឌ ជាប្រធានក្រុមការងារដឹកនាំការងារចុះបញ្ជីដីធ្លីនេះ៕

គណៈប្រតិភូរដ្ឋសភា ចុះសួរសុខទុក្ខនាយទាហាន ពលទាហាន វរសេនាតូចលេខ៤២២ ការពារព្រំដែនជួរមុខទិសប្រាសាទតាមាន់ និងប្រាសាទតាក្របី

2024/03/06 09:04:43 am        179
ដោយបានការអនុញ្ញាតពីសម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា នៅ​ព្រឹក​ថ្ងៃទី​៥ ខែមីនា ឆ្នាំ២០២៤ គណ:ប្រតិភូអន្តរគណ:កម្មការរដ្ឋសភាដឹកនាំដោយឯកឧត្តម កែប ជុតិមា ប្រធានគណៈកម្មការមហាផ្ទៃ ការពារជាតិ មុខងារសាធារណៈ និងកិច្ចការព្រំដែន (គណៈកម្មការទី៤) នៃរដ្ឋសភា និងឯកឧត្តម សួស យ៉ារ៉ា ប្រធានគណ:កម្មការកិច្ចការបរទេស សហ​ប្រតិបត្តិការអន្តរជាតិ និងព័ត៌មាន (គណៈកម្មការទី៥)នៃរដ្ឋសភា ព្រមទាំងឯកឧត្តម លោក​ជំទាវជាសមាជិក សមាជិកាគណ:កម្មការទី៤ និងគណ:កម្មការទី៥ នៃរដ្ឋសភា អម​ដំណើរ​ដោយឯកឧត្តម សៀក សុជាតិ រដ្ឋលេខាធិការក្រសួងការពារជាតិ ឯកឧត្តម អ៊ុន សុភ័ក្រ អភិបាលរងខេត្តឧត្តរមានជ័យ ឯកឧត្តម ហ៊ូ សាគុណ រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និង​ឯកឧត្តម ឡាយ សៀងលី អនុរដ្ឋលេខាធិការ នៃរដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន បាន​អញ្ជើញ​ចុះ​សំណេះសំណាលសួរសុខទុក្ខ ជាមួយនាយទាហាន នាយទាហានរង ពលទាហាន វរសេនា​តូច​​លេខ៤២២ ចំណុះកងពលតូចថ្មើរជើងលេខ៤២ និងនាយនគរបាល នាយនគរបាលរង និង​ពល​នគរបាល ការពារពំ្រដែនគោកលេខ ៧០២ ដែលឈរ​ជើង​ការ​ពារ​តាម​បណ្តោយ​ខ្សែ​បន្ទាត់​ព្រំដែន​កម្ពុជា-ថៃ សមរភូមិមុខទិសប្រាសាទតាមាន់ និងប្រាសាទតាក្របី ដែលពិធី​នេះ​ប្រព្រឹត្ត​នៅ​ទី​បញ្ជាការ​វរសេនាតូចលេខ៤២២ ស្ថិតនៅក្នុងឃុំគោគមន ស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ។ លោកឧត្តមសេនីយ៍ត្រី នាក់ វង្ស មេបញ្ជាការកងពលតូចថ្មើរជើងលេខ៤២ តំណាងឲ្យនាយ នាយទាហានរង ពលទាហាន និងនាយ នាយនគរបាលរង និងពលនគរបាលនៅជួរមុខទិសប្រាសាទតាមាន់ និងប្រាសាទតាក្របី ខេត្តឧត្តរមានជ័យ បានស្វាគមន៍យ៉ាងកក់ក្តៅចំពោះវត្តមាន គណៈប្រតិភូរដ្ឋសភាដែលបានឆ្លៀតឱកាសដ៏មានតម្លៃអញ្ជើញចុះសាកសួរសុខទុក្ខដល់កងយោធពលខេមរៈភូមិន្ទ និងកងកំលាំងនគរបាលជាតិនៅតាមខ្សែបន្ទាត់ព្រំដែនកម្ពុជា-ថៃ នាពេលនេះ គឺជាការលើកទឹកចិត្តប្រកបដោយព្រហ្មវិហារធម៌ ក្នុងការផ្សាភ្ជាប់សមរភូមិមុខ ជាមួយស្ថាប័ននីតិប្បញ្ញត្តិ ធ្វើឲ្យនាយទាហាន នាយទាហានរង និងពលទាហាន នឹងនាយនគរបាល នាយនគរបាលរង និងពលនគរបាលទាំងអស់ដែលកំពុងបំពេញបេសកកម្មនៅជួរមុខទិសឧត្តរមានជ័យ នឹងបន្តខិតខំលើកកម្ពស់ស្មារតីទទួលខុសត្រូវ និង​អនុវត្តឱ្យបានយ៉ាងម៉ឺងម៉ាត់នៅរាល់បទបញ្ជាដ៏ខ្ពង់ខ្ពស់ របស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានដាក់ចេញនូវយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ក្នុងកិច្ចការពារបូរណភាពទឹកដី ជាពិសេស គឺការប្តេជ្ញាចិត្ត អនុវត្តន៍ ឲ្យបាននូវយុទ្ធសាស្រ្តបី សកម្មភាព ប្រតិបត្តិការ និងអភិវឌ្ឍន៍ របស់រាជរដ្ឋាភិបាលដែលមាន សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជាប្រមុខ។ មានមតិសំណេះសំណាល ជាមួយនាយ នាយទាហានរង ពលទាហាន និងកងកំលាំងនគរបាលជាតិ នៅទិសឧត្តរមានជ័យ ឯកឧត្តម កែប ជុតិមា និងឯកឧត្តម សួស យ៉ារ៉ា បានសំដែងនូវមនោសញ្ចេតនា សប្បាយរីករាយដោយក្តីនឹករលឹក និងបានពាំនាំនូវការផ្តំាផ្ញើសាកសួរសុខទុក្ខពីសម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភាសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ឯកឧត្តម ទៀ សីហា ឧបកនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិ និងឯកឧត្តអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ព្រមទាំងបានកោតសរសើរដល់នាយទាហាន នាយទាហានរង ពលទាហាន និងកងកំលាំងនគរបាលជាតិ ដែលឈរជើងនៅជួរមុខតាមព្រំដែន កម្ពុជា-ថៃ ទាំងអស់ ដែលបានយកអស់កំលាំងកាយចិត្តតស៊ូការលំបាកគ្រប់បែបយ៉ាងក្នុងកិច្ចការពារបូរណភាពទឹកដី គំរូវីរៈភាពនេះ ធ្វើឲ្យយុវជន យុវនារីជំនាន់ក្រោយ ចងចាំ និងរៀនសូត្រតាម គ្មានថ្ងៃអាចបំភ្លេចបានឡើយ។ ឯកឧត្តម កែប ជុតិមា និងឯកឧត្តម សួស យ៉ារ៉ា ក៏បានលើកឡើងផងដែរថា ដើម្បីរក្សាសុខសន្តិភាព បានជោគជ័យយើងមិនត្រឹមតែមានកងកំលាំងប្រដាប់អាវុធ ដ៏អង់អាចក្លាហានប៉ុណ្ណោះទេ យើងត្រូវតែតស៊ូតាមរយៈការងារការទូត និងច្បាប់អន្តរជាតិជាដើម ដែលរដ្ឋសភា