កម្ពុជា នាំចេញគ្រាប់ស្វាយចន្ទីក្នុងត្រីមាសទី១ មានទឹកប្រាក់ ៣៥៨លានដុល្លារកើនជាង ២២%
ប្រព័ន្ធធារាសាស្ត្រជាងពីរពាន់កន្លែងនឹងបង្កើនលទ្ធភាពស្រោចស្រពនារដូវវស្សានេះ ខណៈរបាយទឹកភ្លៀងក៏ល្អប្រសើរ
ផលិតផលសមូហភាពត្រូវបានគេស្គាល់យ៉ាងទូលំទូលាយ និងមានតម្រូវការទីផ្សារកាន់តែខ្ពស់
អឺរ៉ុបស្រូបយកទំនិញកម្ពុជាក្នុងត្រីមាសទី១ មានទឹកប្រាក់ជិត ១.២០០លានដុល្លារ កើនជាង ៨%

សេដ្ឋកិច្ច និង កសិកម្ម

ការបង្កើតតំបន់សេដ្ឋកិច្ចពិសេសថ្មីនឹងជំរុញការអភិវឌ្ឍសង្គម និងសេដ្ឋកិច្ចក្នុងស្រុកកាន់តែខ្លាំង

2026/03/16 02:18:11 pm        201
រាជរដ្ឋាភិបាលបានសម្រេចបង្កើតតំបន់សេដ្ឋកិច្ចពិសេសថ្មី គឺតំបន់​សេដ្ឋកិច្ច​ពិសេស​ខេត្ត​ព្រះសីហនុ ​និងតំបន់សេដ្ឋកិច្ចពិសេសខេត្តកំពង់ស្ពឺ រួមនឹងការបង្កើតកំពង់ផែពហុបំណង និង​មណ្ឌល​ភស្តុភាកម្មកំពង់ឆ្នាំង ដែលគេរំពឹងថា នឹងបង្កើតការងាររាប់ពាន់កន្លែង ជាពិសេសក្នុងវិស័យផលិតកម្ម និងបច្ចេកវិទ្យា។ អ្នកក្នុងវិស័យអចនលទ្រព្យ លើកឡើងថា ការ​បង្កើត​តំបន់សេដ្ឋកិច្ចពិសេសថ្មីនេះ អាចជួយជំរុញការអភិវឌ្ឍសង្គម និងសេដ្ឋកិច្ចក្នុងស្រុក។រាជរដ្ឋាភិបាល បានចេញ​អនុក្រឹត្យ​សម្រេច​បង្កើត​តំបន់​សេដ្ឋកិច្ច​ពិសេស​ថ្មី​មួយ​ទៀត​នៅ​ខេត្ត​កំពង់ស្ពឺ ដោយមានផ្ទៃដីជាង ៥០០ហិកតា គឺ«តំបន់សេដ្ឋកិច្ច​ពិសេស​កាណាឌីយ៉ា​ផ្លូវ​ជាតិ​លេខ​៥១​» ស្ថិតក្នុងភូមិសាស្ត្រនៃស្រុកសំរោងទង និងស្រុកសាមគ្គីមុនីជ័យ ខេត្តកំពង់ស្ពឺ។ទន្ទឹមនឹងនេះ រដ្ឋាភិបាលក៏បានសម្រេចបង្កើតតំបន់សេដ្ឋកិច្ចពិសេសខេត្តព្រះសីហនុថ្មីមួយទៀត មានឈ្មោះថា «អាយ អេស អាយ (ISI SEZ) នឹងត្រូវសាងសង់ឡើងនៅលើផ្ទៃដី ២០៦ហិកតា ស្ថិតក្នុងឃុំជើងគោ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។ តំបន់សេដ្ឋកិច្ចពិសេសនេះ មានទុនវិនិយោគ ៥០លានដុល្លារអាម៉េរិក និងអាចបង្កើតការងារជូនពលរដ្ឋបានប្រមាណ ៧ពាន់កន្លែង។ជាមួយគ្នានេះ រាជរដ្ឋាភិបាលក៏ទើប សម្រេចបង្កើតកំពង់ផែពហុបំណង និងមណ្ឌលភស្តុភាកម្មកំពង់ឆ្នាំង លើផ្ទៃដីជាង៣០ហិកតានៅស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំងផងដែរ។ កំពង់ផែពហុបំណង និងមណ្ឌលភស្តុភាកម្មកំពង់ឆ្នាំងនេះ មានទីតាំងស្ថិតនៅ ភូមិចំបក់ខ្ពស់ ឃុំស្វាយរំពារ ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង ដើម្បីបម្រើឱ្យនាវាដែលធ្វើនាវាចរណ៍ជាលក្ខណៈអន្តរជាតិ ចូលចេញ ផ្ទេរផ្ទុក និងលើកដាក់ទំនិញទូទៅ រួមទាំងកុងតឺន័រនិងទំនិញចាក់ធារ។អ្នកឧកញ៉ាបណ្ឌិត សំ សុខនឿន ប្រធានសម្ព័ន្ធក្រុមហ៊ុន SAM SN Group បានលើកឡើងថា ការបង្កើតតំបន់សេដ្ឋកិច្ចពិសេសថ្មី អាចជួយជំរុញការអភិវឌ្ឍសង្គម និងសេដ្ឋកិច្ចក្នុងស្រុកតាមរយៈ ការទាក់ទាញវិនិយោគ និងការបង្កើតការងារជូនប្រជាពលរដ្ឋ ហើយការបង្កើតតំបន់សេដ្ឋកិច្ចពិសេស ត្រូវការអភិវឌ្ឍន៍ ផ្លូវ អគ្គិសនី ទឹក សេវាកម្មដឹកជញ្ជូន និងបច្ចេកវិទ្យា ដើម្បីជួយអភិវឌ្ឍសេដ្ឋកិច្ចក្នុងសហគមន៍មូលដ្ឋាន។សូមជម្រាបថា បើយោងតាមរបាយការណ៍របស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានឲ្យដឹងថា គិតត្រឹមឆ្នាំ២០២៥ នៅទូទាំងប្រទេសកម្ពុជាមានតំបន់សេដ្ឋកិច្ចពិសេសដែលកំពុងដំណើរការសរុប ៣៤ តំបន់ ស្ថិតនៅក្នុង ១១ រាជធានី-ខេត្ត ដែលមានកំណើន ៤តំបន់ ធៀបនឹងឆ្នាំ២០២៤។ ក្នុងចំណោមរាជធានី/ខេត្តទាំង១១ ដែលមានតំបន់សេដ្ឋកិច្ចពិសេសដំណើរការ ក្នុងនោះខេត្តស្វាយរៀងមានតំបន់សេដ្ឋកិច្ចដែលមានរោងចក្រដំណើរការច្រើនជាងគេរហូតដល់១២តំបន់ បន្ទាប់មក គឺខេត្តព្រះសីហនុ មានចំនួន៦តំបន់ ខេត្តកណ្ដាល ៣តំបន់ ខេត្តកោះកុង ៣តំបន់ ខេត្តបន្ទាយ ៣តំបន់ កំពង់ស្ពឺ ២តំបន់។ ដោយឡែកខេត្តចំនួន៥ផ្សេងទៀត រួមមានខេត្តកំពង់ចាម កំពត ក្រចេះ ពោធិ៍សាត់ និងរាជធានីភ្នំពេញ មានតំបន់សេដ្ឋកិច្ចចំនួន១តំបន់ដូចគ្នា។CDC បានឱ្យដឹងដែរថា កាលពីឆ្នាំ ២០២៥ កន្លងទៅ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានអនុម័តគម្រោងវិនិយោគក្នុងតំបន់សេដ្ឋកិច្ចពិសេសចំនួន ២៤៣ គម្រោង នៃគម្រោងសរុប ៦៣០គម្រោង៕ អត្ថទប៖ ធូ វិរៈ

