ប្រធាន​ក្រុមការងារ​ចុះមូលដ្ឋាន ប្រកាស​បញ្ចូលសមាជិកថ្មី​​គណបក្សប្រជាជនកម្ពុជាចំនួន ៦៩០០នាក់ ក្នុងស្រុកប្រាសាទបល្ល័ង្ក ខេត្តកំពង់ធំ
សម្ដេច​តេជោ៖ការពង្រឹងខឿនការពារជាតិមិនសំដៅតែនៅសមរភូមិមុខទេ ត្រូវយកចិត្តទុកដាក់ទំនុកបម្រុងអ្នកសមរភូមិក្រោយជាគ្រួសារយុទ្ធជនជួរមុខ និងអតីតយុទ្ធជន
ឯកអគ្គរដ្ឋទូតហុងគ្រីចប់អាណត្តិមើលឃើញថាកម្ពុជាគឺជាដៃគូដ៏ជិតស្និទ្ធរបស់ហុងគ្រី
ឯកអគ្គរដ្ឋទូតបញ្ចប់អាណត្តិស្វីស៖ រដ្ឋាភិបាលស្វីសនឹងបន្តគាំទ្រដល់ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជា

នយោបាយ​ និង ការអភិវឌ្ឍន៍

រដ្ឋមន្ត្រីការពារជាតិ៖ រុស្ស៊ីនឹងបង្កើនសន្តិសុខនៅព្រំដែនភាគខាងលិច

2023/08/10 12:30:37 pm        142
រុស្ស៊ី៖ រដ្ឋមន្ត្រីក្រសួងការពារជាតិរុស្ស៊ី លោក Sergei Shoigu បានបង្ហាញពីផែនការដើម្បីបញ្ជូនកងទ័ពបន្ថែមទៀតនៅតាមបណ្តោយព្រំដែនរុស្ស៊ីភាគខាងលិច ក្នុងការឆ្លើយតបទៅនឹងអ្វីដែលលោកហៅថាជាការគំរាមកំហែងធ្វើឡើងដោយសម្ព័ន្ធយោធាណាតូ។ លោក shoigu បានថ្លែងសុន្ទរកាថា នៅក្នុងកិច្ចប្រជុំក្រសួងការពារជាតិ កាលពីថ្ងៃពុធ។ លោកបានទទូចថា ការគាំទ្រផ្នែកយោធាដោយសហរដ្ឋអាមេរិក និងបណ្តាប្រទេសអឺរ៉ុប សម្រាប់អ៊ុយក្រែន កំពុងបង្កើតឲ្យមានការគំរាមកំហែងចំពោះហានីភ័យដើម្បីធ្វើឲ្យស្ថានភាពបច្ចុប្បន្នកាន់តែធ្ងន់ធ្ងរឡើង។ លោកនិយាយថា ការគំរាមចំពោះសន្តិសុខរបស់រុស្ស៊ីមានច្រើនឡើង នៅប្រទេសរុស្ស៊ីភាគពាយព្យ និងភាគខាងលិច ដោយលើកឡើងពីការពង្រីកខ្លួនរបស់ណាតូ ជាមួយប្រទេសហ្វាំងឡង់ដែលបានចូលរួមជាសម្ព័ន្ធមិត្ត។ លោកបានកត់សំគាល់ថា ប្រទេសប៉ូឡូញ ជាសមាជិកណាតូ បានទិញអាវុធពីសហរដ្ឋអាមេរិក និងប្រទេសផ្សេងទៀត ដើម្បីបង្កើនកងកម្លាំងយោធារបស់ខ្លួន។ លោក Shoigu និយាយថា ការឆ្លើយតបគ្រប់គ្រាន់គឺចាំបាច់ចំពោះដំណោះស្រាយចំពោះការគំរាមកំហែងទាំងនេះ។ រដ្ឋាភិបាលប៉ូឡូញ មានការប្រុងប្រយ័ត្នខ្ពស់ខណៈប្រទេសបេឡារុស ត្រូវបានគេជឿថាកំពុងទប់ទល់ក្រុមអ្នកប្រយុទ្ធពីក្រុមហ៊ុនទាហានស៊ីឈ្នួលឯកជន Wagner បន្ទាប់ពីពួកគេ ធ្វើការប៉ះបោប្រដាប់អាវុធរយៈពេលខ្លីនៅក្នុងប្រទេសរុស្ស៊ី។ អនុរដ្ឋមន្ត្រីក្រសួងមហាផ្ទៃប៉ូឡូញ បានប្រាប់ប្រព័ន្ធផ្សព្វផ្សាយក្នុងតំបន់កាលពីថ្ងៃពុធថា ប្រទេសនេះនឹងដាក់ពង្រាយកងទ័ពបន្ថែមចំនួន២.០០០នាក់ ទៅកាន់តំបន់មួយនៅជិតព្រំដែនជាមួយប្រទេសបេឡារុស។  ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin បាននិយាយកាលពិខែមុនថា ការឈ្លានពានណាមួយទៅលើប្រទេសបេឡារុស នឹងត្រូវបានពិចារណាខណៈជាការឈ្លានមកលើរុស្ស៊ី។ ក្រសួងការពារជាតិប្រទេសបេឡារុស បានប្រកាសនៅសប្តាហ៍នេះថា ខ្លួននឹងធ្វើសមយុទ្ធយោធា នៅក្នុងតំបន់មួយជិតប្រទេសប៉ូឡូញ ដែលធ្វើឲ្យមានការព្រួយបារម្ភថា ភាពតានតឹងអាចកើនឡើងបន្ថែមទៀត៕

