គណៈកម្មាធិការសេដ្ឋកិច្ចក្រៅប្រព័ន្ធដាក់ឱ្យប្រើប្រាស់សមិទ្ធផលថ្មីលើកកម្ពស់អ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ
ក្រសួងសេដ្ឋកិច្ច ចេញសារាចរឱ្យប្រើប្រាស់វិក្កយបត្រអេឡិចត្រូនិកជាកាតព្វកិច្ចដល់ក្រសួងចំនួន ៦
កសិករអ្នកដាំដំឡូងមីជាង៥០គ្រួសារ នៅឃុំអន្លង់រាប ស្រុកវាលវែង ស្ម័គ្រចិត្ត​ចងក្រង​ជា​សហគមន៍​ទំនើប និងងាកទៅដាំឈើហូបផ្លែ
មន្រ្ដីនាំពាក្យក្រសួងកសិកម្ម៖ មិនគួរមានការព្រួយបារម្ភណាមួយពីកង្វះ ឬការកើន​ឡើង​តម្លៃ​ស្បៀង​​ក្នុង​ស្រុក​ឡើយ ខណៈកម្ពុជាមានសមត្ថភាពគ្រប់គ្រាន់ធានាសន្តិសុខស្បៀង

សេដ្ឋកិច្ច និង កសិកម្ម

ប្រទេសឆែក គ្រោងផ្តល់ជំនួយលើការអភិវឌ្ឍវិស័យកសិកម្មកម្ពុជា ដើម្បីជំរុញការនាំចេញ

2022/05/10 01:21:26 pm        536
ភ្នំពេញ៖ ប្រទេសឆែក គ្រោងផ្តល់ជំនួយបច្ចេកទេស​លើការអភិវឌ្ឍវិស័យកសិកម្មដល់កម្ពុជា ដើម្បីជំរុញ​ការផលិត​ផ្គត់ផ្គង់​ទីផ្សារ​ និង​នាំចេញ​ទៅកាន់​ទីផ្សារ​អឺរ៉ុប​។​កម្ពុជា និង​សាធារណរដ្ឋ​ឆែក ​គ្រោង​នឹង​ចុះ​អនុស្សរណៈនៃ​ការយោគយល់​គ្នា (MoU) ​ស្តីពី​កិច្ច​សហប្រតិបត្តិការ​លើ​វិស័យ​កសិកម្ម​ក្នុង​ពេល​ឆាប់ៗ​នេះ ​លើ​ការ​បណ្តុះបណ្តាល​ ការ​លើក​កម្ពស់​គុណភាព ​និង​ផលិតភាព​ផលិតកម្ម​កសិកម្ម ​ដើម្បី​ឆ្លើយតប​តាម​តម្រូវការ​ទីផ្សារ​នាំចេញ​ទៅកាន់​ទីផ្សារ​អឺរ៉ុប​។ឯកឧត្តម វេង សាខុន រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម​ បាន​ជួប​កាលពេលថ្មីៗនេះ ​ពិភាក្សា​ការងារ​ជាមួយ​ ឯកឧត្តម ម៉ារទីន វ៉ាវរ៉ា ឯកអគ្គរដ្ឋទូត​នៃ​សាធារណរដ្ឋ​ឆែក​ប្រចាំ​កម្ពុជា ​នៅ​ទីស្តីការ​ក្រសួងកសិកម្ម ដោយ​ភាគី​ទាំង​២​ បាន​លើក​យក​ប្រធានបទ​សំខាន់ៗ​មក​ពិភាក្សា​គ្នា​ជា​ជំហាន​បឋម​ក្នុង​ការ​ធ្វើ​កិច្ច​សហប្រតិបត្តិការ​រវាង​ប្រទេស​ទាំង​២​ទាក់ទង​នឹង​ការ​អភិវឌ្ឍ​វិស័យ​កសិកម្មរុក្ខាប្រមាញ់ និង​នេសាទ​នាពេល​អនាគត ដែល​ក្នុងនោះ​មាន ដូចជា ការងារ​បណ្តុះ​បណ្តាល​​ធនធាន​មនុស្ស ​ទាំង​រយៈពេល​ខ្លី និង​ពេល​វែង ការ​ផ្លាស់ប្តូរ​​មន្ត្រី​ជំនាញ​ឱ្យ​ទៅ​ធ្វើ​ទស្សនកិច្ច​សិក្សា ​ដើម្បី​ដកស្រង់​បទ​ពិសោធន៍​លើ​ការងារ​អនុវត្ត​បច្ចេកទេស​ផ្ទាល់​។ភាគី​ទាំង​ ២​ បាន​ពិភាក្សាលើការ​សហការគ្នា​លើ​ការ​អភិវឌ្ឍ​វិស័យ​វារីវប្បកម្ម​ទាំង​ទឹកសាប​ និង​សមុទ្រ​, ការធ្វើ​ទំនើបកម្ម​កសិកម្ម និង ការ​ពង្រឹង​សមត្ថភាព​លើ​ការកែច្នៃ​កសិផល​ផងដែរ​។ឯកឧត្តម វេង សាខុន មានប្រសាសន៍ថា ភាគីទាំងពីរ​សង្ឃឹម ថា​នឹង​ឈានទៅ​អនុវត្ត​លើ​ខ្លឹមសារ MoU នេះ​ឱ្យ​ចេញ​ជា​ផ្លែផ្កា​ ដើម្បី​ជា​ប្រយោជន៍​សម្រាប់​ប្រទេស​ទាំង​ ២ ​នាពេល​ឆាប់ៗ​នេះ​។ឯកឧត្តម ​រដ្ឋមន្ត្រី​បាន​មាន​ប្រសាសន៍​ថា​ នាពេល​អនាគត​ដ៏ខ្លី ​កិច្ចសហប្រតិបត្តិការ​នេះ ​នឹង​លេចចេញ​ជា​រូបរាង ​និង​ទទួល​បាន​ជោគជ័យ ជាពិសេស​គឺ​ភាគី​កម្ពុជា​ផ្ទាល់​ដែល​កំពុង​ត្រូវ​ការ​កសាង​ធនធានមនុស្ស​តាមរយៈការបណ្តុះបណ្តាល ​ការ​លើក​កម្ពស់​គុណភាព ​និង​ផលិតភាព​ផលិតកម្ម​កសិកម្ម ​ដើម្បី​ឆ្លើយតប​តាម​តម្រូវការ​ទីផ្សារ​នាំចេញ ​និង​ជាពិសេស​ទៅកាន់​ទីផ្សារ​អឺរ៉ុប​​។បើ​យោងតាម​ ឯកឧត្តម វេង សាខុន រដ្ឋាភិបាល​ឆែក​ដែល​បាន​ទិញ​អង្ករ​ពី​កម្ពុជា​ចំនួន​ជាង ​៧ ០០០​ តោន​ក្នុង​​ឆ្នាំ​ ២០២១​ ហើយ​សង្ឃឹមថា​ បរិមាណ​នេះ​នឹង​កើន​ឡើង​នាពេល​អនាគត​៕ អត្ថបទ៖ វណ្ណៈ 

