សម្ដេចធិបតី៖ យុទ្ធនាការកម្ចាត់ Online Scams ប៉ុន្មានខែចុងក្រោយនេះ បានស្ដារមុខមាត់កម្ពុជាមកវិញ
សម្ដេចធិបតី៖ កម្ពុជាជាសមាជិក WTO មិនអាចហាមឃាត់ការនាំចូលទំនិញពីប្រទេសដទៃបានទេ
សម្ដេចធិបតី៖ ឆ្នាំ២០២៩ កម្ពុជានឹងចាកចេញពីប្រទេសអភិវឌ្ឍន៍តិចតួចបន្តដំណើរទៅកាន់ប្រទេសអភិវឌ្ឍន៍
សម្តេចតេជោដឹកនាំគណៈប្រតិភូកម្ពុជានិវត្តមកដល់មាតុប្រទេសវិញ ក្រោយបញ្ចប់ទស្សនកិច្ចនៅប្រទេសចិន

ព័ត៌មានសំខាន់ៗ

សម្ដេចតេជោ ហ៊ុន សែន៖«អង្គរសង្ក្រាន្តមិនមែនជាការចៃដន្យ ប៉ុន្តែកើតឡើងបានម្ដងទៀតដោយសារកត្តា៦យ៉ាង»

2023/04/14 01:49:38 pm        454
សៀមរាប៖​ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្ដីនៃកម្ពុជា មានប្រសាសន៍ថា ការរៀបចំឡើងវិញនៃព្រឹត្តិការណ៍អង្គរសង្ក្រាន្តក្នុងឆ្នាំ២០២៣នេះ បានបង្កើតនូវព្រឹត្តិការណ៍នៃការជួបជុំរវាងមនុស្ស ជាមួយនឹងបេតិកភណ្ឌរូបី អរូបីជាមួយគ្នា។ទម្រង់ជាច្រើនបានជួបជុំគ្នា បានប្រមូលផ្ដុំគ្នានៅក្នុងអង្គរសង្ក្រាន្តរយៈពេល ៣ ថ្ងៃនេះ ដែលនេះជាការបង្កើតនូវស្ថានភាពដ៏ល្អប្រសើរធ្វើឱ្យរស់ឡើងវិញនូវទីកន្លែងដែលធ្លាប់តែស្ងប់ស្ងាត់ និងក្លាយទៅជាកន្លែងដែលទាក់ទាញសម្រាប់ភ្ញៀវទេសចរណ៍ផងដែរ។ សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍បែបនេះ ក្នុងឱកាសសម្ដេចតេជោនាយករដ្ឋមន្រ្តី និងសម្ដេចគតិព្រឹទ្ធបណ្ឌិត បានអញ្ជើញបើកជាផ្លូវការព្រឹត្តិការណ៍អង្គរសង្ក្រាន្តឆ្នាំ២០២៣ នៅលើទឹកដីអង្គរ ខេត្តសៀមរាប នាព្រឹកថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២៣នេះ។ សម្ដេចតេជោនាយករដ្ឋមន្ត្រីបានគូសបញ្ជាក់ថាមានកត្តា ៦យ៉ាង ដែលនាំឱ្យកម្ពុជាអាចរៀបចំអង្គរសង្ក្រាន្តឆ្នាំនេះឡើងក្នុងនោះរួមមាន កត្តាទី១ ៖ កត្តាសន្តិភាព ដែលគ្របដណ្ដប់ប្រទេសរបស់យើង បានផ្ដល់ឱកាសសប្បាយរីករាយសម្រាប់ប្រជាពលរដ្ឋ អាចធ្វើអ្វីទៅតាមបំណងរបស់ខ្លួន ដោយស្របតាមច្បាប់។កត្តាទី២៖ ភាពជោគជ័យលើកូវីដ-១៩ ដែលពុំមានការឆ្លងធ្ងន់ធ្ងរ។ ទោះជាយ៉ាងនេះក្ដី សម្ដេចក៏នៅតែអំពាវនាវឱ្យប្រជាពលរដ្ឋ និងក្រុមគក្រូពេទ្យបន្តយកចិត្តទុកដាក់លើបញ្ហាអនាម័យ និងការការពារខ្លួន។ កត្តាទី៣៖ ហេដ្ឋារចនាសម្ព័ន្ធតភ្ជាប់ ដែលធ្វើឱ្យប្រជាពលរដ្ឋអាចធ្វើដំណើរពីកន្លែងមួយទៅកន្លែងមួយ តាមរយៈសមិទ្ធផលផ្លូវថ្នល់ជាច្រើនខ្សែ។ កត្តាទី៤៖ មធ្យោបាយធ្វើដំណើរ ទាំងផ្ទាល់ខ្លួន និងសេវាឈ្នួល រួមទាំងការសេវាដឹកជញ្ជូនដែលរដ្ឋបានផ្ដល់ជូនផងដែរ។ កត្តាទី៥៖ ជីវភាពល្អប្រើសើរនៃប្រជាពលរដ្ឋ ដែលអាចមានលទ្ធភាពធ្វើដំណើរកម្សាន្តបានក្នុងឱកាសបុណ្យចូលឆ្នាំ។ ដោយឡែកកត្តាសំខាន់មួយទៀត ជាកត្តាទី៦ គឺតាមរយៈសកម្មភាព និងទិសដៅរបស់សហភាពសហព័ន្ធយុវជនកម្ពុជា ដែលបានចូលរួមយ៉ាងសំខាន់តាមរយៈការខិតខំប្រឹងប្រែង និងការចូលរួមរបស់យុវជនប្រមាណជា ៥០០០នាក់ក្នុងការធ្វើសកម្មភាពនៅទីនេះ។ ជាមួយគ្នានេះ សម្ដេចក៏បានថ្លែងកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះឆន្ទៈរបស់ស.ស.យ.ក. ក្នុងការលះបង់កន្លងមក។គួរបញ្ជាក់ថា ព្រឹត្តិការណ៍អង្គរសង្ក្រាន្ត ត្រូវបានអាក់ខានតាំងពីឆ្នាំ២០១៩ មកដោយសារការរីករាលឆ្លងនៃវិបត្តិកូវិដ-១៩។ ការប្រារព្ធឡើងវិញនៃឱកាសនេះ ស្របពេលខួប ១០ ឆ្នាំនៃព្រឹត្តិការណ៍អង្គរសង្ក្រាន្ត៕

សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត អញ្ជើញបើកព្រឹត្តិការណ៍អង្គរសង្ក្រាន្ត ២០២៣ នៅបរិវេណប្រាសាទបាយ័ន ខេត្តសៀមរាប

2023/04/14 07:38:52 am        370
សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានអញ្ជើញដល់ទីតាំងពិធីបើកព្រឹត្តិការណ៍អង្គរសង្ក្រាន្ត លើកទី១០ ឆ្នាំ២០២៣ នៅបរិវេណប្រាសាទបាយ័ន ខេត្តសៀមរាប ព្រឹកថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២៣ នេះ ។

សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន អញ្ជើញទៅអុជធូបនៅព្រះអង្គចេក ព្រះអង្គចម

2023/04/13 07:11:45 pm        559
នៅរសៀលថ្ងៃព្រហស្បត្តិ៍៨រោច ខែចេត្រ ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ២៥៦៦ ត្រូវ​និង​ថ្ងៃទី​១៣ ខែមេសា ឆ្នាំ២០២៣ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា និង​ជា​ភរិយាដ៏ឧត្តុង្គឧត្តមរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃ​ព្រះរា​ជាណាចក្រកម្ពុជា អមដោយសម្តេចកិត្តិសង្គហ​បណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងទំនាក់ទំនងព្រឹទ្ធសភា រដ្ឋសភា និងអធិការកិច្ច លោកជំទាវកិត្តិសង្គហបណ្ឌិត ឃួន សុដារី អនុប្រធានទី២ រដ្ឋសភាជាតិ នៃព្រះរាជាណាចក្រកម្ពុជា រួមទាំង​លោក​ជំទាវ​ជា​ភរិយា​ថ្នាក់​ដឹក​នាំ មន្ត្រីអ្នកមុខ អ្នកការគ្រប់ស្ថាប័នរបស់ព្រះរាជាណាចក្រកម្ពុជា អញ្ជើញគោរព​បូជាផ្កាភ្ញី​ទៀន​ធូប​ទឹក​អប់ប្រេងម៉្សៅ ស្បងជីវថ្វាយដល់បារមី ព្រះអង្គចេក ព្រះអង្គចម នៅអាស្រម​ព្រះ​អង្គ​ចេក ព្រះអង្គចម និងអាស្រមលោកយាយទេព ក្នុងក្រុងសៀមរាប ខេត្តសៀមរាប រួមជាមួយ​នឹង​ប្រជាពលរដ្ឋ អ្នកទេសចរជាតិ អន្តរជាតិ នានាដែលមានវត្តមាននៅ​ក្នុងក្រុង​សៀមរាប​ក្នុង​ឱកាស​ចូលឆ្នាំថ្មី​ប្រពៃណីជាតិខ្មែរ។ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត រួមទាំងសម្តេច លោកជំទាវ និង​ក្រុម​គ្រួសារ​ទាំង​អស់ បានឧទ្ទិសបួងសួងទសបារមីព្រះអង្គចេក ព្រះអង្គចម ពិសេសទសបារមីទេវតាឆ្នាំថ្មី ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ២៥៦៧ នៃគ្រឹៈសករាជ២០២៣ ដែលមានព្រះនាមកិមិរាទេវី បុត្រី​ទី​៦ នៃកបិលមហាព្រហ្ម មានភារកិច្ចយាងមកគ្រប់គ្រងចក្រវាឡ នៃ​លោកយើងនេះ សូម​តាម​ជួយ​បី​បាច់​ព្រះរាជា​ណាចក្រកម្ពុជា សូមជួបតែសុខសន្តិភាពត្រជាក់ត្រជុំថ្កុំថ្កើន មាន​ការ​អភិវឌ្ឍ​គ្រប់​ច្រក​ល្ហក​ទាំងអស់ នៅទូទាំងព្រះរាជាណាចក្រកម្ពុជា ពិសេស​ប្រជាពលរដ្ឋ​កម្ពុជា​គ្រប់​ក្រុម​គ្រួសារ​ទាំង​អស់ រស់នៅក្រោមម្លប់សន្តិភាព និងមានសេដ្ឋកិច្ចខ្ពង់ខ្ពស់គ្រប់ក្រុមគ្រួសារទាំងអស់។នៅក្នុងពិធីតាមបែបសាសនានោះដែរ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត សម្តេច លោកជំទាវ ជាភរិយា​ថ្នាក់​ដឹក​នាំ​ទាំង​អស់ បាននាំយកនូវសម្ភារៈគ្រឿងបរិក្ខាបរិភោគប្រគេនព្រះមហាវិមលធម្ម ពិន សែម សិរីសុវណ្ណោ ព្រះរាជាគណៈថ្នាក់ទោ សមាជិកសភាថេរសភាសង្ឃ ជាឧត្តម​ទីប្រឹក្សា​គណៈសង្ឃ​នាយក និងជាព្រះគ្រូចៅអធិការវត្តរាជបូណ៍ និងមន្រ្តីសង្ឃជាន់ខ្ពស់ក្នុងខេត្តសៀមរាបចំនួនសរុប ៧​អង្គ។ តាមរយៈម្នុញផលដែលកើតចេញពីទឹកចិត្តជ្រះថ្លានេះ ព្រះមហាវិមលធម្ម ពិន សែម សិរី​សុវណ្ណោ ព្រះរាជាគណៈថ្នាក់ទោ សមាជិកសភាថេរសភាសង្ឃ ជាឧត្តម​ទីប្រឹក្សា​គណៈ​សង្ឃ​នាយក និងជាព្រះគ្រូចៅអធិការវត្តរាជបូណ៍ និងមន្រ្តីសង្ឃជាន់ខ្ពស់ក្នុងខេត្តសៀមរាប ទាំង៧អង្គ បាន​ស្វា​ធ្យាយពរជ័យបវរមហាប្រសើរជូនសម្តេចតេជោនាយករដ្ឋមន្រ្តី និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន សូមសម្តេចទាំងទ្វេមានសុខភាពល្អបរិបូរណ៍ ពូលានុភាពមាំមួន បញ្ញាញាណ​ភ្លឺថ្លា​ឈ្លាសវៃ ជន្មាយុយ៉ឺនយូរជាងរយវស្សា ដើម្បីបន្តស្ថិតនៅជាម្លប់ដ៏ត្រជាក់ត្រជុំសុខដុមរមនា ដើម្បី​បន្ត​ដឹកនាំព្រះរាជាណាចក្រកម្ពុជាកាន់តែរីកចំរើនខ្ពង់ខ្ពស់ទ្វេឡើងថែមទៀត ពិសេស​សូម​បារមី​ទេវតា​ឆ្នាំ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ២៥៦៧ គ្រឹៈសករាជ២០២៣ សូមសង្គម​កម្ពុជា​ជួប​តែ​ភាព​ចំរើន​ជឿនលឿន និងភាពត្រជាក់ត្រជុំក្នុងសង្គមមហាគ្រួសារខ្មែរ នៃយើងទាំងអស់។ សម្តេច​កិត្តិព្រឹទ្ធបណ្ឌិត បាននាំយកនូវបច្ច័យ ទេយ្យវត្ថុ ទៅប្រគេនព្រះសង្ឃ និងអុជធូប ថ្វាយ​ផ្កាភ្ញី បួងសួងសុំសេចក្តីសុខ ពីព្រះអង្គចេក ព្រះអង្គចម និងបានជូនក្រណាត់ស និងថវិកាមួយ​ចំនួន​ដល់​ដូនជី តាជី ផងដែរ ។បន្ទាប់មកសម្តេចកិត្តិព្រឹទ្ធបណ្ឌិត សម្តេច លោកជំទាវ ជាភរិយាថ្នាក់ដឹកនាំទាំងអស់ អញ្ជើញ​បូជា​ទៀន​ធូប​ផ្កាភ្ញីទឹក​អប់ប្រេងម៉្សៅ នៅទីគោរពសក្ការៈអាស្រមលោកយាយទេព ដើម្បីសុំសេចក្តីសុខ សេចក្តីចម្រើន សម្រាប់ព្រះរាជាណាចក្រកម្ពុជា ពិសេសការប្រារព្វព្រឹត្តិការណ៍​អង្គរ​សង្រ្កាន្ត​ខួប​លើក​ទី១០ ដែលនិងប្រារព្វពិធីបើកនៅព្រឹកថ្ងៃទី១៤ មេសា ស្អែក សូម​ទទួល​បាន​នូវ​ភាព​ជោគ​ជ័យ ដើម្បី​បង្ហាញ​នូវ​មោទកភាពជាតិខ្មែរ ដល់អន្តរជាតិបានឃើញ បានស្គាល់ ក្រោម​មរតក​សន្តិភាព​សម្តេច​តេជោ ហ៊ុន សែន មគ្គុទេសក៏ដឹកនាំដ៏ឆ្នើមរបស់ព្រះរាជាណាចក្រកម្ពុជា។បន្ទាប់​មក​នៅ​រសៀលថ្ងៃដដែលនោះដែរ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន អម​ដំណើរ​ដោ​​យ​សម្តេច លោកជំទាវ ជាភរិយាថ្នាក់ដឹកនាំទាំងអស់ អញ្ជើញទស្សនាសួនបេះដូង ក្នុងរមណីយ​ដ្ឋានអង្គរវត្ត នៃខេត្តសៀមរាប ដែលបង្ហាញពីក្តីស្រឡាញ់របស់ប្រជាជាតិខ្មែរ គាំទ្រ​កីឡាករ​-កីឡាការិនីមានពិការភាព និងភាពជាម្ចាស់ផ្ទះដែលកម្ពជារៀបចំការប្រកួតកីឡាស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣នេះ ដែលបានចូលរួមបត់បេះដូង និង​បាន​បំបែក​កំណត់​ត្រា​ពិភព​លោក «បេះដូងច្រើនជាងបំផុតលើពិភពលោក» កាលពីថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៣​កន្លង​ទៅ​ថ្មីៗនេះ៕

