សម្ដេចធិបតី ដឹកនាំគណៈប្រតិភូចូលក្រាបបង្គំគាល់ព្រះករុណា ព្រះមហាក្សត្រ ទូលថ្វាយលទ្ធផលចុះបញ្ជីបូជនីយដ្ឋានចងចាំនៃកម្ពុជា ក្នុងបញ្ជីបេតិកភណ្ឌពិភពលោក
សភាតំណាងប្រជាជនចិនចាត់ទុកសម្តេចតេជោ ជាតួអង្គសំខាន់បន្ត​ពីព្រះបរម​រតនកោដ្ឋ​ក្នុង​ការ​ពូន​ជ្រំ​ទំនាក់ទំនងរវាងកម្ពុជា និងចិន
សម្តេចតេជោអនុញ្ញាតឱ្យសមាជិកគណៈកម្មាធិការអចិន្ត្រៃយ៍សភាប្រជាជនចិនជួបសម្តែងការគួរសម
ក្រុមការងារបច្ចេកទេសអន្តរក្រសួងបន្តចុះកំណត់និយាមកា និងបោះបង្គោលព្រំដីតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី២ ក្នុងភូមិសាស្រ្តខេត្តកំពត

នយោបាយ​ និង ការអភិវឌ្ឍន៍

មូលនិធិ GX Foundation ពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការគាំទ្រដល់វិស័យសុខាភិបាល ផ្ដោតលើការព្យាបាលជំងឺភ្នែកឡើងបាយ និងការប្រយុទ្ធប្រឆាំងនឹងជំងឺគ្រុនឈាម

2024/01/29 02:07:18 pm        180
នាព្រឹកថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៤ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជាបានអនុញ្ញាតឱ្យ លោក Leung Chun-Ying ប្រធានមូលនិធិ GX Foundation និងជាអនុប្រធានគណៈកម្មាធិការជាតិនៃសន្និសីទប្រឹក្សាយោបល់នយោបាយប្រជាជនចិន និង សហការី ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ។នាឱកាសនៃជំនួប លោកប្រធានមូលនិធិ GX Foundation បានសម្ដែងនូវការអរគុណយ៉ាងជ្រាលជ្រៅជូនចំពោះ សម្ដេចធិបតី ដែលបានអនុញ្ញាតឱ្យលោក និងសហការី ចូលជួបសម្តែងការគួរសម និងបានគោរពជម្រាបជូន សម្ដេចធិបតី អំពីកិច្ចសហប្រតិបត្តិការរវាងមូលនិធិGX Foundation ជាមួយនឹងក្រសួងសុខាភិបាល នៃព្រះរាជាណាចក្រកម្ពុជា នាពេលកន្លងមក ដោយបានបញ្ជាក់ថាមូលនិធិបានចុះនូវអនុស្សរណៈយោគយល់គ្នា ជាមួយនឹងក្រសួងសុខាភិបាល ដើម្បីសហការលើការថែទាំ និងការព្យាបាលជំងឺភ្នែកឡើងបាយជូនប្រជាពលរដ្ឋកម្ពុជា ដែលរស់នៅតាមបណ្ដាខេត្តមួយចំនួន នាពេលកន្លងមក។ បន្ថែមពីនេះ លោកប្រធានមូលនិធិ បានគោរពជម្រាបជូនសម្ដេចធិបតី អំពីការបន្តកិច្ចសហប្រតិបត្តិការ និងគម្រោងពង្រីកកម្មវិធីចំនួនពីរ ដោយសហការជាមួយនឹងក្រសួងសុខាភិបាល៖ ទី១). ការពង្រីកនូវការផ្ដល់សេវាពិនិត្យ និង ព្យាបាលជំងឺភ្នែកឡើងបាយទៅតាមបណ្ដាខេត្តគោលដៅថ្មីៗ បន្ថែមទៀត និង ទី២). ការប្រយុទ្ធប្រឆាំងនឹងជំងឺគ្រុនឈាម។ ជាការឆ្លើយតប សម្ដេចធិបតី បានសម្តែងនូវការអរគុណ និងវាយតម្លៃខ្ពស់ចំពោះការចូលរួមចំណែករបស់ មូលនិធិ GX Foundation នៅក្នុងការគាំទ្រទៅដល់វិស័យសុខាភិបាលកម្ពុជា នាពេលកន្លងមក ជាពិសេសការរួមចំណែករបស់មូលនិធិ នៅក្នុងការផ្តល់សេវាពិនិត្យ និង ព្យាបាលជំងឺភ្នែកឡើងបាយ ជូនដល់ប្រជាពលរដ្ឋកម្ពុជា ដែលរស់នៅតាមបណ្តាខេត្តគោលដៅមួយចំនួន និងបានស្វាគមន៍ចំពោះគម្រោងនៃការពង្រីកកម្មវិធីរបស់មូលនិធិ ក្នុងការគាំទ្រដល់វិស័យសុខាភិបាលកម្ពុជាបន្ថែមទៀត ដូចជាកម្មវិធីប្រយុទ្ធប្រឆាំងនឹងជំងឺគ្រុនឈាម ។ ជាមួយគ្នានេះ សម្ដេចធិបតី ក៏បានលើកទឹកចិត្តទៅដល់មូលនិធិ GX Foundation ឱ្យបន្តពង្រឹងនូវកិច្ចសហប្រតិបត្តិការ ទៅលើកម្មវិធីទាំងនេះ ជាមួយនឹងក្រសួងសុខាភិបាលបន្ថែមទៀត ជាពិសេស ក្នុងការកំណត់នូវបណ្តាខេត្តគោលដៅថ្មីៗ សម្រាប់ការផ្ដល់សេវាពិនិត្យ និង ព្យាបាលជំងឺភ្នែកឡើងបាយ និង កម្មវិធីប្រយុទ្ធប្រឆាំងនឹងជំងឺគ្រុនឈាម៕

