ប្រតិបត្តិការការទូទាត់តាម QR Code នៅកម្ពុជា កំពុងពេញនិយមសម្រាប់អ្នកប្រើប្រាស់
ឯកឧត្តម ឌិត ទីណា លើកទឹកចិត្តសហគមន៍ និងក្រុមហ៊ុន​បន្តស្មារតី​សាមគ្គីភាព ដើម្បី​ទទួល​ផល​ចំណេញ​ទាំងអស់គ្នាថែមទៀត
កម្ពុជា និងកូរ៉េ រួមគ្នាជំរុញការកាត់បន្ថយឧស្ម័ន​ផ្ទះកញ្ចក់​តាមរយៈ​ការ​វិនិយោគ​មធ្យោបាយ​ដឹកជញ្ជូន​-អគ្គិសនី ឆ្ពោះទៅគោលដៅអព្យាក្រឹតកាបូនឆ្នាំ២០៥០
កសិករខេត្តកំពង់ធំជិតពីររយគ្រួសារទទួលផលចំណេញច្រើនក្រោយចងក្រងជាសហគមន៍កសិកម្មទំនើប

សេដ្ឋកិច្ច និង កសិកម្ម

កម្ពុជាផ្សព្វផ្សាយពីសក្តានុពលកាលានុវត្តភាព វិនិយោគ និងទេសចរណ៍​ដល់ធុរកិច្ច​ក្នុង​ខេត្តហ៊ឺណាន

2025/03/19 10:17:40 am        97
កម្ពុជាចូលរួមសន្និសីទផ្លាស់ប្តូរសេដ្ឋកិច្ច ពាណិជ្ជកម្ម វប្បធម៌ និងទេសចរណ៍នៅប្រទេសចិន ក្នុង​គោល​បំណងផ្សព្វផ្សាយអំពី សក្តានុពល និងកាលានុវត្តភាព វិនិយោគ និងទេសចរណ៍នៅកម្ពុជា ដល់​សហគមន៍ធុរកិច្ច ដែលមានមូលដ្ឋាននៅក្នុងខេត្តហ៊ឺណាន។ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (ក.អ.ក.) នៅថ្ងៃទី១៨ ខែមីនា ឆ្នាំ ២០២៥ ម្សិលមិញនេះ បានដឹកនាំ​គណៈ​ប្រតិភូ​កម្ពុជា​ចូល​រួម​សន្និសីទ រៀបចំឡើងនៅខេត្តហឺណានប្រទេសចិន ក្នុងនោះឯកឧត្តម ឧបនាយករដ្ឋមន្ត្រី បាន​រំលេច​អំពី​សក្តានុពលវិជ្ជមានរបស់កម្ពុជារួមមាន៖ ស្ថិរភាពនយោបាយ, ស្ថានភាព​ម៉ាក្រូ​សេដ្ឋកិច្ច​ដែល​មាន​លំនឹងវិជ្ជមាន, កម្លាំងពលកម្មវ័យក្មេងប្រកបដោយថាមវន្ត, រាជរដ្ឋាភិបាល​គាំទ្រ​ដល់​វិស័យ​ឯកជន​, របបវិនិយោគដែលមានភាពទាក់ ទាញ និងអនុគ្រោះ, និងហេដ្ឋារចនា​សម្ព័ន្ធ​អន្ត​រ​មធ្យោបាយ​ដែលបាននិងកំពុងអភិវឌ្ឍឱ្យកាន់តែមានភាពតភ្ជាប់ និងប្រទាក់ក្រឡា។ ក្នុង​សន្និសីទនេះ, ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានបង្ហាញនូវសុទិដ្ឋិនិយមយ៉ាងមុតមាំថា វិនិយោគិន និងធុរជន នៅខេត្តហឺ ណាន នឹងអញ្ជើញមកសិក្សាស្វែងយល់ដោយផ្ទាល់នៅកម្ពុជា និង​បាន​ពាំនាំនូវបច្ចុប្បន្នភាពនៃបរិយាកាសវិនិយោគនៅកម្ពុជា ទៅកាន់ សហគមន៍​ធុរកិច្ច​ខេត្ត​ហ៊ឺណាន ឱ្យកាន់តែទូលំទូលាយបន្ថែមមួយកម្រិតទៀតផងដែរ។សូមជម្រាបជូនថា កិច្ចសហប្រតិបត្តិការរវាងប្រទេសកម្ពុជា-ខេត្តហ៊ឺណាន មានឯកសារ​ចំនួន​២​រួម​មាន​៖ (១) អនុស្សរណៈ នៃការយោគយល់គ្នា រវាងក្រុមហ៊ុនអាកាសចរណ៍ជាតិកម្ពុជា ជាមួយ​នឹង​សាលា​គុនកុងហ្វូ តេងហ្វេងយ៉ានលូ នៃសំណាក់សៅលីង និង មហាវិទ្យាល័យ​បណ្តុះ​បណ្តាល​វិជ្ជា​ជីវៈ​អប់រំកាយ ក្រុងចឹងចូវ, និង (២) លិខិតសម្តែង​បំណង​បណ្តាក់​ទុន​វិនិយោគ​របស់​ក្រុម​ហ៊ុន Zhengzhou Agricultural Development Group ត្រូវបានចុះហត្ថលេខាក្រោមសក្ខីភាព ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា។នៅក្នុងថ្ងៃដ៏ដែលនេះដែរ, ឯកឧត្តម ស៊ុន ចាន់ថុល បានជំនួបសម្តែងការគួរសម និង​ពិភាក្សា​ការងារ ជាមួយឯកឧត្តម An Wei លេខាបក្សប្រចាំក្រុងចឹងចូវ ក្នុងគោល​បំណង​ពិភាក្សា​អំពី​លទ្ធភាព​នៃ​ការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យ វិនិយោគនិង​ទេសចរណ៍​រវាង​ប្រទេស​ទាំង​ពីរ ក្នុងជំនួបនេះ, ឯកឧត្តមលេខាបក្សប្រចាំក្រុងចឹងចូវ បានថ្លែងនូវសេចក្តី​ស្វាគមន៍​យ៉ាង​កក់ក្តៅដល់គណៈប្រតិភូកម្ពុជា និងបានជម្រាបគណៈប្រតិភូ អំពីវឌ្ឍន​ភាព​ថ្មីៗ​នៃ​ការ​អភិវឌ្ឍ​ក្រុង​ចឹងចូវ ដែលជាទីប្រសព្វរវាងវប្បធម៌ បុរាណ និងសហសម័យ។ ចំណែក​ទាក់​ទិន​ការ​វិនិយោគ ឯកឧត្តមបង្ហាញសុទិដ្ឋិនិយមថា ដំណើរបេសកកម្មនាពេលនេះ នឹងអាចទាក់ ទាញ​នូវ​គម្រោង​វិនិយោគជាច្រើនពីខេត្តហឺណាន ឱ្យទៅបណ្តាក់ទុនវិនិយោគនៅកម្ពុជាបន្ថែមទៀត។ជាការឆ្លើយតប ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានថ្លែងអំណរគុណសមភាគី សម្រាប់​បដិសណ្ឋារ​កិច្ច​យ៉ាង​កក់ក្តៅ ដល់គណៈ ប្រតិភូកម្ពុជានាឱកាសបំពេញបេសកកម្មជំរុញ និងទាក់ទាញ​វិនិយោគ​ខេត្ត​ហ៊ឺណាន នេះបេសកកម្មក្រៅប្រទេសដំបូងគេបង្អស់ប្រចាំ ឆ្នាំ២០២៥ របស់​ក្រុម​ប្រឹក្សា​អភិវឌ្ឍន៍កម្ពុជា។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានកោតសរសើរសម្រាប់ការអភិវឌ្ឍសង្គម សេដ្ឋកិច្ច យ៉ាង ឆាប់រហ័សរបស់ក្រុងចឹងចូវ ដែលជាមជ្ឈមណ្ឌលសេដ្ឋកិច្ច និងឧស្សា​ហកម្ម​ដ៏​សំខាន់​ នៅតាមបណ្តោយទន្លេលឿងរបស់ខេត្ត៕ អត្ថបទ៖ សុន រ៉ាឌី

