មកដល់ពេលនេះ កសិករចំនួនជាង ១៤០០គ្រួសារ ងាកមកចង​ក្រងគ្នា ដើម្បី​ក្លាយ​ជា​សហគមន៍​កសិកម្ម​ទំនើប
កម្ពុជាកំពុងពិភាក្សាលើការចាប់យកឌីជីថលូបនីយកម្ម ដើម្បីជំរុញវិស័យនេះឱ្យកាន់តែរីកចម្រើន
គណៈកម្មាធិការសេដ្ឋកិច្ចក្រៅប្រព័ន្ធដាក់ឱ្យប្រើប្រាស់សមិទ្ធផលថ្មីលើកកម្ពស់អ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ
ក្រសួងសេដ្ឋកិច្ច ចេញសារាចរឱ្យប្រើប្រាស់វិក្កយបត្រអេឡិចត្រូនិកជាកាតព្វកិច្ចដល់ក្រសួងចំនួន ៦

សេដ្ឋកិច្ច និង កសិកម្ម

មន្រ្តីជាន់ខ្ពស់ក្រសួងសេដ្ឋកិច្ច ស្នើដល់មន្រ្តីតាមច្រកទ្វារ ពង្រីកការប្រមូលចំណូលឲ្យបានល្អប្រសើរ

2022/07/30 02:34:30 pm        1017
ត្បូងឃ្មុំ៖ រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ស្នើឲ្យមន្រ្តីសាខាគយ និងរដ្ឋាករខេត្តត្បូងឃ្មុំ ជាពិសេសមន្រ្តីការិយាល័យគយ និងរដ្ឋាករនៅតាមច្រកទ្វារព្រំប្រទល់កម្ពុជា-វៀតណាម បន្តការខិតខំអនុវត្តការងារឲ្យបានល្អ និងពង្រឹងគ្រប់គ្រងការប្រមូលចំណូលឲ្យមានប្រសិទ្ធភាព ដើម្បីកៀរគរចំណូលចូលថវិកាជាតិ ។ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ លើកឡើងនៅក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ហេដ្ឋារចនាសម្ព័ន្ធផ្សេងៗ នៃ​ការិយាល័យគយ និងរដ្ឋាករត្នោត ​នៅខេត្តត្បូងឃ្មុំនៅថ្ងៃទី ២៩ខែកក្កដា ឆ្នាំ២០២២ នេះថា រដ្ឋាភិបាល​ក្រោមការ​ដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី ​បានដាក់ចេញនូវគោលការណ៍ជាច្រើន ​ជាពិសេសការអនុវត្តន៍ការ​មិនមាន​បង្កើនអត្រាពន្ធ, ឬបង្កើតពន្ធថ្មី, ការពង្រឹងច្បាប់, និងបទប្បញ្ញត្តិដែលមានស្រាប់ និងពង្រឹង​ការ​គ្រប់គ្រង​ការប្រមូលចំណូលឱ្យអស់សក្តានុពល​ ការធានាឱ្យបាននូវភាពងាយស្រួល និង​ភាព​ត្រឹមត្រូវ​នៃការបង់ពន្ធ ​ដោយអនុវត្តន៍តាមយុទ្ធសាស្រ្តកៀរគរចំណូលឲ្យបានម៉ឺងម៉ាត់ ។ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី បន្តថា ដើម្បីអនុវត្តន៍ការគៀងគរចំណូលឲ្យមានប្រសិទ្ធភាព អង្គភាព​សាខាគយ និងរដ្ឋាករទាំងអស់ ​ជាពិសេសការិយាល័យគយ ​និងរដ្ឋាករនៅតាមច្រកទ្វារដោយផ្ទាល់ ត្រូវខិតខំប្រឹងប្រែងអនុវត្តន៍ការងារឲ្យបានល្អ ​ជាពិសេសការបង្កើនយកចិត្តទុកដាក់ខ្ពស់ ក្នុងការ​ទប់ស្កាត់ ការរត់ពន្ធខុសច្បាប់​ ដើម្បីប្រមូលគៀងគររកចំណូលឲ្យបានកាន់តែច្រើន ពោល​គឺ​ពង្រឹងការគ្រប់គ្រង​ ប្រមូលចំណូលឱ្យអស់សក្តានុពល ដើម្បីប្រមូលចំណូលចូលថវិកាជាតិ។ បន្ទាប់ពីការបើកសម្ពោធឲ្យប្រើប្រាស់ការិយាល័យខាងលើ, ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី បានអញ្ជើញចុះពិនិត្យនៅផែកុងតេន័រ សម្រាប់ការដឹកជញ្ជូន និងសម្រួលទំនិញ នៅតាមព្រំដែនរវាងកម្ពុជា-វៀតណាម៕អត្ថបទ៖ សុន រ៉ាឌី

ក្រសួងសេដ្ឋកិច្ច និងអាជ្ញាធរខេត្ត កំពុងរកដំណោះស្រាយ អគារសាងសង់មិនរួចនៅខេត្តព្រះសីហនុ

