ក្រសួងកសិកម្ម ចុះអនុស្សរណៈយោគយល់គ្នា​ជាមួយបណ្តាធនាគារដៃគូ ដើម្បី​ផ្តល់​កម្ចី​ក្នុង​អត្រា​ការ​ប្រាក់​ទាប​ដល់កសិករ
ឆមាសទី១ឆ្នាំនេះ ការដោះដូរពាណិជ្ជកម្មអន្តរជាតិ​របស់​កម្ពុជា​មាន​ទំហំ​ទឹក​ប្រាក់​ជាង​៣១​ពាន់​លាន​ដុល្លារ
ឯកឧត្តម ស៊ុន ចាន់ថុល អំពាវនាវដល់ម្ចាស់រោងចក្រសូមរក្សាភាពស្ងាត់ស្ងៀម និង​ជឿជាក់​លើរាជរដ្ឋាភិបាលដែលកំពុងខិតខំប្រឹងប្រែង
កម្ពុជាកំពុងបន្តស្វែងរកទីផ្សារថ្មីៗ ដើម្បីពង្រីកទីផ្សារនាំចេញបន្ថែម

សេដ្ឋកិច្ច និង កសិកម្ម

រោងចក្រសហគ្រាសថ្មីចំនួន២កន្លែង ត្រូវបានបង្កើតក្នុងតំបន់សេដ្ឋកិច្ចពិសេសខេត្តស្វាយរៀង

2022/06/08 04:06:56 pm        656
ស្វាយរៀង៖ រោងចក្រ សហគ្រាសចំនួន ២កន្លែងផ្សេងទៀត ត្រូវបានបង្កើតឡើង នៅក្នុងតំបន់សេដ្ឋកិច្ចពិសេសនានា ដើម្បីបង្កើនការផលិត ខណៈរោងចក្រ សហគ្រាសជាង ២០០កន្លែង នៅក្នុងខេត្តស្វាយរៀង បច្ចុប្បន្នកំពុងធ្វើសកម្មភាពផលិតយ៉ាងសកម្ម ដើម្បីឆ្លើយតបតម្រូវការទីផ្សារក្នុងនិងក្រៅប្រទេសបានទាន់ពេលវេលា។លោក អ៊ូ សុខឿន ប្រធានមន្ទីរការងារបណ្ដុះបណ្ដាលវិជ្ជាជីវៈខេត្តស្វាយរៀង នៅថ្ងៃទី៧ ខែមិថុនាឆ្នាំ ២០២២ នេះបានប្រាប់ទូរទស្សន៍ BTV បានឱ្យដឹងថា នៅប៉ុន្មានខែចុងក្រោយនេះ ក្រុម​អ្នក​វិនិយោគទុនបានចូលមករកស៊ីដោយបាន​បង្កើតរោងចក្រ សហគ្រាសចំនួន ២កន្លែងបន្ថែមទៀត​​សម្រាប់បើកឲ្យដំណើរការផលិត​ នូវផលិតផលសម្រាប់នាំចេញ ខណៈដែលរោងចក្រសហគ្រាស​ដែល​មានស្រាប់នៅក្នុងខេត្ត ​កំពុងធ្វើសកម្មភាពផលិតយ៉ាងសកម្ម ដើម្បីឆ្លើយតបទៅ​នឹង​តម្រូវរបស់​ទីផ្សារក្នុង និងក្រៅប្រទេសបានទាន់ពេលវេលា។លោក បានបញ្ជាក់បន្ថែមថា​ ស្វាយរៀងបន្ទាប់ពីរាជរដ្ឋាភិបាល បានបង្កើតអោយមានតំបន់​សេដ្ឋកិច្ច​ពិសេស នៅឆ្នាំ២០០៥ រហូតមកដល់បច្ចុប្បន្ន ខេត្តមានតំបន់សេដ្ឋកិច្ចពិសេសចំនួន១២កន្លែង ហើយបច្ចប្បន្នបានដំណើការផលិតចំនួន៩តំបន់​ សម្រាប់ដំណើការផលិតផលិតផលនាំចេញ ។តាមរបាយការណ៍ដែល BTV ទទួលបាន បញ្ជាក់ឱ្យដឹងថា គិតមកដល់ចុងខែឧសភា ឆ្នាំ២០២២នេះ នៅស្វាយរៀង មានរោងចក្រ សហគ្រាស និងមូលដ្ឋានផលិត​ ចំនួន ២៥០មូលដ្នាន ក្នុងនោះកម្មករ កម្មការិនី ​និងជនបរទេស ​កំពុងបំរើការងារគ្រប់ផ្នែកសរុប ​ជាង១សែននាក់ ដើម្បី​ស្រូប​យក​កម្រៃ​ពលកម្ម បំរើជីវភាព​ និងចូលរួមធ្វើការ អភិវឌ្ឍន៍​សង្គមគ្រួសារ ៕

សន្ទស្សន៍ថ្លៃលំនៅឋាន នឹងចូលរួមអភិវឌ្ឍន៍ និងធ្វើឱ្យប្រសើរឡើងវិស័យអចលនទ្រព្យនៅកម្ពុជា

