វិស័យដឹកជញ្ជូននៅកម្ពុជាមានភាពមមាញឹកជាងមុន ស្របពេលតម្លៃ​ប្រេង​ឥន្ធនៈ​លើ​ទីផ្សារ​មាន​ស្ថិរភាព​ល្អ
ជប៉ុនស្វែងយល់ពីទិដ្ឋភាពទូទៅនៃគោលនយោបាយរបស់កម្ពុជា លើការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច
ឯកឧត្តម ឌិត ទីណា បន្តដំណើរចុះជួបសំណេះសំណាលជាមួយសហគមន៍ទំនើបស្វាយចន្ទីភ្នំគូលែន នៅខេត្តសៀមរាប
កម្ពុជាផ្សព្វផ្សាយជាផ្លូវការ របាយការណ៍​វឌ្ឍនភាព​នៃ​ការ​អនុវត្ត​វិធានការ​កែ​ទម្រង់​មុត​ស្រួច​ជា​កញ្ចប់

សេដ្ឋកិច្ច និង កសិកម្ម

រដ្ឋាភិបាលកម្ពុជា ត្រៀមអន្តរាគមន៍ជួយកម្មករនិយោជិតក្នុងករណីបិទរោងចក្រ ឬព្យួរការងារ

2022/10/13 03:15:22 pm        341
ភ្នំពេញ៖ ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ​លើកឡើងថា ​រាជរដ្ឋាភិបាល ត្រៀមធ្វើការ​អន្តរគមន៍ ជួយកម្មករកម្មការិនី ក្នុងវិស័យវាយនភណ្ឌកាត់ដេរ ប្រសិនបើមានការបិទរោងចក្រ ឬព្យួរការងារ ​ដោយសារវិបត្តិពីខាងក្រៅ​ គឺសង្គ្រាមនៅអ៊ុយក្រែន ។នៅក្នុងសន្និសីទសារព័ត៌មាន កាលពីថ្ងៃទី១២ តុលា ឆ្នាំ២០២២កន្លងទៅ​ឯកឧត្តម ហេង សួរ រដ្ឋលេខាធិការក្រសួងការងារ ​និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ​បានមានប្រសាសន៍ថា ដោយសារវិបត្តិ​សង្គ្រាមនៅរវាងរុស្ស៉ី និងអ៊ុយក្រែន ​បានធ្វើឲ្យប៉ះពាល់ដល់វិស័យកាត់ដេរនៅកម្ពុជា ដោយ​នៅត្រីមាសទី៤នេះ ​ការនាំចេញវិស័យកាត់ដេរមានការថយចុះ​ ហើយបើធៀបឆ្នាំនិងឆ្នាំ អាចថយ​ចុះប្រហែល ១០ភាគរយ។ឯកឧត្តម លើកឡើងថា វិបត្តិសង្គ្រាមអ៊ុយក្រែន និងរុស្ស៊ី ធ្វើឱ្យមានការកាត់បន្ថយការ​ប្រើប្រាស់​សំលៀកបំពាក់ ​និង​ប៉ះពាល់ដល់ការបញ្ជាទិញផងដែរ​នៅកម្ពុជា​ ព្រោះវិបត្តិនេះ ធ្វើឲ្យមាន​អត្រា​អតិផរណាកើនឡើង​នៅអាមេរិក ​​និងអឺរ៉ុប ​ដូច្នេះការចំណាយរបស់ពលរដ្ឋ ផ្តោតសំខាន់ទៅ​លើ​ប្រេងឥន្ធនៈ ថាមពល​ និងអគ្គិសនី។ឯកឧត្តម បានអះអាងថា ​គិតមកដល់ពេលនេះ​ ករណីការបិទរោងចក្រ ​ឬព្យួរ មានតិចតួចបំផុត។ បើសិនមានការបិទ​ ឬព្យួរការងារ ​ខាងក្រសួងនឹងត្រៀមដោះស្រាយជូនកម្មករតាមភាពជាក់ស្តែង និងយោងទៅតាមច្បាប់ការងារ​ ដើម្បីកាត់បន្ថយផលប៉ះពាល់ដល់ជីវភាពរបស់បងប្អូនកម្មករ។គិតត្រឹមខែកក្កដា ​ឆ្នាំ២០២២នេះ កម្ពុជាមានរោងចក្រកាត់ដេរប្រមាណ​ ១ ២៩១រោងចក្រ កំពុង​ដំណើរការនិងបានបង្កើតការងារដោយផ្ទាល់ជាង​ ៨៣ម៉ឺននាក់ ​និងដោយប្រយោលជិត ១លាននាក់។ សូមបញ្ជាក់ថា ក្នុងអំឡុងការរីករាលដាលនៃជំងឺកូវីដ១៩ ​ដែលមានការបិទរោងចក្រ រាជរដ្ឋាភិបាល​បានផ្តល់ប្រាក់ជំនួយដល់កម្មករនិយោជិតវិស័យកាត់ដេរចំនួន​ ៤០ដុល្លារក្នុងមួយខែ និងភាគី​និយោជករោងចក្រ ក៏បានផ្តល់ចំនួន ​៤០ដុល្លារ ដើម្បីទ្រទ្រង់ជីវភាពរស់នៅប្រចាំថ្ងៃដល់ពួកគាត់​ផងដែរ៕ អត្ថបទ៖ ឈិត បូរ៉ាវី

ជើងហោះហើរជាច្រើន បាននិងកំពុងតភ្ជាប់មកកាន់កម្ពុជាឡើងវិញ ខណៈចំនួនអ្នកធ្វើដំណើរហក់ឡើងខ្ពស់