2022/07/29 04:12:31 pm        527
ព្រះសីហនុ៖ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បង្កើតក្រុមការងារ និងមានគណៈកម្មាធិការត្រួតពិនិត្យ វាយតម្លៃ ដើម្បី​ដោះ​ស្រាយ នឹងកៀរគរស្វែងរកអ្នកវិនិយោគថ្មីអភិវឌ្ឍន៍បន្ត ដើម្បីស្រាយបញ្ហា​សំណង់​អគារជាច្រើន ដែល​សាងសង់​មិនទាន់រួចជាច្រើននៅខេត្តព្រះសីហនុ ។ឯកឧត្តម មាស សុខ សេនសាន អ្នកនាំពាក្យ និងជាអគ្គលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បាន​ថ្លែង​ប្រាប់ភ្នាក់ងារអ្នកយកព័ត៌មាន BTV នៅថ្ងៃទី ២៩ ខែកក្កដា ឆ្នាំ ២០២២ នេះថា ក្រសួងសេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ បានកំពុងយកចិត្តទុកដាក់យ៉ាងខ្លាំង​ជម្រុញ​អភិវឌ្ឍន៍​សំណង់ទាំង​នោះ​ឡើងវិញ ដើម្បី​លម្អ​សោភ័ណ​ទីក្រុង​ ជាពិសេសដើម្បីទាក់ទាញអ្នកវិនិយោគ ឲ្យមកបណ្តាក់​ទុន​កាន់តែច្រើននៅព្រះរាជាណាចក្រកម្ពុជា ។ បច្ចុប្បន្នក្រសួង កំពុង​សស្រាក់សស្រាំ​ បង្កើតក្រុមការងារ និងមានគណៈកម្មាធិការចុះត្រួតពិនិត្យ និង​វាយ​តម្លៃ​លើ​ស្ថានភាពសំណង់ទាំងនោះ ​ដើម្បីដោះស្រាយ នឹងកៀរគរស្វែងរកអ្នក​វិនិយោគថ្មី​អភិវឌ្ឍន៍បន្ត។លោក ឃាង ភារម្យ អ្នកនាំពាក្យសាលាខេត្តព្រះសីហនុ ថ្លែងឲ្យដឹថា អគារសំណង់សាងសង់មិន ទាន់រួច ​នៅ​ខេត្ត​ព្រះសីហនុ មានចំនួនជាង​ ១ ពាន់​អគារ ​ដោយ​សំណង់​ទាំងនោះ គឺ​បាន​សាងសង់ រួចក្នុងរង្វង់ប្រមាណ​ពី ៥០ ទៅ ៦០ ភាគរយ។ ​បើសំណង់អគារនេះត្រូវបានដោះស្រាយ និង​សាងសង់ឡើងវិញ វានឹង​បានចូលរួមចំណែកយ៉ាង​ធំ​នៅក្នុងសេដ្ឋកិច្ច ព្រមទាំង​បាន​ផ្តល់​ការងារ​ជាច្រើនដល់ប្រជាពលរដ្ឋ ​និងបាន​ទាក់​ទាញ​អ្នកទេសចរណ៍ ចូលមកទស្សនា​ក​ម្សាន្ត​ព្រះរាជាណាចក្រ​កម្ពុជា​ ជាពិសេសនៅខេត្តព្រះសីហនុ។សូមបញ្ជាក់ថា ទាក់ទងការអភិវឌ្ឍន៍វិស័យវិស័យសំណង់ ​នៅខេត្តព្រះសីហនុ​ គិតចាប់តាំងពីឆ្នាំ ២០១៧ ដល់​ខែ វិច្ឆិកា ឆ្នាំ ២០២១ នេះ​ មានសំណង់សរុប ១ ៦៦១ គម្រោង និងមានទុន​វិនិយោគ​ប្រមាណជាង ៨ ៤០០ លានដុល្លារអាមេរិក,​ ក្នុងនោះសំណង់​អគារខ្ពស់ចាប់ពី ​៥ ជាន់ រហូតដល់ ៥៣ ជាន់ ​គឺមានចំនួន ៦២០ គម្រោង ​​ក្នុងនោះចំពោះអគារដែលជាប់គាំងមិនមានការអភិវឌ្ឍ មាន​ចំនួន ជាង១ ១០០ អគារ ៕អត្ថបទ៖ សុន រ៉ាឌី

ក្រុមហ៊ុនអាកាសចរណ៍ចិនចំនួន១១ បានដាក់ពាក្យស្នើបើកជើងហោះហើរត្រង់មកកម្ពុជាវិញ

2022/07/29 01:48:21 pm        1156
ភ្នំពេញ៖ ក្រុមហ៊ុនអាកាសចរណ៍របស់ប្រទេសចិន ចំនួន១១ក្រុមហ៊ុន បានដាក់សំណើរទៅរដ្ឋលេខាធិការដ្ឋា អាកាសចរណ៍ស៊ីវិលកម្ពុជា ដើម្បីបើកជើងហោះហើរត្រង់មកកម្ពុជាឡើងវិញ។ឯកឧត្តម ជា អូន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល បានថ្លែងប្រាប់ BTV នៅថ្ងៃទី២៩ខែកក្កដានេះ ថា ក្រុមហ៊ុនអាកាសចរណ៍ប្រទេសចិនចំនួន១១ ក្រុមហ៊ុន ដែល​បាន​ដាក់ពាក្យ ស្នើសុំបើកជើងហោះហើរត្រង់កម្ពុជានោះ នឹងចាប់ផ្តើមដំណើរការ ពីខែតុលា ឆ្នាំ២០២២ នេះតទៅ។ឯកឧត្តម ជា អូន បាន​ធ្វើការ​សន្និដ្ឋានថា សម្រាប់ការដាក់សំណើរបើកជើងហោះហើរត្រង់ចិន​មក​កម្ពុជា អាចទំនងមកពីប្រទេសចិន ​មានការ​បន្ធូបន្ថយ​ការអនុវត្តគោលនយោបាយសូន្យកូវីដ​ ឬ Zero Covid នៅក្នុងប្រទេសចិន ។ឯកឧត្តម បញ្ជាក់ថា ក្នុង​ចំណោមក្រុមហ៊ុនទាំង១១ ដែលដាក់សំណើរបើកជើងហោះហើរ​មកកម្ពុជា​នោះ គឺមានក្រុមហ៊ុនដាក់សំណើរហោះមករាជធានីភ្នំពេញ ​មាន១១ក្រុមហ៊ុន ហោះទៅខេត្ត​សៀមរាប ៣ក្រុមហ៊ុន ​និងហោះទៅខេត្តព្រះសីហនុមាន៣ក្រុមហ៊ុន។ឯកឧត្តម ជា អូន បន្តថា នៅក្នុងតារាងកម្មវិធីហោះហើរ​ពីបណ្តាប្រទេសនានាមកកាន់កម្ពុជា ដែល​បាន​និង​កំពុងអនុវត្តរយៈពេលជិត​៥ខែមកនេះ ​គឺមានក្រុមហ៊ុនអាកាសចរណ៍អន្តរជាតិ ​បានដាក់​សំណើរ​បើក​ជើង​ហោះហើរបន្ថែមមានចំនួន៧១​ ២៣០ជើង​ ហើយចំនួននេះ​ រំពឹងថា កើន​ឡើង៦៨% បើ​ប្រៀប​ធៀប​ជើង​ហោះ​ហើរឆ្នាំ២០១៩ ​ដែល​មាន​ប្រមាណ ១០ម៉ឺន៤ ៧៧០ជើង។ឯកឧត្តម បន្តថា​ នៅ​ក្នុង​ខែមិថុនា​ចុងក្រោយនេះ​ មានអ្នកដំណើរអន្តរជាតិ​ចូល​មក​កម្ពុជា​តាម​ផ្លូវ​អាកាស​ជាង​ ១៩ម៉ឺននាក់ ​និងមានយន្តហោះចតប្រមាណ ២៦%នៃចំនួនការចុះចតសរុបឆ្នាំ២០១៩ និង​មាន​យន្ត​ហោះ​ ហោះ​រំលងប្រទេសកម្ពុជា ​មានប្រមាណ៧០% ​ធៀបនឹងឆ្នាំ២០១៩ ដូចគ្នា៕អត្ថបទ ស៊ុម សុខជា

