រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទចុះពិនិត្យវឌ្ឍនភាពការងារសាងសង់ស្ពានភ្នំក្រវាញ និង​ផ្លូវកៅ​ស៊ូ​ក្នុង​​ខេត្តពោធិ៍សាត់
BREAKING NEWS|កម្ពុជាចាត់ទុកផែនការថៃចង់ដណ្តើមប្រាសាទតាក្របី និងបិទប្រាសាទតាមាន់ធំគឺជាការប៉ុនប៉ងឈ្លានពានកម្ពុជាគិតទុកជាមុន និងមិនគោរពបទឈប់បាញ់
សម្ដេចតេជោ៖សង្គ្រាមព្រំដែនកម្ពុជា-ថៃបានផ្ទេរពីសង្គ្រាមប្រើប្រាស់អាវុធមកជាសង្រ្គាម ប្រើប្រាស់ជំពាមកៅស៊ូ ខណៈបើពិនិត្យឲ្យសុីជម្រៅវាជារឿងធំ ប្រសិនបើមិនទប់ស្កាត់
ឯកឧត្តម ចាន់ ដារ៉ុង ដឹកនាំគណៈកម្មការ​អន្តរ​ក្រសួង​ចុះ​ពិនិត្យ​វាយ​តម្លៃ​បញ្ចប់​សុពល​ភាព​ការងារ​ថែ​ទាំ​ផ្លូវ​ខួបចំនួន ៣កំណាត់ ក្នុងខេត្តពោធិ៍សាត់

នយោបាយ​ និង ការអភិវឌ្ឍន៍

ជនមូស្លីមអាមេរិកសន្យាដកលោក Biden នៅឆ្នាំ ២០២៤ ជុំវិញជំហររបស់លោកចំពោះសង្គ្រាមអ៊ីស្រាអែល នៅហ្កាហ្សា

2023/12/04 12:07:16 pm        167
បណ្ដាមេដឹកនាំមូស្លីមអាមេរិក នៅក្នុងរដ្ឋសំខាន់ៗជាច្រើនបានសន្យាថានឹងប្រមូលផ្តុំសហគមន៍របស់ពួកគេប្រឆាំងនឹងការប៉ុនប៉ងរបស់លោកប្រធានាធិបតី Joe Biden សម្រាប់ការចូលរួមការបោះឆ្នោតអាណត្តិទី២ ដោយសារតែជំហរគាំទ្រយ៉ាងម៉ុតមាំរបស់លោក ចំពោះសង្គ្រាមរបស់អ៊ីស្រាអែលនៅតំបន់ហ្កាហ្សា។ យុទ្ធនាការ #AbandonBiden បានចាប់ផ្តើមនៅពេលដែលជនជាតិអាមេរិកកាន់សាសនាអ៊ីស្លាមនៅរដ្ឋមីនីសូតា(Minnesota)ទាមទារឱ្យលោក Biden អំពាវនាវឱ្យមានបទឈប់បាញ់ត្រឹមថ្ងៃទី ៣១ ខែតុលា បានរាលដាលដល់រដ្ឋ Michigan, Arizona, Wisconsin, Pennsylvania និង Florida ។ ក្រុមនេះបានប្រាប់សារព័ត៌មានអាមេរិក Axios នៅក្នុងសេចក្តីថ្លែងការណ៍មួយថាសន្និសីទ #AbandonBiden 2024 នេះគឺប្រឆាំងការប្រឹងប្រែងនៃការបោះឆ្នោតប្រធានាធិបតីឆ្នាំ ២០២៤ នាពេលខាងមុខ និងការសម្រេចចិត្តដកការគាំទ្រពីលោកប្រធានាធិបតី Biden ដោយសារតែរូបលោកពុំមានឆន្ទៈក្នុងការអំពាវនាវឱ្យមានបទឈប់បាញ់ និងការពារជនស្លូតត្រង់នៅប៉ាឡេស្ទីន និងអ៊ីស្រាអែល ។ ការប្រឆាំងពីប្រជាពលរដ្ឋអាមេរិកមូស្លីម និងអារ៉ាប់ដ៏ធំរបស់ពួកគេ អាចបង្កបញ្ហាប្រឈមចំពោះអនាគតនៃក្ដីរំពឹងការជាប់ឆ្នោតរបស់លោកប្រធានាធិបតីរូបនេះ នៅក្នុងការបោះឆ្នោតនាពេលខាងមុខ។ប្រធានាធិបតី និងអនុប្រធានាធិបតីអាមេរិក ត្រូវបានជ្រើសរើសដោយក្រុម អ្នកបោះឆ្នោតនៅសភា ដែលត្រូវបានជ្រើសរើសក្នុងករណីភាគច្រើនដោយគណបក្សនយោបាយនៅក្នុងរដ្ឋនោះ៕

ហ្វីលីពីន បញ្ជូននាវាដើម្បីត្រួតពិនិត្យវត្តមានខុសច្បាប់របស់នាវាចិន នៅសមុទ្រចិនខាងត្បូង

2023/12/04 11:38:00 am        151
ឆ្មាំល្បាតឆ្នេរហ្វីលីពីន (PCG) បានបញ្ជូននាវារបស់ខ្លួនចំនួនពីរគ្រឿងនៅក្នុងសមុទ្រចិនខាងត្បូង បន្ទាប់ពីបានត្រួតពិនិត្យឃើញការកើនឡើង «គួរឱ្យព្រួយបារម្ភ» នៃចំនួននាវាកងជីវពលដែនសមុទ្រចិន នៅឯថ្មប៉ប្រះទឹកនៅក្នុងតំបន់សេដ្ឋកិច្ចផ្តាច់មុខ(EEZ) របស់ប្រទេសនេះ។ឆ្មាំល្បាតឆ្នេរហ្វីលីពីន បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ចំនួននាវារបស់ចិនដែលត្រូវបានគេជឿថាគ្រប់គ្រងដោយបុគ្គលិកកងជីវពលបានកើនឡើងដល់ជាង ១៣៥គ្រឿង ពីចំនួន ១១គ្រឿង កាលពីខែវិច្ឆិកា ដែលនៅរាយប៉ាយនៅក្នុងតំបន់ថ្មប៉ប្រះទឹក វ៉ីតសុន (Whitsun) ដែលទីក្រុងម៉ានីលហៅថា ថ្មប៉ប្រះទឹក ជូលៀន ហ្វែលីប (Julian Felipe)។ហ្វីលីពីននិយាយថា «ឆ្មាំល្បាតឆ្នេរហ្វីលីពីន រក្សាការប្តេជ្ញាចិត្តឥតងាករេរបស់ខ្លួនក្នុងការការពារសន្តិសុខដែនសមុទ្រ សុវត្ថិភាព និងបរិស្ថានសមុទ្រក្នុងដំណើរការការពារបូរណភាពទឹកដី អធិបតេយ្យភាព សិទ្ធិអធិបតេយ្យភាព និងយុត្តាធិការរបស់ប្រទេសហ្វីលីពីន នៅសមុទ្រហ្វីលីពីនខាងលិច»។សមុទ្រហ្វីលីពីនខាងលិច គឺជាពាក្យរបស់ទីក្រុងម៉ានីល សម្រាប់ហៅដែនទឹកនៅក្នុងសមុទ្រចិនខាងត្បូង ដែលស្ថិតនៅក្នុងរង្វង់តំបន់សេដ្ឋកិច្ចផ្តាច់មុខ ប្រវែង ២០០ ម៉ាយល៍ណត់។ មិនមានការអត្ថាធិប្បាយភ្លាមៗពីស្ថានទូតចិនប្រចាំក្រុងម៉ានីល នោះទេ។ ហ្វីលីពីន កំពុងបង្កើនកិច្ចខិតខំប្រឹងប្រែងដើម្បីទប់ទល់នឹងអ្វីដែលខ្លួនពិពណ៌នាថាជា «សកម្មភាពឈ្លានពាន» របស់ចិននៅក្នុងសមុទ្រចិនខាងត្បូង ដែលបានក្លាយជាចំណុចកងទ័ពជើងទឹកដ៏សំខាន់ចំពោះភាពតានតឹងរបស់ចិន និងសហរដ្ឋអាមេរិក៕

