ប្រតិបត្តិការការទូទាត់តាម QR Code នៅកម្ពុជា កំពុងពេញនិយមសម្រាប់អ្នកប្រើប្រាស់
ឯកឧត្តម ឌិត ទីណា លើកទឹកចិត្តសហគមន៍ និងក្រុមហ៊ុន​បន្តស្មារតី​សាមគ្គីភាព ដើម្បី​ទទួល​ផល​ចំណេញ​ទាំងអស់គ្នាថែមទៀត
កម្ពុជា និងកូរ៉េ រួមគ្នាជំរុញការកាត់បន្ថយឧស្ម័ន​ផ្ទះកញ្ចក់​តាមរយៈ​ការ​វិនិយោគ​មធ្យោបាយ​ដឹកជញ្ជូន​-អគ្គិសនី ឆ្ពោះទៅគោលដៅអព្យាក្រឹតកាបូនឆ្នាំ២០៥០
កសិករខេត្តកំពង់ធំជិតពីររយគ្រួសារទទួលផលចំណេញច្រើនក្រោយចងក្រងជាសហគមន៍កសិកម្មទំនើប

សេដ្ឋកិច្ច និង កសិកម្ម

កម្ពុជា-កូរ៉េ នឹងចុះហត្ថលេខាលើឥណទានសម្បទាន ក្នុងទំហំទឹកប្រាក់ជាង ១៥០០លានដុល្លារ

2022/12/08 12:23:08 pm        563
ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា នៅថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២២ស្អែកនេះ នឹងអញ្ជើញជាអធិបតីនៅក្នុងពិធីចុះហត្ថលេខាស្តីពីការ ​ផ្ដល់ឥណទានសម្បទាន នៃមូលនិធិ​សហប្រតិបត្តិការអភិវឌ្ឍសេដ្ឋកិច្ច សម្រាប់ឆ្នាំ២០២២-២០២៦ ដែលមានទំហំទឹកប្រាក់ចំនួន ១៥០០លានដុល្លារអាមេរិក ។យោងតាមសេចក្តីប្រកាសព័ត៌មាន របស់ក្រសួងការបរទេស ​និងសហប្រតិបត្តិការអន្តរជាតិ នៅថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២២ បានឲ្យដឹងថា ​ការចុះហត្ថលេខានេះ ​នឹងធ្វើឡើងរវាងឯកឧត្តម ប្រាក់ សុខុន ​ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបរទេស ​និងឯកឧត្តម ប៉ាក ហឹងឃ្យង ឯកអគ្គរដ្ឋទូត នៃសាធារណរដ្ឋកូរ៉េ ប្រចាំនៅកម្ពុជា ។សេចក្តីប្រកាសព័ត៌មាន បានបន្តថា ក្នុងពេលជាមួយគ្នានោះ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ​ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច ​និងហិរញ្ញវត្ថុ និងលោកស្រី Minnie CHEY ប្រធានមូលនិធិ​ សម្រាប់កិច្ចសហប្រតិបត្តិការអភិវឌ្ឍសេដ្ឋកិច្ច នៃធនាគារនីហ័រណអាហ័រណ​កូរ៉េ​ប្រចាំកម្ពុជា ​ក៏នឹងចុះហត្ថលេខាលើកិច្ចព្រមព្រៀងឥណទានសម្បទាន ​សម្រាប់គម្រោងចំនួន២ ។ប្រភពបានបន្ថែមថា សម្រាប់គម្រោងចំនួន២នោះ រួមមាន ទី១. គម្រោងពង្រឹងសមត្ថភាពប្រព័ន្ធ​បណ្ដាញ​បញ្ជូនអគ្គិនសីនៅខេត្តព្រះសីហនុ ​ដែលមានទឹកប្រាក់ចំនួន ​៧០លានដុល្លារ និងទី២. គម្រោង​សាងសង់ស្ពានមិត្តភាពកម្ពុជា-កូរ៉េ (ផ្សារចាស់-ជ្រោយចង្វារ-អរិយក្សត្រ) ដែលមាន​ទឹកប្រាក់​ចំនួន ២៤៥ ៩០៩ ០០០ដុល្លារអាមេរិក ។គួរបញ្ជាក់ថា ឥណទានសម្បទាន ​ដែលផ្ដល់ដោយរដ្ឋាភិបាលកូរ៉េនេះ ​នឹងចូលរួមចំណែកដ៏សំខាន់ ដល់​កិច្ចខិតខំប្រឹងប្រែង​របស់រាជរដ្ឋាភិបាលកម្ពុជា​ ក្នុងការពន្លឿន​ការអភិវឌ្ឍសេដ្ឋកិច្ច ព្រមទាំង​ពង្រឹង​បន្ថែមទៀត នូវទំនាក់ទំនងល្អ​ ដែលមានស្រាប់រវាងប្រជាជាតិទាំងពីរ ៕ អត្ថបទ៖ បាន សុខរិទ្ធិ

