កម្ពុជា-មីយ៉ាន់ម៉ា បន្តពង្រឹងកិច្ចសហប្រតិបត្តិការក្នុងក្របខ័ណ្ឌទ្វេភាគី តំបន់ និងពិភពលោក
កម្ពុជា ​និង​មីយ៉ាន់ម៉ា ​ពង្រឹង​ទំនាក់ទំនង​ ​ចុះ​ហត្ថលេខា​លើ​កិច្ច​ព្រម​ព្រៀង​សេដ្ឋកិច្ច កសិកម្ម វប្បធម៌
សម្តេចធិបតីនាយករដ្ឋមន្ត្រី ជួបពិភាក្សាការងារទ្វេភាគីជាមួយ ឯកឧត្តមប្រធានាធិបតីមីយ៉ាន់ម៉ា
គណៈប្រតិភូសភាពាណិជ្ជកម្មអាមេរិក-កម្ពុជា បង្ហាញចំណាប់អារម្មណ៍បណ្ដាក់ទុនវិនិយោគលើវិស័យសំខាន់ៗ នៅកម្ពុជា

នយោបាយ​ និង ការអភិវឌ្ឍន៍

សម្តេចតេជោ ហ៊ុន សែន អញ្ជើញអុជធូបគោរពវិញ្ញាណក្ខន្ធសពម្តាយ លោក កឹម សុខា

2026/07/10 11:26:49 pm        394
ភ្នំពេញ៖នៅរសៀលថ្ងៃសុក្រ ទី១០ ខែកក្កដា ឆ្នាំ២០២៦ នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញទៅអុជធូបគោរពវិញ្ញាណក្ខន្ធសពម្តាយរបស់លោក កឹម សុខា នៅឯទីតាំងតម្កល់សពស្ថិតនៅ បុរី អេលីតផាក ២ (Borie ELITE PARK_2) ផ្ទះលេខ K53 ផ្លូវ K សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ រាជធានីភ្នំពេញ។ នេះបើតាមឯកឧត្តម ជា ធីរិទ្ធ អ្នកនាំពាក្យព្រឹទ្ធសភា។តាមរយៈសារលិខិតរំលែកមរណទុក្ខផ្ញើជូនលោក កឹម សុខា និងក្រុមគ្រួសារ, សម្ដេចតេជោ និងភរិយា បានសម្ដែងនូវសេចក្ដីក្ដុកក្ដួល និងសោកស្តាយជាពន់ពេក បន្ទាប់ពីបានទទួលដំណឹងដ៏ ក្រៀមក្រំពីមរណភាពរបស់ ឧបាសិកា សៅ ង៉ែត ដែលត្រូវជាម្តាយបង្កើត និងម្តាយក្មេកជាទីគោរព ស្រឡាញ់របស់ លោក និងលោកស្រី កាលពីថ្ងៃពុធ ទី៨ ខែកក្កដា ឆ្នាំ២០២៦ វេលាម៉ោង ២៣:០០នាទី ក្នុងជន្មាយុ១០១ឆ្នាំ ដោយជរាពាធ។ក្នុងឱកាសប្រកបដោយសមានទុក្ខដ៏ក្រៀមក្រំនេះ សម្ដេចតេជោ និងភរិយា បានចូលរួមរំលែកទុក្ខ និងសោកស្តាយស្រណោះ អាឡោះអាល័យជាអនេកជាមួយ លោក និងលោកស្រី ព្រមទាំងក្រុមគ្រួសារ ចំពោះការបាត់បង់នូវម្តាយបង្កើត ម្តាយក្មេក ជីដូន ជីទួត ជាទីគោរពស្រលាញ់បំផុតដែលមិនអាច កាត់ថ្លៃបានប្រកបដោយព្រហ្មវិហារធម៌ និងសង្គហធម៌គំរូមួយរូបរបស់កូន កូនប្រសារ ចៅប្រុសចៅស្រី។ ជាងនេះទៅទៀត មរណភាព ឧបាសិកា សៅ ង៉ែត គឺជាការបាត់បង់នូវពុទ្ធសាសនិកមួយរូបដែលមាន សទ្ធាជ្រះថ្លាក្រៃលែង ដែលបានបូជាអស់កម្លាំងកាយចិត្ត ពេលវេលា និងថវិកា ចូលរួមចំណែកក្នុងការ ទ្រទ្រង់ និងលើកស្ទួយវិស័យព្រះពុទ្ធសាសនានៅប្រទេសកម្ពុជា។សម្ដេចតេជោ និងភរិយា បានឧទ្ទិសបួងសួងដល់វត្ថុស័ក្តិសិទ្ធិក្នុងលោក តេជះបារមី នៃព្រះពុទ្ធ ព្រះធម៌ ព្រះសង្ឃ សូមតាមជួយបីបាច់ថែរក្សាដល់ដួងវិញ្ញាណក្ខន្ធរបស់ ឧបាសិកា សៅ ង៉ែត សូមបានទៅចាប់ បដិសន្ធិ និងសោយសុខក្នុងសុគតិភពកុំបីឃ្លៀងឃ្លាតឡើយ។សូមបញ្ជាក់ថា លោកយាយ សៅ ង៉ែត ម្តាយរបស់លោក កឹម សុខា បានទទួលមរណភាពកាលពីម៉ោង១១យប់ថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២៦ ដោយជរាពាធ ក្នុងជន្មាយុ ១០១ឆ្នាំ៕

សម្តេចតេជោ ហ៊ុន សែន បញ្ជាក់ថា រូបថតមួយសន្លឹក ដែលថតនៅឆ្នាំ១៩៩០ គឺពិតជានៅខេត្តបាត់ដំបងមែន

2026/07/05 03:38:55 pm        82
សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៅព្រឹកថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០២៦ បានបង្ហោះតាមបណ្តាញសង្គមហ្វេសប៊ុកថា បើតាមអ្នកស្រាវជ្រាវរូបថត ដែលសម្តេចបានបង្ហោះកាលពីយប់មិញលើបណ្តាញសង្គម គឺ ពិតជានៅ ខេត្តបាត់ដំបងថ្ងៃ១៥ មីនា ១៩៩០មែន។សម្តេចតេជោបន្តថា ក្នុងរូបភាពសម្លៀកបំពាក់ដដែលចុះពិនិត្យខ្សែក្រវ៉ាត់ការពារក្រុងពេលព្រឹកបន្ទាប់មកចូលពិនិត្យរោងចក្រផលិតបាវក្រចៅដូនទាវ នៅខេត្តបាត់ដំបង។សម្តេចតេជោបញ្ជាក់បន្ថែមថា សម្តេចសូមកែតម្រូវអំពីរដ្ឋមន្ត្រីការពារជាតិនៅឆ្នាំ១៩៨២ ដល់ ១៩៨៥ ឯកឧត្តម ប៊ូ ថងឆ្នាំ១៩៨៥ ដល់ ១៩៨៨ ឯកឧត្តម កុយ ប៊ុនថាឆ្នាំ១៩៨៨ ដល់ ២០២៣ សម្តេច ទៀ បាញ់៕

