សម្ដេចធិបតី៖ រាជរដ្ឋាភិបាល និងមហាគ្រួសារខ្មែរ​នៅ​ជាមួយ​កងទ័ព​ជួរ​មុខ​គាំទ្រ​គ្រប់​មធ្យោបាយ​ទាំង​អស់
សម្ដេចធិបតី ដឹកនាំគណៈប្រតិភូចូលក្រាបបង្គំគាល់ព្រះករុណា ព្រះមហាក្សត្រ ទូលថ្វាយលទ្ធផលចុះបញ្ជីបូជនីយដ្ឋានចងចាំនៃកម្ពុជា ក្នុងបញ្ជីបេតិកភណ្ឌពិភពលោក
សភាតំណាងប្រជាជនចិនចាត់ទុកសម្តេចតេជោ ជាតួអង្គសំខាន់បន្ត​ពីព្រះបរម​រតនកោដ្ឋ​ក្នុង​ការ​ពូន​ជ្រំ​ទំនាក់ទំនងរវាងកម្ពុជា និងចិន
សម្តេចតេជោអនុញ្ញាតឱ្យសមាជិកគណៈកម្មាធិការអចិន្ត្រៃយ៍សភាប្រជាជនចិនជួបសម្តែងការគួរសម

នយោបាយ​ និង ការអភិវឌ្ឍន៍

រដ្ឋមន្ត្រីការបរទេសអាល្លឺមង់ ជំរុញអ៊ីស្រាអែលឲ្យគោរពសិទ្ធិមនុស្ស នៅក្នុងការវាយលុកតំបន់ហ្កាហ្សា

2024/02/27 11:58:59 am        82
រដ្ឋមន្ត្រីការបរទេសអាល្លឺម៉ង់ លោកស្រី អាណាឡេណា បែបក់ ( Annalena Baerbock) ជាថ្មីម្តងទៀតបានជំរុញឲ្យរដ្ឋាភិបាលអ៊ីស្រាអែលគោរពតាមច្បាប់មនុស្សធម៌អន្តរជាតិក្នុងសង្គ្រាមរបស់ខ្លួន នៅតំបន់ហ្កាហ្សា ដោយមើលឃើញពីស្ថានភាពមហន្តរាយនៃប្រជាជនស៊ីវិល។លោកស្រីបែបក់ បានថ្លែងនៅកិច្ចប្រជុំនិទាឃរដូវរបស់ក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិ នៅទីក្រុងហ្សឺណែវកាលពីថ្ងៃចន្ទថា៖«ដូចប្រទេសផ្សេងទៀតក្នុងពិភពលោកដែរ អ៊ីស្រាអែលមានសិទ្ធិការពារខ្លួន។ ដូចប្រទេសផ្សេងទៀតក្នុងពិភពលោកដែរ ប្រទេសនេះ ត្រូវតែធ្វើដូច្នេះក្នុងក្របខ័ណ្ឌនៃច្បាប់មនុស្សធម៌អន្តរជាតិ និងច្បាប់សិទ្ធិមនុស្ស»។លោកស្រី បានបញ្ជាក់ថា ប្រទេសអាល្លឺម៉ង់ កំពុងធ្វើការជាបន្តបន្ទាប់ ដើម្បីគាំទ្រដល់បទឈប់បាញ់មនុស្សធម៌។ លោកស្រីបានបន្ថែមថា៖«ស្ថានភាពមនុស្សធម៌នៅតំបន់ហ្កាហ្សា គឺជាមហន្តរាយយ៉ាងច្បាស់»។លោក បាននិយាយទៀតថា៖ ម្តាយរត់ចេញពីការប្រយុទ្ធគ្នា អូសកូនយំរបស់ពួកគេពីក្រោយដោយភាពភ័យស្លន់ស្លោ និងអស់សង្ឃឹម។ កុមារកំព្រា វង្វេងផ្ទះរបស់ពួកគេគ្មានគោលដៅ ដើរដោយជើងទទេរ ស្រែកឃ្លាន និងឯកោ។លោកស្រីរដ្ឋមន្ត្រីអាល្លឺម៉ង់រូបនេះ ក៏បានជំរុញឲ្យក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិ បន្តអាណត្តិរបស់ខ្លួន ក្នុងការស៊ើបអង្កេតព្រឹត្តិការណ៍នៅក្នុងប្រទេសអ៊ីរ៉ង់ បន្ទាប់ពីការបង្ក្រាបដោយហិង្សាទៅលើការតវ៉ា នៅក្នុងប្រទេសនេះ។

ការចុះចតលើឋានព្រះចន្ទ ធ្វើឱ្យក្រុមហ៊ុនដែលចាប់ផ្តើមអាជីវកម្មអវកាស ទទួលបានការចាប់អារម្មណ៍