កម្ពុជា និងស្រីលង្កា ឯកភាពធ្វើសកម្មភាពជំរុញចលនាទេសចរណ៍ឡើងវិញ

2022/05/10 01:14:37 pm        280
ភ្នំពេញ៖ នៅថ្ងៃទី១០ ខែឧសភានេះ ឯកឧត្តម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍កម្ពុជា បានចុះហត្ថលេខាលើអនុសារណៈយោគយល់គ្នាជាមួយលោកជំទាវ Chaminda l. Colonne ឯកអគ្គរដ្ឋទូតប្រទេសស្រីលង្កា ប្រចាំនៅកម្ពុជាជាលើកដំបូង ដើម្បីជំរុញចលនាទេសចរណ៍រវាងប្រទេសពីរអោយមានភាពល្អប្រសើរឡើងវិញ ។បើតាមឯកឧត្តម ទី្រ ឈីវ ទីប្រឹក្សាក្រសួងទេសចរណ៍ បានថ្លែងអោយក្រោយជំនួប​ចុះហត្ថលេខា​នេះថា នៅក្នុងខ្លឹមសារអនុសារណៈការយោគយល់គ្នាលើកិច្ច​សហប្រតិបត្តិការ​នៃវិស័យទេស​ចរណ៍នេះ គឺ​ភាគីប្រទេសទាំងពីរ ​នឹងជម្រុញអោយមានសកម្មភាពទេសចរណ៍នានាដូចជា ការតភ្ជាប់ជើងហោះហើរត្រង់រវាងប្រទេសពីរ ​ដោយចាប់ផ្តើមពីការតភ្ជាប់ជើងហោះហើរជា Charter flight ជម្រុញការរៀបចំកញ្ចប់ទស្សនកិច្ចសាសនាព្រះពុទ្ធ កម្ពុជា ស្រីលង្ការ ហើយក្នុងនោះដែរភាគី​ទាំង​ពីរ​នឹងជម្រុញ​អោយ​មានការ​ផ្លាស់ប្តូរ​ទស្សនកិច្ចរវាងព្រះសង្ឃ ​ថ្នាក់ដឹកនាំសង្ឃ និងគ្រឹះស្ថាន​សិក្សា​ពុទ្ធសាសនៈបណ្ឌិតនានាទៀតជាដើម។នៅក្នុងជំនួបនេះដែរ ឯកឧត្តម ថោង ខុន បានក៏បានលើកឡើងដែរថា ​បច្ចុប្បន្នកម្ពុជា ក៏កំពុង​អនុវត្ត​គោលនយោបាយទេសចរណ៍ផ្នែកសាសនាព្រះពុទ្ធ ​តាមការដាក់ចុះនូវយន្តការគឺ​ ខេត្តមួយ ត្រូវបាន​មានវត្តអារ៉ាមគំរូយ៉ាងតិចចំនួន២ ដែលជាវត្តទាក់ទាញភ្ញៀវទេសចរជាតិអន្តរជាតិផ្នែក​សាសនា​ព្រះពុទ្ធ​អោយទៅទស្សនានៅក្នុងវត្តទាំងនោះ ​ជាពិសេសនៅខេត្តសៀមរាប ​នៅបាត់ដំបងជាដើម។ លោកជំទាវ Chaminda l. Colonne បានថ្លែងថា នៅក្នុង​មុនពេលពិភពលោកមិនទាន់មានការ​រាត​ត្បាត​កូវីដ១៩ កម្ពុជា ស្រីលង្ការមានផ្លាស់ប្តូរ​ទេសចរណ៍ផ្នែកសាសនា​ព្រះពុទ្ធមានភាព​ល្អ​ប្រសើរ ក្នុងនោះ ភ្ញៀវទេសចរមកពីស្រីលង្ការមកទស្សនាកម្ពុជា ​មានកំណើនប្រមាណ២៣% ហើយរំពឹងថា ក្រោយវិបត្តិកូវីដ១៩ធូរស្រាលនេះ កម្ពុជា ស្រីលង្កា ​នឹងមានការផ្លាស់ប្តូរដំណើរទស្សនកិច្ច និងទេសចរណ៍មានភាពល្អប្រសើរដូចដើមវិញ។ សូមបញ្ជាក់ថា នៅក្នុងជំនួបនេះដែរភាគីទាំងពីរ ក៏បានឯកភាពបង្កើតក្រុមការងារកម្ពុជាស្រីលង្កា ដើម្បីជម្រុញអោយមានកិច្ចប្រជុំរៀងរាល់៣ខែម្តង ​ដើម្បីបូកសរុបលទ្ធផលការងារ តាមដានការ​អនុវត្តខ្លឹមសារអនុសារណៈកិច្ចសហប្រតិបត្តិការក្នុងវិស័យទេសចរណ៍នេះនៃប្រទេសទាំងពីរ៕អត្ថបទ៖ ស៊ុម សុខជា

