មន្រ្ដីនាំពាក្យក្រសួងកសិកម្ម៖ មិនគួរមានការព្រួយបារម្ភណាមួយពីកង្វះ ឬការកើន​ឡើង​តម្លៃ​ស្បៀង​​ក្នុង​ស្រុក​ឡើយ ខណៈកម្ពុជាមានសមត្ថភាពគ្រប់គ្រាន់ធានាសន្តិសុខស្បៀង
ក្រសួងកសិកម្ម ចុះអនុស្សរណៈយោគយល់គ្នា​ជាមួយបណ្តាធនាគារដៃគូ ដើម្បី​ផ្តល់​កម្ចី​ក្នុង​អត្រា​ការ​ប្រាក់​ទាប​ដល់កសិករ
ឆមាសទី១ឆ្នាំនេះ ការដោះដូរពាណិជ្ជកម្មអន្តរជាតិ​របស់​កម្ពុជា​មាន​ទំហំ​ទឹក​ប្រាក់​ជាង​៣១​ពាន់​លាន​ដុល្លារ
ឯកឧត្តម ស៊ុន ចាន់ថុល អំពាវនាវដល់ម្ចាស់រោងចក្រសូមរក្សាភាពស្ងាត់ស្ងៀម និង​ជឿជាក់​លើរាជរដ្ឋាភិបាលដែលកំពុងខិតខំប្រឹងប្រែង

សេដ្ឋកិច្ច និង កសិកម្ម

ទំហំជួញដូរផ្សារហ៊ុនកម្ពុជា អាចនឹងកើនដល់មួយលានដុល្លារ ក្នុងមួយថ្ងៃ

2022/05/13 11:33:07 am        480
ភ្នំពេញ៖ ដោយសារភាពកើនឡើងនៃការជួញដូរហ៊ុនកាន់តែញឹកញាប់ជាងមុន ការជួញដូរហ៊ុន នឹងអាចកើនដល់ ១លានដុល្លារ ក្នុង១ថ្ងៃ ខណៈការជួញដូរជាមធ្យមប្រចាំថ្ងៃមានប្រមាណ ៣០ម៉ឺនដុល្លារ នៅក្នុង១ថ្ងៃ។ឯកឧត្តម ហុង សុហួរ ប្រតិភូរាជរដ្ឋាភិបាល ទទួល​បន្ទុក​ជា​អគ្គនាយក​នៃក្រុមហ៊ុនផ្សារមូលបត្រ​កម្ពុជា ក្រោយចប់ពិធីប្រគល់​ទទួល​វិញ្ញាបនបត្រ​ទទួល​ស្គាល់​ធនាគារ អេស៊ីលីដា ភីអិលស៊ី ជា​ភ្នាក់ងារ​រក្សា​សុវត្ថិភាព​ក្នុង​វិស័យមូលបត្រ​ កាលពីរសៀលថ្ងៃទី១២​ ឧសភា ឆ្នាំ២០២២កន្លងទៅ មានប្រសាសន៍​ប្រាប់​ទូរទស្សន៍ព័ត៌មាន ប៊ីធីវី​ ស្រប​ពេលដែល​ទីផ្សារ​ហ៊ុន​បានកំពុងរីកចម្រើនពី​មួយឆ្នាំ​ទៅមួយឆ្នាំ ​ជាមួយនឹងការកើនឡើងយ៉ាងខ្លាំងនូវចំនួនវិនិយោគ ​និងទំហំជួញដូរ។ គិតមកទល់​បច្ចុប្បន្ន ​គណនី​ជួញដូរ​បានឡើងប្រមាណជាង​ ៣ម៉ឺនគណនី។ ​ក្រោពីនេះ ក៏នឹងមាន​ការចូលរួម​របស់តួអង្គថ្មីៗ​ជាច្រើនទៀត ​ដូចជាក្រុមហ៊ុន​មូលបត្រភ្នាក់ងារថែរក្សាទ្រព្យសម្បត្តិជំនួន ក្រុមហ៊ុនគ្រប់គ្រងមូលនិធិ។ល។រហូតមកដល់បច្ចុប្បន្ននេះ ​កម្ពុជាមានក្រុមហ៊ុនចំនួន៩ ចុះបញ្ជីលក់មូលបត្រកម្មសិទ្ធិ​នៅ​ក្រុមហ៊ុន​ផ្សារមូលបត្រ​កម្ពុជាដែលក្នុងនោះ ក្រុមហ៊ុនចុះបញ្ជីនៅទីផ្សារគោលចំនួន៧ក្រុមហ៊ុន និង​ក្រុមហ៊ុនចុះបញ្ជីនៅទីផ្សារកំណើន​មានចំនួន២ក្រុមហ៊ុន។ ដោយឡែក ចំពោះទីផ្សារមូលបត្រ​បំណុល មានក្រុមហ៊ុនចំនួន៦ ចុះ​បញ្ជី​សញ្ញាប័ណ្ណ​ នៅ​ក្រុមហ៊ុនផ្សារមូលបត្រកម្ពុជា៕ អត្ថបទ៖ ឈិត បូរ៉ាវី

រោងចក្រផលិតចំណីអាហារស្ដង់ដារមួយ ត្រូវបានបើកដំណើរការក្នុងខេត្តកំពត ដើម្បីកាត់បន្ថយការនាំចូល

