កម្ពុជា-មីយ៉ាន់ម៉ា បន្តពង្រឹងកិច្ចសហប្រតិបត្តិការក្នុងក្របខ័ណ្ឌទ្វេភាគី តំបន់ និងពិភពលោក
កម្ពុជា ​និង​មីយ៉ាន់ម៉ា ​ពង្រឹង​ទំនាក់ទំនង​ ​ចុះ​ហត្ថលេខា​លើ​កិច្ច​ព្រម​ព្រៀង​សេដ្ឋកិច្ច កសិកម្ម វប្បធម៌
សម្តេចធិបតីនាយករដ្ឋមន្ត្រី ជួបពិភាក្សាការងារទ្វេភាគីជាមួយ ឯកឧត្តមប្រធានាធិបតីមីយ៉ាន់ម៉ា
គណៈប្រតិភូសភាពាណិជ្ជកម្មអាមេរិក-កម្ពុជា បង្ហាញចំណាប់អារម្មណ៍បណ្ដាក់ទុនវិនិយោគលើវិស័យសំខាន់ៗ នៅកម្ពុជា

នយោបាយ​ និង ការអភិវឌ្ឍន៍

សម្ដេចធិបតី៖ កម្ពុជាជាសមាជិក WTO មិនអាចហាមឃាត់ការនាំចូលទំនិញពីប្រទេសដទៃបានទេ

2026/06/27 08:26:21 pm        160
សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា បានថ្លែងថា កម្ពុជាជាសមាជិក WTO មិនអាចហាមឃាត់ការនាំចូលទំនិញពីប្រទេសដទៃបានទេ ដូច្នេះដើម្បីមានភាពធន់ក្នុងការប្រកួតប្រជែង គឺមានតែការជំរុញបង្កើនគុណភាពផលិតផលក្នុងស្រុកប៉ុណ្ណោះ។ក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាល និងពិសាភោជនាហារសាមគ្គីមហាគ្រួសារសហគ្រាសធុនតូច មធ្យម និងសិប្បកម្មកម្ពុជា នាថ្ងៃទី២៧ ខែមិថុនា នេះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ដោយសារកម្ពុជា ជាសមាជិក WTO ដូច្នេះមិនអាចបិទទំនិញរបស់ប្រទេសណាមួយមិនឲ្យចូលកម្ពុជាទាំងស្រុងនោះទេ ប្រសិនបើធ្វើបែបនេះ ទំនិញរបស់កម្ពុជា ក៏មិនអាចនាំចេញទៅកាន់ទីផ្សារក្រៅប្រទេសបានដូចគ្នា។ ដូច្នេះដើម្បីទប់ទល់នឹងការប្រកួតប្រជែង SMEs ត្រូវពង្រីកខ្លួនបន្ថែមទៀត កុំនៅទ្រឹងមួយកន្លែង ដោយត្រូវបង្កើនការជឿទុកចិត្តពីអតិថិជន។យើងមិនអាចដាក់បម្រាមការនាំចូលទំនិញនោះឡើយ ព្រោះយើងជាសមាជិក WTO ។ បើយើងដាក់បម្រាមមិនឱ្យស៊ីម៉ងត៍គេចូល គេក៏មិនឱ្យស៊ីម៉ងត៍យើងចូលដែរ ព្រោះតាមរបាយការណ៍ស៊ីម៉ងត៍របស់ យើងមិនត្រឹមតែផលិតសម្រាប់ប្រើប្រាស់ក្នុងស្រុកទេ ថែមទាំងនាំចេញទៅក្រៅដែរ ដែលមានចំនួនប្រមាណពីរម៉ឺនឯណោះ។ នេះជាការប្រកួតប្រជែងទីផ្សារសេរី។ ហើយខ្ញុំជឿថាប្រជាពលរដ្ឋយើង ងាកមកគាំទ្រផលិតផលក្នុងស្រុក អាចបណ្ដាលមកពីកត្តាខាងក្រៅមួយចំនួននៅឆ្នាំនេះ ដោយសារមានរឿងព្រំដែន ប៉ុន្តែបើចង់ឱ្យមាននិរន្តរភាពនៃការគាំទ្រ ទាល់តែផលិតផលក្នុងស្រុក មានគុណភាព មានតម្លៃសមរម្យ អាចជំនួសការនាំចូលបាន។សម្ដេចធិបតី ហ៊ុន ម៉ាណែត បានបង្ហាញក្ដីរំពឹងថា ទៅថ្ងៃខាងមុខ ផលិតផលនឹងមានដាក់ផ្លាកសញ្ញាកម្ពុជា ដែលផលិតនៅកម្ពុជា មិនមែនផលិតនៅក្រៅស្រុកនោះទេ។ សម្ដេចធិបតី បានណែនាំឲ្យបន្ដយកចិត្តទុកដាក់ពង្រឹងគុណភាព និងជំរុញការប្រើប្រាស់ផលិតផលក្នុងស្រុក ខណៈពលរដ្ឋងាកមកគាំទ្រច្រើនផលិតផលក្នុងស្រុកនៅពេលនេះ បើទោះជាសម្ដេចបានកត់សម្គាល់ថា ផលិតផលមួយចំនួនដែលផលិតនៅក្នុងស្រុក គឺមិនទាន់មានលទ្ធភាពដើម្បីធានាដល់ការផ្គត់ផ្គង់នៅឡើយទេ ដូច្នេះរដ្ឋត្រូវគិតគូរជួយលើការងារនេះ៕អត្ថបទ៖ វ៉ាន់

សម្ដេចធិបតី៖ ឆ្នាំ២០២៩ កម្ពុជានឹងចាកចេញពីប្រទេសអភិវឌ្ឍន៍តិចតួចបន្តដំណើរទៅកាន់ប្រទេសអភិវឌ្ឍន៍

