សម្ដេចធិបតី៖គិតត្រឹមខែមេសាឆ្នាំនេះយុវជនមកពីគ្រួសារក្រីក្រ និងងាយរងហានិភ័យចំនួន ២៧,១ម៉ឺននាក់ទទួលបានការបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈ
សម្ដេ​ចតេជោ ហ៊ុន សែន៖«២០ មិថុនា ១៩៧៧ ជីវិតរបស់ខ្ញុំ និងភរិយាពេលនោះជួបជាមួយគ្រោះថ្នាក់ និងលំបាកវេទនាខ្លាំងណាស់»
សម្តេចតេជោ ហ៊ុន សែន ថ្លែងថា អាវក្រោះ និងសម្ភារយោធាម៉ាក DSS សុទ្ធតែមានគុណភាពហើយអាវការពារនេះនាយករដ្ឋមន្រ្តីបានសាករួចហើយ
សម្ដេចតេជោ ហ៊ុន សែន អញ្ជើញពិនិត្យមើលរោងចក្រ ផលិតសម្ភារៈយោធា DSS និងសំណេះសំណាលជាមួយកម្មករ កម្មការិនី

នយោបាយ​ និង ការអភិវឌ្ឍន៍

រុស្ស៊ី បញ្ចប់កិច្ចព្រមព្រៀងជាមួយជប៉ុនលើការរុះរើអាវុធនុយក្លេអ៊ែរ

2023/11/10 12:07:08 pm        173
រុស្ស៊ី និយាយថា ខ្លួននឹងបញ្ចប់កិច្ចព្រមព្រៀងជាមួយប្រទេសជប៉ុន ស្តីពីកិច្ចសហប្រតិបត្តិការ ដើម្បីរុះរើនាវាមុជទឹកបំពាក់នុយក្លេអ៊ែររបស់រុស្ស៊ី ដែលពុំមានប្រតិបត្តិការ។ រដ្ឋាភិបាលរុស្ស៊ី បានចេញបទបញ្ជាកាលពីថ្ងៃព្រហស្បតិ៍ ដើម្បីបញ្ចប់កិច្ចព្រមព្រៀងស្តីពី «កិច្ចសហប្រតិបត្តិការដើម្បីជួយដល់ការបំផ្លាញអាវុធនុយក្លេអ៊ែរដែលត្រូវបានកាត់បន្ថយនៅសហព័ន្ធរុស្ស៊ី»។ រដ្ឋាភិបាលបានណែនាំឲ្យក្រសួងការបរទេស ជូនដំណឹងដល់ប្រទេសជប៉ុនអំពីការសម្រេចនេះ។កិច្ចព្រមព្រៀងនេះ ត្រូវបានចុះហត្ថលេខាកាលពីខែតុលា ឆ្នាំ ១៩៩៣ បន្ទាប់ពីការដួលរលំសហភាពសូវៀត ក្នុងគោលបំណងជំរុញកិច្ចសហប្រតិបត្តិការ សម្រាប់ការមិនរីកសាយអាវុធនុយក្លេអ៊ែរ និងការដោះស្រាយបញ្ហាបរិស្ថាន។ នៅក្រោមកិច្ចព្រមព្រៀងនេះ គម្រោងនានាបានចាប់ផ្តើមរុះរើនាវាមុជទឹកនុយក្លេអ៊ែររបស់រុស្ស៊ី ដែលបោះបង់ចោលនៅតំបន់ចុងបូព៌ារបស់រុស្ស៊ី។ ប្រទេសជប៉ុន បានផ្តល់ជំនួយផ្នែកហិរញ្ញវត្ថុ និងបច្ចេកទេស។ រុស្ស៊ី ពុំបានបញ្ជាក់ពីមូលហេតុនៃការបញ្ចប់កិច្ចព្រមព្រៀងនេះទេ។រុស្ស៊ី បានជំទាស់ទៅនឹងទណ្ឌកម្មដែលបានដាក់ដោយប្រទេសជប៉ុន និងប្រទេសលោកខាងលិចដោយសារការឈ្លានពានរបស់ខ្លួនលើអ៊ុយក្រែន។ ប្រធានរដ្ឋមន្ត្រីគណៈរដ្ឋមន្ត្រី លោក Matsuno Hirokazu បាននិយាយនៅថ្ងៃសុក្រនេះថា ប្រទេសជប៉ុនពុំបានទទួលការជូនដំណឹងជាមុនអំពីការសម្រេចរបស់រុស្ស៊ីនោះទេ ហើយការប្រកាសជាឯកតោភាគីនេះ ពិតជាគួរឱ្យសោកស្តាយខ្លាំង។ លោកនិយាយថា ប្រទេសជប៉ុននឹងបញ្ជាក់ពីបញ្ហានេះតាមរយៈបណ្តាញការទូត។