កម្ពុជា ទទួលបានគម្រោងវិនិយោគពីសិង្ហបុរី មានទុនសរុប ១.៥ប៊ីលានដុល្លារ

2022/07/28 02:54:32 pm        619
ភ្នំពេញ៖ កម្ពុជាទទួលបានគម្រោងវិនិយោគពីប្រទេសសិង្ហបុរី ​មានទុនវិនិយោគសរុប ១.៥ ប៊ីលានដុល្លារ គិតត្រឹមខែមិថុនាឆ្នាំ២០២២នេះ ដែលគម្រោងទាំងនោះ ​ផ្តោតលើវិស័យ វិស័យ​ទេសចរណ៍ កម្មន្តសាល ហេដ្ឋារចនាសម្ព័ន្ធនិងវិស័យផ្សេងៗមួយចំនួនទៀត។គិតត្រឹមខែមិថុនា ឆ្នាំ២០២២ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានអនុម័ត គម្រោងវិនិយោគ​របស់​សិង្ហបុរី ​ចំនួន ១២៧គម្រោង ​មានទុនវិនិយោគសរុប ១.៥ ប៊ីលានដុល្លារ ​នៅក្នុងវិស័យទេសចរណ៍ កម្មន្តសាលហេដ្ឋារចនាសម្ព័ន្ធ និងវិស័យផ្សេងៗមួយចំនួនទៀត។ទិន្ន័យនេះត្រូវបានលើកឡើងនៅក្នុងសេចក្តីប្រកាសព័ត៌មានរបស់ CDC តាមរយៈជំនួបតាម​ប្រព័ន្ធវីឌីអូ រវាងក្រុមប្រឹក្សអភិវឌ្ឍន៍កម្ពុជា និងសហព័ន្ធធុរកិច្ចសិង្ហបុរី កាលពីថ្ងៃទី ២៦កក្កដា ជុំវិញ​ប្រធានបទ «ស្វែងយល់ពីកម្ពុជា ការយល់ដឹងពីកាលានុវត្តភាពធុរកិច្ចនៅកម្ពុជា» ។ ឯកឧត្តម សុខ ចិន្តាសោភា រដ្ឋមន្រ្តី​ប្រតិភូ​អមនាយករដ្ឋមន្រ្តី ​និងជា​អគ្គលេខា​ធិការក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា បានបង្ហាញពីបរិយាកាសវិនិយោគនៅកម្ពុជា ​ច្បាប់វិនិយោគថ្មី ដែលផ្តល់ការលើក​ទឹក​ចិត្តដល់វិនិយោគិន​ និងមានភាពអំណោយផល ​សម្រាប់វិនិយោគិនសិង្ហបុរី ចាប់យកឱកាស​ក្នុង​វិស័យកសិ-ចំណីអាហារ សេវាកម្ម និងកម្មន្តសា។ឯកឧត្តម បញ្ជាក់បន្ថែមថា “វិនិយោគិនសិង្ហបុរីមានតួនាទីសំខាន់​ចំពោះកម្ពុជា ជាពិសេសការរួម​ចំណែក​ស្តារឡើងវិញ ​និងអភិវឌ្ឍន៍​សេដ្ឋកិច្ចកម្ពុជាឱ្យបានឆាប់រហ័ស”។ សិង្ហបុរី​ ស្ថិតនៅក្នុង​ចំណោម​វិនិយោគិនបរទេសធំជាង​គេទាំង៥ ​របស់កម្ពុជា​ ដែល​ភាគច្រើនវិនិយោគទៅលើវិស័យ អចលទ្រព្យថាមពល ​ពាណិជ្ជកម្ម ម្ហូបអាហារ ​ការអប់រំ និងហិរញ្ញវត្ថុ។ឮសូមជម្រាបថា ​ទំហំពាណិជ្ជកម្មរវាងកម្ពុជា ​និងសិង្ហបុរី ​មានទំហំទឹកប្រាក់ជាង ​២ពាន់លានដុល្លារ ក្នុង​ឆមាសទី១ ឆ្នាំ២០២២។ ​ទំហំនេះ ​មានការធ្លាក់ចុះខ្លាំងក្នុងអត្រា ៣៨,២ភាគរយ បើធៀប​និង​រយៈពេលដូចគ្នា​កាលឆ្នាំ២០២១​ ដែលមានចំនួនជាង ​៣,៣៦ពាន់លានដុល្លារ។ ​នេះបើយោងតាម​ស្ថិតិ​ជញ្ជីង​ពាណិជ្ជកម្មរបស់​អគ្គនាយកដ្ឋានគយ ​និងរដ្ឋាករកម្ពុជា៕ អត្ថបទ៖ វណ្ណៈ

