BREAKING NEWS|កម្ពុជាចាត់ទុកផែនការថៃចង់ដណ្តើមប្រាសាទតាក្របី និងបិទប្រាសាទតាមាន់ធំគឺជាការប៉ុនប៉ងឈ្លានពានកម្ពុជាគិតទុកជាមុន និងមិនគោរពបទឈប់បាញ់
សម្ដេចតេជោ៖សង្គ្រាមព្រំដែនកម្ពុជា-ថៃបានផ្ទេរពីសង្គ្រាមប្រើប្រាស់អាវុធមកជាសង្រ្គាម ប្រើប្រាស់ជំពាមកៅស៊ូ ខណៈបើពិនិត្យឲ្យសុីជម្រៅវាជារឿងធំ ប្រសិនបើមិនទប់ស្កាត់
ឯកឧត្តម ចាន់ ដារ៉ុង ដឹកនាំគណៈកម្មការ​អន្តរ​ក្រសួង​ចុះ​ពិនិត្យ​វាយ​តម្លៃ​បញ្ចប់​សុពល​ភាព​ការងារ​ថែ​ទាំ​ផ្លូវ​ខួបចំនួន ៣កំណាត់ ក្នុងខេត្តពោធិ៍សាត់
BREAKING NEWS! សម្តេចធិបតី អបអរសាទរចំពោះការប្រព្រឹត្តទៅដោយជោគជ័យ​នូវ​កិច្ច​ប្រជុំ​​វិសាមញ្ញ នៃ​គណៈកម្មាធិកា​រ​ព្រំដែន​ទូទៅកម្ពុជា-ថៃ

នយោបាយ​ និង ការអភិវឌ្ឍន៍

ឯកឧត្តម សាយ សំអាល់ អំពាវនាវយុវជនបង្កើនចំណេះដឹង ដើម្បីឲ្យកម្ពុជាទទួលជោគជ័យ​គោលដៅ២០៥០

2024/01/03 11:12:11 am        217
ភ្នំពេញ៖ ឯកឧត្តម សាយ សំអាល់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់បានថ្លែងថា រាជរដ្ឋាភិបាលរំពឹងឆ្នាំ២០៥០ កម្ពុជានឹងមានកំណើនធនធានមនុស្ស ដែល​ពោរពេញដោយចំណេះដឹង និងសមត្ថភាព សម្រាប់ចូលរួម​ប្រែក្លាយ​ប្រទេស​កម្ពុជា​ជា​ប្រទេស​​មាន​ប្រាក់​ចំណូលកម្រិតខ្ពស់ ដូចនេះសូមយុវជន ជាពិសេសសិស្ស​និស្សិត ត្រូវ​ខិតខំ​បង្កើន​ចំណេះ​ដឹង​របស់ខ្លួនឲ្យកាន់តែទូលំទូលាយ ។ក្នុងពេលជួបសំណេះសំណាល ជាមួយនិស្សិតជ័យលាភីអាហារូបករណ៍ ដែលនឹង​ត្រូវ​ទៅ​បន្ត​ការ​សិក្សា​នៅ​ណូវែលហ្សេឡង់ អូស្ត្រាលី និងបារាំង កាលពីថ្ងៃទី២ ខែមករា ឆ្នាំ២០២៣ ឯកឧត្តម​ឧប​នាយក​រដ្ឋ​មន្ត្រីមានប្រសាសន៍ថា រាជរដ្ឋាភិបាលតាំងពីអាណត្តិមុន រហូតមកដល់អាណត្តិថ្មី ដែល​ដឹក​នាំ​ដោយ​សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅតែខិតខំ​អភិវឌ្ឍន៍​ធន​ធាន​មនុស្ស និងត្រូវបានដាក់ចូលក្នុងយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ (ធនធានមនុស្ស ភ្លើង ទឹក ផ្លូវ និងបច្ចេកវិទ្យា) ។ ឯកឧត្តម បានបន្តថា យុវជន ជាពិសេសនិស្សិតជ័យលាភីអាហារូបករណ៍ ដែល​បាន​ទៅ​សិក្សា​នៅ​ក្រៅ​ប្រ​ទេសនេះ ត្រូវសិក្សាអំពីសភាពការណ៍នយោបាយ និងដំណើរ​វិវឌ្ឍន៍​ផ្នែក​សេដ្ឋកិច្ច​សកល​លោក ​ដើម្បីទុកជាបទពិសោធន៍ សម្រាប់ស្វែងយល់ អំពីអ្វីដែលត្រូវយកមកអនុវត្ត និង​អ្វី​ដែល​ត្រូវ​ជៀស​វាង ដើម្បីអភិវឌ្ឍន៍ខ្លួនឯងឱ្យកាន់តែល្អប្រសើរ និងចូលរួមអភិវឌ្ឍន៍សង្គមជាតិ ឱ្យ​កាន់​តែ​ឈាន​ឆ្ពោះ​ទៅមុខ ។ ក្នុងឱកាសនោះ ជាការឆ្លើយតប និស្សិតជ័យលាភីអាហារូបករណ៍ទាំងអស់ បានប្ដេជ្ញាថា ពេល​បញ្ចប់​ការសិក្សាហើយវិលត្រឡប់មកមាតុភូមិកម្ពុជាវិញ នឹង​ចូលរួម​ចំណែក​ជាមួយ​រាជ​រដ្ឋា​ភិបាល​ក្នុ​​ងការកសាង និងអភិវឌ្ឍន៍ប្រទេសជាតិ ស្របតាមយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ និង​ដំណាក់​កាលបន្តបន្ទាប់ទៀត តាមសក្តានុពល និងជំនាញរៀងៗខ្លួន ។គួរបញ្ជាក់ថា និស្សិតជ័យលាភីអាហារូបករណ៍ទាំងអស់ នឹងត្រូវចេញ​ដំណើរ​ទៅ​បន្ត​ការ​សិក្សា​ថ្នាក់​អនុបណ្ឌិត និងបណ្ឌិតនៅអូស្ត្រាលី ណូវែលហ្សេឡង់ និងបារាំង នាខែមករា ឆ្នាំ២០២៤នេះ ដោយ​សិក្សា​លើមុខវិជ្ជាវិទ្យាសាស្ត្រវិស្វកម្ម នីតិសាស្ត្រ វិទ្យាសាស្រ្តនយោបាយ អប់រំ ការរចនា​ទីក្រុង វិជ្ជាជីវៈឆ្មប សេដ្ឋកិច្ច សុខភាពសាធារណៈ សហគ្រិនភាព និងនវានុវត្តន៍ គោល​នយោបាយ​សាធារណៈ និងបច្ចេកវិទ្យាជីវសាស្រ្ត រួមនឹងមុខវិជ្ជាសំខាន់ៗជាច្រើនទៀត ៕ អត្ថបទ បាន សុខរិទ្ធិ