2022/05/12 05:18:09 pm        788
កំពត៖ រោងចក្រផលិតចំណីអាហារស្ដង់ដារមួយ ត្រូវបានបើកដំណើរការនៅថ្ងៃនេះ នៅខេត្តកំពត ដើម្បីជួយបំពេញនូវតម្រូវការប្រើប្រាស់របស់ប្រជាជនកម្ពុជា និងកាត់បន្ថយការនាំចូល។រោងចក្រផលិតចំណីអាហាស្តង់ដារដំបូងគេនៅកម្ពុជា របស់ក្រុមហ៊ុន ស៊ីភី ដែលមានទីតាំងនៅ​ក្នុងស្រុកជុំគីរី ខេត្តកំពត ត្រូវបានបើកដំណើរការនៅព្រឹកថ្ងៃទី១២ ខែឧសភានេះ ជាមួយនឹង​ការ​ប្ដេជ្ញា​ថា​នឹង​ជួយ​ផ្គត់ផ្គង់​តម្រូវការចំណីអាហារនៅកម្ពុជា​ឲ្យបានច្រើនបំផុតតាមដែលអាចធ្វើទៅបាន ដើម្បី​កាត់បន្ថយការនាំចូល។សម្តេចក្រឡាហោម ស ខេង នាយករដ្ឋមន្ត្រីស្តីទី នៃព្រះរាជាណាចក្រកម្ពុជា ដែលបានអញ្ជើញជា អធិបតីសម្ពោធបើកឱ្យដំណើរការរោងចក្រនេះ មានប្រសាសន៍ថា ប្រទេសកម្ពុជា ​ត្រូវការលើក​កម្ពស់​គុណភាពនៃការផលិតចំណីអាហារ ​ឲ្យមានដំណើរការល្អ ​ជាបន្តបន្ទាប់ ដើម្បីកាត់បន្ថយការ​នាំ​ចូលពីប្រទេសជិតខាង ​ហើយនឹងផ្តល់នូវផលិតផលដ៏មានគុណភាព​ជូនប្រជាជនកម្ពុជា ព្រោះ​កន្លងមក​ការ​ចិញ្ចឹម​ និង​ការផលិតចំណីអាហារ ​មិនទាន់អាចឆ្លើយតបទៅ​នឹងតម្រូវការនៅឡើយទេ។សម្ដេចក្រឡាហោម ​បានបញ្ជាក់ថា ក្នុងមួយឆ្នាំៗ មានការនាំចូលរាប់ពាន់តោន​នៃ​ចំណី​អាហារពី​ប្រទេសជិតខាង ​ដូច្នេះ​ទាមទារ​ជំរុញការផលិតបន្ថែម ។លោក វីតាយ៉ា គ្រាងគ្រីវីត (Wittaya Kreangkrivit) ក្រុមប្រឹក្សាភិបាលរងជាន់ខ្ពស់ ​នៃក្រុមហ៊ុន ស៊ី.ភី ខេមបូឌា ចំកាត់ បានឱ្យដឹងថា ក្រុមហ៊ុននេះ ​បានចំណាយទុន​៥លានដុល្លារ ក្នុងការវិនិយោគបង្កើត​រោងចក្រផលិតចំណីអាហារនេះ។ រោងចក្រនេះផ្ដល់ការងារ១០០កន្លែង ​និងក្នុងមួយថ្ងៃៗ ​ត្រូវធ្វើសត្វឃាត (ជ្រូក) ១០០០ក្បាល ស្មើ​នឹង៣០ភាគរយ ​នៃតម្រូវការប្រើប្រាស់ទូទាំងប្រទេស។ ក្រុមហ៊ុន មានគម្រោងពង្រីករោងចក្រ​ផលិតចំណីអាហារបន្ថែមបីទៀត ​ដើម្បីបំពេញតម្រូវការប្រើប្រាស់​របស់​ប្រជាពល រដ្ឋកម្ពុជា​ឲ្យ​បានគ្រប់គ្រាន់។ឯកអគ្គរាជទូតថៃប្រចាំកម្ពុជា ដែលបានចូលរួមក្នុងពិធីនេះដែរ បានមានប្រសាសន៍ថា ក្រុមហ៊ុន ស៊ីភី ​គឺជាក្រុមហ៊ុនកសិ-ឧស្សាហកម្ម ​និងអាហារឈានមុខគេមួយនៅក្នុងប្រទេសថៃ ដែលបាន​សហការ​ជាមួយរដ្ឋាភិបាលថៃរហូតមក។ ​នៅថ្ងៃនេះ ​គឺជាឱកាសដ៏ល្អសម្រាប់ក្រុមហ៊ុន ជា​ចំណែក​មួយនៃការជួយជ្រោមជ្រែងប្រទេសកម្ពុជា ​ទាក់ទងនឹងការលើកកម្ពស់ស្តង់ដារ​ឧស្សាហកម្មផលិត​ចំណីអាហារ និងអភិវឌ្ឍផលិតផលផ្នែកអាហារ ​ឱ្យមានការទទួលស្គាល់លើឆាកអន្តរជាតិ។ក្រុមហ៊ុន ស៊ី.ភី មានអាជីវកម្មផលិតចំណីសត្វ (Feed) អាជីវកម្មចិញ្ចឹមសត្វ (Farm) និងអាជីវកម្មចំណីអាហារ (Food) ៕ អត្ថបទ៖ អន សារឹម

ក្រុមហ៊ុនពហុអាជីវកម្មជប៉ុន បន្តពង្រីកអាជីវកម្មរបស់ខ្លួនមកខេត្តព្រះសីហនុ

2022/05/11 04:23:58 pm        613
ព្រះសីហនុ៖ ក្រុមហ៊ុន មីតស៊ូប៊ីស៊ី ខបភើរ៉េស៊ីន (Mitsubishi Corporation) និងជាប្រធានសមាគមធុរកិច្ចជប៉ុនប្រចាំប្រទេសកម្ពុជា បានចូលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយរដ្ឋបាលខេត្តព្រះសីហនុ នៅសាលប្រជុំក្រុមប្រឹក្សាខេត្ត រសៀលថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២២ ក្នុងការស្វែងយល់ និងចាប់យកឱកាសវិនិយោគពហុអាជីវកម្ម នៅខេត្តព្រះសីហនុ។លោក យូកុ កាន់ដា ប្រធានផ្នែកចាត់ការទូទៅ ក្រុមហ៊ុន មីតស៊ូប៊ីស៊ី ខបភើរ៉េស៊ីន បានលើកឡើងថា សក្ដានុពលរបស់ ខេត្ដព្រះសីហនុ ជាមួយនឹងភាពរួសរាយរាក់ទាក់ របស់ប្រជាពលរដ្ឋ គាត់ពិត​ជា​មានភាពកក់ក្ដៅសប្បាយរីករាយ ក្នុងការធ្វើទស្សនកិច្ចនៅខេត្ដព្រះសីហនុបន្ដបន្ទាប់ និងបាន ចូលរួម​សកម្មភាពសង្គមខ្លះ ​គឺកម្មវិធីរើសសំរាមសម្អាត​អនាម័យ បរិស្ថាននៅឆ្នេរអូរត្រេះ ក្រុង-ខេត្ដព្រះសីហនុ។ ដំណើរទស្សនកិច្ចថ្ងៃនេះ វាជាឱកាសដ៏ប្រសើរ ដែលលោក​ នឹងអញ្ជើញទៅបញ្ចុះបឋម​សីលាបុកគ្រឹះឃ្លាំង​អ៊ីអននៅថ្ងៃស្អែកនេះ។ជាមួយគ្នានោះលោក ម៉ាង ស៊ីណេត អភិបាលរង ​នៃគណៈអភិបាលខេត្តព្រះសីហនុ ក៏​បាន​លើកឡើង​ដែរថា ខេត្តជាខេត្តទេសចរណ៍ ហើយការអភិវឌ្ឍរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ បានធ្វើឱ្យខេត្តក្លាយជាតំបន់សេដ្ឋកិច្ចពិសេស ពហុបំណង​ ដែលមានវិស័យសំខាន់ៗដូចជា វិស័យសំណង់ ឧស្សាហកម្ម ពាណិជ្ជកម្ម ​ដឹកជញ្ជូន​ទេសចរណ៍។ល។ មានកំពង់ផែអន្តរជាតិទឹកជ្រៅ ព្រលានយន្តហោះអន្តរជាតិ ផ្លូវដែក​ និងផ្លូវគោកជាដើម ។ល។ លោក ក៏បានស្នើសុំ លោក យូកុ កាន់ដា ឱ្យជួយផ្សព្វផ្សាយពីសក្ដានុពលរបស់ខេត្ដព្រះសីហនុ ទៅ​អ្នកទេសចរ និងក្រុមហ៊ុនវិនិយោគជប៉ុនឱ្យចូល ​មកវិនិយោគនៅខេត្ដព្រះសីហនុ​ឱ្យកាន់​តែច្រើន​ឡើង​ថែមទៀត។សូមបញ្ជាក់ថា ខេត្ដព្រះសីហនុ សក្ដានុពលធម្មជាតិសម្បូបបែប​ ដូចជាកសិកម្ម ​ឧស្សាហកម្ម ពាណិជ្ជកម្ម ​និងទេសចរណ៍ ​សំណង់ជាវិស័យគោលដៅក្នុងការអភិវឌ្ឍ​សេដ្ឋកិច្ចខេត្ត ហើយ​រាជ​រដ្ឋាភិបាលចាត់​ ទុកនឹងប្រែក្លាយខេត្តព្រះសីហនុ​ ជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង​តែមួយ​គត់នៅព្រះរាជាណាចក្រកម្ពុជា ស្របតាមគោលនយោបាយ អភិវឌ្ឍន៍ វិស័យ​ឧស្សាហកម្ម​នៃ​រាជ​រដ្ឋាភិបាលកម្ពុជា​ ឆ្នាំ២០១៥ -២០២៥៕

ក្រសួងសេដ្ឋកិច្ច អនុវត្តប្រព័ន្ធឯកសារឌីជីថល ដើម្បីពន្លឿនការប្រមូលចំណូល និងចំណាយថ្នាក់ក្រោមជាតិ

2022/05/11 02:33:54 pm        871
ភ្នំពេញ៖ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដាក់ឲ្យអនុវត្តប្រព័ន្ធឯកសារឌីជីថល ហៅកាត់ថា FMIS Portal លើរដ្ឋបាលស្រុក-ឃុំ ចំនួន២៦០ ដោយអនុវត្តសាកល្បង ជាមួយទូរស័ព្ទឆ្លាតវៃ មានលក្ខណៈសាមញ្ញ និងផ្តល់ភាពងាយស្រួល ក្នុងទិសដៅជួយពន្លឿនដល់ការអនុវត្តចំណូល ចំណាយថវិការបស់រដ្ឋបាលស្រុក និងរដ្ឋបាលឃុំ។ឯកឧត្ដមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ លើកឡើងនៅក្នុងពិធីប្រកាសដាក់ឲ្យប្រើប្រាស់ប្រព័ន្ធឯកសារឌីជីថល ជំនាន់ទី១ ជា​ផ្លូវការដល់រដ្ឋបាលស្រុក និងរដ្ឋបាលឃុំ នៅថ្ងៃទី១១ ខែមេសា ឆ្នាំ២០២២ នេះថា ការរៀបចំ​បង្កើត​ប្រព័ន្ធឯកសារឌីជីថល ជំនាន់ទី១ គឺមានលក្ខណៈសាមញ្ញ និងផ្តល់ភាពងាយស្រួលក្នុងការ​អនុវត្ត​ជាមួយទូរសព្ទឆ្លាតវៃតាមរយៈបណ្តាញអ៊ីនធើណេត ក្នុងទិសដៅដើម្បីជួយពន្លឿន​ដល់ការ​អនុវត្តចំណូល ចំណាយថវិការបស់រដ្ឋបាលស្រុក និងរដ្ឋបាលឃុំ។ឯកឧត្ដម ឧបនាយករដ្ឋមន្ត្រី បន្តថា ស្ថិតនៅក្នុងកាលៈទេសៈដ៏លំបាកនេះ រាជរដ្ឋាភិបាលបាន​ប្រែក្លាយវិបត្តិទៅ ជាកាលានុវត្តភាព ការកែទម្រង់វិស័យហិរញ្ញវត្ថុសាធារណៈ គ្មានការបង្អង់ និង​គ្មាន​ថយក្រោយនោះឡើយ ទោះបី ​កម្ពុជាឆ្លងកាត់ជម្ងឺកូវីដ ១៩ ជាពិសេសការកសាងចាប់​យក​ប្រព័ន្ធឌីជីថល ស្របតាមគន្លងថ្មីនៃសកលលោក ​នៅក្នុងយុគសម័យ​បដិវត្តន៍​ឧស្សាហកម្មជំនាន់ទី ៤។ ក្នុងស្មារតីនេះ ការងារកែទម្រង់ហិរញ្ញវត្ថុសាធារណៈ គឺជាចលករមុតស្រួចរបស់រាជរដ្ឋាភិបាល ក្នុងនោះការកែលម្អ ធនធានហិរញ្ញវត្ថុសាធារណៈរបស់ជាតិ គឺមានដំណាក់កាលសំខាន់ៗជាច្រើន, ចំពោះការដាក់ឲ្យអនុវត្តប្រព័ន្ធ ឯកសារឌីជីថល នេះវិញ គឺជាសមិទ្ធផលថ្មីមួយទៀត ដែលដាក់​ឲ្យអនុវត្តលើរដ្ឋបាលស្រុក-ឃុំ ចំនួន ២៦០ ​តាមទូរស័ព្ទឆ្លាតវៃ មានលក្ខណៈសាមញ្ញ និងផ្តល់ភាព​ងាយស្រួល ដោយមានទិសដៅដើម្បីជួយពន្លឿនដល់ ​ការអនុវត្តចំណូល ចំណាយថវិការបស់​រដ្ឋបាលស្រុក ​និងរដ្ឋបាលឃុំ ​ដោយបានផ្តល់ភាពងាយស្រួល​ ជូនដល់រដ្ឋបាលស្រុក-ឃុំទាំងនោះ។ សូមបញ្ជាក់ថា៖ ការដាក់ឲ្យប្រើប្រាស់ប្រព័ន្ធឯកសារឌីជីថល​ ជំនាន់ទី១ របស់ក្រសួងសេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ជូនដល់រដ្ឋបាលថ្នាក់ស្រុក ​និងឃុំ នៅពេលនេះ គឺជាការផ្លាស់ប្តូរមកប្រើប្រាស់​ប្រព័ន្ធ​បច្ចេកវិទ្យាព័ត៌មាន ​សម្រាប់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ​ នេះវិញ ដោយក្នុង​នោះ​សម្រាប់​ជំហាន​ដំបូងនេះ បានអនុវត្តទៅលើខេត្តទាំងអស់នៅក្នុងព្រះរាជាណាចក្រកម្ពុជា ក្នុងនោះ​បានជ្រើសរើស​យករដ្ឋបាលស្រុកចំនួន ៧៥ ​និងរដ្ឋបាលឃុំចំនួន ១៨៥ ដើម្បីអនុវត្ត​សាកល្បង​នៃការប្រើប្រាស់ប្រព័ន្ធឯកសារឌីជីថល នេះ ៕អត្ថបទ៖ សុន រ៉ាឌី

