រយៈពេល៧ខែ, កម្ពុជានាំចេញទំនិញទៅសហរដ្ឋអាមេរិក មានទឹកប្រាក់ជិត ៧ពាន់លានដុល្លារ
ក្នុងរយៈពេល ៧ខែ, CDC អនុម័តគម្រោងវិនិយោគបានចំនួន ៤៤០គម្រោង មានទុន ៦,៧ ប៊ីលានដុល្លារ
វិស័យកសិកម្មមានកំណើន ១,២% គាំទ្រដោយកំណើនផលដំណាំ និងធនធានជលផល
ប្រតិបត្តិការការទូទាត់តាម QR Code នៅកម្ពុជា កំពុងពេញនិយមសម្រាប់អ្នកប្រើប្រាស់

សេដ្ឋកិច្ច និង កសិកម្ម

គណៈរដ្ឋមន្រ្តី អនុម័តសេចក្តីព្រាងច្បាប់ស្តីពីវិធានដើមកំណើតទំនិញ

2023/05/19 11:20:42 am        295
ភ្នំពេញ៖ សេចក្តីព្រាងច្បាប់ស្តីពីវិធានដើមកំណើតទំនិញ ត្រូវបានអនុម័តទាំងស្រុងនៅក្នុងកិច្ចប្រជុំគណៈរដ្ឋមន្រ្តី ដែលសេចក្តីព្រាងច្បាប់នេះ នឹងចូលរួមជំរុញ និងសម្រួលពាណិជ្ជកម្មដែលទទួលបានប្រយោជន៍ពីការអនុគ្រោះពាណិជ្ជកម្ម និងការអនុវត្តក្រៅប្រព័ន្ធអនុគ្រោះពាណិជ្ជកម្ម និង ចូលរួមទប់ស្កាត់ការក្លែងបន្លំដើមកំណើតទំនិញ។កិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី ធ្វើឡើងក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានពិភាក្សាលើ សេចក្ដីព្រាងច្បាប់ស្ដីពីវិធានដើមកំណើតទំនិញ។គោលបំណងនៃសេចក្ដីព្រាងច្បាប់នេះ គឺដើម្បី កំណត់អំពីគោលការណ៍ និងវិធានស្ដីពីដើមកំណើតនៃទំនិញនាំចេញ និងទំនិញនាំចូល ។ខ្លឹមសារសង្ខេបនៃសេចក្ដីព្រាងច្បាប់ មានចំនួន ៩ជំពូក ដែលរួមមាន ៣៥មាត្រា។ អត្ថប្រយោជន៍ សេចក្តីព្រាងច្បាប់ស្តីពីវិធានដើមកំណើតទំនិញនេះ ​មានអត្ថប្រយោជន៍ដូចខាងក្រោម កំណត់អំពី​គោលការណ៍ និងវិធានដើមកំណើតទំនិញ ទាំងវិធានដើមកំណើតទំនិញក្រោមប្រព័ន្ធអនុគ្រោះ​ពាណិជ្ជកម្ម និងក្រៅប្រព័ន្ធអនុគ្រោះពាណិជ្ជកម្ម ដែលបច្ចុប្បន្នកម្ពុជាពុំទាន់មានច្បាប់​ចែង​ដោយឡែក អំពីវិធានដើមកំណើតទំនិញក្រោមប្រព័ន្ធអនុគ្រោះពាណិជ្ជកម្ម និងក្រៅប្រព័ន្ធ​អនុគ្រោះពាណិជ្ជកម្ម​នៅឡើយទេ ក្រៅពីការអនុវត្តផ្នែកនេះតាមរយៈកិច្ចព្រមព្រៀងពាណិជ្ជកម្ម​សេរីនានាដែលកម្ពុជាជាសមាជិក។សេចក្តីព្រាងច្បាប់នេះ ក៏នឹងផ្ដល់ជាមូលដ្ឋានច្បាប់ច្បាស់លាស់ ដល់អាជ្ញាធរមានសមត្ថកិច្ច​ជាពិសេស ក្រសួងពាណិជ្ជកម្ម ដែលទទួលបន្ទុកចេញវិញ្ញាបនបត្របញ្ជាក់ដើមកំណើតទំនិញ និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដែលមានអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា ជាសេនាធិការ​ទទួល​បន្ទុកលើការទទួលសំអាងដើមកំណើតទំនិញ ក្នុងការអនុវត្តការងារទាក់ទង​នឹងវិធានដើមកំណើតទំនិញ។បន្ថែមពីលើនេះ នឹងជួយឱ្យកម្ពុជាអាចបំពេញបាននូវការសន្យារបស់ខ្លួន ក្រោមក្របខ័ណ្ឌ​អង្គការពាណិជ្ជកម្មពិភពលោក និងជួយជំរុញ និងសម្រួលពាណិជ្ជកម្មដល់វិស័យឯកជន ជាពិសេសការនាំចេញទំនិញរបស់កម្ពុជា ដែលទទួលបានការអនុគ្រោះពន្ធពីប្រទេសនាំចូល ដែលផ្ដល់ភាពអនុគ្រោះពាណិជ្ជកម្មដល់កម្ពុជា និងក្រោមកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីនានា​ដែលកម្ពុជាជាសមាជិក។សេចក្តីព្រាងច្បាប់នេះ នឹង ចូលរួមបង្ការ និងទប់ស្កាត់ការក្លែងបន្លំដើមកំណើតទំនិញ ដែលអាច​ជួយធានាថា ទំនិញនាំចេញពីកម្ពុជាគឺមានដើមកំណើតនៅកម្ពុជា ហើយអនុលោមតាម​កិច្ច​ព្រមព្រៀង​ពាណិជ្ជកម្មសេរីនានាដែលកម្ពុជាជាសមាជិក ​និងប្រព័ន្ធអនុគ្រោះពាណិជ្ជកម្ម៕ អត្ថបទ៖ វណ្ណៈ

