កម្ពុជាផ្សព្វផ្សាយជាផ្លូវការ របាយការណ៍​វឌ្ឍនភាព​នៃ​ការ​អនុវត្ត​វិធានការ​កែ​ទម្រង់​មុត​ស្រួច​ជា​កញ្ចប់
មកដល់ពេលនេះ កសិករចំនួនជាង ១៤០០គ្រួសារ ងាកមកចង​ក្រងគ្នា ដើម្បី​ក្លាយ​ជា​សហគមន៍​កសិកម្ម​ទំនើប
កម្ពុជាកំពុងពិភាក្សាលើការចាប់យកឌីជីថលូបនីយកម្ម ដើម្បីជំរុញវិស័យនេះឱ្យកាន់តែរីកចម្រើន
គណៈកម្មាធិការសេដ្ឋកិច្ចក្រៅប្រព័ន្ធដាក់ឱ្យប្រើប្រាស់សមិទ្ធផលថ្មីលើកកម្ពស់អ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ

សេដ្ឋកិច្ច និង កសិកម្ម

ក្រសួងការងារបន្តកិច្ចប្រជុំជាលើកទី២ ដើម្បីពិភាក្សាលើប្រាក់ឈ្នួលកម្មករឆ្នាំ២០២៣

2022/08/24 01:07:30 pm        706
ភ្នំពេញ៖ ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅព្រឹកថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២២នេះ បានបើកកិច្ចប្រជុំក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមាអាណត្តិទី២ ឆ្នាំទី២ ដើម្បីប្រមូលទិន្នន័យ និងព័ត៌មានពីគ្រប់ភាគីពាក់ព័ន្ធដើម្បីធ្វើជាមូលដ្ឋានសម្រាប់ពិភាក្សាស្វែងរកយន្តការឯកភាពមួយ ដែលនឹងលើកយកទៅពិភាក្សាគ្នានៅពេលក្រោយទៀត។កិច្ចប្រជុំពិភាក្សាអំពីប្រាក់ឈ្នួលអប្បបរមា ជូនកម្មករនិយោជិតក្នុងវិស័យវាយនភណ្ឌ កាត់ដេរ ផលិតស្បែកជើង និងផលិតផលិតផលធ្វើដំណើរ និងកាបូប សម្រាប់ឆ្នាំ២០២៣ ​ នៅថ្ងៃនេះ ដឹកនាំដោយឯកឧត្តម ហេង សួរ រដ្ឋលេខាធិការក្រសួងការងារ ​និងបណ្តុះបណ្តាលវិជ្ជាជីវៈ និង​សមាជិកក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមាដោយមានការចូលរួមជាត្រីភាគី (មួយក្រុមមាន១៧នាក់) រួមមាន ​ភាគីរដ្ឋាភិបាល ភាគីសហជីពតំណាងកម្មករនិយោជិត និងភាគីនិយោជក។សូមបញ្ជាក់ថា គិតចាប់ពីឆ្នាំ១៩៩៧ កម្មករនិយោជិតដែលបំពេញការក្នុងវិស័យ​ឧស្សាហកម្ម​កាត់ដេរ​មានចំនួន ៤៥ដុល្លារអាម៉េរិក​ និងកើនឡើងជាបន្តបន្ទាប់រហូតដល់ចំនួន ១៩៤ដុល្លារ​អាម៉េរិក ក្នុងមួយខែ នៅក្នុងឆ្នាំ ២០២១។ គិតជាមធ្យម បូកទាំងប្រាក់ឈ្នួលអប្បបរមា​ ប្រាក់ថែមម៉ោងការងារ និងប្រាក់ឧបត្ថម្ភផ្សេងៗទៀត កម្មករនិយោជិតក្នុងមួយនាក់ អាចទទួលប្រាក់ខែចន្លោះ​ ២៥០ទៅ៣០០ដុល្លារ ឬឈាន​ដល់៣៥០ដុល្លារ ​នៅក្នុងមួយខែៗ។ គិតត្រឹមខែកក្កដា ឆ្នាំ២០២២ បច្ចុប្បន្ន កម្ពុជា ​មានសហគ្រាស គ្រឹះស្ថាន​ វិស័យកាត់ដេរ ​និងផលិតស្បែកជើងចំនួន ​១ ១៨២ ដែលស្មើនឹងកម្មករនិយោជិត​សរុប​ចំនួនជាង ៨៣ម៉ឺននាក់៕អត្ថបទ បូរ៉ាវី

ផែនការអភិវឌ្ឍវិស័យថាមពលនឹងដាក់ចេញឆាប់ៗ ដើម្បីឆ្លើយតបតម្រូវការប្រើប្រាស់ និងការអភិវឌ្ឍ

