ក្រសួងកសិកម្ម ចុះអនុស្សរណៈយោគយល់គ្នា​ជាមួយបណ្តាធនាគារដៃគូ ដើម្បី​ផ្តល់​កម្ចី​ក្នុង​អត្រា​ការ​ប្រាក់​ទាប​ដល់កសិករ
ឆមាសទី១ឆ្នាំនេះ ការដោះដូរពាណិជ្ជកម្មអន្តរជាតិ​របស់​កម្ពុជា​មាន​ទំហំ​ទឹក​ប្រាក់​ជាង​៣១​ពាន់​លាន​ដុល្លារ
ឯកឧត្តម ស៊ុន ចាន់ថុល អំពាវនាវដល់ម្ចាស់រោងចក្រសូមរក្សាភាពស្ងាត់ស្ងៀម និង​ជឿជាក់​លើរាជរដ្ឋាភិបាលដែលកំពុងខិតខំប្រឹងប្រែង
កម្ពុជាកំពុងបន្តស្វែងរកទីផ្សារថ្មីៗ ដើម្បីពង្រីកទីផ្សារនាំចេញបន្ថែម

សេដ្ឋកិច្ច និង កសិកម្ម

អាល្លឺម៉ង់ ជួយលើកកម្ពស់ការតភ្ជាប់បណ្តាញ និងការផ្គត់ផ្គង់អគ្គិសនីជនបទ

2022/06/02 02:09:36 pm        481
ភ្នំពេញ៖ រដ្ឋាភិបាលអាល្លឺម៉ង់ សន្យាផ្តល់ឥណទានសម្បទានចំនួន ៣០ លានអឺរ៉ូ សម្រាប់គម្រោងប្រសិទ្ធភាពថាមពល នៃគម្រោងផ្គត់ផ្គង់អគ្គិសនីជនបទដំណាក់កាលទី II ដើម្បីបង្កើន និងគាំទ្រឱ្យបានទូលំទូលាយ នូវប្រសិទ្ធិភាពថាមពល និងការផ្គត់ផ្គង់ថាមពលនៅតាមទីជនបទនៅក្នុងប្រទេស។ កិច្ចព្រមព្រៀងហិរញ្ញប្បទានសហប្រតិបត្តិការ នេះត្រូវបានចុះហត្ថលេខាដោយ ឯកឧត្តម ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ​ឧបនាយករដ្ឋមន្រ្តី ​រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងឯកឧត្តម Christian Berger ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព​នៃសាធារណរដ្ឋ​សហព័ន្ធអាល្លឺម៉ង់ប្រចាំនៅកម្ពុជា នៅថ្ងៃទី ៣១ខែឧសភា ឆ្នាំ២០២២។ក្រោមកិច្ចព្រៀងក្របខ័ណ្ឌនេះ រដ្ឋាភិបាលសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ សន្យាផ្តល់ឥណទាន​សម្បទានមួយថ្មីទៀត ចំនួន ៣០លានអឺរ៉ូ សម្រាប់គម្រោងប្រសិទ្ធភាពថាមពលសម្រាប់ការផ្គត់ផ្គង់​អគ្គិសនី​ជនបទ II ដែលការងារនេះ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នឹងចុះហត្ថលេខាលើកិច្ច​ព្រម​ព្រៀង​ឥណទានសម្បទាន​ ជាមួយ​ធនាគារ​អភិវឌ្ឍន៍អាល្លឺម៉ង់ ​(KfW) នៅពេលក្រោយ បន្ទាប់​ពី​សិក្សាលម្អិតត្រូវបានធ្វើរួចរាល់។គម្រោងថ្មីនេះ គឺជាការបន្តគាំទ្រផ្ដល់​ឥណទានសម្បទានបន្ថែម ​សម្រាប់គម្រោងប្រសិទ្ធភាព​ថាមពល​សម្រាប់​ការ​ផ្គត់ផ្គង់​អគ្គិសនី​ជនបទ II នេះ ដែលគាំទ្រ​ដល់ការបំពេញបន្ថែមទៅដល់​កិច្ច​ខិតខំ​ប្រឹងប្រែង ​និងការផ្តល់កិច្ចសហប្រតិបត្តិការល្អប្រសើរជាបន្តបន្ទាប់​ របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការបង្កើន​ និងគាំទ្រ​ឱ្យបានទូលំទូលាយ​នូវប្រសិទ្ធិភាពថាមពល ​និងការផ្គត់ផ្គង់ថាមពល​នៅ​តាមទីជនបទនៅក្នុងប្រទេស។សូមបញ្ជាក់ថា ​ឥណទានសម្បទាន​ ពីរដ្ឋាភិបាលសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ តាមរយៈធនាគារ​អភិវឌ្ឍន៍អាល្លឺម៉ង់ (KfW) លើកទី១, កម្ពុជាទទួលបាននៅឆ្នាំ២០១៩ ចំនួន ៣០ លានអឺរ៉ូ សម្រាប់គាំទ្រការអនុវត្តគម្រោងប្រសិទ្ធភាពថាមពល ​សម្រាប់ការផ្គត់ផ្គង់អគ្គិសនីជនបទ និងបន្ទាប់​មកនៅឆ្នាំ ២០២០ ដែលមានចំនួន ៣០ លានអឺរ៉ូ ដូចគ្នា សម្រាប់ហិរញ្ញប្បទាន​ដល់កម្មវិធី​អភិវឌ្ឍន៍ហេដ្ឋារចនា​សម្ព័ន្ធជន​បទសម្រាប់កម្ពុជា ។ក្នុងរយៈពេលប្រមាណ ៣០ ឆ្នាំនេះ ប្រទេសអាល្លឺម៉ង់ ជាដៃគូអភិវឌ្ឍន៍ដ៏សំខាន់មួយ ដែលបាន​សន្យា​ផ្តល់ហិរញ្ញប្បទានឥតសំណងច្រើនជាងគេ បើប្រៀបធៀបនឹងបណ្តាប្រទេស​ជា​សមាជិក​សហភាពអឺរ៉ុបដទៃទៀត។គិតចាប់ពីឆ្នាំ ១៩៩២ ដល់ដំណាច់ឆ្នាំ​ ២០២១ ​រដ្ឋាភិបាលសាធារណសហព័ន្ធអាល្លឺម៉ង់ បាន​ផ្តល់​ហិរញ្ញប្បទានសហប្រតិបត្តិការដល់កម្ពុជា​ សរុបប្រមាណ ៧២០ ​លានដុល្លារអាមេរិក ក្នុងនោះ​ឥណទាន​សម្បទាន ​មានចំនួនប្រមាណ ៧០​ លានដុល្លារអាមេរិក និងហិរញ្ញប្បទានឥត​សំណង​ចំនួនប្រមាណ ៦៥០​ លានដុល្លារអាមេរិក៕ អត្ថបទ៖ សុន រ៉ាឌី

