កម្ពុជា និងស្ថាប័ន DFC ពិភាក្សាផ្លាស់ប្តូរយោបល់លើយុទ្ធសាស្ត្រសំខាន់ៗ នៃវិស័យអាទិភាព​នៅកម្ពុជា
សហគ្រិនក្នុងស្រុក​ បង្ហាញក្ដីរីករាយ​ ខណៈសន្ទុះគាំទ្រផលិតផលខ្មែរពីពលរដ្ឋបន្តមានការ​កើនឡើង
កម្ពុជាធ្វើជាម្ចាស់ផ្ទះក្នុងកិច្ចប្រជុំក្រុមការងារសហព័ន្ធបរិយាបន្នហិរញ្ញវត្ថុ
កម្ពុជា មានកម្រិតបរិយាបន្នហិរញ្ញវត្ថុ និងលទ្ធភាពទទួលសេវាហិរញ្ញវត្ថុខ្ពស់

សេដ្ឋកិច្ច និង កសិកម្ម

ទំហំពាណិជ្ជកម្មរវាងកម្ពុជាជាមួយប្រទេសដៃគូ RCEP មានទំហំទឹកប្រាក់ជាង ៣,៧៦ ពាន់​លាន​ដុល្លារ​កើនជិត ១៥ភាគរយក្នុងខែមករាឆ្នាំនេះ

2026/02/20 03:25:14 pm        214
របាយការណ៍របស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា (GDCE) បង្ហាញថា នៅខែមករា ឆ្នាំ ២០២៦ ការដោះដូរទំនិញកម្ពុជាជាមួយប្រទេសជាសមាជិក RCEP សម្រេចបានទំហំទឹកប្រាក់ ៣,៧៦ ពាន់លានដុល្លារ ក្នុងនោះ កម្ពុជាបាននាំចេញទំនិញមានតម្លៃជាង ៩២៧ លានដុល្លារ កើន​ឡើង ១៩,៣៤% ខណៈកម្ពុជានាំចូលពីប្រទេសជាសមាជិក មានតម្លៃ ២,៨៣ ពាន់​លាន​ដុល្លារ​កើន ១៣,៣២%។ប្រទេសវៀតណាម ជប៉ុន ចិន និងកូរ៉េខាងត្បូង គឺជាដៃគូ​ពាណិជ្ជកម្ម​ចម្បង​ជាង​គេ​ក្នុង​ចំណោម​ប្រទេស​ជា​សមាជិក RCEP ដែលនាំចូលទំនិញពីកម្ពុជាច្រើនជាងគេសម្រាប់ខែមករា ឆ្នាំនេះ។ វៀតណាម បានបញ្ជាទិញទំនិញពីកម្ពុជា មានទំហំទឹកប្រាក់ជាង ៣៣៧ លានដុល្លារអាម៉េរិក ក្នុង​ខែមករា ឆ្នាំ២០២៦ កើនឡើង ២១,១ភាគរយ បើធៀបនឹងខែមករា ឆ្នាំមុន។តាមពីក្រោយ ដោយប្រទេស ជប៉ុន បានទិញទំនិញពីកម្ពុជា មានតម្លៃជាប្រាក់ជាង ១៧៦ លាន​ដុល្លារ​អាម៉េរិក កើន ១៦,៦ ភាគរយ ខណៈប្រទេសចិនទិញទំនិញពីកម្ពុជា មានទឹកប្រាក់ជាង ១៦៤​លាន​ដុល្លារអាម៉េរិក កើន ៥៩,៣ ភាគរយ។កិច្ចព្រមព្រៀងភាព RCEP គឺជាប្លុកពាណិជ្ជកម្មសេរីដ៏ធំបំផុតរបស់ពិភពលោក ដែល​មាន​សមាជិក​​ចំនួន ១៥​ប្រទេស រួមមាន សមាជិកអាស៊ានទាំង ១០ និងដៃគូពាណិជ្ជកម្មចំនួន ៥ (ចិន ជប៉ុន កូរ៉េខាងត្បូង អូស្ត្រាលី នូវែលសេឡង់)។ កិច្ចព្រមព្រៀងនេះ បានចូលជាធរមាន នៅឆ្នាំ២០២២ ដោយផ្តោតការអនុគ្រោះពន្ធគយ និងជំរុញការវិនិយោគ។ទិន្នន័យ GDCE បង្ហាញថា ក្នុងឆ្នាំ ២០២៥ ទំហំពាណិជ្ជកម្មរបស់កម្ពុជាជាមួយប្រទេសសមាជិក RCEP មានទំហំទឹកប្រាក់ប្រមាណ ៤០,២៣ ពាន់លានដុល្លារ កើនឡើង ១៦,២៦% ធៀប​នឹង​ឆ្នាំ ​២០២៤ ក្នុងនោះ កម្ពុជាបាននាំចេញទំនិញមានតម្លៃ ៩,៨ ពាន់លានដុល្លារ ចំណែក​ឯការ​នាំចូល​ប្រទេស​ជា​សមាជិកមានទឹកប្រាក់ប្រមាណ ៣០,៤៤ ពាន់លានដុល្លារ កើន ១៩,៥៨%៕

ក្នុងខែមករាឆ្នាំនេះ​ ប្រទេសអាស៊ានចំនួន៥ ស្រូបយកទំនិញពីកម្ពុជា មានទឹកប្រាក់សរុបជាង ៤៣៣លានដុល្លារ

