គិតត្រឹមខែកក្កដា កម្ពុជាមានរោងចក្រដំណើរការចំនួន ៣.៣៥៧ មានទុនវិនិយោគ ២៨ ប៊ីលានដុល្លារ
ប្រធានគណៈកម្មាធិការសេដ្ឋកិច្ច និងធុរកិច្ចឌីជីថល ជំរុញឱ្យវិស័យឯកជន​ចាប់យក​ឌីជីថល​បម្រើ​ក្នុងអាជីវកម្ម
រាជរដ្ឋាភិបាលទម្លាក់ការព្យាករសេដ្ឋកិច្ចនៅត្រឹម ៤,១% ក្រោមសម្មតិកម្ម និងសូចនាករ​ម៉ាក្រូសេដ្ឋកិច្ច​ឆមាសទី១
សមាគមធនាគារ​នៅកម្ពុជា និងសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា សេចក្តីថ្លែងការណ៍រួមស្តីពី វីដេអូ​ឯកសារ​ពាក់ព័ន្ធ​នឹងករណីអតិថិជនឥណទាន ដែលត្រូវបានផ្សព្វផ្សាយនាពេលថ្មីៗនេះ

សេដ្ឋកិច្ច និង កសិកម្ម

តម្រូវការជ្រូករស់ក្នុងឱកាសចូលឆ្នាំចិន បានហក់ឡើងខ្ពស់

2022/02/03 07:18:05 pm        469
ភ្នំពេញ៖ ក្នុងរដូវបុណ្យចូលឆ្នាំថ្មីប្រពៃណីចិន រយៈពេលបីថ្ងៃក្នុងឆ្នាំនេះ តម្រូវការផ្គត់ផ្គង់ជ្រូករស់ បានហក់ឡើងដល់ ៩ពាន់ ទៅ ១ម៉ឺនក្បាលក្នុងមួយថ្ងៃ ហើយតម្រូវការនេះនឹងធ្លាក់មកធម្មតាមវិញ បន្ទាប់ពីបុណ្យចូលឆ្នាំចិនបានបញ្ចប់។លោក ស្រ៊ុន ពៅ ប្រធានសមាគមអ្នកចិញ្ចឹមសត្វនៅកម្ពុជា ​បានថ្លែងប្រាប់ភ្នាក់ងារអ្នកយកព័ត៌មាន BTV នៅថ្ងៃទី ០៣ ខែកុម្ភៈ ឆ្នាំ២០២២នេះថា ទាក់ទងនឹងការផ្គត់ផ្គង់​ជ្រូករស់ ក្រៅពីរដូវបុណ្យទាន នៅទូទាំងប្រទេសក្នុងពេលបច្ចប្បន្ន ​ក្នុងមួយថ្ងៃៗ​មានតម្រូវការប្រមាណក្នុងរង្វង់ប្រមាណជិត ៨ ពាន់ ទៅ ៨ពាន់ក្បាល ដោយបូកបញ្ចូលទាំងជ្រូកនាំចូលពីប្រទេសជិតខាងខ្លះៗផងដែរ ។ចំណែកនៅក្នុងឱកាសបុណ្យចូលឆ្នាំចិននេះ លោកបានបន្តឲ្យដឹងថា តម្រូវ​ការ​ផ្គត់ផ្គង់​ជ្រូករស់នៅតាមទីផ្សារ​ បានកើនឡើងក្នុង រង្វង់ប្រមាណជាង ៩ ពាន់ ទៅ ១ម៉ឺនក្បាល ក្នុងមួយថ្ងៃ ជាពិសេសនៅថ្ងៃចូលឆ្នាំចិនទី១, ក្នុងនោះចំពោះតម្លៃលក់ជ្រូករស់ នៅតាមទីផ្សារវិញ មិនខ្ពស់ជាង ១១.០០០ រៀល ក្នុងមួយគីឡូក្រាមនោះឡើយ, ដោយឡែកការលក់សាច់ជ្រូក មានតម្លៃចន្លោះពី ១៨.០០០ ទៅ ១៨.៥០០ រៀល​ ក្នុងមួយគីឡូ ។សូមបញ្ជាក់ថា៖ យោងតាមរបាយការណ៍អគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ ​នៅឆ្នាំ ២០២១ ​កន្លងទៅនេះ កម្ពុជាសម្រេច បានតម្លៃផលិតកម្មសត្វសរុបមានទំហំ ៥ ១០០ លាន​ដុល្លារ​អាមេរិក មានកំណើន ៦% ធៀបនឹងឆ្នាំ២០២០ ​ដែលទទួលបាន ៤​ ៨១៣ ​លានដុល្លារអាមេរិក, ក្នុងនោះ​ចំពោះតម្លៃផលិតកម្មជ្រូក ​មានទំហំប្រមាណជិត​ ៥៨០ ​លានដុល្លារអាមេរិក ​កើនឡើង ២០% និងតម្លៃ ​ផលិតផល​ផ្គត់ផ្គ​ង់​សាច់ជ្រូកក្នុងស្រុក ​មានចំនួនជាង ​៥៧៧ ​លានដុល្លារអាមេរិក បានកើនឡើង ៦%​ បើធៀបទៅឆ្នាំ ២០២០៕អត្ថបទ៖ សុន រ៉ាឌី