World Bank​ ព្យាករកំណើនសេដ្ឋកិច្ចកម្ពុជាឆ្នាំ២០២២ ក្នុងរង្វង់៤,៨ភាគរយ

2022/12/07 01:45:52 pm        523
ភ្នំពេញ៖ ធនាគារពិភពលោក ( World Bank ) បានព្យាករកំណើនសេដ្ឋកិច្ចកម្ពុជា ក្នុងឆ្នាំ២០២២នេះ ក្នុងរង្វង់ ៤,៨ភាគរយ ដោយគាំទ្រដោយកំណើននៃការនាំចេញ ​ផលិតផលកាត់ដេរ ស្បែកជើង ផលិតផលធ្វើដំណើរ និងកង់ជាពិសេសកំណើនចំនួនទេសចរអន្តរជាតិចូលទស្សនានៅកម្ពុជា។ក្នុងរបាយការណ៍បច្ចុប្បន្នភាពសេដ្ឋកិច្ចកម្ពុជា ​ក្រោមចំណងជើងថា Navigating Global Economic Headwinds ​ចេញផ្សាយនៅថ្ងៃទី៧ ​ខែធ្នូនេះ ​ធនាគារពិភពលោក លើកឡើងថា ការព្យាករ​កំណើន GDP ពិតប្រាកដរបស់កម្ពុជា ក្នុងរង្វង់ ៤,៨ ​ភាគរយក្នុងឆ្នាំ ២០២២ ដោយផ្អែកលើការ​ងើប​ឡើងវិញនៃសេដ្ឋកិច្ចដែលមានលក្ខណៈទូលំទូលាយជាងមុន។ធនាគារពិភពលោក ​បន្តលើកឡើងថា ​ការកើនឡើងនៃការនាំចេញ-ជាពិសេសសម្លៀកបំពាក់ ស្បែក​ជើងទំនិញធ្វើដំណើរ ​និងការផលិតកង់ ​ការងើបឡើងវិញនៃឧស្សាហកម្មទេសចរណ៍ និង​ការវិលត្រលប់មកវិញនៃលំហូរ ​វិនិយោគដោយផ្ទាល់បរទេស បានជួយទ្រទ្រង់ការងើបឡើងវិញ​នៃ​សេដ្ឋកិច្ចនៅឆ្នាំនេះ។ទោះបីជាសេដ្ឋកិច្ចត្រូវបានគេរំពឹងថា នឹងពង្រីកបន្ថែមទៀតនៅឆ្នាំក្រោយ ដែលត្រូវបានគាំទ្រ​ដោយ​ការ​ស្ទុះងើបឡើងវិញនៃការប្រើប្រាស់ក្នុងស្រុក ​ខណៈដែលអត្រាការងារមានភាពប្រសើរឡើង និង​អតិផរណាធ្លាក់ចុះ​ រួមជាមួយនឹងការចំណាយរប​ស់រាជរដ្ឋាភិបាល​ក្នុងអំឡុងពេលបោះឆ្នោត ការ​ព្យាករ​កំណើនពិតប្រាកដសម្រាប់ឆ្នាំ២០២៣​ ត្រូវបានបន្ទាបមកត្រឹម​ ៥,២ ​ភាគរយដោយសារតែ ទស្សនវិស័យ​សកល​មិនសូវអំណោយផល។ក្នុងរយៈពេលខ្លី សមតុល្យសារពើពន្ធ​ត្រូវបានព្យាករថា នឹងបន្តធ្វើឱ្យមាន​លក្ខណៈធម្មតាឡើងវិញ បន្ទាប់​ពី​កំណើនដ៏រឹងមាំ​ និងការគ្រប់គ្រងប្រាក់​ចំណូល​កាន់​តែប្រសើរឡើង។របាយការណ៍ ដដែល​ លើកឡើងថា អតិផរណាត្រូវបានគេរំពឹងថា នឹងធ្លាក់ចុះដល់ ៤,២ ភាគរយ និង៣​,៨ ភាគរយនៅឆ្នាំ២០២៣ ​និ២០២៤ រៀងគ្នា ​ខណៈភាពក្រីក្រត្រូវបានគេរំពឹងថានឹងធ្លាក់​ចុះដោយសារតែការស្តារសេដ្ឋកិច្ចដែលបាន​ព្យាករ​ និង​អតិផរណាកម្រិតមធ្យម៕ អត្ថបទ៖ វណ្ណៈ 

កម្ពុជា-កូរ៉េ ចុះអនុស្សរណៈយោគយល់គ្នា លើកិច្ចសហការ និងពង្រឹងវិស័យពន្ធដារ

2022/12/07 12:57:36 pm        498
ភ្នំពេញ៖ អគ្គនាយកដ្ឋានពន្ធដារ និងរដ្ឋបាលសារពើពន្ធនៃសាធារណរដ្ឋកូរ៉េ បាន​ចុះអនុស្សរណៈយោគយល់គ្នា ​នៃកិច្ចសហប្រតិបត្តិការបន្ថែម​ លើការអនុវត្តកិច្ចព្រមព្រៀង, ពង្រឹងការ​ផ្លាស់ប្តូរ​ព័ត៌មាន,​ ការផ្តល់វគ្គបណ្តុះបណ្តាល​សម្រាប់មន្ត្រីពន្ធដារ, ការរៀបចំសិក្ខាសាលា​ជួយឱ្យធុរជនកូរ៉េនៅកម្ពុជា, បង្កើនការយល់ដឹងអំពីកាតព្វកិច្ច ​និងអនុលោមភាពពន្ធ។ការចុះអនុស្សរណៈយោគយល់គ្នា ​ធ្វើឡើងនៅក្រោមវត្តមាន ​របស់ឯកឧត្តម គង់ វិបុល រដ្ឋមន្ត្រី​ប្រតិភូអម​នាយករដ្ឋមន្ត្រី​ និងជាប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋាន​ពន្ធដារ ​និងឯកឧត្តម KIM CHANGKI អគ្គនាយកនៃរដ្ឋបាលសារពើពន្ធនៃសាធារណរដ្ឋកូរ៉េ នៅថ្ងៃទី ៦ ខែ ធ្នូ ឆ្នាំ ២០២២។ការចុះអនុស្សរណៈយោគយល់គ្នា ​ផ្តោតទៅលើកត្តាសំខាន់ៗពាក់ព័ន្ធវិស័យពន្ធដាររួមមាន៖ កិច្ច​សហប្រតិបត្តិការបន្ថែមលើការអនុវត្តកិច្ចព្រមព្រៀង (DTA), ពង្រឹងការផ្លាស់ប្តូរព័ត៌មាន (EoI), ការផ្តល់វគ្គ​បណ្តុះបណ្តាលសម្រាប់មន្ត្រីពន្ធដារ​ (GDT) ក្នុងគោលបំណងធ្វើឱ្យប្រសើរឡើង នូវការ​គ្រប់គ្រ​ង​ប្រកបដោយប្រសិទ្ធភាព ​និងសមត្ថភាពនៃការគ្រប់គ្រងពន្ធដារ, ការរៀបចំសិក្ខាសាលា​ជាប្រចាំ ​ដោយអគ្គនាយកដ្ឋានពន្ធដារ ដើម្បីជួយឱ្យធុរជនកូរ៉េ​ ដែលប្រកបធុរកិច្ចនៅកម្ពុជា បង្កើន​ការយល់ដឹងអំពីកាតព្វកិច្ច ​និងអនុលោមភាពពន្ធ ដោយក្នុងនោះអគ្គនាយកដ្ឋានពន្ធដារ មានបំណង​ចង់សិក្សាពីបទពិសោធន៍របស់រដ្ឋបាលសារពើពន្ធនៃសាធារណរដ្ឋកូរ៉េ លើផ្នែកបច្ចេកវិទ្យាព័ត៌មាន​ដូចជា Artificial Intelligence (AI) និង Big Data ជាដើម។ពាក់ព័ន្ធវិស័យពន្ធដារនេះ, កម្ពុជា និងសាធារណរដ្ឋកូរ៉េ​ បានចុះហត្ថលេខាលើកិច្ចព្រមព្រៀង DTA ដោយជោគជ័យលើចុះហត្ថលេខា ​ចាប់ផ្តើមពីថ្ងៃទី ២៥ ខែវិច្ឆិកា ​ឆ្នាំ២០១៩ ​ដល់ថ្ងៃទី ១ ខែ មករា ឆ្នាំ ២០២២ ។ កិច្ចព្រមព្រៀងទ្វេភាគីនោះ បាននាំមកនូវផលប្រយោជន៍យ៉ាងច្រើន​ដល់អ្នកជាប់ពន្ធ និងអ្នក​វិនិយោគនៃប្រទេសទាំងពីរ បច្ចុប្បន្នក្រុមហ៊ុនកូរ៉េចំនួន ​១៩ នៅក្នុងព្រះរាជាណាចក្រកម្ពុជា បាន​កំពុងទទួលបានអត្ថប្រយោជន៍ពី DTA ហើយលើសពីនេះទៀត ​មានក្រុមហ៊ុនកូរ៉េជាច្រើន បាន​បន្តស្នើសុំអត្ថប្រយោជន៍ពី DTA  គិតត្រឹមខែ វិច្ឆិកា ឆ្នាំ២០២នេះ សរុបមានចំនួន ៣៦ សំណើរ៕អត្ថបទ៖ សុន រ៉ាឌី

