សម្ដេចធិបតី៖ យុទ្ធនាការកម្ចាត់ Online Scams ប៉ុន្មានខែចុងក្រោយនេះ បានស្ដារមុខមាត់កម្ពុជាមកវិញ
សម្ដេចធិបតី៖ កម្ពុជាជាសមាជិក WTO មិនអាចហាមឃាត់ការនាំចូលទំនិញពីប្រទេសដទៃបានទេ
សម្ដេចធិបតី៖ ឆ្នាំ២០២៩ កម្ពុជានឹងចាកចេញពីប្រទេសអភិវឌ្ឍន៍តិចតួចបន្តដំណើរទៅកាន់ប្រទេសអភិវឌ្ឍន៍
សម្តេចតេជោដឹកនាំគណៈប្រតិភូកម្ពុជានិវត្តមកដល់មាតុប្រទេសវិញ ក្រោយបញ្ចប់ទស្សនកិច្ចនៅប្រទេសចិន

ព័ត៌មានសំខាន់ៗ

សមាជិកសភា​គណបក្ស​ប្រជាធិបតេយ្យ​ជំរុញ​ឲ្យ​ប្រធាន​ចៅក្រម​ស៊ើបអង្កេត​ដំណើរ​កម្សាន្ត​របស់​ចៅក្រម Thomas

2023/04/11 10:14:15 am        330
​អាមេរិក៖ គណបក្ស​ប្រជាធិបតេយ្យ​នៅ​ក្នុង​គណៈកម្មាធិការ​នីតិកម្ម​ព្រឹទ្ធសភា​ បាន​អំពាវនាវ​ដល់​ប្រធាន​ចៅក្រម​តុលាការ​កំពូល​របស់​សហរដ្ឋ​អាមេរិក​លោក John Roberts កាលពី​ថ្ងៃ​ចន្ទ​ដើម្បី​បើក​ការស៊ើបអង្កេត​លើ​ការ​ទទួល​យក​ការ​ធ្វើដំណើរ​ចំណាយ​ប្រាក់​ដ៏​ច្រើន ​ដែល​មានការ​លាក់បាំង​ដោយ​ចៅក្រម​លោក Clarence Thomas និង​ភរិយា​របស់​លោក​ដែល​ត្រូវ​បាន​រ៉ាប់រង​ការ​ចំណាយ​ ដោយ​ម្ចាស់​ជំនួយ​ធំ​សមាជិក​នៃ​គណបក្ស​សាធារណរដ្ឋ​។​ ​លិខិត​នោះ​និយាយ​ថា គណៈកម្មការ​នេះ​គ្រោង​បើកសវនាការ​ក្នុង​ពេល​ប៉ុន្មាន​ថ្ងៃ​ខាងមុខ​ យោង​តាម​ភាព​ចាំបាច់​ក្នុង​ការ​ស្ដារ​ទំនុក​ចិត្ត​ឡើងវិញ​នៅ​ក្នុង​ក្រមសីលធម៌​តុលាការ​កំពូល។ ​ហើយ​ប្រសិនបើ​តុលាការ​កំពូល​មិន​ដោះស្រាយ​បញ្ហា​នេះ​ដោយ​ខ្លួនឯង​ទេ​នោះ​ គណៈកម្មការ​នេះ​នឹង​ពិចារណា​បោះ​ឆ្នោត​លើ​ច្បាប់​នេះ។ ​វិធាន​នេះ​ក៏​នឹង​ត្រូវការ​ជា​ចាំបាច់​ផង​ដែរ ​នូវ​ការ​គាំទ្រ​ពី​សភា​ដឹកនាំ​ដោយ​គណបក្ស​សាធារណរដ្ឋ​ ដើម្បី​ឲ្យ​ក្លាយ​ជា​ច្បាប់​ពេញលេញ​។ ​សមាជិក​ព្រឹទ្ធសភា​មកពី​គណបក្ស​ប្រជាធិបតេយ្យ​ចំនួន​ ១១​រូប​បាន​សរសេរ​លិខិត​ផ្ញើ​ទៅកាន់​លោក Roberts ថា​ យើង​ជំរុញ​ឲ្យ​លោក​ធ្វើ​បែប​នេះ តែ​លោក​មិន​ចាំ​បាច់​រង់ចាំ​សភាទទួលខុសត្រូវ ​ចំពោះ​ការ​ស៊ើបអង្កេត​របស់​លោក​លើ​ការប្រព្រឹត្ត​ដែល​បាន​រាយការណ៍ និង​ធានា​ថា​នឹង​មិន​អាច​ឲ្យ​មាន​ករណី​នេះ​កើតឡើង​ទៀត​ឡើយ​។ ​សារព័ត៌មាន ProPublica បាន​រាយការណ៍​ថា លោក Thomas វ័យ​ ៧៤​ឆ្នាំ និង​ភរិយា​របស់​លោក​ឈ្មោះ​ Virginia បាន​ធ្វើ​ដំណើរ​តាម​នាវា និង​យន្តហោះ​ឯកជន​របស់​ម្ចាស់​ជំនួយ​គឺ​លោក ​Crow ព្រមទាំង​ស្នាក់នៅ​រមណីយដ្ឋាន​ឯកជន​របស់​លោក​នៅ​ភ្នំ Adirondack នៃ​ទីក្រុង​ញូវយ៉ក​។ ដំណើរ​កម្សាន្ត​ទៅកាន់​ប្រទេស​ឥណ្ឌូនេស៊ី​ក្នុង​ឆ្នាំ​២០១៩ ដែល​អាច​ចំណាយ​អស់​ជាង ​៥០​ម៉ឺន​ដុល្លារ ដើម្បី​ឲ្យ​លោក​ Thomas ជួល​យន្តហោះ និង​ជិះ​នាវា​កម្សាន្ត​ដោយ​ខ្លួនឯង​៕អត្ថបទ៖ សុខមាន

សម្តេចតេជោ ហ៊ុន សែន បញ្ចប់មុខតំណែងមន្ត្រីជាន់ខ្ពស់ នៃរដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល ដែលអាងអំណាចប្រើប្រាស់អាវុធគំរាមកំហែងអ្នកដទៃ