សម្តេចតេជោផ្តល់អនុសាសន៍៦ចំណុចឱ្យមន្ត្រីអប់រំបន្តយកចិត្តទុកដាក់ពង្រឹងគុណភាពអប់រំបន្ថែមទៀត

2023/04/12 05:40:41 pm        71
ភ្នំពេញ ៖ ក្នុងឱកាសអញ្ជើញជាធិបតីបិទសន្និបាតបូកសរុបការងារអប់រំនៃក្រសួងអប់រំ យុវជននិងកីឡា នៅវិទ្យាស្ថាន​ពហុបច្ចេកវិទ្យា(តិចណូ) នារសៀលថ្ងៃទី១២មេសានេះសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជាបាន​ផ្តល់​អនុសាសន៍៦ចំណុចឱ្យមន្ត្រីអប់រំបន្តយកចិត្តទុកដាក់ជាបន្តទៀត ដើម្បីពង្រឹងគុណភាពអប់រំឱ្យកាន់តែប្រសើរឡើង។​អញ្ជើញថ្លែងបិទសន្និបាតនាឱកាសនោះ សម្ដេចបានកោតសរសើរនិងវាយតម្លៃខ្ពស់​ចំពោះកិច្ចខិតខំប្រឹងប្រែង​របស់​មន្ត្រីអប់រំព្រមទាំងដៃគូអភិវឌ្ឍន៍ ដែលបានចូលរួមធ្វើ ឱ្យវិស័យអប់រំមានការរីកចម្រើន​ ជាពិសេសកិច្ចការ​កំណែទម្រង់​លើវិស័យអប់រំ ដោយជោគជ័យ ហើយ​សម្ដេចក៏​បាន​ផ្ដល់នូវអនុសាសន៍ចំនួន៦ចំណុចបន្ថែមទៀត ជូនដល់មន្ត្រីអប់រំគ្រប់លំដាប់ថ្នាក់ ៖ទី១. បន្តពង្រឹង និងអភិវឌ្ឍន៍ប្រព័ន្ធអប់រំឲ្យកាន់តែរឹងមាំមានភាពបុរេសកម្មនិងឆ្លើយតបទៅនឹងបរិការណ៍ជាតិនិងអន្តរជាតិ។ ជាមួយនេះ ការធានាបានសេវាអប់រំដែលមានប្រសិទ្ធភាព គុណភាពប្រកបដោយសមធម៌និងបរិយាប័ន្ន ព្រមទាំងលើ​កកម្ពស់ឱកាសក្នុងការសិក្សាពេញមួយជីវិតសម្រាប់ទាំងអស់គ្នា ជាពិសេសត្រូវខិតខំរិះរកវិធាន​ការឲ្យកាន់តែ​មានប្រសិទ្ធភាពដើម្បីលើកកម្ពស់លទ្ធផលសិក្សារបស់សិស្សនៅគ្រប់កម្រិត។ទី២. ការអភិវឌ្ឍសមត្ថភាពស្ថាប័នព្រមទាំងមន្ត្រីអប់រំឲ្យបានពេញលេញនិង​ភាពរស់រវើកនិង​ប្រទាក់ក្រឡាគ្នា​តាមរយៈធានាភាពស័ក្តិសិទ្ធនិងភាពជាអ្នកដឹកនាំនិងការគ្រប់គ្រងរបស់​មន្ត្រី​អប់រំគ្រប់លំដាប់ថ្នាក់រួម​ទាំងការកែ​ទម្រង់គ្រឹះស្ថានបណ្ដុះបណ្ដាលគ្រូ ការលើកកម្ពស់ប្រសិទ្ធភាពហិរញ្ញប្បទាន​សហប្រតិបត្តិការ ​ការកសាង​គោលនយោបាយ​និងផែនការអប់រំនិងការអភិវឌ្ឍន៍វិជ្ជាជីវៈជាប្រចាំសម្រាប់បុគ្គលិកអប់រំនិងគ្រូបង្រៀន។ទី៣. បន្តអភិវឌ្ឍន៍ការអប់រំ ឌីជីថលសម្រាប់ការបណ្ដុះបណ្ដាល ធនធានមនុស្សនៅ​ក្នុងបរិការណ៍បដិវត្តន៍​កម្មសង្គមនិងសេដ្ឋកិច្ចឌីជីថលដោយត្រូវធ្វើ​សមាហរណកម្មវិស័យ​បច្ចេកវិទ្យាឌីជីថល​នៅក្នុងកម្មវិធីសិក្សាគ្រប់កម្រិតនៃប្រព័ន្ធអប់រំ បំពាក់បន្ទប់ពិសោធន៍ឌីជីថល តភ្ជាប់បណ្ដាញអគ្គិសនីនិងអ៊ីនធឺណិតនៅតាមគ្រឹះស្ថានសិក្សានិង លើកកម្ពស់គុណវឌ្ឍ និងសមត្ថភាពឌីជីថល ដល់គ្រូបង្រៀន​ការ​បញ្ចូលការប្រើប្រាស់​បច្ចេកវិទ្យាទៅក្នុងការបង្រៀននិងរៀន ការកែលម្អមាតិកាឌីជីថលនិងការបង្កើតមជ្ឈមណ្ឌលអប់រំឌីជីថលនិងផ្សព្វផ្សាយវេទិកាឌីជីថល ឱ្យកាន់តែទូលំទូលាយនិងគ្រប់ជ្រុងជ្រោយ។ទី៤. អនុវត្តឱ្យកាន់តែសកម្មលើការងារកាយរិទ្ធនិងការអភិវឌ្ឍន៍យុវជនដើម្បីឲ្យកុមារនិងយុវជនមានស្មារតីទទួលខុសត្រូវមានជំនឿលើសមត្ថភាពរបស់ខ្លួន និងប្រកាន់ខ្ជាប់នូវទង្វើវិជ្ជមានក្នុងសង្គម​មានសីលធម៌​ក្នុងការរស់នៅក្នុងភាពជាពលរដ្ឋល្អតាម រយៈការបំផុសចលនាកូនល្អសិស្សល្អមិត្តល្អពលរដ្ឋល្អ។ ជាមួយនេះ ត្រូវជំរុញលើកទឹកចិត្តឲ្យបន្តកម្មវិធីយុវជនស្ម័គ្រចិត្តចុះជួយដល់មូលដ្ឋាននៅតាមសហគមន៍ព្រមទាំងបណ្ដុះបណ្ដាលជំនាញបច្ចេកទេសនិងជំនាញទុនដល់យុវជនសំដៅឆ្លើយតបបានទៅនឹងឱកាសការងារនិងភាពរឹងមាំនៃកោសិកាសង្គម។ទី៥. បន្តលើកកម្ពស់វិស័យកីឡាដើម្បីកសាងមនុស្សគ្រប់រូបឲ្យមានសុខភាពនិងសុខមាលភាពល្អ កាយសម្បទាមាំមួន ឆន្ទៈមោះមុត អំណត់ព្យាយាម មានវិន័យ មានស្មារតីក្រុម គំនិតច្នៃប្រឌិត និងមានការតស៊ូស្វិតស្វាញ​សំដៅដណ្ដើម​បានលទ្ធផលល្អក្នុងការប្រកួតកីឡានៅលើឆាកអន្តរជាតិ​និងមានជីវភាពសមស្រប កីឡា ប្រកបដោយភាព​សុខដុមរមនាក្នុងសង្គមក្រោមម្លប់សន្តិភាពព្រមទាំងបន្តជំរុញចលនាយុវជនម្នាក់ចេះកីឡាមួយប្រភេទ យ៉ាងតិចប្រចាំជីវិត។ទី៦. បន្តលើកកម្ពស់សុខភាពអនាម័យនៅតាមគ្រឹះស្ថានសិក្សា ត្រៀមវិធានការឆ្លើយតបនិងចូលរួមទប់ស្កាត់ គ្រឿងញៀន និងបង្កើនការអប់រំ អំពីសុវត្ថិភាពសុខភាពសិក្សា​ សុវត្ថិភាពចំណីអាហារ​ដល់បុគ្គលិកអប់រំ​និងសិស្សានុសិស្សកែលម្អហេដ្ឋារចនាសម្ព័ន្ធសុខភាពដូចជារៀបចំបន្ទប់សុខភាព ស្តង់ដារបរិស្ថានសាលារៀនបៃតង សាលាស្អាតគ្មានសំរាម លើកកម្ពស់ការប្រើប្រាស់ទឹកស្អាតនិង អនាម័យផ្ដោតលើទឹកទទួលទាន កន្លែងលាងដៃ បង្គន់អនាម័យលើកកម្ពស់អាហារូបត្ថម្ភដែលផ្ដោតលើសុវត្ថិភាពចំណីអាហារនិងការផ្ដល់អាហារតាមសាលារៀនការអប់រំអំពីសុខភាពសិក្សាការហាត់ប្រាណនិងលេងកីឡា។ទន្ទឹមនេះសម្ដេចបានបង្ហាញសុទិដ្ឋិនិយម ចំពោះសមិទ្ធផលសន្និបាតនិងអនុសាសន៍សំខាន់ៗដែល​សម្ដេច​បានលើក​ឡើងខាងលើនេះឲ្យក្លាយទៅជាមូលដ្ឋានប្រកបដោយតម្លាភាពប្រសិទ្ធភាពសម្រាប់អនុវត្ត​ក្នុង​វិស័យអប់រំកម្ពុជានៅឆ្នាំសិក្សាថ្មីនិងឆ្នាំសិក្សាជាបន្តបន្ទាប់៕

អបអរសាទរ! កម្ពុជាបានបំបែកឯតទគ្គកម្ម «បេះដូងច្រើនជាងគេនៅលើពិភពលោក» ចំនួន៣,៩១៧,៨០៥ បេះដូង

