សម្ដេចតេជោ បង្ហាញការចាប់អារម្មណ៍ចំពោះលិខិតចំហររបស់លោក Surachart Bamungsuk អ្នកជំនាញផ្នែកសន្តិសុខ និងភូមិសាស្ត្រនយោបាយរបស់ថៃ និងចែករំលែកជូនប្រជាជន កម្ពុជា និងថៃបានជ្រាបបន្ថែម
សម្ដេច​តេជោ៖ការពង្រឹងខឿនការពារជាតិមិនសំដៅតែនៅសមរភូមិមុខទេ ត្រូវយកចិត្តទុកដាក់ទំនុកបម្រុងអ្នកសមរភូមិក្រោយជាគ្រួសារយុទ្ធជនជួរមុខ និងអតីតយុទ្ធជន
សម្ដេចតេជោ ហ៊ុន សែន ប្រកាស​ត្រៀម​បញ្ជូនចៅៗ​របស់​សម្តេច​ដែល​គ្រប់​អាយុ​ទៅ​បំពេញ​កាតព្វកិច្ច​កង​ទ័ព​ អនុវត្តច្បាប់ «កាតព្វកិច្ចយោធា»
ឯកអគ្គរដ្ឋទូតហុងគ្រីចប់អាណត្តិមើលឃើញថាកម្ពុជាគឺជាដៃគូដ៏ជិតស្និទ្ធរបស់ហុងគ្រី

ព័ត៌មានសំខាន់ៗ

TOP STORY | សម្ដេចតេជោ ហ៊ុន សែន៖ ស៊ីហ្គេមលើកទី៣២ ឆ្នាំ២០២៣ កម្ពុជាមិនបានប្រើប្រាស់លុយចិន ឬលុយពីប្រទេសផ្សេងសូម្បីមួយសេនឡើយ

2025/12/06 02:22:38 pm        623
ភ្នំពេញ៖ នៅរសៀលថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២៥នេះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្ដីទី នៃកម្ពុជា បានបំភ្លឺទៅកាន់ប្រជាជនកម្ពុជា និងប្រជាជនថៃពីរឿងស៊ីហ្គេមលើកទី៣២ ឆ្នាំ២០២៣នៅកម្ពុជាថា កម្ពុជាមិនបានប្រើប្រាស់លុយចិន ឬលុយពីប្រទេសផ្សេងសូម្បីមួយសេនឡើយ។សម្ដេចតេជោ បានបញ្ជាក់ថា ថ្ងៃនេះសម្ដេចមានការចាំបាច់ដើម្បីបំភ្លឺទៅកាន់ប្រជាជនកម្ពុជា និងប្រជាជនថៃពីរឿងស៊ីហ្គេមលើកទី៣២ ឆ្នាំ២០២៣នៅកម្ពុជា។ កាលពីថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២៥ មុននេះផេក Facebook ផ្លូវការរបស់ខ្ញុំបានបង្ហោះវីដេអូមួយ ស្តីពីការបិទស៊ីហ្គេមនៅឆ្នាំ២០២៣ នៅកម្ពុជា។សម្ដេចប្រមុខរដ្ឋស្ដីទីបានបញ្ជាក់ថា មិននឹកស្មានថា តាមរយៈវីដេអូនេះធ្វើឲ្យជនជាតិថៃមួយចំនួនលើកឡើងថា សម្ដេចមានចេតនាឌឺដងឲ្យថៃដែលធ្វើម្ចាស់ផ្ទះស៊ីហ្គេមឆ្នាំ២០២៥នេះ។ សម្ដេចបានថ្លែងថា សម្ដេចពិតជាមិនហ៊ានប្រៀបធៀបកម្ពុជា ជាមួយប្រទេសផ្សេងនោះទេ ព្រោះប្រទេសនីមួយៗមានរបៀបចាត់ចែងកិច្ចការរៀងៗខ្លួន និងកាន់តែមិនហ៊ានប្រៀបធៀបជាមួយប្រទេសថៃ ដែលមានមនុស្សមួយចំនួនចេញមកតាំងខ្លួនថា