2026/02/20 01:45:19 pm        224
កម្ពុជានាំចេញទំនិញសំខាន់ៗទៅកាន់បណ្តាប្រទេសអាស៊ានចំនួន៥ ក្នុងខែមករា ដើម​ឆ្នាំ​២០២៦​, មានទឹកប្រាក់សរុបជាង ៤៣៣ លានដុល្លារអាមេរិក ក្នុងនោះប្រទេសចំនួន៤ បាន​បន្ត​មាន​កំណើនល្អប្រសើរ ដែលបានជួយជ្រោមជ្រែងដល់នាំចេញរបស់កម្ពុជា។យោង​តាមរបាយការណ៍របស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បង្ហាញឱ្យដឹងថា សម្រាប់​ខែ​ដំបូង​ដើមឆ្នាំ២០២៦ ការធ្វើ ពាណិជ្ជកម្មនាំចេញទំនិញរបស់កម្ពុជា ទៅកាន់​បណ្តា​ប្រទេស​អាស៊ាន​ចំនួន​៥ មានទំហំទឹកប្រាក់សរុបប្រមាណជាង ៤៣៣ លាន ដុល្លារអាមេរិក ក្នុង​នោះប្រ​ទេស​ចំនួន​ ៤ បានជួយជ្រោមជ្រែងដល់នាំចេញរបស់កម្ពុជា ដោយបន្តមានកំណើនល្អប្រសើរ បើ​ធៀបទៅ និងរយៈពេលដូចគ្នាឆ្នាំ២០២៥។ជាក់ស្តែងក្នុងខែដំបូង ឆ្នាំនេះ, ការនាំចេញទំនិញរបស់កម្ពុជាទៅវៀតណាម មានទឹក​ប្រាក់​ប្រមាណ​ជាង ៣៣៧ លានដុល្លារ កើនឡើងជាង ២១ ភាគរយ, ម៉ាឡេស៊ីជិត ២២ លានដុល្លារ កើន​ជាង ៧៧ ភាគរយ, សឹង្ហបុរីជាង ៧ លានដុល្លារ កើនជិត ២០ ភាគរយ, ឥណ្ឌូនេស៊ីជិត ៧ លាន​ដុល្លារ កើនជិត ៤ភាគរយ បើធៀបរយៈពេលដូចគ្នាឆ្នាំ២០២៥។ ដោយឡែក​ការ​នាំ​ចេញ​ទៅ​ប្រទេសថៃ មានទឹកប្រាក់ជាង ៥៨លានដុល្លារ ថយចុះជិត ២០ ភាគរយ ក្រៅ​ពី​នេះ​កម្ពុជា​ក៏​បាន​នាំ​ចេញ​ទៅកាន់បណ្តាប្រទេសអាស៊ាន ផ្សេងៗទៀតផងដែរ ដែលមិនទាន់​មាន​ទំហំ​ពាណិជ្ជ​កម្ម​លេច​ធ្លោ​។ចំណែកការធ្វើពាណិជ្ជកម្មទ្វេភាគីវិញ, ក្នុងខែដំបូងនេះដែរ ការធ្វើពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា-វៀតណាម មានទឹកប្រាក់ សរុបជិត ៧២០ លានដុល្លារ កើនជាង ៧ ភាគរយ, ថៃ ២០៩ លាន​ដុល្លារ ថយចុះជាង ៤៣ ភាគរយ, សឹង្ហបុរី ១៧៤ លានដុល្លារ កើន ២២៤ ភាគរយ, ម៉ាឡេ​ស៊ី​ជាង​ ១២៥ កើន ៤២ ភាគរយ និងការធ្វើពាណិជ្ជកម្មទ្វេភាគីជាមួយឥណ្ឌូនេស៊ី មានទឹកប្រាក់ជិត ៧៨ លានដុល្លារ ថយចុះ ១៩ ភាគរយ ធៀបទៅនិងរយៈពេលដូចគ្នាឆ្នាំ២០២៥៕ អត្ថបទ៖ សុន រ៉ាឌី

ឧស្សាហកម្មកៅស៊ូកម្ពុជា រីកចម្រើនលឿន​នាំឱ្យតម្រូវ​ការផ្គត់ផ្គងកៅស៊ូ​ក្នុង​ស្រុក​កើន​ឡើង​ខ្ពស់​ចន្លោះ​ពី ២០ទៅ២៥​ម៉ឺនតោន​ក្នុងមួយឆ្នាំ

2026/02/19 03:31:06 pm        354
ភ្នំពេញ៖ ឧស្សាហកម្មកៅស៊ូរបស់កម្ពុជា គឺជាវិស័យមួយដែលមានការរីកចម្រើនយ៉ាងឆាប់រហ័ស ជាមួ​យនឹ​ងផ្ទៃដីដាំដុះជិតកន្លះលានហិកតា កំពុងផលិតកៅស៊ូដែលមានគុណភាព ដើម្បីបំពេញ​តម្រូវ​ការ​ទីផ្សារ​ក្នុងស្រុក និងអន្តរជាតិ។ រោងចក្រផលិតសំបកកង់​រថយន្ត​ជា​ប្រភព​មាន​តម្រូវ​ការ​ផ្គត់​ផ្គង់​ជ័រ​កៅស៊ូ​ក្នុង​ស្រុក​ដ៏​សំខាន់​ក្នុង​ចន្លោះពី ២០ ទៅ ២៥ម៉ឺនតោនក្នុងមួយឆ្នាំ។បើ​តាមរបាយការណ៍របស់ក្រុមប្រឹក្សាអភិវឌ្ឍកម្ពុជា បានឱ្យដឹងថា សព្វថ្ងៃ​ប្រទេស​កម្ពុជា​មាន​រោងចក្រ​ផលិត​សំបកកង់រថយន្តយ៉ាងតិច ៦ កំពុងប្រតិបត្តិការខ្សែច្រវ៉ាក់ផលិតកម្ម។ ក្នុង​នោះ​រោង​ចក្រ​​ផលិតសំបកកង់រថយន្តម៉ាក សៃលុន ជារោងចក្រធំជាងគេ ដែលមាន​សមត្ថភាព​ផលិត​រហូត២២លានគ្រាប់ក្នុងមួយឆ្នាំ។លោក គឹន ឧត្តមមុនីស៊ីណាត នាយកប្រតិបត្តិក្រុមហ៊ុន PICG ដែលជាក្រុម​ហ៊ុន​ចែក​ចាយ​ផ្តាច់​មុខ​សំបកកង់រថយន្ត សៃលុន នៅក្នុងស្រុក បានប្រាប់ BTV ថា រោងចក្ររបស់លោក បាន​ស្រូប​ទាញ​ជ័រ​កៅស៊ូក្នុងស្រុកកើនឡើងជាលំដាប់ គឺកើនពី ៥ម៉ឺនតោនក្នុងឆ្នាំ២០២៤ ដល់ ១៥​ម៉ឺន​តោន​នៅ​ក្នុងឆ្នាំ២០២៦នេះ។លោកអះអាងថា ដោយសារ កត្តាសុខសន្តិភាព ស្ថិរភាពនយោបាយ និង​គោល​នយោបាយ​ល្អ​របស់​រាជរដ្ឋាភិបាលក្នុងការលើកទឹកចិត្តដល់វិស័យឯកជន ទើបរោងចក្ររបស់​លោក​បាន​សម្រេច​បង្កើត​រោង​ចក្រនៅកម្ពុជារហូតដល់បីនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស ឈីលូ ក្រុងស្វាយរៀង ដែល​កំពុង​ផ្តល់កា​រងារជូនប្រជាពលរដ្ឋប្រមាណ ៤ ៥០០នាក់។លោក ម៉ែន សុភក្តិ ប្រធានសមាគមអភិវឌ្ឍន៍កៅស៊ូកម្ពុជា បានបញ្ជាក់ថា ដោយសារ​គោល​នយោបាយ​គាំពាររបស់រដ្ឋាភិបាល ទៅលើអ្នកវិនិយោគ ដែលមកផលិតកែច្នៃ ផលិតផល​សម្រេច​នៅ​ក្នុង​ស្រុក ទើបនាំកម្ពុជាមានរោងចក្រផលិតសំបកកង់រថយន្តចំនួន៧ហើយ។ ក្នុងនោះ កំពុង​ដំណើរ​ការ​ចំនួន៦។ លោកជឿថា ដោយសារវត្ត​មាន​រោង​ចក្រ​ផលិត​សំបក​កង់​រថយន្ត​កាន់​តែ​ច្រើន ​ផ្ទៃដីដាំដុះកៅស៊ូនឹងកើនឡើងជាបន្តបន្ទាប់ ក្នុងរយៈពេលពីបីឆ្នាំមុខនេះ។ស្ថិតិពាណិជ្ជកម្មរបស់ក្រសួងពាណិជ្ជកម្ម បង្ហាញថា នៅក្នុងឆ្នាំ ២០២៥ ការ​នាំ​ចេញ​ផលិត​ផល​សំបក​កង់រថយន្តដែលជាផលិតផលថ្មីមួយរបស់កម្ពុជា ទៅកាន់ទីផ្សារ​អន្តរ​ជាតិ​សម្រេច​បាន​ក្នុង​ទំហំ​ទឹក​ប្រាក់ ១,៣៨ ពាន់លានដុល្លារអាម៉េរិក កើនឡើង ៥៧,៨៦% បើធៀបនឹងឆ្នាំ ២០២៤។ ក្នុងឆ្នាំ ២០២៥ តម្លៃជ័រកៅស៊ូជាមធ្យមលក់ចេញ ១ ៧៥៦ ដុល្លារ ក្នុងមួយតោន កើនឡើង ៦៣ ដុល្លារ ស្មើនឹង ៣% ធៀបនឹងឆ្នាំ ២០២៤៕ អត្ថបទ៖ ធូ វិរៈ 