អាជ្ញាធររដ្ឋធានីប៉េកាំង សន្យាស្តារក្រុងឲ្យបានពេញលេញឡើងវិញក្នុងរយៈពេលបីឆ្នាំបន្ទាប់ពីគ្រោះទឹកជំនន់ដ៏មហន្តរាយ

2023/08/10 12:27:21 pm        70
ចិន៖ រដ្ឋធានីប៉េកាំង ប្រទេសចិន គ្រោងនឹងចំណាយពេល៣ឆ្នាំខាងមុខ ដើម្បីស្តារក្រុងឡើងវិញយ៉ាងពេញលេញពីផលប៉ះពាល់នៃភ្លៀងធ្លាក់យ៉ាងគំហុក ដែលបានវាយលុកទីក្រុងនេះចាប់ពីថ្ងៃទី២៩ ខែកក្កដាដល់ថ្ងៃទី២ ខែសីហា ហើយបានបណ្តាលឱ្យមនុស្សយ៉ាងហោចណាស់៣៣នាក់ស្លាប់ និងមនុស្ស១៨នាក់ផ្សេងទៀតកំពុងបាត់ខ្លួន នេះបើតាមក្រុមអាជ្ញាធរក្រុងកាលពីថ្ងៃពុធ។ដោយថ្លែងនៅក្នុងសន្និសីទសារព័ត៌មានស្តីពីការគ្រប់គ្រងទឹកជំនន់ និងការងារសង្គ្រោះចុងក្រោយបង្អស់នៅក្នុងទីក្រុង អភិបាលរងក្រុងប៉េកាំងលោក សៀ លីនម៉ៅ (Xia Linmao) បានបង្ហាញពីផែនការដ៏ទូលំទូលាយរបស់ទីក្រុង ក្នុងការការស្តារឡើងវិញក្រោយគ្រោះមហន្តរាយ និងតាមដានការអភិវឌ្ឍន៍ប្រកបដោយចីរភាព។យោងតាមលោក សៀ បានឲ្យដឹងថា ផែនការនេះពាក់ព័ន្ធនឹងវិធីសាស្រ្ត៣យ៉ាងគឺ ការងើបឡើងវិញជាមូលដ្ឋានក្នុងរយៈពេលមួយឆ្នាំ ការកែលម្អយ៉ាងទូលំទូលាយក្នុងរយៈពេលបីឆ្នាំ និងចក្ខុវិស័យរយៈពេលវែងសម្រាប់ការអភិវឌ្ឍន៍ប្រកបដោយចីរភាព។ យោងតាមក្រុមមន្ត្រីក្រុងប៉េកាំង បានឲ្យដឹងថា ភ្លៀងធ្លាក់ដ៏ខ្លាំងដែលមិនធ្លាប់មានក្នុងរយៈពេល១៤០ឆ្នាំនោះ បានបណ្តាលឱ្យមានការបំផ្លិចបំផ្លាញយ៉ាងខ្លាំង។ក្រុមជួយសង្គ្រោះប្រហែល៣០.០០០នាក់បានចូលរួមក្នុងការងារសង្គ្រោះគ្រោះមហន្តរាយនៅរដ្ឋធានីប៉េកាំង។ យោងតាមក្រុមអាជ្ញាធរក្រុងបានឱ្យដឹងថា ផ្លូវទៅកាន់តំបន់ដែលរងគ្រោះខ្លាំងបំផុតនៃស្រុកម៉ិនថូវហ្គូវ និងស្រុកហ្វាងសាន ត្រូវបានស្តារឡើងវិញជាបណ្តើរៗ ហើយទីក្រុងកំពុងខិតខំប្រឹងប្រែងអស់ពីលទ្ធភាព ដើម្បីបន្តការផ្គត់ផ្គង់ទឹក ថាមពល និងសេវាទូរគមនាគមន៍នៅកន្លែងទាំងនោះឡើងវិញ៕

