គិតត្រឹមខែកក្កដា កម្ពុជាមានរោងចក្រដំណើរការចំនួន ៣.៣៥៧ មានទុនវិនិយោគ ២៨ ប៊ីលានដុល្លារ
ប្រធានគណៈកម្មាធិការសេដ្ឋកិច្ច និងធុរកិច្ចឌីជីថល ជំរុញឱ្យវិស័យឯកជន​ចាប់យក​ឌីជីថល​បម្រើ​ក្នុងអាជីវកម្ម
រាជរដ្ឋាភិបាលទម្លាក់ការព្យាករសេដ្ឋកិច្ចនៅត្រឹម ៤,១% ក្រោមសម្មតិកម្ម និងសូចនាករ​ម៉ាក្រូសេដ្ឋកិច្ច​ឆមាសទី១
សមាគមធនាគារ​នៅកម្ពុជា និងសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា សេចក្តីថ្លែងការណ៍រួមស្តីពី វីដេអូ​ឯកសារ​ពាក់ព័ន្ធ​នឹងករណីអតិថិជនឥណទាន ដែលត្រូវបានផ្សព្វផ្សាយនាពេលថ្មីៗនេះ

សេដ្ឋកិច្ច និង កសិកម្ម

កម្ពុជាផ្តល់ការលើកទឹកចិត្តខ្ពស់ លើឧស្សាហកម្មកែច្នែកសិកម្ម ដើម្បីធានាការផ្គត់ផ្គង់ និងការនាំចេញ

2023/02/10 06:05:12 pm        537
ភ្នំពេញ៖ រាជរដ្ឋាភិបាលកម្ពុជា បានផ្តល់ការលើកទឹកចិត្តខ្ពស់ លើឧស្សាហកម្មកែច្នែវិស័យកសិកម្ម និងកំពុងស្រូបលើការធ្វើធុរកិច្ចលើវិស័យនេះ ដើម្បីបង្កើននូវតម្លៃបន្ថែម ជាពិសេសការធានា​ដល់ការ​ផ្គត់ផ្គង់​ក្នុងស្រុក​ និងការបម្រើទីផ្សារនាំចេញ ។ឯកឧត្តមបណ្ឌិត តាន់ មុនីវណ្ណ អគ្គនាយករងក្រុមហ៊ុន ម៉ុង រិទ្ធីគ្រុប លើកឡើងក្នុងកិច្ចសម្ភាសន៍​ជាមួយភ្នាក់ងារអ្នកយកព័ត៌មាន BTV ស្តីពីការកែច្នៃ និងការវេចខ្ចប់ និងការនាំចេញផលិតផល​កសិផលកសិកម្មថា ជុំវិញការផ្គត់ផ្គង់ចំណីអាហារលើពិភពលោក មិនទាន់មាននិរន្តរភាពក្នុងការ​ចែកចាយ​នៅឡើយបច្ចុប្បន្នប្រទេសនីមួយៗ បានកំពុងខិតខំប្រឹងប្រែងនូវគ្រប់មធ្យោបាយ ដើម្បី​រក្សានិរន្តរភាពការ​ផ្គត់ផ្គង់​ក្នុងប្រទេសរបស់ខ្លួន​ រួមទាំង​ស្ថិរភាពនៃការផលិត ការគិតគូតលើកបញ្ហា​គុណភាព និងតម្លៃសមស្របនៅតាមទីផ្សារ។ទាក់ទងវិស័យកសិកម្មនេះ ឯកឧត្តម រំពឹងថា សម្រាប់កម្ពុជា​ ការអភិវឌ្ឍ​វិស័យកសិកម្មនឹងមាន​កំណើន​កើនឡើង​ ប៉ុន្តែបច្ចុប្បន្នវិស័យម្ហូបអាហារនៅកម្ពុជា​មានតម្លៃខ្ពស់នៅឡើយ ​ដែលបញ្ហានេះ រាជរដ្ឋាភិបាលបានយកចិត្តទុកដាក់យ៉ាងខ្លាំង ​ដើម្បីជំរុញការផលិតក្នុងស្រុកឲ្យមានតម្លៃថោក ជាពិសេស​ការផ្តល់ការលើកទឹកចិត្តខ្ពស់ ​លើឧស្សាហកម្មកែច្នែវិស័យកសិកម្ម ស្របពេលកម្ពុជា​កំពុងស្រូប​ការធ្វើធុរកិច្ចលើវិស័យនេះ ដើម្បីបង្កើននូវតម្លៃបន្ថែម ជាពិសេសការធានាដល់ការ​ផ្គត់ផ្គង់​ក្នុងស្រុក និងការបម្រើទីផ្សារនាំចេញ ។ជុំវិញវិស័យកសិកម្មនេះដែរថ្មីៗនេះ, ឯកឧត្តមបណ្ឌិត គី សេរីវឌ្ឍន៍ អ្នកស្រាវជ្រាវសេដ្ឋកិច្ច នៃ​រាជបណ្ឌិត្យសភាកម្ពុជាថា វិស័យកសិកម្មគឺជាវិស័យស្នូលមួយរបស់រាជរដ្ឋាភិបាល បច្ចុប្បន្នទោះបី​កសិកម្ម​ផ្តល់​នូវតម្លៃបន្ថែមទាប តែវិស័យនេះបានគាំទ្រដល់ការ​ផ្គត់ផ្គង់​សកម្មភាពក្នុងស្រុក ជាក់ស្តែង​នៅក្នុងវិបត្តិនៃការរីករាលដាល់ជំងឺកូវីដ​១៩ ​ជាដើម, ដូច្នេះជុំវិញការអភិវឌ្ឍ​វិស័យនេះ ទោះជា​ប្រទេសមានការអភវិឌ្ឍ​យ៉ាងណាក៏ដោយ​ ក៏មិនបង់បោះ ​ឬការទម្លាក់ដៃចោលឡើយ ដូចបាន​សង្កេតឃើញស្រាប់ អំពីការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាល ផលិតដើម្បីការផ្គត់ផ្គង់​ក្នុងស្រុក និងដើម្បីនាំចេញ។សូមបញ្ជាក់ថា វិស័យកសិកម្មត្រូវបានរំពឹងថា ​នៅបន្តនិន្នាការកើនឡើង ក្នុងអត្រា ១,១% ក្នុង​ឆ្នាំ២០២៣ និង ០,៧% ក្នុងឆ្នាំ២០២២ ​ដោយ​សារការរំពឹងទុក​លើការបន្តរក្សាកំណើនល្អប្រសើរ​នៃអនុវិស័យដំណាំ និងចិញ្ចឹមសត្វ ស្របពេលដែលអនុវិស័យនេសាទត្រូវ​បានរំពឹងថា​នឹងងើប​ឡើងវិញ ក្នុងនោះ អនុវិស័យដំណាំ ត្រូវបានរំពឹងថា នឹងបន្តកើនឡើង ដោយសារការរំពឹងទុក​កំណើន​ល្អ​ប្រសើរនៃការនាំចេញផលិតផលកសិកម្ម ​ជាពិសេសដំណាំរួមផ្សំ និងឧស្សាហកម្ម​ដែល​នឹងបន្តជំរុញដោយកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី​ គួបផ្សំជាមួយនឹងការបង្កើនការវិនិយោគរបស់​រាជរដ្ឋាភិបាល​ ជាពិសេសការផ្តល់ហិរញ្ញប្បទានក្នុងការជំរុញផលិតកម្មក្នុងស្រុក៕ អត្ថបទ៖ សុន រ៉ាឌី 

