សម្ដេចតេជោ ហ៊ុន សែន អញ្ជើញចូលក្រាបថ្វាយបង្គុំគាល់ព្រះករុណាព្រះមហាក្សត្រ និងសម្តេចព្រះមហាក្សត្រី
សម្តេចតេជោអញ្ជើញជួបពិភាក្សាការងារជាមួយប្រធានគណៈកម្មាធិការអចិន្ត្រៃយ៍នៃសភាតំណាងប្រជាជនចិន
សម្តេចតេជោ ហ៊ុន សែន ដឹកនាំគណៈប្រតិភូជាន់ខ្ពស់ អញ្ជើញទៅបំពេញទស្សនកិច្ចផ្លូវការ នៅប្រទេសចិន នាព្រឹកថ្ងៃនេះ
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី អញ្ជើញចូលរួមពិធីប្រគល់-ទទួលថវិកាបរិច្ចាគពីគណៈសង្ឃនាយកកម្ពុជាចំនួន ១៦០លានរៀលជូនមូលនិធិគន្ធបុប្ផា

ព័ត៌មានសំខាន់ៗ

សម្ដេចធិបតី និងប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន Huawei ពិភាក្សា​អំពីការ​បណ្ដុះបណ្ដាលធនធានមនុស្សលើជំនាញឌីជីថល

2023/09/14 10:09:15 pm        84
ភ្នំពេញ÷ នារសៀលថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៣ នៅរដ្ឋធានីប៉េកាំង នៃសាធារណរដ្ឋប្រជាមានិតចិន សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែតនាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រ​កម្ពុជា បាន​អនុញ្ញាតឱ្យ​​ លោក​ លាំង ហ័រ (Liang Hua) ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន Huawei Technology Co., Ltd ចូលជួបសម្ដែងការ​គួរសម និងពិភាក្សាការងារ។ លោក​ លាំង ហ័រ ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន Huawei Technology Co., Ltd បានថ្លែងអំណរគុណចំពោះ សម្ដេចធិបតី ដែលអនុញ្ញាតឱ្យ​រូបលោក និងគណៈប្រតិភូក្រុមហ៊ុន បានចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ព្រមទាំង​​បាន​អបអរសាទរចំពោះ​ សម្ដេចធិបតី ដែល​ត្រូវបានជ្រើសតាំងជានាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា សម្រាប់នីតិកាលទី៧ នៃរដ្ឋសភា​ ព្រមទាំង​​បាន​ថ្លែងអំណរគុណចំពោះ សម្ដេចធិបតី ក៏ដូចជារាជរដ្ឋាភិបាលកម្ពុជាតែងតែយកចិត្តទុកដាក់ និងគាំទ្រ ដល់ក្រុមហ៊ុន Huawei Technology Co., Ltd ។ លោក​ ​លាំង ហ័រ ក៏​បាន​គោរពរាយការណ៍ជូន សម្ដេចធិបតី ផងដែរ អំពីសមិទ្ធផលជាច្រើនដែលក្រុមហ៊ុន Huawei Technology Co., Ltd បានសហការជាមួយនឹងក្រុមហ៊ុន និងដៃគូនានា នៅក្នុងប្រទេសកម្ពុជា ក្នុងរយៈពេល២៥ឆ្នាំ​កន្លងមកនេះ ក្នុងការអភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធឌីជីថល ប្រព័ន្ធទូរគមនាគមន៍ និងប្រព័ន្ធឆ្លាតវៃ ​។​ ជាការ​ឆ្លើយតប សម្ដេចអធិបតី បានសម្តែងការស្វាគមន៍យ៉ាងកក់ក្តៅចំពោះលោក លាំង ហ័រ និងគណៈប្រតិភូ​ក្រុមហ៊ុន និង​បានថ្លែងអំណរគុណចំពោះ​ក្រុមហ៊ុន Huawei Technology Co., Ltd ដែល​សហការជាមួយនឹងក្រសួង-ស្ថាប័នពាក់ព័ន្ធ ក្នុងការជួយកសាង និង​អភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ ទូរគមនាគមន៍ និ​ងបាន​ជួយអភិវឌ្ឍវិស័យទូរគមនាគមន៍នេះ ក្នុង​រយៈពេល​ជា​ង២ទសវត្សរ៍មក​ហើយ សម្ដេចអធិបតី​ សង្ឃឹមថាក្រុមហ៊ុន Huawei Technology Co., Ltd នឹងបន្តនាំចូលបច្ចេកវិទ្យាថ្មីៗ និងទំនើប ពីប្រទេសចិន មកកាន់​កម្ពុជា និងបានគូសបញ្ជាក់ផងដែរថា រាជរដ្ឋាភិបាលកម្ពុជា នៅតែរក្សាគោលនយោបាយនៃទំនាក់ទំនង និង​កិច្ចសហប្រតិបត្តិការល្អ​ រវាងកម្ពុជា-ចិន និងបន្តគាំទ្រសម្របសម្រួល និង​លើកទឹកចិត្តឱ្យ​មានការវិនិយោគកាន់តែច្រើនមកកម្ពុជា ។ សម្ដេចអធិបតី ក៏បានបញ្ជាក់អំពីសារៈសំខាន់នៃ​សុខសន្ដិភាព និង​ស្ថិរភាពនយោបាយនៅកម្ពុជា ដែលជាមូលដ្ឋានគ្រឹះ​នៃ​ការ​បង្កើន​ទំនុកចិត្តដល់វិនិយោគិន​នៅកម្ពុជា។សម្ដេចធិបតី ក៏បានបញ្ជាក់បន្ថែមផងដែរ ការអភិវឌ្ឍលើហេដ្ឋារចនាសម្ព័ន្ធឌីជីថល​ គឺមានសារៈសំខាន់ណាស់ ដែល​ទាម​ទារ​ឱ្យ​រាជរដ្ឋាភិបាល និងវិស័យឯកជនធ្វើការ​រួម​គ្នានៅក្នុងការអភិវឌ្ឍវិស័យនេះឱ្យ​កាន់តែរីកចម្រើនថែមទៀត ហើយ​ក៏បាន​​ស្វាគមន៍ចំពោះក្រុមហ៊ុន Huawei Technology Co., Ltd ចំពោះ​ការវិនិយោគលើ​បច្ចេកវិទ្យាថ្មីៗ និង​ការ​វិនិយោគ​លើ​ការ​អភិវឌ្ឍ​​ហេដ្ឋារចនាសម្ព័ន្ធឌីជីថល។ បន្ថែមលើនេះ សម្ដេចអធិបតី ក៏បានលើកទឹកចិត្តឱ្យ​ក្រុមហ៊ុន Huawei Technology Co., Ltd ពិនិត្យលទ្ធភាពវិនិយោគលើវិស័យផ្សេងៗទៀត​ ដូចជា​ការវិនិយោគ​ការផលិត​សម្ភារ​គ្រឿងបង្គុំអេឡិក​ត្រូនិកជាដើម ។សម្ដេចធិបតី និង ​​លោក​ លាំង ហ័រ ក៏​បានពិភាក្សា​អំពីការ​បណ្ដុះបណ្ដាលធនធានមនុស្សលើជំនាញឌីជីថល ដោយក្រុមហ៊ុន Huawei Technology Co., Ltd បានបង្ហាញចំណាប់អារម្មណ៍លើ​ការ​បណ្ដុះបណ្ដាល​ជំនាញនេះ ដោយចាប់ផ្តើម​ពីកម្រិតបឋមសិក្សា​​ រហូត​ដល់កម្រិត​សាកល​វិទ្យាល័យ ​​។ ​កន្លង​មកនេះ ​ក្រុមហ៊ុន​ Huawei Technology Co., Ltd ក៏​បាន​សហការ​ជាមួយ​ដៃគូ នៅតាមសាកលវិទ្យាល័យ​មួយចំនួននៅកម្ពុជា​ ​លើការងារបណ្ដុះបណ្ដាលធនធានមនុស្សលើ​វិស័យ​ឌីជីថលផងដែរ​ ។ មុននឹងបញ្ចប់ សម្តេចធិបតី បានគូសបញ្ជាក់សារ​ជាថ្មីម្តងទៀតនូវជំហរស្វាគមន៍ និងការគាំទ្ររបស់រាជរដ្ឋាភិបាល ចំពោះដំណើរការអាជីវកម្ម និងវិនិយោគរបស់ក្រុមហ៊ុននៅកម្ពុជា ដែលស្របតាមតម្រូវការសង្គម-សេដ្ឋកិច្ចរបស់កម្ពុជា និងគោលនយោបាយរបស់រាជរដ្ឋាភិបាល។ ជាកិច្ចបញ្ចប់ លោក លាំង ហ័រ បានគោរពជូនពរ សម្តេចធិបតី ទទួលបានជោគជ័យ នៅក្នុងដំណើរទស្សនកិច្ចផ្លូវការនៅសាធារណរដ្ឋប្រជាមានិតចិននេះ និងធ្វើមាតុភូមិនិវត្តន៍ប្រកបដោយសុខសុវត្ថិភាព៕ ដោយ ÷ ដារា

