ប្រតិបត្តិការការទូទាត់តាម QR Code នៅកម្ពុជា កំពុងពេញនិយមសម្រាប់អ្នកប្រើប្រាស់
ឯកឧត្តម ឌិត ទីណា លើកទឹកចិត្តសហគមន៍ និងក្រុមហ៊ុន​បន្តស្មារតី​សាមគ្គីភាព ដើម្បី​ទទួល​ផល​ចំណេញ​ទាំងអស់គ្នាថែមទៀត
កម្ពុជា និងកូរ៉េ រួមគ្នាជំរុញការកាត់បន្ថយឧស្ម័ន​ផ្ទះកញ្ចក់​តាមរយៈ​ការ​វិនិយោគ​មធ្យោបាយ​ដឹកជញ្ជូន​-អគ្គិសនី ឆ្ពោះទៅគោលដៅអព្យាក្រឹតកាបូនឆ្នាំ២០៥០
កសិករខេត្តកំពង់ធំជិតពីររយគ្រួសារទទួលផលចំណេញច្រើនក្រោយចងក្រងជាសហគមន៍កសិកម្មទំនើប

សេដ្ឋកិច្ច និង កសិកម្ម

សម្ដេចតេជោ៖កម្ពុជា-ជប៉ុន នឹងក្លាយជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយនៅឆ្នាំក្រោយ

2022/12/01 01:42:24 pm        351
ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ​បានថ្លែងថា នៅឆ្នាំក្រោយនេះ ​ប្រទេសកម្ពុជា និងជប៉ុន នឹងក្លាយជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ ហើយក៏ចំពេលខួបទី៧០ឆ្នាំ នៃចំណងការទូតរវាងប្រទេសទាំងពីរផងដែរ ។ក្នុងឱកាសអញ្ជើញជាអធិបតីភាពក្នុងពិធីខួប១១ឆ្នាំ នៃប្រតិបត្តិការរបស់ក្រុមហ៊ុនមីនេបៀ ក្នុង​តំបន់សេដ្ឋកិច្ចពិសេសរ៉ូយ៉ាល់គ្រុបភ្នំពេញ ​នៅថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២២ សម្ដេចតេជោ នាយករដ្ឋមន្ត្រី មានប្រសាសន៍ថា ​នៅឆ្នាំក្រោយ ​គឺជាឆ្នាំពិសេសចំពោះកម្ពុជា ​និងប្រទេសជប៉ុន ​ព្រោះសម្ដេច និង​នាយករដ្ឋមន្ត្រីជប៉ុន នៅឆ្នាំនេះ បានជួបគ្នាចំនួន៤ដងហើយ​ ក្នុងនោះនាយករដ្ឋមន្ត្រីជប៉ុន មកកម្ពុជាចំនួន២ដង ​ហើយសម្ដេចបានទៅជប៉ុនចំនួន២ដង ។សម្ដេចតេជោ ​បានបញ្ជាក់ថា ក្នុងពេលជួបគ្នានេះ ​ប្រទេសទាំងពីរ ​បានសម្រេចជាមួយគ្នានូវការ លើក​កម្ពស់កម្រិតទំនាក់ទំនងទ្វេភាគី ​ពីដៃគូយុទ្ធសាស្ត្រ ​ទៅជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ ។សម្ដេចតេជោ ហ៊ុន សែន ​បានបង្ហាញពីចំណុចវិជ្ជមានជាច្រើន ​រវាងចំណងមិត្តភាពកម្ពុជា-ជប៉ុន ពាក់ព័ន្ធ​នឹងការផ្ដល់ជំនួយរបស់ជប៉ុនមកកម្ពុជា​ ក្នុងការអភិវឌ្ឍលើវិស័យនានា ក្នុងទំហំទឹក​ប្រាក់​ដ៏ច្រើន រួមទាំងការមកវិនិយោគជាបន្តបន្ទាប់ពីសំណាក់វិនិយោគិន​ជប៉ុន ហើយ​សម្ដេច​បាន​សម្ដែង​ការស្វាគមន៍ ​ចំពោះគោលបំណងរបស់ក្រុមហ៊ុនជប៉ុន ​នៅក្នុងប្រទេសកម្ពុជា ។កាលពីកម្ពុជារៀបចំកិច្ចប្រជុំកំពូលអាស៊ាន ​លើកទី៤០ និង៤១ និងកិច្ចប្រជុំពាក់ព័ន្ធ ​កាលពីពេល កន្លងទៅថ្មីៗនេះ ​នាយករដ្ឋមន្ត្រីជប៉ុន ឯកឧត្តម ហ៊្វូមីអូ គីស៊ីដា ​ក៏បានដឹកនាំគណៈប្រតិភូមកចូលរួម ហើយ​មានជំនួបទ្វេភាគីជាមួយសម្ដេចតេជោ ​ជាប្រធានអាស៊ានឆ្នាំ២០២២ ពិភាក្សារឹតចំណង​កិច្ចសហប្រតិបត្តិការ​ រួមទាំងការផ្ដល់ជំនួយដល់កម្ពុជាផងដែរ ៕សម្រួល៖ យន់ វ៉ាន់