2022/06/08 12:04:13 pm        502
ភ្នំពេញ៖ ធនាគារជាតិនៃកម្ពុជា បានដាក់ឱ្យប្រើប្រាស់នូវ​សន្ទស្សន៍​ថ្លៃលំនៅដ្ឋាន ដើម្បីតាមដានការវិវត្តនៃវិស័យអចលនទ្រព្យ និងលំនៅដ្ឋានដែលកំពុងរីកចម្រើនខ្លាំង។ អ្នកជំនាញក្នុងវិស័យអចលនទ្រព្យ បានអះអាងថា សន្ទស្សន៍ថ្លៃលំនៅដ្ឋាននេះ នឹងចូលរួមអភិវឌ្ឍន៍ និងធ្វើឱ្យប្រសើរឡើងវិស័យអចលនទ្រព្យនៅកម្ពុជា។លោក ច្រឹក សុខនីម ប្រធានសមាគមអ្នកវាយតម្លៃ ​និងភ្នាក់ងារអចលនវត្ថុកម្ពុជា មានប្រសាសន៍​ប្រាប់ទូរទស្សន៍ព័ត៌មាន ប៊ីធីវី កាលពីល្ងាចថ្ងៃទី៨ ​មិថុនា ឆ្នាំ២០២២នេះថា ការបង្កើតឲ្យ​មាន​សន្ទស្សន៍ថ្លៃលំនៅដ្ឋានបន្ថែមនេះ​ មិនមានផលរំខានដែរដល់អ្នកប្រកបអាជីវកម្មក្នុងវិស័យនេះ ប៉ុន្តែ​សន្ទស្សន៍ថ្លៃលំនៅដ្ឋាន​ នឹងចូលរួមអភិវឌ្ឍន៍វិស័យអចលនទ្រព្យ ​និងសំណង់នៅកម្ពុជា ប្រសើរឡើង។ទាក់ទងនឹងស្ថានភាពនៃការទិញលក់ និងតម្លៃអចលនទ្រព្យ​នៅ​កម្ពុជា​បច្ចុប្បន្ននេះ លោក បាន​ឱ្យដឹងថា មិនមានការធ្លាក់ថ្លៃនោះទេ ​ទោះបីជាកម្ពុជា​ជួបវិបត្តិប្រឈមការរាតត្បាត​នៃជំងឺកូវីដ១៩ រយៈពេលជាង ២ឆ្នាំនេះក៏ដោយ​ ក៏កម្ពុជានៅតែមានស្ថានភាពរឹងមាំនៅក្នុងទីផ្សារមួយនេះ ។សូមបញ្ជាក់ថា ​ការដាក់ឱ្យប្រើប្រាស់សន្ទស្សន៍ថ្លៃលំនៅដ្ឋាន ​គឺជាជំហាន និងសមិទ្ធផលថ្មីមួយ​ទៀត​នៃការងារចងក្រងស្ថិតិសេដ្ឋកិច្ច ​និង​ហិរញ្ញវត្ថុ ​សម្រាប់បម្រើដល់ការវិភាគ និងវាយតម្លៃដំណើរការ​សេដ្ឋកិច្ច ​ពិសេសវិស័យអចលនទ្រព្យ ​និងសំណង់។ សន្ទស្សន៍ថ្លៃលំនៅដ្ឋាននេះដែរ នឹងរួមចំណែកដ៏សំខាន់ក្នុងការតាមដាន វាយតម្លៃ និង​រៀបចំ​គោលនយោបាយអភិវឌ្ឍន៍​ ក៏ដូចជាវិធានការនានា ដើម្បីកាត់បន្ថយ​ហានិភ័យ​ជាអតិបរមា ក្នុង​គោលដៅស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច៕ អត្ថបទ៖ បូរ៉ាវី

ក្រសួងពាណិជ្ជកម្ម បើកកិច្ចប្រជុំអន្តរក្រសួង ពិភាក្សាលើការចរចាពាណិជ្ជកម្ម

2022/06/08 11:55:45 am        369
ភ្នំពេញ៖ ក្រសួងពាណិជ្ជកម្ម បានបើកកិច្ចប្រជុំអន្តរក្រសួង តាមប្រព័ន្ធវីដេអូ ពិភាក្សាលើប្រធានបទសំខាន់ៗ ដើម្បីរៀបចំគោលជំហរ សម្រាប់ចូលរួមសន្និសីទនេះ របស់អង្គការពាណិជ្ជកម្មពិភពលោក (WTO) ខណៈដែលកិច្ចប្រជុំសន្និសីទថ្នាក់រដ្ឋមន្ត្រីលើកទី១២ នឹងឈានដល់ចាប់ពីថ្ងៃទី១២ ខែមិថុនាខាងមុខនេះ។ក្នុងកិច្ចប្រជុំនៅក្រសួងពាណិជ្ជកម្មនៅរសៀលថ្ងៃទី៧ ខែមិថុនានេះ ឯកឧត្តម សុខ សុភ័ក្រ្ត ប្រធាន​អង្គប្រជុំ បានស្វាគមន៍ចំពោះវត្តមានតំណាងក្រសួងសេដ្ឋកិច្ច ​និងហិរញ្ញវត្ថុ​ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្រសួងប្រៃសណីយ៍​ និងទូរគមនាគមន៍ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និង​ក្រុមការងារស្ថានបេសកកម្មអចិន្ត្រៃយ៍កម្ពុជាប្រចាំនៅអង្គការពាណិជ្ជកម្មពិភពលោក និង​ក្រុមការងារនៅក្រសួងពាណិជ្ជកម្ម ​និងបានជម្រាបពីគោលបំណងនៃកិច្ចប្រជុំនេះ។ តាមការរាយការណ៍របស់ឯកឧត្តម ឡុង កែមវិចិត្រ ឯកអគ្គរាជទូត និងក្រុមការងារស្ថាន​បេសកកម្ម​អចិន្ត្រៃយ៍​កម្ពុជាប្រចាំអង្គការពាណិជ្ជកម្មពិភពលោក​ ដែលបានចូលរួមប្រជុំចរចាផ្ទាល់នៅទីនោះ បាន​លើកឡើងពីវឌ្ឍនភាពចុងក្រោយលើប្រធានបទសំខាន់ៗ និងបញ្ហានានាដែលសមាជិក​អង្គការ​កំពុងចរចា ​និងលទ្ធផលរំពឹងទុក ក្នុងនោះរួមមាន៖ ការឆ្លើយតបរបស់អង្គការពាណិជ្ជកម្មពិភព​​លោក ចំពោះវិបត្តិជំងឺរាតត្បាត ​ការលើកលែងពាក់ព័ន្ធ​នឹង​ទិដ្ឋភាព​នៃកម្មសិទ្ធិបញ្ញា​ទាក់ទង​នឹង​ពាណិជ្ជកម្ម ​ការ​ស្តុកទុក​ស្បៀងអាហារសាធារណៈ កម្មវិធីស្បៀងអាហារពិភពលោក ការចរចា​ស្តីពី​កសិកម្ម និងឧបត្ថម្ភ​ធនជលផល ​កំណែទម្រង់អង្គការពាណិជ្ជកម្មពិភពលោក ​ការចរចាពាក់ព័ន្ធ​នឹង​ពាណិជ្ជកម្ម​តាមប្រព័ន្ធអេឡិចត្រូនិក។ក្នុងកិច្ចប្រជុំនេះដែរ ឯកឧត្តមឯកអគ្គរាជទូត បានបញ្ជាក់ថា​ អង្គការពាណិជ្ជកម្មពិភពលោក កំពុង​បន្ត​ប្រជុំចរចា​យ៉ាង​មមាញឹកមុនកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីលើកទី១២ ដើម្បីអាចសម្រេចបាននូវលទ្ធផល​ជាដុំកំភួន ហើយទោះបីជាការចរចាលើប្រធានបទមួយចំនួនអាចនឹងមិនបញ្ចប់​បានក្នុងអំឡុង​ពេលកិច្ច​ប្រជុំថ្នាក់រដ្ឋមន្ត្រីលើកទី១២ សមាជិកនឹងសម្រេចឱ្យមានសេចក្តីប្រកាសពហុភាគីសម្រាប់​កិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីលើកទី១២នេះផងដែរ។ឯកឧត្តម សុខ សុភ័ក្រ្ត បានថ្លែងអំណរគុណដល់តំណាងអន្តរក្រសួង-ស្ថាប័នដែលបានចូលរួម​កិច្ចប្រជុំដ៏មានសារៈសំខាន់នេះ​ និងបានស្នើឱ្យក្រុមការងារស្ថានបេសកកម្ម បន្តរាយការណ៍ជូន​បន្ថែមពីវឌ្ឍនភាពក៏ដូចជាលទ្ធផលនៃការប្រជុំចរចាជាបន្តបន្ទាប់ ​និងពិភាក្សាជាមួយក្នុង​ក្រុម​ការងារក្នុងស្រុក លើវឌ្ឍនភាពនៃការចរចានៅ​អង្គការ​ពាណិជ្ជកម្មពិភពលោក។គួររំលឹកថា​ កិច្ចប្រជុំសន្និសីទថ្នាក់រដ្ឋមន្ត្រីលើកទី១២ ​គ្រោងនឹងប្រព្រឹត្តទៅពីថ្ងៃទី១២ ដល់ថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២២​ នៅទីក្រុងហ្សឺណែវ​ ប្រទេសស្វីស​ ហើយឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រី​ក្រសួង​ពាណិជ្ជកម្ម ​នឹង​ដឹកនាំ​គណៈប្រតិភូកម្ពុជា​ចូលរួម​កិច្ចប្រជុំ​ដ៏មាន​សារៈសំខាន់​នេះ​ផងដែរ៕អត្ថបទ៖ បូរ៉ាវី