កម្ពុជារៀបចំផែនការអភិវឌ្ឍឧស្សាហកម្ម ជំរុញការប្រកួតប្រជែង និងចូលរួមរុញកំណើនសេដ្ឋកិច្ច

2022/06/02 12:38:40 pm        363
ភ្នំពេញ៖ រាជរដ្ឋាភិបាលកម្ពុជា បានរៀបចំគោលនយោបាយ និងផែនការសកម្មភាពអភិវឌ្ឍជាច្រើន ដើម្បីកំណត់ប្រភេទឧស្សាហកម្មនៅកម្ពុជា ស្របទៅតាមឧត្តមភាពប្រកួតប្រជែង, និង​មានសក្តានុពល សម្រាប់ជាកម្លាំងចលករលើកស្ទួយកំណើនសេដ្ឋកិច្ចជាតិ។ឯកឧត្តម ហេង សុខគង់ អ្នកនាំពាក្យ និងជារដ្ឋលេខាធិការក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានថ្លែងលើកឡើងក្នុងកិច្ចសម្ភាសន៍ជាមួយភ្នាក់ងារអ្នកយកព័ត៌មាន BTV នៅថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០២២នេះថា រាជរដ្ឋាភិបាល បានដាក់ចេញទិសដៅ​គោល​នយោបាយ ​នៃការរៀបចំ​ផែនការមេ​ ដើម្បីអភិវឌ្ឍខេត្ដព្រះសីហនុ​ទៅជាតំបន់​សេដ្ឋកិច្ចពិសេស​គំរូ​ពហុបំណង​ ក្នុងនោះសម្រាប់ឧស្សាហកម្ម ​រាជរដ្ឋាភិបាលមានគោលដៅ​កំណត់ប្រភេទ​ឧស្សាហកម្ម​ជាក់លាក់ ស្របទៅតាមឧត្តមភាពប្រកួតប្រជែង, ដែលមាន​សក្តានុពល​ប្រែក្លាយ​ខេត្តព្រះសីហនុ ជា​កម្លាំងចលករលើកស្ទួយកំណើនសេដ្ឋកិច្ចជាតិ។ឯកឧត្តម បន្តថា ក្រសួងឧស្សាហកម្ម បានគិតគូរនឹងរៀបចំផែនការ សម្រាប់អភិវឌ្ឍវិស័យ​ឧស្សាហកម្ម​ជាច្រើន ក្នុងនោះ​ក្រសួងបានស្នើរឲ្យមានការរៀបចំតំបន់ស្រាវជ្រាវ ​និងអភិវឌ្ឍន៍​ (RMD) ព្រោះវិស័យ ​នេះមានសារៈសំខាន់​ណាស់​ក្នុងការ​ជម្រុញ ​និង​លើកកម្ពស់វិស័យវិទ្យាសាស្រ្ត និងបច្ចេកវិទ្យា​ និងកំពុងពិចារណាក្នុងការរៀបចំសារៈមន្ទីរវិទ្យាសាស្រ្ត ​សម្រាប់ស្រាវជ្រាវផ្សេងៗ សម្រាប់អ្នកវិទ្យាសាស្រ្ត សិស្ស ​និស្សិតជាដើម ។ក្រៅពីនេះ,ក្រសួងកំពុងរៀបចំច្បាប់ស្តីពីការផ្ទេរបច្ចេកវិទ្យា ​ដើម្បីកម្ពុជា​មានលទ្ធភាពផ្ទេរបច្ចេកវិទ្យា​ទំនើបៗបណ្តាប្រទេសជឿនលឿន​មួយចំនួន ​ខណបច្ចុប្បន្នរាជរដ្ឋាភិបាល ​បានកំពុងរៀបចំអនុក្រិត្យ ដើម្បីរៀបចំ ​​និងគ្រប់គ្រងតំបន់វិទ្យាសាស្រ្តបច្ចេកវិទ្យា ​និងនវានុវត្តន៍​ ក្នុងគោលដៅជម្រុញ និង​លើកកម្ពស់​ ជាពិសេសការទាក់ទាញវិនិយោគិនជាដើម ។ជុំវិញការអភិវឌ្ឍឧស្សាហកម្ម, ឯកឧត្តម ហេង សុខគង់ ​ថ្លែងឲ្យដឹងថា ​គិតមកដល់បំណាច់ខែ ឧសភា ឆ្នាំ២០២២នេះ ​កម្ពុជាមានរោងចក្រឧស្សាហកម្មធុនធំ ​១ ៧១៩ រោងចក្រ ក្នុងនោះ​មាន​រោងចក្របង្កើតថ្មីមានចំនួន ៦៧ រោងចក្រ​ បានបង្កើតការងារបន្ថែមជិត ​៥​ ម៉ឺនកន្លែង និង​មាន​រោងចក្របានបិទទ្វារចំនួន ២៩ រោងចក្រផងដែរ៕អត្ថបទ៖ សុន រ៉ាឌី