កម្ពុជានាំទំនិញទៅកាន់ប្រទេសជប៉ុន មានតម្លៃជាង ១ ៧៥០លានដុល្លារ ក្នុងឆ្នាំ២០២១

2022/02/02 11:12:16 pm        545
ភ្នំពេញ៖​ កម្ពុជាបាននាំទំនិញចេញទៅកាន់ប្រទេសជប៉ុនមានតម្លៃ ១ ៧៥២លានដុល្លារក្នុងឆ្នាំ២០២១ កើនឡើង ៨,៤ភាគរយ ធៀបនឹងឆ្នាំ២០២០កន្លងទៅ ចំណែកការដោះដូរពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជាជប៉ុន បន្តកើនឡើង ខណៈប្រទេសទាំងពីរ គ្រោងនឹងបើកការចរចាលើលទ្ធភាពបង្កើតកិច្ចព្រមព្រៀងសេរីពាណិជ្ជកម្មទ្វេភាគី។ទិន្នន័យពីសមាគមពាណិជ្ជកម្មអន្តរជាតិជប៉ុន ហៅកាត់ថា JETRO បង្ហាញថា ការដោះពាណិជ្ជកម្ម​ទ្វេ​ភាគីរវាងកម្ពុជា ​និងជប៉ុន សម្រេចបានក្នុងទឹកប្រាក់សរុប ២ ៣៣២ លានដុល្លារ កើនឡើង​ ១០,៩ភាគរយ ធៀបនឹងឆ្នាំ២០២០។ ដោយឡែកការនាំចូលពីប្រទេសជប៉ុនមកកម្ពុជា ​ក្នុងអំឡុងដូចគ្នានេះ បានកើនឡើង ១៩,៧ភាគរយ ស្មើនឹង​៥៨០លានដុល្លារ។សំលៀកបំពាក់ គ្រឿង​បង្គុំ​អេឡិច​ត្រូនិក​ និង​ផលិតផល​កសិកម្ម​ ជា​ទំនិញ​សំខាន់ៗ​របស់​កម្ពុជា​ដែល​នាំ​ចេញ​ទៅ​ប្រទេស​ជប៉ុន ​ហើយ​នាំ​ចូល​មកវិញពីប្រទេសជប៉ុន នូវ​គ្រឿង​ម៉ាស៊ីន​ និង​ផលិតផល​បច្ចេកវិទ្យា​ខ្ពស់​។ក្រសួងពាណិជ្ជកម្មកម្ពុជា បានលើកឡើង កម្ពុជា កំពុងដាក់គោលដៅបង្កើតកិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ទ្វេភាគី​ជា​មួយ​បណ្តាប្រទេស​ដៃគូពាណិជ្ជកម្មសំខាន់ ដែលក្នុងនោះក៏មាន​ប្រទេស​ជប៉ុនផងដែរ។ឧកញ៉ា លឹម ហេង អនុប្រធាន​សភាពាណិជ្ជកម្មកម្ពុជា ​បានមើលឃើញ​ពី​សក្តានុពលដែលកម្ពុជា អាច​បង្កើនការនាំចេញទៅកាន់ប្រទេសជប៉ុន ​និងទាក់ទាញវិនិយោគិនជប៉ុន​បន្ថែម​ចូល​មកកម្ពុជា នៅ​ក្រោមច្បាប់វិនិយោគថ្មី ​ជាពិសេស ​គឺ​កម្ពុជា ​មានអាត្រាចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩​ខ្ពស់​ក្នុងតំបន់ ​និង​នៅ​ជុំវិញពិភពលោក។ឧកញ៉ា លឹម ហេង លើកឡើងថា ​អ្វីដែលកម្ពុជា​បន្តជំរុញលើកទឹកចិត្ត ​គឺ​ច្បាប់វិនិយោគថ្មី វិនិយោគិន​ជប៉ុនស្វាគម៍ ​ជំរុញវិនិយោគមកកម្ពុជា​ ទាំងពីមុនកូវីដ​ ប៉ុន្តែបញ្ហាកូវីដ​ ធ្វើឱ្យ​មានការ​យឺតយ៉ាវ ការ​ហោះពីប្រទេសជប៉ុន​ មាន​ការ​ខកខាន​ច្រើនដែរ។​ ប៉ុន្តែសង្ឃឹមថា ក្រោយពីសម្តេច​នាយករដ្ឋមន្រ្តី​បើកសេដ្ឋកិច្ចឡើងវិញគ្រប់វិស័យនេះ ​នឹងជំរុញឱ្យវិនិយោគិនជប៉ុនទាំងតូចទាំងធំចូល​មក​កម្ពុជា​ដើម្បីរកឪកាសវិនិយោគ។ក្នុងជំនួបជាមួយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា កាលពីថ្ងៃទី ១ ខែកុម្ភៈ ឯកឧត្តម តាកាហាស៊ី ហ្វូមីអាគី (TAKAHASHI FUMIAKI) ប្រធានសមាគមជប៉ុន-កម្ពុជា​និង​ជាអតីត​ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា នឹង​ដឹកនាំ​ប្រតិភូក្រុម​អ្នកវិនិយោគ​ធុន​កណ្តាល​មកកាន់​ព្រះរាជាណាចក្រ​កម្ពុជានាខែ ​មេសាខាងមុខ ​ដើម្បីស្វែងរកឪកាស​វិនិយោគនៅកម្ពុជា៕អត្ថបទ៖ វណ្ណៈ 

កំណើនសេដ្ឋកិច្ចកម្ពុជាឆ្នាំនេះ នឹងសម្រេចអត្រាកំណើនតាមការគ្រោងទុករបស់រាជរដ្ឋាភិបាល

2022/02/02 08:20:02 pm        754
ភ្នំពេញ៖ អ្នកជំនាញសេដ្ឋកិច្ចលើកឡើងថា សេដ្ឋកិច្ចកម្ពុជាឆ្នាំ២០២២ នឹងងើបទៅទៅរកកំណើនសក្តានុពល ខណៈកម្ពុជាបានពង្រឹងក្បាលម៉ាស៊ីនអូសកំណើនសេដ្ឋកិច្ច ជាពិសេសការទប់ស្កាត់មានប្រសិទ្ធភាពនៃប្រភេទមេរោគថ្មី អូមីក្រុង ទាំងនេះនឹងធ្វើឲ្យកម្ពុជាសម្រេចកំណើនសេដ្ឋកិច្ចតាមការគ្រោងទុកក្នុងអត្រាប្រមាណ ៥,៦%។លោកបណ្ឌិត គី សេរីវឌ្ឍន៍ អ្នកជំនាញសេដ្ឋកិច្ចនៃរាជបណ្ឌិត្យសភាកម្ពុជា ថ្លែងលើកឡើងក្នុងកិច្ចសម្ភាសន៍ ជាមួយ ភ្នាក់ងារអ្នកយកព័ត៌មាន BTV នៅថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២២នេះថា បច្ចុប្បន្នរាជរដ្ឋាភិបាលបានកែសម្រួលជាច្រើន ជាពិសេសការសម្រួលដល់​ពាណិជ្ជកម្ម ការផ្តល់អត្ថប្រយោជន៍ដល់អ្នកវិនិយោគសម្រាប់វិស័យកម្មន្តសាល ការកសាង​ហេដ្ឋាន​រចនាសម្ព័ន្ធសម្រាប់វិស័យទេសចរ ​និងការបើកច្រក រវាងកម្ពុជា-ចិន ដែលជួយជម្រុញដល់វិស័យ​កសិកម្ម និងឧស្សាហកម្មនិងការបើកពាណិជ្ជកម្មកម្ពុជា-កូរ៉េជាដើម។សូមបញ្ជាក់ថា៖ កាលពីពេលថ្មីៗនេះ មន្រ្តីជាន់ខ្ពស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានពិភាក្សា​ជាមួយ​ដៃគូអភិវឌ្ឍន៍រួមមាន៖ ​មូលនិធិ រូបិយវត្ថុអន្តរជាតិ (IMF), ​ធនាគារអភិវឌ្ឍន៍អាស៊ី (ADB), ធនាគារពិភពលោក (World Bank) ​និងកម្មវិធីអភិវឌ្ឍន៍ ​សហប្រជាជាតិ (UNDP) លើស្ថានភាព និង​ទស្សនវិស័យសេដ្ឋកិច្ចសកល តំបន់ និងកម្ពុជា ​និង​ហានិភ័យ​ម៉ាក្រូសេដ្ឋកិច្ច ចម្បងៗ និង​ការ​ឆ្លើយតប​ជាគោលនយោបាយ។សម្រាប់សេដ្ឋកិច្ចកម្ពុជាឆ្នាំ២០២២ ​ត្រូវបានព្យាករថា ​នឹងបន្ត​និន្នាការ​កើនឡើង​ក្នុងរង្វង់ ៥,៦% និង​ឈានជាបណើ្តរៗ​ទៅរកកំណើនសក្តានុពលក្នុងរយៈពេលមធ្យម ​ដែលគាំទ្រដោយ កំណើន​ល្អ​ប្រសើរ នៃតម្រូវការសកល​ និងការកើនឡើងញសន្សឹមៗ ​នូវទំនុកចិត្តវិនិយោគ និងការរំពឹង​ទុក​នូវការ​អនុវត្ត ប្រកប​ដោយប្រសិទ្ធភាពនៃ ក្របខណ្ឌយុទ្ធសាស្រ្ត និងកម្មវិធីស្តារនិងជំរុញ​កំណើន​សេដ្ឋកិច្ចកម្ពុជា ក្នុងការរស់នៅជាមួយកូវីដ-១៩ តាមគន្លងប្រក្រតីភាពថ្មី ឆ្នាំ ២០២១-២០២៣ ដែល​នឹងស្តារកំណើន​សេដ្ឋកិច្ចកម្ពុជា ឱ្យត្រឡប់ទៅរកកំណើន សក្តានុពល និងពង្រឹងភាព​ធន់នៃសង្គម-សេដ្ឋកិច្ច ដើម្បីឈានទៅ​សម្រេច​បាន​នូវ​ការ​អភិវឌ្ឍ​ប្រកប​ដោយចីរភាព និងបរិយាប័ន្ន៕ អត្ថបទ៖ សុន រ៉ាឌី