មនុស្សជាង១០នាក់រងរបួស ខណៈព្យុះត្រូពិកខ្លាំងបោកបក់មកលើប្រទេសជប៉ុន

2023/08/10 12:23:10 pm        89
ជប៉ុន៖ មនុស្សជាង១០នាក់បានរងរបួស ខណៈព្យុះត្រូពិកដ៏មានឥទ្ធិពល បាននាំមកនូវកម្លាំងខ្យល់បោកបក់និងភ្លៀងធ្លាក់ខ្លាំង មកកាន់ប្រទេសជប៉ុនភាគខាងលិច។ ព្យុះទីហ្វុង Khanun បានធ្វើឲ្យជនលិចតំបន់Kyushu និងតំបន់ Shikoku ដោយមានភ្លៀងធ្លាក់ខ្លាំង ដែលបានបង្កើនហានីភ័យគ្រោះមហន្តរាយ។ ក្រុមពពកភ្លៀង កំពុងបង្កើតផ្លូវនៃព្យុះ ខណៈមន្ត្រីកំពុងព្រមានពលរដ្ឋឲ្យមានការប្រុងប្រយ័ត្នចំពោះទឹកទន្លេកើនឡើង ទឹកជំនន់ និងលំហូរដីល្បប់។មនុស្សយ៉ាងហោចណាស់១៤នាក់ បានរងរបួស នៅក្នុងតំបន់ Kyushu ដោយសារតែខ្យល់បក់ខ្លាំង។ ព្យុះនេះបានកាត់ផ្តាច់អគ្គិសនីដល់គ្រួសារជាង១ម៉ឺនគ្រួសារ នៅក្នុងតំបន់នេះ។ បំណាក់ដីល្បប់ បានកើតឡើងនៅម្ខាងផ្លូវ និងបានកាត់ផ្តាច់ចរចារណ៍។ ការដឹកជញ្ជូនក៏ត្រូវបានកាត់ផ្តាច់នៅក្នុងផ្នែកមួយចំនួននៅប្រទេសជប៉ុនភាគខាងលិច រួមទាំងសេវារថភ្លើងក្នុងតំបន់ និងជើងហោះហើរក្នុងស្រុក។ ព្យុះមួយផ្សេងទៀតត្រូវបានគេរតំពឹងថា នឹងចូលមកដល់ប្រជុំកោះ Ogasawara របស់ប្រទេសជប៉ុន នៅសមុទ្រប៉ាស៊ីហ្វិក រហូតដល់ថ្ងៃសៅរ៍។ ផ្លូវព្យុះត្រូពិកធ្ងន់ធ្ងរ Lan នៅតែពុំទាន់ច្បាស់នៅឡើយ ប៉ុន្តែមន្ត្រីអាកាសធាតុ និយាយថាវាអាចខិតទៅជិតកោះធំ Honshu របស់ប្រទេសជប៉ុន នៅសប្តាហ៍ក្រោយ៕

តម្លៃអង្ករកើនឡើងដល់កម្រិតខ្ពស់បំផុតក្នុងរយៈពេលជិត១៥ឆ្នាំនៅអាស៊ី

2023/08/10 12:20:41 pm        102
អាស៊ី៖ របាយការណ៍ប្រព័ន្ធផ្សព្វផ្សាយបាននិយាយថា តម្លៃអង្ករបានឡើងដល់កម្រិតខ្ពស់បំផុតក្នុងរយៈពេលជិត១៥ឆ្នាំនៅក្នុងទ្វីបអាស៊ី ជំរុញឲ្យមានកង្វល់កាន់តែខ្លាំងឡើងលើការផ្គត់ផ្គង់ពិភពលោក ខណៈដែលអាកាសធាតុស្ងួតគំរាមកំហែងដល់ផលិតកម្មនៅក្នុងប្រទេសថៃ ព្រមទាំងបន្ទាប់ពីក្រុមហ៊ុនដឹកជញ្ជូនដ៏ធំរបស់ឥណ្ឌា បានហាមឃាត់ការនាំចេញនៃប្រភេទអង្ករមួយចំនួន។របាយការណ៍នោះបាននិយាយថា អង្ករមានសារៈសំខាន់សម្រាប់របបអាហាររបស់មនុស្សរាប់ពាន់លាននាក់នៅអាស៊ី និងអាហ្រ្វិក ហើយកំណើននៃតម្លៃអាចបន្ថែមសម្ពាធអតិផរណា និងជំរុញតម្លៃនាំចូលសម្រាប់អ្នកទិញ។ ការគំរាមកំហែងចុងក្រោយក្នុងការផ្គត់ផ្គង់ គឺមកពីប្រទេសថៃ ដែលជាប្រទេសផ្គត់ផ្គង់អង្ករធំបំផុតទីពីររបស់ពិភពលោក។ ទីភ្នាក់ងារព័ត៌មាន Bloomberg បានរាយការណ៍ថា ក្រុមអាជ្ញាធរប្រទេសថៃកំពុងលើកទឹកចិត្តកសិករឱ្យប្តូរទៅដាំដំណាំដែលត្រូវការទឹកតិច ខណៈដែលប្រទេសនេះកំពុងប្រឈមមុខនឹងស្ថានភាពស្ងួត ជាមួយនឹងការចាប់ផ្តើមនៃបាតុភូតអាកាសធាតុ អ៊ែលនីញ៉ូ។កំណើនតម្លៃនឹងធ្វើឱ្យមានភាពតានតឹងកាន់តែខ្លាំងឡើងនៅក្នុងទីផ្សារម្ហូបអាហារពិភពលោក ដែលត្រូវបានរង្គោះរង្គើដោយអាកាសធាតុដ៏ធ្ងន់ធ្ងរ និងកាត់បន្ថយការផ្គត់ផ្គង់គ្រាប់ធញ្ញជាតិពីតំបន់សមុទ្រខ្មៅដោយសារតែសង្គ្រាមរុស្ស៊ី និងអ៊ុយក្រែន៕