អាមេរិកស្វែងយល់ពីសក្តានុពលវិនិយោគលើវិស័យហេដ្ឋារចនាសម្ព័ន្ធនៅកម្ពុជា

2022/06/02 12:07:27 pm        345
ភ្នំពេញ៖ មន្រ្តីទូតអាមេរិកប្រចាំនៅកម្ពុជា ទទួលបន្ទុកផ្នែកសេដ្ឋកិច្ច និងពាណិជ្ជកម្ម បានស្វែងយល់​ពីសក្តានុពលវិនិយោគលើវិស័យហេដ្ឋារចនាសម្ព័ននៅកម្ពុជា ស្របពេលដែលកម្ពុជា កំពុង​ជំរុញ​កសាង​ហេដ្ឋារចនាសម្ព័នដឹកជញ្ជូន ​ដើម្បីចូលរួមលើកកម្ពស់ប្រសិទ្ធនៃការដឹកជញ្ជូន និងឡូជីស្ទីក​។លោកជំទាវ កុយ សុដានី រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន នៅថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២២ បានអញ្ជើញជួបពិភាក្សាការងារជាមួយ លោក Moses An មន្ត្រីទទួលបន្ទុកផ្នែកសេដ្ឋកិច្ច និងពាណិជ្ជកម្មស្ថានទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជា ដោយមានការចូលរួមពីថ្នាក់ដឹកនាំក្រសួង និង​មន្ត្រីជំនាញពាក់ព័ន្ធក្រោមឱវាទក្រសួង។ជំនួបនេះ មានគោលបំណង​ដើម្បីពិភាក្សាស្វែងយល់​អំពី​កាលានុវត្តភាព​ពាណិជ្ជកម្ម​សម្រាប់​ក្រុមហ៊ុន​អាមេរិកនៅក្នុងគម្រោងអភិវឌ្ឍន៍នានារបស់ក្រសួងសាធារណការ និងដឹកជញ្ជូន នា​ពេល​បច្ចុប្បន្ន ​និង​នាពេលអនាគត ​ក៏ដូចជា​ដើម្បីស្វែងរក​ឱកាស​សម្រាប់ការ​ផ្ដល់​ជំនួយ​បច្ចេកទេស​ដែល​អាចធ្វើទៅបាន​តាមរយៈកម្មវិធីតភ្ជាប់​មេគង្គបូព៌ា-បស្ចឹម តាមរយៈក្រសួងដឹកជញ្ជូនសហរដ្ឋ​អាមេរិក។ក្នុងជំនួបខាងលើនេះ លោកជំទាវរដ្ឋលេខាធិការ បានជម្រាបជូនអំពីគម្រោងសម្រេចបាន គម្រោង​កំពុង​អនុវត្តបន្ត​ និងគម្រោងនាពេល​អនាគត​ដែលរួមមាន៖ ​គម្រោង​អភិវឌ្ឍន៍​ការដឹកជញ្ជូនតាម​ផ្លូវទឹកការដឹកជញ្ជូនផ្លូវគោក ការដឹកជញ្ជូនតាមផ្លូវដែក ​គម្រោងសាងសង់ផ្លូវល្បឿនលឿនភ្នំពេញ-ក្រុង​ព្រះសីហនុ ​ដែលគ្រោង​នឹងបញ្ចប់ការសាងសង់ក្នុងពេលឆាប់ៗនេះ គម្រោង​អភិវឌ្ឍន៍​ការដឹក​ជញ្ជូន​តាមផ្លូវទឹក​តាមទន្លេបាសាក់ និង​ការអភិវឌ្ឍកំពង់ផែ​ដើម្បីចូលរួមកាត់បន្ថយការ​ចំណាយផ្នែក​ភស្តុភារកម្ម។បន្ថែមពីលើនេះ លោកជំទាវ ក៏បានលើក​ឡើង​ផងដែរ​ទាក់ទង​ទៅនឹងគម្រោងអភិវឌ្ឍន៍​ប្រព័ន្ធ​ចម្រោះ​ទឹក​កខ្វក់ ​សុវត្ថិភាព​ចរាចរណ៍ផ្លូវគោកដែលជាបញ្ហាគួរឱ្យព្រួយបារម្ភរបស់កម្ពុជា ផែនការ​មេភស្តុភារកម្មកម្ពុជា​ដែលមានគម្រោងអភិវឌ្ឍន៍ចំនួន៣៣០គម្រោង ការបង្កើតវិទ្យាស្ថានតេ​ជោសែន សាធារណការ និងដឹកជញ្ជូន សម្រាប់ការបណ្ដុះបណ្ដាលវិស្វករជំនាន់ក្រោយក្នុងការ​កសាង​ហេដ្ឋារចនា​សម្ព័ន្ធប្រកបដោយគុណភាព​ ការធ្វើទំនើបកម្ម​យានយន្តដឹកជញ្ជូនទំនិញ បម្រែបម្រួល​អាកាសធាតុ ​និងបញ្ហាឆ្លងកាត់ព្រំដែនជាដើម។លោក Moses An បានសំដែងចំណាប់អារម្មណ៍​លើការអភិវឌ្ឍវិស័យមួយ ចំនួនដើម្បីចូលរួមចំណែក​អភិវឌ្ឍកម្ពុជាឱ្យកាន់តែមានការីកចម្រើន ​ដែលក្នុងនោះរួមមាន៖ ភាពធន់នឹងបម្រែបម្រួលអាកាស​ធាតុ ការធ្វើផែនការផ្អែកលើការអនុវត្ត ​អភិបាលកិច្ច ​បញ្ហាឆ្លងកាត់ព្រំដែន សុវត្ថិភាពផ្លូវថ្នល់ យេនឌ័រ/បរិយាបន្នសង្គម/សមធម៌ ​និងការតភ្ជាប់ពហុមធ្យោបាយ។លោក Moses An បានស្នើឱ្យមានមន្ត្រីទទួលបន្ទុកការងារទំនាក់ទំនង (Focus Point) ​រវាងភាគីទាំងពីរ ដើម្បីសម្របសម្រួល​លើការងារផ្សេងៗ ​ជាពិសេសសម្របសម្រួលកិច្ចប្រជុំតាមប្រព័ន្ធវីដេអូពីចម្ងាយ រវាង​ក្រសួងដឹកជញ្ជូនរបស់សហរដ្ឋអាមេរិក ​និងក្រសួងសាធារណការ ​និងដឹកជញ្ជូន របស់កម្ពុជា​នាពេលខាងមុខ ​ដើម្បីពិភាក្សាលម្អិតលើគម្រោងសហការមួយចំនួន៕ អត្ថបទ៖ វណ្ណៈ

ពីថ្ងៃទី១-១០ ខែមិថុនា ប្រេងសាំងធម្មតាឡើង៥០រៀល និងប្រេងម៉ាស៊ូត ឡើ១៥០រៀល ធៀបនឹងសន្ទស្សន៍ចាស់