ADB អនុម័តប្រាក់កម្ចី៥០លានដុល្លា ដើម្បីគាំទ្រដល់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការធ្វើពិពិធកម្មសេដ្ឋកិច្ច

2022/12/06 03:04:41 pm        658
ភ្នំពេញ៖ នៅថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២២ ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានអនុម័តប្រាក់កម្ចី​ផ្អែកលើគោលនយោបាយចំនួន៥០លានដុល្លារ សម្រាប់កម្មវិធីពាណិជ្ជកម្ម និងសមត្ថភាពប្រកួតប្រជែង ដើម្បីគាំទ្រដល់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការធ្វើពិពិធកម្មសេដ្ឋកិច្ច និងជំរុញសមត្ថភាពប្រកួតប្រជែងជាសកលរបស់ប្រទេស។ កម្មវិធីនេះនឹងគាំទ្រដល់ការស្តារសេដ្ឋកិច្ចក្រោយកូវីដ១៩ របស់កម្ពុជាតាមរយៈការជួយ ដល់​កំណែទម្រង់របស់រាជរដ្ឋាភិបាល ដើម្បីបង្កើនការវិនិយោគ និងបរិយាកាសធុរកិច្ច ជំរុញកំណើនសហគ្រាសខ្នាតតូចនិងមធ្យម (MSMEs) និងកែលម្អគោលនយោបាយពាណិជ្ជកម្ម និងកិច្ចសម្រួលពាណិជ្ជកម្ម។សេដ្ឋវិទូជាន់ខ្ពស់របស់ ADB លោក Sion L. Morton មានប្រសាសន៍ថា «ជំងឺរាតត្បាតកូវីដ១៩ បានជះឥទ្ធិពលយ៉ាងធ្ងន់ធ្ងរដល់វិស័យសំខាន់ៗនៃសេដ្ឋកិច្ចកម្ពុជា ​ដូចជាវិស័យកាត់ដេរ ផលិតស្បែកជើង ​និងវាយនភណ្ឌ ក៏ដូចជាវិស័យទេសចរណ៍ និងសំណង់។ កំណែទម្រង់ក្រោមកម្មវិធីនេះនឹងជួយដល់គោលដៅស្តារឡើងវិញក្រោយជំងឺរាតត្បាតរបស់កម្ពុជា ដោយត្រួសត្រាយផ្លូវសម្រាប់អាជីវកម្មរីកចម្រើន ​និងឈានទៅរកផ្នែកតម្លៃបន្ថែមកាន់តែខ្ពស់ និង​សម្របខ្លួនទៅនឹងទិដ្ឋភាពពាណិជ្ជកម្មដែលកំពុងផ្លាស់ប្តូរ»។កម្មវិធីពាណិជ្ជកម្ម និងសមត្ថភាពប្រកួតប្រជែង នឹងជួយកែលម្អបរិយាកាសធុរកិច្ចទាំងមូលសម្រាប់​ក្រុម​ហ៊ុនក្នុងស្រុក និងក្រុមហ៊ុនបរទេស។ ​ទាក់ទងនឹងអនុកម្មវិធីដំបូងនេះ រាជរដ្ឋាភិបាល​បានអនុម័តច្បាប់វិនិយោគថ្មី ​ដើម្បីផ្តល់កិច្ចការពារផ្លូវច្បាប់សម្រាប់អ្នកវិនិយោគ រួមទាំងអ្ន​ក​វិនិយោគ​នៅក្នុងតំបន់សេដ្ឋកិច្ចពិសេស និងបានធ្វើឱ្យប្រសើរឡើងនូវផតថលអាជីវកម្មតាមអ៊ីនធឺណិត ដើម្បី​អាចឱ្យការចេញអាជ្ញាប័ណ្ណ​អាជីវកម្មឌីជីថលឯកទេសបានទាន់ពេលវេលា។កម្មវិធីនេះគាំទ្រដល់ការអភិវឌ្ឍន៍ និងការធ្វើពិពិធកម្ម MSMEs ធ្វើអោយប្រសើរឡើងនូវ​លទ្ធភាព​ទទួលបានហិរញ្ញវត្ថុ និងការបង្កើតទីផ្សារថ្មីសម្រាប់ពួកគេ។ វារួមបញ្ចូលទាំងការសម្រួលនិយមន័យ​ផ្លូវ​ច្បាប់​នៃសហគ្រាសធុនតូច និងមធ្យម និងដាក់ចេញកញ្ចប់ជំនួយដែលផ្តល់មូលនិធិ​ដោយ​រាជរដ្ឋាភិបាលដើម្បីផ្តល់ជំនួយ ​និងជំនួយបច្ចេកទេសដល់សហគ្រាសធុនតូច និងមធ្យមនៅក្នុងឧស្សាហកម្មអាទិភាពដែលមានការចូលរួមពីស្ត្រីច្រើន។កម្មវិធីនេះក៏នឹងជួយកម្ពុជាធ្វើឱ្យប្រសើរឡើងនូវការអនុវត្តកិច្ចព្រមព្រៀងពាណិជ្ជកម្មក្នុងតំបន់ និងពង្រឹង​ការងារសម្របសម្រួលពាណិជ្ជកម្ម ដើម្បីផ្តល់ឱកាសកាន់តែច្រើនសម្រាប់​ធុរកិច្ចកម្ពុជា​ក្នុងការនាំចេញទំនិញរបស់ពួកគាត់។ ​ទាក់ទងនឹងកំណែទម្រង់ ​ក្រោមអនុកម្មវិធីទី១នេះ រាជរដ្ឋាភិបាលបានបង្កើតគណៈកម្មាធិការជាតិកិច្ចសម្រួលពាណិជ្ជកម្ម និងអនុម័តផែនទីបង្ហាញផ្លូវថ្នាក់ជាតិស្តីពីការសម្រួលពាណិជ្ជកម្ម៕