បច្ចុប្បន្នខេត្តកំពង់ស្ពឺមានរោងចក្រ សហគ្រាសចំនួន ៣៨៣ កន្លែង មានកម្មករសរុបជាង ១៥ ម៉ឺននាក់

2023/02/09 09:34:00 pm        652
កំពង់ស្ពឺ៖ ឯកឧត្តម វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ បានឱ្យដឹងថា បច្ចុប្បន្ន ទូទាំងខេត្តកំពង់ស្ពឺ​មានរោងចក្រ សហគ្រាសគ្រឹះស្ថានចំនួន ៣៨៣ កន្លែង ក្នុងនោះមានកម្មករ ​និយោជិតសរុបចំនួន ១៥៥,៧៦១ នាក់ ស្រី ១១៥.៥២២នាក់។ ឯកឧត្តម វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ ថ្លែងបញ្ជាក់បែបនេះ ក្នុងសន្និសីទសារព័ត៌មាន ស្ដីពី «ភាពជោគជ័យក្នុងរយៈពេល ៥ឆ្នាំកន្លងមក របស់រដ្ឋបាលខេត្តកំពង់ស្ពឺ» ​រៀបចំដោយអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល ​នាថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២៣នេះ នៅទីស្ដីការគណៈរដ្ឋមន្រ្ដី។ឯកឧត្តម វ៉ី សំណាង បានឱ្យដឹងថា រោងចក្រ សហគ្រាសគ្រឹះស្ថានចំនួន ៣៨៣ ​កន្លែង ក្នុងនោះ វិស័យ​វាយនភណ្ឌកាត់ដេរ​សំលៀកបំពាក់ និងស្បែកជើងចំនួន ១៨៩ កន្លែង មានកម្មករ​និយោជិតសរុប ១៤៥.៣៩៩ នាក់ ស្រី ១១០.៨៤៣ នាក់។ ជាមួយគ្នានេះ ​ក៏មានរោងចក្រធុនធំចំនួន ២២៩ មូលដ្ឋាន ប្រើប្រាស់កម្លាំងពលកម្មសរុបចំនួន ១៣២.៥០៣ នាក់ ស្រី ១០២,៨៨៥នាក់ ​ដោយប្រើប្រាស់ទុនវិនិយោគសរុប​ ១.៧១៤.៨៣៦.០០០ ដុល្លាសហរដ្ឋអាមេរិកផងដែរ។ បើតាមឯកឧត្ដមអភិបាលខេត្ត ចំពោះរោងចក្រធុនតូច និងមធ្យម និងសិប្បកម្ម មានចំនួន ១,១៣០ មូលដ្ឋាន ដោយមានទុនវិនិយោគចំនួន ២៦.៤៤៩.៩១០ ដុល្លារ ប្រើប្រាស់កម្លាំងពលកម្មសរុបចំនួន ១៤.៦២០ នាក់ ស្រីចំនួន ៧.៧០០នាក់៕អត្ថបទ៖ វ៉ន ដារ៉ា