ជាប្រទេសអ្នកមានប្រមាថមើលងាយកម្ពុជាថា ជាប្រទេសអ្នកក្រដែលមានអ្នកសុំទានពាក់កណ្តាលប្រទេស។សម្ដេចតេជោបានលើកឡើងថា រឿងកាន់តែហួសចិត្តមានជនជាតិថៃមួយចំនួនចេញមកនិយាយថា សូមកុំយកថៃទៅប្រៀបធៀបជាមួយកម្ពុជា ព្រោះកម្ពុជាធ្វើស៊ីហ្គេមដោយប្រើលុយចិន។ (រឿងបែបនេះគេអាចនិយាយទៅកើត តើនេះជាចរិត្តបុគ្គល ឬចរិតជនជាតិថៃ ដែលចូលចិត្តមើលងាយគេនិងប្រឌិតរឿង)។សម្ដេចតេជោបានបញ្ជាក់ថា៖«ខ្ញុំគួរតែបញ្ជាក់ថា មិត្តចិនតាមរយៈប្រធានាធិបតី ស៊ីជិនភីង ពិតជាបានជួយសាងសង់ស្តាតមរតកតេជោ ដែលជាកន្លែងបើកនិងបិទស៊ីហ្គេម ព្រមទាំងជាទីតាំង ប្រកួតវិញ្ញាសារមួយចំនួនផងដែរ ដែលខ្ញុំសូមយកឱកាសនេះជាថ្មីម្តងទៀត សូមអរគុណមិត្តចិនដែលបានជួយកសាងហេដ្ឋារចនាសម្ព័ន្ធកីឡាមួយនេះ ដែលកម្ពុជា និងប្រើតកូនតចៅ។ ស៊ីហ្គេមមានវិញ្ញាសារប្រកួតជាច្រើនដែលនៅភ្នំពេញមួយចំនួន និងតាមខេត្តមួយចំនួន។ នៅភ្នំពេញក្រៅពីទីតាំងដែលរដ្ឋាភិបាលកសាងក្រោយឆ្នាំ១៩៧៩ យើងនៅមានមរតកដែលបន្សល់ទុកដោយ សម្តេចឪ សម្តេចតា សម្តេចតាទួតរបស់យើងគឺ សម្តេចព្រះ នរោតម្តសីហនុ ព្រះបរមរតនកោដ្ឋ កសាងក្នុងអំឡុងឆ្នាំ១៩៦០ គឺស្តាតអូឡាពិកដែលជាទីតាំងនៃការប្រកួតពិសេសបាល់ទះ និងបាល់ទាត់ ដែលនៅទីនេះហើយដែលក្រុមបាល់ទាត់ថៃស្គាល់ពាក្យថា ចាញ់ និង ឥណ្ឌូណេស៉ីស្គាល់ពាក្យថា ឈ្នះលើថៃជាលើកដំបូងដែលធ្វើឲ្យកីឡាករថៃរករឿងកីឡាករ និងគ្រូបង្ហាត់ឥណ្ឌូណេស៉ី ដែលកម្ពុជាក្នុងនាមម្ចាស់ផ្ទះរកវិធីទប់ស្កាត់ជម្លោះ។ និយាយពីការចំណាយសម្រាប់ការប្រកួតយើង មិនបានប្រើប្រាស់លុយចិន ឬលុយពីប្រទេសផ្សេងសូម្បីមួយសេន»។សម្ដេចតេជោបានបញ្ជាក់ថា បានប្រគល់ភារកិច្ចជូន សម្តេច ទៀ បាញ់ ដឹកនាំគណៈកម្មាធិការនៃការរៀបចំ និងការប្រកួតដែលមាន ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន និងរដ្ឋមន្ត្រី ថោង ខុន នៅក្នុងគណៈកម្មាធិការនេះដែរ ដើម្បីវិធីរៀបចំលុយសម្រាប់បំរើឲ្យការប្រកួត។ សម្ដេចបានថ្លែងថា សម្ដេចពិតជាមានសំណាងដែលជាង២០ឆ្នាំចុងក្រោយនៃការកាន់តំណែងជា នាយករដ្ឋមន្ត្រី រយៈពេលជាង៣៨ឆ្នាំ សម្ដេចមានមេផ្ទះដ៏ល្អ២រូបទី១ ឯកឧត្តម គាត ឈន់ និងទី២ ឯកឧត្តម អូន ពន្ធ័មុនីរ័ត្ន។ មេផ្ទះទាំងពីររូបមិនមែនជាស្រីកញ្ជើធ្លុះទេ តែជាមេផ្ទះដែលចេះសន្សំពិសេសដំណាក់ការ ឯកឧត្តម អូន ព័ន្ធមុនីរ័ត្ន ជាដំណាក់ថវិកាដែលទុកចិត្តបាន និងថវិកាផ្សារភ្ជាប់ជាមួយគោលនយោបាយ។សម្ដេចតេជោបានបញ្ជាក់បន្ថែមថា តាមការចង្អុលណែនាំរបស់សម្ដេច ដែលប្រាប់ ឯកឧត្តម អូន ព័ន្ធមុនីរ័ត្ន និងសមាជិករាជរដ្ឋាភិបាលផ្សេងទៀតថា ត្រូវសន្សំសាច់ប្រាក់ដើម្បីកុំឲ្យលំបាកខ្វះសាច់ប្រាក់បើកប្រាក់ខែ។ បើចង់សល់សាច់ប្រាក់ត្រូវសន្សំគឺរកបាន១០ចាយតែ៧ឬ៨ សន្សំបាន២ឬ៣។ មុនកូវីដមកដល់សាច់ប្រាក់ក្នុងរតនាគារជាតិមានជិត៤ពាន់លានដុល្លារ ដែលពេលនោះ ខ្ញុំមានគំរោងដកយកពី១៥០០លាន ទៅ ២០០០លាន ដើម្បីវិនិយោគលើផ្លូវស្ពាន និងប្រឡាយទឹកតែជាអកុសលជម្ងឺកូវីដមកសម្លាប់ ជិវិតប្រជាជនយើង។ យើងគ្មានជម្រើសណាផ្សេងក្រៅពីយកលុយនេះមកការពារជីវិតប្រជាជន និងជួយប្រជាជននោះទេ។ តែទោះយ៉ាងណាសាច់ប្រាក់នៅរតនាគារនៅតែធានាការចំណាយដោយបើកបៀវត្សមួយខែពីរដងដដែរ។សម្ដេចតេជោបានបញ្ជាក់បន្ថែមថា សម្រាប់ការចំណាយស៊ីហ្គេមឆ្នាំ២០២៣ កម្ពុជាមិនបានប្រើថវិកាជាតិឆ្នាំ២០២៣ តែមួយឆ្នាំនោះទេ។ ការធ្វើបែបនេះ និងធ្វើឲ្យថវិកាឆ្នាំ២០២៣ រងសម្ភាធ និងផ្អាកចំណាយលើគំរោងវិនិយោគមួយចំនួន។ របៀបរបស់យើងត្រូវបញ្ចូលទៅក្នុងថវិកាប្រចាំឆ្នាំតាំងពីឆ្នាំ២០១៨ ដល់ឆ្នាំ ២០២២ ដែលក្នុងមួយឆ្នាំជិត ១០លានដុល្លារ បានថវិកាជិត៥០លានដុល្លារ។ ដោយឡែកថវិកាឆ្នាំ២០២៣ យើងយើងគ្រោងក្នុងច្បាប់ថវិកាចំនួន១៥០លានដុល្លារទៀតសរុប ជិត២០០លាន។ តែដោយស្មារតីសន្សំសំចៃដែលដឹកនាំដោយ សម្តេច ទៀ បាញ់ យើងចំណាយត្រឹមតែ១១៨លានដុល្លារប៉ុណ្ណោះដោយគិតទាំងចំណាយជំនួសកីឡា បរទេសទាំងការស្នាក់នៅហូបចុក។ ការមិនឲ្យកីឡាប្រទេសជាមិត្តបង់ប្រាក់តាមទម្លាប់គឺកម្ពុជាជាអ្នកធ្វើមុនដែលជាការសម្រេចរបស់សម្ដេចផ្ទាល់ ក្នុងគោលបំណងពង្រឹងសាមគ្គីភាពក្នុងអាស៊ានតាមរយៈវិស័យកីឡា។ កម្ពុជាជាប្រទេសក្រទ្រព្យ ក្រលុយ តែមិនក្រចិត្តនោះទេ យើងចិញ្ចឹមកីឡាប្រទេសជាមិត្តអស់ប្រហែល១២លានដុល្លារប៉ុណ្ណោះ។បើគិតទាំងការចំណាយលើការប្រកួតអាស៊ានប៉ារ៉ាហ្រ្គេមផង