ធនាគារ SME ផ្តលឥណទានសរុបជាង ៧លានដុល្លារ ដល់អាជីវកម្មទេសចរណ៍

2022/07/28 01:34:52 pm        689
ភ្នំពេញ៖ រយៈពេល ២៧ថ្ងៃកន្លងមកនេះ មានអាជីវកម្មទេសចរណ៍ចំនួន ៥៦អាជីវកម្ម​ ត្រូវបាន​ធនាគារSME អនុម័តផ្តល់ឥណទាន មានទំហំថវិកាជាង ៧លាន៦សែនដុល្លាអាមេរិក ខណៈមានអាជីវកម្មទេសចរណ៍ជាច្រើនទៀត មិនអាចស្នើសុំកម្ចីនេះបាន ​ដោយសារ​លក្ខណះ​របាយការណ៍​ហិរញ្ញវត្ថុ​របស់អាជីវកម្ម ។លោកស្រី ឆាយ សៀវលីន ប្រធានសមាគមទីភ្នាក់ទេសចរណ៍កម្ពុជា CATA បានថ្លែងប្រាប់BTV នៅថ្ងៃទី២៨ ខែកក្កដានេះថា នៅពេលនេះ​មានអាជីវកម្មទេសចរណ៍​តិចតួចណាស់​បានទៅ​ទទួល​បា្រក់កម្ចីនេះ ដោយយសារឥណទាន​សហ​ហិរញ្ញប្បទាន​ស្តារអាជីវកម្មក្នុងវិស័យទេសចរណ៍ គឺហាក់មាន​លក្ខខ័ណ្ឌ​តឹងរ៉ឹង ​ជាពិសេសការទាមទាររបាយការណ៍ហិរញ្ញវត្ថុពីអាជីវកម្មទេសចរណ៍ ដែលជាកត្តាបង្កការរាំងស្ទះ​ ដល់អាជីវកម្មទេសចរណ៍ ។ លោកបណ្ឌិត លឹម អូន ប្រធានធនាគារសហគ្រាសធុនតូច និងមធ្យមកម្ពុជា បានថ្លែងថា នៅ​ពេល​នេះ ​រាជរដ្ឋាភិបាលតាមរយៈក្រសួងសេដ្ឋកិច្ច ​និងហិរញ្ញវត្ថុ បាននិងកំពុងពិចារណា លើការ​បន្ធូបន្ថយ​លក្ខខណ្ឌ​ ផ្តល់ប្រាក់​កម្ចីពីគម្រោង​សហហិរញ្ញប្បទាន​រាជរដ្ឋាភិបាល​ដើម្បី​អាជីវកម្ម​ក្នុង​វិស័យទេសចរណ៍ ដូចជាបង្កើនទុនឲ្យខ្ចីលើសពី៤០លានដុល្លាអាមេរិច ពង្រីក​ការ​ពន្យាពេលបង់ការ​ប្រាក់រហូតដល់២ឆ្នាំ និងពង្រីករយៈពេលបង់ប្រាក់សងត្រឡប់វិញពីចំនួន៧ឆ្នាំ​រហូតដល់​១០ឆ្នាំ​ដើម្បីជួយសម្រាលឲ្យការបង់ប្រាក់សងត្រឡប់មានចំនួនតិចតួចជាដើម។លោក បណ្ឌិត លឹម អូន បន្តថា ​យ៉ាងណាក៏ដោយនៅក្នុងអំឡុងពេលនេះ រាជរដ្ឋាភិបាលក៏បាន​បន្ធូរបន្ថយ​លក្ខខណ្ឌ​និងលើកទឹកចិត្ត ​និងបន្ថយពិន្ទុសម្រាប់​អាជីវកម្ម​ទេសចរណ៍​ដែល​ដុនដាប​ខ្លាំង ហើយតាមរយៈ​បន្ធូរបន្ថយ​លក្ខខណ្ឌ​នេះ​បានធ្វើឲ្យអាជីវកម្មទេសចរណ៍​ចំនួន​៥៦អាជីវកម្មគឺបាន​ទទួល​កម្ចី​ឥណទាន​នៅតាមបណ្តាធនាគារដៃគូចំនួន​៧ធនាគារ ​ក្នុងចំណោម​ធនាគារ​ជាដៃគូចំនួន​១៩ធនាគារ ​និងមានអាជីវកម្មនានា​បាន​និងកំពុងរៀបចំ​សំណើរសុំទទួលកម្ចី​នេះ។ឯកឧត្តម សុង តុងហាប់​ រដ្ឋលេខាធិការក្រសួងទេសចរណ៍ ​ថ្លែងថា នៅពេលបច្ចុប្បន្នក្រសួង​បាន​បង្កើត​ក្រុមការងារ​ផ្សព្វផ្សាយ​និង​ជួយស្តារអាជីវកម្មទេស​ចរណ៍​ឲ្យងើបឡើងវិញ​តាមរយៈជួយ​សម្របសម្រួល ​និងធ្វើយ៉ាងណាឲ្យអាជីវកម្មអាច​​ទទួល​បានប្រាក់កម្ចី​ស្តារអាជីវកម្មទាំងអស់គ្នា និង​មាន​លទ្ធភាពសងត្រឡប់ផងដែរ៕ អត្ថបទ ស៊ុម សុខជា

ករណីប្រេងឆៅរបស់កម្ពុជាចំនួនជិត ៣០ ម៉ឺនប៉ារ៉ែល នឹងដោះស្រាយបញ្ចប់ក្នុងពេលឆាប់ៗ

2022/07/28 12:54:39 pm        769
ភ្នំពេញ៖ ករណីប្រេងឆៅរបស់កម្ពុជា ចំនួនជិត ៣០ ម៉ឺនប៉ារ៉ែល ដែលនាវាឈ្មោះ MT Strovolos បានដឹកចេញពីកម្ពុជា នាពេលកន្លងមក ភាគីពាក់ព័ន្ធ បានចូលតុពិភាក្សាចរចារគ្នា​ដើម្បី​សម្របសម្រួលលើផលប្រយោជន៍ដែលភាគីនីមួយៗទទួលបាន ដោយសង្ឃឹមថា គ្រោងបញ្ចប់ក្នុងពេលឆាប់ៗ។ឯកឧត្តម ជៀប សួរ អ្នកនាំពាក្យ និងជាអគ្គនាយកនៃអគ្គនាយកដ្ឋានប្រេងកាត បានលើក​ឡើងក្នុង​កិច្ចសម្ភាសន៍​ជាមួយអ្នកយកព័ត៌មាន ​លើករណីការលួចប្រេងឆៅរបស់កម្ពុជា ​នៅថ្ងៃទី២៧ ខែ កក្កដា ឆ្នាំ២០២២ នេះថា​ ជុំវិញបញ្ហាប្រេងឆៅចំនួនជិត ៣០ម៉ឺនបារ៉ែល ​ដែលនាវាឈ្មោះ MT Strovolos ​បានលួចដឹកចេញេពីកម្ពុជា ​កាលពីខែមិថុនា ឆ្នាំ២០២១​ កន្លងមកនេះ បច្ចុប្បន្ន​មាន​សញ្ញា​ល្អជាបណ្តើរៗហើយ ​ដែលកម្ពុជារំពឹងថា​ ករណីប្រេងឆៅនេះនឹងដោះស្រាយចេញក្នុងពេលឆាប់ៗ។ទាក់ទងបញ្ហាប្រេងកាតប្លុក A នេះ , ឯកឧត្តម ជៀប សួរ បានបញ្ជាក់ឲ្យដឹងថា ចំពោះការអភិវឌ្ឍន៍​របស់​ក្រុមហ៊ុន KrisEnergy ​នៅប្លុកអេ ​នាពេលកន្លងមកនេះ ក្រសួងបានបញ្ចប់កិច្ចព្រមព្រៀង​ជាមួយ​ក្រុមហ៊ុននេះរួចហើយ, បច្ចុប្បន្នចំពោះការវិនិយោគនៅប្លុកអេនេះ ក្រសួងបានកំពុងពិភាក្សាការងារ​ជាមួយក្រុមហ៊ុនថ្មីមួយទៀត មកពីប្រទេសកាណាដា , ដោយក្រុមហ៊ុនថ្មីនេះបានកំពុងធ្វើការ​សិក្សានូវ​ទិន្នន័យថ្មីៗឡើងវិញ​ មុននឹងសម្រេចចិត្តវិនិយោគនៅប្លុកAនេះជាបន្ត ដើម្បីចៀសវាងនូវ​កំហុស​ខុសឆ្លងដែលកើតមានឡើង។ ​មកដល់ពេលនេះ ​ការសិក្សារបស់ក្រុមហ៊ុនថ្មីមួយនេះ ជិតដល់​ពេលវេលាមកពិភាក្សាគ្នាជាមួយក្រសួងហើយ ដោយការងារនេះក្រសួង​នឹង​បង្ហាញ​លទ្ធផលនៅពេលខាងមុខ៕អត្ថបទ៖ សុន រ៉ាឌី