ខែមករាឆ្នាំនេះ កម្ពុជានាំទំនិញទៅចិនមានទឹកប្រាក់ជាង ១៦៤លានដុល្លារ កើនជាង ៥៩ភាគរយ

2026/02/19 11:10:38 am        206
ក្នុងខែមករា ដើមឆ្នាំ២០២៦នេះ កម្ពុជានាំចេញទំនិញសំខាន់ៗចូលទីផ្សារចិន មាន​ទឹក​ប្រាក់​ប្រមាណ​ជាង ១៦៤ លានដុល្លារអាមេរិក កើនឡើងជាង ៥៩ ភាគរយ ដែលនេះបាន​បង្ហាញ​អំពី​ការ​ងើប​ឡើងវិញ ខណៈនៅក្នុងឆ្នាំ២០២៥ ការនាំចេញទៅទីផ្សារមួយនេះបាន ធ្លាក់ចុះ​ជា​បន្ត​បន្ទាប់​។  ជុំវិញការធ្វើពាណិជ្ជកម្មជាអន្តរជាតិរបស់កម្ពុជា ក្នុងនោះការធ្វើពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា-ចិន នៅ​ក្នុងឆ្នាំ២០២៥, បើ យោងតាមរបាយការណ៍របស់អគ្គនាយដ្ឋានគយ និងរដ្ឋាករកម្ពុជា ការ​ធ្វើ​ពា​ណិជ្ជ​កម្ម​នៃប្រទេសទាំងពីរ សម្រេចក្នុងរង្វង់ប្រមាណជិត ២០ ពាន់លានដុល្លារអាមេរិក កើន​ឡើង​ជិត ៣០ ភាគរយ ធៀបនិងឆ្នាំ២០២៤ ក្នុងនោះការនាំចូលពីប្រទេសចិន សម្រេចប្រមាណ ជាង ១៨ ពាន់លានដុល្លារ ខណៈការនាំចេញរបស់កម្ពុជា មានទឹកប្រាក់ប្រមាណជិត ១ ៧០០ លានដុល្លារអាមេរិកប៉ុណ្ណោះ ដោយធ្វើ ឱ្យជញ្ជីងពាណិជ្ជកម្មរវាងប្រទេសទាំងពីរនៅមានគម្លាតឆ្ងាយពីគ្នា ជាពិសេសនៅក្នុងឆ្នាំ២០២៥ ការនាំចេញរបស់កម្ពុជាទៅទីផ្សារ មួយនេះ គឺបានធ្លាក់ចុះជាបន្តបន្ទាប់។  ចំណែកក្នុងខែដំបូង ដើមឆ្នាំ២០២៦នេះ ការធ្វើពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា-ចិន មានទំហំទឹកប្រាក់ប្រមាណជាង ១ ៩០០ លានដុល្លារអាមេរិក កើនឡើងជាង ២២ ភាគរយ ក្នុងនោះការនាំចេញរបស់កម្ពុជា មានទឹកប្រាក់ជាង ១៦៤ លានដុល្លារ កើនឡើង ជាង ៥៩ ភាគរយ ខណៈការនាំចូលពីប្រទេសចិនមកកម្ពុជា មានទឹកប្រាក់ជាង ១ ៧០០ លានដុល្លារ កើនឡើងជិត ២០ ភាគរយ ធៀបរយៈពេលដូចគ្នានិងឆ្នាំ២០២៥។ ជុំវិញការនាំចេញរបស់កម្ពុជាទៅទីផ្សារចិននេះ បានបង្ហាញនូវនិន្នាការងើបឡើងវិញ តាមរយៈ ការអនុវត្តកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-ចិន ជាពិសេសការជំរុញនាំចេញកសិផលរបស់កម្ពុជា តាមពិធីសារយល់ព្រមនៃ ប្រទេសទាំងពីរ។ សូមរំលឹកថា ទំនិញសំខាន់ៗដែលនាំចេញទៅប្រទេសចិន ភាគច្រើនជាផលិតផលកសិកម្ម និងឧស្សាកម្មកែច្នៃរួមមានដូចជា៖ អង្ករ ស្វាយ ចេក ផ្លែមៀនស្រស់ ផលិតផលជលផល គ្រឿងសង្ហារឹម គ្រឿងអលង្ការ និងផលិតផលវាយនភណ្ឌកាត់ដេរមួយចំនួន។ ចំណែក ការនាំចូលពីប្រទេសចិន  ភាគច្រើនជាវត្ថុធាតុដើម សម្រាប់វិស័យកាត់ដេរ សំណង់ និងយានយន្តជាដើម។ ចំពោះទូទៅរួមមាន, គ្រឿងម៉ាស៊ីន គ្រឿងបន្លាស់ វត្ថុធាតុដើមឧស្សាហកម្ម ផលិតផលអេឡិចត្រូនិក និងទំនិញប្រើប្រាស់ផ្សេងៗទៀត៕ អត្ថបទ៖ សុន រ៉ាឌី