2026/06/27 08:17:47 pm        161
សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា បានថ្លែងថា នៅត្រឹមឆ្នាំ២០២៩ កម្ពុជា នឹងចាកចេញពីប្រទេសអភិវឌ្ឍន៍តិចតួច ដើម្បីបន្តដំណើរទៅមុខទៅកាន់ប្រទេសអភិវឌ្ឍន៍ ដែលជាគោលនយោបាយត្រូវបានដាក់ចេញប្រកបដោយភាពប្រាកដនិយម។ក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាល និងពិសាភោជនាហារសាមគ្គីមហាគ្រួសារសហគ្រាសធុនតូច មធ្យម និងសិប្បកម្មកម្ពុជា នាថ្ងៃទី២៧ ខែមិថុនា នេះ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា កម្ពុជានឹងចាកចេញពីឋានៈប្រទេស ដែលមានការអភិវឌ្ឍតិចតួច នៅឆ្នាំ២០២៩ ដែលនឹងនាំមកនូវការផ្លាស់ប្តូរលើលក្ខខណ្ឌពាណិជ្ជកម្ម ជំនួយអភិវឌ្ឍន៍ផ្លូវការ និងភាពអនុគ្រោះដែលបណ្តាប្រទេសជាមិត្ត និង ដៃគូអភិវឌ្ឍន៍។ សេដ្ឋកិច្ចបៃតង, បច្ចេកវិទ្យាឌីជីថល, និង បញ្ញាសិប្បនិម្មិត កំពុងកំណត់ឡើងវិញនូវស្តង់ដា និង របៀបប្រកួតប្រជែងនៅលើទីផ្សារតំបន់ និង សកល។ ពេលឥឡូវ យើងនៅក្នុងប្រទេសអភិវឌ្ឍន៍តិចតួច (LDC) យើងខ្ចីលុយធនាគារពិភលោក គេឱ្យក្នុងអត្រាសម្បទាន អនុគ្រោះ នាំចេញទៅក្រៅគេឱ្យGSP តែពេលយើងចេញពីប្រទេសអភិវឌ្ឍន៍តិចតួច ត្រូវបន្ថយលក្ខខណ្ឌ គេថាយើងរឹងដៃជើងហើយ ដូច្នេះយើងត្រូវតែពង្រឹងខ្លួន អភិវឌ្ឍខ្លួន។ តើយើងត្រូវនៅរង់ចាំឱ្យគេជួយបន្តក់ទឹកឱ្យយើង ឬយើងត្រូវនៅក្ររហូតឬយ៉ាងម៉េច? ឬមួយយើងត្រូវហ៊ានប្រឈម? ត្រូវតែឈានចេញពីប្រទេសអភិវឌ្ឍន៍តិចតួច ដើម្បីពង្រឹងខ្លួនឯង ត្រូវហ៊ានប្រឈមនឹងការលំបាកខ្លះ ដើម្បី ឈានទៅជាប្រទេសអភិវឌ្ឍនៅថ្ងៃក្រោយ។សម្ដេចធិបតី បានបញ្ជាក់ទៀតថា ជាក់ស្ដែង ក្នុងក្របខ័ណ្ឌអាស៊ាន, ប្រព័ន្ធសុខដុមនីយកម្មស្ដង់ដាអាស៊ាន, ប្រព័ន្ធសុខដុមនីយកម្មបទបញ្ញត្តិបច្ចេកទេសអាស៊ាន, និង នីតិវិធីវាយតម្លៃអនុលោមភាព កំពុងក្លាយជាវិញ្ញាសា និងតេស្តសមត្ថភាពប្រកួតប្រជែងរបស់ MSME កម្ពុជា ជាមួយបណ្តាប្រទេសអាស៊ាន និង ដៃគូពាណិជ្ជកម្មអាស៊ាន។សម្ដេចរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា កម្ពុជាមានអត្ថប្រយោជន៍ជាយុទ្ធសាស្ត្រ ដូចជា ទីតាំងភូមិសាស្ត្រស្ថិតនៅចំកណ្តាលតំបន់អាស៊ាន, កម្លាំងពលកម្មវ័យក្មេង, ស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច, កំណើនសេដ្ឋកិច្ចខ្ពស់ និងរឹងមាំ, ព្រមទាំងការតភ្ជាប់ទៅកាន់ទីផ្សារតំបន់ និង សកល តាមរយៈ កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី និង យន្តការពាណិជ្ជកម្មនានា។ បញ្ហាប្រឈមទាំងនេះ គឺជាកត្តាជំរុញឱ្យមានការកែទម្រង់កាន់តែស៊ីជម្រៅ និងឆាប់រហ័សនៅកម្ពុជា ស្របតាមទិសស្លោក «កែទម្រង់រស់ មិនកែទម្រង់ស្លាប់» ដើម្បីប្រែក្លាយបញ្ហាប្រឈមទាំងនេះ ឱ្យក្លាយជាកាលានុវត្តភាព ៕អត្ថបទ៖ វ៉ាន់

សម្តេចតេជោដឹកនាំគណៈប្រតិភូកម្ពុជានិវត្តមកដល់មាតុប្រទេសវិញ ក្រោយបញ្ចប់ទស្សនកិច្ចនៅប្រទេសចិន

