ប្រតិបត្តិការការទូទាត់តាម QR Code នៅកម្ពុជា កំពុងពេញនិយមសម្រាប់អ្នកប្រើប្រាស់
ឯកឧត្តម ឌិត ទីណា លើកទឹកចិត្តសហគមន៍ និងក្រុមហ៊ុន​បន្តស្មារតី​សាមគ្គីភាព ដើម្បី​ទទួល​ផល​ចំណេញ​ទាំងអស់គ្នាថែមទៀត
កម្ពុជា និងកូរ៉េ រួមគ្នាជំរុញការកាត់បន្ថយឧស្ម័ន​ផ្ទះកញ្ចក់​តាមរយៈ​ការ​វិនិយោគ​មធ្យោបាយ​ដឹកជញ្ជូន​-អគ្គិសនី ឆ្ពោះទៅគោលដៅអព្យាក្រឹតកាបូនឆ្នាំ២០៥០
កសិករខេត្តកំពង់ធំជិតពីររយគ្រួសារទទួលផលចំណេញច្រើនក្រោយចងក្រងជាសហគមន៍កសិកម្មទំនើប

សេដ្ឋកិច្ច និង កសិកម្ម

ក្រសួងអប់រំចុះអនុស្សារណៈយោគយល់ជាមួយអង្គការមូលនិធិអាស៊ី លើកិច្ចសហប្រតិបត្តការក្នុងវិស័យអប់រំ

2022/03/19 01:17:25 pm        675
ភ្នំពេញ៖ ក្រសួងអប់រំ យុវជន និងកីឡា បានចុះអនុស្សារណៈយោគយល់ជាមួយអង្គការមូលនិធិអាស៊ី លើកិច្ចសហប្រតិបត្តិការក្នុងវិស័យអប់រំនៅកម្ពុជា។ តាមរយៈអនុស្សារណៈយោគយល់នេះ គឺនឹងមានសុពលភាពរហូតដល់ខែសីហា ឆ្នាំ២០២៥ខាងមុខ។ឯកឧត្តម ហង់ជួន ណារ៉ុន រដ្ឋមន្រ្ដីក្រសួងអប់រំ យុវជន និងកីឡា បានអនុញ្ញាតឱ្យ លោក David D. Arnold ប្រធានអង្គការមូលនិធិអាស៊ី ចូលជួបសម្ដែងការគួរសម និងចុះអនុស្សរណៈនៃការយោគយល់គ្នា ស្ដីពី “កិច្ចសហប្រតិបត្តិការក្នុងវិស័យអប់រំ”។ ពិធីនេះក៏មានការចូលរួមផងដែរពីសំណាក់ថ្នាក់ដឹកនាំក្រសួងអប់រំ យុវជន និងកីឡា និងក្រុមការងារ​អង្គការ​មូលនិធិអាស៊ីផងដែរ។ការចុះអនុស្សរណៈនៃការយោគយល់គ្នា ស្ដីពី “កិច្ចសហប្រតិបត្តិការក្នុងវិស័យអប់រំ” គឺដើម្បីលើក​កម្ពស់ភាពជាអ្នកដឹកនាំរបស់ក្រសួងអប់រំ យុវជន ​និងកីឡា ​និងកុមារ ​យុវជន តាមរយៈគម្រោង​មួយចំនួន​ ក៏ដូចជា ​ការ​អនុវត្តកម្មវិធីបំប៉ន​ជំនាញ​បច្ចេកវិទ្យា​ ការផ្ដល់ជូនអាហាររូបករណ៍​ដល់​និស្សិត​កម្ពុជា ​និង​ការអភិវឌ្ឍក្នុងវិស័យ STEM ផងដែរ។ ការផ្ដល់​អាហារូបករណ៍នេះ​ គឺផ្តោតសំខាន់លើការផ្តល់អាហារូបករណ៍ផ្នែកបច្ចេកវិទ្យា និងផ្តោត​សំខាន់​លើការផ្ដល់អាហារូបករណ៍​ដល់សិស្សនិស្សិតស្រី ​ដើម្បីឱ្យពួកគាត់មានឱកាស អាច​បន្តការ​សិក្សាថ្នាក់​ឧត្តមសិក្សានៅរាជធានីភ្នំពេញ។ បន្ថែមពីនេះ អង្គការមូលនិធិអាស៊ី នឹង​បន្ដ​ពង្រឹងកិច្ចសហប្រតិបត្តិការជាមួយក្រសួងអប់រំ ​យុវជន និងកីឡាឱ្យកាន់តែប្រសើរផងដែរ។ នេះជាការលើកឡើងរបស់លោក លោក David D. Arnold ​ប្រធានអង្គការមូលនិធិអាស៊ី។ក្នុងឱកាសចុះអនុស្សារណៈនេះ ឯកឧត្តមបណ្ឌិតសភាចារ្យ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ​ដល់​អង្គការមូលនិធិអាស៊ី ​ដែលបានចូលរួមចំណែកគាំទ្រ​ក្នុង​ការអភិវឌ្ឍវិស័យ​អប់រំនៅកម្ពុជា។ កន្លងមកក្រសួងអប់រំ យុវជន និងកីឡាបានធ្វើការទៅលើ ការអភិវឌ្ឍវិស័យអប់រំបែប​ឌីជីថល​នៅ​គ្រប់លំដាប់ថ្នាក់​ ដូចជាការបង្កើតវីដេអូសម្រាប់សិស្ស ​ការ​បណ្ដុះ​បណ្ដាល​គ្រូបង្រៀ​ន​ក្នុងការ​បង្រៀន​អនឡាញ​ និងកិច្ចសហប្រតិបត្ដិការជាមួយក្រុមហ៊ុនអ៊ីនធឺណេត​នៅតាមសាលារៀន ដើម្បី​សម្រួល​ដល់ការសិក្សាតាមប្រព័ន្ធអនឡាញ៕ អត្ថបទ៖ គឹមហុក

ទំហំពាណិជ្ជកម្មទ្វេភាគីកម្ពុជា និងកូរ៉េខាងត្បូង មានតម្លៃ ១៩៥លានដុល្លារ ក្នុងរយៈពេលពីរខែឆ្នាំ២០២២

