កម្ពុជាផ្សព្វផ្សាយជាផ្លូវការ របាយការណ៍​វឌ្ឍនភាព​នៃ​ការ​អនុវត្ត​វិធានការ​កែ​ទម្រង់​មុត​ស្រួច​ជា​កញ្ចប់
មកដល់ពេលនេះ កសិករចំនួនជាង ១៤០០គ្រួសារ ងាកមកចង​ក្រងគ្នា ដើម្បី​ក្លាយ​ជា​សហគមន៍​កសិកម្ម​ទំនើប
កម្ពុជាកំពុងពិភាក្សាលើការចាប់យកឌីជីថលូបនីយកម្ម ដើម្បីជំរុញវិស័យនេះឱ្យកាន់តែរីកចម្រើន
គណៈកម្មាធិការសេដ្ឋកិច្ចក្រៅប្រព័ន្ធដាក់ឱ្យប្រើប្រាស់សមិទ្ធផលថ្មីលើកកម្ពស់អ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ

សេដ្ឋកិច្ច និង កសិកម្ម

ផលិតកាបូប និងផលិតផលធ្វើដំណើរកម្ពុជានាំចេញទៅសហរដ្ឋអាមេរិកកើនឡើង ៦០ភាគរយ

2022/08/09 01:10:11 pm        660
ភ្នំពេញ៖​ ការនាំចេញផលិតផលកាបូប និងផលិតធ្វើដំណើរ របស់កម្ពុជា ទៅកាន់ទីផ្សារសហរដ្ឋអាមេរិកមានទឹកប្រាក់សរុប ៨០២លានដុល្លារ ក្នុងឆមាសទី១ កើនឡើង ៥៩ភាគរយ ធៀបនឹងរយៈពេលដូចគ្នា​កាលពីឆ្នាំមុន។តួលេខនេះ​ ត្រូវបានបង្ហាញដោយ លោកឧកញ៉ា លី ឃុនថៃ ប្រធានកិត្តិយសមាគម​ផលិតផល​ធ្វើដំណើរ និងស្បែកនៅកម្ពុជា ថ្លែងលើកឡើងក្នុងកិច្ចសម្ភាសន៍ជាមួយក្រុមព័ត៌មាន នៅក្នុងពិធីសម្ពោធជាផ្លូវការសមាគមផលិតផលធ្វើដំណើរ និងស្បែកនៅកម្ពុជា ថ្ងៃទី៦ ខែសីហានេះ ។ផលិតកាបូប និងវ៉ាលីធ្វើដំណើរ ត្រូវបាននាំចេញទៅកាន់ទីផ្សារសហរដ្ឋអាមេរិក នៅក្រោមប្រព័ន្ធ​អនុគ្រោះពាណិជ្ជកម្ម (GSP) ។ ប៉ុន្តែប្រព័ន្ធអនុគ្រោះនេះ បានអស់សុពលភាពកាលពីចុងឆ្នាំ២០២១ ដែលបច្ចុប្បន្ន អាមេរិកកំពុងពិភាក្សា​ លើការបន្តសុពលភាពប្រព័ន្ធ GSP នេះ។ប្រព័ន្ធអនុគ្រោះពាណិជ្ជកម្ម គឺជាប្រព័ន្ធមួយដែលប្រទេសអ្នកមាន ផ្តល់ឲ្យសម្រាប់ប្រទេស​មាន​ការអភិវឌ្ឍន៍តិចតួច ​ក្នុងនោះយើងទទួលបានដោយសារប្រទេសយើងមានការអភិវឌ្ឍ​តិចតួច តែមិនមែន​ទីផ្សារធំៗទាំងនោះ​ បានផ្តល់គ្រប់មុខទំនិញនោះឡើយ។ ការនាំចេញ​សំលៀកបំពាក់​របស់​កម្ពុជា​ចូលទៅទីផ្សារអាមេរិក គឺមិនទទួលបាន​ការអនុគ្រោះ​ពាណិជ្ជកម្មនោះទេ ដោយការនាំចូលផលិតផលនេះ ​បានបង់ពន្ធក្នុងរង្វង់ប្រមាណ ១២ ទៅ ១៩% ដោយក្នុងនោះកម្ពុជា​ទទួលបានភាពអនុគ្រោះពាណិជ្ជកម្ម តែកាបូប ​ផលិតផលធ្វើដំណើរប៉ុណ្ណោះ បច្ចុប្បន្ន​ផលិតទាំងនោះ បានកំពុងចូលរួមចំណែកដល់ការបង្កើន​ទំហំ​ពាណិជ្ជកម្មរវាង​កម្ពុជា​អាមេរិក ដូច្នេះប្រព័ន្ធ GSP ក៏បានរួមចំណែកយ៉ាងច្រើនដល់ការនាំចេញទំនិញរបស់កម្ពុជាផងដែរ។លោកឧកញ៉ា លី ឃុនថៃ មានប្រសាសន៍ថា ​ការនាំចេញទៅកាន់ទីផ្សារសហរដ្ឋអាមេរិកមាន​កំណើន​ខ្ពស់ជាងគេ ​នៅក្នុងចំណោមទីផ្សារសំខាន់ៗដ៏ទៃទៀត ​ដោយកម្ពុជារំពឹងថា អាមេរិក​គឺ​ជាទីផ្សារ​សក្តានុពល​សម្រាប់ការនាំចេញរបស់កម្ពុជា​ ក្នុងពេលបច្ចុប្បន្ន និងអនាគត៕ អត្ថបទ៖ ស៊ុន រ៉ាឌី 