2022/08/24 01:02:48 pm        861
ភ្នំពេញ៖ ក្រសួងរ៉ែ និងថាមពល កំពុងពន្លឿនរៀបចំផែនការអភិវឌ្ឍវិស័យថាមពលរយៈពេលវែង ឆ្នាំ ២០២១-២០៤០ ដោយគ្រោងដាក់ចេញនៅចុងឆ្នាំនេះ ដើម្បីដោះស្រាយនូវសេចក្តីត្រូវការ ជាពិសេសការជម្រុញប្រើប្រាស់អគ្គិសនីឲ្យដើរស្របតាមផែនការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម។ឯកឧត្តម ស៊ុយ សែម រដ្ឋមន្រ្តីក្រសួងរ៉ែ និងថាមពល លើកឡើងពីផែន​ការនេះនៅក្នុងជំនួបពិភាក្សា​ការងារជាមួយលោកជំទាវ ជោតសាណា វ៉ាម៉ា (Jyotsana Varma) នាយិកា ADB ប្រចាំកម្ពុជា នៅថ្ងៃទី ២៣ ខែ សីហា ឆ្នាំ ២០២២។ឯកឧត្តមរដ្ឋមន្រ្តី បន្តថា ស្ថិតនៅក្នុងស្ថានភាពនៃការរីករាលដាលជំងឺរាតត្បាតកូវីដ ១៩ ចំពោះកិច្ច​សហប្រតិបត្តិការជាដៃគូរ ​លើការរៀបចំនូវផែនការអភិឌ្ឍវិស័យថាមពលសម្រាប់រយៈពេលវែង ​ឆ្នាំ ២០២១-២០៤០ ​សម្រាប់ការផលិត ការបញ្ជូន និងការចែកចាយនៅក្នុងក្របខណ្ឌអគ្គិសនីនៅទូទាំង​ប្រទេស ក្រសួង និងADB បន្តការសហការល្អ សម្រាប់គម្រោងនេះ ដើម្បីដោះស្រាយនូវសេចក្តី​ត្រូវការ ​សម្រាប់ការប្រើប្រាស់អគ្គិសនីនៅកម្ពុជា។ ចំពោះការងារសហប្រតិបត្តិការរវាង ADB នៅក្នុងវិស័យថាមពល​ ជាពិសេសក្រសួងរ៉ែ ​និងថាមពល មានរយៈពេលជាច្រើនមកហើយ​ ក្នុងនោះ ADB ​តែងតែដើរតួជាដៃគូរ នៅក្នុងការអភិវឌ្ឍ​វិស័យថាមពល រហូតទទួលបានលទ្ធផលជាផ្លែផ្កាមកដល់សព្វថ្ងៃ។ក្នុងជំនួបនេះ, លោកជំទាវ ជោតសានា វ៉ាម៉ា (Jyotsana Varma) ថ្លែងថា ការអភិវឌ្ឍន៍វិស័យថាមពល​គឺជាកត្តាសំខាន់ ​ដែលទាមទារឲ្យមានការរៀបចំផែនការអភិវឌ្ឍលើវិស័យនេះឲ្យបានច្បាស់លាស់ ក្នុងនោះ ADB គឺជាដៃគូរសហការជាមួយក្រសួងរ៉ែ ​និងថាមពល ក្រៅពីនេះADB​នៅមាន​តួ​អង្គពីរ​ផ្សេងទៀត ​គឺអាជ្ញាធរអគ្គិសនីកម្ពុជា ​និងក្រុមហ៊ុនអគ្គិសនីកម្ពុជា ដើម្បីរួមគ្នារៀបចំការងារ​ទាំងពីរ​នេះឲ្យចេញជា​លទ្ធផល​ផ្លែផ្កា សម្រាប់ការអភិវឌ្ឍ​វិស័យថាមពលនៅព្រះរាជាណាចក្រកម្ពុជា​ឲ្យ​ប្រកបដោយប្រសិទ្ធភាព៕អត្ថបទ៖ សុន រ៉ាឌី

កម្ពុជាទទួលបានវិនិយោគលើវិស័យសំណង់មានទុនសរុប ៣១ ៤៨៤ លានដុល្លារអាម៉េរិក

2022/08/24 12:44:50 pm        751
ភ្នំពេញ៖ ក្នុងរយៈពេល ៥ឆ្នាំចុងក្រោយនេះ កម្ពុជាទទួលបានការវិនិយោគលើវិស័យសំណង់ មានចំនួនប្រមាណជាង ១៩ ពាន់គម្រោង លើផ្ទៃក្រឡាសំណង់ជាង ៧១ លានម៉ែត្រការ៉េ និងមានទុនវិនិយោគលើវិស័យនេះប្រមាណជា ៣១ ៤៨៤ លានដុល្លារអាម៉េរិក ។ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានបង្ហាញរបាយការណ៍ អំពីសមិទ្ធផលសម្រេច​បានរយៈពេល ៥ឆ្នាំ កន្លងមក នៅក្នុងវិស័យសំណង់ ក្នុងនោះការអភិវឌ្ឍ និងវិនិយោគក្នុងវិស័យ​សំណង់ទាំងក្នុងស្រុក​ និងពីក្រៅប្រទេស​ មានសន្ទុះខ្លាំងក្លា និងបានរួមចំណែកដ៏សំខាន់ក្នុងការ​ជំរុញ​កំណើនសេដ្ឋកិច្ចជាតិ។ ​ជាក់ស្តែងក្នុងរយៈពេល ៥ ឆ្នាំចុងក្រោយ ការវិនិយោគក្នុងវិស័យ​សំណង់សម្រេចបាន ១៩ ៣២២ គម្រោង លើផ្ទៃក្រឡាសំណង់ជាង ៧១ លានម៉ែត្រការ៉េ និង​មានទុនវិនិយោគក្នុងទំហំទឹកប្រាក់ប្រមាណ ៣១ ៤៨៤ លានដុល្លារអាម៉េរិក ក្នុងនោះ​នៅក្នុងរយៈពេល ៦ ខែ ឆ្នាំ២០២២ ការវិនិយោគលើវិស័យនេះ ​មានចំនួន ២ ០០០ គម្រោង លើផ្ទៃក្រឡាសំណង់ប្រមាណជាង ២,៨ លានម៉ែត្រការ៉េ ​និងមានទុនវិនិយោគ ១ ២០៦ លានដុល្លារអាមេរិក។ជុំវិញការអភិវឌ្ឍន៍វិស័យសំណង់នេះ បើគិតពីចាប់ផ្តើមអនុវត្តឆ្នាំ ២០០០ ដល់រយៈពេល ៦ ខែ ឆ្នាំ២០២២ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានចេញលិខិតអនុញ្ញាតសាងសង់នៅ​ទូទាំង​ប្រទេសចំនួនជាង ៥៧ ពាន់គម្រោង ​លើផ្ទៃក្រឡាសំណង់សរុបចំនួនជាង ១៦៦ លានម៉ែត្រការ៉េ និងមានទុនវិនិយោគសរុបប្រមាណ ៦៦ ២០៥ លានដុល្លារអាម៉េរិក ក្នុងនោះ​ការអភិវឌ្ឍគម្រោងអគារខ្ពស់ៗ ចាប់ពី៥ជាន់ឡើង ​នៅទូទាំងប្រទេស មានចំនួន ២ ៤៧២ អគារ គម្រោងបុរីលំនៅឋាន​ និងបណ្តុំលំនៅឋាន មានលក្ខណៈជាបុរីមានចំនួន ៤៨២ គម្រោង។ចំណែកការផ្ដល់វិញ្ញាបនបត្រប្រកបវិជ្ជាជីវៈសិក្សាគម្រោងប្លង់ដល់អ្នកវិជ្ជាជីវៈ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានចេញវិញ្ញាបនបត្រជូនដល់អ្នកប្រកបវិជ្ជាជីវៈ ​មានចំនួន ៥៤២រូប ក្នុងនោះមានស្ថាបត្យករ ២៧០ រូប (សញ្ជាតិបរទេស ៥ រូប) ​និងវិស្វករ ២៧២រូប (វិស្វករសញ្ជាតិបរទេស ៦រូប) និងបានផ្តល់អាជ្ញាបណ្ណត្រួតពិនិត្យនិងបញ្ជាក់សំណង់ ចំនួន ៣ ក្រុមហ៊ុន។សូមបញ្ជាក់ថា ពាក់ព័ន្ធវិស័យសេវាកម្ម នៅក្នុងឆមាសទី ១ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានប៉ាន់ស្មានថា ​នឹងសម្រេចបានកំណើនក្នុងអត្រា ៤,៣% ក្នុងនោះអនុវិស័យអចលនទ្រព្យ ត្រូវបានប៉ាន់ស្មានថា ​នឹងបន្តនិន្នាការកើនឡើង ប៉ុន្តែក្នុងល្បឿនយឺត ក្នុងអត្រា ២,៥% ដោយសារការបន្តថមថយសកម្មភាពទិញ-លក់អចលនទ្រព្យថ្លៃខ្ពស់​ ពិសេសខុនដូ និងអាផាតមិន ខណៈដែលសកម្មភាពទិញ-លក់/ជួលអចលនទ្រព្យថ្លៃទាប ​និងមធ្យម ជាពិសេសលំនៅឋាន រំពឹងថា នឹងបន្តសកម្មភាព៕ អត្ថបទ៖ សុន រ៉ាឌី​

