ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបើកកិច្ចប្រជុំពិនិត្យវឌ្ឍនភាពការអនុវត្កគម្រោងវិនិយោគតាមបណ្តាកោះ-ឆ្នេរ និងរមណីយដ្ឋាននានានៅព្រះសីហនុ
កម្ពុជាទទួលបានការវិនិយោគចំនួន ១២គម្រោង មានទុនសរុបប្រមាណ ១២៨ លានដុល្លារ
កម្ពុជាស្នើបង្កើតគំនិតផ្តួចផ្តើមច្រករបៀងនវានុវត្តន៍ ដើម្បីកសាងអនាគតបច្ចេកវិទ្យារួមគ្នា
កម្ពុជានាំចេញជ័រកៅស៊ូក្នុងរយៈពេល៥ខែ មានទំហំទឹកប្រាក់ជាង ៧៥៤លានដុល្លារអាមេរិក

សេដ្ឋកិច្ច និង កសិកម្ម

ឆ្នាំ២០២៤ CDCបានអនុម័តគម្រោងវិនិយោគចំនួន៤១៤គម្រោង មានទឹកប្រាក់ជិត ៧០០០លានដុល្លារ

2024/12/24 09:43:18 am        230
ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ដែលហៅកាត់ថា CDC នៅក្នុងឆ្នាំ២០២៤នេះ បាន​អនុម័ត​គម្រោង​វិនិយោគបានចំនួន៤១៤គម្រោង ដោយមានទំហំទុនវិនិយោគជិត៧០០០លានដុល្លារអាមេរិក ដោយ​បានបង្កើត ការងាររហូតដល់៣៣ម៉ឺនកន្លែង។យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ស្តីពីលទ្ធផលកិច្ចប្រជុំផ្លូវការ លើកទី១ របស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ដែលដឹកនាំកិច្ចប្រជុំដោយសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា កាលពីថ្ងៃសុក្រ ទី២០ ខែធ្នូ កន្លងទៅនេះបានបញ្ជាក់ឲ្យដឹងថា ធៀប​នឹង​ឆ្នាំ២០២៣​ នៅក្នុងឆ្នាំ២០២៤នេះ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបានអនុម័តគម្រោងវិនិយោគចំនួន៤១៤គម្រោង កើនឡើង ១៤៦​គម្រោង​ស្មើ​និង​៥៤ភាគរយ ដោយមានទំហំទុនវិនិយោគ៦៧០០លានដុល្លារអាមេរិក កើន​ឡើង​១៩៧៣លានដុល្លារអាមេរិក ស្មើ៤០ភាគរយ ដែល​អាច​បង្កើត​ការងារ​សរុប​ប្រមាណ​៣៣​ម៉ឺន​កន្លែង ក្នុងនោះ គម្រោងវិនិយោគ​លើ​វិស័យ​ឧស្សាហកម្ម​មា​ន​អត្រា​ខ្ពស់​ជាង​​គេ​រហូត​ដល់​៦៩​ភាគរយ​។ដោយឡែកចំពោះការងារកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ ដោយមានទំនុកចិត្តពីសហគមន៍អន្តរ ជាតិ​លើ​ភាពជាម្ចាស់របស់រាជរដ្ឋាភិបាលកម្ពជា ក្នុងឆ្នាំ២០២៤ ប្រហាក់ប្រហែលឆ្នាំ២០២៣ ដោយ​កម្ពុជាទទួលបានហិរញ្ញប្បទានសហប្រតិបត្តិការប្រមាណ២១០០លានដុល្លារអាមេរិក ក្នុង​នោះ​៤០​ភាគរយជា ហិរញ្ញប្បទានឥតសំណង(កម្ចីអត់ការប្រាក់) និង៦០ភាគ​រយ​ជា​ឥនទាន​សម្បទាន​(ជំនួយឥតសំណង)។បើតាមសេចក្តីប្រកាសព័ត៌មានរបស់CDC បានបញ្ជាក់បន្ថែមទៀតថា ភាគច្រើននៃហិរញ្ញប្បទាន ត្រូវ​បាន​ប្រើប្រាស់ក្នុងវិស័យហេដ្ឋារចនាសម្ព័ន្ធ ប្រមាណ២២ភាគរយ និងវិស័យសេដ្ឋកិច្ច និង​សង្គមកិច្ច ប្រមាណ២៥ភាគរយ។បើតាមសេចក្តីប្រកាសព័ត៌មាន ស្តីពីលទ្ធផលនៃកិច្ចប្រជុំខាងលើនេះ ក៏​បាន​លើក​ឡើង​អំពី​អនុសាសន៍​ណែនាំរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជាផងដែរ ដើម្បី​ឆ្លើយ​តប​បញ្ហា​ប្រឈមនានា ដោយ​សម្តេច​បាន​ណែនាំ​ឲ្យ​CDC​បន្ត​អនុវត្ត​យន្ត​ការ​ពិគ្រោះ​យោបល់​ជាមួយ​សហភាគី រួមមាន ជប៉ុន កូរ៉េ អាមេរិក សហគមន៍អឺរ៉ុប ឲ្យបានពីរដងក្នុងមួយឆ្នាំ បន្ថែម​លើ​យន្ត​ការវេទិការាជរដ្ឋាភិ បាល ផ្នែកឯកជន ដែលដឹកនាំដោយសម្តេចធិបតី រៀងរាល់​មួយ​ឆ្នំា​មួយ​ដង​នោះ។សម្តេចក៏បានណែនាំឲ្យមានការពង្រឹងការលើកកម្ពស់នូវធនធានមនុស្សសម្រាប់ការផ្តល់សេវាជូន វិនិយោគិនប្រកបដោយគុណភាព ប្រសិទ្ធភាព និងស័ក្តិសិទ្ធភាព ដោយហេតុថា ធនធាន​មនុស្ស​របស់​ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា មិនត្រឹមតែជះឥទ្ធិពលកម្រិតអន្តរក្រសួង ស្ថាប័នប៉ុណ្ណោះទេ ប៉ុន្តែ​ការលើកកម្ពស់ ធនធានមនុស្សនេះ នឹងផ្តល់លទ្ធផល​ជាវិជ្ជមាន​ដល់​បងប្អូន​ប្រជាពលរដ្ឋ​កម្ពុជា​រាប់​លាននាក់ តាមរយៈការ ទាក់ទាញវិនិយោគ បង្កើតការងារ និងបង្កើនផល​ចំណូល​សម្រាប់​គ្រប់​អង្គភាពពាក់ព័ន្ធផងដែរ។ សម្តេចធិបតី នាយករដ្ឋមន្រ្តី​ក៏​បាន​ផ្តល់​អនុសាសន៍​ណែនាំ​ជា​ច្រើន​ទៀតផងដែរ ដើម្បីធ្វើយ៉ាងណាទាក់ទាញអ្នក វិនិយោគិនអន្តរជាតិ​ឲ្យ​មក​ដាក់​ទុន​នៅ​កម្ពុជា​ឲ្យ​កាន់តែច្រើនបន្ថែមទៀត ដោយក្នុងនោះសម្តេចបានជំរុញ ឲ្យអនុវត្តនូវ​គោល​ការណ៍​«រក្សាចាស់ បង្កើនថ្មី»ដើម្បីចូលរួមបង្កើតការងារជូនបងប្អូនប្រជាពលរដ្ឋ ជំរុញ សេដ្ឋកិច្ច​ប្រកប​ដោយ​ចីរភាព និងសម្រេចឲ្យបានកម្ពុជាក្លាយជាប្រទេសមានចំណូលខ្ពស់ត្រឹមឆ្នាំ២០៥០ នា​ពេល​ខាង​មុខនេះផងដែរ៕ អត្ថបទ៖ បាន ចក់

គ.ស.រ.ជ. បើកកិច្ចប្រជុំលើយន្តការ G-PSF ដើម្បីធ្វើឱ្យប្រសើរឡើងនូវបរិយាកាសធុរកិច្ច និងវិនិយោគ