សម្ដេចធិបតីស្នើ គ្រប់ភាគីពាក់ព័ន្ធផ្ដល់សេវាយុត្តិធម៌ជូនជនមានពិការភាព ឱ្យកាន់តែប្រសើរថែមទៀត

2023/12/04 10:57:05 am        334
មានប្រសាសន៍ក្នុងពិធីអបអរសាទរទិវាជនមានពិការភាពកម្ពុជាលើកទី២៥ និង​ជនមាន​ពិការ​ភាព​​អន្តរជាតិ លើកទី៤១ នៅថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២៣ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានស្នើដល់គ្រប់ភាគីពាក់ព័ន្ធជួយជំរុញ និងផ្ដល់សេវាយុត្តិធម៌​ជូនជន​មាន​ពិការភាព​ឱ្យ​បានកាន់តែប្រសើរ ថែមទៀត។សម្ដេចមហាបវរធិបតី នាយករដ្ឋមន្ត្រី បញ្ជាក់បន្ថែមថា ការផ្ដល់សេវាយុត្តិធម៌​ជូន​ជន​មាន​ពិការភាព កាន់តែប្រសើរ គឺដើម្បីការរស់នៅប្រកបដោយសមធម៌ទាំងអស់គ្នា។ថ្លែងនៅក្នុងពិធីនោះដែរ រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ឯកឧត្តម ជា សុមេធី បានឱ្យដឹងថា បច្ចុប្បន្នកម្ពុជា មានជនមានពិការភាពជាង ៥ ភាគរយនៃប្រជាជនសរុប។ឯកឧត្ដមរម្លឹកឱ្យដឹងបន្ថែមថា ឆ្នាំ២០២៣ នេះ កម្ពុជា​បាន​ប្រារព្ធ​ពិធី​អបអរ​សាទរ​ទិវា​ជន​មាន​ពិការភាព​កម្ពុជា លើកទី២៥ និងជនមានពិការភាពអន្តរជាតិ លើកទី៤១ ក្រោមប្រធានបទ​«ដំណោះ​ស្រា​យប្រកប ដោយនវានុវត្តន៍ ដើម្បីសង្គមមួយមានផាសុកវត្ថុ និងសមធម៌»៕ ដោយ៖ គង់ ឌិន

សម្ដេចធិបតីឱ្យបង្កើនការធ្វើវិយោគលើជនមានពិការភាព ពិសេសកម្មវិធីសិក្សាប្រកប​ដោយនវានុវត្តន៍

2023/12/04 10:27:48 am        248
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាស​ទិវា​ជនមានពិការភាពកម្ពុជាលើកទី ២៥ និងទិវាជនមានពិការភាពអន្តរជាតិលើកទី ៤១ ក្រោម​ប្រធាន​​បទ «ដំណោះស្រាយប្រកបដោយនវានុវត្តន៍ ដើម្បីសង្គមមួយមានផាសុកវត្ថុ និងសមធម៌» នៅ​ព្រឹកថ្ងៃទី៤ ខែធ្នូនេះបានអំពាវនាវដល់ភាគីពាក់ព័ន្ធ ត្រូវបង្កើន​ការ​ធ្វើ​វិយោគ​ទុន​លើ​ជន​មាន​ពិការ​ភាព និងបន្តកសាងធនធានជនមានពិការភាពបន្ថែមទៀត រាប់ទាំងការគិតគូរកម្មវិធីសិក្សា ប្រកប​ដោយនវានុវត្តន៍ និងរស់រវើក។ សម្ដេចធិបតី នាយករដ្ឋមន្រ្ដី ក្នុងឱកាស​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​ប្រារព្ធ​ពិធី​អបអរសាទរ ទិវា​ជន​មាន​ពិការ​ភាព​នៅព្រឹកនេះ សម្ដេចបានបញ្ជាក់ថា ព្រះរាជាណាចក្រ​កម្ពុជា​មាន​មោទកភាព​ដោយ​បាន​ចូលរួម​រៀបចំប្រារព្ធទិវាដ៏ឱឡារិកនេះជាមួយប្រជាជាតិទូទាំងពិភពលោក ជាការ​អបអរ​សាទរ​ចំពោះ​ជោគ​ជ័យថ្មីៗ នៃវិស័យពិការភាពដែលបង្ហាញពីឆន្ទៈដ៏មុះមុត និងយកចិត្ត​ទុក​ដាក់​របស់​រដ្ឋាភិបាល នៃ​ប្រទេសនីមួយៗ ជាប្រទេសហត្ថលេខីនៃអនុសញ្ញាស្ដីពីសិទ្ធិជនមានពិការភាព ដើម្បី​បន្ត​លើកស្ទួយសុខុមាលភាព និងលើកកម្ពស់សិទ្ធិជនមានពិការគ្រប់រូបដោយ មិន​មាន​ការ​រើស​អើង​ពណ៌សម្បុរ សាសនា ឋានៈ និង និន្នាការនយោបាយអ្វីឡើយ។សម្ដេចធិបតីថ្លែងថា «ត្រូវបង្កើនការធ្វើវិយោគទុនលើជនមានពិការភាព និង​បន្ត​កសាង​ធន​ធាន​ជន​មាន​ពិការភាពបន្ថែមទៀត រាប់ទាំងការគិតគូរកម្មវិធីសិក្សា ប្រកបដោយនវានុវត្តន៍ និង​រស់​រវើក ដើម្បីធានាថាជនមានពិការភាពអាចរស់នៅក្នុងសង្គមកម្ពុជា ដោយសមធម៌ មាន​ឱកាស​ប្រកួត​ប្រជែង​ទាំងនៅក្នុងប្រទេស តំបន់ និងសកលលោក»។សម្ដេចធិបតីបញ្ជាក់ថា ឆ្នាំ២០២៣នេះកម្ពុជាបានជ្រើសរើសយកប្រធានបទគន្លឹះមួយ ក្នុងគោល​ដៅ​ជំរុញ​ឱ្យមានការ គិតគូរសមស្រប ដើម្បីសង្គមមួយសម្រាប់យើងទាំងអស់គ្នា ក្នុងឋានៈកម្ពុជា​ជា​ប្រទេស​កំពុងអ​ភិវឌ្ឍប៉ុន្តែមានការយកចិត្តទុកដាក់ក្នុងយុទ្ធសាស្ត្រនយោបាយយ៉ាងជាក់លាក់ សម្រាប់​ការ​ដាក់​ចេញ​នូវ​ចក្ខុ​វិស័យ​ច្បាស់លាស់​ធ្វើយ៉ាង​ណា​ដើម្បី​ឈាន​ទៅ​សម្រេច​ឱ្យ​ខាន​តែបា​ន​នូវ​ដំណោះ​ស្រាយប្រកបដោយនវានុវត្តន៍ ពោលគឺការធ្វើឱ្យចេញ​ជា​រូបរាង​ផាសុក​វត្ថុសម្រាប់​ជន​មាន​ពិការភាពតាមលទ្ធភាពដែលអាចធ្វើទៅបាននៅទូទាំងប្រទេស ព្រោះផាសុកវត្ថុ គឺជាការ​បង្ក​លក្ខណៈ​ងាយ​ស្រួលដល់​ជន​មានពិការភាពចូលរួមគ្រប់​សកម្មភាព​ក្នុង​សង្គម​ការ​ប្រកួត​ប្រជែង​សមត្ថភាព​ប្រកបដោយការច្នៃប្រឌិត ស្មើភាព និងតាមតម្រូវការជាក់ស្តែង៕ អត្ថបទ៖ វ៉ន ដារ៉ា