ADBអនុម័តជំនួយ ៦,៨លានដុល្លារ ដើម្បីជួយស្តារទេសចរណ៍ និងផលិតកម្មស្រូវនៅកម្ពុជា

2022/02/01 09:19:12 pm        549
ភ្នំពេញ៖ ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានអនុម័តកញ្ចប់ជំនួយចំនួន២ ដែលមានតម្លៃសរុប ៦.៨ លានដុល្លារ ដើម្បីជួយស្តារវិស័យទេសចរណ៍ និងផលិតកម្មស្រូវនៅកម្ពុជា ដែលរងការប៉ះពាល់ពីការរាលដាលនៃជំងឺកូវីដ-១៩។ ADB លើកឡើងក្នុងសេចក្តីប្រកាសព័ត៌មានចេញផ្សាយកាលពីថ្ងៃម្សិលមិញនេះថា កញ្ចប់ជំនួយ​ទីមួយមានតម្លៃ ៣.៧ លានដុល្លារ ត្រូវបានគេរំពឹងថា នឹងផ្តល់អត្ថប្រយោជន៍ដល់​ប្រជាសហគមន៍​ចំនួន ៤ ០០០នាក់ តាមរយៈគម្រោងស្តារសហគមន៍​ទេសចរណ៍ ​សម្រាប់ការងើបឡើងវិញ ពីកូវីដ-១៩។ គម្រោងនេះ គ្របដណ្តប់តំបន់ក្បែរប្រាសាទព្រះវិហារ ក្នុងខេត្តព្រះវិហារ និងប្រាសាទ ភ្នំដាក្នុងខេត្តតាកែវ។ សេចក្តីប្រកាសព័ត៌មានដដែល បញ្ជាក់ទៀតថា ថវិកាប្រមាណ ៣ លានដុល្លារនៃជំនួយនេះ ត្រូវបាន​ផ្តល់ដោយមូលនិធិជប៉ុន សម្រាប់ភាពរុងរឿង និងភាពធន់នៅអាស៊ី និងប៉ាស៊ីហ្វិក (the Japan Fund for Prosperous and Resilient Asia and the Pacific) ។ចំណែក​កញ្ចប់​ជំនួយ​មួយទៀត មានតម្លៃ ៣.៩ លានដុល្លារ ដែលការផ្តល់ហិរញ្ញប្បទានបន្ថែម សម្រាប់កម្មវិធីអភិវឌ្ឍន៍វិស័យពាណិជ្ជកម្មស្រូវ ដែលធន់នឹងអាកាសធាតុនៅក្នុងខេត្តបាត់ដំបង កំពង់ធំ និងព្រៃវែង។ កសិករខ្នាតតូច ចំនួន ២២ ០០០នាក់ ​ត្រូវបានរំពឹងថា នឹង​ទទួល​ប្រយោជន៍​ពី​គម្រោងនេះ។ បើតាម ADB ថវិកាប្រមាណ ៣.៨ លានដុល្លារ នៃជំនួយនេះ បានមកពីកម្មវិធីកសិកម្ម និង​សន្តិសុខ​ស្បៀងសកល ដែលជាមូលនិធិសកលមានគោលបំណងកាត់បន្ថយភាពអត់ឃ្លាន និង​កែ​លម្អអាហារូបត្ថម្ភ ​នៅក្នុងប្រទេសដែលមានចំណូលទាប។លោក Anthony Gill នាយកស្តីទីធនាគារអភិវឌ្ឍន៍អាស៊ី ប្រចាំប្រទេសកម្ពុជា ​លើកឡើងថា កញ្ចប់​ជំនួយទីមួយ នឹងជួយសហគមន៍កែលម្អហេដ្ឋារចនាសម្ព័ន្ធទេសចរណ៍ ​និងសេវាកម្ម ​អតិថិជន ដើម្បីទាក់ទាញភ្ញៀវទេសចរកាន់តែច្រើន ​និងជំរុញសេដ្ឋកិច្ចក្នុងតំបន់។ កញ្ចប់ជំនួយទីពីរ នឹងជួយកសិករដំណាំស្រូវនៅកម្ពុជា ​បង្កើនប្រាក់ចំណូល និងភាពធន់​នឹង​អាកាសធាតុ តាមរយៈការដោះស្រាយបញ្ហារំខានផ្នែកដឹកជញ្ជូន ​និងច្រវាក់ផ្គត់ផ្គង់ ដែលបណ្តាលមកពីជំងឺកូវីដ-១៩៕អត្ថបទ៖ វណ្ណៈ

អាជីវករមួយចំនួនបានឈប់សម្រាក ខ្លះចេញដើរកម្សាន្តតាមគោលដៅទេសចរណ៍ អំឡុងថ្ងៃចូលឆ្នាំចិននេះ

