សម្ដេចធិបតី ហ៊ុន ម៉ាណែត៖ អាទិភាពរបស់រាជរដ្ឋាភិបាល​ គឺ ប្រទេសជាតិ​,​ប្រជាជន, ទឹកដី និង​ ឯករាជ្យភាពជាតិ
សម្ដេចធិបតី៖ យុទ្ធនាការកម្ចាត់ Online Scams ប៉ុន្មានខែចុងក្រោយនេះ បានស្ដារមុខមាត់កម្ពុជាមកវិញ
សម្ដេចធិបតី៖ កម្ពុជាជាសមាជិក WTO មិនអាចហាមឃាត់ការនាំចូលទំនិញពីប្រទេសដទៃបានទេ
សម្ដេចធិបតី៖ ឆ្នាំ២០២៩ កម្ពុជានឹងចាកចេញពីប្រទេសអភិវឌ្ឍន៍តិចតួចបន្តដំណើរទៅកាន់ប្រទេសអភិវឌ្ឍន៍

នយោបាយ​ និង ការអភិវឌ្ឍន៍

អតីតនាយករដ្ឋមន្ត្រី ប៉ាគីស្ថាន អ៊ីមរ៉ាន ខាន់ គាំទ្របេក្ខភាពចូលរួមជាមួយគណបក្សតូចមួយដើម្បីបង្កើតរដ្ឋាភិបាលថ្មី

2024/02/14 10:44:20 am        103
មន្ត្រីគណបក្ស របស់លោក អ៊ីមរ៉ានខាន់(Imran Khan) បាននិយាយកាលពីថ្ងៃអង្គារ ទី១៣ ខែកុម្ភៈថាអតីតនាយករដ្ឋមន្ត្រីប៉ាគីស្ថានលោក Khan ដែលកំពុងជាប់ពន្ធនាគារបាននិយាយថា ក្រុមសមាជិកសភាឯករាជ្យដែលគាំទ្រដោយគណបក្សរបស់លោកនឹងចូលរួមជាមួយគណបក្សមានសំឡេងតិចម៉ាចលីសអ៊ី វ៉ាដេត អ៊ីម៉ូស្ល៊ីមីន(Majlis-e-Wahdat-e-Muslimeen)(MWM) ដើម្បីបង្កើតរដ្ឋាភិបាលមួយបន្ទាប់ពីការបោះឆ្នោតមិនពេញលេញកាលពីសប្តាហ៍មុន។ ប្រធានគណបក្សតារីក អ៊ី-អ៊ីនសាហ្វ ប៉ាគីស្ថាន(Pakistan Tehreek-e-Insaf (PTI) របស់លោក Khan បានប្រាប់អ្នកសារព័ត៌មាននៅខាងក្រៅពន្ធនាគារ អាឌីឡា (Adila) ថា អតីតនាយករដ្ឋមន្ត្រីក៏នឹងសម្រេចចិត្តផងដែរថាតើនរណានឹងក្លាយជានាយករដ្ឋមន្ត្រីនៃរដ្ឋាភិបាលនេះ។ លោកបានបន្ថែមថា ក្រុមតំណាងរាស្ត្រសភាឯករាជ្យដែលគាំទ្រដោយគណបក្ស PTI នឹងមិនចូលរួមកម្លាំងជាមួយគណបក្ស សម្ព័ន្ធម៉ូស្ល៊ីម ណាវ៉ាស់ ប៉ាគីស្ថាន (Pakistan Muslim League-Nawaz) (PML-N) គណបក្សប្រជាជនប៉ាគីស្ថាន (PPP) និង គណបក្ស ចលនាម៉ូតាហ៊ីដា កាមី (Muttahida Qaumi Movement) (MQM) ជាគណបក្សធំជាងគេទាំងបី ដែលបង្ហាញថាក្រុមឯករាជ្យរបស់លោកនឹងមិនចូលជាផ្នែកមួយនៃរដ្ឋាភិបាលចម្រុះណាមួយនោះឡើយ។ គណបក្ស PML-N របស់អតីតនាយករដ្ឋមន្ត្រី ណាវ៉ាស់ (Nawaz Sharif) ដែលជាគណបក្សធំជាងគេបន្ទាប់ពីការបោះឆ្នោតកាលពីថ្ងៃទី ៨ ខែកុម្ភៈ បាននិយាយថា ខ្លួននៅតែបន្តការចរចាជាមួយ PPP ដែលជាគណបក្សធំទីពីរ ដើម្បីដណ្តើមភាពជាដៃគូ។ មេដឹកនាំ PML-N លោកហ្សេបាសហ្សារីហ្វ (Shehbaz Sharif) បានជំទាស់នឹងក្រុមសមាជិកឯករាជ្យដែលគាំទ្រដោយអតីតនាយករដ្ឋមន្ត្រីលោក Imran Khan ដែលមានចំនួនអាសនៈច្រើនជាងគេ ដើម្បីបង្កើតរដ្ឋាភិបាលថ្មី និងបង្ហាញពីសំឡេងភាគច្រើនរបស់ពួកគេ។ លោកថា ប្រសិនបើពួកគេមិនអាចធ្វើដូច្នេះបាន គណបក្សផ្សេងទៀតនឹងធ្វើ។ការជាប់គាំងរយៈពេល៥ថ្ងៃបន្ទាប់ពីការបោះឆ្នោតសកលបានក្លាយជាមូលហេតុនៃក្តីបារម្ភ ខណៈប្រទេសមានអាវុធនុយក្លេអ៊ែរមួយនេះ ជួបវិបត្តិសេដ្ឋកិច្ច និងការកើនឡើងនៃអំពើហិង្សាពីក្រុមសកម្មប្រយុទ្ធនានា៕