សម្តេចធិបតីណែនាំឱ្យក្រសួង-ស្ថាប័នពាក់ព័ន្ធបន្តផ្តល់កិច្ចសហការជាមួយក្រុមហ៊ុន CRBC ដើម្បីធានានិរន្តភាពការងារនៅកម្ពុជា

2023/09/14 09:57:24 pm        91
ភ្នំពេញ÷ នាវេលាម៉ោង ១៧:០០ ថ្ងៃព្រហស្បតិ៍ ១៤រោច ខែស្រាពណ៍ ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹងថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៣, នៅរដ្ឋធានីប៉េកាំង សាធារណរដ្ឋប្រជាមានិតចិន សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យលោក វ៉ាង តុងជូ (Wang Tongzhou) ប្រធាន ក្រុមហ៊ុន China Road and Bridge Corporation (CRBC) និងគណៈប្រតិភូក្រុមហ៊ុន ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ ។ ជាកិច្ចចាប់ផ្ដើម, សម្តេចធិបតី បានសម្ដែងនូវការស្វាគមន៍យ៉ាងកក់ក្តៅជូនចំពោះលោកវ៉ាង តុងជូ និងគណៈប្រតិភូក្រុមហ៊ុន CRBC ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន China Communications Construction Company Limited ដែលបាន និងកំពុងវិនិយោគលើគម្រោងសាងសង់ផ្លូវ ស្ពាន និងហេដ្ឋារចនាសម្ព័ន្ធនៅកម្ពុជា ។ សម្តេចធិបតី ក៏បានអបអរសាទរចំពោះសមិទ្ធផលនានា ដែលក្រុមហ៊ុន CRBC សម្រេចបាននាពេលកន្លងមក និងបានវាយតម្លៃខ្ពស់ចំពោះការសិក្សាស្វែងយល់ និងការពិនិត្យលទ្ធភាពលើវិស័យដែលមានសក្តានុពលផ្សេងទៀតនៅកម្ពុជា ។ លោក វ៉ាង តុងជូ បានសម្តែងនូវការអបអរសាទរចំពោះ សម្តេចធិបតី ដែលត្រូវបានជ្រើសតាំងជានាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា សម្រាប់នីតិកាលទី ៧ នៃរដ្ឋសភា និងសូមគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ សម្ដេចធិបតី ដែលបានអនុញ្ញាតឱ្យរូបលោក និងគណៈប្រតិភូក្រុមហ៊ុន ចូលជួបសម្តែងការគួរសម ។ ជាមួយគ្នានេះ, លោក វ៉ាង តុងជូ ក៏បានគោរពរាយការណ៍ជូន សម្តេចធិបតី អំពីគម្រោងវិនិយោគផ្លូវថ្នល់ដែលកំពុងដំណើរការនៅកម្ពុជា ក៏ដូចជាគម្រោងថ្មីៗដែលក្រុមហ៊ុនកំពុងសិក្សា និងវាយតម្លៃ ព្រមទាំងគោរពស្នើសុំកិច្ចសហការ និងការជួយសម្របសម្រួលបន្ថែមទៀតពីភាគីរាជរដ្ឋាភិបាលកម្ពុជា ។ ជាកិច្ចឆ្លើយតប, សម្តេចធិបតី បានគូសបញ្ជាក់ពីតួនាទីដ៏សំខាន់នៃគម្រោងវិនិយោគផ្លូវ ថ្នល់ ស្ពាន និងផ្លូវលឿន នៅក្នុងដំណើរការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច ជាពិសេស ការលើកកម្ពស់ភាពប្រកួតប្រជែងរបស់កម្ពុជា តាមរយៈការកែលម្អប្រព័ន្ធឡូជីស្ទីក ។ ចំពោះគម្រោងដែលកំពុងធ្វើការសិក្សា និងវាយតម្លៃ, សម្តេចធិបតី បានស្នើឱ្យភាគីក្រុមហ៊ុនពន្លឿនកិច្ចការទាំងនេះ ដោយបន្តកិច្ចសហប្រតិបត្តិការជាមួយក្រសួង-ស្ថាប័ន ឬភាគីពាក់ព័ន្ធកម្ពុជាបន្ថែមទៀត ។ សម្តេចធិបតី ក៏បានណែនាំឱ្យក្រសួង-ស្ថាប័នពាក់ព័ន្ធ បន្តផ្តល់នូវកិច្ចសហការ និងសម្របសម្រួល ដើម្បីធានាឱ្យបាននូវនិរន្តភាពការងារ សំដៅជួយជំរុញឱ្យគម្រោងដែលកំពុងសិក្សាទាំងនោះអាចបញ្ចប់ និងដាក់ឱ្យដំណើរការក្នុងពេលឆាប់ៗ ។ មុននឹងបញ្ចប់, សម្តេចធិបតី បានវាយតម្លៃខ្ពស់ចំពោះក្រុមហ៊ុន CRBC ដែលបានចូលរួមចំណែកក្នុងកិច្ចដំណើរការអភិវឌ្ឍនៅកម្ពុជា តាមរយៈការសម្រេចបាននូវគម្រោងវិនិយោគផ្លូវថ្នល់នានា ជាពិសេសផ្លូវលឿនភ្នំពេញ-ព្រះសីហនុ ។ ជាកិច្ចបញ្ចប់, សម្តេចធិបតី បានគូសបញ្ជាក់ថារាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំផ្ទាល់របស់ សម្តេចធិបតី បានត្រៀមលក្ខណៈរួចជាស្រេចក្នុងការសហការ និងសម្របសម្រួលបន្តទៅមុខទៀតជាមួយក្រុមហ៊ុន និងសូមលើកទឹកចិត្តឱ្យក្រុមហ៊ុន CRBC បន្តការវិនិយោគបន្ថែមទៀតនៅកម្ពុជា ៕ ដោយ ÷ ដារា

ក្រុមហ៊ុន China Huaneng Group ប្ដេជ្ញាបន្តជំរុញនាំយកបច្ចេកទេសថ្មីៗ និងបណ្តុះបណ្តាលជំនាញបច្ចេកទេសផ្នែកអគ្គីសនីដល់យុវជនកម្ពុជា