2024/12/23 02:47:46 pm        90
គណៈកម្មាធិការសម្របសម្រួលការងារយន្តការវេទិការបស់រាជរដ្ឋាភិបាល-ផ្នែកឯកជន បើកកិច្ចប្រជុំលើយន្តការវេទិកាវិស័យរដ្ឋ-ឯកជន ក្នុងការរួមចំណែកធ្វើឱ្យកាន់តែប្រសើរឡើងនូវបរិយាកាសធុរកិច្ច និងវិនិយោគនៅកម្ពុជា, វិធានការកែទម្រង់មុតស្រួចជាកញ្ចប់ សំខាន់ៗ ដែលបានដាក់ចេញក្នុងវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជនលើកទី១៩។ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្រ្តី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ក.អ.ក. និងជាប្រធានគណៈ កម្មាធិការសម្របសម្រួលការងារ សម្រាប់យន្តការវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន គ.ស.រ.ជ នៅចុងសប្តាហ៍កន្លងមកនេះ បាន អញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ ដឹកនាំកិច្ចប្រជុំ គ.ស.រ.ជ. ក្នុងគោលបំណងសំខាន់ៗរួមមាន៖ ពិនិត្យលើវឌ្ឍនភាពការងាររបស់ ក.អ.ក. ពាក់ព័ន្ធនឹងយន្តការវេទិការដ្ឋ-ផ្នែកឯកជន G-PSF, កិច្ចពិភាក្សាលើវឌ្ឍនភាពការងារ បញ្ហាប្រឈម និងសំណូមពរ ក្នុងការ បង្កើនប្រសិទ្ធភាពនៃកិច្ចសន្ទនារវាងក្រុមការងារផ្នែករាជរដ្ឋាភិបាល និងផ្នែកឯកជនតាមវិស័យទាំង១៦, និងពិនិត្យ និងពិភាក្សាលើ ការត្រៀមរៀបចំរបាយការណ៍វឌ្ឍនភាព នៃការអនុវត្តវិធានការដែលបានដាក់ចេញក្នុងវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន ប្រចាំឆមាស ទី២ ឆ្នាំ២០២៤។ក្នុងកិច្ចប្រជុំនេះ, ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានជម្រាបជូនអង្គប្រជុំនូវចំណុចសំខាន់ៗមួយចំនួនរួមមាន៖ របៀបវារៈ និងគោលបំណងនៃកិច្ចប្រជុំ, សារៈសំខាន់នៃយន្តការ G-PSF ក្នុងការរួមចំណែកធ្វើឱ្យកាន់តែប្រសើរឡើងនូវបរិយាកាស ធុរកិច្ច និងវិនិយោគនៅកម្ពុជា, វិធានការកែទម្រង់មុតស្រួចជាកញ្ចប់សំខាន់ៗ ដែលបានដាក់ចេញក្នុងវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន លើកទី១៩, សាវតារនៃការបង្កើត ការពង្រឹង និងពង្រីកតួនាទីភារកិច្ច ក៏ដូចជាវិសាលភាពការងាររបស់ គ.ស.រ.ជ. និងការពង្រីក វិសាលភាពជាបន្តបន្ទាប់ របស់ក្រុមការងារតាមវិស័យនៃយន្តការ G-PSF ក៏ដូចជាវឌ្ឍនភាពការងារសំខាន់ៗដែលសម្រេចបានក្នុង យន្តការ G-PSF នាពេលកន្លងមក។ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានលើកអំពីស្ថានភាពវិនិយោគនៅកម្ពុជា ដែលកំពុងមានកំណើនគួរឱ្យកត់សម្គាល់ ក្នុងឆ្នាំ ២០២៤ កាលានុវត្តភាព ក៏ដូចជានិន្ននាការនៃកំណើនសម្រាប់ឆ្នាំបន្តបន្ទាប់ខាងមុខ, វឌ្ឍនភាពនៃការងាររៀបចំ និងដាក់ឱ្យប្រើប្រាស់ ជាផ្លូវការនូវប្រព័ន្ធចុះបញ្ជីគម្រោងវិនិយោគតាម Online (cdcIPM), យន្តការជំរុញ និងទាក់ទាញវិនិយោគពីបរទេស, ការផ្ដល់កិច្ច សម្រួល និងសេវាថែទាំវិនិយោគ ព្រមទាំងយន្តការនៃកិច្ចសន្ទនាទ្វេភាគីរវាងរដ្ឋាភិបាល តំណាងដោយ ក.អ.ក. ជាមួយនឹងផ្នែកឯកជន តាមរយៈកិច្ចប្រជុំគណៈកម្មាធិការចម្រុះនានាកន្លងមកផងដែរ។ចំណែកតំណាងសភាពាណិជ្ជកម្មកម្ពុជា ឯកឧត្តម យុន ហេង អគ្គលេខាធិការរង គណៈកម្មាធិការវិនិយោគកម្ពុជា និងលោក សេង ស៊ុនលី ប្រធានស្តីទីនាយកដ្ឋានវិភាគយុទ្ធសាស្រ្តនៃការវិនិយោគឯកជន ក៏បានធ្វើបទបង្ហាញសង្ខេបស្ដីពីកិច្ចការងារសំខាន់ៗ ចំនួន២រួមមាន៖ ១)-វឌ្ឍនភាពការងាររបស់ ក.អ.ក. ពាក់ព័ន្ធនឹងយន្តការ G-PSF និង២)-ការត្រៀមរៀបចំរបាយការណ៍ វឌ្ឍនភាព ការអនុវត្តវិធានការនៃយន្តការ G-PSF ប្រចាំឆមាសទី២ ឆ្នាំ២០២៤។ បន្ទាប់ពីបទបង្ហាញខាងលើនេះ ក៏បានចាប់ផ្តើមវេទិកាសម្រាប់ កិច្ចពិភាក្សា ដើម្បីអនុញ្ញាតឱ្យសមាជិកអង្គប្រជុំអាចមានឱកាសលើកឡើងនូវបញ្ហាប្រឈម និងសំណូមពរសំខាន់ៗចំពោះមុខ ដើម្បីជំរុញ និងគាំទ្រដល់ដំណើរការនៃការធ្វើឱ្យកាន់តែប្រសើរឡើងនូវយន្តការ G-PSF នេះផងដែរ។ ក្នុងកិច្ចពិភាក្សាខាងលើ តំណាង សភាពាណិជ្ជកម្មកម្ពុជា ក៏បានលើកឡើងអំពីការកត់សម្គាល់បញ្ហាប្រឈមចម្បងៗ និងសំណូមពរសំខាន់ៗមួយចំនួន របស់វិស័យ ឯកជន ពាក់ព័ន្ធទៅនឹងការអនុវត្តការងារក្នុងយន្តការ G-PSF កន្លងមក ក៏ដូចជាការកំណត់នូវរបបនៃកិច្ចប្រជុំរវាងក្រុមការងារផ្នែក ឯកជន និងផ្នែករាជរដ្ឋាភិបាលតាមវិស័យទាំង១៦ ផងដែរ៕ អត្ថបទ៖ សុន រ៉ាឌី 

ធនាគារ ARDB ផ្តល់ហិរញ្ញប្បទានចំនួន ១០០លានដុល្លារ សម្រាប់គម្រោង​ឥណទាន​បៃតង​នៅកម្ពុជា