សភាអាមេរិក ខាងបក្សសាធារណរដ្ឋ ឈ្នះការអនុម័តបទចោទទម្លាក់តំណែងប្រមុខមន្ត្រីព្រំដែនរបស់លោក Biden

2024/02/14 10:40:04 am        142
សភាតំណាងរាស្រ្តសហរដ្ឋអាមេរិក ដែលគ្រប់គ្រងដោយគណបក្សសាធារណរដ្ឋ កាលពីថ្ងៃអង្គារ (១៣ កុម្ភៈ) បានឈ្នះការបោះឆ្នោតចោទប្រកាន់ដើម្បីទម្លាក់តំណែងប្រមុខមន្ត្រីព្រំដែនរបស់ប្រធានាធិបតីបក្សប្រជាធិបតេយ្យ លោក ចូ បៃដិន (Joe Biden) ដោយចោទប្រកាន់ប្រមុខមន្ត្រីរូបនោះពីគោលនយោបាយធូររលុងដែលលើកទឹកចិត្តឱ្យមានអន្តោប្រវេសន៍ខុសច្បាប់។តាមរយៈការបោះឆ្នោតគាំទ្រ ២១៤ សំឡេងទល់នឹងការប្រឆាំង ២១៣ សំឡេង សភាបានអនុម័តមាត្រាចំនួនពីរនៃការចោទប្រកាន់ទម្លាក់តំណែង ដែលចោទរដ្ឋមន្ត្រីសន្តិសុខជាតិ លោក អាឡេហ្សានដ្រូ ម៉ាយ័រខាស (Alejandro Mayorkas) ថាមិនបានអនុវត្តច្បាប់អន្តោប្រវេសន៍របស់សហរដ្ឋអាមេរិក ដែលពួកសាធារណរដ្ឋ បានលើកឡើងថានាំឱ្យមានលំហូរជនអន្តោប្រវេសន៍ដ៏ច្រើនលើសលប់ឆ្លងកាត់ព្រំដែនអាមេរិក-ម៉ិកស៊ិក ហើយនិងបានធ្វើសេចក្តីថ្លែងការណ៍មិនពិតទៅកាន់សភា។លោក ម៉ាយ័រខាស បាននិយាយថា លោកមិនទទួលខុសត្រូវចំពោះស្ថានភាពព្រំដែននោះទេ ដោយបានស្ដីបន្ទោសថាមកពីប្រព័ន្ធអន្តោប្រវេសន៍របស់សហរដ្ឋអាមេរិកដែលខូចខាត ដែលសភាមិនអាចជួសជុលបានជំនួសវិញ។ ជនអន្តោប្រវេសន៍ជាច្រើនបានឆ្លងព្រំដែនដោយខុសច្បាប់ពីប្រទេសម៉ិកស៊ិក ចាប់តាំងពីលោក បៃដិន ចូលកាន់តំណែងក្នុងឆ្នាំ២០២១មក ហើយអតីតប្រធានាធិបតី ដូណាល់ ត្រាំ (Donald Trump) បានធ្វើឱ្យបញ្ហានេះក្លាយជាការផ្តោតសំខាន់នៃយុទ្ធនាការបោះឆ្នោតរបស់ខ្លួនប្រឆាំងនឹងលោក បៃដិន៕

សម្តេចហ៊ុន ម៉ាណែត៖ រាជរដ្ឋាភិបាលអាណត្តិទី៧ នឹងបន្តជ្រោងទង់កាន់តែខ្ពស់នូវស្មារតីនៃការកែទម្រង់