ក្រសួងពាណិជ្ជកម្មបើកកិច្ចប្រជុំលើកដំបូង ដើម្បីបង្ហាញសមាសភាពគណៈកម្មាធិការ ប្រកួតប្រជែងកម្ពុជា

2022/07/27 12:52:27 pm        433
ភ្នំពេញ៖ នៅទីស្តីការក្រសួងពាណិជ្ជកម្ម គណៈកម្មាធិការប្រកួតប្រជែងកម្ពុជា (គ.ប.ក) បានបើកកិច្ចប្រជុំលើកទី១របស់ខ្លួន ដើម្បីឱ្យសមាជិកទាំងអស់ បានជួបប្រជុំគ្នាជាលើកដំបូង និងបង្ហាញខ្លួន បន្ទាប់ពីរាជរដ្ឋាភិបាលបានចេញសេចក្តីសម្រេចកាលពីកន្លងទៅនេះ ស្តីពីការតែងតាំងសមាសភាពគណៈកម្មាធិការប្រកួតប្រជែងកម្ពុជា ព្រមទាំងដើម្បីពិនិត្យ និងពិភាក្សាលើបទបញ្ជាផ្ទៃក្នុងមួយចំនួន។នៅក្រោយចប់កិច្ចប្រជុំ កាលពីរសៀលថ្ងៃ២៦ កក្កដា ឆ្នាំ២០២២នេះ ប្រភពពីក្រសួងពាណិជ្ជកម្ម បានឲ្យដឹងថា កិច្ចប្រជុំនេះ ត្រូវបានរៀបចំឡើង ក្រោមការអញ្ជើញជាអធិបតីរបស់ ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម ​និងជាប្រធានគណៈកម្មាធិការប្រកួតប្រជែងកម្ពុជា ព្រមទាំង​មានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំ និងសមាជិក សមាជិកាជាច្រើនរូប។ក្នុងឱកាសនោះ ឯកឧត្តមរដ្ឋមន្រ្តី បានមានប្រសាសន៍ថា ច្បាប់ស្ដីពីការប្រកួតប្រជែងកម្ពុជា ត្រូវបាន​ព្រះករុណាព្រះបាទសម្តេចព្រះនរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា ឡាយព្រះហស្តលេខា​ប្រកាស​ដាក់ឱ្យប្រើ កាលពីខែតុលា ឆ្នាំ២០២១​ និងបានធ្វើឱ្យបណ្ដារដ្ឋសមាជិកអាស៊ានទាំង១០ មានច្បាប់ស្ដីពីការ​ប្រកួតប្រជែងទាំងអស់គ្នា ដូចបានកំណត់ក្នុងផែនការមេសហគមន៍​សេដ្ឋកិច្ច​អាស៊ាន​២០២៥ ហើយការអនុម័តច្បាប់នេះធ្វើឱ្យកម្ពុជាបានបំពេញកាតព្វកិច្ច​មួយរបស់កម្ពុជា​សម្រាប់​អាស៊ាន ​និងអង្គការពាណិជ្ជកម្មពិភពលោកផងដែរ។ ឯកឧត្តម បានឲ្យដឹងទៀតថា យោងតាមមាត្រា៤​ នៃច្បាប់ស្ដីពីការប្រកួតប្រជែង តម្រូវឱ្យបង្កើត​គណៈកម្មាធិការ​ប្រកួត​ប្រជែងកម្ពុជាដែលជាអ្នកទទួលបន្ទុកដឹកនាំ និងត្រួតពិនិត្យការអនុវត្តច្បាប់​ស្ដីពីការប្រកួតប្រជែង ​ហើយតាមការតម្រូវនេះ ប្រមុខរាជរដ្ឋាភិបាលសម្រេចចុះហត្ថលេខា​នៅ​ខែកុម្ភៈកន្លងទៅ និងបានចេញសេចក្តីសម្រេចនៅខែកក្កដា នេះ ស្តីពីការតែងតាំងសមាសភាព​នៃ​គណៈកម្មាធិការនេះ ​ដែលមានសមាសភាពសរុបចំនួន ១៥រូប ដែល ១០រូបជាតំណាងមកពីក្រសួង ស្ថាប័នពាក់ព័ន្ធ និង ​៥រូប ជាបុគ្គលឯករាជ្យ ​ក្នុងនោះជាអតីតចៅក្រម ១រូប, អ្នកសេដ្ឋកិច្ច ២រូប និង​អ្នកច្បាប់ ២រូប ដែលឆ្លងកាត់តាមការជ្រើសរើស ​ហើយមានអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្រ្កាបការក្លែងបន្លំ «ក.ប.ប.» ជាសេនាធិការ ដើម្បីអនុញ្ញាតឱ្យ​គណៈកម្មាធិការ​ប្រកួតប្រជែងកម្ពុជា ​ទទួល​បាន​នូវសិទ្ធិ​ពេល​លេញក្នុងការអនុវត្តនូវតួនាទី​និង​ភារកិច្ចរបស់ខ្លួន។ឯកឧត្តមរដ្ឋមន្រ្តី បានបញ្ជាក់ថា សម្រាប់ការអនុវត្តច្បាប់ស្ដីពីការប្រកួតប្រជែង អគ្គនាយកដ្ឋាន ក.ប.ប. ដែល​ជាសេនាធិការ​ និងដើរតួនាទីជាអ្នកស៊ើបអង្កេត ខណៈដែលគណៈកម្មាធិការ​ប្រកួត​ប្រជែង​កម្ពុជា ជាអ្នកធ្វើសេចក្ដីសម្រេចក្នុងការកំណត់ថា ​បុគ្គលណាមួយបំពានច្បាប់ ដោយផ្អែកលើ​ភស្ដុតាង​ដែលផ្ដល់ដោយមន្ត្រីនៃអគ្គនាយកដ្ឋាន ក.ប.ប.។ ដូចនេះ សមាសភាពខាងលើ តម្រូវឱ្យមានការចូលរួមពីបុគ្គលឯករាជ្យអតីត​ចៅក្រម អ្នកសេដ្ឋកិច្ច និង​អ្នកច្បាប់ ដែលមានជំនាញច្បាស់លាស់ចូលរួមធ្វើសេចក្ដីសម្រេចក្នុង​ការ​កំណត់​បទល្មើស​ក្រោមច្បាប់​ស្ដីពីការប្រកួតប្រជែង ​ប្រកបដោយភាពត្រឹមត្រូវនិងពេញលេញ។ ឯកឧត្តម សង្កត់ធ្ងន់ថា ​ការអនុវត្តច្បាប់ស្តីពីការប្រកួតប្រជែងប្រកបដោយប្រសិទ្ធភាព នឹងបង្កើតនូវ​ទីលាន​ប្រកួតប្រជែង​ប្រកបដោយស្មើភាពក្នុងការធ្វើធុរកិច្ចនៅកម្ពុជា ដើម្បីប្រកួតប្រជែងគ្នា​តាម​រយៈមធ្យោបាយផ្សេងៗ រួមមាន ​នវានុវត្តន៍ គុណភាពខ្ពស់​ និងតម្លៃទាបនៃផលិតផលនិងសេវា ដែលផ្តល់​អត្ថប្រយោជន៍សម្រាប់អ្នកប្រើប្រាស់និងធើ្វឱ្យមានកំណើនសេដ្ឋកិច្ចជាតិទៀតផង៕ អត្ថបទ៖ ឈិត បូរ៉ាវី