ក្រសួងកសិកម្មណែនាំ ៤ចំណុច ដោះស្រាយ​បញ្ហាប្រឈម​ពាក់ព័ន្ធ​តម្លៃ​ប្រេង​ឥន្ធនៈ​ជូន​ប្រជា​កសិករ

2026/03/16 12:14:48 pm        213
ភ្នំពេញ៖ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានចេញសេចក្ដីណែនាំចំនួន៤ចំណុច ស្តីពី​ការ​សម្របសម្រួលដោះស្រាយបញ្ហាប្រឈមពាក់ព័ន្ធនឹងតម្រូវការផ្គត់ផ្គង់ និងតម្លៃប្រេង និង​ឧស្ម័ន​ឥន្ធនៈ​ជូនប្រជាកសិករ និងសហគមន៍កសិកម្ម។តាមសេចក្ដីណែនាំក្រសួងកសិកម្មបានបញ្ជាក់ថា បន្ទាប់ពីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ ​បានពិភាក្សាជាមួយក្រសួងរ៉ែ និងថាមពល និងក្រសួងពាណិជ្ជកម្ម ពាក់ព័ន្ធ​នឹង​ក្តី​បារម្ភ​របស់​ប្រជា​កសិករ ឬសហគមន៍កសិកម្មជុំវិញតម្រូវការផ្គត់ផ្គង់ និងតម្លៃប្រេង និងឧស្ម័ន​ឥន្ធនៈ​ដែល​ជា​តម្រូវការចាំបាច់បំផុតសម្រាប់ដំណើរការគ្រឿងចក្រកសិកម្ម ប្រព័ន្ធស្រោចស្រព និង​ការ​ដឹក​ជញ្ជូនកសិផល ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្រសួងបានជម្រាបជូន លោក-លោក​ស្រី​ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទរាជធានី-ខេត្ត ទាំងអស់ ត្រូវបន្តតាមដាន និង​យកចិត្តទុកដាក់៖ ១. ចូលរួមសម្របសម្រួល និងតាមដានដោយយកចិត្តទុកដាក់លើស្ថានភាពផ្គត់ផ្គង់ និង​តម្លៃ​ប្រេង​និង​ឧស្ម័នឥន្ធនៈ ក្នុងភូមិសាស្ត្ររាជធានី-ខេត្តសាមី។ ចំពោះតម្លៃប្រេងនិងឧស្ម័នឥន្ធនៈ ត្រូវ​អនុវត្ត​តាមតារាងតម្លៃដែលចេញផ្សាយ ដោយក្រសួងរ៉ែ និងថាមពល និង/ឬក្រសួងពាណិជ្ជកម្ម។២. សម្របសម្រួលដោះស្រាយឱ្យបានឆាប់រហ័សក្នុងករណីប្រជាកសិករ ឬសហគមន៍​កសិកម្ម​មាន​បញ្ហា​ប្រឈម និងការលំបាកក្នុងការទទួលបាននូវប្រេងឥន្ធនៈ ដោយធ្វើការជូនដំណឹងដល់ មន្ទីររ៉ែ​ និងថាមពល និង/ឬ មន្ទីរពាណិជ្ជកម្មប្រចាំរាជធានី-ខេត្តសាមី។៣. ចូលរួមសហការផ្សព្វផ្សាយដល់ប្រជាកសិករ ឬសហគមន៍​កសិកម្ម​អំពី​ការ​ប្រើ​ប្រាស់​មធ្យោបាយ​ផ្ទុក (ប៊ីដុង ឬកាន) ក្នុងកម្រិតចំណុះដែលមានសុវត្ថិភាព និងធានា​ការពារ​កុំ​ឱ្យ​មាន​ហានិភ័យ​ឆាបឆេះ ធ្វើឱ្យប៉ះពាល់ដល់ ទ្រព្យសម្បត្តិ ឬអាយុជីវិតផ្ទាល់ខ្លួន និងការរស់នៅ​របស់​ប្រជាជន​ក្នុង​មូលដ្ឋាន៤. ក្នុងករណីពិនិត្យ​ឃើញថាមានបញ្ហាប្រឈមពាក់ព័ន្ធនឹងការផ្គត់ផ្គង់ប្រេងនិងឧស្ម័នឥន្ធនៈ និង​មាន​ការ​ដំឡើងថ្លៃ ខុសប្រក្រតី ត្រូវរាយការណ៍ជាបន្ទាន់មក អគ្គលេខាធិការដ្ឋាន​នៃ​ក្រសួង​កសិកម្ម ​រុក្ខាប្រមាញ់ និងនេសាទ ដើម្បីមានវិធានការកម្រិតថ្នាក់ជាតិ។សូមបញ្ជាក់ថា តាមសេចក្ដីជូនដំណឹងរបស់ក្រសួងពាណិជ្ជកម្ម តម្លៃលក់រាយប្រេង​ឥន្ធ​នៈ​នៅ​ព្រះរា​ជា​ណាចក្រកម្ពុជា (អនុវត្តចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៦ខែមីនា ឆ្នាំ២០២៦) ប្រេង​សាំង​លក់​ក្នុង​តម្លៃ ៥,២០០រៀលក្នុង១លីត្រ ចំណែកប្រេងម៉ាស៊ូត លក់ក្នុងតម្លៃ ៦,៤០០​រៀលក្នុ​ង​១​លីត្រ​៕

គិតត្រឹមខែកុម្ភៈ ឆ្នាំនេះកម្ពុជាទទួលបានការចុះបញ្ជីវិនិយោគតាមថ្នាលជាតិមានទុនជាង ២២,២ ប៊ីលានដុល្លារ