2024/02/14 10:14:17 am        211
សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានថ្លែងថា រាជរដ្ឋាភិបាលអាណត្តិទី៧នេះ នៅតែបន្តផ្ដល់សារៈសំខាន់នៃកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ និងបន្តជ្រោងទង់កាន់តែខ្ពស់ ក្នុងការកែទម្រង់នេះ រួមទាំង​ដើរ​តាម​អភិក្រមទាំងប្រាំ​របស់​សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តីនៃកម្ពុជាផងដែរ។ក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធី «បិទកិច្ចប្រជុំត្រួតពិនិត្យប្រចាំឆ្នាំ២០២៣ នៃការអនុវត្តកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ដំណាក់កាលទី៤» នៅសណ្ឋាគារសុខាភ្នំពេញ នាថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៤នេះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា ការពង្រឹងគណនេយ្យភាព សមិទ្ធកម្ម នៅក្នុងការកែទម្រង់ការគ្រប់គ្រង​ហិរញ្ញវត្ថុសាធារណៈ និងការលើកតម្កើងវប្បធម៌គុណាធិបតេយ្យ គឺជាការ ចាំបាច់បំផុត​ក្នុងការផ្តល់ឱកាស និងលើកទឹកចិត្តផ្នែកហិរញ្ញវត្ថុ និងមិនមែនហិរញ្ញវត្ថុ ប្រកបដោយសមធម៌ និងយុត្តិធម៌ ជូនដល់មន្រ្តីបុគ្គលិកគ្រប់ជាន់ថ្នាក់ ដោយផ្អែកលើគុណសម្បត្តិស្របតាមគុណវុឌ្ឍ បទពិសោធន៍សមត្ថភាព ឆន្ទៈ​ និងវិន័យក្នុងការបំពេញការងារ ខណៈគោលការណ៍​ត្រូវអនុវត្តមិនត្រឹមតែក្នុងក្រប ខណ្ឌពិធីកែទម្រង់ ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈប៉ុណ្ណោះទេ ប៉ុន្តែវាត្រូវប្រែក្លាយទៅជាគោលការណ៍ អាទិភាពមួយរបស់រាជរដ្ឋាភិបាល សម្រាប់ពង្រឹង​អភិបាលកិច្ច និងសមត្ថភាព ស្ថាប័ននៅក្នុងគ្រប់កម្រិតផងដែរ។សម្តេចធិបតីនាយករដ្ឋមន្រ្តីបានបញ្ជាក់ថា« រាជរដ្ឋាភិបាលអាណត្តិទី៧នឹងបន្តជ្រោងទង់កាន់តែ ខ្ពស់នៅស្មារតីនៃការកែទម្រង់ ​និងនៅតែប្រកាន់ខ្ជាប់នូវអភិក្រមទាំង៥ប្រការ របស់សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តីនៃកម្ពុជា សម្រាប់ការបំពេញការងាររបស់ខ្លួនដែល​ជាស្មារតីបុរេ​សកម្ម​ភ្ញាក់រលឹក​ និងម៉ឺងម៉ាត់ក្នុងការទម្រង់មុតស្រួចស៊ីជម្រៅ ​និងគ្រប់ជ្រុងជ្រោយ ពោល​គឺ«ឆ្លុះកញ្ចក់ ងូតទឹក ដុសក្លែល ព្យាលបាល និងវះកាត់»។យ៉ាងណាក៏ដោយសម្តេចធិបតី ​ហ៊ុន ម៉ាណែត ក៏បានលើកឡើងផងដែរថា ដើម្បីឲ្យការកែទម្រង់នេះ​ទទួលបានជោគជ័យត្រូវតែផ្អែកលើកត្តាសំខាន់​ចំនួនបួនផងដែរ ​ដោយក្នុងនោះ ទី១.ត្រូវមានចក្ខុវិស័យ​ ច្បាស់លាស់.ទី២.ត្រូវមានការប្តេជ្ញាចិត្តខ្ពស់ ទី៣.ត្រូវមានការចូលរួមដោយស្មោះត្រង់ និងទី៤.ត្រូវតែមានការ លះបង់ជាដើម៕អត្ថបទបាន ចក់

វិមានក្រឹមឡាំង ច្រានចោលការព្រមានរបស់អឺរ៉ុប អំពីការឃោសនាបំភាន់របស់រុស្ស៊ី

2024/02/14 10:02:41 am        179
អ្នកនាំពាក្យវិមានក្រឹមឡាំង លោក ឌីមីទ្រី ផេស្កូវ (Dmitry Peskov) កាលពីថ្ងៃអង្គារ (១៣ កុម្ភៈ) បានច្រានចោលការព្រមានរបស់អឺរ៉ុប អំពី «ការឃោសនាបំភាន់របស់រុស្ស៊ី» ដោយនិយាយថា អ្វីក៏ដោយដែលប្រឆាំងនឹងការនិទានកថាបច្ចុប្បន្ន ត្រូវបានលោកខាងលិចចាត់ថាជាការឃោសនា។លោក ផេស្កូវ ត្រូវបានសាកសួរអំពីកិច្ចប្រជុំកាលពីថ្ងៃចន្ទ រវាងរដ្ឋមន្ត្រីការបរទេសបារាំង អាល្លឺម៉ង់ និងប៉ូឡូញ ដែលពួកគេព្រមានអំពីការរីករាលដាលនៃការឃោសនារបស់រុស្ស៊ី នៅក្នុងបណ្តាប្រទេសអឺរ៉ុប នៅមុនការបោះឆ្នោតនៅខែមិថុនា ទៅកាន់សភាអឺរ៉ុប។នៅក្នុងការហៅទូរស័ព្ទជាមួយអ្នកសារព័ត៌មាន អ្នកនាំពាក្យវិមានក្រឹមឡាំងរូបនេះបាននិយាយថា «វាច្បាស់ណាស់ឥឡូវនេះដែលថាប្រភព ប្រព័ន្ធផ្សព្វផ្សាយ ឬសម្ភារៈណាមួយពីអ៊ីនធឺណិត ដែលមិនបំពេញតាមលក្ខណៈវិនិច្ឆ័យ ឬមិនដូចអ្វីដែលគេចង់បាន ត្រូវបានទទួលស្គាល់ភ្លាមៗថាជាការឃោសនា»។បណ្តាប្រទេសលោកខាងលិច បានចោទប្រកាន់ប្រតិបត្តិកររុស្ស៊ី ម្តងហើយម្តងទៀតថាបានប្រើប្រាស់ប្រព័ន្ធផ្សព្វផ្សាយសង្គម និងអ៊ីនធឺណិត ដើម្បីផ្សព្វផ្សាយព័ត៌មានមិនពិត ឬបំភាន់ ដើម្បីធ្វើឱ្យប៉ះពាល់ដល់ពួកគេ ហើយដើម្បីផ្សព្វផ្សាយរុស្ស៊ី ឬប៉ុនប៉ងបំភាន់មតិសាធារណៈប្រឆាំងនឹងការគាំទ្រអ៊ុយក្រែនក្នុងការប្រយុទ្ធជាមួយរុស្ស៊ី៕