ឯកឧត្តម រដ្ឋ សារ៉ាវុធ ដឹកនាំឧត្តមមន្រ្តីសេដ្ឋកិច្ចអាស៊ាន បំពេញបេសកកម្មស្វែងយល់ពីតថភាពក្នុងដំណើរការរៀបចំខ្លួនក្រោមសសរស្តម្ភសហគមន៍សេដ្ឋកិច្ចអាស៊ានរបស់ប្រទេសទីម័រខាងកើត

2022/07/27 11:05:13 am        491
ភ្នំពេញ៖ កាលពីថ្ងៃទី១៩-២២ ខែកក្កដា ឆ្នាំ២០២២ ឯកឧត្តម រដ្ឋ សារ៉ាវុធ អគ្គនាយកពាណិជ្ជកម្មអន្តរជាតិ និងជាប្រធានកិច្ចប្រជុំឧត្តមមន្រ្តីសេដ្ឋកិច្ចអាស៊ានសម្រាប់ឆ្នាំ២០២២ បានដឹកនាំឧត្តមមន្រ្តីសេដ្ឋកិច្ចអាស៊ាន អមដំណើរដោយអគ្គលេខាធិការរងអាស៊ាននិងសហការី ទៅបំពេញបេសកកម្មស្វែងយល់ពីតថភាពក្នុងដំណើរការរៀបចំខ្លួនក្រោមសសរស្តម្ភសហគមន៍សេដ្ឋកិច្ចអាស៊ានរបស់ប្រទេសទីម័រខាងកើត។បេសកកម្មនេះ មានគោលបំណងវាយតម្លៃនូវវឌ្ឍនភាពរបស់ទីម័រខាងកើតក្នុងដំណើរការស្នើសុំចូលជាសមាជិកអាស៊ាន ក្រោមសសរស្តម្ភសហគមន៍សេដ្ឋកិច្ចអាស៊ាន ដោយពិនិត្យមើលគោលនយោបាយជាតិ បទប្បញ្ញត្តិ និងគំនិតផ្តួចផ្តើមនានា ដើម្បីឱ្យមានអនុលោមភាពស្របតាមគោលការណ៍អាស៊ាន។ភាគីទាំង២ ក៏បានពិភាក្សាផ្លាស់ប្តូរយោបល់ក៏ដូចជាចែករំលែកបទពិសោធន៍ទៅវិញទៅមក ជាពិសេសឱកាស បញ្ហាប្រឈម សក្តានុពល ក៏ដូចជាចំណុចខ្វះខាតនានារបស់ទីម័រខាងកើតដើម្បីអាចឱ្យអាស៊ានជួយកសាងសមត្ថភាព និងជំនួយបច្ចេកទេសផងដែរ។ ក្នុងនោះមានក្រសួងនិងស្ថាប័នរបស់ទីម័រខាងកើតចំនួន៨ ដែលដឹកនាំដោយឯកឧត្តម Domingos Lopes Antunes អនុរដ្ឋមន្រ្តីក្រសួងទេសចរ ពាណិជ្ជកម្ម និងឧស្សាហកម្ម ក្នុងនាមជាសហប្រធាននៃកិច្ចប្រជុំ បានចូលរួមធ្វើបទបង្ហាញជូនដល់គណៈប្រតិភូដើម្បីទទួលបានព័ត៌មានបន្ថែម។ក្រសួងនិងស្ថាប័នទាំងនោះមានដូចជា ក្រសួងហិរញ្ញវត្ថុ ក្រសួងកសិកម្មនិងនេសាទ ក្រសួងសាធារណការនិងទំនាក់ទំនង ក្រសួងប្រេងកាត និងរ៉ែ ក្រសួងទេសចរណ៍ ពាណិជ្ជកម្ម និងឧស្សាហកម្ម សភាពាណិជ្ជកម្មនិងឧស្សាហកម្ម អាជ្ញាធរគយ សមាគមសណ្ឋាគារ ព្រមទាំងវិស័យឯកជននានាផងដែរ។ឯកឧត្តមអគ្គនាយក ក៏បានដឹកនាំគណៈប្រតិភូអាស៊ានធ្វើទស្សនកិច្ច នៅមជ្ឈមណ្ឌលជាតិសម្រាប់ការងារនិងការបណ្តុះបណ្តាលជំនាញ កំពង់ផែឌីលី និងកំពង់ផែ Tibar Bay ដើម្បីពិនិត្យ និងវាយតម្លៃលើការបណ្តុះបណ្តាលកសាងធនធានមនុស្ស ក៏ដូចជាសក្តានុពលនៃការដឹកជញ្ជូនទំនិញរបស់ទីម័រខាងកើត ផងដែរ។ក្នុងអំឡុងបេសកកម្មនេះដែរ ឯកឧត្តមអគ្គនាយក ក៏បានជួបពិភាក្សាទ្វេភាគីជាមួយលោកជំទាវ Adaljiza Magno រដ្ឋមន្រ្តីក្រសួងការបរទេសទីម័រខាងកើត លោកស្រីទីប្រឹក្សាធនាគារ ADB និងលោកស្រី Maika Oshikawa ប្រធាននាយកដ្ឋានពិនិត្យនិងវាយតម្លៃការចូលជាសមាជិកអង្គការពាណិជ្ជកម្មពិភពលោក ដើម្បីជំរុញកិច្ចសហប្រតិបត្តិការតំបន់ បន្ថែមទៀត។បេសកកម្មរយៈពេល៤ថ្ងៃនេះ បានប្រព្រឹត្តទៅដោយទទួលបានផ្លែផ្កាគាប់ប្រសើរ។ ប្រទេសទីម័រខាងកើត បានប្តេជ្ញាបន្តផ្តល់កិច្ចសហប្រតិបត្តិការលើវិស័យពាក់ព័ន្ធជាមួយអាស៊ាន ដើម្បីពន្លឿននីតិវិធីក្នុងការស្នើសុំចូលជាសមាជិកអាស៊ាន៕