2022/02/01 07:57:45 pm        770
ភ្នំពេញ៖ ថ្ងៃបុណ្យចូលឆ្នាំប្រពៃណីចិន-វៀតណាម បើទោះមិនបានកំណត់យកជាថ្ងៃឈប់សម្រាក តែគេសង្កេតឃើញថា បណ្តាផ្សារលក់ដូរទំនិញមួយចំនួននៅរាជធានីភ្នំពេញ បានបិទទ្វារ ហើយអាជីវករខ្លះលក់តែខាងក្រៅផ្សារ ហើយផ្សារខ្លះទៀតបានបើកដំណើរការធម្មតា ខណៈអាជីវករអ្នកលក់ដូរជាងពាក់កណ្តាល គឺបានបិទហាង បិទតូបឈប់សម្រាក និងមានចេញដើរកម្សាន្តទៅតាមគោលដៅទេសចរណ៍។បើតាមលោក សួន ផានិត អនុប្រធានផ្សារបឹងកេងកង បានថ្លែងប្រាប់BTV នៅថ្ងៃទី១ ខែកុម្ភៈនេះថា នៅថ្ងៃសែនចូលឆ្នាំចិនម្សិលមិញនេះ នៅពេលព្រឹកមានអាជីវករបានប្រមាណជាង៥០% បានមកបើកតូបលក់ដូរធម្មតា រហូតមកដល់ព្រឹកថ្ងៃទី១ ខែកុម្ភៈនេះ គឺមានអាជីវករលក់ដូរប្រមាណ ៨០% បានបិទតូបលក់ដូរទំនិញ ដើម្បីឈប់សម្រាកហើយខ្លះទៀត កំពុងបាន​ចេញដើរកម្សាន្ត​ទៅតាមរមណីយដ្ឋានទេសចរណ៍ និងគោលដៅទេសចរណ៍ជិតឆ្ងាយ ដើម្បីលំហែរកាយ បន្ទាប់ពីគេបានដំណើរការលក់ដូរឥតមានការឈប់សម្រាក​សៅរ៍-អាទិត្យ​ក្នុងរយៈពេល១ឆ្នាំរបស់គេកន្លងមក។លោកបន្តថា ជារួមសម្រាប់ការបើកផ្សារនៅក្នុងកម្រិតតិចតួចនេះ​ យើងក៏ឃើញថា មាន​ចំនួនពលរដ្ឋ​ប្រមាណតែ២០% ប៉ុណ្ណោះគឺបានអញ្ជើញមកផ្សារដើម្បីទិញរបស់របរ ហើយភាគច្រើនគឺមាននៅតែ​នៅ​ក្នុងពេលព្រឹក។នៅក្នុងថ្ងៃបុណ្យចូលឆ្នាំចិននេះ បើយើងក្រឡេកទៅមើលរមណីយដ្ឋានកៀនស្វាយ នៅជិត​ជាយរាជ​ធានី​ភ្នំពេញវិញ គេសង្កេតឃើញថា នៅថ្ងៃសែនម្សិលមិញមិន​មានមនុស្សចេញដើរកម្សាន្ត​នោះទេ ដោយសារគេជាប់រវល់សែន ប៉ុន្តែនៅថ្ងៃនេះចំនួនភ្ញៀវទេសចរមកអង្គុយកម្សាន្តតាមផ្ទះទឹក និងតាមកញ្ចុះ គឺមានចាប់ផ្តើមមានកំរើកបន្តិចឡើងវិញ ហើយគេរំពឹងថានៅថ្ងៃស្អែក ​និងខានស្អែក នឹង​មានភ្ញៀវមកទស្សនារមណីយដ្ឋានកៀនស្វាយកាន់តែច្រើនថែមទៀត។បើតាមឯកឧត្តម តុប សុភ័ក រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងទេសចរណ៍ បានថ្លែងថា នៅក្នុង​ឱកាសបុណ្យចូលឆ្នាំចិនឆ្នាំនេះ ​យើងមិនរំពឹងថា តាមគោលដៅទេសចរណ៍នានា​គឺ​មានភ្ញៀវទេសចរ​ច្រើនទៅទស្សនានោះទេ ​ដោយសារឱកាសបុណ្យចូលឆ្នាំចិនឆ្នាំនេះ បាន​ប្រព្រឹត្តិទៅមិនចំនឹងថ្ងៃឈប់សម្រាកចុងសប្តាហ៍។ឯកឧត្តម តុប សុភ័ក បន្តថា ទោះយ៉ាងណាសម្រាប់អាជីវករអ្នកលក់ដូរកាត់សែចិន ដែលបានឈប់​សម្រាក​ពីការប្រកបរបររកស៊ី គឺភាគច្រើនគឺបានដាក់ផែនការចេញដើរកម្សាន្តច្រើន ប៉ុន្តែការដើរ​កម្សាន្តនោះ ភាគច្រើនគេមាននិន្នាការមិនទៅគោលដៅ​ទេសចរណ៍ណាដែលនៅឆ្ងាយពី​លំនៅដ្ឋាន​របស់គេ ​ខណៈដែលការឈប់សម្រាកថ្ងៃចុងសប្តាហ៍​គឺមានបន្ទប់ស្នាក់នៅតាមសណ្ឋាគារ ផ្ទះ​សំណាក់​បានកក់ទុកប្រមាណពី ៧០ទៅ៨០% ជាពិសេសគោលដៅទេសចរណ៍​ធំនៅ​តាម​បណ្តាខេត្ត ហើយភាគច្រើនគេមិនបន្តដើរកម្សាន្តនៅថ្ងៃបុណ្យចូលឆ្នាំចិនទៀតទេ៕អត្ថបទ៖ ស៊ុម សុខជា