ឆ្នាំ២០២៥ ការវិនិយោគបរទេសផ្ទាល់នៅកម្ពុជា មានទុនសរុបប្រមាណជិត ៥ ១០០ លានដុល្លារ

2026/02/18 10:48:51 am        139
ការវិនិយោគបរទេសផ្ទាល់នៅកម្ពុជា នៅក្នុងឆ្នាំ២០២៥ មានទំហំទុនវិនិយោគសរុបប្រមាណជិត ៥ ១០០ លានដុល្លារអាមេរិក ដោយក្នុងនោះការវិនិយោគលើវិស័យកម្មន្តសាល មានភាពលេចធ្លោ ឈរក្នុងលំដាប់ទី១ ខណៈការវិនិយោគផ្នែកហិរញ្ញវត្ថុ ស្ថិតក្នុងលំដាប់ទី២។ធនាគារជាតិនៃកម្ពុជា បង្ហាញរបាយការណ៍វិនិយោគនៅក្នុងឆ្នាំ២០២៥ ដែលក្នុងនោះការវិនិយោគផ្ទាល់បរទេសនៅកម្ពុជា មានទុនវិនិយោគសរុបប្រមាណជិត ៥ ១០០ លានដុល្លារអាមេរិក មានកំណើនកើនឡើង ១៦ ភាគរយ បើធៀបទៅនិងឆ្នាំ ២០២៤ ក្នុងនោះការវិនិយោគលើវិស័យកម្មន្តសាល មានជាង ៦៩ ភាគរយ, វិស័យហិរញ្ញវត្ថុ ជិត ១២ ភាគរយ, សំណង់ ជាង ៦ ភាគរយ, ថាមពលជាង ៣ ភាគរយ, កសិកម្ម ជិត ៣ ភាគរយ, សណ្ឋាគារនិងការកម្សាន្ត ជាង ២ ភាគរយ, អចលទ្រព្យ ២ ភាគរយ, និងការវិនិយោគលើវិស័យផ្សេងៗមានជាង ៣ ភាគរយ។ចំណែកវិនិយោគិនបរទេសដែលមកវិនិយោគផ្ទាល់នៅកម្ពុជា មានសមាមាត្រច្រើនជាងគេរួមមាន៖ វិនិយោគិនមកពីប្រទេសចិន មានទុនវិនិយោគ សរុបជាង ៣ ៧០០ លានដុល្លារ ស្មើប្រមាណជិត ៧៤ ភាគរយ, សឹង្ហបុរី មានចំនួន ៣៤៧ លានដុល្លារ ស្មើជិត ៧ ភាគរយ, កាណាដា ២៣០ លានដុល្លារ ស្មើជាង ៥ ភាគរយ, ម៉ាឡេស៊ី ១៧៤ លានដុល្លារ ស្មើជាង ៣ ភាគរយ, កូរ៉េខាងត្បូង ១៦៥ លានដុល្លារ ស្មើជាង ៣ ភាគរយ និងមានបណ្តាវិនិយោគមកពីប្រទេសផ្សេងៗជាច្រើនទៀត។ជុំវិញការវិនិយោគនេះ បើយោងតាមរបាយការណ៍ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានបង្ហាញឱ្យដឹងថា នៅក្នុងបំណាច់ឆ្នាំ ២០២៥, ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបានអនុម័តគម្រោងវិនិយោគសរុប មានចំនួន ៦៣០ មានទំហំទុនវិនិយោគប្រមាណជាង ១០ ពាន់លានដុល្លារអាមេរិក កើនឡើង ៥២ ភាគរយ បើធៀបនិងឆ្នាំ២០២៤ ក្នុងនោះគម្រោងវិនិយោគដែលមានទីតាំងស្ថិតនៅក្រៅ តំបន់សេដ្ឋកិច្ចពិសេស មានចំនួន ៣៨៧ និងគម្រោងវិនិយោគដែលមានទីតាំងស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស មានចំនួន ២៤៣ គម្រោង៕អត្ថបទ៖ សុន រ៉ាឌី

ប្រធាន​សមាគម​អ្នក​ចិញ្ចឹមសត្វ៖ តម្រូវការផ្គត់ផ្គង់ជ្រូករស់ក្នុងឱកាសចូលឆ្នាំចិន-វៀតណាម​នឹង​ហក់​​ឡើង​​ដល់ ១,២ម៉ឺនក្បាលក្នុងមួយថ្ងៃ

2026/02/17 04:03:18 pm        377
នៅក្នុងរដូវបុណ្យចូលឆ្នាំថ្មីប្រពៃណីចិន-វៀតណាម ក្នុងឆ្នាំនេះ តម្រូវការផ្គត់ផ្គង់ជ្រូករស់លើទីផ្សារ នឹងហក់ឡើងពីប្រមាណ ១ម៉ឺនដល់ ១,២ពាន់ក្បាលក្នុងមួយថ្ងៃ កើនឡើងប្រមាណ ២០ភាគរយ ខណៈ​ដែលតម្លៃសាច់ជ្រូកនៅលើទីផ្សារ នឹងអាចហក់ឡើងបន្តិចបន្ទូច បើធៀបទៅនិងថ្ងៃធម្មតា។លោក ស្រ៊ុន ពៅ ប្រធានសមាគមអ្នកចិញ្ចឹមសត្វនៅកម្ពុជា បាន​ថ្លែង​ប្រាប់​ភ្នាក់ងារ​អ្នក​យក​ព័ត៌មាន ​ស្តីពីកា​រចិញ្ចឹម និងការផ្គត់ផ្គង់ជ្រូករស់ មាន់ និង​ការ​ផ្គត់ផ្គង់​សាច់​នៅ​ក្នុង​ឱកាស​បុណ្យ​ចូល​ឆ្នាំថ្មី​ប្រពី​ណៃចិន-វៀតណាម នេះថា ជុំវិញមុខរបរចិញ្ចឹមសត្វឃើញថា នៅ​ក្នុង​រយៈ​ពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយនេះ ការចិញ្ចឹមជ្រូកមានការវិវត្តន៍រីកចម្រើនយ៉ាងខ្លាំង ក្នុង​នោះ​ក្រៅ​ពី​ការ​ចិញ្ចឹម​ជា​លក្ខណៈ​គ្រួសារ កម្ពុជាក៏មានកសិដ្ឋានចិញ្ចឹមបែបឧស្សាហកម្មជាច្រើនកន្លែង ប្រកប​ដោយ​ស្តង់​ដារ ឆ្លើយតបដល់ការផ្គត់ផ្គង់ក្នុងស្រុក និងនាំចេញ។លោកបន្តថា ចំពោះការផ្គត់ជ្រូករស់ និងសាច់ជ្រូកលើទីផ្សារវិញឃើញថា នៅប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ ​កម្ពុជាបានផ្គត់ផ្គង់តម្រូវ សាច់លើទីផ្សារ ជាពិសេសសាច់ជ្រូក និងមាន់ជាដើម បាន​ឆ្លើយ​តប​គ្រប់​គ្រាន់​ទៅ​និងតម្រូវការទីផ្សារ គឺបានជំនួសការនាំចូលទាំងស្រុង ជាក់ស្តែងការ​ផ្គត់​ផ្គង់​ជ្រូក​រស់​ថ្ងៃ​ធម្មតា​ មានតម្រូវការក្នុងរង្វង់ ៩ពាន់ទៅ ១ម៉ឺនក្បាល ដោយ​ឡែក​នៅ​ក្នុង​រដូវ​បុណ្យ​ចូល​ឆ្នាំ​ថ្មី​ប្រពៃណី ចិន និងវៀតណាម នៅក្នុងឆ្នាំ២០២៦ តម្រូវការជ្រូករស់អាចហក់ឡើងពី ១ ម៉ឺន ដល់ ១,២ ម៉ឺនក្បាល ចំណែកតម្លៃសាច់នៅលើទីផ្សារ អាចប្រែប្រួលបន្តិចបន្ទួច ស្រប​ពេល​តម្លៃ​មាន់​កសិកម្ម ​លក់ទៅឱ្យឈ្មួញកណ្តាល (មាន់រស់) បានធ្លាក់ថ្លៃយ៉ាងគំហុក ដោយក្នុង១គីឡូ ក្រាម មាន​តម្លៃមិ​នដល់ ៤ ពាន់រៀលនោះឡើយ។ឯកឧត្តម តាន់ ផាន់ណារ៉ា ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាអគ្គនាយក នៃអគ្គ​នាយក​ដ្ឋាន​សុខភាព​សត្វ និងផលិតកម្មសត្វ លើកឡើងឱ្យដឹងក្នុងពេលថ្មីៗនេះថា ក្នុងឆ្នាំ២០២៥, កម្ពុជា​មាន​សត្វសរុបចំនួនជិត ៦៩ លានក្បាល ក្នុងនោះជ្រូកមានចំនួនជាង ៤,៦ លានក្បាល កើន​ឡើង​ជាង ១៤% ធៀបនឹងឆ្នាំ២០២៤ ចំណែកបក្សី មានចំនួនជិត ៦១ លានក្បាល ថយចុះ ១,៣% ធៀបនឹង ឆ្នាំ២០២៤។ ទន្ទឹមនឹងនេះ កម្ពុជាអាចផ្គត់ផ្គង់សាច់បានចំនួន ៩៨% ស្មើនឹង ៣៣១ ពាន់តោន ដែលតម្រូវការជាក់ស្តែងចំនួន ៣៣៨ ពាន់តោន។ តាមការគណនាតម្លៃសត្វ និង​ផលិត​ផលសត្វនេះ មានតម្លៃប្រមាណជា ១ ៨០៦ លានដុល្លារ ក្នុងនោះតម្លៃផលិតផលសត្វ នៅ​សត្តឃាតដ្ឋាន ប្រមាណជា ១ ៣៦០ លានដុល្លា ស៊ុតបក្សី និងទឹកដោះប្រមាណជា ២០៣ លាន​ដុល្លារ និងបាននាំចេញសត្វ និង ផលិតផលសត្វបានប្រមាណជា ២៤៣ លានដុល្លារ៕ អត្ថបទ៖ សុន រ៉ាឌី