PATA និងក្រុមហ៊ុនទេសចរណ៍៥ប្រទេស ដើរព្យុះហយាត្រាឡើងភ្នំប្រាសាទព្រះវិហារ ផ្សព្វផ្សាយទេសចរណ៍

2022/12/05 12:45:05 pm        308
ព្រះវិហារ៖ ដោយមានការគាំទ្រពីក្រសួងទេសចរណ៍ ក្រសួងបរិស្ថាន និងក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងអាជ្ញាធរមូលដ្ឋាន នៅថ្ងៃទី៤ ខែធ្នូ ចុងសប្តាហ៍កន្លងមកនេះ សមាគម PATA ប្រចាំនៅកម្ពុជា សមាគមទេសចរណ៍ប្រទេសថៃ និងក្រុមហ៊ុនទេសចរណ៍ចំនួន៥ប្រទេសទៀត បានរួមគ្នាធ្វើព្យុះហយាត្រាដើម្បីផ្សព្វផ្សាយបេតិកភណ្ឌ​ជាលើកដំបូង ​ដើរថ្មើរជើងចម្ងាយផ្លូវ៧ គ.ម ឡើងភ្នំទៅកាន់ប្រាសាទព្រះវិហារ។បើតាមលោក ធួន ស៊ីណាន សមាគមទេសចរណ៍អាស៊ីប៉ាស៊ីភិច PATA ប្រចាំនៅកម្ពុជា ថ្លែងថា ការធ្វើ​ព្យុះហយាត្រាក្នុងចំណោមអ្នកចូលរួមជាតិអន្តរជាតិប្រមាណជិត ៣០០នាក់ ​ដើរថ្មើរ​ជើង​ឡើងភ្នំទៅកាន់​ប្រាង្គប្រាសាទព្រះវិហារនេះ គឺធ្វើឡើងក្នុងគោលបំណង​ពង្រឹងកិច្ចទំនាក់ទំនង​សមាគម ​និងក្រុមហ៊ុននានាក្នុងវិស័យទេសចរណ៍នៅកម្ពុជា និងមកពីថៃ មីយ៉ាន់ម៉ា ឥណ្ឌូនេស៊ី អេស្ប៉ាញ និងប្រទេសនានាទៀត​ ដើម្បីផ្សព្វផ្សាយគោលដៅទេសចរណ៍ខេត្តព្រះវិហារ និងការរៀបចំកញ្ចប់ទេសចរណ៍មកទស្សនាខេត្តព្រះវិហារឲ្យមានកំណើនឡើងវិញ។អ្នកចូលរួមដើរឡើងភ្នំប្រាសាទព្រះវិហារនៅក្នុងប្រទេសកម្ពុជា និងមកពីប្រទេសថៃ បានថ្លែងថា នៅក្រោយការរៀបចំព្រឹត្តិការណ៍ព្យុះហយាត្រា ​ដើម្បីបេតិកភណ្ឌនេះ គឺនឹងរួមគ្នា ខិតខំព្យាយាម​ផ្សព្វផ្សាយ​ទេសចរជាតិអន្តរជាតិមកទស្សនាប្រាសាទព្រះវិហារ និងប្រាសាទបុរាណ​នានាទៀតនៅកម្ពុជា។ឯកឧត្តម គង់ ពុទ្ធិការ អគ្គនាយកអាជ្ញាធរជាតិព្រះវិហារ ថ្លែងថា ​នេះជាលើកដំបូងហើយ ដែល​ប្រាសាទព្រះវិហារ​ បានទទួលកម្មវិធីព្យុះហយាត្រា ​ដើរថ្មើរជើងឡើងទៅកាន់ប្រាសាទព្រះវិហារ ហើយ​តាមរយៈការព្រឹត្តិការណ៍នេះ ​នឹងទាញបាននូវអត្ថប្រយោជន៍ជាច្រើន​ ជាពិសេស ការផ្សព្វផ្សាយគោលដៅទេសចរណ៍​ប្រាសាទព្រះ​វិហារមកទស្សនាកាន់តែច្រើន។លោក គង់ វិបុល ប្រធានមន្ទីរទេសចរណ៍ខេត្តព្រះវិហារ ​ថ្លែងថា ក្នុងរយៈពេល ១០ខែ​ ឆ្នាំ២០២២នេះ ខេត្តព្រះវិហារមានភ្ញៀវទេសចរក្នុងស្រុកទៅទស្សនាជិត ​៣០ម៉ឺននាក់ ដោយភ្ញៀវអន្តរជាតិ​មក​ទស្សនាមានប្រមាណតែ ៦០០០នាក់ប៉ុណ្ណោះ៕អត្ថបទ ស៊ុម សុខជា

