សម្ដេចធិបតី៖គិតត្រឹមខែមេសាឆ្នាំនេះយុវជនមកពីគ្រួសារក្រីក្រ និងងាយរងហានិភ័យចំនួន ២៧,១ម៉ឺននាក់ទទួលបានការបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈ
សម្ដេ​ចតេជោ ហ៊ុន សែន៖«២០ មិថុនា ១៩៧៧ ជីវិតរបស់ខ្ញុំ និងភរិយាពេលនោះជួបជាមួយគ្រោះថ្នាក់ និងលំបាកវេទនាខ្លាំងណាស់»
កាកបាទក្រហមកម្ពុជា ទទួលថវិកាពីសមាគមឧកញ៉ាកម្ពុជាចំនួន ១,០០៩,៩៩៩ ដុល្លារ អាមេរិក ក្នុងទិវា ៨ឧសភា ២០២៦
TOP STORY | សម្ដេចតេជោ ហ៊ុន សែន៖ «ពេល​ណា​ព្រំដែន​គោកកម្ពុជា-ថៃ​នៅ​តែ​បន្ត​បិទ គ្រប់​មុខ​ទំនិញ​ទាំង​អស់​ដែល​នាំ​ចូល​ឆ្លង​កាត់​ព្រំដែន​គោក​គឺ​ទំនិញ​ខុស​ច្បាប់​ ជាទំនិញរត់ពន្ធ​ ជាទំនិញបំ​ផ្លាញជាតិ និងប្រមាថជាតិ

ព័ត៌មានសំខាន់ៗ

ក្រុមហ៊ុន Hanshin E&C បង្ហាញបំណងពង្រីកទុនវិនិយោគលើវិស័យហិរញ្ញវត្ថុនៅព្រះរាជាណាចក្រកម្ពុជា

2024/05/17 08:31:07 pm        70
ភ្នំពេញ ÷ នាព្រឹកថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៤ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យលោក Choi Yong-Sun ប្រធានក្រុមហ៊ុន Hanshin E&C និងសហការី​ ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ក្នុងឱកាសនៃដំណើរទស្សនកិច្ចផ្លូវការនៅទីក្រុងសេអ៊ូល សាធារណរដ្ឋកូរ៉េ​​ ពីថ្ងៃទី១៥-១៨​​​ ខែឧសភា​​ ឆ្នាំ២០២៤។ក្នុងឱកាសនៃជំនួប លោកប្រធានក្រុមហ៊ុន បានថ្លែងអរគុណចំពោះសម្ដេចធិបតី ដែលបានឆ្លៀតពេលដ៏មមាញឹកអនុញ្ញាតឱ្យរូបលោក និងសហការី ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ ព្រមទាំងបានគោរពជម្រាបជូនសម្តេចធិបតី អំពីវឌ្ឍនភាព នៃការធ្វើអាជីវកម្មរបស់ក្រុមហ៊ុន Hanshin E&C រយៈពេលប្រមាណ១០ ឆ្នាំនៅកម្ពុជា លើវិស័យសំណង់ និងវិស័យហិរញ្ញវត្ថុ។ ជាមួយគ្នានេះ លោកប្រធានក្រុមហ៊ុន ក៏បានគោរពជម្រាបជូនសម្តេចធិបតីថា តាមរយៈប្រតិបត្តិការអាជីវកម្មក្នុងរយៈពេលប្រមាណ​ ១០ ឆ្នាំមកនេះ ក្រុមហ៊ុនបានសិក្សាស្វែងយល់ច្រើនអំពីការធ្វើអាជីវកម្មនៅកម្ពុជា ហើយក្រុមហ៊ុនកំពុងតែសិក្សាបន្ថែមទៀត ដើម្បីពង្រីកអាជីវកម្មរបស់ខ្លួនលើវិស័យហិរញ្ញវត្ថុ។ជាការឆ្លើយតប សម្ដេចធិបតី បានសម្តែងនូវការស្វាគមន៍ និងរីករាយដែលបានជួបពិភាក្សាការងារជាមួយលោកប្រធានក្រុមហ៊ុន និងសហការី និងបានវាយតម្លៃខ្ពស់ចំពោះក្រុមហ៊ុន ដែលបានបោះទុនវិនិយោគនៅព្រះរាជាណាចក្រកម្ពុជា។ ជាមួយគ្នានេះ សម្តេចធិបតី ក៏បានថ្លែងអំណរគុណដល់លោកប្រធានក្រុមហ៊ុន Hanshin E&C ដែលបានបង្ហាញពីទំនុកចិត្តរបស់ក្រុមហ៊ុនក្នុងការពង្រីកទុនវិនិយោគ នៅកម្ពុជាលើវិស័យហិរញ្ញវត្ថុ។ ទន្ទឹមនោះ សម្ដេចធិបតី ក៏បានបញ្ជាក់ជូនលោកប្រធានក្រុមហ៊ុនថា រាជរដ្ឋាភិបាលកម្ពុជា បានត្រៀមខ្លួនរួចជាស្រេចក្នុងការសម្របសម្រួល និងគាំទ្រដល់សកម្មភាពវិនិយោគ​​ និងធុរកិច្ច​ នៅព្រះរាជាណាចក្រកម្ពុជា និងលើកទឹកចិត្តឱ្យក្រុមហ៊ុនបន្តស្វែងរកនូវឱកាសវិនិយោគថ្មីៗបន្ថែមទៀត ៕

ប្រធានក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុន Booyoung Khmer II Co.,Ltd.៖ ការវិនិយោគរបស់ក្រុមហ៊ុននៅក្នុងប្រទេសកម្ពុជា គឺមិនមែនដើម្បីប្រាក់ចំណេញសុទ្ធសាធនោះទេ តែជាការរួមចំណែកជាមួយរាជរដ្ឋាភិបាលក្នុងការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចនៅកម្ពុជា

2024/05/17 07:13:19 pm        85
ភ្ណំពេញ ៖ នាព្រឹកថ្ងៃទី១៧ ខែឧសភា ឆ្នាំ ២០២៤ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យលោកបណ្ឌិត Lee Joong Keun ស្ថាបនិកនៃក្រុមហ៊ុន Booyoung Group និងជាប្រធានក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុន Booyoung Khmer II Co.,Ltd. ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ក្នុងឱកាសបំពេញទស្សនកិច្ចផ្លូវការ នៅទីក្រុងសេអ៊ូល សាធារណរដ្ឋកូរ៉េ។ក្នុងឱកាសនៃជំនួប លោកប្រធានក្រុមប្រឹក្សាភិបាលបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះសម្តេចធិបតី ដែលបានឆ្លៀតពេលវេលាដ៏មមាញឹកអនុញ្ញាតឱ្យរូបលោក និងសហការីបានចូលជួបសម្ដែងការគួរសមនាឱកាសនេះ និងបានរំឮកអំពីប្រសាសន៍ប្រកបដោយអត្ថន័យ របស់ ឯកឧត្តមប្រធានាធិបតី យូន ស៊កយ៉ល (Yoon Suk Yeol) កាលពីថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៤ នេះថា “ប្រទេសកូរ៉េ និងកម្ពុជា គឺជាបងប្អូននឹងគ្នា”។ ជាមួយគ្នានេះ លោកបានគោរពជម្រាបជូន សម្ដេចធិបតី ថា ការសម្រេចចិត្តវិនិយោគរបស់ក្រុមហ៊ុននៅក្នុងប្រទេសកម្ពុជា គឺមិនមែនក្នុងបំណងស្វែងរកប្រាក់ចំណេញសុទ្ធសាធនោះទេ តែជាការរួមចំណែកជាមួយរាជរដ្ឋាភិបាលក្នុងការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចនៅកម្ពុជា សំដៅលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋឱ្យកាន់តែប្រសើរឡើង។ជាការឆ្លើយតប សម្តេចធិបតី បានសម្ដែងនូវការរីករាយដែលបានជួបជាមួយលោកប្រធានក្រុមប្រឹក្សាភិបាល សាជាថ្មីម្ដងទៀតនៅសាធារណរដ្ឋកូរ៉េ និងអរគុណដល់ក្រុមហ៊ុនដែលបានរួមដល់រួមចំណែកដល់ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចនៅកម្ពុជា តាមរយៈការបណ្ដាក់ទុនវិនិយោគលើវិស័យជាច្រើន រួមមាន វិស័យសំណង់ វិស័យធនាគារ និងវិស័យសក្ដានុពលផ្សេងទៀត ដែលជាចំណុចខ្លាំងនៃអាជីវកម្មរបស់ក្រុមហ៊ុន។ ជាមួយគ្នានេះសម្ដេចធិបតីបានលើកទឹកចិត្តដល់ក្រុមហ៊ុនបន្តជួបពិភាក្សាជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធ នៃព្រះរាជាណាចក្រកម្ពុជា សម្របសម្រួលលើកិច្ចការដែលនៅសេសសល់ និងពង្រីកឱកាសវិនិយោគលើវិស័យសក្ដានុពលផ្សេងៗទៀតនៅកម្ពុជា ដើម្បីការចម្រើនបន្ថែមទៀតរបស់ក្រុមហ៊ុន ក៏ដូចជាជាប្រយោជន៍ដល់ប្រជាជនកម្ពុជា។ ៕

