មន្រ្ដីនាំពាក្យក្រសួងកសិកម្ម៖ មិនគួរមានការព្រួយបារម្ភណាមួយពីកង្វះ ឬការកើន​ឡើង​តម្លៃ​ស្បៀង​​ក្នុង​ស្រុក​ឡើយ ខណៈកម្ពុជាមានសមត្ថភាពគ្រប់គ្រាន់ធានាសន្តិសុខស្បៀង
ក្រសួងកសិកម្ម ចុះអនុស្សរណៈយោគយល់គ្នា​ជាមួយបណ្តាធនាគារដៃគូ ដើម្បី​ផ្តល់​កម្ចី​ក្នុង​អត្រា​ការ​ប្រាក់​ទាប​ដល់កសិករ
ឆមាសទី១ឆ្នាំនេះ ការដោះដូរពាណិជ្ជកម្មអន្តរជាតិ​របស់​កម្ពុជា​មាន​ទំហំ​ទឹក​ប្រាក់​ជាង​៣១​ពាន់​លាន​ដុល្លារ
ឯកឧត្តម ស៊ុន ចាន់ថុល អំពាវនាវដល់ម្ចាស់រោងចក្រសូមរក្សាភាពស្ងាត់ស្ងៀម និង​ជឿជាក់​លើរាជរដ្ឋាភិបាលដែលកំពុងខិតខំប្រឹងប្រែង

សេដ្ឋកិច្ច និង កសិកម្ម

អភិបាលខណ្ឌដូនពេញ៖ កម្លាំងគណៈបញ្ជាការឯកភាព ត្រូវប្រចាំការជាប់ជាប្រចាំ ដើម្បី​ទទួល​សំណូមពរ​ប្រជាពលរដ្ឋមិនថាយប់ ឬថ្ងៃ

2022/05/18 02:20:25 pm        144
ភ្នំពេញ៖ អភិបាលខណ្ឌដូនពេញ បានណែនាំដល់កម្លាំងគណៈបញ្ជាការឯកភាពសង្កាត់ ខណ្ឌ ត្រូវប្រចាំការជាប់ជាប្រចាំ២៤ម៉ោងលើ២៤ម៉ោង នៅទីស្នាក់ ដើម្បីបំរើសេវាសាធារណៈ និងទទួឡសំណូមពររបស់ប្រជាពលរដ្ឋមិនថាយប់ ឬថ្ងៃ។ថ្លែងក្នុងកិច្ចប្រជុំបង្កើតគណៈបញ្ជាការសន្តិសុខអចិន្ត្រៃយ៍ របស់គណៈបញ្ជាការឯកភាពខណ្ឌដូន​ពេញ នៅសាលាខណ្ឌដូនពេញ នៅព្រឹកថ្ងៃទី១៨ ខែឧសភាឆ្នាំ២០២២ លោក សុខ ពេញវុធ អភិបាល នៃគណៈអភិបាលខណ្ឌដូនពេញ បានណែនាំដល់កម្លាំងគណៈបញ្ជាការឯកភាព​ណែនាំ​មន្រ្តី​សមត្ថកិច្ច និងអាជ្ញាធរទាំងអស់ឲ្យយកចិត្តទុកដាក់បំរើសេវាសាធារណះ សេវាសន្តិសុខ សេវាផ្សេងៗ​ជា​តម្រូវការប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋឲ្យបានត្រឹមត្រូវ។លោកអភិបាល បានបន្តទៀតថា ដើម្បីធនាបំរើការងារ បានជោគជ័យ កម្លាំង​គណះបញ្ជាការ​ឯកភាព​ខណ្ឌ​ត្រូវពង្រឹងការងារសន្តិសុខ​ឡើងវិញ ​ដោយត្រូវដាក់គោលដៅត្រួតពិនិត្យ​អាវុធជាតិផ្ទុះ​ឡើងវិញទាំងយប់ទាំងថ្ងៃ ​និងត្រូវបង្កើន​មុខ​សញ្ញា​ញៀនថ្នាំ ជន​ពនេចរ​គ្មាន​ទីជំរក​ពិត​ប្រាកដ​និងស្រ្តីរកស៊ីផ្លូវភេទជាដើម ​ក្នុងមូលដ្ឋាន​ដែល​បង្ក​ហានិភ័យ ដើម្បីគ្រប់គ្រងជនទាំងនេះ​មិនឲ្យ​ប្រព្រឹត្ត​ល្មើស​ទាំង​ឡាយ​ណា​ប្រាសចាក​គន្លងច្បាប់។ជាចុងក្រោយ លោកបានបញ្ជាក់ថា ​កម្លាំងសង្កាត់និងប៉ុស្តិ៍ត្រូវយកចិត្តទុកដាក់ពីបញ្ហាសណ្ដាប់ធ្នាប់ ជាពិសេស​ក្នុងអំឡុងពេល​យុទ្ធនាការ​ឃោសនា​មិន​អនុញ្ញាត​ឲ្យ​មាន​ការ​សង់​រោងការ រោងបុណ្យ ឬពិធីផ្សេងៗលើទ្រូងផ្លូវឡើយ ព្រោះ​អាច​ប៉ះពាល់​ការ​កកស្ទះ​ផ្លូវ​របស់​គណបក្ស​នយោបាយនានា ធ្វើការ​ដង្ហែក្បួន​ក្នុង​មូលដ្ឋាន​ខណ្ឌដូនពេញ៕ អត្ថបទ៖ កុម្ភៈ