ប្រជាពលរដ្ឋបំពេញ​កាតព្វកិច្ច​បង់ពន្ធ ​ជាការចូលរួមចំណែកអភិវឌ្ឍន៍ប្រទេស

2022/05/10 12:42:05 pm        362
នំពេញ៖ អ្នកជំនាញគ្រប់គ្រងពន្ធធំ នៃអគ្គនាយកដ្ឋានពន្ធដារ លើកឡើងថា កាតព្វកិច្ចពន្ធដារ គឺជាកាតព្វកិច្ចសម្រាប់ប្រជាពលរដ្ឋគ្រប់រូប ការចូលរួមពីប្រជាពលរដ្ឋលើការបំពេញកាតព្វកិច្ចបង់ពន្ធ តាមរយៈដោយផ្ទាល់ ឬប្រយោល គឺជាការចូលរួមចំណែកយ៉ាងសំខាន់ដល់អភិវឌ្ឍន៍ប្រទេសទាំងអស់គ្នា ។ឯកឧត្ដមបណ្ឌិត អេង រតនា ប្រធាននាយកដ្ឋានគ្រប់គ្រងអ្នកជាប់ពន្ធធំ នៃអគ្គនាយកដ្ឋានពន្ធដារ លើកឡើងក្នុងវេទិការ ស្ដីពីអាជីពការងារ ដែលរៀបចំដោយវិទ្យាស្ថានខេមអេដ នាចុងសប្តាហ៍​កន្លងមកថា ការចូលរួមបង់ពន្ធរបស់ប្រជាពលរដ្ឋកម្ពុជា តាមរយៈដោយផ្ទាល់ ឬប្រយោលក្តី គឺជាការចូលរួមអភិវឌ្ឍន៍ប្រទេសយ៉ាងសំខាន់ ដើម្បីបង្កើនគ្រប់ហេដ្ឋារចនាសម្ព័ន្ធឲ្យកាន់តែរឹងមាំ ជាពិសេសការបង្កើននូវធនធានមនុស្សឲ្យកាន់តែសំបូរបែប ដើម្បីជម្រុញ​អភិវឌ្ឍន៍ប្រទេសកម្ពុជា​ឲ្យកាន់តែខ្លាំងដូចបណ្តា​ ប្រទេសរីកចម្រើនមួយចំនួន។ឯកឧត្ដមបណ្ឌិត លើកឡើងបន្តថា កាតព្វកិច្ចពន្ធដារ គឺជាកាតព្វកិច្ចសម្រាប់ប្រជាពលរដ្ឋគ្រប់រូប ព្រោះធនធានពន្ធដារ ​គឺមានសារៈសំខាន់ណាស់ សម្រាប់ប្រទេសជាតិ ក៏ដូចជាលើកកម្ពស់​ជីវភាពប្រជាជនទាំងមូលផងដែរ ចំណែកធនធានមនុស្សក្នុងអាជីពនៃវិស័យគណនេយ្យ សវនកម្ម និងពន្ធដារ ក៏មានសារៈសំខាន់ផងដែរ សម្រាប់ជួយសម្រួលដល់ការប្រមូលពន្ធ និងត្រួតពិនិត្យរបាយការណ៍ហិរញ្ញវត្ថុ ប្រកបទៅបានដោយរលូន។ ក្នុងវេទិការនេះដែរ លោក ខេស៊ី បាណេត នាយកវិទ្យាស្ថានខេមអេដ បានបន្ថែមទៀតថា គណនេយ្យ គឺជាមធ្យោបាយយ៉ាងសំខាន់ សម្រាប់ការដំណើរការនៃអាជីវកម្ម ក៏ដូចជាបម្រើការ​ដល់ការប្រមូលពន្ធ ដើម្បីជាចំណូលរដ្ឋសម្រាប់រាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា។ ប្រសិនបើការអនុវត្តគណនេយ្យប្រកបដោយគុណភាព​ និងស្តង់ដារ ការគ្រប់គ្រងអាជីវកម្ម​ក៏​ប្រកប​ទៅដោយជោគជ័យ រីឯការប្រមូលពន្ធ ក៏ធ្វើឡើងប្រកបដោយគុណភាព ​និងតម្លាភាពផងដែរ ដើម្បីផលប្រយោជន៍ដល់ប្រទេសជាតិទាំងមូល៕អត្ថបទ៖ សុន រ៉ាឌី

ការនាំចេញស្រូវ-អង្ករកម្ពុជាទៅទីផ្សារអន្តរជាតិ ទទួលបានចំណូលជាង ៥០០លានដុល្លារ ក្នុងរយៈពេលបួនខែដើមឆ្នាំ

2022/05/09 11:31:13 am        811
ភ្នំពេញ៖ កម្ពុជានាំចេញស្រូវ អង្ករ ទៅកាន់ទីផ្សារអន្តរជាតិ ទទួលបានចំណូល ៥១៦លានដុល្លារ ក្នុងរយៈពេល៤ខែដើមឆ្នាំ២០២២នេះ ខណៈការ​នាំចេញ​អង្ករ​បាន​ចំនួន​ជាង​ ២២​ម៉ឺន​តោន នៅក្នុងរយៈពេល​ ៤​ខែ ឆ្នាំ​២០២២ ​នេះ កើន​ឡើង​ប្រមាណ​ ១៥ ​ភាគរយ បើ​ធៀប​នឹង​រយៈពេល​ដូចគ្នាក្នុង​ឆ្នាំ​២០២១​។សេចក្តី​ប្រកាស​ព័ត៌មាន​របស់​សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា​ បាន​ឱ្យដឹងថា ចាប់ពី​ខែមករា ​ដល់​ខែមេសា ឆ្នាំ​ ២០២២ កម្ពុជា ​បាន​នាំចេញ​អង្ករ​ចំនួន ២២១ ១៣៨ តោនកើនឡើង​ ១៤,៨ ​ភាគរយ។ដោយឡែកការ​នាំចេញ​ស្រូវ​បាន​ចំនួន ១ ៦៤៨ ៤៧៤ តោន ដោយ​ទាំង​ស្រូវ​ និង​អង្ករ​មានតម្លៃ​ទឹកប្រាក់សរុប​មាន​ចំនួន ៥១៦,២១ លាន​ដុល្លារ​។តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា​ បានឱ្យដឹង​ទៀតថា ក្រុមហ៊ុន​នាំចេញ​ចំនួន ៤៨ ក្រុមហ៊ុន បាន​ធ្វើការ​នាំចេញ​ទៅកាន់​គោលដៅ​ចំនួន ៥៤ ប្រទេស​។ ក្នុងនោះ​ កម្ពុជា​បាន​នាំទៅ​ប្រទេស​ចិន និង​តំបន់​ស្វយ័ត​ហុងកុង ម៉ាកាវ បាន​ចំនួន ១១៥ ២៥៥ តោន ​ស្មើនឹង​ ៥២​ ភាគរយ​នៃ​ការនាំចេញ​សរុប ដែល​គិត​ជា​ទឹកប្រាក់​មាន​ចំនួន ៦២,៧៤ លាន​ដុល្លារ​។ដោយឡែក តំបន់​អឺរ៉ុប​មាន​បរិមាណ ចំនួន ៦៨ ៥៥៥ តោន ឬ​ស្មើនឹង ៣១ ​ភាគរយ ទទួល​បាន​ទឹកប្រាក់​ចំនួន ៥១,០២ លាន​ដុល្លារ​។ចំណែក តំបន់​សមាជិក​អាស៊ាន ចំនួន ២១ ៨៧៦ តោន ឬ​ស្មើនឹង ៩,៨៩ ភាគរយ​ទទួល​បាន​ទឹកប្រាក់​ចំនួន​ ១៣,៩០​ លាន​ដុល្លារ និង​បណ្តា​ប្រទេស​ផ្សេងៗ​ ក្រៅពី​តំបន់​ខាងលើ​បាន​ចំនួន ១៥ ៤៥២ តោន ឬ​ស្មើនឹង ៦,៩៩ ​ភាគរយ គិត​ជា​ទឹកប្រាក់​មាន​ចំនួន ១១,៧៤ លាន​ដុល្លារ​។អង្ករ​ដែល​សហព័ន្ធ​បាន​នាំចេញ​រួមមាន ប្រភេទ​អង្ករ​ក្រអូប​គ្រប់​ប្រភេទ​មាន​ចំនួន ៦៧,១២ ​ភាគរយ​, អង្ក​រស ចំនួន ៣០,១៣​ ភាគរយ​, អង្ករ​ចំហុយ​ចំនួន ១,០៧ ​ភាគរយ និង​អង្ករ​សរីរាង្គ​ចំនួន ១,៦៨ ​ភាគរយ​៕អត្ថបទ៖ វណ្ណៈ