ការនាំចេញផលិតកសិកម្មឆ្នាំនេះ រំពឹងសម្រេចតាមការគ្រោងទុករបស់រាជរដ្ឋាភិបាល

2022/08/09 01:02:52 pm        497
ភ្នំពេញ៖ វិស័យឯកជន រំពឹងថា ការនាំចេញកសិផលរបស់កម្ពុជាក្នុងឆ្នាំ ២០២២ នេះ នឹងអាចសម្រេចតាមកាគ្រោងទុករបស់រាជរដ្ឋាភិបាល ដោយសារកំលាំងផលិតក្នុងវិស័យកសិកម្ម​នៅក្នុងស្រុកបន្តអភិវឌ្ឍន៍រឹងមាំ ជាពិសេសរាជរដ្ឋាភិបាលបានគ្រប់គ្រងបង្កើត​នូវបរិយាកាស​នៃការ​នាំចេញ។ឯកឧត្តមបណ្ឌិត តាន់ មុនីវណ្ណ អគ្គនាយករងក្រុមហ៊ុន ម៉ុង រិទ្ធីគ្រុប និងជាអនុប្រធាន​សភាពាណិជ្ជ​កម្ម​កម្ពុជា លើកឡើង នៅថ្ងៃទី ៨ ខែសីហា ឆ្នាំ ២០២២ នេះថា នៅក្នុងវិបត្តិជំងឺកូវីដ ១៩ នេះ រាជ​រដ្ឋាភិបាលបានគ្រប់គ្រងបានយ៉ាងល្អ ដែលជាចំណុចវិជ្ជមានល្អ ដល់ការដាំដុះ កែច្នៃ និងនាំចេញ ក្នុងនោះចំពោះអ្នកប្រកបរបរក្នុងវិស័យកសិកម្ម ​ទាំងក្រុមហ៊ុន និងទាំងកសិករ គួរប្រមូលផ្តុំគ្នា ដើម្បី​ជម្រុញការនាំចេញដោយស្របច្បាប់ ​គឺធ្វើឱ្យកម្ពុជាអាចមានគោលដៅ និងទីផ្សារនាំចេញ​ច្បាស់​លាស់​ប្រការទាំងនេះជាការលើកកម្ពស់ដល់កសិករខ្មែរ មានទឹកចិត្តដាំដុះបម្រើទីផ្សារនាំចេញ។ តាមរបាយការណ៍គយ និងរដ្ឋាករកម្ពុជា ​ការនាំចេញកសិផលរបស់កម្ពុជាមានចំនួន ១ ៧៤១ លានដុល្លារ​អាមេរិក ក្នុងរយៈពេល ៦ខែ ​ឆ្នាំ២០២២ កើនឡើងជាង ​១៦០ លានដុល្លារអាមេរិក ស្មើជាង ​១០% ដែលក្នុងនោះស្រូវនាំចេញមានតម្លៃជាង ៣៦៨ លានដុល្លារអាមេរិក, អង្ករមានតម្លៃ ២០៤ ​លានដុល្លារអាមេរិក, កៅស៊ូជាង ១៨១ លានដុល្លារអាមេរិក, និងកសិផលផ្សេងទៀតមានតម្លៃ​ជាង ៥២៣ លានដុល្លារអាមេរិកផងដែរ។សូមបញ្ជាក់ថា ពាក់ព័ន្ធវិស័យកសិកម្ម ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ព្យាករថា នឹងបន្តសម្រេច​បាន​កំណើនក្នុងរង្វង់ ០,៧% ក្នុងឆ្នាំ ២០២២ និង ១,១% ក្នុងឆ្នាំ ២០២៣ ដោយសារកំណើនរឹងមាំ​នៃអនុវិស័យចិញ្ចឹមសត្វ និងអនុវិស័យដំណាំ ស្របពេលដែលអនុវិស័យនេសាទ​រំពឹងថា​នឹង​បន្តងើបឡើងវិញសន្សឹមៗ ៕អត្ថបទ៖ សុន រ៉ាឌី