សិប្បករ និងមន្ត្រីជំនាញពាក់ព័ន្ធ កំពុងប្រឹងប្រែងជំរុញទីផ្សារនាំចេញទឹកត្រីកំពត

2022/08/23 01:38:36 pm        731
ភ្នំពេញ៖ សិប្បករ និងមន្ត្រីជំនាញពាក់ព័ន្ធកំពុងប្រឹងប្រែងសម្របសម្រួល នាំចេញទឹកត្រីកំពត ដោយសារទឹកត្រីកំពតត្រូវបានទទួលស្គាល់ទាំង​គុណភាព និងស្តងដារ​នៃការផលិតវេចខ្ចប់​ទាំង​ថ្នាក់ជាតិ និងអន្តរជាតិ ។លោក ចាន់ ស៊ីថា អគ្គនាយកក្រុមហ៊ុន អ៊ីឆេ ង៉ូវហេង ហ្វូដប្រូដាកសិន អូហ្វកំពត ​បានប្រាប់​ឲ្យ​ដឹងថា ​ទឹកត្រីកំពតផលិតឡើង​តាមលក្ខណៈប្រពៃណី​តពីដូនតា ​រាប់ជំនាន់មកហើយ។​ វត្ថុធាតុផ្សំ និង​ឧបករណ៍ផលិតទឹកត្រីកំពត ​មានដូចជា៖ ត្រីកាកឺមសមុទ្រ ​អំបិលកំពត ​និងធុងឈើបុរាណ​សម្រាប់​ធ្វើរំហួតដោយប្រើរយៈពេលមួយឆ្នាំពេញ ​ដែលជួយដល់ភាពងំឈ្ងុយរបស់ទឹកត្រី និង​មានកម្រិតប្រូតេអ៊ីនខ្ពស់ ខុសពីទឹកត្រីផ្សេងៗ។ ចំពោះគុណភាព និងស្តងដានៃការផលិត ​វេចខ្ចប់ ត្រូវបាន​ទទួលស្គាល់ទាំងថ្នាក់ជាតិ ​និងអន្តរជាតិ​។លោក បានបន្តថា ដោយសារកង្វះ វត្ថុធាតុដើម ​និងឧបករណ៍វេចខ្ចប់ដែលត្រូវនាំចូល​ពីក្រៅប្រទេស ទឹកត្រីង៉ូវ ហេង របស់លោក ​អាចផលិតបានជាង ៥០ម៉ឺនលីត្រក្នុងមួយឆ្នាំ ហើយបរិមាណនេះ​មិនទាន់​អាចផ្តគ់ផ្គង់​តម្រូវការទីផ្សារក្នុងស្រុកបាននៅឡើយទេ​ ប៉ុន្តែយ៉ាងណាក៏ដោយ លោក​បាន​នឹងកំពុងរៀបចំខ្លួន​ បង្កើនបរិមាណផលិត​ ដើម្បីឈានទៅសម្រេចគោលដៅ ពង្រីកទីផ្សារក្រៅ​ប្រទេស​ឲ្យ​បានក្នុងពេលឆាប់ៗ ​ ព្រោះលោកចង់ឲ្យ បងប្អូនខ្មែរទៅដល់ទីណា ឃើញផលិតផលខ្មែរនៅទីនោះ។លោក សុខ គឹមជឿន ប្រធានមន្ទីរ ឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍បាន​ប្រាប់​ឲ្យដឹងថា ខេត្តកំពតមានសិប្បកម្មផលិតទឹកត្រីចំនួន១០ ​កន្លែង។ ​លោក បានបញ្ជាក់ថា បច្ចុប្បន្ន​មន្ត្រីផលិជំនាញពាក់ព័ន្ធ​កំពុងចងក្រងជាសមាគមផលិតទឹកត្រីកំពត-កែប ដើម្បីធ្វើការចុះបញ្ជី​ម៉ាក់តផល ​សម្គាល់ភូមិសាស្ត្រផង​ និងបង្កភាពងាយស្រួលក្នុងការនាំចេញនៅថ្ងៃមុខផង ។ដោយឡែក​ចំពោះទឹកត្រី ង៉ូវ ហេង ​លោក​ បានបញ្ជាក់ដែរថា ទទួលបាន អាជ្ញាបណ្ណនាំចេញទៅ​ក្រៅ​ប្រទេសរួចហើយ​ គឺរង់ចាំតែបរិមាណនៃការផលិតឲ្យឆ្លើយតបនឹងការនាំចេញប៉ុណ្ណោះ៕អត្ថបទ៖ អន សារឹម