សម្ដេច​ធិបតី ហ៊ុន ម៉ាណែត​ តែងប្រាប់មិត្តបរទេសថាកម្ពុជាប្រើយន្តការ UNCLOS មកពីថៃដក​ខ្លួន​ឯកតោភាគីពី MoU 2001

2026/07/03 08:00:58 pm        321
សម្ដេចមហាបវរ​ធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃកម្ពុជា​ តែងតែពន្យល់មូលហេតុនៃការ​សម្រេច​​ចិត្តរបស់កម្ពុជាប្រើប្រាស់ «យន្តការផ្សះផ្សារដោយបង្ខំ» (Compulsory Conciliation) ក្រោម​អនុសញ្ញាអង្គការសហប្រជាជាតិស្តីពីនីតិសមុទ្រ (UNCLOS) ដើម្បីដោះស្រាយ​បញ្ហា​ដែន​សមុទ្រ​ជាមួយ​ថៃ មូលហេតុគឺមកពីភាគីថៃ​បានដកខ្លួនជាឯកតោភាគីចេញពី អនុស្សរណៈ​នៃ​ការ​យោគ​យល់​គ្នាឆ្នាំ ២០០១ (MoU 2001)។ ឯកឧត្តម ហ្សង់ ហ្វ្រង់ស័រ តាន់ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី ទទួលបន្ទុកកិច្ចការការបរទេស និង​សហប្រតិបត្តិការអន្តរជាតិ បានថ្លែង​បញ្ជាក់ពីការ​លើកលើង​របស់សម្ដេច​ធិបតីបែបនេះ ក្នុង​វេទិកា​សារព័ត៌មានលើកទី៨ ស្តីពី «រាជរដ្ឋាភិបាលនីតិកាលទី៧ បោះជំហានទៅ​មុខ​ជា​និច្ច​ទោះ​ជា​មាន​ឧបសគ្គ​ធំៗចំពោះមុខ» នៅថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២៦នេះ។ ឯកឧត្តមបានថ្លែង​ថា សារលិខិតផ្លូវការរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋ​មន្ត្រី​នៃ​កម្ពុជា​ កាលពីកាលពីថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២៦ បានថ្លែងផ្ញើជូនជនរួមជាតិ អំពីការប្រកាស​ជា​ប្រវត្តិ​សាស្ត្រមួយស្តីពីការសម្រេចចិត្តរបស់កម្ពុជា​ក្នុងការ​ប្រើយន្តការ «ការផ្សះផ្សាដោយបង្ខំ» (Compulsory Conciliation) ក្រោមអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីនីតិសមុទ្រ (UNCLOS) ដើម្បីដោះស្រាយ​បញ្ហា​​ដែនសមុទ្រជាមួយថៃ។ ឯកឧត្តមបន្តថា៖«ក្នុងន័យនេះ នៅ​ចំពោះមុខ​មេដឹកនាំបរទេស​កំពូលៗ សម្ដេច​ធិបតីតែងតែពន្យល់ពីមូលហេតុនៃសេចក្ដីសម្រេច​ចិត្ត​របស់កម្ពុជា​បែបនេះដោយមូលហេតុ គឺមកពីភាគីថៃ បានដក​ខ្លួន​ជាឯក​តោភា​គី​ចេញពីអនុស្សរណៈនៃការយោគយល់គ្នាឆ្នាំ ២០០១ (MoU 2001)»។ សូមជម្រាបថាតាមរយៈថ្លែងការណ៍របស់សម្តេចធិបតីអំពីការ​ប្រើប្រាស់​ «ការផ្សះផ្សាដោយបង្ខំ» ក្រោម អនុសញ្ញា UNCLOS ក្នុងគោលដៅរួមគឺ ការការពារអធិបតេយ្យភាពកម្ពុជា ដោយសន្តិវិធី និង​ច្បាប់អន្តរជាតិ, ដោយសម្ដេច​ធិបតី​បាន​ប្រកាស​ច្បាស់​ៗ​ថា​ «យើង​បាន​ឈាន​ជើង​មួយ​ជំហាន​នេះ គឺដើម្បីការពារអធិបតេយ្យភាព និងសិទ្ធិដែនសមុទ្ររបស់កម្ពុជា ស្របតាមច្បាប់អន្តរជាតិ»។ សម្ដេច​ធិបតីបានពន្យល់ថា ការ​ប្រើប្រាស់​យន្តការ UNCLOS នេះ គឺជាមធ្យោបាយ​សន្តិវិធី​ដែល​រៀប​ចំ​ឡើង​ដើម្បីផ្ដល់សន្តិសុខកាន់តែប្រសើរក្នុងទំនាក់ទំនងអន្តរជាតិ និងទប់ស្កាត់ការ​រីក​រាល​ដាល​នៃ​ជម្លោះ៕