2022/10/13 01:21:05 pm        823
ភ្នំពេញ៖ ចំនួនអ្នកធ្វើដំណើរតាមជើងយន្តហោះ បានហក់កើនឡើងជាងបណ្តើរៗ ស្របពេល​ជើងហោះហើរ​ក៏បានកំពុងមានការកើនឡើងផងដែរ។ ជាមួយគ្នា ជើងហោះហើរមួយចំនួន​ផ្សេង​ទៀតបានកំពុងតភ្ជាប់ជើងហោះហើរឡើងវិញជាបណ្តើរៗផងដែរ។ឯកឧត្តម ស៊ិន ចាន់សេរីវុធថា អនុរដ្ឋលេខាធិការ នៃរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល លើកឡើង​ក្នុងសិក្ខាសាលាកាលពីថ្ងៃទី ​១២ ដល់ថ្ងៃទី ១៤ខែតុលា នេះថា ​បន្ទាប់ពីរាជរដ្ឋាភិបាល បាន​ខិតខំប្រឹងប្រែងទប់ស្កាត់នៃវិបត្តិនេះ ​ជាពិសេសបន្ទាប់ពីមានការបើកប្រទេសឡើងវិញ ជើងហោះហើរបានចាប់ផ្តើមភ្ជាប់ឡើងវិញជាបណ្តើរៗ ​ដោយមកទល់នឹងពេលបច្ចុប្បន្ននេះ ក្រុមហ៊ុន​មួយចំនួន បាននិងកំពុងតភ្ជាប់ជើងហោះហើររបស់ខ្លួនឡើងវិញផងដែរ។ឯកឧត្តម បន្តឲ្យដឹងថា ចំនួនអ្នកធ្វើដំណើរតាមជើងយន្តហោះ ​បានកើនឡើងជាលំដាប់ ជាក់ស្តែង​នៅក្នុងខែតុលា បើធៀបនឹងខែកញ្ញា ឆ្នាំ២០២២ នេះ ​ចំនួនអ្នកធ្វើដំណើរតាមយន្តហោះ បាន​កើនឡើងជិត ៣០ ភាគរយ។ ចំណែកចំនួនជើងយន្តហោះ​ បានកើនឡើងក្នុងមួយខែៗ ចន្លោះ ៣០ ទៅ ៣៥ ភាគរយ។ បន្ទាប់ពីរាជរដ្ឋាភិបាលដកចេញនូវវិធានការ ដែលតម្រូវឱ្យអ្នកដំណើរមកពីបរទេសទាំងអស់ ទាំងច្រកផ្លូវគោក ផ្លូវទឹក និងផ្លូវអាកាស បង្ហាញសេចក្តីប្រកាសសុខភាពរបស់អ្នកដំណើរ ​និងបណ្ណ ឬវិញ្ញាបនបត្រចាក់វ៉ាក់សាំងកូវីដ-១៩ ពេញលេញ ពេលមកកម្ពុជា ​ឯកឧត្តម រំពឹងថា ចំនួនអ្នក​ដំណើរតាម​ជើងយន្តហោះ​ និងការតភ្ជាប់ជើងហោះហើរ ​នឹងកើនឡើងកាន់តែច្រើន។ឯកឧត្តម ថ្លែងថា ជុំវិញការបើកជើងហោះហើរនេះ រាជរដ្ឋាភិបាលក្រោមចក្ខុវិស័យរបស់​សម្តេច​អគ្គមហាសេនាបតីតេជោ ​ហ៊ុន សែន នាយករដ្ឋមន្រ្តី ​សម្តេចតេជោ​ បានយកចិត្តទុកដាក់យ៉ាងខ្លាំង ជាក់ស្តែង​ព្រលានយន្តហោះ ​ដែលទើបកើតឡើងចំនួន ២ គឺជាសមិទ្ធផលថ្មី ប្រកបដោយ​ស្តង់ដារខ្ពស់​ដែលអាចធ្វើឲ្យជើងយន្តហោះធំៗចុះចតបាន ​ដែលតាមរយៈនេះ ឯកឧត្តម រំពឹងថា នៅ​ថ្ងៃខាងមុខ ​បន្ទាប់ពីបើកឲ្យដំណើរព្រលានទាំងពីរនេះ កម្ពុជានឹងទទួលបានជើងហោះថ្មីៗ​បន្ថែម​ទៀត៕អត្ថបទ៖ សុន រ៉ាឌី

គយប្រមូលចំណូលបានជាង ២ពាន់លានដុល្លារ ក្នុងរយៈពេល៩ខែ ឆ្នាំ២០២២នេះ

2022/10/13 12:54:54 pm        636
ភ្នំពេញ៖ អគ្គនាយកដ្ឋានគយ និងរដ្ឋាករប្រមូលចំណូលបានចំនួន ៨ ២៥៨,៧ ប៊ីលានរៀល ស្មើនឹង ២ ០២៦,៨ លានដុល្លារអាមេរិក ដែលតួលេខនេះត្រូវជាប្រមាណ ៧៨,៨% នៃផែនការកំណត់​ដោយច្បាប់​ស្ដីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២២។របាយការណ៍ចំណូលពន្ធគយត្រូវបានបង្ហាញ ក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារគយ និង​រដ្ឋាករ​រយៈពេល ៩ខែឆ្នាំ២០២២ ក្រោមអធិបតីភាពរបស់​ឯកឧត្តមបណ្ឌិត គុណ ញឹម រដ្ឋមន្ត្រីប្រតិភូ​អមនាយករដ្ឋមន្ត្រី ​អគ្គនាយកនៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ​ថ្ងៃទី១២ ខែតុលា ឆ្នាំ២០២២។កិច្ចប្រជុំនេះ មានការចូលរួមរបស់លោក-លោកស្រីអគ្គនាយករង​ លោកនាយកសាលាជាតិគយ ប្រធាននាយកដ្ឋាន លោក លោកស្រីប្រធាន អនុប្រធានអង្គភាពគយនិងរដ្ឋាករក្រោមឱវាទ និង​មន្ត្រី​ជំនាញ​មួយចំនួន។ក្នុងរយៈពេល ៩ខែ ឆ្នាំ២០២២ នេះគយនិងរដ្ឋាករប្រមូលចំណូលបានចំនួន ៨ ២៥៨,៧ ប៊ីលានរៀល ស្មើនឹង ២ ០២៦,៨ លានដុល្លារអាមេរិក ដែលតួលេខនេះត្រូវជាប្រមាណ ៧៨,៨% នៃផែនការ​កំណត់​​ដោយ​ច្បាប់ស្ដីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២២។បើប្រៀបធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២១ ​លទ្ធផលចំណូលនេះកើនឡើង ​១ ៣៧៧,៣ ប៊ីលានរៀលដែលត្រូវជាប្រមាណ ២០%។ ផ្អែកតាម​ចំណូលតាម​ប្រភេទ​ពន្ធនិង​អាករ ចំណូល​អាករពិសេស រួមចំណែក ៣៨,១% នៃចំណូលសរុប) ​ចំណូលអាករលើ​តម្លៃ​បន្ថែម ​ ៣៧,៦% នៃចំណូលសរុប) ​និងចំណូលពន្ធគយ១៨,៩% នៃចំណូលសរុប)។ចំពោះចំណូល​តាមក្រុមទំនិញ ឃើញថា ​យានយន្តនិងគ្រឿងចក្រមានចំនួន ៣ ៨៨៩,៦ ប៊ីលានរៀល (ត្រូវជា ៤៧,១% នៃចំណូលសរុប), ទំនិញចម្រុះមានចំនួន ២ ២០៦,៩ ប៊ីលានរៀល (ត្រូវជា ២៦,៧% នៃចំណូល​សរុប), ​ផលិតផលតេលសិលាមានចំនួន ​១ ៦៨៣,៦ ប៊ីលានរៀល (ត្រូវជា ២០,៤% នៃចំណូលសរុប), ​និងសម្ភារ​សំណង់​និងកម្រៃផ្សេងៗ​មានចំនួន ​៤៧៨,៥ ប៊ីលានរៀល (ត្រូវជា ៥,៨% នៃចំណូលសរុប)៕ អត្ថបទ៖ សុន រ៉ាឌី