2026/06/27 07:27:34 pm        97
សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានគណបក្សប្រជាជនកម្ពុជា នៅថ្ងៃទី២៧ ខែមិថុនានេះ បានអញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់កម្ពុជា និវត្តមកដល់មាតុប្រទេសវិញហើយ បន្ទាប់ពីបានបំពេញទស្សនកិច្ចមិត្តភាពផ្លូវការ នៅសាធារណរដ្ឋប្រជាមានិតចិន ចាប់ពីថ្ងៃទី២៥ ដល់ថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៦ ប្រកបដោយលទ្ធផលត្រចះត្រចង់។យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់គណបក្សប្រជាជនកម្ពុជា ដែលបានចេញនៅថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៦ បានឲ្យដឹងថា ក្នុងអំឡុងទស្សនកិច្ចនៅប្រទេសចិន សម្ដេចតេជោ ប្រធានគណបក្សប្រជាជនកម្ពុជា បានជួបពិភាក្សាការងារទ្វេភាគីជាមួយ ឯកឧត្ដម ស៊ី ជីនពីង (Xi Jinping) អគ្គលេខាធិការ នៃគណៈកម្មាធិការមជ្ឈិម បក្សកុម្មុយនីស្តចិន និងជាប្រធានាធិបតីចិន។ ភាគីទាំងពីរបានផ្លាស់ប្តូរទស្សនអំពីទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងគណបក្សទាំងពីរ ព្រមទាំងឯកភាពពង្រឹង និងធ្វើឱ្យស៊ីជម្រៅថែមទៀតនូវ «ភាពជាដៃគូ យុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ» និងកិច្ចសហប្រតិបត្តិការឈ្នះ-ឈ្នះ។សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ឯកឧត្ដម ស៊ី ជីនពីង (Xi Jinping) អគ្គលេខាធិការ នៃគណៈកម្មាធិការមជ្ឈិម បក្សកុម្មុយនីស្តចិន និងជាប្រធានាធិបតីចិន បានសន្យាថានឹងបន្ត ជំរុញបន្ថែមទៀតនូវសន្ទុះថ្មីដល់ការកសាងសហគមន៍ជោគវាសនារួមរវាងកម្ពុជា និងចិននៅគ្រប់រដូវកាល ក្នុងយុគសម័យថ្មី ប្រកបដោយគុណភាពខ្ពស់ កម្រិតខ្ពស់ និងស្តង់ដាខ្ពស់។ តាមរយៈសេចក្តីប្រកាសព័ត៌មានរបស់គណបក្សប្រជាជនកម្ពុជា បានឲ្យដឹងទៀតថា ភាគីទាំងពីរនឹងបន្តជំរុញបន្ថែមសន្ទុះថ្មីដល់ការកសាងសហគមន៍ជោគវាសនារួមកម្ពុជា-ចិន គ្រប់រដូវកាល ក្នុងយុគសម័យថ្មី ប្រកបដោយគុណភាពខ្ពស់ កម្រិតខ្ពស់ និងស្តង់ដាខ្ពស់ ព្រមទាំងប្តេជ្ញាចិត្តក្នុងការធានាការអនុវត្តប្រកបដោយប្រសិទ្ធភាព នៃក្របខណ្ឌកិច្ចសហប្រតិបត្តិការត្បូងពេជ្រនិងពន្លឿនការកសាង “ច្រករបៀងឧស្សាហកម្ម និងបច្ចេកវិទ្យា» និង «ច្រករបៀង មច្ឆា និងអង្ករ»ជាដើម។នៅក្នុងសេចក្តីប្រកាសព័ត៌មាននេះ ក៏បានគូសបញ្ជាក់ផងដែរថា សម្តេចតេជោ ហ៊ុន សែន ក៏បានអនុញ្ញាតឱ្យ ឯកឧត្តម លី ហៃស៊ីង (Liu Haixing) រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងអន្តរជាតិមជ្ឈិមបក្សកុម្មុយនីស្តចិនចូលជួបសម្តែងការគួរសមផងដែរ ដោយនៅក្នុងកិច្ចជំនួបនោះ ភាគីទាំងពីរបានឯកភាពលើកកម្ពស់គោលគំនិតស្នូលនៃសមភាពអធិបតេយ្យ ឯករាជ្យ សមភាពពេញលេញ ការគោរពគ្នាទៅវិញទៅមក និងការមិនជ្រៀតជ្រែកផ្ទៃក្នុងផងគ្នា ការគោរពច្បាប់អន្តរជាតិ ការអនុវត្តពហុភាគី និយម និងយន្តការដែលយកប្រជាជនជាស្នូល ក្នុងក្របខណ្ឌកិច្ចសហប្រតិបត្តិការនៃគំនិតផ្ដួចផ្ដើមខ្សែក្រវ៉ាត់ និងផ្លូវ និងគំនិតផ្តួចផ្តើមសកលសំខាន់ៗទាំង៤ របស់ចិន រួមមាន៖ គំនិតផ្តួចផ្តើមអភិវឌ្ឍន៍សកល គំនិត ផ្តួចផ្ដើមសន្តិសុខសកល គំនិតផ្តួចផ្តើមអរិយធម៌សកល និងគំនិតផ្តួចផ្តើមអភិបាលកិច្ចសកលជាដើម៕

សម្តេចធិបតីអះអាងជាថ្មីថា រាជរដ្ឋាភិបាលមិនបានបោះបង់ចំពោះការទាមទារទឹកដីស្របច្បាប់របស់ខ្លួនមកវិញនោះឡើយ