រាជរដ្ឋាភិបាល ផ្តល់សហហិរញ្ញប្បទាន ១៥០លានដុល្លារ គាំទ្រការស្តារវិស័យទេសចរណ៍ឡើងវិញ

2022/05/18 12:49:06 pm        971
ភ្នំពេញ៖ កម្ពុជាសម្ពោធដាក់ឱ្យដំណើរការ គម្រោងសហហិរញ្ញប្បទានស្តារវិស័យទេសចរណ៍ ក្នុងកញ្ចប់ថវិកា ១៥០ លានដុល្លារអាម៉េរិក ដែលជាបដិភាគរវាងរាជរដ្ឋាភិបាល និង​គ្រឹះស្ថាន​ហិរញ្ញវត្ថុ​ចូលរួមដើម្បីគាំទ្រដំណើរការអាជីវកម្មឡើងវិញ, ការកែលម្អ និងធ្វើទំនើបកម្មសេវាកម្ម, ការពង្រីកខ្លួន និងធ្វើពិពិធកម្មសេវាទេសចរណ៍ ដើម្បីត្រៀមទទួលភ្ញៀវទេសចរ បន្ទាប់​ពីវិបត្តិនៃជំងឺកូវីដ-១៩ ថមថយទូទាំងសកលលោក។ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ និងជាប្រធានគណៈកម្មាធិការជាតិអភិវឌ្ឍន៍ទេសចរណ៍ ថ្លែង​ក្នុង​ពិធីសម្ពោធ​ដាក់​ឱ្យ​ដំណើរការ «គម្រោងសហហិរញ្ញប្បទានស្តារវិស័យទេសចរណ៍» នៅថ្ងៃទី ១៧ ខែឧសភា ឆ្នាំ ២០២២នេះថា ខណៈដែលវិបត្តិនៃជំងឺកូវីដ-១៩ កំពុងថមថយ, វិស័យទេសចរណ៍ចាប់ផ្តើមមាន​សន្ទុះងើប​ឡើងវិញ​ជាសកល ដោយប្រទេសភាគច្រើនបាន​បន្ធូរបន្ថយ​ នូវវិធានការរឹតបន្ដឹង ពាក់ព័ន្ធ​នឹងជំងឺកូវដ-១៩ និងបាន​លើកលែង​ ឬដកចេញនូវលក្ខខណ្ឌតម្រូវជាច្រើន សម្រាប់ការធ្វើដំណើរ​អន្តរជាតិ ។ ផ្អែកតាមការព្យាករណ៍របស់អង្គការទេសចរណ៍ពិភពលោក វិស័យទេសចរណ៍សកល នឹង​ត្រលប់ទៅរកគន្លងកំណើន ដូចពេលមុនវិបត្តិនៃជំងឺកូវីដ-១៩ នៅឆ្នាំ២០២៤ ខាងមុខ ។ ក្នុងន័យនេះ, ជាមួយនឹងកិច្ចអន្តរាគមន៍ដ៏សកម្មរបស់រាជរដ្ឋាភិបាល, វិស័យទេសចរណ៍កម្ពុជា ត្រូវបាន​ព្យាករណ៍​ថា នឹងមានកំណើន ១៦% ក្នុងឆ្នាំ២០២២, និង២៣% ក្នុងឆ្នាំ២០២៣ ។ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី បន្តថា រាជរដ្ឋាភិបាល ចាត់ទុកវិស័យទេសចរណ៍ ជាក្បាលម៉ាស៊ីន​កំណើន​សេដ្ឋកិច្ចដ៏សំខាន់មួយ ​ហើយប្ដេជ្ញាគាំទ្រការស្តារ ​និងអភិវឌ្ឍន៍​វិស័យនេះ ឱ្យបានល្អជាង​ស្ថានភាព​មុនវិបត្តិនៃជំងឺកូវីដ-១៩ ​ទៅទៀត ​ដើម្បីឱ្យវិស័យនេះ ក្លាយជា​សសរស្តម្ភ​មួយ​នៃសេដ្ឋកិច្ចជាតិ ​ដែលនឹងចូលរួម​វិភាគទាន​ដ៏សំខាន់​ ក្នុងការផ្តល់ការងារ និងប្រាក់ចំណូលដល់ប្រជាពលរដ្ឋ។ដើម្បីសម្រេចគោលដៅនេះ,ការផ្តល់ហិរញ្ញប្បទានដល់សហគ្រាសនៅក្នុងវិស័យទេសចរណ៍ គឺជាវិធានការចាំបាច់ណាស់ ដើម្បីជួយឱ្យសហគ្រាស​ទាំងនេះ​អាចស្តារ, ងើប និងពង្រឹងភាព​ប្រកួតប្រជែង​របស់ខ្លួនឡើងវិញ ​ព្រមទាំងចូលរួមជាមួយរាជរដ្ឋាភិបាល ក្នុងការកែច្នៃវិស័យ​ទេសចរណ៍ ​ឱ្យប្រកបដោយភាពទាក់ទាញកាន់តែខ្លាំង​ជាងមុន និងជាពិសេសប្រែក្លាយកម្ពុជា​ឱ្យទៅជាទិសដៅទេសចរណ៍ចម្បងមួយនៅក្នុងតំបន់ និងសកលលោក។ថវិកាទាំង ១៥០ លានដុល្លារអាម៉េរិក នៃ «គម្រោងសហហិរញ្ញប្បទានស្តារវិស័យទេសចរណ៍» ដែលនឹងត្រូវដាក់ឱ្យប្រើប្រាស់ក្នុងពេលនេះ គឺផ្តោតសំខាន់សម្រាប់តែវិស័យទេសចរណ៍​តែមួយ​ប៉ុណ្ណោះ ដើម្បីពង្រឹងសក្តានុពលនៃវិស័យទេសចរណ៍បន្ថែមទៀត ​និងចូលរួមសម្រេចចក្ខុវិស័យ​របស់​រាជរដ្ឋាភិបាលក្នុងការអភិវឌ្ឍវិស័យនេះ៕ អត្ថបទ៖ សុន រ៉ាឌី