2023/09/14 09:51:31 pm        159
ភ្នំពេញ÷ នារសៀលថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៣ នៅរដ្ឋធានីប៉េកាំង នៃសាធារណរដ្ឋប្រជាមានិតចិន សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រ​កម្ពុជា បានអនុញ្ញាតឱ្យ ឯកឧត្តម វិន ស៊ូកាំង (Wen Shugang) ប្រធានក្រុមប្រឹក្សាភិបាល ក្រុមហ៊ុន China Huaneng Group និងគណៈប្រតិភូក្រុមហ៊ុន ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ​ ។ជាកិច្ចចាប់ផ្ដើម ឯកឧត្តម វិន ស៊ូកាំង បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ សម្តេចអធិបតី ដែលបានអនុញ្ញាតឱ្យឯកឧត្តម និងគណៈប្រតិភូ បានចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ​ ។ ឯកឧត្តម ក៏បានសម្តែងនូវការអបអរសាទរចំពោះ សម្តេចអធិបតី ដែលត្រូវបានជ្រើសតាំងជានាយករដ្ឋមន្រ្តី នៃព្រះរាជា​ណាចក្រ​​កម្ពុជា សម្រាប់នីតិកាលទី៧ នៃរដ្ឋសភា។ ឯកឧត្តម បានបញ្ជាក់បន្ថែមថា ចិន​​ និងកម្ពុជា មានចំណងមិត្តភាព និងមានកិច្ចសហប្រតិបត្តិការជាមួយគ្នាដ៏យូរលង់ណាស់មកហើយ និងតាមរយៈទស្សនកិច្ចផ្លូវការរបស់ សម្ដេចធិបតី នាពេលនេះ នឹងកាន់តែជំរុញឱ្យកិច្ចសហប្រតិបត្តិការកម្ពុជា-ចិន ឈានដល់កម្រិតមួយបន្ថែមទៀត។ សម្ដេចធិបតី បានអរគុណចំពោះការអបអរសាទរ និងបានវាយតម្លៃខ្ពស់ ចំពោះជោគជ័យរបស់ក្រុមហ៊ុននៅក្នុងការសម្រេចបានសមិទ្ធផលជាច្រើននៅកម្ពុជា ជាពិសេស ការកសាងទំនប់វារីអគ្គិសនីសេសានក្រោម២ ដែលជាគម្រោងមួយដ៏ធំ និងអាចចាត់ទុកថាជាស្ថានីយគំរូមួយ តាមរយៈការធានាបាននូវបរិស្ថានល្អ ។ សម្តេចធិបតី ក៏បានបញ្ជាក់ដែរថា កម្ពុជា ស្វាគមន៍ចំពោះការនាំចូលបច្ចេកវិទ្យាថ្មីៗ និងទំនើប ដើម្បីអភិវឌ្ឍវិស័យថាមពលនៅកម្ពុជា និងលើកទឹកចិត្តឱ្យក្រុមហ៊ុនជួយសិក្សាបន្ថែម អំពីការពង្រីកការតបណ្តាញអគ្គីសនីឱ្យបានធំទូលាយ សំដៅបម្រើផលប្រយោជន៍ប្រជាជន ឱ្យកាន់តែប្រសើរឡើង។ ជាមួយគ្នានេះ សម្តេចធិបតី ក៏បានលើកទឹកចិត្តក្រុមហ៊ុនអភិវឌ្ឍប្រព័ន្ធថាមពលស្អាត និងប្រព័ន្ធថាមពលដែលផលិតពីអាគុយជាដើម។ សម្រាប់ការផ្តួចផ្តើមគំនិតក្នុងការនាំចូលនូវបច្ចេកវិទ្យាថ្មី ដើម្បីអភិវឌ្ឍវិស័យថាមពលស្អាត សម្តេចធិបតី បានលើកទឹកចិត្តឱ្យក្រុមហ៊ុនបន្តពិភាក្សា និងសហការជាមួយក្រសួង-ស្ថាប័នពាក់ព័ន្ធ ដើម្បីពិនិត្យលទ្ធភាពនៅក្នុងការអភិវឌ្ឍវិស័យនេះ។ ទនឹ្ទមនឹងនោះ សម្តេចធិបតី ក៏បានលើកទឹកចិត្តឱ្យក្រុមហ៊ុនពិនិត្យលទ្ធភាព នៅក្នុងការបណ្តុះបណ្តាលធនធានមនុស្សលើវិស័យអគ្គិសនីផងដែរ ដើម្បីចូលរួមចំណែកក្នុងការអភិវឌ្ឍវិស័យអគ្គីសនី និងលើកទឹកចិត្តឱ្យក្រុមហ៊ុនបន្តការសិក្សាលើគម្រោងផ្សេងៗទៀត ដើម្បីជំរុញដាក់ឱ្យអនុវត្ត នាពេលខាងមុខ។ជាការឆ្លើយតប ឯកឧត្តម វិន ស៊ូកាំង បានបញ្ជាក់ថា ក្រុមហ៊ុននឹងបន្តជំរុញការសិក្សា និងការនាំយកនូវបច្ចេកទេសថ្មីៗ ហើយក្រុមហ៊ុននឹងពិភាក្សាជាមួយនឹងក្រសួង-ស្ថាប័នពាក់ព័ន្ធ និងពិនិត្យលទ្ធភាពបណ្តុះបណ្តាលជំនាញបច្ចេកទេសផ្នែកអគ្គីសនីនេះ ទៅដល់យុវជនកម្ពុជាផងដែរ។ មុននឹងបញ្ចប់ សម្តេចធិបតី បានគូសបញ្ជាក់សារ​ជាថ្មីនូវជំហរស្វាគមន៍ និងការគាំទ្ររបស់រាជរដ្ឋាភិបាល ចំពោះគម្រោងវិនិយោគរបស់ក្រុមហ៊ុននៅកម្ពុជា ដែលស្របតាមតម្រូវការសង្គម-សេដ្ឋកិច្ចរបស់កម្ពុជា និងគោលនយោបាយរបស់រាជរដ្ឋាភិបាល។ ជាកិច្ចបញ្ចប់ ឯកឧត្តម វិន ស៊ូកាំង បានគោរពជូនពរ សម្តេចធិបតី ទទួលបានជោគជ័យ នៅក្នុងដំណើរទស្សនកិច្ចផ្លូវការនៅសាធារណរដ្ឋប្រជាមានិតចិននេះ និងធ្វើមាតុភូមិនិវត្តន៍ប្រកបដោយសុខសុវត្ថិភាព៕ ដោយ ÷ ដារា

សម្ដេចធិបតីណែនាំដល់ក្រសួង-ស្ថាប័នពាក់ព័ន្ធ សហការជាមួយក្រុមហ៊ុន SINOMACH Heavy Equipment សិក្សាស្វែងរកគម្រោងបន្ថែមទៀត