ក្រុមហ៊ុនឯកជនមួយគ្រោងបណ្តាក់ទុនថែមទៀតលើវិស័យថាមពលកកើតឡើងនៅកម្ពុជា

2022/11/30 01:31:23 pm        331
ភ្នំពេញ៖ ក្រុមហ៊ុន Total eren ដែលជាក្រុមហ៊ុនវិនិយោគទៅថាមពលបៃតង ឬថាមពលពន្លឺ​ព្រះ​អាទិត្យ ​នឹងបង្កើនការវិនិយោគទៅលើថាមពលកកើតឡើងវិញ​នៅ​កម្ពុជា​បន្ថែមទៀត ខណៈដែល​អគ្គិសនីកម្ពុជា ​កំពុងជំរុញការអភិវឌ្ឍថាមពលពន្លឺព្រះអាទិត្យឱ្យបាន ​២ជីហ្គាវ៉ាត់ ដើម្បីជួយ​ឱ្យ​កម្ពុជា​សម្រេច​បាននូវគោលដៅ​អព្យាក្រឹតភាពកាបូន​ត្រឹមឆ្នាំ២០៥០។នៅក្នុងវេទិកាអំពីឱកាសថ្មីសម្រាប់ថាមពលកកើតឡើងវិញ និងការពង្រឹងបណ្តាញអគ្គិសនីនៅ​កម្ពុជា ​នៅព្រឹកថ្ងៃទី២៩ ​វិច្ឆិកា ឆ្នាំ២០២២នេះ ​លោក ​Gregory Thomassin ​ប្រធានគម្រោងហិរញ្ញ​នៃក្រុមហ៊ុន​ Total eren ​បានលើកឡើងថា ​បច្ចុប្បន្ននេះ Total eren ​កំពុង​មាន​ការ​វិនិយោគ​ថាមពល​កើត​ឡើងវិញ​ ប្រមាណ ៤ជីហ្កាវ៉ាត់នៅជុំវិញពិភពលោក ខណៈខ្លួនកំពុងសម្លឹងរកមើលការពង្រីក​លើ​ការវិនិយោគ​ថាមពលកកើតឡើងវិញ​នៅកម្ពុជាឱ្យបានកាន់តែច្រើនថែមទៀត បន្ទាប់ពី​ក្រុមហ៊ុន​នេះ បានវិនិយោគលើឧទ្យានថាមពលពន្លឺព្រះអាទិត្យមួយនៅខេត្តបាត់ដំបង​ ក្នុងទំហំ ៧៤មេហ្គាវ៉ាត់ លើទំហំដី ៦០ហិកតា​ ដើម្បីចូលរួម​ផ្គត់ផ្គង់​ថាមពលស្អាត ​ទៅក្នុងទីផ្សារថាមពលកកើតឡើងវិញក្នុង​ប្រទេសកម្ពុជា។ លោក បានបន្តថា កម្ពុជា ជាប្រទេសដែលមានសក្តានុពលខ្លាំងលើការវិនិយោគថាមពល​កកើត​ឡើងវិញ ​ជាពិសេសទៅលើឧទ្យានសូឡា ​ដែលនៅពេលខាងមុខលោករំពឹងថា ក្រុមហ៊ុននេះនឹងបន្ត​ពង្រីក​ការផលិត និងវិនិយោគទៅថាមពលពន្លឺព្រះអាទិត្យបន្ថែមទៀត។ ឯកឧត្តម កែវ រតនៈ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី ​និងជាអគ្គនាយកអគ្គិសនីកម្ពុជា មាន​ប្រសាសន៍ថា ថាមពល​កកើតឡើងវិញនៅកម្ពុជា​ ត្រូវបានអភិវឌ្ឍន៍ជាបន្តបន្ទាប់ ។ ឯកឧត្តម បានបន្ថែមថា នៅពេលដែលគោលដៅ COP 26 ជំរុញឱ្យប្រទេសកាន់តែច្រើនឆ្ពោះទៅ​រកថា​មពលកកើតឡើងវិញ ​កម្ពុជាបានរកឃើញខ្លួនឯងនៅកន្លែងត្រឹមត្រូវ នៅពេលវេលាត្រឹមត្រូវ​សម្រាប់ការផ្លាស់ប្តូរថាមពល ​ហើយនឹងសម្រេចឲ្យ​បាននូវគោលដៅកាត់បន្ថយការ​បំភាយ​ឧស្ម័នផ្ទះកញ្ចក់ ​ឱ្យដល់កម្រិតសូន្យតាមដែលអាចធ្វើទៅ​បាននៅឆ្នាំ២០៥០ ដោយការអភិវឌ្ឍ​វារីអគ្គិសនី ​ជម្រុញការប្រើប្រាស់ថាមពលពន្លឺព្រះអាទិត្យ ​និងថាមពលកកើតឡើងវិញ។សូមជម្រាប​ជូនថា ​គិតមកដល់បច្ចុប្បន្ននេះ ​ការវិនិយោគលើថាមពលសូឡានៅកម្ពុជា ​មានចំនួន ៧គម្រោង ​ដែលបាន និងកំពុងតភ្ជាប់បណ្តាញផ្គង់ផ្គត់អគ្គសនី៕អត្ថបទ៖ ឈិត បូរ៉ាវី