2023/04/11 09:12:05 am        762
ភ្នំពេញ៖ សម្តចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី តាមរយៈតេឡេក្រាមនៅមុននេះបន្តិច បាន​ចេញ​អនុក្រឹត្យសម្រេចបញ្ចប់មុខតំណែងលោក បែល វ៉ាន់ដែត ពីអគ្គនាយករង នៃ​អគ្គនាយកដ្ឋាន​រដ្ឋបាល និងកិច្ចការទូទៅ នៃរដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល បន្ទាប់​ពី​បុគ្គល​រូប​នេះ អាងអំណាចហើយបានយកអាវុធទៅគំរាមកំហែងអ្នកទន់ខ្សោយកាលពីកន្លងទៅនេះ។បន្ថែម​លើអនុក្រឹត្យនោះសម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា “បើតុលា​ការ​មិន​ចាត់​ការ​តាម​ផ្លូវ​ច្បាប់​ទេ​ទុក​ឲ្យ​ខ្ញុំដាក់​វិន័យ​តាម​ផ្លូវ​រដ្ឋសិន។​ អាង​មាន​អំណាច​ប្រើប្រាស់​អាវុធ​គំរាម​អ្នក​ទន់​ខ្សោយ”​។សម្តេចតេជោ ហ៊ុន សែន ព្រមានថា “នេះជា​សារព្រមាន​ចំពោះ​មន្ត្រី​ទាំង​អស់​សូម​កុំអា​ង​អំណាច​ធ្វើ​បាប​អ្នកទន់ខ្សោយ ជាពិសេសសូមកុំប្រើប្រាស់អាវុធខុសច្បាប់”។គួរបញ្ជាក់ថា កាលពីយប់ថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៣កន្លងទៅនេះ បុគ្គល បែល វ៉ាន់ដែត បានយកកាំភ្លើងទៅគំរាមកំហែងដល់បុរសម្នាក់បន្ទាប់ពីមានករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្ត រ៉េងរ៉ូវើ ពណ៌ស និងរថយន្ត Ford Ranger ពណ៌ខ្មៅ រហូតធ្វើឲ្យម្ចាស់រថយន្ត រ៉េងរ៉ូវើ ខឹងជិះតាមដល់មុខផ្ទះ និងដកកាំភ្លើងភ្ជង់លើម្ចាស់រថយន្ត Ford Ranger តែម្តង។បន្ទាប់ពីមានហេតុការណ៍កើតឡើងជនរងគ្រោះមានឈ្មោះ ឆៃ វ៉ាន់ម៉ូលីវ័ន្ត ភេទប្រុស អាយុ២៣ឆ្នាំ ជានិស្សិត បានប្តឹងទៅនគរបាលក្នុងមូលដ្ឋាន ទើបនគរបាលខណ្ឌឫស្សីកែវ ស្រាវជ្រាវឃាត់ខ្លួន យកមកសួរនាំនៅនគរបាលខណ្ឌ។ បន្ទាប់ពីឃាត់ខ្លួនជនសង្ស័យ សមត្ថកិច្ចបានដកហូតអាវុធខ្លី១ដើម ម៉ាកGlook ពណ៌ខ្មៅ គ្រាប់១៣គ្រាប់ គ្មានច្បាប់អនុញ្ញាត , រថយន្តមួយគ្រឿងម៉ាក រ៉េងរ៉ូវើ ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2BL-0199។ ក្រោយពីចាប់ខ្លួនហើយ ភាគីទាំងពីរបានព្យាយាមសម្របសម្រួលបញ្ចប់វិវាទនៅក្រៅប្រព័ន្ធតុលាការ នៅប៉ុស្តិ៍នគបាលរដ្ឋបាលសង្កាត់ ច្រាំងចំរេះទី២ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ប៉ុន្តែមិនព្រមព្រៀងគ្នា ទើបនគរបាលសម្រេចកសាងសំណុំរឿងមកតុលាការ ដើម្បីចាត់ការតាមមនីតិវិធី។ បើតាមព័ត៌មានក្នុងស្រុកបានចុះផ្សាយថា លោកស្រី អ៊ុក រ៉េតគន្ធា ចៅក្រមស៊ើបសួរក្នុងសំណុំរឿងខាងលើនេះ បានដោះលែងជនសង្ស័យឈ្មោះ បែល វ៉ាន់ដែតដោយគ្រាន់តែដាក់ជនសង្ស័យរូបនេះ ឲ្យស្ថិតក្រោមការត្រួតពិនិត្យតាមផ្លូវតុលាការតែប៉ុណ្ណោះ ក្រោយពីលោក លឹម ប៊ុនហេង ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ បានចោទប្រកាន់ជនសង្ស័យនេះពីបទ គំរាមសម្លាប់ និងបទកាន់កាប់អាវុធដោយគ្មានការអនុញ្ញាត កាលពីព្រឹកថ្ងៃទី៣១ ខែមិនា ឆ្នាំ២០២៣កន្លងទៅនេះ។សម្តេចតេជោ ហ៊ុន សែន បញ្ជាឲ្យរដ្ឋមន្រ្តីក្រសួងយុត្តិធម៌ ធ្វើការជាមួយតុលាការកុំឲ្យជនល្មើស ឈ្មោះ បែល វ៉ាន់ដែត រួចផុតពីសំណាញ់ច្បាប់ និងនៅក្រៅឃុំមុនកាត់ទោសឲ្យសោះ ដើម្បីកុំ​ឲ្យ​ជន​ល្មើសដែលមានឈ្មោះខាងលើនេះ តាមគំរាមកំហែងដល់អ្នកដទៃទៀត៕(ដោយ៖ បាន ចក់)

ប្រសាសន៍សំខាន់ៗសម្ដេចតេជោ​ ក្នុងឱកាសសំណេះសំណាល និងពិសារអាហារសាមគ្គី ជាមួយម្ចាស់សហគ្រាសធុនតូច និងមធ្យម