សហព័ន្ធស្រូវអង្ករកម្ពុជា កំណត់គោលដៅនាំចេញអង្ករចំនួន ៧៥ម៉ឺនតោន ក្នុងឆ្នាំនេះ

2023/02/08 08:51:29 pm        354
ភ្នំពេញ៖ ប្រធានសហព័ន្ធស្រូវអង្ករកម្ពុជា បានបញ្ជាក់ថា សម្រាប់អាណត្តិទី៤នេះ បានកំណត់យក​គោលដៅនាំចេញអង្ករចំនួន ៧៥ម៉ឺនតោន ក្នុងឆ្នាំ២០២៣​ និងឈានដល់ ១លានតោនក្នុងឆ្នាំ២០២៥ ខណៈសហព័ន្ធមានផែនការបន្តពង្រឹងអភិបាលកិច្ច និងបន្តសហការជាមួយក្រសួងពាណិជ្ជកម្ម ក្នុងការបើកច្រកទីផ្សារថ្មីៗដើម្បីជំរុញដល់ការនាំចេញ។ក្នុងជំនួបសម្តែងការគួរសម និងរាយការណ៍ពីវឌ្ឍនភាពការងារសម្រាប់អាណិត្តថ្មី ជូនឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម កាលពីព្រឹកថ្ងៃទី៧ កុម្ភៈ ឆ្នាំ២០២៣នេះ ​នៅទីស្តីការក្រសួង ឧកញ៉ា ចាន់ សុឃាំង ប្រធានសហព័ន្ធស្រូវអង្ករកម្ពុជា បានឲ្យដឹងថា សហព័ន្ធមានផែនការ​បន្ត​សហការជាមួយក្រសួងពាណិជ្ជកម្ម ក្នុងការពង្រីកទីផ្សារទៅកាន់ប្រទេសចិនឱ្យបានច្រើនជាង ៤០ម៉ឺនតោន នៅក្នុងឆ្នាំ២០២៣នេះតទៅ ពិសេសបន្តធ្វើពិពិធកម្មទៅកាន់ទីផ្សារឱ្យបានកាន់តែ​ទូលំទូលាយ ​ទៅកាន់ទីផ្សារថ្មីៗបន្ថែមទៀត រួមមាន៖ សហរដ្ឋអាមេរិក កាណាដា មជ្ឈឹមបូព៌ា សិង្ហបុរី ហុងកុង ប្រទេសឥណ្ឌូនេស៊ី ។ល។ ព្រមទាំងផ្សព្វផ្សាយម៉ាកអង្ករ ដែលមានចុះបញ្ជីរួច ដូចជា ម៉ាកវិញ្ញាតកម្ម “ម្លិះអង្ករ” និងម៉ាកសមូហភាព “SKO” និងអង្ករដំណើបស្បៃមង្គល “DSMK”។ជាមួយការលើកឡើងខាងលើនេះឯកឧត្តមរដ្ឋមន្រ្តី ប៉ាន សូរស័ក្តិ មានប្រសាសន៍ថា វិស័យ​ស្រូវអង្ករនៅកម្ពុជា ជាវិស័យមួយ​ដែលរាជរដ្ឋាភិបាល ​ជាពិសេសសម្តេចតេជោ នាយករដ្ឋមន្ត្រី បាន​យកចិត្តទុកដាក់ជាអាទិភាពបំផុត ​ហើយសម្តេច​តែងតែ​យកវិស័យនេះ​ ជាប្រធានបទ និង​ជាមូលវិចារសំខាន់សម្រាប់ជជែកពិភាក្សាក្នុងកិច្ចសន្ទនាជាមួយប្រមុខថ្នាក់ដឹកនាំនានា ទាំងទ្វេភាគី និងពហុភាគី។ ឯកឧត្តម បន្តទៀតថា ដើម្បីលើកកម្ពស់ដល់វិស័យនាំចេញអង្ករ ​ក្រសួងបាននិងកំពុងខិតខំបើកច្រក​ទីផ្សារស្រូវអង្ករ ​និងផលិតផលកែច្នៃ ដែលមានប្រភពវត្ថុធាតុដើមពីអង្ករបានប្រព្រឹត្តិទៅយ៉ាងសកម្ម តាមរយៈការ​បញ្ចូល​ទំនិញទាំងនេះ ​ទៅក្នុងបញ្ជីទំនិញរបស់កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីនានា ដូចជា ​កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-ចិន ​និងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-កូរ៉េ ព្រមទាំង​កិច្ចព្រមព្រៀងសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់​ និងនៅក្នុងជំនួបពិភាក្សាទ្វេភាគីជាមួយ​ប្រទេសនានា ​ដូចជាការចុះអនុស្សរណៈយោគយល់ ​ដើម្បីនាំអង្ករចេញកាន់ទីផ្សារប្រទេសចិន ទីម័រខាងកើត ហ្វីលីពីន បង់ក្លាដេស ។ល។កម្ពុជាបាននាំចេញអង្ករទៅកាន់ទីផ្សារអន្តរជាតិ ​បានចំនួន ៦៣ម៉ឺន តោន និងនាំចេញស្រូវ​បានចំនួន ៣,៤ លានតោនក្នុងឆ្នាំ២០២២កន្លងទៅ ដែលគិតជាទឹកប្រាក់​ប៉ាន់ស្មាន​បានចំនួនជាង១ ២៥៥​ លាន​ដុល្លារសហរដ្ឋអាម៉េរិក៕ អត្ថបទ៖ ឈិត បូរ៉ាវី

IFAD នឹងផ្តល់ហិរញ្ញប្បទាន ១៩៤ លានដុល្លារ ដើម្បីគាំទ្រដល់ការអភិវឌ្ឍនៅកម្ពុជា

2023/02/08 08:43:35 pm        372
ភ្នំពេញ៖ កម្ពុជា នឹងចុះហត្ថលេខាជាមួយមូលនិធិអន្តរជាតិសម្រាប់អភិវឌ្ឍន៍កសិកម្ម (IFAD) លើកិច្ចព្រមព្រៀងហិរញ្ញប្បទាន ១៩៤ លានដុល្លារ ​ដើម្បីគាំទ្រសេដ្ឋកិច្ចជនបទ និង​ពាណិជ្ជកម្មផលិតផលកសិកម្ម ​ជាពិសេសការជំរុញកំណើនលូតលាស់នៃវិស័យកសិកម្ម ប្រកប​ដោយបរិយាប័ន្ននិងចីរភាពបរិស្ថាន លើខ្សែច្រវាក់ផលិតកម្ម និងការនាំចេញ។ឯកឧត្តម វង្សី វិស្សុត រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី, រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាទេសាភិបាល បម្រុងរបស់កម្ពុជា ប្រចាំមូលនិធិអន្តរជាតិសម្រាប់អភិវឌ្ឍន៍កសិកម្ម ហៅកាត់ថា IFAD នៅថ្ងៃទី ៧ ខែ កុម្ភៈ ឆ្នាំ ២០២៣ នេះ បានដឹកនាំគណៈប្រតិភូក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ​និងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ទៅចូលរួមកិច្ចប្រជុំក្រុមប្រឹក្សា ទេសាភិបាល​លើកទី ៤៦ របស់ IFAD ប្រចាំឆ្នាំ ២០២៣ នៅទីក្រុងរ៉ូម​ ប្រទេសអ៊ីតាលី និង​គ្រោងចុះហត្ថលេខា ជាមួយឯកឧត្តម Alvaro Lario ប្រធាន IFAD លើកិច្ចព្រមព្រៀងហិរញ្ញប្បទាន​សហប្រតិបត្តិការ​ សម្រាប់កម្មវិធីគាំទ្រសេដ្ឋកិច្ចជនបទ ​និងពាណិជ្ជកម្ម ​ផលិតផលកសិកម្ម ដែល​មានទឹកប្រាក់សរុបចំនួន ១៩៤ លានដុល្លារអាមេរិក ក្នុងនោះឥណទានសម្បទានពី IFAD មានចំនួន ៤៧,៩ លានដុល្លារអាមេរិក។នៅក្រោមកម្មវិធីគាំទ្រសេដ្ឋកិច្ចជនបទ និងពាណិជ្ជកម្មផលិតផលកសិកម្ម កម្ពុជាមានគោលបំណង​ចូលរួមកាត់បន្ថយភាពក្រីក្រ និងភាពងាយរងគ្រោះនៅជនបទ តាមរយៈការលើកកម្ពស់ភាពធន់ទៅ​នឹងអាកាសធាតុ ​និងការជំរុញកំណើនលូតលាស់នៃវិស័យកសិកម្ម ប្រកបដោយបរិយាប័ន្ន​និង​ចីរភាពបរិស្ថាន ​លើខ្សែច្រវាក់ផលិតកម្ម និងការនាំចេញ ដោយកម្មវិធីនេះ មានវិសាលភាពគ្រប​ដណ្ដប់​ទូទាំងប្រទេស ​ហើយនឹងអនុវត្តលើការអភិវឌ្ឍខ្សែច្រវាក់តម្លៃគោលដៅចំនួន ៦រួមមាន៖ បន្លែ, មាន់, ដំឡូងមី, គ្រាប់ស្វាយចន្ទី, ផ្លែឈើស្រស់ និងផ្លែឈើដែលបានកែច្នៃរួច៕ អត្ថបទ៖ សុន រ៉ាឌី