ព្រឹទ្ធសភា មានតួនាទីយ៉ាងសំខាន់ ក្នុងកិច្ចការនេះផងដែរ។ ឯកឧត្តមក៏បានវាយតម្លៃខ្ពស់ និងកោតសរសើរដល់មេបញ្ជាការសមរភូមិទាំងអស់ ដែលបានដឹកនាំបណ្តា កងឯកភាពអនុវត្តន៍យ៉ាងម៉ឺងម៉ាត់ រក្សាភាពអត់ធ្មត់បង្កើន កិច្ចសហប្រតិបត្តិការរវាងបណ្តាកងទ័ពជួរមុខ នៃប្រទេសទាំងពីរក្នុងស្មារតីយោគយល់គ្នា សហប្រតិបត្តិការ ដោយស្មើសិទ្ធ ស្មើភាពដោះស្រាយព្រំដែន ដោយសន្តិវិធីឈរលើគោលការណ៍សន្តិភាព ធ្វើឲ្យប្រជាជនប្រទេសទាំងពីរ នៅតាមព្រំដែនរស់នៅប្រកបដោយសុខដុមរម្យនាបញ្ជៀសការបង្ហូរឈាម និងសោកនាដកម្មនៃសង្គ្រាមប្រែក្លាយតំបន់ព្រំដែន ទៅជាព្រំដែនសន្តិភាពសហប្រតិបត្តិការ និងការអភិវឌ្ឍ។ ឯកឧត្តម បានបន្តថា​ យេីងមានថ្ងៃនេះ​ព្រោះតែយេីងមានសន្តិភាព​ សមិទ្ធផលជាច្រើនមិនអាចសម្រេចបានទេបើគ្មានសន្តិភាព ការថែរក្សា និងការពារសន្តិភាពដើម្បីធានាការអភិវឌ្ឍ និងសេដ្ឋកិច្ចជាតិ។ ក្នុងនាមកងយោធពលខេមរភូមិន្ទ​ ត្រូវពង្រឹងស្មារតីស្មោះត្រង់ចំពោះជាតិ និងប្រជាជននិងការពារសុខសន្តិភាពឱ្យបានដាច់ខាតទោះក្នុងតម្លៃណាក៏ដោយដើម្បីប្រទេសជាតិយើងបានអភិវឌ្ឍរីកចម្រើនបន្តទៅមុខទៀត។ ឯកឧត្តម បានលើកឡើងបន្ថែមទៀតថា​ ក្នុងពេលប្រទេសជាតិមានសន្តិភាពកងទ័ពមានឱកាសក្នុងការពង្រឹងសមត្ថភាពតាមរយៈហ្វឹកហាត់​ បំប៉នជំនាញ​ដើម្បីអនុវត្តការងារស្នូលឱ្យមានប្រសិទ្ធភាព។កងទ័ពទាំងអស់ត្រូវបន្តថែរក្សានូវសមិទ្ធផលដែលប្រមុខថ្នាក់ដឹកនាំ​​​ រាជរដ្ឋាភិបាលកម្ពុជាអាណ្ណត្តិទី៦​​ របស់សម្តេចអគ្គមហាសេនាបតីតេជោ​​ ហ៊ុន សែន​ បានខិតខំកសាងនូវស្នាដៃប្រវត្តិសាស្រ្តជាច្រើន​​រហូតមកដល់បច្ចុប្បន្ន។​​ ត្រូវបន្តចូលរួមប្តេជ្ញាគាំទ្រដោយឥតងាករេ​ និងអនុវត្តបានខ្ជាប់ខ្ជួននូវយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ ក្នុងរាជរដ្ឋាភិបាលនីតិកាលទី៧ ក្រោមការដឹកនាំដ៏ខ្ពង់ខ្ពស់ របស់​​សម្តេចមហាបវរធិបតី​​​ ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា​ ។ ក្នុងដំណើរចុះសួរសុខទុក្ខកងទ័ពនាឱកាសនោះ ឯកឧត្តម កែប ជុតិមា និងឯកឧត្តម សួស យ៉ារ៉ា បាននាំយកនូវសម្ភារ: និងថវិការបស់សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា ជូនដល់កងទ័ពប្រចាំការទិសប្រាសាទតាមាន់ តាក្របីរួមមាន គ្រឿងឧបភោគ បរិភោគ និងថវិកា រួមទាំងប្រអប់សង្គ្រោះបឋមផងដែរ៕