លោកបៃដិន៖ ការផ្អាកប្រយុទ្ធរបស់អ៊ីស្រាអែល ជាជំហានក្នុងទិសដៅត្រឹមត្រូវ

2023/11/10 12:04:10 pm        154
ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ (0៩ វិច្ឆិកា) ថា អ៊ីស្រាអែលបានយល់ព្រមលើ «ការផ្អាកប្រយុទ្ធ» ដើម្បីបុព្វហេតុមនុស្សធម៌ ក្នុងការវាយលុករបស់ខ្លួនលើក្រុមហាម៉ាស នៅតំបន់ហ្កាហ្សា បន្ទាប់ពីការដាក់សម្ពាធពីសហរដ្ឋអាមេរិក។ លោក បៃដិន បាននិយាយថា ការសម្រេចផ្អាកប្រយុទ្ធរបស់អ៊ីស្រាអែល គឺជា «ជំហានក្នុងទិសដៅត្រឹមត្រូវ» ដែលនឹងជួយជនស៊ីវិលរត់ចេញពីការប្រយុទ្ធ និងទទួលបានជំនួយបន្ថែមទៀតទៅកាន់តំបន់ដែលរងគ្រោះ។សេតវិមានបាននិយាយថា នឹងមានការផ្អាកប្រយុទ្ធជារៀងរាល់ថ្ងៃរយៈពេល ៤ម៉ោងនៅភាគខាងជើងតំបន់ហ្កាហ្សា ជាមួយនឹងការព្រមានដែលបានផ្តល់ឱ្យក្នុងរយៈពេលបីម៉ោងជាមុន។ លោក បៃដិន បាននឹងកំពុងជំរុញនាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក បេនចាមីន ណេតាន់យ៉ាហ៊ូ (Benjamin Netanyahu) ឱ្យផ្អាកការប្រយុទ្ធយូរជាងនេះ បន្ទាប់ពីសង្រ្គាមជាងមួយខែ ដែលបង្កឡើងដោយការវាយប្រហារកាលពីថ្ងៃទី៧ ខែតុលា ដោយក្រុមហាម៉ាស។ដោយបានប្តេជ្ញាកម្ទេចក្រុមហាម៉ាស ឲ្យបាត់ពីផែនដី អ៊ីស្រាអែលបានសងសឹកជាមួយនឹងការទម្លាក់គ្រាប់បែកពីលើអាកាស និងការវាយលុកថ្មើរជើង ដែលក្រសួងសុខាភិបាលនៅតំបន់ហ្កាហ្សា ស្ទ្រីប គ្រប់គ្រងដោយក្រុមហាម៉ាស បាននិយាយថា បានសម្លាប់មនុស្សជាង ១០.៨០០នាក់ ដែលភាគច្រើនជាកុមារ។ អង្គការសហប្រជាជាតិបានប៉ាន់ប្រមាណថា ប្រជាជនប្រហែល ១,៥លាននាក់ កំពុងស្វែងរកជម្រកសុវត្ថិភាពគេចពីជម្លោះនៅភាគខាងត្បូងតំបន់ហ្កាហ្សា ផងដែរ៕

ឧត្តមនាវីឯក ទៀ សុខា៖ ក្រៅពីចូលរួមការពារបូរណភាពទឹកដីកងទ័ពជើងទឹក បានចូលរួមសកម្មភាពមនុស្សធម៌ជាច្រើន ដើម្បីប្រជាជន