នាយករដ្ឋមន្រ្តីអះអាងថា រាជរដ្ឋាភិបាលនឹងលើកកម្ពស់ជនមានពិការភាពឲ្យក្លាយជាអ្នកនយោបាយ និងមន្រ្តីរាជការកាន់តែច្រើន

2023/12/04 09:32:54 am        306
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានអះអាងថា រាជរដ្ឋាភិបាលនឹងខិត ខំជំរុញ និងលើកកម្ពស់ដល់បងប្អូនមានពិការភាពឲ្យក្លាយទៅជាអ្នកនយោបាយ មន្រ្តីរាជការ ឲ្យកាន់តែច្រើនបន្ថែមទៀត ខណៈបច្ចុប្បន្នរាជរដ្ឋាភិបាលបានកំណត់កូតារហូតដល់២ភាគរយ​សម្រាប់ជ្រើសរើសបងប្អូនជនពិការឲ្យបម្រើកិច្ចការងារ​នៅតាមក្រសួងស្ថាប័ននានារួមទាំងវិស័យ​ឯកជននោះ។ក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីអបអរសាទរ ទិវាជនមានពិការភាពលើកទី២៥ និងអន្តរជាតិ​លើក​ទី៤១​ក្រោមប្រធានបទ«ដំណោះស្រាយប្រកបដោយនវានុវត្តន៍ដើម្បីសង្គមមួយមានផាសុកវត្ថុ និងសមធម៌»នាថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២៣នេះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា ស្របតាមច្បាប់ស្តីពីកិច្ចការពារ ​និងការលើកកម្ពស់ជនពិការ រាជរដ្ឋាភិបាលនឹងបង្កើនការ​វិនិយោគទុន​ដល់បងប្អូនមានពិការភាព​នៅកម្ពុជាឲ្យកាន់តែច្រើនបន្ថែមទៀត ផ្តល់ឱកាសឲ្យពួកគាត់​ក្លាយ​ទៅជាមន្រ្តីរាជការ រួមទាំងកិច្ចការងារជាច្រើនទៀតនៅក្នុងសង្គម ដើម្បីធ្វើយ៉ាងណាឲ្យជីវភាព​នៅក្នុងក្រុមគ្រួសាររបស់ពួកគាត់ឲ្យកាន់តែទូ លំទូលាយនៅក្នុងសង្គម។ជាមួយគ្នានោះដែរ សម្តេចនាយករដ្ឋមន្រ្តីក៏បានណែនាំបន្ថែមគ្រប់ក្រសួង ស្ថាប័ន រដ្ឋបាលរាជធានី ខេត្ត ដៃគូពាក់ព័ន្ធ ត្រូវរៀបចំពិធីមិទ្ទីង ពិធីជួបសំណេះសំណាលជាមួយ ជនមានពិការភាព កម្មវិធីកម្សាន្តសប្បាយសម្រាប់ជនមានពិការភាពនៅតាមក្រសួង ស្ថាប័ន រដ្ឋបាល រាជធានី ខេត្ត គ្រឹះស្ថានសិក្សារដ្ឋឯកជន អង្គការមិនមែនរដ្ឋាភិបាល និងគ្រប់មណ្ឌលនៅក្នុងមូលដ្ឋានរៀងៗខ្លួនផងដែរ។សូមបញ្ជាក់ថា ​ទិវាជនមានពិការភាពអន្តរជាតិត្រូវបានប្រារព្ធឡើង ដើម្បីរំលឹកអំពីការ​តស៊ូ​ទាមទារ​សិទ្ធិចូលរួមក្នុងសង្គមរបស់ជនមានពិការភាពប្រមាណ ១,៣ពាន់លាននាក់ នៃប្រជាជនសរុប​នៅក្នុងពិភពលោក ​ដែលជាជនបាត់បង់កាយសម្បទា ញាណដឹង និងសតិបញ្ញា ហើយតែងតែ​ជួបប្រទះឧបសគ្គរារាំងក្នុងជីវិតរស់នៅប្រចាំថ្ងៃចាប់ពីឆ្នាំ១៩៥០រហូតដល់បច្ចុប្បន្ន សំដៅផ្លាស់ប្តូរ​ស្ថានភាពរស់នៅ និងបង្កើនការយល់ដឹងអំពីបញ្ហាពិការភាពដោយផ្តោតសំខាន់​លើសិទ្ធិ​និង​សេចក្តីថ្លៃថ្នូររបស់ជនមានពិការភាព ​ព្រមទាំងការធ្វើបរិយាបន្នពិការភាពទៅគ្រប់សកម្មភាព​និង​គ្រប់វិស័យក្នុងសង្គម រួមមានសកម្មភាពនយោបាយ ​សេដ្ឋកិច្ច សង្គម វប្បធម៌ សិល្បៈ និងកីឡាជាដើម៕ អត្ថបទបាន ចក់