ចំណាយត្រឹម១២៦លានប៉ុណ្ណោះ និងបើគិតប្រាក់រង្វាន់ដល់កីឡាកម្ពុជាដែលទទួលបានមេដោយ គ្រប់កំរិតផងយើងចំណាយត្រឹម១៣០លានក្នុងគំរោងនៃច្បាប់ថវិកា២០១៨ ដល់ ២០២២ ប្រមាណជិត៥០លាននិង១៥០លានក្នុងច្បាប់ថវិកា២០២៣។ សម្រាប់កម្ពុជាអាចខុសពីថៃ នៅត្រង់តាំងពីចាប់ផ្តើមរៀបចំការសាងសង់រហូតដល់ប្រកួត និងការប្រកួតចប់រយៈពេលប្រមាណជាង៦ឆ្នាំយើងមិនដែលស្តីបន្ទោសគ្នា ឬស្រែកថា ខ្វះលុយឬធ្វើអធិការកិច្ចលើការចំណាយនោះទេ ទោះយើងត្រូវជនជាតិថៃខ្លះប្រមាថយើងថា ជាប្រទេសក្រីក្រក៏ដោយ។ នេះជារបៀបគិតគូរ និងរបៀបចំណាយនៃប្រទេសអ្នកក្រ ដែលមានអ្នកតាំងខ្លួនជាអ្នកមាន ប្រមាថលើយើង។សម្ដេចតេជោសង្ឃឹមថាជនជាតិថៃដែលនិយាយប៉ះពាល់ដល់កម្ពុជា ដកពាក្យដែលថា កុំយកថៃទៅប្រៀបធៀបជាមួយកម្ពុជាថា កម្ពុជាធ្វើស៊ីហ្គេមដោយប្រើលុយចិន ព្រោះពាក្យនេះមិនគ្រាន់តែមើលងាយចំពោះកម្ពុជាប៉ុណ្ណោះទេ តែវាក៏ជាប្រមាថឬទះកំភ្លៀងមហាអំណាចចិនផងដែរ។ សម្ដេចសង្ឃឹមថា ថៃនិងធ្វើបានល្អនៅស៉ីហ្គេម២០២៥នេះ ព្រមទាំងដោះស្រាយបានល្អនូវគ្រោះទឹកជំនន់រាប់ខែកន្លងមកនេះជាជាងមកគិតតែពីរឿងឈ្នះចាញ់ជាមួយកម្ពុជា និងមីយ៉ាន់ម៉ា។ ខ្ញុំរក្សាសិទ្ធឆ្លើយតបដើម្បីការពារសេចក្តីថ្លៃថ្នូរជាតិសាសន៍របស់ខ្ញុំ និងពន្យល់ទៅកាន់ប្រជាជនកម្ពុជា និងប្រជាជនថៃផងដែរ៕

សម្តេចធិបតី ហ៊ុន ម៉ាណែត ជួបសំណេះសំណាលសួរសុខទុក្ខប្រជាពលរដ្ឋ នៅភូមិ​ព្រៃចា​ន់ និងភូមិជោគជ័យ និងប្រជាពលរដ្ឋផ្សេងទៀតក្នុងខេត្តបន្ទាយមានជ័យ និងខេត្តបាត់ដំបង

2025/12/06 12:12:43 pm        241
នៅព្រឹកថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២៥នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃ​ព្រះ​រា​ជា​ណាចក្រកម្ពុជា អញ្ជើញជួបសំណេះសំណាលសួរសុខទុក្ខបងប្អូនប្រជាពលរដ្ឋ នៅភូមិ​ព្រៃចា​ន់ និងភូមិជោគជ័យ និងប្រជាពលរដ្ឋ ផ្សេងទៀតក្នុងឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយ​មាន​ជ័យ និងប្រជាពលរដ្ឋមួយចំនួននៅឃុំកំរៀង និងឃុំបឹងរាំង ស្រុកកំរៀង ខេត្តបាត់ដំបង ។សម្ដេចធិបតី ហ៊ុន ម៉ាណែត