មកដល់ពេលនេះ កសិករចំនួនជាង ១៤០០គ្រួសារ ងាកមកចង​ក្រងគ្នា ដើម្បី​ក្លាយ​ជា​សហគមន៍​កសិកម្ម​ទំនើប
កម្ពុជាកំពុងពិភាក្សាលើការចាប់យកឌីជីថលូបនីយកម្ម ដើម្បីជំរុញវិស័យនេះឱ្យកាន់តែរីកចម្រើន
គណៈកម្មាធិការសេដ្ឋកិច្ចក្រៅប្រព័ន្ធដាក់ឱ្យប្រើប្រាស់សមិទ្ធផលថ្មីលើកកម្ពស់អ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ
ក្រសួងសេដ្ឋកិច្ច ចេញសារាចរឱ្យប្រើប្រាស់វិក្កយបត្រអេឡិចត្រូនិកជាកាតព្វកិច្ចដល់ក្រសួងចំនួន ៦

សេដ្ឋកិច្ច និង កសិកម្ម

នាវាដឹកភ្ញៀវទេសចរអន្តរជាតិ ចាប់ផ្តើមមកដល់ភ្នំពេញឡើងវិញលើកដំបូង ក្រោយជំរុញចលនាទេសចរណ៍

2022/07/25 12:32:22 pm        713
ភ្នំពេញ៖ នាវាទេសចរណ៍ដឹកភ្ញៀវទេសចរអន្តរជាតិទស្សនាតាមដងទន្លេមេគង្គកម្ពុជា វៀតណាម បានចាប់ផ្តើមមានមកដល់រាធានីភ្នំពេញ រួចបន្តទៅទស្សនាខេត្តសៀមរាប ជាលើកដំបូងឡើងវិញ ក្រោយរាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលវៀតណាម សម្របសម្រួលគ្នាទៅវិញទៅមក ជម្រុញ​លំហូរចលនាទេសចរណ៍រវាងប្រទេសទាំងពីរ ឆ្ពោះទៅកាន់កម្ពុជាធ្វើម្ចាស់ផ្ទះរៀបចំកីឡា SEA GAME ឆ្នាំ២០២៣។បើតាមលោក Naidah Yazdanl អ្នកគ្រប់គ្រងនាវាទេសចរណ៍Croisi Europe បានថ្លែងប្រាប់ BTV​នៅថ្ងៃទី២៥ ​ខែកក្កដានេះ ថ្លែងថា នេះលើកដំបូងហើយ​ ដែលនាវាទេសចរណ៍​អន្តរជាតិរបស់លោក នៅក្នុងចំណោមនាវាទេសចរណ៍​អន្តរជាតិនានាផ្សេងទៀត បានដឹកភ្ញៀវទេសចរអន្តរជាតិភាគច្រើន​មកពីអាមេរិច អូស្ត្រាលី និងភ្ញៀវមកពីអឺរ៉ុប មកជិះនាវា​ទស្សនា​កម្សាន្តតាមទន្លេមេគង្គឆ្លងដែន​ពី​ប្រទេសវៀតណាម ចូលមករាជធានីភ្នំពេញ រួចបន្តដំណើរទៅខេត្តសៀមរាប ទស្សនាប្រាសាទអង្គរ ក្រោយពីបានអាកខានរយៈពេលជាង២ឆ្នាំកន្លងមកនេះដោយសារវិបត្តិកូវីដ១៩។យ៉ាងណាក៏ដោយ លោក Naidah Yazdanl ​ក៏សូមសំដែងការដឹងគុណជាខ្លាំងចំពោះប្រមុខថ្នាក់​ដឹកនាំ​រាជ​រដ្ឋាភិបាល​កម្ពុជា​ ដែលជានិច្ចកាល ​បានយកចិត្តទុកដាក់ បានជួយអន្តរាគមន៍ និងជម្រុញបើក​ចលនា​ទេសចរណ៍ក្នុងតំបន់អាស៊ាន ​ជាពិសេសជម្រុញ​ចលនា​ទេសចរណ៍កម្ពុជាវៀតណាម​ឡើងវិញ។សម្រាប់បណ្តាភ្ញៀវទេសចរអន្តរជាតិធ្វើដំណើរតាមនាវា បានថ្លែងថា តំបន់ទេសភាពតាមដងទន្លេ​មេគង្គ​នៅកម្ពុជា​ នៅកម្ពុជា​មានសភាពស្រស់ស្អាត​ ហើយគេក៏បានឃើញរបៀបរស់នៅពលរដ្ឋ​ខ្មែររស់​នៅ​តាមដងទន្លេ ​ជាមួយនឹងគ្មានព្រួយបារម្ភបារម្ភអំពីបញ្ហាការរាតត្បាតកូវីដ១៩ ខណៈរាជរដ្ឋាភិបាល​គ្រប់គ្រង​បានល្អចំពោះទប់ស្កាត់ការរាតត្បាត​នៃមេរោគកូវិដ១៩នេះ។សូមបញ្ជាក់ថា ក្នុងរយៈពេល ៦ខែដើមឆ្នាំ២០២២ នេះកម្ពុជាបានទទួលទេសចរ​អន្តរជាតិ​ពី​វៀតណាម​កំណើន​ប្រមាណ១៥០% ​ហើយបើតាមឯកឧត្តម ថោង ខុន​ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ថ្លែងថា ​តាមរយៈការជម្រុញបើកទេសចរណ៍តាមផ្លូវទឹកនេះនឹង​ជម្រុញ​កម្ពុជា​មានកំណើន​ទេសចរ​អន្តរជាតិ​មកទស្សនាកម្ពុជា ​កើនលើស ១លាននាក់នៅដំណាច់ឆ្នាំនេះ៕ អត្ថបទ ស៊ុម សុខជា