ទីផ្សារសហរដ្ឋអាមេរិក កំពុងស្រូបយកសក្តានុពលផលិតផលធ្វើដំណើរ និងការបូប

2022/08/08 03:50:03 pm        474
​ភ្នំពេញ៖ ទីផ្សារសហរដ្ឋអាមេរិកកំពុងស្រូបយកផលិតផលធ្វើដំណើរ ការបូប និងផលិតផលពីស្បែក ខណៈផលិតផលមួយចំនួននូវទទួលបានការអនុពាណិជ្ជកម្ម (GSP) និងកំពុងមានការគាំទ្រពីអ្នកប្រើប្រាស់ ហើយយើងរំពឹងថា ចំនួននេះនឹងមានកំណើននាំចេញកាន់តែល្អថែមទៀត។លោកឧកញ៉ា លី ឃុនថៃ ប្រធានកិត្តិយសមាគមផលិតផលធ្វើដំណើរ និងស្បែកនៅកម្ពុជា ថ្លែងលើក​ឡើងក្នុងកិច្ចសម្ភាសន៍ជាមួយក្រុមព័ត៌មាន នៅក្នុងពិធីសម្ពោធជាផ្លូវការ​សមាគម​ផលិត​ផល​ធ្វើដំណើរ និងស្បែកនៅកម្ពុជា ថ្ងៃទី៦ ខែសីហាឆ្នាំ២០២២ នេះថា ក្រោមការ​ដឹកនាំ​ដ៏ឈ្លាសវៃ របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានធ្វើឲ្យប្រទេសកម្ពុជា​មានការរីកចម្រើន​លើ​គ្រប់វិស័យ ដោយបានផ្តល់ឱកាសការងារ ​និងជីវភាពរស់នៅល្អប្រសើរឡើងជាលំដាប់ ដល់ប្រជាពលរដ្ឋកម្ពុជាទូទាំងប្រទេស។ជាក់ស្តែងទោះបីជាមានផលប៉ះពាល់ដោយសារជំងឺរាតត្បាតកូវីដ-១៩ ក៏ការវិនិយោគនៅប្រទេស​កម្ពុជា​នៅមានស្ថេរភាព ​និងកំណើនគួរឲ្យកត់សម្គាល់ ​ដែល​លទ្ធផលវិជ្ជមានទាំងនេះ បានសរ​បញ្ជាក់​ឲ្យឃើញពីកិច្ចខិតខំប្រឹងប្រែងយ៉ាងសស្រាក់សស្រាំរបស់​រាជរដ្ឋាភិបាល ក្នុងការ​កសាង​ទំនុកចិត្តជូនអ្នកវិនិយោគបរទេស និងក្នុងស្រុក ​ដោយបានផ្តល់ការងារជូនកម្មករ​កម្មការិនី ក្នុង​ប្រទេសកម្ពុជារាប់សែននាក់។លោកឧកញ៉ា បន្តថា ជុំវិញបរិយាកាសអំណោយផលទាំងការវិនិយោគ​ និងការនាំចេញ ជាក់ស្តែង​គិតត្រឹមឆមាសទី ១ ដើមឆ្នាំ២០២២ នេះ ទិន្នន័យនៃការនាំចេញកាបូប​ និងផលិតផលធ្វើដំណើរ ទៅកាន់ទីផ្សារបរទេស ​មានតម្លៃសរុបប្រមាណជាង ៨០២ លានដុល្លាអាមេរិក ​កើនឡើងប្រមាណ ៥៩,៤៨% បើធៀបរយៈពេលដូចគ្នាទៅឆ្នាំ ២០២១ ក្នុងនោះការនាំចេញទៅកាន់ទីផ្សារ​សហរដ្ឋ​អាមេរិកមានកំណើនខ្ពស់ជាងគេ​ នៅក្នុងចំណោមទីផ្សារសំខាន់ៗដ៏ទៃទៀត​ ដោយយើងរំពឹងថា អាមេរិកគឺជាទីផ្សារសក្តានុពលសម្រាប់ការនាំចេញរបស់កម្ពុជា ​ក្នុងពេលបច្ចុប្បន្ននិងអនាគត់៕អត្ថបទ៖ សុន រ៉ាឌី

សេដ្ឋកិច្ចកម្ពុជាកំពុងងើបឡើងវិញក្នុងអត្រាកំណើនខ្ពស់ ទោះជួបវិបត្តិធំៗពីរជាប់គ្នាក៏ដោយ

2022/08/06 03:30:50 pm        732
កែប៖ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានបញ្ជាក់ថា កម្ពុជាក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្តេចតេជោ មាន​លទ្ធភាព​គ្រប់គ្រាន់​ក្នុងធ្វើឲ្យសេដ្ឋកិច្ចប្រទេសងើបឡើងវិញដោយខ្លួនឯង ក្នុងអត្រាកំណើនជាង៥% នៅឆ្នាំ២០២២ ហើយតាមការព្យាករណ៍នៅឆ្នាំ២០២៣ កំណើនសេដ្ឋកិច្ចនឹងកើនឡើង ៦% ទោះជួបវិបត្តកូវីដ១៩ និងសង្គ្រាមរុស្ស៊ី និងអ៊ុយគ្រែនក៏ដោយ។ថ្លែងនៅក្នុងពិធីសម្ភោជាផ្លូវការ អគារសាខា​ពន្ធដារ​ ខេត្តកែប នៅរសៀលថ្ងៃទី៥ ខែសីហា ឆ្នាំ២០២២ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ​បានមានប្រសាសន៍ថា វិបត្តិកូវីដ១៩ បានធ្វើឲ្យប៉ះពាល់ដល់​សេដ្ឋកិច្ចពិភពលោក​យ៉ាងខ្លាំង ក្នុងនោះកម្ពុជា ក៏បានប៉ះពាល់​ធ្ងន់ធ្ងរ​មិនធ្លាប់មានផងដែរ កំណើនសេដ្ឋកិច្ចបានធ្លាក់​ទៅ​កំណើនអវិជ្ជមាន រហូតដល់ (ដក) - ៣,១% ។តែទោះជាយ៉ាងក្តី បើប្រៀបធៀបផលប៉ះពាល់ជាមួយបណ្តាប្រទេសផ្សេងៗលើពិភព​លោក កម្ពុជា​នៅ​មានកម្រិតទាប ហើយបច្ចុប្បន្ន​ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់​សម្តេច​អគ្គមហា​សេនា​បតី​តេជោ ហ៊ុន សែន ដែលលោកមានចក្ខុវិស័យ និងទស្សនៈគំនិតវែងឆ្លាយ ក្នុងភាពជាមេដឹកនាំគំរូ បាន​ប្រែក្លាយឧបសគ្គ និងបញ្ហាប្រឈម ​ឲ្យទៅជាឧកាស និងអាចទ្រសភាពការបានទាន់ពេលវេលា ។ ឯកឧត្តមបណ្ឌិតសភាចារ្យ បានបញ្ជាក់ថា បច្ចុប្បន្នតាមការវាយតម្លៃ ​សេដ្ឋកិច្ចកម្ពុជាកំពុងតែងើប​ឡើងវិញ ក្នុងអត្រាកំណើនខ្ពស់ ដោយគ្មានការពឹងពាក់ពីប្រទេសជិតខាងនោះទេ។ ពិសេសជាងនេះទៅទៀត ទោះជួបវិបត្តិថ្មី សង្គ្រាម រុស្ស៊ី និងអ៊ុយគ្រែនក្តី ក៏កម្ពុជាអាចមាន​លទ្ធភាព​គ្រប់គ្រាន់ ក្នុងការធ្វើឲ្យកំណើនសេដ្ឋកិច្ចខ្លួន ​ងើបឡើងវិញក្នុងកំណើនខ្ពស់បានដែរ៕អត្ថបទ អន សារឹម