កម្ពុជាដាក់ដំណើរការជាផ្លូវការប្រព័ន្ធតម្កល់លិខិតជូនដំណឹង SETFO ដើម្បីបង្កើន​ភាព​ងាយ​ស្រួល​ក្នុង​ការតាមដានព័ត៌មានវិស័យមីក្រូហិរញ្ញវត្ថុ

2025/03/18 03:56:41 pm        265
ភ្នំពេញ៖ ក្រសួងពាណិជ្ជកម្មកម្ពុជា បានប្រកាសឲ្យដឹងថា ប្រព័ន្ធតម្កល់​លិខិត​ជូន​ដំណឹង​នៃ​ប្រតិបត្តិការ​ដែល​មានកិច្ចធានា ២.០ (Secured Transactions Filing Office-SETFO 2.0) ត្រូវ​បានដាក់ឱ្យដំណើរការជាផ្លូវការចាប់ពីពេលនេះតទៅ ក្រោយពីត្រូវបានកែសម្រួល និង​រៀប​ចំ​និម្មាប​ន​កម្មថ្មីឡើងវិញ តាមរយៈកិច្ចសហការជាមួយមជ្ឈមណ្ឌលបណ្តុះធុរកិច្ចថ្មី “តេជោ” នៃ​ក្រសួង​សេដ្ឋកិច្ច និងហិរញ្ញវត្ថុ។ក្នុងសេចក្តីប្រកាសព័ត៌មានស្តីពី ការដាក់ដំណើរ​ការ​ជា​ផ្លូវការ​នូវ​ប្រព័ន្ធ​តម្កល់​លិខិត​ជូន​ដំណឹង​នៃ​ប្រតិបត្តិការ​ដែលមានកិច្ចធានា ២.០ ចុះថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៥នេះ ក្រសួងពាណិជ្ជកម្ម បាន​ឲ្យ​ដឹងថា ប្រព័ន្ធ SETFO គឺជាប្រព័ន្ធស្វ័យប្រវត្តិកម្ម​សម្រាប់​ផ្តល់​សេវា​សាធារណៈ​របស់​ក្រសួង​ពាណិជ្ជកម្ម ដែលត្រូវបានបង្កើតឡើង និងដាក់ឱ្យដំណើរការតាំងពីឆ្នាំ២០០៨ ដោ​​យ​ផ្អែក​លើ​ច្បាប់​​ស្តីពីប្រតិបត្តិការដែលមានកិច្ចធានា។ ប្រព័ន្ធនេះ គឺជាមធ្យោបាយ​ដ៏ងាយ​ស្រួល​សម្រាប់​គ្រឹះ​ស្ថាន​ធនាគារ ឬមីក្រូហិរញ្ញវត្ថុ ក៏ដូចជាសាធារណជនទូទៅក្នុងការតម្កល់ ស្វែងរកកំណត់ត្រា និង​​ព័ត៌មានពាក់ព័ន្ធនឹងលិខិតជូនដំណឹង សម្រាប់ជាមូលដ្ឋានក្នុងការសម្រេចចិត្ត និង​កាត់​បន្ថយ​ហានិភ័យ និងព្យសនកម្មនានា មុននឹងផ្តល់ឥណទានចំពោះកូនបំណុល ដែលប្រើប្រាស់​ទ្រព្យ​ធានា​ជា​ចលនវត្ថុ។ លើសពីនេះ ប្រព័ន្ធ SETFO 2.0 នេះ នឹងផ្តល់ភាពងាយស្រួលដល់ធុរជន សហ​គ្រាសធុនតូច និងមធ្យម ក៏ដូចជាកសិករ ផលិតករ ក្នុងការទទួលបាននូវឥណទាន ឆាប់​រហ័ស ដោយប្រើប្រាស់ចលនទ្រព្យ ឬកសិផលរបស់ខ្លួនជាទ្រព្យធានា។ក្រសួងពាណិជ្ជកម្ម បានបញ្ជាក់បន្ថែមថា ដើម្បីផ្តល់ភាពងាយស្រួលដល់អ្នកប្រើប្រាស់ ប្រព័ន្ធថ្មី SETFO 2.0 នេះ ក៏ត្រូវបានបន្ថែមមុខងារថ្មីមួយចំនួនផងដែរ រួមមាន៖ ១) មុខងារសុវត្ថិភាពបច្ចេកវិទ្យា ដែលផ្តល់ភាពងាយស្រួលក្នុងការប្រើប្រាស់ប្រព័ន្ធ ២) មុខងារចុះឈ្មោះ និង ចូលប្រើប្រាស់ប្រព័ន្ធតាមរយៈកម្មវិធីទូរសព្ទដៃ CamDigiKey ៣) មុខងារបង់ប្រាក់តាមអនឡាញទាំងស្រុង ៤) មុខងារស្នើសុំ និងទាញយករបាយការណ៍ស្រាវជ្រាវដែលមានការបញ្ជាក់ត្រឹមត្រូវតាមអនឡាញ ៥) មុខងារទាញយករបាយការណ៍ ស្រាវជ្រាវដែលមានការបញ្ជាក់ និងផ្ទៀងផ្ទាត់តាមថ្នាល verify.gov.kh និង៦)មុខងារពង្រឹងសុក្រឹតភាពលើលិខិតជូន ដំណឹងដោយការប្រើប្រាស់បច្ចេកវិទ្យាប្លុកឆេន (Cambodia Digital Ledger - CamDL)៕

កម្ពុជាបង្កើតការិយាល័យច្រកចេញចូលតែមួយនៅខេត្តព្រះសីហនុលើផ្ទៃដី ៨០ហិកតា គាំទ្រការកែច្នៃ និងនាំចេញកសិផល