2024/02/27 11:53:27 am        159
ចំណាប់អារម្មណ៍លើក្រុមហ៊ុនដែលចាប់ផ្ដើមអាជីវកម្មអវកាស បានកើនឡើងបន្ទាប់ពីក្រុមហ៊ុន អ៊ីនធូអ៊ីធីវ ម៉ាស៊ីនស៍ (Intuitive Machines) បានក្លាយជាក្រុមហ៊ុនឯកជនដំបូងគេដែលទទួលបានជោគជ័យក្នុងការចុះចតយានអវកាសនៅលើឋានព្រះចន្ទ នៅក្នុងការចុះចតជាលើកដំបូងរបស់សហរដ្ឋអាមេរិកលើផ្ទៃព្រះចន្ទ ក្នុងរយៈពេលជាងកន្លះសតវត្ស។ទោះបីជាយានចុះចតបានងាកទៅចំហៀងលើផ្ទៃព្រះចន្ទក៏ដោយ ក៏ក្រុមហ៊ុននេះទំនងជានឹងបញ្ចប់បេសកកម្មរបស់ខ្លួន ហើយនិងបង្ហាញពីសមត្ថភាពនៃក្រុមហ៊ុនដែលចាប់ផ្តើមអាជីវកម្មបែបនេះ។ការថយចុះតម្លៃនៃការបាញ់បង្ហោះរ៉ូកែត កំពុងជំរុញឱ្យមានការរីកដុះដាលនៅក្នុងឧស្សាហកម្មអវកាសឯកជន ដែលអាចឈានដល់ប្រហែល ៧៧០ ពាន់លានដុល្លារនៅឆ្នាំ២០២៧ ដោយមានការប៉ាន់ប្រមាណថាក្រុមហ៊ុនអវកាសថ្មីៗ អាចមានចំណែកទីផ្សារដ៏ធំ។ក្រុមហ៊ុនជាច្រើនរួមមាន ក្រុមហ៊ុន អ៊ីនធូអ៊ីធីវ ម៉ាស៊ីនស៍ ក្រុមហ៊ុន ស្ពេសអ៊ិច (SpaceX) និងក្រុមហ៊ុន រ៉ូកែត លែប (Rocket Lab) កំពុងខិតខំឆ្ពោះទៅរកឱកាសបែបនេះ។ គោលដៅរយៈពេលវែងរបស់ពួកគេគឺអភិវឌ្ឍយានចុះចតព្រះចន្ទ និងការចុះចតនៅលើភពព្រះអង្គារ ជាមួយនឹងផែនការបង្កើតអាណានិគមប្រកបដោយនិរន្តរភាពនៅលើភពអង្គារ និងកាត់បន្ថយថ្លៃដឹកជញ្ជូនទៅកាន់លំហ៕

សម្ដេចធិបតី និងនាយករដ្ឋមន្ត្រីម៉ាឡេស៊ី ឯកភាពពង្រឹងទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការ លើវិស័យជាច្រើន

2024/02/27 11:53:26 am        207
សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃកម្ពុជា និងឯកឧត្តម ដាតុស៊េរី អាន់វ៉ាអ៊ីប្រាហ៊ឹម នាយករដ្ឋមន្ត្រី នៃប្រទេសម៉ាឡេស៊ី បានឯកភាពពង្រឹងទំនាក់ទំនងដ៏យូរលង់ រវាង​ប្រទេសទាំងពីរ​ឱ្យកាន់​តែស៊ី​ជម្រៅថែមទៀតទាំង ក្នុងក្របខ័ណ្ឌទ្វេភាគី និងពហុភាគី ដើម្បីផលប្រយោជន៍របស់ប្រទេសទាំងពីរ និង​តំបន់។ការឯកភាពគ្នារបស់ថ្នាក់ដឹកនាំកំពូលនៃប្រទេសទាំងពីរ បានបង្ហាញ​តាមរយៈ​សន្និសីទ​រួមគ្នា​រវាង​សម្តេច​មហា​បវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ជាមួយឯកឧត្តម ដាតុស៊េរី អាន់វ៉ាអ៊ី​ប្រាហ៊ឹម នាយករដ្ឋមន្ត្រី នៃប្រទេសម៉ាឡេស៊ី ក្នុងឱកាស​ដំណើរ​ទស្សនកិច្ច​ផ្លូវការ​របស់​សម្ដេច​ធិបតី​ ទៅកាន់ប្រទេសម៉ាឡេស៊ី នៅថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ ២០២៤នេះ។ក្នុងឱកាសសន្និសីទនេះ សម្ដេចធិបតី នាយករដ្ឋមន្រ្ដី បានថ្លែងអំណរគុណចំពោះប្រទេសម៉ាឡេស៊ី ដែល​បាន​សម្របសម្រួលជួយមើលថែដល់ពលករកម្ពុជា និងនិស្សិតកម្ពុជាដែលកំពុងរស់នៅ និង​សិក្សា​នៅ​ប្រទេស​ម៉ាឡេស៊ី។សម្ដេចធិបតី បានលើឡើងពីកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរនាពេលកន្លងមក ដែល​កម្ពុជា​ម៉ាឡេស៊ី បានចូលរួមក្នុងកិច្ចការរក្សាសន្ដិភាព ជាមួយអង្គការសហប្រជាជាតិ (UN)។ ទន្ទឹម​ជាមួយ​គ្នា​នោះ សម្ដេចធិបតី ក៏បានលើកឡើងអំពីកិច្ចសហប្រតិបត្តិការ និងទំនាក់​ទំនង​លើវិស័យ​មូស្លីម​រវាង​ប្រទេស​ទាំង​ពីរ​ផងដែរ។ សម្ដេចធិបតី បានជំរុញលើការពង្រឹងទំនាក់ទំនងលើវិស័យនេះបន្ថែមទៀត។ចំពោះ​កិច្ចសហប្រតិបត្តិការលើផ្នែកសេដ្ឋកិច្ច និង​ពាណិជ្ជកម្ម​នាយករដ្ឋមន្រ្ដី​នៃ​ប្រទេស​ទាំងពីរ​បាន​ឯកភាព​ជំរុញកិច្ចសហប្រតិបត្តិការលើវិស័យជាច្រើន ដែល​ផ្តល់​ប្រយោជន៍​ទៅ​វិញ​ទៅ​មក​ដល់​ប្រទេស​ទាំង​ពីរ​រួម​មាន នយោបាយ-សន្តិសុខ ពាណិជ្ជកម្ម និងវិនិយោគ ទេសចរណ៍ ការងារ ឧស្សាហកម្មអាហារ ហាឡាល់ ទូរគមនាគមន៍ និងបច្ចេកវិទ្យាព័ត៌មាន បច្ចេកវិទ្យាឌីជីថល និងសន្តិសុខថាមពលជាដើម។បន្ទាប់​មក​នាយករដ្ឋមន្ត្រីទាំងពីរក៏បានអញ្ជើញជាអធិបតី​ក្នុង​ពិធី​ចុះហត្ថ​លេខា​លើ​អនុស្សរណៈ​នៃ​ការ​យោគយល់​គ្នា រវាងធនាគារជាតិនៃកម្ពុជា និងធនាគារកណ្ដាលម៉ាឡេស៊ី ស្ដីពីកិច្ច​សហប្រតិបត្តិការ​ផ្នែក​នវានុវត្តន៍​ហិរញ្ញវត្ថុ និងប្រព័ន្ធទូទាត់សងប្រាក់។ ក្នុងឱកាសនៃដំណើរទស្សនកិច្ចនេះសម្តេចធិបតី ក៏នឹង​អញ្ជើញ​ចូលរួមវេទិកាធុរកិច្ចកម្ពុជា-ម៉ាឡេស៊ី ដោយថ្លែងសុន្ទរកថាគន្លឹះ និងធ្វើជាសាក្សី​ក្នុង​ពិធី​ចុះហត្ថ​លេខា​លើ​អនុស្សរណៈនៃការយោគយល់គ្នាចំនួន២ ពាក់ព័ន្ធនឹងកិ​ច្ច​សហប្រតិបត្តិការ​ពាណិជ្ជកម្ម​រវាង​សភា​ពាណិជ្ជកម្ម​នៃប្រទេសទាំងពីរ។សូមជម្របថា ក្នុងអំឡុងពេលនៃដំណើរទស្សនកិច្ចផ្លូវការនេះសម្ដេចធិបតីនឹងចូលក្រាបបង្គំគាល់ព្រះចៅ ស៊ុលតង់ ស៊ីកានដា ព្រះមហាក្សត្រនៃប្រទេសម៉ាឡេស៊ី នៅព្រះបរមរាជវាំង និងមានជំនួប​ជាមួយ​ប្រធាន​ព្រឹទ្ធសភា និងប្រធានរដ្ឋសភាម៉ាឡេស៊ី នៅវិមានរដ្ឋសភាផងដែរ។ ជារួម​តាម​រយៈ​ដំណើរ​ទស្សន​កិច្ច​ផ្លូវ​ការ​របស់​សម្ដេចធិបតី ទៅកាន់ប្រទេសម៉ាឡេស៊ីនា​ពេលនេះ​បាន​រួម​ចំណែក​ក្នុង​ការ​ធ្វើ​ឱ្យទំនាក់​ទំនង​ដ៏​យូរ​លង់​រវាង​កម្ពុជា និងម៉ាឡេស៊ីកាន់តែស៊ីជម្រៅថែមទៀតទាំងក្នុងក្របខ័ណ្ឌទ្វេភាគី និងពហុភាគី ដើម្បីផល​ប្រយោជ​ន៍​របស់ប្រទេសទាំងពីរ និងតំបន់៕ អត្ថបទ៖ វ៉ន ដារ៉ា