កម្ពុជាទទួលបានគម្រោងវិនិយោគមានទុនសរុបជិត៣ប៊ីលានដុល្លារ ក្នុងឆមាសទី១

2022/07/25 12:22:07 pm        569
ភ្នំពេញ៖ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានអនុម័តគម្រោងវិនិយោគថ្មី និង​គម្រោង​ពង្រីក​ផលិតកម្ម​ចំនួន ៩៨គម្រោង ក្នុងឆមាសទី១ ឆ្នាំ២០២២ កើនឡើង ១១គម្រោង មានទុនវិនិយោគសរុប ២ ៩៩៨ លានដុល្លារ។របាយការណ៍ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានបង្ហាញថាក្នុងចំណោមគម្រោងវិនិយោគថ្មីទាំងអស់ វិនិយោគ​ទុនក្នុងស្រុក បានឈរនៅលេខរៀងទី១ ​មានទុនវិនិយោគតំណាង៥៣% នៃទុនវិនិយោគ​សរុប​នៅកម្ពុជា។តាមទិន្នន័យនេះ វិនិយោគចិនដែលមានប្រមាណ ៤៣.០២% ឬស្មើនឹង១.២៩ពាន់លានដុល្លារ នៃការវិនិយោគសរុបនៅកម្ពុជា ក្នុងឆមាសទី១ ឆ្នាំនេះ ដែល នាំមុខវិនិយោគពីប្រទេស ថៃ, សាម័រ, ប្រីដធីស វីរជិនអាយលែន, កូរ៉េ, សិង្ហបុរី, ខេមិនអាយលែន, ម៉ាឡេស៊ី, ជប៉ុន និងអូស្រ្តាលី។ឧកញ៉ា លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា លើកឡើងថា ការកើនឡើងទាំងចំនួន​គម្រោង​វិនិយោគ និងទុនវិនិយោគ ​កើតចេញពីកិច្ចខិតខំប្រឹងប្រែង​របស់រាជរដ្ឋាភិបាល ទទួលជ័យ​ជម្នះ​ប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩​ តាមរយៈប្រើប្រាស់​វ៉ាក់សាំង​ជាដែលឈានដល់ ការបើ​ដំណើរ​ការសង្គមសេដ្ឋកិច្ច ​លើប់វិស័យឡើងវិញចាប់តាំងពីថ្ងៃទី១ ​ខែ វិច្ឆិកា ឆ្នាំ២០២១។តាមរបាយការណ៍ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា​ ក្នុងឆមាសទី១ ឆ្នាំ២០២២នេះ ការវិនិយោគ​លើ​វិស័យ​កសិកម្ម និងកសិ-ឧស្សាហកម្ម ​មានចំនួន៧គម្រោង ​ដែលមានទុនជាង ១០៤លានដុល្លារ, វិស័យ​ឧស្សាហកម្ម មានចំនួន៨៥ គម្រោង​ មានទុនជាង១ពាន់លានដុល្លារ , វិស័យទេសចរណ៍​មាន​១គម្រោង​វិនិយោគ ​ដោយទទួលបានទុនជាង ១២៩លានដុល្លារ ​និង​ហេដ្ឋា​រចនា​សម្ព័ន្ធ និង​ផ្សេងៗ​មាន ៥ គម្រោង ទទួល​បានទុន ជាង១.៧ពាន់លានដុល្លារ៕ អត្ថបទ៖ វណ្ណៈ

រាជរដ្ឋាភិបាល ប្រមូលចំណូលថ្នាក់ជាតិបានជាង ១៤ ពាន់ប៊ីលានរៀល

2022/07/25 11:59:46 am        466
ភ្នំពេញ៖ លទ្ធផលនៃការអនុវត្តថវិការក្នុងឆមាសទី ១ ឆ្នាំ២០២២ រាជរដ្ឋាភិបាលប្រមូលចំណូល​ថ្នាក់ជាតិ សរុបបានចំនួនជាង ១៤ ពាន់ប៊ីលានរៀល ស្មើប្រមាណ ៥៧% នៃច្បាប់ហិរញ្ញវត្ថុ គឺខ្ពស់ជាង ១,២ ពិន្ទុភាគរយ ធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២១។លទ្ធផលនៃការអនុវត្តថវិកាឆមាសទី១ និងការវាយតម្លៃនៃការអនុវត្តច្បាប់ ស្តីពីហិរញ្ញវត្ថុ​សម្រាប់​ការគ្រប់គ្រងឆ្នាំ ២០២២ បង្ហាញថា ការអនុវត្តប្រមូលចំណូលថ្នាក់ជាតិរបស់រាជរដ្ឋាភិបាល សរុបបានចំនួនប្រមាណជាង ១៤ ពាន់ប៊ីលានរៀល ស្មើនឹង ៥៧% នៃច្បាប់ហិរញ្ញវត្ថុ គឺខ្ពស់ជាង ១,២ ពិន្ទុភាគរយ ធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ ២០២១ ដែលអនុវត្តបាន ៥៥,៨% នៃច្បាប់​ហិរញ្ញវត្ថុ, បើគិតចំណូលជាសាច់ប្រាក់ គឺកើនឡើង ២១,៥% ធៀបនឹងរយៈពេលដូចគ្នក្នុងឆ្នាំ ២០២១។ក្នុងនោះចំណូលចរន្តអនុវត្តបានចំនួនជាង ១២ ពាន់ប៊ីលានរៀល ស្មើនឹង ៥៧,៣% នៃច្បាប់​ហិរញ្ញវត្ថុ គឺខ្ពស់ជាង ៣,៨ ពិន្ទុភាគរយ ធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ ២០២១។ ចំណែកចំណូលសារពើពន្ធអនុវត្តបានចំនួនជាង ​១២ពាន់ប៊ីលានរៀល ស្មើនឹង ៥៩,៤% នៃច្បាប់​ហិរញ្ញវត្ថុ គឺខ្ពស់ជាង ៤,១% ពិន្ទុភាគរយ ធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ ២០២១។ ដោយឡែកចំណូលមិនមែនសារពើពន្ធអនុវត្តបានចំនួនជាង ​៦៧៦ ប៊ីលានរៀល ស្មើនឹង ៣៥,០% នៃច្បាប់ហិរញ្ញវត្ថុ គឺទាបជាង ៣,៩ ពិន្ទុភាគរយធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ ២០២១ ។ចំណូលសារពើពន្ធរួមមាន ចំណូលពីគយ និងរដ្ឋាករកម្ពុជា និងចំណូលពីពន្ធដារ គឺអនុវត្តបាន​ល្អប្រសើរ ពោលគឺខ្ពស់ជាងឆ្នាំ ២០២១ ធៀបនឹងរយៈពេល ៦ ខែដើមឆ្នាំដូចគ្នា។ ចំណែកចំណូលមិនមែនសារពើពន្ធរួមមាន ចំណូលទ្រព្យសម្បត្តិរដ្ឋ ការជួលទ្រព្យសម្បត្តិរដ្ឋ និង​ចំណូលកាតព្វកិច្ចកាស៊ីណូ និងឆ្នោត អនុវត្តបានទាប ដោយសារប្រភពចំណូលសារពើពន្ធ​សំខាន់ៗ​នៅទទួលរងនូវផលប៉ះពាល់ខ្លាំងពីជំងឺកូវីដ-១៩។ ទោះជាយ៉ាងនេះក្តី, តាមការប៉ាន់ប្រមាណរហូតដល់ដំណាច់ឆ្នាំ ២០២២, ចំណូលសារពើពន្ធ និងចំណូលមិនមែនសារពើពន្ធអាចនឹងសម្រេចបាន ១០៣,៥% នៃច្បាប់ហិរញ្ញវត្ថុឆ្នាំ ២០២២ គឺខ្ពស់ជាងច្បាប់ហិរញ្ញវត្ថុចំនួន ៣,៥% ។ តាមការវាយតម្លៃនេះ ចំណូលចរន្ត នឹងសម្រេចបានខ្ពស់ជាងផែនការ ១៩០ លានដុល្លារអាមេរិក ដោយសារចំណូលមិនមែនសារពើពន្ធនឹងសម្រេចខ្ពស់ជាងផែនការប្រមាណ ៥ លានដុល្លារ​អាម៉េរិក, ចំណូលពន្ធដារអាចសម្រេចបានខ្ពស់ជាងផែនការ២២៩ ​លានដុល្លារអាមេរិក ប៉ុន្តែចំណូល​គយអាចទាបជាងផែនការ ៤៤ លានដុល្លារអាម៉េរិក៕ អត្ថបទ៖ សុន រ៉ាឌី