ខ្យល់បក់និងភ្លៀងធ្លាក់ខ្លាំង វាយបក់មកលើកូរ៉េខាងត្បូង ខណៈព្យុះ Khanun ធ្វើឲ្យមានបំណាក់ដី

2023/08/10 12:18:20 pm        81
កូរ៉េខាងត្បូង៖ ទឹកភ្លៀង បានធ្លាក់នៅទីក្រុងកំពុងផែ Busan ភាគខាងត្បូង ប្រទេសកូរ៉េខាងត្បូងនៅព្រឹកថ្ងៃព្រហស្បតិ៍ទី១០ ខែសីហានេះ ខណៈព្យុះទីហ្វុងKhanun បង្កឲ្យមានបំណាក់ដីនៅឆ្នេរភាគខាងត្បូងរបស់ប្រទេស។ ការព្រមានជាច្រើន ត្រូវបានចេញនៅទូទាំងប្រទេសកូរ៉េខាងត្បូង ដោយជើងហោះហើរជាង៣៣០ជើង ត្រូវបានលុបចោល ហើយមនុស្សជាង១ម៉ឺននាក់ ត្រូវបានជម្លៀស។ ព្យុះទីហ្វុង Khanun ស្ថិតនៅលើមហាសមុទ្រ ហើយកំពុងឆ្លងកាត់នៅចន្លោះកោះ Kyushu និងកោះធំនៅភាគនិរតីប្រទេសជប៉ុនមានចម្ងាយប្រមាណ៨៦០គីឡូម៉ែត្រពីទីក្រុងតូក្យូ និងឧបទ្វីបកូរ៉េ។ដោយមានបរិយាកាសសើម ពីព្យុះទីហ្វុង Khanun ភ្លៀងធ្លាក់ខ្លាំង ត្រូវបានគេរំពឹងថា នឹងធ្លាក់នៅជុំវិញប្រទេសកូរ៉េភាគខាងត្បូង ហើយរដ្ឋបាលឧតុនិយមកូរ៉េនិយាយថា ព្យុះទីហ្វុងកំពុងវាយបក់ឆ្ពោះទៅភាគខាងជើង ក្នុងល្បឿន២២គីឡូម៉ែត្រក្នុងមួយម៉ោង។ រដ្ឋបាលឧតុនិយមកូរ៉េនិយាយថា ការកើនឡើងខ្លាំងនៃព្យុះទីហ្វុង Khanun ត្រូវបានព្យាករណ៍ថា នឹងថយចុះមកដល់កម្រិតមធ្យម ពីកម្រិតខ្លាំង៕

មនុស្ស៣នាក់បានស្លាប់នៅប្រទេសអូស្ត្រាលី បន្ទាប់ពីបរិភោគផ្សិតព្រៃមានជាតិពុល

2023/08/10 12:14:45 pm        144
អូស្ត្រាលី៖ នគរបាលអូស្ត្រាលីបាននិយាយនៅក្នុងសន្និសីទសារព័ត៌មានមួយកាលពីថ្ងៃចន្ទថា មនុស្ស៣នាក់បានស្លាប់ និងមនុស្សម្នាក់ស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរពីការបរិភោគផ្សិតពុល។យោងតាមការចេញផ្សាយរបស់សារព័ត៌មានកាលពីថ្ងៃទី៥ ខែសីហា បានឲ្យដឹងថា ក្រុមនគរបាលប្រឆាំងមនុស្សឃាត វីកតូរៀ បាននិយាយថា មនុស្ស៤នាក់ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ បន្ទាប់ពីទទួលទានអាហារនៅផ្ទះឯកជនមួយកន្លែងនៅទីក្រុង Leongatha ដែលទីក្រុងមួយនៅភាគអាគ្នេយ៍នៃប្រទេសអូស្ត្រាលីកាលពីថ្ងៃទី២៩ ខែកក្កដា នៅពេលនោះនគរបាលបាននិយាយថាស្ត្រីពីរនាក់ វ័យ៦៦ឆ្នាំ និងវ័យ៧០ឆ្នាំ ព្រមទាំងបុរសម្នាក់វ័យ៧០ឆ្នាំបានស្លាប់ បន្ទាប់ពីឧប្បត្តិហេតុនោះ។ ជនរងគ្រោះទី៤ ភេទប្រុស វ័យ៦៨ឆ្នាំ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ ។ក្រុមស៊ើបអង្កេតករណីឃាតកម្មបាននិងកំពុងស៊ើបអង្កេតករណីនេះ។ នគរបាលបានសម្ភាសនារីម្នាក់នោះ ដែលសារព័ត៌មាន BBC កំណត់អត្តសញ្ញាណថាឈ្មោះអ្នកស្រី Erin Patterson ជាអ្នកចម្អិនម្ហូបនៅផ្ទះរបស់ខ្លួនកាលពីថ្ងៃទី២៩ ខែកក្កដា ប៉ុន្តែមិនបានធ្លាក់ខ្លួនឈឺនោះទេ។ ណគរបាលបានដោះលែងអ្នកស្រី Patterson ដោយមិនបានចោទប្រកាន់អ្វីឡើយ ប៉ុន្តែនិយាយថា អ្នកស្រីនៅតែជាជនសង្ស័យ។នាយកដ្ឋាននគរបាល វីកតូរៀ លោកអធិការ Dean Thomas បាននិយាយថា គេមិនច្បាស់ថាផ្សិតប្រភេទណាដែលអ្នកទាំងនោះបានបរិភោគនោះទេ ប៉ុន្តែរោគសញ្ញារបស់ពួកគេគឺស្របទៅនឹងរោគសញ្ញាដែលកើតឡើងបណ្ដាលពីផ្សិតមួកមរណៈ ជាផ្សិតមានជាតិពុលខ្លាំងមួយប្រភេទ៕