គ្រឹះស្ថានធនាគារ និងហិរញវត្ថុ កំពុងធ្វើទំនើបកម្ម សេវាហិរញ្ញវត្ថុឌីជីថល

2022/08/23 12:58:09 pm        443
ភ្នំពេញ៖ មន្ត្រីជំនាញធនាគារជាតិនៃកម្ពុជាថា នារយៈកាលប៉ុន្មានឆ្នាំចុងក្រោយនេះ គ្រឹះស្ថាន​ធនាគារ និងហិរញវត្ថុ បាននិងកំពុងគាំទ្រដល់ការជំរុញការប្រើប្រាស់សេវាហិរញ្ញវត្ថុផ្លូវការ តាមរយៈការបន្តអភិវឌ្ឍន៍សេវាហិរញ្ញវត្ថុឲ្យកាន់តែរីកចម្រើន និងមានទំនើបកម្ម ជាពិសេស សេវាហិរញ្ញវត្ថុឌីជីថល។លោក ម៉ែន ភក្តី ប្រធាននាយកដ្ឋានគ្រប់គ្រង​ទិន្នន័យ និងវិភាគមីក្រូហិរញ្ញវត្ថុ នៃធនាគារជាតិ​នៃកម្ពុជាលើកឡើង​នៅក្នុងកម្មវិធីសិក្ខាសាលាផ្សព្វផ្សាយ​ ស្តីពីការចាប់ផ្តើមគម្រោង "ការបង្កើតភាព​អង់អាចសេដ្ឋកិច្ចដល់ស្ត្រីនៅជនបទ តាមរយៈការលើកកម្ពស់ចំណេះដឹង​ផ្នែកហិរញ្ញវត្ថុនិងឌីជីថល" នៅថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២២នេះថា ​បរិយាបន្នហិរញ្ញវត្ថុ ​បាននិងកំពុងដើរតួនាទីយ៉ាង​សំខាន់​ក្នុងការ​ជំរុញកំណើនសេដ្ឋកិច្ច ​កាត់បន្ថយវិសមភាព​ និងកាត់​បន្ថយភាពក្រីក្រ​នៅកម្ពុជា​។ បរិយាបន្នហិរញ្ញវត្ថុ គឺជាលទ្ធភាពទទួលបាននិងប្រើប្រាស់សេវាហិរញ្ញវត្ថុផ្លូវការទាន់ពេលវេលា សមស្រប​តាមតម្រូវការ​ មានតម្លៃសមរម្យ ​និងមានកិច្ចការពារតាមផ្លូវច្បាប់។លោក បន្តថា ដើម្បីជំរុញកម្រិតបរិយាបន្នហិរញ្ញវត្ថុ រាជរដ្ឋាភិបាលកម្ពុជា បានអនុម័តយុទ្ធសាស្ត្រ​ជាតិស្តីពី បរិយាបន្ន​ហិរញ្ញវត្ថុ ឆ្នាំ២០១៩-២០២៥ ក្នុងគោលដៅកាត់បន្ថយអត្រាស្ត្រីដែល​មិនទាន់​ទទួល​បានសេវាហិរញ្ញវត្ថុ ​ឲ្យបានពាក់កណ្ដាលពី ២៧% មក ១៣% និងពង្រីកការប្រើប្រាស់សេវា​ហិរញ្ញវត្ថុ​ផ្លូវការពី ៥៩% ទៅ ៧០% ត្រឹមឆ្នាំ២០២៥ ។ លោក ម៉ែន ភក្តី បញ្ជាក់បន្ថែមថា ក្នុងរយៈកាលប៉ុន្មានឆ្នាំចុងក្រោយ គ្រឹះស្ថានធនាគារ ​និងហិរញវត្ថុ បាន​និងកំពុងគាំទ្រដល់ការជំរុញការប្រើប្រាស់សេវាហិរញ្ញវត្ថុផ្លូវការ តាមរយៈការបន្តអភិវឌ្ឍន៍​សេវា​ហិរញ្ញវត្ថុឲ្យកាន់តែរីកចម្រើន​ និងមានទំនើបកម្ម ជាពិសេស ​សេវាហិរញ្ញវត្ថុឌីជីថល ក្នុងនោះ​ធនាគារជាតិ​នៃកម្ពុជាក៏បានរៀបចំឲ្យមាននូវបរិស្ថានអំណោយផលល្អ សម្រាប់ជំរុញការអភិវឌ្ឍ​និង​ការប្រើប្រាស់​បច្ចេកវិទ្យាហិរញ្ញវត្ថុ ​ក្នុងការគាំទ្រនវានុវត្តន៍ក្នុងវិស័យធនាគារ ​ដែលរួមមាន៖ ការអភិវឌ្ឍ​ហេដ្ឋា​រចនាសម្ព័ន្ធ​ទូទាត់ឌីជីថល​ (ជាក់ស្ដែង KHQR កូដ), ការរៀបចំក្របខណ្ឌ​បទប្បញ្ញត្តិ​និងត្រួតពិនិត្យ ​និងការពង្រឹងកិច្ចសហប្រតិបត្តិការជាមួយភាគីពាក់ព័ន្ធ។ ជាពិសេស ​ធនាគារជាតិនៃកម្ពុជាបានរៀបចំ​ផែនទី​មគ្គុទ្ទេសក៍​អភិវឌ្ឍន៍​បច្ចេកវិទ្យា​ហិរញ្ញវត្ថុ ២០២០-២០២៥ ​ដែលបង្កើតឡើង ​ដើម្បីតម្រង់​ទិសសម្រាប់ការអភិវឌ្ឍបច្ចេកវិទ្យានៅកម្ពុជា៕អត្ថបទ៖ Maen Pheakdey  

ទំហំពាណិជ្ជកម្មរវាងកម្ពុជា និងវៀតណាម មានទឹកប្រាក់សរុបជាង ៣.៧ប៊ីលានដុល្លារ ក្នុងរយៈពេល៧ខែ