2023/11/10 11:38:32 am        217
ឧត្តមនាវីឯក ទៀ សុខា មេបញ្ជាការរងកងទ័ពជើងទឹក និងជាអគ្គលេខាធិការរង នៃគណៈកម្មាធិការ​ជាតិសន្តិសុខលម្ហសមុទ្រ ​បានថ្លែងថា ក្នុងរយៈពេលកន្លងមកក្រៅ​ពីកិច្ចការពារជាតិ បូរណភាព​ទឹកដី និងដែន ទឹកកម្ពុជា បញ្ជាការដ្ឋានកងទ័ពជើងទឹកបានចូលរួមសកម្មភាពមនុស្សធម៌​ជាច្រើន​សម្រាប់បងប្អូនប្រជាពលរដ្ឋដោយពុំមានការរុញរានោះឡើយ។ថ្លែងប្រាប់ទូរទស្សន៍ BTVតាមរយៈតេលេក្រាម ទាក់ទងនឹងខួប៧០ឆ្នាំនៃការបង្កើតកងយោធពល​ខេមរភូមិន្ទ​ឧត្តមនាវីឯក ទៀ សុខា បានបញ្ជាក់ថា កងទ័ពជើងទឹកបានចូលរួមកិច្ចការងារជាច្រើន​ជាមួយ​រាជរដ្ឋាភិបាល ​ដូចជាការចូលរួមជួយសង្រ្គោះគ្រោះមហន្តរាយ ដូចជាគ្រោះទឹកជំនន់ គ្រោះរាំងស្ងួត ​គ្រោះអគ្គិភ័យ ​រួមទាំងកិច្ចការមនុស្សធម៌ផ្សេងទៀត ដូចជាការចូលរួមជាមួយក្រុម​គ្រូពេទ្យស្ម័គ្រចិត្តប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ និងផ្តល់ជំនួយមនុស្សធម៌ដល់ពលរដ្ឋ​រងគ្រោះថ្នាក់ជាយថាហេតុណាមួយ ការចូលរួមជួយមន្ទីរពេទ្យគន្ធបុប្ផា ​កាកបាទក្រហមជាដើម។ឯកឧត្តម បានបន្ថែមទៀតថា សម្រាប់ដែនទឹក កងទ័ពជើងទឹកដើរល្បាតគ្រប់ពេលវេលា តាម​បណ្តាព្រំដែនទឹក ទប់ស្កាត់រាល់បទល្មើសផ្សេងៗដែលកើតឡើងនូវលើលំហរសមុទ្រ ការពារ​ធនធានធម្មជាតិនៅបាតសមុទ្រ និងការពារអណ្តូងប្រេងកាតនៅប្លុកអេ រួមទាំងសហការ​ជាមួយប្រទេសជាមិត្តដើម្បីហ្វឹកហាត់ ​និងបណ្តុះបណ្តាលលើជំនាញផ្សេងទៀតផងដែរ។ជាមួយគ្នានោះដែរឧត្តមនាវីឯក ទៀ សុខា ក៏បានប្រកាសជាថ្មីម្តងទៀតផងដែរថា ​ក្នុងនាមបញ្ជា ការដ្ឋាន​កងទ័ពជើងទឹកសូមប្រកាសគាំទ្រ ​និងការពាររាជរដ្ឋាភិបាលស្របច្បាប់ ការពារ​អង្គព្រះមហាក្សត្រ,ការពាររដ្ឋធម្មនុញ្ញ, និងប្រកាសប្រឆាំង ​និង​ទប់ស្កាត់គ្រប់​កាលៈទេសៈទាំងអស់​ចំពោះក្រុមណា ឬបុគ្គលណា​ដែលមាន​ចេតនា​ធ្វើ​បដិវត្ត ពណ៌ ការប៉ុនប៉ងធ្វើបំផ្លាញនូវសុខសន្តិភាព និង​ភាពសុខសាន្តរបស់ ប្រជាពលរដ្ឋដែលកំពុងកើតមានសព្វថ្ងៃនេះផងដែរ៕អត្ថបទ បាន ចក់

សម្ដេចធិបតី ហ៊ុន ម៉ាណែត ជំរុញឱ្យរៀបចំស្ថាប័នស្រាវជ្រាវយុទ្ធសាស្រ្ដយោធា

2023/11/10 11:31:46 am        117
ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានជំរុញឱ្យក្រសួង​ការពារជាតិ បង្កើតស្ថាប័នមួយសម្រាប់យោធាក្នុងការស្រាវជ្រាវយុទ្ធសាស្រ្ដ​យោធានានា​ហើយ​ការធ្វើការស្រាវជ្រាវយុទ្ធសាស្រ្តនេះដោយធ្វើយ៉ាងណាឱ្យសមស្របទៅនឹងកងទ័ពរបស់កម្ពុជា។ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា មានប្រសាសន៍ក្នុងឱកាស អញ្ជើញជាអធិបតីក្នុងពិធីអបអរសាទរខួបអនុស្សាវរីយ៍លើកទី២៨ ថ្ងៃបង្កើតបញ្ជាការដ្ឋានទ័ពពិសេស នៅព្រឹកថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៣នេះថា សន្ដិភាព និងការបង្រួបបង្រួមជាតិ គឺរកបានដោយលំបាកបំផុត ដែលសមិទ្ធផលទាំងនេះ បានកើតចេញពីការ​លះបង់នូវសាច់ស្រស់ឈាមស្រស់របស់យោធិនជំនាន់មុនរបស់កម្ពុជា។ ដូច្នេះសម្ដេចនាយករដ្ឋមន្រ្ដីបានជំរុញឱ្យក្រសួងការពារជាតិ ត្រូវរៀបចំបង្កើតស្ថាប័នមួយសម្រាប់​យោធាក្នុងការស្រាវជ្រាវយុទ្ធសាស្រ្ដយោធានានា ដើម្បីធ្វើយ៉ាងណាឱ្យសមស្របទៅនឹង​គោលនយោបាយ​កងទ័ពរបស់កម្ពុជា។ សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានជំរុញយោធាត្រូវពង្រឹងដល់សាលានាយទាហាន តាមគោល​នយោបាយ ឯករាជ្យ និងប្រទាក់ក្រឡា ដើម្បីដំឡើងកម្រិតលើការបណ្ដុះបណ្ដាល​នាយទាហាន។ ចំណែកសាកលវិទ្យាល័យការពារជាតិត្រូវផ្តោតលើការពង្រឹងយុទ្ធសាស្រ្តស្រាវជ្រាវ និង​កិច្ចការងារការពារជាតិនេះបន្ថែមតៀត៕អត្ថបទ៖វ៉ន ដារ៉ា