អ៊ុយក្រែន សម្ដែងកង្វល់ពីហានិភ័យនៃសង្គ្រាមលោកលើកទី៣ ខណៈរកការគាំទ្របន្ថែមពីលោកខាងលិច

2024/01/29 01:55:00 pm        81
ប្រធានាធិបតីអ៊ុយក្រែន លោក វ្ល៉ូឌីមី ហ៊្សេឡិនស្គី (Volodymyr Zelenskiy) បានសម្តែងកង្វល់អំពីគ្រោះថ្នាក់ដែលថាជម្លោះដែលកំពុងបន្តកើនឡើងនៅអ៊ុយក្រែន អាចក្លាយជាសង្គ្រាមលោកលើកទីបី ខណៈ លោកបានស្នើសុំការគាំទ្របន្ថែមពីប្រទេសនានា រាប់ចាប់ពីអាល្លឺម៉ង់ ដល់សហរដ្ឋអាមេរិក នៅក្នុងបទសម្ភាសន៍ជាមួយទូរទស្សន៍រដ្ឋអាល្លឺម៉ង់ ARD កាលពីថ្ងៃអាទិត្យ (២៨ មករា)។លោក ហ៊្សេឡិនស្គី បាននិយាយថា «ខ្ញុំគិតថាលោកអធិការបតីអាល្លឺម៉ង់ ដឹងពីហានិភ័យនេះច្បាស់ណាស់» ដោយបន្ថែមថាប្រសិនបើរុស្ស៊ី វាយប្រហារប្រទេសសមាជិកសម្ព័ន្ធយោធាណាតូ នោះវានឹងក្លាយជា «ការចាប់ផ្តើមនៃសង្គ្រាមលោកលើកទី៣»។នៅពេលត្រូវសាកសួរថាតើលោកមានការខកចិត្តទេ ដែលអាល្លឺម៉ង់មិនមានគម្រោងផ្គត់ផ្គង់អ៊ុយក្រែនជាមួយនឹងមីស៊ីលតម្រង់គោលដៅ ថាវរ៉ុស (Taurus) លោក ហ៊្សេឡិនស្គី បាននិយាយថាលោកគ្រាន់តែខកចិត្ត ដែលអាល្លឺម៉ង់មិនបានដើរ «តួនាទីដែលខ្លួនគួរតែមាននៅក្នុងការវាយប្រហារកាន់កាប់ដំបូងរបស់អ៊ុយក្រែន»។ដោយសំដៅទៅលើភាពទន់ខ្សោយនៃការឆ្លើយតបរបស់លោកខាងលិចចំពោះការលុកលុយរបស់រុស្ស៊ី លើតំបន់គ្រីម៉េ ក្នុងឆ្នាំ២០១៤ ដែលជាដើមហេតុនៃការលុកលុយរបស់ទីក្រុងមូស្គូ ក្នុងខែកុម្ភៈ ឆ្នាំ២០២២ ប្រធានាធិបតីអ៊ុយក្រែនរូបនេះបាននិយាយថា វាមិនមែនគ្រាន់តែជាការឆ្លើយតបរបស់អាល្លឺម៉ង់តែមួយនោះទេ គឺស្ថិតលើលោកខាងលិចទាំងមូល៕

ក្រុមហ៊ុន Mizuda Sanitation (Cambodia) Co., Ltd. បង្ហាញពីបំណងពង្រីក​ការវិនិយោគ​លើការផលិតថាមពលអគ្គិសនីពីសំណល់ នៅក្នុងរាជធានីភ្នំពេញ