ធនាគារពិភពលោកបង្ហាញគន្លឹះមួយចំនួនដល់កម្ពុជា ដើម្បីស្តារសេដ្ឋកិច្ចឡើងវិញ

2022/02/01 07:37:10 pm        493
ភ្នំពេញ៖ ធនាគារពិភពលោក៖ កម្ពុជាអាចស្តារសេដ្ឋកិច្ចឱ្យមានកំណើនទៀងទាត់ឡើងវិញ បានតាមរយៈការបង្កើនផលិតភាពរបស់ក្រុមហ៊ុន និងពលករ, ពង្រីកពិពិធភាពក្នុងផ្នែកនាំចេញ និងចាត់វិធានការនានាឈានទៅជំរុញការវិនិយោគក្នុងស្រុកថែមទៀត។នៅក្នុងជំនួយស្មារតីមួយ ស្តីពីស្ថានភាពសេដ្ឋកិច្ចរបស់កម្ពុជា កាលពីថ្ងៃទី៣១ ខែមករា ឆ្នាំ២០២២កន្លងទៅ ធនាគារពិភពលោក បានលើកឡើងបន្តថា កម្ពុជាធ្លាប់សម្រេចបានកំណើន​សេដ្ឋកិច្ច​ក្នុងអត្រាជាមធ្យម ៧,៧ភាគរយក្នុងមួយឆ្នាំ ចាប់ពីឆ្នាំ១៩៩៥ ដល់ឆ្នាំ២០១៩ ប៉ុន្តែអត្រានេះ បានស្រុតចុះយ៉ាងគំហុកអស់ចំនួនជាង ១០ភាគរយ ធ្វើឱ្យទំហំសេដ្ឋកិច្ចរួមមាឌអស់ ឬដក ៣,១ភាគរយ ក្នុងឆ្នាំ២០២០ មុននឹងរើបឡើងវិញសន្សឹមៗរហូតបានកំណើន ២,២ភាគរយ​នា​ដំណាច់​ឆ្នាំកន្លងទៅ។ លោកស្រី ម៉ារីយ៉ាម សាលីម (Maryam Salim) ប្រធានគ្រប់គ្រង​នៃធនាគារពិភពលោកប្រចាំ​ប្រទេស​កម្ពុជា មានប្រសាសន៍ថា ការងាកទៅរកគន្លងផ្លូវឆ្ពោះទៅមានកំណើនដោយចរីភាពវិញ ចាំបាច់​ត្រូវការ​របៀប​វារៈកែទម្រង់ប្រកប​ដោយ​មហិច្ឆតា​មួយ ​ដែល​ផ្តោតការយកចិត្តទុកដាក់លើការបង្កើន​សមត្ថភាព​របស់ក្រុមហ៊ុន​ពលករ ​និង​ក្រុមគ្រួសារនៅកម្ពុជា,ពង្រឹង​បទប្បញ្ញត្តិ ដើម្បីឆ្លើយតប​ទៅ​នឹង​សកម្មភាពបំភ្លៃលើទីផ្សារ​ និងកែលម្អបរិយាកាសធ្វើធុរកិច្ច និងការវិនិយោគថែមទៀតទៅលើហេដ្ឋា​រចនាសម្ព័ន្ធដែលទ្រទ្រង់ដល់កំណើនប្រកបដោយគុណភាព។ លោកស្រីបន្តថា ចំណាត់ការគោលនយោបាយរយៈពេលខ្លី និងមធ្យមមួយចំនួន អាច​មាន​ប្រយោជន៍​ដល់​យុទ្ធសាស្ត្រាស្តារសេដ្ឋកិច្ច ដែលនឹងអនុញ្ញាត​ឱ្យកម្ពុជាអាចកសាងសេដ្ឋកិច្ច​បាន​មកវិញកាន់តែរឹងមាំថែមទៀត​នៅក្រោយសម័យ​មានវិបត្តិកូវីដ-១៩។ធនាគារពិភពលោក បានបញ្ជាក់ថា កម្ពុជាមានជម្រើសច្រើនសម្រាប់ដោះស្រាយ​បញ្ហាខ្វះពិពិធកម្ម​ក្នុងសេដ្ឋកិច្ច និងសម្រាប់កសាងឡើងវិញ ឱ្យកាន់តែប្រសើរជាងមុន។ ការវិនិយោគទៅលើធនធានមនុស្ស,ការធ្វើឱ្យការបែងចែកធនធានឱ្យកាន់ តែមានប្រសិទ្ធផល តាមរយៈការកែលម្អសមត្ថភាពស្ថាប័នទីផ្សារ និងការបង្កើនការគ្រប់គ្រងការវិនិយោគ​សាធារណៈទាំង​អស់នេះស្ថិតក្នុងចំណោមជម្រើសដែលអាចជួយជំរុញផលិតភាពក្នុងសេដ្ឋកិច្ច។ ការបង្កើនការរួមចំណែករបស់ខ្លួនទៅក្នុងខ្សែច្រវាក់តម្លៃសាកល, ការបង្កើតតម្លៃបន្ថែម​ក្នុង​វិស័យ​កសិកម្ម និងការពង្រីកភាព​ប្រកួតប្រជែង​នៅក្នុងវិស័យសេវាកម្ម ​ក៏នឹងអាចជួយធ្វើឱ្យ ការនាំចេញ​កាន់តែមានភាពសម្បូវបែបផងដែរ។ សូមបញ្ជាក់ថា ក្នុងប៉ុន្មានឆ្នាំកន្លងទៅថ្មីៗនេ ផលិតផលចំនួន ៥មុខ រួមមានវិស័យកាត់ដេរ, ស្បែកជើង, អង្ករ, ដំឡូងមី និងទេសចរណ៍ មានទំហំ ៨០ភាគរយ នៃទំហំនាំចេញសរុបរបស់កម្ពុជា ប៉ុន្តែនៅក្នុងនោះមានទីផ្សារធំតែ២ប៉ុណ្ណោះគឺសហភាពអឺរ៉ុប ​និងសហរដ្ឋអាមេរិក ​ដែលស្រូបយក ៦៩ភាគរយ នៃ​បរិមាណទំនិញនាំចេញទាំងនោះ៕អត្ថបទ៖ បូរ៉ាវី