កម្ពុជា-ហ្វីលីពីន វាយតម្លៃខ្ពស់ចំពោះភាពរីកចម្រើននៃកិច្ចសហប្រតិបត្តិទ្វេភាគី

2026/07/03 03:38:55 am        194
នារសៀលថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២៦, សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ លោកជំទាវ Flerida Ann Camille P. Mayo ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព​ចប់អាណត្តិ​ នៃសាធារណរដ្ឋហ្វីលីពីន ប្រចាំព្រះរាជាណាចក្រកម្ពុជា និងគណៈប្រតិភូ ចូលជួបសម្តែងការគួរសម និងជម្រាបលា នៅវិមានសន្តិភាព។ក្នុងឱកាសនៃជំនួប, លោកជំទាវឯកអគ្គរដ្ឋទូត បានសម្តែងនូវការអបអរសាទរចំពោះការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យរបស់កម្ពុជា ព្រមទាំងបានសម្តែងនូវការពេញចិត្តចំពោះភាពរីកចម្រើននៃទំនាក់ទំនងទ្វេភាគី ហ្វីលីពីន-កម្ពុជា ដែលបានឈានដល់កម្រិតថ្មីមួយបន្ថែមទៀត។ លោកជំទាវឯកអគ្គរដ្ឋទូតបានវាយតម្លៃខ្ពស់ចំពោះភាពរីកចម្រើននៃកិច្ចសហប្រតិបត្តិការដ៏ជិតស្និទ្ធរវាងប្រទេសទាំងពីរលើវិស័យជាច្រើន ដូចជា៖ សេដ្ឋកិច្ច និងពាណិជ្ជកម្ម, អប់រំ, បណ្តុះបណ្តាលវិជ្ជាជីវៈ, កសិកម្ម,​ វប្បធម៌,​ ការពារជាតិ និងសន្តិសុខ​ ជាដេីម។ ទន្ទឹមនឹងនេះ, លោកជំទាវក៏បានអបអរសាទរចំពោះការដាក់ចេញនូវវិធានការមុតស្រួចរបស់រាជរដ្ឋាភិបាល ក្នុងការប្រយុទ្ធប្រឆាំងនឹងបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ព្រមទាំងវាយតម្លៃខ្ពស់ចំពោះកិច្ចសហការដ៏ល្អរវាងកម្ពុជា និងហ្វីលីពីន ជាពិសេស កិច្ចសហការស្អិតរមួតជាមួយក្រសួងស្ថាប័នពាក់ព័ន្ធកម្ពុជាលើការងារនេះ។ លោក​ជំទាវ​ឯកអគ្គរដ្ឋទូត​បាន​បន្តថា​ សម្រាប់ឆ្នាំ២០២៧ ខាងមុខនេះ គឺជាខួបទី៧០ឆ្នាំនៃការបង្កេីតទំនាក់ទំនងការទូត​ រវាងហ្វីលីពីន និងកម្ពុជា ដែលនេះជាពេលវេលាដ៏សំខាន់ ដែលប្រទេសទាំងពីរត្រូវបន្តពូនជ្រុំទំនាក់ទំនងទ្វេភាគីឱ្យកាន់តែខ្លាំងក្លាថែមទៀត។ លោកជំទាវឯកអគ្គរដ្ឋទូតបានក៏បានគូសបញ្ជាក់ថា​ ​ក្រុម​អ្នកសង្កេតការណ៍​អាស៊ាន (AOT) ដែលដឹកនាំដោយហ្វីលីពីន នៅនឹង​បន្ត​អនុវត្ត​បេសកកម្ម ​ប្រកប​ដោយ​តម្លាភាព និង​អព្យាក្រឹត។ជាការឆ្លើយតប, សម្ដេចធិបតី បានសម្តែងនូវការអបអរសាទរចំពោះភាពជោគជ័យរបស់លោកជំទាវឯក​អគ្គរដ្ឋទូត​ ក្នុងការបំពេញបេសកកម្មការទូតនៅកម្ពុជា។ សម្ដេចធិបតី បានសម្តែងការពេញចិត្ត និងវាយតម្លៃខ្ពស់ចំពោះតួនាទីរបស់លោកជំទាវ​ឯកអគ្គរដ្ឋទូត​ ដែលបានចូលរួមចំណែកយ៉ាងសកម្មក្នុងការជួយពង្រឹង និងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគី ឱ្យកាន់តែរីកចម្រើនបន្ថែមទៀត។ សម្ដេចធិបតី បានគូសបញ្ជាក់ថា កម្ពុជា និងហ្វីលីពីន នៅមានកាលានុវត្តភាព និងសក្តានុពលជាច្រើនថែមទៀត ក្នុងការជំរុញកិច្ចសហប្រតិបត្តិការទ្វេភាគីឱ្យកាន់តែស៊ីជម្រៅ​ និង​ខ្លាំងក្លា ជាពិសេស, លើវិស័យកសិកម្ម និងទេសចរណ៍។សម្ដេចធិបតី ក៏បានវាយតម្លៃខ្ពស់ចំពោះតួនាទីរបស់ហ្វីលីពីន ក្នុងនាមជាប្រធានអាស៊ានប្តូរវេន ដែលបានជួយសម្របសម្រួលក្នុងការដោះស្រាយបញ្ហាព្រំដែនកម្ពុជា-ថៃនាពេលកន្លងមក ព្រមទាំងបានជម្រាបជូនលោកជំទាវឯកអគ្គរដ្ឋទូតអំពីការវិវត្តថ្មីៗនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ ជាមួយនឹងការគូសបញ្ជាក់អំពីការប្តេជ្ញាចិត្ត និងជំហររបស់កម្ពុជាក្នុងការដោះស្រាយបញ្ហាព្រំដែន​ ដោយសន្តិវិធី, ផ្អែកលើច្បាប់អន្តរជាតិ និងអនុលោមតាមអនុសញ្ញា, សន្ធិសញ្ញា និងកិច្ចព្រមព្រៀងដែលមានស្រាប់រវាងកម្ពុជា និងថៃ៕

ICRC ប្ដេជ្ញាបន្តគាំទ្រ និងពង្រឹងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា បន្ថែមទៀត