ក្រុមហ៊ុនជប៉ុន គ្រោងពង្រីការវិនិយោគ លើដំណាំស្វាយចន្ទី នៅខេត្តបាត់ដំបង

2023/02/08 06:53:10 pm        410
បាត់ដំបង៖ ក្រុមហ៊ុន Top Planning Japan Co.,LTD នៃប្រទេសជប៉ុន គ្រោងនឹងពង្រីការវិនិយោគលើដំណាំស្វាយចន្ទី នៅតំបន់អតីតដីចម្ការមីន ក្នុងខេត្តបាត់ដំបង និងនាំយកទៅលក់នៅទីផ្សារក្រៅប្រទេស និងចម្រាញ់ធ្វើជា​ប្រេងឥន្ធនៈ ។ក្នុងជំនួបជាមួយឯកឧត្តម ហេង រតនា អគ្គនាយកមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា (CMAC) នៅថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២៣ លោក Tetsuo MURAYAMA អគ្គនាយកក្រុមហ៊ុន Top Planning Japan Co.,LTD លើកឡើងថា បច្ចុប្បន្ននៅកម្ពុជា ដំណាំស្វាយចន្ទីនៅកម្ពុជា ក្នុងមួយឆ្នាំអាចទទួល​ផល​បានជាង ១លានតោន ដែលចាត់ថាជាប្រទេសដាំបានច្រើនមួយផងដែរក្នុងពិភពលោក ដោយលក់​ក្នុង​តម្លៃស្រស់បានប្រមាណ ១ពាន់លានដុល្លារ ហើយក្រុមហ៊ុនរបស់លោក គ្រោងនឹងកែច្នៃអាច​លក់បានរហូតដល់ ៣ពាន់លានដុល្លារ ។លោកបានបន្តថា Top Planning Japan Co.,LTD ក៏ចង់ពង្រីកការវិនិយោគបន្ថែមផងដែរ នៅក្នុងខេត្តបាត់ដំបង ដែលជាទីតាំងត្រូវបានបោសសំអាតមីនរួចរាល់ ដោយមានទាំងការកែច្នៃ​ផ្លែស្វាយចន្ទីនាំចេញ និងចម្រាញ់ធ្វើជា​ប្រេងឥន្ធនៈ សម្រាប់ប្រើប្រាស់ផងដែរ ដោយការវិយោគនេះ នឹងជួយធ្វើឲ្យស្វាយចន្ទីរនៅកម្ពុជា កាន់តែមានតម្លៃ ជួយធ្វើឲ្យសេដ្ឋកិច្ចរបស់កសិករ កាន់តែល្អប្រសើរឡើង ។ក្នុងជំនួបនេះ លោក MURAYAMA បានស្នើដល់ស៊ីម៉ាក់ជួយគាំទ្រ និងសហការលើការងារបោស​សំអាតមីន ដើម្បីឲ្យគម្រោងនេះ អាចអនុវត្តទៅបាន ខណៈភាគីក្រុមហ៊ុន ក៏មានដៃគូក្រុមហ៊ុន ដែលមានឧបករណ៍បោសសំអាតមីនទំនើបៗ សម្រាប់បោសសំអាតមីនចូលរួមលើការ​អនុវត្តនូវគម្រោងនេះផងដែរ ។ជាការឆ្លើយតប ឯកឧត្តម ហេង រតនា បានសម្ដែងនូវការគាំទ្រពេញ​ទំហឹង នូវគម្រោងនេះ ព្រោះវានឹងផ្ដល់ផលប្រយោជន៍ជាច្រើន ដល់កសិករកម្ពុជា ហើយរំពឹងថា ពលរដ្ឋកម្ពុជា នឹងអាច​ទទួលបានចំណេះដឹងបន្ថែមទៀត ពាក់ព័ន្ធនឹងការកែច្នៃផលិតផលកសិកម្ម ពីប្រទេសជប៉ុន ដែលជាអ្នកជំនាញ ។ជាមួយនេះ ឯកឧត្តម បានថ្លែងអំណរគុណ ដល់ក្រុមហ៊ុនជប៉ុន ដែលបានធ្វើការវិនិយោគជាបន្ត​បន្ទាប់ នូវគម្រោងនានា ក្នុងប្រទេសកម្ពុជា ដោយរដ្ឋាភិបាល និងពលរដ្ឋជប៉ុន តែងផ្ដល់នូវជំនួយ​ជាច្រើនដល់កម្ពុជា ដែលក្នុងនោះមានគាំទ្រលើវិស័យមីនផងដែរ ។គួរបញ្ជាក់ថា ក្រុមហ៊ុន Top Planning Japan (TPJ) នេះ មានមានកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម ជាមួយសិប្បកម្មកែច្នៃគ្រាប់ស្វាយចន្ទីជ័យសំបូរ ដែលត្រូវបានធ្វើឡើង ដើម្បីសាងសង់រោងចក្រ​កែច្នៃគ្រាប់ស្វាយចន្ទីខ្នាតតូច ជាការសាកល្បង មានទីតាំងស្ថិតនៅភូមិត្រពាំងអារក្ស ឃុំជ័យ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ។ គ្រាប់ស្វាយចន្ទីកែច្នៃ ជាកសិផលនាំចេញ ដែលមានសក្តានុពលនៅលើទីផ្សារប្រទេសជប៉ុន ហើយគិត​ពីឆ្នាំ២០១៩ ដល់២០២២ គ្រាប់ស្វាយចន្ទីកែច្នៃបាននាំចេញទៅប្រទេសជប៉ុន​ប្រមាណជាង ១៨៤តោន ក្នុងនោះឆ្នាំ២០២២ មានជាង ១២៦តោន ៕ អត្ថបទ បាន សុខរិទ្ធិ

ឯកឧត្ដម ថោង ខុន៖ កម្ពុជានឹងប្រឹងទាក់ទាញទេសចរចិនឱ្យបាន ៨០ ម៉ឺនទៅ ១ លាននាក់ក្នុងឆ្នាំ២០២៣