គម្រោងសាងសង់ស្ថានីយបូមទឹកឆៅថ្មីកោះនរា គ្រោងនឹងបញ្ចប់ និងដាក់ឲ្យដំណើរការនៅឆ្នាំក្រោយ

2023/05/19 10:56:31 am        341
ភ្នំពេញ៖ គម្រោងសាងសង់ស្ថានីយបូមទឹកឆៅថ្មីកោះនរា គ្រោងនឹងបញ្ចប់ការសាងសង់ និងដាក់ឲ្យដំណើរនៅឆ្នាំក្រោយ ដោយស្ថានីយថ្មីនេះ និងបូមទឹកឆៅផ្គត់ផ្គង់រោងចក្រនិរោធជំហាន១, និរោធជំហាន២ និងគ្រោងបន្តទៅជំហាន ៣ ក្នុងពេលជំហានបន្ទាប់។ឯកឧត្តម ឡុង ណារ៉ូ អគ្គនាយករដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ លើកឡើងក្នុងការអញ្ជើញពិនិត្យ​វឌ្ឍនភាព​គម្រោងសាងសង់ ស្ថានីយបូមទឹកឆៅថ្មី កោះនរា របស់ឯកឧត្តមកត្តិសេដ្ឋាបណ្ឌិត ចម ប្រសិទ្ធ ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេក វិទ្យា និងនវានុវត្តន៍ នៅថ្ងៃទី ១៨ ខែ មករា ឆ្នាំ២០២៣នេះថា ​ការសាងសង់ស្ថានីយបូមទឹកឆៅ ​មកដល់ពេល នេះ អនុវត្តបាន​ប្រមាណជាង ៧៨ ភាគរយ, ការសិក្សានូវប្រព័ន្ធបរិក្ខា ប្រព័ន្ធអគ្គិសនី និងប្រព័ន្ធទ្វារទឹក ក្នុងនោះ​ក្រុមហ៊ុនដែលទទួលសិទ្ធិក្នុងការរៀបចំ កំពុងធ្វើការបញ្ជាទិញពីក្រៅប្រទេស ដើម្បីយកមកតម្លើង ។ឯកឧត្តម បន្តថា គម្រោងសាងសង់ស្ថានីយនេះ ចំណាយថវិកាក្នុងរង្វង់ប្រមាណ ២៨ លាន​ដុល្លារអាម៉េរិក ក្នុងនោះបើតាមការវាយតម្លៃ គម្រោងនេះគ្រោងនឹងបញ្ចប់ការសាងសង់ និងដាក់ឲ្យ ដំណើរការនៅពាក់កណ្តាល ឆ្នាំក្រោយ ។ជុំវិញគម្រោងសាងសង់ស្ថានីយបូមទឹកឆៅថ្មីកោះនរានេះ ឯកឧត្តមកត្តិសេដ្ឋាបណ្ឌិត ចម ប្រសិទ្ធ បានបញ្ជាក់ថា ការបង្កើត ស្ថានីយបូមទឹកឆៅ និងរោងចក្រនៅក្នុងតំបន់នេះ ពិតជាមានសារៈសំខាន់ណាស់ ក្នុងការជំរុញផ្គត់ផ្គង់ទឹកស្អាតទៅកាន់ភាគខាងត្បូង នៃរាជធានីភ្នំពេញ ក្នុងនោះប្រសិនក្រសួងមិនបានអនុវត្តតាមគម្រោងផែនការ នៃការសាងសង់​រោងចក្របានត្រឹមត្រូវនោះទេ វានឹងអាចប៉ះពាល់ដល់ប្រជាជនប្រមាណជា ​៤៥ ភាគរយ នៃប្រជាជនសរុបក្នុងរាជធានីភ្នំពេញ ​ខណៈដែលរោងចក្របាក់ខែង គឺជំរុញផ្គត់ផ្គង់ទឹកស្អាត នៅតំបន់​ ប៉ែកខាងជើង និងខាងលិចក្រុងភ្នំពេញ ​និងនៅក្នុងតំបន់ជ្រោយចង្វារផងដែរ។សូមបញ្ជាក់ថា ​ចំពោះការសាងសង់ស្ថានីយបូមទឹកឆៅថ្មីកោះនរានេះ គឺជាការដោះដូរស្ថានីយ​បូមទឹកចាស់នៅក្តីតាកុយ ជាមួយក្រុមហ៊ុន OCIC ដោយក្នុងនោះចំពោះការ​សាង់សង់​គម្រោង​ស្ថានីយបូមទឹកឆៅថ្មីនេះ ក្រុមហ៊ុន OCIC ទទួលបាន​ការ​ឧបត្ថម្ភ​ និង​គាំទ្រទាំងស្រុង ដូចជា ការផ្តល់​ទីប្រឹក្សាបច្ចេកទេស, សំណង់ស៊ីវិល, អេឡិចត្រូមេកានិច​ និងការដាក់បំពងមេ នាំទឹកឆៅតភ្ជាប់​ទៅរោងចក្រនិរោធ ដោយស្ថានីយថ្មីនេះ មានសមត្ថភាពបូមទឹកឆៅដូចគ្នា​ ក្នុងរង្វង់ប្រមាណពី ៣០ ទៅ ៤០ ម៉ឺនម៉ែត្រគីប ក្នុងមួយថ្ងៃ៕អត្ថបទ៖ សុន រ៉ាឌី