រុស្ស៊ី ពង្រឹងកម្លាំងយោធារបស់ខ្លួននៅអឺរ៉ុប ដើម្បីឆ្លើយតបនឹងអង្គការ NATO

2024/03/06 09:03:58 am        245
រដ្ឋមន្ត្រីការពារជាតិរុស្ស៊ី លោក សឺហ្គេ សយហ្គូ (Sergei Shoigu) បាននិយាយកាលពីថ្ងៃអង្គារ (០៥ មីនា) ថាប្រទេសរុស្ស៊ី បានពង្រឹងកងកម្លាំងយោធារបស់ខ្លួននៅភាគខាងជើង និងខាងលិចនៃប្រទេស ដើម្បីទប់ទល់នឹងអ្វីដែលទីក្រុងមូស្គូ យល់ថាជាការកសាងកងកម្លាំងរបស់សម្ព័ន្ធយោធាណាតូ នៅជិតប្រទេសរុស្ស៊ី។ជាការឆ្លើយតបទៅនឹងការឈ្លានពានរបស់រុស្ស៊ី នៅឆ្នាំ២០២២លើអ៊ុយក្រែន ប្រទេសហ្វាំងឡង់បានចូលរួមជាមួយអង្គការណាតូ ហើយស៊ុយអែត ក៏កំពុងធ្វើដូចគ្នានេះ។ អង្គការណាតូ កំពុងធ្វើសមយុទ្ធយោធាមួយហៅថា ការឆ្លើយតបរបស់អឺរ៉ុបខាងជើង-២០២៤ (Nordic Response 2024) ដែលខ្លួននិយាយថានឹងមានទាហានជាង ២០.០០០ នាក់នៅក្នុងប្រទេសន័រវេស ហ្វាំងឡង់ និងស៊ុយអែត ហើយនឹងផ្តោតលើការការពារសមូហភាព។លោក សយហ្គូ បានប្រាប់បណ្ដាប្រមុខឧត្តមសេនីយដោយមិនបានផ្តល់ព័ត៌មានលម្អិតថា «ដើម្បីទប់ទល់នឹងសក្ដានុពលនៃការកសាងយោធារបស់ណាតូ នៅជិតព្រំដែនរុស្ស៊ី យើងបានចាត់វិធានការដើម្បីពង្រឹងក្រុមទាហាននៅក្នុងទិសដៅយុទ្ធសាស្ត្រភាគខាងជើង និងខាងលិច»។សង្រ្គាមនៅអ៊ុយក្រែន បានបង្កឱ្យមានវិបត្តិដ៏ជ្រៅបំផុតនៅក្នុងទំនាក់ទំនងរបស់រុស្ស៊ី ជាមួយលោកខាងលិច ចាប់តាំងពីវិបត្តិមីស៊ីលគុយបាឆ្នាំ១៩៦២មក ហើយលោកប្រធានាធិបតី វ្ល៉ាឌីមៀ ពូទីន បានព្រមានលោកខាងលិចថា ពួកគេកំពុងប្រថុយនឹងការបង្កសង្គ្រាមនុយក្លេអ៊ែរ ប្រសិនបើកងទ័ពលោកខាងលិចត្រូវបានបញ្ជូនទៅប្រយុទ្ធនៅអ៊ុយក្រែន៕

UNDPថា យុទ្ធសាស្រ្តចក្រាវិស័យបរិស្ថានឆ្នាំ ២០២៣-២០២៨ មានភាពច្បាស់លាស់ និងសាមញ្ញភាពដើម្បីផ្លាស់ប្តូរផ្នត់គំនិតជាវិជ្ជមានឆ្លើយតបនឹងនៃការប្រែប្រួលអាកាសធាតុក្នុងតំបន់

2024/03/06 08:27:33 am        117