និស្សិត និងពលរដ្ឋខ្មែររស់នៅតំបន់អឺរ៉ុប ប្រកាសស្វាគមន៍ដំណើរទស្សនកិច្ច​សម្តេចធិបតីទៅកាន់ប្រទេសបារាំង និងស្វីស

2024/01/03 10:25:31 am        218
ភ្លាមៗក្រោយទទួលដំណឹងពីដំណើរទស្សនកិច្ចរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា ទៅកាន់ប្រទេសបារាំង និងប្រទេសស្វីសនាពេលខាងមុខនេះ បង​ប្អូន​ប្រជា​ពលរដ្ឋ ក៏ដូចជានិស្សិតខ្មែរដែលកំពុងសិក្សា និងរស់នៅ​តំបន់​អឺរ៉ុប​បាន​ប្រកាស​ចាំ​ទទួល​ស្វាគមន៍​ដំណើរ​ទស្សនកិច្ចរបស់សម្តេចនាថ្ងៃទី១៨-១៩ ខែមករា ឆ្នាំ២០២៤ខាងមុខនេះ។តាមរយៈវិដេអូឃ្លីបដាច់ដោយឡែកពីគ្នា របស់បងប្អូនប្រជាពលរដ្ឋខ្មែរ និងនិស្សិតខ្មែរទាំងនោះ បាន​លើក​ឡើងថា ពួកគេពិតជាមានភាពកក់ក្តៅ និងក្តីរំភើបយ៉ាងខ្លាំងបន្ទាប់ពីឮដំណឹងថា សម្តេច​ធិបតី នាយករដ្ឋមន្រ្តីនឹងដឹកនាំគណៈប្រតិភូកម្ពុជាទៅកាន់ប្រទេសបារាំង និងស្វី​ស​ខាង​មុខ​នេះ ដើម្បីចូលរួមក្នុងកិច្ចប្រជុំប្រចាំឆ្នាំរបស់វេទិកាសេដ្ឋកិច្ចពិភពលោក (WEF) ឆ្នាំ២០២៤ នៅប្រទេសស្វីស។ ហើយបងប្អូន ទាំងនោះក៏បានរំពឹងថា ដំណើរទស្សន​កិច្ច​ជា​លើក​ដំបូង​របស់​សម្តេច​ធិបតី​ទៅ​កាន់​ប្រទេសបារាំង និងស្វីស ក្រោយសម្តេចធ្វើជានាយករដ្ឋមន្រ្តីកម្ពុជានេះ នឹង​ទទួ​ល​បាន​ផ្លែផ្កា និងផលប្រយោជន៍សម្រាប់ជាតិ និងប្រ ជាជន​កម្ពុជា​កាន់​តែ​ល្អ​ប្រសើរ​បន្ថែម​ទៀត​។បងប្អូនប្រជាពលរដ្ឋ ក៏ដូចជានិស្សិតខ្មែរទាំងនោះបានប្រកាសថា ពួកគេនឹងរង់ចាំទទួលស្វាគមន៍ ដោយ​ស្មោះស្ម័គ្រចំពោះដំណើរទស្សនកិច្ចរបស់សម្តេច និ​ង​ថ្លែង​កោត​សរសើរ​ចំពោះ​សម្តេច​ថា​ជា​មេ​ដឹកនាំ វ័យក្មេង និងឆ្លាតវៃមួយរូប ដែលមាន​ចក្ខុវិស័យ​វែង​ឆ្ងាយ​ និង​ប្រកដ​និយម ដើម្បី​ដឹកនាំ​ប្រទេស​កម្ពុជា ឲ្យកាន់តែមានភាពរីកចម្រើនបន្ថែមទៀតផងដែរ។បងប្អូនប្រជាពលរដ្ឋ ក៏ដូចជានិស្សិតខ្មែរ ទាំងនោះក៏បានថ្លែងអំណរអគុណចំពោះការដឹកនាំរបស់ សម្តេច​ធិបតី ហ៊ុន ម៉ាណែត និងសម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តី ដែល​បាន​ធ្វើ​ឲ្យ​ប្រទេសកម្ពុជា មានសុខសន្តិភាព និងការអភិវឌ្ឍរហូតដល់សព្វថ្ងៃនេះផងដែរ។សូមបញ្ជាក់ថា តបតាមការអញ្ជើញរបស់ប្រធានាធិបតីបារាំងលោក អេម៉ានុយអែល ម៉ាក្រុង សម្តេច​ធិបតី ហ៊ុន ម៉ាណែត នឹងបំពេញ​ទស្សនកិច្ច​ ​ផ្លូវការ​នៅ​ប្រទេស​បារាំង​ចំនួន​ពីរ​ថ្ងៃ​គឺ​ចាប់​ពី​ថ្ងៃ​ទី១៨-១៩ ខែមករា ឆ្នាំ២០២៤ខាងមុខនេះ ហើយ​បន្ទាប់​សម្តេច​នឹង​អញ្ជើញ​បន្ត​ដំណើរ​ទៅ​កាន់​ប្រទេស​ស្វីស ដើម្បីចូលរួមក្នុងកិច្ចប្រជុំប្រចាំឆ្នាំរបស់វេទិកាសេដ្ឋកិច្ចពិភពលោក (WEF) ឆ្នាំ២០២៤។ក្នុងដំណើរទស្សនកិច្ចជាលើកដំបូងរបស់សម្តេចធិបតី ទៅកាន់​តំបន់​អឺរ៉ុប​នេះ​ត្រូវ​បាន​ប្រធានា​ធិបតី​បារាំង នឹងធ្វើឲ្យទំនាក់ទំនងកម្ពុជា និង​បារាំង​កាន់​តែ​រីក​ចម្រើន​ទៅ​មុខ​បន្ថែម​ទៀត​នូវ​ការ​ធ្វើ​ពិពិធកម្ម ដើម្បីគ្រប់គ្រងផលប្រយោជន៍រួមគ្នា នៃប្រទេសទាំងពីរ។ នៅក្នុងលិខិតអញ្ជើញ លោក​ប្រធានា​ធិបតី បានរំពឹង​ថា​ «ដំណើរ​ទស្សនកិច្ច​នេះ​នឹ​ង​ធ្វើ​ឱ្យ​កិច្ច​សហប្រតិបត្តិការ​រវាង​ប្រទេស​យើង​ទាំង​ពីរ​កាន់តែ​មានភាពស៊ីជម្រៅបន្ថែមទៀត នូវការធ្វើពិពិធកម្ម ដើម្បី​គ្រប់គ្រង​ផល​ប្រយោជន៍​រួម​គ្នា ក្នុងនោះមានដូចជាបញ្ហាប្រឈមនៃសាកលភាវូបនីយកម្មដែលមានការផ្លាស់ប្តូរ និង​កំពុងជួបប្រទះនាពេលបច្ចុប្បន្ន ។ វានឹងអនុញ្ញាតឱ្យយើងពិនិត្យមើលនូវមធ្យោបាយ ដែល យើង​អាច​ប្រើ​ប្រាស់រួមគ្នា ដើម្បីពង្រឹងសណ្តាប់ធ្នាប់សកល ដែលផ្អែកលើវិធានច្បាប់ ដែល​នឹង​អនុញ្ញាត​ដល់​ការធានានូវ អធិបតេយ្យភាព និងពោរពេញទៅដោយឯករាជ្យ នៃរដ្ឋទាំងអស់»៕អត្ថបទ៖ បាន ចក់