អគ្គនាយកដ្ឋានពន្ធដារ ចាប់ផ្តើមត្រួតពិនិត្យការបង់ពន្ធលើមធ្យោបាយដឹកជញ្ជូន

2022/02/01 07:20:29 pm        874
ភ្នំពេញ៖ ក្រុមការងារចម្រុះរាជធានី-ខេត្ត ដឹកនាំដោយមន្ត្រីពន្ធដារ ចាប់ផ្តើមចុះត្រួតពិនិត្យការប្រកាសបង់ពន្ធលើមធ្យោបាយដឹកជញ្ជូន និងយានជំនិះគ្រប់ប្រភេទប្រចាំ ឆ្នាំ២០២១ នៅតាមគោលដៅមួយចំនួនលើកំណាត់ផ្លូវសំខាន់ៗ ចាប់ពីថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០២២ នេះតទៅ ។អគ្គនាកយដ្ឋានពន្ធដារ ប្រកាសជូនដំណឹងស្តីពីការចុះត្រួតពិនិត្យការប្រកាសបង់ពន្ធលើមធ្យោបាយ​ដឹកជញ្ជូន និងយានជំនិះគ្រប់ប្រភេទប្រចាំឆ្នាំ២០២១ នៃក្រុមការងារចម្រុះរាជធានី-ខេត្ត ដឹកនាំ​ដោយ​មន្ត្រីពន្ធដារ រួមសហការជាមួយ អាជ្ញាធរមានសមត្ថកិច្ចថ្នាក់ក្រោមជាតិ នឹងចុះត្រួតពិនិត្យ​ការប្រកាស​បង់ពន្ធ​លើមធ្យោបាយដឹកជញ្ជូន និងយានជំនិះគ្រប់ប្រភេទប្រចាំឆ្នាំ២០២១ នៅ​តាមគោលដៅមួយចំនួនលើកំណាត់ផ្លូវសំខាន់ៗនៃរាជធានី-ខេត្ត ចាប់ពីថ្ងៃទី ០១ ខែកុម្ភៈ ឆ្នាំ២០២២ នេះតទៅ ។ក្នុងករណីម្ចាស់យានយន្តខកខានមិនបានប្រកាសបង់ពន្ធលើមធ្យោបាយដឹកជញ្ជូន និងយានជំនិះ​គ្រប់ប្រភេទ​ប្រចាំឆ្នាំ២០២១ កន្លងទៅ សូមរួសរាន់ទៅប្រកាសបង់ពន្ធ និងបង់ប្រាក់ពិន័យតាមច្បាប់​ជាធរមាននៅអគ្គនាយកដ្ឋានពន្ធដារ ឬនៅតាមសាខាពន្ធដារខេត្ត-ខណ្ឌ, នៅធនាគារកាណាឌីយ៉ា, ធនាគារអេស៊ីលីដា, ធនាគារវឌ្ឍនៈ, ធនាគារ កម្ពុជាសាធារណៈ, ធនាគារ ជេត្រាស់ រ៉ូយ៉ាល់, ធនាគារស្ថាបនា, ធនាគារប្រៃសណីយ៍កម្ពុជា, ធនាគារវឌ្ឍនៈអាស៊ីចំកាត់ (ABA)។អគ្គនាយកដ្ឋានពន្ធដារ បញ្ជាក់ថា អ្នកបង់ពន្ធក៏អាចបង់តាមរយៈកម្មវិធី “GDT Taxpayer App” ដែលអាចទាញយកចេញពី App Store ចំពោះ iOS ឬ Play Store និង Android សម្រាប់យានយន្តដែលធ្លាប់បានប្រកាសបង់ពន្ធលើមធ្យោបាយដឹកជញ្ជូន និងយានជំនិះគ្រប់ប្រភេទ កន្លងមក។ តាមរយៈសេចក្តីជូនដំណឹងនេះ អគ្គនាយកដ្ឋានពន្ធដារមានក្តីសង្ឃឹម និងជឿជាក់យ៉ាងមុតមាំថា ម្ចាស់យានយន្តទាំងអស់ នឹងយកចិត្តទុកដាក់គោរពកាតព្វកិច្ចសារពើពន្ធ និងរួសរាន់​ទៅប្រកាស​បង់ពន្ធបានគ្រប់ៗគ្នា និងបានទាន់ពេលវេលា ស្របតាម បទប្បញ្ញត្តិនៃច្បាប់ ដើម្បីចៀសវាង​នូវ​ក្រុមការងារចម្រុះ រួមសហការជាមួយអាជ្ញាធរមានសមត្ថកិច្ចថ្នាក់ក្រោមជាតិ ធ្វើការ ឃាត់យាន​យន្តតាមដងផ្លូវតម្រូវឱ្យបង់ប្រាក់ពន្ធ ​ដែលនាំឱ្យខកខានពេលវេលា ​និង​កកស្ទះ​ចរាចរណ៍​ធ្វើដំណើរ ដែលអាចកើតមាននូវបាតុភាពអសកម្មដោយប្រការណាមួយជាយថាហេតុ ៕អត្ថបទ៖ សុន រ៉ាឌី

កម្ពុជាជំរុញវិនិយោគិនជប៉ុន លើគម្រោងអភិវឌ្ឍន៍ថាមពលកាបូនទាប និង​ហេដ្ឋា​រចនា​សម្ព័ន្ធ​ថាមពល

2022/01/28 09:16:09 pm        636
ភ្នំពេញ៖ ក្រសួងរ៉ែ និងថាមពល ទាក់ទាញវិនិយោគិនជប៉ុន ពិចារណា លើគម្រោងវិនិយោគថាមពលស្អាត ឬថាមពលបច្ចេកកាបូនទាប និងគម្រោងវិនិយោគលើការកសាងហេដ្ឋារចនាសម្ព័ន្ធវិស័យថាមពលនៅកម្ពុជា។នេះជាការលើកឡើងរបស់ឯកឧត្តម ស៊ុយ សែម រដ្ឋមន្រ្តីក្រសួងរ៉ែនិងថាមពល ក្នុងជំនួបជាមួយនឹង ឯកឧត្តម មិកកាមិ ម៉ាសាហ៊ីរ៉ូ (Mikami Masahiro) ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាព​នៃ​ជប៉ុនប្រចាំនៅកម្ពុជាកាលពីថ្ងៃម្សិលមិញ។ក្នុងជំនួបខាងលើនេះ​ ឯកឧត្តម ស៊ុយ សែម បញ្ជាក់ពីជំហរនៃបង្កើនការប្រើប្រាស់ប្រភពថាមពល​កកើត​ឡើងវិញ​ និងប្រភពថាមពលផ្សេងទៀត ដែលមិនគ្រោះថ្នាក់ដល់បរិស្ថាន និងការមិនរៀប​ចំ​គម្រោងអភិវឌ្ឍរោងចក្រអគ្គិសនីប្រើធ្យូងថ្មថ្មីបន្ថែមទៀតទេ ក្រៅពីគម្រោងដែលបានសម្រេចរួច​ហើយ​តាំងពីឆ្នាំ២០១៩។បន្ថែមពីនេះ ឯកឧត្តមរដ្ឋមន្ត្រី ក៏បានលើកឡើងអំពីការវិនិយោគរបស់ក្រុមហ៊ុនថាមពលជប៉ុន​នៅ​កម្ពុជាផងដែរ គឺ​គម្រោង​វិនិយោគបន្ថែមម៉ាស៊ីន​ផលិត​អគ្គិសនី​ដើរដោយ​ធ្យូង​ថ្មអានុភាព 135MW ខេត្តព្រះសីហនុ​ និងការផ្តត់ផ្គង់នាឡិកាស្ទង់អគ្គិសនី ក៏ដូចជាគម្រោងបណ្តុះបណ្តាលបច្ចេកទេស​ដែល​ជា​ជំនួយ​ពីភាគីជប៉ុនផងដែរ។ឯកឧត្តមរដ្ឋមន្ត្រី បានស្នើសុំឱ្យឯកឧត្តមឯកអគ្គរាជទូត ជួយផ្សព្វផ្សាយនិងគៀងគរក្រុមហ៊ុន​វិនិយោគ​ជប៉ុន មកកម្ពុជាបន្ថែមទៀតលើគម្រោងអភិវឌ្ឍន៍រោងចក្រអគិ្គសនី និង​គម្រោង​ខ្សែ​បណ្តាញ​បញ្ជូន​អគិ្គសនី ​ក៏ដូចជាបន្តផ្តល់ជំនួយបច្ចេកទេស និងគម្រោងបណ្តុះបណ្តាលបន្ថែមទៀត​ជូនក្រសួង។ជាការឆ្លើយតប​ឯកឧត្តមឯកអគ្គរាជទូត ​មានប្រសាសន៍ថា ស្ថានទូតជប៉ុន មានបំណងស្វែងយល់​អំពី​គម្រោង​អន្តរកាលថាមពល ​និងអព្យាក្រឹត្យកាបូនកម្ពុជា ការបង្កើនការប្រើប្រាស់ប្រភពថាមពល​កកើតឡើងវិញ និងប្រភពថាមពលផ្សេងទៀត​ ដែលមិនគ្រោះថ្នាក់ដល់បរិស្ថាន ជាមួយ​នឹង​ការ​រៀបចំ​គោល​នយោបាយ និងការអភិវឌ្ឍគម្រោងស្តីពីប្រសិទ្ធភាពថាមពល៕ អត្ថបទ៖ វណ្ណៈ