ក្រុមប្រឹក្សាធុរកិច្ចអាស៊ាន-សហរដ្ឋអាមេរិក ជំរុញលើកកម្ពស់ការវិនិយោគ និងសេដ្ឋកិច្ចប្រកបដោយចីរភាព

2022/05/06 01:51:39 pm        777
ភ្នំពេញ៖ ក្រុមប្រឹក្សាធុរកិច្ចអាស៊ាន-សហរដ្ឋអាមេរិក ស្នើដល់រាជរដ្ឋាភិបាលកម្ពុជា ផ្តោតការយកចិត្តទុកដាក់លើកកម្ពស់បរិយាកាសវិនិយោគ ដើម្បីសម្រេចបាននូវការស្តារសេដ្ឋកិច្ចប្រកបដោយចីរភាព និងបរិយាបន្ន ។នេះជាការលើកឡើងរបស់ លោក Michael Michalak នាយកគ្រប់គ្រងតំបន់នៃក្រុមប្រឹក្សាធុរកិច្ចអាស៊ាន-សហរដ្ឋអាមេរិក នៅក្នុងជំនួបពិភាក្សាការងារជាមួយ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច នៅថ្ងៃទី៤ ខែឧសភា ឆ្នាំ ២០២២។ក្នុងជំនួបនេះ,ឯកឧត្ដមអគ្គបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្រ្តី បានគូសបញ្ជាក់​អំពីស្មារតីបុរេ​សកម្មរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការលើកកម្ពស់ការចូលរួមរបស់វិស័យឯកជនក្នុងការស្ដារ និងជំរុញកំណើនសេដ្ឋកិច្ចជាតិ ​តាមរយៈការជំរុញការអនុវត្តគោលនយោ ​បាយសំខាន់ៗ ដែល​បានដាក់ចេញកន្លងមករួមមាន៖ “ក្របខណ្ឌគោលនយោបាយសេដ្ឋកិច្ច និងសង្គមឌីជីថល​កម្ពុជា២០២១-២០៣៥”, “ក្របខណ្ឌយុទ្ធសាស្រ្ត និងកម្មវិធីស្តារ និងជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា ក្នុងការរស់នៅជាមួយកូវីដ-១៩ ​តាមគន្លងប្រក្រតីភាពថ្មី សម្រាប់ឆ្នាំ ២០២១-២០២៣”, “ច្បាប់ស្តីពីវិនិយោគថ្មី”, “ច្បាប់ស្តីពីភាពជាដៃគូរវាងរដ្ឋ និងឯកជន”។រាជរដ្ឋាភិបាល កំពុងត្រៀមដាក់ចេញនូវគោលនយោបាយសំខាន់ៗមួយចំនួនទៀតដូចជា “គោលនយោបាយសារពើពន្ធ ​ដើម្បីជំរុញការ​ប្រើប្រាស់​យាន​ជំនិះ​ដែល​មិន​ប៉ះពាល់ដល់បរិស្ថាន”, “គោលនយោបាយជាតិស្តីពីប្រសិទ្ធភាពថាមពល”, “យុទ្ធសាស្ត្រអភិវឌ្ឍន៍សហគ្រាសធុនតូច និងមធ្យមឆ្នាំ ២០២២-២០២៦” និង “ផែនទីបង្ហាញផ្លូវសម្រាប់ការធានារ៉ាប់រងសុខភាពជាសកល” ជាដើម។ទាក់ទងពាណិជ្ជកម្មវិញ ​ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ ​មានប្រសាសន៍ថា សហរដ្ឋអាមេរិក គឺជា​ដៃគូពាណិជ្ជកម្ម និងវិនិយោគដ៏សំខាន់របស់កម្ពុជា ​ជាក់ស្តែងតម្លៃពាណិជ្ជកម្មរវាងប្រទេសទាំងពីរ មានចំនួន​សរុបប្រមាណ ៧.៩ ពាន់លានដុល្លារ និងវិនិយោគពីសហរដ្ឋអាមេរិក​មកកម្ពុជា​បាន​កើនដល់ ៨៦៣ លានដុល្លារ ក្នុងឆ្នាំ ២០២១ ។សម្រាប់ការគាំទ្រដល់ធ្វើជាប្រធានអាស៊ានរបស់កម្ពុជា ឆ្នាំ២០២២, ឯកឧត្ដម ឧបនាយករដ្ឋមន្រ្តី បានវាយតម្លៃខ្ពស់ ចំពោះការរៀបចំឱ្យមានកិច្ចពិភាក្សារវាងថ្នាក់ដឹកនាំកំពូល​អាស៊ាន ជាមួយ​សមាគមធុរកិច្ចរបស់សហរដ្ឋអាមេរិក ក្នុងអំឡុងពេលនៃកិច្ចប្រជុំកំពូលពិសេសអាស៊ាន-សហរដ្ឋអាមេរិក ​ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី ១២-១៣ ខែ ឧសភា ឆ្នាំ ២០២២ ​នៅសហរដ្ឋអាមេរិក ដើម្បីអបអរខួបនៃទំនាក់ទំនងរវាងភាគីទាំងពីរ ​ក្នុងរយៈពេលជាងបួន​ទសវត្សរ៍ និង​ពង្រឹង​កិច្ច​សហប្រតិបត្តិការក្នុងវិស័យសំខាន់ៗដូចជា ​ការឆ្លើយតបនឹងជំងឺកូវីដ-១៩ និងភាព​តានតឹង​ភូមិសាស្ត្រនយោបាយ, ការប្រែប្រួលអាកាសធាតុ ​និងការអភិវឌ្ឍប្រកបដោយចីរភាព, ការ​អភិវឌ្ឍធនធានមនុស្ស ​និងការតភ្ជាប់សេដ្ឋកិច្ចជាដើម ៕អត្ថបទ៖ សុន រ៉ាឌី