សម្តេចធិបតី ហ៊ុន ម៉ាណែត នឹងបំពេញទស្សនកិច្ចនៅប្រទេសបារាំងចំនួនពីរថ្ងៃនៅខែមករានេះ

2024/01/03 07:27:27 am        222
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា នឹងបំពេញទស្សនកិច្ចនៅប្រទេសបារាំងចំនួនពីរថ្ងៃគឺចាប់ពីថ្ងៃទី១៨ ដល់ថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៤នេះ ខណៈដំណើរទស្សនកិច្ចនេះ នឹងធ្វើឱ្យកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងបារាំងកាន់តែមានភាពស៊ីជម្រៅបន្ថែមទៀត នូវការធ្វើពិពិធកម្ម ដើម្បីគ្រប់គ្រងផលប្រយោជន៍រួមគ្នានៃប្រទេសទាំងពីរ។យោងតាមលិខិតអញ្ជើញរបស់ប្រធានាធិបតីបារាំងលោក អេម៉ានុយអែល ម៉ាក្រុងនាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣កន្លងទៅហើយត្រូវបានក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា បកប្រែក្រៅផ្លូវការ និងបានផ្សព្វផ្សាយជាសាធារណៈនាថ្ងៃទី៣ ខែមករា ឆ្នាំ២០២៤នេះ បានឲ្យដឹងថា ការអញ្ជើញទៅបំពេញទស្សនកិច្ចផ្លូវការរបស់សម្តេចធិបតី នាយករដ្ឋមន្រ្តីកម្ពុជា ទៅកាន់ប្រទេសបារាំងនាពេលនេះ នឹងបង្កើននូវវឌ្ឍនភាព និងកាន់តែមានភាពច្បាស់លាស់​ថែមទៀត​ទៅលើវិស័យជាច្រើន រវាងកម្ពុជា និងបារាំង។យោងតាមលិខិតអញ្ជើញរបស់លោកប្រធានាធិបតីបារាំង បានបញ្ជាក់ថា«ឯកឧត្តមនាយករដ្ឋមន្ត្រី​ជាទីស្រឡាញ់! មិត្តជាទីស្រឡាញ់!។ ខណៈពេលដែលព្រះរាជទស្សនកិច្ចផ្លូវការរបស់ព្រះមហាក្សត្រនៅកាន់ទីក្រុងប៉ារីសកាលពីខែកន្លងទៅ បានបង្ហាញអំពីភាពរឹងមាំនៃចំណងមិត្តភាពរបស់ប្រទេសយើងទាំងពីរ និងរបស់ប្រជាជនរបស់​យើង(កម្ពុជា-បារាំង) ខ្ញុំមានកិត្តិយសសូមគោរពអញ្ជើញឯកឧត្តម ធ្វើទស្សនកិច្ចផ្លូវការនៅប្រទេស​បារាំងនៅថ្ងៃទី១៨ និងថ្ងៃទី១៩ ខែមករាខាងមុខនេះ»។លោកប្រធានាធិបតី បានបញ្ជក់បន្ថែមទៀតថា ដំណើរទស្សនកិច្ចលើកដំបូងនៅប្រទេសបារាំងនេះ ចាប់តាំងពីការឡើងកាន់តំណែងជានាយករដ្ឋមន្ត្រី នឹងអនុញ្ញាតក្នុងការបង្កើននូវវឌ្ឍនភាព និងកាន់តែមានភាពច្បាស់លាស់ថែមទៀតទៅលើវិស័យជាច្រើនផ្សេងទៀត ជាពិសេស គឺចំពោះទំនាក់ទំនងទ្វេភាគីរវាងប្រទេសយើងទាំងពីរ ជាពិសេសនៅក្នុង វិស័យសេដ្ឋកិច្ច ការអភិវឌ្ឍ វិស័យការពារជាតិ បេតិកភណ្ឌ និងភាសាបារាំង។លោកអេម៉ានុយអែល ម៉ាក្រុង បានសង្កត់ធ្ងន់ទៀតថា« ខ្ញុំសង្ឃឹមថា ដំណើរទស្សនកិច្វនេះនឹង​ធ្វើឱ្យ​កិច្ចសហប្រតិបត្តិការរវាងប្រទេសយើងទាំងពីរកាន់តែមានភាពស៊ីជម្រៅបន្ថែមទៀត នូវការធ្វើ​ពិពិធកម្ម ដើម្បីគ្រប់គ្រងផលប្រយោជន៍រួមគ្នា ក្នុងនោះមានដូចជាបញ្ហាប្រឈមនៃសាកល​ភាវូបនីយកម្មដែលមានការផ្លាស់ប្តូរ និងកំពុងជួបប្រទះនាពេលបច្ចុប្បន្ន ។ វានឹងអនុញ្ញាតឱ្យយើងពិនិត្យមើលនូវមធ្យោបាយ ដែល យើងអាចប្រើប្រាស់រួមគ្នា ដើម្បីពង្រឹងសណ្តាប់ធ្នាប់សកល ដែលផ្អែកលើវិធានច្បាប់ ដែលនឹងអនុញ្ញាតដល់ការធានានូវ អធិបតេយ្យភាព និងពោរពេញទៅដោយឯករាជ្យ នៃរដ្ឋទាំងអស់។ ខ្ញុំសូម ឯកឧត្តម នាយ រដ្ឋមន្ត្រី ទទួលនូវការគោរពអំពីខ្ញុំ»។បន្ថែមពីលើខ្លឹមសារខាងលើ លោកប្រធានាធិបតី​បារាំង​ក៏បានសរសេរផ្ទាល់ដៃនូវឃ្លា ដែលផ្ញើនូវ ការនឹករលឹកដល់សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តីកម្ពុជាផងដែរ ដោយឃ្លានោះ បានលើកឡើងថា«សូមមេត្តាពាំនាំការគោរពនឹករលឹកជូនចំពោះលោកឪពុករបស់ ឯកឧត្តមដែលជាមិត្តសម្លាញ់របស់ខ្ញុំ»៕ អត្ថបទបាន ចក់