2024/01/29 01:47:36 pm        86
នាព្រឹកថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៤ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃ​ព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ លោក សាន ជានមីង (Shan Jianming) ប្រធាន​ក្រុមហ៊ុន Mizuda Group និងសហការី ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមាន​សន្តិភាព។ក្នុងឱកាសនៃជំនួប លោកប្រធានក្រុមហ៊ុន Mizuda Group បានថ្លែង​អំណរ​គុណ​យ៉ាង​ជ្រាល​ជ្រៅ​ជូន​ចំពោះ សម្តេចធិបតី ដែលបានឆ្លៀតពេលវេលាដ៏មមាញឹកអនុញ្ញាតឱ្យរូបលោក និង សហការី ចូលជួបសម្ដែងការគួរសម និងបានគោរពជម្រាបជូន សម្តេចធិបតី ថា ក្រុមហ៊ុន Mizuda Sanitation (Cambodia) Co., Ltd. ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន Mizuda Group ផ្តល់សេវាបោសសម្អាត ប្រមូល និងដឹកជញ្ជូនសំរាម និង សំណល់រឹង នៅ​រាជ​ធានី​ភ្នំពេញ ក្នុងអំឡុងពេលប្រមាណ ៣ឆ្នាំ ដែលក្រុមហ៊ុនទទួលបានការទទួលស្គាល់ពីអាជ្ញាធរ និង​សាធារណជនទូទៅ។ ក្នុងពេលជាមួយគ្នា ក្រុមហ៊ុន​ក៏​បាន​ផ្តល់​សេវា​ផ្សព្វផ្សា​យ​កម្ម​វិធី​ការ​យល់ដឹ​ង​ស្តីពីការគ្រប់គ្រងសំរាម និងសំណល់រឹង ក្នុងភូមិសាស្រ្តមួយចំនួននៅរាជធានីភ្នំពេញ និង​បានបង្កើតការងារដល់ប្រជាជនកម្ពុជាចំនួន៧១០ កន្លែង។ លោកប្រធានក្រុមហ៊ុន ក៏បាន​គោរព​ជម្រាប​ជូន​សម្ដេចធិបតី អំពីគោលបំណងរបស់ក្រុមហ៊ុន Mizuda Group ក្នុងការពង្រីក​ការ​វិនិយោគ​របស់​ខ្លួននៅក្នុងការផលិតថាមពលអគ្គិសនីពីសំណល់ ជាមួយនឹងបច្ចេកវិទ្យាចុងក្រោយ បច្ចេក​ទេសទំនើប និងការការពារបរិស្ថានកម្រិតខ្ពស់ នៅក្នុងរាជធានីភ្នំពេញផងដែរ។ជាការឆ្លើយតប សម្តេចធិបតី បានសម្តែងនូវសេចក្តីសោមនស្សរីករាយ និងវាយ​តម្លៃ​ខ្ពស់​ចំពោះ​ដំណើរ​ការ​អាជីវកម្មរបស់ក្រុមហ៊ុន Mizuda Sanitation (Cambodia) Co., Ltd. ដែលបាន និង​កំពុង​សហការយ៉ាងល្អ ជាមួយសាលារាជធានីភ្នំពេញ នៅក្នុងការផ្តល់សេវាបោសសម្អាត ប្រមូល និងដឹកជញ្ជូនសំរាម និង សំណល់រឹង ដែល​ជា​ការ​ចូលរួម​ចំណែក​នៅ​ក្នុង​ការ​លើក​កម្ពស់​សុខុមាលភាពរបស់ប្រជាពលរដ្ឋ ក៏ដូចជាការចូលរួមចំណែកនៅក្នុងការថែរក្សាបរិស្ថាន ក្នុង​ភូមិសាស្រ្ត​នៃ​រាជធានីភ្នំពេញ ផងដែរ។ ចំពោះគោល​បំណង​ក្នុង​ការ​ពង្រីក​ការ​វិនិយោគ​របស់​ក្រុមហ៊ុន ក្នុងការផលិតថាមពលអគ្គិសនីពីសំណល់ សម្តេចធិបតី បានណែនាំ​ឱ្យក្រុ​មហ៊ុ​ន​ពិភាក្សា​បន្ថែម ជាមួយនឹងក្រសួង-ស្ថាប័នពាក់ព័ន្ធ នៃរាជរដ្ឋាភិបាលកម្ពុជា ជាពិសេស ក្រសួងរ៉ែ និង​ថាមពល និងក្រសួងបរិស្ថាន ក្រោមកិច្ចសម្របសម្រួលរបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC)​៕

ធនាគារពិភពលោក បន្តពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យអាទិភាព ជាមួយ​រាជរដ្ឋាភិបាល​កម្ពុជា ដើម្បីលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ

2024/01/29 01:33:01 pm        129
នាព្រឹកថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៤ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រកម្ពុជា បានជួបពិភាក្សាការងារ ជាមួយ លោកស្រី ម៉ារីយ៉ាម ចេ សឺរមែន (Mariam J. Sherman) នាយិកាគ្រប់គ្រងនៃធនាគារពិភពលោកប្រចាំកម្ពុជា មីយ៉ាន់ម៉ា និង​ឡាវ នាឱកាសនៃដំណើរបំពេញបេសកកម្មនៅព្រះរាជាណាចក្រកម្ពុជា។ក្នុងជំនួប លោកស្រីនាយិកាគ្រប់គ្រងបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ សម្តេចធិបតី ដែល​បានចំណាយពេលដ៏មមាញឹកអនុញ្ញាតឱ្យលោកស្រី និង សហការី ចូលជួប​សម្តែង​ការ​គួរ​សម និងពិភាក្សាការងារ។ លោកស្រីនាយិកាគ្រប់គ្រង បានវាយតម្លៃខ្ពស់ចំពោះវឌ្ឍនភាព និង​ភាព​ល្អ​ប្រសើរ នៃ​កិច្ចសហប្រតិបត្តិការរវាងធនាគារពិភពលោក និងរាជរដ្ឋាភិបាលកម្ពុជា ដែល​មាន​មាំមួន និងយូរអង្វែង ហើយលោកស្រីនាយិកាមានជំនឿជាក់ថា ជំនួបជាមួយសម្ដេចធិបតី នា​ឱកាស​នេះ​នឹងបន្ដជំរុញនូវកិច្ចសហប្រតិបត្តិការជាមួយរាជរដ្ឋាភិបាលកម្ពុជាបន្ថែមទៀត។ ឆ្លៀត​ក្នុង​ឱកាសនេះដែរ លោកស្រីនាយិកា ក៏បានគោរព​ជម្រាប​ជូន​សម្ដេច​ធិបតី​អំពី​ភាព​ប្រទាក់​ក្រឡា និងស្របគ្នានៃឯកសារគោលនយោបាយអភិវឌ្ឍ ជាពិសេសយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់​កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា ជាមួយនឹងទិសដៅគោលនយោបាយ និង​ការងារ​សំខាន់​ៗ របស់ធនាគារពិភពលោក ក្នុងកម្រិតសកល និង ក្នុងកម្រិតប្រទេសកម្ពុជា ផងដែរ។ ជាការឆ្លើយតប សម្តេចធិបតី បានស្វាគមន៍ចំពោះ លោកស្រីនាយិកាគ្រប់គ្រង ដែល​បាន​អញ្ជើញ​មក​បំពេញ​បេសកកម្ម នៅព្រះរាជាណាចក្រកម្ពុជា និងបានសម្តែងសេចក្តីសោមនស្សរីករាយ និង​ថ្លែង​អំណរ​គុណដល់ធនាគារពិភពលោក ចំពោះការចូលរួមការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជា នា​ពេល​កន្លង​មក។ សម្ដេចធិបតី បានកោតសរសើរ និងអរគុណចំពោះការប្តេជ្ញាចិត្ត នៃការបន្ត​កិច្ច​សហប្រតិបត្តិការ​របស់ធនាគារពិភពលោកជាមួយរាជរដ្ឋាភិបាលកម្ពុជា ជាពិសេស​ការ​បន្ត​កម្ម​វិធី​ភាព​ជា​ដៃគូរវាងរាជរដ្ឋាភិបាលជាមួយធនាគារពិភពលោកសម្រាប់ ឆ្នាំ២០២៥-២០២៩។ សម្តេច​ធិបតី ក៏បានជម្រាបជូនលោកស្រីនាយិកាគ្រប់គ្រង ពីការ​ដាក់​ចេញ​កម្ម​វិធី​គោល​នយោបាយ​អាទិភាព​ទាំង ៦ សម្រាប់ចាប់ផ្តើមអនុវត្តភ្លាមក្នុងឆ្នាំ២០២៣ និងវិធានការចំនួន៥ សម្រាប់​ដោះស្រាយ​​ក្នុងនីតិកាលទី៧ នៃរដ្ឋសភា សំដៅលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ តាមរយៈការកសាងភាពធន់ ការធានាកំណើន ចីរភាព ដើម្បីឈាន​ទៅ​សម្រេច​បាន​នូវ​ចក្ខុ​វិស័យ​កម្ពុជា​ឆ្នាំ២០៥០ ក្នុងការប្រែក្លាយទៅជាប្រទេសមានចំណូលខ្ពស់។ សម្តេចធិបតី និង​លោក​ស្រី​នាយិកា​គ្រប់គ្រង ក៏បានបង្ហាញការ​ប្តេជ្ញា​ចិត្ត​ក្នុង​ការ​បន្ត​កិច្ច​សហប្រតិបត្តិការ​លើ​ការ​អភិវ​ឌ្ឍ​មូល​ធន​មនុស្ស​នៅ​កម្ពុជា និង នៅក្នុងវិស័យអាទិភាពមួយចំនួន រួមមាន៖ វិស័យអប់រំ វិស័យ​សុខាភិបាល ​វិស័យកសិកម្ម វិស័យឌីជីថល វិស័យបរិស្ថាន និងការប្រែប្រួលអាកាសធាតុ៕