2024/12/23 02:40:43 pm        110
ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម កំពុងសហការជាមួយមូលនិធិអាកាសធាតុបៃតង និង​ដៃគូ​អភិវឌ្ឍន៍​ដទៃទៀត ក្នុងគម្រោង ផ្តល់ឥណទានបៃតង មានទំហំវិនិយោគចំនួន ១០០ លានដុល្លារ សម្រាប់​លើកកម្ពស់ភាពធន់នឹងការប្រែប្រួលអាកាសធាតុ និងគាំទ្រ ដល់វិស័យ​អាទិភាព​របស់​រាជរដ្ឋាភិបាលកម្ពុជាផងដែរ។ឯកឧត្តម ចាន់ សីហា អគ្គនាយករង នៃធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម ARDB ថ្លែង​ក្នុង​កម្ម​វិធី​ប្រជុំ​ប្រចាំឆ្នាំ របស់បុគ្គលិកក្រោមប្រធានបទ “តួនាទីគ្រឹះស្ថានហិរញ្ញវត្ថុ​ក្នុង​ការ​លើក​កម្ពស់​ហិរញ្ញប្ប​ទាន​បៃតង" នៅខេត្តសៀមរាប ថ្ងៃទី ២១ ខែ ធ្នូ ឆ្នាំ ២០២៤ នេះថា បញ្ហាបៃតង, ពិភព​លោក​បាននិងកំពុងយកចិត្តទុកដាក់យ៉ាងខ្លាំងដូចជា៖ ការប្រែប្រួលអាកាសធាតុ, ការបំផ្លាញ បរិស្ថាន ការថយចុះធនធាន ការបាត់បង់ជីវចម្រុះជាដើម ដែលបញ្ហា​នេះ​ទាមទារឱ្យ​មាន​ការ​ចូលរួម​ពីគ្រប់វិស័យក្នុងការរួមគ្នាថែរក្សា ការពារ និងស្វែងរកវិធានការដោះស្រាយ។ ការណ៍នេះ បាន​ជំរុញឱ្យស្ថាប័នជំនាញ និងស្ថាប័នពាក់ព័ន្ធបានចូលរួមយ៉ាងសកម្ម ក្នុងការ បំពេញ​តួនាទី​របស់​ខ្លួន ដើម្បីដោះស្រាយតាមគ្រប់មធ្យោបាយដែលអាចធ្វើទៅបាន ។ ដោយឡែក​ស្ថាប័ន​ហិរញ្ញ​វត្ថុ​ដែល​រួមមាន ធនាគារ និងគ្រឹះស្ថានហិរញ្ញវត្ថុជាដើម បានចូលរួម​តាម​រយៈ​ការ​ផ្តល់​ហិរញ្ញប្ប​ទាន​បៃតង ដើម្បីឆ្លើយតបនឹងបញ្ហានេះ។ចំណែកនៅកម្ពុជា ការផ្តល់ហិរញ្ញប្បទានបៃតងគឺស្ថិតក្នុងដំណាក់កាលដំបូង ប៉ុន្តែមាន​ការ​ចាប់​អារម្មណ៍ កាន់តែខ្លាំងឡើង ចំពោះគម្រោងដែលលើកកម្ពស់វិស័យកសិកម្មប្រកបដោយនិរន្តរភាព ថាមពលកកើតឡើងវិញ និងភាពធន់នឹងអាកាសធាតុ។ ជាក់ ស្ដែងធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានរាយការណ៍ថា ប្រទេសកម្ពុជា​គឺ​ជាប្រទេស​មួយ​ក្នុង​ចំណោម​ប្រទេស​សមាជិក​អាស៊ាន​ដំបូងគេ ដែលបានបញ្ចប់ផែនការរបស់ខ្លួន​ក្នុង​ការ​សម្រេច​បាន​នូវ​អព្យាក្រឹត​ភាព​កាបូន​នៅ​ឆ្នាំ២០៥០។ ចំណែកឆ្នាំ ២០២៤ របស់ធនាគារ ស្តីពីអាកាស​ធាតុ​នៅ​ក្នុង​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក បញ្ជាក់ថា ប្រទេសកម្ពុជាបានបង្កើតផែនការដ៏ទូលំទូលាយ និងច្បាស់លាស់ ដែល​ផ្តោត លើវិស័យសំខាន់ៗចំនួនមួយចំនួន។ ទាំងនេះ​រួ​ម​បញ្ចូល​វិធានការ​សម្រាប់​វិសាល​ភាព​បំភាយ​ឧស្ម័នទាំងអស់ ដែលគ្របដណ្តប់ដោយ គោលដៅ, ការកាត់បន្ថយ​ការ​បំភាយ​ឧស្ម័ន​ជាដើម ។ដើម្បីឆ្លើយ​តប​ទៅនឹងបញ្ហាប្រឈមខាងលើ រាជរដ្ឋាភិបាលកម្ពុជា បានចាប់ផ្តើម​បង្កើត​គោល​នយោបាយ និងក្របខណ្ឌគាំទ្រ ហិរញ្ញប្បទានបៃតង ដែលជាផ្នែក​មួយ​នៃ​ការ​ប្ដេជ្ញា​ចិត្ត​ទូលំ​ទូលាយ​របស់ខ្លួន ចំពោះការអភិវឌ្ឍន៍ប្រកបដោយចីរភាព និងភាពធន់នឹង អាកាសធាតុ ក្នុង​នោះធនាគារ ARDB នៅឆ្នាំ២០២២ បានចូលរួមកាត់បន្ថយផលប៉ះពាល់ដល់បរិស្ថាន, បង្កើន​ភាពធន់ទៅនឹងការ ប្រែប្រួលអាកាសធាតុ, និងជំរុញការចាប់យកបច្ចេកវិទ្យាថ្មីៗ ដែល​អាច​ធ្វើ​ឱ្យ​វិស័យ​កសិកម្មអាចសម្របខ្លួនបានទៅនឹងការប្រែប្រួល អាកាសធាតុ តាមរយៈការផ្ដល់ទុនបង្វិល និង​ការគាំទ្រដល់ការវិនិយោគក្នុងខ្សែច្រវាក់តម្លៃកសិកម្ម។ ឯកឧត្តម បញ្ចាក់ថា ជាលទ្ធផល ធនាគារ ARDB មានសំពៀតឥណទានសរុបចំនួនប្រមាណ ៤៧៦ លានដុល្លារអាមេរិក ក្នុងនោះបើគិតត្រឹមខែ វិច្ឆិកា ឆ្នាំ២០២៤ សំពៀត​ឥណទាន​បៃតងសរុប ២០ លានដុល្លារអាមេរិក បានគាំទ្រដល់វិស័យស្រូវអង្គ, បន្លែ សុវត្ថិភាព, ប្រព័ន្ធ​ស្រោច​ស្រព និងផ្ទុះសំណាញ់ ។ ជាមួយគ្នានេះ ធនាគា ARDB ក៏បាននិងកំពុង​សហការ​ជាមួយ​មូល​និធិ​អាកាស ធាតុបៃតង និងដៃគូអភិវឌ្ឍន៍ដទៃទៀត ដើម្បីផ្តល់ឥណទានបៃតង ក្រោម​គម្រោង​ហិរញ្ញប្បទានអាកាសធាតុកម្ពុជា សំដៅជំរុញអន្តរ កាលឆ្ពោះទៅរកសេដ្ឋកិច្ចបៃតង។ ជាក់ស្តែង ARDB កំពុងអនុវត្តគម្រោងហិរញ្ញប្បទានអាកាសធាតុកម្ពុជា ដែលមានទំហំវិនិយោគ ចំនួន ១០០ លានដុល្លារ ជាកម្មវិធីក្រោមក្របខ័ណ្ឌមូលនិធិអាកាសធាតុបៃតង សម្រាប់​បង្កើន​ការ​ផ្តល់​ឥណទាន​បៃតង កាត់បន្ថយការ បំភាយឧស្ម័នផ្ទះកញ្ចក់, និងលើកកម្ពស់ភាពធន់​នឹង​ការ​ប្រែប្រួល​អាកាសធាតុក្នុងប្រទេសកម្ពុជា៕ អត្ថបទ៖ សុន រ៉ាឌី 

ក្រុមហ៊ុនចិនមួយគ្រោងពង្រីកទុន ២ពាន់លានដុល្លារ វិនិយោគលើវិស័យកាត់ដេរ​ក្នុងខេត្តកំពង់ស្ពឺ