លោក Biden មិនទំនងជាចូលរួមកិច្ចប្រជុំកំពូលអាស៊ាននៅខែកញ្ញានោះទេក្នុងដំនើរទស្សនកិច្ចមកអាស៊ី

2023/08/10 12:12:17 pm        80
អាមេរិក៖ប្រភពជាច្រើន បានប្រាប់សារព័ត៌មានរ៉យទ័រថា ប្រធានាធិបតីសហរដ្ឋអាមេរិក លោក Joe Biden មិនទំនងជាចូលរួមក្នុងកិច្ចប្រជុំកំពូលជាមួយមេដឹកនាំអាស៊ីអាគ្នេយ៍នៅក្នុងទីក្រុងហ្សាកាតាប្រទេសឥណ្ឌូនេស៊ីនៅខែក្រោយនោះទេ ជាអវត្តមានដែលនឹងលើកឡើងជាសំនួរជាច្រើនអំពីការប្តេជ្ញាចិត្តរបស់សហរដ្ឋអាមេរិកមកកាន់តំបន់មួយដែលចាំចាប់ក្នុងកិច្ចប្រឹងប្រែងរបស់ខ្លួនដើម្បីរុញច្រានប្រឆាំងឥទ្ធិពលដែលកំពុងពង្រីករបស់ប្រទេសចិន។ លោក Biden បានកំណត់ពេលចូលរួមកិច្ចប្រជុំកំពូលG20 នៅក្នុងប្រទេសឥណ្ឌា នៅថ្ងៃទី៩ ដល់ថ្ងៃទី១០ ខែកញ្ញា ហើយបាននិយាយកាលពីថ្ងៃអង្គារទី៩ ខែសីហាថា លោកមានផែនការធ្វើទស្សនកិច្ចនៅប្រទេសវៀតណាមជាដៃគូនៅអាស៊ីអាគ្នេយ៍ដែលកំពុងលេចចេញដ៏សំខាន់ ដើម្បីធ្វើឲ្យទំនាក់ទំនងប្រសើរឡើង ប៉ុន្តែវត្តមានរបស់លោកនៅក្នុងកិច្ចប្រជុំកំពូលនៅថ្ងៃទី៤ ដល់ថ្ងៃទី៧ ខែកញ្ញា របស់ប្រទេសសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ឬអាស៊ាន ស្ថិតក្នុងភាពមន្ទិលសង្ស័យខ្លាំង។ ប្រភពមួយដែលដឹងច្បាស់អំពីបញ្ហា បាននិយាយថា លោក Biden នឹងមិនទៅកាន់ប្រទេសឥណ្ឌូនេស៊ីនោះទេ ហើយប្រភពមួយផ្សេងទៀតបានលើកឡើងថា ឯកអគ្គរដ្ឋទូតមានមូលដ្ឋាននៅទីក្រុងវ៉ាស៊ីនតោនមកពីសមាជិកអាស៊ាន និយាយថា ប្រទេសឥណ្ឌូនេស៊ី ត្រូវបានគេប្រាប់កាលពីថ្ងៃចន្ទថា លោកBiden នឹងមិនទៅទីនោះទ។ នៅពេលត្រូវបានសួរថាតើវាពិតឬទេដែលលោក Biden នឹងមិនទៅកាន់ប្រទេសឥណ្ឌូនេស៊ី មន្ត្រីជាន់ខ្ពស់សេតវិមាន បានប្រាប់សារព័ត៌មានរ៉យទ័រកាលពីថ្ងៃអង្គារថា យើងនៅកំពុងធ្វើការលើរឿងនេះ យើងប្រហែលជានឹងមានអ្វីៗច្រើនទៀតដើម្បីនិយាយអំពីរឿងនេះឆាប់ៗ។  ប្រភពជាច្រើន និយាយថា កាលបរិច្ឆេទរបស់លោក Biden មកកាន់អាស៊ី នៅមិនទាន់ផ្លូវការនៅឡើយរហូតដល់ដំណើរនោះ ត្រូវបានគេប្រកាស ហើយនឹងអាចផ្លាស់ប្តូរ៕