ក្រុមហ៊ុន Dunamu របស់កូរ៉េ បង្ហាញបំណងចង់ពង្រីកការវិនិយោគបន្ថែមនៅកម្ពុជា លើវិស័យហិរញ្ញវត្ថុ

2024/05/17 01:40:35 pm        142
កូរ៉េ៖ នាព្រឹកថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៤ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃ​ព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យលោក LIM Jihoon ប្រធានផ្នែកយុទ្ធសាស្ត្រ នៃក្រុមហ៊ុន Dunamu ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ។ក្នុងឱកាសនៃជំនួប លោកប្រធានផ្នែកយុទ្ធសាស្ត្រ បានគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ សម្តេច​ធិបតី ដែលបានចំណាយពេលដ៏មមាញឹកអនុញ្ញាតឱ្យរូបលោក និងសហការី ចូលជួប​សម្ដែង​ការ​គួរសម និងពិភាក្សាការងារ។ លោកប្រធានផ្នែកយុទ្ធសាស្រ្ត បានគោរពជម្រាបជូនសម្តេចធិបតី អំពីវឌ្ឍនភាព​នៃអាជីវកមុ្ម​របស់​ក្រុម​ហ៊ុន Dunamu ដែលមានប្រតិបត្តិការអាជីវកម្មនៅ​តាម​បណ្ដា​ប្រទេស​មួយ​ចំនួន​ក្នុង​តំបន់​អាស៊ី​អាគ្នេយ៍ ដូចជា សិង្ហបុរី ថៃ និងឥណ្ឌូនេស៊ី និងផ្តោតលើសេវាកម្មលើវិស័យហិរញ្ញវត្ថុ ថ្នាលបច្ចេកវិទ្យា ការ​គ្រប់​គ្រងទិន្នន័យ និងបច្ចេកវិទ្យាកម្សាន្ត។ ជាមួយ​គ្នា​នេះ​លោក​ប្រធាន​ផ្នែក​យុទ្ធសាស្ត្រ​បានគោរព​ជម្រាប​សម្ដេច​ធិបតី​អំពី​ចំណាប់​អារម្មណ៍​របស់​ក្រុមហ៊ុន​ក្នុង​ការ​ពង្រីក​ការ​វិនិយោគ​របស់​ខ្លួន​បន្ថែម​ទៀត​នៅ​ក្នុង​ប្រទេស​ដទៃ​ទៀត ដែលរួមមានកម្ពុជាជាដើម។ជាការឆ្លើយតប សម្ដេចធិបតី បានសម្តែងនូវការស្វាគមន៍ និងរីករាយដែល​បាន​ជួប​ពិភាក្សា​ការងារ​ជាមួយ​លោក​ប្រធាន​ផ្នែកយុទ្ធសាស្ត្រ និងសហការី និងអរគុណ​ចំពោះ​ក្រុមហ៊ុន​ដែល​មាន​ចំណាប់​អារម្មណ៍​លើ​ការ​វិនិយោគ​នៅ​ព្រះរាជាណាចក្រកម្ពុជា លើវិស័យហិរញ្ញវត្ថុ។ សម្តេចធិបតី បានគូសបញ្ជាក់ថា កម្ពុជាកំពុងបោះជំហានទៅមុខយ៉ាងវិជ្ជមាន និងកំពុងធ្វើ​ទំនើបកម្ម​លើ​បច្ចេក​វិទ្យាហិរញ្ញវត្ថុ (FinTech) និងលិខិតបទដ្ឋានគតិយុត្តិពាក់ព័ន្ធនឹង បច្ចេកវិទ្យាហិរញ្ញវត្ថុ។ ទន្ទឹមនោះ សម្ដេចធិបតី ក៏បានគូសបញ្ជាក់ផងដែរថា ព្រះរាជាណាចក្រ​កម្ពុជា​មាន​សក្ដានុពល​លើ​វិស័យ​ផ្សេង​ៗ​ទៀត ដូច្នេះក្រុមហ៊ុន Dunamu អាចពិនិត្យមើល​ឱកាស​ក្នុង​ការ​ស្វែង​រក​ការ​វិនិយោគ​លើ​វិស័យ​ផ្សេង​ៗ​នៅ កម្ពុជាផងដែរ៕

ព្រឹកនេះ សម្ដេចធិបតីនាយករដ្ឋមន្រ្ដី បានអញ្ជើញជួប ប្រធានក្រុមហ៊ុន វិនិយោគិន និងធុរជនកូរ៉េ​ជាបន្តបន្ទាប់ដើម្បីពិភាក្សាការងារ