2024/12/23 01:46:49 pm        119
អភិបាលខេត្តកំពង់ស្ពឺ ឯកឧត្តម​ ជាម ច័ន្ទសោភ័ណ បានថ្លែងថា អ្នកវិនិយោគិនចិន​គ្រោង​ទំលាក់​ទុន​វិនិយោគ​ប្រមាណ ២០០០លានដុល្លារសហរដ្ឋអាមេរិក ដើម្បីវិនិយោគនៅក្នុងខេត្តកំពង់ស្ពឺ ។ ការលើកឡើងនេះ ក្នុងអំឡុងពេលឯកឧត្តមដឹកនាំប្រតិភូខេត្តចូលរួមទស្សនកិច្ចក្រុមហ៊ុនAgile Sweather (Cambodia) Ci.,Ltd និងក្រុមហ៊ុន Siglo (Cambodia) Co.,Ltd នៅទីស្នាក់ការក្រុមហ៊ុនកណ្តាលទីក្រុង ហុងកុង សាធារណរដ្ឋប្រជាមានិតចិន ដែលមាន​ការ​ចូល​រួមពីអ្នកវិនិយោគិនជាតិនិងអន្តរជាតិជាច្រើនរូប​ ។ឯកឧត្តម​អភិបាល​ខេត្ត​ មានប្រសាសន៍ថា គម្រោងរបស់ក្រុមហ៊ុននៅទីក្រុងហុងកុងនេះ គឺ​វិនិយោគ​ទៅលើវិស័យរោងចក្រកាត់ដេរសម្លៀកបំពាក់ ស្បែកជើង និងរបស់របរធ្វើដំណើរ គ្រឿង​សង្ហារឹមដេគ័រលំនៅដ្ឋានហាងផ្សេងៗ ដែលតម្រូវការកម្លាំងពលកម្មប្រមាណ ៣០ ០០០នាក់​ ។ឯកឧត្តម​បានបន្ថែមថា នៅឆមាសទី១ ក្នុងឆ្នាំ២០២៤នេះ ខេត្តកំពង់ស្ពឺ មានរោងចក្រចំនួន៣០ ត្រូវបានបើកទ្វារដំណើរការ និងមានរោងចក្រជាច្រើនផ្សេងទៀតកំពុងសាងសង់ ហើយបច្ចុប្បន្នខេត្តកំពង់ស្ពឺ មានរោងចក្រប្រមាណ ៤២៣កន្លែង និងមានសហគ្រាសធុនតូច និងមធ្យមប្រមាណជិត ១០០០កន្លែង មានកម្មករ-កម្មការិនីជាង២សែននាក់ កំពុងធ្វើការ ហើយក្នុងចំណោមរោងចក្រទាំងនោះអ្នកវិនិយោគប្រមាណ៩០ភាគរយ ជាជនជាតិចិន​ ។ដោយសារតែកំណើននេះ អភិបាលខេត្តកំពង់ស្ពឺ មានការជឿទុកចិត្ត នៃអ្នកវិនិយោគមកលើថ្នាក់ដឹកនាំរាជរដ្ឋាភិបាលកម្ពុជា ពិសេសការដឹកនាំរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលបានដាក់ចេញនូវយុទ្ធសាស្ត្រគន្លឹះជាច្រើន ដើម្បីបង្កើនប្រសិទ្ធិភាព និងប្រសិទ្ធិផលនៃការដឹកនាំ ពិសេសគឺការផ្តល់ជំនឿទុកចិត្តដល់អ្នកវិនិយោគនិងឱកាសការងារដល់ប្រជាពលរដ្ឋទូទាំងប្រទេស​ ។សូមរំលឹកថា ក្រុមហ៊ុន​ Agile Sweather (Cambodia) Ci.,Ltd និងក្រុមហ៊ុន Siglo (Cambodia) Co.,Ltd បច្ចុប្បន្នក្រុមហ៊ុនមានបុត្រសម្ព័ន្ធ បាននឹងកំពុងតែដំណើរការសាងសង់សួនឧស្សាហ៍កម្មមួយ ស្ថិតនៅទឹកដីខេត្តកំពង់ស្ពឺ ដែលមាន ៦រោងចក្រ សាងសង់រួចរាល់នៅដើមខែមេសា ឆ្នាំ២០២៥ នឹងមានតម្រូវការកម្លាំងពលកម្មប្រមាណ ៥ ០០០នាក់ ។ ក្នុងដំណើទស្សនកិច្ចនេះ ក៏មានក្រុមហ៊ុនចំំនួន ២៥ទៀត កំពុងការចាប់អារម្មណ៍ខ្លាំងត្រៀមខ្លួនមកបើកអាជីវកម្មមុខរបររបស់ខ្លួននៅទឹកដីខេត្តកំពង់ស្ពឺ៕ អត្ថបទ៖​ បាន សុខ​រិទ្ធិ 

តម្លៃប្រាក់រៀលរក្សាបានលំនឹងល្អ នៅក្នុងរយៈពេល ២ ទសវត្សរ៍ចុងក្រោយនេះ

2024/12/20 02:34:20 pm        272
ក្នុងរយៈពេល ២ ទសវត្សរ៍ចុងក្រោយនេះ តម្លៃប្រាក់រៀលរក្សាបានលំនឹងល្អ ដោយមានតម្លៃក្នុងចន្លោះប្រមាណ ៤.០៥០ រៀល ក្នុងមួយដុល្លារ ដោយបានត្រឹមតែអាចទប់ស្កាត់ការប្រើប្រាស់ប្រាក់ដុល្លារមិនឱ្យកើនឡើងប៉ុណ្ណោះ ខណៈការប្រើប្រាស់ប្រាក់ដុល្លារនៅ កម្ពុជាមិនទាន់ថមថយនៅឡើយ។ឯកឧត្តម យឹម លាត ទេសាភិបាលរងធនាគារជាតិនៃកម្ពុជា ថ្លែងក្នុងសិក្ខាសាលាផ្សព្វផ្សាយស្ដីពី “ប្រាក់រៀល ប្រព័ន្ធបាគង និងខេអេចឃ្យូអរ” នៅខេត្តរតនគីរី នៅថ្ងៃទី ២០ ខែ ធ្នូ នេះថា ទាក់ទិនដុល្លារូបនីយកម្ម, ការប្រើប្រាស់ប្រាក់ដុល្លារអាមេរិកនៅកម្ពុជា បានចាក់ឫសយ៉ាងជ្រៅក្នុងជីវភាពរស់នៅប្រចាំថ្ងៃ ចាប់តាំងពីការមកដល់របស់អ៊ុនតាក់ ក្នុងអំឡុងទស្សវត្សរ៍ទី ៩០, អ៊ុនតាក់ បាននាំ មកនូវថវិកាចំនួន ១.៧ ពាន់លានដុល្លារអាមេរិកមកកម្ពុជា ហើយនៅពេលនោះ ជំនឿចិត្តលើប្រាក់រៀលរបស់ប្រជាជនកម្ពុជា ក៏មាន ភាពទន់ខ្សោយនៅឡើយដែរ។ ក៏ប៉ុន្តែក្នុងរយៈពេល ២ ទសវត្សរ៍ចុងក្រោយនេះតម្លៃប្រាក់រៀលរក្សាបានលំនឹងល្អ ហើយតែបានត្រឹមទប់ ស្កាត់ការប្រើប្រាស់ប្រាក់ដុល្លារមិនឱ្យកើនឡើងតទៅទៀតប៉ុណ្ណោះ។ឯកឧត្តម បន្តថា នេះគឺជាមេរៀនប្រវត្តិសាស្រ្ត ដែលបានបង្ហាញថាការបាត់បង់ទំនុកចិត្តលើប្រាក់រៀល ដែលកើតឡើងត្រឹម រយៈពេលដ៏ខ្លី តែការស្តារទំនុកចិត្តឡើងវិញគឺជាការលំបាក ដោយទាមទារនូវពេលវេលា និងការចូលរួមយ៉ាងសកម្មរបស់ក្រសួង-ស្ថាប័ន វិស័យឯកជន និងជាពិសេសប្រជាពលរដ្ឋយើងទាំងអស់គ្នា។ ដើម្បីឱ្យសេដ្ឋកិច្ចកម្ពុជារឹងមាំ, រាជរដ្ឋាភិបាលកម្ពុជាបានដាក់ចេញនូវ គោលនយោបាយជាច្រើន ជាពិសេសចាប់តាំងពីដើមទសវត្សរ៍ឆ្នាំ ២០០០ មក ក្នុងនោះក៏មានគោលនយោបាយលើកកម្ពស់ការប្រើ ប្រាស់ប្រាក់រៀលផងដែរ ស្របពេលដែលស្ថានភាពម៉ាក្រូសេដ្ឋកិច្ចមានលំនឹងល្អប្រសើរ ក្រោយកម្ពុជាទទួលបានសុខសន្តិភាពពេញ លេញនៅចុងឆ្នាំ ១៩៩៨ ក្រោមនយោបាយឈ្នះ-ឈ្នះ របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី នៃព្រះ រាជាណាចក្រកម្ពុជា។សូមបញ្ជាក់ថា លទ្ធផលសិក្សាស្រាវជ្រាវរបស់ធនាគារជាតិនៃកម្ពុជា សហការជាមួយ JICA, កាលពីឆ្នាំ២០១៧ បានបង្ហាញថា ប្រាក់ រៀលបានទទួលការទុកចិត្តនិងការប្រើប្រាស់កាន់តែច្រើន ក្នុងជីវភាពប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ ជាពិសេសនៅតាមតំបន់ជនបទ ដែល ប្រាក់រៀលដើរតួនាទីចម្បង និងទូលំទូលាយទាំងក្នុងសកម្មភាពរកប្រាក់ចំណូល ចំណាយ និងសន្សំ។ ជាក់ស្តែងសម្រាប់ខេត្តរតនគិរី ទិន្នន័យស្រាវជ្រាវបង្ហាញថា ទាក់ទិនប្រាក់រៀលនេះ ជាមធ្យមប្រមាណ ៩១% នៃការចំណាយប្រចាំថ្ងៃរបស់ប្រជាជន ត្រូវបានធ្វើឡើង ជាប្រាក់រៀល។ ចំណែកការចំណាយជាប្រចាំ, ធនាគារជាតិនៃកម្ពុជា សហការជាមួយអង្គការ UNDP ក្នុងឆ្នាំ ២០២៣ បានបង្ហាញ ផងដែរថា កម្មករនិយោជិតរោងចក្រ ដែលរស់នៅតាមបណ្តាខេត្ត ចាយវាយប្រចាំថ្ងៃរហូតដល់ទៅ ៩២% នៃចំណាយសរុបជាប្រាក់ រៀល ជាពិសេសទៅលើការស្នាក់នៅ ថ្លៃទឹកភ្លើង ការធ្វើដំណើរជិតឆ្ងាយ អាហារ សំលៀកបំពាក់ និងថ្នាំសង្កូវ។ ចំណែកឯកម្មករ និយោជិត អ្នកដែលរស់នៅទីក្រុង ចាយវាយជាប្រាក់រៀលរហូតដល់ ៨២% នៃចំណាយសរុប។ ដូចនេះ ប្រសិនទាំងអ្នកលក់ និងអ្នក ទិញប្រើប្រាស់ប្រាក់រៀលតែមួយនោះ គឺនឹងអាចជួយដល់ការលក់ដូរ ឱ្យមានភាពឆាប់រហ័ស ងាយស្រួល និងមិនចាំបាច់ពិបាកគិតគូរ ដល់អត្រាប្តូរប្រាក់នោះទេ៕ អត្ថបទ៖ សុន រ៉ាឌី 