អារ៉ាប៊ីសាអ៊ូឌីត អំពាវនាវឲ្យអ៊ីស្រាអែល គោរពច្បាប់អន្តរជាតិ

2024/01/29 12:35:13 pm        147
រដ្ឋមន្ត្រីការបរទេសអារ៉ាប៊ីសាអ៊ូឌីត លោក ហ្វៃសាល ប៊ីន ហ្វាហាន អាល់ ស៊ូដ (Faisal bin Farhan Al Saud) កាលពីថ្ងៃអាទិត្យ បានជំរុញឲ្យអ៊ីស្រាអែល គោរពច្បាប់អន្តរជាតិ។លោកបានធ្វើការអធិប្បាយក្នុងអំឡុងពេលសន្និសីទសារព័ត៌មានរួមគ្នាជាមួយសមភាគីអេហ្ស៊ីបលោក អាមេ ស៊ូគ្រី (Sameh Shoukry) នៅទីក្រុងគែរ ដែលក្នុងនោះលោកទាំងពីរ បានអំពាវនាវឲ្យមានបទឈប់បាញ់ នៅតំបន់ហ្កាហ្សាស្ទ្រីប និងជំនួយ ដើម្បីទៅដល់អ្នកដែលខ្វះខាត នេះបើយោងតាមបណ្តាញព័ត៌មានរដ្ឋអារ៉ាប៊ីសាអ៊ូឌីត Al Arabiya News។មន្ត្រីអារ៉ាប៊ីសាអ៊ូឌីត បាននិយាយថា អារ៉ាប៊ីសាអ៊ូឌីត រួមជាមួយនឹងរដ្ឋអារ៉ាប់ផ្សេងទៀត នឹងបន្តដាក់សម្ពាធ ដើម្បីការពារប្រជាជនប៉ាឡេស្ទីន។និយាយអំពីការបដិសេធរបស់អ៊ីស្រាអែលចំពោះសេចក្តីសម្រេចរបស់តុលាការយុត្តិធម៌អន្តរជាតិ (ICJ) ស្តីពីស្ថានភាពមនុស្សធម៌នៅតំបន់ហ្កាហ្សា លោកបានសង្កត់ធ្ងន់ថា ច្បាប់អន្តរជាតិ និងច្បាប់មនុស្សធម៌អន្តរជាតិ គួរតែអនុវត្តដូចគ្នាចំពោះអ៊ីស្រាអែលដូចទៅនឹងប្រទេសដទៃទៀតដែរ។តុលការ ICJ កាលពីថ្ងៃសុក្រ បានបញ្ជាឲ្យអ៊ីស្រាអែលចាត់វិធានការគ្រប់បែបយ៉ាង នៅក្នុងអំណាចរបស់ខ្លួន ដើម្បីការពារអំពើប្រល័យពូជសាសន៍ប្រឆាំងនឹងប៉ាឡេស្ទីន នៅក្នុងតំបន់ហ្កាហ្សាស្ទ្រីប។ បើតាមតុលាការ សេចក្តីសម្រេចនេះ គឺមានកាតព្វកិច្ចតាមផ្លូវច្បាប់។ទោះជាយ៉ាងនេះក្តី តុលាការនេះ មិនបានបញ្ជាឲ្យអ៊ីស្រាអែលផ្អាកប្រតិបត្តិការយោធារបស់ខ្លួននៅក្នុងតំបន់ហ្កាហ្សា ដែលជាសំណើដ៏សំខាន់មួយដែលបានស្នើឡើងដោយអាហ្វ្រិកខាងត្បូង ស្របពេលដែល បានអំពាវនាវឲ្យក្រុមហាម៉ាសដោះលែងចំណាប់ថ្នូរអ៊ីស្រាអែលទាំងអស់ផងដែរនោះ។