កម្ពុជា-វៀតណាម បង្កើនការតភ្ជាប់សហគ្រាសដឹកជញ្ជូន ដើម្បីសម្រួលដល់ការធ្វើពាណិជ្ជកម្ម

2022/05/11 02:20:55 pm        416
ភ្នំពេញ៖ កម្ពុជា-វៀតណាម បង្កើនកិច្ចសហប្រតិបត្តិការ នៃការតភ្ជាប់សហគ្រាសដឹកជញ្ជូន ការសម្របសម្រួល និងបែបបទនៃការនាំចេញ-នាំចូល ដើម្បីជួយដល់ការដឹកជញ្ជូននៃប្រទេសទាំងពីរ ឲ្យប្រព្រឹត្តទៅដោយរលូន និងជួយសម្រួលដល់ការធ្វើពាណិជ្ជកម្មឲ្យកាន់តែល្អប្រសើរ។លោកឧកញ៉ា ស៊ិន ចន្ធី ប្រធានសមាគមភស្តុភារកម្មកម្ពុជា បានថ្លែងប្រាប់ភ្នាក់ងារអ្នកយកព័ត៌មាន BTV នៅថ្ងៃទី១០ខែឧសភាឆ្នាំ២០២២ថា កម្ពុជា-វៀតណាម បានបើកកិច្ចប្រជុំ លើកិច្ច​សហប្រតិបត្តិការ និងការតភ្ជាប់សហគ្រាសដឹកជញ្ជូនរវាងប្រទេសទាំងពីរ​ ដែលកិច្ចការនេះ​មាន​សារៈសំខាន់ៗ សម្រាប់បង្កើនកិច្ចសហប្រតិបត្តិការ នៃវិស័យដឹកជញ្ជូនរវាងប្រទេសទាំងពីរបន្ថែម ការដោះស្រាយបញ្ហាកំពុងជួបប្រឈម ការសម្របសម្រួល និងបែបបទនីតិវិធីនៃការនាំចេញចូល និងការជម្រុញពាណិជ្ជកម្មជាដើម។លោកឧកញ៉ា បន្តថា ជុំវិញវិស័យដឹកជញ្ជូននេះ បច្ចុប្បន្ន ក្រុមហ៊ុនក្នុងស្រុក កំពុងជួបបញ្ហាប្រឈម​ជាច្រើនដូចជាប្រេងឡើងថ្លៃ ជាពិសេសសេវាដឹកជញ្ជូនតាមផ្លូវទឹក បានកំពុងហក់ឡើងខ្ពស់​ហួស​ហេតុ។ ដូច្នេះកិច្ចសហប្រតិបត្តិការ នៃការតភ្ជាប់សហគ្រាសដឹកជញ្ជូន ​រវាងកម្ពុជាវៀតណាម គឺការ​ជួយ​សម្រួលមួយផ្នែកនៃការដឹកជញ្ជូនឆ្លងកាត់ប្រទេសជិត ជាពិសេសជាការ​ជួយសម្រួល​ដល់ការ​ដឹកជញ្ជូន​កសិកផលរបស់កម្ពុជា ខណៈមួយឆ្នាំៗកម្ពុជាបាននាំចេញកសិផលទៅកាន់ប្រទេស​វៀតណាមជាច្រើន ដូចជាការនាំចេញស្រូវជាដើម។លោកឧកញ៉ា ស៊ិន ចន្ធី បន្តថា ទាក់ទងវិស័យដឹកជញ្ជូននេះ ភាគីនៃប្រទេសទាំងពីរ នឹងមាន​គម្រោង​ចុះហត្ថលេខាលើអនុស្សារណៈយោគយល់គ្នា ដើម្បីពង្រឹងដល់ការនាំចេញចូល ជា​ពិសេស​ការដឹកជញ្ជូនឆ្លងកាត់ប្រទេសវៀតណាម ទំាងផ្លូវទឹក និងផ្លូវគោក ដែលកន្លងមក​ការដឹកជញ្ជូន​ឆ្លងកាត់ប្រទេសនេះ ​មានការត្រួតពិនិត្យ​ស្មុគស្មាញ​ និងការចំណាយថ្លៃដើមបន្ថែមជាដើម ។ ដូច្នេះតាមរយៈកិច្ចសហប្រតិបត្តិនេះ នឹងជួយដោះស្រាយ​រាល់បញ្ហាបន្ថែម ដើម្បីជម្រុញ​ការ​ដឹក​ជញ្ជូនឆ្លងកាត់​ និងការធ្វើពាណិជកម្មប្រព្រឹត្តិទៅដោយរលូន។នៅក្នុងសិក្ខាសាលានេះ ភាគីវៀតណាម ​បានបង្ហាញនូវការយកចិត្តទុកដាក់ខ្ពស់ នៃ​ការតភ្ជាប់វិស័យដឹកជញ្ជូនរវាងប្រទេសទាំងពីរ ​ពិសេសការគិតគូរដល់ថ្លៃដើមនៃការដឹកជញ្ជូន ដែលបញ្ហានេះភាគីវៀតណាម ​នឹងលើកជូនទៅរដ្ឋាភិបាលរបស់ខ្លួន​ ដើម្បីដោះស្រាយ ដល់ដំណើរការនៃការដឹកជញ្ជូននៃប្រទេសទាំងពីរ។សូមបញ្ជាក់ថា៖ នៅថ្ងៃទី ១០ ខែ ឧសភា កម្ពុជា-វៀតណាម បើកកិច្ចប្រជុំសម្រាប់កិច្ច​សហប្រតិបត្តិការ​ និងការតភ្ជាប់សហគ្រាសដឹកជញ្ជូនរវាង​ប្រទេសទាំងពីរ ដែលក្នុងនោះ​ភាគីវៀតណាម បានការចូលរួមមាន៖ អនុប្រធាននាយកដ្ឋាននាំចូល និងនាំចេញ ក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្ម, ឯកអគ្គរដ្ឋទូត វៀតណាមប្រចាំព្រះរាជាណាចក្រកម្ពុជា, នាយកក្រុមហ៊ុន Bee Logistic ប្រទេសវៀតណាម, នាយកពាណិជ្ជកម្មនៃក្រុមហ៊ុន Gemadept តំណាងសមាគមភ្នាក់ងារសមុទ្រ ឈ្មួញកណ្តាល និងសេវាកម្មវៀតណាម និងមានការជាង ៥០ ក្រុមហ៊ុន៕អត្ថបទ៖ សុន រ៉ាឌី