គិលានុបដ្ឋាយិកាកូរ៉េខាងត្បូង នឹងរ៉ាប់រងការងារវេជ្ជសាស្រ្តបន្ថែមទៀត ដោយសារគ្រូពេទ្យបន្តតវ៉ា

2024/02/27 11:48:26 am        111
រដ្ឋមន្ត្រីសុខាភិបាលកូរ៉េខាងត្បូងបាននិយាយនៅថ្ងៃអង្គារ (២៧ កុម្ភៈ) នេះថាគិលានុបដ្ឋាយិកាកូរ៉េខាងត្បូង ត្រូវបានផ្តល់ការការពារផ្លូវច្បាប់ដើម្បីអនុវត្តនីតិវិធីវេជ្ជសាស្រ្តមួយចំនួន ដែលជាធម្មតាធ្វើឡើងដោយវេជ្ជបណ្ឌិត ខណៈអាជ្ញាធរព្យាយាមបន្ធូរបន្ថយបន្ទុកលើបុគ្គលិកមន្ទីរពេទ្យ ដែលបណ្តាលមកពីការតវ៉ាដើរចេញពីការងាររបស់គ្រូពេទ្យហាត់ការ។គិលានុបដ្ឋាយិកាបានត្អូញត្អែរអំពីហានិភ័យផ្នែកច្បាប់ និងបន្ទុកការងារកាន់តែធ្ងន់ធ្ងរដែលពួកគេប្រឈមមុខ បន្ទាប់ពីក្រុមគ្រូពេទ្យកម្មសិក្សាការី បានឈប់ពីការងារកាលពីសប្តាហ៍មុនដើម្បីតវ៉ាប្រឆាំងនឹងផែនការរបស់រដ្ឋាភិបាលក្នុងការបង្កើនចំនួននៃការចូលរៀននៅសាលាវេជ្ជសាស្ត្រដើម្បីដោះស្រាយបញ្ហាកង្វះវេជ្ជបណ្ឌិត។ជាងពីរភាគបី នៃប្រជាជន និងគ្រូពេទ្យហាត់ការរបស់ប្រទេសនេះបានចាកចេញពីមុខតំណែង ដោយរំខានដល់សេវាកម្មនៅមន្ទីរពេទ្យធំៗ ដែលបន្ទប់សង្គ្រោះបន្ទាន់មិនអើពើនឹងអ្នកជំងឺ ហើយការវះកាត់ និងនីតិវិធីផ្សេងទៀតត្រូវបានលុបចោល ឬពន្យារពេល។រដ្ឋមន្ត្រីក្រសួងសុខាភិបាលលោក ឆូ ខ្យូហុង (Cho Kyoo-hong) បាននិយាយថា រដ្ឋាភិបាលកំពុងដំណើរការកម្មវិធីមួយដែល «ការពារភាពស្របច្បាប់នៃគិលានុបដ្ឋាយិកាដែលអនុវត្តនីតិវិធីនៅក្នុងស្ថាប័នវេជ្ជសាស្ត្រ» ហើយវិសាលភាពនៃការងារដែលពួកគេអាចអនុវត្តនឹងត្រូវបានកំណត់ដោយមន្ទីរពេទ្យ៕

ប្រមុខកងទ័ពកម្ពុជា៖ កម្ពុជាគ្មានការរាថយក្នុងការបរិច្ចាគកម្លាំងរបស់ខ្លួន សម្រាប់រក្សាសន្តិភាពក្រោមឆត្រUN ឡើយ