2022/03/18 02:21:52 pm        563
ភ្នំពេញ៖ ការដោះដូរពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជាប្រទេសកម្ពុជា និងប្រទេសកូរ៉េខាងត្បូង បន្តកើនឡើង ដោយក្នុងរយៈពេល២ខែដើមឆ្នាំ២០២២នេះ មានកំណើនប្រមាណ ២៣ភាគរយ ខណៈកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគី រំពឹងចូលជាធរមាននៅពេលឆាប់ៗខាងមុខ។យោងតាមរបាយការណ៍ស្ថិតិពាណិជ្ជកម្មរបស់សមាគមពាណិជ្ជកម្មអន្តរជាតិកូរ៉េ ចេញផ្សាយ​កាល​ពីពេលថ្មីៗនេះ ចាប់ពីខែមករាដល់ខែកុម្ភៈ ​កម្ពុជានាំចេញទៅកាន់ប្រទេសកូរ៉េខាងត្បូង មាន​ទឹកប្រាក់ប្រមាណ ជាង៦៤លានដុល្លារ​ ធ្លាក់ចុះ ០,៨ភាគរយ ធៀបនឹងរយៈពេលដូចគ្នា​កាល​ពី​ឆ្នាំមុន។ដោយឡែកកម្ពុជា នាំចូលទំនិញពីប្រទេសកូរ៉េខាងត្បូងមកវិញ ​មានតម្លៃប្រមាណ ១៣០លាន​ដុល្លារ កើនឡើង ៣៩ភាគរយ ធៀបនឹងរយៈពេលដូចគ្នា ​កាលពីឆ្នាំមុន។កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគីកម្ពុជា-កូរ៉េខាងត្បូង​ ដែលប្រទេសទាំងពីរ បានចុះហត្ថ​លេខា​កាលពីចុងឆ្នាំ២០២១ ​ត្រូវបានរំពឹងថា ​នឹងដាក់ឱ្យអនុវត្តក្នុងពេលឆាប់ៗ​ខាងមុខ ​ដោយកម្ពុជា បានផ្តល់​សច្ចាប័ន​លើកិច្ចព្រមព្រៀងនេះ ​កាលពីមករាកន្លងទៅ។កិច្ចព្រមព្រៀងនេះ នឹងជំរុញការនាំចេញ​ បង្កើនផលិតផលក្នុងស្រុកសរុប ​បង្កើនឱកាសការងារ និងជួយពន្លឿនការងើបឡើងវិញនៃសេដ្ឋកិច្ចទាំងពីរដែលរងផលប៉ះពាល់ដោយ Covid-19 ។ ប្រទេសទាំងពីរ​ ក៏អាចពង្រីកទីផ្សារសេរីភាវូបនីយកម្មពាណិជ្ជកម្មបន្ថែម​លើ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរីអាស៊ាន-កូរ៉េ ​និងកិច្ចព្រមព្រៀងសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់ (RCEP)។ទំនិញសំខាន់ៗកម្ពុជា​នាំចេញទៅប្រទេសកូរ៉េខាងត្បូង ​មានដូចជាផលិតផលស្បែកជើង និង​សំលៀកបំពាក់​ជាចម្បង​ ផលិតផលធ្វើដំណើរ ភេសជ្ជៈ​ គ្រឿង​បន្លាស់អគ្គិសនី ​និងអេឡិចត្រូនិក កៅស៊ូ ឱសថ ​និងផលិតផលកសិកម្ម។កាលពីឆ្នាំ២០២១ ការដោះដូរពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា និងកូរ៉េខាងត្បូង មានតម្លៃ ៩៦៥​លានដុល្លារ ​កើនពី​ ៨៥៥លានដុល្លារ ក្នុងឆ្នាំ២០២០។ ​ក្នុងនោះ ​កម្ពុជានាំចេញទៅកាន់កូរ៉េខាងត្បូង មានទឹកប្រាក់​សរុបប្រមាណ ​៣៤១លានដុល្លារ ​មានកំណើនប្រមាណជាង៧ភាគរយ៕ អត្ថបទ៖ វណ្ណៈ

យុទ្ធសាស្រ្តអភិវឌ្ឍន៍វិស័យកាត់ដេរ ស្បែកជើង និងកាបូប នឹងត្រូវប្រកាសដាក់ឱ្យប្រើប្រាស់នៅសប្តាហ៍ក្រោយ

2022/03/18 01:40:36 pm        398
ភ្នំពេញ៖ រាជរដ្ឋាភិបាល នឹងធ្វើការផ្សព្វផ្សាយ និងដាក់ឱ្យអនុវត្តជាផ្លូវការ នូវយុទ្ធសាស្រ្តអភិវឌ្ឍន៍វិស័យកាត់ដេរ ផលិតស្បែកជើង និងកាបូបកម្ពុជា ២០២២-២០២៧ នៅថ្ងៃទី ២១ ខែមីនាខាងមុខ ដើម្បីប្រែក្លាយឧស្សាហកម្មនេះឲ្យមានចីរភាពបរិស្ថាន មានភាពធន់ មានតម្លៃបន្ថែមខ្ពស់ ផ្ដោតលើផលិតផលថ្លៃខ្ពស់ មានភាពប្រកួតប្រជែងខ្ពស់ និងជាមូលដ្ឋានគាំទ្រពិពិធកម្មសេដ្ឋកិច្ច។ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ចេញសេចក្តីប្រកាសព័ត៌មាន ស្តីអំពីពិធីផ្សព្វផ្សាយ និងដាក់​ឱ្យអនុវត្តជាផ្លូវការនូវ “យុទ្ធសាស្រ្តអភិវឌ្ឍន៍វិស័យកាត់ដេរ ផលិតស្បែកជើង និងកាបូបកម្ពុជា ២០២២-២០២៧ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី ២១ខែ មីនា ឆ្នាំ ២០២២ ក្រោមអធិបតីភាព ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ​ និងជាប្រធានគណៈកម្មាធិការគោលនយោបាយសេដ្ឋកិច្ច និងហិរញ្ញវត្ថុ តាមប្រព័ន្ធវីដេអូពីចម្ងាយ ដែលមានការចូលរួមពីសំណាក់ ថ្នាក់ដឹកនាំ និងតំណាងក្រសួង-ស្ថាប័នពាក់ព័ន្ធ, ស្ថានទូត, ដៃគូអភិវឌ្ឍន៍, សង្គមស៊ីវិល, សមាគមធុរកិច្ច និងវិស័យឯកជន។ជុំវិញនឹងវិស័យនេះ, រាជរដ្ឋាភិបាលកម្ពុជា ​បានពិនិត្យឃើញពីសារៈសំខាន់ ​និងភាពចាំបាច់ ក្នុងការ​រៀបចំ និងដាក់ឱ្យអនុវត្តនូវ ​យុទ្ធសាស្រ្តអភិវឌ្ឍន៍វិស័យកាត់ដេរ ផលិតស្បែកជើង ​និងកាបូបកម្ពុជា ២០២២-២០២៧ ​សំដៅកំណត់នូវចក្ខុវិស័យរួម ​គោលបំណង គោលដៅ និងវិធានការជាយុទ្ធសាស្ត្រ ដើម្បីបន្តពង្រឹង​ និងលើកកម្ពស់ការអភិវឌ្ឍវិស័យនេះ ស្របតាមបរិការណ៍កម្ពុជា​ដែលស្ថិតក្នុង​ស្ថានភាព​ទ្វេទិស មានទាំងបញ្ហាប្រឈម​ និងកាលានុវត្តភាព ព្រមទាំងឆ្លើយតបទៅនឹងការ​ប្រែប្រួល​យ៉ាង​ឆាប់រហ័សនៃនិម្មាបនកម្មតំបន់ ​និងពិភពលោក។ចក្ខុវិស័យនៃយុទ្ធសាស្ត្រនេះ គឺការអភិវឌ្ឍវិស័យកាត់ដេរ ផលិតស្បែកជើង ​និងកាបូបកម្ពុជា ឱ្យទៅ​ជាឧស្សាហកម្ម ដែលមានចីរភាពបរិស្ថាន ​មានភាពធន់​ មានតម្លៃបន្ថែមខ្ពស់ ដោយ​ផ្ដោតលើផលិតផលថ្លៃខ្ពស់ ​និងមានលក្ខណៈពិសេស​ មានភាពប្រកួតប្រជែងខ្ពស់ និង​ជាមូលដ្ឋានគាំទ្រពិពិធកម្មសេដ្ឋកិច្ច៕ អត្ថបទ៖ សុន រ៉ាឌី