UN ព្រមានអ៊ីស្រាអែល ប្រឆាំងនឹងការឈ្លានពានក្រុង Rafah ព្រោះអាចនាំឱ្យមានការសម្លាប់យ៉ាងព្រៃផ្សៃ

2024/02/14 09:59:38 am        155
អង្គការសហប្រជាជាតិ កាលពីថ្ងៃអង្គារ (១៣ កុម្ភៈ) បានព្រមានប្រឆាំងនឹងការឈ្លានពានជើងគោករបស់អ៊ីស្រាអែល លើទីក្រុងរ៉ាហ្វា (Rafah) នៅតំបន់ហ្កាហ្សាស្រ្ទីប ដោយនិយាយថាការវាយលុកនេះអាច «នាំទៅដល់ការសម្លាប់យ៉ាងព្រៃផ្សៃ» នៅក្នុងតំបន់ភាគខាងត្បូងនៃតំបន់ហ៊ុមព័ទ្ធប៉ាឡេស្ទីន ដែលមានប្រជាជនជាង ១ លាននាក់កំពុងជ្រកកោនមួយនេះ។អ៊ីស្រាអែលនិយាយថា ខ្លួនចង់កម្ចាត់ពួកសកម្មប្រយុទ្ធហាម៉ាស ចេញពីកន្លែងលាក់ខ្លួននៅក្រុងរ៉ាហ្វា ហើយរំដោះចំណាប់ថ្នូរអ៊ីស្រាអែល ដែលត្រូវបានឃុំខ្លួននៅទីនោះ និងកំពុងរៀបចំផែនការជម្លៀសជនស៊ីវិលប៉ាឡេស្ទីនដែលជាប់គាំង។ប្រធានជំនួយរបស់អង្គការសហប្រជាជាតិលោក ម៉ាទីន ហ្គ្រីហ្វីបស៍ (Martin Griffiths) បាននិយាយថា «ប្រតិបត្តិការយោធានៅទីក្រុងរ៉ាហ្វា អាចនាំឱ្យមានការសម្លាប់យ៉ាងព្រៃផ្សៃបំផុតនៅហ្កាហ្សា។ ពួកគេក៏អាចធ្វើឱ្យប្រតិបត្តិការមនុស្សធម៌ដ៏ផុយស្រួយរួចទៅហើយនេះ ស្ថិតនៅមាត់ទ្វារមរណៈផងដែរ។ សហគមន៍អន្តរជាតិបានព្រមានប្រឆាំងនឹងផលវិបាកដ៏គ្រោះថ្នាក់នៃការឈ្លានពានជើងគោកណាមួយនៅក្នុងទីក្រុងរ៉ាហ្វា ហើយរដ្ឋាភិបាលអ៊ីស្រាអែល មិនអាចបន្តមិនអើពើការអំពាវនាវទាំងនេះទេ»។ជាងពាក់កណ្តាលនៃប្រជាជន ២,៣ លាននាក់របស់តំបន់ហ្កាហ្សា កំពុងជ្រកកោននៅក្រុងរ៉ាហ្វា ហើយអ្នកទាំងនោះភាគច្រើនបានស្នាក់នៅយ៉ាងច្រើនកុះករក្នុងទីក្រុងរបងព្រំដែនជាមួយអេហ្ស៊ីបមួយនេះ និងរស់នៅក្នុងតង់បណ្តោះអាសន្ន៕

អតីតនាយករដ្ឋមន្ត្រីប៉ាគីស្ថានហ្សារីហ្វ និងសម្ព័ន្ធមិត្តព្រមព្រៀងបង្កើតរដ្ឋាភិបាលចម្រុះ