2023/04/11 05:09:27 pm        2052
សៀមរាប ៖ នេះគឺជាមោទកភាពមួយសម្រាប់កម្ពុជា ដែលបានបំបែកកំណត់ត្រាពិភពលោកថ្មីមួយទៀត គឺ «បេះដូងច្រើនជាងគេនៅលើពិភពលោក» ដែលបានរៀបចំធ្វើនៅក្នុងប្រាសាទអង្គរវត្ត ខេត្តសៀមរាប។តាមរយៈការត្រួតពិនិត្យ និងរាប់ដោយអ្នកជំនាញការរបស់ Guinness World Records បានបង្ហាញថា បេះដូងដែលកើតចេញពីទឹកចិត្តរបស់ប្រជាជនកម្ពុជាសម្រាប់បំបែកកំណត់ត្រានាពេលនេះមានចំនួន៣,៩១៧,៨០៥ បេះដូង ដែលចំនួននេះគឺច្រើនជាងការរំពឹងទុករបស់ក្រុមការងារនៃយុទ្ធនាការ Beyond The Games ។គួរជម្រាបជូនថា ឯតទគ្គកម្ម Guinness World Records ដែលកម្ពុជាបំបែកបាននាពេលនេះ គឺបំបែកលើ កំណត់ត្រា ចាស់ របស់ប្រទេសអង់គ្លេសដែលធ្លាប់បំបែកកំណត់ត្រាកាលពីឆ្នាំ ២០១៩ ដែលមានចំនួនបេះដូងត្រឹមតែ ៥៣៧០៤ បេះដូង។ បេះដូងក្រដាសដ៏ច្រើនសន្ធឹងសន្ធាប់នេះ កើតចេញពីទឹកចិត្តរបស់ប្រជាជនខ្មែរគ្រប់ទិសទីដែលបានស្ម័គ្រចិត្តបត់ ដើម្បីរួមចំណែកក្នុងការបំបែកកំណត់របស់ពិភពលោក ដែលនេះសបញ្ជាក់ឱ្យឃើញពី កម្លាំងសាមគ្គីភាព ជាធ្លុងមួយរបស់ខ្មែរ ពោលគឺ «ខ្មែរអាចធ្វើបាន»។ ម្យ៉ាងវិញទៀត តាមរយៈព្រឹត្តិការណ៍ដ៏អស្ចារ្យនេះនឹង ឱ្យពិភពលោ ស្គាល់កាន់តែច្បាស់ពីកម្ពុជា ដ្បិតកម្ពុជាជាប្រទេសតូចតែ កម្ពុជាមានបេះដូងដ៏ធំ។ «បេះដូងច្រើនជាងគេនៅលើពិភពលោក» ដែលបានបំបែកឯតទគ្គកម្មពិភពលោក នេះគឺគំនិតការផ្ដួចផ្ដើមមួយ​ដែលមានឈ្មោះថា បេះដូងនៃក្ដីសង្ឃឹម (Paper Heart) នៃយុទ្ធនាការ Beyond The Games ក្រោមមូលបទ «បេះដូងលោតក្នុងចង្វាក់តែមួយ»។ គោលបំណងនៃយុទ្ធនាការនេះធ្វើឡើង មិនត្រឹមតែបំបែកកំណត់​ត្រាពិភពលោកប៉ុណ្ណោះទេ ថែមទាំងដើម្បីចូលរួមអបអរខួប ១០ឆ្នាំនៃព្រឹត្តិការណ៍អង្គរសង្ក្រាន្ត និងដើម្បីលើកទឹកចិត្ត និងបង្ហាញសេចក្ដីស្រឡាញ់ដល់អត្តពលិក កីឡាករ គ្រូបង្វឹក និងអ្នកគាំទ្រផងដែរ សម្រាប់ព្រឹត្តិការណ៍កីឡាស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេមឆ្នាំ២០២៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះនៃការប្រកួត៕ អត្ថបទ៖ ចេន សុជាតា

ការបោះឆ្នោត​សកល​ប្រទេស​ថៃ​៖ គណបក្ស​នយោបាយ​ផ្តល់​ការសន្យា​មុន​ការបោះឆ្នោត​ថ្ងៃ​ទី​១៤ ឧសភា

2023/04/11 03:45:33 pm        340
​ថៃ៖ ប្រទេស​ថៃ​នឹង​រៀបចំ​ការបោះឆ្នោត​សកល​របស់​ខ្លួន​នៅ​ថ្ងៃ​ទី១៤ ខែ​ឧសភា​។ សភា​របស់​ប្រទេស​ត្រូវ​បាន​រំលាយ​កាលពី​ខែ​មុន ជា​ការ​ត្រួស​ត្រាយផ្លូវ​សម្រាប់​អ្វី​ដែល​អាច​ជា​ការ​បោះឆ្នោត​ប្រជែង​ដ៏​តានតឹង ​រវាង​គណបក្ស​ជា​គូប្រជែង​។ គណបក្សប្រឆាំង​ធំ​គឺ​គណបក្ស​ភឿ​ថៃ ដែល​ត្រូវ​បាន​គ្រប់គ្រង​ដោយ​គ្រួសារ​មហាសេដ្ឋី​លោក ស៊ីណា​វ៉ា​ត់ ត្រូវ​បាន​គេ​រំពឹង​ថា​នឹង​ឡើង​ប្រជែង​ជាមួយ​គណបក្ស​នានា ដែល​ស្រប​ទៅ​តាម​ការ​បង្កើត​ឡើង​របស់​ប្រទេស​ថៃ​។ ​នាយករដ្ឋមន្ត្រី​បច្ចុប្បន្ន​លោក ប្រា​យុទ្ធ ចាន់​អូ​ចា នឹង​ឈរ​ឈ្មោះ​ក្នុង​ការ​បោះ​ឆ្នោត​ជាមួយ​គណបក្ស​រួម​សាង​ជាតិ​ថៃ​ (United Thai Nation) ហើយ​ឧបនាយករដ្ឋមន្ត្រី​លោក Prawit Wongsuwan នឹង​ដឹកនាំ​គណបក្ស Palang Pracharath (PPRP)​។ ​គណ​បក្ស​ធំ​ៗ​ផ្សេងទៀត​ដែល​ចូលរួម​ក្នុង​ការ​បោះឆ្នោត​នា​ពេល​ខាង​មុខ រួមមាន​គណបក្សប្រឆាំង​ដែល​កំពុង​រីក​ចម្រើន​គឺ​គណបក្ស​អនាគត​ឆ្ពោះ​ទៅ​មុខ ​(The Move Forward Party) ព្រមទាំង​គណ​បក្ស​ប្រជាធិបតេយ្យ និង​គណបក្ស Bhumjaithai។ ​យោង​តាម​សារព័ត៌មាន The Nation Thailand បាន​ឲ្យ​ដឹង​ថា គណបក្ស​ដែល​ដឹកនាំ​ដោយ​លោក ប្រា​យុទ្ធ បាន​និយាយ​ថា គណបក្ស​នេះ​នឹង​បង្កើត​មូលនិធិ​មួយដើម្បី​រក្សា​តម្លៃ​ផលិតផល​កសិកម្ម ​ដើម្បី​ផ្តល់​ជំនួយ​ដល់​វិស័យ​នេះ​។ កសិករ​ដាំ​ស្រូវ​នឹង​ត្រូវ​ផ្តល់​ឲ្យ​នូវ​ការ​ឧបត្ថម្ភ​ធន​ចំនួន ២​ពាន់​បាត​ក្នុង​មួយ​រ៉ៃ ហើយ​គណបក្ស​នេះ​និយាយ​ថា ខ្លួន​នឹង​ដោះស្រាយ​ការទន្ទ្រាន​លើ​ដី​រដ្ឋ​ដោយ​ការ​បង្កើត​ផែនទី​។ ​គណបក្ស​រួម​សាង​ជាតិ​ថៃ (UNITED THAI NATION PARTY) នឹង​ជួយ​ឲ្យ​ប្រសើរ​ឡើង​ហេដ្ឋារចនាសម្ព័ន្ធ​ក្នុង​ច្រក​របៀង​សេដ្ឋកិច្ច ដើម្បី​បំពេញ​ស្តង់ដារ​អន្តរជាតិ និង​ជំរុញ​សក្ដានុពល​សេដ្ឋកិច្ច​ប្រទេស៕​អត្ថបទ៖ ប៊ុនថន