ការថ្លែងសរសើររបស់អង្គការកម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ UNDPនេះ ធ្វើឡើងនៅក្នុងជំនួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយរដ្ឋមន្រ្តីក្រសួងបរិស្ថាន នារសៀលថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២៤ នៅទីស្តីការក្រសួងបរិស្ថាន។ លោក គ្រីសស្ទូប ប៉ាហូដ (Christophe Bahuet) នាយកប្រចាំតំបន់នៃកម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ UNDP ថ្លែងឡើងយ៉ាងដូច្នេះ បន្ទាប់ពីលោកទទួលស្តាប់នូវការរៀបរាប់យ៉ាងក្បោះក្បាយរបស់ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថានស្តីពីការងារអាទិភាពរបស់ក្រសួងបរិស្ថានដែលមានយុទ្ធសាស្រ្តចក្រាវិស័យបរិស្ថានឆ្នាំ ២០២៣-២០២៨ ជាត្រីវិស័យចង្អុលបង្ហាញផ្លូវឆ្ពោះទៅរកប្រភពថាមពលស្អាត ដើម្បីធានាចីរភាពនៃការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច និងកសាងភាពធន់ទៅនឹងការប្រែប្រួលអាកាសធាតុ តាមរយៈកិច្ចសហប្រតិបត្តិការ និងការវិនិយោគលើការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធបៃតង។សូមជម្រាបជូនថា ក្រសួងបរិស្ថាន និងUNDP បាននិងកំពុងបន្តកិច្ចសហការជាមួយគ្នា លើគម្រោងកម្មវិធីអភិវឌ្ឍនានាសម្រាប់ប្រទេសកម្ពុជា ដែលបានផ្តោតជាសំខាន់លើសេដ្ឋកិច្ចចក្រា ការអភិវឌ្ឍសហគមន៍តាម-រយៈគម្រោង REDD+ និងការប្រែប្រួលអាកាសធាតុ។ ជាមួយគ្នា UNDP នឹងគាំទ្រយុទ្ធសាស្រ្តជាគន្លឹះរបស់ក្រសួងបរិស្ថាន ដើម្បីទទួលបានភាពជោគជ័យជាមួយគ្នា ក្នុងភាពជាដៃគូអភិវឌ្ឍន៍នៅក្នុងតំបន់៕

សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ជួបពិភាក្សាការងារជាមួយគណៈប្រតិភូនៃសភានិយាយភាសាបារាំង (APF)

2024/03/06 07:57:51 am        147
ទីក្រុងប៉ារីស សាធារណរដ្ឋបារាំង នាថ្ងៃទី៥ ខែមីនា ឆ្នាំ២០២៤ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា បានជួបពិភាក្សាការងារជាមួយលោក ប្រ៊ុយណូ ហ្វូស (Bruno Fuchs) អគ្គប្រតិភូនៃសភានិយាយភាសាបារាំង (APF) និងសហការី ដែលអញ្ជើញមកពីសភានៃបណ្ដាប្រទេសមួយចំនួននិយាយភាសាបារាំង។សម្តេចរដ្ឋភាធិបតី បានសង្កត់ធ្ងន់លើសារសំខាន់នៃកិច្ចសហប្រតិបត្តិការទ្វេភាគី និងពហុភាគី​ក្នុងក្របខណ្ឌនៃសភានិយាយភាសាបារាំង ក្នុងការជំរុញការទូតសភា