ក្រសួងឧស្សាហកម្ម ដាក់ឱ្យប្រើប្រាស់មជ្ឈមណ្ឌលផ្ទុកទិន្នន័យ តម្លៃ១លានដុល្លារ

2022/05/17 02:33:13 pm        1215
ភ្នំពេញ៖ ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បង្កើតមជ្ឈមណ្ឌលសម្រាប់ផ្ទុកទិន្នន័យជាលើកដំបូង សម្រាប់ការរក្សាឯកសារប្រកបដោយសុវត្ថិភាព និងនិរន្តរភាពនៃឯកសារ និងទុកជាប្រយោជន៍សម្រាប់ការសិក្សាស្រាវជ្រាវ រៀនសូត្រ ការវិភាគទិន្នន័យ និងសម្រាប់អ្នកបន្តវេនក្រោយៗទៀត។ឯកឧត្ដមកិត្តិសេដ្ឋាបណ្ឌិត ចម ប្រសិទ្ធ ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ លើកឡើងនៅក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការនូវ “មជ្ឈមណ្ឌលទិន្នន័យ “(Data Center)” របស់ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ នៅថ្ងៃទី១៦ ខែឧសភាឆ្នាំ២០២២នេះថា នេះមជ្ឈមនេះ មានសារៈសំខាន់ណាស់ សម្រាប់ផ្ទុក​ទិន្នន័យ​សំខាន់ៗ ពី១០ឆ្នាំ ២០ ឆ្នាំមុន រហូតដល់បច្ចុប្បន្ន និងអនាគត។បើទោះបីសមត្ថភាពមជ្ឈមណ្ឌលទិន្នន័យអាចផ្ទុកឯកសារពីពេលមុន និងទៅមុខទៀត បានរយៈពេល៣ឆ្នាំក៏ដោយ តែយើងអាចពង្រីកសមត្ថភាពរបស់វាជាបន្តបន្ទាប់ទៀត តាមធនធានដែលយើងមាន សម្រាប់ការបញ្ចូលនូវទិន្នន័យថ្មីៗបន្ត។ឯកឧត្ដមកិត្តិសេដ្ឋាបណ្ឌិត បន្ដថា ក្នុងយុគសម័យនៃការរីកចម្រើន ផ្នែកវិទ្យាសាស្ត្រ បច្ចេកវិទ្យា និង​នវានុវត្តន៍ ការរក្សាផ្ទុកទិន្នន័យផ្សេងៗកាន់តែមានសារៈសំខាន់ ​ពីព្រោះវាជាទីតាំងប្រមូលផ្តុំឯកសារ ងាយស្រួលស្វែងរកសម្រាប់ម្រូវការសិក្សា ស្រាវជ្រាវ រៀនសូត្រ នឹងក៏ជាមជ្ឈមណ្ឌល​រក្សា​សុវត្ថិភាព​ទិន្នន័យ​របស់យើងបានជាសង្ងាត់ និងយូរអង្វែងផងដែរ ។ជុំវិញបញ្ហានេះ ឯកឧត្ដមទេសរដ្ឋមន្រ្តី ចម ប្រសិទ្ធ បានណែនាំឲ្យអង្គភាពក្រោមឱវាទទាំងអស់ ចាប់​ផ្តើមប្រមែប្រមូលឯកសារផ្លូវការរបស់ខ្លួនដាក់បញ្ចូលក្នុងមជ្ឈមណ្ឌលទិន្នន័យនេះ​ជាបន្ដបន្ទាប់ ដើម្បីរក្សាសុវត្ថភាព ​និងនិរន្តរភាពនៃឯកសារ និងទុក​ជាប្រយោជន៍​សម្រាប់អ្នកបន្តវេន​ក្រោយៗទៀត។សូមរំលឹកថា កាលពីថ្ងៃទី ៦ ខែឧសភា ឆ្នាំ២០២២ កន្លងមកនេះ ឯកឧត្ដមកិត្តិសេដ្ឋាបណ្ឌិត ចម ប្រសិទ្ធ ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា ​និងនវានុវត្តន៍ បាន​អញ្ជើញធ្វើជាអធិបតី និងជាសាក្សីនៃការចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នា អំពី​កិច្ចសហប្រតិបត្តិការលើវិស័យវិទ្យាសាស្ត្រ ​បច្ចេកវិទ្យា និងនវានុវត្តន៍ (STI) និងការវិនិយោគ​នៃអនាគតកម្ពុជា ​រវាងក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា​ និងនវានុវត្តន៍ (MISTI) ជាមួយសភាពាណិជ្ជកម្មអន្តរជាតិនៃកម្ពុជា (IBC) និងជាមួយ Max Syndicate (តំណាងឲ្យ EZE Asia) ដោយមានការហត្ថលេខីនៃពិធីចុះហត្ថលេខា រវាងឯកឧត្ដម ហ៊ុល សៀងហេង អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ​នៃក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និង​នវានុវត្តន៍ និងលោក Poul Carey Clements​ ប្រធានសភាពាណិជ្ជកម្មអន្តរជាតិ​នៃកម្ពុជា (IBC) ៕អត្ថបទ៖ សុន រ៉ាឌី

កម្ពុជា សង្ឃឹមទទួលបានប្រព័ន្ធអនុគ្រោះ GSP ពីសហរដ្ឋអាម៉េរិក

2022/05/17 02:06:08 pm        770
ភ្នំពេញ៖ ប្រទេសកម្ពុជា រំពឹងថា នឹងទទួលបានប្រព័ន្ធអនុគ្រោះពន្ធ GSP ពីសហរដ្ឋអាម៉េរិក បន្ទាប់ពីអស់សុពលភាពនៅចុងឆ្នាំ២០២០ ខណៈពេលដែលការនាំចេញរបស់កម្ពុជា ទៅកាន់ទីផ្សារអាមេរិកបន្តកើនឡើង។ឯកឧត្តម ប្រាក់ សាខុន រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានបង្ហាញក្តីសង្ឃឹមនេះ​ ក្នុងជំនួបជាមួយនឹងលោក អេនតូនី ប្លីងខេន រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាម៉េរិក នៅរដ្ឋធានីវ៉ាស៊ីនតោន កាលពីសប្តាហ៍មុន។ប្រព័ន្ធអនុគ្រោះពន្ធទូទៅរបស់សហរដ្ឋអាម៉េរិក ដែលហៅកាត់ជាភាសាអង់គ្លេសថា GSP (Generalized System of Preferences) នៅកម្ពុជាបាន​ផុត​សុពលភាព​នៅត្រឹមដំណាច់ឆ្នាំ២០២០មក។ ឯកឧត្តម ប្រាក់​ សាខុន មានប្រសាសន៍ថា សង្ឃឹមថា ប្រព័ន្ធអនុគ្រោះពន្ធទូទៅ សម្រាប់កម្ពុជា នឹង​ត្រូវ​បានបន្តសុពលភាពជាថ្មីឡើងវិញ ​ដើម្បីគាំទ្របន្ថែមទៀត​ ដល់ការ​អភិវឌ្ឍសេដ្ឋកិច្ច និង​កម្មករកម្ពុជា ​នៅក្នុងវិស័យកាត់ដេរ សំលៀកបំពាក់ និងស្បែកជើង​ ដែលមានភាគច្រើនជាស្ត្រី។សេចក្តីប្រកាសព័ត៌មានរបស់ក្រសួង ​បានបង្ហាញពីការត្រៀមខ្លួនរបស់អាម៉េរិក ក្នុងការគាំទ្រ​បន្ថែម​ដល់រដ្ឋាភិបាលកម្ពុជា ​និងធ្វើការយ៉ាងសកម្មជាមួយកម្ពុជា ដើម្បីបង្កើន​កិច្ចសហប្រតិបត្តិការខាង​ផ្នែក​នយោបាយ​ សន្តិសុខ សេដ្ឋកិច្ច សង្គម ​និងវប្បធម៌។ក្នុងរយៈពេល ៤ខែដើមឆ្នាំ២០២២ កម្ពុជាសម្រេចទំហំពាណិជ្ជកម្ម ​ជាមួយសហរដ្ឋអាម៉េរិក បាន​ប្រមាណ ៣ ០២៨លានដុល្លារ។ នេះបើយោងតាមស្ថិតិពាណិជ្ជកម្មទំនិញ ​ជាមួយប្រទេសសំខាន់ៗ របស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា។ ទំនិញដែលកម្ពុជានាំទៅអាម៉េរិក មានតម្លៃ​រហូត​ដល់ជាង ២ ៩០០ លានដុល្លារ ​ខណៈទំនិញដែលកម្ពុជា​នាំចូលពីអាម៉េរិកវិញ​ មានត្រឹម​ជាង ១០០លានដុល្លារ៕អត្ថបទ៖ វណ្ណៈ 

រដ្ឋមន្រ្តីកសិកម្ម ជំរុញអនុវត្តនីតិវិធីភូតគាមអនាម័យដែលជាគោលការណ៍គ្រឹះ សម្រាប់នាំចេញ