2023/09/14 08:16:15 pm        100
ភ្នំពេញ ៖ នារសៀលថ្ងៃព្រហស្បតិ៍ ១៤រោច ខែស្រាពណ៍ ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹងថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៣, នៅរដ្ឋធានីប៉េកាំង សាធារណរដ្ឋប្រជាមានិតចិន សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រ កម្ពុជា បានអនុញ្ញាតឱ្យលោក ហាន ស៊ាជុន (Han Xiaojun) ប្រធានក្រុមហ៊ុន SINOMACH Heavy Equipment Group និង គណៈប្រតិភូក្រុមហ៊ុន ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ។នៅក្នុងជំនួបនេះ, សម្តេចធិបតី បានសម្តែងនូវការស្វាគមន៍យ៉ាងកក់ក្តៅ ជូនចំពោះ លោក ហាន ស៊ាជុន (Han Xiaojun) ដែលជាភ្ញៀវទីមួយ សម្តេចធិបតី ទទួលជួប នៅក្នុងដំណើរទស្សនកិច្ចផ្លូវការនៅសាធារណរដ្ឋប្រជាមានិតចិន នាពេលនេះ ។ លោក ហាន ស៊ាជុន បានសម្តែងនូវអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះប្រសាសន៍នេះ ក៏ដូចជាការណ៍ដែល សម្តេចធិបតី បានចំណាយវេលាដ៏មានតម្លៃ ឱ្យលោកចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ។ លោក ហាន ស៊ាជុន ក៏បានឆ្លៀតយកឱកាសនេះ អបអរសាទរ សម្តេចធិបតី ដែលត្រូវបានជ្រើសតាំងជានាយករដ្ឋមន្រ្តី នៃរាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី ៧ នៃរដ្ឋសភា, ព្រមទាំងជ័យជម្នះភ្លូកទឹកភ្លូកដីរបស់គណបក្សប្រជាជនកម្ពុជា នៅក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត កាលពីថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ កន្លងមក ។ទន្ទឹមនេះ, លោក ហាន ស៊ាជុន បានរាយការណ៍ជូន សម្តេចធិបតី ដ៏ខ្ពង់ខ្ពស់ អំពីប្រវត្តិ និងដំណើរការអាជីវកម្ម ព្រមទាំងការវិនិយោគរបស់ក្រុមហ៊ុន SINOMACH Heavy Equipment Group នៅកម្ពុជា ចាប់តាំងពីឆ្នាំ ២០០៧ មក, ដែលបច្ចុប្បន្នមានគម្រោងជាច្រើន ក្នុងទំហំទឹកប្រាក់រហូតដល់ជិត ៣ ប៊ីលានដុល្លារអាមេរិក ។ ដោយមានការគាំទ្រ និងកិច្ចសម្របសម្រួលយ៉ាងកក់ក្តៅពីរាជរដ្ឋាភិបាល, ក្រុមហ៊ុនបានរីកលូតលាស់ និងបានសម្រេចនូវសមិទ្ធផលជាទីមោទនៈជាច្រើន, ជាពិសេស នៅក្នុងការសាងសង់បណ្តាញអគ្គិសនី និងរោងចក្រថាមពលអគ្គិសនី ។ ជាកិច្ចឆ្លើយតប, សម្តេចធិបតី បានបង្ហាញនូវជំហររបស់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា នៅក្នុងការបន្តគាំទ្រ សហការ និងសម្របសម្រួលជាមួយក្រុមហ៊ុន ចំពោះរាល់គម្រោងទាំងអស់ ដែលផ្តល់ផលប្រយោជន៍ដល់សង្គម-សេដ្ឋកិច្ចកម្ពុជា ហើយស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល ។ សម្តេចធិបតី ក៏បានណែនាំដល់ក្រសួង-ស្ថាប័នជំនាញពាក់ព័ន្ធ សហការជាមួយក្រុមហ៊ុន ដើម្បីសិក្សាស្វែងរកគម្រោងបន្ថែមទៀត ដែលមានសក្តានុពល ដើម្បីរួមចំណែកលើកកម្ពស់ស្ថិរភាព និងប្រសិទ្ធភាពនៃការផ្គត់ផ្គង់ថាមពលរបស់កម្ពុជា ដូចជា គម្រោងក្នុងវិស័យថាមពលស្អាត ដែលមានចីរភាព និងតម្លៃសមរម្យជាដើម ។ សម្តេចធិបតី សង្ឃឹមយ៉ាងមុតមាំថា ក្រុមហ៊ុននឹងបន្តវិនិយោគ និងផ្តល់កិច្ចសហការនៅក្នុងគម្រោងទាំងនេះ ដែលក្រុមហ៊ុនមានជំនាញ និងមានឧត្តមភាពស្រាប់ ។ មុននឹងបញ្ចប់, សម្តេចធិបតី បានគូសបង្ហាញជាថ្មីម្តងទៀតនូវជំហរស្វាគមន៍ និងការគាំទ្ររបស់រាជរដ្ឋាភិបាល ចំពោះដំណើរការអាជីវកម្ម និងវិនិយោគរបស់ក្រុមហ៊ុននៅកម្ពុជា ដែលស្របតាមតម្រូវការសង្គម-សេដ្ឋកិច្ចរបស់កម្ពុជា និងគោលនយោបាយរបស់រាជរដ្ឋាភិបាល។ ជាកិច្ចបញ្ចប់, លោក ហាន ស៊ាជុន បានជូនពរ សម្តេចធិបតី ទទួលបានជោគជ័យ នៅក្នុងដំណើរទស្សនកិច្ចផ្លូវការនៅសាធារណរដ្ឋប្រជាមានិតចិននេះ និងធ្វើមាតុភូមិនិវត្តន៍ប្រកបដោយសុខសុវត្ថិភាព៕ ដោយ ៖ វ៉ន ដារា

សម្ដេចតេជោ៖«នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ធ្វើបានល្អជាងការគិតទុករបស់ខ្ញុំទៅទៀត»

2023/09/14 06:32:58 pm        175
ភ្នំពេញ ៖ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជានាព្រលប់ថ្ងៃទី ១៤ ខែកញ្ញា ឆ្នាំ ២០២៣នេះ បានបង្ហោះសារបញ្ជាក់ថា នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ធ្វើបានល្អជាងការគិតទុករបស់របស់សម្ដេចទៅទៀត។ ខណៈផ្ទុយពីការគិតរបស់សម្ដេចនាយករដ្ឋមន្ត្រីរូបនេះ បានចេញដំណើរដោយការជឿជាក់គ្រប់គ្រងបានសភាពការលើគ្រប់ផ្នែកទាំងតូចទាំងធំក្នុងប្រទេស និងឈានទៅសម្រេចបាននូវកិច្ចការបរទេសនៅលើឆាកអន្តរជាតិថែមទៀត។ ​សម្ដេចតេជោ ហ៊ុន សែន បានថ្លែងថា ត្រូវលោតទៅក្នុងទឹកទើបចេះហែលទឹក។សម្ដេចបានបញ្ជាក់ថា សម្ដេចកំពុងតាមសង្កេតមើលសកម្មភាពរបស់នាយករដ្ឋមន្ត្រីថ្មី ទាំងការងារក្នុងប្រទេស និងការងារក្រៅប្រទេស។ ដោយធ្លាប់អនុវត្តផ្ទាល់លើមុខដំណែងជានាយករដ្ឋមន្ត្រី អស់រយៈពេលជាង ៣៨ ឆ្នាំ សម្ដេចតេជោបញ្ជាក់ថា នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ធ្វើបានល្អជាងការគិតទុករបស់សម្ដេចទៅទៀត។សម្ដេចតេសជោអះអាងថា មិនមែននិយាយលើកសរសើរកូនខ្លួនឯងនោះទេ មុននេះសម្ដចបានគិតថាត្រូវប្រើពេលប្រមាណ ៣ ខែ ទើបនាយករដ្ឋមន្ត្រីថ្មីអាចគ្រប់គ្រងលើការងារបានទាំងស្រុង។ ប៉ុន្ដែផ្ទុយពីការគិតរបស់សម្ដេចនាយករដ្ឋមន្ត្រីរូបនេះ ចេញដំណើរដោយការជឿជាក់គ្រប់គ្រងបានសភាពការលើគ្រប់ផ្នែក ទាំងតូចទាំងធំក្នុងប្រទេស និងឈានទៅសម្រេចបាននូវកិច្ចការបរទេស តាមរយៈវេទិកាអាស៊ាន និងដៃគូ និងដំណើរទស្សនកិច្ចផ្លូវការលើកដំបូងទៅកាន់សាធារណរដ្ឋប្រជាមានិតចិននៅថ្ងៃនេះ និងត្រៀមខ្លួនចេញដំណើរទៅចូលរួមមហាសន្និបាតអង្គការសហប្រជាជាតិនាសប្តាហ៍ក្រោយ។សម្ដេចតេជោបញ្ជាក់ថា៖«កូននាគរាជច្បាស់ជាមិនក្លាយទៅកូនកង្កែបនោះឡើយ»៕ ដោយ ៖ វ៉ន ដារា