2025/03/18 03:45:48 pm        255
រាជរដ្ឋាភិបាលសម្រេចជាគោលការណ៍ បង្កើតការិយាល័យច្រកចេញចូលតែមួយ ប្រចាំនៅសួនកសិ-ឧស្សាហកម្ម ស្ថិតនៅស្រុក កំពង់សីលា ខេត្តព្រះសីហនុ មានផ្ទៃដី ៨០ ហិកតា ក្នុងទុនវិនិយោគ ១០០ លានដុល្លារ ដើម្បីគាំទ្រដល់ការកែច្នៃ និងការនាំចេញ កសិផលកម្ពុជាទៅកាន់ទីផ្សារអន្តរជាតិ។ឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប ទីប្រឹក្សាសម្តេចធិបតីនាយករដ្ឋមន្រ្តី នៅថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៥ បានដឹកនាំ កិច្ចប្រជុំពិភាក្សាលើការបង្កើត និងដំណើរការការិយាល័យ “ច្រកចេញចូលតែមួយ” ដើម្បីប្រចាំការនៅសួនកសិ-ឧស្សាហកម្ម របស់ ក្រុមហ៊ុន NATIONAL AGRO-INDUSTRY PARK(CAMBODIA) PLC. ស្ថិតនៅភូមិវាល ឃុំកំពង់សិលា ស្រុកកំពង់សិលា ខេត្តព្រះសីហនុ ។សួនកសិ-ឧស្សាហកម្មនេះ មានផ្ទៃដីទំហំ៨០ ហិកតា មានទុនវិនិយោគប្រមាណ១០០ លានដុល្លារអាមេរិក បង្កើតឡើងដើម្បី ជំរុញការកែច្នៃ និងការនាំចេញកសិផលកម្ពុជាទៅកាន់ទីផ្សារអន្តរជាតិ តាមរយៈការផ្តល់សេវានានា ជាខ្សែច្រវាក់ផលិតកម្មប្រមូលផ្តុំ និងមានចរិតជាប្រព័ន្ធអេកូឡូស៊ីដូចជា ការលាងសម្អាត ឃ្លាំងត្រជាក់ ឃ្លាំងសម្ងួត ការកែច្នៃ និងការវេចខ្ចប់ជាដើម។ គម្រោងសួន កសិ-ឧស្សាហកម្មនេះ ទទួលបានគោលការណ៍លើកទឹកចិត្តពិសេស ពីក្រុមការងារជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ ស្ថិតក្រោម វិសាលភាព នៃកម្មវិធីពិសេសជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុឆ្នាំ២០២៤ ដែលរាជរដ្ឋាភិបាលបានសម្រេចឱ្យបន្ត អនុវត្តរហូត ដល់ដំណាច់ឆ្នាំ២០២៥ ។កម្មវិធីពិសេសនេះ ផ្តល់ការលើកទឹកចិត្តសម្រាប់គម្រោង៤ប្រភេទ ដែលស្នើសុំ និងអនុវត្តគម្រោងក្នុងឆ្នាំ២០២៥ រួមមាន៖ គម្រោងពាក់ព័ន្ធនឹងអគារជាប់គាំង, គម្រោងពុំពាក់ព័ន្ធនឹងអគារជាប់គាំងនិងជាគម្រោងថ្មី, ការពង្រីកគម្រោង, និងគម្រោងមានស្រាប់ នៅក្នុងខេត្តព្រះសីហនុ។ កម្មវិធីនេះបង្កើតក្រុមការងារជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ ដែលជាយន្តការអន្តរក្រសួង ដើម្បីធ្វើការ ពិនិត្យ និងសម្រេចផ្តល់គោលការណ៍លើកទឹកចិត្តពិសេស, ផ្តល់ការគាំទ្រ, សម្របសម្រួល និងជួយដោះស្រាយបញ្ហាជូនវិនិយោគិន។សូមជម្រាបថា កាលពីខែកក្កដា ឆ្នាំ២០២៤ រាជរដ្ឋាភិបាលបានសម្រេចឯកភាពជាគោលការណ៍ អនុញ្ញាតឱ្យក្រុមហ៊ុន NATIONAL AGRO-INDUSTRY PARK(CAMBODIA) PLC. បង្កើតសួនកសិ-ឧស្សាហកម្មនេះ និងអនុញ្ញាតឱ្យបង្កើតការិយាល័យ “ច្រកចេញ ចូលតែមួយ” ដែលមានសមាសភាពមកពីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ, ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ, ក្រសួងពាណិជ្ជ កម្ម, រដ្ឋបាលខេត្តព្រះសីហនុ, និងអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា និងផ្តល់ការគាំទ្របច្ចេកទេសលើការកែច្នៃកសិផល, កិច្ច សម្រួលពាណិជ្ជកម្ម, នីតិវិធីបញ្ចេញទំនិញពីគយ និងការជំរុញការនាំចេញ ព្រមទាំងការផ្តល់វិញ្ញាបនបត្រស្តង់ដាអនាម័យ, លិខិត អនុញ្ញាតនាំចេញ/នាំចូល, និងការលើកដាក់ទំនិញនៅកំពង់ផែ។ ការបង្កើតសួនកសិ-ឧស្សាហកម្មនេះ ស្របនឹងអាទិភាពរបស់ រាជរដ្ឋាភិបាល ដែលអាចក្លាយជាសួនសាកល្បង និងគំរូមួយសម្រាប់រៀនសូត្រ និងដកស្រង់ពិសោធន៍ក្នុងការអភិវឌ្ឍសួន ឬ តំបន់ កសិ-ឧស្សាហកម្មនៅកន្លែងដទៃទៀត៕ អត្ថបទ៖ សុន រ៉ាឌី

ជីបម៉ុងលែនបើកការដ្ឋានសាងសង់គម្រោងហ្គ្រេនលែនម៉ាក ២៧១ និងមជ្ឈមណ្ឌលសន្និបាត និងអាពាហ៍ពិពាហ៍