2022/05/16 12:29:29 pm        761
ស្ទឹងត្រែង៖ រដ្ឋមន្រ្តីក្រសួងកសិកម្ម បានលើកចិត្តដល់ក្រុមហ៊ុនចម្ការស្វាយ និងជំរុញអនុវត្តនីតិវិធីភូតគាមអនាម័យដែលជាគោលការណ៍គ្រឹះ សម្រាប់នាំចេញ។ថ្លែង​ក្នុងឱកាសចុះទៅពិនិត្យចម្ការស្វាយ នៅឃុំអូរស្វាយ ស្រុកបុរីអូរស្វាយសែនជ័យ ខេត្តស្ទឹងត្រែង ឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ បានគាំទ្រ និង​លើក​ទឹកចិត្ត​ដល់​ក្រុមហ៊ុនឱ្យបន្តខិតខំលើការងារផលិតកម្មបន្ថែមទៀត ​ពិសេសការ​អនុវត្តនីតិវិធីភូតគាម​អនាម័យ​ដែលជាគោលការណ៍គ្រឹះ ​សម្រាប់នាំចេញ ​បើទោះ​សកម្មភាព​នៃការនាំចេញបាន​និង​កំពុងតែប្រឈម ​ហើយនេះ​មិនមែន​តែប្រទេសកម្ពុជាទេ តែជា​បញ្ហាសកលដែលមិនអាច​ចៀសវាង​បាន។ឯកឧត្តមរដ្ឋមន្រ្តី បានបញ្ជាក់ថា ក្រុមហ៊ុនក៏ត្រូវសហការជាមួយអគ្គនាយកដ្ឋានកសិកម្ម និង​មន្ទីរកសិកម្មខេត្តធ្វើយ៉ាងណាឱ្យកិច្ចដំណើរការនៃការវិនិយោគនេះប្រព្រឹត្តទៅដោយរលូន និង​ទទួលបានជោគជ័យ។ភាពជោគជ័យនេះ មិនមែនសម្រាប់តែក្រុមហ៊ុនទេ គឺសម្រាប់សេដ្ឋកិច្ចជាតិ និងជាពិសេស​ប្រជា​ពលរដ្ឋ​នៅមូលដ្ឋានផ្ទាល់​តាមរយៈការបង្កើតការងារ​មាន​ការងារ​មានចំណូល គ្មានចំណាក​ស្រុក​មានជីវភាពល្អប្រសើរទាំងនេះ​ជាក្តីបំណងរបស់រាជរដ្ឋាភិបាល ដែលមានសម្តេចតេជោ​ ជា​នាយករដ្ឋមន្ត្រី​ ដែលតែងតែគាំទ្រ ​និងលើកទឹកចិត្ត បង្កើតលក្ខខណ្ឌអំណោយផល​ដល់វិនិយោគិន​ទាំងក្នុង និងក្រៅប្រទេស។ក្រុមហ៊ុន ហ្គ្រីន ស៊ី អេហ្គ្រីខលជ័រ បានចំណាយថវិកាជិត ៧០ លានដុល្លារ ក្នុងរយៈពេលជាង ៣ ឆ្នាំ ដើម្បីដាំដុះស្វាយ ៦ ប្រភេទ សម្រាប់នាំចេញទៅកាន់ប្រទេសចិន។នាយកចាត់ការទូទៅក្រុមហ៊ុន ហ្គ្រីន ស៊ី អេហ្គ្រីខលជ័រ បាននិយាយថា កម្មវត្ថុនៃផលិតកម្មស្វាយ របស់ក្រុមហ៊ុន គឺសម្រាប់នាំចេញទៅកាន់ប្រទេសចិន ដោយត្រូវឆ្លងកាត់ប្រទេសវៀតណាម ថៃ និងកំពង់ផែ​ក្នុងខេត្តព្រះសីហនុ។ ​គិតមកទល់បច្ចុប្បន្ន ​ក្រុមហ៊ុនបានចំណាយថវិកាជិត ៧០ លានដុល្លារហើយ សម្រាប់ការ​វិនិយោគ​លើចម្ការស្វាយនេះ​ ដោយក្រុមហ៊ុនបានដាំដុះលើផ្ទៃដីសរុបចំនួន ​១ ២០០ ហិកតា ​ហើយស្មើនឹង ១២ ​ភាគរយធៀបនឹងផែនការលើផ្ទៃដីទំហំ​ ៩ ៧៧២,១១៧៦ ហិកតា។លោក បានលើកឡើងថា បច្ចុប្បន្ន ក្រុមហ៊ុន​បាន​និងកំពុង​រៀបចំ​មធ្យោបាយដឹកជញ្ជូន​ និងរួមទាំង​ទូត្រជាក់ផងដែរ ដើម្បីកាត់បន្ថយថ្លៃដើម។ ​ដោយឡែកការងារបច្ចេកទេស ក្រុមហ៊ុនបានដាក់​ពាក្យ​ចុះបញ្ជីចម្ការស្វាយ​នៅអគ្គនាយកដ្ឋានកសិកម្ម ​ហើយ​ទទួល​បានកិច្ចសហការល្អ​មកវិញគឺ​អគ្គ​នាយកដ្ឋាន​បានបញ្ជូន​មន្ត្រីជំនាញចុះមកណែនាំអំពីបច្ចេកទេសដាំ ​ប្រមូលផល ​វេចខ្ចប់ និង​ជាពិសេស​លក្ខខណ្ឌ​តម្រូវ​នៃ​ភូតគាមអនាម័យ»៕ អត្ថបទ៖ វណ្ណៈ