ទំហំពាណិជ្ជកម្មកម្ពុជា-ថៃ រំពឹងងើបឡើងល្អប្រសើរ ខណៈប្រទេសទាំងពីរបើកច្រកព្រំដែន

2022/06/08 11:42:12 am        365
ភ្នំពេញ៖ ប្រធានសមាគមពាណិជ្ជកម្មថៃនៅកម្ពុជា រំពឹងថា ទំហំពាណិជ្ជកម្មទ្វេភាគីកម្ពុជា-ថៃ ក្នុងឆ្នាំ ២០២២ អាចងើបល្អប្រសើរឡើងវិញដូចមុនវិបត្តិនៃជំងឺកូវីដ ១៩ ខណៈកម្ពុជាបានបើកប្រទេសគ្មានការរឹតត្បិត និងប្រទេសថៃបើកច្រកព្រំដែនឡើងវិញផងដែរ។លោកស្រី ជីរ៉ាណាន់ វង្សមង្គល ប្រធានសមាគមពាណិជ្ជកម្មថៃនៅកម្ពុជា លើកឡើង ក្នុង​កិច្ច​សម្ភាសន៍​ជាមួយភ្នាក់ងារអ្នកយកព័ត៌ នៅថ្ងៃទី៨ ខែ មិថុនា ឆ្នាំ ២០២២ នេះថា ​មុនវិបត្តិជំងឺកូវីដ ១៩ ការធ្វើពាណិជ្ជកម្មទ្វេរភាគីកម្ពុជាថៃ ​ពីមួយឆ្នាំទៅមួយឆ្នាំ ​បានបន្តហក់ឡើងគួរជាទីកត់សម្គាល់ ក្នុងនោះប្រទេសទាំងពីរ​ក៏បានកំណត់គោលដៅនៃការផ្លាស់ប្តូរទំនិញ ​គឺត្រឹមឆ្នាំ ​២០២៣ នឹង​ជម្រុញទំហំពាណិជ្ជកម្មរវាងប្រទេសទាំងពីរឲ្យដល់ ១៥ ពាន់លានដុល្លារអាមេរិក។ជុំវិញការធ្វើពាណិជ្ជកម្មនេះ, លោកស្រី ជីរ៉ាណាន់ មានសុទិដ្ឋិនិយមយ៉ាងខ្លាំង លើការធ្វើ​ពាណិជ្ជកម្ម​រវាង​ប្រទេសទាំងពីរ ​ស្របពេលកម្ពុជាបានបើកប្រទេសឡើងវិញ​ ដោយគ្មានការរឹតត្បិត ជាពិសេសកម្ពុជា​បានកំពុងចាកចេញពីវិបត្តិកូវីដ ១៩ ។ជាក់ស្តែងក្នុងរយៈពេល ៤ខែ ដើមឆ្នាំនេះ ​ការនាំចូលទំនិញពីប្រទេសថៃ មានទំហំទឹកប្រាក់​ប្រមាណ​ជាង ២ ៤០០ លានដុល្លារ ​និងការនាំចេញពីកម្ពុជា ​មានទំហំទឹកប្រាក់ជាង ៤៥៨ លានដុល្លារ​អាមេរិក បានកើនឡើងប្រមាណជាង ១០% ​បើប្រៀបធៀបរយៈពេលដូចគ្នាឆ្នាំ ២០២១។ ទាក់ទងការធ្វើពាណិជ្ជកម្មកម្ពុជា-ថៃ ​នេះដែរ ​ឯកឧត្តម ប៉ែន សុវិជាតិ អ្នកនាំពាក្យ និងជាអនុរដ្ឋ​លេខាធិការ​ក្រសួងពាណិជ្ជកម្ម ​ថ្លែងថា បច្ចុប្បន្ន ចំពោះលំហូរទំនិញនៅតាមច្រកព្រំដែន ជាពិសេស​ការផ្លាស់ប្តូរទំនិញរវាងកម្ពុជា-ថៃ ​បានដំណើរការទៅដោយរលូន បន្ទាប់ពីប្រទេសថៃ​បើក​ព្រំដែន​ឡើងវិញ ​ដែលនឹងធ្វើឲ្យទំហំពាណិជ្ជកម្មកម្ពុជា-ថៃ ​នឹងកើនឡើងកាន់តែល្អប្រសើរថែមទៀត។សូមបញ្ជាក់ថា៖ បន្ទាប់ពីវិបត្តិនៃជម្ងឺកូវីដ ១៩បានផ្ទុះឡើង ការធ្វើពាណិជ្ជកម្មកម្ពុជា-ថៃ ​នៅក្នុងឆ្នាំ ២០២១ ការនាំចូលទំនិញពីប្រទេសថៃ មានទំហំទឹកប្រាក់ប្រមាណជាង ៧ ពាន់លានដុល្លារ និងការនាំ​ចេញ​ពីកម្ពុជា​មានតម្លៃជាង ​៩០០ ​ពាន់លានដុល្លារ៕ អត្ថបទ៖ សុន រ៉ាឌី