សេវាដឹកជញ្ជូនបង្កើនតម្លៃសេវាដឹកជញ្ជូនបន្តិច បន្ទាប់ពីប្រេងសាំងបន្តហក់ឡើង

2022/03/17 01:36:44 pm        585
ភ្នំពេញ៖ ស្ថានភាពប្រេងឥន្ធនៈបានហក់ឡើងថ្លៃ ធ្វើឱ្យវិស័យសេវាដឹកជញ្ជូនក្រៅប្រព័ន្ធ មានការបន្ថែមតម្លៃសេវាដឹកជញ្ជូនខ្លះៗ ខណៈការដឹកជញ្ជូនលើផ្នែកមួយចំនួនផ្សេងទៀត នៅបន្តរក្សាតម្លៃជាធម្មតា។លោកឧកញ៉ា ស៊ិន ចន្ធី ប្រធានសមាគមភស្តុភារកម្មកម្ពុជា លើកឡើងក្នុងកិច្ចសម្ភាសន៍​ជាមួយភ្នាក់​ងារ​អ្នក​យកព័ត៌មាន​នៅថ្ងៃទី ១៥ ខែមិនាឆ្នាំ២០២២នេះថា បច្ចុប្បន្នដោយសារសង្រ្គាម រុស្សី អ៊ុយក្រែន ​គួបផ្សំនិងវិបត្តិជម្ងឺកូវីដ ១៩ បាន​និងកំពុងជះឥទ្ធិពលធ្វើ​ឲ្យមានការប្រែប្រួល​ថ្លៃប្រេង​សាំង​។ ចំពោះការហក់ឡើងពីតម្លៃប្រេងសាំងនេះ ​នឹងធ្វើឲ្យប៉ះពាល់ដល់វិស័យដឹកជញ្ជូន ជាពិសេសការ​ប៉ះពាល់​ដល់ជីវភាពរស់នៅ​របស់ប្រជាជនផងដែរ។លោកឧកញ៉ា បន្តថា ការដឹកជញ្ជូននៅតាមបណ្តាលផ្នែកមួយចំនួន ​គឺនៅរក្សាតម្លៃសេវាជាធម្មតា ខណៈការដឹកជញ្ជូនមួយផ្នែកផ្សេងទៀត​បានបន្តឡើងថ្លៃខ្លះៗ តែស្ថិតនៅក្នុងការឡើងថ្លៃ​បន្តិចបន្ទួច​តែប៉ុណ្ណោះ។ លោកឧកញ៉ា បន្តទៀតថា ប្រសិនបើតម្លៃប្រេងនៅតែបន្តហក់ឡើង ​សមាគមនឹងប្រជុំពិភាក្សាគ្នា ដើម្បីយកមតិរួម ​ធ្វើយ៉ាងណាមិនឲ្យមានការប៉ះពាល់ ​ដល់ការ​ផ្គត់ផ្គង់​ទំនិញ​ដល់បណ្តារោងចក្រ សហគ្រាសនោះឡើយ។ទាក់ទងពាណិជ្ជកម្មវិញ, លោកឧកញ៉ា លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា ​លើកឡើងថា ចំពោះបញ្ហាប្រេងសាំងហក់ឡើងថ្លៃនេះ ​គឺមិនធ្វើឲ្យប៉ះពាល់ដល់ការបង្អាក់ដំណើរ ឬការបិតក្នុង​សកម្មភាព​អាជីវកម្ម ពាណិជ្ជកម្មនោះឡើយ ​ប្រសិនបើសេវាដឹកជញ្ជូន​ហក់ឡើងថ្លៃ សកម្មភាព​អាជីវកម្ម និងពាណិជ្ជកម្ម ​នឹងអាចប្រែប្រួលទៅ​តាមនៃតម្លៃនោះផងដែរ។សូមបញ្ជាក់ថា៖ តែចាប់ពីថ្ងៃទី ១៦ ដល់បំណាច់ចុងខែ​មីនា ​ប្រេងសាំង​ធម្មតាបានហក់ឡើង ៥ ៣០០ រៀល ក្នុង១លីត្រ, ប្រេងម៉ាស៊ូត ៥ ៣០០ ក្នុង១លីត្រ ​និងប្រេងសាំង​ស៊ុបពែរ​ឡើងដល់ ៥ ៨៥០ រៀល ក្នុង១លីត្រ៕ អត្ថបទ៖ សុន រ៉ាឌី