2023/04/10 05:44:24 pm        397
ភ្នំពេញ៖ ប្រសាសន៍សំខាន់ៗរបស់ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី ក្នុងឱកាសអញ្ជើញជួប ជុំ សំណេះសំណាល និង ទទួលទានអាហារសាមគ្គី ​ជាមួយម្ចាស់សហគ្រាសធុនតូច និងមធ្យម នារសៀលថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៣ នេះ។ខាងក្រោមជាខ្លឹមសារសំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន ៖សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា កាលពីមុនកម្ពុជាធ្លាប់តែ នាំចូលផលិតផល ជាច្រើន ដើម្បីយកមកប្រើប្រាស់នៅកម្ពុជា ប៉ុន្ដែតាមរយៈសហគ្រាសធុនតូច និងមធ្យម និង សិប្បកម្ម នៅ កម្ពុជា បានធ្វើឱ្យកម្ពុជាអាចផលិតសម្ភារប្រើប្រាស់ដែល ជាផលិតផល ក្នុងស្រុកដោយខ្លួនឯង។សម្ដេចតេជោ ហ៊ុន សែន៖ លើកទឹកចិត្តឱ្យមានការជួបជុំជាមួយមហាគ្រួសារ សហគ្រាសធុនតូច ធុនមធ្យម និង សិប្បកម្ម នៅកម្ពុជានៅឆ្នាំក្រោយៗទៀត ដើម្បីពិភាក្សា ផ្លាស់ប្ដូរយោបល់ និងស្វែងរកដំណោះស្រាយ នានារួមគ្នា។សម្តេចតេជោ ហ៊ុន សែន ថ្លែងថា រាជរដ្ឋាភិបាល តែងតែចាត់ទុក សហគ្រាសធុនតូច និងមធ្យម គឺជាដៃគូដ៏សំខាន់ក្នុងការចូលរួមចំណែកដល់ការអភិវឌ្ឍ និងកំណើនសេដ្ឋកិច្ច សង្គមរបស់កម្ពុជា។សម្ដេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា រាជរដ្ឋាភិបាលបានរៀបចំច្បាប់ និង បទបញ្ញត្តិនានា ព្រមទាំងពន្ធគយ ដើម្បីជួយសម្រួលទៅដល់ដំណើរការអាជីវកម្ម នានារបស់សហគ្រាសធុនតូច និងមធ្យ ម។សម្តេចតេជោ ហ៊ុន សែន បានលើកទឹកចិត្តឱ្យសហគ្រិន ក្នុងវិស័យ សហគ្រាសធុនតូច និងមធ្យម និងសិប្បកម្មកម្ពុជា បង្កើនសមត្ថភាព ពង្រឹងភាពប្រកួតប្រជែងរបស់ខ្លួន ជាមួយគ្នានេះសម្ដេចតេជោ ជំរុញឱ្យក្រសួងស្ថាប័ន ដោះស្រាយនូវបញ្ហាប្រឈមនានា និងកាត់បន្ថយថ្លៃនៃការធ្វើធុរកិច្ចសំដៅជំរុញផលិតភាព នងភាពប្រកួតប្រជែងនៅកម្ពុជា។សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា វត្តមានរបស់សហគ្រិន នៃសហគ្រាសធុនតូច និងមធ្យម និងសិប្បកម្មកម្ពុជានាពេលនេះគឺជាបណ្ដុំធនធាន សេដ្ឋកិច្ចក្រៅ ប្រព័ន្ធ របស់ កម្ពុជា។ សម្ដេចតេជោរម្លឹកថា កន្លងទៅមានទស្សនមួយចំនួនបានលើកឡើងថា ពួកគេតាំង ខ្លួនជាសមាគមនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ ប៉ុន្ដែពួកគេមិនដឹងទេថា រាជរដ្ឋាភិបាលកំពុងធ្វើអ្វី នោះគឺការផ្ដល់នូវលទ្ធភាពគ្រប់យ៉ាងដើម្បីគាំទ្រដល់សេដ្ឋកិច្ចក្រៅប្រព័ន្ធនោះឯង។សម្តេចតេជោ ហ៊ុន សែន បញ្ជាក់ថា ក្របខណ្ឌជំនួបជាមួយ សហគ្រាសធុនតូច និងមធ្យម និងសិប្បកម្មកម្ពុជា នាថ្ងៃនេះ គឺជាជំនួបរវាងរដ្ឋាភិបាល និងសេដ្ឋកិច្ចក្រៅប្រព័ន្ធ នេះបើនិយាយឱ្យធំទូលាយ។ ដូច្នេះសម្ដេចតេជោបានជំរុញឱ្យ សហគ្រាសធុនតូច និងមធ្យម និងសិប្បកម្មកម្ពុជា យកចិត្តទុកដាក់ជំរុញការកែច្នៃផលិតផលដែលមានស្រាប់នៅក្នុងប្រទេសកម្ពុជា ជាពិសេស សហគ្រាសធុនតូច និងមធ្យម និងសិប្បកម្មកម្ពុជា ដែលពាក់ព័ន្ធនឹងការកែច្នៃ ចំណីអាហាររបស់កម្ពុជាតែម្ដង។សម្តេចតេជោ ហ៊ុន សែន បានជំរុញដល់ក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ សហការជាមួយក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ សមាគមសហគ្រាសធនតូច និងមធ្យម និងមូលនិធិសម្ដេចតេជោ ដើម្បីអភិវឌ្ឍសហគ្រាសធនតូច និងធម្យមនៅកម្ពុជា និងដើម្បីវាយតម្លៃសេចក្ដីត្រូវការ អភិវឌ្ឍសមត្ថភាពជំនាញ សហគ្រាសធនតូច និងធម្យម សម្របតាមតម្រូវការជាក់ស្ដែងដែលសហគ្រាសបាននឹងកំពុងជួបប្រទះ។​

សម្តេចតេជោ ហ៊ុន សែន អញ្ជើញសំណេះសំណាល និងពិសារអាហារសាមគ្គី ជាមួយម្ចាស់សហគ្រាសធុនតូច និងមធ្យម

2023/04/10 04:20:47 pm        389
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីអញ្ជើញជួបសំណេះសំណាល និងពិសារ អាហារ សាមគ្គី ជាមួយ​ម្ចាស់​សហគ្រាសធុនតូច និងមធ្យម ក៏ដូចជាអ្នកធ្វើធុរកិច្ច នៅកម្ពុជា នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ នៅរសៀលទី១០ ខែមេសា ឆ្នាំ២០២៣នេះ។ បច្ចុប្បន្ននេះ សហគ្រាសធុនតូច និងមធ្យម និងសិប្បកម្មកម្ពុជា មានចំនួន សរុប ជាង ៧០ម៉ឺនមូលដ្ឋាន ក្នុងនោះវិស័យ​កម្មន្តសាលមានប្រមាណ ៧ភាគរយ ស្មើ និងជាង ៤ម៉ឺនមូលដ្ឋាន ហើយភាគច្រើន គឺប្រភេទកែច្នៃចំណីអាហារ​ប្រមាណជា ៨០ភាគរយ។ ក្នុងនោះរោងចក្រធុនធំ មានជិត ២ពាន់មូលដ្ឋាន៕