ការសាងសង់រោងចក្រផលិតទឹកស្អាតបាក់ខែង ជំហានទី១សម្រេចបាន៦៦% នឹងបញ្ចប់ក្នុងឆ្នាំ២០២៣

2022/07/22 01:19:30 pm        616
ភ្នំពេញ៖ គិតមកត្រឹមពាក់កណ្តាលខែកក្កដា ឆ្នាំ២០២២នេះ ការសាងសង់រោងចក្រផលិតទឹកស្អាត​បាក់ខែង ជំហានទី១ សម្រេចបាន៦៦%ហើយ តាមផែនការគ្រោងទុក នឹងបញ្ចប់ក្នុង​ឆ្នាំ២០២៣​ខាងមុខ ខណៈជំហានទី២សម្រេចបាន៤២%ផងដែរ ។ នេះបើតាមការឱ្យដឹងពីឯកឧត្តម ឡុង ណារ៉ូ អគ្គនាយករដ្ឋាករទឹកស្វយ័តភ្នំពេញ ក្នុងឱកាស​ដែល​ឯកឧត្ដមអញ្ជើញចុះទៅពិនិត្យមើលពីវឌ្ឍនភាពនៃការសាងសង់រោងចក្រផលិតទឹកស្អាតបាក់ខែង នេះ កាលពីថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២២។ឯកឧត្តម ឡុង ណារ៉ូ មានប្រសាសន៍ឱ្យដឹងថា​ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ ​បាននិងកំពុងជំរុញ ពន្លឿន ការសាងសង់រោងចក្រប្រព្រឹត្តិកម្មទឹកស្អាតបាក់ខែង ដែលមានសមត្ថភាពផលិតបាន ៣៩០,០០០ម៉ែត្រគូប ​ក្នុងមួយថ្ងៃ(ជំហានទី១ ១៩៥,០០០ម៉ែត្រគូប ក្នុងមួយថ្ងៃ និងជំហានទី២ ១៩៥,០០០ម៉ែត្រគូបក្នុងមួយថ្ងៃ) សម្រេចបានប្រមាណ៦៦% នៃគម្រោងសាងសង់ជំហានទី១ ដែលគ្រោងនឹងបញ្ចប់នៅក្នុងឆ្នាំ២០២៣ ខាងមុខនេះ ដើម្បីបំពេញសេចក្តីត្រូវការនិងការប្រើប្រាស់ របស់ប្រជាពលរដ្ឋក្នុងរាជធានីភ្នំពេញទំាងមូលឱ្យបានគ្រប់គ្រាន់។ឯកឧត្តម បានបន្តថា រោងចក្រប្រព្រឹត្តិកម្មទឹកស្អាតបាក់ខែងនេះ ​នឹងជួយបង្កើនសមត្ថភាពផលិតទឹក​បាន៧០% ​នៅទូទាំងរាជធានីភ្នំពេញ ​និងក្រុងតាខ្មៅ ​ពោលគឺបន្ថែមលើសមត្ថភាពផលិតទឹកស្អាត បច្ចុប្បន្នពី៦០ម៉ឺនម៉ែត្រគូបក្នុងមួយថ្ងៃ ​ឲ្យឡើងរហូតដល់១លានម៉ែត្រគូបក្នុងមួយថ្ងៃ​ នៅឆ្នាំ២០២៥ និងនៅឆ្នាំ២០៣០ ​អាចមានរហូតទៅដល់១លាន៨សែនម៉ែត្រគូបក្នុងមួយថ្ងៃ។សូមជំរាបថា រោងចក្រផលិតទឹកស្អាយបាក់ខែងនេះ បានបើកការដ្ឋានការដ្ឋានសាងសង់ កាល​ពីខែមករា ​ឆ្នាំ២០២០ ពោល​គឺចំពេលដែលកម្ពុជាកំពុងប្រឈមខ្លាំង​ជាមួយនឹងវិបត្តិកូវីដ-១៩ ក៏ប៉ុន្តែទោះជាយ៉ាង​ណាក៏ដោយ​ ជំងឺកូវីដ១៩ មិនមែន​ជាឧបសគ្គក្នុងការសាងសង់​រោងចក្រ​ប្រព្រឹត្តិកម្មទឹកស្អាតរបស់កម្ពុជាឡើយ​ គឺសកម្មភាពនៅតែបន្តជាប់ជាប្រចាំ ហើយសម្រេច​បាន​លទ្ធផល​គួរជាទីមោទនភាព​នាពេលនេះ។ អគ្គនាយករដ្ឋាករទឹកស្វយ័តភ្នំពេញ រំពឹងថា ​ជាចុងឆ្នាំ២០២៣ ឬដើមឆ្នាំ២០២៤ ​ រាជធានីភ្នំពេញ ​នឹង​លែង​ខ្វះទឹកប្រើប្រាស់​តទៅទៀតហើយ ​ពីព្រោះពេលនេះ ​ក្រុមការងារសាងសង់រោងចក្រផលិតទឹក បាន​ពង្រីកបំពង់មេនាំទឹក ​ដែលដាក់បំពង់រហូតទៅដល់២ម៉ែត្រ​ ឆ្លងទៅបាតទន្លេសាប ហើយ​បាត​ទន្លេសាបនេះ ​គឺជាសំណង់​ប្រវត្តិសាស្ត្រដែលយើង​មិនដែលមានទេ ​គឺដាក់បំពង់ក្រោមបាត​ទន្លេសាប​តែម្តង។លោក Cedric ROUDE នាយកគ្រប់គ្រងក្រុមហ៊ុនម៉ៅការសាងសង់​នៃក្រុមហ៊ុនបារាំង VINCI ដែល​ទទួល​សាងសង់​រោងចក្រទឹកស្អាតបាក់ខែងនេះ​ បានដឹងថា ក្រុមហ៊ុនរបស់លោកបានធ្វើការ​ជាមួយ​នឹងប្រទេសកម្ពុជា ​ជាពិសេសជាមួយនឹងរដ្ឋករទឹកស្វយ័តភ្នំពេញ​តាំងពីឆ្នាំ ២០១៣ មកម្ល៉េះ លោក​ក៏បានបង្ហាញអំពី ដំណើរ ​ក៏ដូចជាគុណភាព ​នៃការផលិតទឹកស្អាតនៅកម្ពុជាដែល​អនុលោម​ទៅតាមស្តង់ដាពិភពលោក។ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ ​បង្ហាញ​សុទិដ្ឋិនិយម​ថា ​ចាប់ពីឆ្នាំ២០២៣តទៅ ខ្លួននឹងមាន​សមត្ថភាព​ផលិតទឹកស្អាតសរុប១ ០០០ ០០០ម៉ែត្រគូបក្នុងមួយថ្ងៃ ដើម្បី​បិទ​បញ្ចប់​នូវ​បញ្ហាកង្វះទឹកស្អាត​នៅ​រាជធានីភ្នំពេញ ​និងក្រុងតាខ្មៅ៕