តម្លៃប្រេងសាំងធម្មតា និងប្រេងម៉ាហ្សូត ហក់ឡើងដល់ ៥៣០០រៀល ក្នុងមួយលីត្រ

2022/03/16 03:19:05 pm        579
ភ្នំពេញ៖ ចាប់ពីថ្ងៃទី១៦ រហូតដល់ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២២នេះ តម្លៃលក់រាយនៃប្រេងសាំងធម្មតា និងប្រេងម៉ាស៊ូត ត្រូវបានដាក់លក់ក្នុងតម្លៃដូចគ្នា គឺ៥ ៣០០រៀល ក្នុង១លីត្រ កើនពីតម្លៃ ៤ ៨០០រៀល សម្រាប់ប្រេងសាំងធម្មតា និងប្រេងម៉ាស៊ូតថ្លៃ ៤ ៥០០រៀល ក្នុង១លីត្រ កាលពី១៥ថ្ងៃ ដើមខែមីនា។ក្នុងសេចក្តីជូនដំណឹង ស្តីពីថ្លៃលក់រាយប្រេងឥន្ធនៈនៅតាមស្ថានីយ៍ បង្ហាញនៅព្រឹកថ្ងៃទី១៦ ខែមីនានេះ ក្រសួងពាណិជ្ជកម្ម បានលើកឡើងថា តម្លៃ​ប្រេងឥន្ធនៈ នេះ គឺយោងលើការ​ព្រមព្រៀង​លើរូបមន្តកំណត់តម្លៃជាមួយ ក្រុមហ៊ុនប្រេងឥន្ធនៈដែលប្រកប​អាជីវកម្មនៅកម្ពុជា និងយោងតាម​ការ​ប្រែប្រួល​នៃតម្លៃ​ប្រេងឥន្ធនៈលើទីផ្សារក្នុងតំបន់ ​និងអន្តរជាតិ។ ថ្លៃលក់រាយប្រេងឥន្ធនៈសម្រាប់អនុវត្តនៅកម្ពុជាពីថ្ងៃទី១៦ ​ដល់៣១ ខែមីនា ​ឆ្នាំ២០២២នេះ សម្រាប់ប្រេងសាំងធម្មតា និងប្រេងម៉ាស៊ូត ​ត្រូវដាក់លក់ក្នុងតម្លៃដូចគ្នា គឺ ​៥ ៣០០រៀល នៅក្នុង១លីត្រ។ជុំវិញការកើនឡើងថ្លៃលក់រាយ​ប្រេងឥន្ធនៈ ​កាលពីកន្លងទៅនេះ ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តី ក្រសួងពាណិជ្ជកម្ម​ បានមានប្រសាសន៍ថា បច្ចុប្បន្ននេះ ​តម្លៃប្រេងឥន្ធនៈមានការប្រែប្រួល​ឡើងចុះ លឿនណាស់ ​ជាពិសេសខណៈបញ្ហាសង្រ្គាម ​រវាងប្រទេសអ៊ុយក្រែន ​និងប្រទេសរុស្ស៊ី និង​បញ្ហាទណ្ឌកម្ម​សេដ្ឋកិច្ចប្រទេសរុស្ស៊ី ទៅកន្លែងផ្សេងៗ ក៏​បាន​ជះឥទ្ធិពលខ្លះដែរទៅដល់ការ​ប្រែ​ប្រួល​តម្លៃប្រេង​ឥន្ធនៈ។ ឯកឧត្តម បញ្ជាក់ទៀតថា នៅថ្ងៃខាងមុខឆាប់ៗនេះ ក្រសួងនឹងផ្លាស់ប្តូរសេចក្តីជូនដំណឹង​ពី​រយៈពេល ១៥ថ្ងៃ មកត្រឹម ១០ថ្ងៃវិញម្តង ដើម្បីកំណត់ថ្លៃនៃការប្រែប្រួលតម្លៃ​ប្រេងឥន្ធនៈ​ឲ្យទាន់នៃការឡើងចុះ ​ហើយនេះ​ ក៏ជាវិធានការបឋមបំផុត ​ដើម្បីជូននូវការឈ្នះៗ​ដល់អតិថិជន ក៏ដូចជាវិស័យឯកជន ​ដែលយើងមិនទាន់ថា​ឡើងថ្លៃ ​ប៉ុន្តែយើងអាចនឹងឡើងថ្លៃនៅថ្ងៃក្រោយ។ ឯកឧត្តម បានលើកឡើងបន្តថា សព្វថ្ងៃនេះ​រាជរដ្ឋាភិបាលបានគិតគូរទាំងសងខាង ដោយ​មិន​អាចបង្ខំ ឲ្យវិស័យឯកជនស្លាប់ទេ ​ព្រោះនេះ​ជាទីផ្សារសេរី ​ហើយយើងត្រូវ​ជួយទាំងសងខាង ព្រោះអ្នក​លក់ក៏ប្រើប្រាស់ដែរ អញ្ចឹងជា​គោលការណ៍គឺធានាឲ្យមានប្រេងគ្រប់គ្រាន់​សម្រាប់​ប្រើប្រាស់ដល់សាធារណជន ​និងវិស័យសេដ្ឋកិច្ច៕អត្ថបទ៖ ឈិត បូរ៉ាវី