ទំហំពាណិជ្ជកម្មរវាងកម្ពុជា-ថៃ រំពឹងកើនឡើងជាង ១០ពាន់លានដុល្លារ នៅឆ្នាំក្រោយ

2022/12/05 12:18:44 pm        224
ភ្នំពេញ៖ ប្រធានសមាគមពាណិជ្ជកម្មថៃនៅកម្ពុជា រំពឹងថា ការធ្វើពាណិជ្ជកម្មកម្ពុជា-ថៃ នៅឆ្នាំ២០២៣ នឹងមានទំហំកើនឡើងជាង ១០ពាន់លានដុល្លារ ខ្ពស់ជាងឆ្នាំ ២០២២ ក្នុងរង្វង់​ប្រមាណពីរ ១០ ទៅ ១៥% ខណៈប្រតិបត្តិអាជីវកម្ម ​ពាណិជ្ជកម្មប្រទេសទាំងពីរ បានកំពុងងើប​ល្អ​ប្រសើរឡើងវិញ។លោកស្រី ជីរ៉ាណាន់ វង្សមង្គល ប្រធានសមាគមពាណិជ្ជកម្មថៃនៅកម្ពុជា លើកឡើងនៅក្នុង​ថ្ងៃពិធី​ប្រារព្ធ​ថ្ងៃបុណ្យជាតិ ​នៃព្រះរាជាណាចក្រថៃ នៅចុងសប្តាហ៍នេះមកថា ​នៅក្នុងពិធីថ្ងៃបុណ្យជាតិនេះ ក្រៅពីការរំលឹកដល់​ព្រះ វិញ្ញាណ​នៃការយាងសោយទីមង្គត ព្រះមហាក្សត្រ ព្រះចៅ ភូមិបុល អាឌុលយ៉ាដេត ក៏ជាពិធីជួបជុំក្រុមធុរកិច្ច អ្នកធ្វើអាជីវកម្មនៅក្នុងព្រះរាជាណាចក្រកម្ពុជា ដែលជាពេលវេលាមួយយ៉ាងល្អ ដើម្បីពិភាក្សា ពិគ្រោះយោបល់ រវាងគ្នាទៅវិញទៅមក និងការផ្លាស់ប្តូរបទពិសោធន៍ផ្សេងៗ ដើម្បីស្ថាបនាលើចំណុចខ្វះខាត ក្នុងគោលដៅជម្រុញលើការធ្វើពាណិជ្ជកម្មប្រកបដោយជោគជ័យ។លោកស្រី បន្តថា ជុំវិញការធ្វើការធ្វើពាណិជ្ជកម្មនេះ នៅមុនវិបត្តិនៃការរីករាលដាលជំងឺកូវីដ ១៩ ការធ្វើពាណិជ្ជកម្មនៃប្រទេសទាំងពីរ​ បានបន្តងើបឡើងយ៉ាងល្អ តែបន្ទាប់ពីស្ថានភាព​នៃ​ការ​ទប់ស្កាត់​ការរីករាលដាលជំងឺកូវីដ ១៩ ​ដែលរាជរដ្ឋាភិបាលកម្ពុជា ​បានទប់ស្កាត់យ៉ាងល្អប្រសើរ និងប្រកបដោយទំនុកចិត្តខ្ពស់​ បច្ចុប្បន្នវិនិយោគិនថៃបានចូលមកកម្ពុជា ​ជាបន្តបន្ទាប់ ដើម្បី​ស្វែងរក​ទីផ្សារ និងពង្រីកអាជីវកម្មថ្មីៗបន្ថែម។​ ចំណែកលំហូរទំនិញ ក៏បានកំពុងប្រតិបត្តិការជា​ធម្មតាឡើងវិញ។សូមបញ្ជាក់ថា នៅក្នុងរយៈពេល ១០ ខែ ឆ្នាំ ២០២២ នេះ បើតាមទិន្នន័យក្រសួងពាណិជ្ជកម្មថៃ ការ​ធ្វើការធ្វើពាណិជ្ជកម្មកម្ពុជា-ថៃ ​មានទំហំសរុបជាង ៨ ៥០០​ លានដុល្លាសហរដ្ឋអាមេរិក ក្នុងនោះ​កម្ពុជានាំចេញទៅប្រទេសថៃ មានទំហំជិត ១ ​ពាន់លានដុល្លារ​ និងថៃនាំចូលមកវិញ មានចំនួនជាង ៧ ពាន់លានដុល្លារ​៕អត្ថបទ៖ សុន រ៉ាឌី

កម្ពុជាកំពុងជំរុញការនាំចេញស្វាយស្រស់ទៅប្រទេសកូរ៉េ

2022/12/05 12:05:22 pm        554
ភ្នំពេញ៖ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងភាគីពាក់ព័ន្ធ កំពុងបន្តនីតិវិធីលើការ​នាំ​ចេញ​ផ្លែស្វាយស្រស់ទៅកាន់ទីផ្សារប្រទេសកូរ៉េខាងត្បូង ​ខណៈកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី​ទ្វេភាគី​រវាង​ប្រទេសទាំងពីរ ​បានចូលជាធរមាន។ ឯកឧត្តម ហ៊ាន វណ្ណហន រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ កាលពីសប្តាហ៍​កន្លង​ទៅនេះ ក្នុងឱកាសអញ្ញើញចូលរួមក្នុងពិធីបើកសិក្ខាសាលា ការនាំចេញផលិតផលចំណី​អាហារ​ទៅកាន់ទីផ្សារក្រៅប្រទេស ​បានមានប្រសាសន៍ថា អស់រយៈពេលប្រមាណជិត ១០ឆ្នាំហើយ ដែលកម្ពុជាបានសម្រេចការចចារ សម្រាប់ការនាំផ្លែស្វាយចេញទៅកាន់កូរ៉េខាងត្បូង ប៉ុន្តែតាំង​ពីពេល​នោះមក រហូតមកដល់ពេលនេះ ផ្លែស្វាយកម្ពុជានៅតែមិនទាន់សម្រេចបានជាលទ្ធផល​ក្នុងការនាំចេញ ដោយសារវិស័យឯកជន មិនទាន់អាចធ្វើទៅបានលើហេដ្ឋារចនាសម្ព័ន្ធ​ឡចំហាយ​ទឹកក្តៅដើម្បីរំងាប់ពងដង្កូវនៅក្នុងផ្លែស្វាយ។បើតាមអ្នកជំនាញនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដំណើរការដែលកម្ពុជា​នឹងអាចនាំ​ផ្លែស្វាយ​ស្រស់ចេញទៅកាន់ទីផ្សារកូរ៉េខាងត្បូងបាន​ តម្រូវឲ្យចម្ការស្វាយមានទីតាំងវេចខ្ចប់ ឃ្លាំង​ត្រជាក់ និងកន្លែងធ្វើប្រព្រឹត្តកម្មភូតគាមអនាម័យ។ មន្រ្តីជំនាញរូបនេះ​ បានឲ្យដឹងទៀតថា ប្រទេសកូរ៉េ ទទួលយកតែតាមរយៈការដាំដុះ ការថែទាំ ប្រមូល​ផល ការកម្ចាត់សមាសភាពចង្រៃ​ និងវេចខ្ចប់ឲ្យបានត្រឹមត្រូវ និងស្របតាមស្តង់ដារកំណត់។ យោងតាមរបាយការណ៍របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់​ និងនេសាទ បានឲ្យដឹងថា គិតក្នុង​រយៈពេល ១០ខែ ឆ្នាំ២០២២នេះ ​ការនាំចេញផ្លែស្វាយស្រស់ពីកម្ពុជាទៅទីផ្សារក្រៅស្រុក សម្រេចបាន​ចំនួនប្រមាណ ១៣,៨ម៉ឺនតោន មានការធ្លាក់ចុះជាង ៣១% ប្រៀបធៀបរយៈពេលដូច​គ្នា​ឆ្នាំ២០២១។ ក្នុងនោះ មាននាំចេញទៅប្រទេសវៀតណាម ចិន ថៃ ជប៉ុន រុស្ស៉ី សហរដ្ឋអាម៉េរិក កាហ្សាក់ស្ថាន និងហុងកុង -ល-៕អត្ថបទ៖ ឈិត បូរ៉ាវី