2023/02/08 04:39:19 pm        224
ភ្នំពេញ៖ឯកឧត្ដម ថោង ខុន រដ្ឋមន្រ្ដីក្រសួងទេសចរណ៍ បញ្ជាក់ថា កម្ពុជានឹងប្រឹងប្រែងទាក់ទាញភ្ញៀវទេសចរចិនឱ្យបានពី ៨០ ម៉ឺននាក់ទៅ ១ លាននាក់ ក្នុងឆ្នាំ២០២៣នេះ បន្ទាប់បានស្វាគមន៍ភ្ញៀវទេសចរចិន ១២៥ នាក់ដែលមកពីទីក្រុងប៉េកាំង នៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ កាលពីថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២៣នេះ។ ឯកឧត្ដម ថោង ខុន បានបញ្ជាក់បែបនេះក្នុងឱកាសទទួលស្វាគមន៍ចំពោះភ្ញៀវទេសចរចិន ១២៥ នាក់ ដែលមកពីទីក្រុងប៉េកាំង នៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញនាថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២៣នេះ ក្រោយរដ្ឋាភិបាលចិនបើកឱ្យប្រជាជនធ្វើដំណើរចេញក្រៅប្រទេស​ឡើងវិញ​ចាប់ពីថ្ងៃទី៨ ខែមករា ឆ្នាំ២០២៣។ឯកឧត្តមរដ្ឋមន្ត្រីបានថ្លែងថា៖«បន្ទាប់ពីការមកដល់របស់ភ្ញៀវទេសចរចិនលើកដំបូងនេះ យើង​នឹងប្រឹងប្រែងទាក់ទាញភ្ញៀវទេសចរចិនឱ្យបានពី ៨០ ម៉ឺននាក់ទៅ ១ លាននាក់ក្នុង​ឆ្នាំ២០២៣នេះ»។ឯកឧត្តមបានអំពាវនាវដល់ប្រតិបត្តិករទេសចរណ៍ មូលដ្ឋានអាជីវកម្ម ក្នុងវិស័យទេសចរណ៍ អ្នកបម្រើការក្នុងវិស័យទេសចរណ៍ ត្រូវអនុវត្តតាមគោលការណ៍ដែលមានស្រាប់ ដើម្បីទទួលបដិសណ្ឋារកិច្ចចំពោះភ្ញៀវទេសចរឱ្យបានត្រឹមត្រូវ ខណៈទីផ្សារទេសចរចិនគឺជាទីផ្សារធំសម្រាប់តែកម្ពុជានិងពិភពលោក។ឯកឧត្តមបន្ថែមទៀតថា នៅថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២៣ ខាងមុខ ក៏នឹងមានជើងហោះលើកដំបូង​ពីគួនមីងមកសៀមរាប និងពីសៀងហៃមកសៀមរាប ដែលនឹងប្រតិបត្តិការដោយក្រុមហ៊ុន China Eastern (Charter Flights) ផងដែរ។ ឯកឧត្តមមានសុទិដ្ឋិនិយមថា «ការធ្វើរដំណើរទេសចរចិនមកកម្ពុជានឹងកើនឡើងជាលំដាប់ចាប់​ពីខែមីនា ឆ្នាំ២០២៣នេះ»។ឯកឧត្តមបានឱ្យដឹងថា ក្នុងខែមករា ឆ្នាំ២០២៣ កម្ពុជាទើបទទួលបានទេសចរអន្តរជាតិប្រមាណ ៤០ ម៉ឺននាក់ក្នុងនោះក៏មានទេសចរចិនប្រមាណ ២៥,០០០ នាក់ដែរ ដែលមានការកើនឡើង ៩០១% បើធៀបនឹងរយៈពេលដូចគ្នានៅឆ្នាំ២០២២។ ក្នុងខែមករានេះដែរ ជើងហោះហើរដែល​ចូលមកដល់កម្ពុជាមានចំនួនសរុប ១,៦៤៨ជើងក្នុងនោះអាកាសយានដ្ឋាន​អន្តរជាតិភ្នំពេញ​ទទួលបាន ១,១៧៨ ជើង៕អត្ថបទ៖វ៉ន ដារ៉ា

សមាគមជប៉ុន-កម្ពុជា សន្យាទាក់ទាញវិនិយោគិនជប៉ុនជួយអភិវឌ្ឍន៍ធនធានមនុស្សនៅកម្ពុជា

2023/02/07 10:06:46 pm        517
ភ្នំពេញ៖ សមាគមជប៉ុន-កម្ពុជា(JCA) បានសន្យាថា នឹងទាក់ទាញអ្នកវិនិយោគទុនរបស់ខ្លួនឱ្យ​បាន​ច្រើនបន្ថែមទៀត សម្រាប់ចូលរួមជួយអភិវឌ្ឍន៍វិស័យធនធានមនុស្សរបស់កម្ពុជា​ឲ្យកាន់តែមាន​សមត្ថភាពទាំងចំណេះ ជំនាញ ដើម្បីដើរឱ្យទាន់តម្រូវការសង្គម-សេដ្ឋកិច្ច ដែលកំពុងមានការរីក​ចម្រើន​នាពេលបច្ចុប្បន្ននេះ។ការសន្យាថានឹងជួយកម្ពុជាលើការអភិវឌ្ឍធនធានមនុស្សនេះ ធ្វើឡើងនៅក្នុងជំនួបពិភាក្សាការងារ​មួយរវាងឯកឧត្តមបណ្ឌិត អ៊ិត សំហេង រដ្ឋមន្រ្តីក្រសួងការងារ ​និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងលោក Takahashi Fumiaki ប្រធានសមាគមជប៉ុន-កម្ពុជា(JCA) និងជាអតីតឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា នាព្រឹកថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២៣ នៅទីស្តីការក្រសួងការងារ។ឯកឧត្តមបន្តថា ការវិនិយោគរបស់ជប៉ុន ពិតជានាំនូវបច្ចេកវិទ្យាទំនើបថ្មីៗ និងយន្តការគ្រប់គ្រង​ក្រុមហ៊ុន រោងចក្រ​ ឱ្យកាន់តែមានភាពងាយស្រួល។ ​ឯកឧត្តមកត់សម្គាល់ឃើញថា ក្រុមហ៊ុន​របស់ជប៉ុន​ដែលមានវត្តមាននៅកម្ពុជា កម្រមានវិវាទការងារណាស់ ក្រុមហ៊ុនអនុវត្តទៅ​តាមច្បាប់​បានល្អ រួមនឹងទំនាក់ទំនងរវាងនិយោជកជប៉ុន និងកម្មករនិយោជិតកម្ពុជាមានភាព​សុខដុមរមនា​នឹងគ្នា។ឯកឧត្តមរដ្ឋមន្ត្រី ចង់ឃើញកម្មសិក្សាការីកម្ពុជាបានទៅធ្វើការនៅប្រទេសជប៉ុន ឱ្យបាន ៥ ម៉ឺននាក់ ខណៈបច្ចុប្បន្នកម្មសិក្សាការីកម្ពុជាបានចេញទៅធ្វើការនៅជប៉ុនបានត្រឹមប្រមាណ ២ ម៉ឺននាក់​ប៉ុណ្ណោះ។ ដោយឯកឧត្តម ស្នើដល់ខាងភាគីជប៉ុនធ្វើការបណ្តុះបណ្តាល​ធនធានមនុស្សរបស់កម្ពុជា ដើម្បីឈានទៅសម្រេចឱ្យបាននូវចំនួន ៥ ម៉ឺននាក់នាពេលដ៏ខ្លីខាងមុខនេះ។លោក Fumiaki រួមនឹងសមាជិករបស់សមាគម បញ្ជាក់ថា នឹងប្រឹងប្រែងធ្វើយ៉ាងណាជួយ​មក​កម្ពុជាលើជំនាញដ៏ចំាបាច់ដែលកំពុងមានតម្រូវការសម្រាប់ទៅធ្វើការនៅជប៉ុន។ លោកបន្តថា ដោយសង្កេតឃើញថា រថយន្តដែលផលិតនៅប្រទេសជប៉ុន​បានចរាចរណ៍នៅ​កម្ពុជា​មានចំនួនកាន់តែច្រើន ដែលជាឱកាសមួយសម្រាប់ឱ្យខាងជប៉ុនផ្តល់ការបណ្តុះបណ្តាល​លើ​ជំនាញថែទាំ និងជួសជុលរថយន្តនេះទៅដល់យុវជនកម្ពុជា​ឱ្យកាន់តែមានសមត្ថភាព រួមនឹងផ្តល់​ការបណ្តុះបណ្តាលជំនាញ​កែសម្ផស្ស​ដែលជាជំនាញមួយកំពុងតែពេញនិយម ដែលអាចផ្តល់​ចំណូលបានប្រសើរ ​បើយុវជន ​យុវតីរបស់កម្ពុជា ចាប់យក​អាជីព​ខាង​កែសម្ផស្ស​នេះបាន​ស្ទាត់ជំនាញ៕ អត្ថបទ៖ វ៉ន ដារ៉ា