2022/08/23 11:55:09 am        563
ភ្នំពេញ៖ ទំហំពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា និងវៀតណាម សម្រេចបានក្នុងរង្វង់ទឹកប្រាក់ ៣,៧៦ពាន់លានដុល្លារ នៅក្នុងរយៈពេល៧ខែ ឆ្នាំ២០២២នេះ​។ ទំហំនេះ បានកើនឡើងរហូតដល់ ២២,២ ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២១។ចាប់ពីខែមករា ដល់ខែកក្កដា កម្ពុជា នាំចេញទំនិញសរុប ទៅកាន់ប្រទេសវៀតណាម មានទឹកប្រាក់ សរុប ១ ៣២៦ លានដុល្លារ កើនឡើង ៣.៤ភាគរយ ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ នេះបើយោងតាមស្ថិតិជញ្ជីងពាណិជ្ជកម្មទំនិញរបស់អគ្គនាយកដ្ឋានគយ ​និងរដ្ឋាករកម្ពុ​ជា។កម្ពុជា នាំចូលទំនិញពីប្រទេសវៀតណាម មានទឹកប្រាក់សរុប ២ ៤៣៩ លានដុល្លារ​ មានកំណើន ៣៥ ភាគរយ​ ធៀបនឹងរយៈ៧ខែឆ្នាំមុន។ក្នុងជំនួបជាមួយលោក ឡេ ហាយជុង សមាជិកមជ្ឈិមបក្ស និងជាប្រធានគណៈទាក់ទង​បរទេស​មជ្ឈិមបក្សកុម្មុយនីស្តវៀតណាម នាថ្ងៃទី ២២ សីហា នៅវិមានសន្តិភាព ​សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា ​បានជំរុញឱ្យភាគីវៀតណាម ជំរុញទំនាក់ទំនងសេដ្ឋកិច្ចទ្វេភាគី ឲ្យកាន់តែខ្លាំង​ថែមទៀត ជាពិសេស បន្តកែប្រែតំបន់អតីត​សង្គ្រាម​នៅតំបន់ព្រំដែន​ ឲ្យទៅជាតំបន់សន្តិភាព អភិវឌ្ឍន៍និងកិច្ចសហប្រតិបត្តិការ។ ក្នុងជំនួបនេះ សម្តេច ហ៊ុន សែន បានសង្កត់ធ្ងន់ថា ៖«ទំនាក់ទំនងសេដ្ឋកិច្ច គួរគាំទ្រឱ្យទំនាក់ទំនង​នយោបាយ»។គួបញ្ជាក់ថា ទំនិញសំខាន់ៗដែលកម្ពុជា ​នាំចេញទៅកាន់ប្រទេសវៀតណាម ភាគច្រើនជាផលិត​ផល​កសិកម្ម ស្រូវ ស្វាយចន្ទី ដំឡូងមី កៅស៊ូជាដើម ​ខណៈនាំចូលពីវៀតណាម ដែកថែប ប្រេងឥន្ធនៈ ផលិតផលវាយនភណ្ឌជាដើម។កាលពីឆ្នាំ២០២១កន្លងទៅ ​ទំហំពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា ​និងវៀតណាម​ សម្រេចបាន ៩ប៊ីលានដុល្លារ។ រដ្ឋាភិបាលទាំងពីរ ​បានឯកភាពគ្នា​ជំរុញ​ទំហំ​ពាណិជ្ជកម្មឱ្យកើនដល់ ១០ប៊ីលានដុល្លារ​ ក្នុងឆ្នាំ២០២២នេះ៕អត្ថបទ៖ វណ្ណៈ​ 

អង់គ្លេសបង្ហាញសេចក្តីលម្អិតលើកែលម្អប្រព័ន្ធអនុគ្រោះពន្ធទូទៅ

2022/08/22 01:43:04 pm        561
ភ្នំពេញ៖ សមាគមរោងចក្រកាត់ដេរនៅកម្ពុជា (GMAC) ​បានបង្ហាញព័ត៌មានមួយថា រដ្ឋាភិបាល​អង់គ្លេស​បានចេញសេចក្តីលម្អិតជាងមុនមួយ​ អំពីសំណើកែលម្អប្រព័ន្ធ​អនុគ្រោះពន្ធទូទៅ(GSP)។ ប្រព័ន្ធកែលម្អនេះ មានលក្ខណៈធូរជាងមុនសម្រាប់ផលិតផលធ្វើដំណើរ​ ប៉ុន្តែ​សម្រាប់​ផលិតផល​សំលៀកបំពាក់​គឺរក្សានៅដដែល។សមាគមរោងចក្រកាត់ដេរនៅកម្ពុជា ​កាលពីសប្តាហ៍កន្លងទៅនេះ​ បានលើកឡើងថា កម្ពុជា នៅតែ​ទទួលបាន​ប្រព័ន្ធអនុគ្រោះពន្ធទូលំទូលាយ ​ដោយគ្មានកំណត់កូតាសម្រាប់គ្រប់មុខទំនិញទាំងអស់ លើកលែងតែគ្រឿងសព្វាវុធសម្រាប់កម្ពុជា ​និង​រាល់ប្រទេសអភិវឌ្ឍន៍តិចតួចបំផុត។បើតាមGMAC ប្រព័ន្ធអនុគ្រោះពន្ធទំលំទូលាយនេះ ស្ថិតក្នុងចំណោមប្រព័ន្ធអនុគ្រោះពន្ធ​ពីរ​ផ្សេង​​ទៀត ​ការអនុគ្រោះតាមស្តង់ដារ, ការអនុគ្រោះប្រសើរឡើង ដែលរដ្ឋាភិបាលអង់គ្លេស​បាន​កែលម្អ។ ប្រភពខាងលើ ​បានបន្ថែមថា ​ផលិតផលធ្វើដំណើរគឺរួចពន្ធក្រោមប្រព័ន្ធគ្រប់ថ្នាក់ទាំងបី ប៉ុន្តែ​សំលៀកបំពាក់​គឺរួចពន្ធតែក្រោមថ្នាក់ប្រសើរឡើង ​និងថ្នាក់ទូលំទូលាយ។ ឥឡូវនេះ ​លក្ខណៈវិនិច្ឆ័យសម្រាប់​ថ្នាក់ប្រសើរឡើង ​គឺជាលក្ខណៈវិនិច្ឆ័យភាពងាយរង​គ្រោះ​សេដ្ឋកិច្ច​សាមញ្ញ ដែលផ្ទុយពីលក្ខណៈវិនិច្ឆ័យសិទ្ធិមនុស្សនៅក្នុងប្រព័ន្ធ​ GSP របស់អឺរ៉ុប។ មានន័យថា​ ស្ទើរតែរាល់ប្រទេសទាំងអស់ដែលមិនមែនជាប្រទេស​អភិវឌ្ឍន៍​តិចតួចបំផុត ពេលនេះ​គឺ​ជា​ផ្នែកនៃថ្នាក់ប្រសើរឡើង។ពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា​ និងចក្រភពអង់គ្លេស ​សម្រេចបាន​ ៥៨១លានដុល្លារ​ ក្នុងរយៈពេល​ប្រាំពីរ​ខែដំបូងនៃឆ្នាំ ​២០២២ ​បានកើនឡើង ៤៥.៥ ភាគរយធៀបនឹងរយៈពេលដូចគ្នា​កាល​ពីឆ្នាំមុន។ការនាំចេញសំខាន់ៗរបស់កម្ពុជាទៅកាន់ចក្រភពអង់គ្លេសរួមមាន ​សំលៀកបំពាក់ ស្បែកជើង កាបូប កង់​ និងផលិតផលកសិកម្ម ​ខណៈដែលការនាំចូលសំខាន់ៗពី​អង់គ្លេសវិញ​ រួមមាន យានជំនិះ ​គ្រឿងចក្រ គ្រឿងអេឡិចត្រូនិក ​និងសម្ភារសំណង់៕ អត្ថបទ៖ ឈិត បូរ៉ាវី