ក្រសួងពាណិជ្ជកម្មពិភាក្សា លើនីតិវិធីនៃការត្រួតពិនិត្យនិងការស៊ើបអង្កេត ក្រោមច្បាប់ស្តីពីការប្រកួតប្រជែង

2022/10/12 01:18:48 pm        280
ភ្នំពេញ៖ ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម និងជាប្រធានគណៈកម្មាធិការប្រកួត​ប្រជែងកម្ពុជា «គ.ប.ក.» កាលពីថ្ងៃទី១១​ ខែតុលា ឆ្នាំ២០២២ បានដឹកនាំកិច្ចប្រជុំលើកទី២ របស់​គណៈកម្មាធិការប្រកួតប្រជែងកម្ពុជា​ ដើម្បីពិនិត្យ ​ពិភាក្សា ​និងអនុម័ត លើរបៀបវារៈសំខាន់ៗ​ចំនួន៣ បន្ថែមទៀត​ ដើម្បីផ្តល់ធាតុចូលសំខាន់ៗ​លើឯកសារ​ទាំងនេះ ដើម្បីធានាឱ្យមាន​លក្ខណៈគ្រប់ជ្រុងជ្រោយ​ និងសមស្របតាមលិខិតបទដ្ឋានគតិយុត្តជាធរមាន។ យោងតាមក្រសួងពាណិជ្ជកម្ម របៀបវារៈសំខាន់ៗចំនួន៣រួមមាន៖ ១.សេចក្តីព្រាងផែនការសកម្មភាពរបស់គណៈកម្មាធិការប្រកួតប្រជែងកម្ពុជា ឆ្នាំ២០២២-២០២៧ ២.) សេចក្តីព្រាងប្រកាសស្តីពីបែបបទ និងនីតិវិធីនៃការត្រួតពិនិត្យនិងការស៊ើបអង្កេត ក្រោមច្បាប់​ស្តីពីការប្រកួតប្រជែងនិង៣.សេចក្តីព្រាងប្រកាសស្តីពីលក្ខខណ្ឌនិងនីតិវិធីនៃការដោះស្រាយតាមការចរចាចំពោះបទល្មើស ក្រោមច្បាប់ស្តីពីការប្រកួតប្រជែង។នៅក្នុងកិច្ចប្រជុំនេះ ឯកឧត្តមរដ្ឋមន្រ្តី បានមានប្រសាសន៍ថា សមិទ្ធផលសំខាន់ៗក្រោមកិច្ចប្រឹង​ប្រែង​រួមគ្នាជាមួយនឹង អគ្គនាយកដ្ឋាន ក.ប.ប. គឺបានសម្រេចជាផ្លែផ្កាជាច្រើននិងល្អប្រសើរ ជា​ពិសេសការដាក់សម្ពោធឱ្យចាប់ផ្តើមនូវការចរចាសម្រាប់កិច្ចព្រមព្រៀងក្របខណ្ឌអាស៊ាន ស្តីពីការ​ប្រកួតប្រជែង (AFAC – ASEAN Framework Agreement on Competition Negotiation) ដែល​កិច្ចព្រមព្រៀងនេះ នឹងក្លាយជាកិច្ចព្រមព្រៀងថ្នាក់តំបន់ ក្នុងការជួយសម្រួលដល់កិច្ច​សហប្រតិបត្តិការ​អន្តរជាតិ និងការសម្របសម្រួលលើគោលនយោបាយ​និងច្បាប់ស្តីពីការ​ប្រកួតប្រជែង ​ក្នុងចំណោមសមាជិកអាស៊ានទាំងអស់ ​ក្នុងកិច្ចប្រជុំរដ្ឋមន្ត្រីសេដ្ឋកិច្ចអាស៊ាន លើកទី៥៤។អង្គប្រជុំបានឯកភាពជារួមលើខ្លឹមសារនៃឯកសារទាំង៣នេះ ព្រមទាំងឯកភាពក្នុងការទទួលធាតុ​ចូល​បន្ថែម​លើឯកសារទាំងនេះ ពីសមាជិកទាំងអស់ ត្រឹមថ្ងៃទី១៩ ខែតុលា ​ឆ្នាំ២០២២ តាម​រយៈការបញ្ជូន​ធាតុចូល​ទាំងនោះមក ​លេខាធិការដ្ឋាន​ ក្នុងការ​សម្របសម្រួល​និងកែសម្រួល ដើម្បី​ដាក់ជូន ឯកឧត្តមប្រធាន គ.ប.ក. ចុះហត្ថលេខា៕អត្ថបទ៖ឈិត បូរ៉ាវី