ធនាគារពិភពលោកព្យាករកំណើនសេដ្ឋកិច្ចកម្ពុជា ក្នុងរង្វង់ ៥,៥ភាគរយ ក្នុងឆ្នាំ២០២៣

2023/05/18 12:30:32 pm        299
ភ្នំពេញ៖ ធនាគារពិភពលោក បានព្យាករកំណើនសេដ្ឋកិច្ចកម្ពុជា ក្នុងឆ្នាំ២០២៣ ក្នុងរង្វង់ ៥,៥ភាគរយ ​ជំរុញដោយវិស័យជំរុញកំណើន ដែលដំបូងឡើយនាំមុខដោយវិស័យ​កម្មន្តសាល​ផ្តោតលើការនាំចេញ ឥឡូវនេះបានប្តូរទៅជាវិស័យសេវាកម្ម និងកសិកម្មវិញ។ក្នុងរបាយការណ៍បច្ចុប្បន្នភាពសេដ្ឋកិច្ចកម្ពុជា ចេញផ្សាយនៅថ្ងៃទី១៨ ខែឧសភា ធនាគារពិភព​លោក បានលើកឡើងថា ការស្តារសេដ្ឋកិច្ចកម្ពុជា​ មានភាពរឹងមាំ បើទោះជាតម្រូវការសកល​មាន​ការថមថយក៏ដោយ។ធនាគារពិភពលោកការថមថយនៃតម្រូវការខាងក្រៅ ​អាចបន្តអូសន្លាយពេល ការរឹតបន្តឹងវិស័យ​ហិរញ្ញវត្ថុ​នៅទូទាំងសកលលោក ​ការកើនឡើងថ្មីនៃវិបត្តិតម្លៃប្រេង​ គឺជាកត្តាហានិភ័យខាងក្រៅ​សម្រាប់សេដ្ឋកិច្ចកម្ពុជា។​ ដោយឡែកកត្តាហានិភ័យខាងក្នុងប្រទេសវិញ គឺការប្រមូលឥណទាន​ក្នុងស្រុកក្នុងវិស័យសំណង់។ការប្រើប្រាស់ក្នុងស្រុកមានសន្ទុះកើនឡើង​ ដោយសារកំណើននៃតម្រូវការ ការវិលមកវិញជាថ្មី​នៃទេសចរណ៍អន្តរជាតិ​ និងការថយចុះនៃសន្ទស្សន៍តម្លៃទំនិញប្រើប្រាស់។ ដោយឡែកការនាំចេញទំនិញមានការថយចុះ ​ដែលមូលហេតុចម្បង គឺដោយសារការថយ​ចុះនៃការ​នាំចេញទំនិញសំលៀកបំពាក់ កាបូបធ្វើដំណើរ និងស្បែកជើងទៅកាន់ទីផ្សារអាមេរិក​ និងសហគមន៍អឺរ៉ុប។លោកស្រី Maryam Salim ប្រធានគ្រប់គ្រងធនាគារពិភពលោកប្រចាំប្រទេសកម្ពុជា បានលើក​ឡើងថា ការធ្លាក់ចុះនៃតម្រូវការខាងក្រៅអាចធ្វើឲ្យការផលិតតម្រង់ទិសនាំចេញរបស់កម្ពុជាធ្លាក់ចុះ ដែលបង្កើតបានប្រហែល ​៤០ ភាគរយនៃការងារសរុបក្នុងវិស័យឧស្សាហកម្ម។ចំណែកការធ្លាក់ចុះតម្លៃប្រេងជាថ្មីអាចបង្កអតិផរណា​ និងបន្ថយការប្រើប្រាស់ក្នុងស្រុក។ ទាក់ទងនឹងអនុសាសន៍ ​លោកស្រីលើកឡើងថា​ គោលនយោបាយម៉ាក្រូសេដ្ឋកិច្ចរបស់កម្ពុជា ត្រូវតែ​បន្តធ្វើដើម្បីគាំទ្រកំណើន និងការងារ និងការការពារស្ថិរភាពហិរញ្ញវត្ថុនៅតែជាអាទិភាព។ ដើម្បីបង្កើនភាពធន់ ​និងការប្រកួតប្រជែងរយៈពេលវែងនៃសេដ្ឋកិច្ច ​កិច្ចខិតខំប្រឹងប្រែង គឺត្រូវការ​ជា​ចាំបាច់ក្នុងការលើកកម្ពស់បន្ថែមទៀត​នូវការធ្វើ​ពិពិធកម្មផលិតផលនាំចេញ៕ អត្ថបទ៖ វណ្ណៈ

សាជីវកម្មធានាឥណទានកម្ពុជា ផ្តល់ការធានាឥណទានជូនដល់ក្រុមហ៊ុន-អាជីវកម្ម ជាង១ ៣០០ មានទឹកប្រាក់ ១២០ លានដុល្លារ