2025/03/17 11:03:36 am        204
ជីប ម៉ុង លែន នៅដើមឆ្នាំ២០២៥នេះ បានរៀបចំពិធីបញ្ចុះបឋមសិលាបើកការដ្ឋានសាងសង់គម្រោងហ្គ្រេនលែនម៉ាក ២៧១ ដែលជាគម្រោងអភិវឌ្ឍន៍ទំនើបចម្រុះថ្មី ដ៏មានសក្តានុពលបំផុត និងធំជាងគេ និងគម្រោងមជ្ឈមណ្ឌលសន្និបាតនិងអាពាហ៍ពិពាហ៍ ជីប ម៉ុង។អ្នកឧកញ៉ា លាង ហួង (ហេនរី) អគ្គនាយកពហុពាណិជ្ជកម្ម និងសមាជិកក្រុមប្រឹក្សាភិបាលក្រុមហ៊ុន ជីប ម៉ុង លើកឡើង ក្នុងពិធីបញ្ចុះបឋមសិលាបើកការដ្ឋានសាងសង់២ គម្រោងហ្គ្រេនលែនម៉ាក ២៧១ និងមជ្ឈមណ្ឌលសន្និបាតនិងអាពាហ៍ពិពាហ៍ ជីប ម៉ុង នៅថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៥ នេះថា ចំពោះគម្រោងហ្គ្រេនលែនម៉ាក ២៧១ នេះ គឺមានលក្ខណៈពិសេសច្រើនដូចជា មានផ្លូវ ធំៗខ្វាត់ខ្វែងនៅជុំវិញគម្រោង អ្វីដែលពិសេសជានេះគឺ គម្រោងមានមជ្ឈមណ្ឌលសន្និបាតនិងអាពាហ៍ពិពាហ៍ ជីប ម៉ុង និងគម្រោង មជ្ឈមណ្ឌលកីឡាជាដើម ដែលធ្វើឱ្យគម្រោងនេះមានភាពលេចធ្លោជាងគេ លើវិស័យអភិវឌ្ឍន៍គម្រោងអចលនទ្រព្យនៅកម្ពុជា។ចំណែកអ្នកឧកញ៉ា លាង ម៉េង ស្ថាបនិក និងប្រធានក្រុមហ៊ុនអគ្គនាយក ជីប ម៉ុង លើកឡើងផងដែរថា អ្វីដែលជីបម៉ុងបាន ជោគជ័យ គឺកើតឡើងពីការគាំទ្រ និងមានជំនឿជឿទុកចិត្តពីអតិថិជន ដោយក្នុងនោះអតិថិជនពិតជាយល់ច្បាស់អំពីការគិតគូរ បណ្តុះបណ្តាលធនធនមនុស្ស។ អ្នកឧកញ៉ា បន្តថា ប្រសិនយើងមានទីតាំងដ៏ល្អ តែយើងខ្វះធនធានមនុស្ស ក៏យើងមិនអាចទទួល បាន ជោគជ័យបានផងដែរ។គម្រោងហ្គ្រេនលែនម៉ាក២៧១ ដែលមានភាពលេចធ្លោរួមមាន៖ គម្រោងមជ្ឈមណ្ឌលសន្និបាតនិងអាពាហ៍ពិពាហ៍ជីបម៉ុង ដ៏ធំសម្បើម ជាបេះដូងនៃគម្រោងហ្គ្រេនលែនម៉ាក ២៧១ មានកម្ពស់២ជាន់ សម្រាប់ការរៀបចំកម្មវិធីអាពាហ៍ពិពាហ៍ អាចទទួលមនុស្សបាន ១០ ពាន់នាក់។ បន្ថែមលើសពីនេះមជ្ឈមណ្ឌលសន្និបាតមួយនេះមានមុខងារ និងសេវាកម្មជាច្រើនដូចជា ការតាំងពិព័រណ៍រៀបចំប្រជុំ សន្និបាតខ្នាតធំ និងកន្លែងរៀបចំសិក្ខារសាលាផ្សេងៗជាមួយការរចនាស្តង់ដារអន្តរជាតិដំបូងគេមានបំពាក់ផ្ទាំង LED ដ៏ទំនើប និង មានចំណតយានយន្តដ៏ធំទូលាយ និងមានផ្លូវធំៗខ្វាត់ខ្វែង។ អ្វីកាន់តែអសា្ចរ្យទៀតនោះគឺ មជ្ឈមណ្ឌលកីឡាដ៍ទំនើបមួយទៀតរបស់ ជីប ម៉ុង លែន ដែលមានសាលប្រជុំ កន្លែងហាត់ប្រាណ បំពាក់ដោយឧបករណ៍ទំនើបៗ អាងហែលទឹកខ្នាតអន្តរជាតិ និងមុខងារកីឡា ដ៏សម្បូរបែបសម្រាប់មនុស្សគ្រប់វ័យ, មានឧទ្យានហ្រ្គេនលែនម៉ាកតាមមាត់ទឹក និងមានរុក្ខវិថីសួនឧទ្យានជាកន្លែងសម្រាកលំហែ។ មជ្ឈមណ្ឌលធុរកិច្ចចម្រុះ និងមជ្ឈមណ្ឌលច្នៃប្រឌិតបច្ចេកវិទ្យាដំបូងគេ ជាមួយជម្រើសម៉ូតផ្ទះថ្មីប្រណីតៗរួមមាន៖ វីឡាឃីងមែនន័រ ការរស់នៅដោយភាព ស្ញប់ស្ញែង, វីឡាឃីងឧត្តមភាពនៃការរស់នៅបែបអភិជន, វីឡាឃ្វីនហ្គ្រេនជម្រើសនៃភាពទាន់សម័យ, វីឡាឃ្វីន A ហ្គ្រេនសម្រាប់ការ រស់នៅបែបឯកជន, វីឡាឃ្វីន B II ហ្គ្រេនម៉ូតថ្មីយ៉ាងស្រស់ស្អាត និងវីឡាភ្លោះម៉ូតថ្មី Twin SE ទាន់សម័យ និងរស់រវើក, វីឡាភ្លោះSII ,វីឡា កូនកាត់ ASII និងវីឡាកូនកាត់ Link BIII F មានរបងផ្តល់ឯកជនភាព៕ អត្ថបទ៖ សុន រ៉ាឌី

អគ្គនាយករងគយ៖ វិស័យឡូជីស្ទិក និងខ្សែច្រវាក់ផ្គត់ផ្គង់ គឺជាឆ្អឹងខ្នង និងជាឃ្នាស់នៃសេដ្ឋកិច្ច