ដើម្បីសន្តិភាព និងការអភិវឌ្ឍ​ប្រកបដោយចីរភាព រួមទាំងការជំរុញសមភាពយេនឌ័រ ការផ្តល់ភាពអង់អាចដល់ស្រ្តី ការលើក​កម្ពស់​វិស័យវប្បធម៌ និងការយកចិត្តទុកដាក់ដោះស្រាយបញ្ហាបម្រែបម្រួល​អាកាសធាតុ​ជាដើម។ភាគីកម្ពុជាគាំទ្រយ៉ាងពេញទំហឹងលើក្របខណ្ឌការងារយុទ្ធសាស្រ្តរបស់ APF ឆ្នាំ២០២៣ -២០៣០ ក្នុងនោះរួមមានការពង្រឹងការងារការទូតសភា ការគោរពអធិបតេយ្យភាពគ្នាទៅវិញទៅមក ការពង្រឹងឯករាជ្យភាព កិច្ចសហប្រតិបត្តិការ និងការធ្វើសុខដុមនីយកម្មច្បាប់។ក្រោយ ពីបាន អរគុណ APF ដែល បាន ដក សភា កម្ពុជា ចេញ ពី បញ្ជី ស្ថិត នៅ ក្នុង ការ ឃ្លាំ មើល លើ បញ្ហា នយោបាយ កាល ពី ឆ្នាំ ២០២៣មក សម្តេចប្រធានរដ្ឋសភាបានស្នើឱ្យ APF ជួយការងារ មួយ ចំនួន ទៀត នៅ កម្ពុជា ដូច ជាវិស័យសុខាភិបាល ការ បណ្ដុះបណ្ដាល ធនធាន មនុស្ស ផ្នែកភាសា បារាំង នៅ សភា កម្ពុជា និងការងារកំណែទម្រង់ ឱ្យ ទៅ ជា សភា ឌីជីថល។សម្តេចរដ្ឋសភាធិបតី ក៏បានបន្ថែមទៀតថា កម្ពុជាត្រៀមខ្លួនរួចជាស្រេចក្នុងការធ្វើជាស្ពានតភ្ជាប់ភាសានិង វប្បធម៌ បារាំង នៅ អាស៊ីអាគ្នេយ៍ តាមរយៈ ការ គាំទ្រ លើ សំណើ របស់ សម្ដេច មហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃ ព្រះ រាជាណាចក្រកម្ពុជា ឱ្យ បារាំងបង្កើតមជ្ឈមណ្ឌល ភាសា និង វប្បធម៌ បារាំង នៅ កម្ពុជា ប្រចាំ តំបន់ អាស៊ីអាគ្នេយ៍ ។ សម្តេចបវរធិបតី បានជ្រើសរើសប្រទេសបារាំងជាប្រទេសទី១ ក្នុងការមកបំពេញទស្សនកិច្ចជាផ្លូវការ បន្ទាប់ពីបានឡើងកាន់តំណែងជានាយករដ្ឋមន្រ្តី។ លោក ប្រ៊ុយណូ ហ្វូស បានលើកឡើងថា កម្ពុជា ជា ប្រទេស និយាយ ភាសា បារាំង មួយ ដ៏ សំខាន់ សម្រាប់ APF នៅ អាស៊ីអាគ្នេយ៍ និង ជា សមាជិក APF ដ៏សកម្ម ដែល លោក ចង់ ឃើញ មាន កិច្ច សហប្រតិបត្តិការ កាន់ តែ ច្រើន ថែម ទៀត។ លោក បាន គូស បញ្ជាក់ ផង ដែរថា ក្នុង នាម ជា តំណាង រាស្ត្រ សមាជិក APF ត្រូវ តែ យក ការ សន្ទនា ជា មួយ ប្រជា ពលរដ្ឋ ជា ចំបង ទោះបី ជា ក្នុង ករណីខ្លះ ទំនាក់ទំនង រវាង រដ្ឋាភិបាល ត្រូវ បាន កាត់ ផ្ដាច់ ក៏ ដោយ ហើយ ថា APF នឹង គាំទ្រ យ៉ាង ពេញ ទំហឹង លើ បេក្ខភាព របស់ កម្ពុជា ក្នុង ការ ធ្វើ ជា ម្ចាស់ ផ្ទះ រៀបចំកិច្ចប្រជុំ កំពូលហ្វ្រង់កូហ្វូនី នៅ ឆ្នាំ ២០២៦។លោកបានបន្ថែមថា APF និងកម្ពុជាអាចធ្វើការជាមួយគ្នាបន្ថែមទៀតទាក់ទងទៅនឹងបញ្ហាប្រឈមស្រដៀងគ្នា ក្នុង បណ្ដា ប្រទេស ជា សមាជិក តួយ៉ាងដូចជា បញ្ហាស្រ្តី ការប្រែប្រួលអាកាសធាតុ ការខ្ជះខ្ជាយចំណីអាហារ និងថ្នាំពេទ្យជាដើម។សូមបញ្ជាក់ថា សភាកម្ពុជាជាសមាជិកមួយ ក្នុង ចំណោម សមាជិកទាំង ៨៧របស់ APF ដែល បាន ចាប់ កំណើត ឡើង នៅ ឆ្នាំ ១៩៦៧ នៅប្រទេស លុចសំបួរ។

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

បាតុកររាប់រយនាក់នៅឥណ្ឌូនេស៊ី គោះឆ្នាំងតវ៉ា ជុំវិញវិបត្តិអត់ឃ្លានកាន់តែខ្លាំងនៅតំបន់ហ្កាហ្សា
07/27/2025 05:07 PM
ក្រសួងការពារជាតិ នៅតែហួសចិត្តចំពោះភាគីថៃ បន្តចោទកម្ពុជាថា ជាអ្នកបង្កហេតុមុន ខណៈថៃខ្លួនឯង ជាចោរឈ្លានពានមកលើកម្ពុជាសោះ
07/27/2025 05:07 PM
ចំហេះព្រៃកំពុងគំរាមកំហែងទីក្រុងធំបំផុតទីបួនរបស់ទួរគី ខណៈអ្នកស្រុកសម្រុកជម្លៀសខ្លួនចេញ
07/27/2025 05:07 PM
ACCD អំពាវនាវដល់ពលរដ្ឋ និងអ្នកយកសារព័ត៌មាន កុំថត ចែករំលែក ឬបង្ហោះរូបភាព ឬវីដេអូទីតាំងឈរជើង ចល័តកងទ័ព ឬសកម្មភាពកងទ័ព
07/27/2025 04:07 PM
ប្រជាពលរដ្ឋខ្មែរប្រមាណ ៥០០នាក់នៅប្រទេសជប៉ុនប្រមូលផ្តុំតវ៉ា និងថ្កោលទោស​ប្រឆាំង​ការ​ឈ្លាន​ពាន​របស់​ចោរសៀមលើអធិបតេយ្យភាពកម្ពុជា
07/27/2025 04:07 PM
ប្រជាជនហ្កាហ្សា អំពាវនាវឱ្យមានបទឈប់បាញ់ពេញលេញ ក្រោយអ៊ីស្រាអែល ប្រកាសផ្អាកប្រយុទ្ធតាមកន្លែង
07/27/2025 04:07 PM
រុស្ស៊ី ចាប់ផ្តើមជើងហោះហើរដឹកអ្នកដំណើរត្រង់ពីក្រុងមូស្គូ-ព្យុងយ៉ាង ជាលើកដំបូងក្នុងពេលច្រើនទសវត្សរ៍
07/27/2025 04:07 PM
រុស្ស៊ី ចោទអ៊ុយក្រែន និងសម្ព័ន្ធមិត្តលោកខាងលិចថាបដិសេធការទូតដើម្បីដោះស្រាយជម្លោះ
07/27/2025 03:07 PM
នគរបាល៖ មនុស្សជាង ១០នាក់ ត្រូវចាក់ឱ្យរបួសនៅហាង Walmart ក្នុងរដ្ឋ Michigan សហរដ្ឋអាមេរិក
07/27/2025 03:07 PM
ប្រជាពលរដ្ឋខ្មែរប្រមាណ១ម៉ឺននាក់ រស់​នៅទីក្រុងសេអ៊ូល ប្រទេសកូរ៉េ ប្រមូលផ្តុំសម្ដែងការតវ៉ា និងថ្កោលទោសប្រឆាំងការឈ្លានពានរបស់ចោរសៀម មកលើអធិបតេយ្យភាពកម្ពុជា
07/27/2025 03:07 PM