តំណាង​រាស្ត្រ​បក្ស​ប្រជាធិបតេយ្យ​ចង់​ឲ្យ​មានការ​ចោទ​ប្រកាន់​ចៅក្រម​តុលាការ​កំពូល​អាមេរិក​លោក Clarence Thomas

2023/04/10 02:26:24 pm        415
​អាមេរិក៖ សមាជិកសភា​មកពី​គណបក្ស​ប្រជាធិបតេយ្យ​សហរដ្ឋអាមេរិក​លោកស្រី Alexandria Ocasio-Cortez បាន​និយាយ​កាលពី​ថ្ងៃអាទិត្យ​ថា លោកស្រី​ចង់​ឲ្យ​មានការ​ចោទប្រកាន់​ទម្លាក់​តំណែង​ចៅក្រម​តុលាការ​កំពូល​លោក Clarence Thomas និង​ក្រុម​ទី​ប្រឹក្សា​របស់​លោក​ដែល​ត្រូវ​បាន​ស៊ើប​អង្កេត ក្រោយ​សារព័ត៌មាន​មួយ​បាន​ហៅ​ដំណើរ​កម្សាន្ត​ ដែល​លោក​បាន​ចំណាយ​ប្រាក់​យ៉ាង​ច្រើន​រាប់​ទសវត្សរ៍​មក​ហើយ​ ​ត្រូវ​បាន​ឧបត្ថម្ភ​ដោយ​ម្ចាស់​ជំនួយ​ម្នាក់​មកពី​គណបក្ស​សាធារណរដ្ឋ​។​ ​លោកស្រី​បាន​ប្រាប់​សារព័ត៌មាន CNN នៅ​ក្នុង​បទសម្ភាសន៍​មួយ​ថា​ នេះ​គឺជា​ទំនួល​ខុសត្រូវ​របស់​សភា​ក្នុង​ការ​បញ្ចុះបញ្ចូល​ថា ការស៊ើបអង្កេត​ស្ថិត​ក្នុង​ទម្រង់​នៃ​ការចោទប្រកាន់​ទម្លាក់​តំណែង​។ ប៉ុន្តែ​លោកស្រី​បាន​ទទួល​ស្គាល់​ថា ដំណើរការ​នេះ​ប្រហែលជា​មិន​អាច​ធ្វើ​ទៅ​បានទេ គណបក្ស​សាធារណរដ្ឋ​មាន​សំឡេង​ភាគច្រើន​នៅ​ក្នុង​សភា​ ដែល​មិន​ចង់​ចាត់វិធានការ​ប្រឆាំង​នឹង​ចៅក្រម​អភិរក្សនិយម​រូប​នេះ​។ ​លោកស្រី Ocasio-Cortez បាន​និយាយ​ថា ពេលវេលា​នៃ​ទំនាក់ទំនង​របស់​លោក Thomas ជាមួយ​ម្ចាស់​ជំនួយ​មកពី​គណបក្ស​សាធារណរដ្ឋ និង​ជា​មហាសេដ្ឋី​អចលនទ្រព្យ​លោក Harlan Crow បាន​បង្ហាញ​ពី​ទំនាស់​ផលប្រយោជន៍​តាំងពី​ដំបូង បន្ទាប់ពី​លោក​ Thomas បាន​ចាប់ផ្ដើម​កាន់​តំណែង​ចៅ​ក្រម​តុលាការ​កំពូល​កាលពី​ឆ្នាំ​១៩៩១​ មក​។ ​សារព័ត៌មាន ProPublica បាន​រាយការណ៍​កាលពី​ថ្ងៃ​ព្រហស្បតិ៍​សប្ដាហ៍​មុន​ថា លោក Thomas បាន​ទទួលយក​ការ​ចំណាយ​ដ៏​ច្រើន​លើ​ដំណើរ​កម្សាន្ត​ពី​លោក Crow ជាច្រើន​ទសវត្សរ៍​មកនេះ​ ទោះបីជា​ច្បាប់​សហព័ន្ធ​តម្រូវ​ឲ្យ​លាត​ត្រដាង​រាល់​ការ​ទទួល​អំណោយ​ទាំងអស់​ក៏ដោយ​៕​​អត្ថបទ៖ សុខមាន

ប្រធានាធិបតី​បារាំង​និយាយថា អឺរ៉ុប​មិនគួរ​ធ្វើតាម​អាមេរិក ឬ​ចិន​នោះទេ​លើ​បញ្ហា​កោះ​តៃវ៉ាន់