2026/07/03 03:29:09 am        179
នារសៀលថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២៦, សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ លោក Jürg Montani ប្រធានគណៈប្រតិភូប្រចាំតំបន់នៃ គណៈកម្មាធិការអន្តរជាតិនៃកាកបាទក្រហម (ICRC) និងគណៈប្រតិភូ ចូលជួបសម្តែងការគួរសម និង ពិភាក្សាការងារ នៅវិមានសន្តិភាព។ក្នុងឱកាសនៃជំនួប, លោកប្រធានគណៈប្រតិភូប្រចាំតំបន់ បានគោរពជម្រាបជូនសម្ដេចធិបតី អំពីកិច្ចសហប្រតិបត្តិការជិតស្និទ្ធរវាង ICRC និងកាកបាទក្រហមកម្ពុជា ក៏ដូចជាកិច្ចសហប្រតិបត្តិការជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការគាំទ្រការឆ្លើយតបនឹងគ្រោះអាសន្ន និង ការលើកកម្ពស់ច្បាប់មនុស្សធម៌អន្តរជាតិ (International Humanitarian Law-IHL)។ បន្ថែមលើនេះ, លោកប្រធានគណៈប្រតិភូក៏បានសម្ដែងនូវសេចក្ដីសោមនស្សរីករាយ ដែល ICRC បានរួមចំណែកដ៏មានសារៈសំខាន់ក្នុងការសម្របសម្រួលកិច្ចការនានា​ អំឡុងពេលនៃជម្លោះព្រំដែនកម្ពុជា-ថៃ។ លោកប្រធានគណៈប្រតិភូប្រចាំតំបន់ ក៏បានគោរពជម្រាបជូនសម្ដេចធិបតី ថា ក្នុងដំណើរទស្សនកិច្ចការងារមកកាន់ប្រទេសកម្ពុជានាពេលនេះ រូបលោកបានចុះទៅពិនិត្យការអនុវត្តគម្រោងជំនួយកម្មវិធីស្តារលទ្ធភាពពលកម្មកាយសម្បទា ដែលបានអនុវត្តក្នុងខេត្តបាត់ដំបង និងកម្មវិធីសុខភាពក្នុងពន្ធនាគារ ផងដែរ។ ជាមួយគ្នានេះ, លោកប្រធានក៏បានគោរពជម្រាបជូនសម្ដេចធិបតី​ ថា ICRC ប្ដេជ្ញាបន្តគាំទ្រ និងពង្រឹងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជាបន្ថែមទៀត។ជាការឆ្លើយតប, សម្ដេចធិបតីបានសម្ដែងនូវការអបអរសាទរចំពោះលោក Jürg Montani ដែលត្រូវបានតែងតាំងជាប្រធានគណៈប្រតិភូប្រចាំតំបន់ នៃ ICRC។ សម្តេចធិបតី ក៏បានវាយតម្លៃខ្ពស់ចំពោះតួនាទីរបស់ ICRC ក្នុងការរួមចំណែកដល់ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជា ព្រមទាំងបានថ្លែងអំណរគុណចំពោះ ICRC ដែលបានគាំទ្រដល់ជនភៀសសឹកកម្ពុជា​ ក្នុងអំឡុងជម្លោះព្រំដែនកម្ពុជា-ថៃ និងបានសម្របសម្រួលយ៉ាងសកម្ម ក្នុងការដោះលែងវីរកងទ័ពកម្ពុជាចំនួន ១៨រូប ដែលត្រូវបានភាគីថៃចាប់ខ្លួនដោយខុសច្បាប់។ ទន្ទឹមនេះ, សម្ដេចធិបតីក៏បានសម្ដែងនូវការពេញចិត្តចំពោះកិច្ចសហប្រតិបត្តិការប្រកបដោយផ្លែផ្ការវាងកម្ពុជា និង ICRC។ ក្នុងន័យនេះ, សម្ដេចធិបតីបានថ្លែងអំណរគុណចំពោះ ICRC ដែលបានផ្ដល់ការគាំទ្រការអនុវត្តគម្រោងជាច្រើននៅកម្ពុជា ព្រមទាំងបានគូសបញ្ជាក់អំពីការប្ដេជ្ញាចិត្តរបស់កម្ពុជាក្នុងការបន្តពង្រឹងភាពជាដៃគូដ៏ល្អជាមួយនឹង ICRC បន្ថែមទៀត។ សម្ដេចធិបតីបានគូសបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជាបានយកចិត្តទុកដាក់ខ្ពស់ក្នុងការគាំពារប្រជាពលរដ្ឋគ្រប់រូប តាមរយៈការដាក់ចេញនូវក្របខណ្ឌគោលនយោបាយជាតិគាំពារសង្គម ឆ្នាំ២០២៤-២០៣៥ រួមទាំងការអនុវត្តកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនជនជាប់ឃុំជាស្ត្រីមានផ្ទៃពោះ និងកូនអាយុក្រោម ២ឆ្នាំ តាមម្តាយនៅក្នុងពន្ធនាគារ។ សម្ដេចធិបតីក៏បានលើកទឹកចិត្តដល់ ICRC ក្នុងការផ្សារភ្ជាប់ទំនាក់ទំនងឱ្យកាន់តែជិតស្និទ្ធបន្ថែមទៀតជាមួយក្រសួង-ស្ថានប័នពាក់ព័ន្ធកម្ពុជា ដើម្បីជំរុញកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និង ICRC ឱ្យកាន់តែរឹងមាំ និងរីកចម្រើនបន្ថែមទៀត។ បន្ថែមពីនេះ, សម្ដេចធិបតីក៏បានគូសបញ្ជាក់អំពីការប្ដេជ្ញាចិត្តរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការគាំទ្រដល់ការគោរពច្បាប់អន្តរជាតិ រួមទាំងច្បាប់មនុស្សធម៌អន្តរជាតិ (IHL) ផងដែរ។មុននឹងបញ្ចប់, សម្តេចធិបតីក៏បានជម្រាបជូនលោកប្រធានគណៈប្រតិភូប្រចាំតំបន់ អំពីការវិវត្តថ្មីៗនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ និងគូសបញ្ជាក់អំពីការប្តេជ្ញាចិត្ត និងជំហររបស់កម្ពុជាក្នុងការដោះស្រាយបញ្ហាព្រំដែន ដោយសន្តិវិធី ផ្អែកលើច្បាប់អន្តរជាតិ និងអនុលោមតាមអនុសញ្ញា, សន្ធិសញ្ញា និងកិច្ចព្រមព្រៀងដែលមានស្រាប់រវាងកម្ពុជា និងថៃ៕

សម្ដេចធិបតី៖ ភាពជោគជ័យរបស់អ្នកដឹកនាំអង្គភាពមួយ គឺការធានាឱ្យអង្គភាពនោះមានសមត្ថភាពបន្តដំណើរការ និងការរីកចម្រើន ទោះបីជាក្នុងពេលអវត្តមានរបស់ខ្លួនក៏ដោយ