ពន្ធដារប្រមូលពន្ធគ្រប់ប្រភេទកើនឡើងជិត ២ ៧០០ លានដុល្លាររយៈពេល ៩ខែ

2022/10/12 01:05:37 pm        270
ភ្នំពេញ៖ អគ្គនាយកដ្ឋានពន្ធដារ ប្រមូលចំណូលពន្ធអាករគ្រប់ប្រភេទ តាមប្រព័ន្ធគ្រប់គ្រង​ទិន្នន័យ​អនឡាញ អនុវត្តបានចំនួនជិត ១១ ពាន់ប៊ីលានរៀល ត្រូវប្រមាណជាង ២ ៦៩៣ លានដុល្លារ ក្នុងរយៈពេល៩ខែឆ្នាំ២០២២ កើនឡើង ២៧ ភាគរយ​ ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។អគ្គនាយកដ្ឋានពន្ធដារ បានបង្ហាញរបាយការណ៍ ក្នុងកិច្ចប្រជុំបូកសរុបលទ្ធផល​ប្រមូលចំណូល​ពន្ធ​ប្រចាំ ខែកញ្ញា និងសម្រាប់រយៈពេល ៩ខែ ឆ្នាំ ២០២២ ព្រមទាំងទិសដៅសម្រាប់អនុវត្តបន្ត នៅថ្ងៃទី ១១ ខែតុលា ឆ្នាំ ២០២២។លទ្ធផលនៃការគ្រប់គ្រងប្រមូលចំណូលពន្ធ ក្នុងខែកញ្ញា ឆ្នាំ២០២២ នេះ ចំណូលពន្ធអាករ​គ្រប់​ប្រភេទ ​ដែលអគ្គនាយកដ្ឋាន​ពន្ធដារ​ប្រមូល​បានជាក់ស្ដែង តាមប្រព័ន្ធគ្រប់គ្រងទិន្នន័យ​ចំណូល​អនឡាញ បានចំនួនជាង ​១ ពាន់ប៊ីលានរៀល ​ត្រូវប្រមាណជាង​ ២៥៤ លានដុល្លារ​ ស្មើ ៩ ភាគរយ នៃផែនការច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ ​២០២២, ប្រៀបធៀប​នឹងចំណូលពន្ធ-អាករប្រចាំខែ កញ្ញា ឆ្នាំ២០២១​ ឃើញថាកើនឡើងជាង​ ២១២ ប៊ីលានរៀល ត្រូវជាង ៥២ លានដុល្លារ ស្មើជិត ២៦ ភាគរយ។ចំណែកសរុបការប្រមូលចំណូលក្នុងរយៈពេល ៩ខែ ឆ្នាំ២០២២ ​ចំណូលពន្ធ-អាករ ដែលអគ្គនាយក​ដ្ឋាន​ពន្ធដារប្រមូលបានជាក់ស្តែងតាមប្រព័ន្ធគ្រប់គ្រងទិន្នន័យ​ចំណូលអនឡាញ ​មានចំនួន ១០ ៩០៨ ​ប៊ីលានរៀល ត្រូវប្រមាណជាង ២ ៦៩៣ ​លានដុល្លារ ស្មើជាង ៩៥ ភាគរយ នៃផែនការច្បាប់​ស្តីពី​ហិរញ្ញវត្ថុប្រចាំឆ្នាំ២០២២ ​បើធៀបនឹងចំណូលពន្ធ-អាករ ក្នុងរយៈពេលដូចគ្នា​ ឆ្នាំ២០២១ ឃើញថា ​កើនឡើងជាង ២ ៣៥១​ ប៊ីលានរៀល ត្រូវប្រមាណជាង ៥៨០​ លានដុល្លារស្មើជាង ២៧ ភាគរយ។ដើម្បីធានាបាននូវប្រសិទ្ធភាព ក្នុងការអនុវត្តការគ្រប់គ្រងប្រមូលចំណូលពន្ធ​បានគ្រប់តាម​ផែនការ​ច្បាប់ហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រង​ ក្នុងចំនួនជាង ១១ ៤១៩​ ប៊ីលានរៀល​ ត្រូវជាង ២ ៨១៩ លាន​ដុល្លារ, អគ្គនាយកដ្ឋានពន្ធដារ ​នឹងបន្តពង្រឹងការអនុវត្តនូវវិធានការគោលនយោបាយ និង​រដ្ឋបាលសារពើពន្ធ ​ដែលរួមមានវិធានការសំខាន់ៗមួយចំនួន ៕ អត្ថបទ៖ សុន រ៉ាឌី

កម្ពុជានិងដៃគូពាក់ព័ន្ធ រួមគ្នាជំរុញការនាំចេញវិស័យកាត់ដេរឲ្យកាន់តែប្រសើរបន្ថែមទៀត

2022/10/11 01:42:39 pm        244
ភ្នំពេញ៖ រាជរដ្ឋាភិបាលកម្ពុជា សមាគមរោងចក្រកាត់ដេរនៅកម្ពុជា (GMAC) និងអង្គការអន្តរជាតិ​ខាងការងារ (ILO) បានបន្តចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់រយៈពេល ៥ឆ្នាំ​បន្ថែមទៀត ដើម្បីអនុវត្តគម្រោងរោងចក្រកាន់តែប្រសើរនៅកម្ពុជា សំដៅជំរុញការនាំចេញវិស័យ​ឧស្សាហកម្មកាត់ដេរនៅកម្ពុជាកាន់តែប្រសើរថែមទៀត។ពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា ស្តីពីគម្រោងរោងចក្រកាន់តែប្រសើរ​នៅ​កម្ពុជា សម្រាប់ឆ្នាំ ២០២៣-២០២៧ បានប្រារព្ធធ្វើឡើង នៅថ្ងៃទី១០ ខែតុលា រវាងឯកឧត្តមបណ្ឌិត អ៊ិត សំហេង រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ, ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម, លោកឧកញ៉ា គង់ សាង ប្រធានសមាគមរោងចក្រកាត់ដេរនៅកម្ពុជា និងលោក Graeme Buckley ​នាយកការិយាល័យអង្គការអន្តរជាតិខាងការងារប្រចាំប្រទេសថៃ កម្ពុជា ឡាវ ​កាលពីរសៀលថ្ងៃទី១០ ខែតុលា ឆ្នាំ២០២២ នៅរាជធានីភ្នំពេញ។ឯកឧត្តមបណ្ឌិត អ៊ិត សំហេង បានមានប្រសាសន៍ថា គម្រោងរោងចក្រកាន់តែប្រសើរនៅកម្ពុជា ពិតជាបានចូលរួមចំណែកយ៉ាងសំខាន់ក្នុងការជំរុញការនាំចេញក្នុង​ឧស្សាហកម្មកាត់ដេរ​របស់​កម្ពុជា ដែលជាផ្នែកមួយក្នុងការជំរុញកំណើនសេដ្ឋកិច្ចជាតិ។ ឯកឧត្តម បន្តថា កម្មករនិយោជិត និងនិយោជកនៃរោងចក្រកាត់ដេរ ដែលធ្វើការនាំចេញផលិត​ផលទៅ​ក្រៅប្រទេសបានទទួលនូវអត្ថប្រយោជន៍ជាច្រើន​អំពីការអនុវត្តគម្រោងនេះ ដោយ​អាចរក្សាបាននូវការងារ ដែលមានលក្ខខណ្ឌល្អប្រសើរ និងទទួលប្រាក់ចំណេញអាជីវកម្ម តាម​រយៈការ​ទទួលបានការបញ្ជាទិញពីអ្នកបញ្ជាទិញអន្តរជាតិ ដែលមានកំណើនជាប្រចាំជាមួយនឹង​អនុលោមភាពតាមច្បាប់មានកម្រិតខ្ពស់។នៅក្នុងពិធីនេះ ភាគីអង្គការអន្តរជាតិខាងការងារ បានលើកឡើងថា ក្នុងរយៈពេល ២០ឆ្នាំចុងក្រោយ​នេះឃើញថា ការអនុលោមតាមច្បាប់ជារួមនៅក្នុងប្រទេសកម្ពុជា​មានភាពប្រសើរឡើង​មួយផ្នែក​ដោយសារការរាយការណ៍ប្រកបដោយតម្លាភាពរបស់ ​គម្រោងរោងចក្រកាន់តែប្រសើរនៅកម្ពុជា លើបញ្ហាសំខាន់ៗ។ គម្រោងរោងចក្រកាន់តែប្រសើរនៅកម្ពុជា នឹងបន្តដើរតួជាអ្នកសម្របសម្រួលនៃភាគីពាក់ព័ន្ធក្នុង​ឧស្សាហកម្ម រួមទាំងអ្នកទិញអន្តរជាតិ ​ដែលដើរតួយ៉ាងសំខាន់ផងដែរក្នុងការកែលម្អវិស័យនេះ តាមរយៈការអនុវត្តអាជីវកម្មប្រកបដោយការទទួលខុសត្រូវរបស់ពួកគេ៕អត្ថបទ៖ ឈិត បូរ៉ាវី