2022/06/01 12:45:16 pm        361
ភ្នំពេញ៖ ក្រសួងពាណិជ្ជកម្មបានប្រកាសពីតម្លៃលក់រាយប្រេងឥន្ធនៈ តាមស្ថានីយនានាទូទាំងប្រទេស ចាប់ពីថ្ងៃទី០១-១០ ខែមិថុនា ឆ្នាំ២០២២ ដោយប្រេងសាំងធម្មតាត្រូវលក់តម្លៃ ៥.៦៥០រៀល/លីត្រ (ឡើង៥០រៀល) និងប្រេងម៉ាស៊ូតត្រូវលក់តម្លៃ ៥.៥៥០រៀល/លីត្រ (ឡើង១៥០រៀល។

អាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរ សម្រេចបានប្រមាណ ២៨ភាគរយ ខណៈមានបញ្ហាប្រឈមតិចតួច

2022/06/01 12:01:49 pm        954
សៀមរាប៖ អាកាសយានដ្ឋានអន្តរជាតិសៀមរាបថ្មី ដែលហៅថា អាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរ បានតភ្ជាប់ផ្លូវរត់បានមួយចំនួនហើយ ប៉ុន្តែកំពុងជួបបញ្ហាប្រឈមខ្លះៗ ហើយក្រុមហ៊ុនសាងសង់ កំពុងរិះរកមធ្យោបាយដើម្បីពន្លឿនការសាងសង់ឱ្យរួចរាល់តាមពេលកំណត់ដដែល។ឯកឧត្តម ស៊ីន ចាន់សិរីវុត្ថា អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យអាកាសចរស៊ីវិល បានឱ្យដឹងថា អាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរ គិតត្រឹមបំណាច់ខែមេសាឆ្នាំ២០២២ ក្រុមហ៊ុនសាងសង់អាកាសយានដ្ឋានថ្មីមួយនេះ បានសម្រេចការកសាងបានជាង ២៨%ហើយ។ ឯកឧត្តម បន្តថា បច្ចុប្បន្ននេះ ក្រុមហ៊ុនសាងសង់ កំពុងជួបបញ្ហាប្រឈមខ្លះៗ ចាប់តំាង​ពីវិបត្តិកូវីដមក ដូចជាទំនិញត្រូវបានឡើងថ្លៃ,តម្លៃនៃការដឹកជញ្ជូនក៏ឡើងថ្លៃ ហើយអ្នកវិស្វករ និងអ្នកជំនាញការក៏ពិបាកក្នុងការធ្វើដំណើរទៅមកដែរ ប៉ុន្តែទោះបែបនេះក្តី ក៏ក្រុមហ៊ុនសាងសង់ កំពុងរកធម្យោបាយដើម្បីជម្នះបញ្ហាប្រឈមទំាងនេះដែរ ដោយត្រូវធ្វើបច្ចុប្បន្នភាពការងារឡើងវិញ ពិសេសគឺត្រូវបង្កើនល្បឿន នូវរាល់ចំណុចខ្វះខាត​ ឱ្យបានប្រសើរជាងមុន ដើម្បីឱ្យគម្រោងនេះ​រួចរាល់តាមផែនការណ៍កំណត់ដូចបានគ្រោងទុកថា នឹងរួចរាល់ក្នុងខែ មីនា ឆ្នាំ២០២៣ ហើយ​បន្ទាប់​ពី​សាងសង់រួចរាល់ ​អាកាសយានដ្ឋាននេះ ​នឹងធ្វើតេស្តសាងល្បង មុននឹងប្រតិបត្តិការ​ហោះហើរ​ពេញលេញ ក្នុងខែ១០ ឬខែ១១ ក្នុងឆ្នាំ២០២៣ដែរ។គួរបញ្ជាក់ថា ​អាកាសយានដ្ឋានអន្តរជាតិសៀមរាម.អង្គរ ​បានដំណើរការសាងសង់​នៅ​ថ្ងៃទី១៥ខែមីនាឆ្នាំ២០២០ ​ដែលសាងសង់​ដោយក្រុមហ៊ុនវិនិយោគដែលមានឈ្មោះថា Angkor International Airport Investment ហើយអាកាសយានដ្ឋាននេះ មាន​ផ្ទៃដីជាង ៧០០ហិកតា និង​មានផ្ទៃដីបម្រុងមួយចំនួនទៀត ​ដោយបច្ចុប្បន្នប្រើប្រាស់កម្មករជាង ១០០០នាក់ ក្នុងនោះកម្មករ​ប្រមាណ ៧០% ជាពលករខ្មែរ ​និងបានប្រើប្រាស់គ្រឿងចក្រពី ២០០ទៅ២៥០គ្រឿង និង​គ្រោង​ចំណាយថវិកាប្រមាណ ៨០០លានដុល្លារ ​ហើយនៅពេលកសាងរួចរាល់ដាក់ឱ្យដំណើរការ គឺអាចទទួលបានគ្រប់ប្រភេទយន្តហោះធំៗជុំវិញពិភពលោកចុះចតបានទីនេះ៕អត្ថបទ៖ គង់ រ៉េន