​សម្ដេចធិបតី និងលោកជំទាវចូលក្រាបបង្គំគាល់ព្រះមហាក្សត្រ និងសម្ដេចព្រះវររាជមាតាជាតិខ្មែរនៅចិន

2023/09/14 06:03:16 pm        89
ភ្នំពេញ ៖ ​នៅរសៀលថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៣នេះ ក្នុងដំណើរបំពេញទស្សនកិច្ចផ្លូវការនៅក្នុងសាធារណរដ្ឋប្រជាមានិតចិន សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវ ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត បានអញ្ជើញចូលក្រាបថ្វាយបង្គំគាល់ ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និងសម្ដេចព្រះមហាក្សត្រី នរោត្ដម មុនីនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរផងដែរ។​សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ ព្រមទាំងគណៈប្រតិភូជាន់ខ្ពស់រាជរដ្ឋាភិបាលកម្ពុជា បានអញ្ជើញទៅដល់រដ្ឋធានីប៉េកាំង ប្រកបដោយសុវត្តិភាព ដើម្បីបំពេញទស្សនកិច្ចផ្លូវការ រយៈពេល ៤ ថ្ងៃទៅកាន់រដ្ឋធានីប៉េកាំង និងអញ្ជើញចូលរួមពិព័រណ៌អាស៊ាន-ចិន លើកទី២០ នៅទីក្រុងណាន់នីង តំបន់ស្វយ័តក្វាងស៊ី ពីថ្ងៃទី១៤ដល់ថ្ងៃទី១៧កញ្ញា។ យន្តហោះពិសេសរបស់ព្រះរាជាណាចក្រកម្ពុជា ជើងហោះហើរលេខ ០០០១ បានធ្វើការចុះចតប្រកបដោយសុវត្តិភាព នៅអាកាសយានដ្ឋានអន្តរជាតិរដ្ឋធានីប៉េកាំង កាលពីវេលាម៉ោង១៣ និង៤០នាទី ថ្ងៃទី១៤កញ្ញាម៉ោងនៅរដ្ឋធានីប៉េកាំង សាធារណរដ្ឋប្រជាមានិតចិន។សូមបញ្ជាក់ថា នេះគឺជាដំណើរបំពេញទស្សកិច្ចផ្លូវការ ក្រៅប្រទេសជាលើកដំបូង របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បន្ទាប់ពីសម្តេចធិបតី បានស្បថចូលកាន់មុខដំណែងជានាយករដ្ឋមន្រ្តី នីតិកាលទី៧ នៃរដ្ឋសភា កាលពីថ្ងៃទី២២ ខែសីហាឆ្នាំ២០២៣ ក្រោយលទ្ធផលនៃការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧ នៃរដ្ឋសភា ថ្ងៃទី២៣កក្កដា ឆ្នាំ២០២៣៕ អត្ថបទ៖ វ៉ន ដារ៉ា

លោក ពូទីន និងលោក គីម ពិភាក្សាគ្នាអំពីបញ្ហាយោធា សង្គ្រាមអ៊ុយក្រែន និងផ្កាយរណប

2023/09/14 08:56:32 am        125
មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន(Kim Jong Un) និងប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន (Vladimir Putin) បានជួបគ្នាក្នុងកិច្ចប្រជុំកំពូលដ៏កម្រមួយកាលពីថ្ងៃពុធ ដែល​មេដឹក​នាំ​ទាំង​២ ពិភាក្សាគ្នាអំពីបញ្ហាយោធា សង្គ្រាមនៅអ៊ុយក្រែន និងជំនួយ​របស់​រុស្ស៊ី​សម្រាប់​កម្មវិធី​ផ្កាយរណប​សម្ងាត់​របស់រដ្ឋនេះ។ លោក ពូទីន បានបង្ហាញលោក គីម ជុំវិញមូលដ្ឋានបាញ់​បង្ហោះ​រ៉ូកែត​អវកាស​ទំនើប​បំផុត​របស់​រុស្ស៊ី នៅ​តំបន់ចុងបូព៌ាក្នុងទឹកដីរុស្ស៊ី និងបាន​ពិភាក្សា​អំពី​លទ្ធភាព​នៃ​ការប​ញ្ជូន​អវកាស​យានិក​កូរ៉េខាង​ជើង​ទៅ​កាន់ទីលំហ។ លោក គីម ដែលទៅដល់តាមរថភ្លើងពីកូរ៉េខាងជើង បាន​សួរ​សំណួរ​លម្អិត​អំពីគ្រាប់រ៉ូកែត ខណៈលោក ពូទីន បង្ហាញរូបលោកនៅជុំវិញទីតាំងវ៉ូស្តូចឈ្នី កូស្មូ​ដ្រូម​(Vostochny Cosmodrome) ។ បន្ទាប់ពីការទស្សនាតាមទីកន្លែងនានាក្នុងមូលដ្ឋាននេះរួច លោក ពូទីន វ័យ៧០ឆ្នាំ និងលោក គីម វ័យ ៣៩ឆ្នាំ បានពិភាក្សាគ្នាជាច្រើនម៉ោងជាមួយរដ្ឋមន្ត្រីរបស់ប្រទេសទាំង២ ហើយ​បន្ទាប់​មក​បាន​ពិភាក្សាអំពីកិច្ចការពិភពលោក និងផ្នែកដែល​អា​ច​ធ្វើ​ទៅ​បាន​នៃ​កិច្ច​សហប្រតិបត្តិការ​មួយ​ទល់​នឹង​មួយ អមដោយអាហារថ្ងៃត្រង់ដ៏សម្បូរបែបនៃនំប៉ាវ របស់រុស្ស៊ីរួមជាមួយ ក្តាម Kamchatka ​ហើយបន្ទាប់មក មានត្រី Sturgeon ជាមួយផ្សិតនិងដំឡូង។លោក គីម បានលើកកែវស្រារុស្ស៊ីមួយកែវ ដើម្បីជូនពរលោកពូទីនឲ្យមានសុខភាពល្អ  ជ័យជម្នះ​នៃ "រុស្ស៊ីដ៏អស្ចារ្យ" និងមិត្តភាពកូរ៉េ-រុស្ស៊ី ដោយ​ព្យាករណ៍​ថា​នឹង​ទទួល​ជ័យជម្នះ​សម្រាប់​ទីក្រុង​មូស្គូ​ក្នុង​ "ការប្រយុទ្ធដ៏ពិសិដ្ឋ" ជាមួយលោកខាងលិចក្នុងសង្គ្រាមអ៊ុយក្រែន។ក្រុម​មន្ត្រីសហរដ្ឋអាមេរិក និងកូរ៉េខាងត្បូងបានសម្តែងការព្រួយបារម្ភថា លោក គីម នឹងផ្តល់​សព្វាវុធ​ និងគ្រាប់រំសេវដល់រុស្ស៊ី ដែលបានចំណាយយ៉ាងច្រើននៅក្នុងសង្គ្រាមជាង ១៨ ខែ​នៅ​អ៊ុយក្រែន​៕​