2024/05/17 12:22:41 pm        159
ក្នុងឱកាសដំណើរទស្សនកិច្ចផ្លូវការនៅសាធារណៈរដ្ឋកូរ៉េ នៅព្រឹកថ្ងៃទី១៧ ខែឧសភា ឆ្នាំ ២០២៤នេះ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃកម្ពុជា បានបន្តមាន​ជំនួប​ជាមួយ​បណ្ដា​ប្រធាន​ក្រុមហ៊ុន អ្នកវិនិយោគ និងធុរជន កូរ៉េជាបន្តបន្តបន្ទាប់ ដើម្បីទាក់ម៉ូយ ទាក់ទាញ​ការ​វិនិយោគ​បន្ថែម​មក​កាន់​ប្រទេសកម្ពុជា។ ក្នុងឱកាសនោះសម្ដេចធិបតី នាយករដ្ឋមន្រ្ដី បានអញ្ជើញជួបពិភាក្សាការងារជាមួយលោក Woo Jong JEON នាយកប្រតិបត្តិ និងជាប្រធានក្រុមហ៊ុន SK Securities, លោក Ahh Young-Min ជាតារា K-pop ជាអ្នកនិពន្ធ និងជាតំណាងក្រុមហ៊ុន SM Entertainment, លោក JUNG Wonju ប្រធានក្រុមហ៊ុន Daewoo E&C, លោក Choi Yong-Sun ប្រធានក្រុមហ៊ុន Hanshin E&C, លោក Joo-Bong, Park ប្រធានក្រុមហ៊ុន Daejoo KC Group, លោកបណ្ឌិត Lee Joong Keun ស្ថាបនិកនៃក្រុមហ៊ុន Booyoung Group និងឯកឧត្តម Oh Young-hun អភិបាល​ខេត្តស្វយ័ត​ពិសេស​ជេជូ​នៃ​សាធារណ​រដ្ឋកូរ៉េ​។ ក្នុងឱកាសជំនួបជាមួយលោក Woo Jong JEON នាយកប្រតិបត្តិ និងជាប្រធានក្រុមហ៊ុន SK Securities ក្រុមហ៊ុននេះ បានបង្ហាញបំណងបណ្ដាក់ទុនវិនិយោគលើវិស័យហិរញ្ញវត្ថុនៅកម្ពុជា។ ខណៈ​ក្រុមហ៊ុន​នេះ គឺជាក្រុមហ៊ុនវិនិយោគវិស័យហិរញ្ញវត្ថុ និងបានបង្កើតឡើងក្នុងឆ្នាំ១៩៥៥។ ចំណែក​ក្រុមហ៊ុន SM Entertainment គឺជាផលិតកម្មឈានមុខមួយនៅលើពិភពលោក ដែលបាន​បង្កើត​ឡើង​ក្នុង​ឆ្នាំ១៩៩៥ និងបាននាំK-POPទៅកាន់ពិភពលោកឱ្យបានស្គាល់។ កាលពីឆ្នាំ២០១០ SM Entertainment ក៏បានរៀបចំការប្រគំតន្ត្រីរបស់ក្រុម SHINee នៅពហុកីឡដ្ឋានជាតិអូឡាំពិក និងបាន​បរិច្ចាគ​ថវិកា ១ ម៉ឺនដុល្លារដល់អង្គការ Cambodian Children’s Fund ផងដែរ។រីឯ​ក្រុមហ៊ុន Daewoo E&C គឺជាក្រុមហ៊ុនឈានមុខគេនៃឧស្សាហកម្មសំណង់នៅសាធារណរដ្ឋកូរ៉េ ដោយ​មាន អាយុកាលជាង ៥០ឆ្នាំមកហើយ។ ក្រុមហ៊ុន​នេះបាន​ដើរតួនាទី​ដ៏សំ​ខា​ន់​ក្នុង​ការ​ចូលរួម​នូវ​វិវត្ត​សេដ្ឋកិច្ច​យ៉ាងឆាប់រហ័សរបស់សាធារណរដ្ឋកូរ៉េ។ ក្រុមហ៊ុនមានប្រតិបត្តិការអាជីវកម្មសំខាន់ៗដូចជា៖ ការ​អភិវឌ្ឍលំនៅឋាន រោងចក្រថាមពល និងការផ្តល់ផលប័ត្រជាសកល។ ដោយ​ឡែកក្រុមហ៊ុន Hanshin E&C បានដើរតួនាទីយ៉ាងសំខាន់ក្នុងការអភិវឌ្ឍជាតិ ពិសេសការ​សាងសង់​ហេដ្ឋារចនាសម្ព័ន្ធ រួមមាន៖ ការសាងសង់ ផ្លូវហាយវេ ផ្លូវថ្នល់ ផ្លូវក្រោមដី ផ្លូវដែកល្បឿនលឿន និង​ប្រព័ន្ធទឹក នៅពាក់កណ្តាលសតវត្សកន្លងមកនេះ។ ក្រុមហ៊ុននេះ ក៏បាន​ចូលរួម​ក្នុង​ការ​អភិវឌ្ឍ​ហេដ្ឋា​រចនា​សម្ព័ន្ធ​នៅកម្ពុជាផងដែរ មានដូចជា៖ ការកសាងកំណាត់ផ្លូវជាតិលេខ៥, ការលើកកម្ពស់​គុណភាព​ផ្លូវ​ជាតិ​លេខ២១ និងការលើកកម្ពស់ផ្លូវតំបន់ជនបទ ផងដែរ។ចំណែក​ក្រុមហ៊ុន Daejoo KC Group ត្រូវបានបង្កើតឡើងក្នុងឆ្នាំ១៩៨៨ ដោយមាន​ប្រតិបត្តិការ​អាជីវកម្ម លើវិស័យដូចជា ឧស្សាហកម្មដែក ភស្តុភារកម្ម (Logistic) ឧស្សាហកម្មគីមី គ្រឿង​បម្លាស់​រថយន្ត សំណង់ និងឧស្សាហកម្មថាមពល។ ក្រុមហ៊ុននេះ ក៏មានក្រុមហ៊ុនបុត្រសម្ព័ន្ធ CAMKO Motor Co.Ltd., នៅកម្ពុជាផងដែរដោយបានផ្តល់នូវសេវាកម្មថែទាំ និងផ្លាស់ប្តូរ​គ្រឿង​បន្លាស់​រថយន្ត​ម៉ាក​Hyundai ។រីឯក្រុមហ៊ុន Booyoung នៅកម្ពុជា មានគម្រោងចំនួន ៦ ក្នុងវិស័យអចលនទ្រព្យ ហិរញ្ញវត្ថុ ការអប់រំ និង​ទេសចរណ៍ (សណ្ឋាគារ និងទីលាន វាយកូនហ្គោល) ហើយគម្រោង​ដែល​គួរ​ឱ្យ​កត់​សម្គាល់​មួយ​ចំនួន​មាន​ដូចជា បុរី ប៊ូយ៉ុង ថោន និងធនាគារ ប៊ូយ៉ុង ខ្មែរ។ នាពេលកន្លងមកក្រុមហ៊ុននេះក៏បានបរិច្ចាគរថយន្តក្រុងចំនួន ១០០០គ្រឿងដល់រាជរដ្ឋាភិបាល និងបាន​ជួយ​សាង​សង់អគារសិក្សាចំនួន ៣០០ខ្នង រួមជាមួយនឹងការបរិច្ចាគក្តារខៀនចំនួន ៤០០០០ផងដែរ។ក្រៅ​ពីនេះសម្ដេចធិបតីក៏បានជួបជាមួយ ឯកឧត្តម Oh Young-hun អភិបាលខេត្តស្វយ័តពិសេសជេជូ នៃ​សាធារណរដ្ឋកូរ៉េ ក្នុងជំនួបនេះ សម្ដេចធិបតី​បាន​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​ចុះ​អនុស្ស​រណៈ​យោគយល់​គ្នារ​វាង​រដ្ឋបាលខេត្តសៀមរាបនៃព្រះរាជាណាចក្រកម្ពុជា និងរដ្ឋបាល​ខេត្ត​ស្វយ័ត​ពិសេសជេជូ​នៃ​សាធារណ​រដ្ឋកូរ៉េ ដើម្បីជំរុញកិច្ចសហប្រតិបត្តិការ និងលើកកម្ពស់ការ​អភិវឌ្ឍ​វិស័យ​ផ្សេងៗ​ក្នុង​ខេត្ត​ទាំង​ពីរ​ឱ្យ​កាន់តែមានការរីកចម្រើនផងដែរ៕ 

សម្តេចតេជោ អំពាវនាវអ្នកមានតំណែងក្នុងឃុំ-សង្កាត់ទៅបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី-ខេត្តឲ្យបានគ្រប់ៗគ្នា