រាជរដ្ឋាភិបាល នឹងបោះផ្សាយលក់មូលបត្ររដ្ឋលើកដំបូង ប្រមាណ ៣០០ លានដុល្លារ នៅឆ្នាំនេះ

2022/06/01 11:26:55 am        545
ភ្នំពេញ៖ ក្រុមការងារបច្ចេកទេសរៀបចំក្របខណ្ឌគោលនយោបាយ ស្តីពីការអភិវឌ្ឍមូលបត្ររដ្ឋ កំពុងប្រជុំស្ទាបស្ទង់ និងពិនិត្យឡើងវិញ ក្នុងគោលដៅប្រមូលធាតុចូលបន្ថែមឱ្យបានពេញលេញ និងគ្រប់ជ្រុងជ្រោយ សម្រាប់ផែនការបោះផ្សាយ និងជួញដូរមូលបត្ររដ្ឋឆ្នាំ២០២២ ។ឯកឧត្តម ប៉ែន ធីរុង្គ អនុរដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ លើកឡើងក្នុងកិច្ច​ពិគ្រោះ​យោបល់​ ស្តីពីការស្ទាបស្ទង់ទីផ្សារអំពីតម្រូវការមូលបត្ររដ្ឋ នៅថ្ងៃទី ៣១ ខែឧសភា ឆ្នាំ២០២២ នេះថា រាជរដ្ឋាភិបាលបានអនុម័ត​ និងដាក់ឱ្យអនុវត្តក្របខណ្ឌគោលនយោបាយបឋម ស្តីពីការអភិវឌ្ឍមូលបត្ររដ្ឋ កាលពីថ្ងៃទី១ ខែតុលា ឆ្នាំ២០២១។ ក្របខណ្ឌគោលនយោបាយបឋមនេះ បានដាក់ចេញនូវវិធានការគោលនយោបាយ និងផែនការ​សកម្មភាពជាក់លាក់ ដើម្បីអនុវត្តជំហាននៃការបោះផ្សាយមូលបត្ររដ្ឋ ជាពិសេសផែន​ការ​សកម្មភាព​បន្ទាន់ចំពោះមុខ និងរយៈពេលខ្លី សំដៅឈានទៅបោះផ្សាយ​លក់មូលបត្ររដ្ឋ ក្នុងទីផ្សារ​ជាលើកដំបូង​នៅឆ្នាំ២០២២នេះ។ ឯកឧត្តម បន្តថា ក្រៅពីផែនការខាងលើ រាជរដ្ឋាភិបាល បាននិងកំពុងបន្តរៀបចំ ក្របខណ្ឌគោល​នយោបាយរួម ស្តីពីការអភិវឌ្ឍមូលបត្ររដ្ឋ ​សំដៅកសាងឱ្យបាននូវប្រព័ន្ធគ្រប់គ្រងមួយដ៏រឹងមាំ និង​គ្រប់ជ្រុងជ្រោយ សម្រាប់ការបោះផ្សាយ ​និងជួញដូរមូលបត្ររដ្ឋ, តាមរយៈការអនុវត្តយ៉ាងសកម្ម នូវក្របខណ្ឌគោលនយោបាយបឋម។ រាជរដ្ឋាភិបាល បានសម្រេចនូវវឌ្ឍនភាពគួរឱ្យកត់សម្គាល់ ក្នុងនោះមាន៖ ការដាក់ចេញនូវលិខិត​បទដ្ឋាន​គតិយុត្ត​សំខាន់ៗ​ជាច្រើនដូចជា៖ ប្រកាសស្តីពីការបោះផ្សាយលក់មូលបត្ររដ្ឋ, អនុក្រឹត្យ​ស្តីពីការលើកទឹកចិត្តពន្ធដារ ​ក្នុងវិស័យមូលបត្ររដ្ឋ, សារាចរណែនាំស្តីពីការអនុវត្តចំពោះ​មូលបត្រ​រដ្ឋ ដែលកាន់កាប់ដោយគ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុ, និងការកំណត់ទំហំបោះផ្សាយ​លក់​មូល​បត្រ​រដ្ឋក្នុងច្បាប់ ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២២ ដែលច្បាប់នេះបានអនុញ្ញាតឱ្យ​រាជរដ្ឋាភិបាលបោះផ្សាយ​លក់មូលបត្ររដ្ឋ ​ក្នុងទំហំសរុបប្រមាណ​ ១,២ ទីលានរៀល ត្រូវប្រមាណ ៣០០ លានដុល្លារ។កិច្ចពិគ្រោះយោបល់ របស់ក្រុមការងារបច្ចេកទេសរៀបចំក្របខណ្ឌគោលនយោបាយ ស្តីពីការ​អភិវឌ្ឍមូលបត្ររដ្ឋ គឺជាការស្ទាបស្ទង់ទីផ្សារលើកទី ៣ ដែលត្រូវបានរៀបចំឡើងក្នុងគោលបំណង​ប្រមូលធាតុចូលបន្ថែមទៀត ឱ្យបានកាន់តែពេញលេញ​ និងគ្រប់ជ្រុងជ្រោយ សម្រាប់​ជា​មូលដ្ឋាន​ដ៏សំខាន់ក្នុងការពិនិត្យឡើងវិញ និងកែសម្រួលបន្ថែមលើផែនការបោះផ្សាយ​លក់មូលបត្រ​រដ្ឋឆ្នាំ២០២២ ​ដើម្បីស្នើសុំការពិនិត្យ និងអនុម័តដ៏ខ្ពង់ខ្ពស់ពីឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ​ឧបនាយក​រដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរសដ្ឋកិច្ច និងហិរញ្ញវត្ថុ។រាជរដ្ឋាភិបាលគ្រោងនឹងបោះផ្សាយលក់មូលបត្ររដ្ឋជា​លើកដំបូង គឺក្នុងគោលបំណង​ដើម្បី​ធ្វើ​ហិរញ្ញប្បទាន​គាំទ្រគម្រោងវិនិយោគសាធារណៈ ​សំដៅ​លើកស្ទួយកំណើន និង​ផលិតភាព​សេដ្ឋកិច្ចរួមមាន៖ ​គម្រោងស្ដារសេដ្ឋកិច្ចក្នុងការរស់នៅជាមួយកូវីដ-១៩ ​តាមគន្លងប្រក្រតីភាពថ្មី និង​គម្រោងប្រព័ន្ធបច្ចេកវិទ្យា​ និងហេដ្ឋារចនាសម្ព័ន្ធឌីជីថលជាដើម៕អត្ថបទ៖ សុន រ៉ាឌី

ច្បាប់ស្តង់ដារ នឹងជំរុញការប្រកួតប្រជែង និងបើកនូវរបាំងបច្ចេកទេសសម្រាប់រោងចក្រសហគ្រាស