2024/02/14 09:53:05 am        96
គណបក្សរបស់អតីតនាយករដ្ឋមន្ត្រីប៉ាគីស្ថាន លោកណាវ៉ាស់ ហ្សារីហ្វ (Nawaz Sharif) និងសម្ព័ន្ធមិត្តបានប្រកាសកាលពីល្ងាចថ្ងៃអង្គារថា ពួកគេនឹងរួមគ្នាបង្កើតរដ្ឋាភិបាលចម្រុះ ដែលនឹងបញ្ចប់ភាពមិនច្បាស់លាស់ចាប់តាំងពីសប្តាហ៍មុន នៅពេលដែលគ្មានគណបក្សណាមួយឈ្នះសំឡេងភាគច្រើនដាច់ខាត នៅក្នុងការបោះឆ្នោតសភា។ ការវិវឌ្ឍន៍ចុងក្រោយបំផុតបានកើតឡើងប៉ុន្មានម៉ោងបន្ទាប់ពីភាគីនានា ដែលសុទ្ធតែជាគូប្រជែងរបស់អតីតនាយករដ្ឋមន្ត្រី លោកអ៊ីមរ៉ានខាន់(Imran Khan) ដែលកំពុងជាប់ពន្ធនាគាររបស់ប្រទេសនេះ បានជួបប្រជុំគ្នានៅទីក្រុង អ៊ីស្លាម៉ាបាដ (Islamabad)។ជំនួបនេះ ត្រូវបានចូលរួមដោយគណបក្សប្រជាជនប៉ាគីស្ថានរបស់អតីតប្រធានាធិបតីលោក អាស៊ីហ្វ អាលីហ្សាដារី (Asif Ali Zardari)និងដោយគណបក្សសម្ព័ន្ធមូស្លីមប៉ាគីស្ថានរបស់លោក ហ្សារីហ្វ ( Sharif) រួមទាំងប្អូនប្រុសរបស់លោកគឺជាលោក ហ្សេ បាស ហ្សារីហ្វ (Shehbaz Sharif) ដែលបានជំនួសលោកខាន់(Khan)នៅពេលលោកត្រូវបានបណ្តេញចេញតាមរយៈការបោះឆ្នោតដកសេចក្ដីទុកចិត្ត នៅក្នុងសភាកាលពីឆ្នាំ២០២២ ។ នៅក្នុងសន្និសីទសារព័ត៌មានជាមួយលោក ហ្សាដារី និងអ្នកនយោបាយផ្សេងទៀត លោក ហ្សេបា ហ្សារីហ្វ ពុំបាននិយាយថា តើអ្នកណានឹងជាជម្រើសរួមសម្រាប់តំណែងជានាយករដ្ឋមន្ត្រីនោះទេ ទោះបីជាគេជឿជាក់ថា លោក ហ្សេបបាស ហ្សារីហ្វនឹងដឹកនាំរដ្ឋាភិបាលថ្មីក៏ដោយ។ នៅក្នុងសុន្ទរកថាខ្លីរបស់លោកហ្សារីហ្វ បាននិយាយថា ការចរចាលើការបង្កើតក្រុមចម្រុះទទួលបានជោគជ័យ។ ចំណែកលោក Zardari បាននិយាយថា យើងបានសម្រេចចិត្តថាយើងនឹងបង្កើតរដ្ឋាភិបាលរួមគ្នា ។អ្នកនាំពាក្យគណបក្សសម្ព័ន្ធមូស្លីមប៉ាគីស្ថាន លោកស្រី ម៉ារីយ៉ុម អូរ៉ាងហ្សេប (Marriyum Aurangzeb)និយាយថា លោក Sharif ដែលជានាយករដ្ឋមន្ត្រីបីសម័យកាល បានតែងតាំងប្អូនប្រុសរបស់លោកសម្រាប់តួនាទីជានាយករដ្ឋមន្ត្រី។ ទោះបីជាបេក្ខជនគាំទ្រដោយគណបក្សតេរីក អ៊ី អ៊ីនសាហ្វ ប៉ាគីស្ថាន(Pakistan Tehreek-e-Insaf) របសលោក Khan ទទួលបានអាសនៈចំនួន ៩៣ ក្នុងចំណោមអាសនៈរដ្ឋសភាចំនួន ២៦៥ ក៏ដោយ ក៏មិនគ្រប់គ្រាន់ដើម្បីបង្កើតរដ្ឋាភិបាលនោះដែរ។គណបក្សសម្ព័ន្ធមូស្លីមប៉ាគីស្ថានរបស់លោក Sharif ទទួលបានអាសនៈចំនួន៧៥ និងគណបក្សប្រជាជនប៉ាគីស្ថានរបស់លោក Zardari ទទួលបានអាសនៈចំនួន៥៤៕

កម្ពុជា-ហុងគ្រី ប្តេជ្ញាបន្តថែរក្សាទំនាក់ទំនងល្អ និងគាំទ្រគ្នាទៅវិញទៅមកលើឆាកអន្តរជាតិ