សំណង់អគារដែលទុកចោលនៅខេត្តព្រះសីហនុ បានចាប់ផ្តើមសាងសង់ឡើងវិញជាបណ្តើរៗ

2022/03/16 11:45:18 am        510
ព្រះសីហនុ៖ អគារសំណង់នៅខេត្តព្រះសីហនុដែលបានផ្អាក និងទុកចោល ដោយសារវិបត្តិនៃការរីករាលដាល​ជំងឺកូវីដ ១៩ អស់រយៈជាង២ឆ្នាំកន្លងមកបច្ចុប្បន្ន ម្ចាស់គម្រោងវិនិយោគលើវិស័យសំណង់អគារទាំងនោះ បានចាប់ផ្តើមបន្តអភិវឌ្ឍន៍គម្រោងសាងសង់របស់ខ្លួនជាបណ្តើរៗ ។លោក ឃាង ភារម្យ អ្នកនាំពាក្យសាលាខេត្តព្រះសីហនុ បានថ្លែង​ឲ្យដឹងក្នុងកិច្ចសម្ភាសន៍​តាម​រយៈទូរស័ព្ទ ជាមួយភ្នាក់ងារអ្នក យកព័ត៌មាន BTV នៅថ្ងៃទី១៦ ខែមីនាឆ្នាំ២០២២នេះថា បន្ទាប់​ពី​រាជរដ្ឋាភិបាលបានបើកប្រទេស​ឡើងវិញ ​និងបានទប់ស្កាត់​ការរីករាលដាលជំងឺ​កូវីដ១៩ នៅក្នុង​ស្ថានភាព​ដែលអាចគ្រប់គ្រងបាន ​បច្ចុប្បន្នខេត្តព្រះសីហនុ មានជើងហោះហើរពីក្រៅប្រទេស មកកាន់ខេត្តព្រះសីហនុ ជាបណ្តើរៗហើយ​ តែមិនទាន់មានស្ថានភាព​គគ្រឹកគគ្រេង ដូចនៅ​មុន​វិបត្តិនៃជម្ងឺកូវីដ១៩ បានផ្ទុះឡើងនៅឡើយ។លោក បន្តថា ស្របពេលដែលខេត្តព្រះសីហនុ ​មានជើងយន្តហោះចុះមកជាបណ្តើរៗនោះ ចំពោះ​វិស័យ​សំណង់​ចាស់ៗ​ដែលបានទុកចោល​ បន្ទាប់ពីមានការផ្ទុះឡើងនៃការរីករាលដាល​ជម្ងឺ​កូវីដ ១៩ បច្ចុប្បន្នត្រូវបានសង្កេតឃើញមានការសាងសង់ឡើងវិញជាបណ្តើរៗហើយ ​ភាគច្រើនគឺម្ចាស់ដើម បានងាក​មកអភិវឌ្ឍន៍បន្ត។ជុំវិញវិស័យអចលនទ្រព្យនេះ,លោក ច្រឹក សុខនីម ប្រធានសមាគមអ្នកវាយតម្លៃនិងភ្នាក់ងារ​អចលន​វត្ថុកម្ពុជា​ លើកឡើងថា វិស័យអចលនទ្រព្យនៅក្នុងប្រទេសកម្ពុជា គឺបានចាប់ផ្តើម​ដំណើរការ​ឡើងវិញ​ជាបណ្តើរៗហើយ ដូចជានៅរាជធានីភ្នំពេញ, ​ខេត្តព្រះសីហនុ, កំពត និង​មួយផ្នែកនៅខេត្តសៀមរាបជាដើម ដោយក្នុងនោះចំពោះតម្លៃនៃអចលនទ្រព្យ គឺបានឈរ​នៅទ្រឹង​ដ៏ដែល ខណៈដែលការទិញលក់ ​នៅក្នុងវិស័យមិនទាន់មានសកម្មភាពផុលផុសដូចដើម។ជុំវិញអគារខ្ពស់ៗនៅក្នុងខេត្តព្រះសីហនុ ដែលបានផ្អាក បន្ទាប់ពីវិបត្តិនៃការរីករាលដាលជម្ងឺកូវីដ ១៩, ថ្មីៗនេះ ​ឯកឧត្តម វង្សី វិស្សុត រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ​ លើកឡើងថា ការ​ទាក់ទាញ​អ្នកវិនិយោគលើអគារខ្ពស់ៗ​មកវិនិយោគបន្តវិញ ឬលក់ទៅឲ្យអ្នកផ្សេងដែលមាន​គម្រោង​វិនិយោគលើផ្នែកនេះ ​គឺដើម្បី​ជម្រុញ​អភិវឌ្ឍន៍​អគារខ្ពស់ៗ ​បាន​បញ្ចប់ការសាងសង់ ​មានប្រតិបត្តិការ និងដំណើរឡើងវិញ។គម្រោងនេះ ​គឺស្របពេលរាជរដ្ឋាភិបាលបានកំពុងរៀបចំផែនការមេ ក្នុងការជម្រុញអភិវឌ្ឍន៍​ខេត្ត​មួយនេះ ​ឲ្យទៅជាតំបន់សេដ្ឋកិច្ចពិសេស​ពហុបំណង ដែលកិច្ចការនៃការរៀបចំនេះ​ត្រូវការ​រយៈពេលវែង ​ក្នុងការរៀបចំគោលនយោបាយយុទ្ធសាស្រ្ត ដែលផែនការនេះនឹងគិតគូរ​គ្រប់ជ្រុង​ជ្រោយ ​និងគ្រប់ហេដ្ឋារចនា​សម្ព័ន្ធអស់៕អត្ថបទ៖ សុន រ៉ាឌី

ការនាំទំនិញចេញ-ចូលរវាងកម្ពុជា-រុស្ស៊ី និងអ៊ុយក្រែន នៅតែបន្តសកម្មភាពជាធម្មតា

2022/03/16 11:26:59 am        421
ភ្នំពេញ៖ គិតរហូតមកដល់ពេលនេះ ទោះបីជាកើតឡើងនូវបញ្ហាជម្លោះរវាងអ៊ុយក្រែន និងរុស្ស៊ីយ៉ាងណាក៏ដោយ ក៏មិនមានផលប៉ះពាល់ដល់ការនាំចេញ-នាំចូល រវាងប្រទេសកម្ពុជា-ប្រទេសអ៊ុយក្រែន និងប្រទេសរុស្ស៉ីទេ ពោលគឺនៅតែបន្តសកម្មភាពជាធម្មតា។ នេះតាមការលើកឡើងរបស់មន្រ្តីអ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម។នៅក្នុង​សន្និសីទ​កាសែត កាលពីកន្លងទៅនេះនៅរាជធានីភ្នំពេញ ឯកឧត្តម ប៉ែន សុវិជាតិ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម ​បានមានប្រសាសន៍ថា ជុំវិញ​បញ្ហាសង្គ្រាមរវាងប្រទេសទាំងពីរ រុស្ស៊ី និងអ៊ុយក្រែន ​មិនទាន់ជះផលអាក្រក់ ឬវិជ្ជមាន​មកដល់កម្ពុជាទេ លើកលែងតែតម្លៃប្រេងឥន្ធនៈប៉ុណ្ណោះ ​ដោយសារបញ្ហាទណ្ឌកម្មសេដ្ឋកិច្ចរុស្ស៊ី។ ឯកឧត្តម បានបន្តថា មកដល់ពេលនេះ ការនាំទំនិញចេញ-ចូលរបស់​កម្ពុជា​ទៅកាន់ប្រទេសរុស្សី​នៅ​តែធម្មតា ហើយសម្រាប់ប្រទេសអ៊ុយក្រែន ​ក៏នៅតែធម្មតាដូចគ្នា ​និងនៅតែបន្តសកម្មភាពជាធម្មតា ដោយអត់មានប៉ះពាល់នោះទេ។ជាមួយគ្នានេះ ឯកឧត្តម បានបញ្ជាក់បន្ថែមជុំវិញតម្លៃប្រេងឥន្ធនៈថា កាលពីសប្តាហ៍កន្លងទៅ ប្រេង​ឆៅមានតម្លៃ ១៣១ដុល្លារ ក្នុង១បារ៉ែល​ ហើយសប្តាហ៍បន្ទាប់ថ្លៃ​ ១៤៥ដុល្លារ ក្នុង១បារ៉ែល ហើយ​អាច​បន្តបន្ទាប់ទៀតនឹងឡើងខ្ពស់ជាងនេះ។ ឯកឧត្តម បានបន្ថែមថា បញ្ហានេះ គឺជារឿងមួយដែលរដ្ឋាភិបាលយកចិត្ដទុកដាក់ ​ហើយសង្ឃឹមថា សង្គ្រាម​រុស្ស៊ី-អ៊ុយក្រែន ​នឹងបញ្ចប់ឆាប់ៗ។ដូច្នេះអ្វីៗនឹងត្រឡប់​មករកប្រក្រតីភាព​វិញ​នៅ​ពេល​ឆាប់ៗនេះ។យោងតាមរបាយការណ៍របស់ក្រសួងពាណិជ្ជកម្ម ​បានឱ្យដឹងថា ​គិតត្រឹមឆ្នាំ២០២១កន្លងទៅ ទំហំពាណិជ្ជកម្មកម្ពុជា-រុស្ស៉ី​ មានចំនួនជាង ៩៤លានដុល្លារ ​កើនឡើងជាង ​៣០លានដុល្លារ បើធៀបនឹងកាលពីឆ្នាំ២០២០ ​ដែលមានជាងមានចំនួនជាង ៦៣លានដុល្លារអាម៉េរិក។ ដោយឡែក ​ការធ្វើពាណិជ្ជកម្មរវាងកម្ពុជា និងអ៊ុយក្រែន ​កាលពីឆ្នាំ២០២១ ​មាន​ចំនួនជាង ៨.៥៦ លានដុល្លារ ​ក្នុងនោះ​កម្ពុជានាំចេញទៅអ៊ុយក្រែន​ចំនួនជាង ៦លានដុល្លារ និងនាំចូល​ពី​អ៊ុយក្រែន​ចំនួន ២.៤លានដុល្លារ៕អត្ថបទ៖ ឈិត បូរ៉ាវី