រដ្ឋមន្ត្រីក្រសួងរតនាគារអាមេរិក ចង់ឱ្យមានការពិភាក្សាលក្ខណៈបើកចំហ និងជាក់លាក់ ជាមួយឧបនាយករដ្ឋមន្ត្រីចិន

2023/11/10 11:23:52 am        110
រដ្ឋមន្ត្រីក្រសួងរតនាគារសហរដ្ឋអាមេរិក លោកស្រី Janet Yellen កាលពីថ្ងៃព្រហស្បតិ៍ (០៩ វិច្ឆិកា) បានប្រាប់ឧបនាយករដ្ឋមន្ត្រីចិន លោក ហឺ លីហឹ្វង (He Lifeng) ថាលោកស្រីចង់ឱ្យមានការពិភាក្សាលក្ខណៈ «បើកចំហ និងជាក់លាក់» ស្តីពីទំនាក់ទំនងសេដ្ឋកិច្ចអាមេរិក និងចិន ការអនុវត្តឧបត្ថម្ភធនរបស់ទីក្រុងប៉េកាំង និងបញ្ហាប្រឈមជាសកល ដូចជាបម្រែបម្រួលអាកាសធាតុ និងការសម្រាលបន្ទុកបំណុលជាដើម។នៅក្នុងសុន្ទរកថា ដែលបានរៀបចំនៅពេលចាប់ផ្តើមនៃកិច្ចប្រជុំទ្វេភាគីរយៈពេលពីរថ្ងៃ នៅទីក្រុងសាន់ហ្វ្រាន់ស៊ីស្កូ របស់សហរដ្ឋអាមេរិក មុនកិច្ចប្រជុំកំពូលនៃបណ្ដាមេដឹកនាំប្រទេស នៃកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ីប៉ាស៊ីហ្វិក (APEC) លោកស្រី Yellen បាននិយាយថា លោកស្រីបានប្រឹងប្រែងក្នុងរយៈពេលប៉ុន្មានខែថ្មីៗនេះដើម្បីបង្កើតកិច្ចសន្ទនាសេដ្ឋកិច្ចជាមួយសមភាគីចិន។លោកស្រី Yellen បាននិយាយថា សហរដ្ឋអាមេរិក ចង់បានទំនាក់ទំនងសេដ្ឋកិច្ចល្អជាមួយប្រទេសចិន ដែលផ្តល់ផលប្រយោជន៍ដល់ប្រទេសទាំងពីរក្នុងរយៈពេលវែង ហើយនឹងលើកឡើងពីការព្រួយបារម្ភអំពីគោលនយោបាយរបស់ចិន ដែលហាមឃាត់ការប្រកួតប្រជែងដោយយុត្តិធម៌។ទន្ទឹមនឹងនេះ លោកឧបនាយករដ្ឋមន្ត្រី ហឺ បាននិយាយថា លោកនឹងលើកឡើងពីការព្រួយបារម្ភរបស់ប្រទេសចិន អំពីទំនាក់ទំនងសេដ្ឋកិច្ច និងការវិនិយោគជាមួយសហរដ្ឋអាមេរិក ក្នុងអំឡុងពេលពិភាក្សារបស់លោកជាមួយលោកស្រី Yellen ។ លោកបានបន្ថែមថា ប្រទេសចិនក៏កំពុងស្វែងរកវិធានការប្រកបដោយប្រសិទ្ធភាពផងដែរ ដើម្បីជំរុញទំនាក់ទំនងសេដ្ឋកិច្ច និងពាណិជ្ជកម្មរបស់ប្រទេសទាំងពីរឱ្យដំណើរការល្អឡើងវិញ៕