និយ័តករមូលបត្រកម្ពុជា ADB ជំរុញការអភិវឌ្ឍទីផ្សារសញ្ញាប័ណ្ណនិរន្តរភាពនៅកម្ពុជា

2022/07/26 01:37:02 pm        1276
ភ្នំពេញ៖ និយ័តករមូលបត្រកម្ពុជា ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ជំរុញការអភិវឌ្ឍទីផ្សារសញ្ញាប័ណ្ណនិរន្តរភាព​ និងលើកកម្ពស់ការយល់ដឹងពាក់ព័ន្ធនឹងហិរញ្ញវត្ថុនិរន្តរភាព ជាពិសេសទីផ្សារមូលធននិរន្តរភាពក្នុងតំបន់អាស៊ានទៅដល់និយ័តករ និងតួអង្គពាក់ព័ន្ធសំខាន់ៗនៅក្នុងទីផ្សានៅកម្ពុជា ។និយ័តករមូលបត្រកម្ពុជា ជាប្រធាននៃវេទិកាទីផ្សារមូលធនអាស៊ាន (ACMF) ឆ្នាំ២០២២ និង​ជាសហ-ប្រធាននៃកម្មវិធីអភិវឌ្ឍន៍ទីផ្សាររបស់ ACMF ន.ម.ក. បានសហការជាមួយនឹងធនាគារ​អភិវឌ្ឍន៍អាស៊ី (ADB) រៀបចំសិក្ខាសាលាស្តីពី “ឥទ្ធិពលនៃការអភិវឌ្ឍទីផ្សារមូលធននិរន្តរភាព​ក្នុង​តំបន់អាស៊ាន សម្រាប់ការអភិវឌ្ឍទីផ្សារសញ្ញាប័ណ្ណនិរន្តរភាពនៅកម្ពុជា”។សិក្ខាសាលានេះ ​ត្រូវបានរៀបចំឡើងកាលពីចុងសប្តាហ៍កន្លងទៅ ដោយផ្ទាល់ និងតាមប្រព័ន្ធអន​ឡាញ ​ក្រោមអធិបតីភាព ​ឯកឧត្តម ស៊ូ សុជាតិ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក​នៃនិយ័តក​រមូលបត្រកម្ពុជា ​និងលោកស្រី Jyotsana Varma នាយក ADB ប្រចាំ ប្រទេស កម្ពុជា។សិក្ខាសាលានេះ​ ត្រូវបានរៀបចំឡើងក្នុងគោលបំណងដើម្បីលើកកម្ពស់ការយល់​ដឹងពាក់ព័ន្ធនឹង​ហិរញ្ញវត្ថុ​និរន្តរភាព​ ជាពិសេសទីផ្សារមូលធននិរន្តរភាពក្នុងតំបន់អាស៊ានទៅដល់និយ័តករ និង​តួអង្គពាក់ព័ន្ធ​សំខាន់ៗនៅក្នុងទីផ្សារ​ និងកិច្ចគាំទ្រដែលផ្តល់ដោយ ADB ក៍ដូចជាដើម្បីជំរុញការ​អភិវឌ្ឍ​ទីផ្សារសញ្ញាបណ្ណនិរន្តរភាពនៅកម្ពុជា។សិក្ខាសាលាខាងលើ មានអ្នកចូលរួមសរុបចំនួន ១៨៥ រូប ដែលក្នុងនោះមានសមាសភាពចូលរួម​មកពី និយ័តករមូលបត្រកម្ពុជា. សមាជិក ACMF អគ្គលេខាធិការដ្ឋាននៃអាជ្ញាធរសេវាហិរញ្ញវត្ថុ​មិនមែន​ធនាគារ និយ័តករក្រោមឱវាទនៃអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ​ ក្រសួងបរិស្ថាន ធនាគារជាតិនៃកម្ពុជា​ សមាគមធនាគារកម្ពុជា ​ក្រុមហ៊ុនផ្សារមូលបត្រកម្ពុជា ក្រុមហ៊ុនធានាទិញ​មូលបត្រ ក្រុមហ៊ុនទីប្រឹក្សាហិរញ្ញវត្ថុ ​ក្រុមហ៊ុនបោះផ្សាយសក្តានុពល និងភាគីពាក់ព័ន្ធ ។ ឯកឧត្តម ស៊ូ សុជាតិ មានប្រសាសន៍ថា ​និយតករ​ បាន​និងកំពុងធ្វើការយ៉ាងសកម្មជាមួយ ADB ដើម្បី​លើកកម្ពស់ការចេញមូលបត្របំណុលបៃតង សង្គម និងនិរន្តរភាពនៅក្នុងព្រះរាជាណាចក្រ​កម្ពុជា។ឯកឧត្តម បន្តថា និយ័តករមូលបត្រកម្ពុជា ​ចេញ​មូលធននិរន្តរភាព​ដ៏​មាន​សក្តានុពល​ជាច្រើន​នៅក្នុង​សេដ្ឋកិច្ច​របស់​កម្ពុជា ​ដោយ​សង្ឃឹម​ថា ​នឹង​ឃើញ​អ្នក​វិនិយោគ​ក្នុង​ស្រុក​ និង​បរទេស​កាន់​តែ​ច្រើន​មក​វិនិយោគ​លើ​មូលធន​និរន្តរភាពនៅ​ក្នុង​ប្រទេស​កម្ពុជា និង​ទូទាំង​តំបន់៕ អត្ថបទ៖ វណ្ណៈ