2022/06/01 11:17:21 am        567
ភ្នំពេញ៖ ប្រធានសមាគមក្នុងវិស័យម្ហូបអាហារ បានលើកឡើងថា ច្បាប់ស្តីពីស្តង់ដារកម្ពុជា និងការចុះអនុវត្តច្បាប់របស់មន្រ្តីនគបាលយុត្តិធម៌ នៅតាមបណ្តារោងចក្រ សហគ្រាស នឹងលើកកម្ពស់ឧត្តមភាពផលិតផល និងការប្រកួតប្រជែង, មានស្តង់ដារ មានការប្រកួតប្រជែង មានស្តង់ដារ គឺជាការបើកនូវរបាំងបច្ចេកទេស។លោក មៀវ សុខទ្រី ប្រធានសមាគមអ្នកផលិតចំណីអាហារកម្ពុជា ថ្លែងនៅថ្ងៃទី១ ខែ មិថុនា ឆ្នាំ២០២២ នេះថា ច្បាប់ស្តីពីស្តង់ដារកម្ពុជា និងការចុះអនុវត្តច្បាប់របស់មន្រ្តីនគបាលយុត្តិធម៌ នៅតាមបណ្តារោងចក្រ សហគ្រាស ព្រមទាំងជម្រុញលើកទឹកចិត្តដល់ម្ចាស់អាជីកម្មទាំងអស់ ជាពិសេសសហគ្រាសវេចខ្ចប់ចំណីអាហារ គួររៀបចំនីតិវិធី ដើម្បីស្នើរសុំយកស្តង់ដារ។ លោក បានស្នើរសុំដល់ស្ថានប័នជំនាញ សូមផ្សព្វផ្សាយការងារស្តង់ដារឲ្យបានទូលាយ ដល់​សាធារណៈជន ម្ចាស់អាជីវកម្ម អាជីវករ និងសិប្បករមួយចំនួន ដើម្បីឲ្យពួកគាត់យល់​ដឹងកាន់​តែច្បាស់ អំពីអត្ថប្រយោជន៍នៃការអនុវត្តស្តង់ដារ ​និងផលិតផលដែលមានស្តង់ដារ សម្រាប់​អ្នកប្រើប្រាស់។ពាក់ព័ន្ធស្តង់ដារនេះ, ឯកឧត្តម ចាន់ សុផា អគ្គនាយកវិទ្យាស្ថានស្តង់ដារកម្ពុជា ថ្លែងថា ក្រុមប្រឹក្សា​ស្តង់ដារ​ជាតិកម្ពុជា បានអនុម័តស្តង់ដារជិត ១ ពាន់ស្តង់ដាររួចហើយ ហើយបាននិងកំពុង​ជម្រុញ​បង្កើត និងអនុម័តយកស្តង់ដារថ្មីៗឲ្យបានច្រើនទៀត ​ជាពិសេសស្តង់ដារសម្រាប់វិស័យឧស្សាហកម្ម និងកសិកម្ម និងម្ហូបអាហារជាដើម ដើម្បីជាមូលដ្ឋានគ្រឹះ ជម្រុញលើកកម្ពស់លើដំណើរការផលិត ប្រកប​ដោយគុណភាព ​និងមានស្តង់ដារ ​និងជម្រុញការប្រកួតប្រជែងផលិតផលទាំងក្នុង និង​ក្រៅស្រុក។សូមបញ្ជាក់ថា ស្តង់ដារព្រះរាជាណាចក្រកម្ពុជា ដែលអនុម័តដោយក្រុមប្រឹក្សាស្តង់ដារជាតិកម្ពុជា ដែល​កំពុងមានតម្រូវការ​ សម្រាប់ការអ្នកប្រើប្រាស់រួមមាន៖ ​ស្តង់ដារ ISO:9000 ផលិតផល​ស្តង់ដារ​ម្ហូបអាហារ ​ផលិតផលស្តង់ដារយានយន្ត ​និងស្តង់ដារ​សម្រាប់វិស័យសំណង់ជាដើម៕អត្ថបទ៖ សុន រ៉ាឌី

ការចិញ្ចឹមបង្កងតាមបែបធម្មជាតិ ងាយស្រួលចំណាយដើមតិច ប្រមូលផលបានច្រើន

2022/05/31 04:36:49 pm        1091
កំពត៖ កសិករនៅស្រុកឈូក ខេត្តកំពត លើកឡើងថា ការចិញ្ចឹមបង្កងតាមបែបធម្មជាតិ មានភាពងាយស្រួល ចំណាយដើមតិច និងឆាប់បានប្រមូលផល ។លោក កែវ សុធៀន ជាកសិករ រស់នៅភូមិដំណាក់ស្តៅ ឃុំត្រពាំងភ្លាំង ស្រុកឈូក ខេត្តកំពត បានប្រាប់ឲ្យដឹងថា ដោយសារស្រឡាញ់ការដាំដុះ និងចិញ្ចឹមសត្វ លោកបានរៀបដីចំនួន ៦ហិកតា ដាំដំណាំហូបផ្លែជាច្រើនប្រភេទ និងជីកស្រះ យកទឹកទៅចិញ្ចឹមសត្វត្រី កង្កែប ខ្យង និងបង្កង។ បច្ចុប្បន្នលោកកំពុងប្រមូលផលខ្យងថៃ និងបង្កងអូស្ត្រាលី ចិញ្ចឹមតាមបែបធម្មជាតិ ។ លោក បានបញ្ជាក់ថា ការចិញ្ចឹមបង្កងមានភាពងាយស្រួល ក្មេងតូចក៏អាចចិញ្ចឹមបានដែរ។ អតីតសិក្ខាកាមម្នាក់ក្នុងវគ្គបណ្តុះបណ្តាលស្តីអំពីការដាំដុះ និងការចិញ្ចឹមសត្វជាមួយអង្គការជាច្រើន និងធ្លាប់បានទៅរៀនបន្ថែមនៅប្រទេសថៃ លោក កែវ សុធៀន បានបញ្ជាក់ថា ការរៀបចំ​ស្រះចិញ្ចឹម​បង្កង​តាមបែបធម្មជាតិ មានសារៈប្រយោជន៍ច្រើនសម្រាប់កសិករ វាបានកាត់បន្ថយការចំណាយ កម្លាំងពលកម្ម និងពេលវេលាបានច្រើន។កសិកររូបនោះ បានបញ្ជាក់ដែរថា បង្កងចិញ្ចឹមតាមបែបធម្មជាតិ មានសាច់ស្វិតផ្អែម ជាងបង្កងផ្សេងៗ ហើយបច្ចុប្បន្នលោកចិញ្ចឹមសម្រាប់តែលក់ទៅឲ្យមិត្តភក្តិ និង​ប្រជាពលរដ្ឋក្នុងភូមិប៉ុណ្ណោះ​ ដោយមិនទាន់បានយកទៅលក់​នៅលើទីផ្សារនៅឡើយទេ។ កសិកររូបនេះ បានបញ្ជាក់ថា លោក​រីករាយក្នុងការជួយបង្រៀន​អំពីរបៀប​នៃការចិញ្ចឹម​បង្កង​តាមបែបធម្មជាតិនេះ ដោយឥតគិតថ្លៃទៅដល់អ្នកប្រជាកសិករណាដែលមានបំណងចង់ចិញ្ចឹម ហើយក្រៅពីបង្កងលោកក៏អាចជួយ​ បង្រៀនចិញ្ចឹមត្រី​ កង្កែប​ ខ្យងផងដែរ៕ អត្ថបទ៖ អន សារឹម