តុលាការហុងកុង បង្គាប់ឲ្យក្រុមហ៊ុនចិន Evergrande ជម្រះបញ្ជីបំណុល ៣០០ពាន់លានដុល្លារ

2024/01/29 12:30:59 pm        387
តុលាការហុងកុងនៅពីថ្ងៃចន្ទ (ទី២៩ ខែមករា)នេះ បានបញ្ជាឲ្យក្រុមហ៊ុន China Evergrande Group ជម្រះបញ្ជីបំណុល ដែលជាការសម្រេចមួយទំនងជាបង្កឲ្យមានបញ្ហាកាន់តែច្រើនតាមរយៈទីផ្សារហិរញ្ញវត្ថុដែលដួលរលំរបស់ប្រទេសចិន នៅពេលដែលក្រុមអ្នកបង្កើតគោលនយោបាយ ព្យាយាមទប់ទល់នឹងវិបត្តិកាន់តែជ្រៅ។លោកចៅក្រម លីនដា ចាន់ (Linda Chan) បានសម្រេចឲ្យក្រុមហ៊ុនអភិវឌ្ឍន៍ ដែលជំពាក់បំណុលគេច្រើនជាងគេលើពិភពលោក ជម្រះបញ្ជីបំណុលសរុបជាង ៣០០ពាន់លានដុល្លារ បន្ទាប់ពីបានកត់សម្គាល់ថា ក្រុមហ៊ុន Evergrande មិនអាចផ្តល់ផែនការរៀបចំរចនាសម្ព័ន្ធឡើងវិញបានទេ បើទោះបីជាមានការពន្យារពេលជាច្រើនខែ និងសវនាការតុលាការជាច្រើនលើកក៏ដោយ។លោកចាន់ ដែលនឹងផ្តល់ហេតុផលលម្អិតនៅល្ងាចថ្ងៃចន្ទនេះ បាននិយាយថា៖«ដល់ពេលដែលតុលាការនិយាយថា គ្រប់គ្រាន់ គឺគ្រប់គ្រាន់ហើយ»។ក្រុមហ៊ុន Evergrande មិនបានឆ្លើយតបភ្លាមៗចំពោះសំណើសុំការអត្ថាធិប្បាយពីសារព័ត៌មានរ៉យទ័រទេ។ការសម្រេចចិត្តនេះ កំណត់ដំណាក់កាលសម្រាប់អ្វីដែលត្រូវបានគេរំពឹងថា នឹងជាដំណើរការអូសបន្លាយយូរ និងស្មុគស្មាញជាមួយនឹងការពិចារណាផ្នែកនយោបាយដ៏សំខាន់ ដោយសារអាជ្ញាធរជាច្រើនពាក់ព័ន្ធ។អ្នកវិនិយោគនៅឈូងសមុទ្រ នឹងផ្តោតលើរបៀបដែលអាជ្ញាធរចិនប្រព្រឹត្តចំពោះម្ចាស់បំណុលបរទេស នៅពេលដែលក្រុមហ៊ុនមួយ បរាជ័យ។លោក ហ្គារី ង ( Gary Ng) សេដ្ឋវិទូជាន់ខ្ពស់នៅក្រុមហ៊ុន Natixis បាននិយាយថា៖« វាមិនមែនជាទីបញ្ចប់ទេ ប៉ុន្តែជាការចាប់ផ្តើមនៃដំណើរការដ៏យូរនៃការរំលាយចោលដែលនឹងធ្វើឲ្យប្រតិបត្តិការប្រចាំថ្ងៃរបស់ក្រុមហ៊ុន Evergrande កាន់តែពិបាក»។