កម្ពុជា-ជប៉ុន ប្តេជ្ញាជំរុញពាណិជ្ជកម្ម និងវិនិយោគឲ្យកាន់តែរីកចម្រើនទៅមុខថែមទៀត

2022/11/30 12:46:34 pm        300
ភ្នំពេញ៖ រដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលជប៉ុន បានបង្ហាញពីការប្តេជ្ញាចិត្ត ក្នុងការបង្កើន​ទំនាក់ទំនង​ដ៏យូរអង្វែង ​និងការពង្រឹងបន្ថែមទៀត ​នូវកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ សំដៅ​ពង្រឹង និងជំរុញទំនាក់ទំនងពាណិជ្ជកម្ម និងវិនិយោគ រវាងប្រទេសទាំងពីរឱ្យកាន់តែរីកចម្រើន​បន្ថែមទៀត។ក្នុងជំនួបសំដែងការគួរសម និងជម្រាបលារបស់ឯកឧត្តម មីកាមិ ម៉ាហ្សាហ៊ីរ៉ូ (MIKAMI MASAHIRO) ឯកអគ្គរាជទូតជប៉ុនប្រចាំនៅកម្ពុជា ដែលនឹងត្រូវបញ្ចប់អណត្តិការងារនៅប្រទេស​កម្ពុជា កាលពីរសៀលថ្ងៃទី២៩ វិច្ឆិកា ឆ្នាំ២០២២កន្លងទៅនេះ ឯកឧត្តម ប៉ាន សូរស័ក្ដិ រដ្ឋមន្រ្ដី​ក្រសួង​ពាណិជ្ជកម្ម ​សម្តែងការអរគុណយ៉ាងជ្រាលជ្រៅ និងកោតសរសើរចំពោះ ឯកឧត្តម​ឯកអគ្គរាជ​ទូត នូវ​សមិទ្ធផល​នានាក្នុងការរួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជាលើគ្រប់វិស័យ និងធ្វើឱ្យទំនាក់ទំនង​នៃប្រទេសទាំងពីរកាន់តែមានភាពស្អិតរមួត ​និងកាន់តែរីកចម្រើនបន្ថែមទៀត។ ឯកឧត្តម បានបន្តថា ក្នុងក្របខណ្ឌកិច្ចសហប្រតិបត្តិការតំបន់ គឺបានបង្ហាញនូវការគាំទ្រចំពោះគំនិត​ផ្ដួចផ្ដើម​ទាំងឡាយរបស់ភាគីជប៉ុន ដើម្បីជំរុញគាំទ្រដល់ការលើកកម្ពស់ភាពធនរឹងមាំ​របស់​ច្រវ៉ាក់ផ្គត់ផ្គង់តំបន់ និងការអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយចិរភាព​ និងបរិយាបន្ន។ ឯកឧត្តម ក៏បានជំរុញ និងលើកទឹកចិត្តឱ្យមានការវិនិយោគបន្ថែមពីសំណាក់វិនិយោគិន និងធុរជន​ជប៉ុន​មកកាន់តំបន់អាស៊ាន​ ជាពិសេសមកកាន់កម្ពុជាផ្ទាល់តែម្ដង។ឯកឧត្តម រដ្ឋមន្រ្តី បានជម្រាបជូនភាគីជប៉ុនទៀតថា ​ឯកឧត្តម​នឹងបន្តសហការយ៉ាងជិតស្និទ្ធ​ជាមួយ​នឹង​ឯកឧត្តមឯកអគ្គរាជទូតថ្មីរបស់ជប៉ុន ក្នុងការបន្តលើកកម្ពស់ទំនាក់ទំនងទ្វេភាគី​ក្រោមភាព​ជាដៃគូ​យុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ ផ្អែកលើការជឿទុកចិត្តដ៏រឹងមាំ ​រវាងរដ្ឋាភិបាល និងប្រជាជន​នៃប្រទេសទាំងពី​រ ទៅកាន់ដំណាក់កាលថ្មីមួយទៀត​ និងឆ្ពោះទៅខួបលើកទី៧០ នៃការ​បង្កើត​ទំនាក់​ទំនងការទូត ​និងខួបលើកទី១០ នៃទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រ រវាងកម្ពុជា និងជប៉ុន​នៅឆ្នាំ២០២៣។ជាការឆ្លើយតប ឯកឧត្តមឯកអគ្គរាជទូត ​បានវាយតម្លៃខ្ពស់ផងដែរនូវកិច្ចសហប្រតិបត្តិការយ៉ាង​ជិតស្និទ្ធ ​រវាងប្រទេសទាំងពីរ ​នឹងបានជឿជាក់យ៉ាងមុតមាំថា កិត្តិនាមរបស់កម្ពុជានឹងកាន់​តែត្រូវ​បានទទួលស្គាល់ក្នុងតំបន់ ​និងសាកលលោក​ បន្ទាប់ពីការទទួលបានភាពជោគជ័យ ក្នុងការធ្វើជា​ប្រធាន​អាស៊ានក្នុងឆ្នាំនេះ៕អត្ថបទ៖ បូរ៉ាវី

កម្ពុជាបើកកិច្ចប្រជុំអន្តរក្រសួង ដើម្បីជជែកគ្នាលើកិច្ចព្រមព្រៀង អាសិប ជាមួយអេមីរ៉ាតអារ៉ាប់រួម

2022/11/29 12:33:40 pm        222
ភ្នំពេញ៖ ឯកឧត្ដម ប៉ាន សូរស័ក្ដិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្មកម្ពុជា ​កាលពីរសៀលថ្ងៃទី២៨ វិច្ឆិកា ឆ្នាំ២០២២នេះ ​បានដឹកនាំកិច្ចប្រជុំអន្តរក្រសួង ដើម្បីពិនិត្យ និងពិភាក្សាលើវឌ្ឍនភាពនៃការ​ចរចា​កិច្ច​ព្រមព្រៀង​ភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយ​ (RCEP) រវាងកម្ពុជា-អេមីរ៉ាតអារ៉ាប់រួម (CAM-UAE CEPA) ដែលមានវត្តមានចូលរួមពីក្រុមការងារចរចាអន្តរក្រសួង-ស្ថាប័នពាក់ព័ន្ធជាច្រើនរូប។អង្គប្រជុំ បានពិនិត្យ និងពិភាក្សាលើវឌ្ឍនភាពនៃការចរចាជំពូកនីមួយៗ រួមមាន៖ ពាណិជ្ជកម្មទំនិញ​និង​សេវាកម្ម វិនិយោគ ​ពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក ​កិច្ចសម្រួលពាណិជ្ជកម្ម របាំង​បច្ចេកទេស​ពាណិជ្ជកម្ម អនាម័យនិងភូតគាមអនាម័យ​ កម្មសិទ្ធិបញ្ញា ​កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងសហគ្រាសធុនតូចនិងមធ្យម-ល- ​ដើម្បីអាចទាញ​ប្រយោជន៍​សេដ្ឋកិច្ចជាអតិបរមាពីកិច្ច​ព្រមព្រៀង​ភាព​ជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយ​ រវាងកម្ពុជា-អេមីរ៉ាតអារ៉ាប់រួម ក្នុង​បុព្វហេតុ​អភិវឌ្ឍន៍​និង​ទ្រទ្រង់​ខឿន​សេដ្ឋកិច្ចជាតិ។ឯកឧត្តមរដ្ឋមន្ត្រី ប៉ាន សូរស័ក្តិ បានផ្តល់អនុសាសន៍ណែនាំជូនក្រុមការងារចរចា ឱ្យបន្តខិតខំ​ចរចា​កិច្ច​ព្រមព្រៀងនេះ ​ដោយប្រកាន់ខ្ជាប់នូវ​ស្មារតី​បុរេសកម្ម ​ម៉ឹងម៉ាត់​ និង​ទំនួល​ខុសត្រូវខ្ពស់ ដើម្បី​សម្រេច​បាននូវកិច្ចព្រមព្រៀងនេះតាមការគ្រោងទុក ​សំដៅបម្រើដល់ផលប្រយោជន៍របស់​ប្រជាពលរដ្ឋ រួមមាន អ្នកប្រើប្រាស់ ផលិតករ ធុរជន ​និងវិនិយោគិន។ សូមបញ្ជាក់ថា ​ការចរចាជុំទី២ ​នៃកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយ​ រវាងកម្ពុជា-អេមីរ៉ាតអារ៉ាប់រួម ​គ្រោងនឹងប្រព្រឹត្តទៅក្នុងអំឡុងខែធ្នូ ​នៅកម្ពុជានាពេលខាងមុខ។ គិតក្នុងរយៈពេល ​៨ខែ ឆ្នាំ២០២២នេះ ​ទំហំពាណិជ្ជកម្មទ្វេភាគី រវាងកម្ពុជា-អេមីរ៉ាតអារ៉ាប់រួម សម្រេច​បានក្នុងទំហំទឹកប្រាក់សរុបចំនួនប្រមាណជិត​ ២៨០លានដុល្លារអាម៉េរិក​ កើនឡើងជាង ៤០ភាគរយ ​បើធៀបនឹងរយៈពេលដូចគ្នាទៅនឹងឆ្នាំ២០២១៕អត្ថបទ៖ ឈិត បូរ៉ាវី 