ទំនាក់ទំនងប្រេស៊ីល និងអ៊ីស្រាអែល មានភាពល្អក់កករ ជុំវិញបញ្ហាក្រុមឧទ្ទាមហេសបូឡា

2023/11/10 11:20:39 am        138
សេចក្តីថ្លែងការណ៍មិនធម្មតាមួយរបស់ទីភ្នាក់ងារចារកម្មអ៊ីស្រាអែល ម៉ូសាដ (Mossad) ដែលនិយាយថា ខ្លួនបានជួយរារាំងការវាយប្រហាររបស់ក្រុមឧទ្ទាមហេសបូឡា នៅក្នុងប្រទេសប្រេស៊ីល គឺជាឧបទ្ទវហេតុចុងក្រោយបំផុតក្នុងការបង្កើតភាពតានតឹងនៅក្នុងទំនាក់ទំនងរវាងប្រទេសអ៊ីស្រាអែល និងប្រទេសដ៏ធំបំផុតរបស់អាមេរិកឡាទីនមួយនេះ ប្រឆាំងនឹងរឿងរ៉ាវពីក្រោយសង្រ្គាមហ្កាហ្សា។កាលពីថ្ងៃពុធ ប្រទេសប្រេស៊ីលបានចាប់ខ្លួនមនុស្សពីរនាក់ដោយបទចោទប្រកាន់ពីបទភេរវកម្ម ជាផ្នែកមួយនៃប្រតិបត្តិការដើម្បីកម្ចាត់ក្រុមសកម្មប្រយុទ្ធហេសបូឡា ដែលគេសង្ស័យថាមានគម្រោងវាយប្រហារលើទឹកដីប្រេស៊ីល។ ក្រោយមកនៅថ្ងៃដដែលនោះ ទីភ្នាក់ងារ ម៉ូសាដ បានថ្លែងអំណរគុណជាសាធារណៈដល់នគរបាលរបស់ប្រទេសប្រេស៊ីល ហើយបាននិយាយថា «ដោយសាររឿងរ៉ាវពីក្រោយនៃសង្គ្រាមនៅតំបន់ហ្កាហ្សា» ក្រុមហេសបូឡា កំពុងបន្តវាយប្រហាររបស់អ៊ីស្រាអែល ដាក់គោលដៅលើជនជាតិជ្វីហ្វ និងលោកខាងលិចជាដើម។ការអត្ថាធិប្បាយរបស់ទីភ្នាក់ងារ ម៉ូសាដ បានធ្វើឱ្យរដ្ឋមន្ត្រីយុត្តិធម៌ប្រេស៊ីល លោក ហ្វ្លាវីអូ ឌីណូ (Flavio Dino) ខឹងសម្បារយ៉ាងខ្លាំង ដែលកាលពីថ្ងៃព្រហស្បតិ៍ (០៩ វិច្ឆិកា) លោកបាននិយាយនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមថា «ប្រេស៊ីលជាប្រទេសមានអធិបតេយ្យភាព» និង «មិនមានបទបញ្ជាពីកងកម្លាំងបរទេសនានាជុំវិញនគរបាលសហព័ន្ធប្រេស៊ីល នោះទេ»។លោកឌីណូ មិនបានបដិសេធយ៉ាងច្បាស់ពីព័ត៌មានលម្អិតណាមួយក្នុងសេចក្តីថ្លែងការណ៍របស់អ៊ីស្រាអែល នោះទេ ប៉ុន្តែហាក់ដូចជាខឹងសម្បារកាន់តែខ្លាំងឡើងចំពោះការដែលខ្លួនត្រូវបានទាញចូលទៅពាក់ព័ន្ធក្នុងសង្រ្គាមបច្ចុប្បន្ននៅហ្កាហ្សា៕

សម្ដេចធិបតី៖ អាណត្តិទី៧នេះ នឹងផ្តោតសំខាន់លើការធ្វើទំនើបកម្មទ័ពពិសេស

2023/11/10 10:52:15 am        109
ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានមានប្រសសន៍ថា រាជរដ្ឋាភិបាលនីកាលទី៧នេះនឹងផ្តោតសំខាន់លើការធ្វើទំនើបកម្មទ័ពពិសេស រួមទាំង កងទ័ពជើងទឹកផងដែរ ដោយអនុវត្តតាមគោលនយោបាយការពារជាតិរបស់កម្ពុជា។សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា មានប្រសាសន៍ក្នុងឱកាស អញ្ជើញជាអធិបតីក្នុងពិធីអបអរសាទរខួបអនុស្សាវរីយ៍លើកទី២៨ ថ្ងៃបង្កើតបញ្ជាការដ្ឋានទ័ពពិសេស នៅព្រឹកថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ ដោយបានវាយតម្លៃខ្ពស់ចំពោះបញ្ជាការដ្ឋានទ័ពពិសេសក្នុងរយៈពេល ២៨ ឆ្នាំ កន្លងមកនេះបានចូលរួមចំណែកយ៉ាងសកម្មក្នុងការការពារជាតិ និងបូរណភាពទឹកដីកម្ពុជា ក្នុងនោះរួមទាំងការចូលរួមក្នុងការងារបោសសម្អាតមីនចេញពីផ្ទៃដីកម្ពុជាផងដែរ។ សម្តេចធិបតី ហ៊ុន ម៉ាណែត បញ្ជាក់ថា ដើម្បីការពារជាតិ និងបូរណភាពទឹកដីកម្ពុជា រាជដ្ឋាភិបាលអាណត្តិទី៧នេះនឹងបន្តការធ្វើទំនើបកម្មទ័ពពិសេសដោយផ្ដោតលើការធ្វើទំនើបកម្មចំនួន ៣ យ៉ាងក្នុងនោះមាន ​ការធ្វើទំនើបកម្មរចនាសម្ព័ន្ធ​ ការធ្វើទំនើបកម្មហ្វឹកហ្វឺន និងការធ្វើទំនើបកម្មសម្ភារៈ ឬគ្រឿងបំពាក់សម្រាប់យោធា។សូមជម្រាបថា បញ្ជាការដ្ឋានទ័ពពិសេស ជាអង្គភាពទ័ពមួយដែលបានចូលរួមធ្វើសកម្មភាព​ដ៏អង់អាចក្លាហាន​ក្នុងបុព្វហេតុជាតិ និងប្រជាជន។ រយៈពេល ២៨ ឆ្នាំកន្លងមកនេះ វីរយុទ្ធជន វីរយុទ្ធនារី ទាំងអស់នៃបញ្ជាការដ្ឋានទ័ពពិសេស​ បានធ្វើពលីកម្មបូជាអាយុជីវិត សាច់ស្រស់ ឈាមស្រស់ ​ឆន្ទៈស្មារតី កម្លាំងកាយពល និងពេលវេលា ​ដោយគ្មានខ្លាចការលំបាកនឿយហត់ ចូលរួមភារកិច្ចប្រយុទ្ធ ​ប្រឆាំងការវិលត្រឡប់មកសារជាថ្មីរបស់របប ប៉ុល ពត ប្រល័យពូជសាសន៍៕អត្ថបទ៖ វ៉ន ដារ៉ា