2024/02/27 10:35:19 am        288
នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិកម្ពុជា បានអះអាងជាថ្មីម្តង ទៀតថា រាជរដ្ឋាភិបាលកម្ពុជានឹងគ្មានការរាថយនោះឡើយ ចំពោះការបញ្ជូនកងកម្លាំងមួកខៀវរបស់ខ្លួន ទៅ​កាន់​សហគមន៍អន្តរជាតិតាមរយៈអង្គការសហប្រជាជាតិ(UN) បើទោះបី​បច្ចុប្បន្ន​ស្ថានការណ៍​នៅ​ក្នុង​តំបន់​មួយ​ចំនួនកំពុងជួបបញ្ហាអសន្តិសុខក៏ដោយនោះ។ការលើកឡើងរបស់ប្រមុខកងទ័ពកម្ពុជា ជាថ្មីម្តងទៀតនេះ គឺបានធ្វើឡើងនៅចំពោះមុខលោក Joseph Scheuer អ្នកសម្រប​សម្រួល​តំណាង​អង្គការ​សហ​ប្រជាជាតិប្រ​ចាំ​នៅ​កម្ពុជា​ក្នុង​ឱកាស​អញ្ជើញចូល​រួម​ពិធី​ទទួល​ដំណើរ​មាតុភូមិនិវត្តន៍កងអនុសេនាធំវិស្វកម្មពហុជំនាញលេខ៨២៧ និងកងកម្ទេច​គ្រឿង​ផ្ទុះ​លេខ​៩៨ ដែលបានបញ្ចប់បេសកកម្មរក្សាសន្តិភាពក្រោឆត្រអង្គការសហប្រជាជាតិនៅលីបង់ និង​អាហ្វ្រិក​កណ្តាល នាព្រឹកថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៤នេះ នៅទីស្តីការក្រសួងការពារជាតិ។នាយឧត្តមសេនីយ៍ ទៀ សីហា បានលើកឡើងថា រាជរដ្ឋាភិបាលកម្ពុជានីតិកាលទី៧នៃរដ្ឋសភា បាន​ដាក់​ចេញ​កម្ម​វិធីនយោបាយជាអាទិភាពក្នុងការបន្តចូលរួមបេសកកម្មរក្សាសន្តិភាព នៅក្នុងក្របខណ្ឌ អង្គការ​សហ​ប្រជាជាតិ ដើម្បីរួមចំណែកជាមួយសហគមន៍អន្តរជាតិ ស្វែងរកសន្តិភាពជូនប្រទេសដទៃនៅ លើពិភព​លោក ដែលប្រជាជនកំពុងតែរងគ្រោះ រងទុក្ខលំបាកដោយសារសង្រ្គាម។នាយឧត្តមសេនីយ៍ ទៀ សីហា បានបញ្ជាក់ថា«ទោះបីស្ថានការណ៍សន្តិសុខក្នុងតំបន់បេសកកម្ម ដែល​កម្លាំង​រក្សា​សន្តិភាពកម្ពុជាឈរជើងបាននិងកំពុងប្រឈមជារៀងរាល់ថ្ងៃ ជាលក្ខណៈ​ប្រពៃណីផង និង​មិន​ប្រពៃណី​ផង ដែលបង្កឡើងដោយតួអង្គមិនមែនរដ្ឋ, ការយុទ្ធប៉ះទង្គិចគ្នារវាងក្រុមប្រដាប់អាវុធនា នាការ​វាយ​ប្រហារ ពួនស្ទាក់ ឬគ្រោះថ្នាក់ដោយជំងឺឆ្លង និងជំងឺកាចសាហាវនានាក្តី ប៉ុន្តែរាជរដ្ឋាភិបាល កម្ពុជា​នៅ​តែប​ន្ត​បរិច្ចាគកម្លាំងចូលរួមបេសកកម្មរក្សាសន្តិភាព អង្គការសហប្រជាជាតិ ដើម្បីរួមវិភាគទាន ដល់​កិច្ច​ប្រឹងប្រែង​របស់​សហគមន៍អន្តរជាតិ ដើម្បីបុព្វហេតុសន្តិភាព សន្តិសុខ និងមនុស្សធម៌ពិភពលោក»។នាយឧត្តមសេនីយ៍ឧបនាយករដ្ឋមន្រ្តី បានបន្ថែមទៀតថា រាជរដ្ឋាភិបាល​ខិតខំ​លើក​កម្ពស់​កិត្តិយស​កម្ពុជា​ដើរ​តួនាទី​ឲ្យកាន់តែសកម្មបន្ថែមទៀត ដោយស្មើភាព ស្មើសិទ្ធិជាមួយប្រទេសនានានៅ គ្រប់កិច្ចការ​ក្នុង​តំបន់ និងនៅលើឆាកអន្តរជាតិ ដែលជាឧត្តមភាពដ៏ចាំបាច់បំផុតដល់កិច្ចអភិវឌ្ឍប្រទេសជាតិ និង​បាន​ប្តេជ្ញា​ចិត្ត​បញ្ជូន​កងរក្សាសន្តិភាពកម្ពុជាក្នុងបេសកកម្ម ជាសេនាធិការសង្កេតការណ៍យោធា និងមេបញ្ជា​ការ​ជានារី​រហូត​ដល់​ ២០ភាគរយ តាមសំណូមពររបស់អង្គការសហប្រជាជាតិ និងបានខិតខំកែ លម្អ​ការងារ​គ្រប់គ្រង ពង្រឹងសមត្ថភាពធនធានមនុស្ស បង្កើនចំនួនចូលរួមជាស្រ្តីឲ្យស្របទៅនឹងទស្សនៈ យ៉ែនឌ័រ បញ្ចូលគ្នានៅក្នុងប្រតិបត្តិការរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិជាដើម។ នៅក្នុងឱកាសនោះដែរ នាយឧត្តមសេនីយ៍ ទៀ សីហា ក៏បានឆ្លៀតឱកាសថ្លែងអំណរគុណ និង វាយ​តម្លៃ​ខ្ពស់​ចំពោះកងអនុសេនាធំវិស្វកម្មពហុជំនាញលេខ៨២៧ និងកងកម្ទេចគ្រឿងផ្ទុះលេខ៩៨ និង កង​កម្លាំង​មុន​ៗ​ទៀត ពិតជាបានបង្ហាញពីកិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជាក្នុងការពង្រឹង និងពង្រីកកិច្ច សហ​ប្រតិបត្តិការល្អជាមួយប្រជាជាតិទូទាំងពិភពលោក ដើម្បីរួមចំណែកដល់សន្តិភាព សន្តិសុខ ស្ថិរភាព ការ​អភិវឌ្ឍ​ប្រកប​ដោយចីរភាព និងវិបុលភាពរបស់ពិភពលោកផងដែរ៕ អត្ថបទ៖ បាន ចក់