គយរកចំណូលបាន​ជិត ២ ៧០០ លាន​ដុល្លារ កើនលើសផែនការ១០៥ភាគរយ ក្នុងឆ្នាំ២០២២

2023/02/06 10:20:30 pm        694
ភ្នំពេញ៖ អគ្គនាយកដ្ឋានគយ និងរដ្ឋាករ រកចំណូល​បាន​ចំនួន ១០ ៩៩៨,៩ ប៊ី​លាន​រៀល ដែល​ស្មើនឹង​ប្រមាណ ២ ៦៩០លាន​ដុល្លារ មាន​កំណើន​ ១៨,៣​ ភាគរយ ធៀប​នឹង​រយៈពេល​ដូចគ្នា​ក្នុង​ឆ្នាំ​ ២០២១​។ឯកឧត្ដមបណ្ឌិត គុណ ញឹម រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី អគ្គនាយកនៃអគ្គនាយកដ្ឋានគយ និង​រដ្ឋាករកម្ពុជា លើកឡើងនៅក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារគយ ​និងរដ្ឋាករកម្ពុជា ប្រចាំឆ្នាំ​២០២២ នៅថ្ងៃទី ៣ ខែ កុម្ភៈ ឆ្នាំ ២០២៣ នេះថា ​ជុំវិញការប្រមូលចំណូលនៅក្នុងឆ្នាំ ២០២២ គយ និងរដ្ឋាករ ​ប្រមូលចំណូលបានជិត ១១ ​ពាន់ប៊ីលានរៀល ស្មើជាង ២ ៦៩០ លានដុល្លារអាមេរិក គឺសម្រេចបានប្រមាណ ជិត ១០៥ ភាគរយ​ នៃផែនការដែលកំណត់ដោយច្បាប់។ចំពោះក្រុមទំនិញ ​ដែលអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ប្រមូលចំណូលបានរួមមាន៖ យានយន្ត​និងគ្រឿងចក្រមានចំនួនជាង ៥ ០៧៨ ប៊ីលានរៀល ត្រូវប្រមាណជាង ៤៦ ភាគរយ នៃចំណូលសរុប, ទំនិញចម្រុះ ជាង ៣ ០៣២ ប៊ីលានរៀល​ ត្រូវជាង ២៧ ភាគរយ, ផលិតផល​តេលសិលា ២ ២៣៨ ប៊ីលានរៀល ត្រូវជាង ២០ ភាគរយ, និងសម្ភារសំណង់ និងកម្រៃផ្សេងៗ មានចំនួនជាង​ ៦៤៩ ប៊ីលានរៀល ត្រូវជិត ៦ ភាគរយ​ នៃចំណូលសរុប។ជុំវិញការប្រមូលចំណូលនេះ, ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តី​ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ​បានណែនាំ​និងជំរុញឲ្យគយ​ និងរដ្ឋាករកម្ពុជា ត្រូវបន្ត​ខិតខំ​ប្រឹងប្រែងប្រមូលចំណូលឱ្យបានអស់សក្ដានុពល, ពិនិត្យឡើងវិញនូវគោលនយោបាយ​និង​ធ្វើ​វិចារណកម្មពន្ធ និងអាករដើម្បីជួយគាំទ្រដល់វិស័យផលិតកម្មក្នុងស្រុក និងទំនិញចាំបាច់​បម្រើ​ដល់ជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ, ពង្រឹងប្រសិទ្ធភាពការងារបច្ចេកទេសគយ, ពង្រឹង​អនុលោមភាពនៃការដាក់ពន្ធ និងអាករជាបន្ទុករដ្ឋ, អនុវត្តឱ្យមានប្រសិទ្ធភាពនូវវិធានការដាក់​ទោសទណ្ឌ ​ចំពោះបុគ្គលដែលប្រព្រឹត្តបទល្មើស, ពង្រឹងប្រសិទ្ធភាពការងារបង្ការ និងបង្ក្រាបអំពើរត់​គេចពន្ធនិងបន្លំពន្ធ​ តាមរយៈការពង្រឹងការគ្រប់គ្រងដើមទី ​កណ្ដាលទី និងចុងទី ទន្ទឹមនឹងការពង្រឹង​ការអនុវត្ត​ការងារសវនកម្ម។ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ បន្តថា ក្រៅពីគោលការណ៍ខាងលើ, គយ និងរដ្ឋាករ ត្រូវព​ង្រឹង​ការគ្រប់គ្រងការធ្វើពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក (e-Commerce) ពិសេសទំនិញដែលមាន​លក្ខណៈជាបញ្ញើប្រៃសណីយ៍, ពិនិត្យឡើងវិញការធ្វើវិ​មជ្ឈការ​ដល់អង្គភាពក្រោមឱវាទ, ធ្វើទំនើបកម្ម និងពង្រីកវិសាលភាពប្រព័ន្ធបច្ចេកវិទ្យាព័ត៌មាន, បន្តលើកកម្ពស់ប្រសិទ្ធភាព​កិច្ច​សហប្រតិបត្តិការជាមួយក្រសួង-ស្ថាប័ន និងផ្នែកឯកជន, ​ពិនិត្យលទ្ធភាពវិសោធនកម្ម ច្បាប់​ស្ដីពីគយ, ចូលរួមអនុវត្តគោលនយោបាយ និងវិធានការនានារបស់រាជរដ្ឋាភិបាល, និងបន្តរៀបចំ​អភិវឌ្ឍន៍​ស្ថាប័ន និងហេដ្ឋារចនាសម្ព័ន្ធដោយឈរលើទស្សនៈវិស័យវែងឆ្ងាយ និងវិធានការ​ផ្សេងៗទៀត ដើម្បីសម្រាប់ការអនុវត្តការប្រមូលចំណូលពន្ធ ​និងអាករបន្ថែមនៅឆ្នាំ ២០២៣ ឲ្យមានប្រសិទ្ធភាព៕អត្ថបទ៖ សុន រ៉ាឌី