ពីថ្ងៃទី១១-២០ខែឧសភា ប្រេងសាំងធម្មតាឡើង ៣០០រៀល និងប្រេងម៉ាស៊ូតឡើង ២០០រៀល ធៀបនឹងសន្ទស្សន៍ចាស់

2022/05/11 12:36:48 pm        328
ភ្នំពេញ៖ ក្រសួងពាណិជ្ជកម្មប្រកាសពីតម្លៃលក់រាយប្រេងឥន្ធនៈតាមស្ថានីយនានាទូទាំងប្រទេស ចាប់ពីថ្ងៃទី១១-២០ ខែឧសភា ឆ្នាំ២០២២ ដោយប្រេងសាំងធម្មតាត្រូវលក់តម្លៃ ៥.៥៥០រៀល/លីត្រ(ឡើង៣០០រៀល) និងប្រេងម៉ាស៊ូតត្រូវលក់តម្លៃ ៥.៨០០រៀល/លីត្រ(ឡើង២០០រៀល)។

ឆ្នាំ២០២១ កំពង់ផែស្វយ័តភ្នំពេញរកប្រាក់ចំណេញបានជាង ១២លានដុល្លារ

2022/05/10 03:31:36 pm        1110
ភ្នំពេញ៖ ឆ្នាំ២០២១ កន្លងទៅកំពង់ផែស្វយ័តភ្នំពេញ សម្រេចបានលទ្ធផលអាជីវកម្មរបស់ខ្លួន ដោយទទួលបាននូវបរិមាណកុងតឺន័រចំនួន ៣៤៨.៨៩៨TEUs ដែលអនុវត្តបានលើសផែនការឆ្នាំ ២០២១ចំនួន១៣ភាគរយ។នេះបើតាមប្រសាសន៍ ឯកឧត្តម ហ៊ឺ បាវី ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាប្រធានអគ្គនាយក​កំពង់ផែ​ស្វយ័ត​ភ្នំពេញ ថ្លែងក្នុងពិធីបើកមហាសន្និបាតភាគហ៊ុនិកលើកទី៧ នៅទីស្នាក់ការកណ្ដាល​កំពង់ផែ​ស្វយ័តភ្នំពេញ កាលពីព្រឹកថ្ងៃទី ១០ ឧសភា។ឯកឧត្តម ហ៊ឺ បាវី បានថ្លែងថា សម្រាប់ឆ្នាំ ២០២១ កំពង់ផែស្វយ័តភ្នំពេញ សម្រេចបានលទ្ធផល​អាជីវកម្ម​ដោយ​ទទួលបាននូវបរិមាណកុងតឺន័រចំនួន ៣៤៨.៨៩៨TEUsគឺលើសផែនការឆ្នាំ២០២១ចំនួន១៣% នឹងកើនលើស ២០% បើធៀប​នឹង​ការ​អនុវត្តឆ្នាំ២០២០ ​។ ចំណែកឯលទ្ធផលហិរញ្ញវត្ថុ កំពង់ផែស្វយ័តភ្នំពេញ​ទទួលបាននូវ​ប្រាក់​ចំណេញ​ចំនួន ១២លាន៧០៧ពាន់ ៨៣១ដុល្លារ ដែលអនុវត្តបានលើសផែនការឆ្នាំ២០២១ ចំនួន១៥% និងកើនឡើង២៩% ធៀបនឹងការអនុវត្តឆ្នាំ២០២០ ​ហើយ​ឯកឧត្តម ក៏បានបង្ហាញនូវមោទនភាព ចំពោះស្នាដៃ​និងលទ្ធផលដែលសម្រេចបាន ​និងបានលើកឡើង​អំពីកិច្ចការជាច្រើនទៀត​ដែល​ជា​ផែនការសកម្មភាពរបស់កំពង់ផែស្វយ័តភ្នំពេញ។ឯកឧត្តម មានប្រសាសន៍ថា ទន្ទឹមនឹងលទ្ធផលដែលសម្រេចបានមកនេះ កំពង់ផែស្វយ័តភ្នំពេញ​ក៏​នៅមានផែនការការងារជាអាទិភាពបន្តទៀត​សម្រាប់អនុវត្តឆ្នាំ ​២០២២ ក្នុងនោះរួមមាន​គម្រោង​ពង្រីក​ហេដ្ឋា​រចនាសម្ព័ន្ធចំណត​ផែកុងតឺន័រLM១៧ ជំហានទី៣ ​ដំណាក់កាលទី២(២០២២-២០២៣) ដើម្បីពង្រីក​សមត្ថភាពផ្ទុកកុងតឺន័រឲ្យបានដល់ចំនួន៥០ម៉ឺនTEU/ឆ្នាំ និង​គម្រោង​អភិវឌ្ឍន៍​ចំណត​ផែរណប​តាមដងទន្លេនៅតាមទីតាំងមួយចំនួនទៀត រួមមាន៖ ចំណតផែរណបពហុបំណង​កោះរកា (LM២៦) ,ចំណតផែរណបពហុបំណងTS១១ ,ចំណតផែរណបពហុបំណងព្រែកអញ្ចាញ (UM១) ,ចំណតផែរណបពហុបំណងទន្លេបិទ(UM២) និងចំណតផែរណបពហុបំណងឆ្លូង(ក្រចេះ) កំពង់ឆ្នាំង ព្រែកក្តាម ដើម្បីបង្កើនសេវាកម្មរបស់កំពង់ផែស្វយ័តភ្នំពេញ ឲ្យដល់អតិថិជន៕អត្ថបទ៖ មុត សុទ្ធ