អគ្គនាយកដ្ឋានពន្ធដារប្រមូលចំណូល បានជាងពាក់កណ្តាលនៃផែនការក្នុងរយៈពេល៤ខែ

2022/05/05 04:32:03 pm        507
ភ្នំពេញ៖ ត្រឹមរយៈពេល ៤ខែ ដើមឆ្នាំ២០២២ប៉ុណ្ណោះ អគ្គនាយកដ្ឋានពន្ធដារ អនុវត្តការប្រមូលចំណូលជាង ៥៣ ភាគរយ នៃផែនការកំណត់ដោយច្បាប់។ឯកឧត្តម គង់ វិបុល រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្រ្តី និងទទួលបន្ទុកជាអគ្គនាយក​នៃអគ្គនាយក​ដ្ឋាន​ពន្ធដារ លើកឡើងនៅក្នុងពីធីបើកដំណើរការ ជាផ្លូវការនូវកម្មវិធីវិក្កយបត្រនាំសំណាង របស់​អគ្គនាយកដ្ឋានពន្ធដារ (GDT Lucky Draw) នៅថ្ងៃទី ៥ខែឧសភា ឆ្នាំ២០២២ នេះ។ឯកឧត្តម គង់ វិបុល លើកឡើងថា ទោះជាស្ថានភាពសេដ្ឋកិច្ច​មាន​ការថមថយ ក្នុងរយៈពេល​ប៉ុន្មាន​ចុងក្រោយនេះក្តី, អគ្គនាយកដ្ឋានពន្ធដារតែងតែគ្រប់គ្រង ប្រមូលចំណូលពន្ធគ្រប់ និងលើសផែនការ ក្នុងរយៈពេលឆ្នាំចុងក្រោយនេះ។ជាក់ស្ដែងឆ្នាំ២០២០ សម្រេចបាន ១០១,៣៦% នៃផែនការប្រចាំឆ្នាំ និងឆ្នាំ២០២១ សម្រេចបាន ១២៤,០២% នៃផែនការប្រចាំឆ្នាំ។ ចំណែក ក្នុងរយៈពេល ៤ខែ ដើមឆ្នាំ ២០២២ នេះ អគ្គនាយកដ្ឋាន​ពន្ធដារ​ប្រមូល​ចំណូលសម្រេចបាន ​៥៣,២៧% ​នៃផែនការប្រចាំឆ្នាំ ដែលជាចំនួនមួយបង្ហាញ​ឲ្យ​ឃើញ​ថា​ ត្រឹមរយៈពេលដ៏ខ្លីប៉ុណ្ណោះ។ឯកឧត្តម បញ្ជាក់ថា ចំ​ពោះលទ្ធផល​ប្រមូលចំណូលដ៏ប្រសើរនេះ​ គឺ​បានកើតក្រោមមាគ៌ាដឹកនាំ​ដ៏​ត្រឹមត្រូវប្រកបដោយគតិបណ្ឌិត ​និងទស្សនវិស័យវែងឆ្ងាយ ព្រមទាំងបានដឹកនាំប្រទេស​កម្ពុជា​ឆ្លងកាត់វិបត្តិកូវីដ-១៩ ​បាន​ប្រកប​ដោយ​សុវត្ថិភាព​ សុខុមាលភាព តាមរយៈការដាក់​ចេញ​នូវវិធាន​ការ​ត្រឹមត្រូវ ​និងទាន់ពេលវេលា ​ជាពិសេសការការចាក់វ៉ាក់សាំង​ ដែលជាយុទ្ធសាស្ត្រគន្លឹះ និង​រហូតឈានដល់ការបើកដំណើរការសេដ្ឋកិច្ចប្រទេសឡើងវិញ ​គឺបានធ្វើឲ្យកម្ពុជា សម្រេច​នូវ​បរិយាកាសម៉ាក្រូសេដ្ឋកិច្ចដែលមានស្ថិរភាព ​និងប្រកបដោយភាពល្អប្រសើរ ។ក្នុងពិធីនេះដែរ, លោក Arnaud Darc ប្រធាន​សមាគម​ភោជនីយដ្ឋាន​នៅកម្ពុជា ថ្លែងថា នៅ​ក្នុងស្ថានភាពនៃការរីករាលដាល​ជម្ងឺ​កូវីដ ១៩ នេះ វិស័យភោជនីយដ្ឋាននៅកម្ពុជា បានធ្លាក់​ចុះយ៉ាងខ្លាំង ​ជាក់ស្តែងនៅក្នុងរយៈពេល ២ឆ្នាំ ​កន្លងមកនេះ បានធ្លាក់ចុះ ៥០% ក្នុងនោះ​ប្រសិនគ្មាន​ការគិតគូរ ជួយ​ជ្រោមជ្រែង​ពីរាជរដ្ឋាបាលនោះទេ វិស័យនេះ​ក៏គ្មានឱកាស​មក​ដល់​ពេលនេះផងដែរ។ក្នុងនាមជាប្រធានសមាគម លោករំពឹងថា វិស័យភោជនីយដ្ឋាននៅកម្ពុជា នឹងរីកចម្រើនឡើងវិញ ខណៈដែលរាជរដ្ឋាភិបាលកម្ពុជា ​បានខិតខំប្រែងប្រែង​ និងអនុវត្តវិធានការជាច្រើន ដើម្បីទប់ស្កាត់​នឹងវិបត្តិនៃជម្ងឺកូវីដ ១៩នេះ ដោយបានបង្កើតភាពស៊ាំក្នុងសហគមន៍ និងបានឈាន​បើក​អាជីវកម្មឡើងវិញ៕ អត្ថបទ៖ សុន រ៉ាឌី

អគ្គនាយកដ្ឋានពន្ធដារ ដាក់ឱ្យប្រើប្រាស់កម្មវិធីវិក្កយបត្រនាំសំណាង ដើម្បី​ពង្រឹងការ​ប្រមូល​ចំណូលពន្ធ