2026/07/03 12:28:19 am        144
នាព្រឹកថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២៦, សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីអបអរសាទរខួបលើកទី៣០ឆ្នាំ អង្គការដើម្បីភាពញញឹមនៃកុមារ (Pour un Sourire d'Enfant-PSE) និងពិធីប្រគល់សញ្ញាបត្រជូនដល់សិស្ស-និស្សិតសម្រាប់ឆ្នាំសិក្សា២០២១-២០២៤ នៅរាជធានីភ្នំពេញ។ថ្លែងក្នុងពិធី, សម្តេចធិបតីនាយករដ្ឋមន្ត្រី បានគូសបញ្ជាក់ថា ពិធីអបអរខួប ៣០ ឆ្នាំ របស់អង្គការ PSE នាពេលនេះ មិនត្រឹមតែរំលឹកដល់ដំណើរដ៏វែងឆ្ងាយក្នុងរយៈពេល ៣ ទសវត្សរ៍ប៉ុណ្ណោះទេ ប៉ុន្តែក៏ជាសក្ខីភាពនៃការផ្លាស់ប្ដូរវាសនារបស់កុមារ និងយុវជនកម្ពុជារាប់ម៉ឺននាក់ឱ្យចាកចេញពីទុក្ខវេទនា ឆ្ពោះទៅអនាគតដ៏រឹងមាំ និងមានអាជីពការងារពិតប្រាកដ។ ដោយកត់សម្គាល់អំពីនិរន្តរភាពនេះដំណើរការអង្គការ PSE បន្ទាប់ពីលោក Christian des Pallieres ដែល​ជាសហស្ថាបនិក​នៃ​អង្គការ​ PSE បានទទួលអនិច្ចកម្ម​ កាលពីឆ្នាំ​២០១៦, សម្ដេចធិបតី បានគូសបញ្ជាក់បន្ថែមថា ភាពជោគជ័យរបស់អ្នកដឹកនាំអង្គភាពមួយ គឺការធានាឱ្យអង្គភាពនោះមានសមត្ថភាពបន្តដំណើរការ និងការរីកចម្រើន ទោះបីជាក្នុងពេលអវត្តមានរបស់ខ្លួនក៏ដោយ។សម្ដេចធិបតី បានវាយតម្លៃខ្ពស់ចំពោះទស្សនៈរបស់អង្គការ PSE ដែលមិនត្រឹមតែផ្ដល់ជំនួយបន្ទាន់នោះទេ ប៉ុន្តែផ្ដោតលើការបង្កើនសមត្ថភាព និងឱកាសយូរអង្វែង តាមរយៈការបណ្ដុះបណ្ដាលវិជ្ជាជីវៈ ពោលគឺ «ការផ្ដល់សន្ទូចជាជាងផ្ដល់ត្រី»។ សម្ដេចធិបតី ថ្លែងបន្តថា ការផ្ដល់សន្ទូច ប្រៀបបានទៅនឹងការបណ្ដុះផ្នត់គំនិតម្ចាស់ការលើខ្លួនឯង រៀនច្នៃប្រឌិត និងរៀនរស់បន្ត​ដោយមិនរំពឹង និង រង់ចាំតែការផ្តល់ជំនួយពីអ្នកដទៃ។ សម្ដេចធិបតីបានបញ្ជាក់ថា ប្រជាជនដែលមានសមត្ថភាព និងមានសុខភាពល្អ គឺជាទ្រព្យរបស់ប្រទេសជាតិ ដែលជាធនធានអាចជួយដល់រាជរដ្ឋាភិបាល ហើយរាជរដ្ឋាភិបាលក៏មានលទ្ធភាពកាន់តែច្រើនក្នុងការបន្តជួយទៅដល់អ្នកដែលមិនមានលទ្ធភាពផ្សេងទៀត ដើម្បីរួមគ្នាជួយសង្គមជាតិ។ ជាមួយគ្នានេះ, រាជរដ្ឋាភិបាលនឹងបន្តគាំទ្រដល់សកម្មភាពរបស់អង្គការ PSE ក្នុងការបន្តបេសកកម្មជួយដល់ប្រជាពលរដ្ឋដែលពុំមានលទ្ធភាព តទៅមុខទៀត។ជាមួយគ្នានេះ, សម្ដេចធិបតី បានជំរុញលើកទឹកចិត្តឱ្យយុវជនត្រូវមានក្ដីស្រមៃ និងក្ដីសង្ឃឹម ជានិច្ច។ យុវជនត្រូវចេះតស៊ូ ហើយការខិតខំប្រឹងប្រែងនាថ្ងៃនេះ គឺដើម្បីភាពជោគជ័យនាថ្ងៃអនាគតរបស់ខ្លួន ដោយត្រូវមានក្ដីស្រមៃសម្រាប់ដាក់ទិសដៅ និងមានក្ដីសង្ឃឹមជាកម្លាំងជំរុញទឹកចិត្ត។ លើសពីនេះ, យុវជនត្រូវខិតខំពង្រីកសមត្ថភាពខ្លួនឯងដោយសុចរិតភាព ដែលមានមូលដ្ឋានពីការរៀនសូត្រ រួចបន្តចេញទៅច្បាមយកសមត្ថភាពបន្ថែមនៅក្នុងសង្គមជាក់ស្ដែង ព្រោះថាឱកាសនឹងមិនផ្ដល់ឱ្យអ្នកដែលមិនមានសមត្ថភាព ឬគុណភាពនោះឡើយ។មុននឹងបញ្ចប់, សម្ដេចធិបតី នាយករដ្ឋមន្ត្រី បានគូសបញ្ជាក់ថា រាជរដ្ឋាភិបាលមិនមានការរឹតត្បិតលើសិទ្ធិសេរីភាពរបស់អង្គការសង្គមស៊ីវិលនៅកម្ពុជានោះឡើយ។ ផ្ទុយទៅវិញ, រាជរដ្ឋាភិបាលតែងតែផ្ដល់ការគាំទ្រ និងលើកទឹកចិត្តដល់ការអនុវត្តសកម្មភាពទាំងឡាយណា ដែលស្របទៅនឹងច្បាប់ជាធរមាននៃព្រះរាជាណាចក្រកម្ពុជា ព្រមទាំងស្វាគមន៍ចំពោះរាល់កិច្ចខិតខំប្រឹងប្រែងប្រកបដោយសុចរិតភាព និងក្នុងន័យស្ថាបនាពីគ្រប់ភាគីពាក់ព័ន្ធ ដើម្បីរួមចំណែកអភិវឌ្ឍសង្គមជាតិកម្ពុជាឱ្យកាន់តែរីកចម្រើន។ ជាក់ស្ដែង, អង្គការ PSE ទទួលបានការគាំទ្រយ៉ាងខ្លាំងពីរាជរដ្ឋាភិបាល ដោយសារអង្គការនេះបាននិងកំពុងដើរតួនាទីយ៉ាងសំខាន់ក្នុងការជួយសង្គ្រោះកុមារក្រីក្រកម្ពុជា ព្រមទាំងផ្ដល់ឱកាសអប់រំ, ការបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងឱកាសការងារសមរម្យដល់យុវជនកម្ពុជា អស់រយៈពេលជាង ៣ទសវត្សរ៍កន្លងមកនេះ៕

សម្ដេចតេជោ គាំទ្រកម្ពុជា-វៀតណាម ចៀសវាងកុំឱ្យមានការប្រើប្រាស់កម្លាំងនៅក្នុងប្រទេសមួយ ប្រឆាំងនឹងប្រទេសណាមួយទៀត