2023/05/18 09:47:30 am        280
ភ្នំពេញ៖ សាជីវកម្មធានាឥណទានកម្ពុជា បានផ្តល់ការធានាឥណទានទំហំទឹកប្រាក់កម្ចីប្រហាក់ប្រហែល ១២០,២ លានដុល្លារ ជូនដល់ជាង ១ ៣០០ ក្រុមហ៊ុន-អាជីវកម្ម ដែលគ្មានលទ្ធភាពដាក់ទ្រព្យបញ្ចាំ ដើម្បីទទួលបាននូវកម្ចី សម្រាប់ស្តារ និងពង្រីកអាជីវកម្មក្នុង និងក្រោយដំណាក់កាលរីករាលដាលជំងឺកូវីដ១៩។តួលេខនេះ ត្រូវបានបង្ហាញក្នុងព្រឹត្តិបត្រ​វឌ្ឍនភាព​នៃការធានាឥណទានប្រចាំខែរបស់ សាជីវកម្មធានាឥណទានកម្ពុជា គិតចាប់តាំងពីខែមេសា ឆ្នាំ២០២១ ដែលត្រូវបានដាក់ឱ្យដំណើរការគម្រោងធានាឥណទានដំបូង រហូតដល់ថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៣។តាមព្រឹត្តិបត្រវឌ្ឍនភាពនៃការធានាឥទានរបស់សាជីវកម្មធានាឥណទានកម្ពុជាបង្ហាញថា មានអាជីវកម្ម សរុបចំនួន ក្រុមហ៊ុន ១ ៣៦៧ ទទួលបានការធានាឥណទានពីសារជីវកម្មធានា​ឥណទាន​កម្ពុជា ដែលស្មើនឹងទឹកប្រាក់ធានាសរុបចំនួនជិត ១២០លានដុល្លារ ក្នុងនោះប្រភេទ​អាជីវកម្មខ្នាតតូច និងមធ្យម មានចំនួន ១ ២៤៩ ក្រុមហ៊ុន និងអាជីវកម្មខ្នាតធំចំនួន ១១៨ ក្រុមហ៊ុន។ ទន្ទឹមនេះ ក្នុងចំណោម ក្រុមហ៊ុនអាជីវកម្មទាំងអស់ មានក្រុមហ៊ុនគ្រប់គ្រងដោយស្ត្រីចំនួន ៥៥០ ក្រុមហ៊ុន និង ក្រុមហ៊ុនប្រភេទកម្ចីមានទ្រព្យបញ្ចាំចំនួន ៥១៣ ក្រុមហ៊ុន និង ក្រុមហ៊ុនប្រភេទកម្ចីគ្មានទ្រព្យបញ្ចាំចំនួន ៨៥៤ ក្រុមហ៊ុន។សូមជម្រាបថា សាជីវកម្មធានាឥណទានកម្ពុជា គឺជាស្ថាប័នធានាឥណទានដំបូងបង្អស់នៅកម្ពុជា ដែលត្រូវបានបង្កើតឡើង នៅខែសីហា ឆ្នាំ២០២០ នៅក្នុងអំឡុងពេលវិបត្តិជំងឺកូវីដ១៩ កំពុងវាយ​លុក​យ៉ាងខ្លាំងលើកម្ពុជា ក្រោមការប្តេជ្ញាខ្ពស់របស់រាជរដ្ឋាភិបាល ក្នុងការដាក់ឱ្យដំណើរ​ការគម្រោង​ធានាឥណទានឱ្យបានទាន់ពេលវេលា ដើម្បីគាំទ្រដល់ការស្តារ និងការធានានិរន្តភាព​របស់ក្រុមហ៊ុនអាជីវកម្មក្នុងស្រុក។សាជីវកម្មធានាឥណទានកម្ពុជា បានដើរតួនាទីយ៉ាងសំខាន់ ក្នុងបម្រើបាននូវសេចក្តីត្រូវ​របស់សហគ្រាសធុនតូច និងមធ្យមនៅកម្ពុជា ដែលកំពុងតែជួបបញ្ហាលំបាក នៅក្នុងដំណាក់​កាលនៃការរីករាលដាលជំងឺកូវីដ១៩ និងវិបត្តិអតិផរណា ហើយត្រូវការឥណទានពីធនាគារ ដើម្បីអាជីវកម្មរបស់ខ្លួន៕ អត្ថបទ៖ វណ្ណៈ