រាជរដ្ឋាភិបាលផ្តល់អាទិភាពខ្ពស់បំផុតចំពោះប្រជាពលរដ្ឋដែលស្ថិតនៅក្នុងសេដ្ឋកិច្ចក្រៅប្រព័ន្ធ

2023/09/13 07:28:53 pm        168
ភ្នំពេញ ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានប្រកាសថា រាជរដ្ឋាភិបាលផ្តល់អាទិភាពខ្ពស់បំផុតចំពោះ ប្រជាពលរដ្ឋ ដែលស្ថិតនៅក្នុងសេដ្ឋកិច្ចក្រៅប្រព័ន្ធ ហើយសម្តេចធិបតី សម្រេចផ្អាកការផ្តល់សេវារដ្ឋបាលមួយចំនួនរបស់រដ្ឋបាលក្រុង ស្រុក ខណ្ឌ ពាក់ព័ន្ធនឹង ការបំពេញបែបបទធ្វើអាជីវកម្ម ដែលកំណត់ដោយអន្តរក្រសួងកាលពីឆ្នាំ២០១៦កន្លងទៅផងដែរ ដើម្បីកុំឲ្យប៉ះពាល់ការប្រកបមុខរបរអាជីវកម្មរបស់បងប្អូនប្រជាពលរដ្ឋ។ តាមរយៈផេកហ្វេសបុកផ្ទាល់នាល្ងាចថ្ងៃទី១៣ ខែកញ្ញា ឆ្នំា២០២៣នេះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា ថ្មីៗនេះមានការផ្សព្វផ្សាយពត៌មានមួយចំនួន ពាក់ពន្ធ័នឹងការតម្រូវឱ្យស្នើសុំច្បាប់អនុញ្ញាតប្រកបអាជីវកម្ម និងបន្តសុពលភាពអាជីវកម្ម នៅការិយាល័យច្រកចេញ-ចូលតែមួយ នៃរដ្ឋបាលក្រុង ស្រុក ខណ្ឌ ដែលការណ៍នេះបានបង្កឱ្យមានការព្រួយបារម្ភ ក្នុងចំណោម ប្រជាពលរដ្ឋ ដែលបាន និងកំពុងប្រកបអាជីវកម្ម, មុខរបរ និង ការងារតូចតាចនៅក្នុងសេដ្ឋកិច្ចក្រៅប្រព័ន្ធ។ សម្តេចធិបតី នាយករដ្ឋមន្រ្តីបានបន្ថែមទៀតថា ក្រោយពីបានពិភាក្សាជាមួយ ឯឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ សម្តេចបានចេញសេចក្តីសម្រេចផ្អាកការផ្តល់សេវារដ្ឋបាលមួយចំនួន របស់រដ្ឋបាលក្រុង ស្រុក ខណ្ឌ ពាក់ព័ន្ធនឹងការបំពេញបែបបទធ្វើអាជីវកម្មតូចតាចជាច្រើនផងផងដែរ។ តាមរយៈផេកហ្វេសបុកនេះ សម្តេចនាយករដ្ឋមន្រ្តីបានបញ្ជាក់ផងដែរថា«ទន្ទឹមនេះដែរ, ខ្ញុំក៏សូមឆ្លៀតយកឱកាសនេះបញ្ជាក់ផងដែរថា រាជរដ្ឋាភិបាលផ្តល់អាទិភាពខ្ពស់បំផុតចំពោះ ប្រជាពលរដ្ឋដែលស្ថិតនៅក្នុងសេដ្ឋកិច្ចក្រៅប្រព័ន្ធ។ ក្នុងគោលដៅនេះ រាជរដ្ឋាភិបាលបាននិងកំពុងរៀបចំ យុទ្ធសាស្ត្រជាតិ ស្តីពីការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ ឆ្នាំ២០២៣-២០២៨ ដែលនឹងត្រូវឱ្យអនុវត្តក្នុងពេលឆាប់ៗខាងមុខ ដើម្បីបង្កលក្ខណៈងាយស្រួល, ព្រមទាំងផ្តល់ប្រយោជន៍, ថែបំប៉ន និងលើកកម្ពស់ការយល់ដឹង ដល់អ្នកប្រកបអាជីវកម្ម, មុខរបរ និងការងារ ដែលស្ថិតនៅក្នុងសេដ្ឋកិច្ចក្រៅប្រព័ន្ធ»៕ អត្ថបទ ៖ បាន ចក់