2024/05/17 11:19:04 am        167
ក្នុងឱកាសបើកយុទ្ធនាការឃោសនាបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សារាជធានី ខេត្ត ក្រុមប្រឹក្សា ក្រុង ស្រុក ខណ្ឌ អាណត្តិទី៤ នាថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៤នេះ សម្តេចតេជោ ហ៊ុន សែន ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា បានអំពាវនាវ ដល់សមាជិក សមាជិកាទាំងអស់ ដែលមានតួនាតីក្នុងក្រុមប្រឹក្សាឃុំ-សង្កាត់ អញ្ជើញទៅបោះឆ្នោតឲ្យបានគ្រប់ៗគ្នា ហើយគប្បីបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដែល​មាន​រូប​សញ្ញាទេវតាបាចផ្កា ខណៈការបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជានេះ គឺធានា​ជោគ​វាសនា​ដ៏​រុងរឿង​របស់ប្រទេសជាតិ ប្រជាជន និងខ្លួនឯងផ្ទាល់។តាមរយៈសារលិខិត ក្នុងឱកាសបើកយុទ្ធនាការឃោសនាបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សារាជធានី ខេត្ត ក្រុម​ប្រឹក្សា ក្រុង ស្រុក ខណ្ឌអាណត្តិទី៤ នេះ សម្តេចតេជោ ហ៊ុន សែន បានលើកឡើងនៅថ្ងៃទី២៦ ខែ​ឧសភា ឆ្នាំ២០២៤ខាងមុខនេះ គឺជាថ្ងៃបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ខេត្ត ក្រុមប្រឹក្សា ក្រុង ស្រុក ខណ្ឌ អាណត្តិទី៤ ដែលជាការបោះឆ្នោតមួយដ៏មានសារៈសំខាន់សម្រាប់ការបន្តជំរុញដំណើរការ អភិវឌ្ឍ​សង្គមជាតិខ្មែរ ពិសេសការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ ខណៈការបោះ​ឆ្នោត​នេះ​ជា​ការបោះឆ្នោតអសកល ប៉ុន្តែ គឺជាការបោះឆ្នោតដែលកើតចេញពីឆន្ទៈរបស់ប្រជាជនកម្ពុជា ពិតប្រាកដ ព្រោះថាសមាជិក សមាជិកានៃក្រុមប្រឹក្សាឃុំ សង្កាត់ក្នុងតំណែង ដែលជាអ្នកបោះឆ្នោតផ្ទាល់ គឺជាតំណាងដ៏ឧត្តុង្គឧត្តមរបស់ប្រជាជនដែលបានប្រសូត្រចេញពីឆន្ទៈរបស់ប្រជាជន។តាមរយៈសារលិខិតនេះ សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សកាន់អំណាច បានប្រកាស ជា​ឱឡារិក​នូវការចូលរួមក្នុងការបោះឆ្នោតអសកលនេះ ដោយគោរពអនុវត្តយ៉ាងខ្ជាប់ខ្ជួន តាមច្បាប់ បទ​បញ្ជា នីតិវិធី និងក្រមសីលធម៌នៃការបោះឆ្នោត និងគោរពលទ្ធផលនៃការបោះឆ្នោត ហើយគណបក្ស ប្រជាជនកម្ពុជាចូលរួមជាមួយបណ្តាគណបក្សនយោបាយ មជ្ឈដ្ឋានចម្រើនជឿនលឿននានាក្នុងសង្គម និង​អាជ្ញាធរមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ ដើម្បីរក្សាបរិយាកាសនយោបាយសម្រាប់ការបោះឆ្នោតឲ្យប្រ ព្រឹត្ត​ទៅ​ប្រកបដោយលក្ខណៈសេរី យុត្តិធម៌ មានសណ្តាប់ធ្នាប់ល្អ និងសុវត្ថិភាពផងដែរ។យ៉ាងណាក៏ដោយសម្តេចតេជោ ហ៊ុន សែន «សូមអំពាវនាវដល់លោក លោកស្រី ជាសមាជិក សមាជិកា​ក្រុម​ប្រឹក្សា​ឃុំ សង្កាត់ ក្នុងតំណែងទាំងអស់នៅទូទាំងប្រទេស សូមអញ្ជើញទៅបោះឆ្នោត និ​ង​បោះឆ្នោត​គាំទ្រ គណបក្សប្រជាជនកម្ពុជា ដែលមានរូបសញ្ញាទេវតាបាចផ្កា ជាសញ្ញាសម្គាល់នៅលើ សន្លឹកឆ្នោត ឲ្យ​បាន​គ្រប់ៗគ្នា ហើយការបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា គឺធានាជោគវាសនាដ៏រុង រឿង​របស់​ប្រទេស​ជាតិ ប្រជាជន និងខ្លួនឯងផ្ទាល់»។តាមរយៈសារលិខិតដដែលនេះ សម្តេចតេជោ ហ៊ុន សែន ក៏បានលើកឡើងផងដែរថា គណបក្ស ប្រជាជន​កម្ពុជា ប្តេជ្ញាអនុវត្តកម្មវិធីនយោបាយរបស់ខ្លួន ដែលបានប្រកាសជូនបងប្អូនជនរួមជាតិរួចហើយ ឲ្យបាន​សម្រេច​ជោគជ័យទាំងនៅថ្នាក់ជាតិ ទាំងនៅថ្នាក់ក្រោមជាតិ ដើម្បីធានាដល់ការថែរក្សាសន្តិភាព និង​ស្ថិរភាព ការការពារឯករាជ្យ អធិបតេយ្យ បូរណភាពទឹកដី និងកសាងព្រះរាជាណាចក្រកម្ពុជា ជារដ្ឋ ប្រជាធិបតេយ្យសេរីពហុបក្ស ដ៏រឹងមាំដែលផ្អែកលើច្បាប់ មានការគោរពសិទ្ធិមនុស្សយ៉ាងខ្ជាប់ខ្ជួន មាន សេដ្ឋកិច្ច​រីកចម្រើនលឿន ធ្វើឲ្យប្រជាជនកម្ពុជាគ្រប់ក្រុមគ្រួសារមានជីវភាពកាន់តែល្អប្រសើរឡើង ឥត ឈប់ឈរ និងរស់នៅយ៉ាងសុខដុមរមនាក្នុងសង្គមជាដើម៕ អត្ថបទ៖ បាន ចក់

សម្ដេចតេជោ ហ៊ុន សែន៖ ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ អាណត្តិទី៤ មានសារៈសំខាន់សម្រាប់ការបន្តជំរុញដំណើរការអភិវឌ្ឍសង្គមជាតិ