កម្ពុជា រំពឹងទាក់ទាញភ្ញៀវទេសចរបរទេស ក្រោយព្រឹត្តិការណ៍ស៊ីហ្គេមបានបញ្ចប់

2023/05/17 01:51:29 pm        522
ភ្នំពេញ៖ ភ្ញៀវទេសចរអន្តរជាតិ និងការវិនិយោគ នឹងហូរចូលមកកាន់កម្ពុជាកាន់តែច្រើនបន្ថែមទៀត ក្រោយព្រឹត្តិការណ៍ស៊ីហ្គេមត្រូវបានបញ្ចប់ប្រកបដោយភាពជោគជ័យ ដែលធ្វើឱ្យគេស្គាល់កម្ពុជា ពេញសាកលលោក ។ឧកញ៉ា លឹម ហេង អនុប្រធានសភាពពាណិជ្ជកម្មកម្ពុជា លើកឡើងនៅថ្ងៃទី ១៦ខែឧសភា ឆ្នាំ ២០២៣នេះថា ព្រឹត្តិការណ៍ស៊ីហ្គេម ជាមហាប្រវត្តិសាស្ត្រដែលកម្ពុជាមិនធ្លាប់មាន, ជាកិត្តិយសរបស់ជាតិទំាងមូល ដែលមិនអាចកាត់ថ្លៃបាន ព្រោះកីឡា ក្រៅពីនំាមកសុខភាព មិត្តភាព វានិងក្លាយជាពាណិជ្ជកម្ម និងសេដ្ឋកិច្ចនៅគ្រាបន្ទាប់។ឧកញ៉ា បន្តថា ជុំវិញកម្ពុជាធ្វើជាម្ចាស់ផ្ទះរៀបចំការប្រកួតប្រជែងកីឡាស៊ីហ្គេមនេះ គឺជាឱកាសមួយដ៏ល្អសម្រាប់កម្ពុជា ដើម្បីបង្ហាញទៅដល់ថ្នាក់ដឹកនាំ ក៏ដូចជាប្រជាជននៅក្នុងតំបន់ និងអន្តរជាតិ មើលឃើញកម្ពុជាកាន់តែច្បាស់ ។ អ្នកចូលរួមមកពីបរទេសផ្សេងៗទៀត ពួកគាត់នឹងជួយផ្សព្វផ្សាយពីកម្ពុជាបន្ថែម ដោយយើងរំពឹងថា ក្រោយព្រឹត្តិ ការណ៍ស៊ីហ្គេមត្រូវបានបញ្ចប់ ប្រកបដោយភាពជោគជ័យ ភ្ញៀវទេសចរអន្តរជាតិ និងការវិនិយោគ នឹងហូរចូលមកកាន់កម្ពុជាកាន់តែច្រើនបន្ថែមទៀត ។ទាក់ទងភ្ញៀវទេសចរវិញលោកជំទាវ ឆាយ ស៊ីវលីន ប្រធានសមាគមទីភ្នាក់ងារទេសចរណ៍កម្ពុជា លើកឡើងថា ជុំវិញភ្ញៀវទេសចរនេះ តាមរយៈនៃព្រឹត្តិការណ៍សង្គ្រាន្តឆ្នាំថ្មី នាពេលកន្លងមកនេះ បានបង្ហាញឲ្យឃើញថា សន្ទុះភ្ញៀវទេសចរបានកើនឡើង គួរជាទីកត់សម្គាល់ ដែលមិនធ្លាប់មាន តាំងពីការផ្ទុះឡើងនៃវិបត្តិកូវីដ១៩ កន្លងមក។ចំណែកតាមរយៈនៃព្រឹត្តិការណ៍ស៊ីហ្គេមនេះទៀតសោត ដែលកម្ពុជាបានរៀបចំប្រកប​ដោយ​ជោគជ័យ និងកំពុងល្បីរន្ធឺ សុះសាយពាសពេញសាកលលោក នឹងធ្វើឲ្យកម្ពុជាអាច​ទទួលបានភ្ញៀវ​ទេសរណ៍ជាតិ និងអន្តរជាតិ កាន់តែច្រើនលើសពីការគ្រោងទុករបស់រាជរដ្ឋាភិបាល៕ អត្ថបទ៖ សុន រ៉ាឌី

ផ្សារភាគហ៊ុននិងប័ណ្ណធានាជំនួសប្រាក់ដុល្លាររបស់ទួរគី ដាំក្បាលចុះ ខណៈលោក Erdoganប្រឈមនឹងការបោះឆ្នោតជុំទី២

2023/05/16 09:30:49 am        194
ទួរគី៖ រូបិយ៍ប័ណ្ណលីរ៉ា(lira)របស់ប្រទេសទួរគីបានធ្លាក់ដល់កម្រិតទាបជិត២ខែមនេះ ប័ណ្ណធានាសម្រាប់ដុល្លាររបស់ខ្លួន និងការចំណាយលើការធានាស្ថានភាពចំពោះបំណុលរបស់ប្រទេសនេះ បានហក់ឡើង ខណៈការបោះឆ្នោតជ្រើសរើសប្រធានាធិបតីទំនងជានឹងបន្តទៅជុំទី២ ដោយក្នុងនោះ លោកប្រធានាធិបតី Tayyip Erdogan កំពុងកាន់អំណាច បាននាំមុខ។  ផ្សារភាគហ៊ុនរបស់ប្រទេសទួរគី ក៏បានធ្លាក់ចុះផងដែរ  ក្នុងនោះសន្ទស្សន៍ធនាគារដ៏សំខាន់បានធ្លាក់ចុះជាង៩%។ ប្រាក់លីរ៉ា បានធ្លាក់ចុះ១៩,៦៦ ធៀបទៅនឹងប្រាក់ដុល្លារអាមេរិក នៅម៉ោង១០និង៣៤នាទីម៉ោងសកល បន្ទាប់ពីបានកើនឡើង១៩,៧០ ក្នុងការជួញដូរដំបូង ដែលជាការធ្លាក់ចុះទាបបំផុតរបស់ខ្លួន ចាប់តាំងពីបានធ្លាក់ចុះទាបបំផុតចំនួន១៩,៨០ កាលពីខែមីនាឆ្នាំនេះ ក្រោយគ្រោះរញ្ជួយដីដ៏ធ្ងន់ធ្ងរបំផុត។ ការដាំក្បាលចុះនេះស្ថិតនៅដំណើរការសម្រាប់វគ្គជួញដូរដែលពុំមានលំនឹងរបស់ខ្លួនចាប់តាំងពីដើមខែវិច្ឆិកា។ ផ្សារហ៊ុនអ៊ីស្តង់ប៊ុលកំពុងជួញដូរទាបជាង២% បន្ទាប់ពីការធ្លាក់ចុះ ៦,៣៨% មុននេះបណ្តាលឱ្យមានការរង្គោះរង្គើទីផ្សារដ៏ធំ។យោងតាមប្រធានគណកម្មាការរៀបចំការបោះឆ្នោតជាន់ខ្ពស់ លោក Erdogan បាននាំមុខគូប្រជែងបក្សប្រឆាំងរបស់ខ្លួន គឺលោក Kemal Kilicdaroglu ក្នុងសំឡេងគាំទ្រ៤៩,៤% ទល់នឹងលោក Kilicdaroglu ដែលទទួលបានសំឡេងគាំទ្រ៤៤,៩៦% ស្របពេលដែលសន្លឹកឆ្នោតទើបតែរាប់បាន៩៩% ក្នុងការបោះឆ្នោតជុំទីមួយកាលពីថ្ងៃអាទិត្យ។ ការទទួលបានសំឡេងគាំទ្រនេះ បានតម្រូវឲ្យគណបក្សទាំង២ឈានចូលជុំទី២នៅថ្ងៃទី២៨ខែឧសភា ដោយលោក Erdoganជាបេក្ខភាពនាំមុខ៕