2026/03/16 11:39:26 am        118
គិតត្រឹមថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៦, កម្ពុជាទទួលបានក្រុមហ៊ុនចុះបញ្ជី តាមប្រព័ន្ធ​ចុះ​បញ្ជី​អាជីវកម្ម​នៃ​ថ្នាល​បច្ចេកវិទ្យាព័ត៌មាន ដែលបានអនុម័ត មានចំនួនសរុបជាង ៥៥,៣ ពាន់​ក្រុម​ហ៊ុន​-សហគ្រាស មានដើមទុនវិនិយោគចំនួនប្រមាណជាង ៩១ ទ្រីលានរៀល ត្រូវជាង ២២,២ ប៊ី​លាន​ដុល្លាអាមេរិក។យោងតាមសេចក្ដីប្រកាសព័ត៌មានរួម នៃប្រព័ន្ធចុះបញ្ជីអាជីវកម្មតាមថ្នាលបច្ចេកវិទ្យាព័ត៌មាន ហៅ​កាត់​ថា CamDX ជាថ្នាល បច្ចេកវិទ្យាឌីជីថលមួយ សម្រាប់ស​ម្រួលដ​ល់​កិច្ច​ការ​វិនិយោគ​របស់​រាជ​រដ្ឋាភិបាល, គិតមកដល់ថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៦ កម្ពុជាទទួល បាន​ក្រុម​ហ៊ុន​ចុះ​បញ្ជី​តាម​ថ្នាលជាតិ មានចំនួនជាង ៥៥,៣ ពាន់ក្រុមហ៊ុន/សហគ្រាស ដែល​មាន​ដើម​ទុន​វិ​និយោគ​ប្រមាណជាង ៩១ទ្រីលានរៀល ត្រូវប្រមាណជាង ២២,២ប៊ីលានដុល្លារអាមេរិក។ តាម​រយៈ​នៃការចុះបញ្ជីនេះបង្ហាញឱ្យឃើញថា កម្ពុជានៅតែទទួល បានក្រុមហ៊ុន​វិនិយោគ​ថ្មី​ៗ​ជា​បន្ត​បន្ទាប់​ និងបង្ហាញឲ្យឃើញពីវឌ្ឍនភាពនៃការរីកចម្រើន សម្រាប់ការធ្វើអាជីវកម្ម ពាណិជ្ជកម្ម ក្នុង​ការ​ប្រកួតប្រជែងប្រកបដោយបរិយាបន្នរបស់ធុរកិច្ចគ្រប់ៗនៅកម្ពុជា។ជាក់​ស្តែង​គិត​មក​ដល់រយៈពេលនេះ កម្ពុជាទទួល​បាន​ការ​ចុះ​បញ្ជី​តាម​ថ្នាល​បច្ចេក​វិទ្យា​ព័ត៌មាន​រួម​មាន​៖ សកម្មភាពអចលនទ្រព្យ ដោយប្រើប្រាស់អចលនទ្រព្យផ្ទាល់ខ្លួន ឬជួលពីគេ មាន​ទឹក​ប្រាក់​វិនិយោគ​ជិត ២ប៊ីលានដុល្លារ, សកម្មភាពសេវាកម្ម ស្នាក់នៅ ១,៦៤ ប៊ីលានដុល្លារ, ការ​សាង​សង់​អគារ​ ១,៥៦ ប៊ីលានដុល្លារ, កម្មន្តសាលសម្លៀកបំពាក់លើកលែងសម្លៀកបំពាក ធ្វើពីរោម ១,១៦ ​ប៊ី​លាន​ដុល្លារ, សកម្មភាពពិគ្រោះយោបល់ផ្នែកគ្រប់គ្រង ៩៥៣ លានដុល្លារ និង​ការ​ចុះ​បញ្ជី​របស់​ក្រុម​ហ៊ុន​អាជីវកម្ម​ផ្សេង​ៗ​ទៀត មានចំនួនជិត ១៥ ប៊ីលានដុល្លារ។ គិតត្រឹមរយៈពេលនេះដែរ, ក្រុមហ៊ុន និងសហគ្រាស​ដែល​ទទួល​បាន​ចុះ​បញ្ជី​ច្រើន​ជាង​គេ​រួម​មាន​៖ សកម្មភាពសេវាភោជនីយដ្ឋាន និងសេវាផ្គត់ផ្គង់សេវាចល័តមានចំនួនជិត ៤ ពាន់សហគ្រាស, ការ​លក់ដុំឯកទេសផ្សេងៗជាង ៣,០០០ សហគ្រាស, ការលក់ដុំ ទំនិញ​សម្រាប់​ការ​ប្រើ​ប្រាស់​ក្នុង​ផ្ទះ​ជាង​ ២,៦០០ សហគ្រាស, ការសាងសង់អគារ ២,២០០ ក្រុមហ៊ុន, ការលក់​រាយ​ទំនិញ​ផ្សេង​ៗ ​នៅក្នុងហាងឯកទេស ២,១៥៥ សហគ្រាស និងអាជីវកម្មផ្សេងៗមានចំនួនជាង ៤០ ក្រុម​ហ៊ុន​-សហ​គ្រាស​៕ អត្ថបទ៖ សុន រ៉ាឌី

ក្រសួងពាណិជ្ជកម្ម ព្រមានចាត់វិធានការតាមផ្លូវច្បាប់ប្រសិនរកឃើញស្ថានីយរក្សា​ប្រេង​បិទទ្វាទុក​ឡើងថ្លៃ

2026/03/13 02:28:55 pm        290
ក្រសួងពាណិជ្ជកម្មព្រមានចាត់វិធានការតាមនីតិវិធីច្បាប់ (ការផាកពិនិត្យ និងការដកហូត​អាជ្ញា​ប័ណ្ណ​) ប្រសិនរកឃើញស្ថានីយ និង ដេប៉ូលក់រាយប្រេងឥន្ធនៈណាបិទទ្វាដើម្បទុកឡើងថ្លៃ ខណៈ​បច្ចុប្បន្នមន្រ្តីជំនាញនៃអគ្គនាយកដ្ឋាន ក.ប.ប. បាននិងកំពុងចុះត្រួតពិនិត្យ បញ្ហា​ជាក់​ស្តែង​នៅតាមស្ថានីយប្រេងឥន្ធនៈនៅទូទាំងប្រទេស។ឯកឧត្តម ប៉ែន សុវិជាតិ អ្នកនាំពាក្យនិងជារដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានថ្លែងប្រាប់ BTV ថា ជុំវិញបញ្ហាស្ថានីយ និងដេប៉ូលក់រាយប្រេងឥន្ធនៈជិត ២.០០០ កន្លែង នៅទូទាំង​ប្រទេស​បាន​បិទទ្វាបណ្តោះអាសន្ននេះ ក្រសួងបាននិងកំពុងចាត់ឱ្យមន្រ្តីជំនាញនៃអគ្គនាយកដ្ឋានកិច្ចការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការថ្លែងបន្លំ (ក.ប.ប.) បាននិងកំពុងចុះត្រួត ពិនិត្យលើបញ្ហាជាក់ស្តែង នៅតាមស្ថានីយ៍ និងដេប៉ូលក់រាយប្រេងឥន្ធនៈដែលបិទទ្វាបណ្តោះអាសន្នទាំងនោះ នៅទូទាំងប្រទេស ក្នុង នោះប្រសិនរកឃើញករណីបំពានរបៀបនេះ ក្រសួងពាក់ព័ន្ធនឹងចាត់វិធានការតាមនីតិវិធីច្បាប់ តាមរយៈការផាកពិនិត្យ និងការដក ហូតអាជ្ញាប័ណ្ណ។ ឯកឧត្តមថ្លែង​ថា​៖«ប្រសិនរកឃើញករណីបំពានររបៀបនេះ, ដូចប្រសាសន៍លោកជំទាវរដ្ឋមន្រ្តីអញ្ចឹង យើងនឹងធ្វើការទៅតាមនីតិវិធីច្បាប់ មានការផាក ពិន័យ និងការដកហូតអាជ្ញាប័ណ្ណពីសំណាក់ក្រសួងពាក់ព័ន្ធ»។ លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ថ្លែងឱ្យដឹងថា ក្នុងចំណោមនៃស្ថានីយ និងដេប៉ូលក់រាយប្រេងឥន្ធនៈ ប្រតិបត្តិការចំនួនជាង ៦.៣០០ នៅទូទាំងប្រទេស គឺមានចំនួនជិត ២.០០០ ស្ថានីយបានបិទទ្វារជាបណ្តោះអាសន្ន ក្នុងនោះក៏មាន ម្ចាស់ស្ថានីយមួយចំនួនបានលើកឡើងនៃការអស់ស្តុកប្រេង ប៉ុន្តែគឺព្យាយាមរក្សាទុកលក់ក្នុងតម្លៃថ្លៃ, សម្រាប់បញ្ហានេះក្រសួងបាន ដាក់ចេញនូវវិធានការ ដើម្បីពង្រឹងអនុលោកភាពនៃការទិញ-លក់ប្រេងឥន្ធនៈនេះ។ឯកឧត្តម ប៉ែន សុវិជាតិ ថ្លែងបន្តថា ចំពោះស្ថានីយ និងដេប៉ូលក់រាយប្រេងឥន្ធនៈ បើអស់ពិតប្រាកដមែននោះ ក្រសួងនឹងជួយ សម្រួលដល់ក្រុមហ៊ុនដែលផ្គត់ផ្គង់ ផ្តល់ប្រេងឥន្ធនៈដល់ស្ថានីយ៍ ឬដេប៉ូលក់ទាំងនោះ ឱ្យទទួលបានប្រភពចែកចាយបន្ត ដើម្បីលក់ជូន ប្រជាពលរដ្ឋ។ ឯកឧត្តម បន្តថា គិតមកដល់ពេលនេះ ចំពោះប្រភពដែលផ្គត់ផ្គង់ប្រេងឥន្ធនៈពីក្រៅប្រទេសចូលទីផ្សារកម្ពុជា មាន ប្រក្រតីភាពជាធម្មតា ហើយបញ្ហានេះរាជរដ្ឋាភិបាលក៏បានខិតខំប្រឹងប្រែង សហការជាមួយក្រុមហ៊ុនដែលនាំចូលប្រេងឥន្ធនៈ ដោយ បង្កលក្ខណៈងាយស្រួល ដើម្បីរក្សាប្រភពនៃការទិញ ជាពិសេសនៅក្នុងកាលៈទេសៈកំពុងមានការប្រែប្រួលនេះ៕ អត្ថបទ៖ សុន រ៉ាឌី