មនុស្ស​ជាង ​២០០​នាក់​បាន​ស្លាប់​ក្នុង​ការ​បាញ់ប្រហារ​ទ្រង់ទ្រាយ​ធំ​នៅ​អាមេរិក​រហូតមកដល់​ពេល​នេះ​នៅ​ឆ្នាំនេះ

2023/04/11 12:36:38 pm        277
​អាមេរិក៖ មនុស្ស​ជាង ២០០​នាក់​បាន​ស្លាប់​នៅ​ក្នុង​ការ​បាញ់​ប្រហារ​ទ្រង់ទ្រាយ​ធំ​ នៅ​សហរដ្ឋ​អាមេរិក​រហូត​មកដល់ពេលនេះ​នៅ​ឆ្នាំនេះ បន្ទាប់ពី​ការវាយប្រហារ​កាលពី​ព្រឹក​ថ្ងៃ​ចន្ទ​នៅ​ធនាគារ​មួយ​ក្នុង​ទីក្រុង Louisville រដ្ឋ Kentucky ជា​ការ​បាញ់​ប្រហារ​ទ្រង់ទ្រាយ​ធំ​បំផុត និង​ជា​ការ​បាញ់​ប្រហារ​មាន​មនុស្ស​ស្លាប់​ច្រើន​នៅ​ពេល​នេះ​ក្នុង​ឆ្នាំ​នេះ ក្នុង​រយៈពេល​យ៉ាងហោច​ណាស់​មួយ​ទសវត្សរ៍​មកនេះ​។ ​យោង​តាម​បណ្ណសារ​អំពើ​ហិង្សា​ដោយ​អាវុធ​ ដែល​បាន​ចាប់ផ្តើម​តាមដាន​ទិន្នន័យ​អំពើ​ហិង្សា​ដោយ​អាវុធ​ក្នុង​ឆ្នាំ​២០១៣ និង​ឯកសារ​ការ​បាញ់​ប្រហារ​ដែល​ក្នុង​នោះ​មនុស្ស​យ៉ាងតិច ៤​នាក់​បាន​ស្លាប់​ ឬ​របួស​មិន​រាប់បញ្ចូល​អ្នក​បាញ់​ប្រហារ​បាន​ឲ្យ​ដឹង​ថា ការ​បាញ់​ប្រហារ​កាលពី​ព្រឹក​ថ្ងៃ​ចន្ទ​ក្នុង​រដ្ឋ Kentucky បាន​បណ្តាល​ឲ្យ​មនុស្ស ៥​នាក់​ស្លាប់ រួម​ទាំង​ជន​វាយប្រហារ​ដែល​សង្ស័យ បាន​នាំ​ឱ្យ​ចំនួន​ជន​រងគ្រោះ​នៃ​ការ​បាញ់​ប្រហារ​នៅ​ឆ្នាំ​២០២៣ ​នេះ​កើន​ឡើង​ដល់ ២០៩​នាក់​។ ​រហូត​មក​ដល់​ពេលនេះ​មានការ​បាញ់​ប្រហារ​ទ្រង់ទ្រាយ​ធំ​ចំនួន ១៤៦​លើក​នៅ​ទូទាំង​ប្រទេស​ក្នុង​ឆ្នាំ​នេះ លើស​ពី​ការ​បាញ់​ប្រហារ​ចំនួន ១៣០​លើក​កាលពី​ឆ្នាំ​២០២២ ដែល​បាន​បណ្ដាល​ឲ្យ​មនុស្ស​ចំនួន ១៤៥​នាក់​ស្លាប់ ព្រមទាំង​ការ​បាញ់​ប្រហារ​ទ្រង់ទ្រាយ​ធំ​ចំនួន ១៣៦​លើក​ដែល​បណ្ដាល​ឱ្យ​មាន​អ្នក​ស្លាប់​ចំនួន ១៦៥​នាក់​កាលពី​ឆ្នាំ២០២១។​ អំពើ​ហិង្សា​ដោយ​អាវុធ​មិនបាន​ថយ​ចុះ​នោះ​ទេ​នៅ​សហរដ្ឋអាមេរិក៕អត្ថបទ៖ ប៊ុនថន

ពលរដ្ឋ​អ៊ីស្រាអែល​រាប់ពាន់នាក់​ធ្វើបាតុកម្ម​ទៅកាន់​ប៉ុស្តិ៍​ជួរមុខ​ខុសច្បាប់​នៅ​តំបន់ West Bank