2023/04/10 02:11:30 pm        345
​បារាំង៖ ប្រធានាធិបតី​បារាំង​លោក Emmanuel Macron បាន​និយាយ​ឡើងវិញ​នូវ​ការអំពាវនាវ​របស់​លោក ​ឱ្យសហ​ភាព​អឺរ៉ុប​រក្សា​គោលនយោបាយ​ការបរទេស​ឯករាជ្យ​ នៅ​ក្នុង​បទសម្ភាសន៍​មួយ​កាល​ពី​ថ្ងៃអាទិត្យ​ សម្រាប់​សារព័ត៌​មាន​ពាណិជ្ជកម្ម​បារាំង​ប្រចាំថ្ងៃ Les Echo​។ លោក​បាន​និយាយ​ថា យើង​មិន​ចង់​ចូលទៅក្នុង​ប្លុកប្រឆាំងនឹង​ចង្កោម​ប្លុក ដោយ​លើក​ហេតុផល​ថា ​អឺរ៉ុបមិនគួរ​ចូល​ពាក់ព័ន្ធ​នៅក្នុង​ធ្វើ​ឲ្យ​ការបាត់បង់​សណ្តាប់​ធ្លាប់​នៃ​ពិភពលោក​ និង​វិបត្តិ​ដែល​ពុំមែន​ជា​របស់​យើង​នោះទេ​។ ការលើកឡើង​នេះធ្វើឡើង​ បន្ទាប់ពី​ដំណើរ​ទស្សនកិច្ច​ទៅកាន់​ប្រទេស​ចិន​របស់លោក Macron និង​មន្ត្រី​សហភាព​អឺរ៉ុប​ផ្សេងទៀតដែល​បាន​ជួប​ជាមួយ​លោក Xi Jinping ប្រធានាធិបតី​ចិន​។ ក្នុងចំណោម​បញ្ហា​ផ្សេងទៀត មេដឹកនាំ​ជាច្រើន​បាន​ពិភាក្សាគ្នា​អំពី​ភាព​តានតឹង​ជុំវិញ​បញ្ហា​កោះ​តៃវ៉ាន់ និង​ការឈ្លានពាន​របស់​រុស្ស៊ី​មកលើ​អ៊ុយ​ក្រែ​ន​។ លោក Macron បាន​បញ្ជាក់ថា ការកើនឡើង​បញ្ហា​លើ​កោះ​តៃវ៉ាន់ពុំ​ស្ថិតក្នុង​ការចាប់អារម្មណ៍​របស់​សហភាព​អឹ​រ៉ុ​ប​ឡើយ​។ សំណួរ​ដែល​ត្រូវបាន​សួរ​ពួកយើងពី​សហភាព​អឺរ៉ុប​មាន​ដូចតទៅ​៖ តើ​វា​ស្ថិតក្នុង​ចំណាប់អារម្មណ៍​របស់​យើង​ដែរឬទេ សម្រាប់​ការបង្កើន​ល្បឿន​លើ​ប្រធានបទ​កោះ​តៃវ៉ាន់​? ទេ រឿងរ៉ាវ​ដែល​អាក្រក់​បំផុត យើង​ជា​ប្រទេស​អឺរ៉ុបអាចធ្វើ​បាន​គឺ​ធ្វើជា​អ្នកដើរ​តាម​ប្រធានបទ​នេះ និង​សម្រប​ខ្លួន​ទៅនឹង​លំនាំ​របស់​អាមេរិក និង​ប្រតិកម្ម​ហួសហេតុ​របស់​ចិន​។ ហេតុអ្វី​បានជា​យើង​គួរ​ធ្វើ​ទៅតាម​លំនាំ​ដែល​អ្នកផ្សេង​ជ្រើសរើស​? ប្រមុខរដ្ឋ​បារាំង​បានបញ្ជាក់​លើ​អ្វីដែល​លោក​ចាត់ទុកថា ជា​តម្រូវការ​សម្រាប់​សហ​ភាព​អឺរ៉ុប​ក្នុងការ​អភិវឌ្ឍ «​ស្វ័យ​ភាពជា​យុទ្ធសាស្ត្រ​» ជា​ពាក្យ​ប្រើ​ដើម្បី​សំដៅលើ​ប្លុក​ដែល​រក្សា​បន្ទាត់​គោលនយោបាយ​ការបរទេស​ឯករាជ្យ​។ លោក Macron និយាយថា រដ្ឋ​ជា​សមាជិក​របស់​សហភាព​អឺរ៉ុប​គួរតែ​បញ្ចៀស​ការ​ក្លាយជា «​បរិវារ​» ហើយ​ប្លុក​នេះ​អាច​ដំណើរការ​ជា «​ប៉ូល​ទី​បី​» នៅក្នុង​ភូមិសាស្ត្រ​នយោបាយ រួមជាមួយ​សហរដ្ឋអាមេរិក និង​ចិន​។ លោក​បាន​ព្រមាន​ប្រឆាំងនឹង​ការធ្វើ​តាម​គោលនយោបាយ​ការបរទេស​របស់​សហ​រដ្ឋ​អាមេរិក​ថា​ជា «​ការបង្ហាញ​ពី​ភាព​ភ័យ​ស្លន់ស្លោ​»​។ ប្រធានាធិបតី​បារាំង​ក៏បាន​អំពាវនាវ​ឱ្យ​បង្កើន​ការចំណាយ​ខាង​យោធា​ដោយ​និយាយថា ​ប្រវត្តិសាស្ត្រ​កំពុង​បង្កើនល្បឿន ហើយ​សេដ្ឋកិច្ច​សង្គ្រាម​នៅ​អឺរ៉ុប​ចាំបាច់​ត្រូវ​បង្កើនល្បឿន​ស្របគ្នា​៕អត្ថបទ៖ ប៊ុនថន