សកម្មភាពពលរដ្ឋទិញលក់មាស មានកំណើនខ្លាំង ខណៈហាងឆេងមាសកំពុងធ្លាក់ថ្លៃ

2022/07/22 12:59:52 pm        1399
ភ្នំពេញ៖ បន្ទាប់ពីហាងឆេងមាសនៅលើទីផ្សារអន្តរជាតិ កំពុងធ្លាក់ថ្លៃ បណ្តាពលរដ្ឋនៅតាមបណ្តា​ទីផ្សារសាធារណៈ ក៏ដូចនៅតាមបណ្តាហាងលក់មាសនានា នៅរាជធានីភ្នំពេញ បាននិងកំពុង​ទទួលពលរដ្ឋជា​អតិថិជនចូលទិញ ​និងលក់មាស ហាក់មានកំណើនឡើងជាបន្តបន្ទាប់ ជាពិសេសនៅថ្ងៃចុងសប្តាហ៍។នៅថ្ងៃទី២២ ខែកក្កដានេះ ដោយសារតម្លៃមាសហាក់កំពុងបន្តធ្លាក់ គេសំគាល់ឃើញថា មានពលរដ្ឋ​មួយចំនួន បានទិញ​គ្រឿង​អលង្ការ​មាស​ទុកដើម្បីលំអរខ្លួន​ និង​ផល​ចំណេញ​របស់គេ ហើយសម្រាប់​ពលរដ្ឋដែលមានមាសនៅក្នុងដៃមួយចំនួន ​ក៏បានសម្រេចចិត្តលក់ចេញវិញដែរ ដោយសារគេ​បារម្ភ​ខ្លាច​មាសបន្តធ្លាក់ថ្លៃបន្តទៀត។អាជីវករជួញដូរមាសនៅផ្សារច្បារអំពៅ រាជធានីភ្នំពេញ បានថ្លែងថា​ សម្រាប់ការលក់មាសនៅទីនេះ មានការប្រែប្រួលទៅតាមតម្លៃទីផ្សារមាសអន្តរជាតិទាំងអស់ ហើយនៅ​ខណៈដែល​តម្លៃមាស​បាននិងកំពុងធ្លាក់ថ្លៃនេះ ​សំគាល់ឃើញថា ទាំង​អតិថិជន​ដែលចូលមកសាកសួរ​តម្លៃមាស ហើយ​អតិថិជនដែលមកទិញមាសទុក ​និងមកលក់មាសវិញ ​មានកំណើនឡើងច្រើន ជាពិសេស​ការលក់ទិញ នៅរៀងរាល់ថ្ងៃចុងសប្តាហ៍។សូមបញ្ជាក់ថា សម្រាប់តម្លៃមាសដែលកែច្នៃធ្វើគ្រឿងអលង្កាលក់ ​នៅផ្សារច្បារអំពៅនៅព្រឹកនេះ លក់ចេញតម្លៃក្នុងរង្វង់ ១ជី ២០៥ដុល្លាអាមេរិច ​មាស​ចិញ្ចៀន​លាត ២០៧ដុល្លាអាមេរិច ដោយឡែកមាសគីឡូ លក់ចេញ តម្លៃ២០៩ដុល្លាអាមេរិច ក្នុង១ជី ទិញចូលតម្លៃរង្វង់១៩៩ដុល្លាអាមរិច៕ អត្ថបទ ស៊ុម សុខជា