ឯកឧត្តម ស៊ុយ សែម ប្រកាសផ្អាកផ្ដល់អាជ្ញាប័ណ្ណរ៉ែថ្មសំណង់ នៅទូទាំងប្រទេស

2022/12/02 12:38:17 pm        283
ភ្នំពេញ៖ ឯកឧត្តម ស៊ុយ សែម រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល បានប្រកាសថា ចាប់ពីថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២២នេះ ផ្អាកផ្ដល់អាជ្ញាប័ណ្ណ ការធ្វើអាជីវកម្មរ៉ែថ្មសំណង់ ​នៅទូទាំងប្រទេស ខណៈអាជីវកម្មមួយនេះ ​កំពុងប្រឈមនឹងបញ្ហាទីផ្សារ ។ក្នុងពិធីបើកសិក្ខាសាលាស្តីពី ការផ្សព្វផ្សាយលិខិតបទដ្ឋាន​គតិយុត្ត ​ពាក់ព័ន្ធនឹងការធ្វើ​ប្រតិបត្តិការរ៉ែថ្មសំណង់ ​និងការប្រកាសស្តីអំពីការបង្កើតសមាគមអ្នកផលិតថ្មសំណង់កម្ពុជា នៅថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២២ រដ្ឋមន្ត្រីក្រសួងរ៉ែ បានមានប្រសាសន៍ថា​ បច្ចុប្បន្ននេះ អាជីវកម្មថ្មសំណង់ កំពុងមានចំនួនលើសលុប ​ធ្វើឲ្យលើសតម្រូវការទីផ្សារ ដែលវាបានប៉ះពាល់ដល់អ្នកធ្វើ​អាជីវកម្ម​វិស័យនេះ ។ឯកឧត្តម បានបន្តថា ដូចនេះហើយ ដើម្បីសម្រួលដល់បញ្ហានេះ​ ក្រសួងរ៉ែ និងថាមពល សម្រេច​ផ្អាកការផ្ដល់អាជ្ញាប័ណ្ណការធ្វើអាជីវកម្មរ៉ែថ្មសំណង់បន្ថែមទៀតមួយរយៈសិន តែសម្រាប់លិខិត​បែបបទស្នើសុំដាក់ដល់ក្រសួងហើយនោះ​ ត្រូវអនុញ្ញាតឲ្យចេញអាជ្ញាប័ណ្ណ ហើយលិខិត​មិនទាន់​ដល់ក្រសួង ត្រូវបានផ្អាក​ និងពេលមានតម្រូវការពេលណា នឹងប្រកាស​អនុញ្ញាត​ឡើងវិញ ។ឯកឧត្តម ស៊ុយ សែម បន្ថែមថា ​នៅកម្ពុជាទោះបីជាសម្បូរទៅដោយភ្នំ ​ប៉ុន្តែមានតែខេត្តកំពង់ស្ពឺទេ ដែល​មានថ្មភ្នំល្អ អាចយកមកធ្វើសំណង់បាន ​ខណៈខេត្តផ្សេងៗទៀតមានតិចតួចប៉ុណ្ណោះ ហើយរាល់អាជីវកម្មរ៉ែថ្មសំណង់ទាំងអស់​ ត្រូវរៀបចំថ្មឲ្យមានគុណភាពល្អ ដើម្បីយកទៅ​ប្រើប្រាស់​ធ្វើសំណងផ្សេងៗបានយូរឆ្នាំ ព្រោះថា រាល់រ៉ែទាំងអស់ ដែលកាយយកមកហើយ មិនមានកកើតឡើងវិញនោះទេ ។ជាមួយគ្នានេះ រដ្ឋមន្ត្រីក្រសួងរ៉ែ បានប្រកាសទទួលស្គាល់សមាគមអ្នកផលិតថ្ម​សំណង់កម្ពុជា រួមទាំង​បានអំពាវនាវ ​ដល់អ្នកធ្វើអាជីវកម្មរ៉ែថ្មសំណង់ ចូលរួមក្នុងសមាគម​នេះទាំងអស់គ្នា​នៅ​ទូទាំង​ប្រទេស ហើយកុំមានការបង្កើតសមាគមនៅតែខេត្តនីមួយៗទៀត ។លោកឧកញ៉ាវេជ្ជបណ្ឌិត តាន់ គឹមមេង​ ប្រធានសមាគមអ្នក​ផលិតថ្មសំណង់កម្ពុជា បាន​លើកឡើងថា ​ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ​ជាពិសេសខេត្តជិតៗរាជធានីភ្នំពេញ បាន​ប្រឈមមុខនូវបញ្ហាធំៗមួយចំនួន ​ដែលតម្រូវឲ្យអ្នកផលិតថ្មសំណង់មួយចំនួន ខាតមិនអាច​ឈរជើង​ដល់ការផ្អាក ឬឈប់សកម្មភាពផលិត ​ព្រោះមានការប្រកួតប្រជែងតម្លៃទីផ្សារខ្លាំងពេក ។លោក ឧកញ៉ា បញ្ជាក់ថា ពាក់ព័ន្ធនឹងបញ្ហានេះហើយ ​ទើបនាំឲ្យមានបង្កើតនូវសមាគមនេះឡើង ហើយសមាជិកសមាគមទាំងអស់ ​នឹងគោរពច្បាប់ ​បទដ្ឋានគតិយុត្ត​ ក្នុងការផលិត ឬយក​រ៉ែ​ថ្មសំណង់ ​និងសាចរណែនាំរបស់ក្រសួងរ៉ែ និងថាមពល ៕ អត្ថបទ បាន សុខរិទ្ធិ