ក្រសួងកសិកម្ម អះអាងថា កម្ពុជានឹងមិនខ្វះខាតជី-ថ្នាំ សម្រាប់ផ្គត់ផ្គង់ទេ ខណៈ​រដូវ​បង្ក​បង្កើន​ផល​ជិតមកដល់

2026/03/13 12:48:33 pm        201
ភ្នំពេញ៖ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញ​ជាអ​ធិបតី​ដឹ​កនាំកិច្ចប្រជុំជាមួយតំណាងក្រុមហ៊ុននាំចូល និងចែកចាយជីកសិកម្មក្នុងស្រុក ដើម្បី​វាយ​តម្លៃ​ស្ថានភាពនៃការផ្គត់ផ្គង់ និងការប្រែប្រួលនៃតម្លៃជីកសិកម្ម ក្នុងបរិបទ​នៃ​សម្ពាធ​ទីផ្សារ​សក​ល​បណ្ដាល​មក​ពីការប៉ះទង្គិចគ្នានៅតំបន់មជ្ឈិមបូព៌ា។ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅក្រោយចប់កិច្ចប្រជុំ កាលពីសៀលថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៦នេះ បានសសេរឱ្យដឹងថា ជាបឋមអង្គប្រជុំបានពិនិត្យឃើញថា នៅកម្ពុជា​នឹង​មិន​ខ្វះ​ខាត​ជី ​ថ្នាំសម្រាប់ផ្គត់ផ្គង់លើវិស័យកសិកម្មនោះទេ ប៉ុន្តែសម្ពាធ​ទីផ្សារ​សកល​បណ្តាល​មកពី​កា​រប៉ះ​ទ​ង្គិចគ្នានៅតំបន់មជ្ឈិមបូព៌ា បានធ្វើឱ្យថ្លៃកើនឡើង។ ទន្ទឹមនឹងនេះ ឯកឧត្តមរដ្ឋមន្ត្រី បានស្នើសុំឱ្យអ្នកផ្គត់ផ្គង់ជីសម្រួលតម្លៃឱ្យស្ថិតក្នុងកម្រិតសមរម្យជូនកសិករអាចទទួលយកបានសម្រាប់យកទៅប្រើប្រាស់នៅរដូវបង្កបង្កើនផលខាងមុខ៕

ក្រសួងនឹងចុះត្រួតពិនិត្យស្ថានីយលក់ប្រេងដែលបិទទ្វារបណ្ដោះអាសន្ន ក្រោមហេតុផលអស់ស្តុក