2023/04/11 12:24:45 pm        396
​អ៊ីស្រាអែល៖ ប្រជាជន​របស់​ប្រទេស​អ៊ីស្រាអែល​រាប់​ពាន់​នាក់ រួមមាន​ទាំង​រដ្ឋមន្ត្រី​រដ្ឋាភិបាល​បាន​ចេញ​ដើរ​ធ្វើបាតុកម្ម​ឆ្ពោះ​ទៅ​កាន់​ប៉ុស្តិ៍​ជួរមុខ​នៅ Evyatar ដែល​ត្រូវ​បាន​ជម្លៀស​ចេញ​នៅ​តំបន់ West Bank កាលពី​ថ្ងៃ​ចន្ទ ដើម្បី​គាំទ្រ​ដល់​ការពង្រីក​ការ​តាំង​ទីលំនៅ​ឋាន ខណៈ​ភាព​តានតឹង​បាន​កើន​ឡើង​រវាង​អ៊ីស្រាអែល និង​ប៉ា​ឡេ​ស្ទី​ន​។ ដោយ​មាន​គ្រវី​ទង់ជាតិ​អ៊ីស្រាអែល និង​ស្រែក​ពាក្យ​អំពី​សាសនា និង​ច្រៀង​បទ​ចម្រៀង ពលរដ្ឋ​អ៊ីស្រាអែល​មក​ពី​ទូទាំង​ប្រទេស​បាន​ចេញ​ដើរ​ធ្វើបាតុកម្ម​ឆ្ពោះ​ទៅ​កាន់​ប៉ុស្តិ៍​ជួរមុខ ខណៈ​ការ​តវ៉ា​ប្រឆាំង​ប៉ា​ឡេ​ស្ទី​ន​ត្រូវ​បាន​ធ្វើ​ឡើង​នៅ​ក្បែរ​នោះ​។ អឌ្ឍចន្ទ​ក្រហម​ដែនដី​ប៉ា​ឡេ​ស្ទី​ន​បាន​និយាយ​ថា ជន​ប៉ា​ឡេ​ស្ទី​ន ១៩១​នាក់​បាន​រង​របួស​នៅ​ក្នុង​ការ​តវ៉ា​ប្រឆាំង​នេះ​។ រលក​នៃ​ការវាយប្រហារ​របស់​ប៉ា​ឡេ​ស្ទី​ន​ប្រឆាំង​អ៊ីស្រាអែល បាន​បណ្តាល​ឲ្យ​ពលរដ្ឋ​អ៊ីស្រាអែល និង​ភ្ញៀវ​ទេសចរ ​១៩​នាក់​ស្លាប់​រួច​ហើយ​ចាប់តាំង​ពី​ដើម​ឆ្នាំ​មក​។ មន្ត្រី​មន្ទីរពេទ្យ​បាន​និយាយ​កាលពី​ថ្ងៃ​ចន្ទ​ថា ម្តាយ​របស់​បង​ប្អូនស្រី​ជនជាតិ​អ៊ីស្រាអែល​ ២​នាក់​ដែល​បាន​ស្លាប់​កាលពី​សប្តាហ៍​មុន ​នៅ​ក្នុង​ការ​ការ​បាញ់​ប្រហា​រ​នៅ​តំបន់ West Bank​។ គោលនយោបាយ​ជាច្រើន​ត្រូវ​បាន​អនុម័ត​ដោយ​រដ្ឋាភិបាល​អ៊ីស្រាអែល​ស្តាំ​និយម​ថ្មី ដែល​គាំទ្រ​ដល់​ការ​ទទួល​ស្គាល់ និង​ការពង្រីក​ការ​តាំង​ទីលំនៅ​។ កាលពី​ខែ​មុន សភា​អ៊ីស្រាអែល​បាន​ត្រួស​ត្រាយផ្លូវ ​សម្រាប់​ការ​វិល​ត្រឡប់មកវិញ​របស់​អ្នក​តាំង​លំនៅ​ជនជាតិ​ជ្វី​ហ្វ ទៅកាន់​ការ​តាំង​ទីលំនៅ​ឋាន​ចំនួន​ ៤​កន្លែង​នៅ​តំបន់ West Bank ដោយ​ធ្វើ​វិសោធនកម្ម​ច្បាប់​ឆ្នាំ​២០០៥ ដែល​បញ្ជា​ឱ្យ​មាន​ការ​ជម្លៀស​ពួកគេ ជា​ទង្វើ​មួយ​ត្រូវ​បាន​ថ្កោលទោស​ដោយ​អាជ្ញាធរ​ប៉ា​ឡេ​ស្ទី​ន និង​សហភាព​អឺរ៉ុប​។ កងទ័ព​អ៊ីស្រាអែល​បាន​បាញ់​ឧស្ម័ន​បង្ហូរទឹកភ្នែក​ទៅ​លើ​ពលរដ្ឋ​ប៉ា​ឡេ​ស្ទី​ន ខណៈ​ក្រោយមក​បាន​គប់​ដុំ​ថ្ម​នៅ​ក្នុង​ភូមិ Beita តំបន់ West Bank កាលពី​ថ្ងៃ​ចន្ទ ខណៈ​ប្រជាជន​អ៊ីស្រាអែល​រាប់​ពាន់​នាក់ រួម​ទាំង​រដ្ឋមន្ត្រី​រដ្ឋា​ភិ​បាល​បាន​ដើរ​ក្បួន​បាតុកម្ម​ឆ្ពោះ​ទៅ​កាន់​ទីតាំង​លំនៅ Evyatar ដែល​ត្រូវ​បាន​ជម្លៀស​ចេញ​។ បុរស ស្ត្រី និង​កុមារ​បាន​ដើរ​ដង្ហែ​គ្នា​តាម​ដង​ផ្លូវ​ដ៏​ច្របូកច្របល់​ទៅ​កាន់​ទីតាំង​លំនៅ​ខុសច្បាប់ ដោយ​មួយ​ចំនួន​កាន់​ទង់ជាតិ ដើម្បី​គាំទ្រ​ដល់​ការ​ពង្រីក​ការ​តាំង​ទីលំនៅ និង​ក្នុង​ការ​តវ៉ា​ប្រឆាំង​ការវាយប្រហារ​នា​ពេល​ថ្មីៗ​នេះ​របស់​ប៉ា​ឡេ​ស្ទី​ន៕អត្ថបទ៖ ប៊ុនថន

គេ​រំពឹងថា​ លោក Trump អាច​នឹង​អង្គុយ​ស្ដាប់​ការ​បំភ្លឺ​បណ្ដឹង​ស៊ីវិល​មួយ​ផ្សេងទៀត​នៅ​សប្ដាហ៍​នេះ ក្រោយ​ឡើង​សវនាការ​នៅ New York