ពិព័រណ៍ការងារថ្នាក់ជាតិឆ្នាំនេះ រំពឹងថា នឹងមានអ្នកចូលរួមប្រមាណ៣ម៉ឺននាក់

2023/11/10 10:48:22 am        254
ភ្នំពេញ៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅព្រឹកថ្ងៃទី១០ ខែវិច្ឆិកានេះ បានប្រកាសបើកសម្ពោធពិព័រណ៍ការងារ និងផលិតភាពជាតិ ឆ្នាំ២២៣ជាផ្លូវការ ដោយរំពឹងទុកថា នឹងមានអ្នកចូលរួមទស្សនាប្រមាណ៣ ម៉ឺននាក់ ខណៈមានការងារប្រមាណជាង ២ ម៉ឺនកន្លែងក្នុងពិព័រណ៍ការងារនេះ។ បើតាមក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ពិព័រណ៍ការងារ ​និងផលិតភាពជាតិនេះ ធ្វើឡើង​មានរយៈពេល ២ ថ្ងៃ គឺថ្ងៃទី១០-១១ ខែវិច្ឆិកា ​ឆ្នាំ២០២៣ នៅអគារពាណិជ្ជកម្មកោះពេជ្រ។ ពិព័រណ៍នេះមានកិច្ចសហការជាមួយសហភាពសហព័ន្ធយុវជនកម្ពុជារាជធានីភ្នំពេញ, សមាគមវាយនភណ្ឌ សំលៀកបំពាក់ ស្បែកជើង និងផលិតផលធ្វើដំណើរនៅកម្ពុជា និងគាំទ្រដោយអង្គការអន្តរជាតិខាងការងារ (ILO)។ ពិព័រណ៍នេះមានការចូលរួមពីក្រុមហ៊ុន សហគ្រាស ក្រសួង ស្ថាប័ន និងគ្រឹះស្ថានអប់រំបណ្តុះបណ្តាលចំនួនប្រមាណ ១៥០ គ្រឹះស្ថាន និងស្ថាប័ន នឹងមានការជ្រើសរើសកម្លាំងពលកម្មប្រមាណជាង ​២ ម៉ឺនកន្លែង។ ឯកឧត្តម ហេង សួរ រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈថ្លែងថា គោលបំណងសំខាន់ៗ​នៃការការៀបចំពិព័រណ៍ការងារនាពេលនេះ គឺដើម្បីបន្តរក្សាតុល្យភាព​ក្នុងទីផ្សារការងារតាមរយៈការជួយជ្រោមជ្រែងនិយោជកដែលមានតម្រូវការជ្រើសរើសកម្លាំងពលកម្ម និងអ្នកស្វែងរកការងារធ្វើ, បង្កើតឱ្យមានវេទិកាការងារដ៏ធំជួបជុំគ្នានៅមួយកន្លែងដោយងាយ​ស្រួលរវាងអ្នកស្វែងរកការងារ និយោជកអ្នកផ្តល់ការអប់រំបណ្ដុះបណ្ដាលនិងដៃគូពាក់ព័ន្ធនានា ដើម្បីធ្វើការផ្លាស់ប្ដូរ និងចែករំលែកព័ត៌មាន​ទីផ្សារការងារបន្តជជំរុញលើកកម្ពស់ការយល់ដឹង​ស្តីពី​ការបង្កើនផលិតភាពការងារ តាមរយៈសិក្ខាសាលានានាក្នុងពិព័រណ៍​នេះផងដែរ។សូមជម្រាបថា ក្នុងពិព័រណ៍ការងារថ្នាក់ជាតិនេះ ក៏នឹងមានរួមបញ្ចូលសិក្ខាសាលាស្តីពីផលិតភាព​ថ្នាក់ជាតិ ដើម្បីលើកកម្ពស់ការយល់ដឹង ​និងបំផុសគំនិតទាក់ទងនឹង ​ផលិតភាព តាមរយៈការចែករំលែក​ចំណេះដឹង បទពិសោធន៍ល្អៗ និងគន្លឹះសំខាន់ៗ ​ពីសំណាក់វាគ្មិនជំនាញៗ និងផ្សព្វផ្សាយ ​លើកកម្ពស់ការយល់ដឹងពីសារៈសំខាន់នៃការបង្កើន​ផលិតភាពការងារ និងបង្ហាញ​ពីការវិវត្តបច្ចេកវិទ្យាថ្មីៗដែលប្រទេសជឿនលឿន​ និងប្រទេសកំពុងអភិវឌ្ឍន៍​មួយចំនួន ប្រើប្រាស់​ដើម្បីគ្រប់គ្រងការងារ ​និងខ្សែសង្វាក់ផលិតកម្ម​ ជាពិសេសបំផុសស្មារតី និង ពង្រីកប្រសិទ្ធភាពការ​ងារក្នុងបរិបទការងារតាមគន្លងប្រក្រតីថ្មីផងដែរ៕អត្ថបទ៖ ឈិត បូរ៉ាវី 