កម្ពុជានាំទំនិញទៅអាម៉េរិកបាន ២ ៩០០លានដុល្លារ ក្នុងរយៈពេលបួនខែ

2022/05/16 12:18:52 pm        497
ភ្នំពេញ៖ ក្នុងរយៈពេលបួនខែឆ្នាំ ២០២២នេះ កម្ពុជានាំទៅអាម៉េរិក មានតម្លៃរហូតដល់ជាង ២ ៩០០លានដុល្លារ ខណៈទំនិញដែលកម្ពុជានាំចូលពីអាម៉េរិកវិញ មានត្រឹមជាង ១០០លានដុល្លារ។ នេះបើយោងតាមរបាយការណ៍អគ្គនាយកដ្ឋានពន្ធគយ និងរដ្ឋាករ។ចាប់ពីខែមករាដល់ខែមេសា កម្ពុជានាំទំនិញទៅទីផ្សារអាម៉េរិក សម្រេចបានក្នុងរង្វង់ទឹកប្រាក់ ២ ៩៣២លានដុល្លារ កើនរហូតដល់ ៥៣,៦ភាគរយ បើធៀបនឹងរយៈពេលដូចគ្នា២០២១។ ដោយឡែក ទំនិញដែលកម្ពុជានាំចូលពីអាម៉េរិកវិញ មានតម្លៃត្រឹម ១០៤លានដុល្លារប៉ុណ្ណោះ។ ស្ថិតិពាណិជ្ជកម្មទំនិញជាមួយប្រទេសសំខាន់ៗ របស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បានបង្ហាញថា ការនាំចេញ-នាំចូលនេះ បានធ្វើឱ្យកម្ពុជា និងអាម៉េរិក សម្រេចទំហំពាណិជ្ជកម្មរួមគ្នា បានដល់ជាង ៣ ០២៨លានដុល្លារ ធ្វើឱ្យអាម៉េរិកក្លាយជាដៃគូពាណិជ្ជកម្មធំ លំដាប់លេខ២ ជាមួយ​កម្ពុជាបន្ទាប់ពីប្រទេសចិន ដែលមានទំហំជាង ៣ ៩៣០លានដុល្លារ ក្នុងពេល៤ខែមកនេះ។ ផ្អែកតាមរបាយការណ៍ខាងលើនេះ អាម៉េរិកគឺជាទីផ្សារលំដាប់ទី១​ របស់កម្ពុជា ខណៈចិននាំចូល​ទំនិញ​ពីកម្ពុជា ​មានត្រឹមជាង ៤២៣លានដុល្លារប៉ុណ្ណោះ។ជុំវិញទំនាក់ទំនង​ពាណិជ្ជកម្មទ្វេភាគីដ៏ល្អប្រសើរនេះ សម្តេច ហ៊ុន សែន ចង់ឃើញវត្តមាន​វិនិយោគិន​អាម៉េរិក​កាន់តែច្រើនថែមទៀតនៅកម្ពុជា ​ខណៈបណ្តាក្រុមហ៊ុនធំៗ​ចំនួនរបស់​អាម៉េរិក បាន​ស្វែងយល់ពីសក្តានុពល ​និងភាពរីកចម្រើននៅកម្ពុជា។ក្រុមហ៊ុនធំៗទាំងនោះ​សម្លឹង​ឃើញឱកាសវិនិយោគបន្ថែមលើវិស័យរថយន្ត ​បច្ចេកវិទ្យា សុខាភិបាល ​ជាពិសេសវិស័យថាមពល ​បានមើលឃើញពីតម្រូវការទីផ្សារខ្ពស់នៅកម្ពុជា។ កាលថ្ងៃទី៥ ខែឧសភា ក្រុមប្រឹក្សាធុរកិច្ចអាម៉េរិក-អាស៊ាន ​ដឹកនាំដោយលោក Michael Michlalk អនុប្រធានជាន់ខ្ពស់នៃនាយកគ្រប់គ្រងប្រចាំតំបន់​ នៃក្រុមប្រឹក្សាធុរកិច្ចអាម៉េរិក-អាស៊ាន​ លោក W.Patrick Murphy ​ឯកអគ្គរដ្ឋទូតអាម៉េរិកប្រចាំកម្ពុជា​ និងតំណាងក្រុមហ៊ុនអាម៉េរិកចំនួន១៣ បាន​ជួបជាមួយសម្តេច ហ៊ុន សែន នៅទីក្រុងភ្នំពេញ​ ដើម្បីស្វែងយល់ពី​សក្តានុពល ឱកាស​បណ្តាក់​វិនិយោគ​នៅកម្ពុជា៕ អត្ថបទ៖ វណ្ណៈ

អគ្គនាយកដ្ឋានពន្ធដារប្រមូលពន្ធ-អាករគ្រប់ប្រភេទ សម្រេចបានជាង ១ ៥០១លានដុល្លារ

2022/05/16 11:42:27 am        528
ភ្នំពេញ៖ រយៈពេល៤ខែ ដើមឆ្នាំ ២០២២ អគ្គនាយកដ្ឋានពន្ធដារ ប្រមូលចំណូលពន្ធអាករគ្រប់ប្រភេទ តាមប្រព័ន្ធគ្រប់គ្រងទិន្នន័យអនឡាញ អនុវត្តបានចំនួនជាង ៦ ០៨២ ប៊ីលានរៀល ត្រូវប្រមាណជាង ១ ៥០១ លានដុល្លារ ដោយសម្រេចបាន ៥៣,២៧% នៃផែនការច្បាប់។ឯកឧត្តម គង់ វិបុល រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រតិភូរាជរដ្ឋាភិបាល ​ទទួលបន្ទុកជាអគ្គ​នាយក​នៃអគ្គនាយកដ្ឋានពន្ធដារ ​បានបង្ហាញតួលេខចំណូលពន្ធនេះ​ ក្នុងជំនួបជាមួយ ក្រុម​បេសកជន​នៃមូលនិធិរូបិយវត្ថុអន្តរជាតិ ​(IMF Staff Mission) ​ដឹកនាំ​ដោយលោក Alasdair Scott ប្រធាន​ក្រុមបេសកកម្ម ​ទទួលបន្ទុកប្រទេសកម្ពុជា ​នៅចុងសប្តាហ៍កន្លងមក។ ចំណែកជុំវិញការប្រមូលចំណូល, ឯកឧត្តមប្រតិភូ លើកឡើងថា,​ចំពោះលទ្ធផលនៃការគ្រប់គ្រង​ប្រមូល​ចំណូល​ពន្ធ ក្នុងនោះពន្ធលើប្រាក់ចំណូល​សម្រាប់ឆ្នាំ ២០២០ គឺជាឥទ្ធិពលនៃសកម្មភាព​សេដ្ឋកិច្ច​ ក្នុងឆ្នាំ២០១៩ ដែលមានសន្ទុះកំណើនខ្លាំង, ​រហូតដល់ឆ្នាំ ២០២១ អគ្គនាយកដ្ឋានពន្ធដារ​នៅតែសម្រេចបានជាង ១១ ២៦៦ ប៊ីលានរៀល ត្រូវជិត ២៧៨២ លានដុល្លារ ស្មើប្រមាណជាង ១២៤% នៃផែនការច្បាប់ហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ ២០២១ ។ដោយឡែកក្នុងរយៈពេល ៤ ខែ ឆ្នាំ ២០២២ នេះវិញ អគ្គនាយកដ្ឋានពន្ធដារសម្រេចបានជាង ៦ ០៨២ ប៊ីលានរៀល ត្រូវជាង ១ ៥០១ លាន​ដុល្លារ ​ដោយស្មើរប្រមាណ ៥៣,២៧% នៃផែនការច្បាប់​ហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២២ រូចហើយ, ដូច្នេះនៅក្នុងរយៈពេល ​១២ខែ ឆ្នាំ២០២២ នេះ អគ្គ​នាយកដ្ឋាន​ពន្ធដារ​រំពឹងថា ​អាច​នឹងសម្រេច​បានគ្រប់ និងលើសផែនការកំណត់​ក្នុងច្បាប់​ស្តីពីហិរញ្ញវត្ថុបន្តទៀត។សូមបញ្ជាក់ថា៖ ទាក់ទងការប្រមូលចំណូលនេះ អគ្គនាយកដ្ឋានពន្ធដារ បានដាក់ចេញ និងអនុវត្ត​តាម​ប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានជាច្រើនរួមមាន៖ ប្រព័ន្ធគ្រប់គ្រងការដាក់លិខិតប្រកាសពន្ធតាមអន​ឡាញ (E-Filing និង Tol E-Filing), បង់ប្រាក់ពន្ធតាមអនឡាញ (E-Payment System)ដែលមាន​លក្ខណៈពេញលេញ ជួយសម្រួល និង​ផ្តល់​លទ្ធភាព​ឱ្យអ្នកជាប់ពន្ធដាក់លិខិតប្រកាសតាម​អនឡាញ​បានយ៉ាងរលូន, យន្តការ Cross Check ​ប្រកប​ដោយប្រសិទ្ធភាពនិងតម្លាភាព, ការ​បន្ត​ពង្រឹងការផ្សព្វផ្សាយច្បាប់ ​និង​បទប្បញ្ញត្តិស្តីពីពន្ធដារ កំណែទម្រង់​និង​ទំនើប​កម្មរដ្ឋបាល​សារពើពន្ធ​និងពង្រឹង​ការផ្តល់​សេវាជូនអ្នកជាប់ពន្ធ ​និង​បច្ចុប្បន្នអគ្គនាយកដ្ឋានពន្ធដារ បានកំពុងរៀបចំសេចក្តី​ព្រាង​ច្បាប់​ស្តីពីសារពើពន្ធថ្មី​ ក្នុងគោល​ដៅធ្វើឱ្យច្បាប់ស្តីពីសារពើពន្ធថ្មីនេះ កាន់តែមានភាព​គ្រប់ជ្រុង​ជ្រោយ ស៊ីចង្វាក់ប្រទាក់ក្រឡាគ្នា ​ឆ្លើយតបនឹងស្ថានភាពជាក់ស្តែង នៃសេដ្ឋកិច្ចជាតិ តំបន់ និងពិភពលោក ៕ អត្ថបទ៖ សុន រ៉ាឌី