2024/05/17 11:00:04 am        195
ភ្នំពេញ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា មាន​ប្រសាសន៍​ថា នៅថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៤ ខាងមុខនេះ គឺជាថ្ងៃបោះឆ្នោត​ជ្រើសរើស​ក្រុម​ប្រឹក្សា​រាជ​ធានី ខេត្ត ក្រុមប្រឹក្សាក្រុង ស្រុក ខណ្ឌ អាណត្តិទី៤ ដែលជាការបោះឆ្នោត​មួយ​ដ៏​មាន​សារៈ​សំខាន់​សម្រាប់ការបន្តជំរុញដំណើរការអភិវឌ្ឍសង្គមជាតិយើង ពិសេសការ​អភិវឌ្ឍ​តាម​បែប​ប្រ​ជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ។សម្ដេចតេជោ ហ៊ុន សែន ថ្លែងបញ្ជាក់បែបនេះ តាមរយៈសារលិខិត ក្នុងឱកាសបើ​ក​យុទ្ធនាការ​ឃោសនា​បោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សារាជធានី ខេត្ត ក្រុមប្រឹក្សា ក្រុង ស្រុក ខណ្ឌ អាណត្តិទី៤ ចាប់ពីថ្ងៃទី១៧ ដល់ថ្ងៃទី២៤ ខែឧសភា ឆ្នាំ ២០២៤នេះ។ ក្នុងឱកាសនោះ​សម្ដេចតេជោ ហ៊ុន សែន គណបក្សប្រជាជនកម្ពុជា បានសម្តែងការគោរព និង​ដឹង​គុណ​យ៉ាងជ្រាលជ្រៅបំផុតជូនចំពោះបងប្អូនជនរួមជាតិនៅគ្រប់ទិសទី ដែល​មាន​ការ​ជឿជាក់​យ៉ាង​មុត​មាំ​លើ​ការ​ដឹកនាំ​របស់គណបក្សប្រជាជនកម្ពុជា និងរូបសម្ដេចផ្ទាល់ នៅគ្រប់កាលៈទេសៈ តាំងពី​ដំណាក់​កាល​សង្គ្រោះ ជាតិពីរបបប្រល័យពូជសាសន៍ រហូតមកដល់ដំណាក់កាលសន្តិភាព និងការអភិវឌ្ឍបច្ចុប្បន្ននេះ និង​បានបោះឆ្នោតគាំទ្រគណបក្សប្រជាជនកម្ពុជា​ឱ្យ​ទទួល​បានជ័យជម្នះ​យ៉ាងត្រចះ​ត្រចង់​ក្នុង​ការ​បោះឆ្នោត ជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ និងការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាល​ទី៥។ សម្ដេចមានប្រសាសន៍ថា តាមរយៈការបោះឆ្នោតនេះ បានឆ្លុះបញ្ចាំង​ទាំង​ស្រុង​នូវ​ឆន្ទៈ​ដ៏ថ្លៃថ្លា​របស់​ប្រជាជន​កម្ពុជា​នៅទូទាំងប្រទេស ក្នុងការថែរក្សាសន្តិភាព លទ្ធិប្រជាធិបតេយ្យ និងបន្តជំរុញការ​អភិវឌ្ឍ​សេដ្ឋកិច្ច សង្គម ដើម្បីលើកស្ទួយជីវភាពរបស់ខ្លួន។ ព្រមជាមួយនេះ សម្ដេចក៏សម្តែងនូវការគោរព និង​វាយតម្លៃខ្ពស់ចំពោះសមាជិក សមាជិកានៃ ក្រុមប្រឹក្សាឃុំ សង្កាត់ក្នុងតំណែងនៅទូទាំងប្រទេស ដែល​បាន​យក​អស់កម្លាំងកាយ កម្លាំងចិត្ត និងកម្លាំង ប្រាជ្ញា ក្នុងការបំពេញភារកិច្ចបម្រើប្រជាជន។សម្ដេចតេជោបញ្ជាក់ថា៖«នៅថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៤ ខាងមុខនេះ គឺជាថ្ងៃបោះ​ឆ្នោត​ជ្រើស​រើស​ក្រុម​ប្រឹក្សា​រាជធានី ខេត្ត ក្រុមប្រឹក្សាក្រុង ស្រុក ខណ្ឌ អាណត្តិទី៤ ដែលជាការបោះឆ្នោត​មួយ​ដ៏​មាន​សារៈសំខាន់​សម្រាប់​ការបន្តជំរុញដំណើរការអភិវឌ្ឍសង្គមជាតិយើង ពិសេសការអភិវឌ្ឍតាមបែប​ប្រជាធិបតេយ្យ​នៅ​ថ្នាក់ក្រោមជាតិ។ ទោះបីការបោះឆ្នោតនេះជាការបោះ ឆ្នោតអសកល ប៉ុន្តែគឺជា​ការ​បោះឆ្នោត​ដែល​កើតចេញពីឆន្ទៈរបស់ប្រជាជនកម្ពុជាពិតប្រាកដ ព្រោះថា សមាជិក សមាជិកានៃក្រុម​ប្រឹក្សាឃុំ សង្កាត់ក្នុងតំណែង ដែលជាអ្នកបោះឆ្នោតផ្ទាល់ គឺជាអ្នកតំណាងដ៏ ឧត្តុង្គឧត្តម​របស់​ប្រជាជន​ដែល​បាន​ប្រសូត្រចេញពីឆន្ទៈរបស់ប្រជាជន»។សម្ដេចតេជោមានបញ្ជាក់ថា គណបក្សប្រជាជនកម្ពុជា សូមប្រកាសជា​ឱឡារិក​នូវ​ការ​ចូលរួម​ក្នុង​ការ​បោះឆ្នោត​ជ្រើសរើស ក្រុមប្រឹក្សារាជធានី ខេត្ត ក្រុមប្រឹក្សាក្រុង ស្រុក ខណ្ឌ អាណត្តិទី៤ នេះ ដោយ​គោរព​អនុវត្ត​យ៉ាង​ខ្ជាប់ខ្ជួន តាមច្បាប់ បទបញ្ជា នីតិវិធី និងក្រមសីលធម៌នៃការបោះឆ្នោត និងគោរពលទ្ធផល​នៃ​ការ​បោះឆ្នោត។ គណបក្សប្រជាជនកម្ពុជាចូលរួមជាមួយបណ្តាគណបក្សនយោបាយ មជ្ឈដ្ឋានចម្រើន​ជឿន​លឿន​នានាក្នុង សង្គម និងអាជ្ញាធរមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ ដើម្បីរក្សាបរិយាកាស​នយោបាយ​សម្រាប់​ការ​បោះឆ្នោត ឱ្យប្រព្រឹត្តទៅប្រកបដោយលក្ខណៈសេរី យុត្តិធម៌ មានសណ្តាប់ធ្នាប់ល្អ និង​សុវត្ថិភាព​។សម្ដេចតេជោថ្លែងថា គណបក្សប្រជាជនកម្ពុជា ប្តេជ្ញាអនុវត្តកម្មវិធីនយោបាយរបស់ខ្លួន ដែល​បាន​ប្រកាស​ជូន​បង ប្អូនជនរួមជាតិរួចហើយឱ្យបានសម្រេចជោគជ័យទាំងនៅថ្នាក់ជាតិ ទាំងនៅថ្នាក់​ក្រោម​ជាតិ ដើម្បីធានា ដល់ការថែរក្សាសន្តិភាព និងស្ថិរភាព ការការពារឯករាជ្យ អធិបតេយ្យ បូរណភាពទឹកដី និង​កសាងព្រះ រាជាណាចក្រកម្ពុជាជារដ្ឋប្រជាធិបតេយ្យសេរី ពហុបក្សដ៏រឹងមាំដែលផ្អែកលើច្បាប់ មាន​ការ​គោរព​សិទ្ធិ មនុស្សយ៉ាងខ្ជាប់ខ្ជួន មានសេដ្ឋកិច្ចរីកចម្រើនលឿន ធ្វើឱ្យប្រជាជន​កម្ពុជា​គ្រប់​ក្រុម​គ្រួសារ​មាន​ជីវភាព កាន់តែល្អប្រសើរឡើង ឥតឈប់ឈរ និងរស់នៅយ៉ាងសុខដុមរមនាក្នុងសង្គម។តាមរយៈ​សារលិខិតសម្ដេចតេជោ ក៏បានអំពាវនាវដល់លោក លោកស្រី ជាសមាជិក សមាជិកា​ក្រុម​ប្រឹក្សា​ឃុំ សង្កាត់ ក្នុងតំណែងទាំងអស់នៅទូទាំងប្រទេស សូមអញ្ជើញទៅបោះឆ្នោត និងបោះឆ្នោតគាំទ្រ គណបក្ស ប្រជាជនកម្ពុជា ដែលមានរូបសញ្ញា ទេវតាបាចផ្កា ជាសញ្ញាសម្គាល់នៅលើសន្លឹកឆ្នោត ឱ្យបាន គ្រប់​ៗគ្នា។ បោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា គឺធានាជោគវាសនាដ៏រុងរឿងរបស់ប្រទេសជាតិ ប្រជាជន និងខ្លួនឯងផ្ទាល់៕

លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញទស្សនកិច្ចមន្ទីរពេទ្យ Soon chun hyang ក្នុងរដ្ឋធានីសេអ៊ូល

2024/05/17 10:25:14 am        115
រដ្ឋធានីសេអ៊ូល៖ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត នៅព្រឹកថ្ងៃទី១៧ ខែឧសភានេះ បានបន្តអញ្ជើញទស្សនកិច្ចមន្ទីរពេទ្យ Soon chun hyang ក្នុងរដ្ឋធានីសេអ៊ូល សាធារណរដ្ឋកូរ៉េ។ ដើមឡើយមន្ទីរពេទ្យ Soon chun hyang គឺជាសាកលវិទ្យាល័យ Soonchunhyang មានសក្តានុពលផ្នែកវេជ្ជសាស្ត្រ សាកលវិទ្យាល័យនេះ បានជាប់ចំណាត់ថ្នាក់ទី ៩ ក្នុងចំណោមសាកលវិទ្យាល័យនៅប្រទេសកូរ៉េខាងត្បូង នៅក្នុងប្រភេទជា គ្លីនិកបុរេគ្លីនិក និងសុខភាព ដោយ Times Higher Education World University Rankings ក្នុងឆ្នាំ ២០២៣ ។ SCH បានទទួល ពានរង្វាន់ថ្នាក់ជាតិសម្រាប់ឧត្តមភាពកំណែទម្រង់អប់រំ ពីក្រសួងអប់រំ វិទ្យាសាស្ត្រ និងបច្ចេកវិទ្យាកូរ៉េ ក្នុងឆ្នាំ ២០០៨, ២០០៩, និង ២០១០ ។សាកលវិទ្យាល័យ Soon chun hyang បានធ្វើកិច្ចសហប្រតិបត្តិការលើវិស័យសុខភាពសាធារណៈជាមួយ និងព្រះរាជាណាចក្រកម្ពុជា តាមរយៈការជួយបណ្តុះបណ្តាលគ្រូពេទ្យឯកទេស និងជួយពិនិត្យព្យាបាលជូនដល់អ្នកជំងឺកម្ពុជា៕

សម្តេចធិបតី ហ៊ុន ម៉ាណែត ស្វាគមន៍ចំពោះការវិនិយោគបន្ថែមរបស់សាធារណរដ្ឋកូរ៉េ ខណៈដែលកម្ពុជាមានសក្ដានុពលដ៏ធំសម្បើមក្នុងវិស័យកសិកម្ម ការកែច្នៃម្ហូបអាហារ និងកម្មន្តសាលទំនើប

2024/05/17 08:39:50 am        128
នាថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៤ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញថ្លែងក្នុងពិធីបើក វេទិកា​ធុរកិច្ច​កម្ពុជា-កូរ៉េ នាទីក្រុងសេអ៊ូល នៃសាធារណរដ្ឋកូរ៉េ ។ មានប្រសាសន៍នៅក្នុងពិធីដ៏អធិកអធមនោះ សម្តេចធិបតីនាយករដ្ឋមន្ត្រី បានគូសបញ្ជាក់ថា កម្ពុជា និង​សាធារណរដ្ឋកូរ៉េ មានទំនាក់ទំនងល្អជាយូរមកហើយប្រទេសទាំងពីរមានទំនាក់ទំនងស៊ីជម្រៅ និងមានភាពប្រទាក់ក្រឡាគ្នាលើច្រើនវិស័យ ដោយឈរលើកិច្ចសហប្រតិបត្តិការផ្នែកនយោបាយ និងសេដ្ឋកិច្ច ការផ្លាស់ប្តូរវប្បធម៌​ និង ការជឿទុកចិត្ត និងការគាំទ្រគ្នាទៅវិញទៅមក​ ។ យើងមានចំណុចរួមមួយ គឺកេរ្តិ៍ដំណែលនៃការជម្នះឧបសគ្គគ្រប់បែបយ៉ាង និងសម្រេចបាននូវការរីកចម្រើនផ្នែកសេដ្ឋកិច្ចគួរឱ្យកត់សម្គាល់ ។ ប្រទេស​ទាំង​ពីរ ធ្លាប់​រងគ្រោះដោយសារ​សង្គ្រាម ​ប៉ុន្តែ​យើងបាន​ងើប​ឡើងវិញ ប្រកបដោយភាព​ធន់ និងបានប្រែក្លាយ និងតម្រង់ទិសសេដ្ឋកិច្ច ឆ្ពោះទៅរកវិបុលភាព ។ ជវភាពនៃទំនាក់ទំនងរបស់កម្ពុជា-កូរ៉េ ត្រូវបានឆ្លុះបញ្ចាំង តាមរយៈទំនាក់ទំនងដ៏រស់រវើក រវាងប្រជាជន និងប្រជាជន,​ ប្រជាប្រិយភាពយ៉ាងទូលំទូលាយនៃរឿងភាគ តន្ត្រី និងអាហារកូរ៉េ (K-dramas, K-pop, K-food) នៅកម្ពុជា និងការកើនឡើងនៃចំនួនអាពាហ៍ពិពាហ៍ និងការរស់នៅក្នុងប្រទេសទាំងពីរ ដោយប្រជាជនកម្ពុជាប្រមាណ ៥៩.៣៧៨ នាក់ កំពុងរស់នៅសាធារណរដ្ឋកូរ៉េ ហើយប្រជាជនកូរ៉េប្រមាណ ៧. ៨០០ នាក់ កំពុងរស់នៅកម្ពុជា គិតត្រឹមឆ្នាំ ២០២៣ ។ទន្ទឹមនេះ សាធារណរដ្ឋកូរ៉េ គឺជាដៃគូអភិវឌ្ឍន៍ដ៏សំខាន់របស់កម្ពុជា ដោយបានចូលរួមពង្រឹងកម្លាំងពលកម្ម កែលម្អសេវាសាធារណៈ និងកសាងមូលដ្ឋានគ្រឹះ សម្រាប់កំណើនសេដ្ឋកិច្ចប្រកបដោយចីរភាព ។ ចាប់តាំងពីឆ្នាំ ២០១៦ មក រាជរដ្ឋាភិបាលកម្ពុជា បានផ្តល់ទិដ្ឋាការ ដែលមានសុពលភាព ៣ ឆ្នាំ និងអនុញ្ញាតឱ្យមានការចេញ-ចូលបានច្រើនដង ជាមួយនឹងការបង់ថ្លៃសេវាតែមួយលើកដល់វិនិយោគិនកូរ៉េ ដែលកាន់លិខិតឆ្លងដែនទូទៅ ដើម្បីលើកទឹកចិត្ត និងជំរុញការវិនិយោគ និងធុរកិច្ចកូរ៉េ នៅកម្ពុជា ។ ជាលទ្ធផល យើងសង្កេតឃើញ ការកើនឡើងនៃវត្តមាននៃគម្រោងវិនិយោគ និងសហគ្រាសពាណិជ្ជកម្មកូរ៉េ ទាំងតូច ទាំងធំ នៅកម្ពុជា ។ ទន្ទឹមគ្នានេះ ពាណិជ្ជកម្មទ្វេភាគី បានកើនឡើងលើស ១ ពាន់លានដុល្លារអាម៉េរិក ក្នុងឆ្នាំ ២០២៣ ដោយគ្រប់ដណ្តប់វិស័យជាច្រើន ដូចជា វាយនភណ្ឌ ផលិតផលធ្វើដំណើរ កង់ គ្រឿងបន្លាស់អេឡិចត្រូនិក កសិកម្ម និងការកែច្នៃផលិតផលកសិកម្ម ។ ក្រុមហ៊ុន​កូរ៉េ​ បាន និងកំពុង​ដើរ​​តួនាទីជាតួអង្គ​គន្លឹះ ​ក្នុង​ទិដ្ឋភាព​សេដ្ឋកិច្ច​របស់កម្ពុជា ។ ការចូលរួមរបស់ក្រុមហ៊ុន​កូរ៉េនៅវិស័យចម្រុះ ដូចជា កម្មន្តសាល អចលនទ្រព្យ ហេដ្ឋារចនាសម្ព័ន្ធ កសិកម្ម និងសេវាកម្មហិរញ្ញវត្ថុ បាន និងកំពុងជួយជំរុញកំណើនសេដ្ឋកិច្ច និងពន្លឿនការអភិវឌ្ឍវិស័យឧស្សាហកម្មនៅកម្ពុជា ។ ជាចុងក្រោយ សម្តេចមហាបវរធិបតី បានស្វាគមន៍ចំពោះការវិនិយោគបន្ថែមរបស់សាធារណរដ្ឋកូរ៉េ ដោយកម្ពុជា នៅមានសក្ដានុពលដ៏ធំសម្បើម សម្រាប់កំណើននៃតម្លៃបន្ថែម ក្នុងវិស័យកសិកម្ម ការកែច្នៃម្ហូបអាហារ និងកម្មន្តសាលទំនើប ដោយសាធារណរដ្ឋកូរ៉េ អាចប្រើប្រាស់ឯកទេសផ្នែកបច្ចេកវិទ្យាក្នុងការកែប្រែឧស្សាហកម្មកម្ពុជា និងបង្កើតកាលានុវត្តភាព ដែលផ្តល់ផលប្រយោជន៍ឱ្យគ្នាទៅវិញទៅមក ។ បន្ថែមលើនេះ រាជរដ្ឋាភិបាល បានបង្កើតយន្តការ ក្នុងការធានាបាននូវបរិយាកាសគាំទ្រ និងអំណោយផលដល់ភាពជោគជ័យនៃធុរកិច្ច ដែលមានស្រាប់ និងធុរកិច្ចថ្មី ប្រកបដោយភាពបុរេសកម្ម តាមរយៈការស្តាប់យ៉ាងយកចិត្តទុកដាក់ និងជាប្រចាំនូវបញ្ហាប្រឈម ដែលវិនិយោគិនលើកឡើង និងពង្រឹងទំនាក់ទំនងជាមួយវិស័យឯកជន ដោយមិនខ្លាចនឿយហត់ ដើម្បីដោះស្រាយបញ្ហា ប្រកបដោយប្រសិទ្ធភាព និងស័ក្កិសិទ្ធភាពដោយប្រកាន់ខ្ជាប់នូវអភិក្រម «គិតរួមគ្នា, ធ្វើរួមគ្នា និងទទួលខុសត្រូវរួមគ្នា» ៕