ទុនវិនិយោគលើឧស្សាហកម្ម មានទឹកប្រាក់ជាង ១៦ ពាន់លានដុល្លារអាមេរិក

2022/11/29 12:22:06 pm        366
ភ្នំពេញ៖ គិតត្រឹមពាក់កណ្តាល ខែវិច្ឆិកា ឆ្នាំ២០២២នេះ ​កម្ពុជាមានរោងចក្របង្កើតថ្មី ​១៦១ រោងចក្រ ធ្វើឱ្យចំនួនរោងចក្រសរុបចំនួន ១ ៩៦៨ រោងចក្រ ​និងមាន​ទុនវិនិយោគសរុប មានទំហំទឹក​ប្រមាណជាង ​១៦ ​ពាន់លានដុល្លារអាមេរិក ។ឯកឧត្តម ហេង សុខគង់ អ្នកនាំពាក្យ ​និងជារដ្ឋលេខាធិការក្រសួងឧស្សាហកម្ម ​វិទ្យាសាស្ត្រ បច្ចេកវិទ្យា ​និងនវានុវត្តន៍ ​លើកឡើងក្នុងកិច្ចសម្ភាសន៍ជាមួយភ្នាក់ងារអ្នកយកព័ត៌មាន BTV នៅថ្ងៃទី ​២៩ ខែ វិច្ឆិកា ឆ្នាំ ២០២២ នេះថា ​កម្ពុជាគឺជាប្រទេសមួយទទួលបានលំហូរនៃការ​វិនិយោគ​ជាបន្តបន្ទាប់ ​ដែលប្រការទាំងនេះ ​បានបង្ហាញអំពីមោទនភាពរបស់កម្ពុជា ទោះបីស្ថិតនៅក្នុង​វិបត្តិសកល​ រវាងសង្គ្រាមរុស្សី-អ៊ុយក្រែន​ និងវិបត្តិជំងឺកូវីដ ១៩ ដែលមិនទាន់បាន​ស្ងប់ស្ងាត់​នៅ​ឡើយ​ក៏ដោយ។ឯកឧត្តម បន្តថា ​ជាក់ស្តែងវិស័យឧស្សាហកម្ម បើគិតពីដើមឆ្នាំ ​រហូតដល់ពាក់កណ្តាលខែ ​វិច្ឆិកា ឆ្នាំ ២០២២ នេះ​ ក្រសួងទទួលបានការចុះបញ្ជី រោងចក្រថ្មី ​មានចំនួន ១៦១ រោងចក្រ ។ បើគិតរោងចក្រ​សរុបទាំងអស់មានចំនួនប្រមាណ ១ ៩៦៨ រោងចក្រ​ មានទុនវិនិយោគសរុបប្រមាណជាង ១៦ ពាន់​លាដុល្លារអាមេរិក ខណៈនៅត្រឹមឆ្នាំ ​២០២១ ​មានទុនវិនិយោគជាង ១៣ ពាន់លានដុល្លារ​អាមេរិកប៉ុណ្ណោះ។ ស្របពេលមានកំណើននេះ កម្ពុជាក៏មានរោងចក្របិតទ្វារក្នុងឆ្នាំ​ ២០២២​ មានចំនួន ៧២ រោងចក្រ ខណៈនៅឆ្នាំ ២០២១ ​មានរោងចក្របិតទ្វារ រហូតដល់ ១៤៨ រោងចក្រ។ឯកឧត្តម ហេង សុខគង់ បន្តឲ្យដឹងថា ចំពោះការនាំចេញ​ បើគិតត្រឹមត្រីមាសទី៣​ ឆ្នាំ ២០២២ នេះ មានទំហំទឹកប្រាក់ជិត ១២ ​ពាន់លានដុល្លារអាមេរិក៕ អត្ថបទ៖ សុន រ៉ាឌី

ការនាំចេញទំនិញសម្រេចបានទឹកប្រាក់ ៥,៦ ពាន់លានដុល្លារ ក្នុងត្រីមាសទី៣

2022/11/28 01:41:21 pm        535
ភ្នំពេញ៖ ការនាំចេញទំនិញកម្ពុជា មានទឹកប្រាក់សរុបចំនួន ៥ ៦១៤ លានដុល្លារអាមេរិក នៅត្រីមាសទី៣ ឆ្នាំ២០២២ ​បានកើនឡើង ៤,៨ភាគរយ ធៀបនឹងរយៈពេលដូចគ្នា​កាលពី​ឆ្នាំ២០២១។យោងតាមព្រឹត្តិបត្រស្ថិតិសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ប្រចាំត្រីមាសទី៣ ឆ្នាំ២០២២​ នៃក្រសួងសេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ចេញផ្សាយកាលពីសប្តាហ៍មុន នៅត្រីមាសទី៣ ឆ្នាំ២០២២ ការនាំចូលទំនិញមានទឹក​ប្រាក់​សរុប ចំនួន ៧ ៨៩៩ ​លានដុល្លារអាមេរិក ​បានកើនឡើង ​២២,៦ភាគរយ ធៀបនឹងរយៈពេល​ដូចគ្នា​កាលពីឆ្នាំ២០២១។របាយការណ៍ដដែលបញ្ជាក់ថា ​បើមិនរាប់​បញ្ជូលមាស​ ការនាំចេញមានទឹកប្រាក់សរុបចំនួន ៥ ៥៦៧លានដុល្លារអាមេរិក ​បានកើនឡើង ៤,៣ភាគរយ ដែលបានគាំទ្រដោយការនាំចេញ​សំលៀកបំពាក់ ស្បែកជើង កាបូប កង់ ខ្សែភ្លើង និងបង្គុំខ្សែភ្លើង គ្រឿង​បង្គុំរថយន្ត និង​ផលិតផលផ្សេងៗ​មួយចំនួនទៀត។ ទន្ទឹមនេះ ការនាំចូល ដោយមិនរាប់បញ្ជូលមាស មានទឹកប្រាក់សរុបចំនួន ៦ ៣៥១​ លាន​ដុល្លារអាមេរិក បានកើនឡើង ៩,២ភាគរយ​ ដោយសារការកើនឡើងនៃការនាំចូលប្រេងឥន្ទនៈ យានយន្ត គ្រឿងអេឡិចត្រូនិក​ គ្រឿងបង្គុំរថយន្ត និងគ្រឿងឧបភោគបរិភោគ​ ជាដើម។ក្រសួងសេដ្ឋកិច្ច ​និងហិរញ្ញវត្ថុ បញ្ជាក់ក្នុងរបាយការណ៍ថា​ ក្នុងត្រីមាសទី៣នេះ ស្ថានភាពសេដ្ឋកិច្ច​កម្ពុជា បាននិងកំពុងងើបឡើងតាមរយៈការកើនឡើងនៃភ្ញៀវទេសចរអន្តរជាតិ​ គម្រោងសាងសង់ គម្រោងវិនិយោគលើវិស័យឧស្សាហកម្ម-សេវាកម្ម ​និងការបន្តកើនឡើងនូវផលិតកម្មក្នុងស្រុក ស្របពេល​ដែលការនាំចេញបន្តមានកំណើនល្អ​ លើផលិតផលកាត់ដេរ និងផលិតផលមិនមែន​កាត់ដេរ ​ដូចជា កង់ ខ្សែភ្លើង និងបង្គុំខ្សែភ្លើង គ្រឿងបង្គុំរថយន្ត​ និងផលិតផលផ្សេងៗមួយ​ចំនួន​ទៀត​៕​អត្ថបទ៖ វណ្ណៈ 