កម្ពុជា-សិង្ហបុរី ឯកភាពគ្នា​ជំរុញ​កិច្ច​សហប្រតិបត្តិការ​ពាណិជ្ជកម្ម​បន្ថែម​ទៀត

2022/03/15 01:30:35 pm        364
ភ្នំពេញ៖ រាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលសិង្ហបុរី បានប្តេជ្ញាចិត្តបន្តកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មរវាងប្រទេសទាំងពីរបន្ថែមទៀត ជាពិសេសការសម្រេចបាននូវសមិទ្ធផលអាទិភាពសេដ្ឋកិច្ច និងអាទិភាពការងារប្រចាំឆ្នាំ២០២២ ក្នុងអំឡុងពេលដែលកម្ពុជាធ្វើជាប្រធានអាស៊ាន នៅឆ្នាំនេះ។ឯកឧត្តម ប៉ាន សូរស័ក្ដិ រដ្ឋមន្រ្ដីក្រសួងពាណិជ្ជកម្ម និងជាប្រធាននៃកិច្ចប្រជុំរដ្ឋមន្រ្តីសេដ្ឋកិច្ច​អាស៊ាន​និងកិច្ចប្រជុំក្រុមប្រឹក្សាសហគមន៍សេដ្ឋកិច្ចអាស៊ានឆ្នាំ២០២២ ​និងឯកឧត្តម Gan Kim Yong រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ​និងឧស្សាហកម្មសិង្ហបុរី ​កាលពីថ្ងៃទី១៤ ខែមីនា បានពិភាក្សាផ្តោត​សំខាន់​លើការពង្រឹងទំនាក់ទំនងពាណិជ្ជកម្ម​កម្ពុជា-សិង្ហបុរី និង​ជាពិសេសការ​ត្រៀមខ្លួន​របស់កម្ពុជា​ក្នុងការរៀបចំ និងដឹកនាំ​កិច្ចប្រជុំចង្អៀត ​រដ្ឋមន្រ្តីសេដ្ឋកិច្ចអាស៊ានលើកទី២៨​ (28th AEM Retreat) ដែលនឹងប្រព្រឹត្តទៅ នៅថ្ងៃទី១៦ និង១៧ ខែមីនាខាងមុខ។ប្រភពខាងលើ បានឲ្យដឹងទៀតថា ភាគីទាំងពីរ ​បានផ្លាស់ប្ដូរយោបល់​បឋម​លើ​របៀប​វារៈមួយចំនួន ដែល​គ្រោង​ នឹងលើកយក​ទៅពិភាក្សានៅក្នុងកិច្ចប្រជុំចង្អៀតនោះ រួមមាន៖ ការតាមដាន​កិច្ចការបន្ត ស្របតាមលទ្ធផល នៃកិច្ចប្រជុំកំពូលអាស៊ានលើកទី៣៨ ​និង៣៩, ការ​ផ្លាស់ប្តូរ​មតិយោបល់​អំពី​កិច្ចខិតខំប្រឹងប្រែងដើម្បីស្តារឡើងវិញ ក្រោយវិបត្តិកូវីដ-១៩ ​និង​វឌ្ឍនភាពការងារ​របស់អាស៊ាន​ក្នុង​ការឆ្លើយតបនឹងវិបត្តិកូវីដ-១៩ និងការពិភាក្សាអំពីយុទ្ធសាស្ត្រអាស៊ាន​ក្នុងការបង្កើន​ទំនាក់ទំនង​កាន់​តែប្រសើរជាមួយ​នឹងប្រទេសដៃគូអាស៊ាន ជាពិសេសដើម្បីពន្លឿន​ការ​បញ្ចប់​ការ​ចរចា​ធ្វើ​ឱ្យប្រសើរឡើង​នៃតំបន់ពាណិជ្ជកម្មសេរីអាស៊ាន-អូស្ត្រាលី-នូវែលហ្សេឡង់ ឱ្យបានទាន់​ពេលវេលាកំណត់ ជាដើម។ល។ ជាការឆ្លើយតប ភាគីសិង្ហបុរី បាន​បញ្ជាក់ពីការប្តេជ្ញាចិត្តក្នុងការពង្រឹងកិច្ច​សហប្រតិបត្តិការ​ពាណិជ្ជ​កម្ម​កម្ពុជា-សិង្ហបុរី​ ព្រមទាំងគាំទ្រយ៉ាងពេញលេញ ក្នុងការ​ផ្តល់​កិច្ចសហប្រតិបត្តិការយ៉ាង​ជិតស្និទ្ធ ដើម្បីជួយគាំទ្រកម្ពុជាឱ្យទទួល​បានជោគជ័យ នាពេលដែលកម្ពុជា​ធ្វើ​ជាប្រធានអាស៊ាន ជា​ពិសេសកិច្ចប្រជុំចង្អៀត​ខាងមុខក្រោមការដឹកនាំរបស់ឯកឧត្តមរដ្ឋមន្រ្តី ​នឹង​បញ្ចប់​ដោយរលូន ប្រកប​ដោយលទ្ធផលជោគជ័យ និងជាទីមោទនៈ។យោងតាម​ទិន្នន័យ​ពីក្រសួងពាណិជ្ជកម្ម ​ពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា​ និងសិង្ហបុរី ​មានទំហំ​សរុប ៤,៣៧ ​ប៊ីលានដុល្លារ ក្នុងរយៈពេល ១០ ខែឆ្នាំ ​២០២១ ​កើនឡើង ៥១,២៧ ភាគរយធៀប​នឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២០៕អត្ថបទ៖ឈិត បូរ៉ាវី