ខេត្តកំពតបន្ថែមសេវាទេសចរណ៍ ខណៈដែលវិស័យនេះ ចាប់ផ្តើមងើបឡើងវិញជាបណ្តើរៗ

2022/08/05 02:11:39 pm        864
កំពត៖ ប្រធានមន្ទីរទេសចរណ៍ខេត្តកំពត បានបញ្ជាក់ថា ក្រោយស្ថានភាពការឆ្លងជំងឺកូវីដ-១៩ល្អប្រសើរ សកម្មភាពវិស័យទេសចរណ៍ក្នុងខេត្តកំពត ចាប់ផ្តើមងើបឡើងវិញជាបណ្តើរៗ ។ បច្ចុប្បន្ន ក្នុង១សប្តាហ៍ មានភ្ញៀវក្នុងរង្វង់ ៣ម៉ឺននាក់ ទៅលេងខេត្តកំពត ហើយសេវាទេសចរណ៍ ត្រូវបានរៀបចំបន្ថែមច្រើន ព្រោះ សេវករ រំពឹងថា ភ្ញៀវទេសចរ នឹងកាន់តែមកកម្សាន្ត​ច្រើន​បន្ថែម​ទៀត។ប្រធានមន្ទីរទេសចរណ៍ខេត្តកំពត លោក សយ ស៊ីណុល បានឲ្យដឹងថា អំឡុងពេលរីករាលដាល ជំងឺកូវីដ-១៩ ​វិស័យទេសចរណ៍ខេត្ត បានធ្លាក់ចុះស្ទើរស្មើសូន្យ ​ប៉ុន្តែសកម្មភាពអភិវឌ្ឍន៍វិស័យនេះ នៅតែបន្ត។ បច្ចុប្បន្ន ខេត្តកំពត មានរមណីយដ្ឋានទេសចរណ៍ចំនួន២១កន្លែង សហគមន៍​ទេសចរណ៍ ចំនួន០៤ កន្លែង គោលដៅទាក់ទាញទេសចរណ៍ ចំនួន០៤កនែ្លង និងបោះតង់ ចំនួន០៥។ ក្នុងនោះ មានរមណីយ ដ្ឋានវប្បធម៌-ប្រវត្តិសាស្ត្រ ០៥កន្លែង, វប្បធម៌ ០២កន្លែង, ធម្មជាតិ ១៤កន្លែង។ រមណីយដ្ឋានទេសចរណ៍ កើនឡើងចំនួន០៤កន្លែង។ ចំណែកសេវាស្នាក់នៅ ក៏មានការកើនឡើងដែរ ពិសេសបន្ទប់បឹងហ្គាឡូ ដែល កាលពី២០១៩ មានចំនួន៤០០បន្ទប់ ឥឡូវកើនដល់៩០០បន្ទប់ ​ហើយបន្ទប់សណ្ឋាគារ ក៏កើនផងដែរ។ លោកបានបញ្ជាក់ថា សកម្មភាពវិស័យទេសចរណ៍ នៅក្នុង៦ខែដើមឆ្នាំនេះ ទទួលបានភ្ញៀវ ជាង ១លាននាក់ ។ ម្ចាស់បឹងហ្គាឡូស្ពានរថភ្លើង បានឲ្យដឹងថា កន្លែងរបស់លោក ​ចាប់ផ្តើមមានភ្ញៀវចូលសម្រាក ច្រើនឡើងវិញ ​ហើយលោកបានបន្ថែមសេវារមួយចំនួន​ ដូចជាគ្រោងបើកម្ហូបអាហារ ហាងកាហ្វេ សេវា ជួលម៉ូតូទឹក និងទូកទេសចរណ៍ ជាដើម ។ ខេត្តកំពត មានតំបន់ទាក់ទាញទេសចរ ៤តំបន់ផងដែរ គឺតំបន់ចំការម្រេច តំបន់ស្រែអំបិល តំបន់ដងព្រែក និងតំបន់បោះតង់នៅខាងលិចក្រុងកំពត៕អត្ថបទ៖ អន សារឹម

សហព័ន្ធស្រូវអង្ករកម្ពុជា រំពឹងថា ការនាំចេញអង្ករកម្ពុជា នឹងមានកំណើនកើនឡើងខ្ពស់​នៅ​ចុង​ឆ្នាំនេះ