2025/03/17 10:30:46 am        184
អគ្គនាយករងនៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ចាត់ទុកវិស័យដឹកជញ្ជូន ឡូជីស្ទិក និង​ខ្សែ​ច្រវាក់​ផ្គត់​ផ្គង់ គឺជាឆ្អឹងខ្នង ដ៏សំខាន់ និងជាឃ្នាស់នៃសេដ្ឋកិច្ច តាមរយៈការគាំទ្រ​ដល់​សេវា​ការ​ដឹក​ជញ្ជូន​បម្រើឱ្យ​វិស័យទេសចរណ៍ និងពាណិជ្ជកម្មជាដើម។លោក ផា អេងវ៉េង អគ្គនាយករងនៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ក្រសួងសេដ្ឋកិច្ច និង​ហិរញ្ញ​វត្ថុ លើកឡើងនៅក្នុង សន្និបាត និងជំនួបម្ចាស់អាជីវកម្ម ឡូជីស្ទិក នាំចេញ-ចូល និងដឹក​ជញ្ជូន​លើកទី៦ រៀបចំដោយសមាគមពាណិជ្ជករដឹកជញ្ជូននិងខ្សែ ច្រវាក់ផ្គត់ផ្គង់នៅកម្ពុជា នៅ​ចុង​សប្តាហ៍​កន្លងមកថា ជុំវិញវិស័យដឹកជញ្ជូន និងឡូជីស្ទិកនេះ រាជរដ្ឋាភិបាលបានបន្ត និង​អភិវឌ្ឍ ប្រព័ន្ធដឹកជញ្ជូន និងឡូជីស្ទិក បានផ្តោតលើការជំរុញកសាងហេដ្ឋារចនាសម្ព័ន្ធ ឆ្ពោះទៅ​រក​ការ​អភិវឌ្ឍប្រព័ន្ធដឹកជញ្ជូនអន្តរមធ្យោ- បាយ មានភាពប្រទាក់ក្រឡា ទាំងក្នុង​ប្រទេស និង​តំបន់​ ព្រោះឡូជីស្ទិកនិងខ្សែច្រវាក់ផ្គត់ផ្គង់គឺជាឆ្អឹងខ្នង និងជាឃ្នាស់នៃសេដ្ឋកិច្ច។លោក បន្តថា ជុំវិញវឌ្ឍនភាពខាងលើនេះ កម្ពុជាក៏នៅមានបញ្ហាប្រឈមមួយចំនួន ទាំងរដ្ឋ និង​ឯកជន​ អំពីបញ្ហាតម្លៃដែល មានលក្ខណៈខ្ពស់ជាងប្រទេសជិតខាង។ លោក ផា អេងវ៉េង បញ្ជាក់​ថា បញ្ហានេះឃើញថា រារដ្ឋាភិបាលបានខិតខំយ៉ាងខ្លាំង តាមរយៈ ការកសាង​នូវ​ហេដ្ឋា​រចនា​សម្ព័ន្ធ​គាំទ្រ​នានា ដែលបានកាត់បន្ថយចំណាយ និងពេលវេលា ក្នុងនោះអគ្គនាយកដ្ឋានគយ និង​រដ្ឋាករ កម្ពុជា ក៏បានកែទម្រង់លើនីតិវិធីមួយចំនួនធំ ដើម្បីចូលរួមចំណែកឡូជីស្ទិកនេះ, ចំណែក​វិស័យ​ឯកជន ត្រូវតែខិតខំខ្លួនឯងផងដែរ នៅលើការបញ្ជុះតម្លៃដឹកជញ្ជូននេះ។លោក ជា ចាន់ដារ៉ា ប្រធានសមាគមពាណិជ្ជករដឹកជញ្ជូននិងខ្សែច្រវាក់ផ្គត់ផ្គង់នៅកម្ពុជា លើក​ឡើង​ផងដែរថា ចំពោះបញ្ហា សេវាតម្លៃនៃការដឹកជញ្ជូនពិតជាសំខាន់ណាស់ ប្រសិន​យើង​ចង់​ប្រកួត​ប្រជែងជាមួយប្រទេសជិតខាងបាន លុះត្រាណាសេវាដឹក ជញ្ជូនរបស់​យើង​មាន​ភាព​ប្រហាក់​ប្រហែលគ្នា។ បញ្ហានេះលោករំពឹងថា នៅពេលខាងមុខ វិស័យដឹកជញ្ជូននៅ​កម្ពុជា​នឹង​អាច​ស្រុត​ចុះ បន្ថែមទៀត ខណៈបច្ចុប្បន្នរាជរដ្ឋាភិបាលបានបង្កើត និងបន្តកែ​លម្អ​ហេដ្ឋា​រចនា​សម្ព័ន្ធ កំពុងគាំទ្រជាច្រើនដល់វវិស័យដឹកជញ្ជូន, ជាង នេះទៀត ម្ចាស់អាជីវកម្ម​នៅ​ក្នុង​វិស័យ​ដឹក​ជញ្ជូន ក៏ត្រូវបង្កើនការយល់ដឹងនៃប្រព័ន្ធបច្ចកវិទ្យាឌីជីថលឱ្យបានច្រើន ដើម្បីកាត់បន្ថយ ពេល​វេលា និងខ្ទង់ចំណាយផ្សេងៗ។សូមបញ្ជាក់ថា ជុំវិញវិស័យដឹកជញ្ជូន និងឡូជីស្ទិក បើយោង​តាម​ផែនការ​មេ​គ្រប់​ជ្រុង​ជ្រោយ​ស្តីពី​ប្រព័ន្ធ​ដឹក​ជញ្ជូនអន្តរមធ្យោបាយ និង ភស្តុភាកម្មកម្ពុជា ២០២៣-២០៣៣ បានបង្ហាញថា ការ​អភិវឌ្ឍ​ប្រព័ន្ធដឹកជញ្ជូន និងឡូជីស្ទិកនៅកម្ពុជា នៅពុំទាន់អាចឆ្លើយតបបាន ពេញលេញ និង​គ្រប់​គ្រាន់​ទៅតាមតម្រូវការ ព្រមទាំងជាចលនាកររុញច្រានការវិវឌ្ឍផ្នែកសង្គម-សេដ្ឋកិច្ច ជា​ពិសេស​នៅ​ដំណាក់កាល នៃការប្រែក្លាយទៅជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់ និង​ប្រទេស​ចំណូល​ខ្ពស់។ ក្នុងន័យនេះ ផែនការមេគ្រប់ជ្រុងជ្រោយ ស្តីពី ប្រព័ន្ធដឹកជញ្ជូន​អន្តរ​មធ្យោបាយ និងភស្តុភារកម្មកម្ពុជា បានដាក់ចេញនូវចក្ខុវិស័យដោយ “បន្តកែលម្អ និងអភិវ​ឌ្ឍ​ប្រព័ន្ធ​ដឹក​ជញ្ជូន និងឡូជីស្ទីកដោយផ្តោតលើការជំរុញការកសាងហេដ្ឋារចនាសម្ព័ន្ធរូបវន្ត និង​អរូបវន្តឆ្ពោះទៅរកការអភិវឌ្ឍប្រព័ន្ធដឹកជញ្ជូន អន្តរមធ្យោ បាយ មានការតភ្ជាប់ខ្ពស់ និង​ភាព​ប្រទាក់​ក្រឡា​ទាំងផ្ទៃក្នុងប្រទេស និងជាមួយតំបន់ដែលនឹងបន្តរួមចំណែកជំរុញ និងទ្រទ្រង់​កំណើន សេដ្ឋកិច្ចជាតិ ព្រមទាំងបំពេញសេចក្តីត្រូវការសង្គម-សេដ្ឋកិច្ច ប្រកបដោយចីរភាព និង​ប​រិយាប័ន្ន៕ អត្ថបទ៖ សុន រ៉ាឌី

ដំឡូងមីស្ងួតរបស់កម្ពុជាចំនួន២០០ពាន់តោន នឹងត្រូវនាំចេញបន្ថែម ខណៈចំនួន ៥ពាន់តោន បានទៅដល់ទីផ្សារប្រទេសចិន

2025/03/15 09:17:53 pm        386
ភ្នំពេញ៖ ក្រសួងពាណិជ្ជកម្មកម្ពុជា នៅថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៥នេះ បានសសេរឲ្យដឹងថា ដំឡូងមីស្ងួតពីកម្ពុជាលើកទី១ ចំនួន ៥,០០០តោន ត្រូវបាននាំចេញ និងទៅដល់ប្រទេសចិន និងបានរៀបចំពិធីចុះអនុស្សារណៈនៃការយោគយល់គ្នាចំនួន ២០០,០០០តោនបន្ថែមទៀត សម្រាប់ឆ្នាំ២០២៥-២០២៦ និងកិច្ចព្រមព្រៀងទិញ-លក់ដំឡូងមីស្ងួត រវាងក្រុមហ៊ុន HANG HARVEST AGRICULTURE CO., LTD និងក្រុមហ៊ុន COFCO BIO-ENERGY CO., LTD ជំហានទី២ នៅកំពង់ផែក្នុងទីក្រុងប៉ីហៃ នៃតំបន់ស្វយ័តជនជាតិជាំងក្វាងស៊ី។ ក្រសួងពាណិជ្ជកម្ម បានឲ្យដឹងទៀតថា ពិធីខាងលើនេះ មានការអញ្ជើញចូលរួមពីមន្ទីរពាណិជ្ជកម្មនៃតំបន់ស្វយ័តជនជាតិជាំងក្វាងស៊ី, ការិយាល័យទំនាក់ទំនងពាណិជ្ជកម្មកម្ពុជាប្រចំាទីក្រុងណាននីង, រដ្ឋាភិបាលប្រជាជនទីក្រុងប៉ីហៃ, អាជ្ញាធរពាក់ព័ន្ធទីក្រុងប៉ីហៃ, តំណាងធនាគារអភិវឌ្ឍន៍ជនបទនិងកសិកម្មនៃកម្ពុជា, ព្រមទាំងពាណិជ្ជករទិញ-លក់ដំឡូងមីចិននិងកម្ពុជា ជាច្រើនរូប។ គួរគត់សម្គាល់ផងដែរថា ការចុះកិច្ចព្រមព្រៀងនេះ នឹងជួយពង្រឹង និងពង្រីកកិច្ចសហប្រតិបត្ដិការពាណិជ្ជកម្មរវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណៈរដ្ឋប្រជាមានិតចិន ក៏ដូចជាជួយជំរុញការនាំចេញវិស័យដំឡូងមីរបស់កម្ពុជាទៅកាន់ទីផ្សារប្រទេសចិន ផងដែរ៕

រដ្ឋលេខាធិការក្រសួងកសិកម្ម ដឹកនាំក្រុមការងារចុះតម្រង់ទិសដល់មន្ត្រីកសិកម្មឃុំ នៅតំបន់មេគង្គក្រោម ក្នុងខេត្តចំនួន៣