2026/06/27 07:23:35 pm        186
សម្ដេចធិបតី ហ៊ុន ម៉ាណែតនាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានប្រកាសអះអាងជាថ្មីថា រាជរដ្ឋាភិបាលមិនបានបោះបង់ការទាមទារទឹកដីស្របច្បាប់កម្ពុជានោះឡើយ ខណៈរាជរដ្ឋាភិបាលបាននឹងកំពុងខិតខំធ្វើកិច្ចការងារនេះដោយសន្តិវិធី ប្រកបដោយភាពអត់ធ្មត់ តាមរយៈយន្តការអន្តរជាតិ បញ្ចៀសការប៉ះទង្គិចគ្នាដោយកម្លាំងប្រដាប់អាវុធ។ ក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាល និងពិសាភោជនាហារសាមគ្គីមហាគ្រួសារសហគ្រាសធុនតូច មធ្យម និងសិប្បកម្មកម្ពុជា នាថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៦នេះ សម្តេចធិបតី ហ៊ុន ម៉ាណែត ការការពារទឹកដីត្រូវតែការពារ ប៉ុន្តែកម្ពុជាយើងត្រូវមានការអត់ធ្មត់ ហើយត្រូវប្រើច្បាប់អន្តរជាតិ ឲ្យអស់លទ្ធភាព ខណៈការចរចាទ្វេភាគីក៏នៅតែបន្ត ហើយកន្លែងណាដែលភាគីថៃគេបិទទ្វាយើងនឹងទៅតាមរយៈច្បាប់ ឬតុលាការអន្តរជាតិ។សម្តេចធិបតី បានលើកឡើងថា ការអត់ធ្មត់ និងការរកដំណោះស្រាយដោយសន្តិវិធីលើបញ្ហាព្រំដែនជាមួយភាគីថៃនេះ គឺដោយសាររាជរដ្ឋាភិបាលមិនចង់ឃើញបងប្អូនប្រជាពលរដ្ឋខ្មែរវេចបង្វេចរត់ និងបាត់បង់នូវអ្វីដែលពួកគាត់បានខិតខំរកមកដោយលំបាក ហើយវិនាស់ទៅវិញត្រឹមតែមួយភ្លេតនោះឡើយ ហើយមួយវិញទៀតពេលណាមានសង្រ្គាម មានការច្បាំងគ្នាដោយប្រដាប់អាវុធនោះវានឹងមិនងាយចប់នោះទេ វានឹងធ្វើឲ្យប៉ះពាល់កាន់តែធំឡើងនូវសេដ្ឋកិច្ចជាតិទាំងមូល៕អត្ថបទ ៖ បាន ចក់

សម្ដេច​ធិបតីណែនាំអាជ្ញាធរពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់ ត្រួតពិនិត្យ និងគ្រប់គ្រងឱ្យបានចំពោះទំនិញគេចពន្ធ និងខូចគុណភាព ហើយត្រូវសហការគ្នាចាត់វិធានការឱ្យបានច្បាស់លាស់

2026/06/27 12:59:11 am        165
ភ្នំពេញ៖ក្នុងឱកាស អញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ ដឹកនាំកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី នៅទីស្ដីការនាយករដ្ឋមន្រ្តី (វិមានសន្តិភាព) នាព្រឹកថ្ងៃសុក្រ ១២កើត ខែបឋមាសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៦នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានណែនាំអាជ្ញាធរពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់ ត្រួតពិនិត្យ និងគ្រប់គ្រងឱ្យបានចំពោះទំនិញគេចពន្ធ និងខូចគុណភាព ហើយត្រូវសហការគ្នាចាត់វិធានការឱ្យបានច្បាស់លាស់។សម្តេចធិបតី បានថ្លែងថា អាជ្ញាធរពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់ ត្រូវ​ត្រួតពិនិត្យ និងគ្រប់គ្រងឱ្យបានចំពោះទំនិញគេចពន្ធនិងទំនិញខូចគុណភាព ហើយត្រូវសហការគ្នាចាត់វិធានការឱ្យបានច្បាស់លាស់ ដោយស្មើភាពនិងតម្លាភាព ជាពិសេសដោយផ្តោតលើដើមខ្សែ ពោលគឺអ្នកដែលនាំចូល និងចែកចាយ។សម្ដេច​ធិបតីបានបញ្ជាក់ថា វិធានការនេះត្រូវធ្វើឡើងទាំងមុខទំនិញជាគ្រឿងឧបភោគបរិភោគ ពីព្រោះវាប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋ និងទាំងទំនិញដែលមានតម្លៃខ្ពស់ ពីព្រោះវាប៉ះពាល់ដល់ការប្រកួតប្រជែងដោយស្មើភាព។ទន្ទឹមនឹងនេះ សម្តេចធិបតី ក៏បានណែនាំឱ្យអាជ្ញាធរ មានសមត្ថកិច្ច​ ត្រូវផ្សព្វផ្សាយព័ត៌មានច្បាស់លាស់ជូនប្រជាពលរដ្ឋឱ្យបានជ្រាប និងបានលឿនរហ័សអំពីវិធានការរបស់ខ្លួន​ ដើម្បីចៀសវាងការយល់ច្រឡំ និងមានការបកស្រាយខុសពីគោលបំណងពិត៕

សម្ដេច​ធិបតីក្រើនរំឭកអាជ្ញាធរពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់ត្រូវបន្តបង្ក្រាប Online Scams មិនត្រូវបន្ធូរដៃឡើយ