សម្តេចតេជោ ទាក់ទាញវិនិយោគិនទីម័រខាងកើត មកវិនិយោគលើវិស័យស្រូវ-អង្ករ

2023/05/15 11:51:19 am        603
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បានទាក់ទាញវិនិយោគិនមកពីប្រទេសទីម័រខាងកើត មកវិនិយោគលើកវិស័យស្រូវ អង្ករនៅកម្ពុជា ដើម្បីកិនកែច្នៃ នាំចេញអង្ករ ទៅកាន់ប្រទេសទីម័រខាងកើត។ ជាមួយគ្នារាជរដ្ឋាភិបាលកម្ពុជា ត្រៀមខ្លួនជាស្រេចក្នុងការជួយទីម័រខាងកើតលើវិស័យកសិកម្ម។ក្នុងពិធីប្រគល់សញ្ញាបត្រជូននិស្សិតបញ្ចប់ការសិក្សាផ្នែកកសិកម្មជាង ៣ពាន់នាក់ នៅមជ្ឈមណ្ឌល​សន្និបាត និងពិព័រណ៍កោះពេជ្រ នៅថ្ងៃទី១៥ ខែឧសភា សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា សម្តេចមានបំណងចង់ឲ្យអ្នកវិនិយោគរបស់ទីម័រខាងកើត មកវិនិយោគនៅក្នុងប្រទេសកម្ពុជា បង្កើតរោងចក្រកិនស្រូវនាំអង្ករចេញទៅកាន់ទីម័រ ដោយឡែកកន្ទក់សម្រាប់ផលិតជាចំណីសត្វ។សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា៖ “កម្ពុជា ផ្តល់ឱកាសឱ្យគាត់វិនិយោគមកកាន់ទីនេះ ដើម្បីបង្កើតរោងម៉ាស៊ីនកិនស្រូវ ឃ្លាំងស្តុក និងរៀបចំបណ្តាញប្រមូលទិញ រួចហើយ ផ្គត់ផ្គង់​អង្ករចូលទីម័រខាងកើត ដោយមានស្ថិរភាព ហើយខ្ញុំបានប្រាប់ពួកគាត់ថា អត់មានប្រទេសមួយ​ណាផ្តល់​ឱកាសបែបនេះ សម្រាប់ការវិនិយោគ១០០ភាគរយ ដោយរៀបចំម៉ាស៊ីនកិនស្រូវ ឃ្លាំងស្តុក និងរៀបចំបណ្តាញប្រមូលទិញ ហើយនាំទៅទាំងអង្ករ ទាំងចុងអង្ករ ទាំងកន្ទក់ ទាំងអង្កាមទៅចិញ្ចឹមសត្វនៅទីម័រ”។សូមបញ្ជាក់ថា ក្នុងជំនួបពិភាក្សាការងា កាលពីថ្ងៃទី៩ ខែឧសភា នៅប្រទេសឥណ្ឌូនេស៊ី សម្តេចតេជោ និង ឯកឧត្តម ថូរ ម៉ាតាន់ រួក (Taur Matan Ruak) នាយករដ្ឋមន្រ្តីនៃប្រទេស​ទីម័រខាងកើត បានលើកឡើងពីកិច្ចសហប្រតិបត្តិការរវាងប្រទេសកម្ពុជា និងទីម័រខាងកើត ដោយសម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា សម្តេចចង់ឲ្យទីម័រមានសន្តិសុខស្បៀង។អត្ថបទ៖ វណ្ណៈ