ធុរជនត្រូវពង្រីក និងពង្រឹងសមត្ថភាពក្នុងការផលិត ដើម្បីទាញយកអត្ថប្រយោជន៍ពីទីផ្សារកូរ៉េ

2022/11/28 01:31:16 pm        447
ភ្នំពេញ៖ មន្រ្តីជាន់ខ្ពស់ក្រសួងពាណិជ្ជកម្ម អំពាវនាដល់ធុរជនក្នុងស្រុក ត្រូវ​ខិតខំ​ប្រឹងប្រែង​ផលិត​ទំនិញប្រកដោយគុណភាព ​ដើម្បីទាញយកអត្ថប្រយោជន៍​ឱ្យបាន​ជាអតិបរិមា ​នៃកិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរីរវាកម្ពុជា-កូរ៉េ​ ដែលនឹងចូលធរមានក្នុងពេលឆាប់ៗ ។ឯកឧត្តម ប៉ែន សុវិជាតិ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម លើកឡើង​ក្នុង​កិច្ចសម្ភាសន៍​ជាមួយភ្នាក់ងារអ្នកយកព័ត៌មាន BTV ថា កម្ពុជាសម្រេចបានជោគជ័យលើកិច្ច​ព្រមព្រៀង​ពាណិជ្ជកម្មសេរី ​ដោយបានផ្តល់​អត្ថប្រយោជន៍​ជាច្រើនដល់ធុរជនក្នុងស្រុក ក្នុង​នោះមាន​កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគីជាមួយចិន ​កិច្ចព្រមព្រៀងអាសិប និង​កិច្ចព្រមព្រៀង​ពាណិជ្ជកម្មសេរីជាមួយកូរ៉េ ​ដែលត្រៀមចូលជាធរមាននៅថ្ងៃទី១ ខែ ធ្នូ ឆ្នំា ២០២២ ខាងមុខ។ឯកឧត្តម បន្តថា ​ការបើកទីផ្សារនីមួយៗ និងផ្តល់អត្ថប្រយោជន៍ដល់ធុរជនក្នុងស្រុកកាន់តែច្រើន​បន្ថែម​ទៀត ​តែទោះជាយ៉ាងនេះក្តី ​ធុរជនដែលជាអ្នកនាំចេញ​ ត្រូវតែខិតខំប្រឹងប្រែង ទាញយក​អត្ថប្រយោជន៍​ឱ្យបានជាអតិបរិមា ​និងត្រូវស្វែងយល់ពីឯកសាររវាងកិច្ចព្រមព្រៀងនេះ និង​ខិតខំ​ផលិតទំនិញឱ្យមានគុណភាពខ្ពស់ ​ដើម្បីឆ្លើយតតម្រូវការទីផ្សារ ខណៈការនាំចេញទៅ​ប្រទេស​មួយនេះ ​ទាមទារ​នូវលក្ខណៈតម្រូវមានស្តង់ដារខ្ពស់។ធុរជនត្រូវជំរុញការផលិតឲ្យ​បានជាបរិមាណ​ប្រកបដោយ​និរន្តរភាព ​ដើម្បី​ធ្វើឱ្យប្រទេសកម្ពុជា​ក្លាយ​ជាប្រភពមួយ ​នៃចំណែកមួយក្នុងខ្សែ​សង្វាក់​ផ្គត់ផ្គង់​ទីផ្សារសកល។ឯកឧត្តម បញ្ជាក់បន្ថែមថា បន្ទាប់ពីកម្ពុជាបានអនុវត្តនៅកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីចំនួនពីរ មាន​កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជាជាមួយចិន ​និងកិច្ចព្រមព្រៀងភាពជាដៃគូថ្នាក់តំបន់​គ្រប់​ជ្រុង​ជ្រោយ​អាសិបរួចមក​ ឃើញថា​កំណើនៃការនាំចេញរបស់កម្ពុជាទៅទីផ្សារអាសិប ​ក្នុងនោះ​មានទីផ្សារចិន កូរ៉េ ជប៉ុន អូស្ត្រាលី ណូវេហ្សេឡង់ជាដើម​ ឃើញថា ​មានកំណើនគួរឱ្យកត់សម្គាល់ ។ លើសពីនេះក្តីរំពឹងធំរបស់កម្ពុជា ​ទីផ្សារចិន ​គឺជាទីផ្សារធំមួយ ​ដែលស្រូបយកមុខទំនិញ ទំាង​ទំនិញ​ចំណីអាហារ ​និង​ទំនិញ​កែច្នៃ រួមទំាង​ទំនិញ​វាយនភណ្ឌ ។ ចំណែកទីផ្សារកូរ៉េ ​ដែលកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគី ​នឹងចូល​ជាធរមានក្នុងពេលខាង​មុខនេះ ​ធ្វើឱ្យកម្ពុជារំពឹងថា ​ការនាំចេញទំនិញទៅទីផ្សារកូរ៉េ នឹងនាំទៅទំាងផលិតផល​សំលៀក​បំពាក់ ស្បែកជើង កង់ ​កាបូបសម្រាប់ធ្វើដំណើរ ​និងផលិតផលកសិកម្មផងដែរ៕អត្ថបទ៖ សុន រ៉ាឌី