ប្រទេសឆែក គ្រោងផ្តល់ជំនួយលើការអភិវឌ្ឍវិស័យកសិកម្មកម្ពុជា ដើម្បីជំរុញការនាំចេញ

2022/05/10 01:21:26 pm        536
ភ្នំពេញ៖ ប្រទេសឆែក គ្រោងផ្តល់ជំនួយបច្ចេកទេស​លើការអភិវឌ្ឍវិស័យកសិកម្មដល់កម្ពុជា ដើម្បីជំរុញ​ការផលិត​ផ្គត់ផ្គង់​ទីផ្សារ​ និង​នាំចេញ​ទៅកាន់​ទីផ្សារ​អឺរ៉ុប​។​កម្ពុជា និង​សាធារណរដ្ឋ​ឆែក ​គ្រោង​នឹង​ចុះ​អនុស្សរណៈនៃ​ការយោគយល់​គ្នា (MoU) ​ស្តីពី​កិច្ច​សហប្រតិបត្តិការ​លើ​វិស័យ​កសិកម្ម​ក្នុង​ពេល​ឆាប់ៗ​នេះ ​លើ​ការ​បណ្តុះបណ្តាល​ ការ​លើក​កម្ពស់​គុណភាព ​និង​ផលិតភាព​ផលិតកម្ម​កសិកម្ម ​ដើម្បី​ឆ្លើយតប​តាម​តម្រូវការ​ទីផ្សារ​នាំចេញ​ទៅកាន់​ទីផ្សារ​អឺរ៉ុប​។ឯកឧត្តម វេង សាខុន រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម​ បាន​ជួប​កាលពេលថ្មីៗនេះ ​ពិភាក្សា​ការងារ​ជាមួយ​ ឯកឧត្តម ម៉ារទីន វ៉ាវរ៉ា ឯកអគ្គរដ្ឋទូត​នៃ​សាធារណរដ្ឋ​ឆែក​ប្រចាំ​កម្ពុជា ​នៅ​ទីស្តីការ​ក្រសួងកសិកម្ម ដោយ​ភាគី​ទាំង​២​ បាន​លើក​យក​ប្រធានបទ​សំខាន់ៗ​មក​ពិភាក្សា​គ្នា​ជា​ជំហាន​បឋម​ក្នុង​ការ​ធ្វើ​កិច្ច​សហប្រតិបត្តិការ​រវាង​ប្រទេស​ទាំង​២​ទាក់ទង​នឹង​ការ​អភិវឌ្ឍ​វិស័យ​កសិកម្មរុក្ខាប្រមាញ់ និង​នេសាទ​នាពេល​អនាគត ដែល​ក្នុងនោះ​មាន ដូចជា ការងារ​បណ្តុះ​បណ្តាល​​ធនធាន​មនុស្ស ​ទាំង​រយៈពេល​ខ្លី និង​ពេល​វែង ការ​ផ្លាស់ប្តូរ​​មន្ត្រី​ជំនាញ​ឱ្យ​ទៅ​ធ្វើ​ទស្សនកិច្ច​សិក្សា ​ដើម្បី​ដកស្រង់​បទ​ពិសោធន៍​លើ​ការងារ​អនុវត្ត​បច្ចេកទេស​ផ្ទាល់​។ភាគី​ទាំង​ ២​ បាន​ពិភាក្សាលើការ​សហការគ្នា​លើ​ការ​អភិវឌ្ឍ​វិស័យ​វារីវប្បកម្ម​ទាំង​ទឹកសាប​ និង​សមុទ្រ​, ការធ្វើ​ទំនើបកម្ម​កសិកម្ម និង ការ​ពង្រឹង​សមត្ថភាព​លើ​ការកែច្នៃ​កសិផល​ផងដែរ​។ឯកឧត្តម វេង សាខុន មានប្រសាសន៍ថា ភាគីទាំងពីរ​សង្ឃឹម ថា​នឹង​ឈានទៅ​អនុវត្ត​លើ​ខ្លឹមសារ MoU នេះ​ឱ្យ​ចេញ​ជា​ផ្លែផ្កា​ ដើម្បី​ជា​ប្រយោជន៍​សម្រាប់​ប្រទេស​ទាំង​ ២ ​នាពេល​ឆាប់ៗ​នេះ​។ឯកឧត្តម ​រដ្ឋមន្ត្រី​បាន​មាន​ប្រសាសន៍​ថា​ នាពេល​អនាគត​ដ៏ខ្លី ​កិច្ចសហប្រតិបត្តិការ​នេះ ​នឹង​លេចចេញ​ជា​រូបរាង ​និង​ទទួល​បាន​ជោគជ័យ ជាពិសេស​គឺ​ភាគី​កម្ពុជា​ផ្ទាល់​ដែល​កំពុង​ត្រូវ​ការ​កសាង​ធនធានមនុស្ស​តាមរយៈការបណ្តុះបណ្តាល ​ការ​លើក​កម្ពស់​គុណភាព ​និង​ផលិតភាព​ផលិតកម្ម​កសិកម្ម ​ដើម្បី​ឆ្លើយតប​តាម​តម្រូវការ​ទីផ្សារ​នាំចេញ ​និង​ជាពិសេស​ទៅកាន់​ទីផ្សារ​អឺរ៉ុប​​។បើ​យោងតាម​ ឯកឧត្តម វេង សាខុន រដ្ឋាភិបាល​ឆែក​ដែល​បាន​ទិញ​អង្ករ​ពី​កម្ពុជា​ចំនួន​ជាង ​៧ ០០០​ តោន​ក្នុង​​ឆ្នាំ​ ២០២១​ ហើយ​សង្ឃឹមថា​ បរិមាណ​នេះ​នឹង​កើន​ឡើង​នាពេល​អនាគត​៕ អត្ថបទ៖ វណ្ណៈ 