កម្ពុជាចម្រាញ់មាសសរុបបានជិត ៥តោនហើយ គិតមកដល់ចុងខែវិច្ឆិកានេះ

2022/12/01 02:51:09 pm        801
ភ្នំពេញ៖ ក្រុមហ៊ុនកំពុងធ្វើអាជីកម្មរ៉ែមាស នៅព្រះរាជាណាចក្រកម្ពុជា មានចំនួន ៤ ចម្រាញ់​មាសសរុបបានជិត ៥តោនហើយ គិតមកដល់ចុងខែ វិច្ឆិកា ឆ្នាំ ២០២២ នេះ នៅក្នុងប្រតិបត្តិការរុករក និងការចម្រាញ់រ៉ែមាសរបស់ខ្លួន។ឯកឧត្តម ស៊ុយ សែម រដ្ឋមន្រ្តីក្រសួងរ៉ែ និងថាមពល​ លើកឡើងនៅក្នុង ពិធីសំណេះ​សំណាល​ជាមួយនិវត្តជន​ នៃក្រសួងរ៉ែនិងថាមពល នៅថ្ងៃទី ៣០ ខែវិច្ឆិកា ឆ្នាំ២០២២ នេះថា ជុំវិញ​ការធ្វើអាជីវកម្មរ៉ែមាសនេះ ក្នុងរយៈពេល ២ ទៅ ៣ឆ្នាំ ​ចុងក្រោយនេះ ក្រុមហ៊ុនដែល​ទទួល​បាន​អាជ្ញាប័ណ្ណពីក្រសួង​បានឈានទៅធ្វើអាជីវកម្មជាបណ្តើរៗ ​នៅតាមតំបន់ទីតាំងផ្សេងៗគ្នា ជា​លក្ខណៈឧស្សាហកម្មខ្នាតតូចផង ​និងជាឧស្សាហកម្មខ្នាតធំផង។ទាក់ទងអាជីវកម្មរ៉ែមាសនេះ​ គិតមកដល់ចុងខែវិច្ឆិកា ឆ្នាំ ២០២២ ក្រុមហ៊ុនចំនួន ៤ ដែលកំពុង​ប្រតិបត្តិធ្វើ​អាជីវកម្ម​ចម្រាញ់មាស ​សរុបបានជិត ៥ ​តោនមាសរួចហើយ ក្នុងនោះក្រុមហ៊ុន Xing Yuan Kanng Yeak ​ចម្រាញ់មាសបានចំនួន ២២ គីឡូក្រាម, ក្រុមហ៊ុន Xinshan Industrial Cambodia បាន ៤៥ គីឡូក្រាម, ក្រុមហ៊ុន Delcom Kampuchea ចំនួន ១៦០ គីឡូក្រាម ដោយក្រុមហ៊ុនទំាងបី​នេះ​ចម្រាញ់​ចេញជាមាសទឹក១០ ។ ​ចំណែកក្រុមហ៊ុន Renaissance Minerals Investment ដែល​ជា​ក្រុមហ៊ុនឧស្សាហកម្មខ្នាតធំ ចម្រាញ់មាសទឹក ៩ ​បានចំនួនប្រមាណ ៤ ៥៩៨ គីឡូក្រាមផងដែរ។សូមបញ្ជាក់ថា៖ ក្រុមហ៊ុនដែលកំពុងធ្វើអាជីវកម្មរ៉ែមាសទាំង៤ ខាងលើ ​ក្នុងនោះ Renaissance Minerals Investment មានទីតាំងធ្វើអាជីវកម្ម និងចម្រាញ់មាស ​ស្ថិតនៅតំបន់អូរខ្វាវ ឃុំចុងផ្លាស់ ស្រុកកែវសីមា ​ខេត្តមណ្ឌលគីរី, ក្រុមហ៊ុន Xinshan Industrial Cambodia តំបន់ភ្នំម្លុង ឃុំរមទម ស្រុករវៀង ​ខេត្តព្រះវិហារ, ក្រុមហ៊ុន Xing Yuan Kanng Yeak នៅតំបន់អូរខ្លិកខ្លក់​ ស្រុកសំបូរ ខេត្តក្រចេះ, ​និងក្រុមហ៊ុន Delcom Kampuchea មានទីតាំងនៅតំបន់ភ្នំអន្លុង ​ស្រុករវៀង ខេត្តព្រះវិហារ៕អត្ថបទ៖ សុន រ៉ាឌី

សម្ដេចតេជោ៖ ក្រុមហ៊ុន TOYOTA នឹងដំឡើងរោងចក្រនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ

2022/12/01 01:49:44 pm        271
ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន បញ្ជាក់ឲ្យដឹងថា ក្នុងពេលខាងមុខនេះ កម្ពុជានឹងទទួល​បាន​រោងចក្រផ្គុំ និងដំឡើងរថយន្តរបស់ក្រុមហ៊ុន តូយូតា ថ្មីមួយទៀត នៅក្នុងតំបន់សេដ្ឋកិច្ច​ពិសេស​រ៉ូយ៉ាល់គ្រុបភ្នំពេញ ដែលកត្តាទាំងនេះ ​គឺបានកើតចេញពីកត្តានៃសន្តិភាព។សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា មាន​ប្រសាសន៍​លើកឡើងនៅក្នុងពិធីអបអរសាទរខួប១១ឆ្នាំ​ នៃប្រតិបត្តិការរបស់ក្រុមហ៊ុនមីនេបៀ Minebea(Cambodia) នៅថ្ងៃទី ១ ខែធ្នូ ឆ្នាំ២០២២ នេះថា ពាក់ព័ន្ធបញ្ហាហេដ្ឋារចនាសម្ព័ន្ធ, បញ្ហា​ធនធាន​មនុស្ស ​និងទាក់ទងបញ្ហាតម្លៃ​អគ្គិសនី ​រាជរដ្ឋាភិបាល​បាន​ដោះស្រាយ​រួចហើយ ប៉ុន្តែរឿង​ដែល​ធំជាងគេ​ គឺត្រូវតែថែរក្សា​សន្តិភាព​ឲ្យបាន​ ទើបកម្ពុជាអាចរក្សាបណ្តាក្រុមហ៊ុន​ដែលកំពុង​មានស្រេច​ និង​ការទាក់ទាញក្រុម​ហ៊ុនថ្មីៗ​មកវិនិយោគនៅកម្ពុជាបន្ថែម ។ទាក់ទង​ការដំឡើងរថយន្តនេះ, ​សម្ដេចតេជោ ​ហ៊ុន សែន ​បន្តឲ្យដឹងថា នៅពេលជួប​សន្ទនា​រវាង​សម្ដេច ​និងនាយករដ្ឋមន្រ្តីជប៉ុន ​គឺឯកឧត្តម ​ហ៊្វូមីអូ គីស៊ីដា ​នៅទីក្រុងតូក្យូ ​ក្នុងពេលសម្តេច​អញ្ជើញ​បុណ្យសព​ អតីត​នាយករដ្ឋមន្រ្តី ​ឯកឧត្តម ហ្ស៊ិនស៊ូ ​អាបេ ​ក្នុងនោះ​ឯកឧត្តម ​ហ៊្វូមីអូ ​គីស៊ីដា ស្នើឲ្យ​កម្ពុជាគាំទ្រ​នៃគម្រោងបង្កើតផ្គុំ ​និងដំឡើងរថយន្ត ។ សម្ដេចតេជោ បន្ថែមថា ដូច្នេះនៅមិនឆ្ងាយពីរោងចក្រ ​Minebea(Cambodia) គឺនឹងមាន​រោងចក្រផ្គុំ និង​ដំឡើងរថយន្ត តូយ៉ូតា ​ថ្មីមួយទៀតកើតនៅក្នុងតំបន់នេះ ។សម្តេចតេជោ ​នាយករដ្ឋមន្ត្រី ​បានបញ្ជាក់ថា ជុំវិញការផ្គុំ ​និងដំឡើងរថយន្តនេះ កម្ពុជាទទួល​បាន​ក្រុមហ៊ុនមួយចំនួនរួចហើយដូចជា ​ក្រុមហ៊ុនផ្គុំ ​និងដំឡើងរថយន្ត Hyudai ​នៅខេត្តកុងកោះ ក្រុមហ៊ុន RMA Cambodia ផ្គុំ ​និងដំឡើងរថយន្ត FORD​ នៅខេត្តពោធិ៍សាត់, ​គម្រោងដំឡើងរថយន្ត ISUZU របស់ក្រុមហ៊ុន K (CAMBODIA) CO., LTD នៅខេត្តកំពង់ស្ពឺ ​និងក្នុងពេលខាងមុខនេះ កម្ពុជា​នឹងមានរោងចក្រផ្គុំ និងដំឡើងរថយន្តថ្មីមួយរបស់ក្រុមហ៊ុន តូយូតា ​ដែលកត្តាទាំងអស់នេះ កម្ពុជា​មិន​ត្រឹមពង្រីកក្រុមហ៊ុនដែលមានស្រាប់នៅទីនេះទេ ​គឺកម្ពុជាទាក់ទាញ​បានក្រុមថ្មីៗ​ជាច្រើនទៀត ឲ្យ​មកបណ្តាក់ទុនជាបន្តបន្ទាប់៕អត្ថបទ៖ សុន រ៉ាឌី

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

TOP STORY | ឯកឧត្តម ហេង រតនា៖ ចោរសៀមចិញ្ចឹមចិត្ត បើអញលួចប្លន់ប្រាសាទព្រះវិហារមិនបានទេ គឺត្រូវបំផ្លាញ និងកម្ទេចចោលតែម្តង!
07/26/2025 11:07 PM
TOP STORY | ក្រសួងការពារជាតិកម្ពុជា ប្រកាសច្រានចោល និងថ្កោលទោសយ៉ាងដាច់អហង្ការ ចំពោះការចោទប្រកាន់មិនពិត និងមានចរិតព្យាបាទពីសំណាក់ថៃ
07/26/2025 09:07 PM
TOP STORY | អ្នកនាំពាក្យសម្ដេចតេជោ៖ ថ្ងៃទី៣នៃសត្រូវឈ្លានពាន តេជោសែន បន្តផ្តល់ប្រឹក្សាយុទ្ធសាស្រ្តយោធាដល់សម្តេចធិបតី និងបណ្តាមេទ័ពដើម្បីវាយខ្មាំងដោយភាពហានក្លា
07/26/2025 08:07 PM
ឯកឧត្តម ឌិត ទីណា បន្តសួរសុខទុក្ខប្រជាពលរដ្ឋជម្លៀសពីតំបន់ព្រំដែនអូរបីជាន់
07/26/2025 06:07 PM
ក្រុមយុវជននាំគ្នារៀបចំចម្អិនម្ហូបជូនជនភៀសសឹក ដែលគេចពីតំបន់សមរភូមិវាយប្រហាររបស់កងទ័ពថៃ ក្នុងខេត្តឧត្តរមានជ័យ
07/26/2025 06:07 PM
សិក្ខាកាមវគ្គអប់រំនយោបាយកម្រិត១វគ្គជំនាន់៨១របស់គណបក្សប្រជាជនកម្ពុជានាំយកអំណោយចែកជូននគរបាលការពារបេតិកភណ្ឌប្រាសាទព្រះវិហារ
07/26/2025 05:07 PM
ប្រធាន IAEA ត្រូវលើកទឹកចិត្តដោយការសម្រេចចិត្តរបស់អ៊ីរ៉ង់ ឲ្យមកទស្សនកិច្ចប្រទេសនេះ នៅប៉ុន្មាន សប្តាហ៍ខាងមុខ
07/26/2025 05:07 PM
មនុស្សយ៉ាងតិច ៨នាក់ បានស្លាប់ និង ១៣នាក់ បានរងរបួស នៅក្នុងការវាយប្រហារ «ភេរវកម្ម» នៅភាគអាគ្នេយ៍អ៊ីរ៉ង់
07/26/2025 05:07 PM
ខ្មែរជួយខ្មែរ៖ ក្រសួងកសិកម្ម បន្តនាំយកបន្លែចំនួន ៣តោនបន្ថែមទៀតជូនប្រជាពលរដ្ឋនៅជំរុំភៀសសឹកខេត្តឧត្ដរមានជ័យ
07/26/2025 05:07 PM
ប្រជាជនប៉ាឡេស្ទីនដែលបានភៀសខ្លួន ប្រឈមនឹងការបំភិតបំភ័យ និងការវាយប្រហារជាថ្មី នៅពេលទៅទទួលជំនួយ
07/26/2025 05:07 PM