2026/06/27 12:52:25 am        172
ភ្នំពេញ៖ក្នុងឱកាស អញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ ដឹកនាំកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី នៅទីស្ដីការនាយករដ្ឋមន្រ្តី (វិមានសន្តិភាព) នាព្រឹកថ្ងៃសុក្រ ១២កើត ខែបឋមាសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៦នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បាន​ក្រើនរំឭកអាជ្ញាធរពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់ត្រូវបន្តបង្ក្រាបបទល្មើសការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) មិនត្រូវបន្ធូរដៃឡើយ។សម្តេចធិបតី បានថ្លែងថា​ បើទោះបីជា សម្តេច បានកត់សម្គាល់ពីលទ្ធផលគួរឱ្យពេញចិត្តចំពោះប្រតិបត្តិការនេះ ដែលធ្វើឱ្យអន្តរជាតិទទួលស្គាល់ថា កម្ពុជាបាននិងកំពុងបង្ក្រាប Scam Online យ៉ាងសកម្មក៏ដោយ សម្តេចធិបតី នៅតែចេញបទបញ្ជាយ៉ាងម៉ឺងម៉ាត់ចំពោះអាជ្ញាធរពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់ឱ្យបន្តបេសកកម្មនេះជានិច្ច ដោយដាច់ខាតមិនអនុញ្ញាតឱ្យបញ្ហានេះកើតមាននៅលើទឹកដីកម្ពុជាទៀតឡើយ។ឯកឧត្តមសន្តិបណ្ឌិត ឆៃ​ ស៊ីណារិទ្ធ ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស និងជាប្រធានលេខាធិការដ្ឋានគណៈកម្មការចំពោះកិច្ចប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ហៅកាត់ថា គ.ប.ឆ.ប បានឱ្យដឹងថា ឯកឧត្តមសន្តិបណ្ឌិត បានគូសបញ្ជាក់ថា៖«ជាការពិតណាស់ ការរាតត្បាត និងការគំរាមកំហែងនៃបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា មិនមែនជាបញ្ហាដាច់ដោយឡែករបស់កម្ពុជានោះឡើយ ប៉ុន្តែវាជាវិបត្តិសកលដែលកំពុងកើតមានឡើងនៅតាមបណ្តាប្រទេសជាច្រើនលើពិភពលោក។ ក្នុងនោះ ជនបរទេសជាច្រើនសញ្ជាតិ ត្រូវបានលួងលោមអូសទាញដោយក្រុមមេខ្លោងឧក្រិដ្ឋជន ដើម្បីយកទឹកដីកម្ពុជាធ្វើជាទីតាំងលបលួចប្រព្រឹត្តសកម្មភាពឆបោកទៅក្រៅប្រទេសវិញ។ឈរលើតថភាពដែលកម្ពុជាកំពុងទទួលរងនូវការខូចខាតកេរ្តិ៍ឈ្មោះ ដោយសារការលួចបន្លំយកទឹកដីធ្វើជាកន្លែងប្រព្រឹត្តបទល្មើសនេះ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំដ៏ខ្ពង់ខ្ពស់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានសម្រេចចិត្តយ៉ាងម៉ឺងម៉ាត់ ក្នុងការប្រមូលផ្តុំកម្លាំងសរុប និងមធ្យោបាយសរុប ដើម្បីបើកយុទ្ធនាការប្រយុទ្ធប្រឆាំងនឹងបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានេះ។ រាជរដ្ឋាភិបាលបានដាក់ចេញនូវយុទ្ធសាស្ត្រច្បាស់លាស់ ក្នុងគោលដៅបង្ក្រាប និងបោសសម្អាតបណ្តាញឧក្រិដ្ឋកម្មទាំងនេះឱ្យអស់ពីទឹកដីកម្ពុជា ព្រមទាំងដាក់ចេញនូវវិធានការច្បាប់ដើម្បីទប់ស្កាត់យ៉ាងតឹងរ៉ឹង បង្ការមិនឱ្យកើតមានឡើងវិញជាដាច់ខាត។ស្របតាមកិច្ចខិតខំប្រឹងប្រែងនេះ កម្ពុជាបានបង្កើត «ច្បាប់ស្តីពីការប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា» ដែលជាលិខិតុបករណ៍គតិយុត្តដ៏មានសារៈសំខាន់ និងជាបុរេជំហានឈានមុខមួយ ដែលសូម្បីតែប្រទេសមួយចំនួននៅក្នុងតំបន់ និងលើសកលលោកក៏មិនទាន់មាននៅឡើយ។ ច្បាប់នេះមានវិសាលភាពអនុវត្ត ចំពោះបទល្មើសឆបោកទាំងឡាយណា ដែលត្រូវបានប្រព្រឹត្តឡើងតាមប្រព័ន្ធបច្ចេកវិទ្យា ឬដែលប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យាជាមធ្យោបាយដើម្បីប្រព្រឹត្តបទល្មើស ព្រមទាំងចំពោះបទល្មើសទាំងឡាយ ដែលពាក់ព័ន្ធនឹងការវិវឌ្ឍនៃល្បិចកល យុទ្ធសាស្ត្របំភាន់ និងការចាត់តាំងជាបណ្តាញឧក្រិដ្ឋកម្មឆ្លងដែន ក្នុងគោលដៅធានាការពារសន្តិសុខឌីជីថល សណ្តាប់ធ្នាប់សង្គម និងផលប្រយោជន៍ស្របច្បាប់របស់ប្រជាពលរដ្ឋ ក៏ដូចជាវិនិយោគិនបរទេសឱ្យបានពេញលេញ។តាមរបាយការណ៍របស់ គ.ប.ឆ.ប បានឱ្យដឹងថា ចាប់តាំងពីដើម ឆ្នាំ២០២៥ ដល់ថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៦ សមត្ថកិច្ចកម្ពុជាបានបង្ក្រាបអំពើឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាចំនួនជាង ៥០០ទីតាំង ក្នុងរាជធានី-ខេត្ត ដើម្បីគ្រប់គ្រង ហើយកំពុងបន្តការស៊ើបអង្កេតប្រមូលភស្តុតាង ក្នុងនោះបានបិទសៀល(Sealed) ចំនួនជាង ៤០០ ទីតាំង ព្រមទាំងបានដកហូតនិងព្យួរអាជ្ញាប័ណ្ណកាស៊ីណូចំនួន២៥ទីតាំង។ ទន្ទឹមគ្នានេះ សមត្ថកិច្ចបានដំណើរការសំណុំរឿងក្នុងនីតិវិធីតុលាការចំនួន ១៨៤ សំណុំរឿង ក្នុងនោះមាន ៥៥ សំណុំរឿងស្ថិតក្នុងដំណាក់កាលជំនុំជម្រះ ដែលពាក់ព័ន្ធនឹងជនត្រូវចោទចំនួន ១ ៧៦១ នាក់ ខណៈជនជាប់សង្ស័យសញ្ជាតិបរទេសមានចំនួនប្រមាណ ជាង២ពាន់នាក់ មាន៣៣ សញ្ជាតិ៕