កម្ពុជា និងស្រីលង្កា ឯកភាពធ្វើសកម្មភាពជំរុញចលនាទេសចរណ៍ឡើងវិញ

2022/05/10 01:14:37 pm        280
ភ្នំពេញ៖ នៅថ្ងៃទី១០ ខែឧសភានេះ ឯកឧត្តម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍កម្ពុជា បានចុះហត្ថលេខាលើអនុសារណៈយោគយល់គ្នាជាមួយលោកជំទាវ Chaminda l. Colonne ឯកអគ្គរដ្ឋទូតប្រទេសស្រីលង្កា ប្រចាំនៅកម្ពុជាជាលើកដំបូង ដើម្បីជំរុញចលនាទេសចរណ៍រវាងប្រទេសពីរអោយមានភាពល្អប្រសើរឡើងវិញ ។បើតាមឯកឧត្តម ទី្រ ឈីវ ទីប្រឹក្សាក្រសួងទេសចរណ៍ បានថ្លែងអោយក្រោយជំនួប​ចុះហត្ថលេខា​នេះថា នៅក្នុងខ្លឹមសារអនុសារណៈការយោគយល់គ្នាលើកិច្ច​សហប្រតិបត្តិការ​នៃវិស័យទេស​ចរណ៍នេះ គឺ​ភាគីប្រទេសទាំងពីរ ​នឹងជម្រុញអោយមានសកម្មភាពទេសចរណ៍នានាដូចជា ការតភ្ជាប់ជើងហោះហើរត្រង់រវាងប្រទេសពីរ ​ដោយចាប់ផ្តើមពីការតភ្ជាប់ជើងហោះហើរជា Charter flight ជម្រុញការរៀបចំកញ្ចប់ទស្សនកិច្ចសាសនាព្រះពុទ្ធ កម្ពុជា ស្រីលង្ការ ហើយក្នុងនោះដែរភាគី​ទាំង​ពីរ​នឹងជម្រុញ​អោយ​មានការ​ផ្លាស់ប្តូរ​ទស្សនកិច្ចរវាងព្រះសង្ឃ ​ថ្នាក់ដឹកនាំសង្ឃ និងគ្រឹះស្ថាន​សិក្សា​ពុទ្ធសាសនៈបណ្ឌិតនានាទៀតជាដើម។នៅក្នុងជំនួបនេះដែរ ឯកឧត្តម ថោង ខុន បានក៏បានលើកឡើងដែរថា ​បច្ចុប្បន្នកម្ពុជា ក៏កំពុង​អនុវត្ត​គោលនយោបាយទេសចរណ៍ផ្នែកសាសនាព្រះពុទ្ធ ​តាមការដាក់ចុះនូវយន្តការគឺ​ ខេត្តមួយ ត្រូវបាន​មានវត្តអារ៉ាមគំរូយ៉ាងតិចចំនួន២ ដែលជាវត្តទាក់ទាញភ្ញៀវទេសចរជាតិអន្តរជាតិផ្នែក​សាសនា​ព្រះពុទ្ធ​អោយទៅទស្សនានៅក្នុងវត្តទាំងនោះ ​ជាពិសេសនៅខេត្តសៀមរាប ​នៅបាត់ដំបងជាដើម។ លោកជំទាវ Chaminda l. Colonne បានថ្លែងថា នៅក្នុង​មុនពេលពិភពលោកមិនទាន់មានការ​រាត​ត្បាត​កូវីដ១៩ កម្ពុជា ស្រីលង្ការមានផ្លាស់ប្តូរ​ទេសចរណ៍ផ្នែកសាសនា​ព្រះពុទ្ធមានភាព​ល្អ​ប្រសើរ ក្នុងនោះ ភ្ញៀវទេសចរមកពីស្រីលង្ការមកទស្សនាកម្ពុជា ​មានកំណើនប្រមាណ២៣% ហើយរំពឹងថា ក្រោយវិបត្តិកូវីដ១៩ធូរស្រាលនេះ កម្ពុជា ស្រីលង្កា ​នឹងមានការផ្លាស់ប្តូរដំណើរទស្សនកិច្ច និងទេសចរណ៍មានភាពល្អប្រសើរដូចដើមវិញ។ សូមបញ្ជាក់ថា នៅក្នុងជំនួបនេះដែរភាគីទាំងពីរ ក៏បានឯកភាពបង្កើតក្រុមការងារកម្ពុជាស្រីលង្កា ដើម្បីជម្រុញអោយមានកិច្ចប្រជុំរៀងរាល់៣ខែម្តង ​ដើម្បីបូកសរុបលទ្ធផលការងារ តាមដានការ​អនុវត្តខ្លឹមសារអនុសារណៈកិច្ចសហប្រតិបត្តិការក្នុងវិស័យទេសចរណ៍នេះនៃប្រទេសទាំងពីរ៕អត្ថបទ៖ ស៊ុម សុខជា