2022/08/05 01:57:44 pm        867
ភ្នំពេញ៖ ប្រធានសហព័ន្ធស្រូវអង្ករកម្ពុជា រំពឹងការនាំចេញអង្ករនៅចុងឆ្នាំនេះ នឹងមានកំណើន​កើនឡើងខ្ពស់ អាចនឹងសម្រេចតាមផែនការ ​ខណៈតម្លៃប្រេងត្រូវបានព្យាករណ៍នឹងបន្តធ្លាក់ចុះ ស្របពេល​ កម្ពុជាកំពុងពង្រីកទីផ្សារថ្មីៗបន្ថែម។លោកឧកញ៉ា សុង សារ៉ន ប្រធានសហព័ន្ធស្រូវអង្ករកម្ពុជា បានថ្លែងក្នុងកិច្ចសម្ភាសន៍​ជាមួយ​ភ្នាក់ងារ​អ្នកយកព័ត៌មានថា ក្នុងដំណាក់កាលកន្លងមកនេះ ​ការជួញដូរ ​ការនាំចេញទីផ្សារអង្ករ និង​ចំណីអាហារមានការប្រែប្រួល ​ដោយសារវិបត្តិសង្រ្គាមរុស្សី-អ៊ុយក្រែន ជាក់ស្តែងមួយឆមាស​កន្លងមកនេះ ​មានការជួបបញ្ហាប្រឈម​នឹងការដឹកជញ្ជូន ដោយសារការហក់ឡើងខ្ពស់​នៃថ្លៃ​ដឹកជញ្ជូន។លោកឧកញ៉ា បន្តថា ជុំវិញការនាំចេញអង្ករនេះ ​សហព័ន្ធស្រូវអង្ករកម្ពុជា រំពឹងថា ​ចាប់ពីខែនេះ រហូតដល់ខែ ធ្នូ ឆ្នាំ២០២២ ​ការនាំចេញអង្កររបស់កម្ពុជា ​នឹងមានកំណើនងើបឡើងវិញ អាចឆ្លើយ​តប​តាមផែនការកំណត់របស់សហព័ន្ធ ​ខណៈដែលទីផ្សារប្រទេសនីមួយៗ​មានតម្រូវការ លើ​ប្រភេទអង្ករមួយចំនួនរបស់កម្ពុជាបន្ថែម ។ចំណែកទាក់ទងផែនការរបស់សហព័ន្ធស្រូវអង្ករកម្ពុជាវិញ, នៅក្នុងឆ្នាំ ២០២២ នេះ សហព័ន្ធ​ស្រូវអង្ករ​ បានកំណត់ផែនការសកម្មភាពនៃការនាំចេញអង្ករឲ្យបានចន្លោះពី ​៧៥ ទៅ ៨០ ម៉ឺនតោន ដែលចាត់ទុកជាការបើកទំព័រថ្មីក្នុងឆ្នាំ ​២០២២ ​ជាឆ្នាំស្តារស្ថានភាពឱ្យមានកំណើន បន្ទាប់ពី​កម្ពុជា​បានជួប​ឧបសគ្គមួយចំនួន​ នៃការនាំចេញអង្ករនាពេលកន្លងមក ៕អត្ថបទ៖ សុន រ៉ាឌី

លេខាធិការដ្ឋាន RCEP នៅកម្ពុជា នឹងជួយជំរុញការអនុវត្តកិច្ចព្រមព្រៀងតំបន់កាន់តែប្រសើរឡើង

2022/08/05 01:20:46 pm        556
ភ្នំពេញ៖ កម្ពុជា គ្រោងនឹងដាក់សំណើរលើការបើកលេខាធិការដ្ឋានកិច្ចព្រមព្រៀង​សេដ្ឋកិច្ចតំបន់​គ្រប់ជ្រុងជ្រោយ (RCEP) ដើម្បីសម្របសម្រួលការអនុវត្តប្រកបដោយប្រសិទ្ធភាព។សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា មានប្រសាសន៍ថា កម្ពុជាគ្រោងដាក់សំណើរបង្កើត​លេខាធិការដ្ឋាន RCEP ទៅកាន់ប្រទេសសមាជិកអាស៊ាន និងប្រទេសសមាជិកផ្សេងទៀតនៃកិច្ច​ព្រមព្រៀង​អាសិប ​ដើម្បីបង្កើតលេខាធិការដ្ឋាននេះ​ នៅរាជធានីភ្នំពេញ។ថ្លែងក្នុងសន្ទរកថាបើកកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសអាស៊ានលើកទី៥៥ និងកិច្ចប្រជុំពាក់ព័ន្ធកាល​ពីថ្ងៃទី៣ ខែសីហា សម្តេចមានប្រសាសន៍ថា ​កម្ពុជាត្រៀមខ្លួនរួចជាស្រេច ក្នុងការធ្វើជាម្ចាស់ផ្ទះ​នៃ​លេខាធិការដ្ឋានអាសិបនេះ​ ហើយថែមទាំងបានកំណត់ទីតាំងរួចជាស្រេច​សម្រាប់​លេខាធិការដ្ឋាន​អាសិបនេះ នៅរាជធានីភ្នំពេញ ​និងបានកំពុងរៀបចំគម្រោសំណើលម្អិតទៀតផង។ឧកញ៉ា លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា​ មើលឃើញថា ការបង្កើតលេខាធិការដ្ឋាន​អាសិបនេះ ​នឹងធ្វើឱ្យការអនុវត្តកិច្ចព្រមព្រៀងនេះ​កាន់​តែលើប្រសើរ។ចូលជាធរមានកាលពីខែមករាឆ្នាំនេះ អាសិប ​ជាប្លុកពាណិជ្ជកម្មដ៏ធំបំផុតរបស់ពិភពលោក និង បង្កើត​ទីផ្សារនៃមនុស្ស ២.២ ពាន់លាននាក់ ឬ ៣០ភាគរយនៃចំនួនប្រជាជនពិភពលោក​ជាមួយ​នឹងផលិតផលក្នុងស្រុកសរុប (GDP) ​សរុបចំនួន ២៦.២ ​ពាន់ពាន់លានដុល្លារ។យោងតាមរបាយការណ៍របស់​ក្រសួងពាណិជ្ជកម្ម ​ការនាំចេញសរុបរបស់កម្ពុជា​ទៅកាន់ប្រទេស​សមាជិកផ្សេងទៀតនៃ RCEP ​មានចំនួនសរុប ៣.២៨​ ពាន់លានដុល្លារនៅក្នុងឆមាសទីមួយនៃឆ្នាំ ២០២២ កើនឡើង ១០ ភាគរយ ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន៕ អត្ថបទ៖ ជា វណ្ណៈ