2026/07/01 01:11:55 am        260
ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៦ នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទីនៃព្រះរាជាណាចក្រកម្ពុជា អនុញ្ញាតឱ្យ ឯកឧត្តម នាយឧត្តមសេនីយ៍ លឿង តាមក្វាង (Lương Tam Quang) រដ្ឋមន្ត្រីក្រសួងនគរបាល នៃសាធារណរដ្ឋសង្គមនិយមវៀតណាម ចូលជួបសម្ដែងការគួរសម នៅវិមានសាមគ្គីភាពនៃព្រឹទ្ធសភាជាតិ។ ក្នុងឱកាសនោះ សម្ដេចតេជោ បានគាំទ្រ ការឱ្យ កម្ពុជា-វៀតណាម ចៀសវាងការប្រើប្រាស់កម្លាំងនៅប្រទេសមួយ ប្រឆាំងប្រទេសមួយ។ឯកឧត្តម ជា ធីរិទ្ធ អ្នកនាំពាក្យព្រឹទ្ធសភាកម្ពុជា បានឱ្យដឹងថា ជាកិច្ចចាប់ផ្តើមសម្តេចតេជោ បានស្វាគមន៍ចំពោះឯកឧត្តម និងគណៈប្រតិភូមកកាន់ប្រទេសកម្ពុជា ដើម្បីចូលរួមកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីលើកទី២ រវាងរដ្ឋមន្ត្រីក្រសួងមហាផ្ទៃកម្ពុជា រដ្ឋមន្ត្រីក្រសួងសន្តិសុខឡាវ និងរដ្ឋមន្ត្រីក្រសួងនគរបាលវៀតណាម ដែលធ្វើឡើងនៅក្នុងប្រទេសកម្ពុជា។ សម្តេចតេជោ អបអរសាទរចំពោះលទ្ធផលនៃកិច្ចប្រជុំរដ្ឋមន្ត្រីលើកទី២ដែលបញ្ចប់ទៅនៅថ្ងៃនេះ។ នៅក្នុងឱកាសនោះ ឯកឧត្តម នាយឧត្តមសេនីយ៍ លឿង តាងក្វាង បានថ្លែងអំណរគុណចំពោះសម្តេចតេជោ ដែលបានអនុញ្ញាតអោយឯកឧត្តម និងប្រតិភូបានចូលជួបសម្តែងការគួរសមនៅឱកាសនេះ។ ឯកឧត្តមបានលើកឡើងថា លទ្ធផលនៃកិច្ចប្រជុំមហាផ្ទៃថ្នាក់រដ្ឋមន្ត្រីលើកទី២ ដែលធ្វើឡើងនៅប្រទេសកម្ពុជានេះ បានបង្ហាញយ៉ាងច្បាស់នូវចំណងមិត្តភាពរវាងប្រទេសទាំង៣កម្ពុជា​ វៀតណាម ឡាវ ជាពិសេស មិត្តភាពរវាងកម្ពុជា និងវៀតណាម។ឯកឧត្តម នាយឧត្តមសេនីយ៍ លឿង តាមក្វាង បញ្ជាក់ថា កម្ពុជា និង វៀតណាម មានទំនាក់ទំនងជាប្រពៃណីនឹងគ្នា ដូច្នេះបញ្ហាទាក់ទងនឹងសន្តិសុខ ប្រទេសទាំង២ ត្រូវតែជួយគាំទ្រគ្នាទៅវិញទៅមក ដែលជាកត្តាសំខាន់ក្នុងការធានាបាននូវសន្តិសុខរវាងប្រទេសទាំង២។ បន្ថែមពីលើនោះ ឯកឧត្ដម ក៏បានបន្ថែមថា ចំពោះសន្តិសុខក្នុងការប្រយុទ្ធប្រឆាំងទៅនឹងកម្លាំងណាមួយដែល ប្រើប្រាស់ទឹកដីម្ខាងហើយប្រឆាំងទៅនឹងប្រទេសមួយទៀត ដែលប្រទេសកម្ពុជា វៀតណាម ក៏ដូចជាឡាវ រួមសាមគ្គីគ្នាធ្វើកិច្ចការងារនេះដើម្បីកុំឱ្យមានភាពអសន្តិសុខកើតឡើង។ ត្រង់ចំណុចនេះ សម្ដេចតេជោ ហ៊ុន សែន បានសម្ដែងការពេញចិត្ត និងគាំទ្រចំពោះការលើកឡើងរបស់ ឯកឧត្តម នាយឧត្តមសេនីយ៍ លឿង តាមក្វាង ដែលសម្ដេចបានសង្កត់ធ្ងន់ថា ចំណុចដែលចៀសវាងឱ្យបាននោះគឺ ចៀសវាងកុំឱ្យមានការប្រើប្រាស់កម្លាំងនៅក្នុងប្រទេសមួយ ប្រឆាំងនឹងប្រទេសណាមួយទៀត។ ឧទាហរណ៍ដូចជាការប្រើកម្លាំងនៅទឹកដីប្រទេសវៀតណាម ប្រឆាំងទៅនឹងកម្ពុជាហើយ ឬ ប្រើកម្លាំងនៅទឹកដីប្រទេសកម្ពុជា ប្រឆាំងទៅនឹងវៀតណាម ដែលនេះជាចំណុចសហការគ្នារវាងប្រទេសទាំង២ ធ្វើយ៉ាងណា កុំឱ្យមានករណីនេះកើតឡើង។ បន្ថែមលើនេះ សម្ដេចតេជោ បានជំរុញប្រទេសទាំង២ ពិសេសអាជ្ញាធរនៅតាមមូលដ្ឋាននៅតាមបណ្ដាព្រំដែនកម្ពុជា-វៀតណាម សហការគ្នាជាប្រចាំដើម្បីធានាឱ្យបានសន្តិសុខតាមព្រំដែន ពោលជាព្រំដែនមិត្តភាព សន្តិភាព និងកិច្ចសហប្រតិបត្តិការអភិវឌ្ឍរួមគ្នា ដែលអំណោយផលដល់ការធ្វើពាណិជ្ជកម្មរវាងកម្ពុជា និងវៀតណាម។ សម្ដេចតេជោ ក៏សង្កត់ធ្ងន់ទៅលើការរួមគ្នាប្រឆាំងព័ត៌មានក្លែងក្លាយ ក្នុងចេតនាបំបែកបំបាក់នូវទំនាក់ទំនងរវាងកម្ពុជា និងវៀតណាម៕ អត្ថបទ ៖ វីរះ

សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យរដ្ឋមន្ត្រីសន្តិសុខសាធារណៈវៀតណាម ចូលជួបសម្តែងការគួរសម

2026/06/30 11:34:43 pm        199
សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យឯកឧត្តម លឿង តាមក្វាង (Luong Tam Quang) រដ្ឋមន្ត្រីសន្តិសុខសាធារណៈវៀតណាម ចូលជួបសម្តែងការគួរសម។ជំនួបខាងលើនេះ ប្រព្រឹត្តទៅនៅវិមានសាមគ្គីភាព នៃព្រឹទ្ធសភា នារសៀលថ្ងៃអង្គារ ១រោច ខែបឋមាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៦...។

សម្ដេចធិបតី ហ៊ុន ម៉ាណែត៖ អាទិភាពរបស់រាជរដ្ឋាភិបាល​ គឺ ប្រទេសជាតិ​,​ប្រជាជន, ទឹកដី និង​ ឯករាជ្យភាពជាតិ