កម្ពុជាកំពុងរៀបចំយុទ្ធសាស្រ្តកាត់បន្ថយថ្លៃឡូជីស្ទីក ដើម្បីមានភាពប្រកួតប្រជែង

2022/06/07 01:53:10 pm        694
ភ្នំពេញ៖ រាជរដ្ឋាភិបាលកំពុងរៀបចំយុទ្ធសាស្រ្តកាត់បន្ថយថ្លៃឡូជីស្ទីក តាមរយៈការដាក់ចេញជាវិធានការកែទម្រង់ជារចនាសម្ព័ន្ធ ជាប្រព័ន្ធ និងជាកញ្ចប់ ដើម្បីអភិវឌ្ឍន៍ប្រព័ន្ធដឹកជញ្ជូន និងឡូជីស្ទីកឱ្យកាន់តែមានប្រសិទ្ធភាព ប្រទាក់ក្រឡាគ្នា ថ្លៃថោក និង ចំណាយពេលតិច ដើម្បីជម្រុញឱ្យសេដ្ឋកិច្ចកម្ពុជាកាន់តែភាពប្រកួតប្រជែង ។ឯកឧត្តម វង្សី វិស្សុត រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី និងជារដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ លើកឡើងក្នុងជំនួបពិភាក្សាការងារជាមួយ ​លោកស្រី Cordula Rastogi សេដ្ឋវិទូជាន់ខ្ពស់​របស់ WB មកពីទីស្នាក់ការកណ្តាលទីក្រុង វ៉ាស៊ីងតោន អំពីយុទ្ធសាស្រ្តកាត់បន្ថយថ្លៃឡូជីស្ទីក​នៅ​កម្ពុជា ក្នុងបរិបទដែលខ្សែច្រវ៉ាក់​ផ្គត់ផ្គង់​សកលត្រូវរាំងស្ទះដោយសារ​ វិបត្តិនៃជំងឺកូវីដ-១៩ នៅថ្ងៃទី ៦ ខែ មិថុនា ឆ្នាំ២០២២។ក្នុងជំនួបខាលើនេះ ឯកឧត្តម មានប្រសាសន៍ថា វិស័យឡូជីស្ទីក គឺជាវិស័យអាទិភាព និងជាគន្លឹះ​សម្រាប់ជំរុញ ​ការធ្វើពាណិជ្ជកម្ម និងវិនិយោគ ក៏ដូចជាការអភិវឌ្ឍ​ជាទូទៅសម្រាប់កម្ពុជា។ សេដ្ឋកិច្ចកម្ពុជា ពិតជាមិនអាចរីកចម្រើនលូតលាស់ជឿនលឿនទៅមុខបានវែងឆ្ងាយឡើយ ប្រសិន​បើ​កម្ពុជាពុំមានប្រព័ន្ធឡូជីស្ទីក ​ដែលប្រកបដោយប្រសិទ្ធភាព សក្កិសិទ្ធិភាព និងរស់រវើក។ ស្របពេលនេះដែរ ​សេដ្ឋកិច្ចពិភពលោកកំពុងទទួលរងផលប៉ះពាល់ ​ដោយសារខ្សែច្រវ៉ាក់ផ្គត់ផ្គង់ និងប្រព័ន្ធ ឡូជីស្ទីក ត្រូវបានរាំងស្ទះដោយសារជំងឺកូវីដ-១៩ ហើយមួយផ្នែកទៀតបណ្តាល​មកពី​ការ​ផ្លាស់ប្តូរ​ប្រព័ន្ធពាណិជ្ជកម្ម។ឯកឧត្តម បន្តថា ចំណាយឡូជីស្ទីកកម្ពុជានៅខ្ពស់​ គឺជាបញ្ហាជារចនាសម្ព័ន្ធដ៏រ៉ាំរ៉ៃមួយ,បញ្ហានេះ រាជរដ្ឋាភិបាលបាន ​គិតគូរ និងចាប់ផ្តើមដោះស្រាយបញ្ហានេះ តាំងពីមុនពេលនៃវិបត្តិជំងឺកូវីដ-១៩។ បច្ចុប្បន្ន ​រាជរដ្ឋាភិបាលកំពុងបន្តធ្វើការនេះ ដើម្បីកាត់បន្ថយថ្លៃឡូជីស្ទីកនៅកម្ពុជា តាមរយៈការដាក់​ចេញ​ជាវិធានការ​កែទម្រង់​ជារចនាសម្ព័ន្ធជាប្រព័ន្ធ និងជា ​កញ្ចប់ដូចមាន​កំណត់នៅក្នុង​ក្រប​ខណ្ឌយុទ្ធសាស្រ្ត និងកម្មវិធីស្តារ និងជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា ​ក្នុងការរស់នៅជាមួយកូវីដ-១៩ តាមគន្លងប្រក្រតីភាពថ្មី សម្រាប់ឆ្នាំ ២០២១-២០២៣។ ជុំវិញស្ថានភាពនេះ, កម្ពុជាត្រូវតែចេះចាប់យកឱកាស តាមរយៈការកែទម្រង់រចនាសម្ព័ន្ធ ដើម្បីកាត់​បន្ថយថ្លៃឡូជីស្ទីក និងអភិវឌ្ឍប្រព័ន្ធដឹកជញ្ជូន និងឡូជីស្ទីកឱ្យកាន់តែរស់រវើក ​និងមានប្រសិទ្ធភាព ដើម្បីត្រងយកការវិនិយោគ​ ដែលនឹងប្តូរទីតាំង ចេញពីប្រទេសចិន សម្រាប់ជំរុញការធ្វើពិពិធម្ម​មូលដ្ឋាន​សេដ្ឋកិច្ច ​នៅក្នុងរយៈពេលខ្លី និងមធ្យម និងរយៈពេលវែង។ក្នុងជំនួបនេះ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងធនាគារពិភពលោក ឯកគ្នាបន្តធ្វើសិក្សា​ស៊ីជំរៅ​លើចំណុចមួយចំនួនទៀត ​ដើម្បីធ្វើឱ្យឯកសារយុទ្ធសាស្រ្តដ៏សំខាន់នេះ ក្លាយជា​របៀបវារៈនៃ​ការកែទម្រង់ ដ៏មុតស្រួចរបស់រាជរដ្ឋាភិបាល ​ដើម្បីជំរុញការទាក់ទាញការវិនិយោគ និងធុរកិច្ចពីខាងក្រៅ៕អត្ថបទ៖ សុន រ៉ាឌី

រាជធានីភ្នំពេញបន្តវឌ្ឍនភាពលើវិស័យសំណង់អគារ និងហេដ្ឋារចនាសម្ព័ន្ធឥតឈប់ ទោះរងផលប៉ះពាល់ដោយវិបត្តិកូវីដ-១៩ក្តី