ក្រសួងពាណិជ្ជកម្ម ចាត់វិធានការជាច្រើន ដើម្បីកាត់បន្ថយអតិផរណានៅតាមទីផ្សារ

2022/07/22 12:34:16 pm        748
ភ្នំពេញ៖ ក្រសួងពាណិជ្ជកម្មដាក់ចេញនូវវិធានការសំខាន់ៗមួយចំនួន ដើម្បីសម្រួលទំនិញដល់​ទីផ្សារ ការសហការជាមួយវិស័យឯនជន, ជំរុញការលក់ឲ្យស្ថិតក្នុងតម្លៃមួយ​សមរម្យ​ និងការកំណត់​ថ្លៃ​ប្រេងឥន្ធនៈជាដើម ដែលជាការចូលចំណែកកាត់បន្ថយអតិផរណាថ្លៃម្ហូបអា ហារនៅកម្ពុជា។ឯកឧត្តម ប៉ែន សុវិជាតិ អ្នកនាំពាក្យ និងជាអនុរដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម នៅក្នុងសន្និសីទ​ព័ត៌មាន​ស្តីពីសមិទ្ធិផលសម្រេចបានរយៈពេល៥ឆ្នាំ ​របស់ក្រសួងពាណិជ្ជកម្ម ​នៅថ្ងៃទី ២១ ខែ កក្កដា ឆ្នាំ២០២២ថា ពិភពលោកបានប្រឈមនឹងបញ្ហាថ្មីៗ ដែលធ្វើឱ្យកំណើនសេដ្ឋកិច្ច​ពិភពលោក​កើនឡើងយឺត​ ដោយសារការកើនឡើងខ្ពស់នៃអត្រាអតិផរណា ​ការប្រែប្រួលលំហូរមូលធន និងសម្ពាធ​លើ​តម្លៃ​រូបិយប័ណ្ណ​នានាជាដើម, កត្តាទាំងនេះកម្ពុជាក៏ទទួលផលជះនៃការ​កើនឡើង​នៃអតិផរណាផងដែរ។ ឯកឧត្តម បន្តថា ជុំវិញបញ្ហាការកើនឡើងនៃអតិផរណានេះ ក្រសួងពាណិជ្ជកម្មបានធ្វើការតាម​ដានវិភាគ និងគណនាថ្លៃទំនិញប្រើប្រាស់សម្រាប់ជីវភាពសំខាន់ៗ, បញ្ហានេះ ក្រសួងក៏សង្កេត​ឃើញ​មាន​ការកើនឡើងចន្លោះ ៤ ទៅ ៥%ផងដែរ នៅក្នុងដំណាក់កាលដំបូង ក្នុងនោះជាកាតព្វកិច្ច​របស់ក្រសួង គឺបានខិតខំប្រឹងប្រែងសម្រួលឲ្យប្រភពនៃទំនិញ និងភាពសំបូរបែបនៃទំនិញ​បានមក​ដល់ទីផ្សារ ជាពិសេសទំនិញចាំបាច់សម្រាប់បម្រើជីវភាពរួមមាន៖ សាច់ បន្លែ ត្រី អង្ករ ស្ករ ប៊ីចេង​ជាដើម និងទំនិញមួយចំនួនសម្រាប់បម្រើជីវភាព ដើម្បីឲ្យប្រភពទំនិញបានហូរពីចំណុចផ្គត់ផ្គង់ មកដល់អ្នកប្រើប្រាស់។ បញ្ហានេះ វិស័យឯកនក៏អាចរួមចំណែកជាមួយក្រសួង ក្នុងការកាត់បន្ថយថ្លៃ ដើម្បីធ្វើឲ្យតម្លៃលក់​ស្ថិត​នៅក្នុងលំដាប់មួយសមរម្យ ។ ​ក្រៅពីនេះ ក្រសួងក៏បានចូលរួមចំណែកផងដែរ គឺការកាត់ថ្លៃ​ប្រេង​ឥន្ធនៈ, បច្ចុប្បន្នថ្លៃប្រេងបានធ្លាក់ចុះមកវិញជាបណ្តើរៗផងដែរ ​ដែលកត្តាមួយចំនួន គឺជាការ​គិតគូរ​ដ៏ខ្ពង់ខ្ពស់ពីប្រមុខរាជរដ្ឋាភិបាល​ ដូចជាការឧបត្តម្ភធុន ដើម្បីជួយកាត់បន្ថយថ្លៃប្រេង​ឥន្ធនៈ​នេះជាដើម។ចំណែកប្រជាពលរដ្ឋអ្នកប្រើប្រាស់ ថ្លែងថា នៅក្នុងស្ថានភាព ២ ទៅ ៣ឆ្នាំចុងក្រោយនេះ ថ្លៃមុខ​ទំនិញ​សម្រាប់ផ្គត់ផ្គង់ការហូបចុក ​បានមានកំណើនកើនឡើងបន្តិចម្តងៗ ​ចំពោះការកើនឡើងនេះ វាអាច​នឹងប៉ះពាល់ដល់អ្នកប្រើប្រាស់​ ជាពិសេសប្រជាពលរដ្ឋមានជីវភាពក្រីក្រ ​តែបញ្ហានេះ ពួកគាត់​មានក្តីរំពឹងខ្ពស់លើរាជរដ្ឋាភិបាល នឹងអាចចូលរួមទប់ស្កាត់អំពីការកើនឡើង​នេះបាន​ល្អប្រសើរ ស្របពេលកន្លងមកនេះ ​រាជរដ្ឋាភិបាលបានដាក់ចេញវិធានការជាច្រើនផងដែរ ដើម្បីជួយ​ទ្រទ្រង់ដល់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ។សូមបញ្ជាក់ថា ពាក់ព័ន្ធអតិរណា ថ្មីៗនេះ ធនាគារជាតិនៃកម្ពុជា បានបង្ហាញថា ក្រោមឥទ្ធិពល​នៃការកើនឡើងថ្លៃប្រេង ​និងម្ហូបអាហារពិភពលោក, បានធ្វើឲ្យអតិផរណានៅកម្ពុជា បានកើនឡើង​ជាបន្តបន្ទាប់ដល់ប្រមាណ ៧,២% នៅខែឧសភា ​ដែលជាកម្រិតខ្ពស់បំផុតក្នុងរយៈពេលជាង ១ ទសវត្សរ៍ចុងក្រោយ។ ក្នុងស្ថានភាពនេះ ធនាគារជាតិនៃកម្ពុជា បានថ្លឹងថ្លែងការអនុវត្តនយោបាយរូបិយវត្ថុ ដើម្បីគ្រប់គ្រង​សម្ពាធ​អតិផរណាផង​ និងគាំទ្រការស្តារកំណើនសេដ្ឋកិច្ចផង ។ ​ដើម្បីរួមចំណែកគ្រប់គ្រង​សម្ពាធ​អតិផរណា អត្រាប្តូរប្រាក់ត្រូវបានបន្តរក្សាឱ្យមានស្ថិរភាព សំដៅការពារអំណាចទិញ​របស់ប្រាក់​រៀល ​ក៏ដូចជាប្រាក់ចំណូលរបស់ប្រជាពលរដ្ឋងាយរងគ្រោះ។ សម្រាប់បញ្ហានេះ ដោយសារបញ្ហាដុល្លារូបនីយកម្ម ការប្រែប្រួល អត្រាប្តូរប្រាក់មាន​ឥទ្ធិពល​ដោយផ្ទាល់ និងឆាប់រហ័សមកលើអតិផរណានៅកម្ពុជា ​ក្នុងនោះកាលណាតម្លៃប្រាក់រៀលធ្លាក់ចុះ នោះនឹង​នាំឱ្យតម្លៃទំនិញ​ និងសេវានានាកើនឡើងភ្លាមផងដែរ៕ អត្ថបទ៖ សុន រ៉ាឌី