បាន​ថ្លែងអំណរគុណ ដល់គណៈបញ្ជាការឯកភាពរដ្ឋបាល​ខេត្ត​បន្ទាយ​មានជ័យ កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ និងផ្នែកពាក់ព័ន្ធទាំងអស់ ដែល​បាន​យក​ចិត្ត​ទុកដាក់ ធ្វើប្រតិបត្តិការអន្តរាគមន៍ក្នុងការការពារ និងរក្សានូវបូរណៈភាពទឹកដី ព្រមទាំង សេចក្តី​សុខសុវត្ថិភាពជូនបងប្អូនប្រជាពលរដ្ឋ ដោះស្រាយបញ្ហាផ្សេងៗ ជាពិសេស បង​ប្អូន​ប្រជា​ពលរដ្ឋ​រស់​នៅ​ភូមិព្រៃចាន់ និងភូមិជោគជ័យ បានយ៉ាងល្អ ប្រកបដោយការលះបង់ខ្ពស់។​ ជាមួយគ្នានេះ សម្ដេច​ក៏​សូម​ថ្លែងអំណរគុណដល់បងប្អូន​ អ៊ំពូមីង​ តាយាយ​ទាំងភូមិជោគជ័យ​ និងព្រៃចាន់​ ដែល​បាន​​ផ្តល់នូវការជឿជាក់​ ការគាំទ្រ​ និងផ្តល់​សេចក្តី​អត់​ធ្មត់​មក​លើ​រា​ជ​រដ្ឋាភិបាល​ក្នុង​ការ​អនុវត្ត​តួនាទី​ និងភារកិច្ចនៃបេសកកម្មការពារផលប្រយោជន៍​ បូរណភាពទឹកដី៕

​​ សម្ដេចតេជោ ហ៊ុន សែន រម្លឹក បកស្រាយប្រវត្តិ និងអ្នកនិពន្ធពិត នៃចម្រៀង “ឱ! ភ្នំពេញអើយ”

2025/12/03 08:15:19 pm        572
សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា នៅរាត្រី ថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២៥ នេះ បានបង្ហោះសារលើបណ្ដាញសង្គមផ្លូវការ ដោយបាន រម្លឹក និងបកស្រាយ ប្រវត្តិចម្រៀង “ឱ! ភ្នំពេញអើយ” ដែលមានខ្លឹមសារដូចខាងក្រោម៖ម្សិលមិញខួបលើកទី៤៧ នៃថ្ងៃបង្កើតរណសិរ្សសាមគ្គីសង្រ្គោះជាតិកម្ពុជា(២ធ្នូ១៩៧៨-២ធ្នូ២០២៥)។នៅសល់ជាង ១ខែទៀតនឹងឈានដល់ ខួបលើក៤៧ នៃថ្ងៃជ័យជំនះលើរបប ប៉ុល ពត(៧មករា១៩៧៩-៧មករា២០២៦)។ចម្រៀងបទ “ឱភ្នំពេញអើយ” នៅតែជាការចងចាំរបស់ប្រជាជនកម្ពុជា។ សម្រាប់ខ្ញុំចម្រៀងមួយបទនេះស្តាប់ហើយហូរទឹកភ្នែកដោយការរំភើប។ ទឹកដៃនិពន្ធទំនុកច្រៀងដោយ បង កែវ ចិន្តា និងការរៀបចំភ្លេង និងដឹកនាំផលិតដោយ បង ជ័យ សោភា និងច្រៀងដោយ ក្មួយ សូ ចន្នី ពិតជាគួរឲ្យគោរព និងកោតសរសើរ។ខ្ញុំសូមយកឱកាសនេះ សូមអភ័យទោស ពីវិញ្ញាណក្ខន្ធ បង កែវ ចិន្តា បង ជ័យ សោភា ក៏ដូចកូនៗ និងចៅរបស់បងទាំងពីរ ដែលមុននេះខ្ញុំយល់ច្រឡំថា គ្រួសារ បង កែវ ចិន្តា និងគ្រួសារ បង ជ័យ សោភា ដណ្តើមសិទ្ធិធ្វើជាម្ចាស់បទ “ឱភ្នំពេញអើយ” ប៉ុន្តែនៅពេលខ្ញុំឃើញការបង្ហោះតាម Facebook របស់ឈ្មោះ chun sothy ដែលនៅក្នុងនោះបានបញ្ជាក់ថា ម្ចាស់ស្នាដៃបទ «ឱភ្នំពេញអើយ» គឺលោកអ៊ុំ ម៉ម ធឿន…..