ក្រសួងកសិកម្ម និងអង្គការ FAO គ្រោងរៀបចំកម្មវិធីការអភិវឌ្ឍវិស័យកសិកម្មបន្តទៀតដើម្បីជំរុញការវិនិយោគនៅកម្ពុជា

2024/12/20 12:29:34 pm        144
ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅឆ្នាំ២០២៥ខាងមុខនេះ នឹងបន្តសហការជាមួយអង្គការស្បៀង និងកសិកម្ម (FAO) ដើម្បីប្រារព្ធកម្មវិធីការអភិវឌ្ឍវិស័យកសិកម្មផ្សាភ្ជាប់ការវិនិយោគទៅនឹងពាណិជ្ជកម្ម (CAFE-2025) ដើម្បីជំរុញការវិនិយោគក្នុងវិស័យកសិកម្មកម្ពុជាទៅកាន់ទីផ្សារអន្តរជាតិ និងជំរុញការវិនិយោគលើកសិផលសក្តានុពលរបស់កម្ពុជាប្រកបដោយប្រសិទ្ធភាព និងប្រសិទ្ធផលខ្ពស់។ក្នុងជំនួបការងារជាមួយ លោកស្រី Rebekah Bell នាយិកាអង្គការស្បៀង និងកសិកម្ម នៃអង្គការសហប្រជាជាតិប្រចាំប្រទេសកម្ពុជា ស្តីពីកិច្ចសហប្រតិបត្តិការក្របខ័ណ្ឌកម្មវិធីប្រចាំប្រទេសរយៈពេល ៥ឆ្នាំ កាលពីល្ងាចថ្ងៃទី១៩ ធ្នូ ឆ្នាំ២០២៤កន្លងទៅ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រី ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានសម្តែងនូវការស្វាគមន៍ និងក្តីរីករាយចំពោះកិច្ចសហប្រតិបត្តិការជាមួយអង្គការស្បៀងនិងកសិកម្ម នាពេលបច្ចុប្បន្ន និងបន្តពង្រឹងកិច្ចសហប្រតិបត្តិការជាមួយគ្នាបន្ថែមទៀតនាពេលអនាគត។ ឯកឧត្តមរដ្ឋមន្ដ្រី បានគូសបញ្ជាក់ថា វិស័យកសិកម្មមានសារៈសំខាន់យ៉ាងខ្លាំង ក្នុងការធានាសន្តិសុខស្បៀង លើកកម្ពស់ជីវភាពប្រជាកសិករ មាននិរន្តរភាពសេដ្ឋកិច្ចនិងបរិស្ថាន និងជួយដល់កំណើនសេដ្ឋកិច្ចជាតិ។ទន្ទឹមនឹងនេះ ឯកឧត្តមរដ្ឋមន្ដ្រី ក៏បានលើកឡើងពីកម្មវិធីការអភិវឌ្ឍវិស័យកសិកម្ម ផ្សាភ្ជាប់ការវិនិយោគទៅនឹងពាណិជ្ជកម្ម (CAFE-2025) ដែលបានសហការយ៉ាងជិតស្និតជាមួយអង្គការ FAO ក្នុងការប្រារព្ធក្នុងឆ្នាំ២០២៥ខាងមុខនេះ ដើម្បីជំរុញការវិនិយោគក្នុងវិស័យកសិកម្មកម្ពុជា ទៅកាន់ទីផ្សារអន្តរជាតិ និងជំរុញការវិនិយោគលើកសិផលសក្តានុពលរបស់កម្ពុជាប្រកបដោយប្រសិទ្ធភាព និងប្រសិទ្ធផលខ្ពស់៕

អគ្គនាយកដ្ឋានពន្ធដារបន្តផ្សព្វផ្សាយច្បាប់ស្តីពីពន្ធដារទៅកាន់ក្រុមហ៊ុនឯកជនវិស័យកាត់ដេរ