2022/06/07 12:57:16 pm        207
ភ្នំពេញ៖ ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានឱ្យដឹងនៅថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០២២ថា គិតត្រឹមដើមឆ្នាំ២០២២នេះ នៅរាជធានីភ្នំពេញមានសំណង់បុរី និងបណ្ដុំផ្ទះល្វែងចំនួន ៣១០ កន្លែង និងអគារខ្ពស់ៗ ចំនួន ១.៦០៣ អគារ ក្នុងនោះ អគារកម្ពស់ចាប់ពី ២០ជាន់ឡើងទៅមានចំនួន ២២៥ អគារ ។ឯកឧត្តម ឃួង ស្រេង បានបញ្ជាក់ថា នៅឆ្នាំ២០២១ កន្លងទៅ ទោះបីមានផលប៉ះពាល់​ពី​វិបត្តិ​ជា​សកលបង្កឡើងដោយជំងឺកូវីដ-១៩ក៏ដោយ រាជធានីភ្នំពេញ ​នៅតែបន្តទទួលបានគម្រោង​សាងសង់​ថ្មីៗពីវិស័យឯកជនរហូតដល់ទៅចំនួន ១.០៥០ គម្រោង ​លើផ្ទៃក្រឡាសំណង់សរុបជាង ​៤,៦៣ លានម៉ែត្រក្រឡា ដែលមានទំហំទុនវិនិយោគប៉ាន់ស្មានជាង ​២,២៦ ពាន់លានដុល្លាអាមេរិក​បន្ថែមទៀត​ ធ្វើឱ្យរាជធានីភ្នំពេញកាន់តែមានភាព​ស្រស់​បំព្រង មិនចាញ់​បណ្តាទីក្រុងនៃប្រទេស​ក្បែរខាង​ និងក្នុង​ តំបន់អាស៊ានឡើយ៕

ឆ្នាំនេះ វិស័យដឹកជញ្ជូននៅកម្ពុជា រំពឹងមានកំណើនខ្ពស់ឡើងវិញ ទោះបីតម្លៃប្រេងឡើងខ្ពស់បន្តិចក្តី

2022/06/07 11:53:26 am        631
ភ្នំពេញ៖ អ្នកជំនាញក្នុងវិស័យដឹកជញ្ជូន រំពឹងថា វិស័យដឹកជញ្ជូននៅកម្ពុជា នឹងមានកំណើនខ្ពស់ឡើងវិញ ទោះបីជាបច្ចុប្បន្ននេះ ពិភពលោកក៏ដូចជាកម្ពុជា កំពុងវិបត្តិប្រេងឡើងថ្លៃ និងការដឹកជញ្ជូនឡើងខ្ពស់បន្តិចក៏ដោយ។លោក ជា ចាន់ដារ៉ា ប្រធានសមាគមពាណិជ្ជករដឹកជញ្ជូន និងខ្សែសង្វាក់ផ្គត់ផ្គង់នៅកម្ពុជា បាន​ប្រាប់ឲ្យដឹងថា ​នៅក្នុងឆ្នាំ២០២២នេះ ក្រោយពីរាជរដ្ឋាភិបាលសម្រេចបើកដំណើរការសង្គម-សេដ្ឋកិច្ចទាំងស្រុងឡើងវិញ កាលពីខែវិច្ឆិកា ឆ្នាំ២០២១មក​ សកម្មភាពនៃការដឹកជញ្ជូនទំនិញចេញ-ចូលមានការកើនឡើងខ្ពស់ ​ដែលការកើនឡើងនៃការដឹកជញ្ជូននេះ ដោយសារការផលិតនៅ​ក្នុង​ប្រទេស មិនមានការរាំងស្ទះពីការរាតត្បាតដោយជំងឺកូវីដ-១៩ទេ ហើយប្រទេសដទៃ​ក៏មិនបាន​បញ្ហាចោទដែរ។ចំពោះបញ្ហាប្រេងឡើងថ្លៃ លោកប្រធានសមាគម បញ្ជាក់ថា អំឡុងពេលប្រេងឡើងថ្លៃនេះ ការ​ដឹកជញ្ជូន​ចេញចូលនៅកម្ពុជា ​នៅតែមានដំណើរការប្រក្រតីជាធម្មតា។ ​ដូច្នេះលោករំពឹងថា ទំហំ​នៃការ​ដឹកជញ្ជូននាំចេញ-នាំចូលរបស់កម្ពុជា​ សម្រាប់ឆ្នាំ២០២២នេះ​ នឹងមានការកើនឡើងខ្លាំង ទោះបី​តម្លៃដឹកជញ្ជូនមានការឡើងថ្លៃ​បន្តិចបន្តួច​តាមប្រេងក្តី។ដោយឡែកទាក់ទងនឹងវិបត្តិខ្វះទូរកុងតឺន័រ រួមទាំងការដឹកជញ្ជូនតាមយន្តហោះ ដែលមាន​ឡើង​ថ្លៃខ្ពស់ ​អំឡុងពេលដែលបណ្តាប្រទេសបិទខ្ទប់​ប្រទេសរៀងៗខ្លួន ដើម្បីប្រយុទ្ធប្រឆាំងជំងឺ​កូវីដ១៩ ​កន្លងទៅនោះ លែងជាបញ្ហា​ ដោយតម្លៃទូរកុងតឺន័រ ​ក៏ដូចជាការដឹកជញ្ជូនតាមផ្លូវអាកាស មានតម្លៃធម្មតា។គួរបញ្ជាក់ដែរថា ថ្មីៗនេះ ក្រុមអ្នកជំនាញសេដ្ឋកិច្ច បានកត់សម្គាល់ឃើញថា នារយៈពេលប៉ុន្មាន​ខែចុង​ក្រោយនេះ​ សកម្មភាពសេដ្ឋកិច្ចកម្ពុជា​ ហាក់កាន់តែបង្ហាញនូវភាពវិជ្ជមានជាថ្មី បន្ទាប់​ពី​វិស័យនេះ​បានរងគ្រោះដោយសារវិបត្តិកូវីដ១៩​ អស់រយៈពេលជាង២ឆ្នាំកន្លងមក ពិសេសតាម​រយៈលំហូរនៃអ្នកដំណើរ​ និងក្រុមវិនិយោគិនបរទេសដែលចូលមកកម្ពុជា។ទន្ទឹម​នេះ ក្រុមអ្នកជំនាញ​ ក៏បានអះអាងដែរថា ដ្បិតការងើបឡើងវិញនៃសេដ្ឋកិច្ចកម្ពុជា​បច្ចុប្បន្ន​ហាក់​នៅមានកម្រិតនៅឡើយ ​តែសកម្មភាពអ្នកដំណើរ ​និងវិនិយោគិនបរទេស ដែលបានចូល​មក​កម្ពុជា ​បានបង្ហាញពីភាពវិជ្ជមាននៃវិស័យសេដ្ឋកិច្ចរបស់កម្ពុជាយ៉ាងខ្លាំង៕

សហព័ន្ធស្រូវអង្ករកម្ពុជា អំពាវនាវឲ្យកសិករបង្កើនការដាំដុះ ជំរុញបរិមាណផលិត ខណៈពិភព​លោកកំពុងខ្វះស្បៀង