2026/06/27 10:51:07 pm        179
នាព្រឹកថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៦, សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធី​សំណេះសំណាលជាមួយមហាគ្រួសារសហគ្រាសធុនតូច និងមធ្យម និងសិប្បកម្មកម្ពុជា ក្នុងឱកាសទិវាជាតិសហគ្រាសធុនមីក្រូ តូច និងមធ្យម​ លើកទី៣ នៅរាជធានីភ្នំពេញ។ថ្លែងក្នុងពិធីនោះ, សម្តេចធិបតីនាយករដ្ឋមន្ត្រី បានគូសបញ្ជាក់ថា ការរសម្រេចឱ្យមានការ​ប្រារព្វទិវាជាតិសហគ្រាសធុនមីក្រូ តូច និងមធ្យម (MSMEs) គឺជាសាក្ខីភាពនៃការយកចិត្តទុកដាក់របស់​រាជរដ្ឋាភិបាលចំពោះវិស័យឯកជន និយាយជារួម និងសម្រាប់សហគ្រាស MSMEs​ និង​សិប្បកម្មកម្ពុជា និយាយដោយឡែក។ ការកំណត់រៀបចំទិវាជាតិនេះ គឺធ្វើឡើងក្នុងគោលបំណងបង្កើតជាវេទិការាជរដ្ឋាភិបាល និងសហគ្រាស MSMEs ក្នុងការពិភាក្សាស្វែងយល់ពីបញ្ហាប្រឈម និងដាក់ចេញ​នូវវិធានការ គោលនយោបាយ និងការលើកទឹកចិត្ត កាន់តែមានលក្ខណៈប្រាកដនិយម, រឹតចំណង​សាមគ្គីភាព, មិត្តភាព និងកិច្ចសហការរវាងម្ចាស់សហគ្រាស និងក្រសួងស្ថាប័ន, គ្រឹះស្ថានមីក្រូ​ហិរញ្ញវត្ថុ, ដៃគូអភិវឌ្ឍ, សមាគម និងវិស័យឯកជន ក្នុងន័យផ្តល់តម្លៃ និងលើកទឹកចិត្តដល់ម្ចាស់សហគ្រាស MSMEs និងសិប្បកម្ម និងតាំងបង្ហាញផលិតផលជាតិ។សម្តេចធិបតី បានថ្លែងថា ក្នុងអាណត្តិទី៧នេះ រាជរដ្ឋាភិបាលបាននិងកំពុងឆ្លងកាត់វិញ្ញាសាធំៗចំនួន៣ គឺ ទី១. សង្គ្រាមឈ្លានពានព្រំដែន​និងអធិបតេយ្យភាព, ទី២. បញ្ហាឧក្រិដ្ឋកម្មឆ្លងដែនសម័យថ្មី, និង ទី៣. ការរក្សាលំនឹងម៉ាក្រូសេដ្ឋកិច្ច។ សម្តេចធិបតី បានបន្តថា គោលដៅអាទិភាពធំបំផុតក្នុងការដោះស្រាយបញ្ហាទាំងនេះ គឺដើម្បីជាតិនិងប្រជាជន, ទឹកដី​ និងឯករាជ្យភាព, ព្រមទាំងស្ថិរភាពជីវភាព និងអាយុជីវិតរបស់ប្រជាពលរដ្ឋ។ ក្នុងការពារបូរណភាពទឹកដី, កម្ពុជាបន្តប្រកាន់ខ្ជាប់នូវយន្តការចរចាដោយសន្តិវិធី និងការអត់ធ្មត់ខ្ពស់ ដោយប្រើប្រាស់ច្បាប់អន្តរជាតិជាមូលដ្ឋាន​ ឱ្យអស់លទ្ធភាព។ ការណ៍នេះ គឺដើម្បីបញ្ចៀសនូវការប្រើប្រាស់កម្លាំងយោធា ដែលអាចបង្កផលប៉ះពាល់ផ្ទាល់ដល់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋនៅតាមព្រំដែន និងស្ថិរភាពម៉ាក្រូសេដ្ឋកិច្ចជាតិ។ បទពិសោធន៍បានបង្ហាញថា សង្គ្រាមព្រំដែនមិនត្រឹមតែបំផ្លាញឱកាសនៃវិស័យទេសចរណ៍ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបង្ខំឱ្យរដ្ឋត្រូវបង្វែរថវិកាជាតិទៅលើការទិញអាវុធយុទ្ធភណ្ឌ ជំនួសឱ្យការវិនិយោគលើការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចជាតិទៅវិញ។ក្នុងឱកាសនោះដែរ, សម្ដេចធិបតីនាយករដ្ឋមន្ត្រី បានគូសបញ្ជាក់បន្ថែមដែរថា ដើម្បីរក្សានិរន្តរភាពនៃការគាំទ្រផលិតផលក្នុងស្រុក រោងចក្រ សហគ្រាស ក្នុងនាមជាវិនិយោ​គិន​ត្រូវប្រកាន់គោលជំហ ពង្រឹងខ្លួនឯង និងឈានទៅរកភាពជាម្ចាស់ការលើខ្លួនឯង​ ដែលនេះ​ទើបជាចីរភាពពិតប្រាកដ តាមរយៈការពង្រឹងសមត្ថភាព, ពង្រឹងគុណភាព ជាមួយតម្លៃសមរម្យ ទើប​យើងអាចធានាបានការជឿជាក់​ និងការគាំទ្រ​ពីសំណាក់អតិថិជន, ពិសេសពីប្រជាពលរដ្ឋយើងផ្ទាល់តែម្តង។សម្តេចធិបតីនាយករដ្ឋមន្ត្រី បានសង្កត់ធ្ងន់ថា ការរក្សា​បានគុណភាពល្អ គឺមានសារៈសំខាន់ខ្លាំងណាស់ ព្រោះជាប់ពាក់ព័ន្ធផ្ទាល់ទៅនឹងសុខភាព និងអាយុជីវិតរបស់ប្រជាពលរដ្ឋ ដែលជាអ្នកប្រើប្រាស់។ ភាពច្បាស់លាស់, ការទទួលខុសត្រូវ និងគុណភាព​ ត្រូវដើរទន្ទឹមគ្នា ដែលជាកត្តាស្លាប់រស់នៃការបង្កើតការជឿជាក់ និងការគាំទ្រ​យ៉ាងស្មោះត្រង់រវាងអ្នកលក់ និងអ្នកទិញ។ ក្នុងន័យនេះ, សហគ្រាស MSMEs ត្រូវដាក់ទិសដៅក្នុងការអភិវឌ្ឍខ្លួនឯង ដោយមិនត្រូវនៅត្រឹមតែជាសហគ្រាស MSMEs ជារៀងរហូតនោះទេ តែត្រូវដាក់ទិសដៅ​ពង្រឹង​ និង​ ពង្រឹកខ្លួនឯង​ ពីតូចទៅធំ ដោយរីកចម្រើន, ដោយឈរលើការ​ជឿទុកចិត្ត និងភាពប្រកួតប្រជែងខ្ពស់។ជាមួយគ្នានេះ, សម្តេចធិបតីនាយករដ្ឋមន្ត្រី​ បានលើកឡើងថា រាជរដ្ឋាភិបាល សង្ឃឹមថា​ចលនានៃការគាំទ្រផលិតផលក្នុងស្រុកនេះ នឹងនៅតែបន្ត និងបានយូរអង្វែង តទៅទៀត។ ​រាជរដ្ឋាភិបាល នៅតែបន្តផ្ដល់អាទិភាព និងការយកចិត្តទុកដាក់ខ្ពស់ដល់សហគ្រាស MSMEs​ សម្រាប់ទាំង​នីតិកាលនេះ និងបន្តទៅដល់នីតិកាលបន្តបន្ទាប់ទៀត ដែលនេះ ជាការជួយសម្រួល, ការលើក​ទឹកចិត្ត និងការបង្កលក្ខណៈអំណោយផល ដើម្បីឱ្យសហគ្រាស​ MSMEs កាន់តែរីកចម្រើនលូតលាស់ តទៅ​មុខ ​បន្ថែមទៀត។ជាទីបញ្ចប់, សម្តេចធិបតីនាយករដ្ឋមន្ត្រី បានដាក់ទិសដៅឱ្យក្រសួងស្ថាប័នពាក់ព័ន្ធ សិក្សា និងរៀបចំពង្រឹងសមត្ថ​ភាព​មន្ទីរពិសោធន៍គុណភាពផលិតផលឱ្យកាន់តែមានផលិតភាព, គុណភាព និងសមត្ថភាពខ្ពស់ ​ក្នុងការត្រួតពិនិត្យ និងវាយតម្លៃលើមុខផលិតផល ឱ្យបានល្អ និងឆាប់រហ័ស ដើម្បីធានាគុណភាព និងឈានទៅសម្រេចឱ្យមានការចុះបញ្ជី ព្រមទាំងកាត់បន្ថយភាពស្មុគស្មាញ និងបង្កភាពងាយស្រួលដល់ម្ចាស់រោងចក្រ សហគ្រាស៕

សម្ដេចធិបតី៖ យុទ្ធនាការកម្ចាត់ Online Scams ប៉ុន្មានខែចុងក្រោយនេះ បានស្ដារមុខមាត់កម្ពុជាមកវិញ