World Bank៖ ជំងឺរាតត្បាត បំផ្លាញវឌ្ឍនភាពរបស់កម្ពុជា ក្នុងការកាត់បន្ថយភាពក្រីក្រ

2022/11/28 12:10:22 pm        359
ភ្នំពេញ៖ របាយការណ៍មួយដែលចេញផ្សាយដោយធនាគារពិភពលោក ដែលBTV ទទួលនៅថ្ងៃទី២៨ ខែវិច្ឆិកានេះបង្ហាញថា អត្រាភាពក្រីក្រនៅកម្ពុជា បាន​ធ្លាក់​ចុះ​​សឹងតែពាក់​កណ្តាល​ក្នុង​ចន្លោះឆ្នាំ២០០៩ ​និងឆ្នាំ២០១៩ ​ប៉ុន្តែដោយការរាតត្បាតជំងឺកូវីដ-១៩ ​បានធ្វើឱ្យ​អត្រាភាពក្រីក្រនេះ​បាន​កើន​ឡើងវិញក្នុងពេលថ្មីៗនេះ។ របាយការណ៍វាយតម្លៃភាពក្រីក្រក្រោមចំណងជើង “ស្តារសេដ្ឋកិច្ចកម្ពុជាឱ្យកាន់តែមានភាព​បរិយាបន្ន​និងភាពធន់ជាងមុន” របស់ធនាគារពិភពលោក ​បានឱ្យដឹងថា ​នៅក្នុងរយៈពេល១០ឆ្នាំ គិតមកដល់ឆ្នាំ២០១៩/២០២០ ​អត្រាភាពក្រីក្ររបស់កម្ពុជាបានធ្លាក់ចុះពីកម្រិត​ ៣៣,៨% មកនៅត្រឹម ១៧,៨% ដោយជួយឱ្យប្រជាជនកម្ពុជាជិត​ ២លាននាក់បានរួចផុតពីភាពក្រីក្រ។ ប៉ុន្តែ ចាប់​តាំងពីឆ្នាំ២០២០មក អត្រានេះបានកើនឡើង ២,៨ភាគរយ ​ដែលមានន័យថា ប្រជាជន​ប្រហែល ៤៦០ ០០០នាក់បានធ្លាក់ទៅស្ថិតនៅក្រោមកម្រិតប្រាក់ចំណូល​នៃភាពក្រីក្រវិញ។ ចន្លោះឆ្នាំ២០០៩​ ដល់ឆ្នាំ២០១៩ ជា​ទសវត្សរ៍​ដែលប្រទេសកម្ពុជាទទួលបានកំណើន​សេដ្ឋកិច្ចឥត​ឈប់ឈរ និងការកើនឡើងនៃប្រាក់ចំណូលយ៉ាង​ទូលំទូលាយ។ ការពង្រីកសេដ្ឋកិច្ចយ៉ាង​ឆាប់រហ័ស ​រួមផ្សំជាមួយនឹងការផ្លាស់ប្តូររចនា​សម្ព័ន្ធ ​បាននាំឱ្យមានការកើនឡើងប្រាក់ឈ្នួល និង​កម្រិត​ជីវភាព​រស់នៅកាន់តែប្រសើរ។ របាយការណ៍បានរកឃើញថា ការកើនឡើងប្រាក់ចំណូលមិនមែនកសិកម្ម ជាឧទាហរណ៍ នៅក្នុងវិស័យទេសចរណ៍ កាត់ដេរ និងសំណង់ មានចំណែកធំក្នុងការកាត់បន្ថយភាពក្រីក្រ។ កំណើនដែលនាំមុខដោយពាណិជ្ជកម្ម និងការវិនិយោគ បានជួយទ្រទ្រង់ដល់ការផ្លាស់ប្តូរជារចនា​សម្ព័ន្ធ​ឆ្ពោះទៅរកវិស័យមានផលិតភាពកាន់តែខ្ពស់ ជួយបង្កើតបានការងារដែលមានប្រាក់ខែកាន់​តែ​ប្រសើរ​នៅក្នុងផ្នែកផលិតកម្ម និងផ្នែកសេវាកម្ម។កម្មករមានលទ្ធភាពផ្លាស់ចេញពីវិស័យ​កសិកម្ម​ដែលមានប្រាក់កម្រៃទាប ទៅធ្វើការនៅតាមវិស័យ​ដែល​មានប្រាក់​កម្រៃខ្ពស់ជាង ​និងបង្កើនប្រាក់ចំណូលរបស់ពួកគេ។ ទន្ទឹមគ្នានេះដែរ លក្ខខណ្ឌជីវភាព និងលទ្ធភាពទទួលបានសេវាមូលដ្ឋាន មានដូចជា អគ្គិសនី ការ​ផ្គត់ផ្គង់ទឹកស្អាត ​អនាម័យ សុខភាព​ និងការអប់រំជាដើម មានភាពប្រសើរឡើងសម្រាប់​មួយភាគធំ​នៅក្នុងចំណោមប្រជាជនទូទៅ។ការកែលម្អនៃស្ថានភាពនេះបានធ្វើឱ្យគម្លាតរវាងស្តង់ដាជីវភាព​របស់គ្រួសារនៅទីជនបទ និង​នៅទីប្រជុំជន រួមតូចជាងមុន។ របាយការណ៍នេះ លើកអនុសាសន៍ថា កម្ពុជា គួរពិចារណាលើអន្តរាគមន៍ផ្នែកគោល​នយោបាយ​មួយ​ចំនួន​ដើម្បីគាំទ្រដល់ការស្តារសេដ្ឋកិច្ចឡើងវិញប្រកបដោយ​បរិយាបន្ននិងធន់ជាងមុន ពីការ​ប៉ះទង្គិច​របស់ជំងឺរាតត្បាតនិងវិបត្តិសេដ្ឋកិច្ចដែលមានមកជាមួយវា។អន្តរាគមន៍ទាំងនោះអាចរួមមាន ​ការផ្ទេរសាច់ប្រាក់តាមគោលដៅកំណត់ វិធានការពង្រឹងកិច្ចគាំពារ​សង្គម និងការវិនិយោគលើវិស័យសុខាភិបាល ​និងការអប់រំ ជាដើម៕ អត្ថបទ៖ សន រ៉ាឌី