កម្ពុជានាំចេញផលិតផលកាត់ដេរ និងមិនមែនកាត់ដេរមានកំណើនខ្ពស់ ខណៈនាំចេញកសិផលមានកំណើនទាប

2022/08/05 12:05:01 pm        557
ភ្នំពេញ៖ កម្ពុជាបាននាំចេញផលិតផលកាត់ដេរ និងផលិតផលមិនមែនកាត់ដេរ មានកំណើនខ្ពស់ គួរឱ្យកត់សម្គាល់នៅក្នុងឆមាសទី១ ឆ្នាំ២០២២នេះ ខណៈពេលដែលការនាំចេញផលិតផលកសិកម្ម​មានកំណើនទាប។យោងតាមរបាយការណ៍របស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករ កម្ពុជា នាំចេញទំនិញក្នុងទំហំទឹក​ប្រាក់​ជាង ១១ពាន់លានដុល្លារ ក្នុងឆមាសទី១ ឆ្នាំ២០២២ ​ដោយក្នុងនោះ ការនាំចេញផលិតកាត់​ដេរកើន ៣៩ភាគរយ និងផលិតផលមិនមែនកាត់ដេរកើន​ ៤០ភាគរយ ។របាយការណ៍ដដែល បញ្ជាក់ថា ការនាំចេញកសិផលកើនត្រឹមតែ ១០,២ភាគរយ បើធៀបគ្រាដូចគ្នាក្នុងឆ្នាំ ២០២១។ការនាំចេញផលិតផលកាត់ដេរដូចជា ស្បែកជើង កាបូប សំលៀកបំពាក់​ជាដើម ​មានទំហំទឹកប្រាក់ ៦,៥៦ពាន់លានដុល្លារ ​កើនឡើង ៣៩ភាគរយ ។ ចំណែកការនាំចេញផលិតផលមិន​មែនកាត់ដេរដូចជា គ្រឿងបំណែក​អេឡិចត្រូនិក កង់ ផលិតផល​ពីឈើ ផលិតផលប្លាស្ទិច គ្រឿងបន្លាស់រថយន្ត ​និងផលិតផលឧស្សាហកម្មផ្សេងៗទៀត មាន​ទំហំទឹកប្រាក់ ២,៦៥ពាន់លានដុល្លារ ក្នុងឆមាសទី១នេះ ។ចំណែកឯការនាំចេញផលិតផលកសិផល​មាន​តម្លៃ ១,៧៤ ពាន់លានដុល្លារក្នុងឆមាសទី១ ដែល​កើនឡើង ១០,២ភាគរយធៀបគ្រាដូចគ្នាក្នុងឆ្នាំ២០២១។ សូមបញ្ជាក់ កម្ពុជាមានទំហំពាណិជ្ជកម្ម ២៧,២៤ពាន់លានដុល្លារអាម៉េរិក ​ក្នុងឆមាសទី១ ឆ្នាំ២០២២នេះ។ ក្នុងនោះ ​ការនាំចេញរបស់កម្ពុជា ​គឺមានតម្លៃ ​១១,៣៧ពាន់លានដុល្លារ ខណៈការ​នាំ​ចូលមានតម្លៃ ១៥,៨៦ពាន់លានដុល្លារ៕អត្ថបទ៖ ស៊ុន រ៉ាឌី

ក្រសួងទេសចរណ៍រៀបចំសេចក្តីព្រាងគោលនយោបាយទេសចរពិសេស បង្កើនការទាក់ទាញ​វិនិយោគិន​អន្តរជាតិ