ប្រមុខ UN រិះគន់ពីភាពគ្មានបានការ និងការជាប់គាំង របស់ស្ថាប័នរំសាយអាវុធសកល

2024/02/27 10:21:58 am        205
អគ្គលេខាធិការអង្គការសហប្រជាជាតិលោក អង់តូនីញ៉ូ ហ្គុយតឺរ៉េស (Antonio Guterres) បានប្រាប់ស្ថាប័នចរចារកំពូលស្តីពីការរំសាយអាវុធរបស់ពិភពលោក កាលពីថ្ងៃចន្ទ (២៦ កុម្ភៈ) ថាខ្លួនចាំបាច់ត្រូវធ្វើកំណែទម្រង់ជាបន្ទាន់ ដោយចោទប្រកាន់ថាស្ថាប័ននេះមិនប្រើអំណាចខ្លួន និងបរាជ័យក្នុងការបង្ខំប្រទេសនានាឱ្យកាត់បន្ថយឃ្លាំងអាវុធ។ថ្លែងទៅកាន់សន្និសិទស្តីពីការរំសាយអាវុធនៅទីក្រុងហ្សឺណែវ លោក ហ្គុយតឺរ៉េស បាននិយាយថា ការបរាជ័យរបស់ស្ថាប័នក្នុងការបំពេញអាណត្តិរបស់ខ្លួន បានបង្កើតបរិយាកាសនៃការប្រមាថមើលងាយលើតម្លៃនៃការព្យាយាមឈានដល់កិច្ចព្រមព្រៀងរំសាយអាវុធពហុភាគី។លោកបានបន្ថែមថា «ភាពគ្មានបានការ និងភាពជាប់គាំងរបស់ស្ថានប័នរំសាយអាវុធ គឺជាអ្វីដែលមិនអាចទទួលយកបានទេ ហើយសន្និសីទនេះត្រូវតែកែទម្រង់ជាបន្ទាន់»។ អគ្គលេខាធិការអង្គការសហប្រជាជាតិរូបនេះមិនបានលើកឡើងពីកិច្ចខិតខំប្រឹងប្រែងចរចាជាក់លាក់ ឬផ្តល់ព័ត៌មានលម្អិតបន្ថែមទៀតអំពីកំណែទម្រង់បែបណាដែលត្រូវការនោះទេ។សន្និសីទនេះត្រូវបានបង្កើតឡើងក្នុងឆ្នាំ១៩៧៩ ហើយត្រូវបានត្រួតពិនិត្យដោយការិយាល័យអង្គការសហប្រជាជាតិសម្រាប់កិច្ចការរំសាយអាវុធ (UNODA) ហើយស្ថាប័ននេះមានរដ្ឋជាសមាជិកចំនួន ៦៥ រួមទាំងសហរដ្ឋអាមេរិក ចិន និងរុស្ស៊ី៕

សម្តេចធិបតី៖ ការរីកចម្រើននៃទីក្រុង នឹងរួមចំណែកយ៉ាងសំខាន់​ទៅដល់​ការអភិវឌ្ឍ​វិស័យ​ទេសចរណ៍