2025/03/15 09:39:45 am        103
ចាប់ពីថ្ងៃទី១២ ដល់ថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៥ ឯកឧត្តមបណ្ឌិត យ៉ង សាំងកុមារ រដ្ឋលេខា​ធិការ​ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អមដំណើរដោយ ឯកឧត្តម ខាត់ សុធី អនុ​រដ្ឋលេខា​ធិការ រួមជាមួយមន្ត្រី​នៃ​នាយកដ្ឋានផ្សព្វផ្សាយកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បាន​ចុះ​គាំទ្រ​តម្រង់ទិស​ការអនុវត្តន៍ការងាររបស់មន្ត្រីកសិកម្មឃុំ-សង្កាត់ទាំងចាស់ ទាំងថ្មី នៅតំបន់​មេគង្គ​​ក្រោម ក្នុងខេត្តចំនួន៣ មានខេត្តកណ្តាល ខេត្តស្វាយ​រៀង និងខេត្តព្រៃវែង។ ក្នុងនោះ​ខេត្ត​កណ្តាល ដែ​លមានមន្ត្រីកសិកម្មឃុំសរុបទាំងចាស់ ថ្មីចំនួន៧០នាក់ ខេត្តស្វាយរៀង ចំនួន​៦៨នាក់ និងខេត្តព្រៃវែងចំនួន៩០នាក់។នាឱកាសនៃវគ្គបណ្តុះបណ្តាលតម្រង់ទិសនោះ ឯកឧត្តមបណ្ឌិត យ៉ង សាំង កុមារ បាន​លើក​ឡើង​អំពី​៖១. យុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ នៃរាជរដ្ឋាភិបាល​នីតិកាលទី៧ ២.គោល​នយោបាយ​អាទិភាពទាំង៦ ជាពិសេសគោល​នយោបាយ​អាទិភាពទី៥ទី៦ ៣. តួនាទីភារកិច្ច​មន្ត្រី​កសិកម្ម​ឃុំ​សង្កាត់។ជាមួយគ្នានោះដែរ ឯកឧត្តមបណ្ឌិតរដ្ឋលេខាធិការ បានលើកទឹកចិត្តដល់មន្ត្រីកសិកម្ម​ឃុំទាំង​ចាស់​ថ្មី​ បំពេញការងារនៅមូលដ្ឋានឱ្យបានល្អ សហការជាមួយភាគីពាក់ព័ន្ធ សំដៅ​ធ្វើ​យ៉ាង​ណា​បម្រើ​ក​សិករ ដោយស្មោះត្រង់ សម្រេចបាននូវការបង្កើនប្រាក់​ចំណេញ​ខ្ពស់​ពីវិស័យកសិកម្ម ដើម្បី​ចក្ខុ​វិស័យ កម្ពុជាក្លាយជាប្រទេសមាន​ចំណូលមធ្យមកម្រិត​ខ្ពស់​​​​​​ឆ្នាំ២០៣០ និង​ក្លាយ​ជា​ប្រទេស​មានចំណូលខ្ពស់​ឆ្នាំ២០៥០។ សូមបញ្ជាក់ថា គិត​មក​ត្រឹមថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៥ នេះ ដំណើរការចុះតម្រង់ទិស ដល់មន្ត្រីកសិកម្មឃុំថ្មី អនុវត្តបាន១៥ខេត្តរួចហើយ៕

ស្ថាប័នរដ្ឋ និងវិស័យឯកជន រួមគ្នាជំរុញការផ្សព្វផ្សាយពីសក្ដានុពល និងផលិតផល សម្រាប់​លើកកម្ពស់វិស័យទេសចរណ៍

2025/03/14 04:12:05 pm        108
នាព្រឹកថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៥ ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ រួម​ជា​មួយ​ឯកឧត្តម ម៉ាង ស៊ីណេត អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានអញ្ជើញ​ជាអធិបតី​ក្នុង​ពិធី​ចុះ​ហត្ថ​លេខាលើអនុស្សរណៈនៃការយោគយល់រវាងក្រុមហ៊ុន ជី.ធី.វី.ស៊ី អិចផត ខូ អិលធីឌី (G.T.V.C) Import Export Co.,Ltd និងសមាគមទេសចរណ៍អាស៊ីប៉ាស៊ីហ្វិកកម្ពុជា (PATA Cambodia Chapter) ក្នុងគោលបំណងសហការភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយនេះ តា​ម​រយៈការពង្រីកនូវបណ្តាញសេវាកម្មទេសចរណ៍ និងបង្កើន​ហេដ្ឋា​រចនា​សម្ព័ន្ធ និង​សម្បទា​ទេសចរណ៍ ដែលជាចលករដ៏សំខាន់បន្ថែមទៀតចូលរួមជំរុញសម្រេចបាននូវចក្ខុវិស័យ និង​ផ្សព្វ​ផ្សាយ​​សក្ដានុពល​ធន​ធាន​ធម្ម​ជាតិ ផលិតផលទេសចរណ៍ លើក​កម្ពស់​​វិស័យ​ទេសចរណ៍​នៅ​កម្ពុជា​។ក្នុងពិធីដ៏មានអត្ថន័យនេះ ឯកឧត្តមរដ្ឋមន្ត្រី បានថ្លែងថា ខេត្តព្រះសីហនុ​បាន​អភិវឌ្ឍ​ហេដ្ឋា​រចនា​សម្ព័ន្ធ​រូប​វ័ន្តជាច្រើនត្រូវបានសាងសង់ជាបន្តបន្ទាប់ ស័ក្តិសមនឹងក្លាយ​ទៅ​ជាតំបន់​សេដ្ឋកិច្ច​ពិសេស​គំរូ​ពហុបំណង ដោយសារខេត្តនេះមាន ទីតាំងភូមិសាស្រ្តល្អ មានធនធានធម្មជាតិ មាន​ឆ្នេរ​សមុទ្រដ៏ស្រស់ស្អាត មានកំពង់ផែ មានដីកសិកម្ម និងសក្ដានុពលជាច្រើនទៀត ស្របនឹង​ខេត្ត​តាម​តំបន់ឆ្នេរផ្សេងទៀតជារបៀងសេដ្ឋកិច្ចពិសេសប្រទាក់ក្រឡា ដោយឆ្នេរសមុទ្រកម្ពុជា ត្រូវបាន​ប្រសិទ្ធ​នាម ជាតារារះនាទិសនិរតី និងបណ្តាញសកលនៃគោលដៅទេសចរណ៍។ទន្ទឹមនឹងនេះ ឯកឧត្តមរដ្ឋមន្ត្រី បានថ្លែងបន្តថា វិស័យទេសចរណ៍ ដើរតួនាទីជាវិស័យស្នូលធំមួយនៅក្នុងការប្រែក្លាយខេត្តព្រះសីហនុ ជា «តំបន់សេដ្ឋកិច្ចពិសេសពហុបំណង» ដោយខេត្តព្រះសីហនុ នឹងក្លាយទៅជាច្រកចេញ-ចូលនៃតំបន់ឆ្នេរសមុទ្រកម្ពុជា, ជាគោលដៅទេសចរណ៍ឆ្នេរសមុទ្រកម្រិតស្តង់ដាអន្តរជាតិ និងជាតំបន់ទេសចរណ៍ដ៏ល្បីល្បាញ ប្រកបដោយភាពទាក់ទាញកម្រិតខ្ពស់មួយក្នុងអាស៊ាន។