2022/08/04 01:04:13 pm        349
ភ្នំពេញ៖ នៅថ្ងៃទី៤ ខែសីហានេះ ឯកឧត្តម ទិត ចន្ថា រដ្ឋលេខាធិការប្រចាំការក្រសួងទេសចរណ៍ បានបើកកិច្ចប្រជុំពិគ្រោះយោបល់រៀបចំសេចក្តីព្រាងគោលនយោបាយទេសចរពិសេស។ ឯកឧត្តមថា ថ្លែងថា ការៀបចំគោលនយោបាយទេសចរពិសេសនេះ គឺមានគោលដៅសំខាន់លើក​ទឹកចិត្តភ្ញៀវទេសចរអន្តរជាតិដែលជាអ្នកវិនិយោគ និងប្រែក្លាយភ្ញៀវទេសចរធម្មតា មកទស្សនាកម្ពុជាមកបណ្តាក់ទុនវិនិយោគនៅកម្ពុជា។ឯកឧត្តម ទិត ចន្ថា ថ្លែងថា ការរៀបចំសេចក្តីព្រាងគោលនយោបាយរាជរដ្ឋាភិបាល​ស្តីពី​ទេសចរ​ពិសេស គឺគោលបំណងសំខាន់ៗចំនួនបី រួមមាន៖ ទី១. ​ពីការទាក់ទាញភ្ញៀវទេសចរអន្តរជាតិ ដែល​មាន​គុណភាព ភ្ញៀវមានចំណូលខ្ពស់ៗ ជាពិសេសអ្នកវិនិយោគអន្តរជាតិមកទស្សនា​កម្ពុជា​កាន់ច្រើន ទី២.ជំរុញប្រែក្លាយភ្ញៀវទេសចរអន្តរជាតិធម្មតា ​ឲ្យមកទស្សនាកម្ពជាច្រើនដង និង​មកបង្កើតការបណ្តាក់ទុនបើកអាជីវកម្មនៅកម្ពុជា និងទី៣. ជម្រុញភ្ញៀវធុរជន​អន្តរជាតិទាំងនោះ​បង្កើន​កម្លាំងទិញ និងការវិនិយោគតាមរយៈការលើកទឹកចិត្តផ្តល់ Visa ស្នាក់នៅបានយូរ អាចទិញ​ផ្ទះស្នាក់នៅ នៅក្នុងតំបន់អាគារខនដូរចាប់ពីជាន់ទី១ឡើងទៅ ជាដើម។ឯកឧត្តម ទិត ចន្ថា បន្តថា កម្ពុជា នៅក្នុងឱកាសមិនទាន់មានការរាតត្បាតមេរោគកូវីដ១៩ នៅឆ្នាំ​២០១៩ គឺមានភ្ញៀវទេសចរអន្តរជាតិមកទស្សនាកម្ពុជា ​មានប្រមាណជាង ​៦លាននាក់ ក្នុងនោះ​មានធុរៈជនអន្តរជាតិ ​និងអ្នកវិនិយោគអន្តរជាតិ ​មានប្រមាណ១០% ហើយតាមរយៈការរៀបចំ​គោល​នយោបាយទេសចរពិសេសនេះ ​នឹងជម្រុញទាក់ទាញកំណើនភ្ញៀវទេសចរពិសេសមកវិនិយោគ​នៅកម្ពុជា ​កើនឡើងរហូត២០% ដែលអាចធានា ​និងជម្រុញកំណើនសេដ្ឋកិច្ចកម្ពុជា ដ៏មាន​ប្រសិទ្ធភាព។យ៉ាងណាក៏ដោយ នៅក្នុងអំឡុងដែលកម្ពុជា ​មិនទាន់គោលនយោបាយស្តីពីទេសចរពិសេសនេះ​សម្រាប់​អនុវត្ត. ឯកឧត្តម ទិត ចន្ថា ​ក៏បានថ្លែងថា ​បច្ចុប្បន្នរាជរដ្ឋាភិបាលកម្ពុជា ក៏បាន​នឹងកំពុង​អនុវត្តគោល​នយោបាយលើកទឹកចិត្តមួយចំនួនជូនបណ្តាអ្នកវិនិយោគទុនអន្តរជាតិ​នៅកម្ពុជា ដូចជា​ការផ្តល់ទិដ្ឋាការអាចស្នាក់នៅកម្ពុជារយៈពេល៣ឆ្នាំ ​ការ​អនុញ្ញាត​ឲ្យទិញផ្ទះស្នាក់​ក្នុង​អគារ​ខនដូរ​នៅ​កម្ពុជាចាប់ពីជាន់ទី១ឡើងទៅជាដើម ​និងមានគោលនយោបាយ​ទេសចរ​នានា​ទៀត ដែល​អាច​ជម្រុញ​ភ្ញៀវទេសចរអន្តរជាតិ ​អាច​មក​ស្នាក់នៅ ​ធ្វើការ​វិនិយោគ​ទុន​នៅកម្ពុជា ​រយៈពេលយូរឆ្នាំ​បាន៕ អត្ថបទ ស៊ុម សុខជា

កម្ពុជានាំចេញអង្ករក្នុងបរិមាណ ៣៥ម៉ឺនតោន ទទួលប្រាក់ចំណូលជាង ២០០លានដុល្លារ ក្នុងរយៈពេល៧ខែ