ថ្ងៃទី២នៃការប្រកាសទ្រព្យសម្បត្តិ ACU បានទទួលឯកសារប្រកាសចំនួន ៨០២៩រូបហើយ

2024/01/02 01:58:23 pm        290
ថ្ងៃទី២នៃការប្រកាសទ្រព្យសម្បត្តិតាមរបប០២ឆ្នាំ ឆ្នាំ២០២៤នេះ ACU បានទទួលឯកសារពីអ្នកជាប់កាតព្វកិច្ចត្រូវប្រកាសចំនួន ៨០២៩រូបហើយ និងមានក្រសួង ស្ថាប័នមួយចំនួនបានបញ្ចប់ការប្រកាស១០០%។អង្គភាពប្រឆាំងអំពើពុករលួយ ដែលហៅកាត់ថា ACU បានឱ្យដឹងថា នៅថ្ងៃទី០២ ខែមករា ឆ្នាំ២០២៤ ដែលជាថ្ងៃទី២ នៃការប្រកាសទ្រព្យសម្បត្តិ និងបំណុលតាមរបប០២ឆ្នាំ ឆ្នាំ២០២៤នេះ នាយកដ្ឋានប្រកាសទ្រព្យសម្បត្តិ និងបំណុល បានទទួលឯកសារពីអ្នកជាប់កាតព្វកិច្ចត្រូវប្រកាស​ទ្រព្យសម្បត្តិ និងបំណុល ចំនួន ៨០២៩រូប ធ្វើឱ្យឯកសារប្រកាសទ្រព្យសម្បត្តិ និងបំណុល ​ស្មើនឹង ៤៣.៩២% នៃចំនួនត្រូវប្រកាសសរុប ១៨២៧៩រូប ​ដែលចំនួននេះ​ គិតចាប់ពីម៉ោង ៨ព្រឹក ដល់ម៉ោង១២ថ្ងៃត្រង់ថ្ងៃទី០២ ខែមករា ឆ្នាំ២០២៤នេះ។សូមបញ្ជាក់ថា ក្រសួង ស្ថាប័ន និងរាជធានី ខេត្ត ដែលបានបញ្ចប់ការប្រកាសរបស់ខ្លួន ១០០% រួមមាន​ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត រាជធានីភ្នំពេញ ​ខេត្តត្បូងឃ្មុំ ខេត្តប៉ៃលិន ខេត្តកំពង់ស្ពឺ ខេត្តព្រៃវែង ខេត្តព្រះវិហារ និងខេត្តកំពង់ចាម។ ការប្រកាសទ្រព្យសម្បត្តិ និងបំណុលតាមរបប០២ឆ្នាំ សម្រាប់ឆ្នាំ២០២៤នេះដំណើរការមួយខែពេញនៃខែមករានេះ គឺចាប់ពីវេលាម៉ោង០៨ព្រឹក ​ដល់ម៉ោង០៥ល្ងាច ពីថ្ងៃទី០១ ដល់ថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៤ និងមានការឈប់សម្រាកសម្រាប់ថ្ងៃសៅរ៍ និងថ្ងៃអាទិត្យនោះទេ៕ អត្ថបទ៖ ប្រាក់ វ៉ាន់ដា

ក្រសួងការបរទេសឡាតវី៖ ទោះបីជាអ៊ុយក្រែនរំដោះទឹកដីរបស់ខ្លួនក៏ដោយ ការគំរាមកំហែងរបស់រុស្ស៊ីចំពោះអឺរ៉ុប នឹងនៅតែមាន