ការធ្វើពិពិធកម្មទំនិញ និងទីផ្សារនាំចេញ នឹងធ្វើឱ្យកំណើនសេដ្ឋកិច្ចរក្សាបានស្ថិរភាព

2022/11/25 03:33:22 pm        797
ភ្នំពេញ៖ អ្នកជំនាញសេដ្ឋកិច្ច លើកឡើងថា ការធ្វើពិពិធកម្មទំនិញសម្រាប់នាំចេញ និងទីផ្សារ មានសារៈសំខាន់សម្រាប់រក្សាស្ថិរភាពកំណើនសេដ្ឋកិច្ច និងកាត់បន្ថយហានិភ័យពីកត្តាខាងក្រៅ។នេះជាការលើកឡើងរបស់សេដ្ឋកិច្ចវិទូ​ និងស្រាវជ្រាវ បានជួបប្រជុំគ្នាក្នុងសន្និសីទ​ម៉ាក្រូសេដ្ឋកិច្ច​ប្រចាំឆ្នាំលើកទី៩ ស្តីពី "ដំណើរឆ្ពោះទៅកាន់ការស្ដារឡើងវិញនិងភាពធន់ក្រោយកូវីដ-១៩ នៅថ្ងៃទី ២៤ ខែវិច្ឆិកា ឆ្នាំ ២០២២ ។លោក ស៊ាន មនោរិទ្ធ សេដ្ឋកិច្ចវិទូ នៃក្រសួងសេដ្ឋកិច្ច ​និងហិរញ្ញវត្ថុ ​បានលើកឡើងថា ប្រទេស​កំពុងអភិវឌ្ឍន៍ ​និងប្រទេសអភិវឌ្ឍន៍តិចតួច ​ជាទូទៅមានមូលដ្ឋានសេដ្ឋកិច្ចតូចជាង ជាមួយនឹង​ផលប៉ះពាល់ម៉ាក្រូសេដ្ឋកិច្ចខ្ពស់ជាងប្រទេសអភិវឌ្ឍន៍ដែលមានពិពិធកម្មសេដ្ឋកិច្ចធំជាង។ ដូច្នេះ ការធ្វើពិពិធកម្មសេដ្ឋកិច្ចដើរតួនាទីយ៉ាង​សំខាន់​ក្នុងការពង្រីកមូលដ្ឋានសេដ្ឋកិច្ច ដើម្បីកាត់​បន្ថយ​ផលប៉ះពាល់នៃកត្តាហានិភ័យខាងក្រៅ។សេដ្ឋកិច្ចវិទូដដែល លើកឡើងថា ក្នុងរយៈពេលពីរទសវត្សរ៍ចុងក្រោយនេះ ការនាំចេញរបស់​ប្រទេស​បាន​កើនឡើងជាលំដាប់ ​ដែល​ឆ្លុះបញ្ចាំង​ពី​និន្នាការ​ដែលកំពុងរីកចម្រើន​នៅក្នុងវិស័យ​ផលិតកម្ម។ផលិតផលវាយនភណ្ឌបានក្លាយ​ទៅ​ជាកន្លែង​ឈរជើង​ដ៏យូរអង្វែង​នៃការនាំចេញ​របស់​ប្រទេស ដែលស្មើនឹងជាង ៧០ភាគរយ​នៃការនាំចេញរបស់ប្រទេស។បើតាមសេដ្ឋកិច្ចវិទូ បញ្ហាប្រឈមសំខាន់ៗ​មួយចំនួនដែលនៅសេសសល់ ក្នុងចំណោមបញ្ហា​ជា​ច្រើន​ទៀត គឺការចំណាយខ្ពស់ក្នុងការធ្វើអាជីវកម្ម​ ពលកម្មជំនាញទាប​ បរិយាកាសធុរកិច្ចមិនល្អ ដែល​រារាំង​ទំនាក់ទំនងរវាង FDI​ និងក្រុមហ៊ុនក្នុងស្រុក ​និងការទទួលយកឌីជីថលទាប ។បញ្ហាទាំងនេះ ​គួរត្រូវបានលើកឡើង និងដោះស្រាយ ​ដើម្បីធានាបានពីពីការធ្វើពិពិធកម្មទំនិញ និង​ទីផ្សាររបស់កម្ពុជា ​សំដៅដល់កំណើនសេដ្ឋកិច្ច ​មានចីរភា ​និងភាពធន់។ ​ដើម្បីពន្លឿន និងកសាង​មាគ៌ា​នៃកំណើនមានភាពធន់​ ជាពិសេសនៅក្នុងអំឡុងពេល​និងក្រោយកូវីដ-១៩ បញ្ហាប្រឈម​រ៉ាំរ៉ៃ​ទាំងនេះគួរត្រូវបានដោះស្រាយតាមពហុវិស័យ។លោកជំទាវបណ្ឌិត ជា សិរី អគ្គនាយកបច្ចេកទេសនៃធនាគារជាតិនៃកម្ពុជា ថ្លែងលើកឡើង​ក្នុង​ពិធីបើក​សន្និសីទម៉ាក្រូសេដ្ឋកិច្ចថា ​សន្និសីទ​ម៉ាក្រូសេដ្ឋកិច្ចដែលរៀបចំ​នៅពេលនេះ​ បានផ្ដោតលើ “បញ្ហាប្រឈម ​និងគោលនយោបាយអភិវឌ្ឍន៍​សហគ្រាសធុនតូច​ និងមធ្យមនៅកម្ពុជា” នៅពេល​នោះលទ្ធផលស្រាវជ្រាវ និងអនុសាសន៍ជាច្រើនត្រូវបានផ្ដល់ ដើម្បីដោះស្រាយបញ្ហាប្រឈម​របស់សហគ្រាសធុនតូច ​និងមធ្យមក្នុងអំឡុងវិបត្តិជំងឺកូវីដ-១៩ ស្របពេលដែលសក្តានុពល​របស់​វិស័យនេះ​ក្នុងការជួយស្ដារកំណើនឡើងវិញ​ ក៏ត្រូវបានលើកយកមកពិភាក្សាផងដែរ៕ អត្ថបទ៖ វណ្ណៈ 

ការប្រមូលចំណូលថវិការជាតិ នឹងសម្រេចតាមផែនការ គាំទ្រដោយសកម្មភាពសង្គម-សេដ្ឋកិច្ចបើកឡើងវិញ