បានទទួលមរណភាពហើយ។ ដំបូងឡើយខ្ញុំគិតថា អាចមានបទ ដែលមានចំណងជើងដូចគ្នា ប៉ុន្តែពិនិត្យខ្លឹមសារខាងក្រោមថា បទនេះនិពន្ធតាំងពីនៅឡុងយ៉ាវ ដែលជាទីតាំងខ្ញុំបង្កើតកងទ័ព និងជាមេបញ្ជាការខ្ពស់ជាងគេ ដែលនៅទីនោះមានអង្គភាពសិល្បះទាំងបុរាណ ទាំងសម័យ និង បង ជ័យ សោភា ជាជំនួយការខ្ញុំ គឺជារឿងដែលមិនអាចទៅរួចឡើយ។ (សិល្បះកងទ័ពសព្វថ្ងៃកកើតពី ខែកក្កដា ឆ្នាំ១៩៧៨ ដែលមានខ្ញុំជាបង្កើត) ចំណុចកាន់តែច្បាស់ បទនេះមិនអាចនិពន្ធមុនរំដោះភ្នំពេញបានឡើយ ព្រោះក្នុងខ្លឹមសារនៃបទចម្រៀងមានពាក្យ “ឱភ្នំពេញអើយ បីឆ្នាំនឹកអ្នកក្នុងឱរា” “ភ្នំពេញដួងព្រលឹងជាទីស្នេហា បីឆ្នាំខ្លោចផ្សា តែអ្នករក្សាបានប្រវត្តិថ្លៃថ្លា អង់អាចក្លាហាន” “ឱភ្នំពេញអើយ ទុក្ខសោកអ្នកបានស្បើយ ខ្ញុំជួបអ្នកវិញហើយ ឱដួងព្រលឹងអើយ ភ្នំពេញអើយ អើយភ្នំពេញអើយ”ខ្លឹមសារក្នុងបទចម្រៀងមានន័យគ្រប់គ្រាន់ថា បទចម្រៀងនេះនិពន្ធក្រោយភ្នំពេញត្រូវបានរំដោះ មិនមែននៅ ឡុងយ៉ាវ ឆ្នាំ១៩៧៨ នោះទេ។ ម្យ៉ាងទៀតចម្រៀងនេះមិនបានឮចាក់ផ្សាយមុន ថ្ងៃ៧ មករា ១៩៧៩ ផងដែរ។ មកនិយាយពីប្រវត្តិបទនៃចម្រៀង “ឱភ្នំពេញអើយ” វេលាថ្ងៃត្រង់ ថ្ងៃ៧ មករា ១៩៧៩ ភ្នំពេញត្រូវបានរំដោះ ខ្ញុំមិនប្រាកដថា បង កែវ ចិន្តា សរសេរនៅពេលល្ងាច ឬពេលយប់ ៧ មករា នោះទេ ព្រោះពេលនោះកំពុងប្រជុំមហាសន្និបាតបក្សលើកទី៣។ ល្ងាច ថ្ងៃ៨ មករា មានការប្រជុំដើម្បីចាត់តាំងរដ្ឋាភិបាល ដែលហៅថា ក្រុមប្រឹក្សាប្រជាជនបដិវត្តកម្ពុជា តែ បង កែវ ចិន្តា មិនបានចូលរួមប្រជុំទេ តែ បង កែវ ចិន្តា ក៏ត្រូវបានតែងតាំងជារដ្ឋមន្ត្រីឃោសនាការព័ត៌មាន និងវប្បធម៌។យប់ ថ្ងៃ ៨ មករា ខ្ញុំត្រឡប់ទៅចូលរួមបិទ មហាសន្និបាតបក្សវិញ ខ្ញុំអង្គុយទទួលទានបាយជាប់ជាមួយ បង កែវ ចិន្តា គាត់ក៏បានដឹងរឿងគាត់ធ្វើរដ្ឋមន្ត្រីដែរ ព្រោះគាត់ជាអ្នកគ្រប់គ្រងវិទ្យុផ្សាយសំឡេងរណសិរ្ស តាំងថ្ងៃ២ ធ្នូ១៩៧៨ មកម្ល៉េះ។ព្រឹក