កម្ពុជាជំរុញការនាំចេញផលិតផលកសិកម្មទៅកាន់ទីផ្សារប្រទេសបារាំង

2022/05/31 01:47:43 pm        517
ភ្នំពេញ៖ ក្រសួងកសិកម្ម រុក្ខាប្រមាញ់​ និងនេសាទ ជំរុញការនាំចេញផលិតផលកសិកម្មបន្ថែមទៀត ទៅកាន់ប្រទេសបារាំង និងប្រទេសអឺរ៉ុបដទៃទៀត ស្របពេលដែលប្រទេសទាំងពីរ បន្តពង្រឹងកិច្ចសហប្រតិបត្តិការល្អលើគ្រប់វិស័យ ជាពិសេសលើវិស័យកសិកម្ម និងដោយឡែកលើផលិតផលកសិកម្មដែលបានកែច្នៃហើយ និងចូលរួមចំណែកពង្រឹងសមត្ថភាពលើខ្សែច្រវាក់តម្លៃបន្ថែម។ឯកឧត្តម វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានលើកឡើង ក្នុងជំនួប​ជាមួយនឹង លោក Jacques PELLET ឯកអគ្គរដ្ឋទូតថ្មីនៃសាធារណរដ្ឋបារាំង ប្រចាំនៅកម្ពុជា កាលពីចុងសប្តាហ៍កន្លងទៅ។ក្នុងជំនួបខាងលើនេះ ឯកឧត្តម វេង សាខុន មានប្រសាសន៍ថា ថ្វីបើ​ស្ថានភាពជំងឺកូវីដ-១៩ មាន​លក្ខណៈប្រសើរឡើងវិញ ​តែការនាំចេញកសិផលមួយចំនួនរបស់កម្ពុជា​នៅតែបន្តធ្លាក់ចុះយ៉ាងខ្លាំង ដោយសារវិបត្តិសង្គ្រាមរវាងរុស្សី ​និងអ៊ុយក្រែន។ឯកឧត្តម វេង សាខុន បានលើកឡើងថា វិបត្តិកូវីដ-១៩ និងសង្គ្រាមរវាងរុស្សី-អ៊ុយក្រែន កំពុងធ្វើឱ្យ​តម្លៃប្រេងសាំង និងការដឹកជញ្ជូនកើនឡើងទូទាំងពិភពលោក។ ទាំងនេះ ​ជាឧបសគ្គរាំងស្ទះ​ដល់​ការ​អភិវឌ្ឍវិស័យកសិកម្ម ​ជាពិសេស ធ្វើឱ្យការនាំចេញផលិត​កសិកម្មមួយ​ចំនួន​របស់​កម្ពុជា​ធ្លាក់ចុះ។រដ្ឋមន្រ្តីកសិកម្ម ស្នើឱ្យរដ្ឋាភិបាលបារាំង ផ្តល់ឱកាសដល់កម្ពុជាអាចនាំចេញកសិផលទៅទីផ្សារ​បារាំង និងអឺរ៉ុប ថែមទៀត ជាពិសេសអង្ករ។ឯកឧត្តម វេង សាខុន ថ្លែងថា៖ «ខ្ញុំសង្ឃឹមថា ប្រទេសទាំងពីរនឹងបន្តពង្រឹងកិច្ចសហប្រតិបត្តិការ​ល្អលើ​គ្រប់វិស័យ ជាពិសេសលើវិស័យកសិកម្ម។ដោយឡែកលើផលិតផលកសិកម្មដែលបានកែច្នៃហើយ និងចូលរួមចំណែកពង្រឹង​សមត្ថភាព​លើខ្សែច្រវាក់តម្លៃបន្ថែម»។ឯកឧត្តម វេង សាខុន រំពឹងថា ភាគីបារាំងទទួលយកសំណើរនេះ នឹងបន្តជួយគាំទ្រជាធនធានថវិកា និងចែករំលែកបទពិសោធន៍លើការងារគ្រប់គ្រង និងអភិរក្សធនធានព្រៃឈើ ​និងជលផល រួមទាំង​វារីវប្បកម្មនៅកម្ពុជា ​ឲ្យកាន់តែល្អប្រសើរមួយកម្រិតទៀត។យោងតាមរបាយការណ៍របស់​ក្រសួងកសិកម្ម រយៈពេល​ ៤ខែឆ្នាំ ២០២២នេះ កម្ពុជា ទទួល​បាន​ចំណូល​ពីការនាំចេញកសិផលជាង ​១ ៥៧២ លានដុល្លារ។ ​ក្នុងនោះ ការនាំចេញអង្ករចំនួន ១៨៩ លានដុល្លារ ស្រូវ ២៩៦ ​លានដុល្លារ ​និងកសិផលក្រៅពីស្រូវអង្ករ​ចំនួន ​១ ០៨៧ លាន​ដុល្លារ៕អត្ថបទ៖ វណ្ណៈ 