ជប៉ុនសន្យាបង្កើនឥណទានសម្បទានទ្វេដង ដើម្បីឆ្លើយតបនឹងតម្រូវការអភិវឌ្ឍនៅកម្ពុជា

2022/07/22 12:22:59 pm        312
ភ្នំពេញ៖ ជប៉ុនសន្យាបង្កើនឥណទានសម្បទានទ្វេដង ដើម្បីឆ្លើយតបទៅនឹងតម្រូវការអភិវឌ្ឍ​របស់ប្រទេសកម្ពុជា និងហិរញ្ញប្បទានសហប្រតិបត្តិការនានាបន្ថែមទៀត ដើម្បីជួយគាំទ្រ ដល់សកម្មភាពអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គមនៅកម្ពុជា ។ឯកឧត្តម HATAEDA Mikio, អគ្គនាយក ទទួលបន្ទុកនាយកដ្ឋានអាស៊ីអាគ្នេយ៍ និងប៉ាស៊ីហ្វិកទីស្នាក់ ការកណ្តាល នៃទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិនៃប្រទេសជប៉ុន នៅក្នុងជំនួបពិភាក្សា​ការងារ​ជាមួយ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នៅថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២២ បានវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែង​របស់​រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចតេជោ នាយករដ្ឋមន្ត្រី ចំពោះចំណាត់ការ និងវិធានការនានា ដែលរាជរដ្ឋាភិបាលបានដាក់ចេញ ក្នុងការប្រយុទ្ធប្រឆាំង​ទៅនឹងនៃជំងឺកូវីដ-១៩ ។ក្នុងជំនួបនេះឯកឧត្តម សន្យាបង្កើនឥណទានសម្បទានទ្វេដង ​សម្រាប់មួយឆ្នាំៗ ដើម្បីឆ្លើយតបទៅ​នឹងតម្រូវការអភិវឌ្ឍរបស់ប្រទេសកម្ពុជា ​និងហិរញ្ញប្បទានសហប្រតិបត្តិការនានាបន្ថែមទៀត ដើម្បី​ជួយគាំទ្រ ដល់សកម្មភាពអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គមនៅកម្ពុជា ។ជាការឆ្លើយតប ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន បានសម្តែងនូវការស្វាគមន៍យ៉ាង​កក់ក្តៅចំពោះដំណើរបំពេញទស្សនកិច្ចការងាររបស់​ ឯកឧត្តម HATAEDA Mikio មកកម្ពុជា។ ក្នុងជំនួបនេះ ​ឧបនាយករដ្ឋមន្ត្រី ​បានគូសបញ្ជាក់ថា ​រដ្ឋាភិបាលជប៉ុន, តាមរយៈទីភ្នាក់ងារ​សហប្រតិបត្តិការ​អន្តរជាតិនៃប្រទេសជប៉ុន (JICA), ​បានដើរតួនាទីស្នូលយ៉ាងសំខាន់ ក្នុងការ​ផ្តល់ហិរញ្ញប្បទាន សម្រាប់កិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ផ្លូវការ (Japanese ODA) ទាំងក្នុងក្របខ័ណ្ឌ​ហិរញ្ញប្បទានឥតសំណង, ឥណទានសម្បទាន និងជំនួយបច្ចេកទេស ចូលរួមចំណែកក្នុងការ​អនុវត្តគោល​នយោបាយ និង​យុទ្ធសាស្ត្រអភិវឌ្ឍគ្រប់ដំណាក់​កាលដែល រាជរដ្ឋាភិបាល ដាក់ចេញ​ពីមួយ​អាណត្តិ​ទៅមួយ​អាណត្តិ ​សម្រាប់អភិវឌ្ឍន៍សេដ្ឋកិច្ច ​និងសង្គមកម្ពុជា ។ជាក់ស្តែងស្ថិតក្នុងបរិការណ៍បច្ចុប្បន្ន កម្ពុជាកំពុងប្រឹងប្រែងធ្វើដំណើរយ៉ាង​សកម្មឥតឈប់ឈរ ដើម្បី​សម្រេចបាន នូវក្របខ័ណ្ឌគោលនយោបាយសេដ្ឋកិច្ចរបស់ខ្លួន តម្រង់​ទិសឆ្ពោះ​ទៅចក្ខុវិស័យ​ក្លាយ​ជាប្រទេសមានចំណូល ​មធ្យមកម្រិតខ្ពស់ នៅឆ្នាំ ២០៣០ និងស្របតាមគន្លងមាគ៌ាអភិវឌ្ឍន៍ ដែលបានដាក់ចេញនូវ “ចក្ខុវិស័យកម្ពុជា ឆ្នាំ២០៥០”, កិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ផ្លូវការ (ODA) របស់មិត្តជប៉ុន ​ជាធាតុចូលមួយយ៉ាងសំខាន់ ​ដែលបាន​ ឆ្លើយតបទៅនឹងសេចក្តីត្រូវការជាអាទិភាព និងគោលនយោបាយសំខាន់ៗ​នានារបស់រាជរដ្ឋាភិបាលកម្ពុជា, ​ជាក់ស្តែងតាមការផ្តល់ Japanese ODA អនុវត្តដោយ JICA សឹងតែគ្រប់វិស័យនៅកម្ពុជា ​ជាពិសេសនៅក្នុងក្រប ខ័ណ្ឌអភិវឌ្ឍន៍​ហេដ្ឋា​រចនា​សម្ព័ន្ធរូបវន្តរួមមាន​ កំពង់ផែសមុទ្រអន្តជាតិ, ផ្លូវថ្នល់-ស្ពាន, អគ្គិសនី, ​ប្រព័ន្ធធារាសាស្រ្ត, មន្ទីរពេទ្យ, សាលារៀន និង ​រោងចក្រផលិតទឹកស្អាតជាដើម ​ដែលសកម្មភាពទាំងនេះ បាន​ឆ្លុះបញ្ចាំង​យ៉ាងច្បាស់ថា ប្រទេសជប៉ុន ​នៅតែជា​មិត្តភ័ក្ដិ​ដ៏ប្រពៃ និងជាដៃគូយុទ្ធសាស្រ្តអភិវឌ្ឍន៍​ដ៏សំខាន់​មួយសម្រាប់ប្រទេសកម្ពុជា៕ អត្ថបទ៖ សុន រ៉ាឌី

ការនាំចេញរបស់កម្ពុជា នៅបន្តកើនឡើង ទៅទីផ្សារអាមេរិក

2022/07/22 11:59:26 am        294
ភ្នំពេញ៖ ការនាំចេញទំនិញរបស់កម្ពុជាទៅកាន់ទីផ្សារសហរដ្ឋអាមេរិក ទោះបីកម្ពុជាមិនទាន់ទទួលបានការបន្តប្រព័ន្ធអនុគ្រោះពន្ធ (GSP) ពីអាមេរិក បានស្ថិតដល់កម្រិតខ្ពស់ ដោយសបញ្ជាក់ឲ្យឃើញពីសមត្ថភាព ការផលិត និងទីផ្សារផ្គត់ផ្គង់ទំនិញរបស់កម្ពុជា។ឯកឧត្តម ប៉ែន សុវិជាតិ អ្នកនាំពាក្យ និងជាអនុរដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម នៅក្នុងសន្និសីទ​ព័ត៌មានស្តីពីសមិទ្ធិផលសម្រេចបានរយៈពេល៥ឆ្នាំ របស់ក្រសួងពាណិជ្ជកម្ម នៅថ្ងៃទី ២១ ខែ កក្កដា ឆ្នាំ ២០២២ ថា ចំពោះប្រទេសដែលមានការអភិវឌ្ឍតិចតួច សហរដ្ឋអាមេរិកបានផ្តល់​ប្រព័ន្ធ​អនុគ្រោះពន្ធ ការផ្តល់ភាពអនុគ្រោះពន្ធនេះមិនមែនផ្តល់ជូនគ្រប់មុខទំនិញ នឹងគ្រប់ប្រទេស​នៃចេញ​ទៅ​កាន់ទីផ្សារសហរដ្ឋអាមេរិកនោះផងដែរ។ឯកឧត្តម បន្តថា ជុំវិញពាណិជ្ជកម្មទ្វេភាគីកម្ពុជា-អាមេរិកវិញ ទោះបីសហរដ្ឋអាមេរិកមិនបានផ្តល់​អាជ្ញាប័ណ្ណ​នៃប្រព័ន្ធអនុគ្រោះពន្ធ តាំងពីខែ មករា ដើមឆ្នាំ ២០២១ មក, ក្នុងកាលៈទេសៈនេះ កម្ពុជានាំចេញទៅកាន់សហរដ្ឋអាមេរិកដោយបង់ពន្ធ ក្នុងនោះសម្រាប់ការនាំចេញផលិតផល​សំលៀកបំពាក់​របស់កម្ពុជា​ មិនទទួលបាន GSP នោះទេ ដោយកម្ពុជា​បានបង់ពន្ធលើផលិតផលនេះ ក្នុងរង្វង់ប្រមាណពី ១២ ទៅ ១៩% ។ ចំណែកការទទួលបាន GSP មានតែផលិតផលកាបូប​ធ្វើ​ដំណើរ​ប៉ុណ្ណោះ តែទោះបីសហរដ្ឋអាមេរិកមិនទាន់អនុម័តប្រព័ន្ធ​អនុគ្រោះពន្ធ ​ក៏ដោយ ការនាំចេញ​មុខទំនិញទៅកាន់សហរដ្ឋអាមេរិកមានកំណើនគួរឲ្យកត់សម្គាល់ផងដែរ ក្នុងនោះប្រសិន​សហរដ្ឋ​អាមេរិក​បានអនុម័តប្រព័ន្ធអនុគ្រោះពន្ធ នេះ យើងក៏ទទួលបានពន្ធដែលបានបង់នាពេលកន្លងមក មកវិញផងដែរ ​ហើយទំហំនៃការនាំចេញរបស់កម្ពុជាអាចនឹងកើនឡើងបន្ថែមទៀត។ សូមបញ្ជាក់ថា នៅក្នុងឆមាសទី ១ ឆ្នាំ ២០២២ នេះ ​ការធ្វើពាណិជ្ជកម្មអន្តរជាតិ មានទំហំទឹកប្រាក់​សរុប ជាង ២៧ ពាន់លានដុល្លារអាមេរិក ​ក្នុងនោះសម្រាប់ពាណិជ្ជកម្មទ្វេភាគីកម្ពុជា-អាមេរិក មាន​ទំហំទឹក​ប្រាក់ប្រមាណ ៤ ៨១៧ លានដុល្លារអាមេរិក គឺកម្ពុជាបាននាំចេញ មានទឹកប្រាក់ ៤ ៦៤៨ លានដុល្លារអាមេរិក ​ខណៈការនំាចូលពីសហរដ្ឋអាមេរិក​ មានចំនួនទឹកប្រាក់ ១៦៨ លានដុល្លារអាមេរិក៕ អត្ថបទ៖ សុន រ៉ាឌី