សម្តេចរដ្ឋសភាធិបតី ឃួន សុដារី៖«រាល់ពេលមកដល់ប្រទេសឡាវ ខ្ញុំតែងមានអារម្មណ៍ថា ជាការមកលេងផ្ទះបងប្អូនរបស់ខ្លួន»

2023/12/04 09:16:35 am        213
សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី បានមានប្រសាសន៍ជម្រាបជូនថ្នាក់ដឹកនាំ សមាជិកសមាជិកា និងមន្រ្តីរាជការរដ្ឋសភាឡាវថា រាល់ពេលដែលសម្តេចអញ្ជើញ​មកបំពេញទស្សនកិច្ច​នៅប្រទេសឡាវ តែងមានអារម្មណ៍ថា ដូចជាបានមកលេងផ្ទះបងប្អូន​របស់ខ្លួនអញ្ចឹងដែរ។សម្តេចរដ្ឋសភាធិបតី បានលើកឡើងដូច្នេះ នៅរាត្រីថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២៣ ក្នុងឱកាសដែល ឯកឧត្តមបណ្ឌិត Xaysomphone Phomvihane ប្រធានរដ្ឋសភា នៃសាធារណរដ្ឋប្រជាធិបតេយ្យ​ប្រជាមានិតឡាវ បានរៀបចំលៀងសាយភោជន៍ ជូនគណៈប្រតិភូជាន់ខ្ពស់រដ្ឋសភាកម្ពុជា ក្នុងពេលបំពេញទស្សនកិច្ច នៅប្រទេសឡាវ ក្នុងការរឹតចំណងមិត្តភាព សាមគ្គីភាពជាប្រពៃណី អ្នកភូមិផងល្អទំាងស្ថាប័ននីតិប្បញ្ញត្តិ និងនីតិប្រតិបត្តិ លើគ្រប់វិស័យកាន់តែរឹងមាំ គ្រប់ជ្រុងជ្រោយបន្ថែមទៀត។ឯកឧត្តមបណ្ឌិត Xaysomphone Phomvihane បានលើកឡើងថា លើសពីអ្នកជិតខាងល្អ កម្ពុជានិងឡាវជាដន្លងនឹងគ្នា។ ដំណើរទស្សនកិច្ចសម្តេចប្រធានរដ្ឋសភានាពេលនេះនឹងធ្វើឱ្យទំនាក់ទំនងរវាងប្រទេសទំាងពីរកាន់តែស្អិតរមួតឡើង នៅលើគ្រប់វិស័យនាំមកនូវផលប្រយោជន៍ដល់ប្រទេសទំាងពីរបន្ថែមទៀត។សម្តេចរដ្ឋសភាធិបតី ឃួន សុដារី និង ឯកឧត្តមបណ្ឌិត Xaysomphone Phomvihane បានវាយតម្លៃខ្ពស់លើលទ្ធផលនៃជំនួបពិភាក្សារវាងថ្នាក់ដឹកនាំរដ្ឋសភាប្រទេសទំាងពីរកាលពីព្រឹកមិញសម្រេចបាននូវលទ្ធផលផ្លែផ្កាគួរជាទីមោទនៈ។ ក្រោមការពិភាក្សា ផ្លាស់ប្តូរទស្សនៈ មតិយោបល់ និងបទពិសោធន៍ជាក់ស្តែង រវាងគ្នាទៅវិញទៅមក ប្រកបដោយភាពស្និទ្ធស្នាល ត្រង់ទៅត្រង់មក និងដោយភាពជឿទុកចិត្តលើគ្នាទៅវិញទៅមក ជាមូលដ្ឋានគ្រឹះដ៏រឹងមាំក្នុងការបន្តពង្រឹងពង្រីក និងលើកកម្ពស់នូវចំណងមិត្តភាព សាមគ្គីភាពជាប្រពៃណី និងកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ។ ថ្នាក់ដឹកនាំរដ្ឋសភាប្រទេសទំាងពីរ មានសុទិដ្ឋិនិយម និងជំនឿយ៉ាងមុតមំាថា ក្រោមកិច្ចសហប្រតិបត្តិការដ៏ស្អិតរមួតរវាងបក្ស រដ្ឋ រដ្ឋសភា និងប្រជាជនទំាងពីរ នឹងសម្រេចបាននូវសុខដុមរមនា និងវិបុលភាព ជូនប្រជាពលរដ្ឋយើងទាំងសងខាង ទាំងពេលបច្ចុប្បន្ន និងអនាគត។សូមជម្រាបថា នៅមុនពិធីលៀងសាយភោជន៍ ថ្នាក់ដឹកនាំនិងសមាជិករដ្ឋសភាឡាវ បានរៀបចំពិធីបែបសាសនា សុំសេចក្តីសុខសេចក្តីចម្រើន ជូនសម្តេចប្រធានរដ្ឋសភា និងគណៈប្រតិភូរដ្ឋសភាកម្ពុជាទំាងអស់ និងបានបួងសួងសូមឱ្យចំណងមិត្តភាព កិច្ចសហប្រតិបត្តិការដ៏ល្អនៃប្រទេសទំាងពីរបានគង់វង្សជានិច្ចនិរន្ត ហើយប្រទេសទំាងពីរ ទទួលបានសុខសន្តិភាព មានការអភិវឌ្ឍជារៀងរហូតតទៅ៕

ប្រសាសន៍សំខាន់ៗរបស់សម្តេចធិបតី ក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីអបអរសាទរ ទិវាជនមានពិការភាពលើកទី២៥ និងអន្តរជាតិលើកទី៤១