2026/03/13 12:04:58 pm        194
លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ដែលជាក្រុមអន្តរក្រសួង សម្រាប់កំណត់​រូប​មន្ត​ កែសម្រួលថ្លៃលក់រាយប្រេងឥន្ធនៈនៅកម្ពុជា បានឱ្យដឹងថា ក្រុមជំនាញចម្រុះអន្តរក្រសួង នឹងចុះត្រួតពិនិត្យមើលស្ថានភាពជាក់ស្តែងចំពោះស្ថានីយប្រេងឥន្ធនៈប្រមាណជិត ២០០០ ដែលបានបិទអាជីវកម្មបណ្ដោះអាសន្ន ក្រោយហេតុផលអស់ស្តុកផ្គត់ផ្គង់ក្នុងប្រតិបត្តិការអាជីវកម្ម។លោកជំទាវរដ្ឋមន្រ្ដីបានបញ្ជាក់បែបនេះ ក្នុងឱកាសថ្លែងបទអន្តរាគមន៍ ក្នុងសិក្ខាសាលាស្តីពី «ការពង្រឹងភាពធន់ជាតិ និងកាលានុវត្តភាពនៃយុទ្ធសាស្ត្រ អភិបាលកិច្ច វិទ្យាសាស្ត្រ បច្ចេកវិទ្យា នវានុវត្តន៍ ឧស្សាហកម្ម និងពាណិជ្ជកម្មកម្ពុជា» ដែលរៀបចំឡើង ដោយរដ្ឋសភា នៅថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៦។លោកជំទាវ ចម និម្មល បានឱ្យដឹងថា នៅទូទាំងប្រទេសកម្ពុជា មានស្ថានីយប្រេងឥន្ធនៈ ប្រតិបត្តិការអាជីវកម្មជាង៦,៣០០កន្លែង ប៉ុន្តែគិតត្រឹមយប់ថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៦ មានស្ថានីយ៍ដេប៉ូ និងអនុស្ថានីយ៍ប្រតិបត្តិការ លក់រាយប្រេងឥន្ធនៈជិត២,០០០កន្លែង បានបិទទ្វារបណ្ដោះអាសន្ន ក្រោមហេតុផលអស់ស្តុក។ លោកជំទាវបានបញ្ជាក់ថា ក្នុងចំណោមស្ថានីយ៍ដែលបានបិទទ្វារនេះ ត្រូវបានសង្ស័យថា ម្ចាស់ស្ថានីយ៍រក្សាស្តុកទុក ដើម្បីលក់នៅពេលឡើងថ្លៃខ្លាំង។បើតាមការបង្ហើបរបស់លោកជំទាវ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម, តម្លៃប្រេងឥន្ធនៈ ក្នុងប៉ុន្មានថ្ងៃខាងមុខទៀតនេះ នឹងមានការធ្លាក់ថ្លៃវិញ បន្ទាប់ពីមានសញ្ញាណល្អ នៃតម្លៃលក់រាយនៅម៉ោងទៀបភ្លឺថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៦នេះ។សូមបញ្ជាក់ថា ដើម្បីសម្រួលដល់ការលំបាករបស់ប្រជាពលរដ្ឋ ដែលជាអ្នកប្រើប្រាស់ប្រេងឥន្ធនៈ, រាជរដ្ឋាភិបាលកម្ពុជា ជាពិសេសក្រុមការងារអន្តរក្រសួង មានក្រសួងពាណិជ្ជកម្ម និងក្រសួងរ៉ែ និងថាមពល បាន ចរចាជាមួយក្រុមហ៊ុននាំចូលប្រេង ដើម្បីរក្សាស្ថិរភាពតម្លៃឱ្យកុំហក់ឡើងខ្ពស់ពេក។ នៅក្នុងនោះឱ្យតែតម្លៃប្រេងឡើងលើសពី៩០ដុល្លារអាម៉េរិក ក្នុងមួយបារ៉ែល គឺរដ្ឋជួយចេញខាត ៦.៥ សេនដុល្លារ ក្នុងមួយលីត្រ ចំណែកក្រុមហ៊ុននាំចូលរួមខាត១សេនដុល្លារ ក្នុងមួយលីត្រ។បើយោងលើការព្រមព្រៀង លើរូបមន្តកំណត់តម្លៃរវាងអន្តរក្រសួង ជាមួយក្រុមហ៊ុនប្រេងឥន្ធនៈ ដែលប្រកបអាជីវកម្មនៅកម្ពុជា គឺចាប់ពីថ្ងៃទី១១ ដល់ថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៦ តម្លៃប្រេងសាំងធម្មតា ត្រូវលក់តម្លៃ ៥,២០០រៀល ក្នុងមួយលីត្រ។ សម្រាប់ប្រេងម៉ាស៊ូត ៦,០៥០រៀល​ក្នុងមួយលីត្រ៕

ឯកអគ្គរដ្ឋទូតកូរ៉េ សន្យាជួយជំរុញគម្រោងវិនិយោគធំៗឱ្យមកបណ្តាក់ទុននៅកម្ពុជា

2026/03/13 11:34:03 am        227
ឯកអគ្គរដ្ឋទូតកូរ៉េ សន្យាថា ជួយជំរុញគម្រោងវិនិយោគធំៗឱ្យមកបណ្តាក់ទុននៅកម្ពុជា សំដៅសម្រេចឱ្យបាននូវសមិទ្ធផលកាន់តែ ច្រើន និងបានអញ្ជើញឯកឧត្តម ស៊ុន ចាន់ថុល ដឹកនាំគណៈប្រតិភូកម្ពុជា ទៅបំពេញទស្សនកិច្ចទាក់ទាញអ្នកវិនិយោគនៅប្រទេសកូរ៉េ។ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្រ្តី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (ក.អ.ក.) នៅក្នុងជំនួបសម្តែងការគួរ សម និងពិភាក្សាការងារជាមួយ ឯកឧត្តម Kim Chang Yong ឯកអគ្គរដ្ឋទូតសាធារណរដ្ឋកូរ៉េប្រចាំព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី ១២ ខែមីនា ឆ្នាំ២០២៦, ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានថ្លែងអំណរគុណ ចំពោះការគាំទ្រជាបន្តបន្ទាប់ពីសំណាក់រាជរដ្ឋាភិបាល និង ប្រជាជនកូរ៉េ ចំពោះកិច្ចការអភិវឌ្ឍន៍សង្គម-សេដ្ឋកិច្ចកម្ពុជា ជាមួយគ្នានេះទំនាក់ទំនងពាណិជ្ជកម្ម និងការរីកលូតលាស់គួរឱ្យកត់ សម្គាល់ក្នុងក្របខណ្ឌកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី (FTA) នៃប្រទេសទាំងពីរផងដែរ។ឯកឧត្តមឧបនាយករដ្ឋមន្រ្តី បានបង្ហាញនូវក្តីរីករាយ ដែលប្រទេសទាំងពីរបានលើកកម្រិតដៃគូទំនាក់ទំនងទេ្វភាគីទៅជា «ភាពជាដៃគូយុទ្ធសាស្ត្រ» កាលពីឆ្នាំ២០២៤ កន្លងទៅ ហើយបានបន្តថា ថ្វីត្បិតតែបច្ចុប្បន្នកម្ពុជា-កូរ៉េ មានកិច្ចសហការច្រើនវិស័យ ហើយក្តី តែប្រទេសយើងទាំងពីរនៅតែមានសក្តានុពលខ្ពស់ ក្នុងការបង្កើនទំនាក់ទំនង និងកិច្ចសហប្រតិបត្តិវិនិយោគបន្ថែមទៀត ទាំង ក្នុងក្របខណ្ឌទេ្វភាគី និងតំបន់ ព្រោះកូរ៉េជាប្រទេសជឿនលឿន និងមានបទពិសោធន៍ការអភិវឌ្ឍច្រើនវិស័យ ទាំងក្នុងវិស័យបច្ចេកវិទ្យា និងពាណិជ្ជកម្ម។ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី បានគូសបញ្ជាក់ជាថ្មី នូវការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំបញ្ជាផ្ទាល់ ប្រកបដោយភាពម៉ឺងម៉ាត់ របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងការបោសសម្អាត Online Scam ឱ្យអស់ពីកម្ពុជា ដោយរួមទាំងវិធានការទប់ស្កាត់ បង្ក្រាប អប់រំ និងកិច្ចសហការជាមួយមិត្តបរទេស ក៏ដូចជាមិត្តកូរ៉េ ជាដើម និងបានសម្តែងនូវការអបអរសារទរចំពោះលទ្ធផលល្អប្រសើរ នៃប្រតិបត្តិការបង្រ្កាប Online Scam ដែលអនុវត្តដោយក្រុម ការងាររួមនៃប្រទេសទាំងពីរ ព្រមទាំងបានជម្រាបផងដែរ ពាក់ព័ន្ធនឹងការឯកភាពគ្នារៀបចំកិច្ចសន្ទនាលើកទី៣ រវាងរដ្ឋនឹងផ្នែកឯកជន កម្ពុជា-កូរ៉េ នៅថ្ងៃទី៨ ខែមេសា ខាងមុខ។ឯកឧត្តម Kim Chang Yong បាននាំមកនូវការថ្លែងអំណរគុណពីសំណាក់ ឯកឧត្តមប្រធានាធិបតីនៃសាធារណរដ្ឋកូរ៉េ ចំពោះរាជរដ្ឋាភិបាលកម្ពុជា ដែលបានផ្តល់កិច្ចសហការយ៉ាងជិតស្និទ្ធ ក្នុងការប្រយុទ្ធប្រឆាំង Online Scam និងបានសម្រេច សមិទ្ធផល វិជ្ជមានជាច្រើនគួរជាទីមោទនៈ ដែលនឹងរួមចំណែកលើកកម្ពស់សន្តិសុខ និងសុវត្ថិភាពដល់ប្រជាជនសាធារណរដ្ឋកូរ៉េ។ក្នុងជំនួបនេះ, ឯកឧត្តមឯកអគ្គរដ្ឋទូត បានស្នើសុំឯកឧត្តមឧបនាយករដ្ឋមន្ត្រី ចូលរួមសម្របសម្រួល ដើម្បីរៀបចំខួប៣០ឆ្នាំ នៃការភ្ជាប់ទំនាក់ទំនងការទូតឡើងវិញរវាងកម្ពុជា និងសាធារណរដ្ឋកូរ៉េនៅឆ្នាំក្រោយ អាចក្លាយជាព្រឹត្តិការណ៍ដ៏អធិកអធមបំផុត ហើយឯកឧត្តមក៏បានសន្យាថា នឹងជំរុញគម្រោងវិនិយោគធំៗឱ្យមកបណ្តាក់ទុននៅកម្ពុជា សំដៅសម្រេចឱ្យបាននូវសមិទ្ធផលកាន់តែ ច្រើន និងបានអញ្ជើញឯកឧត្តមឧបនាយករដ្ឋមន្រ្តីដឹកនាំគណៈប្រតិភូ ទៅទស្សនកិច្ចទាក់ទាញអ្នកវិនិយោគនៅប្រទេសកូរ៉េផងដែរ៕ អត្ថបទ៖ សុន រ៉ាឌី