កម្ពុជា-ឥណ្ឌា ឯកភាពគ្នាជំរុញកិច្ចសហការសម្របសម្រួល និងជំរុញសកម្មភាពធុរកិច្ចនិងវិនិយោគ

2022/07/21 02:17:42 pm        313
ភ្នំពេញ៖ ប្រទេសកម្ពុជា និងឥណ្ឌា បានឯកភាពគ្នា​លើការបន្តកិច្ចសហការសម្របសម្រួល និងជំរុញ​សកម្មភាពធុរកិច្ចនិងវិនិយោគ ​ដើម្បីជំរុញកំណើនសេដ្ឋកិច្ច ​និងពាណិជ្ជកម្ម​ រវាងប្រទេសទាំង២ ឱ្យកាន់តែរីកចម្រើនបន្ថែមទៀត។ឯកឧត្តម ឈួន ដារ៉ា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម និងឯកឧត្តម Karthik Tallam កុងស៊ុល​កិត្តិយស កម្ពុជាប្រចាំទីក្រុង​ Bangalore ​នៃសាធារណរដ្ឋឥណ្ឌា បានពិភាក្សាលើកិច្ច​សហប្រតិបត្តិការ​សេដ្ឋកិច្ច និងពាណិជ្ជកម្មក្នុងជំនួបកាលពីថ្ងៃទី២០​ ខែកក្កដាកន្លងទៅ នៅក្រសួងពាណិជ្ជកម្ម។ឯកឧត្តម ឈួន ដារ៉ា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានស្វាគមន៍យ៉ាងកក់ក្ដៅចំពោះ​គណៈប្រតិភូឥណ្ឌា​មកកាន់ប្រទេសកម្ពុជា​ និងជាពិសេសមកកាន់ក្រសួងពាណិជ្ជកម្ម ព្រមទាំង​បានថ្លែងថា កម្ពុជា-ឥណ្ឌា មានទំនាក់ទំនងជាមួយគ្នាជាប្រវត្តិសាស្រ្តជាយូរណាស់មកហើយ ជាពិសេសឆ្នាំ២០២២នេះ ជាខួបគម្រប់៧០ឆ្នាំនៃ ​ចំណងការទូតរវាងព្រះរាជាណាចក្រកម្ពុជា នឹងសាធារណរដ្ឋឥណ្ឌាផងដែរ។ឯកឧត្តមរដ្ឋលេខាធិការ បានបន្តថាក្រសួងពាណិជ្ជកម្មគាំទ្រ និងផ្តល់កិច្ចសហការជាមួយស្ថានទូត​ឥណ្ឌាប្រចាំកម្ពុជា និងសភាពពាណិជ្ជកម្មឥណ្ឌាប្រចាំកម្ពុជា ​ក្នុងការរៀបចំព្រឹត្តិការណ៍នានា ក្នុងគោលបំណងជំរុញកិច្ចសហប្រតិបត្តិការ​ លើវិស័យពាណិជ្ជកម្ម​ និងវិនិយោគ រវាងប្រទេសទាំងពីរបន្ថែមទៀត។ជាមួយគ្នានេះ ឯកឧត្តម Karthik Tallam បានជម្រាប អំពីគោលបំណងនៃគណៈប្រតិភូឥណ្ឌាមកកាន់​ក្រសួងពាណិជ្ជកម្មថា ​គឺដើម្បីស្វែងរកការគាំទ្រ និងកិច្ចសហប្រតិបត្តិការពីក្រសួងពាណិជ្ជកម្ម​ក្នុង​ការរៀបចំកម្មវិធី​ Business Excellence Awards 2022 ដែលរៀបចំដោយសភាពពាណិជ្ជកម្ម​ឥណ្ឌា​ប្រចាំ​កម្ពុជា ក្នុងគោលបំណងអបអរសាទរខួបគម្រប់៧០ឆ្នាំ នៃចំណងការទូតកម្ពុជា-ឥណ្ឌា ដែល​ព្រឹត្តិការណ៍​នឹងប្រព្រឹត្តទៅចាប់ពី ថ្ងៃទី៨-១០ ខែធ្នូ ឆ្នាំ២០២២ខាងមុខនេះ​ នៅរាជធានីភ្នំពេញ ដោយមានការ ចូលរួមពីស្ថាប័នរដ្ឋរបស់កម្ពុជា ព្រមទាំងវិស័យឯកជនឥណ្ឌាជាង២០០​ក្រុមហ៊ុន​ផងដែរ។ភាគីទាំងពីរបានសម្តែងនូវការប្តេជ្ញាចិត្តបន្តកិច្ចសហការសម្របសម្រួល និងជំរុញសកម្មភាពធុរកិច្ច​និងវិនិយោគ ​ដើម្បីជំរុញកំណើនសេដ្ឋកិច្ច ​និងពាណិជ្ជកម្ម ​រវាងប្រទេសទាំង២ ឱ្យកាន់តែរីក​ចម្រើនបន្ថែមទៀត។គួរបញ្ជាក់ថា ក្នុងឆ្នាំ២០២១ ទំហំពាណិជ្ជកម្មរវាងកម្ពុជា-ឥណ្ឌា មានទំហំទឹកប្រាក់ជាង ៣១១លាន​ដុល្លារអាមេរិក ដែលក្នុងនោះកម្ពុជានាំចេញទៅឥណ្ឌាក្នុងទំហំទឹកប្រាក់ជាង ១២៦​លានដុល្លារអាមេរិក ​និងឥណ្ឌានាំចេញមកកម្ពុជា​ ក្នុងទំហំទឹកប្រាក់ជាង ​១៨៥លានដុល្លារអាមេរិក៕ អត្ថបទ៖ វណ្ណៈ 