2024/01/02 01:43:15 pm        330
លោក Krišjānis Kariņš រដ្ឋមន្ត្រីការបរទេសឡាតវី បាននិយាយថា ទោះបីជាអ៊ុយក្រែនរំដោះទឹកដីដែលគ្រប់គ្រងដោយរុស្ស៊ីទាំងអស់ក៏ដោយ ក៏ការគំរាមកំហែងខាងយោធាចំពោះអឺរ៉ុបពីរុស្ស៊ី នឹងនៅតែមាន។«រដ្ឋាភិបាលរុស្ស៊ី មិនអាចកែលម្អសុខុមាលភាពរបស់ប្រជាជនរបស់ខ្លួនបានទេ។ ការគ្រប់គ្រងស្ថានភាព ត្រូវបានផ្តោតទៅលើការប្រឆាំងនឹងការស្វែងរកសត្រូវខាងក្រៅ និងមានការបណ្តុះគំនិតថា ការដួលរលំនៃសហភាពសូវៀត គឺជាអំពើអាក្រក់ដ៏ធំបំផុត។ ដូច្នេះចំាបាច់ត្រូវប្រគល់ទឹកដីដែលបាត់បង់មកវិញរួមទាំងផលប្រយោជន៍ផ្សេងៗ។ វាជាការសោកស្ដាយដែលនេះ មិនមែនជាសង្រ្គាមរបស់វិមានក្រឹមឡាំងទេ វាបានក្លាយជាសង្រ្គាមដែលគាំទ្រដោយប្រជាជនរុស្ស៊ី។ ប្រទេសរុស្ស៊ី កំពុងឈានទៅមុខជាមួយនឹងការពង្រីកចក្រពត្តិ ហើយបន្តជាការគំរាមកំហែងដល់អឺរ៉ុប»។ដូចដែលអ្នកនយោបាយរូបនេះ បាននិយាយថា នៅពេលដែលសង្រ្គាមនៅអ៊ុយក្រែន បានបញ្ចប់ ការគំរាមកំហែង នឹងចាប់ផ្តើមកើនឡើង ប្រទេសរុស្ស៊ី នឹងបន្តកសាងកងកម្លាំងប្រដាប់អាវុធរបស់ខ្លួនឡើងវិញ។លោករដ្ឋមន្ត្រី បានបញ្ជាក់ថា ភាពឋិតថេរនៃរដ្ឋាភិបាលរុស្ស៊ី គឺផ្អែកលើមហិច្ឆតាចក្រពត្តិនិយម។លោក Kariņš បានបន្ថែមថា ការពិភាក្សាអំពីការបរាជ័យ ឬការបាត់បង់ទឹកដីមួយចំនួន ដែលអាចកើតមានរបស់អ៊ុយក្រែន និងជ័យជម្នះរបស់រុស្ស៊ី គឺមានបំណងលើកទឹកចិត្តប្រទេស និងសង្គមលោកខាងលិច ឲ្យទប់ស្កាត់សេណារីយោបែបនេះ។ ដូចដែលលោករដ្ឋមន្ត្រីការបរទេស បានលើកឡើង ជ័យជម្នះនៅអ៊ុយក្រែន នឹងបង្ហាញដល់វិមានក្រឹមឡាំងថា គោលនយោបាយរបស់ខ្លួនត្រឹមត្រូវ ដែលធ្វើឲ្យខ្លួនអាចវាយប្រហារប្រទេសជិតខាង និងទទួលបានផលប្រយោជន៍ពីវានោះ។

លោក ស៊ី ជីនពីង បានលើកឡើងនៅឆ្នាំ២០២៤ ជាមួយនឹងការទទួលស្គាល់ដ៏កម្រថា សេដ្ឋកិច្ចរបស់ ចិនកំពុងមានបញ្ហា

2024/01/02 01:31:02 pm        289
លោកប្រធានាធិបតី ស៊ី ជីនពីង ( Xi Jinping) បានទទួលស្គាល់ក្នុងអំឡុងពេលសុន្ទរកថាពេលល្ងាចថ្ងៃអាទិត្យចូលឆ្នាំសកលរបស់លោកថា អាជីវកម្មរបស់ប្រទេសចិន កំពុងជួបការលំបាក ហើយអ្នកស្វែងរកការងារធ្វើ មានបញ្ហាក្នុងការស្វែងរកការងារ។នេះ គឺជាលើកទីមួយហើយ ដែលលោក ស៊ី បានលើកឡើងពីបញ្ហាប្រឈមផ្នែកសេដ្ឋកិច្ច នៅក្នុងសារឆ្នាំថ្មីប្រចាំឆ្នាំរបស់ខ្លួន ចាប់តាំងពីលោក បានចាប់ផ្តើមថ្លែងក្នុងឆ្នាំ២០១៣។ វាកើតឡើង នៅដំណាក់កាលដ៏សំខាន់សម្រាប់សេដ្ឋកិច្ចធំទីពីររបស់ពិភពលោក ដែលកំពុងប្រឈមនឹងការធ្លាក់ចុះនៃរចនាសម្ព័ន្ធដែលបណ្តាលមកតម្រូវការធ្លាក់ចុះ ភាពអត់ការងារធ្វើកំពុងកើនឡើង និងភាពជឿជាក់លើអាជីវកម្មក៏ធ្លាក់ចុះផងដែរ។ដោយទទួលស្គាល់ពី«ស្ថានភាពដ៏លំបាក» ដែលប្រទេសនេះកំពុងប្រឈម លោកស៊ី បានទទួលស្គាល់ក្នុងសុន្ទរកថាតាមទូរទស្សន៍ថា៖«សហគ្រាសមួយចំនួន មានពេលវេលាដ៏លំបាក។ មនុស្សមួយចំនួនមានការលំបាកក្នុងការស្វែងរកការងារធ្វើ និងបំពេញតម្រូវការមូលដ្ឋាន»។លោកស៊ី បាននិយាយនៅក្នុងសុន្ទរកថាដែលត្រូវបានផ្សព្វផ្សាយយ៉ាងទូលំទូលាយដោយប្រព័ន្ធផ្សព្វផ្សាយរដ្ឋថា៖«ទាំងអស់នេះ នៅតែស្ថិតនៅក្នុងចំណុចសំខាន់នៃគំនិតរបស់ខ្ញុំ»។ «យើងនឹងបង្រួបបង្រួម និងពង្រឹងសន្ទុះងើបឡើងវិញនៃសេដ្ឋកិច្ច»។នៅប៉ុន្មានម៉ោងមុនពេលលោកស៊ីថ្លែង ការិយាល័យស្ថិតិជាតិ (NBS) បានចេញផ្សាយការស្ទង់មតិប្រចាំខែរបស់ខ្លួន សន្ទស្សន៍អ្នកគ្រប់គ្រងការទិញ (PMI) ដែលបង្ហាញថា សកម្មភាពរោងចក្រ បានធ្លាក់ចុះក្នុងខែធ្នូដល់កម្រិតទាបបំផុត ក្នុងរយៈពេល៦ខែ។