កម្ពុជាគ្រោងពង្រីកទីផ្សារនាំចេញស្វាយចន្ទីរឱ្យកើនដល់ចំនួន ៤០០លានដុល្លារនៅពេល​អនាគត

2026/03/12 04:47:01 pm        176
ក្រសួងពាណិជ្ជកម្មកម្ពុជា បានឱ្យដឹងថា កម្ពុជា នឹងនាំចេញគ្រាប់ស្វាយចន្ទីសំបក (ប្រភេទ M23) ដែលមានតម្លៃប្រមាណ ៣៥ លានដុល្លារអាម៉េរិក ក្នុងដំណាក់កាលដំបូងហើយមានផែន​ការ​ពង្រីក​ការនាំចេញឱ្យឈានដល់ប្រមាណ ៤០០លានដុល្លារអាម៉េរិក នៅពេលអនាគត។យោងតាមផេកផ្លូវការរបស់ក្រសួងពាណិជ្ជកម្ម បានសសេរឱ្យដឹងថា កាលពីថ្ងៃទី១១ ខែមីនា ឆ្នាំ​២០២៦​កន្លង​ទៅ ឯកឧត្តម សំហេង បូរ៉ា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម និងជាប្រធានក្រុម​ការងារ​ជំរុញ​ការនាំចេញ (EPTF) បានរៀបចំកិច្ចប្រជុំជាមួយ លោក Jiang Xiaofei នាយកនៃ​គណៈ​កម្មាធិការការងារពង្រីកសហគ្រាសនៅក្រៅប្រទេស នៃវិទ្យាស្ថានចិន​សម្រាប់​យុទ្ធ​សាស្រ្ត​នវា​នុវត្ត​ន៍ និងអភិវឌ្ឍន៍ (China Institute for Innovation and Development Strategy - CIIDS) ដឹកនាំគណៈប្រតិភូក្រុមហ៊ុន China Bonded Port Group Co., Ltd. និង​តំណាង​ក្រុម​ហ៊ុន ​Men Sarun MDR Co., Ltd. ដើម្បីពិភាក្សាការងារពាក់ព័ន្ធវិស័យស្វាយចន្ទីរនៅកម្ពុជា។ប្រភពដដែល បានឱ្យដឹងទៀតថា ជំនួបនេះត្រូវបានរៀបចំឡើងក្នុងគោលបំណងពង្រឹង និង​ពង្រីក​កិច្ច​សហប្រតិបត្តិការសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគទ្វេភាគីកម្ពុជា-ចិន ព្រមទាំង​ស្វែង​យល់​ពី​សក្តានុពលក្នុងការជំរុញការនាំចេញកសិផលកម្ពុជា។ ក្នុងឱកាស​នោះ ឯកឧត្តមរដ្ឋលេខាធិការ បានអញ្ជើញជាសាក្សី ក្នុងពិធីចុះហត្ថលេខា​លើ​អនុស្ស​រណៈ​នៃ​ការយោគយល់គ្នា (MoU) ស្តីពី "កិច្ចសន្យាផ្គត់ផ្គង់គ្រាប់ស្វាយចន្ទីកម្ពុជា" រវាងក្រុម​ហ៊ុន​ទាំង​ពីរ​ខាង​លើ។ តាមរយៈកិច្ចព្រមព្រៀងនេះ កម្ពុជានឹងចាប់​ផ្តើម​នាំ​ចេញ​គ្រាប់​ស្វាយ​ចន្ទី​ទាំង​សំបក ​(ប្រភេទ M23) ក្នុងជំហានដំបូងដែលមានទំហំទឹកប្រាក់ប្រមាណ ៣៥លាន​ដុល្លារ​សហ​រដ្ឋ​អាម៉េរិក ដោយភាគីទាំងពីរមានចក្ខុវិស័យយុទ្ធសាស្ត្រក្នុងការជំរុញទំហំនាំចេញបន្ថែមទៀត ដែល​រំពឹងថានឹងអាចកើនឡើងដល់សក្តានុពលទឹកប្រាក់ប្រមាណ ៤០០​លាន​ដុល្លារ​សហរដ្ឋ​អាម៉េរិក​នាពេលអនាគត។បើ​តាមក្រសួងពាណិជ្ជកម្ម សមិទ្ធផលនេះ គឺជាលទ្ធផលនៃកិច្ចខិតខំប្រឹងប្រែងសម្របសម្រួល និង​ផ្គូរ​ផ្គងយ៉ាងសកម្មរបស់ ក្រុមការងារជំរុញការនាំចេញ (EPTF) នៃក្រសួងពាណិជ្ជកម្ម ដែល​តែង​តែ​ដើរ​តួនាទីជាតួអង្គស្នូលក្នុងការផ្សារភ្ជាប់ទំនាក់ទំនងរវាងអ្នកនាំចេញកម្ពុជា ជាមួយ​អ្នក​បញ្ជា​ទិញ​សក្តានុពលអន្តរជាតិ។ ទន្ទឹមនឹងនេះ កិច្ចសហប្រតិបត្តិការដ៏រឹងមាំរវាងក្រុមហ៊ុនទាំងពីរ មិន​ត្រឹម​តែ​ធានា​បាន​នូវ​កំណើន​នៃ​ការ​នាំ​ចេញ​ស្វាយចន្ទី​ទៅ​កាន់ទីផ្សារ​ប្រទេស​ចិន​ជា​បន្ត​បន្ទា​ប់​ប៉ុណ្ណោះទេ​ ប៉ុន្តែថែមទាំងជាសញ្ញាវិជ្ជមានដ៏ធំក្នុងការទាក់ទាញវិនិយោគិនចិន ឱ្យមក​បណ្តាក់​ទុន​នៅ​កម្ពុជា ដើម្បីពង្រីក​វិសាលភាព​នៃ​ការនាំ​ចេញ​កសិផល​ជាតិ​ចូលទៅ​កាន់​ទីផ្សារ​អន្តរជាតិ​ឱ្យ​កាន់​តែ​ទូលំ​ទូលាយ​បន្ថែម​ទៀត៕ អត្ថបទ៖ ឈិត បូរ៉ាវី 