សម្ដេចតេជោ ហ៊ុន សែន អញ្ជើញជួបពិភាក្សាទ្វេភាគីជាមួយ ឯកឧត្តម លី ឈាង នាយករដ្ឋមន្ត្រីចិន

2026/06/26 11:39:40 pm        185
ទីក្រុងប៉េកាំង៖នៅរសៀលថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៦នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា បានអញ្ជើញជួបពិភាក្សាទ្វេភាគីជាមួយ ឯកឧត្តម លី ឈាង នាយករដ្ឋមន្ត្រី នៃសាធារណរដ្ឋប្រជាមានិតចិន នៅទីក្រុងប៉េកាំង។សូមជម្រាបថា តបតាមការអញ្ជើញរបស់បក្សកុម្មុនីស្តចិន សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា បានអញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់កម្ពុជា បំពេញទស្សនកិច្ចមិត្តភាពផ្លូវការ នៅសាធារណរដ្ឋប្រជាមានិតចិនរយៈពេលបីថ្ងៃ ចាប់ពីថ្ងៃទី២៥ ដល់ថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៦នេះ។ឯកឧត្តម ជា ធីរិទ្ធ អ្នកនាំពាក្យព្រឹទ្ធសភាកម្ពុជា បានឱ្យដឹងថា ដំណើរទស្សនកិច្ចរបស់សម្ដេចតេជោនេះ គឺធ្វើឡើងក្នុងគោលដៅដើម្បីពង្រឹងនូវចំណងមិត្តភាពដ៏ស៊ីជម្រៅរវាងកម្ពុជា និងចិន ដែលនៅពេលនេះ កម្ពុជា និងចិន គឺជាដៃគូយុទ្ធសាស្រ្ដគ្រប់ជ្រុងជ្រោយជាមួយគ្នា និងជាមិត្តភាពដែកថែប ដែលមានគោលដៅសំខាន់ក្នុងការកសាងសហគមន៍វាសនារួម កម្ពុជា-ចិន គ្រប់រដូវកាលក្នុងយុគសម័យថ្មីនេះ។ បើតាម ជា ធីរិទ្ធ បានបញ្ជាក់ថា ដំណើរទស្សនកិច្ចមិត្តភាពផ្លូវការរបស់សម្តេចតេជោ ហ៊ុន សែន នៅសាធារណរដ្ឋប្រជាមានិតចិននេះ ក៏បានសបញ្ជាក់អំពីការប្តេជ្ញាចិត្តឥតងាករេរបស់ប្រទេសទាំងពីរ ក្នុងការបន្តរឹតចំណង និងលើកកម្ពស់មិត្តភាពដែកថែប ព្រមទាំងជំរុញកិច្ចសហប្រតិបត្តិការនៃភាពជាដៃគូ យុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយ សំដៅកសាងសហគមន៍វាសនារួមកម្ពុជា-ចិន គ្រប់រដូវកាលក្នុងយុគសម័យថ្មីឲ្យកាន់តែជោគជ័យបន្ថែមទៀត៕

សម្ដេចតេជោ ហ៊ុន សែន អញ្ជើញចូលក្រាបថ្វាយបង្គុំគាល់ព្រះករុណាព្រះមហាក្សត្រ និងសម្តេចព្រះមហាក្សត្រី

2026/06/26 12:50:17 am        215
ចិន៖ នៅរសៀលថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៦នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃកម្ពុជា បានអញ្ជើញចូលក្រាបថ្វាយបង្គុំគាល់ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរនៅព្រះរាជតំណាក់ នារដ្ឋធានីប៉េកាំងក្នុងអំឡុងពេលនៃការអញ្ជើញបំពេញទស្សនកិច្ចមិត្តភាពផ្លូវការ ចាប់ពីថ្ងៃទី២៥-២៧ ខែមិថុនា ឆ្នាំ២០២៦ នៅសាធារណរដ្ឋប្រជាមានិតចិន។

សម្តេចតេជោអញ្ជើញជួបពិភាក្សាការងារជាមួយប្រធានគណៈកម្មាធិការអចិន្ត្រៃយ៍នៃសភាតំណាងប្រជាជនចិន