2023/12/04 09:07:23 am        261
ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា នៅព្រឹកថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០២៣ បានអញ្ជើញជាអធិបតី ក្នុងពិធីអបអរសាទរ ទិវាជនមានពិការភាពលើកទី២៥ និងអន្តរជាតិលើកទី៤១ ក្រោមប្រធានបទ "ដំណោះស្រាយប្រកបដោយនវានុវត្តន៍ ដើម្បីសង្គមមួយមានផាសុកវត្ថុ និងសមធម៌" ។ ប្រសាសន៍សំខាន់ៗរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត ដែលមានខ្លឹមសារដូចខាងក្រោម៖សម្តេចធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា ព្រះរាជាណាចក្រកម្ពុជា ប្រារព្ធទិវាជនមានពិការភាពកម្ពុជាឡើង ដើម្បីរំលឹកអំពីមហាវិនាសកម្មនៃរបបប្រល័យពូជសាសន៍ ប៉ុល ពត ដែលបានបន្សល់ទុកនូវផលវិបាកជាច្រើន ក្នុងនោះ រួមមាន ជនមានពិការភាព ស្ត្រីមេម៉ាយ និងកុមារកំព្រា។សម្តេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា មរតកនៃសង្គ្រាមក៏បានបន្សល់ទុកនូវគ្រាប់មីន និងកាកសំណល់ជាតិផ្ទុះជាច្រើនរាយប៉ាយពាសពេញផ្ទៃប្រទេស ជាពិសេសគ្រាប់បែកចង្កោមមានផ្ទុកសារជាតិគីមីដែលបានរកឃើញជាច្រើននៅកម្ពុជា។ ក្រៅពីនោះ ប្រជាជនកម្ពុជា ក៏ប្រឈមនឹងភាពរងគ្រោះមួយចំនួនទៀតដែលនាំឱ្យមានពិការភាព ដូចជាគ្រោះថ្នាក់ចរាចរណ៍គ្រោះថ្នាក់ ការងារ ពិការភាពពីកំណើតចាស់ជរា ជំងឺរ៉ាំរ៉ៃ និងមូលហេតុផ្សេងៗទៀត។សម្តេចធិបតី ហ៊ុន ម៉ាណែត ផ្ដល់អនុសាសន៍ឱ្យ ត្រូវបង្កើនការធ្វើវិយោគទុនលើជនមានពិការភាព និងបន្តកសាងធនធានជនមានពិការភាពបន្ថែមទៀត រាប់ទាំង ការគិតគូរកម្មវិធីសិក្សា ប្រកបដោយនវានុវត្តន៍ និងរស់រវើក ដើម្បីធានាថាជនមានពិការភាពអាចរស់នៅក្នុងសង្គមកម្ពុជា ដោយសមធម៌ មានឱកាសប្រកួតប្រជែងទាំងនៅក្នុងប្រទេស តំបន់ និងសកលលោក។សម្តេចធិបតី ហ៊ុន ម៉ាណែត ផ្ដល់អនុសាសន៍ដល់ គ្រប់ក្រសួង ស្ថាប័ន ព្រមទាំងអាជ្ញាធរមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ អង្គការដៃគូពាក់ព័ន្ធ និងវិស័យឯកជន ជួយសហការគាំទ្រដល់ក្រុមប្រឹក្សាសកម្មភាពជនពិការ ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងមូលនិធិ ជនពិការ ក្នុងការបន្តពង្រឹងការអនុវត្តផែនការយុទ្ធសាស្ត្រជាតិ ស្តីពីការកសាងសមត្ថភាព និងការអភិវឌ្ឍធនធានមនុស្ស ស្របតាមយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ ដោយផ្ដល់អាទិភាពលើការបណ្ដុះបណ្តាលជំនាញ រក្សាបាននូវ ទេពកោសល្យ ភាពច្នៃប្រឌិតរបស់ជនមានពិការភាពដែលជាធនធានមួយដ៏សំខាន់មិនអាចខ្វះបាន ស្របតាមទិសស្លោក «មិនទុកឱ្យនរណាម្នាក់នៅដាច់ដោយឡែក»។សម្តេចធិបតី ហ៊ុន ម៉ាណែត ផ្ដល់អនុសាសន៍ដល់ គ្រប់ក្រសួង ស្ថាប័ន អង្គការដៃគូពាក់ព័ន្ធ និងវិស័យឯកជន ត្រូវចាប់ផ្តើមកែសម្រួល ឬរៀបចំផាសុកវត្ថុ សម្រាប់ជនមានពិការភាពនៅទីកន្លែងសាធារណៈ និងឯកជននានា ស្របតាមច្បាប់ស្ដីពីកិច្ចលើកកម្ពស់សិទ្ធិជនពិការ និង បទដ្ឋានបច្ចេកទេស ហេដ្ឋារចនាសម្ព័ន្ធរូបវន្ត បង្កលក្ខណៈងាយស្រួលសម្រាប់ជនមានពិការភាព។សម្តេចធិបតី ហ៊ុន ម៉ាណែត ជំរុញឱ្យគ្រប់ក្រសួង ស្ថាប័នរដ្ឋ និងវិស័យឯកជន ត្រូវលើកទឹកចិត្តជនមានពិការភាពដែលមានលក្ខណសម្បត្តិ និង សមត្ថភាពឱ្យបំពេញមុខងារតួនាទីទទួលខុសត្រូវក្នុងមុខតំណែង មានសិទ្ធិចូលបម្រើការងារដោយគ្មានការរើសអើង រាប់ទាំង ការបម្រើការងារជាមន្ត្រីរាជការ កម្មករ និយោជិត កូនជាង ឬកម្មសិក្សាការីជាដើម។សម្តេចធិបតី ហ៊ុន ម៉ាណែត លើកទឹកចិត្តឱ្យមានការចូលរួមពីផ្នែកឯកជន សង្គមស៊ីវិល រោងចក្រ សហគ្រាស និងគ្រឹះស្ថានទាំងអស់ អនុវត្តប្រកបដោយការទទួលខុសត្រូវ និងដោយភ្ញាក់រលឹកនូវកាតព្វកិច្ចជ្រើសរើសជនមានពិការភាពឱ្យចូលបម្រើការងារ បន្តនិរន្តរភាពការងារដូចអ្នកដទៃ ដែលមានចែងក្នុងច្បាប់ស្តីពីកិច្ចការពារនិង លើកកម្ពស់សិទ្ធិជនពិការ។សម្តេចធិបតី ហ៊ុន ម៉ាណែត ផ្ដល់អនុសាសន៍ឱ្យ ក្រសួងព័ត៌មាន ត្រូវធ្វើការណែនាំដល់គ្រប់ស្ថានីយវិទ្យុ និងទូរទស្សន៍របស់រដ្ឋ និងឯកជន ព្រមទាំងគ្រប់ប្រព័ន្ធ សារព័ត៌មាន បង្កើនម៉ោងផ្សព្វផ្សាយឱ្យបានទូលំទូលាយ ដោយមានការបកប្រែភាសាសញ្ញា អក្សររត់ ដើម្បីមនុស្សគ-ថ្លង់អាចទទួលព័ត៌មានបានទាន់ពេលវេលា។សម្តេចធិបតី ហ៊ុន ម៉ាណែត ផ្ដល់អនុសាសន៍ដល់ ក្រសួងសាធារណការ និងដឹកជញ្ជូន ក្រសួងសុខាភិបាល រួមគ្នាធ្វើកិច្ចសហប្រតិបត្តិការជាមួយក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ដើម្បីបង្កលក្ខណៈងាយស្រួលជូនជនមានពិការភាព ឱ្យទទួលបានបណ្ណបើកបរស្របតាម លទ្ធភាព សមត្ថភាព និងលក្ខណៈបច្ចេកទេសយានយន្ត។

ក្រុមមិត្តភាពរដ្ឋសភាកម្ពុជា-ឡាវ ប្តេជ្ញាបង្កើនទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការជាមួយគ្នាឱ្យកាន់តែប្រសើរឡើង