ថ្ងៃ ៩ មករា ១៩៧៩ មានការប្រជុំ រដ្ឋាបាលលើកដំបូង ដើម្បីបែងចែកភារកិច្ច។ ក្រោយប្រជុំចប់ឃើញឃើញ បង ជ័យ សោភា យូរម៉ាញ៉េតូហ្វូនយ៉ាងធំ ទៅដល់ដើម្បីឆ្លងយោបល់ បង កែវ ចិន្តា ។ បង កែវ ចិន្តា ឃាត់ខ្ញុំឲ្យនៅជាមួយគាត់។ ឯ បង ជ័យ សោភា និយាយមកកាន់ខ្ញុំថា បង ហ៊ុន សែន នៅជួយយោបល់ផង។ ទម្លាប់ បង ជ័យ សោភា ហៅខ្ញុំថា “បង” ទោះគាត់មានអាយុច្រើនជាងខ្ញុំក៏ដោយ។បង ជ័យ សោភា ចាក់បទ “ឱ! ភ្នំពេញអើយ” ៣ដង។ ក្រោយស្តាប់រួច បង កែវ ចិន្តា ឲ្យបន្ថែមភ្លេង ខ្ញុំមិនច្បាស់ទេ តែដូចជាបន្ថែមសម្លេងទ្រ។ ខ្ញុំមិនច្បាស់ថា បង ជ័យ សោភា ធ្វើតាមការណែនាំរបស់ បង កែវ ចិន្តា ឬអត់នោះទេ។ មានមនុស្សតែម្នាក់គត់ដែលអាចបំភ្លឺបាននោះ គឺ ក្មួយ សូ ចន្នី។ ប្រសិនបើគាត់ច្រៀងថតឡើងវិញមានន័យថា បង ជ័យ សោភា ធ្វើតាម បង កែវ ចិន្តា ប្រសិនបើមិនថតឡើងវិញ អាចថតតាមក្រោយទៀត ព្រោះចម្រៀងនេះត្រូវប្រញាប់ចាក់ផ្សាយក្រោយថ្ងៃរំដោះ។ដូចនេះតាមការស្មានរបស់ខ្ញុំ បង កែវ ចិន្តា សរសេរបទចម្រៀងនៅល្ងាច ថ្ងៃ៧ ឬយប់ថ្ងៃ ៧ មករា។ ប្រគល់ឲ្យ បង ជ័យ សោភា រៀបភ្លេង និងផលិតនៅ ថ្ងៃ ៨ ឬយប់ថ្ងៃ ៨ មករា និងព្រឹកថ្ងៃ ៩ មករា ១៩៧៩ ម៉ោងជាង ១០ព្រឹក ឆ្លងយោបល់ បង កែវ ចិន្តា។តើចម្រៀងនេះចាប់ផ្សព្វផ្សាយអ្នកនិពន្ធនៅពេលណា?ពេលចាក់ផ្សាយដំបូងមិនមាននិយាយពីអ្នកនិពន្ធទេ។ ចូលដល់ ខែកញ្ញា ឆ្នាំ១៩៧៩ គណប្រតិភូជាន់ខ្ពស់ដឹកនាំដោយ សម្តេច ហេង សំរិន ដែលរូបខ្ញុំ និង បង កែវ ចិន្តា អមដំណើរផងដែរទៅទស្សនកិច្ចនៅឡាវ។ ក្នុងពិធីជប់លៀង អ្នកចម្រៀងឡាវច្រៀងបទ “ឱ! ភ្នំពេញអើយ” ដោយអ្នកឧទ្ទេសនាមបកជាភាសាខ្មែរថាបទ “ឱ! ភ្នំពេញអើយ” និពន្ធដោយ សមមិត្ត កែវ ចិន្តា។ តាំងពីពេលនោះមក មិនមានអ្នកណាទាមទារសិទ្ធិជាអ្នកនិពន្ធទេ រាប់ទាំង ជ័យ សោភា ផងដែរ។ខ្ញុំសូមនិយាយទៅកាន់កូន ឬចៅ លោក ម៉ម ធឿន វិញម្តង។ ប្រហែលអ្នកផ្សាយព័ត៌មានខុសដោយអចេតនា ដែលថា លោក ម៉ម ធឿន ជាម្ចាស់បទចម្រៀង “ឱ! ភ្នំពេញអើយ” ខ្ញុំជាអ្នកគ្រប់គ្រងលើឪពុករបស់ក្មួយៗ និងចៅៗ យើងជាយោធា មិនអាចយកចម្រៀងទៅថតនៅអង្គភាពស៊ីវិលបានទេ បើគ្មានការអនុញ្ញាតិពីខ្ញុំនាពេលនោះ។ខ្ញុំសូម លោក chun sothy ធ្វើការកែតម្រូវព័ត៌មាន ដែលបានផ្សាយខុស។ ការខិតខំស្រាវជ្រាវ និងពន្យល់របស់ខ្ញុំ គឺដើម្បីជៀសវាងការយល់ច្រឡំទៅថ្ងៃក្រោយព្រោះបទចម្រៀង “ឱ! ភ្នំពេញអើយ” ជាបទចម្រៀងប្រវត្តិសាស្ត្រ៕