ក្រុមហ៊ុននាំចេញអង្ករសរីរាង្គធំៗចំនួន២ បានចុះកិច្ចសន្យាបញ្ជាទិញស្រូវសរីរាង្គពីសហគមន៍កសិកម្មចំនួន១០ នៃខេត្តព្រះវិហារ

2022/10/11 12:59:12 pm        226
ព្រះវិហារ៖ ក្រុមហ៊ុនស៊ីកនេតឈ័រ អហ្វអេស៊ា និងក្រុមហ៊ុនហ្គោលដិនរ៉ាយស៍ ដែលជាក្រុមហ៊ុន​កែច្នៃ​នាំចេញអង្ករទៅទីផ្សារអន្ដរជាតិ មានផែនការទិញស្រូវសរីរាង្គ ​ឱ្យបានចំនួន ២៥០០តោន ក្នុងឆ្នាំ២០២២នេះ​ ពីសហគមន៍ចំនួន១០ ក្នុងខេត្តព្រះវិហារ ​តាមរយៈការធ្វើផលិតកម្មកសិកម្ម តាមកិច្ចសន្យា។ ការចុះកិច្ចសន្យាទិញ-លក់ស្រូវសរីរាង្គ រវាងក្រុមហ៊ុនបញ្ជាទិញ ​និងសហគមន៍ កសិករក្នុង​ខេត្តព្រះវិហារនេះ ​ត្រូវបានធ្វើឡើង នាថ្ងៃទី១០ ខែតុលា ឆ្នាំ២០២២ ម្សិលមិញនេះ នៅមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត ក្រោមអធិបតីភាព ឯកឧត្តម គីម រិទ្ធី អភិបាលនៃគណៈអភិបាល ខេត្តព្រះវិហារ។ក្នុងនោះដែរប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តលោក ពឹង ទ្រីដា ​បានឱ្យដឹងថា ការ អនុវត្តន៍​ផលិតកម្មកសិកម្មតាមកិច្ចសន្យា ​លើកសិផលសរីរាង្គក្នុងឆ្នាំ២០២២នេះ ​សរុបជិត ៨ម៉ឺនតោន ក្នុងនោះមានស្រូវសរីរាង្គ ១៥,៣៥០តោន, ដំឡូងមីសរីរាង្គ ៥៥,០០០តោន ស្វាយ ចន្ទីសរីរាង្គ ៥០០តោន និងសណ្ដែកដីសរីរាង្គ ៣០តោន ដែលធ្វើឡើងរវាងសហគមន៍កសិកម្ម ចំនួន ៣២ក្នុងខេត្តព្រះវិហារ និងក្រុមហ៊ុនដៃគូរសហការទាំងអស់។ លោក បន្ថែមថាសម្រាប់ ក្រុមហ៊ុនចំនួន២នាពេលនេះផ្ទាល់ ​បានបន្ដកិច្ចសន្យាបញ្ជាទិញ ស្រូវ​សរីរាង្គពីសហគមន៍ កសិកម្ម១០ ​ដែលមានអ្នកផលិត ១,៥១៤គ្រួសារ លើកសិផលសរីរាង្គសរុប ២,៥០០តោន។ជាមួយនោះដែរលោកស្រី សៅ សុនិតា អគ្គនាយករង ក្រុមហ៊ុនហ្គោលដិនរ៉ាយស៍ ដែលជា​ក្រុមហ៊ុននាំ ចេញអង្ករសរីរាង្គទៅទីផ្សារអន្ដរជាតិ ​បានបញ្ជាក់ថា ​នេះជាឆ្នាំទី៤ហើយ ដែលក្រុម​ហ៊ុនបាន ចាប់ដៃគូរសហការជាមួយកសិករខេត្តព្រះវិហារ ក្នុងការបញ្ជាទិញស្រូវសរីរាង្គ​សម្រាប់​កែច្នៃនាំ ចេញទៅទីផ្សារអន្ដរជាតិ ​ដែលក្នុងនោះមានទាំងទីផ្សារក្នុងប្រទេសអាស៊ី ​ទីផ្សារអឺរ៉ុប និងអាមេរិកជាដើម។ ពោលគឺនៅឆ្នាំទី១ ក្រុមហ៊ុនបានចុះកិច្ចសន្យាទិញក្នុងបរិមាណ ៤,០០០តោន, ឆ្នាំទី២ ចំនួន ៣៥០០តោន ឆ្នាំទី៣ ១៥០០តោន និងឆ្នាំទី៤នេះ ក្រុមហ៊ុន​នៅតែបន្ដបញ្ជាទិញក្នុង​បរិមាណមិនប្រប្រួល ក្នុង១៥០០តោនដដែល​ ហើយសម្រាប់ឆ្នាំ២០២៣ខាងមុខ ក្រុមហ៊ុនមាន ផែនការថានឹងពង្រីកបរិមាណឱ្យបានកាន់តែខ្ពស់ជាងនេះបន្ថែមទៀត។ក្នុងឱកាសនោះឯកឧត្តម គីម រិទ្ធី អភិបាលនៃគណៈអភិបាលខេត្តព្រះវិហារ បានធ្វើការវាយ​តម្លៃខ្ពស់ ចំពោះកិច្ចខិតខំប្រឹងប្រែងសហការគ្នាបានយ៉ាងល្អ ​ពីគ្រប់ភាគីពាក់ព័ន្ធ ដោយមាន​ការ​សម្របសម្រួលពីមន្ទីរកសិកម្ម រហូតឈានដល់ការសម្រេចបានជាបន្ដបន្ទាប់នូវ​កិច្ចសន្យាមួយដែល អាចចាត់ទុកថា​ជាខ្សែបន្ទាត់ ឬជានិតិវិធីសម្រាប់ឲ្យភាគីអ្នកផលិត ​និងអ្នកបញ្ជាទិញដើរព្រម គ្នាឆ្ពោះ​ទៅទិសដៅមួយយ៉ាងជាក់លាក់ ពិតប្រាកដ​ តម្លាភាព សច្ចភាព និងជំនឿទុកចិត្តគ្នា ដោយឈរ​លើ​គោលការណ៍សំខាន់ ៣គឺ៖ ​ធានាបាននូវបរិមាណផ្គត់ផ្គង់ប្រកបដោយនិរន្តរភាព គុណភាព​ផលិត​ផល ធានាបាននូវតម្លៃ ​សាមគ្គីភាព កិច្ចសហការ ​ជំនឿទុកចិត្ត និងផ្ដល់ផល ប្រយោជន៍​ឱ្យគ្នាទៅវិញ​ទៅមក ​ដោយសេចក្ដីរំពឹងទុកសម្រាប់ពេលអនាគត វិស័យកសិកម្ម នៅ ក្នុង​ខេត្ត​ព្រះវិហារ នឹងក្លាយ​ជាកសិកម្មបែបសរីរាង្គចាប់ពីមូលដ្ឋាន​ រហូតដល់ទីផ្សារចរាចរ ផលិតផល៕អត្ថបទ៖ សាវី