2022/08/04 12:22:52 pm        413
ភ្នំពេញ៖ កម្ពុជា បាននាំចេញអង្ករ ក្នុងបរិមាណ ៣៥ម៉ឺនតោន ក្នុងរយៈពេល៧ខែឆ្នាំ២០២២នេះ កើនឡើង ១៣.២៤ភាគរយ ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ដោយទទួលបានប្រាក់សរុប ២១៨ លានដុល្លារ។របាយការណ៍របស់សហព័ន្ធស្រូវអង្ករកម្ពុជា បង្ហាញថា កម្ពុជាបាននាំអង្ករ ចេញទៅកាន់ទីផ្សារ​អន្តរជាតិ ​តាមរយៈក្រុមហ៊ុននាំចេញអង្ករចំនួន ៥៣ក្រុមហ៊ុន ទៅកាន់គោលដៅចំនួន ៥៦ ប្រទេស និងបានបរិមាណអង្ករសរុបចំនួន ៣៥០,៩០២ តោន។ប្រទេសចិន នៅតែជាទីផ្សារធំបំផុតសម្រាប់ការនាំចេញអង្កររបស់ប្រទេសកម្ពុជា បានចំនួន ១៦៩,៧៦៦ តោន ស្មើនឹង៤៨.៣៨% នៃការនាំចេញសរុបដែលគិតជាទឹកប្រាក់ចំនួន ៨៩ លានដុល្លារសហរដ្ឋអាមេរិក។ការនាំចេញទៅកាន់ប្រទេស នៅក្នុងតំបន់សហគមន៍អឺរ៉ុបចំនួន២៥ប្រទេស ​បានបរិមាណចំនួន ១២២,៨៤២ តោន ស្មើនឹង៣២% នៃការនាំចេញសរុប ដែលគិតជាទឹកប្រាក់ ចំនួន ៨៦​ លាន​ដុល្លារ​សហរដ្ឋ​អាមេរិក។ចំណែកការនាំចេញទៅកាន់ប្រទេសអាស៊ានចំនួន ៤ប្រទេស បានចំនួន ២៩,៩៥៧តោន ស្មើនឹង៩% នៃការនាំចេញសរុប​ ដែលគិតជាទឹកប្រាក់ចំនួន ២០ ​លានដុល្លារសហរដ្ឋអាមេរិក និងបណ្តាល​គោលដៅ​ផ្សេងៗទៀត ចំនួន២៤ប្រទេស​ បានចំនួន ២៨,៣៣៧ តោន ​ស្មើនឹង១០.៦២% គិតជាទឹកប្រាក់ ២២​ លាន​ដុល្លារសហរដ្ឋអាមេរិក។សហព័ន្ធស្រូវអង្ករកម្ពុជា បានគូសបញ្ជាក់ថា ​នៅក្នុងរយៈពេល ៧ខែនេះដែរ អង្ករក្រអូបគ្រប់ប្រភេទ បាននាំចេញចំនួន ៦៣.៦៤% អង្ករស ចំនួន ៣២.៤២% អង្ករចំហ៊ុយចំនួន ២.២៣% អង្ករសរីរាង្គចំនួន ១.៧% និងអង្ករដំណើបបានចំនួន២៣តោន។ដោយឡែក ក្នុងរយៈពេល៧ខែនេះដែរ កម្ពុជាបាននាំចេញស្រូវទៅប្រទេសវៀតណាម ​បានចំនួន ១.៩៥ លានតោន ដែលគិតជាទឹកប្រាក់ប្រមាណជា ៤៨៧ លានដុល្លារសហរដ្ឋអាមេរិក៕ អត្ថបទ៖ វណ្ណៈ

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

មន្ត្រីជាន់ខ្ពស់ក្រសួងធម្មការ ណែនាំដល់យុវជន ត្រូវធ្វើអំពើល្អ ខិតខំរៀនសូត្រ ដើម្បីបន្តការពារនិងអភិវឌ្ឍន៍ជាតិ
07/19/2025 03:07 PM
កម្លាំងចម្រុះ រកឃើញជនជាតិចិន ៩០នាក់, ជនជាតិវៀតណាម ៣៥នាក់, ជនជាតិមីយ៉ាន់ម៉ា១៥នាក់, ឡាវម្នាក់ ក្នុងប្រតិបត្តិការចុះត្រួតពិនិត្យទីតាំងសង្ស័យលួចលាក់ប្រព្រឹត្តបទល្មើស Online Scam នៅក្រុងបាវិត
07/19/2025 03:07 PM
អូស្ត្រាលីប្រគល់រថក្រោះ Abrams ទៅឲ្យអ៊ុយក្រែន ដើម្បីទប់ទល់សង្រ្គាមជាមួយរុស្ស៊ី
07/19/2025 02:07 PM
លោក Trump៖ ចំណាប់ថ្នូរជាច្រើនរូបទៀត នឹងត្រូវបានដោះលែងពីតំបន់ហ្កាហ្សា ឆាប់ៗនេះ
07/19/2025 02:07 PM
CDC ដាក់ឱ្យប្រើប្រាស់ e-Signature និង e-Stamp លើឯកសារទម្រង់ឌីជីថលចេញពីប្រព័ន្ធ cdcIPM
07/19/2025 01:07 PM
ការខូចខាតនៅកូរ៉េខាងត្បូង កើនឡើង ខណៈភ្លៀងធ្លាក់ខ្លាំង ចូលដល់ថ្ងៃទី៤
07/19/2025 01:07 PM
កម្លាំងចម្រុះ ចុះប្រតិបត្តិការត្រួតពិនិត្យទីតាំងសង្ស័យលួចលាក់ប្រព្រឹត្តបទល្មើស Online Scam នៅក្រុងបាវិត
07/19/2025 01:07 PM
គណៈកម្មាធិការគណបក្សឃុំគូលែនត្បូង ប្រារព្ធមីទ្ទីងអបអរសាទរខួបលើកទី៧៤ ថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា
07/19/2025 12:07 PM
កសិផលខ្មែរមួយចំនួនថែមទៀតអាចនឹងទទួលដំណឹងល្អពីភាគីចិន ខណៈផ្លែទុរេនស្រស់ជាង ១៧តោន ត្រូវបាននាំចេញ
07/19/2025 12:07 PM
សមាគមគ្រូពេទ្យ TYDA រៀបចំសន្និសីទទន្តសាស្រ្តប្រចាំឆ្នាំ ដោយផ្ដោតលើការអនុវត្តទន្តសាស្រ្តឈានមុខ
07/19/2025 12:07 PM