សម្តេចតេជោ ស្នើឱ្យសិក្សារៀបចំបង្កើត ផ្សារបោះដុំ និងលក់រាយកសិផល

2023/05/15 11:36:45 am        473
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី បានស្នើឱ្យសិក្សារៀបចំបង្កើត ផ្សារបោះដុំ និងលក់រាយកសិផល តាមបណ្តារាជធានី-ខេត្ត ដើម្បីបង្កើតទីផ្សារសម្រាប់កសិកផលរបស់កសិករ និងជំរុញឱ្យការផលិត និងការចិញ្ចឹមសត្វ មានតម្លៃដើមទាប ដើម្បីប្រកួតប្រជែងក្នុងក្របខណ្ឌទីផ្សារ អនុញ្ញាតឱ្យកសិករប្រកួតប្រជែងជាមួយមុខទំនិញនាំចូល។ក្នុងពិធីប្រគល់សញ្ញាបត្រជូននិស្សិតបញ្ចប់ការសិក្សាផ្នែកកសិកម្មជាង ៣ពាន់នាក់ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ នៅថ្ងៃទី១៥ ខែឧសភា សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍ណែនាំ ការបង្កើតយន្តការទីផ្សារកសិផលនេះ ដើម្បីរូមចំណែកលើកកម្ពស់យន្តការទីផ្សារ សម្រាប់កសិផលរបស់កសិករពេលផលិតបាន ។សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា៖ “ ត្រូវរៀបចំជំរុញលើកទឹកចិត្តឱ្យមានទីផ្សារ កន្លែងបោះដុំ និងលក់រាយកសិផល។យើងនៅភ្នំពេញក៏មានកន្លែងសម្រាប់កសិករយក​បន្លែទៅដាក់លក់ ហើយក៏មានអ្នកដែលចង់វិនិយោគផ្សារសម្រាប់ទទួលទិញ​ផលិតផល​របស់កសិករ”។សម្តេចតេជោ មានប្រសាសន៍ថា កម្ពុជា នៅមានបញ្ហាច្រើន ទាក់ទងនឹងបច្ចេកទេស ដោយ​សម្តេចតេជោ លើកទឹកចិត្តឱ្យមានការស្រាវជ្រាវ ជាមួយនឹងការរៀបចំយន្តការដើម្បីឆ្លើយតប ដើម្បី​អភិវឌ្ឍន៍វិស័យកសិកម្ម ជាពិសេស ការរៀបចំសមាគមកសិករ ដើម្បីធានាដល់ការផលិត និងបង្កើតកម្លាំងចរចាឬតថ្លៃរបស់កសិករ លើទីផ្សារ។ទាក់ទឹងតម្លៃប្រកួតប្រជែងកសិផលលើទីផ្សារ ប្រមុខរាជរដ្ឋាភិបាល ជំរុញឱ្យការផលិត និងការ​ចិញ្ចឹមសត្វ មានតម្លៃដើមទាប ដើម្បីប្រកួតប្រជែងក្នុងក្របខណ្ឌទីផ្សារ អនុញ្ញាតឱ្យកសិករ​ប្រកួតប្រជែង​ជាមួយមុខទំនិញនាំចូល ៕ អត្ថបទ៖ វណ្ណៈ

ម្រេចកម្ពុជាត្រូវបានអនុញ្ញាតឱ្យនាំចេញទៅកាន់ប្រទេសចិន

2023/05/12 12:46:45 pm        310
ភ្នំពេញ៖ នាថ្ងៃទី១១ខែឧសភា រដ្ឋបាលគយនៃប្រទេសចិនបានបង្ហាញពីបញ្ជីឈ្មោះក្រុមហ៊ុនសហគ្រាសដែលបានចុះបញ្ជីនាំចេញគ្រឿងទេសកម្ពុជាទៅកាន់ប្រទេសចិន។ ទីតាំងដាំម្រេចចំនួន២៨កន្លែង និងរោងចក្រវេចខ្ចប់ចំនួន៧កន្លែង ត្រូវបានចុះបញ្ជីនិងទទួលបានការអនុញ្ញាតពីភាគីចិនក្នុងការនាំចេញ។ ដើម្បីពន្លឿនការអនុវត្តពិធីសារស្តីពីលក្ខខណ្ឌតម្រូវភូតគាមអនាម័យសម្រាប់ការនាំចេញម្រេចពីកម្ពុជាទៅប្រទេសចិន ដែលបានចុះហត្ថលេខារួមគ្នារវាងភាគីទាំងពីរចិន និងកម្ពុជាកាលពីខែវិច្ឆិកា ឆ្នាំ២០២២ រដ្ឋបាលគយ ស្ថានទូតចិនប្រចាំកម្ពុជា និងក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទកម្ពុជា កាលពីថ្ងៃទី១០-១១ខែមេសាថ្មីៗនេះ បានធ្វើការពិនិត្យទីតាំងដាំម្រេច និងរោងចក្រវេចខ្ចប់ម្រេច ដោយតាមរយៈVideo Conference។ ដំណាំម្រេចគឺជាកសិផលដំបូងគេរបស់កម្ពុជា ដែលត្រូវបានអនុញ្ញាតឱ្យនាំចេញទៅ​ប្រទេសចិន​ក្នុងឆ្នាំ២០២៣នេះ ហើយក៏ជាដំណាំគ្រឿងទេសដំបូង​គេដែលត្រូវបាន​អនុញ្ញាតឱ្យនាំចេញ​ទៅកាន់ទីផ្សារចិនផងដែរ៕