ប្រធានាធិបតីព័រទុយហ្គាល់ អំពាវនាវឲ្យមានការបោះឆ្នោតមុនអាណត្តិ ដែលទុកពេលដើម្បីអនុម័តថវិកា

2023/11/10 10:38:13 am        114
ប្រធានាធិបតីលោក Marcelo Rebelo de Sousa បាននិយាយកាលពីថ្ងៃព្រហស្បតិ៍បន្ទាប់ពី ការលាលែងពីតំណែងភ្លាមៗរបស់នាយករដ្ឋមន្ត្រីគណបក្សសង្គមនិយម ក្នុងពេលការស៊ើបអង្កេតអំពើពុករលួយថា ប្រទេសព័រទុយហ្គាល់ នឹងបោះឆ្នោតសភាមុនអាណត្តិ នៅថ្ងៃទី១០ ខែមីនា ជាលើកទី២របស់ខ្លួនក្នុងរយៈពេលច្រើនឆ្នាំមកនេះ។ទោះជាយ៉ាងណា លោកប្រធានាធិបតី បាននិយាយថា លោកនឹងរំលាយសភា ជាកន្លែងដែលគណបក្សសង្គមនិយមមានអាសនៈភាគច្រើន បន្ទាប់ពីការបោះឆ្នោតចុងក្រោយលើសេចក្តីស្នើច្បាប់ថវិកាឆ្នាំ២០២៤ ដែលកំណត់ពេលនៅថ្ងៃទី២៩ ខែវិច្ឆិកា។ សភា បានអនុម័តសេចក្តីស្នើច្បាប់លើអំណានលើកដំបូង កាលពីថ្ងៃទី៣១ ខែតុលា។ ថ្លែងបន្ទាប់ពីកិច្ចប្រជុំជាមួយស្ថាប័នប្រឹក្សាយោបល់របស់លោក ជាស្ថាប័នក្រុមប្រឹក្សារដ្ឋកាលពីថ្ងៃព្រហស្បតិ៍ និងបាននិយាយទៅកាន់គណបក្សនយោបាយធំៗ លោក Rebelo de Sousa បាននិយាយថា នឹងអនុញ្ញាតឲ្យសមាជិកសភា អនុម័តថវិកា ដែលនឹងអនុញ្ញាតដើម្បីបំពេញក្តីរំពឹងរបស់ប្រជាជនព័រទុយហ្គាល់ជាច្រើននាក់ និងបែងចែកមូលនិធិស្តារឡើងវិញរបស់សហភាបអឺរ៉ុប ក្នុងគម្រោងជាច្រើន។លោកបាននិយាយថារដ្ឋាភិបាល នឹងនៅតែមានតួនាទីនៅពេលនេះ ប៉ុន្តែការបោះឆ្នោត ត្រូវការដើម្បីផ្តល់ឲ្យនូវភាពច្បាស់លាស់ និងទិសដៅដើម្បីជម្នះការបញ្ចៀសណាមួយដែលមិនរំពឹងទុក ធ្វើឲ្យភ្ញាក់ផ្អើល និងរំខានដល់ប្រជាជនព័រទុយហ្គាល់។

នាយករដ្ឋមន្រ្តីដាស់តឿនឲ្យកងទ័ពបង្កើនជំនាញប្រឆាំងភេរវកម្ម បើទោះកម្ពុជា គ្មានការគំរាមកំហែងពីភេរវករក្តី