ប្រជាពលរដ្ឋបំពេញ​កាតព្វកិច្ច​បង់ពន្ធ ​ជាការចូលរួមចំណែកអភិវឌ្ឍន៍ប្រទេស

2022/05/10 12:42:05 pm        362
នំពេញ៖ អ្នកជំនាញគ្រប់គ្រងពន្ធធំ នៃអគ្គនាយកដ្ឋានពន្ធដារ លើកឡើងថា កាតព្វកិច្ចពន្ធដារ គឺជាកាតព្វកិច្ចសម្រាប់ប្រជាពលរដ្ឋគ្រប់រូប ការចូលរួមពីប្រជាពលរដ្ឋលើការបំពេញកាតព្វកិច្ចបង់ពន្ធ តាមរយៈដោយផ្ទាល់ ឬប្រយោល គឺជាការចូលរួមចំណែកយ៉ាងសំខាន់ដល់អភិវឌ្ឍន៍ប្រទេសទាំងអស់គ្នា ។ឯកឧត្ដមបណ្ឌិត អេង រតនា ប្រធាននាយកដ្ឋានគ្រប់គ្រងអ្នកជាប់ពន្ធធំ នៃអគ្គនាយកដ្ឋានពន្ធដារ លើកឡើងក្នុងវេទិការ ស្ដីពីអាជីពការងារ ដែលរៀបចំដោយវិទ្យាស្ថានខេមអេដ នាចុងសប្តាហ៍​កន្លងមកថា ការចូលរួមបង់ពន្ធរបស់ប្រជាពលរដ្ឋកម្ពុជា តាមរយៈដោយផ្ទាល់ ឬប្រយោលក្តី គឺជាការចូលរួមអភិវឌ្ឍន៍ប្រទេសយ៉ាងសំខាន់ ដើម្បីបង្កើនគ្រប់ហេដ្ឋារចនាសម្ព័ន្ធឲ្យកាន់តែរឹងមាំ ជាពិសេសការបង្កើននូវធនធានមនុស្សឲ្យកាន់តែសំបូរបែប ដើម្បីជម្រុញ​អភិវឌ្ឍន៍ប្រទេសកម្ពុជា​ឲ្យកាន់តែខ្លាំងដូចបណ្តា​ ប្រទេសរីកចម្រើនមួយចំនួន។ឯកឧត្ដមបណ្ឌិត លើកឡើងបន្តថា កាតព្វកិច្ចពន្ធដារ គឺជាកាតព្វកិច្ចសម្រាប់ប្រជាពលរដ្ឋគ្រប់រូប ព្រោះធនធានពន្ធដារ ​គឺមានសារៈសំខាន់ណាស់ សម្រាប់ប្រទេសជាតិ ក៏ដូចជាលើកកម្ពស់​ជីវភាពប្រជាជនទាំងមូលផងដែរ ចំណែកធនធានមនុស្សក្នុងអាជីពនៃវិស័យគណនេយ្យ សវនកម្ម និងពន្ធដារ ក៏មានសារៈសំខាន់ផងដែរ សម្រាប់ជួយសម្រួលដល់ការប្រមូលពន្ធ និងត្រួតពិនិត្យរបាយការណ៍ហិរញ្ញវត្ថុ ប្រកបទៅបានដោយរលូន។ ក្នុងវេទិការនេះដែរ លោក ខេស៊ី បាណេត នាយកវិទ្យាស្ថានខេមអេដ បានបន្ថែមទៀតថា គណនេយ្យ គឺជាមធ្យោបាយយ៉ាងសំខាន់ សម្រាប់ការដំណើរការនៃអាជីវកម្ម ក៏ដូចជាបម្រើការ​ដល់ការប្រមូលពន្ធ ដើម្បីជាចំណូលរដ្ឋសម្រាប់រាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា។ ប្រសិនបើការអនុវត្តគណនេយ្យប្រកបដោយគុណភាព​ និងស្តង់ដារ ការគ្រប់គ្រងអាជីវកម្ម​ក៏​ប្រកប​ទៅដោយជោគជ័យ រីឯការប្រមូលពន្ធ ក៏ធ្វើឡើងប្រកបដោយគុណភាព ​និងតម្លាភាពផងដែរ ដើម្បីផលប្រយោជន៍ដល់ប្រទេសជាតិទាំងមូល៕អត្ថបទ៖ សុន រ៉ាឌី

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

អតិផរណានៅសហរដ្ឋអាមេរិក ហក់ឡើងក្នុងខែមិថុនា ខណៈពន្ធចាប់ផ្តើមបញ្ចេញផលប៉ះពាល់
07/16/2025 09:07 AM
អ៊ីស្រាអែលសម្លាប់មនុស្សជាង៦០នាក់ទៀត នៅហ្កាហ្សា ខណៈអង្គការសហប្រជាជាតិព្រមានពីការកើនឡើងនៃកង្វះអាហារូបត្ថម្ភ
07/16/2025 08:07 AM
សហភាពអឺរុប ពុំបានឯកភាពទណ្ឌកម្មថ្មីលើរុស្ស៊ីទេ លោក Trump ព្រមានលោក Putin ឲ្យបញ្ចប់សង្គ្រាមអ៊ុយក្រែន
07/16/2025 08:07 AM
ប្រភព៖ លោក Putin មិនញញើតនឹងការគំរាមរបស់លោក Trump ទេ ហើយនឹងបន្តវាយយកទឹកដីអ៊ុយក្រែនបន្ថែម
07/16/2025 08:07 AM
សម្តេចធិបតីព្រមានផ្លាស់ប្តូរ ឬបញ្ចប់តំណែងចំពោះសមត្ថកិច្ចណាមិនសហការបង្រ្កាបបទល្មើសតាមអនឡាញ
07/16/2025 07:07 AM
សម្ដេចធិបតី ហ៊ុន ម៉ាណែត ដាក់ចេញបទបញ្ជា ៩ ចំណុច ស្តីពីយុទ្ធនាការបោសសម្អាតការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា
07/15/2025 10:07 PM
សម្តេចប្រធានរដ្ឋសភាកម្ពុជាចែករំលែកអនុសាសន៍៥ចំនុច ក្នុងការលើកកម្ពស់វប្បធម៌សន្ទនា កសាងសុខសន្តិភាព ដល់កិច្ចប្រជុំ AIPA
07/15/2025 08:07 PM
សហគមន៍ជនបទយេម៉ែនកំពុងជួបការលំបាកខ្លាំង ស្របពេលដែលគ្រោះរាំងស្ងួតកាន់តែធ្ងន់ធ្ងរទៅ
07/15/2025 08:07 PM
ប៉េរ៉ូបើកឡើងវិញតំបន់បុរាណវិទ្យាអាយុកាល ៣.៨០០ឆ្នាំ Penico ដល់ភ្ញៀវទេសចរ
07/15/2025 08:07 PM
រដ្ឋមន្ត្រីសុខាភិបាល បន្តរំលឹក «គំនិត ពេលវេលា និងសុចរិតភាព គឺជាកត្តាគន្លឹះឈានទៅរកភាពជោគជ័យយូរអង្វែង ទាំងក្នុងជីវិតការងារ ទាំងក្នុងជីវិតបុគ្គលម្នាក់ៗ»
07/15/2025 08:07 PM