សម្ដេចតេជោ ហ៊ុន សែន ជំរុញដល់រាជរដ្ឋាភិបាលពន្លឿងការស្ថាបនាព្រែកជីកហ្វូណនតេជោ

2024/05/16 05:53:38 pm        154
ភ្នំពេញ ៖សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា បានជំរុញដល់រាជរដ្ឋាភិបាល ពន្លឿនការបើកការដ្ឋានក្នុងការស្ថាបនា ព្រែកជីក ហ្វូណនតេជោ ខណៈបច្ចុប្បន្នកម្ពុជា បានជូនដំណឹងទៅដល់ភាគីពាក់ព័ន្ធ ក៏ដូចជាគណៈកម្មការទន្លេមេគង្គ ដូច្នេះមិនមានអ្វីរងចាំចំពោះការចាប់ផ្ដើមស្ថាបនាព្រែកជីកនេះទៀតទេ។ ​សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់បែបនេះ ក្នុងឱកាសអញ្ជើញថ្លែងសារពិសេសពាក់ព័ន្ធគម្រោងព្រែកជីកហ្វូណនតេជោ នៅរសៀល ថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៤។ ក្នុងឱកាសនោះ សម្ដេចតេជោ ហ៊ុន សែន បានថ្លែងបញ្ជាក់ថា តាមរយៈគម្រោងព្រែកជីកហ្វូណនតេជោនេះនឹងចូលរួមផ្ដល់ផលចំណេញលើចម្ងាយផ្លូវប្រវែង ១៦៩ គីឡូម៉ែត្រ ក្នុងការដឹកជញ្ជូនទំនិញ និងការធ្វើចរាចរណ៍នៅលើផ្លូវថ្នល់ដែលផ្ដល់ភាពងាយស្រួលលើការដឹកញ្ជូនរបស់កម្ពុជា។ សម្ដេចបញ្ជាក់ថា តាមរយៈគម្រោងព្រែកជីកហ្វូណនតេជោនេះ ក៏នឹងផ្ដល់ប្រព័ន្ធស្រោចស្របដល់បណ្ដាខេត្ត ទិសនីរតីនៃប្រទេសកម្ពុជា។ ព្រែកជីកនេះ អាចទាញទឹកឱ្យប្រជាជនសម្រាប់បង្កបង្កើនផល និងប្រើប្រាស់ ដូច្នេះពលរដ្ឋនឹងបង្កើតបាននូវមុខរបរដូចជាការធ្វើកសិកម្មពីធ្វើមួយលើក ទៅធ្វើពីរលើក ឬលើសពីនេះ។សម្ដេចតេជោមានប្រសាសន៍បញ្ជាក់ថា ផ្ដល់មតិទៅរាជរដ្ឋាភិបាលថា កុំយប់យន់សុបិនច្រើន បើកការដ្ឋានបានឆាប់គឺធ្វើទៅ កុំរងចាំអ្វីទៀត នាំតែមានសាធារណមតិ ពីមួយថ្ងៃទៅមួយថ្ងៃ ចាប់ផ្ដើមកើនសារជាថ្មី។ សម្ដេចជំរុញបើកការដ្ឋានឱ្យបានឆាប់ គ្មានត្រូវរង់ចាំអ្វីតទៅទៀតនោះទេ គឺត្រូវគិតទៅដល់សេដ្ឋកិច្ច និងឯករាជ្យជាតិរបស់កម្ពុជាលើការស្ថាបនាព្រែកជីកនេះ។ក្នុងឱកាសនោះ សម្ដេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ថា នៅក្នុងព្រែកជីក១៨០គីឡូម៉ែត្រ គឺមាន៨០គីឡូម៉ែត្រហើយ ដែលសម្ដេចបានដឹកនាំធ្វើ។ សម្ដេចតេជោ បានបន្ដថា ព្រែកជីកដែល សម្ដេចបានធ្វើត្រឹមតែ៨០គីឡូម៉ែត្រនេះ បច្ចុប្បន្នប្រើប្រាស់ជាប្រព័ន្ធស្រោចស្រពផង ហើយជាប្រព័ន្ធដឹកជញ្ជូនផង ដូច្នេះគ្រាន់តែត្រូវការពង្រីកតែប៉ុណ្ណោះ ព្រែកជីកនេះនឹងក្លាយទៅជាប្រព័ន្ធដឹកជញ្ជូនដ៏ល្អ ដូច្នេះនៅកន្លែងដទៃទៀតគឺធ្វើតែបន្ដិច ដើម្បីទម្លាយមកកាន់ការតភ្ជាប់ជាមួយនឹងទន្លេ ប៉ុន្ដែភាគច្រើននៃព្រែកជីកនេះ គឺមានស្នាមដានរួចទៅហើយ។សូមជម្រាបថា គម្រោងព្រែកជីកហ្វូណនតេជោ ដែលមានប្រវែង១៨០គីឡូម៉ែត្រ ត្រូវបានសិក្សាយ៉ាងល្អិតល្អន់ពីក្រុមអ្នកជំនាញបច្ចេកទេសជាតិ និងអន្តរជាតិចំនួន៤២រូប ទាំងនៅលើដីផ្ទាល់ និងប្រើឧបករណ៍សិក្សាពីលើអាកាស។ ជាលទ្ធផលនៃការសិក្សាបង្ហាញថា គម្រោងដែលមានតម្លៃវិនិយោគប្រមាណ១ពាន់៧រយលានដុល្លារអាម៉េរិកនេះ អាចដំណើរការទៅបានដោយគ្មានបង្កជាផលប៉ះពាល់ដល់បរិស្ថាន ឬលំហូរទឹករវាងទន្លេមេគង្គ និងសមុទ្រនោះទេ៕អត្ថបទ៖ វ៉ន ដារ៉ា