កសិករថាបន្លែនៅមណ្ឌលគិរីកំពុងត្រូវបានលួចបន្លំឈ្មោះ ខណៈរដូវវស្សាមិនមានបន្លែនាំចេញក្រៅខេត្ត

2022/05/16 10:42:56 am        1251
មណ្ឌលគិរី៖ ឈ្មួញខិលខូចកំពុងលួចបន្លំប្រភេទបន្លែនៅក្នុងខេត្តមណ្ឌលគិរី  ដោយ​យក​ឈ្មោះដាក់​លើ​បន្លែ​មកពីប្រភពផ្សេងៗ លក់នៅទូទាំងប្រទេស និង​គ្រប់រដូវកាល ខណៈ​កសិករ​ដាំ​បន្លែ​ក្នុង​ខេត្តមួយនេះ អះអាងថា នៅរដូវវស្សាបន្លែមណ្ឌលគិរី មិន​មាន​នាំចេញ​ទៅ​ក្រៅ​ខេត្ត​នោះ​ទេ​ ។ប្រជាកសិករនៅខេត្តមណ្ឌលគិរីបានប្រាប់ BTV ឲ្យដឹងថា ក្នុងខេត្តមណ្ឌលគិរី មិន​សូវ​មាន​ប្រជាពលរដ្ឋ​ប្រកបរបរដាំបន្លែនោះទេ ហើយប្រភេទបន្លែដែលកសិករដាំភាគច្រើន មានស្ពៃក្ដោប ស្ពៃ​បូកគោ ឆៃថាវ ការ៉ុត សណ្ដែកគូ ដើមខ្ពឹម ដំឡូជ្វាជាដើម ដែល​បន្លែដាំ​ក្នុង​ខេត្ត​មាន​រស់ជាតិ​ឆ្ងាញ់ និង​មានតម្លៃខ្ពស់ជាងបន្លែតាមបណ្ដាខេត្តដទៃ ប៉ុន្តែមិនអាចដាំបានគ្រប់ខែនោះទេ ដោយ​សារ​ខេត្ត​ភូមិភាគឦសាន្តមួយនេះ នៅ​រដូវវស្សាមានភ្លៀងធ្លាក់ច្រើន ពិបាកក្នុងការដាំបន្លែ ហើយ​បើ​ដាំបាន ឲ្យផលតិចតួចប៉ុណ្ណោះ ។កសិករបន្តថា ពេលវេលាដាំបាន និងសម្បូរ គឺចាប់ពីខែ១១ ទៅដល់ខែ៣ ហើយពីខែ៤ទៅខែ៩ គ្មាន​បន្លែគ្រប់ប្រភេទសម្រាប់នាំចេញ ទៅក្រៅខេត្តនោះទេ ប៉ុន្តែបច្ចុប្បន្ន បែរ​ជា​មាន​ឈ្មួញ​មួយ​ចំនួន យកឈ្មោះបន្លែខេត្តមណ្ឌលគិរី ទៅលក់គ្រប់រដូវកាល។ ពួកគាត់ បានចាត់ទុកថា នេះ​ជា​ការ​លួចបន្លំ ដែលធ្វើឲ្យខូចឈ្មោះបន្លែខេត្តមណ្ឌលគិរី ហើយសូមអំពាវនាវដល់អ្នកទិញ មាន​ការ​ប្រុងប្រយ័ត្ន ចំពោះការបោកប្រាស់នេះ ។ជាមួយគ្នានេះ កសិករបានបញ្ជាក់ថា ដើម្បីឲ្យខេត្តមណ្ឌលគិរី អាចដាំបន្លែគ្រប់រដូវកាលបាន គឺ​ដាំ​តាម​បច្ចេកទេស​ក្នុង​រោង​សំណាញ់ (សំណាញ់ UV) ដែលក្នុងខេត្តទើបមានតិចតួចនៅឡើយ ហើយ​ក៏​មិន​ទាន់អាចដាំផ្គត់ផ្គង់គ្រប់រដូវកាលនៅឡើយដែរ ដោយពួកគេបានស្នើរាជរដ្ឋាភិបាល អង្គការដៃគូ ឬអ្នកជំនាញកសិកម្មផ្សេងៗ ជួយឧបត្ថម្ភគាំទ្រសាងសង់រោងសំណាញ់ដល់ពួកគេ ដើម្បីមានលទ្ធភាពអាចដាំបន្លែគ្រប់រដូវកាល ដូចបណ្ដាខេត្តផ្សេងៗផងដែរ ។លោក ហាន សុភក្តិ អនុប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តមណ្ឌលគិរី បាន​ឲ្យដឹង​ថា ដើម្បីជួយទប់ស្កាត់ នូវការលួចបន្លំនេះ មន្ទីរ​បាន​ជួយ​ធ្វើ​ស្ទិកឃ័រ​បិទ​នៅ​លើ​បន្លែ​របស់​កសិករ​ក្នុង​ខេត្ត​មណ្ឌលគិរី រួម​ទាំងកំពុងរៀបចំទីតាំងប្រមូលផ្ដុំ និងមានពិនិត្យគុណភាពបន្លែ មុន​នាំ​ចេញ​ទៅ​ក្រៅ​ខេត្ត​ផងដែរ។ លោកបញ្ជាក់ថា នៅក្នុងរដូវវស្សានេះ ខេត្តមណ្ឌលគិរី ពិត​ជាពិបាក​ក្នុង​ការ​ដាំ​បន្លែ​មែន ហើយក្រសួង​កសិកម្ម​ក៏​ដូច​ជា​ដៃ​គូ​ផ្សេង​ៗ​កំពុង​ជួយ​កសិករ​ដាំ​បន្លែ​ឲ្យ​បាន​គ្រប់​រដូវកាល។បើតាមប្រភពពីមន្ត្រី នៃមន្ទីរកសិកម្មខេត្តមណ្ឌលគិរីឲ្យបានដឹងថា សម្រាប់​ស្ទិកឃ័រ​ដែល​មន្ទីរ​ជួយបិទ​លើ​បន្លែ​របស់​កសិករនេះ បិទនៅពេលរដូវមានបន្លែនាំចេញប៉ុណ្ណោះ៕ អត្ថបទ៖ បាន សុខរិទ្ធ