2023/12/04 08:55:10 am        294
នៅក្នុងឱកាសអមដំណើរ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា អញ្ជើញបំពេញទស្សនកិច្ចជាផ្លូវការ និងមិត្តភាព នៅប្រទេសឡាវ នាព្រឹកថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២៣ ឯកឧត្តមសន្តិបណ្ឌិត ឡូយ សុផាត ប្រធានគណៈកម្មការផែនការ វិនិយោគ កសិកម្ម រុក្ខាប្រមាញ់ នេសាទ អភិវឌ្ឍន៍ជនបទ បរិស្ថាន ធនធានទឹក និងឧតុនិយម និងជាប្រធានក្រុមមិត្តភាពរដ្ឋសភាកម្ពុជា-ឡាវ បានអញ្ជើញជួបពិភាក្សាការងារជាមួយ ឯកឧត្តម Vongsack Phanthavon ប្រធានគណ:កម្មាធិការការពារជាតិ និងសន្តិសុខនៃរដ្ឋសភាឡាវ និងជាប្រធានក្រុមមិត្តភាពរដ្ឋសភាឡាវ-កម្ពុជា ដើម្បីពង្រឹងពង្រីកកិច្ចសហប្រតិបត្តិការ រវាងក្រុមមិត្តភាពរដ្ឋសភានៃប្រទេស ទាំង ពីរឱ្យកាន់តែស៊ីជម្រៅឡើង។ សមភាគីទាំងពីរបានប្តេជ្ញាបង្កើនទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការជាមួយគ្នា ដើម្បីនាំមក នូវ ផលប្រយោជន៍ក្នុង វិស័យ អភិវឌ្ឍន៍ ធនធាន មនុស្ស សន្តិសុខ សេដ្ឋកិច្ច និង ពាណិជ្ជកម្ម ក៏ដូចជាលើកកម្ពស់ជីវភាពប្រជាជននៃប្រទេសទាំងពីរ ជា ពិសេស ប្រជាជនដែល នៅជាប់ព្រំដែនជាមួយគ្នា។ សមភាគីកម្ពុជា-ឡាវ បាន លើក ឡើង ពី ការ ខិតខំ ផ្តល់អាហារូបករណ៍ជូន ដល់ សិស្ស និស្សិត នៃ សភា ទាំង ពីរ ក៏ ដូច ជា ប្រទេសទាំងពីរឱ្យ បាន កាន់ តែ ច្រើនថែម ទៀត រួម ទាំង ពង្រឹង កិច្ចសហប្រតិបត្តិការទប់ស្កាត់ចរាចរណ៍គ្រឿងញៀននៅតាមតំបន់ព្រំដែនទៀត ផង។ ឆ្លៀតនៅក្នុងឱកាសនោះ ឯកឧត្តម Vongsack Phanthavon បានថ្លែងអំណរគុណចំពោះក្រុមមិត្តភាពរដ្ឋសភាកម្ពុជា-ឡាវ ដែលបានផ្តល់អាហាររូបករណ៍ដល់មន្រ្តីរដ្ឋសភាឡាវ ឱ្យបានមកសិក្សាថ្នាក់បរិញ្ញាបត្រ អនុបណ្ឌិត និងបណ្ឌិត នៅក្នុងប្រទេសម្ពុជា សរុបក្នុងមួយឆ្នាំមានចំនួន១០នាក់ នៅក្នុងនោះ មាន៥នាក់បានសិក្សានៅសាកលវិទ្យាល័យប៊ែលធីអន្តរជាតិកម្ពុជា។ ជាមួយគ្នានេះ ឯកឧត្តមសន្តិបណ្ឌិត ឡូយ សុផាត បានសម្តែងក្តីរីករាយ ដោយ ឃើញប្រទេសឡាវកំពុងតែពង្រីកបាន យ៉ាង លឿន នូវហេដ្ឋារចនាសម្ព័ន្ធភ័ស្តុភារកម្ម ដែលនឹងជម្រុញ ដល់ការតភ្ជាប់ការដឹកជញ្ជូនរវាងប្រទេសឡាវមកកាន់កម្ពុជា ដើម្បីជាប្រយោជន៍បម្រើដល់វិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម ព្រមទាំងធ្វើ ឱ្យ ជីវភាពរបស់ប្រជាជននៃប្រទេសទាំងពីរមានការរីកចម្រើនទាំងអស់គ្នា៕

សម្តេចធិបតី ហ៊ុន ម៉ាណែត៖ រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា បន្តចាត់ទុកវិស័យ​ទេសចរណ៍​ជាវិស័យអាទិភាព និង ជា «មាសបៃតង»