សម្ដេចតេជោ៖ព្រែកជីកហ្វូណនតេជោនឹងពង្រឹងឯករាជ្យភាពនយោបាយដឹកជញ្ជូនផ្លូវទឹករបស់កម្ពុជា

2024/05/16 05:46:49 pm        131
ភ្នំពេញ ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា បានប្រកាសថ្លែងអំណរគុណដល់មហាជនទាំងក្នុង និងក្រៅប្រទេសដែលប្រកាគាំទ្រគម្រោងព្រែគជីក «ហ្វូណនតេជោ» ខណៈព្រែកជីកនេះបានផ្ដល់ផលប្រយោជន៍ដល់កម្ពុជាលើសពីជួយដល់កំណើនសេដ្ឋកិច្ច និងសង្គម ប៉ុន្ដែនឹងដើរតួនាទីសំខាន់ក្នុងការពង្រឹងឯករាជ្យភាពនយោបាយដឹកជញ្ជូនផ្លូវទឹករបស់កម្ពុជា។​សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់បែបនេះ ក្នុងឱកាសអញ្ជើញថ្លែងសារពិសេសពាក់ព័ន្ធគម្រោងព្រែកជីកហ្វូណនតេជោ នៅរសៀល ថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៤។ ក្នុងឱកាសនោះ សម្ដេចតេជោ ហ៊ុន សែន បានចាត់ទុកការប្ដូរប្រូហ្វាល់របស់ប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋាននៅលើបណ្ដាញសង្គមនានា ចំពោះគម្រោងព្រែកជីកហ្វូណនតេជោ គឺជាចលនាជាតិដ៏ធំធេង ក្នុងស្មារតីស្នេហាជាតិ និងដើម្បីកំណើនសេដ្ឋកិច្ច និងសង្គមកម្ពុជា។ សម្ដេចតេជោបានថ្លែងអំណរគុណដល់ប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋាន និងព្រះសង្ឃគ្រប់អង្គដែលបានចូលរួមគាំទ្រនូវគម្រោងព្រែកជីកនេះ។ សម្ដេចតេជោ បានបញ្ជាក់ជាថ្មីថា គម្រោងព្រែកជីកហ្វូណនតេជោ គឺមិនមានក្ដីបារម្ភណាមួយចំពោះបញ្ហាបរិស្ថាន និងសង្គមនោះទេ ដូច្នេះកម្ពុជាត្រូវតែអនុវត្តគម្រោងព្រែកជីកនេះឱ្យខាងតែបាន។ សម្ដេចតេជោ ជំរុញឱ្យមហាជនមើលពីគម្រោងព្រែកជីកហ្វូណនតជោនេះ លើសពីការផ្ដល់ផលសម្រាប់សេដ្ឋកិច្ច និងសង្គមកម្ពុជា ប៉ុន្ដែតាមរយៈគម្រោងព្រែកជីកនេះនឹងផ្ដល់ឯករាជ្យភាពដល់កម្ពុជានៅលើវិស័យដឹកជញ្ជូនផ្លូវទឹក។សូមជម្រាបថា តាមរយៈគម្រោងព្រែកជីកហ្វូណនតេជោ នឹងផ្ដល់អត្ថប្រយោជន៍ជាច្រើនដល់ប្រទេសកម្ពុជា ជាពិសេសលើវិស័យដឹកជញ្ជូន អចលនទ្រព្យ កសិកម្ម ទេសចរណ៍ និងការវិនិយោគផ្សេងៗ ខណៈដែលគម្រោងមួយនេះ គ្រោងនឹងចំណាយទឹក ប្រាក់រហូតដល់ប្រមាណ ១,៧ ពាន់លានដុល្លារអាមេរិក ដោយត្រូវប្រើពេលវេលា៤ឆ្នាំ ដើម្បីសាងសង់បញ្ចប់គម្រោង៕អត្ថបទ៖ វ៉ន ដារ៉ា

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

Mbappe ក្លាយជាអ្នកស៊ុតបញ្ចូលទីច្រើនជាងគេក្នុងប្រវត្តិសាស្រ្តក្រុមជម្រើសជាតិបារាំង
06/17/2026 03:06 PM
តំណាងអយ្យការចោទប្រកាន់មនុស្សចំនួន៩នាក់ ករណីនាំសាច់បង្កក និងទំនិញមកពីថៃ
06/17/2026 01:06 PM
ក្រសួងរៀបចំដែនដី៖គិតត្រឹមថ្ងៃទី១៦ មិថុនានេះបានទទួលសំណើសុំអន្តរាគមន៍ពីអតិថិជនរបស់គម្រោង បុរី ម៉ន ដានី ចំនួន ១៨៨គម្រោង, ដោះស្រាយបញ្ចប់ចំនួន ១៥០គម្រោង និងកំពុងបន្តដោះស្រាយចំនួន ៣៨គម្រោង
06/17/2026 01:06 PM
រដ្ឋបាលខេត្តបន្ទាយមានជ័យ រៀបចំព្រះរាជពិធីបុណ្យចម្រើនព្រះជន្មថ្វាយសម្ដេចម៉ែ យាងចូល៩១ព្រះវស្សា
06/17/2026 12:06 PM
អាជ្ញាធរស្រុកឈូក ចុះត្រួតពិនិត្យ និងទប់ស្កាត់ការលក់ដូរទំនិញនាំចូលខុសច្បាប់ពីប្រទេសថៃ
06/17/2026 12:06 PM
មន្ត្រីជំនាញពាក់ព័ន្ធប្រជុំពិភាក្សាលើសេចក្តីព្រាងនីតិវិធីប្រតិបត្តិការអនុវត្តច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក
06/17/2026 12:06 PM
ស៊ីមកាត និងគណនីធនាគារដែលមិនបានផ្ទៀងផ្ទាត់ត្រឹមត្រូវ អាចផ្អាក លុបចោល ឬបង្កកនៅត្រឹមចុងឆ្នាំ២០២៦
06/17/2026 12:06 PM
គណៈកម្មការទី៨ នៃរដ្ឋសភា កោតសរសើរការអភិវឌ្ឍ និងវឌ្ឍនភាពវិស័យសុខាភិបាលក្នុងខេត្តស្វាយរៀង
06/17/2026 12:06 PM
សហជីពបូលីវី គំរាមពង្រីកការបិទផ្លូវ ខណៈលោក Paz ប្រឈមនឹងសម្ពាធកាន់តែខ្លាំងឡើង
06/17/2026 12:06 PM
សាក្សីនិយាយថា យោធាអ៊ីស្រាអែលដណ្តើមយកដែនដីបន្ថែមទៀតនៅក្នុងតំបន់ហ្កាហ្សា
06/17/2026 12:06 PM