ក្រុមឧទ្ទាម Zapatista នៅម៉ិកស៊ិក អបអរខួប ការបះបោរប្រឆាំងសកលភាវូបនីយកម្ម

2024/01/02 01:19:11 pm        261
ក្រុមជនជាតិដើមបដិវត្តន៍ម៉ិកស៊ិក ជាកងទ័ពក្រុមឧទ្ទាម Zapatista សម្រាប់ការរំដោះប្រទេស កំពុងអបអរខួបលើកទី ៣០ នៃការបះបោរប្រដាប់អាវុធរបស់ពួកគេ ដែលបានបញ្ចប់ទៅក្លាយជានិមិត្តរូបដំបូងសម្រាប់អ្នកគាំទ្រចលនាប្រឆាំងសកលភាវូបនីយកម្ម។កាលពីឆ្នាំ ១៩៩៤ សេនាធិការរង លោក Marcos បានដឹកនាំក្រុមបះបោរប្រដាប់អាវុធ នៅក្នុងរដ្ឋ Chiapas ភាគខាងត្បូង និងក្រីក្រ ក្នុងការប្រកាសសង្គ្រាមប្រឆាំងរដ្ឋាភិបាល នៅថ្ងៃដែលរដ្ឋនេះ បើកព្រំដែនចំពោះពាណិជ្ជកម្មសេរី។ដោយដាក់ឈ្មោះឱ្យវីរបុរសបដិវត្តន៍ម៉ិកស៊ិក អ៊ីមីលាណូ ហ្សាប៉ាតា (Emiliano Zapata)(EZLN) ខណៈក្រុមនេះត្រូវបានគេស្គាល់ ហើយសហគមន៍ Zapatista បានអញ្ជើញអ្នកផ្សេងទៀតឱ្យមកចូលរួមជាមួយពួកគេ និងអបអរនូវអ្វីដែលពួកគេបានចាត់ទុកថាជា «ខួបនៃការចាប់ផ្តើមសង្រ្គាមប្រឆាំងចំពោះការបំភ្លេចចោល» ។មេដឹកនាំក្រុមបះបោរ លោក Marcos ដែលកាលពីពេលមុនត្រូវបានគេស្គាល់ថា ជាមេបញ្ជាការរង Marcos និងអត្តសញ្ញាណផ្សេងទៀត បានបង្ហាញខ្លួនកាលពីរសៀលថ្ងៃច័ន្ទ នៅក្នុងការប្រារព្ធពិធីអបអរខួបនេះ។ លោក បានពាក់ម៉ាស់ក្លែងបន្លំមុខ ខណៈលោកកំពុងជក់បារីខ្សៀ។ វាជារឿងអាថ៍កំបាំងមួយ ដែលអតីតមេដឹកនាំឧទ្ទាមរូបនេះ មិនត្រូវបានគេឃើញជាសាធារណៈអស់ជាច្រើនឆ្នាំមកហើយ។ ការប្រារព្ធពិធីអបអររយៈពេល ៤ ថ្ងៃ ដែលបញ្ចប់នៅថ្ងៃអង្គារនេះ មានការសម្តែងសិល្បះ របាំ និងកំណាព្យ ឧទ្ទិសដល់ដល់អ្នកដែលបានប្រយុទ្ធក្នុងរយៈពេល ១២ថ្ងៃ ជាមួយកងទ័ពម៉ិកស៊ិក បណ្តាលឲ្យបាត់បង់ជីវិតមនុស្សយ៉ាងហោចណាស់ ១៤០នាក់ ។ក្នុងអំឡុងពេលនៃការប្រារព្ធពិធីអបអរនេះ ស្ត្រីជាច្រើននាក់បានស្លៀករ៉ូប ដែលប៉ាក់ដោយផ្កាចម្រុះពណ៌ និងគ្រឿងតុបតែង ជាលក្ខណៈនៃសហគមន៍ជនជាតិដើមផ្សេងៗគ្នារបស់ពួកគេ ហើយស្ត្រីផ្សេងទៀត ព្រមទាំងបុរសជាច្រើន បានស្លៀកពាក់ឯកសណ្ឋានបែបយោធា។

ចិនអំពាវនាវឲ្យប្រជាជនកោះតៃវ៉ាន់ លើកស្ទួយការបង្រួបបង្រួមជាតិដោយសន្តិវិធី

2024/01/02 01:00:00 pm        245
ប្រធានការិយាល័យកិច្ចការកោះតៃវ៉ាន់របស់ចិន នៅថ្ងៃអង្គារនេះ បានអំពាវនាវឲ្យប្រជជនកោះតៃវ៉ាន់ ជួយលើកស្ទួយដំណើរការនៃការបង្រួមបង្រួមជាតិប្រកបដោយសន្តិវិធី ដោយនិយាយថា នោះគឺជាបំណងប្រាថ្នារួមគ្នារបស់ប្រជាជនទាំង២ នៃច្រកសមុទ្រតៃវ៉ាន់។ សាររបស់លោកសុង តាវ (Song Tao)ដែលបានកើតឡើងមិនដល់២ប្ដាហ៍មុនការបោះឆ្នោតជ្រើសរើសមេដឹកនាំនិងសភា របស់កោះតៃវ៉ាន់ នៅថ្ងៃទី១៣ខែ មករាខាងមុខ ដោយ សុន្ទរកថារបស់ជូនពរឆ្នាំថ្មីរបស់លោកប្រធានាធិបតីចិន Xi Jinping ដែលសង្កត់ធ្ងន់ថា ការបង្រួបបង្រួមរបស់ចិន ជាមួយកោះតៃវ៉ាន់ គឺជារឿងជៀសមិនរួច។ លោកសុង បាននិយាយនៅក្នុងសារឆ្នាំថ្មីរបស់លោកនៅលើគេហទំព័រការិយាល័យ ថា មាតុភូមិ នេះ នឹងត្រូវតែបង្រួបបង្រួមឡើងវិញ។ លោក បានបន្ថែមថា នេះគឺជាបំណងប្រាថ្នា និងបេសកកម្មរួមរបស់ប្រជាជនទាំង២ នៃច្រកសមុទ្រតៃវ៉ាន់។ លោក និយាយថា ប្រជាជនកោះតៃវ៉ាន់ គួរតែគាំទ្រទំនាក់ទំនងឆ្លងកាត់ច្រកសមុទ្រដើម្បីវិលទៅរកមាគារដ៏ត្រឹមត្រូវនៃការអភិវឌ្ឍន៍ និងលើកស្ទួយដំណើរការបង្រួបបង្រួមជាតិប្រកបដោយសន្តិវិធីនៃមាតុភូមិនេះ។ រដ្ឋាភិបាលកោះតៃវ៉ាន់ បានច្រានចោលការអះអាងសិទ្ធិរបស់ប្រទេសចិន។ទាំងគណបក្សកាន់អំណាចប្រជាធិបេតេយ្យជឿនលឿន និងគណបក្សប្រឆាំងដ៏ធំ គឺគណបក្សគូមីងតាង (Kuomintang) បាននិយាយថា ប្រជាជនកោះតៃវ៉ាន់ អាចសម្រេចអនាគតរបស់ខ្លួនដោយខ្លួនឯងបាន៕