ការបើកជើងហោះត្រង់កម្ពុជា-ចិន នៅក្នុងខែកុម្ភៈនេះ នឹងបន្តកើនឡើងទ្វេដង

2023/02/06 09:52:56 pm        678
ភ្នំពេញ៖ នៅថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០២៣នេះ គឺជាថ្ងៃដែលរដ្ឋាភិបាលចិន ប្រកាសបើកផ្លូវការ អនុញ្ញាតឱ្យក្រុមហ៊ុនទេសចរណ៍នានានាំភ្ញៀវទេសចចេញដើរកម្សាន្ត នៅតាមប្រទេសគោលដៅ​អនុញ្ញាតចំនួន២០ប្រទេស ក្នុងនោះក៏មានប្រទេសកម្ពុជាមួយផងដែរ។ អ្នកនាំពាក្យរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល ​បានឲ្យដឹងថា តាមរយៈការប្រកាសបើក​ទេស​ចរណ៍ចិន បានធ្វើឲ្យជើងហោះហើរកម្ពុជា ​ចិន ​កើនឡើងទ្វេដងនៅក្នុងខែកុម្ភៈនេះ។ ឯកឧត្តម ជា អូន រដ្ឋលេខាធិការប្រចាំការ និងជាអ្នកនាំពាក្យនៃរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍​ស៊ីវិល​កម្ពុជា បានថ្លែងប្រាប់BTV​ នៅថ្ងៃទី០៦ ខែកុម្ភៈនេះថា ចាប់តាំងពីរដ្ឋាភិបាលចិន ប្រកាស​បើកប្រទេសចិនវិញ នៅថ្ងៃទី០៣ ខែមករានេះមក សំគាល់ឃើញថា​ ចំនួនជើងហោះហើរកម្ពុជា-ចិននៅក្នុងខែមករា​ ឆ្នាំ២០២៣ មានកំណើនជាង៧០% ធៀបនឹងខែធ្នូឆ្នាំ២០២២ ហើយនៅក្នុង​កុម្ភៈនេះ មានក្រុមហ៊ុនអាកាសចរណ៍ចិនដាក់សំណើរហោះហើរត្រង់កម្ពុជា-ចិន កើនដល់ជាង ៦០០ជើង ពោលគឺកើនឡើងជាង ២ដងបើធៀបនឹងខែមករា។ឯកឧត្តម ជា អូន បន្តថា ចាប់ពីថ្ងៃស្អែកនេះតទៅ ​មានក្រុមហ៊ុនអាកាសចរណ៍ចិនមួយ បានប្រកាស​បើក​ជើងហោះហើរត្រង់ទៅមករាជធានីភ្នំពេញ ​ក្រុងប៉េកាំងប្រទេសចិនជាដំបូង និងមិនធ្លាប់​មានក្នុងប្រវត្តិសាស្ត្រ ខណៈបច្ចុប្បន្នមានក្រុមហ៊ុនអាកាសចរណ៍ចំនួន២២ ក្នុងនោះ​មាន​ក្រុមហ៊ុន​អាកាសចរណ៍ចិនចំនួន១៦ ​និងកម្ពុជាចំនួន​ ៦ក្រុមហ៊ុនផងដែរ បានតភ្ជាប់ជើងហោះហើរ​ត្រង់ចំនួន ៣៧ខេត្តក្រុង ក្នុងនោះកម្ពុជាចំនួន ៣ខេត្តក្រុង និងភាគីចិនចំនួន ៣៤ខេត្តក្រុង ។បើតាមភ្ញៀវទេសចរអន្តរជាតិមកពីប្រទេសចិន​ បានថ្លែងថា ពួកគេសប្បាយចិត្តណាស់ ដែលប្រទេស​ចិនប្រកាសបើកប្រទេសវិញ ​ហើយគោលដៅទេសចរណ៍ដំបូងបំផុត គឺចង់មក​ទស្សនាកម្ពុជា ពិសេសទៅទស្សនាប្រាសាទអង្គរវត្ត ​និងគោលដៅទេសចរណ៍នានាទៀតនៅកម្ពុជា ។តាមឲ្យដឹងពីគណៈកម្មការអន្តរក្រសួង សម្រួលការធ្វើការដំណើរ និងការដឹកជញ្ជូនភ្ញៀវទេសចរ​អន្តរជាតិ ​និងអ្នកដំណើរនៅតំបន់ច្រកទ្វារព្រំដែនអន្តរជាតិ ​និងច្រកទ្វារអន្តរជាតិទូទាំងប្រទេស (គ. អ.ច.ទ) ៖ ចាប់ពីថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០២៣នេះតទៅ ​ប្រទេសចិនប្រកាសអនុញ្ញាតឲ្យក្រុមហ៊ុន​ទេសចរណ៍​នាំភ្ញៀវទេសចរចិន​ចេញក្រៅប្រទេស ដោយជ្រើសរើសគោលដៅប្រទេសចំនួន​២០រួមមាន៖ ​ប្រទេស​កម្ពុជា ថៃ ឡាវ ឥណ្ឌូនេស៊ី ម៉ាឡេស៊ី សិង្ហបុរី ហ្វីលីពីន ម៉ាលឌីវ ស្រីលង្កា អារ៉ាប់រួម អេហ្ស៊ីប កេនយ៉ា អាហ្រឹ្វកខាងត្បូង រុស្ស៊ី សី្វសហ្សឺឡេន ហុងគ្រី ញ៉ូវហ្សេឡេន ហ្វីជី គុយប៉ា និងអាហ្សង់ទីន៕ អត្ថបទ៖ ស៊ុម សុខជា