ឯកឧត្តម ឃឹម ហ្វីណង់៖ ប្រព័ន្ធសហគមន៍កសិកម្មនៅប្រទេសចិន គឺជាប្រភេទ​សហគមន៍​តភ្ជាប់​តួអង្គ​សំខាន់ៗ​នៃខ្សែច្រវ៉ាក់តម្លៃឱ្យនៅក្រោមដំបូលតែមួយ ព្រមទាំងមានផ្តល់ការ​គាំទ្រ​ខាង​ផ្នែក​បច្ចេកទេស ដើមទុន និងទីផ្សារ

2025/03/14 02:11:14 pm        208
ភ្នំពេញ៖ ឯកឧត្តម ឃឹម ហ្វីណង់ អ្នកនាំពាក្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បង្ហាញ​វីដេអូ​ចំណាប់អារម្មណ៍ខ្លី ក្នុងនាមតំណាងនៃប្រតិភូប្រទេសពីប្រទេសកម្ពុជា ទៅលើ​កម្ម​វិធី​ទស្សន​កិច្ច​សិក្សា​ផ្លាស់ប្តូរបទពិសោធពីប្រព័ន្ធសហគមន៍កសិកម្ម និងការធ្វើផលិតកម្មកសិកម្មតាមកិច្ចសន្យា នៅក្នុងខេត្តយុនណាន ប្រទេសចិន ខណៈប្រព័ន្ធសហគមន៍កសិកម្មនៅក្នុងប្រទេសចិន គឺជាប្រភេទសហគមន៍ដែលតភ្ជាប់តួអង្គសំខាន់ៗនៃខ្សែច្រវ៉ាក់តម្លៃឱ្យនៅក្រោមដំបូលតែមួយ ព្រមទាំងមានផ្តល់ការគាំទ្រខាងផ្នែកបច្ចេកទេស ដើមទុន និងទីផ្សារ ប្រហាក់ប្រហែលគ្នាទៅនឹងកម្មវិធីគោលនយោបាយអាទិភាពនៃសហគមន៍កសិកម្មទំនើបរបស់កម្ពុជាដែរ។តាមរយៈវីដេអូនេះ ឯកឧត្តម ឃឹម ហ្វីណង់ បានស្នើសុំការអធ្យាស្រ័យ ដោយសារអ្នករៀបចំកម្មវិធីតម្រូវឱ្យនិយាយជាភាសាអង់គ្លេស តែឯកឧត្តម ឃឹម ហ្វីណង់ បានសង្ខេបមកវិញបានថា អ្វីដែលឯកឧត្តម និងក្រុមការងារបានឃើញពីប្រព័ន្ធសហគមន៍កសិកម្មនៅក្នុងប្រទេសចិន គឺជាប្រភេទសហគមន៍ដែលតភ្ជាប់តួអង្គសំខាន់ៗនៃខ្សែច្រវ៉ាក់តម្លៃឱ្យនៅក្រោមដំបូលតែមួយ ព្រមទាំងមានផ្តល់ការគាំទ្រខាងផ្នែកបច្ចេកទេស ដើមទុន និងទីផ្សារ ប្រហាក់ប្រហែលគ្នាទៅនឹងកម្មវិធីគោលនយោបាយអាទិភាពនៃសហគមន៍កសិកម្មទំនើបរបស់យើងដែរ។ឯកឧត្តមថ្លែងថា ទាំងនេះគឺជាទឡ្ហីករណ៍មួយដែលបង្ហាញឱ្យឃើញថា ប្រទេសដែលខ្លាំងខាងវិស័យកសិកម្ម សុទ្ធសឹងតែយកចិត្តទុកដាក់លើការប្រមូលផ្តុំកសិករតូចៗឱ្យរួមគ្នាផលិតជាសហគមន៍ធំៗ ដើម្បីបង្កើនសមត្ថភាពប្រកួតប្រជែងនៃកសិផលរបស់គេនៅលើទីផ្សារដូចគ្នា មិនមែនត្រូវបានជំរុញតែនៅកម្ពុជានោះទេ។ ឯកឧត្តម ឃឹម ហ្វីណង់ សង្ឃឹមថាកម្ពុជានឹងអាចសម្រេចគោលបំណងនៃការប្រែក្លាយការធ្វើកសិកម្មនៅកម្ពុជា ពីលក្ខណៈគ្រួសារ ឱ្យទៅជាមានការប្រមូលផ្តុំក្នុងទម្រង់សហគ្រាសសេដ្ឋកិច្ចរឹងមាំ ហើយកសិករខ្មែរកាន់តែច្រើននឹងមានភាពជឿជាក់ទៅលើកម្មវិធីគោលនយោបាយដ៏មានសារៈសំខាន់មួយនេះ៕

សហភាពអឺរ៉ុបវិនិយោគទឹកប្រាក់ជិត ៨០ លានអឺរ៉ូ ដើម្បីធ្វើទំនើបកម្មវិស័យកសិកម្មនៅកម្ពុជា