ប្រទេសអេហ្ស៊ីប បានសម្រេចមិនយកពន្ធនាំចូលមាសរយៈពេល៦ខែ

2023/05/12 11:24:46 am        160
អេហ្ស៊ីប៖ប្រទេសអេហ្ស៊ីប កាលពីថ្ងៃព្រហស្បតិ៍ បានប្រកាសលើកលែងការនាំចូលមាសមិនបង់ពន្ធគយ និងការចំណាយផ្សេងទៀតសម្រាប់ពន្ធបន្ថែម ដែលនឹងរក្សាធ្វើឲ្យមានស្ថិរភាពលើទីផ្សារមាសខណៈមើលឃើញតម្លៃកើនឡើងខ្ពស់។ គណៈរដ្ឋមន្ត្រី និយាយនៅក្នុងសេចក្តីថ្លែងការណ៍ថានាយករដ្ឋមន្ត្រីអេហ្ស៊ីបលោក Mostafa Madbouly បានធ្វើការសម្រេចដូច្នេះ ដែលនឹងអនុវត្តក្នុងរយៈពេល៦ខែចំពោះអ្នកដំណើរដែលនាំយកផលិតផលមាសមកពីបរទេស ប៉ុន្តែគជ់ខ្យង និងត្បូង ពុំរាប់បញ្ចូលនោះទេនៅក្នុងចំណាត់ការថ្មីនេះ។សេចក្តីថ្លែងការណ៍ ពុំបានបញ្ជាក់ច្បាស់ពីចំនួនមាសដែលត្រូវបានលើកលែងពន្ធនោះទេ។ ប្រព័ន្ធផ្សព្វផ្សាយក្នុងតំបន់ បានរាយការណ៍ថា ប្រជាជនអេហ្ស៊ីប អាចចូលមកអាកាសយានដ្ឋាន ឬកំពង់ផែ ជាមួយមាសមិនយកពន្ធចំនួនរហូតដល់១៥០ក្រាម។ លោក Nady Naguid អគ្គលេខាធិការ វិស័យមាស នៅក្នុងសភាពាណិជ្ជកម្មទីក្រុងគែរ បាននិយាយថា សេចក្តីសម្រេចថ្មីនេះ គឺជាការល្អ ដើម្បីទាញយកបរិមាណមាសបន្ថែមទៀតនៅក្នុងទីផ្សារដើម្បីកាត់បន្ថយតម្លៃ ក្នុងពេលមានការរំខានចំពោះការលក់មាសនៅក្នុងប្រទេសអេហ្ស៊ីប ក្នុងពេលលើកមកពិចារណាពីកង្វះខាតប្រាក់ដុល្លារអាមេរិក។លោកនិយាយថា ការសាកល្បង នឹងចាប់ផ្តើម ដើម្បីនាំយកលទ្ធផលជាផ្លែផ្កាក្នុងរយៈពេល២ខែខាង    មុខ។ អ្នកជំនាញនិយាយថា បច្ចុប្បន្ននេះ មានការកើនឡើងតម្លៃមាសដែលពុំធ្លាប់មានពីមុនមក ដោយសារតែតម្រូវការខ្ពស់របស់ប្រជាជនអេហ្ស៊ីប ដែលគិតថាវាជាការវិនិយោគមានសុវត្ថិភាព ខណៈរូបីយប័ណ្ណក្នុងស្រុករបស់អេហ្ស៊ីប កំពុងមើលឃើញការធ្លាក់ចុះខ្លាំងទល់នឹងប្រាក់ដុល្លារ។

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

គ្រោះរាំងស្ងួតនៅស៊ែរប៊ី បង្កផលប៉ះពាល់ធ្ងន់ធ្ងរដល់ប្រជាកសិករ និងការចិញ្ចឹមសត្វ
08/13/2025 09:08 PM
រដ្ឋបាលខេត្តស្វាយរៀងរៀបចំវេទិការផ្ដល់ឱកាសជូនដល់ពលករមកពីប្រទេសថៃចុះឈ្មោះស្វែងរកការងារធ្វើ
08/13/2025 08:08 PM
សេចក្តីរាយការណ៍៖ អ៊ីស្រាអែល និងស៊ូដង់ខាងត្បូង ជជែកគ្នាពីការផ្ទេរជនប៉ាឡេស្ទីនទាំងបង្ខំ
08/13/2025 08:08 PM
យោធាអ៊ីស្រាអែល ប្រាប់ថា ខ្លួនបានយល់ព្រមលើផែនការ សម្រាប់ការវាយលុកថ្មី នៅហ្កាហ្សា
08/13/2025 07:08 PM
រុស្ស៊ីចាត់ទុកការទូតរបស់អឺរ៉ុប ជុំវិញបញ្ហាអ៊ុយក្រែនថា «មិនមានសារៈសំខាន់»
08/13/2025 07:08 PM
ទួរគី៖ កងជីវពលឃឺដ YPG គួរតែបញ្ឈប់ពន្យារពេលការធ្វើសមាហរណកម្មជាមួយស៊ីរី
08/13/2025 07:08 PM
រដ្ឋមន្រ្តីសុខាភិបាល ណែនាំដល់ថ្នាក់ដឹកនាំសុខាភិបាល បង្កើនការយកចិត្តទុកដាក់ខ្ពស់ទប់ស្កាត់ជំងឺគ្រុនឈាម ពិសេសចំពោះស្ត្រីមានផ្ទៃពោះ ទារក និងកុមារ ក្នុងរដូវវស្សានេះ
08/13/2025 07:08 PM
មនុស្ស ២នាក់ស្លាប់ ក្រោយអគ្គិភ័យឆាបឆេះអគារផ្ទះល្វែងនៅទីក្រុង Bukit Merah ប្រទេសសិង្ហបុរី
08/13/2025 07:08 PM
អេស្តូនីបណ្តេញអ្នកការទូតរុស្ស៊ី ខណៈទីក្រុងមូស្គូ ប្រាប់ថា នឹងសងសឹក
08/13/2025 07:08 PM
ទីក្រុងម៉ានីល៖យន្តហោះចម្បាំងចិនហោះស្កាត់យន្តហោះហ្វីលីពីននៅលើតំបន់ថ្មប៉ប្រះទឹកជម្លោះ
08/13/2025 07:08 PM