រុស្ស៊ី និងបេឡារុស នឹងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យយោធា

2024/01/29 12:25:36 pm        85
ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន(Vladimir Putin) និងប្រធានាធិបតីបេឡារុស លោក អាឡិចសានឌ័រ លូកាស្សេនកូ (Alexander Lukashenko) បាននិយាយថា មេដឹកនាំទាំងពីរនឹងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យយោធា និងវិស័យផ្សេងៗទៀត។ មេដឹកនាំទាំងពីរ បានជួបគ្នានៅក្នុងទីក្រុងធំបំផុតទីពីររបស់រុស្ស៊ី សឺត ភីធឺស្បឺក (St. Petersburg) កាលពីថ្ងៃអាទិត្យ។លោកពូទីន បាននិយាយនៅពេលចាប់ផ្តើមកិច្ចពិភាក្សាថា ប្រទេសទាំងពីរ កំពុងអភិវឌ្ឍទំនាក់ទំនងលើគ្រប់វិស័យ រួមទាំងសេដ្ឋកិច្ច ការអប់រំ និងវប្បធម៌។ លោក Lukashenko បានឆ្លើយតបថា ភាគីទាំងពីរកំពុងពិភាក្សាយ៉ាងយកចិត្តទុកដាក់អំពីរបៀបអភិវឌ្ឍសេដ្ឋកិច្ច និងឧស្សាហកម្មយោធារបស់ប្រទេសទាំងពីរ។រុស្សី និងបេឡារុស កំពុងស្ថិតនៅក្រោមការដាក់ទណ្ឌកម្មពីសំណាក់បណ្តាប្រទេសលោកខាងលិច ជុំវិញការឈ្លានពានលើអ៊ុយក្រែនដែលនៅតែបន្ត។ លោក Putin និងលោក Lukashenko នឹងចូលរួមកិច្ចប្រជុំមួយនៅថ្ងៃចន្ទនេះ ដើម្បីបញ្ជាក់ឡើងវិញនូវកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងសន្តិសុខទ្វេភាគី ក្នុងគោលបំណងបង្កើតរដ្ឋសហជីពមួយ។ ទន្ទឹមនឹងនេះ អង្គភាពសេវាសន្តិសុខរបស់ប្រទេសអ៊ុយក្រែន កាលពីថ្ងៃសៅរ៍ បានប្រកាសពីការស៊ើបអង្កេតលើមនុស្ស ៥ នាក់ ពីបទសង្ស័យប៉ុនប៉ងកេងបន្លំប្រាក់ប្រហែល ៤០ លានដុល្លារនៅក្នុងការទិញគ្រាប់កាំភ្លើងធំ។ ករណីពុករលួយជាបន្តបន្ទាប់ បានលេចចេញជាពន្លឺនៅក្នុងប្រទេសអ៊ុយក្រែន ដែលធ្វើឲ្យរដ្ឋាភិបាលស្ថិតក្រោមការត្រួតពិនិត្យជាសាធារណៈយ៉ាងដិតដល់។ ប្រទេសលោកខាងលិច ដែលបាននិងកំពុងផ្គត់ផ្គង់ជំនួយយោធា ដើម្បីជួយអ៊ុយក្រែន ការពារខ្លួនប្រឆាំងការឈ្លានពានរបស់រុស្ស៊ី ក៏កំពុងជំរុញឱ្យទីក្រុងគីវ បង្កើនកិច្ចខិតខំប្រឹងប្រែងរបស់ខ្លួនឡើងវិញ ដើម្បីលុបបំបាត់អំពើពុករលួយ។

អ៊ីរ៉ង់ និយាយថា ជម្លោះនៅហ្កាហ្សា បង្ហាញពីលក្ខណៈ«លាក់ពុត»របស់សហរដ្ឋអាមេរិក

2024/01/29 12:20:12 pm        138
អ្នកនាំពាក្យក្រសួងការបរទេសអ៊ីរ៉ង់ លោក Nasser Kanaani បាននិយាយកាលពីថ្ងៃអាទិត្យថា អ្វីដែលបានកើតឡើងនៅតំបន់ហ្កាហ្សា បានបង្ហាញពី «លក្ខណៈលាក់ពុតនៃអ្វីដែលគេហៅថា អ្នកគាំទ្រសិទ្ធិមនុស្ស រួមទាំងរដ្ឋាភិបាលសហរដ្ឋអាមេរិកផងដែរ» ។លោកបាននិយាយដូច្នេះ នៅក្នុងការបង្ហោះនៅលើបណ្តាញផ្សព្វផ្សាយសង្គម X ខណៈ បានស្តីបន្ទោសអង្គការសិទ្ធិមនុស្សរបស់លោកខាងលិច ចំពោះការបរាជ័យរបស់ពួកគេក្នុងការបញ្ឈប់ការវាយប្រហាររបស់អ៊ីស្រាអែល នៅតំបន់ហ្កាហ្សា ក្នុងរយៈពេល ១១៤ថ្ងៃកន្លងទៅនេះ និងការគាំទ្ររបស់ប្រទេសលោកខាងលិចមួយចំនួន ចំពោះប្រទេសអ៊ីស្រាអែលក្នុងការវាយប្រហាររបស់ខ្លួនលើតំបន់ហ៊ុមព័ទ្ធឆ្នេរ។លោកបានកត់សម្គាល់ថា «មុខមាត់ពុតត្បុតដែលគេហៅថាអ្នកគាំទ្រសិទ្ធិមនុស្ស រួមទាំងរដ្ឋាភិបាលសហរដ្ឋអាមេរិក ត្រូវបានបង្ហាញនៅចំពោះមុខពិភពលោក បន្ទាប់ពីមានការវិវឌ្ឍន៍ និងស្ថានការណ៍ នៅតំបន់ហ្កាហ្សា។ អ្នកនាំពាក្យបាននិយាយថា ប្រជាជនជាង ១,៩ លាននាក់នៃចំនួនប្រជាជន ២,២លាននាក់ នៅតំបន់ហ្កាហ្សា បានភៀសខ្លួនចេញ និងគ្មានលំនៅឋានរស់នៅ ហើយជាង ២៦.០០០នាក់ក្នុងចំណោមពួកគេ រួមមានស្ត្រី និងកុមារប្រមាណ ១៨.០០០នាក់ត្រូវបានសម្លាប់ ដោយបាននិយាយថា អ្នកគាំទ្រអ៊ីស្រាអែល គួរតែខ្មាស់អៀនចំពោះការផុយស្រួយខាងសីលធម៌ដ៏ខ្លាំងរបស់ពួកគេ ទាក់ទងនឹងជោគវាសនារបស់ពលរដ្ឋតំបន់ហ្កាហ្សា ។អ៊ីស្រាអែល បានប្រយុទ្ធជាមួយក្រុមហាម៉ាស នៅតំបន់ហ្កាហ្សា ចាប់តាំងពីថ្ងៃទី ៧ ខែតុលាឆ្នាំ ២០២៣ បន្ទាប់ពីក្រុមនេះ បានបើកការវាយប្រហារដ៏គួរឱ្យភ្ញាក់ផ្អើលទៅលើភាគខាងត្បូងប្រទេសអ៊ីស្រាអែល បណ្តាលឲ្យមនុស្សប្រហែល ១.២០០នាក់ស្លាប់។ ទន្ទឹមនឹងនេះ ក្រសួងសុខាភិបាលគ្រប់គ្រងដោយក្រុមហាម៉ាស បាននិយាយកាលពីថ្ងៃអាទិត្យថា ចំនួនអ្នកស្លាប់របស់ប៉ាឡេស្ទីន ពីការវាយប្រហាររបស់អ៊ីស្រាអែលដែលនៅបន្តលើតំបន់ហ្កាហ្សា បានកើនឡើងដល់ ២៦.៤២២ នាក់។