2023/12/04 08:48:09 am        356
កែប៖ នាល្ងាចថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២៣ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រី​ នៃ​ព្រះរាជាណា​ចក្រកម្ពុជា បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីបិទបុណ្យសមុទ្រលើកទី១០ ជុំទី៣ ក្រោមប្រធានបទ «ទាំងអស់គ្នាដើម្បីទេសចរណ៍» នៅខេត្តកែប ។មានប្រសាសន៍ក្នុងពិធីដ៏អធិកធមនោះ សម្តេចនាយករដ្ឋមន្ត្រី បានលើកអំពីលក្ខណៈពិសេស ៣ យ៉ាង ក្នុងចំណោមលក្ខណៈពិសេសជាច្រើនរបស់វិស័យទេសចរណ៍ មានដូចជា៖ (១) វិស័យ​ទេសចរណ៍​នាំ​ឱ្យ​មានការអភិវឌ្ឍនៅនឹងកន្លែង (២) ការរីកចម្រើនខាងវិស័យ​ទេសចរណ៍​បណ្តាល​ឱ្យ​វិស័យដទៃៗទៀត​មានការរីកចម្រើនផងដែរ (៣) វិស័យទេសចរណ៍ជួយ​លើក​កម្ពស់​កិត្តិនាម​រប​ស់​ប្រទេសជាតិ ក៏ដូចជាមរណីយដ្ឋានគោលដៅនានា តាមរយៈការបង្កើនភាពជឿជាក់ និង​ទាក់ទាញដល់បណ្តាភ្ញៀវជាតិ និងអន្តរជាតិមកពីគ្រប់ទិសទី ។ ក្នុងន័យនេះ រាជរដ្ឋាភិបាល​ នីតិកាលទី៧ នៃរដ្ឋសភា បន្តចាត់ទុកវិស័យទេសចរណ៍ជាវិស័យអាទិភាព និង ជា «មាសបៃតង» ដែល​រួម​ចំណែកដល់ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច តាមរយៈការធ្វើពិពិធកម្មក្នុងវិស័យទេសចរណ៍ ដោយ​បង្កើននូវប្រភេទសេវាកម្មទេសចរណ៍ និងព្រឹត្តិការណ៍ទេសចរណ៍សម្បូរបែបនានា ដើម្បី​ទាក់​ទាញ និងទទួលបាននូវភ្ញៀវទេសចរជាតិ-អន្តរជាតិឱ្យកាន់តែមានចំនួនច្រើនទ្បើងថែមទៀត ធានា​បាននូវ​ការបង្កើតឱកាសការងារ, បង្កើនប្រាក់ចំណូលជូនប្រជាពលរដ្ឋ, ជំរុញការនាំ​ចេញ​នៅ​នឹង​កន្លែង, ទ្រទ្រង់កំណើនសេដ្ឋកិច្ច និងបង្កើនចំណូលជាតិ, ចូលរួមដល់ការអភិរក្សវប្បធម៌ និង​ការ​ការ​ពារ​បរិស្ថាន, ធនធានធម្មជាតិរបស់យើង ប្រកបដោយប្រសិទ្ធភាព និងការ​ទទួល​ខុស​ត្រូវ​ខ្ពស់ រួមចំណែកដល់ការសម្រេចបានគោលដៅនៃយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី ១ និង​ឈាន​ទៅ​សម្រេច​បាន ចក្ខុវិស័យកម្ពុជា ឆ្នាំ ២០៥០ ។សម្តេចធិបតី ក៏បានបន្តទៀតថា រាជរដ្ឋាភិបាលបានកំណត់ប្រារព្ធពិធីបុណ្យសមុទ្រ ដែល​មិន​ត្រឹម​តែ​រួម​ចំណែក​ដល់​ការ​ផ្សព្វ​ផ្សាយ​អំពី​សក្តានុពល​ទេសចរណ៍​នៃ​ខេត្ត​តំបន់​ឆ្នេរ​សមុទ្រ​របស់​កម្ពុជា​ប៉ុណ្ណោះ​ទេ ប៉ុន្តែថែមទាំងចូលរួមដល់ការគាំទ្រគោលនយោបាយរបស់រាជរដ្ឋាភិបាល ដែល​ផ្តោត​ការ​យក​ចិត្ត​ទុកដាក់ក្នុងការអភិវឌ្ឍវិស័យទេសចរណ៍ប្រកបដោយចីរភាព និងបរិយាបន្ន។ ការ​អភិវឌ្ឍ​តំបន់ឆ្នេរសមុទ្រកម្ពុជានេះទៀតសោត មិនមែនធ្វើឡើងសម្រាប់តែពេលបច្ចុប្បន្ននោះទេ ប៉ុន្តែ​យើងត្រូវគិតគូរឱ្យបានវែងឆ្ងាយទៅដល់អនាគត ដោយត្រូវមានផែនការច្បាស់លាស់ និង​ការ​គ្រប់​គ្រង​ឱ្យ​បាន​ម៉ត់ចត់។ ជាមួយគ្នានោះ សម្តេច ក៏បានផ្តល់នូវអនុសាសន៍​មួយចំ​នួន​សម្រាប់​ក្រសួង​-ស្ថាប័ន និងភាគីពាក់ព័ន្ធ អនុវត្តដូចជា៖ (១) បន្តថែរក្សា​បរិយាកាស​សុខសន្តិភាព​ពាស​ពេញ​ផ្ទៃ​ប្រទេស​ឱ្យ​បានឋិតឋេរយូរអង្វែង (២) សូមអាជ្ញាធរ និងបងប្អូនប្រជាពលរដ្ឋ​ក្នុង​ខេត្ត​តំបន់​ឆ្នេរ​សមុទ្រទាំង៤ រួមគ្នារក្សាឱ្យ​បាន​នូវ​កិត្តិនាម​ជា​សមាជិក​ក្លឹប​ឆ្នេរ​សមុទ្រ​ដែល​ស្អាត​បំផុត​លើ​សកល​លោក ឱ្យស័ក្តិសមជា «តារារះនាទិសនារតី» (៣) បន្តផ្តល់អាទិភាព​ដល់​ការ​អភិវ​ឌ្ឍ​តំបន់​ឆ្នេរ ជាពិសេស ការកសាងហេដ្ឋារចនាសម្ព័ន្ធចាំបាច់សម្រាប់បម្រើឱ្យវិស័យទេសចរណ៍ (៤) បន្តជំរុញការផលិតផលិតផលទេសចរណ៍ឱ្យបានសម្បូរបែប ដើម្បីផ្គត់ផ្គង់ដល់ទេសចរ សម្រាប់ជំរុញ «ការនាំចេញនៅនឹងកន្លែង» (៥) បន្តយកចិត្តទុកដាក់ខ្ពស់ក្នុងការថែរក្សាសន្តិសុខ និង​សុវត្ថិភាព សម្រាប់ភ្ញៀវទេសចរនៅគ្រប់គោលដៅទេសចរណ៍ និងមិនត្រូវ​ធ្វើ​ឱ្យ​តំបន់​គោល​ដៅ​ទេសចរណ៍ ក្លាយជាតំបន់ជ្រកកោននៃការប្រើប្រាស់គ្រឿងញៀន និងអំពើឧក្រិដ្ឋកម្ម​ផ្សេង​ៗ​ឡើយ​។ជាចុងក្រោយ សម្តេចមហាបវរធិបតីនាយករដ្ឋមន្រ្តី បានធ្វើការកោតសរសើរ និង​វាយ​តម្លៃ​ខ្ពស់​ចំពោះ​ក្រសួង​ទេសចរណ៍, គណៈកម្មការអន្តរក្រសួង, រដ្ឋបាលខេត្តកែប, កង​កម្លាំងប្រដាប់អាវុធ, សហភាពសហព័ន្ធយុវជនកម្ពុជា, វិស័យឯកជន និងគ្រប់ភាគីពាក់ព័ន្ធ ដែលបាន​ចូល​រួម​សហការ​គ្នា​យ៉ាង​ល្អ​ប្រសើរ និងបានធ្វើឱ្យការរៀបចំពិធីបុណ្យសមុទ្រលើកទី១០ ដ៏មានសារៈសំខាន់នេះ ប្រព្រឹត្ត​ទៅ​ដោយភាពអធិកអធម និងរលូនតាមការគ្រោងទុក៕

អគ្គលេខាធិការដ្ឋានរដ្ឋសភាកម្ពុជា-ឡាវ ជួបពិភាក្សាការងារទ្វេភាគី ដើម្បីពង្រឹងការអនុវត្តអនុស្សរណៈយោគយល់គ្នា ដែលភាគីទាំងពីរបានចុះហត្ថលេខាកន្លងមក