រោងចក្រដំឡើងរថយន្តយីយោ Ford នឹងបើកដំណើរក្នុងខែមេសាខាងមុខ

2022/01/28 08:46:12 pm        37
ភ្នំពេញ៖ រោងចក្រផ្គុំ និងដំឡើងរថយន្ត យីហោ Ford របស់ក្រុមហ៊ុន RMA Automotive (Cambodia) មានទីតាំងនៅខេត្តពោធិ៍សាត់ នឹងបើកដំណើរការ នៅក្នុងខែមេសា ខាងមុខនេះ ខណៈបច្ចុប្បន្នគម្រោងនៃការរៀបចំបានប្រព្រឹត្តទៅដោយរលូន ទៅតាមផែនការដែលបានគ្រោងទុក។លោក ងន សាំង អគ្គនាយកក្រុមហ៊ុន RMA AUTOMOTIVE (CAMBODIA) បានថ្លែងលើកឡើង​ក្នុង​កិច្ចសម្ភាសន៍ជាមួយភ្នាក់ងារអ្នកយកព័ត៌មាន នៅថ្ងៃទី ២៧ ខែមករា ឆ្នាំ២០២២នេះថា គិតមក​ដល់ពេលនេះ ក្រុមហ៊ុនបានសាងសង់សម្រេចបាន ៨០% រួចហើយ នៅក្នុងឃុំស្នាអន្សា ស្រុកក្រគរ ខេត្តពោធិ៍សាត់ ដោយបច្ចុប្បន្នគម្រោងនេះ បានកំពុងសាងសង់ និងរៀបចំឧបករណ៍នៃការផ្គុំ តម្លើង ដោយប្រព្រឹត្តទៅដោយរលូន តាមផែនការដែលបានគ្រោងទុក នឹងឈានទៅបើកដាក់ឲ្យដំណើរការ​ជាផ្លូវការ នៅក្នុងខែ មេសា ឆ្នាំ ២០២២ ខាងមុខនេះ។លោក ងន សាំង បន្តថា ជុំវិញកិច្ចដំណើរនេះ ចំពោះផ្នែកធនធានមនុស្ស គិតមកដល់ពេលនេះ​ក្រុមហ៊ុន​បាន​ជ្រើសរើស​បុគ្គិលជំនាញ, បុគ្គលិក​ និងកម្មករបម្រើការងារទូទៅ ដោយបាន​បណ្តុះ​បណ្តាល​ជំនាញជូនពួគគាត់ស្ទើរចប់ ១០០%។ ក្រុមហ៊ុន​នឹង​ដំឡើង​រថយន្តពីរម៉ូដែល នៅក្នុងផែនការដំឡើង​ចំនួន ៤ ៥០០ គ្រឿង ដើម្បីឆ្លើយតប​ទៅ​នឹងតម្រូវការប្រើប្រាស់ក្នុងស្រុក ។ លោក បានលើកឡើងបន្តថា ជុំវិញការផ្គុំ និងដំឡើង​រថយន្ត កម្ពុជានឹងទទួលបាន​អត្ថប្រយោជន៍​ជាច្រើនដូចជា៖ លំហូរនៃបច្ចេកវិទ្យាថ្មីៗចូលមកកម្ពុជាសម្រាប់បម្រើការងារទីផ្សារក្នុង ស្រុក ការស្រូបយកវិនិយោគិនថ្មីៗបន្ថែម។ ជាក់ស្តែងមកដល់ពេលនេះ មានក្រុមហ៊ុនផ្សេងៗជាច្រើន មកទំនាក់ទំនងក្នុងការបង្កើតរោងចក្រសម្រាប់ផ្គត់ផ្គង់សម្ភារៈផ្សេងៗ ទៅឲ្យក្រុមហ៊ុន FORD សម្រាប់ការផ្គុំ និងដំឡើង និងសម្រាប់ទីផ្សារនាំចេញរបស់ក្រុមហ៊ុនទាំង នោះផងដែរ។ សូមបញ្ជាក់ថា៖ ជុំវិញការប្រើប្រាស់យានយន្តនៅកម្ពុជា បើតាមរបាយការណ៍ក្រសួងសាធារណការ និងដឹកជញ្ជូនបង្ហាញឲ្យដឹងថាកំណើនរថយន្ត ​និងទោចក្រយានយន្ត ដែលចរាចរណ៍នៅ​តាមដងផ្លូវ​នាពេលបច្ចុប្បន្ន ធៀបនឹងឆ្នាំ១៩៩៨ ចំនួនរថយន្ត មានការកើនឡើងប្រមាណពី ៦,៥ ម៉ឺនគ្រឿង រហូតដល់ ៩២ ម៉ឺនគ្រឿង ចំណែកចំនួនទោចក្រយានយន្តវិញ កើនឡើងប្រមាណពី ២០ ម៉ឺនគ្រឿង រហូតដល់ ៥,២ លានគ្រឿង៕ អត្ថបទ៖ សុន រ៉ាឌី

ក្រុមហ៊ុនកសិកម្មនៅខេត្តក្រចេះ ត្រូវការកម្លាំងពលកម្ម២ម៉ឺននាក់ សម្រាប់​វេចខ្ចប់​ទំនិញ​នាំ​ចេញ​ទៅ​ចិន