កម្ពុជានាំចេញទំនិញក្រោមប្រព័ន្ធអនុគ្រោះពាណិជ្ជកម្មទៅបរទេសកើនជាង ២៤ភាគរយ រយៈពេល៩ខែ

2022/10/11 12:38:00 pm        262
ភ្នំពេញ៖ ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានបញ្ជាក់ថា គិតក្នុងរយៈពេល ៩ខែ ឆ្នាំ២០២២ កម្ពុជាបាននាំចេញទំនិញក្រោមប្រព័ន្ធអនុគ្រោះពាណិជ្ជកម្មទៅកាន់​ទីផ្សារបរទេស​មានទំហំទឹកប្រាក់សរុបជាង ​១៧ពាន់លានដុល្លារអាម៉េរិក​ កើនជាង ២៤ភាគរយ ប្រៀបធៀបនឹងរយៈពេលដូចគ្នា នៅឆ្នាំ២០២១កន្លងទៅ។នៅក្នុងពិធីចុះហត្ថលេខាលើអនុស្សារណៈនៃការយោគយល់គ្នាស្តីពី កម្មវិធីគម្រោងរោងចក្រកាន់​តែប្រសើរនៅកម្ពុជា សម្រាប់ឆ្នាំ២០២៣-២០២៧ កាលពីរសៀលថ្ងៃទី១០ ​ខែតុលាកន្លងទៅនេះ នៅរាជធានីភ្នំពេញ ​ឯកឧត្តមរដ្ឋមន្រ្តីពាណិជ្ជកម្ម ​មានប្រសាសន៍ថា ការនាំចេញរបស់កម្ពុជា​ក្រោម​ប្រព័ន្ធអនុគ្រោះពាណិជ្ជកម្មទៅបរទេសនៅឆ្នាំ២០០១ ​មានត្រឹមតែជាង ​១ ១៨០លានដុល្លារ ចំនួននេះ ​មានការកើនឡើងដល់ជាង ​១៩ពាន់លានដុល្លារអាមេរិក ​នៅឆ្នាំ២០២១ ក្នុងនោះការ​នាំចេញ​សំលៀកបំពាក់​វាយនភណ្ឌ ​មានទឹកប្រាក់ចំនួនជាង ​៦ ៧០០លានដុល្លារអាមេរិក និង​ការនាំចេញផលិតផលធ្វើដំណើរ ​និងកាបូប ​មានទឹកប្រាក់ចំនួនជាង ១ ១៨០លានដុល្លារអាមេរិក។ឯកឧត្តមរដ្ឋមន្រ្តី បានលើកឡើងបន្តថា ក្នុងរយៈពេល៩ខែ ឆ្នាំ២០២២នេះ ​ការនាំចេញរបស់កម្ពុជា​ក្រោមប្រព័ន្ធអនុគ្រោះពាណិជ្ជកម្មទៅបរទេសមានទំហំទឹកប្រាក់ជាង ​១៧ ៥០០ លានដុល្លារ​អាមេរិក កើនឡើងជាង ២៤ភាគរយ បើធៀបទៅនឹងរយៈពេល៩ខែដូចគ្នា ឆ្នាំ២០២១ ក្នុងនោះការនាំ​ចេញសំលៀកបំពាក់វាយនភណ្ឌ កើនឡើងជាង ២៣ភាគរយ និងការនាំចេញផលិតផលធ្វើដំណើរ និងកាបូបមានការកើនឡើងជាង ៣៦ភាគរយ។ឯកឧត្តម ប៉ាន សូរស័ក្តិ​ បានបញ្ជាក់បន្ថែមថា ក្រសួងពាណិជ្ជកម្ម ក្នុងនាមជាសេនាធិការមួយ​របស់​រដ្ឋាភិបាលកម្ពុជា បានខិតខំប្រឹងប្រែងដោយស្មារតីទទួលខុសត្រូវខ្ពស់ និងបន្តធ្វើសមាហរណកម្ម​សេដ្ឋកិច្ចនៅក្នុងតំបន់ ​និងពិភពលោក ​ជាពិសេសតាមរយៈការចចារពាណិជ្ជកម្មសេរីពហុភាគី ទ្វេរភាគី ​និងប្រទេសជាដៃគូផ្សេងៗទៀត។ ចុងក្រោយនេះ ក្រសួងពាណិជ្ជកម្មសម្រេចបាននូវកិច្ចព្រមព្រៀងភាព​ជាដៃគូសេដ្ឋកិច្ច​គ្រប់ជ្រុង​ជ្រោយតំបន់ (RCEP) កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-ចិន និងកិច្ចព្រមព្រៀងពាណិជ្ជកម្ម​សេរីរវាងកម្ពុជា-កូរ៉េ៕អត្ថបទ៖ឈិត បូរ៉ាវី