2023/12/04 08:46:57 am        305
នៅព្រឹកថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២៣ នៅវិមានរដ្ឋសភាឡាវ ឯកឧត្ដម ឡេង ប៉េងឡុង អគ្គលេខាធិការរដ្ឋសភាកម្ពុជា បានជួបពិភាក្សាការងារទ្វេភាគីជាមួយ លោកជំទាវ Pingkham RASSIMMA អគ្គលេខាធិការរដ្ឋសភាឡាវ។ នៅក្នុងជំនួបទ្វេភាគីជាមិត្តភាពប្រកបដោយភាពស្និទ្ធស្នាលនេះ ឯកឧត្តម ឡេង ប៉េងឡុង បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់រដ្ឋសភាឡាវ ដែលបានធ្វើបដិសណ្ឋារកិច្ចយ៉ាងកក់ក្ដៅជាទីបំផុត ចំពោះគណៈប្រតិភូជាន់ខ្ពស់រដ្ឋសភាកម្ពុជា ក្នុងដំណើរទស្សនកិច្ចជាផ្លូវការនាពេលនេះ។ឯកឧត្ដម ឡេង ប៉េងឡុង អគ្គលេខាធិការរដ្ឋសភាគម្ពុជា បានជម្រាបជូនសមភាគីឡាវត្រួសៗ អំពីការបើកទំព័រប្រវត្តិសាស្ត្រថ្មី នៃការដឹកនាំនៅកម្ពុជា ទាំងនៅកម្រិតរាជរដ្ឋាភិបាល និងនៅកម្រិតរដ្ឋសភាជាតិ។ ឯកឧត្ដមបានគូសបញ្ជាក់ថា រាជរដ្ឋាភិបាលអាណត្តិថ្មី ដែលដឹកនាំដោយ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នឹងផ្ដល់អាទិភាពទៅលើការងារបម្រើប្រជាជន អភិវឌ្ឍធនធានមនុស្ស និងការលើកស្ទួយសេដ្ចកិច្ចឌីជីថល តាមរយៈការអនុវត្តយុទ្ធសាស្ត្របញ្ចកោណ និងការ ក្នុងនោះមានគម្រោងធ្វើកំណែទម្រង់ឱ្យក្លាយជាសភាឌីជីថលនៅក្នុងអាណត្តិថ្មីនេះ។ ដាក់ចេញនូវផែនការការងារច្បាស់លាស់។ រីឯអគ្គលេខាធិការដ្ឋានរដ្ឋសភាកម្ពុជាក៏ត្រូវដើរឱ្យស៊ីសង្វាក់នឹងរដ្ឋាភិបាលដែរឯកឧត្ដមអគ្គលេខាធិការបានលើកសំណើជូន លោកជំទាវ អគ្គលេខាធិការរដ្ឋសភាឡាវ ឱ្យចាប់ផ្ដើមពិភាក្សាគ្នាក្នុងកម្រិតបច្ចេកទេស ដើម្បីឈានទៅដាក់ចេញនូវផែនការសកម្មភាពសម្រាប់ជាការអនុវត្តអនុស្សរណៈយោគយល់គ្នា ដែលភាគីទាំងពីរបានចុះហត្ថលេខាកន្លងមក។ជាការឆ្លើយតប លោកជំទាវអគ្គលេខាធិការរដ្ឋសភាឡាវ បានឯកភាពទៅនឹងសំណើនេះ និងបានកោតសរសើរចំពោះការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តនីតិកាលទី៧ ដ៏ជោគជ័យនៅកម្ពុជា កាលពីខែកក្កដា ឆ្នាំ២០២៣ កន្លងទៅនេះ។ លោកជំទាវ បានគូសបញ្ជាក់ជាបឋមថា កិច្ចសហប្រតិបត្តិការរវាងអគ្គលេខាធិការដ្ឋានរដ្ឋសភាទាំងពីរ គួរតែមានចំណុចមួយផ្ដោតទៅលើការធ្វើសង្គតភាពច្បាប់ សម្រាប់តំបន់ត្រីកោណអភិវឌ្ឍន៍ ដែលអាចត្រូវបានចាត់ទុកថា ជាតំបន់ពិសេស។ បន្ថែមពីលើនេះ លោកជំទាវ បានថ្លែងអំណរគុណកម្ពុជាដែលបានផ្ដល់អាហារូបករណ៍ដល់មន្ត្រីរដ្ឋសភាឡាវ ឱ្យបានទៅបន្តការសិក្សាថ្នាក់អនុបណ្ឌិតនៅកម្ពុជា និងការសន្យាជួយជ្រោមជ្រែងរដ្ឋសភាឡាវ ក្នុងការធ្វើជាម្ចាស់ផ្ទះរៀបចំមហាសន្និបាតអន្តរសភាអាស៊ាន (AIPA) លើកទី៤៥ នៅខែតុលា ឆ្នាំ២០២៤ខាងមុខនេះ៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ស្របពេលកើតគ្រោះទុរ្ភិក្ស ក្មេងស្រីស្បែកដណ្តប់ឆ្អឹងប៉ាឡេស្ទីនពិបាកស៊ូ ដើម្បីអាចរស់រានបាន
08/25/2025 08:08 PM
រដ្ឋមន្រ្តីការបរទេសអាជ្ញាធរប៉ាឡេស្ទីនអះអាងថា ចំនួនមនុស្សស្លាប់នៅតំបន់ហ្កាហ្សា កើនឡើងដល់ ៦២.០០០នាក់
08/25/2025 08:08 PM
ក្រុមអ្នកសារព័ត៌មានគ្មានព្រំដែនអំពាវនាវឲ្យមានការឆ្លើយតបខ្លំាងក្លាចំពោះការវាយប្រហាររបស់អ៊ីស្រាអែលសម្លាប់អ្នកកាសែត
08/25/2025 08:08 PM
ជនអន្តោប្រវេសន៍ទៅដល់ចក្រភពអង់គ្លេសតាមទូកតូចៗ ឡើងដល់កម្រិតខ្ពស់បំផុតថ្មី
08/25/2025 08:08 PM
លោក Putin និងលោក Pezeshkian ពិភាក្សាអំពីទំនាក់ទំនងទ្វេភាគី និងបញ្ហាក្នុងតំបន់ អំឡុងពេលសន្ទនាតាមទូរសព្ទ
08/25/2025 08:08 PM
លោក Yunus ព្រមានថា បង់ក្លាដែសអស់ធនធានសម្រាប់ជនភៀសខ្លួនរ៉ូហ៊ីងយ៉ាទៀតហើយ
08/25/2025 07:08 PM
នគរបាលឥណ្ឌូនេស៊ីប៉ះទង្គិចជាមួយបាតុករតវ៉ាប្រឆាំងនឹងប្រាក់ខែរបស់សមាជិកសភាតំណាងរាស្ត្រ
08/25/2025 07:08 PM
ហ្វាំងឡង់លើកឡើងថា អ៊ីស្រាអែលបំពានច្បាប់អន្តរជាតិ នៅតំបន់ហ្កាហ្សា
08/25/2025 07:08 PM
អ្នកនាំពាក្យក្រសួងការពារជាតិ៖រសៀលនេះ កងកម្លាំងយោធាថៃបានព្យាយាមរាយបន្លាលួសនៅភូមិជោគជ័យ ប៉ុន្តែត្រូវបានពលរដ្ឋ និងសមត្ថកិច្ចទីនោះទប់ស្កាត់យ៉ាងខ្លាំងទើបយកបន្លាលួសនោះត្រឡប់ទៅវិញ
08/25/2025 07:08 PM
ឧទ្ធម្ភាគចក្រធ្លាក់នៅកូនកោះ Isle of Wight របស់ចក្រភពអង់គ្លេស ខណៈមានមនុស្សម្នាក់រងរបួស
08/25/2025 07:08 PM