2022/11/25 11:52:15 am        527
ភ្នំពេញ៖ អ្នកជំនាញសេដ្ឋកិច្ច រំពឹងថា ការប្រមូលចំណូលចូលថវិកាជាតិឆ្នាំ ២០២៣ របស់រាជរដ្ឋាភិបាល នឹងសម្រេចបានតាមផែនការគ្រោងទុក ខណៈវិស័យក្នុងស្រុកជាច្រើន អាចបន្តលទ្ធភាពដល់ការប្រមូលចំណូល ។ឯកឧត្តមបណ្ឌិត គី សេរីវឌ្ឍន៍ អ្នកស្រាវជ្រាវសេដ្ឋកិច្ច នៃរាជបណ្ឌិត្យសភាកម្ពុជា មាន​ប្រសាសន៍​នៅថ្ងៃទី ២៥ ខែវិច្ឆិកា ឆ្នាំ២០២២នេះថា ក្របខណ្ឌគោលនយោបាយឆ្នាំ២០២៣ របស់រាជរដ្ឋាភិបាល ដែល​បានរៀបចំឡើង​ គឺឈរលើមូលដ្ឋាននៃគោលនយោបាយម៉ាក្រូសេដ្ឋកិច្ច និងការដាក់ចេញនូវ​យុទ្ធសាស្រ្ត ផែនការជាច្រើន ដើម្បីធ្វើឲ្យសម្រេចគោលបំណង ជាពិសេសប្រសិទ្ធភាពនៃការប្រមូល​ចំណូល​ចូលថវិកាជាតិ។ឯកឧត្តមបណ្ឌិត នៅឆ្នាំ ២០២៣ រាជរដ្ឋាភិបាលគ្រោងបង្កើនចំណូលថវិការដ្ឋ​ខ្ពស់ជាងឆ្នាំ ២០២២ នេះ ​ទោះបីការបង្កើនខ្ពស់ក៏ដោយ រាជរដ្ឋាភិបាលនឹងអាចសម្រេចការប្រមូលចំណូលបានតាម​ការ​គ្រោងទុក ​ខណៈវិស័យក្នុងស្រុកជាច្រើន​ អាចបន្តលទ្ធភាពដល់ការប្រមូលចំណូលជូនរដ្ឋ ជា​ពិសេស​អាជីវកម្មជាច្រើន ​ដែលមិនទាន់បានបង់ពន្ធ ​ប្រសិនវិស័យទាំងនេះចូលមកក្នុងប្រព័ន្ធ ហើយ​ក្រុមហ៊ុន រោងចក្រ សហគ្រាស អាចប្រកួតប្រជែងគ្នា ប្រកបដោយយុត្តិធម៌ និងបរិយាបន្ន។សូមបញ្ជាក់ថា យោងតាមសេចក្តីព្រៀងច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ ២០២៣ រាជរដ្ឋាភិបាលគ្រោងប្រមូលចំណូលក្នុងប្រទេសថវិការដ្ឋ ​ឬថវិកាជាតិ ​ត្រូវបានគ្រោងប្រមាណជាង ២២​ ភាគរយ នៃផសស, មានកំណើនជាង ១៤ ភាគរយ ​ធៀបនឹងច្បាប់ឆ្នាំ ២០២២ ។ ចំណែកការចំណាយ​សរុបថវិការដ្ឋ ​ឬថវិកាជាតិ ​ក៏ត្រូវបានគ្រោង ស្មើជិត ​៣០ នៃ ផសស, មាន​កំណើន ១៣ ភាគរយ ធៀបនឹងច្បាប់ឆ្នាំ២០២២៕អត្ថបទ៖ សុន រ៉ាឌី

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

អូស្ត្រាលី និងអង់គ្លេសចុះហត្ថលេខាលើសន្ធិសញ្ញា ៥០ឆ្នាំ ដើម្បីពង្រឹងការផលិតនាវាមុជទឹក
07/26/2025 03:07 PM
កងភាពការពារជនស៊ីវិល នៅតំបន់ហ្កាហ្សា និយាយថា កងកម្លាំងអ៊ីស្រាអែល បានសម្លាប់មនុស្ស ២៨នាក់
07/26/2025 03:07 PM
ឯកឧត្តម ឌិត ទីណា៖ ការភៀសខ្លួនពលរដ្ឋគឺជាការលះបង់ចាំបាច់ លើការជួយសម្រួលឱ្យកងទ័ពការពារទឹកដីដោយទឹកចិត្ត អង់អាចក្លាហាន
07/26/2025 02:07 PM
នាយករដ្ឋមន្ត្រីអង់គ្លេស ថ្កោលទោសអ៊ីស្រាអែល ក្នុងពាក្យសម្តីខ្លាំងៗ ខណៈដែលសម្ពាធកើនឡើងខ្លាំងទាមទារឲ្យទទួលស្គាល់រដ្ឋប៉ាឡេស្ទីន
07/26/2025 02:07 PM
គ្រោះថ្នាក់រថយន្តក្រុងក្រឡាប់ នៅប្រទេសប៉េរូ បានបណ្តាលឲ្យ ១៨នាក់ស្លាប់ និង ២៤នាក់ រងរបួស
07/26/2025 02:07 PM
ការឈ្លានពានរបស់ទាហានសៀមមិនត្រឹមតែប៉ះពាល់ដល់សន្តិសុខតាមព្រំដែនប៉ុណ្ណោះទេថែមទាំងប៉ះពាល់ដល់សន្តិសុខក្នុងតំបន់ផងដែរ
07/26/2025 01:07 PM
ក្រោយចោរឈ្លានពានសៀមវាយចូលកម្ពុជាបណ្តាលឲ្យទាហានកម្ពុជាពលីជីវិត៥នាក់របួស២១នាក់ជនស៊ីវិលស្លាប់៨នាក់និងរបួស៥០នាក់
07/26/2025 01:07 PM
រុស្ស៊ីអះអាងថា បានគ្រប់គ្រងកន្លែងតាំងទីលំនៅ ចំណែកអ៊ុយក្រែនរាយការណ៍ថា បានវាយបករុស្ស៊ីវិញ
07/26/2025 01:07 PM
កម្ពុជាទាត់ចោលទាំងស្រុងចំពោះការផ្សព្វផ្សាយថាកម្ពុជាជាអ្នកបំពាន ឬឈ្លានពានភាគីសៀមមុន
07/26/2025 11:07 AM
អាល្លឺម៉ង់ ទាមទារឱ្យបញ្ចប់ភាពមិនប្រាកដប្រជាក្នុងជម្លោះដំឡើងពន្ធរបស់អាមេរិក
07/26/2025 11:07 AM