2022/06/07 11:41:34 am        1427
ភ្នំពេញ៖ សហព័ន្ធស្រូវអង្ករកម្ពុជា បានអំពាវនាវដល់បងប្អូនប្រជាកសិករទាំងអស់ ធ្វើស្រែដោយយកចិត្តទុកដាក់ខ្ពស់ និងស្វែងរកជម្រើសយន្តការប្រើប្រាស់ធាតុចូល ដូចជាជី តាមលក្ខណៈធម្មជាតិ ឬសរីរាង្គជាដើម ឬក៏អាចលាយជាមួយជីគីមី និងត្រូវអនុវត្តតាមបច្ចេកទេសរបស់ក្រសួងកសិកម្ម ដើម្បីជំរុញទាំងបរិមាណ គុណភាព និងតម្លៃស្រូវឱ្យមានការកើនឡើងបន្ថែមទៀត ខណៈដែលពិភពលោកកំពុងជួបវិបត្តិជីថ្នាំកសិកម្មឡើងថ្លៃ និងកំពុងខ្វះស្បៀង។លោក​ឧកញ៉ា​ សុង សារ៉ន ប្រធានសហព័ន្ធស្រូវអង្ករកម្ពុជា ​បានកត់សម្គាល់ឃើញថា វិបត្តិសង្រ្គាម​រុស្ស៉ី-អ៊ុយក្រែន ​ដែលបានធ្វើឱ្យពិភពលោកខ្វះស្បៀងអាហារ រួមទាំងជីថ្នាំកសិកម្មឡើងថ្លៃនេះ គឺព្រោះប្រទេសទាំងពីរនេះ ជាប្រទេសដែលផលិតស្រូវសាឡី​សម្រាប់នាំចេញ​ទៅទីផ្សារអឺរ៉ុប​ច្រើនជាងគេ ​និងប្រទេស​នៅអាហ្វ្រិកមួយចំនួនទៀត ដែលបណ្តាលឱ្យតម្លៃស្រូវសាឡីកើនឡើង​ខ្លាំង​រហូតដល់៣០% ​ប៉ុន្តែវាក៏ជាឱកាសល្អសម្រាប់កម្ពុជា ក្នុងការនាំស្រូវអង្ករចេញដែរ ដូច្នេះបងប្អូនត្រូវខិតខំការដាំដុះ។ជាមួយគ្នានេះ លោកឧកញ៉ា សុង សារ៉ន ក៏បានលើទឹកចិត្តផងដែរដល់ការផលិតស្រូវសរីរាង្គ ព្រោះអង្ករ ​ឬស្រូវសរីរាង្គនេះ​ កំពុងមានតម្លៃខ្ពស់ ​និងមានភាពល្បីល្បាញនៅទីផ្សារអឺរ៉ុប។ លោក បញ្ជាក់ថា នៅប្រទេសកម្ពុជា​ មានក្រុមហ៊ុនមួយចំនួន ​បានចាប់ផ្តើម ផលិតស្រូវសរីរាង្គនេះ រយៈពេលជាង ១០ឆ្នាំមកហើយ តែបរិមាណមិនទាន់បានច្រើននៅឡើយទេ។ ដោយឡែកក្រុមហ៊ុន Amru Rice របស់លោកក៏បានចងក្រងបណ្តុំកសិករជាច្រើន ដើម្បីផលិតស្រូវ​សរីរាង្គនេះ ​នៅឯខេត្តព្រះវិហារ ​និងទទួលបានបរិមាណប្រមាណជាង ២ម៉ឺនតោនជាប្រចាំឆ្នាំ ហើយ​ស្រូវសរីរាង្គខេត្តព្រះវិហារនេះ​ ទទួលបានភាពល្បីល្បាញ​ និងគាំទ្រយ៉ាងច្រើននៅទីផ្សារអឺរ៉ុប ពិសេស​ គឺថែមទាំងទទួលបានចំណាត់ថ្នាក់លេខ៥ ​ជាប្រទេសដែលផលិតស្រូវសរីរាង្គច្រើន និងមានគុណភាពល្អទៀតផង។​ ចំពោះតម្លៃស្រូវសរីរាង្គនេះ លោកបញ្ជាក់ថា មានតម្លៃខ្ពស់ជាង​ស្រូវធម្មតា​រហូតដល់ជាង ៣០%។របាយការណ៍របស់សហព័ន្ធស្រូវអង្ករកម្ពុជា បង្ហាញថា ក្នុងរយៈពេល ៥ខែ ដើមឆ្នាំ២០២២ ការនាំ​អង្ករចេញពីកម្ពុជាទៅកាន់ទីផ្សារអន្តរជាតិ ​តាមរយៈក្រុមហ៊ុនចំនួន​ ៥៣ ក្រុមហ៊ុន ទៅប្រទេសចិន រួមទាំង​តំបន់ស្វយ័តហុងកុង ​ម៉ាកាវ បានចំនួនជាង​ ១៤ ម៉ឺនតោន មានកំណើនជាង ២៣% បើធៀប​ទៅនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២១។ចំណែកការនាំចេញទៅកាន់ប្រទេសនានានៅក្នុងទ្វីបអ៊ឺរ៉ុប ​បានចំនួនជាង ៨ម៉ឺន ៨ពាន់តោន មាន​កំណើនជិត ៥០%។ រីឯការនាំចេញទៅកាន់ប្រទេសអាស៊ាន ​៤ប្រទេសបានចំនួនជាង ​២ម៉ឺន ៥ពាន់តោន​ កើនឡើងជាង​ ១៧% និងការនាំចេញទៅកាន់គោលដៅផ្សេងៗចំនួន ​២១ប្រទេស បានចំនួន​ជាង ២ម៉ឺនតោន ឬស្មើនឹងជាង ៧%។ដោយឡែកមួយខែឧសភាឆ្នាំ ២០២២ ការនាំចេញអង្ករទៅកាន់ទីផ្សារអន្តរជាតិមានចំនួន ៦២.៥៣៧តោន ​មានកំណើនរហូតដល់ ​៥៤.២៨% ​ធៀបនឹងខែឧសភា​ ២០២១ និង​នាំចេញស្រូវបានចំនួន ៥០.១៦១ តោន៕