អ៊ីរ៉ង់ច្រានចោលថា ខ្លួនពុំជាប់ពាក់ព័ន្ធនឹងការស្លាប់របស់ទាហានអាមេរិក នៅក្នុងប្រទេសហ្ស៊កដានីទេ

2024/01/29 12:16:52 pm        95
អ្នកនាំពាក្យក្រសួងការបរទេសអ៊ីរ៉ង់ លោក ណាស៊រ កាណានី (Nasser Kanaani)បាននិយាយនៅថ្ងៃចន្ទននេះថា ទីក្រុងតេអេរ៉ង់ពុំជាប់ពាក់ព័ន្ធក្នុងការវាយប្រហារដោយយានដ្រូនលើមូលដ្ឋានទ័ពអាមេរិកនៅក្នុងប្រទេសហ្ស៊កដានីដែលបានបណ្ដាលឲ្យទាហាន៣នាក់ស្លាប់ និងជាង៣០នាក់រងរបួស នោះទេ ។ ចលនាតស៊ូអ៊ីស្លាមនៅក្នុងប្រទេសអ៊ីរ៉ាក់ ដែលជាក្រុមសាខារបស់កងជីវពលអ៊ីស្លាមស៊ីយ៉ា(Islamist Shia militias) បានអះអាងទទួលខុសត្រូវចំពោះការវាយប្រហារលើប៉ុស្តិ៍ត្រួតពិនិត្យសន្តិសុខមួយដែលត្រូវគេស្គាល់ថា Tower 22 នៅមិនឆ្ងាយប៉ុន្មានពីព្រំដែនជាមួយព្រំដែនហ្ស៊កដានី និងស៊ីរី។ លោកប្រធានាធិបតី Joe Biden បាននិយាយថា ការវាយប្រហារនេះ ត្រូវបានធ្វើឡើងដោយក្រុមសកម្មប្រយុទ្ធគាំទ្រដោយអ៊ីរ៉ង់ ខណៈអ្នកនយោបាយអាមេរិកជាច្រើនបានស្ដីបន្ទោដោយផ្ទាល់លើប្រទេសអ៊ីរ៉ង់ ។ ជាមួយគ្នានោះ រដ្ឋមន្ត្រីការបរទេសអង់គ្លេស លោក David Cameron បានចង្អុលទៅអ៊ីរ៉ង់ផងដែរ ដោយជំរុញឲ្យសាធារណរដ្ឋអ៊ីស្លាមមួយនេះ បន្ធូរបន្ថយភាពតានតឹងនៅក្នុងតំបន់។ លោក Kanaani បាននិយាយថា ដូចដែលយើងបានបញ្ជាក់ច្បាស់រួចមកហើយ ក្រុមចលនាតស៊ូអ៊ីស្លាមនានា នៅក្នុងតំបន់នេះ កំពុងឆ្លើយតបទៅនឹងឧក្រិដ្ឋកម្មសង្រ្គាម និងអំពើប្រល័យពូជសាសន៍ ។ ពួកគេមិនមែនធ្វើតាមការបញ្ជារបស់អ៊ីរ៉ង់នោះទេ។ ក្រុមទាំងនោះ បានសម្រេចចិត្ត និងធ្វើសកម្មភាពអាស្រ័យលើគោលការណ៍ផ្ទាល់ និងចំណុចអាទិភាពរបស់ពួកគេ ព្រមទាំងផលប្រយោជន៍សម្រាប់ប្រទេសជាតិ និងប្រជាជាជនរបស់ពួកគេប៉ុណ្ណោះ៕