សម្ដេចធិបតីបង្ហាញពីអំណោយផលនៃច្បាប់វិនិយោគនៅកម្ពុជា ដល់ធុរជនជប៉ុន

2023/09/12 08:46:22 pm        82
ភ្នំពេញ ៖ នៅរសៀលថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៣, នៅវិមានសន្តិភាព សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានទទួលស្វាគមន៍ និងពិភាក្សាការងារជាមួយឯកឧត្តម តាកាហាស៊ី ហ្វូមីអាគី ប្រ ធានសមាគមជប៉ុន-កម្ពុជា និងជាអតីតឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា។​ក្នុងជំនួបនេះ ឯកឧត្ដម តាកាហាស៊ី ហ្វូមីអាគី បានថ្លែងអំណរគុណជូនចំពោះសម្ដេចធិបតី ដែលបានអនុញ្ញាតឱ្យឯកឧត្តម និងគណៈប្រតិភូចូលជួបសម្តែងការគួរសម។ សម្ដេចធិបតី បានស្វាគមន៍យ៉ាងក ក់ក្ដៅចំពោះ ឯកឧត្តម និងគណៈប្រតិភូ និងបានអរគុណ ចំពោះការបំពេញបេសកកម្មដ៏ឧត្តុង្គឧត្តមនេះ ដែលឯកឧត្តម និងគណៈប្រតិភូជួបសម្ដែងការគួរសមជាមួយឥស្សរជនជាន់ខ្ពស់កម្ពុជាជាច្រើនរូប រួមទាំងសម្តេចតេជោ ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រផងដែរ។អំឡុងជំនួបនេះដែរ សម្ដេចធិបតី និងឯកឧត្តម តាកាហាស៊ី ហ្វូមីអាគី បានពិភាក្សាទៅលើកិច្ចសហប្រ តិបត្តិការវាងកម្ពុជា-ជប៉ុន ជាពិសេសក្នុងទិដ្ឋភាពនៃការធ្វើធុរកិច្ច និងឱកាសសម្រាប់ការវិនិយោគនៅកម្ពុជា។ ជាក់ស្តែង, សម្ដេចធិបតី បានជម្រាបជូនអំពីវឌ្ឍនភាពវិជ្ជមានជាច្រើនដែលកម្ពុជាសម្រេចបា នក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងនេះ, ជាពិសេសក្នុងនីតិកាលទី៦ នៃរដ្ឋសភា ក្រោមការដឹកនាំប្រកបដោ យគតិបណ្ឌិតរបស់សម្តេចតេជោ ដែលកម្ពុជាបានដាក់ចេញនូវច្បាប់ស្តីពី វិនិយោគនៃព្រះរាជាណាចក្រកម្ពុជា និងអនុក្រឹត្យសម្រាប់ការអនុវត្តច្បាប់នេះ ដែលបានចែងយ៉ាងច្បាស់អំពីយន្តការលើកទឹកចិត្តដ៏ទាក់ទាញ និងជាក់លាក់ ព្រមទាំងគោលនយោបាយអនុគ្រោះ និងកិច្ចសម្របសម្រួលផ្សេងៗ ស ម្រាប់ការវិនិយោគក្នុងវិស័យអាទិភាព។ ជាមួយនឹងការកំណត់ក្របខណ្ឌគតិយុត្ត និងយន្តការជាក់លា ក់, ឯកឧត្តម តាកាហាស៊ី ហ្វូមីអាគី បានបង្ហាញនូវជំនឿយ៉ាងមុតមាំថា វិនិយោគិនជប៉ុន ជាពិសេសស ហគ្រាសធុនតូច និងមធ្យម(SMEs) នឹងចាប់អារម្មណ៍លើការវិនិយោគនៅក្នុងប្រទេសកម្ពុជាបន្ថែមទៀត។ឯកឧត្តមបានគោរពជម្រាបជូន សម្ដេចធិបតី អំពីចំណាប់អារម្មណ៍របស់ SMEs ជប៉ុន ចំពោះវិស័យសំខាន់ៗ ២ គឺ៖ (១.) ការផលិតទំនិញកែច្នៃ ដែលប្រើប្រាស់វត្ថុធាតុដើមកម្ពុជា និងបច្ចេកវិទ្យាទំនើបជប៉ុន ដើម្បីផលិតជាផលិតផលសម្រេច សម្រាប់នាំចេញ និង (២.) ការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ ដោយផ្តោតលើ៖ សេវាបដិសណ្ឋារកិច្ច, មេកានិក យានយន្ត (សេវាជួសជុលរថយន្តជប៉ុន), ការតុបតែង និងកែសម្ផស្ស, សេវាថែទាំអ្នកជំងឺ-មនុស្សចាស់ និងជំនាញបច្ចេកវិទ្យាព័ត៌មាន និងឌីជីថល។សម្ដេចធិបតី បានវាយតម្លៃខ្ពស់ ចំពោះចំណាប់អារម្មណ៍នៃការវិនិយោគក្នុងវិស័យដែលកម្ពុជាកំពុងមានតម្រូវការ ហើយវិស័យទាំងនេះក៏មានសង្គតិភាពទៅនឹងក្របខណ្ឌគោលនយោបាយ អភិវឌ្ឍសង្គ ម-សេដ្ឋកិច្ចកម្ពុជានាពេលបច្ចុប្បន្ន ដូចជា យុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ ជាដើម។ ក្នុងន័ យនេះ សម្ដេចធិបតី ជំរុញឱ្យសមាគមធុរកិច្ចជប៉ុន សហការ និងបង្កើនទំនាក់ទំនងការងារ ជាមួយភាគីពាក់ព័ន្ធរបស់កម្ពុជា ដើម្បីសម្រេចឱ្យបាននូវវត្ថុបំណងទាំងនេះ ហើយសម្តេចធិបតីបានបញ្ជាក់បន្ថែមថា រាជរដ្ឋាភិបាលអាណត្តិទី៧ ក្រោមការដឹកនាំផ្ទាល់របស់សម្ដេចធិបតី បានត្រៀមខ្លួនរួចជាស្រេច ដើ ម្បីសម្របសម្រួល សហការ និងគាំទ្រធុរកិច្ចជប៉ុន តាមរយៈគោលនយោបាយ និងកញ្ចប់លើកទឹកចិត្តដ៏ទាក់ទាញ និងជាក់លាក់។ឯកឧត្តម តាកាហាស៊ី ហ្វូមីអាគី បានគោរពជម្រាបបន្ថែមអំពីគោលបំណង នៃការដឹកនាំគណៈប្រតិភូធុ រកិច្ចជប៉ុន មកធ្វើទស្សនកិច្ចនៅកម្ពុជាជាថ្មីម្ដងទៀត នៅខែវិច្ឆិកាខាងមុខ និងបានគោរពស្នើសុំការអនុ ញ្ញាតដ៏ខ្ពង់ខ្ពស់របស់សម្ដេចធិបតី ដើម្បីចូលជួបសម្តែងការគួរសម និង ពិភាក្សាការងារ ។ សម្ដេចធិបតី បានស្វាគមន៍ដោយវិជ្ជមាន ចំពោះគោលបំណងនេះ ហើយសម្ដេចធិបតី នឹងទទួលជួបក្នុងករណីមិ នមានបេសកកម្មក្រៅប្រទេស ហើយពេលវេលាសមស្រប។សម្ដេចធិបតី បានជូនពរឯកឧត្តម តាកាហាស៊ី ហ្វូមីអាគី និងគណៈប្រតិភូ ទទួលបានជោគជ័យក្នុងដំ ណើរទស្សនកិច្ចធុរកិច្ចនៅកម្ពុជា និងសូមឱ្យការធ្វើដំណើរមាតុភូមិនិវត្តន៍ ប្រកបដោយសេចក្តីសុខសុ វត្ថិភាព៕ ដោយ៖ គង់ ឌិន​

កាកបាទក្រហមកម្ពុជាត្រៀមខ្លួនរួចរាល់សម្រាប់កិច្ចប្រជុំថ្នាក់ដឹកនាំលើកទី២០ និងវេទិកាយុវជនលើកទី២