2024/12/20 11:58:45 am        66
នេះជាលើកទី២ ដែលសមាគមស្បែកជើងកម្ពុជា និងសមាគមផលិតផលធ្វើដំណើរនិងស្បែកជើងនៅកម្ពុជា បានសហការជាមួយអគ្គនាយកដ្ឋានពន្ធដារ រៀបចំសិក្ខាសាលាស្តីពី ពន្ធលើប្រាក់ចំណូល និងការប្រកាសពន្ធលើប្រាក់ចំណូលប្រចាំឆ្នាំតាមប្រព័ន្ធអេឡិចត្រូនិក (ToI E-Filling) ពន្ធប៉ាតង់ និងពន្ធលើផ្ទាំងផ្សព្វផ្សាយ សម្រាប់សមាជិកសមាគម។អ្នកឧកញ៉ា លី ឃុនថៃ ប្រធានសមាគមសហព័ន្ធអ្នកវិនិយោគកម្ពុជា និងជាប្រធានសមាគមស្បែកជើងកម្ពុជា ក្នុងអង្គសិក្ខាសាលា នៅរសៀលថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៤នេះ បានឲ្យដឹងថា សិក្ខាសាលានេះ មានគោលបំណងបញ្រ្ជាបការយល់ដឹងកាន់តែច្បាស់អំពីកាតព្វកិច្ចនានារបស់រោងចក្រ សហគ្រាស រួមមាន៖ ពន្ធលើប្រាក់ចំណូល ការប្រកាសពន្ធលើប្រាក់ចំណូលប្រចាំឆ្នាំតាមប្រព័ន្ធអេឡិចត្រូនិក ពន្ធប៉ាតង់ និងពន្ធលើផ្ទាំងផ្សព្វផ្សាយ សម្រាប់សហគ្រាសដោយអនុលោមតាមច្បាប់ស្តីពីពន្ធដារ និងបទដ្ឋានគតិយុត្តជាធរមាន ដើម្បីជំរុញភាពប្រសើរឡើង និងមានសប្រសិទ្ធិភាពខ្ពស់ ដោយមានសមាជិក សមាជិកានៃសមាគមចូលរួមដោយផ្ទាល់ និងតាមប្រព័ន្ធអនឡាញសរុបប្រមាណ ១២០ក្រុមហ៊ុន។ក្រោយអង្គសិក្ខាសាលានេះ លោកជំទាវ ប៊ុន នារី អគ្គនាយករង នៃអគ្គនាយកដ្ឋានពន្ធដារ បានមានប្រសាសន៍ប្រាប់ព័ត៌មាន ប៊ីធីវី ឲ្យដឹងថា មូលហេតុដែលបន្តកិច្ចសហការជាមួយសមាគមសហព័ន្ធអ្នកវិនិយោគកម្ពុជា ដោយសារជាកាតព្វកិច្ចក្នុងការផ្តល់នូវចំណេះដឹង ជាពិសេសផ្តល់ជាព័ត៌មានទាំងឡាយណាដែលប្រទាក់ក្រឡាការអនុវត្តច្បាប់ស្តីពីសារពើពន្ធជូនទៅដល់អ្នកជាប់ពន្ធ ដើម្បីឲ្យបានយល់ដឹងក្នុងការជួយសម្រួលដល់ការបំពេញកាតព្វកិច្ចរបស់អ្នកជាប់ពន្ធ។ លោកជំទាវ បានបន្តថា ចំពោះការងារនេះ អគ្គនាយកដ្ឋានដារនឹងបន្តធ្វើជាប្រចាំ ហើយក៏មិនមែនតែជាមួយសមាគមវិស័យកាត់ដេរប៉ុណ្ណោះទេ គឺនឹងធ្វើជាមួយអ្នកជាប់ពន្ធគ្រប់វិស័យទាំងអស់ ហើយក៏មិនមែនត្រឹមតែលក្ខណៈរូបវ័ន្តផងដែរ គឺមានតាមប្រព័ន្ធវីដេអូ ឬហៅថា កម្មវិធី E-Learning ជាដើម។ ក្រៅពីនេះ ក៏មានផ្សព្វផ្សាយនៅបណ្តាសាកលវិទ្យាល័យ និងមហាវិទ្យាល័យមួយចំនួនដែរ ដើម្បីបញ្រ្ជាបការយល់ដឹង។ លោកជំទាវអគ្គនាយករង ក៏បានលើកទឹកចិត្តអ្នកជាប់ពន្ធទាំងអស់ថា កុំមានអារម្មណ៍ខ្លាចរដ្ឋបាលសារពើពន្ធ ព្រោះជាមន្រ្តីដែលជាអ្នកផ្តល់សេវា ជាអ្នកដែលអនុវត្តច្បាប់ស្តីពីសារពើពន្ធ និងជាអ្នកផ្តល់សេវាជូនទៅអ្នកជាប់ពន្ធ ដែលអាចមកពិភាក្សាដោយផ្ទាល់ជាមួយមន្រ្តីពន្ធដារបាន ដោយផ្អែកទៅលើច្បាប់នានា ប៉ុន្តែចៀសវាងនូវការផ្តល់ព័ត៌មានមិនល្អទៅដល់ការខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល ជាពិសេសរដ្ឋបាលសារពើពន្ធកន្លងមក ក្នុងការកំណែទម្រង់ស៊ីជម្រៅ ទាំងទិដ្ឋភាពគតិយុត្ត ទាំងទិដ្ឋភាពយន្តការនៃការប្រតិបត្តិទាំងឡាយ៕ អត្ថបទ ឈិត បូរ៉ាវី 

AFD ផ្តល់ហិរញ្ញប្បទានជាង១៩២លានដុល្លារ សម្រាប់ស្ដារស្ទឹងស្វាយចេក និងសាងសង់​រោងចក្រ​បាក់ខែង

2024/12/20 11:47:18 am        179
កម្ពុជានិងទីភ្នាក់ងារបារាំងសម្រាប់ការអភិវឌ្ឍ (AFD) ចុះហត្ថលេខាលើកិច្ចព្រមព្រៀង​ហិរញ្ញប្ប​ទា​ន​សហប្រតិបត្តិការចំនួន ៣ ដែលមានទឹកប្រាក់សរុបចំនួន ១៨៣ លានអឺរ៉ូ ត្រូវជា​ប្រមាណ​ជាង ១៩២ លានដុល្លារអាមេរិក សម្រាប់គម្រោងស្ដារឡើងវិញអាងស្ទឹង ស្វាយចេក និងគម្រោង​សាងសង់​រោងចក្រប្រពឹត្តកម្មទឹកស្អាតបាក់ខែងជំហានទី៣។ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ, ជាភាគីហត្ថលេខី តំណាងរាជរដ្ឋាភិបាលកម្ពុជា រួមជាមួយលោកស្រី Sandrine Boucher នាយិកាទីភ្នាក់ងារបារាំងសម្រាប់ការអភិវឌ្ឍ (AFD), លោក Fabrice Etienne ភារធារីស្ដីទីនៃទូតបារាំងប្រចាំនៅកម្ពុជា, និងលោក Bryan Fornari ប្រធានសហប្រតិបត្តិការ នៃប្រតិភូសហភាព អឺរ៉ុបប្រចាំកម្ពុជា នៅថ្ងៃទី ១៨ ខែ ធ្នូ ឆ្នាំ២០២៤ នេះ, បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងហិរញ្ញប្បទានសហប្រតិបត្តិការចំនួន ៣ ដែលមានទឹកប្រាក់សរុបចំនួន ១៨៣ លានអឺរ៉ូ ត្រូវជាប្រមាណ ១៩២,២ លានដុល្លារអាម៉េរិក ក្នុងនោះមានកិច្ចព្រមព្រៀងឥណទាន សម្បទានចំនួន២ និងកិច្ចព្រមព្រៀងហិរញ្ញប្បទានឥតសំណងចំនួន ១ ។ចំណែកកិច្ចព្រមព្រៀងឥណទានសម្បទាន៖ ទី១, សម្រាប់គម្រោងស្ដារឡើងវិញអាងស្ទឹងស្វាយចេក មានទឹកប្រាក់ឥណទាន ចំនួន ៩១ លានអឺរ៉ូ ត្រូវជាប្រមាណជាង ៩៥ លានដុល្លារអាមេរិក ។ គម្រោងនេះមានគោលបំណងស្តារឡើងវិញស្ទឹងស្វាយចេក ស្តារអាងស្តុកទឹកចំនួន ២៨ កន្លែង, បង្កើនសមត្ថភាពចំនួន ៥ កន្លែង, និងស្តារឡើងវិញនូវប្រព័ន្ធធារាសាស្ត្រចំនួន ៦ កន្លែង ដើម្បី កាត់បន្ថយគ្រោះទឹកជំនន់ រាំងស្ងួត និងធ្វើឲ្យប្រសើឡើងវិញនូវប្រព័ន្ធអេកូឡូស៊ី។ ទី២,គាំទ្រដល់ការអភិវឌ្ឍកសិកម្មប្រកបដោយនិរន្តរ ភាព តាមរយៈការពង្រឹងមន្ត្រីកសិកម្មឃុំ (CAO) និងពង្រឹងសហករណ៍កសិកម្មទំនើប និង៣, ពង្រឹងដល់ការគ្រប់គ្រងធនធានទឹក ចម្រុះ នៃអាងស្ទឹងស្វាយចេក តាមរយៈការបង្កើតគណៈកម្មការគ្រប់គ្រងអាងស្ទឹងស្វាយចេក និងរៀបចំយន្តការតាមដាន វាយតម្លៃ អំពីវិឌ្ឍភាពនៃការអនុវត្តយន្តការគ្រប់គ្រងអាងស្ទឹង ។ចំណែកកិច្ចព្រមព្រៀងឥណទានសម្បទាន សម្រាប់គម្រោងសាងសង់រោងចក្រប្រពឹត្តកម្មទឹកស្អាតបាក់ខែងជំហានទី៣ គឺជា កញ្ចប់ឥណទានទី២ ដែលមានទឹកប្រាក់ចំនួន ៨០ លានអឺរ៉ូ ត្រូវជាប្រមាណ ៨៤ លានដុល្លារអាមេរិក ។ កញ្ចប់ឥណទានទី ២ នេះ មានគោលបំណងធ្វើឱ្យប្រសើរឡើង នូវការផលិតទឹកស្អាតរោងចក្រជ្រោយចង្វារឲ្យបាន១៣ ពាន់ម៉ែត្រគីបក្នុងមួយថ្ងៃ បំពាក់បំពង់មេ នាំទឹក ពង្រីកប្រព័ន្ធចែកចាយទឹកស្អាតចំនួន ៨០០ គីឡូម៉ែត្រ និងសាងសង់ទីស្នាក់ការកណ្ដាលរបស់រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ។ដោយឡែកកិច្ចព្រមព្រៀងហិរញ្ញប្បទានឥតសំណង ចំនួន ១២ លានអឺរ៉ូ ត្រូវជាប្រមាណជាង ១២ លានដុល្លារអាមេរិក ពីសហភាពអឺរ៉ុប តាមរយៈ AFD សម្រាប់គម្រោងសាងសង់រោងចក្រប្រពឹត្តកម្មទឹកស្អាតបាក់ខែង ជំហានទី៣។ ជំនួយបច្ចេកទេសនេះ ផ្តោតទៅលើរួមមាន៖ ការកសាងសមត្ថភាពរបស់ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ តាមរយៈការជួយរៀបចំ ផែនការមេថ្នាក់ជាតិ សម្រាប់វិស័យទឹកស្អាត, ការបង្កើតមជ្ឈមណ្ឌលបណ្តុះបណ្តាលថ្នាក់ជាតិ, គាំទ្រកំណែទម្រង់វិស័យទឹកស្អាត និង ការបណ្តុះបណ្តាលផ្សេងៗ។ ការកសាងសមត្ថភាពរបស់រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ លើការងារគ្រប់គ្រងអចលនទ្រព្យ, ការងារគ្រប់ គ្រងហានិភ័យ, ការរៀបចំផែនការជំនួញ, ការគ្រប់គ្រងទឹកបាត់បង់ និងការតបណ្តាញសម្រាប់ប្រជាពលរដ្ឋចំណូលទាប៕ អត្ថបទ៖ សុន រ៉ាឌី