កងទ័ពជើងទឹកអាមេរិក បញ្ចប់ការដាក់ពង្រាយនាវាផ្ទុកយន្តហោះនៅមជ្ឈិមបូព៌ា

2024/01/02 12:56:47 pm        137
កងទ័ពជើងទឹកសហរដ្ឋអាមេរិក បាននិយាយកាលពីថ្ងៃចន្ទថា នាវាផ្ទុកយន្តហោះ Gerald R Ford នឹងត្រឡប់ទៅកាន់កំពង់ផែរបស់ប្រទេសវិញ ដោយបញ្ចប់ការដាក់ពង្រាយទៅកាន់សមុទ្រមេឌីទែរ៉ាណេភាគខាងកើត ដែលបានចាប់ផ្តើមគាំទ្រអ៊ីស្រាអែល បន្ទាប់ពីការវាយប្រហារកាលពីថ្ងៃទី ៧ ខែតុលា ដោយក្រុមសកម្មប្រយុទ្ធហាម៉ាស់។ នាវា Ford ដើរដោយថាមពលនុយក្លេអ៊ែរ ជានាវាផ្ទុកយន្តហោះថ្មីបំផុតរបស់កងទ័ពជើងទឹក មានបុគ្គលិកជាង ៤.០០០នាក់ និងយន្តហោះចំនួន៨គ្រឿង បានក្លាយជានិមិត្តសញ្ញាដ៏មានឥទ្ធិពលនៃការគាំទ្ររបស់អាមេរិក ដោយបានប្រញាប់ប្រញាល់ទៅកាន់តែជិតប្រទេសអ៊ីស្រាអែល បន្ទាប់ពីការវាយប្រហាររបស់ក្រុមសកម្មប្រយុទ្ធប៉ាឡេស្ទីន។ ការវាយប្រហារនេះ បានបង្កឱ្យមានសង្រ្គាមនៅតំបន់ហ្កាហ្សា ដោយកងកម្លាំងអ៊ីស្រាអែល បានពង្រាបទឹកដីភាគច្រើនឱ្យទៅជាកម្ទេចកម្ទី បណ្តាលឲ្យមនុស្សរាប់ពាន់នាក់ស្លាប់ និងធ្វើឱ្យមនុស្សចំនួន ២,៣ លាននាក់ធ្លាក់ចូលទៅក្នុងគ្រោះមហន្តរាយមនុស្សធម៌។ កងទ័ពជើងទឹកបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ថា ភ្លាមៗបន្ទាប់ពីការវាយប្រហារដ៏ឃោរឃៅរបស់ក្រុមហាម៉ាស ទៅលើប្រទេសអ៊ីស្រាអែល ក្រុមវាយប្រហាររបស់នាវា USS Gerald R ត្រូវបានបញ្ជាឱ្យទៅកាន់សមុទ្រមេឌីទែរ៉ាណេភាគខាងកើត ដើម្បីចូលរួមរារាំង និងជំហរការពារនៅក្នុងតំបន់នោះ។ រដ្ឋមន្ត្រីការពារជាតិសហរដ្ឋអាមេរិក លោក Lloyd Austin បានពង្រីកការដាក់ពង្រាយនាវា Ford បីលើក ដោយសង្ឃឹមថា វត្តមានរបស់នាវានេះនឹងរារាំងក្រុមគាំទ្រអ៊ីរ៉ង់ និងនិងសម្ព័ន្ធមិត្តអ៊ីរ៉ង់ ជាពិសេសក្រុមហេសបូឡា នៅប្រទេសលីបង់ មិនឲ្យវាយប្រហារមកលើអ៊ីស្រាអែល។ទាហានអាមេរិកនៅអ៊ីរ៉ាក់ និងស៊ីរី បានអត់ធ្មត់នឹងការវាយប្រហារដោយយានដ្រូន និងគ្រាប់រ៉ុក្កែត ដោយកងជីវពលដែលគាំទ្រដោយអ៊ីរ៉ង់។ ក្រុមហ៊ួទី ដែលជាសម្ព័ន្ធមិត្តអ៊ីរ៉ង់នៅប្រទេសយេម៉ែន បានរំខានដល់ពាណិជ្ជកម្មពិភពលោកដោយការវាយប្រហារទៅលើនាវាដឹកប្រេង និងនាវាដឹកទូរទំនិញនៅសមុទ្រក្រហមដោយប្រើប្រាស់យានដ្រូន និងមីស៊ីល។