អភិបាលរាជធានី ជំរុញអាជ្ញាធរទាំង១៤ខណ្ឌ បន្តបម្រើសេវាជូនពលរដ្ឋឱ្យកាន់តែល្អ

2023/08/10 12:10:07 pm        94
ភ្នំពេញ៖ អភិបាលរាជធានីភ្នំពេញឯកឧត្តម ឃួង ស្រេង បានជំរុញឱ្យអាជ្ញាធរខណ្ឌទាំង១៤ សង្កាត់ទាំង១០៥ ​បន្តបម្រើសេវាជូនប្រជាពលរដ្ឋឱ្យកាន់តែល្អប្រសើរថែមទៀត ពោលគឺឱ្យសមនឹង​ការជឿទុកចិត្តពីសំណាក់ប្រជាពលរដ្ឋមកលើអាជ្ញាធរ។ក្នុងឱកាសអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំសាមញ្ញលើកទី៥១ របស់ក្រុមប្រឹក្សារាជធានីភ្នំពេញ នាព្រឹកថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៣ នៅសាលារាជធានីភ្នំពេញ ​ឯកឧត្តម ឃួង ស្រេង អភិបាល​រាជធានីភ្នំពេញ បានមានប្រសាសន៍លើកឡើងថា ការផ្ដល់សេវាតាមរយៈច្រកចេញ​ចូលតែមួយ​នៅទូទាំងខណ្ឌទាំង១៤ ​ក៏ដូចជាសង្កាត់ទាំង១០៥ឃើញថា មានលក្ខណៈល្អប្រសើរ ដោយទទួល​បានការគាំទ្រ​ពីប្រជាពលរដ្ឋ។ដូច្នេះសូមឱ្យអាជ្ញាធរបន្តការខិតខំប្រឹងប្រែងលើការផ្ដល់សេវាជូន​ប្រជាពលរដ្ឋឱ្យកាន់តែ​ប្រសើរ​ថែមទៀត ខណៈដែលប្រជាពលរដ្ឋបច្ចុប្បន្ននេះរស់​នៅក្នុងភាពស៊ីវិល័យ ដែលតម្រូវឱ្យការងារ​របស់អាជ្ញាធរ​ក៏ត្រូវតែស៊ីវិល័យឱ្យលឿនទាន់ចិត្ត​ទៅតាមនោះដែរ។ឯកឧត្តម ឃួង ស្រេង ​ក៏បានបញ្ជាក់ផងដែរថា ​ឆ្លងតាមលទ្ធផលនៃការបោះឆ្នោតជ្រើសតាំង តំណាងរាស្ត្រ នីតិកាលទី៧ នៃរដ្ឋសភា ​កាលពីថ្ងៃអាទិត្យ ទី២៣ ​ខែកក្កដា ឆ្នាំ២០២៣កន្លងមកនេះ ក៏បានបង្ហាញឱ្យឃើញថា ​ប្រជាពលរដ្ឋពិតជាស្រឡាញ់លើការដឹកនាំរបស់រាជរដ្ឋាភិបាលក៏ដូចជា​អាជ្ញាធររាជធានីភ្នំពេញ​ផងដែរ។ ដូច្នេះជាការឆ្លើយតប អាជ្ញាធរត្រូវតែបម្រើពលរដ្ឋ​ឱ្យកាន់តែល្អ​ថែមទៀត។ក្នុងកិច្ចប្រជុំនេះដែរ ឯកឧត្តម ឃួង ស្រេង ក៏បានបញ្ជាក់ពីបញ្ហាសំរាមដែលនៅតែជាបញ្ហាដែល​អាជ្ញាធរ​ត្រូវតែបន្តយកចិត្តទុកដាក់​ ដោយមិនត្រូវទុកសំរាមឱ្យនៅ​តាមដងផ្លូវនោះទេ។ ដូច្នេះអាជ្ញាធរខណ្ឌទាំង១៤ ​សង្កាត់ទាំង១០៥ ​បន្តផ្សព្វផ្សាយឱ្យប្រជាពលរដ្ឋគោរពម៉ោងពេល ដែលត្រូវយកសំរាមចេញក្រៅផ្ទះ ព្រោះការផាកពិន័យលើការចោលសំរាម​ក៏នឹងអនុវត្ត​នៅពេលឆាប់ៗ​នេះដែរ ​តែអ្វីដែលត្រូវអនុវត្តនៅពេលនេះ គឺការផ្សព្វផ្សាយឱ្យប្រជាពលរដ្ឋយល់ដឹង​ពីការទុកដាក់សំរាមជាមុនសិន។ឯកឧត្តម ម៉ប់ សារិន ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ ​ក្នុងឱកាសនោះក៏មានប្រសាសន៍ កោត​សរសើរចំពោះគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត គណៈកម្មការរៀបចំការ​បោះឆ្នោតរាជធានី​ភ្នំពេញ ​រដ្ឋបាលរាជធានីភ្នំពេញ ​គណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ សមត្ថកិច្ចគ្រប់ថ្នាក់ ខណ្ឌ សង្កាត់ កងកម្លាំង ​និងអ្នកពាក់ព័ន្ធដែលបានយកចិត្តទុកដាក់ខិតខំការពារ ថែរក្សាសន្តិសុខ​សណ្តាប់ធ្នាប់ ​ក្នុងយុទ្ធនាការឃោសនាបោះឆ្នោតរយៈពេល២១ថ្ងៃ ​និងថ្ងៃបោះឆ្នោតជ្រើសរើសតាំង តំណាង​រាស្ត្រនីតិកាលទី៧ ​ថ្ងៃទី២៣ ​ខែកក្កដា ឆ្នាំ២០២៣​ តាំងពីចាប់ផ្តើមរហូតដល់ចប់ ដោយធានា​បានសុវត្ថិភាព សណ្ដាប់ធ្នាប់របៀបរៀបរយបានល្អប្រសើរ និងទទួលបានជោគជ័យទាំងស្រុង៕ អត្ថបទ ៖ ប្រាក់ វ៉ាន់ដា 