2024/02/14 08:37:38 am        126
ភ្នំពេញ៖ នៅថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៤ ឯកឧត្តម សុខ ចិន្តាសោភា ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានអនុញ្ញាតជូន ឯកឧត្តមបណ្ឌិត Tibor BALOGHDI ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃប្រទេសហុងគ្រី ប្រចាំព្រះរាជាណាចក្រកម្ពុជា ដែលមាននិវេសនដ្ឋាននៅទីក្រុងហាណូយ ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ។ក្នុងជំនួបនោះភាគីទងពីរ បានសម្តែងនូវការពេញចិត្តចំពោះទំនាក់ទំនងទ្វេភាគីដែលមានការរីកចម្រើនកាន់តែខ្លាំង ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ បើទោះបីជាមានការលេចឡើងនៃបញ្ហាប្រឈមក្នុងតំបន់និងសកលក៏ដោយ ដែលបានបង្ហាញតាមរយៈការផ្លាស់ប្ដូរទស្សនកិច្ចកម្រិតខ្ពស់ជាញឹកញាប់ ការប្រាស្រ័យទាក់ទងគ្នា តាមរយៈយន្តការទ្វេភាគី ដូចជា គណៈកម្មការចម្រុះនៃកិច្ចសហប្រតិបត្តិការលើវិស័យសេដ្ឋកិច្ច និងកិច្ចពិគ្រោះយោបល់ទ្វេភាគី ក៏ដូចជាការគាំទ្រគ្នាទៅវិញទៅមកនៅលើឆាកអន្តរជាតិ។ជាមួយគ្នា ភាគីទងពីរ បានបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់ខ្លួនក្នុងការថែរក្សាទំនាក់ទំនងល្អដែលមានស្រាប់ និងបន្តគាំទ្រគ្នាទៅវិញទៅមកនៅលើវេទិកាអន្តរជាតិ។ទន្ទឹមគ្នាឯកឧត្តម ឧបនាយករដ្ឋមន្ត្រី បានសម្តែងការអបអរសាទរដល់ហុងគ្រី ក្នុងការក្លាយ​ជាប្រធានសហភាពអឺរ៉ុប សម្រាប់ឆមាសទី២នៃឆ្នាំ២០២៤ និងបានថ្លែងអំណរគុណ​ចំពោះការ​បន្តគាំទ្ររបស់ហុងគ្រី សម្រាប់ការពង្រឹងកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងសហភាពអឺរ៉ុបលើគ្រប់វិស័យ។

ឥណ្ឌូនេស៊ី ស្ថិតក្នុងដំណាក់កាលរៀបចំចុងក្រោយ មុនការបោះឆ្នោតតែមួយថ្ងៃដ៏ធំបំផុតរបស់ពិភពលោក

2024/02/13 01:54:04 pm        222
ក្រុមអាជ្ញាធរឥណ្ឌូនេស៊ី កំពុងរៀបចំចុងក្រោយនៅថ្ងៃអង្គារ (១៣ កុម្ភៈ) នេះមុនការបោះឆ្នោតនៅថ្ងៃពុធ (១៤ កុម្ភៈ) ដោយមាននគរបាលប្រហែល ២៥.០០០ នាក់ បានដាក់ពង្រាយដើម្បីធានាសន្តិសុខនៅក្នុងការបោះឆ្នោតតែមួយថ្ងៃដ៏ធំបំផុតរបស់ពិភពលោក និងជាការប្រកួតមួយដែលត្រូវបានគេមើលឃើញថាជាការសាកល្បងដ៏ធំនៃដំណើរការលទ្ធិប្រជាធិបតេយ្យ ដែលទទួលបានចាប់តាំងពីការបញ្ចប់នៃការគ្រប់គ្រងផ្តាច់ការកាលពី ២៥ ឆ្នាំមុន។បេក្ខជនប្រធានាធិបតីបីរូប កំពុងប្រជែងគ្នាដើម្បីបន្តតំណែងប្រធានាធិបតីដែលកំពុងកាន់អំណាច លោក ចូកូ វីដូដូ (Joko Widodo) ដែលត្រូវបានគេស្គាល់តាមឈ្មោះហៅក្រៅថា ចូកូវី (Jokowi) ដែលកំពុងបញ្ចប់អាណត្តិទីពីរនៃចំនួនអតិបរមាពីរអាណត្តិដែលត្រូវបានអនុញ្ញាត។បេក្ខជនទាំងនោះរួមមាន លោក ហ្កាន់ចា ប្រាណូវ៉ូ (Ganjar Pranowo) របស់គណបក្សដ៏ធំបំផុត និងបេក្ខជនឯករាជ្យ លោក អានីស បាស្វេដាន (Anies Baswedan) ដែលជាអតីតអភិបាល ដោយអ្នកទាំងពីរនេះស្ថិតក្នុងវ័យ ៥០ ឆ្នាំ និងរដ្ឋមន្ត្រីការពារជាតិ លោក ប្រាបូវ៉ូ ស៊ូបៀនរូ (Prabowo Subianto) អតីតមេបញ្ជាការកងកម្លាំងពិសេសវ័យ ៧២ ឆ្នាំ។ការស្ទង់មតិបានបង្ហាញយ៉ាងជាប់លាប់ថា លោក ប្រាបូវ៉ូ គឺជាបេក្ខភាពឈ្នះឆ្នោត ដែលមានការព្យាករណ៍ថាលោកអាចឈ្នះសំឡេងភាគច្រើនជាមួយនឹងការគាំទ្រច្រើនជាង ៥០%។ មនុស្សច្រើនជាង ២០០ លាននាក់នៃចំនួនប្រជាជន ២៧០ លាននាក់ របស់ឥណ្ឌូនេស៊ី ដែលជាប្រទេសប្រជាធិបតេយ្យធំជាងគេទីបីរបស់ពិភពលោក មានសិទ្ធិបោះឆ្នោត៕