អាមេរិក​ស្រាវជ្រាវ​រក​ប្រភព​លេច​ធ្លាយ​ព័ត៌មាន​សម្ងាត់​បំផុត​ផ្នែក​ចារកម្ម​

2023/04/10 12:22:56 pm        542
​អាមេរិក៖ យោងតាម​សារព័ត៌មាន The New York Times កាលពី​ថ្ងៃ​សៅរ៍បាន​រាយការណ៍​ថា ឯកសារ​របស់​មន្ទីរ​បញ្ច​កោណ​ដែល​បាន​លេច​ធ្លាយ បង្ហាញ​ពី​របៀប​ដែល​សហរដ្ឋអាមេរិកបាន​ជ្រៀតជ្រែក​យ៉ាងជ្រៅទៅក្នុង​ជម្លោះ​រុស្ស៊ី​-​អ៊ុយ​ក្រែ​ន​។ក្នុង​រយៈពេល​ប៉ុន្មាន​ថ្ងៃ​ថ្មីៗ​នេះ រូបភាព​ថត​លើ​អេក្រង់​នៃ​អ្វីដែល​ទំនងជា​ត្រូវបាន​ចាត់ថ្នាក់​ថា​ ជា​ព័ត៌មាន​យោធា​របស់​សហរដ្ឋអាមេរិក និង​សម្ព័ន្ធ​យោធា​ណា​តូ​អំពី​អ៊ុយ​ក្រែ​ន ត្រូវបាន​រកឃើញ​នៅលើ​គេហទំព័រ​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម​។ រូបភាព​ទាំងនោះ​រួមមាន​កម្លាំងយោធា និង​សណ្ឋាន​អាវុធ​របស់​អ៊ុយ​ក្រែ​ន ផែនទី​សមរភូមិ អ្នកស្លាប់ ​និង​របួស​ពី​ភាគី​ទាំងសងខាង និង​ការ​ស៊ើបការណ៍​សម្ងាត់​ត្រូវបាន​សម្គាល់ថា ​សម្ងាត់​បំផុត​។ កាលពី​ថ្ងៃ​ព្រហស្បតិ៍ សារព័ត៌មាន The New York Times បាន​រាយការណ៍​ថា ​ថ្មីៗ​នេះមាន​គេ​បាន​បង្ហោះ​ឯកសារ​សម្ងាត់​យោធា​មួយចំនួនប្រហែល​ជាជាង ១០០​ឯកសារនៅលើ​គេហទំព័រ​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម​មួយចំនួន ហើយ​ឯកសារ​ទាក់ទង​នឹង​មជ្ឈិមបូព៌ា​ក៏​បង្ហាញ​ចេញ​នៅលើ​បណ្តាញ​អ៊ីនធឺណិត​ផងដែរ​។ ឯកសារ​មួយចំនួន​នៅតែ​ត្រូវបាន​ផ្សព្វផ្សាយ ទោះជា​រដ្ឋាភិបាល​សហរ​ដ្ឋ​អាមេរិក​បាន​ប្រឹងប្រែង​លុប​វា​ចោល​ក៏ដោយ​។ ឯកសារ​មួយចំនួន​គឺជា​រូបភាព​នៃ​ផែនទី​សមរភូមិដែលមាន​ស្លាក​សញ្ញា​លម្អិត និង​កាលបរិច្ឆេទ​ផ្សេងៗ​គ្នា​។ ពេលវេលា​នៃ​រូបថត​មានរយៈពេល​ប្រហែល ៥សប្តាហ៍ដោយមាន​កាលបរិច្ឆេទ​ចុងក្រោយ​បំផុត​គឺ​ថ្ងៃទី១ ខែមីនា​។ឯកសារ​ផ្សេងទៀត​មាន​ព័ត៌មាន​នៃ​ការហ្វឹកហ្វឺន​កងទ័ព និង​ការដឹកជញ្ជូន​សព្វាវុធ​ទៅ​ឲ្យ​អ៊ុយ​ក្រែ​ន ព្រមទាំង​អត្រា​នៃ​ការប្រើប្រាស់​គ្រាប់រំសេវ​របស់​អ៊ុយ​ក្រែ​ន​ផងដែរ​។ ​ឯកសារ​មួយដែល​ត្រូវបាន​កត់សម្គាល់ថា​ជាការ​សម្ងាត់​បំផុត បាន​និយាយ​ថា ទាហាន​រុស្ស៊ី​ពី ១៦,០០០ ទៅ ១៧,៥០០​នាក់​ត្រូវបាន​សម្លាប់ ខណៈ​អ៊ុយ​ក្រែ​ន​មាន​ទាហាន​ស្លាប់​ជាង ៧១,០០០​នាក់គិត​ត្រឹម​ថ្ងៃទី១ ខែមីនា​។ មន្ទីរ​បញ្ច​កោណ​បាន​ប៉ាន់ប្រមាណ​ថា រុស្ស៊ី​បាន​បាត់បង់​ជីវិត​ទាហាន​ច្រើនជាង​ឆ្ងាយ ដោយមាន​មនុស្ស​ជិត ២០០,០០​នាក់​បាន​ស្លាប់ ​និង​រងរបួស ខណៈ​អ៊ុយ​ក្រែ​ន​មាន​មនុស្ស​ស្លាប់ និង​របួស​ជាង ​១០​ម៉ឺន​នាក់​។ មន្ទីរ​បញ្ច​កោណបាន​បើក​ការស៊ើបអង្កេត​លើ​ឯកសារ​បែកធ្លាយ​នេះ​។ អ្នកនាំពាក្យ​វិមាន​ក្រឹម​ឡាំងលោក Dmitry Peskov បាន​និយាយថា រុស្ស៊ី​ពុំមាន​ការសង្ស័យ​បន្តិច​ណា​ឡើយ​អំពី​ការចូលរួម​ដោយផ្ទាល់​ ឬ​ដោយ​ប្រយោលរបស់​សហរដ្ឋអាមេរិក និង​សម្ព័ន្ធ​យោធា​ណា​តូ​នៅក្នុង​ជម្លោះ​រវាងរុស្ស៊ី និង​អ៊ុយ​ក្រែ​ន​នោះឡើយ​៕អត្ថបទ៖ ប៊ុនថន

បាក់​ផ្ទាំង​ទឹកកក​នៅ​តំបន់ភ្នំ​អាល់​ប្រទេស​បារាំង​បណ្តាល​ឲ្យ​មនុស្ស ​៤​នាក់​ស្លាប់

2023/04/10 10:29:50 am        313
​បារាំង៖ រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​លោក Gerald Darmanin បាន​និយាយថា យ៉ាងហោចណាស់​មនុស្ស ៤​នាក់​បាន​ស្លាប់​នៅ​ក្នុង​ការ​បាក់​ផ្ទាំង​ទឹក​កក​នៅ​តំបន់​ភ្នំ​អាល់ ប្រទេស​បារាំង​។ វា​បាន​កើតឡើង​នៅ​តំបន់​ភ្នំ​ទឹកកក Armancette ក្បែរ​ទីក្រុង Mont Blanc ប្រទេស​បារាំង​ភាគ​អាគ្នេយ៍ ប្រហែល​ពេល​ថ្ងៃ​ត្រង់​កាលពី​ថ្ងៃអាទិត្យ​ម៉ោង​ក្នុង​តំបន់​។ អាជ្ញាធរ​តំបន់​បាន​បញ្ជាក់​ថា អ្នក​ស្លាប់​ពីរ​នាក់​គឺជា​មគ្គុទ្ទេសក៍​តំបន់​ភ្នំ​។ មនុស្ស​រង​របួស​ជាច្រើន​នាក់ត្រូវ​បាន​គេ​បញ្ជូន​ទៅ​មន្ទីរពេទ្យ ហើយ​មនុស្ស​ពីរ​នាក់​ទៀត​នៅ​បាត់​ខ្លួន​នៅឡើយ​។ លោក Jean-Luc Mattel អនុ​ប្រធាន​ភូមិ Contamines-Montjoie ដែល​នៅ​ក្បែរ​នោះ​បាន​និយាយ​ថា ការ​បាក់​ផ្ទាំង​ទឹក​កក​នេះ​គឺ​បណ្តាល​មក​ពី​បន្ទះ​ក្រាស់​ៗ​នៃ​ព្រិល​បែក​ចេញពី​កំពូលភ្នំ​។​ ការស្វែងរក និង​សត្វ​សុនខ​ជួយ​សង្គ្រោះ និង​ក្រុម​ជួយសង្គ្រោះ​នៅ​លើ​ភ្នំ​បាន​ធ្វើ​ការ​ពេញ​មួយថ្ងៃ ដើម្បី​ព្យាយាម​ទៅដល់​អ្នក​ដែល​ជួប​គ្រោះថ្នាក់ ដែល​ទាំងអស់​ត្រូវ​បាន​គេ​គិត​ថា​ជា​អ្នក​ជិះ​ស្គី​នៅ​ជនបទ​។ ការស្វែងរក​អ្នក​បាត់​ខ្លួន​ពីរ​នាក់​ត្រូវ​បាន​គេ​រំពឹងថា​នឹង​បន្ត​នៅ​ថ្ងៃ​ចន្ទ​នេះ​។ លោក Mattel បាន​និយាយ​ថា​ កម្រិត​ហានិភ័យ​កាលពី​ព្រឹក​ថ្ងៃអាទិត្យ​គឺ​មាន​ស្ថាន​ភាពខ្លាំង ​ហើយ​មគ្គុទ្ទេសក៍​ទាំងពីរ​នាក់​ជា​ពលរដ្ឋ​ក្នុង​តំបន់​ដែល​មាន​បទពិសោធន៍​ខ្ពស់​។ ​ប្រធានាធិបតី​បារាំង​លោក Emmanuel Macron បាន​សម្តែង​ការ​អាណិតអាសូរ​ចំពោះ​ជនរងគ្រោះ​ក្នុង​ឧបត្តិហេតុ​នេះ​។ មុន​ពេល​កើតហេតុ រមណីយដ្ឋាន​ជិះ​ស្គី​ក្បែរ​នោះ​មាន​ឈ្មោះថា Les Contamines-Montjoie បាន​បង្ហោះ​វីដេអូ​មួយ​នៅ​លើ​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​សង្គម ដែល​បង្ហាញ​ពី​ជញ្ជាំង​ព្រិល​ដ៏​ធំ​កំពុង​បាក់​ធ្លាក់​ពី​ភ្នំ Dômes de Miage ដែល​ផ្ទាំង​ទឹក​កក​ជា​ផ្នែក​មួយ​នោះ​។ សាក្សី​ម្នាក់​បាន​ប្រាប់​ទូរទស្សន៍​បារាំង​ថា នាង​កំពុង​ឡើង​ភ្នំ​នៅ​ពីមុខ​តំបន់​ភ្នំ​ទឹក​កក Armancette នៅ​ពេល​នោះ​នាង​បាន​ឃើញ​ការ​បាក់​ធ្លាក់​ផ្ទាំង​ទឹកកក ហើយ​បាន​យក​ទូរស័ព្ទ​របស់​នាង​ចេញ​ដើម្បី​ថត៕អត្ថបទ៖ ប៊ុនថន