អ្នកជំនាញជាតិ-អន្តរជាតិ លើកទឹកចិត្តដល់សហគ្រិនក្នុងស្រុកចាប់យក AI ប្រើ​ប្រាស់​ក្នុង​អាជីវកម្ម

2026/02/16 02:28:13 pm        364
អ្នកជំនាញជាតិ-អន្តរជាតិ ជំរុញលើកទឹកចិត្តដល់សហគ្រិនក្នុងស្រុក ចាប់​យក​បញ្ញា​សិប្ប​និម្មិត​(Ai)​ ប្រើប្រាស់ក្នុងការងារ និងអាជីវកម្ម ដើម្បីបង្កើនផលិតភាពលើផលិតកម្មឱ្យអស់សក្តានុពល និង​ជំរុញដោយនវានុវត្តន៍ ស្របពេលទីផ្សារក្នុងស្រុកកំពុងមាន តម្រូវការ។លោក​បណ្ឌិត កែន បៃ (Ken Bay) អ្នកជំនាញអន្តរជាតិ និងជានាយកដៃគូយុទ្ធសាស្រ្ត Cell Entrust Bio លើកឡើងក្នុងការចូល រួមជាវាគ្មិន ក្នុង​វេទិកា​ជំនួប​សហគ្រិន​ជំរុញ​សេដ្ឋកិច្ច​ឆ្នាំ​២០២៦​ ក្រោម​ប្រធានបទ៖ (ភាពជាអ្នកដឹកនាំសហគ្រិនសម័យឌីជីថល ២០២៦) (រៀបចំ​ដោយ​​សមាគម​សហគ្រិនវីម៉ូកម្ពុជា) នៅចុងសប្តាហ៍កន្លងមកថា ពិភព​លោក​បាន​កំពុង​ដើរ​តាម​បរិបថ​ ៤.០ និង បានប្តូរផ្លាស់បច្ចេវិទ្យាឌីជីថលសម្រាប់សេដ្ឋកិច្ច-សង្គម ដើម្បី​បម្រើ​ដល់​មនុស្ស​ជាតិ​ទូទៅ​ដូចជា សម្រាប់អ្នកសិក្សាស្រាវជ្រាវ សម្រួល ក្នុងវិស័យការងារ និងការទំនាក់ទំនង អាជីវកម្ម និងពាណិជ្ជកម្មជាដើម។លោកបណ្ឌិត បន្តថា ក្នុងរបត់ឧស្សាហកម្ម៤.០នេះ បាននិងកំពុងបន្តវិវត្តន៍រីកម្រើនឥតឈប់ឈរ ជាក់​ស្តែងនៅក្នុងរយៈពេល ប៉ុន្មានឆ្នាំចុងក្រោយនេះ បច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត Ai បាន​កំពុង​ពុះកញ្ជោល​ឡើង, ដោយបច្ចេកវិទ្យា Ai នេះ ចាត់ទុកជាអ្នកជំនួយ ការដ៏ពិសេស ជួយសម្រួល​ដល់​ការ​ងារ ការគ្រប់គ្រង និងការជួយរៀបចំផែនការអភិវឌ្ឍន៍ជាដើម ខណៈបច្ចុប្បន្ន​ពិភព​លោក​កំពុង​ត្រូវ​ការប្រព័ន្ធដ៏ឆ្លាតវៃមួយនេះ។លោកបណ្ឌិត ខាត់ បូរ៉ា អ្នកជំនាញក្នុងស្រុក លើកឡើងផងដែរថា ជុំវិញបច្ចេកវិទ្យាឌីជីថលនេះ សម្រាប់​កម្ពុជាបាននិងកំពុងក្តោប យកប្រើប្រាស់ទាំងស្ថាប័នរដ្ឋនិងវិស័យឯកជន ហើយលោក​បណ្ឌិត​រំពឹង​ថានៅថ្ងៃខាងមុខ ការប្រើប្រាស់បច្ចេកវិទ្យាឌីជីថល ជាពិសេស បញ្ញាសិប្បនិម្មិត Ai កាន់​តែរី​កចម្រើនថែមទៀត ជួយសម្រួលដល់ប្រតិបតិការផ្សេងៗស្រួលជាងមុន។ ចំណែក​ទាក់​ទង​ធុរកិច្ច​វិញ, វិស័យនេះនឹងសម្រួលគ្រប់ដំណោះស្រាយនៅការអាជីកម្ម ពាណិជ្ជកម្ម និង​ការ​វិនិយោគ​ តែទោះបីយ៉ាងណាប្រព័ន្ធបច្ចេកវិទ្យាក៏អាច បង្កជាហានីភ័យមកវិញផងដែរ ដែលទាម​ទារ​ឱ្យ​មានការប្រុងប្រយ័ត្នខ្ពស់ លើការទប់ស្កាត់ដែលកើតឡើយដោយប្រការណាមួយ។លោក​បណ្ឌិត សួន ម៉ិ ប្រធានសមាគមសហគ្រិនវីម៉ូកម្ពុជា លើកឡើងថា ទាក់ទិនការធ្វើអាជីវកម្ម សហគ្រិនក្នុងស្រុកបាននិងកំពុង ចាប់យកបច្ចេកវិទ្យាឌីជីថល នៅក្នុងការងារអាជីវកម្មរបស់គាត់ ប៉ុន្តែ​ការប្រើប្រាស់បញ្ញាសិប្បនិម្មិត Ai ឃើញថា នៅមានកម្រិតនៅ ឡើយ ដែលបញ្ហា​នេះ​សូម​ឱ្យ​ម្ចាស់​អាជីវកម្ម និងសហគ្រិនក្នុងស្រុកទាំងអស់ ក្តោបយកបញ្ញាសិប្បនិម្មិត Ai បន្ថែមទៀត នៅ​ក្នុង​កិច្ច​ដំណើរការអាជីវកម្ម ដើម្បីឈានទៅរកភាពប្រកួតប្រជែង និងភាពរីក​ចម្រើន​ក្នុង​អាជីវកម្ម​។ដោយឡែកបណ្ឌិត ចូណាថាន់ ជូ (Jonathon Chua) នាយក​ប្រតិបត្តិ​នៃ​ការ​តភ្ជាប់​អាជីវ​កម្ម​អាស៊ី ​លើកឡើងផងដែថា ប្រព័ន្ធបច្ចេកវិទ្យាបានធ្វើឱ្យពិភពលោកនៅក្នុងចង្កោមតែមួយ នៃ​សុខ​ដុម​រមនីយ៍​កម្មក្នុងប្រតិបត្តិការឆ្លងដែន ដោយមិនត្រឹមតែនៅក្នុង ប្រតិបត្តិការ​ពាណិជ្ជក​ម្ម​ប៉ុណ្ណោះ​ទេ បច្ចុប្បន្នប្រទេសមួយចំនួនបាននិងកំពុងតភ្ជាប់នៃការទូទាត់រូបិយប័ណ្ណ ដែល​ផ្តល់​ភាព​កាន់តែ​ងាយ​ស្រួលដល់លំហូរសាច់ប្រាក់ ជាពិសេស​ការ​ផ្តល់​ភាព​ងាយ​ស្រួល​ក្នុង​វិស័យ​ទេសចរណ៍​ជា​ដើម​៕ ​អត្ថបទ៖ សុន រ៉ាឌី