ប្រធានាធិបតីអ៊ុយក្រែន និយាយថារុស្ស៊ី ទទួលរងការខាតបង់យ៉ាងធ្ងន់ធ្ងរ

2024/01/02 12:34:15 pm        291
ប្រធានាធិបតីអ៊ុយក្រែនលោក វ្លូឌីមី ហ៊្សេលិនស្គី (Volodymyr Zelenskiy) បាននិយាយថា កងកម្លាំងរុស្ស៊ីកំពុងទទួលរងការខាតបង់យ៉ាងធ្ងន់ធ្ងរ ហើយការយល់ឃើញដែលថាទីក្រុងមូស្គូ កំពុងឈ្នះសង្រ្គាមជិតពីរឆ្នាំនេះគឺគ្រាន់តែជា «ការគិតស្មាន» ដែលមិនផ្អែកលើការពិតប៉ុណ្ណោះ។លោកបានប្រាប់ទស្សនាវដ្តី ដឹអ៊ីកូណូមីស (The Economist) នៅក្នុងបទសម្ភាសន៍មួយដែលបានចេញផ្សាយកាលពីថ្ងៃចន្ទ (០១ មករា) ថា «ទាហានរុស្ស៊ីរាប់សិបម៉ឺននាក់ត្រូវបានសម្លាប់ ហើយគ្មាននរណាម្នាក់យកសពពួកគេចេញនោះទេ» ដោយសំដៅលើការប្រយុទ្ធគ្នាជុំវិញទីក្រុងដែលឡោមព័ទ្ធនៅភាគខាងកើតនៃទីក្រុង អាវឌីវកា (Avdiivka) ដែលលោកបានទៅទស្សនាកាលពីសប្តាហ៍មុន។លោកហ៊្សេលិនស្គី មិនបានផ្តល់ភស្តុតាងដើម្បីគាំទ្រការអះអាងរបស់លោកទេ ប៉ុន្តែក្រុមអ្នកវិភាគយោធាលោកខាងលិចយល់ស្របថា រុស្ស៊ីកំពុងចំណាយប្រាក់ដ៏ច្រើនសន្ធឹកសន្ធាប់សម្រាប់ទាហាន និងគ្រឿងយុទ្ធោបករណ៍ដោយទទួលបានការចំណេញតិចតួចប៉ុណ្ណោះនៅភាគខាងកើត និងខាងត្បូងអ៊ុយក្រែន។ ក្រុមមន្ត្រីរុស្ស៊ីបាននិយាយថា ការប៉ាន់ប្រមាណលោកខាងលិចនៃចំនួនអ្នកស្លាប់របស់រុស្ស៊ី គឺជាការបំផ្លើស ហើយតែងតែមើលស្រាលការខាតបង់របស់អ៊ុយក្រែន។ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បាននិយាយកាលពីខែមុនថា ជំហររបស់រុស្ស៊ីកំពុងប្រសើរឡើង ហើយខ្លួននឹងមិនបញ្ឈប់នូវអ្វីដែលលោកហៅថា «ប្រតិបត្តិការយោធាពិសេស» នោះទេរហូតដល់គោលដៅរបស់ខ្លួន រួមទាំង «ការបង្រួបបង្រួម ភាពគ្មានយោធា និងស្ថានភាពអព្យាក្រឹត» របស់អ៊ុយក្រែនត្រូវបានសម្រេច៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ឯកឧត្តម ស៊ុន ចាន់ថុល អញ្ជើញ​បើកកម្មវិធីផ្សព្វផ្សាយនិងបណ្តុះបណ្តាលអំពី នីតិវិធី​នៃ​ការ​ចុះ​បញ្ជី​គម្រោង​វិនិយោគតាមប្រព័ន្ធគ្រប់គ្រងគម្រោងវិនិយោគកម្ពុជា cdcIPM និងការប្រើប្រាស់​ហត្ថលេខា និងត្រាអេឡិចត្រូនិក (e-Signature & e-Stamp)
08/14/2025 02:08 PM
សម្តេចរដ្ឋសភាធិបតី ឃួន សុដារី អញ្ជើញនាំទៀនព្រះវស្សានិងទេយ្យទាន ប្រគេនព្រះសង្ឃ គង់ចាំព្រះវស្សាក្នុងវត្តវិមានតេជះ ហៅវត្តស្រះចក និងបានឧទ្ទិសកុសលជូនវីរកងទ័ព​ដែលបាន​ពលីការពារបូរណភាពទឹកដី
08/14/2025 01:08 PM
ពលករខ្មែរអះអាងថា មិនត្រឡប់ទៅថៃវិញទេ បើទោះបីជាស្ថានភាពវិលត្រឡប់ដូចដើមក្តី
08/14/2025 01:08 PM
អ្នកនាំពាក្យក្រសួងអប់រំ៖ បេក្ខជនប្រឡងបាក់ឌុបមកពីខេត្តឧត្តរមានជ័យ និងព្រះវិហារ​អាចទៅ​ចុះ​ឈ្មោះប្រ​ឡងរាជធានី-ខេត្ត ដទៃបើមិនចង់ប្រឡងនៅខេត្តខ្លួន
08/14/2025 01:08 PM
ចំហេះព្រៃរីករាលដាល និងរលកកម្ដៅយ៉ាងខ្លាំងក្លា បន្តដុតកម្លោចពាសពេញទ្វីបអឺរ៉ុបខាងត្បូង
08/14/2025 12:08 PM
យោធាអ៊ីស្រាអែល ថាខ្លួនបានអនុម័តផែនការសម្រាប់ពង្រីកការវាយលុកនៅក្នុងតំបន់ហ្កាហ្សា
08/14/2025 12:08 PM
កងកម្លាំងរុស្ស៊ី អះអាងថា ខ្លួនវាយដណ្ដើមបានភូមិពីរទៀត នៅភាគខាងកើតអ៊ុយក្រែន
08/14/2025 12:08 PM
ពលរដ្ឋទីក្រុងវ៉ាស៊ីនតោន តវ៉ានៅប៉ុស្តិ៍ត្រួតពិនិត្យរបស់នគរបាលក្នុងពេលមានការបង្ក្រាបឧក្រិដ្ឋកម្ម របស់លោកTrump
08/14/2025 12:08 PM
នគរបាលប្រទេសស៊ែរប៊ី ធ្វើអន្តរាគមន៍ដើម្បីបញ្ចប់ការប្រឈមមុខដាក់គ្នារវាងបាតុករគាំទ្រនិងប្រឆាំងរដ្ឋាភិបាល
08/14/2025 12:08 PM
ការតវ៉ា និងការបួងសួងធ្វើឡើងនៅទូទាំងពិភពលោក ជុំវិញការសម្លាប់អ្នកកាសែតនៅហ្កាហ្សារបស់អ៊ីស្រាអែល
08/14/2025 12:08 PM