កម្ពុជា-ថៃពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យភស្តុភារកម្ម

2022/07/21 01:03:12 pm        518
ភ្នំពេញ៖ ប្រទេសកម្ពុជា និងប្រទេសថៃ បានចុះអនុស្សារណៈយោគយល់ដើម្បីបង្កើនចំណង​មិត្តភាព​ឱ្យកាន់តែជិតស្និទ្ធក្នុងវិស័យភស្តុភារកម្ម និងគាំទ្រគ្នាទៅវិញទៅមកក្នុងការពង្រឹង​សមត្ថភាព​ស្ថាប័ន​ និងសមត្ថភាពរបស់ភាគីពាក់ព័ន្ធក្នុងវិស័យភស្តុភារកម្ម។អនុស្សារណៈយោគយល់ ​ត្រូវបានចុះហត្ថលេខារវាង ​គណៈប្រតិភូក្រសួងសាធារណការ និងដឹក​ជញ្ជូនកម្ពុជា ដឹកនាំដោយលោកជំទាវរដ្ឋលេខាធិការ កុយ សុដានី និងក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍​សេដ្ឋកិច្ច និងសង្គមរបស់ព្រះរាជាណាចក្រថៃ កាលពីថ្មីៗនេះ នៅទីក្រុងបាងកក។ យោងតាមក្រសួងសាធារណការ ការចុះហត្ថលេខាលើអនុស្សារណៈយោគយល់នេះ ធ្វើឡើងដោយ​ការស្ម័គ្រចិត្តសម្រាប់កិច្ចសហប្រតិបត្តិការលើផ្នែកគោលនយោបាយ និងការគាំទ្រលើវិសាលភាព និង កម្រិតក្របខណ្ឌគោលនយោបាយរួមមានគោលនយោបាយភស្តុភារកម្ម ​ក្របខណ្ឌគតិយុត្ត និងបទប្បញ្ញត្តិ ក្របខណ្ឌស្ថាប័ន ​យន្តការសម្របសម្រួល និងការសម្រេចចិត្តដំណើរការនៃការ​អនុវត្ត តាមដាន និងវាយតម្លៃគោលនយោបាយ។តាមរយៈអនុស្សារណៈនេះ ភាគីទាំងពីរ មានគោលបំណងសម្តៅ សូចនាករ និងប្រព័ន្ធផ្ទុកទិន្នន័យ​ភស្តុភារកម្ម រួមមានថ្លៃចំណាយភស្តុភារកម្មធៀបនឹងកំណើន​ផលិតផលក្នុងស្រុកសរុប និង​សន្ទស្សន៍​ប្រតិបត្តិការភស្តុភារកម្ម និងគាំទ្រគ្នាទៅវិញទៅមកក្នុងការពង្រឹងសមត្ថភាពស្ថាប័ន និង​សមត្ថភាពរបស់ភាគីពាក់ព័ន្ធក្នុងវិស័យភស្តុភារកម្ម។ថ្លែងក្នុងជំនួបនោះ លោកជំទាវរដ្ឋលេខាធិការបានជម្រាបជូនភាគីថៃអំពីការយកចិត្តទុកដាក់ និង​កិច្ចខិតខំប្រឹងប្រែងរបស់ក្រសួងក្នុងការតាក់តែងសេចក្តីព្រាងផែនការមេ​ស្តីពី​ការតភ្ជាប់ប្រព័ន្ធ​ដឹកជញ្ជូន​ពហុមធ្យោបាយ​ និងភស្តុភារកម្មនៅកម្ពុជា។លោកជំទាវ បានបញ្ជាក់ថា ផែនការមេនេះ​ មានបញ្ចូលគម្រោងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ​ទាំង​ផ្នែករឹង និងផ្នែកទន់ ​ដែលរួមមានគម្រោងអភិវឌ្ឍន៍ប្រព័ន្ធដឹកជញ្ជូនផ្លូវថ្នល់ ​ផ្លូវដែក​ ផ្លូវល្បឿនលឿន ផ្លូវទឹក ​ផ្លូវសមុទ្រ កំពង់ផែ អាកាសយានដ្ឋាន ​និងហេដ្ឋារចនាសម្ព័ន្ធភស្តុភារកម្ម ដែលត្រូវការទឹក​ប្រាក់​ប្រមាណ ៥០ពាន់លានដុល្លាសហរដ្ឋអាមេរិកសម្រាប់រយៈពេល១០ឆ្នាំ៕ អត្ថបទ៖ វណ្ណៈ

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ប្រទេសស៊ីរី ទាមទារឲ្យអង្គការសហប្រជាជាតិ បង្ខំអ៊ីស្រាអែលឲ្យដកកងទ័ពចេញពីដីរបស់ខ្លួន
07/17/2025 02:07 PM
អាមេរិក គ្រោងបំផ្លាញស្បៀង USAID ចំនួន ៥០០តោន ដែលអាចទៅសង្រ្គោះអ្នកអត់ឃ្លានជុំវិញពិភពលោក
07/17/2025 02:07 PM
មកដល់ពេលនេះ កសិករចំនួនជាង ១៤០០គ្រួសារ ងាកមកចង​ក្រងគ្នា ដើម្បី​ក្លាយ​ជា​សហគមន៍​កសិកម្ម​ទំនើប
07/17/2025 02:07 PM
លេខាក្រុមប្រឹក្សាសន្តិសុខ៖ អង្គការណាតូ នៅតែជាការគំរាមកំហែងដ៏សំខាន់ចំពោះសន្តិសុខរបស់រុស្ស៊ី
07/17/2025 02:07 PM
លោក Trump បន្ទន់ជំហរដាក់ចិន ដើម្បីទទួលបានជំនួបកំពូល និងកិច្ចព្រមព្រៀងពាណិជ្ជកម្មជាមួយលោក Xi
07/17/2025 02:07 PM
ការនាំចេញរបស់ជប៉ុន ធ្លាក់ចុះពីរខែជាប់គ្នា ខណៈកិច្ចព្រមព្រៀងពន្ធជាមួយអាមេរិក ទំនងមិនកើតឡើង
07/17/2025 02:07 PM
យោធាអាមេរិក និយាយថា កម្លាំងយេម៉ែនរឹបអូសសព្វាវុធជាច្រើនរបស់អ៊ីរ៉ង់ ដែលមានគោលដៅសម្រាប់ក្រុមហ៊ួទី
07/17/2025 02:07 PM
ប្រទេសក្រិក ត្រៀមទប់ទល់រលកកម្ដៅខ្លាំងក្លាបំផុតរហូតដល់ ៤៣°C ចាប់ពីចុងសប្ដាហ៍នេះ
07/17/2025 02:07 PM
រដ្ឋមន្ត្រីក្រសួងធនធានទឹក អញ្ជើញជាអធិបតីក្នុងសិក្ខាសាលាពិគ្រោះយោបល់​ថ្នាក់ជាតិ​ស្តីពី​កម្ម​វិធី​​អភិបាលកិច្ចធនធានទឹកដែលធន់នឹងការប្រែប្រួលអាកាសធាតុនៅកម្ពុជា
07/17/2025 02:07 PM
អតិផរណានៅចក្រភពអង់គ្លេស បានកើនឡើងដល់កម្រិតខ្ពស់បំផុតចាប់តាំងពីដើមឆ្នាំ២០២៤មក
07/17/2025 02:07 PM