ការកំណត់ថ្លៃប្រេងឥន្ធនៈនៅកម្ពុជា នឹងត្រូវធ្វើឡើងនៅរៀងរាល់១០ថ្ងៃម្តង

2022/03/15 01:16:30 pm        770
ភ្នំពេញ៖ ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានបញ្ជាក់ឲ្យដឹងថា នៅពេលខាងមុខនេះ ក្រសួងនឹងធ្វើជូនដំណឹងស្តីពីការកំណត់ថ្លៃលក់រាយប្រេងឥន្ធនៈ នៅតាមស្ថានីយពី ១៥ថ្ងៃម្តង មកត្រឹម ១០ថ្ងៃម្តងវិញ ដើម្បីផ្លាស់ប្តូរការប្រែប្រួលនូវតម្លៃប្រេង និងដើរឲ្យទាន់នៃការឡើងចុះនៃតម្លៃប្រេងឥន្ធនៈ។នៅក្នុង​សន្នីសីទ​សារព័ត៌មាន កាលពីព្រឹកថ្ងៃទី ១៤មីនា ឆ្នាំ២០២២កន្លងទៅ ​ឯកឧត្តមរដ្ឋមន្រ្តី បាន​មាន​ប្រសាសន៍ថា ​ដោយសារ​ជម្លោះរវាង​អ៊ុយក្រែន-រុស្ស៊ី ​និង​បញ្ហា​ទណ្ឌកម្ម​សេដ្ឋកិច្ច​រុស្ស៊ី​ទៅ​កន្លែង​ផ្សេងៗ ​ក៏​ជះ​ឥទ្ធិពល​ខ្លះ​ដែរ​ទៅ​ដល់​ការ​ប្រែប្រួល​តម្លៃ​ប្រេងឥន្ធនៈ។ឯកឧត្តម បានបន្តទៀតថា ​បច្ចុប្បន្ននេះ ​តម្លៃប្រេង គឺមានការ​ប្រែប្រួល​ឡើង​ចុះ​លឿន​ណាស់ ​ដូច​នេះ ​ហើយការផ្លាស់ប្តូរការជូនដំណឹង​ខាងលើជាវិធានការបឋមបំផុត ​ដើម្បីផ្តល់​ជូនភាព​ឈ្នះ-ឈ្នះ​ដល់អ្នកប្រើប្រាស់ប្រេងឥន្ធនៈ ​និងវិស័យឯកជន។ជាមួយគ្នានេះ ឯកឧត្តម ប៉ែន សុវិជាតិ អ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម ​លើកឡើងថា ទាក់ទង​បញ្ហា​ប្រេងឥន្ធនៈ គឺរាជរដ្ឋាភិបាលយកចិត្តទុកដាក់ខ្លាំងណាស់ ​ថែមទាំង​រៀបចំ​កិច្ចប្រជុំរវាង​វិស័យរដ្ឋ និង​ឯកជន​ដើម្បីពិភាក្សាគ្នាលើការកំណត់ថ្លៃប្រេង​នេះផងដែរ ​ដោយ​លទ្ធផលទទួល​បានការឯកភាពគ្នា ស្រុះស្រួលគ្នា​ ក្នុងការកំណត់រយៈពេល ១០ថ្ងៃវិញម្តង ។គិតចាប់ដើមខែមករា​ រហូត​មកទល់ខែមីនា ​ឆ្នាំ២០២២នេះ តម្លៃ​លក់រាយ​ប្រេងឥន្ធនៈ​នៅ​កម្ពុជា​បាន​កើន​ឡើង​ជាបន្ត​បន្ទាប់​រហូតថ្លៃ ៤ ៨០០រៀល ​ក្នុង១លីត្រ ​សម្រាប់​ប្រេងសាំង​ធម្មតា និងថ្លៃ ៤ ៥០០រៀល ក្នុង១លីត្រសម្រាប់ប្រេងម៉ាស៊ូត។ ដោយឡែក ​ប្រេងសាំង​ស៊ុបពែរថ្លៃ ​៥ ៣៥០រៀល ក្នុង១លីត្រ។ ​រីឯ​តម្លៃហ្គាសថ្លៃ ២ ៩០០រៀល ក្នុង១លីត្រ៕អត្ថបទ៖ ឈិត បូរ៉ាវី

ពន្ធដារប្រមូលចំណូលពន្ធ-អាករគ្រប់ប្រភេទបានជាង ៥១២លានដុល្លារអាមេរិក​ ក្នុងរយៈពេលពីរខែ