រយៈពេល៧ខែឆ្នាំ២០២២ ទេសចរអន្តរជាតិមកទស្សនាកម្ពុជាមានកំណើន៥៦០%

2022/08/20 01:17:13 pm        600
ភ្នំពេញ៖ ក្នុងរយៈពេល ០៧ ខែដើម ឆ្នាំ២០២២នេះ ភ្ញៀវទេសចរអន្តរជាតិមកទស្សនាកម្ពុជា មានប្រមាណជាង ៧៤ ម៉ឺននាក់ កើនឡើង ៥៦០% ធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០២១ ក្នុងដំណាក់កាលវិបត្តិកូវីដ១៩ គន្លងទៅ។ឯកឧត្តម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ​បានថ្លែងឲ្យដឹងនៅឯខេត្តសៀមរាប នាល្ងាចថ្ងៃ​ទី១៩ ខែសីហានេះថា សម្រាប់ភ្ញៀវទេសចរអន្តរជាតិ ដែលអញ្ជើញមកទស្សនា​នៅក្នុងអំឡុង​ពេលនេះ ​ជាភាគច្រើនភ្ញៀវការទូត ​ភ្ញៀវមកបំរើការងារ ​ភ្ញៀវអ្នកវិនិយោគទុន និងភ្ញៀវទេស​ចរ​បរទេស​នានាទៀត ​ដែលមកស្វែងការបណ្តាក់ទុនវិនិយោគទុននៅកម្ពុជា នៅក្រោយបរិបទកូវីដ​ធូរ​ស្រាល ឯភ្ញៀវអន្តរជាតិដែលអញ្ជើញមកដើរទស្សនា​កម្ពុជា​សុទ្ធ​តែម្តងគឺហាក់នៅមាន​កម្រិត​តិចតួច។ ឯកឧត្តម ថោង ខុន បន្តថា ការបើកដំណើរការសេដ្ឋកិច្ច ​សង្គមឡើងវិញនេះ បានជំរុញឱ្យមានការ​កម្សាន្ត​ទេសចរណ៍នៅ​តាមគោលដៅទេសចរណ៍សំខាន់ៗ​ ដូចជាក្នុងខេត្តសៀមរាប និង​រាជ​ធានី​ភ្នំពេញ ​ក៏ដូចជាខេត្តព្រះសីហនុ ​និងគោលដៅទេសចរណ៍មួយចំនួនទៀត មាន​សកម្មភាព​ទេសចរណ៍​ជាច្រើនឡើងវិញ។ឯកឧត្តម ថោង ខុន បន្តថា បច្ចុប្បន្នសម្រាប់តែខេត្តសៀមរាប​មួយវិញ​ សំគាល់ឃើញថា រយៈពេល​៧​ខែ​ឆ្នាំ២០២២នេះ ​ខេត្តសៀមរាប​ទាំងមូល​ទទួល​បានភ្ញៀវទេសចរសរុប​ចំនួន​១លាន២សែននាក់ ក្នុង​ទេសចរអន្តរជាតិចំនួន៨ម៉ឺន៤០០០នាក់ ​ហើយមានជើងហោះហើរពីក្រៅប្រទេសចូលទៅ​កាន់​ខេត្តសៀមរាប​មានចំនួន៥៥០ជើង និងមានអ្នកដំណើរអន្តរជាតិជិត៥ម៉ឺននាក់ ហើយក្រៅពី​ភ្ញៀវបរទេស​ជា​ភ្ញៀវទៅទស្សនាខេត្តសៀមរាបផ្លូវគោគ និងផ្លូវទឹក។ឯកឧត្តម ​ក្នុងបរិការណ៍នៃការងើបឡើងវិញនៃវិស័យទេសចរណ៍នេះ ​ក្រសួងទេសចរណ៍​ បាន​គិតគូរ និង​យកចិត្តទុកដាក់ខ្ពស់លើការពង្រឹងគុណភាពសេវាកម្មប្រកបដោយគុណភាព និងសុវត្ថិភាព​ជូនភ្ញៀវ​ទេសចរ តាមគន្លងថ្មី ​និងបន្តជំរុញផ្សព្វផ្សាយទាក់ទាញទេសចរណ៍ទាំង​ទេសចរណ៍​អន្តរជាតិ និងទេសចរណ៍ក្នុងស្រុក ​ដែលជាទិសដៅយុទ្ធសាស្រ្តក្នុងដំណាក់កាលទី២ នៃផែន​ការស្តារ និងអភិវឌ្ឍន៍​វិស័យទេស​ចរណ៍​ក្នុង និងក្រោយដំណាក់កាលកូវីដ-១៩ ឆ្នាំ២០២០-២០២៥៕ អត្ថបទ ស៊ុម សុខជា

កំពង់ផែកម្ពុជាផ្លាស់ប្តូរទៅជាប្រព័ន្ធផ្លាស់ប្តូរទិន្នន័យអេឡិចត្រូនិច សម្រួលដល់ការនាំចេញ-នាំចូល