2024/02/27 09:59:07 am        290
សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា និងជាប្រធានកិត្តិយស នៃ​គណៈកម្មាធិការ​ជាតិ​វាយ​តម្លៃទីក្រុងស្អាត បានថ្លែងថាការរីកចម្រើននៃទីក្រុង នឹងចូល​រួមចំណែក​យ៉ាង​សំខាន់​ទៅ​ដល់​ការអ​ភិវឌ្ឍ​វិស័យ​ទេសចរណ៍ ហើយរាជរដ្ឋាភិបាលអំពាវនាវដល់ភាគីពាក់ព័ន្ធទាំងអស់ត្រូវបន្តលើកកម្ពស់ទីប្រជុំជន ទីក្រុង​ប្រកបដោយនិរន្តរភាព ការទទួលខុសត្រូវ និងបរិយាបន្ន ព្រម​ទាំង​ការ​ជំរុញ​ការ​ផ្តល់​សេវា​កម្ម​ប្រកប​ដោយ​សុវត្ថិភាព និងបដិសណ្ឋារកិច្ចល្អផងដែរ។ក្នុងឱកាសអបអរសាទរទិវាទីក្រុងស្អាត លើកទី១២ ឆ្នាំ២០២៤ក្រោមប្រធានបទ«ទីក្រុងស្អាត ដើម្បី​ទេសចរណ៍»នាថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៤នេះ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី បាន​បញ្ជាក់​ថា ទីក្រុងស្អាតគឺជាការចាំបាច់បំផុត ដែលនឹងធ្វើឲ្យវិស័យទេសចរណ៍កាន់តែរីកចម្រើនបន្ថែម ទៀត «ដោយហេតុថាទីក្រុងគឺជាបណ្តុំសម្រាប់ការរស់នៅ ការសម្រាកលម្ហែ សកម្មភាពទេសចរណ៍ ពាណិជ្ជកម្ម សេដ្ឋកិច្ច នយោបាយ និងវប្បធម៌ជាដើម»។ចំណែកឯភាពជោគជ័យនៃវិស័យទេសចរណ៍ ក៏នឹងចូលរួមដល់ការអភិវឌ្ឍទីក្រុងផងដែរ តាមរ​យៈ​កាលា​នុវ​ត្តភាពសេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគគំរូថ្មី នៃការអភិវឌ្ឍនគរូបនីយកម្ម ការអភិរក្សបេតិកភណ្ឌទីក្រុង ការ​គិតគូរពីនរន្តរភាព បរិស្ថាន ភាពស្អាត និងបៃតង ការកសាងហេដ្ឋារចនាសម្ព័ន្ធទទ្រង់ចាំ បាច់​នានា​បម្រើ​ដល់​តម្រូវការរបស់ភ្ញៀវទេចរណ៍ជាដើម ដែលទាំងនេះនឹងជួយជំរុញឲ្យទីក្រុងកាន់តែមាន ភាព​រស់​រវើក មានឧត្តមភាពសម្រាប់ការរស់នៅការប្រកបធុរកិច្ច និងការទស្សនាកម្សាន្ត។ ដោយក្នុងន័យ នេះ ការ​រៀប​ចំនគរូបនីយកម្មនិងការអភិវឌ្ឍទីក្រុង ត្រូវមានការយកចិត្តទុកដាក់លើភាពស្អាត និងបៃតង បរិស្ថាន​ល្អ ហេដ្ឋារចនាសម្ព័ន្ធតភ្ជាប់តាមគ្រប់រូបភាព មានការធានាសន្តិសុខសុវត្ថិភាព ទំនើបកម្ម និងនវានុវត្តន៍ ការ​លើកកម្ពស់សុខុមាលភាពសង្គម ការផ្តល់នូវបដិសណ្ឋារកិច្ចល្អប្រកបដោយភាពរួសរាយ រាក់ទាក់​ដល់​ភ្ញៀវទេសចរជាតិ និងអន្តរជាតិជាដើម។នៅក្នុងសារលិខិតនេះដែរ សម្តេចធិបតី នាយករដ្ឋមន្រ្តី ក៏បានបញ្ជាក់ផងដែរថា ដោយមើល ឃើញពីការ​រួម​ចំណែកយ៉ាងសំខាន់នៃវិស័យទេសចរណ៍ក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសង្គម រាជរដ្ឋាភិបាល អាណត្តិទី៧ បាន​បន្តកំណត់វិស័យទេសចរណ៍ជាវិស័យអាទិភាព នៅក្នុង«យុទ្ធសាស្រ្តបច្ចកោណ-ដំណាក់កាលទី១»។ ក្នុង​នោះបច្ចកោណទី២ បានរំលេចពីភាពចាំបាច់នៃការធ្វើពិពិធកម្មសេដ្ឋកិច្ច និងការ បង្កើនភាព​ប្រកួត​ប្រជែង ដោយបានបញ្ជាក់ពីគោលដៅនៃវិស័យទេសចរណ៍កម្ពុជា ត្រង់មុំទី១ចំណុចទី៥ គឺ«​ការ​បន្ត​លើក​កម្ពស់​វិស័យទេសចរណ៍ ជាពិសេសការបន្តជំរុញការអភិវឌ្ឍទេសចរណ៍វប្បធម៌ និងធម្ម ជាតិដោយ​បន្ថែម​ទេសចរណ៍បៃតង ស្អាត និងវៃឆ្លាត ការជំរុញការបង្កើតប្រភេទផលិតផលទេសចរណ៍ថ្មី ដែល​មាន​តម្លៃ​បន្ថែម​ខ្ពស់ និងទេសចរណ៍ធុរកិច្ច តាមរយៈការលើកកម្ពស់ការអនុវត្ត ក៏ដូចជាការរៀបចំ និងការ​ដាក់​ចេញ​គោល​នយោបាយនិងផែនការមេអភិវឌ្ឍន៍វិស័យទេសចរណ៍នានាផងដែរ។ជាមួយគ្នានោះ​ដែរសម្តេចធិបតី នាយករដ្ឋមន្រ្តី ក៏បានលើកឡើងផងដែរថា ដើម្បីឆ្លើយតប នឹងប្រ ធានបទ «ទីក្រុងស្អាតដើម្បីទេសចរណ៍» ក្នុងនាមរាជរដ្ឋាភិបាលនីតិកាលទី៧នេះ សម្តេចធិបតីក៏ប្រកាស ប្តេជ្ញា​បន្តធ្វើតាមគំរូវីរភាពរបស់សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តី ក្នុងការបន្តស្តារ លើកស្ទួយ និង​អភិវឌ្ឍវិស័យទេសចរណ៍នៅកម្ពុជា ឲ្យកាន់តែរីកចម្រើនបន្ថែមទៀតផងដែរ។យ៉ាងណា​ក៏​ដោយសម្តេចធិបតី ក៏បានអំពាវនាវដល់ភាគីពាក់ព័ន្ធទាំងអស់ ទាំងរដ្ឋ វិស័យឯកជន អង្គការ​សង្គមស៊ីវិល និងជនរួមជាតិទាំងអស់ត្រូវរួមគ្នាបន្តធានាឲ្យបាននូវសន្តិភាព សន្តិសុខ ស្ថិរភាព និង វិបុល​ភាព ដែលជាមូលដ្ឋានគ្រឹះដ៏ចម្បងនិងសំខាន់បំផុត សម្រាប់ការកសាងទីក្រុងស្អាត ផ្សារភ្ជាប់នឹងទី ក្រុង​ឆ្លាត ដែលមានលក្ខណៈប្រកួតប្រជែងសេដ្ឋកិច្ច បរិស្ថានប្រកបដោយចីរភាព និងការទទួលខុសត្រូវ សង្គម​។ ត្រូវរួមគ្នាធ្វើយុទ្ធនាការ«កម្ពុជាស្អាត» យុទ្ធនាការ«សម្អាតទន្លេ សមុទ្រ»និង ចលនាដើម្បីទីក្រុង ស្អាត ដើម្បីជាការទាក់ទាញភ្ញៀវទេសចរណ៍មកកម្ពុជាឲ្យកាន់តែច្រើនជាបន្តបន្ទាប់បន្ថែមទៀតជាដើម៕ អត្ថបទ បាន ចក់

សម្ដេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញដឹកនាំគណៈប្រតិភូបំពេញទស្សនកិច្ចផ្លូវការ នៅប្រទេសម៉ាឡេស៊ី