កម្ពុជាទទួលបានក្រុមហ៊ុនមួយទៀតហើយ កំពុងចាប់ផ្តើមធ្វើអាជីវកម្មរ៉ែមាសនៅខេត្តក្រចេះ

2022/10/11 12:25:41 pm        353
ក្រចេះ៖ ក្រុមហ៊ុន Xing Yuan Kanng Yeak Co., Ltd ជាក្រុមហ៊ុនថ្មីមួយទៀត បានបើកដំណើរការ​អាជីវកម្មស្ល និងចាក់ចេញជាដុំមាសជាលើកដំបូងរបស់ខ្លួននៅកម្ពុជា ដោយមានផែនការផលិត​ឱ្យបាន ​៦០គីឡូក្រាម ​នៅក្នុងជំហាន៣ខែដំបូងនេះ។ឯកឧត្តម ស៊ុយ សែម រដ្ឋមន្រ្តីក្រសួងរ៉ែ ​និងថាមពល នៅថ្ងៃទី ១០ ខែ តុលា ឆ្នាំ ២០២២ បាន​អញ្ជើញ​ចូលរួម​ក្នុងដំណើរការកត់ត្រាទិន្នន័យស្លរ៉ែមាសលើកទី១ ​របស់ក្រុមហ៊ុន Xing Yuan Kanng Yeak Co., Ltd នៅខេត្តក្រចេះ ​ក្នុងនោះ គឺបើកដំណើរការកត់ត្រាទិន្នន័យស្លរ៉ែមាសរបស់ខ្លួន ដោយ​បាន​កត់ត្រា​ថ្លឹងកំហាប់រ៉ែមាស ​មានទម្ងន់ជាង ៧,៨ ពាន់ក្រាម និងបានយកកំហាប់រ៉ែមាស​នោះទៅស្ល និងចាក់ចេញជាដុំមាស ​បានចំនួន ៧ដុំ ​ដោយមានទម្ងន់សរុបជាង ៨,២ ពាន់ក្រាម ដែលមានអត្រាភាពសុទ្ធប្រមាណ ៩៩.៩% ។ ជុំវិញការធ្វើអាជីវកម្មស្ល និងចាក់ចេញជាដុំមាស ​សម្រាប់គម្រោងសាកល្បង ​៣ខែដំបូងនេះ ក្រុមហ៊ុន Xing Yuan Kanng Yeak គ្រោងផលិតឱ្យបាន ​៦០ គីឡូក្រាម ​គិតត្រឹមខែធ្នូ ឆ្នាំ២០២២ ខាងមុខ​ ពោលគឺក្នុងមួយខែៗ ក្រុមហ៊ុន នឹងជម្រុញផលិតឲ្យបានក្នុងរង្វង់ប្រមាណ ២០ គីឡូក្រាម។ក្រុមហ៊ុន Xing Yuan Kanng Yeak Co., Ltd ទទួលបានអាជ្ញាបណ្ណឧស្សាហកម្មអាជីវកម្មរ៉ែមាស ពីក្រសួងរ៉ែ និងថាមពល កាលពីខែសីហា ឆ្នាំ២០១៨ ​លើទំហំដីចំនួន ២៨ គីឡូម៉ែត្រក្រឡា ដើម្បី​ប្រតិបត្តិការអាជីវកម្មរ៉ែមាសរបស់ខ្លួនចនៅស្រុកសំបូរ​ ខេត្តក្រចេះ។ ក្រោយពីទទួលបានអាជ្ញាបណ្ណ ក្រុមហ៊ុនបានតម្លើងខ្សែសង្វាក់ផលិតកម្មអាជីវកម្មរបស់ខ្លួន តែ​ដោយ​សារតែបញ្ហាកូវីដ-១៩ ក្រុមហ៊ុនទើបតែបានបញ្ចប់ការសាងសង់ និងរៀបចំខ្សែ​សង្វាក់​ផលិតកម្ម​របស់​ខ្លួននៅក្នុងខែ ​តុលា ឆ្នាំ២០២២ នេះ។សូមបញ្ជាក់ថា ជុំវិញការធ្វើអាជីវកម្មរ៉ែមាស កម្ពុជាទទួលបានការធ្វើអាជីវកម្មចម្រាញរ៉ែមាស​មាន​ចំនួន ៣ ក្រុមហ៊ុន, ក្នុងនោះ ក្រុមហ៊ុន រឺនីសង់ Renaissance Minerals (Cambodia) Ltd ទទួលបាន​អាជ្ញាបណ្ណរុករករ៉ែមាសពីក្រសួងរ៉ែ និងថាមពល ​ស្ថិតនៅក្នុងតំបន់អូរខ្វាវ ក្នុងស្រុកកែវសីមា ខេត្តមណ្ឌលគីរី, ក្រុមហ៊ុន ឌែលខម (Delcom Cambodia )​ ជាក្រុមហ៊ុនខ្នាតមធ្យម បានធ្វើអាជីវកម្ម នៅក្នុងស្រុករវៀង​ ខេត្តព្រះវិហារ និងក្រុមហ៊ុន Xing Yuan Kanng Yeak Co., Ltd ដែលជា​ក្រុមហ៊ុនទី៣ បានចាប់ផ្តើមធ្វើអាជីវកម្មស្ល និងចាក់ចេញជាដុំមាស ​នៅក្នុងស្រុកសំបូរ ខេត្តក្រចេះ៕អត្ថបទ៖ សុន រ៉ាឌី