មនុស្ស​យ៉ាងហោចណាស់​ ៤៤​នាក់​បាន​ស្លាប់​ក្នុងការ​វាយប្រហារ​នៅក្នុង​ប្រទេស​បួ​គី​ណា​ហ្វា​សូ​

2023/04/10 10:09:36 am        412
​បួគីណាហ្វាសូ៖ ក្រុម​អាជ្ញាធរ​និយាយ​ថា ជន​ស៊ីវិល​យ៉ាងហោចណាស់​ ៤៤​នាក់​បាន​ស្លាប់​នៅក្នុង​ការវាយប្រហារ​ដាច់ដោយឡែក​ពី​គ្នា​ចំនួន​២ លើ​ភូមិ​មួយ​ចំនួន​ក្នុង​ភាគ​ខាងជើង​របស់​ប្រទេស​បួគី​ណា​ហ្វា​សូ (Burkina Faso) ​ស្ថិតនៅ​តំបន់​អាហ្វ្រិក​ខាងលិច។ ​លោក Rodolphe Sorgho ​អភិបាល​តំបន់​នោះ​បាន​ស្ដីបន្ទោស​ក្រុម​ភេរ​វករ​ចំពោះ​ការវាយប្រហារ​គួរ​ឲ្យ​ស្អប់ខ្ពើម និង​ឃោរឃៅ​ដោយ​ពុំបាន​បញ្ជាក់​ច្បាស់​ថា ​ក្រុម​ណាមួយ​នោះ​ឡើយ​។ ​នៅ​ក្នុង​សេចក្ដីថ្លែងការណ៍​មួយលោក Sorgho បាន​ចូលរួម​រំលែក​មរណទុក្ខ​ដ៏​ក្រៀមក្រំ​ដល់​ក្រុម​គ្រួសារ​ជន​រង​គ្រោះ និង​បួងសួង​សូម​ឲ្យ​អ្នក​រង​របួស​ទាំងឡាយ​ឆាប់​ជាសះស្បើយ​។ មាន​មនុស្ស​ប៉ុន្មាន​នាក់​ប៉ុណ្ណោះ​ដែល​បាន​ដឹង​ពី​ឧបទ្ទវ​ហេតុនេះ ប៉ុន្តែ​ម្នាក់​ក្នុងចំណោម​ប្រជាពលរដ្ឋ​ក្នុង​ភូមិ​ទាំងនោះ​បាន​ប្រាប់​សារព័ត៌មាន​ AFP ថា មាន​ពួក​ភេរវ​ករ​មួយ​ក្រុម​ធំ​បាន​បើក​ការវាយប្រហារ​កាល​ពី​យប់​ថ្ងៃ​ព្រហស្បតិ៍​ ដោយ​បាន​លឺ​ស្នូរ​គ្រាប់កាំភ្លើង​ទាំង​យប់​។ ​បួ​គី​ណា​ហ្វា​សូ​គឺជា​ប្រទេស​មួយ​ក្នុងចំណោម​ប្រទេស​ក្រីក្រ​បំផុត​ជាច្រើន​លើ​ពិភពលោក​ និង​បាន​ក្លាយ​ជា​ចំណុច​កណ្តាល​នៃ​អំពើ​ហិង្សា​ប្រព្រឹត្ត​ឡើង​ដោយ​ក្រុម​ជីវពល​អ៊ីស្លាម​និយម មាន​សម្ព័ន្ធ​ភាព​ជាមួយ​ក្រុម​អាល់​កៃ​ដា និង​រដ្ឋ​អ៊ីស្លាម​៕អត្ថបទ៖ សុខមាន

មនុស្ស​ជាង​ ១០​នាក់​របួស​ និង​បាត់​ខ្លួន​ក្នុង​ហេតុការណ៍​បាក់​រលំ​អគារ​នៅ​ទីក្រុង​ម៉ា​កសី ប្រទេស​បារាំង​