2024/02/27 09:15:10 am        88
នៅព្រឹកថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៤ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បាន​អញ្ជើញ​ដឹកនាំ​គណៈប្រតិភូ​រាជរដ្ឋាភិបាល​កម្ពុជា​បំពេញ​ទស្សន​កិច្ច​ផ្លូវ​ការ នៅទីក្រុងគូឡាឡាំពួ ប្រទេសម៉ាឡេស៊ី។វត្តមានអញ្ជើញដល់​របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃ​ព្រះរាជា​ណា​ចក្រ​កម្ពុជា និងគណៈប្រតិភូ​ នៅអាកាសយានដ្ឋានអន្តរជាតិ Bunga Raya Complex ទីក្រុង​គូឡាឡាំពួ ប្រទេស​ម៉ាឡេស៊ី ​បានទទួលបដិសណ្ឋារកិច្ចពីសំណាក់ ឯកឧត្តម YB Gobind Singh Deo រដ្ឋមន្ត្រីក្រសួងឌីជីថល។ដំណើរទស្សនកិច្ចផ្លូវការរបស់សម្ដេចនាយករដ្ឋមន្ត្រី​ទៅកាន់ប្រទេសម៉ាឡេស៊ី នៅពេលនេះ​នឹង​រួ​ម​ចំណែក​ធ្វើ​ឱ្យកាន់តែស៊ីជម្រៅថែមទៀតនូវទំនាក់ទំនងដ៏យូរអង្វែងរវាងកម្ពុជា និងម៉ាឡេស៊ី ក្នុង​ក្រប​ខ័ណ្ឌ​ទ្វេភាគី និងពហុភាគី ដើម្បីផលប្រយោជន៍នៃប្រទេសទាំងពីរ និងក្នុងតំបន់។ ដំណើរទស្សនកិច្ចផ្លូវការនាពេលនេះ គឺជាការបន្តបេសកកម្មការទូតក្រៅប្រទេសលើកទី១១ ដែល​ជា​ការ​បន្តបេសកកម្មការទូតឈរលើគោលការណ៍ នៃការរិតចំណងមិត្តភាព និង​កិច្ច​សហប្រតិបត្តិការ ដោយប្រកាន់ខ្ជាប់អធិបតេយ្យភាព និងស្វែងរកផលប្រយោផន៍ជូនជាតិ និង​ប្រជាជន​។ 

ស៊ុយអែត ជម្រះឧបសគ្គចុងក្រោយដើម្បីចូលសម្ព័ន្ធយោធាណាតូ ខណៈហុងគ្រី អនុម័តសមាជិកភាព

2024/02/27 08:30:34 am        154
សភានៃប្រទេសហុងគ្រី បានអនុម័តការចូលជាសមាជិកអង្គការណាតូ របស់ប្រទេសស៊ុយអែត កាលពីថ្ងៃចន្ទ (២៦ កុម្ភៈ) ដោយបានជម្រះឧបសគ្គចុងក្រោយ មុនពេលជំហានប្រវត្តិសាស្ត្រដោយប្រទេសអឺរ៉ុបខាងជើងមួយនេះ ដែលបានរក្សាអព្យាក្រឹតភាពឆ្លងកាត់សង្គ្រាមលោកលើកទី២ និងជម្លោះដ៏ក្ដៅគគុកនៃសង្គ្រាមត្រជាក់។ការបោះឆ្នោតរបស់ប្រទេសហុងគ្រីនេះ បានបញ្ចប់ការពន្យារពេលជាច្រើនខែក្នុងការផ្លាស់ប្តូរគោលនយោបាយសន្តិសុខរបស់ប្រទេសស៊ុយអែត ហើយបានកើតឡើងបន្ទាប់ពីដំណើរទស្សនកិច្ចរបស់នាយករដ្ឋមន្ត្រីស៊ុយអែត លោក អឺហ្វ គ្រីសស្ទើសុន (Ulf Kristersson) កាលពីថ្ងៃសុក្រ ក្នុងអំឡុងពេលដែលប្រទេសទាំងពីរបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងអាវុធ។លោក គ្រីសស្ទើសុន បានប្រាប់សន្និសីទសារព័ត៌មានថា «យើងកំពុងចូលរួមជាមួយអង្គការណាតូ ដើម្បីការពារនូវអ្វីដែលយើងមាន ហើយយើងកំពុងការពារសេរីភាព លទ្ធិប្រជាធិបតេយ្យ និងតម្លៃរបស់យើង រួមជាមួយនឹងអ្នកដទៃទៀត»។ការចូលជាសមាជិកនៃប្រទេសស៊ុយអែត ដែលមិនមានសង្រ្គាមតាំងពីឆ្នាំ១៨១៤មក រួមជាមួយនឹងប្រទេសហ្វាំងឡង់ គឺជាការពង្រីកដ៏សំខាន់បំផុតនៃសម្ព័ន្ធយោធានេះចាប់តាំងពីណាតូ ទទួលយកសមាជិកមកពីអឺរ៉ុបខាងកើត បន្ទាប់ពីសហភាពសូវៀតដួលរលំនៅឆ្នាំ ១៩៩១ មក៕