កម្ពុជា​សម្រេច​បានវឌ្ឍនភាព​គួរ​ឱ្យកត់​សម្គាល់​ក្នុង​ការ​ចរចា​ដំឡើង​កម្រិត​កិច្ច​ព្រម​ព្រៀង​ពាណិជ្ជ​កម្ម​ ក្នុងក្របខណ្ឌអាស៊ាន និងដៃគូអាស៊ាន

2026/03/12 01:40:37 pm        146
រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម បានថ្លែងក្នុង«សិក្ខាសាលាស្តីពីភាពធន់ និង​កាលា​នុវត្តភាព នៃ​យុទ្ធសាស្រ្ត​អភិបាលកិច្ច វិទ្យាសាស្រ្ត បច្ចេកវិទ្យា នវានុវត្តន៍ឧស្សាហកម្ម និងពាណិជ្ជកម្មកម្ពុជា» នៅ​ថ្ងៃទី១២មីនានេះថា កម្ពុជាបានសម្រេចនូវវឌ្ឍនភាពគួរឱ្យកត់សម្គាល់ តាមរយៈ​ការ​ចរចា​ដំឡើង​កម្រិត​ព្រមព្រៀងពាណិជ្ជកម្ម និងការចរចាកិច្ចព្រមព្រៀងពាណិជ្ជកម្ម ក្នុងក្រប​ខណ្ឌ​អាស៊ាន ​និងជាមួយដៃគូអាស៊ាន។លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ថ្លែងសុន្ទរកថាក្នុងសិក្ខាសាលា នាព្រឹកនេះថា ក្រសួង​ពាណិជ្ជកម្មក្នុងនាមជាសេនាធិការរាជរដ្ឋាភិបាល នៅតែបន្ត​បោះ​ជំហាន​យ៉ាង​ស្វាហាប់​តាម​មាគ៌ា​អភិវឌ្ឍន៍សេដ្ឋកិច្ច-ពាណិជ្ជកម្មក្នុងការធ្វើសមាហរណកម្មសេដ្ឋកិច្ចទៅក្នុងតំបន់និង ពិភព​លោក ស្របតាមចក្ខុវិស័យ និងអភិក្រម «ពង្រឹងទីផ្សារចាស់ និងពង្រីកទីផ្សារថ្មី» និងបន្ត អនុវត្ត​អនុសាសន៍ «កែទម្រង់-រស់ មិនកែទម្រង់-ស្លាប់» សំដៅលើកកម្ពស់អភិបាលកិច្ចស្ថាប័ន ពង្រឹង​ប្រសិទ្ធភាពនៃការផ្តល់សេវាសាធារណៈ ដើម្បីអភិវឌ្ឍ​វិស័យ​ពាណិជ្ជ​កម្ម​ប្រកប​ដោយ​ចីរភាព​។លោកជំទាវ បន្ថែមថា ជាក់ស្តែង ក្នុងក្របខ័ណ្ឌអាស៊ាន និងអាស៊ានដៃគូ កម្ពុជា​សម្រេច​បាន​នូវ​វឌ្ឍនភាព​គួរ​ឱ្យកត់សម្គាល់ តាមរយៈ ការចរចាដំឡើងកម្រិតកិច្ចព្រមព្រៀងពាណិជ្ជកម្ម រួមមាន ៖ ទី១-បានបញ្ចប់នីតិវិធីក្នុងការស្នើសុំការផ្តល់សច្ចាប័នលើកិច្ចព្រមព្រៀងពិធីសារទី១, ធ្វើ​វិសោ​ធន​កម្ម​​កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី អាស៊ាន-ហុងកុង នៃសាធារណរដ្ឋប្រជាមានិតចិន និង​ពិធី​សារ​ទី​២ ធ្វើវិសោធនកម្មកិច្ចព្រមព្រៀង បង្កើតតំបន់ពាណិជ្ជកម្មសេរីអាស៊ាន-អូស្ត្រាលី-នូវែល​សេឡង់​។ ទី២- ក្រសួងក៏បានបញ្ចប់ការចរចា និងចុះហត្ថលេខាលើពិធីសារទី២ ធ្វើវិសោធនក​ម្ម​កិច្ច​ព្រម​ព្រៀង​អាស៊ានស្តីពីពាណិជ្ជកម្មទំនិញ និង កិច្ចព្រមព្រៀងដំឡើងកម្រិតពាណិជ្ជកម្មសេរីអាស៊ាន-ចិន ៣.០ និង ទី៣-ការចរចាដំឡើង កម្រិតកិច្ចព្រមព្រៀងពាណិជ្ជកម្មទំនិញអាស៊ាន-ឥណ្ឌា សម្រេច​បានវឌ្ឍនភាពប្រមាណ ៣៧%។ ជាមួយគ្នានេះ ក្រសួង​សម្រេច​បាន​ការ​ចរចា​កិច្ច​ព្រម​ព្រៀង​ពាណិជ្ជ​កម្មបានបញ្ចប់នីតិវិធីក្នុងការស្នើសុំការផ្តល់សច្ចាប័នលើពិធីសារ, ធ្វើវិសោធន​កម្ម​កិច្ច​ព្រម​ព្រៀងអា​ស៊ានស្តីពីបម្លាស់ទីរូបវន្តបុគ្គល និង ក្រសួងបានបញ្ចប់​ការ​ចរចា​ជា​ដុំ​កំភួន​កិច្ច​ព្រម​ព្រៀង​ក្រប​ខ័ណ្ឌសេដ្ឋកិច្ចឌីជីថលអាស៊ាន ហើយ ការចរចាកិច្ចព្រម​ព្រៀង​ពាណិជ្ជ​កម្ម​សេរី​អាស៊ាន​-កាណាដា សម្រេចបាន ៤១%។បណ្តាប្រទេសអាស៊ានគឺជាដៃគូពាណិជ្ជកម្មដ៏សំខាន់មួយរបស់កម្ពុជាដែលបានឈរនៅលំដាប់ទី២ បន្ទាប់ពីទីផ្សារសហរដ្ឋអាម៉េរិក។ ក្នុងឆ្នាំ២០២៥ អាស៊ាន​បាន​កាន់​កាប់​ចំណែក​ទីផ្សារ​នាំ​ចេញេ​របស់​កម្ពុជា​ចំនួន ១៨ ភាគរយ នៃការនាំចេញសរុប ៣១ ពាន់លានដុល្លារអាម៉េរិក៕ អត្ថបទ៖ ធូ វិរៈ