បារាំង ស្នើឱ្យក្រុមហេសបូឡា ដកថយ និងជំរុញកិច្ចចរចាព្រំដែនសម្រាប់បទឈប់បាញ់រវាងអ៊ីស្រាអែល-លីបង់

2024/02/13 01:29:39 pm        245
បារាំង បានប្រគល់សំណើជាលាយលក្ខណ៍អក្សរទៅទីក្រុងបេរូត ក្នុងគោលបំណងបញ្ចប់អរិភាពជាមួយអ៊ីស្រាអែល និងដោះស្រាយជម្លោះព្រំដែនលីបង់-អ៊ីស្រាអែល នេះបើយោងតាមឯកសារដែលឃើញដោយសារព័ត៌មានរ៉យទ័រ ដែលអំពាវនាវឱ្យក្រុមប្រយុទ្ធនានា រួមទាំងអង្គភាពវរជនហេសបូឡា (Hezbollah) ដកថយចម្ងាយ ១០ គីឡូម៉ែត្រពីព្រំដែន។ផែនការនេះមានគោលបំណងបញ្ចប់ការប្រយុទ្ធគ្នារវាងក្រុមហេសបូឡា ដែលគាំទ្រដោយអ៊ីរ៉ង់ និងអ៊ីស្រាអែលនៅតាមព្រំដែន។ អរិភាពនេះបានកើតឡើងស្របគ្នានឹងសង្គ្រាមនៅហ្កាហ្សា ហើយកំពុងជំរុញឱ្យមានការព្រួយបារម្ភពីការប្រឈមមុខដាក់គ្នាដែលអាចបង្កការបំផ្លិចបំផ្លាញបន្ថែម។ឯកសារដែលជាសំណើលាយលក្ខណ៍អក្សរលើកដំបូងនោះ បាននាំយកទៅទីក្រុងបេរូត ក្នុងអំឡុងពេលជាច្រើនសប្តាហ៍នៃការសម្រុះសម្រួលលោកខាងលិច និងត្រូវបានប្រគល់ទៅឱ្យមន្ត្រីប្រមុខរដ្ឋនៃប្រទេសលីបង់ រួមទាំងនាយករដ្ឋមន្ត្រី ណាជីប មីខាទី (Najib Mikati) ដោយរដ្ឋមន្ត្រីការបរទេសបារាំង លោក ស្ទេហ្វែន ស៊ឺហ្ស៊ូន (Stephane Sejourne) កាលពីសប្តាហ៍មុន នេះបើតាមមន្ត្រីជាន់ខ្ពស់លីបង់បួននាក់ និងបារាំងបីនាក់។សំណើនោះប្រកាសពីគោលបំណងនៃការទប់ស្កាត់ជម្លោះ «ដែលអាចធ្លាក់ចេញពីការគ្រប់គ្រង» និងការអនុវត្ត «លទ្ធភាពបទឈប់បាញ់ នៅពេលដែលលក្ខខណ្ឌត្រឹមត្រូវ» ហើយនៅទីបំផុតអាចនឹងមើលឃើញការចរចាស្តីពីការកំណត់ព្រំដែនដីជម្លោះរវាងលីបង់ និងអ៊ីស្រាអែល៕