2022/03/15 12:53:11 pm        754
ភ្នំពេញ៖ រយៈពេល២ខែ ដើមឆ្នាំ២០២២នេះ អគ្គនាយកដ្ឋានពន្ធដារ ប្រមូលចំណូលពន្ធ-អាករគ្រប់ប្រភេទបានជាង ២ ០៧៤ ប៊ីលានរៀល ត្រូវប្រមាណជាង ៥១២ លានដុល្លារ កើនឡើង ២២,៦៩ភាគរយ ធៀបនឹងចំណូលពន្ធ-អាករ ក្នុងរយៈពេលដូចគ្នាឆ្នាំ ២០២១។ឯកឧត្តម គង់ វិបុល រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុក​ជា​អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​ពន្ធដារ បាន​បង្ហាញក្នុងកិច្ចប្រជុំ​បូកសរុបលទ្ធផល​ប្រមូលចំណូល​ពន្ធ​ប្រចាំខែកុម្ភៈ ឆ្នាំ២០២២ របស់អគ្គនាយកដ្ឋានពន្ធដារ នៅថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២២ថា ជុំវិញការ​អនុវត្តចំណូលរបស់អគ្គនាយកដ្ឋានពន្ធដារ ​សម្រាប់ការប្រមូលចំណូលពន្ធក្នុងខែកុម្ភៈ​ ឆ្នាំ២០២២ ចំណូលពន្ធ-អាករគ្រប់ប្រភេទ ​ដែល​អគ្គនាយកដ្ឋានពន្ធដារ​ប្រមូលបាន តាម​ប្រព័ន្ធគ្រប់គ្រង​ទិន្នន័យ​ចំណូលអនឡាញ ​មានចំនួនជាង ៩០៧ ប៊ីលានរៀល ​ត្រូវប្រមាណជិត ២២៤ លានដុល្លារ ​ស្មើនឹង ៧,៩៤% ​នៃផែនការច្បាប់​ហិរញ្ញវត្ថុ​សម្រាប់​ការគ្រប់គ្រងឆ្នាំ ​២០២២ ​បើប្រៀបធៀប​នឹង​ចំណូលពន្ធ-អាករ​ប្រចាំខែកុម្ភៈ ឆ្នាំ២០២១ ​ឃើញថា ​កើនឡើងជាង​ ៩៦ ប៊ីលានរៀល​ ត្រូវជិត ២៤ ​លានដុល្លារ ស្មើនឹង ​១១,៨៤%។ចំណែកការអនុវត្តអនុវត្តរយៈពេល ​២ខែ ដើមឆ្នាំ២០២២នេះវិញ ចំណូលពន្ធ-អាករ ដែល​អគ្គ​នាយក​ដ្ឋានពន្ធដារប្រមូលបាន ​តាម​ប្រព័ន្ធ​គ្រប់គ្រងទិន្នន័យ​ចំណូលអនឡាញ ​មាន​ចំនួនជាង ២ ០៧៤ ប៊ីលានរៀល ​ត្រូវប្រមាណជាង ​៥១២លានដុល្លារ ​ស្មើនឹង ១៨,១៧% នៃផែនការច្បាប់​ហិរញ្ញវត្ថុ​ប្រចាំឆ្នាំ ក្នុងនោះបើធៀបនឹងចំណូលពន្ធ-អាករក្នុងរយៈពេលដូចគ្នាឆ្នាំ ២០២១ ឃើញថា កើនឡើងជាង ៣៨៣ ប៊ីលានរៀល ត្រូវប្រមាណជិត ៩៥ លានដុល្លារអាមេរិក ស្មើនឹង ២២,៦៩%។ឯកឧត្តម គង់ វិបុល បន្តឲ្យដឹងថា ​សម្រាប់ការប្រមូលចំណូលក្នុងខែ កុម្ភៈ ឆ្នាំ២០២២ នេះ, ចំណូល​ប្រភេទ​ពន្ធសំខាន់ៗចំនួន ៥ ប្រភេទ បានបន្តរក្សាកំណើន​ឡើងគួរឱ្យ​កត់សម្គាល់​ធៀប​នឹងខែកុម្ភៈ ឆ្នាំ២០២១។សូមបញ្ជាក់ថា៖ សម្រាប់ឆ្នាំ ​២០២២ នេះ​ រាជរដ្ឋាភិបាលបាន​កំណត់​ការ​ប្រមូល​ចំណូល របស់​អគ្គនាយក​ដ្ឋាន​ពន្ធដារ ​ក្នុងទំហំទឹកប្រាក់ប្រមាណជាង ​១១ ៤១៩ ប៊ីលានរៀល ​ត្រូវជាង ២ ៨១៩លានដុល្លារ។ អគ្គនាយកដ្ឋានពន្ធដារ ​នឹងបន្តពង្រឹងការអនុវត្តនូវវិធានការគោលនយោបាយ និងរដ្ឋបាល​សារ​ពើពន្ធ ​រួមជាមួយវិធានការសំខាន់ៗ​មួយចំនួន​ ដើម្បីអនុវត្តឲ្យបាន​សម្រេច​តាមផែនការ ច្បាប់​ហិរញ្ញវត្ថុ​សម្រាប់ការគ្រប់គ្រង ឆ្នាំ២០២២ ៕ អត្ថបទ៖ សុន រ៉ាឌី

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជាច្រានចោលទាំងស្រុងការចោទប្រកាន់ដោយគ្មានមូលដ្ឋានរបស់ភាគីថៃមកលើកម្ពុជា ពាក់ព័ន្ធនឹងការរងរបួសរបស់ទាហានថៃដោយសារការផ្ទុះគ្រាប់មីន
07/23/2025 10:07 PM
ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា អញ្ជើញប្រកាសដាក់ឱ្យប្រើប្រាស់នីតិវិធីប្រតិបត្តិស្តង់ដាជាតិ សម្រាប់ប្រព័ន្ធកត់ត្រាជំងឺមហារីក បែបប្រជាសាស្ត្រ
07/23/2025 08:07 PM
ជំនួយស្បៀងអាហារដល់ពលរដ្ឋនីហ្សេរីយ៉ា ១,៣លាននាក់ ស្ថិតក្នុងហានិភ័យ ដោយសារអស់ស្តុក
07/23/2025 08:07 PM
ឯកឧត្តម ហេង រតនា៖គ្រាប់មីនដែលទាហានថៃជាន់បណ្តាលឲ្យដាច់ជើងនៅតំបន់មុំបីជាមីនចាស់បើមីនថ្មីមិនត្រឹមតែដាច់ជើងទេគឺអាចដល់ស្លាប់
07/23/2025 08:07 PM
ម្លប់ ទឹក និងភេសជ្ជៈ ជួយតំបន់បាល់កង់ទប់ទល់នឹងរលកកម្តៅធ្ងន់ធ្ងរនារដូវក្តៅ
07/23/2025 08:07 PM
គណៈប្រតិភូអ៊ុយក្រែនជួបប្រធានាធិបតីទួរគីលោក Erdogan មុនកិច្ចប្រជុំជាមួយរុស្ស៊ី
07/23/2025 08:07 PM
អ៊ីតាលី និងអាល់ហ្សេរី ព្រមព្រៀងធ្វើការ ដើម្បីដោះស្រាយបញ្ហាអំពើភេរវកម្ម និងជនអន្តោប្រវេសន៍
07/23/2025 08:07 PM
EU នឹងដាក់វិធានការតបតលើទំនិញអាមេរិក ដើម្បីបញ្ចៀសការដំឡើងពន្ធ
07/23/2025 08:07 PM
ទិវាវាយតម្លៃទទួលស្គាល់ គាំទ្រដល់ SME ប្រើប្រាស់សេវាកម្មវាយតម្លៃទទួលស្គាល់ក្នុងដំណើរការអាជីវកម្ម
07/23/2025 08:07 PM
បាតុករលីបង់ នៅទីក្រុងបេរូតនាំគ្នាតវ៉ាប្រឆាំងវិបត្តិស្រេកឃ្លាននៅតំបន់ហ្កាហ្សា
07/23/2025 07:07 PM