2026/06/26 12:39:26 am        175
ក្រោយដឹកនាំគណៈប្រតិភូជាន់ខ្ពស់កម្ពុជាទៅដល់ប្រទេសចិន នៅរសៀលថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៦នេះ, សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា បានអញ្ជើញជួបពិភាក្សាការងារជាមួយ ឯកឧត្តម ចាវ ឡឺជី (Zhao Leji) ប្រធានគណៈកម្មាធិការអចិន្ត្រៃយ៍ នៃសភាតំណាងប្រជាជនចិន នៅរដ្ឋធានីប៉េកាំង ក្នុងអំឡុងពេលនៃការអញ្ជើញបំពេញទស្សនកិច្ចមិត្តភាពផ្លូវការ ចាប់ពីថ្ងៃទី២៥-២៧ ខែមិថុនា ឆ្នាំ២០២៦ នៅសាធារណរដ្ឋប្រជាមានិតចិន។សូមជម្រាបថានៅវេលាម៉ោង១៣ រសៀលថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៦ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានគណបក្សប្រជាជនកម្ពុជា បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់កម្ពុជា ដោយបានអញ្ជើញដល់រដ្ឋធានីប៉េកាំងនៃសាធារណរដ្ឋប្រជាមានិតចិន ប្រកបដោយសុវត្ថិភាព ក្នុងដំណើរទស្សនកិច្ចមិត្តភាពផ្លូវការពីថ្ងៃទី២៥ ដល់ ថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៦ តបតាមការអញ្ជើញរបស់បក្សកុម្មុយនីស្តចិន។ អញ្ជើញទទួលបដិសណ្ឋារកិច្ច សម្តេចតេជោ និងគណៈប្រតិភូ ដល់ចំណតអាកាសយានដ្ឋានអន្តរជាតិប៉េកាំង រួមមាន៖ ឯកឧត្តម លូ ហៃស៊ីង (Liu Haixing) រដ្ឋមន្ត្រី នៃគណៈទាក់ទង ការបរទេស របស់ គណៈកម្មការកណ្តាល នៃ បក្សកុម្មុយនីស្តចិន ឯកឧត្តម ឆិន ហ្សូ (Chen Zhou) អនុរដ្ឋមន្ត្រី នៃគណៈទាក់ទងការបរទេស របស់គណៈកម្មការកណ្តាល នៃបក្សកុម្មុយនីស្តចិន និងលោកជំទាវ សឿង រដ្ឋចាវី ឯកអគ្គរាជទូតនៃព្រះរាជាណាចក្រកម្ពុជា ប្រចាំសាធារណរដ្ឋប្រជាមានិតចិន និងមន្ត្រីអ្នកមុខអ្នកការជាច្រើនរូបទៀត។សូមបញ្ជាក់ថា សមាសភាពគណៈប្រតិភូអមដំណើរសម្តេចតេជោ ក្នុងទស្សនកិច្ចនេះរួមមាន សម្ដេចពិជ័យសេនា ទៀ បាញ់ ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រនិងជាអនុប្រធានគណបក្សនិងថ្នាក់ដឹកនាំសំខាន់ៗ នៃស្ថាប័ននីតិប្បញ្ញត្តិកម្ពុជានិងរាជរដ្ឋាភិបាល។ នៅក្នុងឱកាសទស្សនកិច្ចខាងលើ សម្តេចតេជោ នឹងមានជំនួបទ្វេភាគីជាមួយ ឯកឧត្តម ស៊ី ជីនពីង (Xi Jinping) អគ្គលេខាធិការ នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន និងជាប្រធានាធិបតីចិនព្រមទាំងមានជំនួបពិភាក្សាការងារដាច់ដោយឡែកពីគ្នាជាមួយ ឯកឧត្តម លី ឈាង (Li Qiang) នាយករដ្ឋមន្ត្រីនៃក្រុមប្រឹក្សារដ្ឋចិន និង ឯកឧត្តម ចាវ ឡឺជី (ZHAO Leji) ប្រធានគណៈកម្មាធិការអចិន្ត្រៃយ៍នៃសភាតំណាងប្រជាជនចិន។ទន្ទឹមនឹងនេះសម្តេចតេជោក៏នឹងចូលក្រាបបង្គំគាល់ ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តមសីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត និងសម្តេចព្រះមហាក្សត្រីព្រះវររាជមាតាជាតិខ្មែរជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុតផងដែរ។ទស្សនកិច្ចមិត្តភាពផ្លូវការរបស់ សម្តេច អគ្គមហាសេនាបតីតេជោ ហ៊ុនសែន នៅសាធារណរដ្ឋប្រជាមានិតចិន សបញ្ជាក់ អំពីការប្តេជ្ញាចិត្តឥតងាករេរបស់ប្រទេសទាំងពីរក្នុងការបន្តរឹតចំណងនិងលើកកម្ពស់មិត្តភាពដែកថែបព្រមទាំងជំរុញកិច្ចសហប្រតិបត្តិការនៃភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយសំដៅកសាងសហគមន៍វាសនារួមកម្ពុជា-ចិនគ្រប់រដូវកាលក្នុងយុគសម័យថ្មីឱ្យកាន់តែជោគជ័យបន្ថែមទៀត៕

សម្តេចតេជោ ហ៊ុន សែន នឹងបំពេញទស្សនកិច្ចមិត្តភាពផ្លូវការនៅប្រទេសចិនរយៈពេលបីថ្ងៃចាប់ពីថ្ងៃទី២៥ដល់២៧ ខែមិថុនាខាងមុខនេះ