តម្លៃហាងឆេងមាសនឹងបន្តធ្លាក់ចុះ ស្របពេលប្រាក់ដុល្លារបន្តឡើងថ្លៃ

2024/12/20 11:35:05 am        654
តម្លៃទីផ្សារហាងឆេងមាសជាសកល បន្ទាប់ពីធនាគារកណ្តាលសហរដ្ឋអាមេរិក បាន​កាត់នូវ​អត្រា​ការប្រាក់ដុល្លារ តម្លៃមាស បានធ្លាក់ចុះយ៉ាងខ្លាំង ក្នុងរង្វង់ប្រមាណជាង ៥០ ដុល្លារក្នុងមួយអោន ហើយតម្លៃនេះនឹងអាចស្រុតចុះបន្តបន្ទាប់ទៀត ស្របពេលប្រាក់ ដុល្លាររំពឹងថា និងបន្តឡើងថ្លៃ។ លោក ឈា ឆាយហេង ប្រធានផ្នែកប្រឹក្សាយោបល់ហិរញ្ញវត្ថុ PP Link Securities ថ្លែងលើកឡើងក្នុងកិច្ចសម្ភាសន៍ជាមួយ BTV ស្តីអំពីតម្លៃទីផ្សារហាងឆេងមាសជាសកល ក្នុងពេលបច្ចុប្បន្ននេះថា តម្លៃហាងឆេងមាសមានភាពប្រែប្រួល គឺវាអាស្រ័យទៅលើ ប្រាក់ដុល្លារ ក្នុងនោះប្រសិនប្រាក់ដុល្លារឡើងថ្លៃ ចំណែកទីផ្សារមាសនឹងធ្លាក់ចុះ ជាក់ស្តែងនៅថ្ងៃ ១៨ ខែធ្នូ កន្លងមកនេះ ធនាគារ កណ្តាលសហរដ្ឋអាមេរិក បានប្រកាសកាត់អត្រាការប្រាក់ដុល្លារពី ៤.៧៥ ភាគរយ ទម្លាក់មកនៅត្រឹម ៤.៥០ ភាគរយប៉ុណ្ណោះ ដែលការប្រកាសកាត់អត្រាការប្រាក់នេះ បានធ្វើឱ្យរូបិយវត្ថុដុល្លារបានឡើងថ្លៃ ខណៈដែលតម្លៃហាងឆេងមាសបានធ្លាក់ចុះ។លោក បន្តឱ្យដឹងថា ជុំវិញប្រាក់ដុល្លារនេះ បើយោងតាមធនាគារកណ្តាលសហរដ្ឋអាមេរិក នៅក្នុងឆ្នាំ ២០២៥ ខាងមុខនេះ សហរដ្ឋអាមេរិកមិនមានគម្រោងកាត់អត្រាការប្រាក់បន្តទៀតឡើយ, ដូច្នេះនៅពេលធនាគារកណ្តាលសហរដ្ឋអាមេរិក លែងកាត់អត្រា ការប្រាក់ដុល្លារនោះ, ប្រាក់ដុល្លារនឹងឡើងថ្លៃ ហើយនៅក្នុងពេលតែមួយនេះ តម្លៃមាសនឹងធ្លាក់ចុះ។ ចំណែកតទៅមុខទៀត បើធៀប ប្រាក់ដុល្លារទៅនិងមាស ឃើញថា ប្រាក់ដុល្លារនិងអាចបន្តឡើង ចំណែកតម្លៃហាងឆេងមាសអាចនិងបន្តធ្លាក់ចុះថែមទៀត, នឹងអាច ធ្លាក់ចុះដោយសន្សឹមៗ ទៅតាមចំនួនវិនិយោគិនលក់មាសចេញផងដែរ។ ជាក់ស្តែងនៅចុងឆ្នាំនេះ តម្លៃហាងឆេងមាសនិងធ្លាក់ចុះ ចន្លោះពី ២,៦២០ ដល់ក្នុងរង្វង់ ២,៥៦០ ដុល្លារ ក្នុងមួយអោន។ ប៉ុន្តែ, ប្រសិនពិភពលោកមានភាពតាន់តឹងផ្នែកភូមិសាស្រ្ត, នយោបាយ និងការប៉ះទង្គិចសង្គ្រាមណាមួយ ទីផ្សារមាសនឹងអាចហក់ឡើងថ្លៃវិញជាមិនខាន។លោក ឈា ឆាយហេង លើកឡើងបន្ថែមថា ជុំវិញតម្លៃហាងឆេងមាសឡើងឬចុះ វាគឺជាសារមួយបង្ហាញឱ្យពិភពលោកដឹងថា នៅពេលដែលហាងឆេងមាសកើនឡើងខ្លាំង គឺបង្ហាញថា សេដ្ឋកិច្ចពិភពលោកកំពុងជួបវិបត្តិ, ពេលដែលមានសង្គ្រាមក៏តម្លៃហាង ឆេងមាសឡើងថ្លៃ, ពេលរីករាលដាលជំងឺកូវីដ-១៩ ក៏តម្លៃហាងឆេងមាសឡើង, វិបត្តិសេដ្ឋកិច្ចពិភព ក៏តម្លៃហាងឆេងមាសឡើង។ ប៉ុន្តែប្រសិនតម្លៃហាងឆេងមាសបន្តធ្លាក់ថ្លៃ វាក៏ជាសារល្អបង្ហាញពិភពលោកឱ្យដឹងថា ស្ថានភាពសេដ្ឋកិច្ចពិភពលោកបានងើបឡើង ល្អប្រសើរវិញ, តែចំណែកអ្នកអាជីវករ និងអ្នកវិនិយោគលើហាងឆេងមាស ប្រសិនដឹងអំពីទំនោរធ្លាក់ថ្លៃ ពួគគាត់គួរបញ្ចៀសនូវ ហានីភ័យ ដោយលក់នូវតម្លៃខ្ពស់ និងរង់ចាំទិញចូលនូវតម្លៃថោកមកវិញ។សូមបញ្ជាក់ថា គិតត្រឹមថ្ងៃទី ២០ ខែ ធ្នូ ឆ្នាំ ២០២៤ នេះ តម្លៃហាងឆេងមាសនៅលើទីផ្សារ​កម្ពុជា ក្នុងនោះសម្រាប់ មាសគីឡូ, លក់ចេញក្នុងតម្លៃ ៣០៣ និងទិញចូល ២៩៣ ដុល្លារ​អាមេរិក ក្នុងមួយជី, ដុល្លារទិញចូល ៤ ០៨៦ រៀល លក់ចេញ ៤ ០៩៤ រៀល, ប្រេងឥន្ធនៈ ១លីត្រ ៤ ១០០ រៀល (សាំងធម្មតា) និងប្រេងម៉ាស៊ូត ៤ ០០០ រៀល ក្នុងមួយលីត្រ៕ អត្ថបទ៖ សុន រ៉ាឌី