អង្គការណាតូ និងបណ្តារដ្ឋសហភាពអឺរុប កំពុងពិចារណាបញ្ជូនកម្លាំងទៅកាន់អ៊ុយក្រែន

2024/02/27 08:26:14 am        331
លោកនាយករដ្ឋមន្ត្រីស្លូវ៉ាគី បានអះអាងថាសម្ព័ន្ធយោធាណាតូ និងបណ្ដារដ្ឋជាសមាជិកសហភាពអឺរ៉ុប កំពុងត្រៀមបញ្ជូនកងទ័ពទៅកាន់ប្រទេសអ៊ុយក្រែន។ លោក រ៉ូប៊ើត ហ្វីកូ (Robert Fico)ដែលជាអ្នកគាំទ្ររុស្ស៊ីនិយមមួយរូប ពុំបានផ្ដល់ព័ត៌មានលម្អិតទេថាតើកងទ័ពលោកខាងលិចអាចត្រូវបានបញ្ជូនទៅអ៊ុយក្រែនដោយវិធីណា ហើយក្រុមអ្នកវិភាគ បាននិយាយថាលោកប្រហែលជាកំពុងព្យាយាមទប់ស្កាត់កុំឲ្យបញ្ហាកាន់តែធ្ងន់ធ្ងរ។ ថ្លែងមុនកិច្ចប្រជុំមេដឹកនាំសហភាពអឺរ៉ុបដែលបានរៀបចំណឡើងយ៉ាងតក់ក្រហល់ ក្នុងទីក្រុងប៉ារីស ដោយសារតែ អ្វីមួយដែលក្រុមទីប្រឹក្សារបស់លោកបាននិយាយថា គឺមានការកើនឡើងកាន់តែខ្លាំង ក្នុងសកម្មភាពឈ្លានពានរបស់រុស្ស៊ី ក្នុងរយៈពេលប៉ុន្មានសប្ដាហ៍កន្លងទៅនេះ ។លោក Fico បានប្រាប់សន្និសីទសារព័ត៌មានតាមទូរទស្សន៍មួយក្រោយកិច្ចប្រជុំក្រុមប្រឹក្សាសន្តិសុខរបស់ស្លូវ៉ាគី ថា ជំនួបនេះ បង្ហាញថា រដ្ឋជាសមាជិកសម្ព័ន្ធយោធាណាតូ និងសហភាពអឺរ៉ុប មួយចំនួនកំពុងពិចារណាថាពួកគេនឹងបញ្ជូនកងទ័ពរបស់ខ្លួនទៅកាន់អ៊ុយក្រែនផ្នែកលើមូលដ្ឋានទ្វេភាគី។ លោកបាននិយាយថា ខ្ញុំមិនអាចនិយាយបានថាសម្រាប់គោលបំណងអ្វី និងអ្វីដែលពួកគេគួរតែធ្វើនៅទីនោះទេ ដោយលោកបានបន្ថែមថា ស្លូវ៉ាគី ដែលជាសមាជិកនៃសហភាពអឺរ៉ុប និងណាតូ នឹងមិនបញ្ជូនទាហានទៅអ៊ុយក្រែនទេ។ លោក Fico ដែលត្រូវបានជាប់ឆ្នោតកាលពីខែតុលាឆ្នាំមុនបាននិយាយថា ជំហាននេះអាចប្រឈមនឹងការកើនឡើងនៃជម្លោះនៅក្នុងប្រទេសអ៊ុយក្រែន ប៉ុន្តែមិនអាចផ្តល់ព័ត៌មានបន្ថែមបានទេ។សម្ព័ន្ធមិត្តណាតូបានចំណាយប្រាក់រាប់ពាន់លានផោនក្នុងការផ្តល់អាវុធដល់ទីក្រុង Kyiv និងកំពុងបណ្តុះបណ្តាលកងកម្លាំងអ៊ុយក្រែននៅលោកខាងលិច ប៉ុន្តែកន្លងមកបណ្ដារដ្ឋធានីរបស់លោកខាងលិចបានបដិសេធមិនពិចារណាលើការបញ្ជូនកងទ័ពទៅអ៊ុយក្រែនទេ ដើម្បីជៀសវាងការលូកដៃចូលទៅក្នុងជម្លោះដោយផ្ទាល់ជាមួយរុស្ស៊ី៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

អាមេរិក៖ ខ្លួនមិនប្រញាប់ប្រញាល់ចុះកិច្ចព្រមព្រៀងពាណិជ្ជកម្មនៅមុនពេលកំណត់ខែសីហានោះទេ
07/22/2025 10:07 AM
ជនស៊ីវិលកុលសម្ព័ន្ធ Bedouin ត្រូវបានជម្លៀសចេញពីទីក្រុង Sweida ប្រទេសស៊ីរី
07/22/2025 10:07 AM
កិច្ចពិភាក្សាបទឈប់បាញ់ហ្កាហ្សា កំពុងយឺតយ៉ាវ ខណៈអ្នកចរចាហាម៉ាស មិនអាចទាក់ទងមេដឹកនាំក្រុមនេះបាន
07/22/2025 10:07 AM
មន្ត្រី​ជំនាញ​ចុះឃាត់រថយន្ត១គ្រឿង ដឹកសាច់បង្កកជិត ៤ពាន់គីឡូក្រាមចេញពីវៀតណាម
07/22/2025 10:07 AM
រុស្ស៊ី ព្រមានពីផ្លូវដ៏វែងឆ្ងាយឆ្ពោះទៅរកកិច្ចចរចាសន្តិភាពអ៊ុយក្រែន
07/22/2025 09:07 AM
រុស្ស៊ី បាញ់ស្រោចមីស៊ីលលើអ៊ុយក្រែន ខណៈយានដ្រូនរបស់ទីក្រុង Kyiv បង្កការរំខានដល់អាកាសយានដ្ឋានទីក្រុងមូស្គូ
07/22/2025 09:07 AM
លោក Zelenskyy និយាយថា ជុំថ្មីនៃកិច្ចចរចាសន្តិភាពរុស្ស៊ី-អ៊ុយក្រែន នឹងត្រូវបានកំណត់នៅថ្ងៃពុធសប្ដាហ៍នេះ
07/22/2025 09:07 AM
ប្លុកអឺរ៉ុប ត្រៀមជម្រើសសងសឹកយ៉ាងទូលំទូលាយប្រឆាំងនឹងការគំរាមកំហែងពន្ធរបស់លោក Trump
07/22/2025 09:07 AM
UN៖ ជីវិតទារកហ្កាហ្សា រងការគំរាមកំហែង ស្របពេលការខ្វះខាតស្បៀងអាហារដ៏គ្រោះថ្នាក់
07/22/2025 09:07 AM
អគ្គិសនីកម្ពុជា នឹងដាក់ដំណើរការបញ្ជូនចរន្តអគ្គិសនីឆ្លងកាត់ ខ្សែបណ្តាញបញ្ជូន២៣០គីឡូវ៉ុល ដែលសាងសង់រួច ចាប់ពីខេត្តមណ្ឌលគីរី ឆ្លងកាត់ខេត្តក្រចេះ មកខេត្តត្បូងឃ្មុំ
07/22/2025 09:07 AM