កម្ពុជាទទួលបានចំណូលលើការនាំចេញស្រូវ-អង្ករ ៨៥០លានដុល្លារ ក្នុងរយៈពេល៩ខែ

2022/10/10 01:39:20 pm        418
ភ្នំពេញ៖ កម្ពុជាបាននាំចេញអង្ករ មានបរិមាណសរុប ៤៤៩ ៣២៥តោន និងស្រូវមានបរិមាណសរុប ២.៣៥លានតោន​ ក្នុងរយៈពេល៩ខែឆ្នាំ២០២២នេះ​ ទទួលចំណូលជិត ៨៥០ លានដុល្លារ ។របាយការណ៍របស់សហព័ន្ធស្រូវអង្ករកម្ពុជា ចេញផ្សាយនៅថ្ងៃទី១០​ ខែតុលា ​បានបញ្ជាក់ថា នៅរយៈពេល​៩ខែ ឆ្នាំ២០២២នេះ ​កម្ពុជាបាននាំចេញស្រូវ និងអង្ករ ទទួលចំណូលជិត ៨៥០លានដុល្លារ។សហព័ន្ធស្រូវអង្ករកម្ពុជា បានបញ្ជាក់ថា ការនាំចេញអង្ករទៅកាន់ទីផ្សារអន្តរជាតិ សម្រាប់រយៈពេល ៣ត្រីមាសកើនបាន១០ ភាគរយ ​ដែលមានបរិមាណសរុបចំនួន​ ៤៤៩ ៣២៥ តោន ដែលគិតជាទឹក​ប្រាក់មានចំនួន ២៨៦ ​លានដុល្លារសហរដ្ឋអាមេរិក។ក្នុងរយៈពេល៩ខែនៃឆ្នាំ២០២២ ប្រទេសកម្ពុជា បាននាំចេញអង្ករគ្រប់ប្រភេទបានចំនួន ​៤៤៩ ៣២៥តោន​ ទៅកាន់គោលដៅចំនួន៥៥ ​ក្នុងនោះ នាំចេញទៅកាន់ប្រទេសចិន​ រួមចំណែក ៤៤.០៩ ភាគរយ ប្រទេសបារាំង ១៤.៨៣ ភាគរយ ប្រទេម៉ាឡេស៊ី​ ៥.៥៨ ភាគរយ ប្រទេសហូឡង់ ៤.៦៥ ភាគរយ ប្រទេសអ៊ីតាលី ​២.៦៥ ភាគរយ ប្រទេសហ្កាប៊ុង ២.៦៣ ភាគរយ ប្រទេសព្រុយណេ ២.៤៤ ភាគរយ ចក្រភពអង់គ្លេស ២.៤៥ ភាគរយ​ និងប្រទេសអាល្លឺម៉ង់ ២.០៨ភាគរយ។ក្នុងចំណោមនៃអង្គរនាំចេញសរុប អង្ករក្រអូបប្រណិត រូមចំណែក ៣៩ ភាគរយ ឬ ១៧៧ ៤៨១ តោន អង្ករសែន​ក្រអូបចំនួនជិត២៩ ភាករយ ឬ១២៨ ៧៥៣ តោន ​អង្ករសគ្រាប់វែងចំនួនជិត ២៨ភាគរយ​ ឬ ១២៣ ៣១៨ តោន អង្ករចំហុយជាង ​២ ភាគរយ ឬ ១០ ៦៨០ តោន និងអង្ករសរីរាង្គ​ចំនួនជិត ២ ភាគរយ ឬ ៨ ១០៦​​ តោន។ចំណែក ការនាំចេញស្រូវ បានចំនួន ២,៣៥ លានតោន ​ដែលមានតម្លៃប៉ាន់ស្មានប្រមាណចំនួន ៥៦៣ លាន ​ដុល្លារសហរដ្ឋអាមេរិក ត្រូវបាននាំចេញវចេញទៅប្រទេសវៀតណាម ៕អត្ថបទ៖ វណ្ណៈ

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

កូរ៉េខាងជើង ចេញការព្រមានពីភ្លៀងធ្លាក់ខ្លាំងសម្រាប់តំបន់ព្រំដែន ដែលរងគ្រោះដោយទឹកជំនន់កាលឆ្នាំមុន
07/22/2025 11:07 AM
កីឡាការិនី យ៉ុន យ៉ឿន ផ្ទេរទៅលេងឱ្យក្លឹបសិង្ហបុរី Still Aerion FC ក្នុងកិច្ចសន្យាខ្ចីជើង
07/22/2025 11:07 AM
សម្ដេចធិបតី អញ្ជើញដឹកនាំកិច្ចប្រជុំត្រួតពិនិត្យ និងតាមដានវឌ្ឍនភាពគម្រោងកសាងព្រែកជីកហ្វូណនតេជោ
07/22/2025 11:07 AM
[UPDATE] អ្នកស្លាប់កើនដល់ជិត ៣០នាក់ ក្នុងហេតុការណ៍ធ្លាក់យន្តហោះរបស់កងទ័ពអាកាសបង់ក្លាដែស
07/22/2025 11:07 AM
ព្យុះទីហ្វុង Wipha បានបំផ្លាញផ្ទះសម្បែង និងហេដ្ឋារចនាសម្ព័ន្ធនៅឡាវ វៀតណាម និងហ្វីលីពីន
07/22/2025 11:07 AM
ប្រធានរតនាគារអាមេរិកនិយាយថា ការចរចាជាមួយចិនអាចគ្របដណ្ដប់លើការទិញប្រេងអ៊ីរ៉ង់និង រុស្ស៊ី
07/22/2025 11:07 AM
កូរ៉េខាងជើង គ្រោងសាងសង់នាវាពិឃាតទម្ងន់ ៥ពាន់តោនបន្ថែមទៀត ត្រឹមខែតុលាឆ្នាំក្រោយ
07/22/2025 11:07 AM
សហរដ្ឋអាមេរិក សន្យាជាមួយហ្វីលីពីន ថានឹងជួយទប់ទល់ឥទ្ធិពលដែលចេះតែកើនឡើងរបស់ចិន
07/22/2025 11:07 AM
ប្រជាជនអ៊ីរ៉ង់ ខ្លាចថាអាចមានសង្គ្រាមមួយទៀត បន្ទាប់ពីបទឈប់បាញ់ជាមួយអ៊ីស្រាអែល បន្តបានមួយខែ
07/22/2025 10:07 AM
វិស័យដឹកជញ្ជូននៅកម្ពុជាមានភាពមមាញឹកជាងមុន ស្របពេលតម្លៃ​ប្រេង​ឥន្ធនៈ​លើ​ទីផ្សារ​មាន​ស្ថិរភាព​ល្អ
07/22/2025 10:07 AM