៤ឆ្នាំចុងក្រោយនេះក្រុមហ៊ុនធ្វើអាជីវកម្មរ៉ែមាសចម្រាញ់មាសបាន ១៨តោន ខណៈ​រ៉ែផ្សេងៗ​កំពុង​ក្លាយ​ជាប្រភពចំណូលថ្មី

2026/02/15 01:21:16 pm        206
គិតត្រឹមរយៈពេល៤ឆ្នាំចុងក្រោយនេះ ក្រុមហ៊ុនធ្វើអាជីវកម្មចម្រាញ់រ៉ែមាសនៅកម្ពុជា ចម្រាញ់​មាស​បាន​ប្រមាណ ១៨តោន ដោយវិស័យនេះកំពុងដើរយ៉ាងសំខាន់ ខណៈ​ដែល​វិស័យ​រ៉ែ​ផ្សេង​ៗ​ទៀត ​បាននិងកំពុងជាប្រភពចំណូលថ្មីរបស់ជាតិ តាមរយៈការបង្កើន ចំណូលចូលថវិកាជាតិ និង​ការ​បង្កើតការងារជូនប្រជាពលរដ្ឋជាដើម។  ឯកឧត្តម អ៊ឹង ឌីប៉ូឡា អគ្គនាយកនៃអគ្គនាយកដ្ឋានធនធានរ៉ែ ក្រសួងរ៉ែ និងថាមពល លើក​ឡើង​នៅ​ក្នុង​ពិព័រណ៍ផលិតផល រ៉ែឆ្នាំ២០២៦ នេះថា ជុំវិញវិស័យរ៉ែនេះ កម្ពុជាកំពុង​ទទួល​បាន​ការ​ធ្វើ​អាជីវកម្ម​ធន​ធានរ៉ែគ្រប់ប្រភេទរួមមាន រ៉ែមាស រ៉ែដែក ស៊ីម៉ងត៍ ថ្មសំណង់ ថ្មអារ ខ្សាច់ ដីក្រហម អាចម៍ដី និងរ៉ែផ្សេងៗទៀត ក្នុងនោះគិតត្រឹមបំណាច់ឆ្នាំ២០២៥, វិស័យនេះ​មាន​ទុន​វិនិយោគ​សរុបជិត ៣ពាន់លានដុល្លារអាម៉េរិក និងបានបង្កើតការងារដោយផ្ទាល់ប្រមាណ ១២ពាន់កន្លែង ដោយ​ប្រជាពលរដ្ឋខ្មែរប្រមាណ ១១ ពាន់កន្លែង ស្មើនឹង ៩៥%។ចំណែកទាក់ទិនចំណូលវិញ, កម្ពុជាបានប្រមូលចំណូលមិនមែន​សារ​ពើ​ពន្ធ​ពី​វិស័យ​រ៉ែ​នៅ​ក្នុង​រយៈ​ពេល​១០​ឆ្នាំ​ចុងក្រោយនេះ មានការកើនឡើងគួរឱ្យកត់សម្គាល់ ក្នុងនោះការប្រមូល​ចំណូល​ពី​វិស័យ​នេះ ​បានកំណើនពីជាង ១៣ លានដុល្លារអាម៉េរិក នៅក្នុងឆ្នាំ ២០១៦ ដល់ជាង ១៣៥ លាន​ដុល្លារអាម៉េរិក នៅក្នុងឆ្នាំ២០២៥ ខណៈដែលរ៉ែមាសបាននិងកំពុងលេចធ្លាជាងគេ ជាក់​ស្តែង​គិត ត្រឹមរយៈពេល៤ឆ្នាំចុងក្រោយនេះ ក្រុមហ៊ុនដែលធ្វើអាជីវកម្មចម្រាញ់រ៉ែមាសនៅកម្ពុជា ចម្រាញ់​មាសបានប្រមាណ ១៨ តោន ពោល គឺវិស័យរ៉ែ បានចូលរួម​យ៉ាង​សកម្ម​ក្នុង​ការ​អភិវឌ្ឍ​ប្រទេស ដែលបានលើកកម្ពស់ខឿនសេដ្ឋកិច្ចក្លាយជាប្រភពចំណូលថ្មីរបស់ជាតិ។ឯកឧត្តម កែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល លើកឡើងថា ប្រតិបត្តិការធនធានរ៉ែ បាន​ចូល​រួម​ចំណែក​អភិវឌ្ឍន៍ សហគមន៍មូលដ្ឋាន តាមរយៈមូល​និធិ​រ៉ែសម្រាប់​ទ្រទ្រង់​កិច្ច​អភិវឌ្ឍន៍​សហគមន៍​មូលដ្ឋាន ដែលផ្ដួចផ្ដើមបង្កើតឡើងដោយក្រសួងរ៉ែ និង ថាមពល ក្នុងគោលបំណង​បង្កើត​ឱ្យ​មានសុខដុមនីយកម្មក្នុងតំបន់ប្រតិបត្តិការធនធានរ៉ែ ក្នុងនោះចាប់ពីឆ្នាំ២០១៥ រហូត​ដល់​ឆ្នាំ២០២៥ គម្រោងអភិវឌ្ឍន៍សហគមន៍មូលដ្ឋាន មានចំនួន ១១៧ គម្រោង (រួមមាន​សាលា​រៀន​ ផ្លូវដីក្រហម ផ្លូវបេតុង ស្ពាន ប្រព័ន្ធធារាសាស្ត្រ អំពូលសូឡា ស្រះទឹកសហគមន៍ អណ្ដូង​ទឹក​ជា​ដើម​)។ គម្រោងទាំងនេះត្រូវបានអនុវត្តបញ្ចប់តាមបណ្តាឃុំ/សង្កាត់ ដែលមានប្រតិបត្តិការ​ធន​ធាន​រ៉ែ​ទូទាំង​ប្រទេស និងគម្រោងចំនួន២០ កំពុងបន្តអនុវត្តដែលប្រើប្រាស់​ថវិកា​មូល​និធិ​រ៉ែ​ប្រមាណ ​១០ លានដុល្លារអាម៉េរិក៕ អត្ថបទ៖ សុន រ៉ាឌី

ក្រុមសហគ្រិន សាទរចំពោះ«យុទ្ធនាការផលិតផលជាតិ»​ស្របពេលមានសន្ទុះគាំទ្រ និង​ប្រើ​ប្រាស់​ផលិត​ផលជាតិ