2023/11/10 09:56:42 am        117
ភ្នំពេញ៖ សម្ដេចធិបតីនាយឧត្តមសេនីយ៍ ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា បានណែនាំ និងដាស់តឿន ដល់កងកម្លាំងនៃកងយោធពលខេមរភូមិន្ទទាំងអស់ ត្រូវបង្កើនជំនាញ​ប្រឆាំង​អំពើភេរវកម្មឱ្យបានសកម្ម និងខ្លាំងក្លាបន្ថែមទៀត ខណៈសព្វថ្ងៃកម្ពុជាពុំដែលមានការ​គំរាមកំហែងណាមួយពីភេរវករ ក៏ដោយនោះ។ក្នុងឱកាសអញ្ជើញចូលរួមពិធីអបអរសាទរខួបអនុស្សាវរីយ៍លើកទី២៨ ថ្ងៃបង្កើតបញ្ជាការដ្ឋាន​ទ័ពពិសេស៩១១(៩ វិច្ឆិកា ១៩៩៥ - ៩ វិច្ឆិកា ២០២៣) នាថ្ងៃទី១០ ខែវិច្ឆិកាឆ្នាំ២០២៣នេះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា កងទ័ពទាំងអស់ត្រូវតែបង្កើនការប្រុងប្រយ័ត្ន​ចំពោះ​ភេវរកម្ម បើទោះបីបច្ចុប្បនេះកម្ពុជា ពុំដែលមានការ​គំរាមកំហែង​ណាមួយពីភេរវករក្តី ប៉ុន្តែយើងក៏មិនអាចធ្វេសប្រហែស ​បានដែរចំពោះករណីមួយនេះ។នៅក្នុងឱកាសនោះដែរសម្តេចធិបតី នាយឧត្តមសេនីយ៍ ​ហ៊ុន ម៉ាណែត ​ក៏បានលើកឡើងផងដែរថា ដើម្បី​ទំនើបកម្មកងទ័ពបន្ថែមទៀតនោះ គ្រប់អង្គភាពទាំងអស់ត្រូវ យកចិត្តទុកដាក់ខ្ពស់បន្ថែមទៀត​លើការហ្វឹកហ្វឺនឱ្យបានជាប់ជាប្រចាំ ដោយផ្ដោតជាសំខាន់ទៅលើការពង្រឹងកសាងសាលា​ហ្វឹកហ្វឺន ទីលានហ្វឹកហ្វឺន ​និងជាពិសេសនោះ​គឺការពង្រឹងសមត្ថភាពគ្រូ ​ក៏ដូចជាយោធាចារ្យជាដើមផងដែរ៕អត្ថបទ បាន ចក់

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

មេដឹកនាំ G7ទាមទារឲ្យមានបទឈប់បាញ់នៅលីបង់ និងស្វាគមន៍កិច្ចព្រមព្រៀងសន្តិភាពអ៊ីរ៉ង់-អាមេរិក
06/17/2026 06:06 PM
រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ និងរុស្ស៊ី ជួបពិភាក្សាតាមទូរស័ព្ទ ផ្ដោតលើអនុស្សរណៈនៃការយោគយល់គ្នាជាមួយអាមេរិក
06/17/2026 06:06 PM
កិច្ចប្រជុំកំពូលនៅទីក្រុងព្រុចសែល នឹងផ្តោតសំខាន់លើការចង់បានសមាជិកភាព EU របស់អ៊ុយក្រែន
06/17/2026 06:06 PM
ជប៉ុនផ្តល់ថវិកា ១,៣លានដុល្លារបន្ថែម ដើម្បីគាំទ្រគម្រោង «ការឆ្លើយតបទៅនឹងតម្រូវការបន្ទាន់របស់ជនទេសន្តរប្រវេសន៍ និងជនភៀសសឹកដែលងាយរងគ្រោះដោយសារវិបត្តិព្រំដែនកម្ពុជា-ថៃ និងការកសាងភាពធន់នឹងវិបត្តិនាពេលអនាគត»
06/17/2026 06:06 PM
ប្រទេសចិនទាមទារឲ្យចក្រភពអង់គ្លេសលុបចោលទណ្ឌកម្មប្រឆាំងនឹងក្រុមហ៊ុនចិន
06/17/2026 05:06 PM
កងទ័ពជើងទឹក IRGC បន្តទាមទារឲ្យនាវាសម្របសម្រួលជាមួយពួកគេ ទោះបីជាមានការដកការបិទផ្លូវរបស់អាមេរិកក៏ដោយ
06/17/2026 05:06 PM
នាយករដ្ឋមន្ត្រីកាណាដា ចាត់ទុក​កិច្ចព្រមព្រៀងអាមេរិក-អ៊ីរ៉ង់ថា ជា «ការ​ផ្លាស់ប្តូរស្ថានការណ៍​»
06/17/2026 05:06 PM
ហេសបូឡា៖ អ៊ីរ៉ង់នឹងមិនចុះហត្ថលេខាលើកិច្ចព្រមព្រៀងនុយក្លេអ៊ែរទេ បើអ៊ីស្រាអែលបន្ត​វត្តមាន​នៅ​លីបង់
06/17/2026 05:06 PM
រដ្ឋមន្ត្រីការបរទេសហ្ស៊កដានី និងបារ៉ែន ពិភាក្សាអំពីការវិវត្តថ្មីៗ បន្ទាប់ពីមានអនុស្សរណៈនៃយោគយល់រវាងអាមេរិកនិងអ៊ីរ៉ង់
06/17/2026 05:06 PM
លោក Trump រិះគន់យុទ្ធសាស្ត្ររបស់អ៊ីស្រាអែល នៅលីបង់ និង​និយាយថា ជនស៊ីវិលស្លាប់ច្រើន​ណាស់​
06/17/2026 05:06 PM