2022/05/05 03:54:47 pm        704
ភ្នំពេញ ៖ អគ្គនាយកដ្ឋានពន្ធដារ ដាក់ឱ្យប្រើប្រាស់កម្មវិធីវិក្កយបត្រនាំសំណាង (GDT Lucky Draw) ក្នុងគោលបំណងឱ្យសាធារណជនទូទៅក្នុងព្រះរាជាណាចក្រកម្ពុជា បានរួមចំណែក ក្នុងការពង្រឹងការប្រមូលចំណូលពន្ធជូនរដ្ឋឱ្យកាន់តែប្រសើរ ដើម្បីចូលរួមចំណែកដល់ការអភិវឌ្ឍរបស់ប្រទេសជាតិ។ឯកឧត្តម គង់ វិបុល រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្រ្តី និង​ទទួលបន្ទុកជាអគ្គនាយក​នៃអគ្គនាយក​ដ្ឋាន​ពន្ធដារ លើកឡើងនៅក្នុងពិធីបើកដំណើរការ ​ជាផ្លូវការនូវកម្មវិធីវិក្កយបត្រនាំសំណាង របស់​អគ្គនាយកដ្ឋានពន្ធដារ ​(GDT Lucky Draw) ​នៅថ្ងៃទី ៥ ខែឧសភា ឆ្នាំ២០២២នេះថា ជាង ១០ ឆ្នាំ​កន្លងមកនេះ អគ្គនាយកដ្ឋានពន្ធដារ ​ប្រមូលចំណូលបានល្អប្រសើរ ​និងបានកើនឡើងគួរជាទីកត់​សម្គាល់ ​ដែលការកើនឡើងនេះ ​ពន្ធដារ​បាន​អនុវត្តនូវវិធានការ​ជាច្រើនដូចជា ការដាក់ចេញ​នូវ​ប្រព័ន្ធ​បច្ចេកវិទ្យា ​ដើម្បី​សម្រួល​ និងផ្តល់ភាព​ងាយស្រួល​ជូនប្រជាពលរដ្ឋ និង​ការ​អនុវត្តតាមយុទ្ធ​សាស្រ្ត​គៀគរ​ចំណូលជាដើម។ជាក់ស្តែងការដាក់ឲ្យដំណើរកម្មវិធីវិក្កយបត្រនាំសំណាងនៅពេលនេះ ​គឺមានគោលបំណង ឱ្យសាធារណជនទូទៅក្នុងព្រះរាជាណាចក្រកម្ពុជា បានរួមចំណែកក្នុងការពង្រឹងការប្រមូលចំណូលពន្ធជូនរដ្ឋឱ្យកាន់តែប្រសើរឡើង និងជួយបង្កើនតម្លាភាពក្នុងការប្រមូលចំណូលពន្ធ។​ បន្ថែមពីលើនេះ ប្រជាពលរដ្ឋ នឹងមានឱកាសឈ្នះរង្វាន់ផ្សេងៗជាច្រើនផងដែរ និងក៏ជាឱកាស​ចូលរួម​ចំណែក ក្នុងការពង្រឹងការចំណូលរបស់អគ្គនាយកដ្ឋាន​ពន្ធដារ ជាពិសេស​ជាការ​ចូលរួម​ចំណែកដល់ការអភិវឌ្ឍរបស់ប្រទេសជាតិ។សូមបញ្ជាក់ថា នៅក្នុងត្រីមាសទី ១ដើមឆ្នាំ២០២២ អគ្គនាយកដ្ឋានពន្ធដារ ប្រមូលចំណូលបាន​ចំនួន​ជាង ៥ ១១៥ ប៊ីលានរៀល ត្រូវប្រមាណជាង ​១ ២៦៣ លានដុល្លារអាមេរិក បើធៀបរយៈពេល​ដូចគ្នា​ឆ្នាំ ២០២១ ចំណូលនេះ​កើនឡើងជាង ២២%៕អត្ថបទ ស៊ុន រ៉ាឌី

វិនិយោគិន និងធុរកិច្ចជនជប៉ុន មានទំនុកចិត្តមកវិនិយោគនៅកម្ពុជា

2022/05/05 12:06:36 pm        708
ភ្នំពេញ៖ អតីតឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា និងជាប្រធានមូលនិធិគាំទ្រការអប់រំនៅកម្ពុជា អះអាងថា វិនិយោគិន និងធុរកិច្ចជនជប៉ុន មានទំនុកចិត្ត មកវិនិយោគនៅកម្ពុជា ខណៈចំនួនក្រុមហ៊ុនវិនិយោគកាន់តែច្រើនមកវិនិយោគនៅកម្ពុជា។នេះជាការលើកឡើងរបស់ឯកឧត្តម Katsuhiro SHINOHARA ​អតីតឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា និងជាប្រធានមូលនិធិគាំទ្រការអប់រំនៅកម្ពុជា ព្រមទាំងគណៈប្រតិភូក្រុមហ៊ុន FORVAL ជប៉ុន ក្នុងជំនួប​ជាមួយឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម ​កាលពីរសៀលថ្ងៃទី៤ ឧសភា ឆ្នាំ២០២២កន្លងទៅ​ ក្នុងគោលបំណងដើម្បីស្វែងយល់បន្ថែមនូវសក្តានុពលពាណិជ្ជកម្ម និងធុរកិច្ច​រវាង​ប្រទេស​ទាំងពីរ។ឯកឧត្តម អតីតឯកអគ្គរាជទូត បាន​ស​ម្តែងការកោតសរសើរចំពោះកិច្ចខិតខំប្រឹង​ប្រែង​របស់​ក្រសួង​ពាណិជ្ជកម្ម​ ដែលធ្វើឱ្យធុរជនមានទំនុកចិត្ត ​និងមកវិនិយោគនៅកម្ពុជាកាន់តែច្រើន។ ជាមួយគ្នានេះ លោកនាយកប្រតិបត្តិរបស់ក្រុមហ៊ុន FORVAL ជប៉ុន ក៏បានជម្រាបពីគោលបំណង​ក្នុងការ​ជួយគាំទ្រ ​និងរួមចំណែកអភិវឌ្ឍសហគ្រាសធុនតូច​ និងមធ្យមនៅកម្ពុជា​ព្រមទាំងប្តេជ្ញា​ពង្រីក​សកម្មភាពធុរកិច្ចនៅកម្ពុជា ​ក៏ដូចជា​កៀគរ​វិនិយោគិនជប៉ុន​មកកម្ពុជា​ឱ្យកាន់តែច្រើន ដើម្បីរួមចំណែក​ដល់ការអភិវឌ្ឍ ​និងលើកកម្ពស់ជីវភាពប្រជាពលរដ្ឋកម្ពុជាផងដែរ។ក្នុងជំនួបខាងលើនេះ ភាគីទាំងពីរ ក៏បានសម្តែងសារជាថ្មីនូវការប្តេជ្ញាចិត្តបន្តកិច្ចសហការ​សម្រប​សម្រួល និងជំរុញសកម្មភាពធុរកិច្ច ​និងវិនិយោគ ជាពិសេសលើវិស័យដែលមានសក្តានុពលនានា​នៅកម្ពុជា ​ដើម្បីជំរុញកំណើនសេដ្ឋកិច្ច-ពាណិជ្ជកម្មរវាងប្រទេសទាំងពីរបន្ថែមទៀត។ឯកឧត្តមរដ្ឋមន្រ្តី បានគូសបញ្ជាក់អំពីកិច្ចខិតខំប្រឹងប្រែងរបស់ក្រសួងពាណិជ្ជកម្ម ក្នុងការធ្វើ​ឱ្យ​ប្រសើរឡើង​នូវបរិយាកាសធុរកិច្ចនៅកម្ពុជា ​ដើម្បីសម្រួលដល់ធុរជន ​និងបានស្នើឱ្យក្រុមហ៊ុន ពិនិត្យ​លទ្ធភាពពង្រីកប្រតិបត្តិការធុរកិច្ចនៅកម្ពុជា​ និងវិនិយោគលើវិស័យដែលមានសក្តានុពល​នានាបន្ថែមទៀត។ ក្នុងនោះ ឯកឧត្តម បានស្នើឱ្យភាគីជប៉ុន ក៏ដូចជាវិស័យឯកជនជប៉ុន ជួយគាំទ្រឱ្យមានការបង្កើតកិច្ច​ព្រមព្រៀង​ពាណិជ្ជកម្មសេរីទ្វេភាគីកម្ពុជា-ជប៉ុន ​ដូចដែលបានលើកឡើងនៅក្នុងជំនួប រវាងសម្ដេច​នាយករដ្ឋមន្រ្តីតេជោ ហ៊ុន សែន ជាមួយ ឯកឧត្តម Fumio Kishida នាយករដ្ឋមន្រ្តីជប៉ុន ដើម្បីផល​ប្រយោជន៍ប្រជាជន និងវិស័យ​ធុរកិច្ចនៃប្រទេសទាំងពីរ។សូមបញ្ជាក់ថា យោងតាមទិន្នន័យរបស់អង្គការពាណិជ្ជកម្មក្រៅប្រទេសជប៉ុន ​(Jetro) ​បានឲ្យដឹងថា គិតត្រឹមបំណាច់ឆ្នាំ២០២១ ​ការផ្លាស់ប្តូរ​ពាណិជ្ជកម្ម រវាងកម្ពុជា-ជប៉ុន ​មានតម្លៃសរុបប្រមាណជាង ២ ៣០០លានដុល្លារ ​កើនជិត ១១ភាគរយ បើធៀបឆ្នាំ២០២០។ ក្នុងនោះ ការនាំចេញពីកម្ពុជា ​មានទឹកប្រាក់ប្រមាណជាង​ ១ ៧០០លានដុល្លារ ​និងនាំចូលពីជប៉ុន មានទឹក​ប្រាក់ប្រមាណជាង ​៥៨០លានដុល្លារ៕ អត្ថបទ៖ បូរ៉ាវី