អង្គការសហប្រជាជាតិ ជំរុញការពិចារណាឡើងវិញចំពោះការផ្អាកមូលនិធិរបស់ UNRWA

2024/01/29 12:10:45 pm        72
មន្ត្រីអង្គការសហប្រជាជាតិ កំពុងជំរុញឱ្យប្រទេសនានា ពិចារណាឡើងវិញអំពីការផ្អាកការផ្តល់មូលនិធិសម្រាប់ទីភ្នាក់ងារអង្គការសហប្រជាជាតិសម្រាប់ប៉ាឡេស្ទីន ឬ UNRWA កាលពីថ្ងៃអាទិត្យ ទី ២៨ ខែមករា។ យ៉ាងហោចណាស់ប្រទេសចំនួន៩ រួមមានទាំងម្ចាស់ជំនួយកំពូល គឺសហរដ្ឋអាមេរិក និងអាល្លឺម៉ង់ បានផ្អាកការផ្តល់មូលនិធិសម្រាប់ទីភ្នាក់ងារអង្គការសហប្រជាជាតិសម្រាប់ប៉ាឡេស្ទីន(UNRWA) បន្ទាប់ពីការចោទប្រកាន់របស់អ៊ីស្រាអែលថា បុគ្គលិករាប់សិបនាក់ក្នុងចំណោមបុគ្គលិក ១៣.០០០នាក់ របស់ទីភ្នាក់ងារនៅតំបន់ហ្សា បានជាប់ពាក់ព័ន្ធក្នុងការវាយប្រហារនៅអ៊ីស្រាអែល កាលពីថ្ងៃទី ៧ ខែតុលា។ អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Antonio Guterres បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ កាលពីថ្ងៃអាទិត្យថា លោក អំពាវនាវយ៉ាងខ្លាំងដល់រដ្ឋាភិបាលទាំងឡាយណា ដែលបានផ្អាកការរួមចំណែករបស់ពួកគេ ឲ្យធានាការបន្តប្រតិបត្តិការរបស់ទីភ្នាក់ងារអង្គការសហប្រជាជាតិសម្រាប់ប៉ាឡេស្ទីន(UNRWA) ។ លោក បានប្តេជ្ញាថានឹងឲ្យបុគ្គលិករបស់អង្គការសហប្រជាជាតិណាម្នាក់ ដែលពាក់ព័ន្ធនឹងអំពើភេរវកម្មចេញមកទទួលខុសត្រូវ។ លោក បាននិយាយថា នេះអាចរាប់បញ្ចូលទាំងការកាត់ទោសព្រហ្មទណ្ឌ ដែលជាវិធានការដ៏កម្រនៅក្នុងស្ថាប័នពិភពលោក ចាប់តាំងពីបុគ្គលិកភាគច្រើនទទួលបានអភ័យឯកសិទ្ធិមុខងារ។ លោក Guterres និយាយថា សមាជិកបុគ្គលិក ១២ នាក់ បានជាប់ពាក់ព័ន្ធ ហើយ ៩ នាក់ត្រូវបានបញ្ចប់ការងារ។ ការស៊ើបអង្កេតរបស់អង្គការសហប្រជាជាតិលើការចោទប្រកាន់របស់អ៊ីស្រាអែល កំពុងដំណើរការ។ ក្រសួងសុខាភិបាលតំបន់ហ្កាហ្សា បាននិយាយថា មនុស្សជាង ២៦.០០០ នាក់ ត្រូវបានសម្លាប់ ក្នុងយុទ្ធនាការយោធារបស់អ៊ីស្រាអែលប្រឆាំងក្រុមហាម៉ាស់ក្នុងតំបន់ ហើយភាគច្រើននៃប្រជាជន ២,៣ លាននាក់នៅហ្កាហ្សា បានពឹងផ្អែកលើជំនួយរបស់ទីភ្នាក់ងារអង្គការសហប្រជាជាតិសម្រាប់ប៉ាឡេស្ទីន(UNRWA) ផ្តល់ឲ្យ។តួនាទីរបស់ទីភ្នាក់ងារអង្គការសហប្រជាជាតិសម្រាប់ប៉ាឡេស្ទីន(UNRWA) ត្រូវបានអ៊ីស្រាអែលរិះគន់ជាយូរមកហើយ ដែលចោទថាទីភ្នាក់ងារនេះ បានគាំទ្រក្រុមហាម៉ាសរយៈពេលជាច្រើនឆ្នាំមកហើយ ដែលការចោទប្រកាន់នេះ ភ្នាក់ងារបានបដិសេធ។

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ការទម្លាក់គ្រាប់បែករបស់រុស្ស៊ីសម្លាប់មនុស្ស ៤នាក់ និង ២៧នាក់ រងរបួសនៅទីក្រុង Dobropillia ប្រទេសអ៊ុយក្រែន
07/17/2025 08:07 PM
ក្រសួងឧស្សាហកម្ម ដាក់ប្រព័ន្ធបន្សុទ្ធទឹកស្អាតនៅមន្ទីរពេទ្យគន្ធបុប្ផា ជូនដល់អ្នកព្យាបាលជំងឺពិសា
07/17/2025 08:07 PM
សាស្ត្រាចារ្យសាកលវិទ្យាល័យតូក្យូ ចាប់អារម្មណ៍ស្វែងយល់បន្ថែមអំពីកម្ពុជា និងការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច
07/17/2025 08:07 PM
សារព័ត៌មាន NBC News៖ ការវាយប្រហាររបស់អាមេរិក បានបំផ្លាញទីតាំងនុយក្លេអ៊ែរអ៊ីរ៉ង់តែមួយប៉ុណ្ណោះ
07/17/2025 08:07 PM
ប្រភព៖ អ្នកការទូតលោកខាងលិចនៅចម្ងាយប៉ុន្មានម៉ែត្រពីការវាយប្រហាររបស់អ៊ីស្រាអែល ក្នុងទីក្រុងដាម៉ាស
07/17/2025 08:07 PM
អ៊ីស្រាអែល បង្កើនថ្លៃការពារជាតិ ដើម្បីឈានដល់ការងារប្រឈមផ្នែកសន្តិសុខ
07/17/2025 07:07 PM
ហ្សកហ្ស៊ីររារាំងការលក់សារធាតុអ៊ុយរ៉ានីញ៉ូមតម្លៃ ៣លានដុល្លារដែលអាចប្រើក្នុងគ្រាប់បែក
07/17/2025 07:07 PM
រដ្ឋធានីប្រទេសអេក្វាឌ័រ រងភាពរង្គោះរង្គើរដោយសារវិបត្តិកង្វះទឹកប្រើប្រាស់ប្រចាំថ្ងៃ​
07/17/2025 07:07 PM
មេបញ្ជាការជាន់ខ្ពស់ណាតូ៖ ប្រព័ន្ធការពារដែនអាកាស Patriot នឹងទៅដល់ទីក្រុងគីវយ៉ាងលឿនតាមដែលអាច
07/17/2025 07:07 PM
អាហ្វ្រិកខាងត្បូងជំរុញឲ្យមានការរួបរួម ខណៈកិច្ចប្រជុំរដ្ឋមន្រ្តីហិរញ្ញវត្ថុ G20 ចាប់ផ្តើមក្រោមស្រមោលពាណិជ្ជកម្ម
07/17/2025 07:07 PM