2023/09/11 07:56:02 pm        164
ភ្នំពេញ ៖ នៅរសៀលថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៣នេះ នាអគារទីស្នាក់ការកណ្តាល កាកបាទក្រហមកម្ពុជា សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធាន បានអញ្ជើញជាអធិបតីភាព ក្នុងកិច្ចប្រជុំបូកសរុបការងារ គណ:កម្មការ និងអនុគណ:កម្មការរៀបចំកិច្ចប្រជុំថ្នាក់ដឹកនាំលើកទី២០ និងវេទិកាយុវជនលើកទី២ នៃសមាគមជាតិកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ភូមិភាគអាស៊ីអាគ្នេយ៍ ដែលនឹងប្រព្រឹត្តទៅ នៅថ្ងៃទី១៧ ដល់ថ្ងៃទី២២ ខែកញ្ញាខាងមុននេះ ។ក្នុងឱកាសនោះ សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានផ្ដល់មតិណែនាំក្នុងអង្គប្រជុំ ដោយត្រូវយកចិត្ដទុកដាក់ធ្វើកិច្ចការងារឱ្យបានល្អ ប្រកបដោយភាពទទួលខុសត្រូវខ្ពស់ ដើម្បីផ្ដល់ភាពកក់ក្ដៅដល់គណៈប្រតិភូ ដែលបានអញ្ជើញចូលរួមកិច្ចប្រជុំ ថ្នាក់ដឹកនាំលើកទី២០ និងវេទិកាយុវជនលើកទី២ នៃសមាគមជាតិកាកបាទក្រហម អឌ្ឍចន្ទក្រហម ភូមិភាគអាស៊ីអាគ្នេយ៍ ក្នុងនាមកម្ពុជាយើងធ្វើជាម្ចាស់ផ្ទះ។ លើសពីនោះសម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ក៏បានស្នើដល់ មន្ដ្រី បុគ្គលិក សមាជិក សមាជិកា និងមន្ដ្រីស្ថាប័នពាក់ព័ន្ធ ត្រូវពង្រឹង និងពង្រីកសមត្ថភាពភាពការងារបន្ថែមទៀត ដើម្បីបំពេញកិច្ចការងារ ទៅតាមមុខងារ ដែលខ្លួនទទួលខុសត្រូវ ឱ្យបានកាន់ច្បាស់លាស់។បន្ទាប់ពីមានមតិណែនាំ របស់សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ក៏មានការបង្ហាញពីរបាយការណ៍បូកសរុប ការត្រៀមរបស់កាកបាទក្រហមកម្ពុជា ធ្វើជាម្ចាស់ផ្ទះ នៃកិច្ចប្រជុំ លើកទី២០ និងវេទិកាយុវជនលើកទី២ សមាគមជាតិអាស៊ីអាគ្នេយ៍ ដោយអនុប្រធានអចិន្ដ្រៃយ៍គណៈកម្មការ រៀបចំវេទិកាយុវជនលើកទី២០ ធ្វើឡើងពីថ្ងៃទី ១៧-២០ ខែកញ្ញា ឆ្នាំ២០២៣ ដោយនោះក្នុងមានពិធីដំាដើមឈើ នៅព្រឹកថ្ងៃទី២០ ខែកញ្ញា។ វេទិកាយុវជនទី២ ដែលប្រារព្ធធ្វើពីថ្ងៃទី១៧ ដល់ថ្ងៃទី២០ ខែកញ្ញានេះដែរ នឹងមានប្រតិភូយុវជន មកពីសមាគមជាតិទាំង១១ និងមន្ត្រីសម្របសម្រួល មកពីសហព័ន្ធអន្តរជាតិ និងយុវជនកាកបាទក្រហមកម្ពុជា ជា អិល.អូ សរុប ៥៥នាក់។ វេទិកាយុវជននេះនឹងផ្ដោតសំខាន់លើការកសាងសមត្ថភាព នៃការប្រាស្រ័យទាក់ទង និងដោះស្រាយបញ្ហារបស់យុវជន ដោយប្រើបច្ចេកវិទ្យាឌីជីថល និងវេទិកាផ្សេងៗ ដោយការអនុវត្តវិធីសាស្ត្រ ច្នៃរកដំណោះស្រាយថ្មី ក្នុងការងារមនុស្សធម៌។ គណៈប្រតិភូយុវជនទាំងអស់ គ្រោងនឹងដាំដើមឈើចំនួន ២,០០០ដើមលើផ្ទៃដីជាង ២ហិកតា និងនៅកសិណ ជុំវិញព្រះចុល្លាមុនីចេតិយ នាថ្ងៃទី២០ ខែកញ្ញា នៅមជ្ឈមណ្ឌលវប្បធម៌ព្រះពុទ្ធសាសនា ក្នុងឧទ្យានជាតិសុរាម្រឹតព្រះកុសុមៈគិរីរម្យ ដោយមានកិច្ចសហការពីក្រសួងបរិស្ថាន, ក្រសួងកសិកម្ម និងប្រធានមជ្ឈមណ្ឌល។ ការដាំដើមឈើនេះ មានគោលបំណងលើកកម្ពស់ការយល់ដឹងជាសាធារណៈ អំពីដំណោះស្រាយដោយផ្អែកលើធម្មជាតិ ក៏ដូចជាលើកទឹកចិត្តដល់ការចូលរួមរបស់យុវជន ក្នុងការដាំដើមឈើ ដើម្បីដោះស្រាយវិបត្តិអាកាសធាតុ។ដោយឡែកកិច្ចប្រជុំថ្នាក់ដឹកនាំលើកទី២០ និងធ្វើឡើងពីថ្ងៃទី២១-២២ ខែកញ្ញា ឆ្នាំ២០២៣ និងបញ្ហាផ្សេងៗទៀត។ កិច្ចប្រជុំថ្នាក់ដឹកនាំលើកទី២០នេះដែរ នឹងប្រមូលផ្ដុំថ្នាក់ដឹកនាំ កាកបាទក្រហម និងអឌ្ឍចន្ទក្រហម មកពីភូមិភាគអាស៊ីអាគ្នេយ៍, សហព័ន្ធអន្តរជាតិ នៃសមាគមកាកបាទក្រហម និងអឌ្ឍចន្ទក្រហម និងគណៈកម្មាធិការអន្តរជាតិ កាកបាទក្រហម ដើម្បីពិភាក្សា និងសម្រេចលើក្តីកង្វល់រួម ដែលសមាជិករួមមាន អឌ្ឍចន្ទក្រហមព្រុយណេ, កាកបាទក្រហមកម្ពុជា, កាកបាទក្រហមឥណ្ឌូនេស៊ី, កាកបាទក្រហមឡាវ, អឌ្ឍចន្ទក្រហមម៉ាឡេស៊ី, កាកបាទក្រហមមីយ៉ាន់ម៉ា, កាកបាទក្រហមហ្វីលីពីន, កាកបាទក្រហមសិង្ហបុរី, កាកបាទក្រហមថៃ, កាកបាទក្រហមទីម័រខាងកើត និងកាកបាទក្រហមវៀតណាម មានគ្នាសរុបប្រមាណ៤០នាក់៕ អត្ថបទៈ សំ ងីម

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

កម្ពុជាទទួលបានមេដាយមាស ប្រាក់ សំរឹទ្ធ និងពាន៣ ពី​ការប្រឡងកម្មវិធី The Young Master Challenge Global Final 2026 នៅចក្រភពអង់គ្លេស
06/26/2026 08:06 AM
រុស្ស៊ី-កម្ពុជា បន្តទំនាក់ទំនងដ៏រឹងមាំលើវិស័យអប់រំ វប្បធម៌ កសិកម្ម ថាមពល ការពារជាតិ និងពាណិជ្ជកម្ម​
06/26/2026 08:06 AM
[UPDATE] អ្នកស្លាប់ពីការរញ្ជួយដីនៅវ៉េណេស៊ុយអេឡាឡើងដល់ជាង ២០០នាក់ ខណៈការសង្គ្រោះនិងស្វែងរកអ្នករស់រានមានជីវិតនៅតែបន្ត
06/26/2026 08:06 AM
ក្រសួង និងអ្នកជំនាញ រួមគ្នាពង្រឹងគុណភាពសំណង់នៅកម្ពុជា ឆ្លើយតបតម្រូវការបច្ចុប្បន្ន
06/26/2026 08:06 AM
[UPDATE] ក្រុមអ្នកសង្គ្រោះបន្តស្វែងរកអ្នករស់រានមានជីវិតពីគំនរបាក់បែក ខណៈអ្នកស្លាប់ពីការរញ្ជួយដីនៅវ៉េណេស៊ុយអេឡាឡើងដល់ជិត២០០នាក់
06/26/2026 07:06 AM
រដ្ឋមន្ត្រីក្រសួងបរិស្ថាន៖ ថ្នាក់ដឹកនាំ និងមន្រ្តីក្រសួងបរិស្ថាននឹងបន្តដឹកនាំវិស័យបរិស្ថានឱ្យកាន់តែរីកចម្រើន
06/26/2026 07:06 AM
រដ្ឋមន្ត្រីនៃគណៈទាក់ទងការបរទេសបក្សកុម្មុយនីស្តចិនបានលើកឡើងថា ប្រជាជនចិនបានចាត់ទុកសម្ដេចតេជោ គឺជាមិត្តដ៏ល្អរបស់ចិន
06/26/2026 07:06 AM
ប្រធានគណៈកម្មាធិការអចិន្ត្រៃយ៍នៃសភាតំណាងប្រជាជនចិន បានហៅទំនាក់ទំនងកម្ពុជា និងចិនថា ជាទំនាក់ទំនងមិត្តចាស់ មិត្តដែកថែប ដែលតែងតែជួយយកអាសាគ្នាទៅវិញទៅមក
06/26/2026 07:06 AM
អាជ្ញាធរស៊ូដង់បោសសម្អាតរថយន្តរងការបំផ្លិចបំផ្លាញ និងត្រូវបានគេលួចរាប់ពាន់គ្រឿងចេញពីផ្លូវនៅទីក្រុង Khartoum
06/25/2026 09:06 PM
ប៉ាឡេស្ទីនរិះគន់ការជំរុញរបស់អ៊ីស្រាអែល ដើម្បីគ្រប់គ្រងទីតាំងបុរាណនៅតំបន់វ៉េសប៊ែង
06/25/2026 09:06 PM