ប្រមុខការបរទេសសហភាពអឺរ៉ុប ស្នើឱ្យសហរដ្ឋអាមេរិក កាត់បន្ថយជំនួយយោធាដល់អ៊ីស្រាអែល

2024/02/13 01:26:09 pm        242
ប្រធានគោលនយោបាយការបរទេសរបស់សហភាពអឺរ៉ុប លោក ចូសិប បូរ៉ែល (Josep Borrell) កាលពីថ្ងៃចន្ទ (១២ កុម្ភៈ) បានធ្វើការអំពាវនាវដល់សហរដ្ឋអាមេរិក ឱ្យកាត់បន្ថយការផ្គត់ផ្គង់សព្វាវុធដល់អ៊ីស្រាអែល ដោយសារតែចំនួនជនស៊ីវិលស្លាប់បាត់បង់ជីវិតឡើងខ្ពស់ខ្លាំងនៅក្នុងសង្គ្រាមរបស់ខ្លួននៅតំបន់ហ្កាហ្សា។លោក បូរ៉ែល បានរំលឹកថា ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ចូ បៃដិន (Joe Biden) បាននិយាយកាលពីសប្តាហ៍មុនថា ការឆ្លើយតបរបស់អ៊ីស្រាអែលចំពោះការវាយប្រហារថ្ងៃទី០៧ ខែតុលា របស់ពួកហាម៉ាសគឺ «ជ្រុលហួសហេតុ» ហើយក្រុមមន្ត្រីអាមេរិក និងលោកខាងលិចផ្សេងទៀតបាននិយាយម្តងហើយម្តងទៀតថា ជនស៊ីវិលច្រើនពេកហើយកំពុងត្រូវបានសម្លាប់នៅក្នុងតំបន់ហ្កាហ្សា។លោក បូរ៉ែល បានប្រាប់អ្នកយកព័ត៌មានបន្ទាប់ពីកិច្ចប្រជុំរបស់រដ្ឋមន្ត្រីជំនួយអភិវឌ្ឍន៍សហភាពអឺរ៉ុបនៅទីក្រុងប្រ៊ុចសែល ថា «ប្រសិនបើអ្នកជឿថាមនុស្សច្រើនពេកកំពុងត្រូវបានសម្លាប់ ប្រហែលជាអ្នកគួរតែផ្តល់អាវុធតិចជាងនេះ ដើម្បីការពារមនុស្សជាច្រើនទៀត»។សហរដ្ឋអាមេរិក គឺជាអ្នកផ្តល់អាវុធបរទេសដ៏សំខាន់បំផុតរបស់អ៊ីស្រាអែល ដោយបានផ្តល់ឱ្យអ៊ីស្រាអែលនូវជំនួយយោធាចំនួន ៣,៨ ពាន់លានដុល្លារជារៀងរាល់ឆ្នាំ រាប់ចាប់ពីយន្តហោះចម្បាំងរហូតដល់គ្រាប់បែកដ៏មានឥទ្ធិពល។ រហូតមកដល់ពេលនេះ ទីក្រុងវ៉ាស៊ីនតោន មិនបានស្តាប់តាមការទទូចណាមួយ ក្នុងការកាត់ជំនួយបែបនេះទេ៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

លោក Putin ទទួលស្គាល់ពីកង្វះប្រេងឥន្ធនៈ បន្ទាប់ពីការវាយប្រហាររបស់អ៊ុយក្រែន
06/29/2026 08:06 AM
WHO៖ រលកកម្ដៅនៅអឺរ៉ុប ជាប់ពាក់ព័ន្ធនឹងការស្លាប់មនុស្ស១.៣០០នាក់ខណៈអាល្លឺម៉ង់ឡើងដល់កំណត់ត្រា ៤១.៧ អង្សាសេ
06/29/2026 08:06 AM
មន្ត្រីអាមេរិកនិយាយថា អ៊ីរ៉ង់ និងអាមេរិក បានយល់ព្រមបញ្ឈប់ការវាយប្រហារ និងបន្តការចរចា
06/29/2026 08:06 AM
មន្ត្រីជំនាញកិច្ចការព្រំដែន៖ ទោះបីថៃប្រើផែនទីណាក៏ដោយក៏មិនអាចបញ្ជាក់ថា ប្រាសាទខ្នារជារបស់ថៃដែរ
06/29/2026 08:06 AM
ក្រសួងពាណិជ្ជកម្ម ចុះបញ្ជីជាផ្លូវការផលិតផល “ទុរេនបែកអន្លូង” ជាម៉ាកសមូហភាព (Collective Mark) លើកកម្ពស់អត្តសញ្ញាណផលិតផលខ្មែរ និងពង្រឹងការការពារកម្មសិទ្ធិបញ្ញា
06/29/2026 07:06 AM
សមត្ថកិច្ចចុះត្រួតពិនិត្យពីរទីតាំងនៅក្រុងប៉ោយប៉ែតរកឃើញជនជាតិឥណ្ឌូនេស៊ីចំនូន៨១នាក់រស់នៅប្រមូលផ្តុំ
06/28/2026 07:06 PM
សម្ដេចព្រះមហាសង្ឃរាជ បួរ គ្រី យាងបើកកម្មវិធីការពារនិក្ខេបបទ និងប្រឡងបញ្ចប់ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ នៅពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជា
06/28/2026 05:06 PM
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អញ្ជើញប្រគេនទៀនព្រះវស្សា និងទេយ្យវត្ថុដល់ព្រះសង្ឃចំនួន ៥វត្ត នៅខេត្តក្រចេះ
06/28/2026 04:06 PM
សម្ដេចធិបតី អញ្ជើញត្រួតពិនិត្យ និងសួរសុខទុក្ខយោធិនក្នុងអង្គភាពបញ្ជាការដ្ឋានជាតិកម្លាំងពិសេសប្រឆាំងភេរវកម្ម
06/28/2026 04:06 PM
មូលនិធិគន្ធបុប្ផាកម្ពុជា រៀបចំស្ដង់ទទួលថវិកាបរិច្ចាគ ក្នុងយុទ្ធនាការ “១ម៉ឺនរៀល ១ម៉ឺននាក់” ឆ្នាំ២០២៦ នៅផ្លូវថ្មើរជើងចតុមុខ
06/28/2026 03:06 PM