រដ្ឋមន្ត្រីឥណ្ឌា ទម្លាក់កំហុសលើភាពចលាចលក្នុងប្រទេសជិតខាងមីយ៉ាន់ម៉ា ជាមូលហេតុនៃការបង្ហូរឈាមនៅរដ្ឋម៉ានីពួរ

2023/08/10 12:09:21 pm        77
ឥណ្ឌា៖ កាលពីថ្ងៃពុធ (៩ ខែសីហា) រដ្ឋមន្ត្រីក្រសួងមហាផ្ទៃឥណ្ឌា លោក Amit Shah បានទម្លាក់កំហុសលើភាពចលាចលក្នុងសហភាពមីយ៉ាន់ម៉ា ជាមូលហេតុនៃជម្លោះជនជាតិភាគតិចនៅរដ្ឋម៉ានីពួរ ភាគឦសាននៃប្រទេសឥណ្ឌា ដែលនៅជិតខាង ហើយជំរុញឱ្យភាគីជម្លោះទាំងពីរនៅក្នុងរដ្ឋម៉ានីពួរ ដោះស្រាយជម្លោះរបស់ពួកគេតាមរយៈការសន្ទនា។លោក Shah បានប្រាប់សភាថា អស្ថិរភាពនយោបាយនៅក្នុងសហភាពមីយ៉ាន់ម៉ា បានជំរុញឱ្យជនភៀសខ្លួនរាប់ពាន់នាក់ភៀសខ្លួនឆ្លងកាត់ព្រំដែនចូលទៅក្នុងរដ្ឋម៉ានីពួរ។ មនុស្សជាង១៨០នាក់ត្រូវបានសម្លាប់ ជាច្រើនរយនាក់ទៀតរងរបួស និងមនុស្សរាប់ម៉ឺននាក់បានបាត់បង់ផ្ទះសម្បែងនៅក្នុងរដ្ឋម៉ានីពួរ ចាប់តាំងពីខែឧសភាមក។ចាប់តាំងពីរដ្ឋប្រហារនៅមីយ៉ាន់ម៉ាក្នុងឆ្នាំ២០២១ របបសឹកបានប្រយុទ្ធប្រឆាំងនឹងកងកម្លាំងគាំទ្រលទ្ធិប្រជាធិបតេយ្យនៅទូទាំងប្រទេស។ លោក Shah បានជំរុញភាគីជម្លោះជនជាតិភាគតិចទាំងពីរនៅក្នុងរដ្ឋម៉ានីពួរ ដែលភាគច្រើនជាជនជាតិម៉ីតី និងជនជាតិគូគី ឲ្យមកចូលតុចរចាសន្តិភាព និងដោះស្រាយបញ្ហាតាមរយៈការសន្ទនា។អំពើហឹង្សាបានកើតឡើងបន្ទាប់ពីតុលាការក្នុងខែកុម្ភៈបានស្នើថា សិទ្ធិពិសេសៗជាច្រើនត្រូវបានផ្តល់ដល់ជនជាតិភាគតិចគូគី រួមមានចំនួន១៦% នៃចំនួនប្រជាជនទាំងអស់របស់រដ្ឋ ដែលបានពង្រីកខ្លួនទៅជាជនជាតិម៉ីតី និងជាប្រជាជនភាគច្រើននៅរដ្ឋម៉ានីពួរ៕