2026/02/15 09:43:02 am        156
ក្រុមសហគ្រិន បានអបអរសាទរចំពោះ «យុទ្ធនាការផលិតផលជាតិ #MadeInCambodia» របស់​ក្រសួងពាណិជ្ជកម្ម ដែលត្រូវបានសម្ពោធបើក នៅព្រឹកថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៦នេះ។ កម្មវិធី​នេះរៀបចំឡើង នៅផ្សារទំនើប ជីបម៉ុង២៧១ មេហ្គាម៉ល រាជធានីភ្នំពេញ។ តាម​រយៈ​យុទ្ធ​នាកា​រ​នេះ ក្រុមសហគ្រិន រំពឹងថា ផលិតផលរបស់ពួក​គាត់​នឹង​កាន់​តែ​មាន​សន្ទុះ​គាំទ្រ​ខ្លាំង​ឡើង ​ស្រប​ពេលមានសន្ទុះកើនឡើងយ៉ាងខ្លាំងពីសំណាក់ប្រជាជន ងាកមកគាំទ្រ ប្រើប្រាស់ និង​ផ្តល់​តម្លៃ​ដល់​ផលិតផលជាតិ។ លោកជំទាវ ចម និម្មល រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម បានប្រកាសបើកសម្ពោធ «យុទ្ធ​នាកា​រ​ផលិត​ផល​ជាតិ​ #MadeInCambodia» នៅព្រឹកនេះថា យុទ្ធនាការនេះ នឹងរៀបចំ​ឡើង​មាន​រយៈ​ពេល​មួយ​ឆ្នាំ​ពេញ ក្នុងគោលបំណង​ផ្សព្វ​ផ្សាយ​ឱ្យ​បាន​កាន់​តែទូ​លំទូលាយ​បន្ថែម​ទៀត​នូវ​ភាព​សម្បូរ​បែប​នៃ​ ផលិតផលជាតិ ជូនដល់អតិថិជន និងអ្នកប្រើប្រាស់ និងធ្វើឱ្យម៉ាក​ផលិត​ផល​ជាតិ​មាន​ភាព​លេច​ធ្លោ។លោកជំទាវ ចម និម្មល ថ្លែងទៀតថា «យុទ្ធនាការផលិតផលជាតិ #MadeInCambodia» នឹង​រុញ​ច្រាន​នូវស្មារតីស្រលាញ់ផលិតផលជាតិកាន់តែខ្លាំងក្លាឡើង ជាពិសេស ការជំរុញ​ការ​នាំ​ចេញ​ផលិត​ផល​នៅនឹងកន្លែង ដើម្បីរកទីផ្សារជូនម្ចាស់សហគ្រាស និងប្រជាកសិករ។សហគ្រិន​ដែល​បានចូលរួមតាំងបង្ហាញផលិតផលនៅក្នុងកម្មវិធី «យុទ្ធនាការផលិតផលជាតិ #MadeInCambodia» នៅព្រឹកនេះ បានគាំទ្រយ៉ាងពេញទំហឹងចំពោះយុទ្ធនាការនេះ ដោយ​ពួក​គាត់រំពឹងថា នឹងជួយផ្សព្វ​ផ្សាយ​ផលិត​ផល​របស់​ពួក​គាត់​កាន់​តែ​ទូលំ​ទូលាយ​ទៅ​កាន់​អ្នក​ប្រើ​ប្រាស់​។ក្រុមសហគិ្រនទាំងនោះ បានលើកឡើងថា សព្វថ្ងៃនេះ ផលិតផលក្នុងពិតជាមានការគាំទ្រជាខ្លាំង បន្ទាប់​ពីប្រជាពលរដ្ឋធ្វើពិហកាទំនិញថៃ។ ការគាំទ្រនេះ ក៏ព្រោះតែ រាជរដ្ឋាភិបាល ក៏ដូចជា ក្រសួង​-ស្ថាប័នពាក់ព័ន្ធ បានជួយជ្រោមជ្រែងក្នុងការជួយរកទីផ្សារ និងបង្កើន​ការ​ផ្សព្វ​ផ្សាយ​ផលិត​ផលរបស់​ទៅកាន់ប្រជាពលរដ្ឋ។ ឆ្លៀតក្នុងឱកាសនេះ ពួកគាត់ អំពាវនាវដល់ប្រជាពលរដ្ឋ ឱ្យ​បន្តគាំផលិតផលរបស់ពួកគាត់ឱ្យបន្ថែមទៀត ដើម្បីបង្កើតការងារ និងរក​ប្រាក់​ជូន​ប្រជា​កសិករ​។ក្រសួងពាណិជ្ជកម្ម ក្នុងនាមជាសេនាធិការរបស់រាជរដ្ឋាភិបាល បានខិតខំ​ចូល​រួម​អនុវត្ត​យុទ្ធ​សាស្ត្រ​បញ្ច​កោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា និង​កម្ម​វិធី​នយោបាយ​សម្រាប់ការកសាង និងការពារមាតុភូមិឆ្នាំ២០២៣-២០២៨ ជាពិសេស ក្នុង​ការ​បន្ត​ពង្រឹង ​ការគ្រប់គ្រងទីផ្សារ ការអភិវឌ្ឍខ្សែច្រវាក់តម្លៃ និងផ្គត់ផ្គង់ ការជំរុញការ​ប្រើ​ប្រាស់​ផលិត​ផល​​ខ្មែរ​នៅទីផ្សារ ក្នុងស្រុក ដើម្បីផ្សារភ្ជាប់រវាងអ្នកដាំដុះ អ្នកផលិត អ្នកកែច្នៃ អ្នកប្រមូលទិញ៕ អត្តបទ៖ ធូ វិរៈ

មន្រ្តីជាន់ខ្ពស់នៃអគ្គនាយកដ្ឋានគយ៖ ការបន្តបិទព្រំដែនដោយឯកតោភាគីរបស់ថៃ មិន​បង្កឱ្យ​កម្ពុជា​ខ្វះខាតស្បៀងនោះទេ