វិស័យដឹក​ជញ្ជួនផ្លូវ​អាកាសនៅកម្ពុជា កំពុងចូលរួមកាត់បន្ថយបម្រែបម្រួលអាកាសធាតុ

2022/05/28 01:38:21 pm        925
ភ្នំពេញ៖ នៅលើពិភពលោកកំពុងព្រួយបារម្ភ ពីបញ្ហាបម្រែបម្រួលអាកាសធាតុ សម្រាប់វិស័យដឹក​ជញ្ជួនផ្លូវអាកាសអន្តរជាតិ និងអង្គការពិភពលោក បានសហការចួលរួមកាត់បន្ថយការបម្រែបម្រួលអាកាសធាតុ ។ថ្លៃងប្រាប់ទូរទស្សន៍ BTV news នៅក្នុងជំនួបពិភាក្សាការងាររវាង ឯកឧត្តម ម៉ៅ ហាវណ្ណាល់ រដ្ឋមន្ត្រី ទទួលបន្ទុករដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល និង លោក Jacques Pellet ឯកអគ្គរដ្ឋទូតបារាំង​ប្រចាំកម្ពុជា ​នៅថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២២នេះ ។ ឯកឧត្តម សារិន គុនករ អគ្គនាយកបច្ចេកទេស នៃរដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល បាន​បញ្ជាក់ថា ទីភ្នាក់ងារសាធារណរដ្ឋបារាំង ហៅថា (AFD) បាន​ផ្ដល់​ថវិកា​ប្រហែលជិត ៥០ម៉ឺនដុល្លារ លើផ្នែកបច្ចេកទេស​ ក្នុងវិស័យអាកាសចរស៊ីវិលនៅកម្ពុជា ​មានរយៈពេល១ឆ្នាំ ។ហើយគំរោងទីភ្នាក់ងារ AFD​ ក្នុងវិស័យអាកាសចរស៊ីវិល ផ្ដោតលើផ្នែកសំខាន់ៗមាន៤ ទី១ ពង្រឹង​ផ្នែកសុវត្ថិភាព ទាំងអាកាសយានដ្ឋាន ទាំងកិច្ចសហប្រតិបត្តិការក្រុមហ៊ុនទេសចរណ៍​ ទី២ ជួសជុល និងថែទាំយន្តហោះ ទី៣ ពេទ្យ គឺការព្យាបាល ​ពិនិត្យសុខភាពអ្នកធ្វើដំណើរ ទី៤ ការបម្រែបម្រួលអាកាសធាតុ ។ឯកឧត្តម បានបន្ថែមថា នៅក្នុងបច្ចេកទេសបច្ចេកវិទ្យាថ្មីនេះ បានការរកឃើញផលប៉ះពាល់​បរិស្ថាន​កំដៅ​បណ្ដាល​មកពីយាយរោងចក្រ ​សហគ្រាសមួយ ​និងបណ្តាលមកពីអាកាសយាន្ត ផ្នែក​ឧស្សាហកម្ម​អាកាសចរស៊ីវិល ​មានចំនួន ១៤%​ ដែលបញ្ចេញសារធាតុកំដៅ ធ្វើឱ្យប៉ះពាល់ដល់​បរិស្ថាន​ ដួចច្នេះ​អង្គការអាកាសចរស៊ីវិលពិភពលោក ​បានប្រជុំពិភាក្សា ដើម្បីរកវិធីសាស្រ្ត​កាត់​បន្ថយកំដៅ។នៅក្នុងកិច្ចពិភាក្សានោះ ឯកឧត្តម ម៉ៅ ហាវណ្ណាល់ រដ្ឋមន្ត្រី ទទួលបន្ទុករដ្ឋលេខាធិការដ្ឋាន​អាកាស​ចរស៊ីវិល ​បានចូលរួមជាមួយរាជរដ្ឋាភិបាល ​ក្រសួងបរិស្ថាន ​និងក្រសួងមួយចំនួនទៀត បាន​សហការ​ជាមួយ អាកាសចរស៊ីវិលអន្តរជាតិ ​និងអង្គការបរិស្ថានពិភពលោក ​បានបង្កើតបទប្បញ្ញត្តិថ្មី ដើម្បីណែនាំ​ដល់ក្រុមហ៊ុនហោះហើរ ទាំងជាតិ និងអន្តរជាតិ ។ ឯកឧត្តម បានស្មើដល់ក្រុមហ៊ុនហោះហើរនៅក្នុងស្រុកមួយចំនួន​ ចូលរួមសិក្សាបច្ចេកទេសថ្មីៗ កែសម្រួលផ្នែក​បច្ចេកទេសយន្តហោះ ​និងផ្នែកបណ្ដុះបណ្ដាលធនធានមនុស្ស ដើម្បី​ចូលរួម​កាត់បន្ថយបម្រែបម្រួលអាកាសធាតុផងដែរ ៕ អត្ថបទ ៖ គង់ រ៉េន

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

សម្ពោធដាក់ឱ្យជាផ្លូវការអគារសាលាបឋមសិក្សាថ្មី១ខ្នង ២បន្ទប់ បន្ទាប់ពីជួសជុល និងសាងសង់ឡើងវិញរួចរាល់ ដើម្បីបម្រើឱ្យវិស័យអប់រំនៅក្នុងមូលដ្ឋាន
07/15/2025 07:07 AM
ការពិនិត្យឡើងវិញ៖ ភាពយន្តឯកសារពីតំបន់ហ្កហ្សារបស់ BBC បំពានគោលការណ៍ណែនាំអំពីភាពត្រឹមត្រូវ
07/14/2025 08:07 PM
មនុស្សជាច្រើននាក់ស្លាប់ក្នុងអគ្គិភ័យនៅមជ្ឈមណ្ឌលសង្គ្រោះ ក្នុងរដ្ឋ Massachusetts
07/14/2025 08:07 PM
ជំនួយការរបស់លោក Netanyahu ប្រឈមនឹងការចោទប្រកាន់ផ្លូវការ ជុំវិញការបែកធ្លាយព័ត៌មានយោធា
07/14/2025 08:07 PM
រដ្ឋមន្ត្រីការបរទេសអ៊ីស្រាអែល និងប៉ាឡេស្ទីន នឹងចូលរួមកិច្ចប្រជុំរបស់ EU
07/14/2025 08:07 PM
អ៊ីរ៉ង់៖ ការដាក់ទណ្ឌកម្មជាថ្មីរបស់ UN នឹងជួបជាមួយការឆ្លើយតបយ៉ាងសមស្រប
07/14/2025 07:07 PM
វិមានក្រឹមឡាំង៖ ការបញ្ជូនអាវុធ និងគ្រាប់រំសេវទៅអ៊ុយក្រែនពីអាមេរិក កំពុងបន្តមានធម្មតា
07/14/2025 07:07 PM
នគរបាលឃាត់ខ្លួនមនុស្ស ៨នាក់ ក្រោយមានការប៉ះទង្គិចរបស់ក្រុមប្រឆាំងជនអន្តោប្រវេសន៍ ក្នុងទីក្រុងនៅអេស្ប៉ាញ
07/14/2025 07:07 PM
ព្រះអង្គម្ចាស់ នរោត្តម ចក្រាវុធ ជួបពិភាក្សាការងារជាមួយ ឯកឧត្តម Chen Zhou អនុរដ្ឋមន្រ្តី ក្រសួងទំនាក់ទំនងអន្តរជាតិចិន
07/14/2025 07:07 PM
EU នឹងត្រៀមបញ្ជីពន្ធ ២៤,៥២ពាន់លានដុល្លារ សម្រាប់ទំនិញរបស់អាមេរិក
07/14/2025 06:07 PM