យ៉ាងហោចណាស់មនុស្ស២នាក់ បានស្លាប់ ក្នុងការប៉ះទង្គិចគ្នានៅប្រទេសលីបង់

2023/08/10 12:07:11 pm        81
លីបង់៖ ប្រភពសន្តិសុខបានប្រាប់សារព័ត៌មាន រ៉យទ័រ ថា មនុស្ស២នាក់ បានសម្លាប់កាលពីថ្ងៃពុធ (៩ សីហា) នៅក្នុងការប៉ះទង្គិចគ្នារវាងសមាជិកនៃក្រុមប្រដាប់អាវុធ ស៊ីអ៊ីថេ ហេសបូឡា (Shi'ite Hezbollah) និងក្រុមអ្នកស្រុកនៃទីក្រុងគ្រិស្តសាសនា បន្ទាប់ពីអ្នកស្រុកបានឡោមព័ទ្ធរថយន្តដឹកទំនិញដែលបានក្រឡាប់មួយគ្រឿង។ទូរទស្សន៍លីបង់ Al-Jadeed បានចាក់ផ្សាយវីដេអូពី ក្រុមបុរសស្លៀកពាក់ស៊ីវិលបាញ់កាំភ្លើងនៅតាមផ្លូវ។ ក្រោយមកពួកគេបានបង្ហាញពី កងទ័ពលីបង់ដែលបានដាក់ពង្រាយជុំវិញរថយន្តដឹកទំនិញនោះនៅពេលយប់ ខណៈរថយន្តស្ទូចមួយគ្រឿងបានទាញយកប្រអប់ឈើចេញពីរថយន្តនោះ។ អ្នកស្រុកជាច្រើនក្រុមធំបានប្រមូលផ្តុំគ្នា ដោយមានមនុស្សជាច្រើនប្រាប់អ្នកផ្សាយព័ត៌មានថា ពួកគេមានបំណងបិទផ្លូវ។ប្រភពនោះបាននិយាយថា រថយន្តដឹកទំនិញបានក្រឡាប់នៅលើផ្លូវចុះចំណោតក្បែរទីក្រុងភ្នំ កាហាឡេ (Kahaleh) កាលពីល្ងាចថ្ងៃពុធ ហើយអ្នកស្រុកបានបិទផ្លូវជុំវិញនោះយ៉ាងលឿន។ ប្រភពសន្តិសុខម្នាក់បាននិយាយថា រថយន្តដឹកទំនិញនោះជាកម្មសិទ្ធិរបស់ក្រុម ហេសបូឡា ហើយម្នាក់ក្នុងចំណោមអ្នកស្លាប់គឺជាសមាជិកនៃក្រុមនោះ ខណៈអ្នកទីពីរជាពលរដ្ឋកាន់សាសនាគ្រឹស្តរស់នៅក្នុងទីក្រុង។ ប្រភពទាំងនោះមិនអាចផ្តល់ព័ត៌មានលម្អិតអំពីខ្លឹមសារនៃរថយន្តនោះបានទេ ហើយក៏មិនមានការអត្ថាធិប្បាយភ្លាមៗពីក្រុម ហេសបូឡា ផងដែរ៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ការវាយប្រហារតាមអ៊ីនធឺណិត បញ្ចេញព័ត៌មានលម្អិតផ្ទាល់ខ្លួនរបស់គ្រួសារចំនួន៦សែនគ្រួសារនៅហ្កាហ្សា
06/03/2026 04:06 PM
រដ្ឋមន្ត្រីការពារជាតិបូលីវីលាលែងពីតំណែង ខណៈការតវ៉ាប្រឆាំងរដ្ឋាភិបាលមាន​សភាព​កាន់តែខ្លាំងឡើង​ៗ
06/03/2026 04:06 PM
ឃាតកម្មសម្លាប់មនុស្ស ២នាក់រួចយកសពទៅកប់ចោលនៅខណ្ឌជ្រោយចង្វារ កម្លាំងសមត្ថកិច្ចរាជធានីបង្ក្រាបជនសង្ស័យបាន ៤នាក់
06/03/2026 04:06 PM
មន្រ្ដីជាន់ខ្ពស់ក្រសួងការពារជាតិ បន្តបញ្ជាក់ពីការប្ដេជ្ញាចិត្តរបស់កម្ពុជាក្នុងការដោះស្រាយបញ្ហាដោយសន្តិវិធីស្របតាមច្បាប់អន្តរជាតិ និងកិច្ចព្រមព្រៀងដែលមានស្រាប់លើបញ្ហាព្រំដែនជាមួយថៃ
06/03/2026 03:06 PM
អាជ្ញាធររាជធានីភ្នំពេញបន្តត្រួតពិនិត្យទីតាំងស្នាក់នៅប្រមូលផ្ដុំចំនួន ៨២ទីតាំង រកឃើញជនបរទេសខ្លះពុំមានលិខិតឆ្លងដែន និងផាកពិន័យម្ចាស់ ឬអ្នកគ្រប់គ្រង ៣ទីតាំង
06/03/2026 03:06 PM
អាមេរិក ទទូចថាបទឈប់បាញ់នៅតែបន្ត ទោះបីមានការវាយប្រហារការពារខ្លួនទៅលើកោះ Qeshm របស់អ៊ីរ៉ង់ក៏ដោយ
06/03/2026 03:06 PM
គណៈបញ្ជាការឯកភាពរដ្ឋបាលក្រុងកំពង់សោម ចុះត្រួតពិនិត្យរដ្ឋបាលចំហរ រកឃើញជនបរទេស ២៦នាក់ ពាក់ព័ន្ធករណី Online Scams
06/03/2026 03:06 PM
តើមានអ្វីកើតឡើងនៅថ្ងៃទី៩៦នៃសង្គ្រាមនៅអ៊ីរ៉ង់ ខណៈអាមេរិកនិងអ៊ីរ៉ង់ មានការវាយប្រហារថ្មី
06/03/2026 03:06 PM
មេដឹកនាំថ្មីរបស់​សូឡូម៉ុន ពិនិត្យ​កតិកាសញ្ញាសន្តិសុខជាមួយចិន និងស្វែងរកសន្ធិសញ្ញាជាមួយអូស្ត្រាលី
06/03/2026 03:06 PM
ជប៉ុនបដិសេធការទាមទាររបស់កោះ​តៃវ៉ាន់ សម្រាប់ការពិភាក្សា​ ជុំវិញការកំណត់ព្រំដែនជាមួយហ្វីលីពីន
06/03/2026 03:06 PM