កម្ពុជាត្រៀមរួចរាល់ ក្នុងការចូលរួមថ្នាក់រដ្ឋមន្ដ្រីលើកទី១២នៅសប្តាហ៍នេះ

2022/06/06 12:31:56 pm        350
ភ្នំពេញ៖ ឯកឧត្តមរដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម បានលើកឡើងថា កម្ពុជាបានត្រៀមរួចជាស្រេច ក្នុងការចូលរួមសន្និសីទថ្នាក់រដ្ឋមន្ដ្រីលើកទី១២ (MC12) ដែលនឹងប្រព្រឹត្តទៅ ពីថ្ងៃទី១២ ដល់១៥ ខែមិថុនា ឆ្នាំ២០២២ខាងមុខនេះ នៅទីក្រុងហ្សឺណែវ ប្រទេសស្វីស។ក្រសួងពាណិជ្ជកម្ម កាលពីសប្តាហ៍កន្លងទៅនេះ បានឲ្យទូរទូស្សន៍ព័ត៌មាន ប៊ីធីវី ដឹងថា នៅក្នុង​ជំនួប​ការងារជាមួយ ឯកឧត្តម ប៉ាន សូរស័ក្ដិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម តាមប្រព័ន្ធវីដេអូ ក្នុង​គោលបំណង ជម្រាបជូនសមាជិកនៃអង្គការពាណិជ្ជកម្មពិភពលោក ដែលចូលរួម​អំពីបច្ចុប្បន្នភាព​ពាក់ព័ន្ធនឹងសន្និសីទថ្នាក់រដ្ឋមន្ដ្រីលើកទី១២ នាពេលខាងមុខនេះ ។លោកជំទាវ Ngozi Okonjo-Iweala អគ្គនាយិកាអង្គការពាណិជ្ជកម្មពិភពលោក (WTO) បាន​លើកឡើងអំពីបញ្ហា និងប្រធានបទសំខាន់ៗមួយចំនួននៃសន្និសីទថ្នាក់រដ្ឋមន្ដ្រីលើកទី១២ ដែលមានដូចជា ​សេចក្ដីព្រាងនៃកិច្ចព្រមព្រៀងឧបត្ថម្ភធនជលផល​ ការឆ្លើយតបនៃកិច្ចព្រមព្រៀង TRIPS ទៅនឹងជំងឺរីករាលដាល ការចរចាកសិកម្ម សន្ដិសុខស្បៀង និង កំណែទម្រង់អង្គការ​ពាណិជ្ជកម្ម​ពិភពលោក។ ជាមួយគ្នានេះ លោកជំទាវ ​បានស្នើដល់អង្គប្រជុំឱ្យព្យាយាមរកចំណុចឯកភាពគ្នា​ក្នុង​ចំណោម​ភាគី​ពាក់ព័ន្ធ ​និងសមាជិកអង្គការ ​ដើម្បី​ជំរុញ​និងពន្លឿនការចរចា និងសេចក្ដីសម្រេចសន្និសីទ​ថ្នាក់​រដ្ឋមន្ដ្រីលើកទី១២ ដើម្បីផ្ដល់ផល​ប្រយោជន៍ច្រើនជូនដល់ប្រទេសខ្លួន ក៏ដូចជាសមាជិក​អង្គការ​ទាំងមូល។ជាកិច្ចឆ្លើយតប ឯកឧត្តមរដ្ឋមន្ដ្រី មានប្រសាសន៍ថា កម្ពុជាគាំទ្រយ៉ាងពេញទំហឹង ចំពោះ​ប្រព័ន្ធពាណិជ្ជកម្ម​ពហុភាគី ​និងការចូលរួមដើម្បីពង្រឹងប្រព័ន្ធនេះឱ្យកាន់តែរឹងមំាំ តាមរយៈការធ្វើ​កំណែទម្រង់អង្គការពាណិជ្ជកម្មពិភពលោក យ៉ាងមានប្រសិទ្ធភាព។ ឯកឧត្តម បានបន្ដថា សេចក្ដីព្រាងនៃកិច្ចព្រមព្រៀងស្ដីពី​ឧបត្ថម្ភធនជល គួរ​ផ្តល់​នូវ​ប្រព្រឹត្តកម្ម​ពិសេស​ និងដោយឡែក (Special and Differential Treatment - SDT) ​ដោយមានភាពបត់បែន ជូន​ប្រទេស​អភិវឌ្ឍន៍តិចតួច ​ក្នុងនោះមានប្រទេសកម្ពុជា។ ឯកឧត្ត មបន្ថែមថា កម្ពុជាចង់ឃើញលទ្ធផលសំខាន់ៗក្នុងសន្និសីទនេះ ​ចំនួនដូចជា ការ​លើកលែង​ក្នុងកិច្ចព្រមព្រៀង TRIPS (TRIPS waiver), ​ការឆ្លើយតបរបស់អង្គការពាណិជ្ជកម្មពិភពលោក ទៅ​នឹងជំងឺរីករាលដាល-ល- ដើម្បីបញ្ជាក់ថា អង្គការ និងប្រព័ន្ធពាណិជ្ជកម្មពហុភាគី នៅតែអាច​ដើរតួនាទីយ៉ាងសំខាន់ក្នុងការដោះស្រាយបញ្ហាពាណិជ្ជកម្មពិភពលោក និងអាចបង្កើតនូវ​សមិទ្ធផល​ដល់​វិស័យពាណិជ្ជកម្ម និងសេដ្ឋកិច្ចពិភពលោក។ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តមរដ្ឋមន្ដ្រី បានធ្វើការវាយតម្លៃខ្ពស់ចំពោះ ភាគីអង្គការ​ពាណិជ្ជកម្ម​ពិភព​លោក ដែលបាន​សម្របសម្រួល ​សំណើរបស់​ក្រុម​ប្រទេស​អភិវឌ្ឍន៍​តិចតួច (LDCs) ពាក់ព័ន្ធ​នឹងការស្នើសុំការរក្សាការ​អនុគ្រោះពន្ធក្នុងរយៈពេលកំណត់មួយបន្ទាប់ពីការចាកចេញពី​ចំណាត់​ថ្នាក់​ក្រុមប្រទេសអភិវឌ្ឍន៍តិចតួច ​និងកញ្ចប់នៃវិធានការគាំទ្រ ​ក្នុងអនុគណៈកម្មការ ។ជាកិច្ចចុងក្រោយ លោកជំទាវអគ្គនាយិកា​ បានថ្លែងអំណរគុណ​ចំពោះ​ការចូលរួមពីអង្គប្រជុំនា​ថ្ងៃនេះ​ និងមានជំនឿថា ​សន្និសីទថ្នាក់រដ្ឋមន្ដ្រីលើកទី១២ខាងមុខនេះ នឹងមានការចូលរួមយ៉ាង​សកម្ម​ពីបណ្ដាសមាជិក ​ព្រមទាំងទទួលបានលទ្ធផល និងអត្ថប្រយោជន៍យ៉ាងច្រើន​ដល់​សមាជិក​ទាំង​មូល៕ អត្ថបទ៖ ឈិត បូរ៉ាវី

CDC អនុម័តគម្រោងវិនិយោគថ្មីចំនួន៤ មានទុនវិនិយោគសរុប ១៧លានដុល្លារ នៅភ្នំពេញ និងខេត្តកណ្តាល