2026/06/24 02:47:22 am        234
តបតាមការអញ្ជើញរបស់បក្សកុម្មុនីស្តចិន សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា និងជាប្រធាន គណបក្សប្រជាជនកម្ពុជា នឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់កម្ពុជា អញ្ជើញបំពេញទស្សនកិច្ចមិត្តភាពផ្លូវការ ចាប់ពីថ្ងៃទី២៥ ដល់ថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៦នេះ នៅសាធារណរដ្ឋប្រជាមានិតចិន។ យោងតាមសេចក្តីប្រកាសព័ត៌មានរបស់អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា ដែលបានចេញនៅថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៦នេះ បានឲ្យដឹងថា នៅក្នុងឱកាសទស្សនកិច្ចខាងលើនេះ សម្តេចតេជោ ហ៊ុន សែន នឹងមានជំនួបទ្វេភាគីជាមួយឯកឧត្តម ស៊ី ជីនពីង អគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្ស កុម្មុយនីស្តចិន និងជាប្រធានាធិបតីចិន ព្រមទាំងមានជំនួបពិភាក្សាការងារដាច់ដោយឡែកពីគ្នា ជាមួយ ឯកឧត្តម លី ឈាង នាយករដ្ឋមន្រ្តីនៃក្រុមប្រឹក្សារដ្ឋចិន និងឯកឧត្តម ចាវ ឡឺជី ប្រធានគណៈកម្មាធិការ អចិន្ត្រៃយ៍នៃសភាតំណាងប្រជាជនចិនជាដើម។ទន្ទឹមនឹងនេះ សម្តេចតេជោ ហ៊ុន សែន ក៏នឹងចូលក្រាបបង្គំ គាល់ ព្រះករុណាព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុ ជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត និងសម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈ ដ៏ខ្ពង់ខ្ពស់ផងដែរ។ បើតាមសេចក្តីប្រកាសព័ត៌មានខាងលើនេះ ដំណើរទស្សនកិច្ចមិត្តភាពផ្លូវការរបស់សម្តេចតេជោ ហ៊ុន សែន នៅសាធារណរដ្ឋប្រជាមានិតចិននេះ សបញ្ជាក់អំពីការប្តេជ្ញាចិត្តឥតងាករេរបស់ប្រទេសទាំងពីរ ក្នុងការបន្តរឹតចំណង និងលើកកម្ពស់មិត្តភាពដែកថែប ព្រមទាំងជំរុញកិច្ចសហប្រតិបត្តិការនៃភាពជាដៃគូ យុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយ សំដៅកសាងសហគមន៍វាសនារួមកម្ពុជា-ចិន គ្រប់រដូវកាល ក្នុងយុគសម័យថ្មី ឲ្យកាន់តែជោគជ័យបន្ថែមទៀត។ សូមបញ្ជាក់ថា សមាសភាពគណៈប្រតិភូអមដំណើរសម្តេចតេជោ ក្នុងទស្សនកិច្ចនេះ រួមមានសម្តេចពិជ័យសេនាទៀ បាញ់ ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាអនុប្រធានគណបក្សប្រជាជនកម្ពុជា និងថ្នាក់ដឹកនាំសំខាន់ៗនៃស្ថាប័ននីតិប្បញ្ញត្តិកម្ពុជា និងរាជរដ្ឋាភិបាលជាដើម៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

មន្រ្តីជាន់ខ្ពស់ក្រសួងឧស្សាហកម្ម ជំរុញឱ្យយុវជនបង្កើនការស្រាវជ្រាវ និងធ្វើនវានុវត្តន៍ ដោះស្រាយដល់ការធ្វើធុរកិច្ច
09/12/2026 07:09 PM
ផ្ទះទេវតាទី៣៣៩ និង៣៤០ ចំនួន២ខ្នងទៀតដោយមានភ្ជាប់ប្រព័ន្ធភ្លើងសូឡា និងទឹកស្អាត ត្រូវបានលោកជំទាវ ហ៊ុន ម៉ាណា ប្រគល់ជូនពលរដ្ឋខ្វះខាតជីវភាព នៅខេត្តតាកែវ
09/12/2026 06:09 PM
កម្ពុជាត្រូវការថវិកាប្រមាណ១ពាន់លានដុល្លារអាមេរិកដើម្បីធ្វើការបោសសម្អាតគ្រាប់បែកចង្កោមពីការឈ្លានពានរបស់ថៃ
09/12/2026 06:09 PM
ព្រះមហាក្សត្រព្រះរាជទានម៉ាស៊ីនបូមទឹកខ្នាតធំ ១៩គ្រឿង ដើម្បីសង្គ្រោះស្រូវប្រជានុរាស្ត្រក្រោយរងគ្រោះរាំងស្ងួតនៅខេត្តកំពង់ស្ពឺ
09/12/2026 05:09 PM
ជប៉ុនថ្កោលទោសការវាយប្រហាររបស់ក្រុមហ៊ូទីលើអារ៉ាប៊ីសាអ៊ូឌីត
09/12/2026 05:09 PM
នាវាផ្ទុកយន្តហោះចម្បាំងGeorgeWashington របស់អាមេរិក ចុះប្រតិបត្តិការហោះហើរ នៅពេលយប់
09/12/2026 05:09 PM
ក្រុមហ៊ូទីអះអាងថា បានបាញ់ទម្លាក់យន្តហោះចម្បាំងអារ៉ាប៊ីសាអ៊ូឌីត ៩គ្រឿង ចាប់តាំងពីថ្ងៃទី៣ ខែកញ្ញា
09/12/2026 05:09 PM
ប្រធានាធិបតីអ៊ីរ៉ង់ ប្តេជ្ញាមិនចុះចាញ់នឹងសម្ពាធសេដ្ឋកិច្ចរបស់អាមេរិក
09/12/2026 05:09 PM
ប្រធានាធិបតីចិនធ្វើដំណើរទៅដល់ទីក្រុងញូវដែលី សម្រាប់កិច្ចប្រជុំកំពូល BRICS
09/12/2026 05:09 PM
កម្មវិធីផ្លាស់ប្តូរវប្បធម៌អន្តរជាតិស៊ីសេហារ៉ា – ភូមិកម្ពុជា រួមចំណែកលើកកម្ពស់មិត្តភាព និងការយោគ យល់គ្នាទៅវិញទៅមករវាងប្រជាជនកម្ពុជា និងជប៉ុន
09/12/2026 04:09 PM