2026/06/27 08:35:44 pm        140
សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា បានថ្លែងសាទរចំពោះយុទ្ធនាការជោគជ័យ នៃការបង្ក្រាបឧក្រិដ្ឋកម្ម Online Scams ក្នុងរយៈពេលចុងក្រោយនេះ ដែលបានស្ដារមុខមាត់កម្ពុជាបន្តិចវិញលើឆាកអន្តរជាតិ។ក្នុងពិធីសំណេះសំណាល និងពិសាភោជនា ហារសាមគ្គីមហាគ្រួសារសហគ្រាសធុនតូច មធ្យម និងសិប្បកម្មកម្ពុជា នាព្រឹកថ្ងៃទី២៧ ខែមិថុនា នេះ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានលើកឡើងអំពីការចុះផ្សាយលើសារព័ត៌មានអន្តរជាតិជាច្រើន រួមទាំងប្រទេសនានាផង បានងាកមកទទួលស្គាល់អំពីការខិតខំរបស់កម្ពុជាកម្ទេចសម្បុក Online Scams ក្នុងរយៈពេលចុងក្រោយនេះបានល្អ។ក្នុងរយៈពេលប៉ុន្មានខែមកនេះ យុទ្ធនាការរបស់យើងដែលជាការខិតខំប្រឹងប្រែងរបស់ថ្នាក់ជាតិ ថ្នាក់ក្រោមជាតិ អាជ្ញាធរមូលដ្ឋាន និងសមត្ថកិច្ច បានកែប្រែព័ត៌មាននៅលើឆាកអន្តរជាតិ ដែលកាលពីប្រមាណ៥ខែមុន បានចោទថាកម្ពុជាជាទីប្រមូលផ្ដុំដ៏សុខសាន្តនៃបទល្មើស Online Scams មកជាការទទួលស្គាល់ថាកម្ពុជាបានកម្ទេចបទល្មើសនេះ ដែលបានធ្វើឱ្យក្រុមឧក្រិដ្ឋជនរត់ទៅជ្រកនៅប្រទេសផ្សេងវិញ ហើយប្រទេសផ្សេងៗចាប់ផ្ដើមទទួលស្គាល់ថាគេមានដែរ។ នេះគឺជាជោគជ័យ ដែលកាលពី៥ខែមុន កម្ពុជាត្រូវបានគេដាក់ឱ្យទទួលបន្ទុកតែម្នាក់ឯងប៉ុណ្ណោះ។ បើយើងមិនលាងខ្លួនឯង មិនចាត់វិធនាការខ្លាំងទេ តើយើងអាចស្ដារកេរ្តិ៍ឈ្មោះបានទេមកដល់ពេលនេះ ម្ល៉េះគេនៅតែចោទកម្ពុជាថាជាជង្រុក ដូច្នេះយើងត្រូវតែងើបធ្វើការដើម្បីស្ដារមុខមាត់យើងឡើងវិញ។ កិច្ចការងារនេះ ទោះទទួលបានផលហើយក្ដី ក៏មិនទាន់ឈប់ទេ ត្រូវបន្តបោសសម្អាត។សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ចាត់ទុកបញ្ហា Online Scams គឺជាសង្គ្រាមការពារកេរ្ដិ៍ឈ្មោះកម្ពុជាលើឆាកអន្ដរជាតិ ដើម្បីបំបាត់ភាពមន្ទិលរបស់បរទេសមើលឃើញកេរ្ដិ៍ឈ្មោះមិនល្អរបស់កម្ពុជា ដែលបានចោទសួរអំពីសុវត្ថិភាព ឬការចាប់ជំរិត នៅកម្ពុជា ដែលនេះជាអ្វីដែលត្រូវរួមគ្នាស្ដារកេរ្ដិ៍ឈ្មោះកម្ពុជាឡើងវិញ នៅលើឆាកអន្ដរជាតិ៕អត្ថបទ៖ វ៉ាន់

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

មន្រ្តីជាន់ខ្ពស់ក្រសួងឧស្សាហកម្ម ជំរុញឱ្យយុវជនបង្កើនការស្រាវជ្រាវ និងធ្វើនវានុវត្តន៍ ដោះស្រាយដល់ការធ្វើធុរកិច្ច
09/12/2026 07:09 PM
ផ្ទះទេវតាទី៣៣៩ និង៣៤០ ចំនួន២ខ្នងទៀតដោយមានភ្ជាប់ប្រព័ន្ធភ្លើងសូឡា និងទឹកស្អាត ត្រូវបានលោកជំទាវ ហ៊ុន ម៉ាណា ប្រគល់ជូនពលរដ្ឋខ្វះខាតជីវភាព នៅខេត្តតាកែវ
09/12/2026 06:09 PM
កម្ពុជាត្រូវការថវិកាប្រមាណ១ពាន់លានដុល្លារអាមេរិកដើម្បីធ្វើការបោសសម្អាតគ្រាប់បែកចង្កោមពីការឈ្លានពានរបស់ថៃ
09/12/2026 06:09 PM
ព្រះមហាក្សត្រព្រះរាជទានម៉ាស៊ីនបូមទឹកខ្នាតធំ ១៩គ្រឿង ដើម្បីសង្គ្រោះស្រូវប្រជានុរាស្ត្រក្រោយរងគ្រោះរាំងស្ងួតនៅខេត្តកំពង់ស្ពឺ
09/12/2026 05:09 PM
ជប៉ុនថ្កោលទោសការវាយប្រហាររបស់ក្រុមហ៊ូទីលើអារ៉ាប៊ីសាអ៊ូឌីត
09/12/2026 05:09 PM
នាវាផ្ទុកយន្តហោះចម្បាំងGeorgeWashington របស់អាមេរិក ចុះប្រតិបត្តិការហោះហើរ នៅពេលយប់
09/12/2026 05:09 PM
ក្រុមហ៊ូទីអះអាងថា បានបាញ់ទម្លាក់យន្តហោះចម្បាំងអារ៉ាប៊ីសាអ៊ូឌីត ៩គ្រឿង ចាប់តាំងពីថ្ងៃទី៣ ខែកញ្ញា
09/12/2026 05:09 PM
ប្រធានាធិបតីអ៊ីរ៉ង់ ប្តេជ្ញាមិនចុះចាញ់នឹងសម្ពាធសេដ្ឋកិច្ចរបស់អាមេរិក
09/12/2026 05:09 PM
ប្រធានាធិបតីចិនធ្វើដំណើរទៅដល់ទីក្រុងញូវដែលី សម្រាប់កិច្ចប្រជុំកំពូល BRICS
09/12/2026 05:09 PM
កម្មវិធីផ្លាស់ប្តូរវប្បធម៌អន្តរជាតិស៊ីសេហារ៉ា – ភូមិកម្ពុជា រួមចំណែកលើកកម្ពស់មិត្តភាព និងការយោគ យល់គ្នាទៅវិញទៅមករវាងប្រជាជនកម្ពុជា និងជប៉ុន
09/12/2026 04:09 PM