2026/02/13 01:31:47 pm        225
គិតចាប់ពីខែមិថុនា ឆ្នាំ២០២៥ រហូតមកដល់បច្ចុប្បន្ននេះ ការ​បន្ត​បិទ​ព្រំដែន​ដោយ​ឯក​តោ​ភាគី​របស់​ថៃ មិនបង្ក​ឱ្យ​កម្ពុជាខ្វះខាតស្បៀងនោះទេ ជាពិសេសការបិទមិនឱ្យនាំចូលប្រេងឥន្ធនៈ និង​ឧស្ម័ន​ពី​ប្រទេស​ថៃ​ក៏កម្ពុជាអាចនាំចូលពីប្រទេសដទៃអាចផ្គត់ផ្គង់ទីផ្សារកម្ពុជាបានជាធម្មតា។ នេះ​បើ​តាម​ការបញ្ជាក់របស់មន្រ្ដីជាន់ខ្ពស់នៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា។ ថ្លែងនៅក្នុងសន្និសីទសារព័ត៌មាន ក្រោយចប់​កិច្ច​ប្រជុំ​បូកស​រុប​លទ្ធផល​ការ​ងារ​របស់​អគ្គ​នាយក​ដ្ឋាន​គយ ​និងរដ្ឋាករកម្ពុជា ប្រចាំឆ្នាំ២០២៥ និងលើកទិសដៅការងារឆ្នាំ២០២៦ នៅថ្ងៃទី១២ ខែ​កុម្ភៈ​នេះ ​ឯកឧត្តមបណ្ឌិត គុណ ញឹម រដ្ឋមន្ដ្រីប្រតិភូអមនាយករដ្ឋមន្ដ្រី និងជាអគ្គនាយក នៃ​អគ្គ​នាយក​ដ្ឋា​​នគយ និងរដ្ឋាករកម្ពុជា មានប្រសាសន៍ថា ការបិទព្រំដែនផ្លូវគោកជាមួយប្រទេសថៃ គឺ​មិន​បាន​បង្ក​ផលប៉ះពាល់ដល់ការផ្គត់ផ្គង់ទំនិញក្នុងប្រទេសកម្ពុជាទេ ជាការពិតទំនិញ​ដែល​នាំ​ចូល​ពី​ប្រទេស​ថៃ​មក​កាន់កម្ពុជា បន្តមានការធ្លាក់ចុះខ្លាំង។ទាក់ទងនឹងការលើកឡើងរបស់មហាជន ជុំវិញការបន្តមាននាំចូល​ផលិត​ផល​ថៃ​មក​​ទីផ្សារ​ប្រទេស​កម្ពុជា ​ឯកឧត្តមបណ្ឌិត គុណ ញឹម បានឱ្យដឹងថា ភាគច្រើននៃទំនិញទាំងនោះ គឺជា​ទំនិញ​ប្រភេទ​ឧបករណ៍ បរិក្ខា ដែលបម្រើដល់ឧស្សាហកម្ម និងកសិកម្ម រួមប្រភេទគ្រឿង​ចក្រ​កសិកម្ម ដូចជាត្រាក់ទ័រ និងម៉ាស៊ីនច្រូតជាដើម។ ព្រម​ទាំង​ទំនិញ​មួយ​ចំនួន​ទៀត​ដែល​ជា​ធាតុ​ចូលរ​បស់​ឧស្សាហកម្មធុនធំមួយចំនួន សម្រាប់បម្រើផលិតកម្មរបស់ក្រុមហ៊ុនជប៉ុន និង​ទំនិញ​មួយ​ចំនួន​ទៀត គឺប្រភេទគ្រឿងបង្គុំសម្រាប់ថែទាំផលិតកម្មរបស់ក្រុមហ៊ុនដំឡើងរថយន្ត និង​ម៉ូតូ​មួយ​ចំ​នួន។ឯកឧត្តមបណ្ឌិត គុណ ញឹម បានបញ្ជាក់ថា ទំនិញដែលនាំចូលសម្រាប់ការប្រើប្រាស់ប្រចាំថ្ងៃ គឺ​មាន​ការ​ថយចុះប្រមាណ ៦០ ភាគរយ ស្របពេលទំនិញដែលហាមឃាត់ដូចជា ប្រេងឥន្ទនៈ បន្លែ ផ្លែ​ឈើ បានធ្លាក់ចុះដល់សូន្យភាគរយដោយសារចលនាពហិការ បាន​ធ្វើ​ឱ្យ​ទំនិញ​ដែ​ល​នាំ​ចូល​មក​ហើយ ​លក់មិនចេញត្រូវបាននាំចេញទៅវិញ ហើយទំនិញខ្លះទៀត នឹងត្រូវដុតកម្ទេចចោល ដោយ​សារ​ហួសសុពលភាពប្រើប្រាស់។យោងតាមរបាយការណ៍អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បានឱ្យដឹងថា គិតត្រឹមឆ្នាំ២០២៥ ការ​ប្រមូលចំណូលពន្ធរបស់កម្ពុជា សម្រេចបានលើសផែនការគ្រោងទុក ដែលគិតជា​ទឹក​ប្រាក់​ចំនួន​សរុប ១២,៧៦១ ប៊ីលានរៀល (១២ ៧៦០ ៥០៥លានរៀល) ស្មើនឹងប្រមាណ ៣,១៨១​លាន​ដុល្លារ មានការកើនឡើងចំនួន ២១ភាគរយ ប្រៀបធៀបទៅនឹងឆ្នាំ២០២៤ សម្រេច​បាន​ចំនួន​ ១០,៥៤២ ប៊ីលានរៀល (១០ ២៤៨ ៥៦៩លានរៀល) ស្មើនឹងប្រមាណ ២,៥៩០​លាន​ដុល្លារ​៕ អត្ថបទ៖ ឈិត បូរ៉ាវី 

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

លោក Vance៖ អ៊ីរ៉ង់នឹងអនុញ្ញាតឲ្យ​អធិការកិច្ចនុយក្លេអ៊ែររបស់ UN ចូលប្រទេស​វិញ
06/22/2026 07:06 PM
សាជីវកម្ម DFC និងក្រុមហ៊ុន OCIC ចុះហត្ថលេខាផ្តល់ហិរញ្ញប្បទានយុទ្ធសាស្ត្រចំនួន ១០០លានដុល្លារអាម៉េរិក សម្រាប់អាកាសយានដ្ឋានអន្តរជាតិតេជោ
06/22/2026 07:06 PM
វៀតណាមគាំទ្រដំណោះស្រាយដោយសន្តិវិធីលើបញ្ហាព្រំដែនកម្ពុជា-ថៃ និងបន្តពង្រឹងកិច្ចសហប្រតិបត្តិការយោធាជាមួយកម្ពុជា
06/22/2026 06:06 PM
ចិនបញ្ជាក់​ថា នាវាផ្ទុកយន្តហោះ Liaoning បញ្ចប់សមយុទ្ធជាង ៤០ថ្ងៃ
06/22/2026 06:06 PM
លោក Zelensky៖ អ៊ុយក្រែននឹងសម្រេចថា តើអ្នកណាតំណាងឲ្យ​អឺរ៉ុប នៅក្នុងកិច្ចចរចាជាមួយរុស្ស៊ី
06/22/2026 06:06 PM
អ៊ីរ៉ង់ បញ្ជាក់​ថា បានធ្វើ «ការពិភាក្សាខ្លីៗ» ជាមួយសហរដ្ឋអាមេរិក ជុំវិញ​បញ្ហានុយក្លេអ៊ែរ
06/22/2026 06:06 PM
ចក្រភពអង់គ្លេសនឹងមើលឃើញនាយករដ្ឋមន្រ្តីទី ៧ ក្នុងរយៈពេល ១០ឆ្នាំ
06/22/2026 06:06 PM
កូកាអ៊ីនច្រើនបំផុតមិនធ្លាប់មាន ត្រូវរឹបអូសនៅអូស្រ្តាលី ក្រោយនគរបាលវាយឆ្មក់លេណដ្ឋានក្រោមដី
06/22/2026 06:06 PM
រូបិយវត្ថុធ្លាក់ថ្លៃ និងការបង្រ្កាបទិដ្ឋាការ បង្ខំឲ្យនិស្សិតឥណ្ឌាគិតឡើងវិញពីការសិក្សានៅក្រៅប្រទេស
06/22/2026 06:06 PM
ជនសង្ស័យ ២នាក់ ត្រូវបានចាប់ខ្លួន ក្រោយមនុស្ស ៣នាក់ បានស្លាប់ក្នុងហេតុការណ៍បាញ់ប្រហារនៅសាលាហ្វីលីពីន
06/22/2026 06:06 PM