2022/08/18 03:19:44 pm        658
ភ្នំពេញ៖ ក្រសួងសាធារណការ និងដឹកជញ្ជូន បានដាក់ឱ្យប្រើប្រាស់ជាផ្លូវការ ប្រព័ន្ធផ្លាស់ប្តូរ​ទិន្នន័យ​អេឡិចត្រូនិកកំពង់ផែ​ (Port EDI) ​នៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ និងកំពង់ផែស្វយ័ត​ភ្នំពេញ ​ដើម្បីសម្រួលផ្នែកឯកជន ពេលនាវាចេញ-ចូលនៅកម្ពុជា កាត់​បន្ថយភាព​ស្មុគស្មាញ កាត់បន្ថយការប្រើក្រដាស ​ពេលវេលាយូរក្នុងការស្នើសុំនាវាចេញចូល។ប្រព័ន្ធផ្លាស់ប្តូរទិន្នន័យអេឡិចត្រូនិកកំពង់ផែ (Port EDI) ត្រូវបានដាក់ឱ្យប្រើប្រាស់​សាកល្បង​ជា​ផ្លូវការ​កាលពីថ្ងៃទី១៧ ខែសីហា ​ក្រោម​អធិបតីភាព​ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋ​មន្ត្រី​ក្រសួងសាធារណការ ​និងដឹកជញ្ជូន។ឯកឧត្តមទេសរដ្ឋមន្ត្រី បានថ្លែងឱ្យដឹងថា Port EDI បង្ហាញឱ្យឃើញពីការយកចិត្តទុកដាក់​របស់​រាជរដ្ឋាភិបាល​ក្រសួង​​​​សាធារណការ និងស្ថាប័នពាក់ព័ន្ធ រួបរួម​គ្នាធ្វើឱ្យចេញនូវប្រព័ន្ធ Port EDI នេះ ដើម្បី​ជួយ​សម្រួល​ដល់ផ្នែកឯកជន ​ពេលនាវាចេញ-ចូលនៅកម្ពុជា ​កាត់បន្ថយភាព​ស្មុគស្មាញ កាត់​បន្ថយការប្រើក្រដាស ពេលវេលាយូរក្នុងការស្នើសុំ​នាវា​ចេញចូលមកកម្ពុជា។ប្រព័ន្ធ Port EDI គឺជាការធ្វើទំនើបកម្មទ្រង់ទ្រាយធំលើការត្រួត​ពិនិត្យនាវាចរណ៍ចេញ-ចូល​នៅ​កម្ពុជា ​ដោយប្តូរការធ្វើការដោយដៃ ​មកធ្វើការលើប្រព័ន្ធ​អនឡាញវិញ ក្រោមជំនួយ​របស់​អង្គការចៃកា (JICA)។ដោយមានជំនួយពី JICA ក្រសួងបានរៀបចំប្រព័ន្ធផ្លាស់ប្តូរ​ទិន្នន័យ​អេឡិចត្រូ​និកនៅកំពង់ផែ ដូច្នេះ​នៅពេលដែលកប៉ាល់មកដល់កម្ពុជាដំបូង ​ទម្រង់អនឡាញត្រូវបានប្រើប្រាស់ជំនួសវិញ។ មន្ត្រី​មានសមត្ថកិច្ចអាចពិនិត្យ​ឯកសារទាំងអស់ និងធ្វើការបានភ្លាមៗ​នៅពេលដែលកប៉ាល់មាន ។បច្ចុប្បន្ននេះ ​កម្ពុជាមានកំពង់ផែអន្តរជាតិធំៗចំនួនពីរ ​គឺកំពង់ផែស្វយ័តភ្នំពេញ និងកំពង់ផែស្វយ័ត​ក្រុងព្រះសីហនុ។ កំពង់ផែទាំងនេះ ផ្តល់សេវាកម្មដឹកជញ្ជូនក្នុងស្រុក ​និង​ក្នុងស្រុក ដែលកំពង់ផែទាំងពីរនេះដំណើរការនីតិវិធីដឹកជញ្ជូនដោយក្រដាស។ប្រព័ន្ធផ្លាស់ប្តូរទិន្នន័យអេឡិចត្រូនិកថ្មីនេះ​ កំពុងត្រូវបានអនុវត្តនៅកំពង់ផែ ខណៈពេលដែលការ​រំពឹង​ទុកនៃចំនួនកប៉ាល់​ និងទំនិញកើនឡើងយ៉ាងខ្លាំងឆ្លងកាត់កំពង់នាពេលអនាគត៕ អត្ថបទ៖វណ្ណៈ 