គយនិងរដ្ឋាករ ប្រមូលចំណូលរថយន្តអត់ពន្ធ និងផាកពិន័យបានជិត ៦៥ លានដុល្លារ

2022/05/04 05:12:41 pm        1089
ភ្នំពេញ៖ គិតត្រឹមថ្ងៃទី ៣ខែមេសា ឆ្នាំ២០២២ អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជាប្រមូលពន្ធ-អាករ លើរថយន្តអត់ពន្ធ និងរថយន្តចង្កូតស្តាំ និងការផាកពិន័យ បានចំនួនប្រមាណជិត ៦៥ លានដុល្លារអាមេរិក។ឯកឧត្តម គុណ ញឹម រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្ត្រី ទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយក​ដ្ឋានគយ និងរដ្ឋាករកម្ពុជា លើកឡើងក្នុង​សន្និសីទសារព័ត៌មាន ស្តីពីវឌ្ឍនភាព​នៃ​ការ​អនុវត្តការ​ប្រមូលពន្ធ លើយាន​យន្តគ្មានពន្ធ ​និងអាករនាំចូល​ ដែលមានស្រាប់ក្នុងប្រទេស នៅថ្ងៃទី ៤ខែ ឧសភា ឆ្នាំ២០២២ នេះថា លទ្ធផលប្រមូលចំណូលពន្ធអាករ គិតត្រឹមថ្ងៃទី៣០ ខែមេសា ឆ្នាំ ២០២២ នេះ គឺមានម្ចាស់រថយន្តបាន ​ចូលមកបង់ពន្ធអាករ ​និងកក់ប្រាក់​ ទាំងរថយន្តចង្កូតស្តាំ និង​រថយន្ត​ចង្កូតឆ្វេង ​សរុបមានចំនួនជិត ៧ ពាន់គ្រឿងសរុបជាថវិការទាំងអស់បានជិត ៦០លានដុល្លាអាមេរិក។ឯកឧត្តម បន្តថា នៅក្នុងចំណោមរថយន្តដែលប្រមូលបានខាងលើនេះ ​មានរថយន្តចំនួន ៤ ៦៩០ គ្រឿង ​គឺបានបង់ពន្ធ និងបង្វែរប្រាក់កក់​ ទៅជាប្រាក់ពន្ធរួចហើយ ដែលបានផ្ទេរចូលទៅ​ថវិកាជាតិ។ ដោយឡែក រថយន្តចង្កូតស្តាំ ក្នុងចំណោមរថយន្តចង្កូតស្តាំដែលបានកក់ប្រាក់ប្រមាណ ៤ ៥៩០ គ្រឿង ​បាន​កែ​ចង្កូតរួចហើយ​ មានចំនួន ២ ៣៥៨គ្រឿង នៅសល់ ២ ២៣៣ គ្រឿង គឺស្ថិត​នៅ​ក្នុង​រោងជាង។ បើគិតប្រាក់ពន្ធអាករដែលបានកក់​ មិនទាន់បង្វែរប្រាក់កក់​ទៅជាប្រាក់​ពន្ធអាករ មាន​ចំនួន​ប្រមាណជាង ១៣ លានដុល្លាអាមេរិក។ឯកឧត្តម គុណ ញឹម អំពាវនាវដល់ម្ចាកស់ រថយន្តដែលមិនទាន់​បំពេញកាតព្វកិច្ច សូម​មក​ប្រកាស​ពន្ធឲ្យបានរួសរាន់ ​ដែលអគ្គនាយកដ្ឋានគយ ​និងរដ្ឋាករកម្ពុជា នឹង​ការអនុវត្តវិធានការនេះ នៅ​ត្រឹមថ្ងៃទី ៣០ ខែមិថុនា ខាងមុខ។ ចាប់ពីថ្ងៃទី១ ខែកក្តដា តទៅ​អគ្គនាយកដ្ឋានគយ និង​រដ្ឋាករកម្ពុជា ពុំមានសិទ្ធិបង់ពន្ធរថយន្តមានស្រាប់ក្នុងប្រទេសទៀតឡើយ។ អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា នឹងពង្រឹង ​ការចុះបង្រ្កាបឲ្យកាន់តែខ្លាំងក្លាជាងមុន លើ​រថយន្ត​ចង្កូតឆ្វេង ​គឺត្រូវបង់ពន្ធអាករ​ និងពិន័យ។ ចំណែករថយន្តចង្កូតស្តាំ​ នឹងត្រូវដោះជាបំណែក ដើម្បី​បំផ្លាញ​ចោល៕ អត្ថបទ៖ សុន រ៉ាឌី