2023/04/11 11:34:22 am        304
​អាមេរិក៖ ប្រភព​មួយ​ចំនួន​បាន​ប្រាប់​ទូរទស្សន៍ CNN ថា អតីត​ប្រធានាធិបតី​អាមេរិក​លោក Donald Trump ត្រូវ​គេ​រំពឹង​ថា​នឹង​វិលត្រឡប់​ទៅកាន់​ទីក្រុង New York វិញ ដើម្បី​ប្រឈម​ការ​តតាំង​ផ្លូវច្បាប់​មួយ​ផ្សេងទៀត​នៅ​ថ្ងៃ​ព្រហស្បតិ៍​សប្ដាហ៍​នេះ ពេលនេះ​ជា​បណ្ដឹង​រដ្ឋ​ប្បវេណី​ដែល​ត្រូវ​បាន​ដាក់​ទៅ​តុលាការ​ដោយ​រដ្ឋអាជ្ញា​ក្រុង New York លោក Letitia James។ ​លោក Trump គ្រោង​ចូលរួម​ស្ដាប់​សម្ដី​សាក្សី​បំភ្លឺ​បណ្ដឹង​រដ្ឋប្បវេណី​ប្រឆាំង​លើ​រូបលោក កូន​ៗ​របស់​លោក និង​អង្គការ Trump ដោយ​ចោទ​ប្រកាន់​ថា ​ពួកគេ​ជាប់​ពាក់ព័ន្ធ​នឹង​គម្រោង​ដែល​បាន​ចំណាយ​ប្រាក់​យ៉ាង​ច្រើន ​សម្រាប់​អតីត​ប្រធានាធិបតី​រូប​នេះ​ក្នុង​ការ​ប្រើ​ដើម្បី​ផលប្រយោជន៍​ផ្ទាល់​ខ្លួន​។ ​លោក​ Trump ធ្លាប់​បាន​អង្គុយ​ស្ដាប់​ការ​បំភ្លឺ​ករណី​នេះ​កាលពី​ខែ​សីហា ​ឆ្នាំ​២០២២ នៅ​ពេល​រូបលោក​បាន​ច្រានចោល​មិន​ព្រម​ផ្ដល់​ចម្លើយ​ ដោយ​ផ្អែក​តាម​សិទ្ធិ​វិសោធនកម្ម​មាត្រា​ទី​៥ ​ប្រឆាំង​ការ​ចោទ​ប្រកាន់​លើ​រូបលោក​ដល់​ទៅ​ជាង​ ៤០០​សំណួរ​។ ​មួយ​ខែ​ក្រោយមក ការិយាល័យ​រដ្ឋអាជ្ញា​បាន​ដាក់​បណ្ដឹង​ដើម្បី​ព្យាយាម​ស្វែងរក​ប្រាក់ ​២៥០​លាន​ដុល្លារ​អាមេរិក​ និង​បាន​ហាមប្រាម​សមត្ថភាព​របស់​លោក Trumps ក្នុង​កិច្ចការ​ធុរកិច្ច​នៅ​ក្នុង​សហរដ្ឋ​អាមេរិក។ ករណី​នេះ​គ្រោង​នឹង​ជំនុំ​ជម្រះ​នៅ​ខែ​តុលា។ លោក Trumps បាន​ទាត់ចោល​ការ​ចោទ​ប្រកាន់​នេះ​។​ កាលពី​សប្ដាហ៍​មុន អតីត​ប្រធានាធិបតី​រូប​នេះ​ត្រូវបាន​ឡើង​សវនាការ​ និង​ផ្ដល់​ចម្លើយ​ពី​ភាព​គ្មាន​ទោស​ដែល​ត្រូវ​បាន​ចោទប្រកាន់​ចំនួន ​៣៤​ករណី​នៅ ​New York ទាក់ទង​នឹង​ការ​ខ្លែង​បន្លំ​ឯកសារ​ធុរកិច្ច ក្រោយ​ការស៊ើបអង្កេត​ក្នុង​សំណុំរឿង​បង់​ប្រាក់​បំបិទ​មាត់​ទៅ​ឲ្យ​តារាភាពយន្ត​អាស​អាភាស​នាង Stormy Daniels៕​អត្ថបទ៖ សុខមាន

ទស្សនាកម្រងរូបភាព នៃការរាប់បេះដូងបំបែកកំណត់ត្រាឯតទគ្គកម្មពិភពលោក ក្រោមទិសស្លោក “បេះដូងលោតក្នុងចង្វាក់តែមួយ”

2023/04/11 10:34:09 am        486
គណៈកម្មការកំណត់ត្រាឯតទគ្គកម្មពិភពលោក ចាប់ផ្តើមដំណើរការត្រួតពិនិត្យ និង​ការរាប់បេះដូង​របស់កម្ពុជា ក្នុងការបំបែកកំណត់ត្រាពិភពលោក ខណៈដែលពិធីប្រកាស​ផ្លូវការនឹង​ចាប់ផ្តើមនៅវេលាម៉ោង៤រសៀលថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៣ នៅមុខប្រាសាទ​អង្គរវត្ត។ការរាប់បេះដូងបំបែកកំណត់ត្រាឯតទគ្គកម្មពិភពលោក ក្រោមទិសស្លោក “បេះដូងលោតក្នុងចង្វាក់តែមួយ” ក្នុងន័យគាំទ្រ លើកទឹកចិត្ត និងបង្ហាញសេចក្ដីស្រឡាញ់ដល់កីឡាករ គ្រូបង្វឹក និងអ្នកគាំទ្រផងដែរ គ្រប់ដំណាក់កាលតាំងពីការត្រៀមប្រកួត ការប្រកួត និងក្រោយការប្រកួត នៃព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍(SEA Games) និងកីឡាអាស៊ានប៉ារ៉ាហ្គេមឆ្នាំ២០២៣។

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ប្រធានក្រុមការងារយុវជនគណបក្សចុះមូលដ្ឋានស្រុកប្រាសាទបល្ល័ង្ក អញ្ជើញជាអធិបតីក្នុងពិធីបញ្ចុះបឋមសិលាសាងសង់ស្ពានដែកបាឡេ ឆ្លងស្ទឹងស្ទោង ដើម្បីសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ
06/27/2026 01:06 PM
សម្ដេចធិបតី៖ យុទ្ធនាការកម្ចាត់ Online Scams ប៉ុន្មានខែចុងក្រោយនេះ បានស្ដារមុខមាត់កម្ពុជាមកវិញ
06/27/2026 01:06 PM
ជនជាតិចិនយ៉ាងហោចណាស់ ៧នាក់ ត្រូវបានបញ្ជាក់ថា ស្លាប់ក្នុងគ្រោះរញ្ជួយដី នៅវ៉េណេស៊ុយអេឡា
06/27/2026 01:06 PM
សម្ដេចធិបតី៖ កម្ពុជាជាសមាជិក WTO មិនអាចហាមឃាត់ការនាំចូលទំនិញពីប្រទេសដទៃបានទេ
06/27/2026 01:06 PM
ព្យុះទីហ្វុង Mekkhala គំរាមកំហែងជប៉ុន ក្រោយ​ព្យុះ Higos ចុះខ្សោយ ខណៈ​​ទឹកជំនន់ និងបំណាក់​ដី​នៅតែមាន​
06/27/2026 01:06 PM
អ្នករិះគន់ពីក្របខ័ណ្ឌអ៊ីស្រាអែល-លីបង់ និយាយថា វានឹងមិនបញ្ចប់ការកាន់កាប់របស់អ៊ីស្រាអែលទេ
06/27/2026 01:06 PM
សម្ដេចធិបតី៖ ឆ្នាំ២០២៩ កម្ពុជានឹងចាកចេញពីប្រទេសអភិវឌ្ឍន៍តិចតួចបន្តដំណើរទៅកាន់ប្រទេសអភិវឌ្ឍន៍
06/27/2026 01:06 PM
សម្ដេចធិបតី អញ្ជើញជួបសំណេះសំណាលជាមួយមហាគ្រួសារសហគ្រាសធុនតូច មធ្យម និងសិប្បកម្មកម្ពុជា ក្នុងឱកាស ”ទិវាជាតិសហគ្រាសធុនមីក្រូ តូច និងមធ្យម” ​
06/27/2026 12:06 PM
សម្តេចតេជោដឹកនាំគណៈប្រតិភូកម្ពុជានិវត្តមកដល់មាតុប្រទេសវិញ ក្រោយបញ្ចប់ទស្សនកិច្ចនៅប្រទេសចិន
06/27/2026 12:06 PM
សម្តេចធិបតីអះអាងជាថ្មីថា រាជរដ្ឋាភិបាលមិនបានបោះបង់ចំពោះការទាមទារទឹកដីស្របច្បាប់របស់ខ្លួនមកវិញនោះឡើយ
06/27/2026 12:06 PM