2023/04/10 09:42:47 am        319
​បារាំង៖ មនុស្ស​ ៥​នាក់​រង​របួស ​និង ៨​នាក់​បាត់​ខ្លួន ក្រោយ​ការ​ផ្ទុះ​ដែល​ធ្វើ​ឲ្យ​អគារ​អ័​ប​ផាត​មិន​មួយ​បាក់​រាប​ដល់​ដី​នៅ​ក្នុង​ទីក្រុង​ម៉ា​កសី​ (Marseille) ភាគខាងត្បូង​ប្រទេស​បារាំង​។ មូលហេតុ​នៃ​ការ​ផ្ទុះមិន​ត្រូវ​បាន​គេ​ដឹង​នៅឡើយ​ទេ​។ ​ការ​ផ្ទុះ​នេះ​បាន​បំផ្លិចបំផ្លាញ​អគារ​នេះ​ភ្លាមៗ បន្ទាប់ពី​យប់​ជ្រៅ​រំលង​អធ្រាត្រ ហើយ​ប្លុក​ផ្ទះល្វែង​ក្បែរ​ខាង​បាន​ដួល​រលំ​ប៉ុន្មាន​ម៉ោង​ក្រោយ​។​ ចំណែក​អភិបាលក្រុង​នេះ​លោក Benoit Payan និយាយ​ថា ហេតុការណ៍​នេះ​ទំនង​ជា​មាន​មនុស្ស​ស្លាប់​។ មនុស្ស​ជិត ​២០០​នាក់​ត្រូវ​បាន​ជម្លៀស​ចេញពី​អគារ​ក្បែរ​ៗ​នោះ​។ ក្រុម​អ្នក​ពន្លត់​អគ្គិភ័យ​ជាង ​១០០​នាក់​ត្រូវ​បាន​បញ្ជូន​ទៅ​ពន្លត់​អណ្ដាតភ្លើង ក្រោយ​ការ​ផ្ទុះ​។ អគ្គិភ័យ​បាន​ឆេះ​ស្ទើរ​ពេញ​មួយថ្ងៃ​អាទិត្យ​ម្សិលមិញ​ ហើយ​ក្រុម​អាជ្ញាធរ​បាន​ព្រមាន​ថា​ អណ្ដាត​ភ្លើង​អាច​បន្ត​ជាច្រើន​ម៉ោង​ទៀត ​ទោះបី​កម្លាំង​នៃ​ការ​ឆាប​ឆេះ​បាន​ធូរស្រាល​កាលពី​ល្ងាច​ថ្ងៃ​អាទិត្យ​ហើយក៏​ដោយ​។ ​អគ្គិភ័យ​នេះ​បាន​រារាំង​ការស្វែងរក​មនុស្ស​បាត់​ខ្លួន ដែល​ក្រុម​រដ្ឋអាជ្ញា​របស់​ទីក្រុង​នេះ​និយាយ​ថា រួម​ទាំង​មនុស្ស​វ័យក្មេង ​២​នាក់​ និង​មនុស្ស​ដែល​គេ​បាន​ដឹង​អាយុ​ពិតប្រាកដ​មួយ​ចំនួន​ទៀត​។ លោក Payan បាន​និយាយ​ថា យើង​ត្រូវតែ​ត្រៀម​ទទួលយក​ជនរងគ្រោះ​ថែមទៀត​ ហើយ​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ​លោក Gerald Darmanin ដែល​បាន​ធ្វើ​ដំណើរ​ទៅកាន់​ទីក្រុង​នោះ​កាលពី​ថ្ងៃអាទិត្យ​បាន​ប្រាប់​សារព័ត៌មាន​ថា លោក​ពុំ​បាន​ដឹង​ទេ​ថា ​តើ​អ្នក​កំពុង​បាត់​ខ្លួន​ទាំងនោះ​នៅ​មាន​ជីវិត ឬ​បាន​ស្លាប់​ហើយ​៕អត្ថបទ៖ សុខមាន

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

អ្នកគាំទ្រក្រុម​ហេសបូឡា ចេញមក​តាមដងផ្លូវទីក្រុងបេរូត ដើម្បីតវ៉ា​កិច្ចព្រមព្រៀងជាមួយ​អ៊ីស្រាអែល
06/27/2026 03:06 PM
អ្នកការទូតជាន់ខ្ពស់​ប៉ាគីស្ថាន និងអ៊ីរ៉ង់ បញ្ជាក់ពី​ការប្តេជ្ញាចិត្ត ចំពោះសន្តិភាពក្នុងតំបន់ ក្រោយ​មាន​ការវាយប្រហារថ្មី
06/27/2026 03:06 PM
លោក Trump បង្ហាញលិខិតឆ្លងដែនសហរដ្ឋ​អាមេរិកថ្មីដែល​មាន​រូបភាពរបស់លោក​
06/27/2026 03:06 PM
មន្ត្រីសុខាភិបាល៖ ជំងឺគ្រុនឈាម នៅស្រីលង្កា ឈានដល់កម្រិតរាតត្បាត ខណៈការ​ឆ្លងលើស ៥០.០០០ករណី
06/27/2026 02:06 PM
សមាជិកសភាអ៊ីរ៉ង់៖ ការវាយប្រហាររបស់អាមេរិក អំឡុង​ការ​ចរចា នឹងនាំឱ្យមាន «ការថយក្រោយ​​ និងការសោកស្តាយ»
06/27/2026 02:06 PM
ប្រធានក្រុមការងារយុវជនគណបក្សចុះមូលដ្ឋានស្រុកប្រាសាទបល្ល័ង្ក អញ្ជើញជាអធិបតីក្នុងពិធីបញ្ចុះបឋមសិលាសាងសង់ស្ពានដែកបាឡេ ឆ្លងស្ទឹងស្ទោង ដើម្បីសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ
06/27/2026 01:06 PM
សម្ដេចធិបតី៖ យុទ្ធនាការកម្ចាត់ Online Scams ប៉ុន្មានខែចុងក្រោយនេះ បានស្ដារមុខមាត់កម្ពុជាមកវិញ
06/27/2026 01:06 PM
ជនជាតិចិនយ៉ាងហោចណាស់ ៧នាក់ ត្រូវបានបញ្ជាក់ថា ស្លាប់ក្នុងគ្រោះរញ្ជួយដី នៅវ៉េណេស៊ុយអេឡា
06/27/2026 01:06 PM
សម្ដេចធិបតី៖ កម្ពុជាជាសមាជិក WTO មិនអាចហាមឃាត់ការនាំចូលទំនិញពីប្រទេសដទៃបានទេ
06/27/2026 01:06 PM
ព្យុះទីហ្វុង Mekkhala គំរាមកំហែងជប៉ុន ក្រោយ​ព្យុះ Higos ចុះខ្សោយ ខណៈ​​ទឹកជំនន់ និងបំណាក់​ដី​នៅតែមាន​
06/27/2026 01:06 PM