ក្រុម​ធុរជន​ម៉ាឡេស៊ី​ស្វែងរក​ឱកាស​វិនិយោគ​នៅ​កម្ពុជា ក្រោយ​វិបត្តិ​កូវីដ

2022/05/04 03:02:58 pm        742
ភ្នំពេញ៖ តំណាង​ធុរកិច្ច​ប្រទេស​ម៉ាឡេស៊ី​ មកពី​ក្រុមហ៊ុន​ចំនួន​ ៣៦ បានមក​ស្វែងរក​ការវិនិយោគ និង​ធុរកិច្ច​ក្នុង​វិស័យ​សក្ដានុពល​នៅ​កម្ពុជា​ បន្ទាប់ពី​ប្រទេស​ទាំង​២ ​បាន​បើក​ដំណើរការ​សេដ្ឋកិច្ច​ពេញលេញ​ឡើងវិញ ក្រោយ​ការ​រីករាលដាល​ជំងឺ​កូវីដ​១៩​។ម៉ាឡេស៊ីជាប្រទេសឈរនៅលំដាប់ទីបីក្នុងតំបន់អាស៊ាន បន្ទាប់ពី វៀតណាម និងសិង្ហបុរី ដែលមាន​ទុនវិនិយោគច្រើនជាងគេនៅកម្ពុជា។ គិតត្រឹមខែកុម្ភៈ ឆ្នាំ២០២២ កម្ពុជាទទួលបានលំហូរទុន​វិនិយោគ​ដោយ​ផ្ទាល់ពីប្រទេសម៉ាឡេស៊ី ប្រមាណ ៣,២ ប៊ីលាន។នេះយោងបើតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេស​ និងសហប្រតិបត្តិការអន្តរជាតិ។វិនិយោគិនពីប្រទេសម៉ាឡេស៊ី ​បានបោះទុននៅកម្ពុជាក្នុងវិស័យហិរញ្ញវត្ថុ ​កម្មន្តសាល​ អចលនទ្រព្យ សណ្ឋាគារ និងភោជនីយដ្ឋាន កសិកម្ម និងសំណង់ ចំនួន១៦២គម្រោង ដែលមានទឹកប្រាក់​ប្រមាណ ៣,២ពាន់លានដុល្លារ។ តួលេខនេះ ត្រូវបានបង្ហាញឡើងនៅក្នុងជំនួបរវាង ​ឯកឧត្តម ប្រាក់​ សុខុន រដ្ឋមន្ត្រីក្រសួងការ​បរទេស ​និងសហប្រតិបត្តិការអន្តរជាតិ​ ជាមួយគណៈប្រតិភូសហគ្រាសធុនតូច ​និងមធ្យមម៉ាឡេស៊ី (SMEs) ចំនួន៥៣នាក់ ​នាក្នុង​ឱកាសដំណើរ​បំពេញ​បេសកកម្មធុរកិច្ច​នៅ​កម្ពុជា កាលពីសប្តាហ៍មុន។ឧកញ៉ា លឹម ហេង​ អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា យល់ឃើញថា ការស្វែងរកឱកាស​វិនិយោគ​របស់ធុរកិចុ្ចម៉ាឡេស៊ីនៅកម្ពុជា​ គឺស្របតាមការ​អំពាវនាវរបស់រាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជា​វិស័យ​ឯកជនតាមរយៈសភាពាណិជ្ជកម្មកម្ពុជា។ឧកញ៉ា លឹម ហេង បញ្ជាក់បន្ថែមថា ទន្ទឹមពេលដែលកម្ពុជា អនុវត្តកិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរីជាមួយចិន ​និងមានកិច្ចព្រមព្រៀងពាណិជ្ជកម្មទ្វេភាគីជាមួយកូរ៉េខាងត្បូង បន្ថែម​ពី​លើប្រព័ន្ធអនុគ្រោះពន្ធ ដូចជា EBA និង​ GSP ​វិនិយោគិនបរទេស កំពុងសម្លឹងមើលកម្ពុជា ជាទិសដៅវិនិយោគដ៏មាន​សក្កានុពល។សូមជម្រាបថា កាលឆ្នាំ ២០២១ ទំហំពាណិជ្ជកម្ម​ទ្វេភាគី​រវាង​ប្រទេស​ទាំង​ពីរ​មាន​គឺ​មានប្រមាណ ៥០០ លាន​ដុល្លារ​កើន ១៣ ភាគរយ ​ធៀប​នឹង​ឆ្នាំ២០២០។ ដោយឡែក ក្នុងរយៈពេល៣ខែដើមឆ្នាំ២០២២ ពាណិជ្ជកម្មរវាងប្រទេសទាំងពីរគឺមានប្រមាណ ១៤៧ ​លានដុល្លារ ដែលកើនក្នុងរង្វង់ ១៥ ភាគរយ ​បើធៀបនឹងគ្រាដូចគ្នាកាលឆ្នាំ២០២១។ នេះបើយោង​តាមស្ថិតិជញ្ជីងពាណិជ្ជកម្មរបស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា៕អត្ថបទ៖ វណ្ណៈ

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

សាធារណរដ្ឋកូរ៉េនឹងបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា
07/16/2025 05:07 PM
បទឈប់បាញ់ដួលរលំនៅទីក្រុង Suwayda ប្រទេសស៊ីរី ខណៈអ៊ីស្រាអែលគំរាមបង្កើនការវាយប្រហារ
07/16/2025 05:07 PM
ប្រាក់ដុល្លារធ្លាក់ថ្លៃ ខណៈទិន្នន័យតម្លៃអ្នកផលិតរបស់អាមេរិក ស្ថិតក្នុងការតាមដានរបស់វិនិយោគិន
07/16/2025 05:07 PM
លោក Zelensky និយាយថា «ត្រៀមខ្លួនសម្រាប់ធ្វើសកម្មភាព» ប្រសិនបើទីក្រុងគីវ ទទួលបានអាវុធរយៈចម្ងាយឆ្ងាយ
07/16/2025 05:07 PM
ប្រភពពីគេហទំព័រ Axios៖អ៊ីស្រាអែលប្តេជ្ញាបញ្ឈប់ការវាយប្រហារលើទីតាំងយោធាស៊ីរី
07/16/2025 05:07 PM
លោក Netanyahu ៖ អ៊ីស្រាអែលវាយប្រហារស៊ីរី ដើម្បីរក្សាតំបន់គ្មានកងទ័ព និងការពារជនជាតិភាគតិច Druze
07/16/2025 05:07 PM
ឯកឧត្តម ឃ្លាំង ហួត៖លោក ភូមិថាំ វៈឆៈយៈឆៃ នាយករដ្ឋមន្រ្តីស្ដីទីថៃធ្លាប់រង់ចាំជជែកតាមទូរស័ព្ទដើម្បីសុំចរចាជាមួយសម្ដេចតេជោរហូតដល់៤ម៉ោង
07/16/2025 04:07 PM
អ៊ុយក្រែន និងអាមេរិក រួមគ្នាផលិតសារធាតុគីមី សម្រាប់ឧស្សាហកម្មការពារជាតិ
07/16/2025 04:07 PM
លោក Trump និយាយថា អាវុធត្រៀមខ្លួនរួចរាល់ក្នុងការបញ្ជូនទៅកាន់ប្រទេសអ៊ុយក្រែន
07/16/2025 04:07 PM
ស៊ីរីនិយាយថា មានសិទ្ធិការពារខ្លួន ស្របពេលមានការវាយប្រហាររបស់អ៊ីស្រាអែល
07/16/2025 04:07 PM