2022/01/27 08:20:55 pm        517
ក្រចេះ៖ ឯកឧត្តមបណ្ឌិត អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ កាលពីកន្លងទៅនេះ បានដឹកនាំគណៈប្រតិភូ អញ្ជើញចុះទស្សនកិច្ចពីដំណើរការខ្សែច្រវ៉ាក់ប្រមូលផល និងវេចខ្ចប់នាំចេញ, ចុះសួរសុខទុក្ខកម្មករ និងជំរុញការអនុវត្តគោលនយោបាយជាតិស្តីពីមុខរបរ និងការងារ នៅក្រុមហ៊ុន ថាហ្រ្គីកូ (THAGRICO) នៅខេត្តក្រចេះ។ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ កាលពីរាត្រីទី២៦ មករា ឆ្នាំ២០២២កន្លងទៅ បានឲ្យដឹងថា ក្រុមហ៊ុន ថាហ្រ្គីកូ ជាក្រុមហ៊ុនកសិកម្មដ៏ធំមួយវិនិយោគដោយជនជាតិវៀតណាម មានទីតាំងស្ថិតនៅស្រុកស្នួល ខេត្តក្រចេះ ហើយបច្ចុប្បន្ននេះ ក្រុមហ៊ុនកំពុងប្រឈមនឹងកង្វះខាត​កម្លាំងពលកម្មចំនួនប្រមាណ ២ម៉ឺននាក់ ដើម្បីដំណើរការអាជីវកម្មផលិតកម្ម និងការវេចខ្ចប់​ផលិតផល​នាំចេញទៅលក់នៅប្រទេសចិន។តាមការលើកឡើងរបស់តំណាងក្រុមហ៊ុន បានឲ្យដឹងថា ក្រុមហ៊ុនចាប់ផ្ដើមដំណើរការនៅ​ក្នុង​ឆ្នាំ២០១៩។ ផលិតផលកសិកម្មរបស់ក្រុមហ៊ុន រួមមាន៖ ចេក ស្វាយ ខ្នុរ។ ផលិតផលទាំងនេះត្រូវ​បាននាំចេញទៅកាន់ទីផ្សារប្រទេសចិនជាចម្បង។ នៅឆ្នាំ២០២១ ក្រុមហ៊ុន​បាននាំចេញផ្លែឈើ​គ្រប់ប្រភេទចំនួន២០ម៉ឺន ៨ពាន់តោន និងនាំចេញចំនួន ១ម៉ឺនកុងតឺន័រ។ចំពោះប្រាក់ចំណូលរបស់កម្មករវិញទទួលបានចាប់ពី ២៤០ ដល់ ៣០០ដុល្លារ ក្នុងមួយខែ។ជាការឆ្លើយតបសំណើរខាងលើនេះ ឯកឧត្តមបណ្ឌិត អ៊ិត សំហេង បានផ្តល់ណែនាំដល់មន្ទីរការងារ​ខេត្តក្រចេះ ​និងមន្ទីរការងារមួយចំនួនទៀតនៅក្បែរគ្នា ជួយផ្សព្វផ្សាយជ្រើសរើសកម្លាំង​ពលកម្មឲ្យបានគ្រប់តាមតម្រូវការ ក្នុងន័យនេះ ឯកឧត្តមរដ្ឋមន្ត្រី បានស្នើទៅខាងក្រុមហ៊ុនវិញ សូមជួយបណ្តុះបណ្តាល​សមត្ថភាពបន្ថែមដល់កម្មករ ​តាមរយៈធ្វើការបណ្តើរនិងរៀនបណ្តើរ។ មួយវិញទៀតសម្រាប់កម្លាំងពលកម្មជំនាញបរទេស ដែលមានកូតាលើសពី ១០ភាគរយ ក្រុមហ៊ុន​ត្រូវដាក់​សំណើសុំមកក្រសួង ​ដោយបញ្ជាក់ឱ្យបានលម្អិតនូវជំនាញ ឯកទេស វិជ្ជាជីវៈជនបរទេស ដែលមានតម្រូវការ និងមូលហេតុដែលបណ្ដាលឱ្យមាន​តម្រូវ​ការ​ប្រើប្រាស់​ហត្ថពលកម្មបរទេស​លើចំនួន ១០%នេះ។ ទន្ទឹមនេះ ឯកឧត្តម បានឲ្យក្រុមហ៊ុន​អនុវត្តទៅតាម​លក្ខខណ្ឌ​ការងារ ​និងច្បាប់ស្តីពីការងារ​របស់កម្ពុជា​ឲ្យបានល្អប្រសើរ​ ដើម្បីកាត់បន្ថយបាននូវជម្លោះការងារ ឈានទៅរក​សុខដុមនីយកម្ម​ទំនាក់ទំនង​វិជ្ជាជីវៈរវាងកម្មករ និងក្រុមហ៊ុន។ នៅក្នុងឱកាសនេះ ឯកឧត្តមរដ្ឋមន្រ្តីបានវាយតម្លៃខ្ពស់ចំពោះការវិនិយោគរបស់​ក្រុមហ៊ុនមួយនេះ​នៅក្នុងប្រទេសកម្ពុជា ​ជាពិសេសក្នុងតំបន់អភិវឌ្ឍន៍ត្រីកោណ (កម្ពុជា វៀតណាម ឡាវ) ដែលកាល​ពីអតីតកាល ​តំបន់នេះជាតំបន់សង្រ្គាមបង្ហូរឈាមមួយ លុះមកដល់បច្ចុប្បន្ននេះបានប្រែក្លាយ​ជា​តំបន់សន្តិភាព ដែលបានផ្តល់កម្លាំងពលកម្មដល់ប្រជាជននៅក្នុងខេត្តឲ្យមានការងារធ្វើ និង​អាចដោះស្រាយ​នូវជីវភាពបានប្រសើរមួយកម្រិត៕អត្ថបទ៖ ឈិត បូរ៉ាវី 

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

នគរបាលនឹងចាប់អនុវត្តវិធានការច្បាប់ជាថ្មីលើរថយន្តធុនធំ និងការដឹកសំពីងសំពោង នៅដើមសប្តាហ៍ក្រោយ
08/15/2026 03:08 PM
ពលរដ្ឋជប៉ុនអះអាងថា ព្យុះភ្លៀងជាប់កំណត់ត្រាលែងជារឿងធម្មតាទៀតហើយ
08/15/2026 03:08 PM
ក្រុមភ្នាក់ងារពន្លត់អគ្គិភ័យ ធ្វើការពេញមួយយប់ ដើម្បីទប់ស្កាត់ភ្លើងឆេះព្រៃនៅទីក្រុង Comoប្រទេសអ៊ីតាលី
08/15/2026 03:08 PM
តុលាការកំពូលកម្ពុជា វៀតណាម ឡាវ ប្តេជ្ញាពង្រឹងសន្តិសុខតាមព្រំដែន និងទប់ស្កាត់បង្ក្រាប Online Scams
08/15/2026 03:08 PM
ប្រធានតុលាការកំពូលវៀតណាមវាយតម្លៃខ្ពស់ចំពោះការបង្កើតច្បាប់យ៉ាងខ្លាំងក្លារបស់កម្ពុជា ប្រយុទ្ធប្រឆាំងបទល្មើសឧក្រិដ្ឋកម្មឆ្លងព្រំដែន
08/15/2026 02:08 PM
ទឹកទន្លេ Danube ស្រកទាបជាប់កំណត់ត្រា ធ្វើឲ្យឃើញបាតទន្លេ និងនាវាជាប់កឿង
08/15/2026 02:08 PM
ចំនួនអ្នកស្លាប់កើនឡើងដោយភ្លៀងធ្លាក់ខ្លាំងនៅខេត្ត Chiba ប្រទេសជប៉ុន ខណៈបណ្តាលឱ្យលំនៅឋានច្រើនខ្នងលិចទឹក
08/15/2026 02:08 PM
រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម លើកទឹកចិត្តវិស័យឯកជនបង្កើនផលិតភាព និងមានភាពអនុលោម ដើម្បីការប្រកួតប្រជែង
08/15/2026 02:08 PM
លីបង់ ជំរុញឱ្យមានកាលបរិច្ឆេទសម្រាប់ការដកទ័ពរបស់អ៊ីស្រាអែល ខណៈក្រុមហេសបូឡា រិះគន់កិច្ចព្រមព្រៀង
08/15/2026 02:08 PM
WHO ៖ ការវាយប្រហារប្រហែល ៤លើក លើប្រព័ន្ធថែទាំសុខភាពក្នុង ១ថ្ងៃនៅតំបន់ជម្លោះ អំឡុងឆ្នាំ ២០២៦
08/15/2026 01:08 PM