រោងចក្រនានាបានផ្តល់ការងាររាប់លានកន្លែង គឺកើតចេញពីការប្រឹងប្រែងរបស់រាជរដ្ឋាភិបាល

2022/05/15 06:06:53 pm        451
ដើម្បីទទួលបានព័ត៌មានថ្មីៗ រហ័ស សូមចុច Join Channel Telegram BTV Newsខេត្តពោធិ៍សាត់៖ រោងចក្រនានា ដែលបានផ្តល់ការងាររាប់លានកន្លែង ជូនប្រជាពលរដ្ឋខ្មែរ មិនមែនធ្លាក់មកពីលើមេឃនោះទេ គឺកើតចេញពីការ​ខិតខំ​ប្រឹងប្រែង​របស់​រាជរដ្ឋាភិបាល​កម្ពុជា​ដែល​ដឹកនាំ​ដោយគណបក្សប្រជាជនកម្ពុជា ធ្វើអោយប្រទេសមានសន្តិភាព ស្ថេរភាព យក​ចិត្ត​ទុក​ដាក់​ធ្វើការដោះស្រាយការងារសេដ្ឋកិច្ចប្រទេសអោយមានភាពរីកចម្រើន និងជាពិសេស​បង្កើត​ការងារ​ដល់យុវជនជាបញ្ហាចំបង ដោយខិតខំធ្វើការទាក់ទាញ និងលើកទឹកចិត្ត​អោយ​អ្នក​វិនិយោគក្រៅប្រទេស ចូលមកបណ្តាក់ទុន បង្កើតសិប្បកម្ម សហគ្រា រោងចក្រនៅកម្ពុជា។នេះ​ជាការលើកឡើងរបស់ លោក ស៊ុយ សែម ប្រធានក្រុមការងាររាជ​រដ្ឋាភិបាល​ចុះ​ជួយ​ខេត្ត​ពោធិ៍សាត់ ក្នុងឱកាសជួបសំណេះសំណាលនិងសួរសុខទុក្ខ កម្មករកម្មការិនី ប្រមាណ ១០០០​នាក់​ដែល​កំពុងបម្រើការងារនៅរោងចក្រ លានហ្វាហេងយូ ស្ថិតក្នុងឃុំស្នាមព្រះ ស្រុកបាកាន ខេត្តពោធិ៍សាត់ កាលពីរសៀលថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២២ ។ក្នុងនោះលោក បានក៏លើកឡើងបន្តថា រដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន ជាប្រមុខ​បានប្រឹងប្រែងធ្វើការដោះស្រាយវិបត្តការរីករាលនៃជំងឺកូវិដ១៩ រហូតទទួលបាន​លទ្ធផល​យ៉ាង​ល្អប្រសើរដោយ ៩៣ភាគរយ នៃប្រជាជនកម្ពុជា​សរុប​ទទួល​បាន​ការ​ចាក់វ៉ាក់​សាំង​ការពារ​ជំងឺ​កូវីដ១៩ ហើយក្នុងរយៈពេល ៧​ថ្ងៃ​ចុង​ក្រោយ​នេះ​នៅ​កម្ពុជា​មិន​មាន​ករណី​ឆ្លង​កូវីដ១៩​នោះទេ ហើយកាតព្វកិច្ចពាក់ម៉ាសក៏ត្រូវបានលើកលែងផងដែរ ជាក់ស្តែង​ថ្ងៃនេះយើ​ងអា​ចជួ​ប​ជុំសំណេះសំណាល​គ្នា​បាន​ដោយ​សារ​ក្មួយ​ៗ​ទាំង​ ១០០០​នាក់​ទទួល​បាន​ការ​ចាក់វ៉ាក់សាំង​ការពារ​ជំងឺកូវីដ១៩ បានរួចរាល ហើយភាគច្រើនបានចាក់រហូតដល់ដូសទី៤ផងដែរ ការ​សង្គ្រោះ​អាយុជីវិ​ត​របស់ប្រជាជនអោយរួចផុតពីជំងឺកូវីដ១៩ ជាចំនុចសំខាន់ដែល​រដ្ឋាភិបាល​កម្ពុជា​បាន​យក​ចិត្ត​ទុកដាក់ជាខ្លាំង ។លោក​ក៏បានផ្តាំផ្ញើរដល់ក្មួយៗត្រូវបំពេញកាត្តព្វកិច្ចជាពលរដ្ឋល្អទៅបោះឆ្នោតទាំងអស់គ្នា ហើយ​ត្រូវ​គិតពិចារណាអោយបានល្អិតល្អន សម្រាប់ការការបោះឆ្នោតនៅពេលឆាប់ៗខាងមុខនេះ បើ​ជ្រើសរើស​ខុសប្រទេសនឹងអន្តរាយ បើជ្រើសរើសត្រូវប្រទេសនឹងមានសន្តិភាព ហើយមាន​ការ​អភិវឌ្ឍន៍​លើ​គ្រប់វិស័យ បច្ចុប្បន្នក្រោមការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា ប្រទេសយើង​មាន​សន្តិភាព​ពេញលេញហើយ ដូចនេះយើងត្រូវរួមគ្នាថែរក្សាសន្តិភាព ដើម្បីបន្ត​ការ​អភិវឌ្ឍន៍​អោយ​ប្រទេស​កាន់តែរីកចម្រើនបន្ថែមទៀត៕ អត្ថបទ៖ ពៅ ភិរុណ

កម្ពុជា-ឥណ្ឌូនេស៊ី ប្តេជ្ញាពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច-ពាណិជ្ជកម្ម