ទេសចរបរទេសចាប់ផ្ដើមមានកំណើនមកលេងកម្សាន្ត និងសរសើរប្រទេសកម្ពុជា

2023/02/03 09:37:20 pm        427
ព្រះសីហនុ៖ បន្តាប់ពីស្ថានភាពជំងឺកូវីដ-១៩ បានល្អប្រសើរ មកដល់ពេលនេះ ខេត្ដព្រះសីហនុ មានភ្ញៀវទេសចរអន្ដរជាតិ ចូលមកលេងកម្សាន្ដ និងស្នាក់នៅលម្ហែច្រើនគួរឱ្យកត់សម្គាល់ ចាប់តាំងពីចុងឆ្នាំ២០២២ និងដើមឆ្នាំ២០៣៣ ពិសេសភ្ញៀវទេសចរបទេសប៉ែកអឺរ៉ុប ។ល។ នៅកំពង់ផែស្វយ័តអន្ដរជាតិក្រុងព្រះសីហនុ មានភ្ញៀវទេសចរបរទេសចម្រុះជាតិសាសន៍ បានធ្វើដំណើរទៅលេង កម្សាន្ដ និងស្នាក់នៅលម្ហែនៅរមណីយដ្ឋានទេសចរណ៍តាមបណ្ដាកោះ អ្នកខ្លះ ទើបធ្វើដំណើរមកប្រទេសកម្ពុជាដំបូង អ្នកខ្លះទៀតធ្លាប់បានចូលមកច្រើនដង ពួកគេ សុទ្ធតែ​បានសម្ដែងក្ដីរីករាយចំពោះបរិស្ថាន ការអភិវឌ្ឍ ​និងសន្ដិសុខសុវត្ថិភាព ព្រមទាំង​មធ្យោយធ្វើដំណើរតាមផ្លូវទឹកទំនើប ​និងសុវត្ថិភាពខ្ពស់ ។តំណាងក្រុមហ៊ុនដឹកជញ្ជូនទេសចរណ៍ជលយានខេត្ដព្រះសីហនុ ​បានឱ្យដឹងថា​ ចាប់ពីខែវិច្ឆិកា ឆ្នាំ២០២២ រហូត មកដល់ខែកុម្ភៈ ឆ្នាំ២០២៣ ​ចំនួនភ្ញៀវទេសចរ ​មានការកើនឡើង ពិសេស​ភ្ញៀវទេសចរបរទេស (អឺរ៉ុប) ​ហើយកត្ដាដែល ធ្វើឱ្យភ្ញៀវមានការចាប់អារម្មណ៍ទៅលេង​តាម​បណ្ដាកោះនេះ​ គឺដោយសារតាមបណ្ដាកោះមានការអភិវឌ្ឍច្រើន​ ធនធាន ​ធម្មជាតិសម្បូរបែប ឆ្នេរសមុទ្រស្អាត ​ពិសេសគឺសន្ដិសុខល្អ ​មធ្យោបាយធ្វើដំណើរទំនើប​ លឿន ​និងសុវត្ថិភាព។អាកាសយានដ្ឋានអន្តរជាតិ ខេត្តព្រះសីហនុ (កងកេង) បានទទួលជើងហោះហើរលើក​ដំបូងមក​ពីប្រទេសចិន​ កាលពីថ្ងៃទី២៧ ​ខែមករា ឆ្នាំ២០២៣ ​ជាមួយវត្តមានភ្ញៀវទេសចរជាង១០០នាក់ ខណៈទេសចរ​ប៉ែកអឺរ៉ុប ​ក៏បន្តចូលមក ​លេងខេត្តនេះផងដែរ ៕អត្ថបទ៖ គង់ ប៊ុនថា

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

អ៊ីរ៉ង់បញ្ជាក់ថា ខ្លួនបានបាញ់ទម្លាក់យានដ្រូន MQ-9 ផលិតនៅអាមេរិក នៅខេត្ត Hormozgan
08/14/2026 08:08 PM
សមាជិកសភាកោះ​តៃវ៉ាន់ អនុម័តថវិកាឆ្នាំ២០២៦ ក្រោយ​ពន្យារពេលយ៉ាង​យូរ​បំផុត​
08/14/2026 08:08 PM
ចៅក្រមសម្រេចឃុំខ្លួនបណ្ដោះអាសន្នស្ដ្រីដែលជេរប្រមាថកងទ័ព
08/14/2026 08:08 PM
អ្នកបើកបាត់​បង់ជីវិត បន្ទាប់​ពី​​ឧទ្ធម្ភាគចក្រធ្លាក់​នៅភាគខាងកើតអាល្លឺម៉ង់
08/14/2026 08:08 PM
មន្ត្រី៖ អាមេរិកចង់ឱ្យលោក Netanyahu ថ្កោលទោសការឡោម​ព័ទ្ធ​របស់​អ្នកតាំងលំនៅ ក្នុងភូមិប៉ាឡេស្ទីន
08/14/2026 08:08 PM
ការលេចធ្លាយឧស្ម័នពុល បណ្ដាល​ឱ្យ​កម្មករយ៉ាងតិច​ ៨នាក់ស្លាប់ នៅរោងចក្រ​រុះរើ​​នាវារបស់​បង់ក្លាដែស
08/14/2026 07:08 PM
រុស្ស៊ីច្រានចោលគំនិតឱ្យ​មាន​បទឈប់បាញ់ នៅសមុទ្រខ្មៅ ក្រោយ​អ៊ុយក្រែន​លើកឡើង​
08/14/2026 07:08 PM
លោក Marcos មើលឃើញលទ្ធភាពមាន​កិច្ចព្រមព្រៀងប្រេង និងឧស្ម័នរួមជាមួយចិន តែ​មិនផ្តល់ពេលវេលាជាក់លាក់​
08/14/2026 07:08 PM
រយៈពេល២ឆ្នាំ បទល្មើសឆ្លងដែនពីវៀតណាម ឡាវ មកកម្ពុជាមាន ១៣៥៥ករណី និងឃាត់ខ្លួនជនល្មើសជាង ២ពាន់នាក់
08/14/2026 07:08 PM
មជ្ឈមណ្ឌលបណ្តុះធុរកិច្ចថ្មីតេជោ ដាក់ឱ្យដំណើរការកម្មវិធីរដូវកាលទី៦ ដើម្បីប្រកួតប្រជែងប្រាក់លាន
08/14/2026 07:08 PM