ឯកឧត្តម ឌិត ទីណា៖ កម្ពុជាបានឈានដល់មានការហូបចុក រហូតដល់មានការហូបគ្រប់គ្រាន់

2024/12/19 02:55:15 pm        125
ភ្នំពេញ៖ ឯកឧត្តម ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លើកឡើងថា កម្ពុជាបានឆ្លងផុតនូវដំណាក់កាលខ្វះខាតការហូបចុក រហូតដល់មានការហូបគ្រប់គ្រាន់។ យ៉ាងណាក៏ មន្រ្តីក្រោមឱវាទត្រូវបង្កើនការគិតគូរ ដោយផ្តោតទៅលើភាពចំនេញសេដ្ឋកិច្ច តុល្យភាពតម្រូវការ និងការផ្គត់ផ្គង់ ផែនការផលិតកម្មដល់ប្រជាកសិករអ្នកចិញ្វឹមសត្វ ជាជាងការបង្កើនបរិមាណផលិតកម្មសត្វ ដែលនាំឱ្យតម្លៃធ្លាក់ចុះ និងខាតបង់ផលប្រយោជន៍ទាំងអស់គ្នា។ក្នុងឱកាសចូលរួមបិទកិច្ចប្រជុំបូកសរុបការងារសុខភាពសត្វ និងផលិតកម្មសត្វ កាលពីរសៀលថ្ងៃទី១៨ ខែធ្នូកន្លងទៅ ឯកឧត្តមរដ្ឋមន្រ្តី បានបញ្ជាក់ថា អគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ ត្រូវបន្តប្រសិទ្ធភាពការងារឱ្យកាន់តែប្រសើរឡើងបន្ថែមទៀតក្នុងស្មារតីទទួលខុសត្រូវខ្ពស់ បន្តសហការជាមួយអគ្គនាយកដ្ឋានជំនាញពាក់ព័ន្ធនានា អាជ្ញាធរខេត្ត និងមន្ទីរកសិកម្មរាជធានី-ខេត្ត ដើម្បីជួយដល់ប្រជាកសិករដល់មូលដ្ឋាន និងទទួលបានប្រសិទ្ធភាពសេដ្ឋកិច្ច។ ឯកឧត្តម បានសង្កត់ធ្ងន់ថា ការងារសុខភាពសាធារណៈគឺជាការងារចាំបាច់ដែលអគ្គនាយកដ្ឋាន ត្រូវយកចិត្តទុកដាក់ខ្ពស់ក្នុងការចាក់វ៉ាក់សាំងដល់សត្វទូទាំងប្រទេស និងការផ្តល់សេវាកម្មថែទាំប្រកបដោយគុណភាព ប្រសិទ្ធភាព និងសុវត្ថិភាព។ ពាក់ព័ន្ធនឹងការងារវិនិយោគ ឯកឧត្តមរដ្ឋមន្រ្តី បានលើកទឹកចិត្តដល់អគ្គនាយកដ្ឋាន សហការជាមួយវិស័យឯកជនគ្រប់ភាគីពាក់ព័ន្ធ និងអ្នកវិនិយោគទាំងអស់ ចូលរួមបើកទីផ្សារផលិតផលសាច់គ្រប់ប្រភេទទៅកាន់ទីផ្សារអន្តរជាតិ និងដោះស្រាយបញ្ហាប្រឈមជាមួយគ្នា ដោយគិតគូរពីស្តង់ដាអនាម័យ ភូតគាមអនាម័យ គុណភាព រសជាតិ ស្របតាមនីតិវិធីត្រឹមត្រូវ និងបច្ចេកទេសនៃកិច្ចចរចាពាណិជ្ជកម្ម ដោយទទួលបានតម្លៃបន្ថែមខ្ពស់ និងផ្តល់ផលចំនេញដល់សេដ្ឋកិច្ចជាតិ។ សម្រាប់ការរួមចំណែកកិច្ចការនយោបាយ ឯកឧត្តម បានផ្តល់អនុសាសន៍ដល់អង្គពិធីត្រូវបង្កើនការចូលរួមឱ្យមានភាពសកម្ម ផ្សព្វផ្សាយនូវកិច្ចខិតខំប្រឹងប្រែងរបស់ក្រសួងកសិកម្ម និងសមិទ្ធផលនានាដែលរាជរដ្ឋាភិបាលសម្រេចបាន ព្រមទាំងឆ្លើយតប និងតបតរទៅនឹងព័ត៌មានក្លែងក្លាយ រឺភាពមិនប្រក្រតីណាមួយឱ្យចំគោលដៅ និងជាក់ស្តែងច្បាស់លាស់។ ឯកឧត្តមរដ្ឋមន្រ្តី សង្ឃឹមទៀតថា អគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ នឹងបន្តកិច្ចការងាររបស់ខ្លួនឱ្យកាន់តែល្អថែមទៀត មានសាមគ្គីភាពផ្ទៃក្នុង និងផ្តល់ផលប្រយោជន៍ដល់ប្រជាពលរដ្ឋគ្រប់ស្រទាប់ និងជូនពរដល់អង្គពិធី ទទួលបានជោគជ័យ និងសុភមង្គលគ្រួសារក្រោមម្លប់សុខសន្តិភាព៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

លោកជំទាវ ហ៊ុន ម៉ាណា អញ្ជើញដឹកនាំក្រុមគ្រូពេទ្យស្ម័គ្រចិត្តចុះពិនិត្យ និងព្យាបាលជំងឺជូនបងប្អូនប្រជាពលរដ្ឋ នៅខេត្តកំពត
06/15/2025 08:06 PM
និស្សិតមកពីសាលា TVET រីករាយយ៉ាងខ្លាំងនៅពេលបានបង្ហាញស្នាដៃរបស់ខ្លួនក្នុងកម្មវិធី TVET Day លើកទី៨
06/15/2025 06:06 PM
ក្រសួងការងារនាំយកឱកាសការងារ២៣ម៉ឺនកន្លែង ទៅកាន់ព្រំដែនកម្ពុជា-ថៃ សម្រាប់ពលករខ្មែរ
06/15/2025 06:06 PM
មនុស្សជាច្រើននាក់ស្លាប់ នៅភាគខាងត្បូងប្រទេសចិន ក្នុងគ្រោះបំណាក់ដីពីព្យុះទីហ្វុង Wutip
06/15/2025 05:06 PM
អ៊ីស្រាអែល ព្រមានបង្កើនការវាយប្រហារកាន់តែខ្លាំងលើអ៊ីរ៉ង់ ខណៈជម្លោះនៅតែបន្តយ៉ាងក្ដៅគគុក
06/15/2025 05:06 PM
គណៈប្រតិភូព្រឹទ្ធសភា ចុះសួរសុខទុក្ខកងកម្លាំងជួរមុខការពារព្រំដែននៅខេត្តព្រះវិហារ
06/15/2025 04:06 PM
ឧទ្ធម្ភាគចក្រមួយគ្រឿងធ្លាក់នៅភាគខាងជើងឥណ្ឌា សម្លាប់មនុស្ស ៧នាក់ តាមផ្លូវទៅធម្មយាត្រាហិណ្ឌូ
06/15/2025 04:06 PM
[UPDATE] យោធាអ៊ីស្រាអែល ចេញការព្រមានជម្លៀសដល់ប្រជាជនអ៊ីរ៉ង់ នៅក្បែរមូលដ្ឋានផលិតអាវុធ
06/15/2025 04:06 PM
ក្នុងកិច្ចប្រជុំ JBC កម្ពុជាបានបដិសេធយ៉ាងដាច់ខាតមិនទទួលស្គាល់ផែនទីដែលភាគីថៃ បានគូសជាឯកតោភាគី
06/15/2025 04:06 PM
កិច្ចប្រជុំ JBC កម្ពុជា-ថៃ រយៈពេលពីរថ្ងៃបញ្ចប់ដោយរលូន និងបានឯកភាពអនុម័តលើរបៀបវារៈចំនួន៤
06/15/2025 04:06 PM