រដ្ឋាភិបាល គ្រោងដាក់ឲ្យប្រើប្រាស់ការធានារ៉ាប់រងយានយន្តឯកជនជាកាតព្វកិច្ច

2022/07/26 01:29:47 pm        856
ភ្នំពេញ៖ រាជរដ្ឋាភិបាលកម្ពុជា នឹងដាក់ឲ្យប្រើប្រាស់នូវការធានារ៉ាបរងយានយន្តឯកជន​ជា​កាតព្វកិច្ច ​ដែលជាការទទួលខុសត្រូវរបស់ប្រតិបត្តិករធានារ៉ាប់រង ​និងម្ចាស់យានយន្តចំពោះ​សង្គមជាតិ ​ក្នុងគោលបំណងលើកកម្ពស់​វិស័យធានារ៉ាប់រងឲ្យមានការរីកចម្រើនថែមទៀត នៅពេលអនាគតខាងមុខ។ឯកឧត្តម រស់ សីលវ៉ា រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាអនុប្រធានក្រុមប្រឹក្សា​អាជ្ញាធរ​សេវា​ហិរញ្ញវត្ថុមិនមែនធនាគារ ​កាលពីថ្ងៃទី២៥ ​កក្កដា ឆ្នាំ២០២២កន្លងទៅនេះ បាន​មានប្រសាសន៍ថា គម្រោងដាក់ឲ្យប្រើប្រាស់ការធានា​រ៉ាប់រង​យានយន្ត​ឯកជន​ជាកាតព្វកិច្ចនេះ គឺ​តាមរយៈការធានារ៉ាប់រង​ដល់ជនរងគ្រោះ ដែលបង្កដោយគ្រោះថ្នាក់ចរាចរណ៍នៅតាមដងផ្លូវ​ក្នុង​ប្រទេសកម្ពុជា ជួយឲ្យពួកគាត់ទទួលបានសំណង​សមស្រប​ណាមួយសម្រាប់ការព្យាបាល និង​ដោះស្រាយបញ្ហាផ្នែកហិរញ្ញវត្ថុរបស់ខ្លួន។ឯកឧត្តម បានបន្តថា ផលប្រយោជន៍ក្នុងការដំណើរការប្រព័ន្ធធានារ៉ាប់រងខាងលើនេះ នឹងដើរ​តួនាទី​យ៉ាងសំខាន់​ក្នុងការពង្រឹង​ និងពង្រីកប្រព័ន្ធសំណាញ់សុវត្ថិភាពសង្គម ឲ្យដើរទន្ទឹមគ្នានឹងការដាក់​ឲ្យអនុវត្ត​ប្រព័ន្ធ​គាំពារ​សង្គមរបស់រដ្ឋាភិបាលផងដែរ។លោក ហ៊ុយ វ៉ាថារ៉ូ ប្រធានសមាគមធានារ៉ាប់រងកម្ពុជា ​បានបង្ហាញការគាំទ្រចំពោះគម្រោង​ការដាក់​ឱ្យ​ដំណើរការប្រព័ន្ធធានារ៉ាប់រងយានយន្តឯកជនជាកាតព្វកិច្ច ខណៈបច្ចុប្បន្នបានអនុវត្ត​ជា​អន្លើរតែទៅលើយានយន្តនៃក្រុមហ៊ុនដឹកជញ្ជូនអ្នកដំណើរ ​និងក្រុមហ៊ុន​ដឹកទំនិញប៉ុណ្ណោះ។ ឯកឧត្តម ប៊ូ ច័ន្ទភីរូ អគ្គនាយក នៃនិយ័តករធានារ៉ាប់រងកម្ពុជា ​បានបញ្ជាក់ថា ទីផ្សារធានារ៉ាប់រង​កម្ពុជា​ នៅតែរក្សាបានកំណើនវិជ្ជមានក្នុងរង្វង់ប្រមាណ​ ៨% ក្នុងឆ្នាំ២០២០ និង១០% ក្នុងឆ្នាំ២០២១ ទោះក្នុងដំណាក់កាលវិបត្តិជំងឺកូវីដ-១៩ ក៏ដោយ។ បុព្វលាភដុលសរុបនៃទីផ្សារធានារ៉ាប់រងរបស់កម្ពុជា បានកើនឡើងដល់ប្រមាណ ៣០០លាន​ដុល្លារអាម៉េរិក ក្នុងឆ្នាំ២០២១ ​និងមានកំណើនប្រមាណ២០%ជាមធ្យម ក្នុងរយៈពេល ៥ឆ្នាំចុងក្រោយនេះ។ទីផ្សារធានារ៉ាប់រងនៅកម្ពុជាក្នុងពេលបច្ចុប្បន្ន មានក្រុមហ៊ុនធានារ៉ាប់រងសរុប៣៩ ក្នុងនោះ​ក្រុមហ៊ុន​ធានារ៉ាប់រងទូទៅមានចំនួន១៨ ​ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិតចំនួន១៤ និងក្រុមហ៊ុន​ធានា​រ៉ាប់រង​ខ្នាតតូចចំនួន៧​ ព្រមទាំងមានក្រុមហ៊ុនធានារ៉ាប់រងបន្តចំនួន១៕ អត្ថបទ៖ ឈិត បូរ៉ាវី

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ចាប់ពីថ្ងៃទី២៧ ខែមិថុនាដល់ថ្ងៃទី១៦ ខែកក្កដានេះ គ.ប.ឆ.ប. បង្រ្កាប ONLINESCAMS ២០ទីតាំងឃាត់ខ្លួនជនសង្ស័យ ១.៣៦២ នាក់ ក្នុងនោះជនជាតិវៀតណាម ៣៤៧នាក់
07/17/2025 10:07 PM
រាជរដ្ឋាភិបាលបានកំណត់តម្លៃនិងតួនាទីព្រៃឈើ ដោយមិនកាត់ផ្តាច់ចេញពីវិស័យអាទិភាពរបស់រដ្ឋ
07/17/2025 09:07 PM
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន អញ្ជើញធ្វើបាឋកថាស្តីពី «សភាពការណ៍អន្តរជាតិ និងនយោបាយការបរទេសរបស់កម្ពុជា» ចែករំលែកដល់សិស្សមន្ត្រីសាលាភូមិន្ទរដ្ឋបាល
07/17/2025 09:07 PM
ក្រសួងការងារបដិសេធចំពោះជនខិលខូចប្រើប្រាស់រូប និងឈ្មោះ ឯកឧត្តម ហេង សួរ ក្នុងចេតនាឆបោកសាធារណជន
07/17/2025 09:07 PM
តើហេតុអ្វីបានជាប្រទេសប៉ាគីស្ថានងាយរងគ្រោះដោយសារទឹកជំនន់ស្លាប់មនុស្ស?
07/17/2025 08:07 PM
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី ជួបសំណេះសំណាលជាមួយសមាជិក សមាជិកា ក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត ឯកឧត្តម ហ៊ុន ម៉ានី ដែលទើបនឹងជ្រើសរើសថ្មី ប្រចាំសាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល ចំនួន ៥៨៤នាក់
07/17/2025 08:07 PM
ការទម្លាក់គ្រាប់បែករបស់រុស្ស៊ីសម្លាប់មនុស្ស ៤នាក់ និង ២៧នាក់ រងរបួសនៅទីក្រុង Dobropillia ប្រទេសអ៊ុយក្រែន
07/17/2025 08:07 PM
ក្រសួងឧស្សាហកម្ម ដាក់ប្រព័ន្ធបន្សុទ្ធទឹកស្អាតនៅមន្ទីរពេទ្យគន្ធបុប្ផា ជូនដល់អ្នកព្យាបាលជំងឺពិសា
07/17/2025 08:07 PM
សាស្ត្រាចារ្យសាកលវិទ្យាល័យតូក្យូ ចាប់អារម្មណ៍ស្វែងយល់បន្ថែមអំពីកម្ពុជា និងការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច
07/17/2025 08:07 PM
សារព័ត៌មាន NBC News៖ ការវាយប្រហាររបស់អាមេរិក បានបំផ្លាញទីតាំងនុយក្លេអ៊ែរអ៊ីរ៉ង់តែមួយប៉ុណ្ណោះ
07/17/2025 08:07 PM