2022/05/13 12:06:36 pm        616
ភ្នំពេញ៖ ក្នុងជំនួបការងារនៅទឹកដីសហរដ្ឋអាម៉េរិក ភាគីរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលឥណ្ឌូនេស៊ី បានប្តេជ្ញារួមគ្នា ក្នុងការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច-ពាណិជ្ជកម្ម រវាងប្រទេសទាំងពីរ ក៏ដូចជានៅក្នុងតំបន់អាស៊ានទាំងមូលផងដែរ។ក្រសួងពាណិជ្ជកម្ម នៅព្រឹកថ្ងៃទី១៣ ឧសភា ឆ្នាំ២០២២នេះ បានឲ្យទូរទស្សន៍ព័ត៌មាន ប៊ីធីវី ដឹងថា នៅរដ្ឋធានីវ៉ាស៊ីនតោន សហរដ្ឋអាម៉េរិក ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម និង​ឯកឧត្តម ម៉ូហាម៉េត ឡូតហ្វី (Muhammad Lutfi) រដ្ឋមន្រ្តីពាណិជ្ជកម្មឥណ្ឌូនេស៊ី បានជួបការងារគ្នា ដើម្បីពិភាក្សា និងផ្លាស់ប្តូរ​យោបល់​លើការងារដើម្បីត្រៀម​ចូលរួមកិច្ចប្រជុំពិសេស​រដ្ឋមន្រ្តី​សេដ្ឋកិច្ច​អាស៊ាន ​ដែលគ្រោងនឹងប្រព្រឹត្តទៅនៅថ្ងៃ១៨ ​ខែឧសភាខាងមុខ នៅទីក្រុងបាលី ប្រទេស​ឥណ្ឌូនេស៊ី។ប្រភពដដែល បានឲ្យដឹងទៀតថា ​តាមរយៈជំនួបនេះ ភាគីទាំងពីរបានពិភាក្សា ​និងផ្លាស់ប្តូរយោបល់​អំពី​វឌ្ឍនភាព​សេដ្ឋកិច្ច-ពាណិជ្ជកម្មទាំងក្នុងតំបន់ និងសកល ព្រមទាំងបានពិភាក្សាលើប្រធានបទ​មួយ​ចំនួនដែលត្រូវយកចិត្តទុកដាក់ ដើម្បីត្រៀមសម្រាប់កិច្ចប្រជុំពិសេសរដ្ឋមន្រ្តី​សេដ្ឋកិច្ច​អាស៊ាន​ខាងមុខ ដែលកិច្ចប្រជុំទាំងនោះផ្តោតសំខាន់លើ​មជ្ឈភាព​អាស៊ាន ការធ្វើឱ្យស៊ីជម្រៅខ្សែ​ច្រវាក់​ផ្គត់ផ្គង់​តំបន់ ការប្រែប្រួលនៃភូមិសាស្រ្តនយោបាយ ​និងផលប៉ះពាល់ដល់សេដ្ឋកិច្ចតំបន់-សកល ព្រមទាំងសេដ្ឋកិច្ចបៃតង ជាដើម។ជាមួយគ្នានេះ ភាគីឥណ្ឌូនេស៊ី ក៏បានអញ្ជើញ ​ឯកឧត្តមរដ្ឋមន្រ្តី ក្នុងនាមជាប្រធានកិច្ចប្រជុំរដ្ឋ​មន្រ្តី​សេដ្ឋកិច្ចអាស៊ាន​ ឆ្នាំ២០២២​ ដើម្បីចូលរួមក្នុងកិច្ចប្រជុំក្រុមប្រទេស G20 ​ដែលប្រទេសឥណ្ឌូនេស៊ី ជាប្រធាន​ រួមមានកិច្ចប្រជុំក្រុមការងារពាណិជ្ជកម្ម-វិនិយោគ​និងឧស្សាហកម្ម និង​កិច្ចប្រជុំថ្នាក់​រដ្ឋមន្រ្តី​ ដែលគ្រោងនឹងប្រព្រឹត្តទៅខែកញ្ញាខាងមុខ ​នៅប្រទេសឥណ្ឌូនេស៊ីផងដែរ៕អត្ថបទ៖ ឈិត បូរ៉ាវី

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

សម្ដេចធិបតី ហ៊ុន ម៉ាណែត ដាក់ចេញបទបញ្ជា ៩ ចំណុច ស្តីពីយុទ្ធនាការបោសសម្អាតការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា
07/15/2025 10:07 PM
សម្តេចប្រធានរដ្ឋសភាកម្ពុជាចែករំលែកអនុសាសន៍៥ចំនុច ក្នុងការលើកកម្ពស់វប្បធម៌សន្ទនា កសាងសុខសន្តិភាព ដល់កិច្ចប្រជុំ AIPA
07/15/2025 08:07 PM
សហគមន៍ជនបទយេម៉ែនកំពុងជួបការលំបាកខ្លាំង ស្របពេលដែលគ្រោះរាំងស្ងួតកាន់តែធ្ងន់ធ្ងរទៅ
07/15/2025 08:07 PM
ប៉េរ៉ូបើកឡើងវិញតំបន់បុរាណវិទ្យាអាយុកាល ៣.៨០០ឆ្នាំ Penico ដល់ភ្ញៀវទេសចរ
07/15/2025 08:07 PM
រដ្ឋមន្ត្រីសុខាភិបាល បន្តរំលឹក «គំនិត ពេលវេលា និងសុចរិតភាព គឺជាកត្តាគន្លឹះឈានទៅរកភាពជោគជ័យយូរអង្វែង ទាំងក្នុងជីវិតការងារ ទាំងក្នុងជីវិតបុគ្គលម្នាក់ៗ»
07/15/2025 08:07 PM
UN ៖ ជនប៉ាឡេស្ទីន ៨៧៥នាក់ ត្រូវបានសម្លាប់នៅជិតទីតាំងចែកចាយជំនួយក្នុងតំបន់ហ្កាហ្សា
07/15/2025 08:07 PM
វិមានក្រឹមឡាំង៖ សេចក្តីថ្លែងការណ៍របស់លោក Trump ស្តីពីរុស្ស៊ី និងលោក Putin គឺធ្ងន់ធ្ងរ និងត្រូវការការវិភាគ
07/15/2025 08:07 PM
បារាំង៖ សន្និសីទ UN នឹងពិភាក្សា អំពីហ្កាហ្សាក្រោយសង្គ្រាម និងការទទួលស្គាល់រដ្ឋប៉ាឡេស្ទីន
07/15/2025 07:07 PM
កូរ៉េខាងត្បូងកោះអញ្ជើញមន្ត្រីអនុព័ន្ធការពារជាតិជប៉ុន ដើម្បីតវ៉ា ជុំវិញការអះអាងសិទ្ធិលើកោះ
07/15/2025 07:07 PM
លោក Netanyahu ស្ថិតក្រោមសម្ពាធនយោបាយកាន់តែខ្លាំង ក្រោយមានគណបក្សដកខ្លួន
07/15/2025 07:07 PM