២ខែដើមឆ្នាំនេះការធ្វើពាណិជ្ជកម្មអន្តរជាតិរបស់កម្ពុជាមានទឹកប្រាក់សរុបជាង ១១ ពាន់លានដុល្លារ

2026/03/10 02:52:07 pm        184
ការដោះដូរពាណិជ្ជកម្មលើទីផ្សារអន្តរជាតិរបស់កម្ពុជា រយៈពេល២ខែ ដើមឆ្នាំ២០២៦នេះ មាន​ទំហំ​ទឹកប្រាក់សរុបជាង ១១ ពាន់លានដុល្លារ ក្នុងនោះការនាំចេញទំនិញរបស់កម្ពុជា មាន​ទឹក​ប្រាក់​ជាង ៥,២ ពាន់លានដុល្លារ ខណៈការនាំចូលពីបរទេសមានចំនួនជាង ៥,៨ ពាន់លាន ដុល្លារ​។អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បាន​បង្ហាញ​ស្ថិតិ​ពាណិជ្ជ​កម្ម នៃការធ្វើពាណិជ្ជកម្មលើ ទីផ្សារអន្តរជាតិរបស់កម្ពុជា ក្នុងនោះនៅក្នុងរយៈពេល ២ ខែ ដើម​ឆ្នាំ​២០២៦​នេះ ការធ្វើពាណិជ្ជកម្មទំនិញជាមួយប្រទេសដៃគូរសំខាន់ៗចំនួន ២០ និងបណ្តា​ប្រទេស​មួយ​ចំនួនផ្សេងទៀត គិតជាទឹកប្រាក់សរុបមានចំនួនជាង ១១ ពាន់លានដុល្លារ កើន​ឡើង​ជាង​ ១៧ ភាគរយ បើធៀប រយៈពេល ដូចគ្នាឆ្នំា២០២៥ (មានទឹកប្រាក់ប្រមាណជាង ៩ ពាន់​លានដុល្លារប៉ុណ្ណោះ) ។ជុំវិញការធ្វើពាណិជ្ជកម្មអន្តរជាតិនេះ ក្នុងនោះសម្រាប់ការនាំចេញទំនិញរបស់កម្ពុជា រយៈ​ពេល​២​ខែ ​ដើមឆ្នាំនេះ មានទំហំទឹកជាង ៥,២ ពាន់លានដុល្លារ កើនឡើងប្រមាណជាង ១៧ ភាគរយ បើ​ធៀបរយៈពេលដូចគ្នាឆ្នំា២០២៥ ដោយកម្ពុជាបាននាំទៅកាន់ប្រទេសសំខាន់ៗ រួមមាន៖ ប្រទេស​ចិន ជិត ៣០០ លានដុល្លារ, សហរដ្ឋអាមេរិក ជាង ២,២ ពាន់លានដុល្លារ, វៀតណាម​ជាង​ ៦២៥ លានដុល្លារ, ជប៉ុនជាង ៣២៨ លានដុល្លារ, ថៃជាង ១១២ លានដុល្លារ, អេស្បាញ ជាង ២០៦ លានដុល្លារ, កាណាដា ជិត ២០០ លានដុល្លារ, និងការនាំចេញទៅ កាន់​ប្រទេស​ផ្សេងៗ​ជា​ច្រើនទៀត។ចំណែកការនាំចូលវិញ នៅក្នុងរយៈពេលនេះដែរ កម្ពុជាបាននាំចូល​ទំនិញ​មាន​ទំហំ​ទឹក​ប្រាក់​សរុប​ប្រមាណ​ជា​ង ៥,៨ ពាន់លានដុល្លារ កើនឡើង ១៨ ភាគរយ បើធៀបរយៈពេលដូចគ្នាឆ្នំា២០២៥ ក្នុង​នោះការនាំចូលពីប្រទេសចិន មានទឹកប្រាក់ជាង ៣,២ ពាន់លានដុល្លារ, វៀតណាមជាង ៦៥១ លានដុល្លារ, ជប៉ុន ១៧៧ លានដុល្លារ, ថៃ ៣១៨ លានដុល្លារ, សឹង្ហបុរី ជាង ៣២២ លាន​ដុល្លារ, ម៉ាឡេស៊ី ជិត ២០០ លានដុល្លារ ក្រៅពីនេះកម្ពុជា​ក៏​បាន​នាំចូល​ទំនិញ​ផ្សេង​ៗ​ពី​ប្រទេស​ជា​ច្រើន​ទៀតផងដែរ៕ អត្ថបទ៖ សុន រ៉ាឌី

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

សិស្សសាលាអារ៉ាប់រួមនៅទីក្រុងឌូបៃ វិលត្រឡប់ទៅរៀនតាមអនឡាញ ក្រោយការវាយប្រហាររបស់អ៊ីរ៉ង់
05/05/2026 09:05 PM
ភរិយាសកម្មជនកងនាវាហ្កាហ្សានិយាយថា ស្វាមីរបស់ពួកគេដែលឃាត់ខ្លួនដោយអ៊ីស្រាអែល ត្រូវបានគេធ្វើទារុណកម្ម
05/05/2026 09:05 PM
នាយករដ្ឋមន្ត្រីរ៉ូម៉ានីត្រូវបានទម្លាក់ពីតំណែង ដោយការបោះឆ្នោតដកសេចក្ដីទុកចិត្ត
05/05/2026 08:05 PM
អារ៉ាប់រួមរឹតបន្តឹងដែនអាកាស ក្រោយមានការវាយប្រហារដោយមីស៊ីល និងយានដ្រូនរបស់អ៊ីរ៉ង់
05/05/2026 08:05 PM
ប្រមុខមន្ទីរបញ្ចកោណ៖ អាមេរិកមិនស្វែងរកការប្រយុទ្ធ ដោយប្រតិបត្តិការបណ្តោះអាសន្ន ដើម្បីការពារនាវាទេ
05/05/2026 08:05 PM
កូនប្រុសរបស់លោកស្រី អ៊ុងសាន ស៊ូជី ជំរុញឲ្យរដ្ឋាភិបាលមីយ៉ាន់ម៉ាផ្តល់ «ភស្តុតាងពីការមានជីវិត»
05/05/2026 07:05 PM
ចិន៖ ទណ្ឌកម្មកាន់តែទូលំទូលាយរបស់សហរដ្ឋអាមេរិក លើគុយបា គឺ «ខុសច្បាប់»
05/05/2026 07:05 PM
រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ ចេញដំណើរទៅទីក្រុងប៉េកាំង សម្រាប់កិច្ចពិភាក្សាជាមួយចិន
05/05/2026 07:05 PM
អ៊ុយក្រែនអះអាងថា មនុស្ស ៣នាក់ រងរបួស ក្នុងការវាយប្រហារយានដ្រូនរុស្ស៊ីលើមជ្ឈមណ្ឌលទីក្រុង Chernihiv
05/05/2026 07:05 PM
‎អនុប្រធាន សមាគមអតីតយុទ្ធជន អញ្ជើញប្រគល់ផ្ទះជូនគ្រួសារសមាជិកពលីមានជីវភាពខ្វះខាត ក្នុងខេត្តកំពង់ចាម
05/05/2026 07:05 PM