2022/06/02 02:18:58 pm        631
ភ្នំពេញ៖ យោងតាមតាមសំណើសុំវិនិយោគរបស់ក្រុមហ៊ុន គណៈកម្មាធិការវិនិយោគកម្ពុជា​នៃ​ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានសម្រេចចេញវិញ្ញាបនបត្រចុះបញ្ជីគម្រោងវិនិយោគចំនួន ៤ផ្សេងគ្នា ​ដែលមានទំហំទឹកប្រាក់សរុបប្រមាណ ​១៧,១លានដុល្លារ ដើម្បីបង្កើតរោងចក្រកាត់ដេរ​សំលៀកបំពាក់​ និងរោងចក្រផលិតកាបូបគ្រប់ប្រភេទ ​ក្នុងនោះចំនួន ២ទីតាំង នៅក្នុងរាជធានី​ភ្នំពេញ និង២ទីតាំងផ្សេងទៀត នៅខេត្តកណ្តាល។លើកឡើងក្នុងបណ្តាញសង្គមហ្វេសប៊ុក កាលពីរាត្រីថ្ងៃទី៣១ ឧសភា ឆ្នាំ២០២២កន្លងទៅ ក្រុម​ប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានរៀបរាប់ថា ​គម្រោងវិនិយោគទាំង៤នេះ គិត​ទំហំទឹកប្រាក់សរុបចំនួន​ប្រមាណ ១៧,១លានដុល្លារអាម៉េរិក​ និងអាចបង្កើតការងារជូនប្រជាពលរដ្ឋចំនួនជិត ៥ពាន់នាក់។ ក្រុមហ៊ុនទាំង៤ រួមមាន ក្រុមហ៊ុនKING SUCCESS CO., LTD. គម្រោងបង្កើតរោងចក្រកាត់ដេរ និងចាក់​សំលៀកបំពាក់ ដែល​មានទីតាំងវិនិយោគស្ថិតនៅក្រុងតាខ្មៅ​ ខេត្តកណ្តាល មានទុន​វិនិយោគប្រមាណ ៦លានដុល្លារ និងអាចបង្កើតការងារបានចំនួនជិត ​២ពាន់កន្លែង​ និងក្រុមហ៊ុន MATEWE BAG & CASE (CAMBODIA) CO., LTD​ គម្រោងបង្កើតរោងចក្រផលិតកាបូបគ្រប់ប្រភេទ ដែល​មានទីតាំងវិនិយោគស្ថិតនៅខណ្ឌសែនសុខ រាជធានីភ្នំពេញ ​ទុនវិនិយោគប្រមាណ ៤,៤លានដុល្លារ ​និងអាចបង្កើតការងារបានចំនួនជាង​ ១.២០០កន្លែង។ក្រុមហ៊ុន SINOPROUD APPAREL (CAMBODIA) CO., LTD. គម្រោងបង្កើតរោងចក្រកាត់ដេរ​សំលៀកបំពាក់ ​ដែល​មានទីតាំងវិនិយោគស្ថិតនៅ ​ក្រុងតាខ្មៅ ខេត្តកណ្តាល មានទុនវិនិយោគ​ប្រមាណ ៣,៥លានដុល្លារ​ និងអាចបង្កើតការងារបានចំនួនជាង ​១.២០០កន្លែង ​និងក្រុមហ៊ុន JI SHUN YUAN (CAMBODIA) GARMENT CO., LTD. ​គម្រោងបង្កើត​រោងចក្រ​កាត់ដេរ​សំលៀកបំពាក់ ដែល​មានទីតាំងវិនិយោគស្ថិតនៅខណ្ឌមានជ័យ ​រាជធានីភ្នំពេញ មានទុន​វិនិយោគប្រមាណ ៣,២លានដុល្លារ ​និងអាចបង្កើតការងារ​បានចំនួនជាង ៥០០កន្លែង។គិតត្រឹម៤ខែ ឆ្នាំ២០២២ ​រដ្ឋាភិបាលកម្ពុជា ​បានអនុម័តគម្រោងវិនិយោគថ្មីៗ និងគម្រោងពង្រីក​ផលិតកម្ម​សរុបចំនួន ៦០គម្រោង ​ដែលមានទំហំទឹកប្រាក់សរុបប្រមាណ ២ ៦០០លានដុល្លារ​អាម៉េរិក ​និងអាចបង្កើតឱកាសការងារជូនប្រជាពលរដ្ឋចំនួនជាង ​៤ម៉ឺនកន្លែង៕ អត្ថបទ៖ បូរ៉ាវី

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ការពិនិត្យឡើងវិញ៖ ភាពយន្តឯកសារពីតំបន់ហ្កហ្សារបស់ BBC បំពានគោលការណ៍ណែនាំអំពីភាពត្រឹមត្រូវ
07/14/2025 08:07 PM
មនុស្សជាច្រើននាក់ស្លាប់ក្នុងអគ្គិភ័យនៅមជ្ឈមណ្ឌលសង្គ្រោះ ក្នុងរដ្ឋ Massachusetts
07/14/2025 08:07 PM
ជំនួយការរបស់លោក Netanyahu ប្រឈមនឹងការចោទប្រកាន់ផ្លូវការ ជុំវិញការបែកធ្លាយព័ត៌មានយោធា
07/14/2025 08:07 PM
រដ្ឋមន្ត្រីការបរទេសអ៊ីស្រាអែល និងប៉ាឡេស្ទីន នឹងចូលរួមកិច្ចប្រជុំរបស់ EU
07/14/2025 08:07 PM
អ៊ីរ៉ង់៖ ការដាក់ទណ្ឌកម្មជាថ្មីរបស់ UN នឹងជួបជាមួយការឆ្លើយតបយ៉ាងសមស្រប
07/14/2025 07:07 PM
វិមានក្រឹមឡាំង៖ ការបញ្ជូនអាវុធ និងគ្រាប់រំសេវទៅអ៊ុយក្រែនពីអាមេរិក កំពុងបន្តមានធម្មតា
07/14/2025 07:07 PM
នគរបាលឃាត់ខ្លួនមនុស្ស ៨នាក់ ក្រោយមានការប៉ះទង្គិចរបស់ក្រុមប្រឆាំងជនអន្តោប្រវេសន៍ ក្នុងទីក្រុងនៅអេស្ប៉ាញ
07/14/2025 07:07 PM
ព្រះអង្គម្ចាស់ នរោត្តម ចក្រាវុធ ជួបពិភាក្សាការងារជាមួយ ឯកឧត្តម Chen Zhou អនុរដ្ឋមន្រ្តី ក្រសួងទំនាក់ទំនងអន្តរជាតិចិន
07/14/2025 07:07 PM
EU នឹងត្រៀមបញ្ជីពន្ធ ២៤,៥២ពាន់លានដុល្លារ សម្រាប់ទំនិញរបស់អាមេរិក
07/14/2025 06:07 PM
សេដ្ឋកិច្ចកម្ពុជានៅបន្តរឹងមាំ៖ ២២ខែនៃរាជរដ្ឋាភិបាលអាណតិ្តទី៧របស់សម្តេចធិបតី រោងចក្រសហគ្រាសកើនជាង៥,៣ពាន់ដែលបង្ហាញពីភាពរឹងមាំ និងជំនឿទុកចិត្ត
07/14/2025 06:07 PM