2025/03/14 01:38:47 pm        358
សហភាពអឺរ៉ុប វិនិយោគទឹកប្រាក់ជិត ៨០ លានអឺរ៉ូ ដើម្បីជួយពង្រឹងវិស័យកសិកម្មនៅកម្ពុជា លើក​កម្ពស់សន្តិសុខស្បៀង ធ្វើឱ្យ ខ្សែច្រវាក់តម្លៃផលិតផលដែលបានជ្រើសរើស កាន់​តែ​មាន​ភាព​ប្រកួត​ប្រជែង និងជំរុញដល់ការនាំចេញ។សហភាពអឺរ៉ុប ចូលរួមលើកកម្ពស់ការធ្វើទំនើបកម្មវិស័យកសិកម្មនៅកម្ពុជា និងជំរុញ​ឱ្យ​កសិករ​មាន​លទ្ធភាព​ចូលទៅកាន់ ទីផ្សារក្នុងស្រុក និងសកល តាមរយៈការក្នុងទំហំទឹកប្រាក់ជិត ៨០ លានអឺរ៉ូ ដោយក្នុងនោះកញ្ចប់វិនិយោគគ្រប់ជ្រុងជ្រោយ របស់ សហភាពអឺរ៉ុបរួមមាន៖ ឥណទាន​របស់​ធនាគារ​វិនិយោគអឺរ៉ុបសកល (EIB Global) បូករួមជាមួយជំនួយឥតសំណង និងជំនួយ បច្ចេក​ទេសរបស់សហភាពអឺរ៉ុបផងដែរ។ចំពោះទឹកប្រាក់វិនិយោគនេះ នឹងផ្តល់អត្ថប្រយោជន៍ដល់កសិករខ្នាតតូចចំនួន ១០ ម៉ឺននាក់, គ្រួសារ​មាន​ដីធ្លីខ្នាតតូចចំនួន ២៥ ពាន់គ្រួសារ និងសហគ្រាសកសិកម្មចំនួន ៥០០ ដោយ​នឹង​ជួយ​បង្កើន​ផលិតភាព និងការប្រកួតប្រជែង។ កញ្ចប់វិនិយោគនេះ នឹងជួយកែ​លម្អ​មន្ទី​រ​ពិសោធន៍​ជាតិ​កសិកម្ម ពង្រីកហេដ្ឋារចនាសម្ព័ន្ធការងារ កសិកម្មសំខាន់ៗ ដើម្បីលើក​កម្ពស់​សមត្ថភាព​អនាម័យ និងភូតគាមអនាម័យរបស់កម្ពុជា ក៏ដូចជាគាំទ្រ​ដល់​ការ​សាង​សង់​ស្ពាន​មួយ​ខ្សែ​នៅ​កោះ​ខ្សាច់​ទន្លា ដើម្បីធ្វើឱ្យប្រសើរឡើងនូវការ ដឹកជញ្ជូន និងការចូលទៅកាន់ទីផ្សារ។ គំនិតផ្តួចផ្តើមនេះគឺស្របទៅតាមយុទ្ធសាស្ត្រ Global Gateway របស់សហភាពអឺរ៉ុប ដែល ជំរុញ​ដល់​កំណើនប្រកបដោយចីរភាព ភាពធន់នឹងអាកាសធាតុ និងការ​អភិវឌ្ឍ​សេដ្ឋកិច្ច​ប្រកប​ដោយ​បរិយាបន្ន​។ជាក់ស្តែងធនាគារវិនិយោគអឺរ៉ុបសកល (EIB Global) ដែលជា​សាខា​សកល​របស់​ធនាគារ​វិនិយោគ​អឺរ៉ុប បានចុះហត្ថលេខា លើកិច្ចព្រមព្រៀង ជាមួយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ (MEF)​ នៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៥ នេះ មានទឹក​ប្រាក់​ជំនួយ​ឥត​សំណង​ចំនួន ១៥ លានអឺរ៉ូ របស់សហភាពអឺរ៉ុប សម្រាប់កម្មវិធីគាំទ្រសេដ្ឋកិច្ចជនបទ និង​ពាណិជ្ជ​កម្ម ផលិតផលកសិកម្ម (ASPIRE-AT) ដែលជាអាទិភាព​សំខាន់មួយសម្រាប់រដ្ឋាភិបាលកម្ពុជា។ កម្មវិធី ASPIRE-AT មានគោលដៅ ធ្វើទំនើបកម្មវិស័យកសិកម្ម លើកកម្ពស់សន្តិសុខស្បៀង និងពង្រឹងសក្តានុពលនៃការនាំចេញ។ ជំនួយនេះក៏ជាការបំពេញ បន្ថែមលើឥណទានចំនួន ៦០ លានអឺរ៉ូ ពីធនាគារវិនិយោគអឺរ៉ុបសកល (EIB Global) និងជំនួយគាំទ្រចំនួន ៤,៥ លានអឺរ៉ូទៀត ពីសហភាពអឺរ៉ុប សម្រាប់ជំនួយបច្ចេកទេស ដែលនឹងត្រូវអនុវត្តដោយធនាគារវិនិយោគអឺរ៉ុប (EIB)។ ការផ្ដល់ជំនួយនេះ នាំឱ្យទឹក ប្រាក់វិនិយោគសរុប គាំទ្រដោយសហភាពអឺរ៉ុបនៅក្នុងកម្មវិធីនេះ កើនឡើងដល់ជិត៨០លានអឺរ៉ូ, ក្នុងនោះមូលនិធិអន្តរជាតិសម្រាប់ អភិវឌ្ឍន៍កសិកម្ម (IFAD) ដែលជាទីភ្នាក់ងារអភិវឌ្ឍន៍ជនបទ របស់អង្គការសហប្រជាជាតិ ក៏បានផ្តល់ហិរញ្ញប្បទានដល់កម្មវិធីនេះ នូវទឹកប្រាក់ចំនួន ៤៩ លានដុល្លារអាមេរិកផងដែរ។កិច្ចព្រមព្រៀងនេះ ត្រូវបានចុះហត្ថលេខាដោយ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងដោយអនុប្រធានធនាគារវិនិយោគអឺរ៉ុប EIB គឺលោកស្រី Nicola Beer នៅអំឡុងដំណើរទស្សនកិច្ច ជាលើកដំបូងមកកាន់ប្រទេសកម្ពុជា ក្នុងនាមជាអនុប្រធានធនាគារវិនិយោគអឺរ៉ុប EIB ទទួលបន្ទុកតំបន់អាស៊ីអាគ្នេយ៍។ ពិធីចុះ ហត្ថលេខានេះ ធ្វើឡើងដោយមានវត្តមានឯកឧត្តម អ៊ីហ្គូ ទ្រីសម៉ាន់ ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបប្រចាំនៅកម្ពុជា និងលោក FrewBehabtu នាយកប្រចាំនៅកម្ពុជារបស់មូលនិធិអន្តរជាតិសម្រាប់អភិវឌ្ឍន៍កសិកម្ម (IFAD)៕ អត្ថបទ៖ សុន រ៉ាឌី

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

សម្តេចសង្ឃ បួរ គ្រី យាងសួរសុខទុក្ខ និងប្រទានអំណោយដល់កងទ័ព និងជនភៀសសឹកជាង១ពាន់គ្រួសារ នៅឧត្តរមានជ័យ
08/03/2025 11:08 AM
ក្រុមគ្រូពេទ្យនិយាយថា កងកម្លាំងអ៊ីស្រាអែលបានសម្លាប់ជនជាតិប៉ាឡេស្ទីន៦២នាក់បន្ថែមទៀតនៅហ្កាហ្សា
08/03/2025 11:08 AM
​​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី អញ្ជើញគោរពវិញ្ញាណក្ខន្ធយុទ្ធជនពលីចំនួន២រូបនៅខេត្តតាកែវ និង កណ្តាល
08/03/2025 11:08 AM
អ៊ុយក្រែននិយាយថា ខ្លួនបានវាយប្រហារលើគោលដៅរុស្ស៊ី រួមមានរោងចក្រចម្រាញ់ប្រេង និងអាកាសយានដ្ឋាន
08/03/2025 10:08 AM
ក្រុមហាម៉ាស បដិសេធមិនទម្លាក់អាវុធ រហូតដល់រដ្ឋប៉ាឡេស្ទីនត្រូវបានបង្កើតឡើង
08/03/2025 10:08 AM
TOP STORY | សម្ដេចតេជោប្រាប់ឱ្យបណ្តេញ ធី សុវណ្ណថា ចេញពីគណបក្សប្រជាជនកម្ពុជា និងក្របខ័ណ្ឌរដ្ឋទាំងអស់ ករណីបង្ហោះសារតាម Facebook ប៉ះពាល់ដល់កងទ័ព
08/03/2025 10:08 AM
គ្រួសារកងទ័ព និងគ្រួសារអតីតយុទ្ធជន ចំនួន ១ពាន់គ្រួសារ ទទួលបានអំណោយរបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន
08/03/2025 10:08 AM
ក្រសួងការពារជាតិបដិសេធចំពោះការចោទប្រកាន់របស់សារព័ត៌មានថៃថាកម្ពុជាប្រើប្រាស់ដ្រូនហោះចូលដីថៃ
08/03/2025 09:08 AM
សាស្ត្រាចារ្យ៥៩រូប កំពុងរៀបចំតាក់តែងវិញ្ញាសា សម្រាប់ការប្រឡងប្រជែងជ្រើសរើសមន្ត្រីការទូតជាន់ខ្ពស់ និងមន្ត្រីវិជ្ជាជីវៈសុខាភិបាល
08/03/2025 08:08 AM
កម្ពុជាស្នើឱ្យអាស៊ានត្រួតពិនិត្យលើការចោទប្រកាន់ច្រំដែលរបស់ថៃថាកម្ពុជាបំពាទបទឈប់បាញ់
08/02/2025 08:08 PM