កម្ពុជានាំចេញទំនិញទៅអាម៉េរិក សម្រេចបានប្រមាណ៥ពាន់លានដុល្លារក្នុងរយៈពេល៧ខែ

2022/08/18 02:04:32 pm        379
ភ្នំពេញ៖ ការនាំចេញទំនិញកម្ពុជាទៅអាម៉េរិក ក្នុងរយៈពេល៧ខែ ឆ្នាំ២០២២នេះ សម្រេច បាន​ប្រមាណ៥ពាន់លានដុល្លារ កើនឡើងចំនួន ៤៧.៣ភាគរយ បើធៀបរយៈពេលដូច គ្នាឆ្នាំ២០២១ ដែលមានប្រមាណ ៣ពាន់លានដុល្លារ។ទីផ្សារអាម៉េរិក នៅតែជាទីផ្សារធំបំផុតសម្រាប់ការនាំចេញទំនិញរបស់ប្រទេសកម្ពុជា​ ដែល​តំណាង ប្រមាណ ៤១ភាគនៃតម្លៃនាំចេញសរុប ១៣ ៧៦៩លានដុល្លារ ក្នុងរយៈពេលចាប់ពីខែមករា​ដល់ខែកក្កដា។ នេះបើយោងតាមរបាយការណ៍របស់អគ្គនាយកដ្ឋានគយ ​និងរដ្ឋាករកម្ពុជា។របាយការណ៍ បានបង្ហាញថា ការនាំចេញមុខទំនិញកម្ពុជាទៅអាម៉េរិក ​ក្នុងរយៈពេល៧ខែ ឆ្នាំ​២០២២នេះ សម្រេចបានក្នុង​ ទំហំទឹកប្រាក់ចំនួន ៥ ៦៩៥លានដុល្លារ កើនឡើងចំនួន ៤៧.៣ភាគរយ ចំពោះការនាំ​ចូលពី អាម៉េរិក​មកកម្ពុជាវិញ ​មានទឹកប្រាក់ចំនួន ១៩៦លានដុល្លារ កើនឡើង​ចំនួន៣.២ភាគរយ បើធៀបរយៈពេលដូចគ្នា ឆ្នាំ២០២១ ​មានទឹកប្រាក់១៩០លានដុល្លារ។មុខទំនិញ ដែលកម្ពុជានាំចេញភាគច្រើនមានដូចជា៖ ផលិតផលវាយនភណ្ឌកាត់ដេរ សំលៀកបំពាក់ ស្បែកជើង ​និងកាបូបសម្រាប់ធ្វើដំណើរ បន្ទះសឡា និងផលិតផលកសិកម្ម។ ចំណែកមុខទំនិញសំខាន់ៗដែលកម្ពុជា នាំចូលពីសហរដ្ឋអាមេរិកវិញមានដូចជា៖ រថយន្ត, គ្រឿងចក្រ, គ្រឿង​អេឡិចត្រូនិក ឱសថ និងបរិក្ខារពេទ្យជាដើម។ប្រទេសដែលកម្ពុជានាំចេញច្រើន​ បន្ទាប់ពីសហរដ្ឋអាមេរិកមាន គឺប្រទេសវៀតណាម ​មានចំនួន ១ ៣២៦លានដុល្លារ, ប្រទេសចិន ​មានចំនួន ៧០១លានដុល្លារ, ​ប្រទេសកាណាដា មានចំនួន ៦៩០លានដុល្លារ, ប្រទេសជប៉ុន ​មានចំនួន ៦៦៧លានដុល្លារ ​និងប្រទេសថៃ មានចំនួន ៥៥៩លានដុល្លារ។គូសបញ្ជាក់ថា រយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ​ទំនាក់ទំនងពាណិជ្ជកម្ម ​កម្ពុជា-អាម៉េរិក មាន​កំណើនគួរឱ្យកត់សម្គាល់ ​ដោយក្នុងឆ្នាំ២០២១ ​ទំហំពាណិជ្ជកម្ម កម្ពុជា-អាម៉េរិក​ មានទឹកប្រាក់ជាង ៧ពាន់លានដុល្លារ ក្នុងនោះកម្ពុជានាំចេញបាន​ ៧ ៤៩០លានដុល្លារអាម៉េរិក ​ខណៈអាម៉េរិក នាំចូល​មកកម្ពុជាវិញ មានជាង ៣៣៦លានដុល្លារ៕ អត្ថបទ៖ វណ្ណៈ

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ថ្នាក់ដឹកនាំ និង​មន្ត្រីគ្រប់មន្ទីរអង្គភាពជុំវិញខេត្តកំពង់ឆ្នាំង រួមគ្នាដាំ​កូន​ក្ងោក​ជាង​២​ពាន់​ដើម​​ពង្រីក​​​ភា​ព​បៃតង ជំរុញការគ្រប់គ្រងតំបន់ការពារធម្មជាតិ និងលើកកម្ពស់​ជីវភាព​សហគមន៍​មូល​ដ្ឋាន​
07/20/2025 02:07 PM
មនុស្សរាប់លាននាក់ ប្រឈមហានិភ័យកាន់តែខ្លាំងដោយសារការកាត់ផ្ដាច់គម្រោងមូលនិធិផ្គត់ផ្គង់ទឹករបស់លោកTrump
07/20/2025 02:07 PM
សម្តេច ម៉ែន សំអន៖ កត្តាសុខសន្តិភាព និងសុខុដុមនីយកម្មសាសនា បានអនុញ្ញាត​ឲ្យ​ពលរដ្ឋ​ខ្មែរ​គ្រប់​រូប​ប្រារព្ធពិធីព្រះពុទ្ធសាសនាតាមបំណងប្រាថ្នារបស់ខ្លួន
07/20/2025 02:07 PM
ទារកនៅហ្កាហ្សាស្រេកឃ្លានដល់ស្លាប់ ខណៈអ៊ីស្រាអែលសម្លាប់ជនជាតិប៉ាឡេស្ទីន ១១៦ នាក់
07/20/2025 01:07 PM
ឯកឧត្តម គីម រិទ្ធី ជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំ សាស្ត្រាចារ្យ និងនិស្សិតប្រមាណ ៣០០នាក់ នៅវិទ្យាស្ថានវិទ្យាសាស្ត្រ និងបច្ចេកទេសនៃកម្ពុជា
07/20/2025 01:07 PM
លោក Zelenskyy និយាយថា អ៊ុយក្រែនបានបញ្ជូនសំណើចរចាសន្តិភាពថ្មីទៅកាន់រុស្ស៊ី
07/20/2025 12:07 PM
ឯកឧត្តម ហ៊ុន ម៉ានី៖ «ខ្ញុំមានមោទនភាពដែលបានកើតជាកូនខ្មែរ! ទឹកភ្នែក​នេះ​ជា​ក្ដី​ស្រឡាញ់​ប្រជាជាតិយើង»
07/20/2025 12:07 PM
ឯកឧត្តម ហ៊ុន ម៉ានី៖ ​ការជម្លៀស​ពលរដ្ឋ​ខ្មែរ​ជិត​៥​ពាន់​នាក់​បញ្ជាក់ច្បាស់​ពី​ការ​ឈ្លាន​ពាន​របស់​ថៃ​លើ​ដែន​ដីកម្ពុជា
07/20/2025 12:07 PM
ប្រទេសស៊ីរី កំពុងប្រឹងប្រែងបញ្ឈប់ការប៉ះទង្គិចរវាងក្រុមបេដូអ៊ីន និងសហគមន៍ឌ្រូស ក្រោយរងការវាយប្រហារពីអ៊ីស្រាអែល
07/20/2025 12:07 PM
ឯកឧត្តមរដ្ឋលេខាធិការ កែវ សុទ្ធិ អញ្ជើញជាអធិបតីបើកមហោស្រពបច្ចេកវិទ្យាមេគង្គ លើកទី៣ ឆ្នាំ២០២៥ ក្រោមប្រធានបទ “ការរចនាអនាគតសម្រាប់មនុស្សជំនាន់ក្រោយ”
07/20/2025 12:07 PM