សម្ដេចធិបតី៖ ស្ថាប័នរដ្ឋ និងឯកជនបានទទួលយកជនមានពិការភាពជាង ១,៤ ម៉ឺននាក់ឱ្យ បម្រើការងារ

2025/12/03 12:36:32 pm        170
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និង​ជា​ប្រធាន​កិត្តិយស​ក្រុម​ប្រឹក្សាសកម្មភាពជនពិការ មានប្រសាសន៍បញ្ជាក់ថា គិតត្រឹមខែតុលា ឆ្នាំ២០២៥ ទាំង​ក្រសួង ស្ថាប័នសាធារណៈ និង​វិស័យឯកជន​នៅ​ទូទាំង​ប្រទេស​បាន​ទទួល​យក​ជន​មាន​ពិការ​ភាព​តាម​អត្រាកំណត់នៃច្បាប់សរុបចំនួន ១៤ ៤០៧នាក់ឱ្យបម្រើ​ការងារ​ដោយ​ទទួល​បាន​ប្រាក់​ចំណូល និងអត្ថប្រយោជន៍សង្គមតាមមុខតំណែង តួនាទី និងការងារស្របតាមសមត្ថភាព និង​ទេព​កោសល្យរៀងៗខ្លួន។តាមរយៈសារលិខិត ក្នុងឱកាសទិវាជនមានពិការភាពកម្ពុជាលើកទី២៧ និងអន្តរជាតិលើកទី៤៣ ក្រោម​ប្រធានបទ «បរិយាបន្នពិការភាពលើគ្រប់វិស័យដើម្បីលើកកម្ពស់វឌ្ឍនភាពសង្គម» នៅថ្ងៃ​ទី៣ ខែធ្នូ ឆ្នាំ២០២៥ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃកម្ពុជា មានប្រសាសន៍​បញ្ជាក់​ថា ​នៅកម្ពុជា រាជរដ្ឋាភិបាលបានយកចិត្តទុកដាក់ខ្ពស់ក្នុងការលើកកម្ពស់សិទ្ធិ និង​សុខុមាល​ភាព​ជនមានពិការភាពគ្រប់រូបដោយមិនមានការរើសអើងពណ៌សម្បុរ សាសនា ឋានៈ និងនិន្នាការនយោបាយណាមួយឡើយ។សម្ដេចធិបតី បានថ្លែងបញ្ជាក់ថា គិតត្រឹមខែតុលា ឆ្នាំ២០២៥នេះ មានក្រសួង ស្ថាប័នចំនួន ៤០ បានទទួលយកជនមានពិការភាពចូល បម្រើការងារសរុបចំនួន៧ ៥០២នាក់ ក្នុងនោះស្ត្រីមានពិការភាពចំនួន១ ០៣៥ នាក់ ជនមានពិការភាព កម្រិតធ្ងន់ចំនួន៣ ០៣៥នាក់ បើគិតជាភាគរយគឺស្មើនឹង២,៤៨%។ ចំណែក វិស័យឯកជន រួមមាន ធនាគារ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ សណ្ឋាគារ រោងចក្រ និងក្រុមហ៊ុននានា បានចុះបញ្ជីកានិងទទួលបានវិញ្ញាបនបត្រ លើការអនុវត្តច្បាប់ស្តីពីកិច្ចការពារនិងលើកកម្ពស់សិទ្ធិជនពិការទូទាំងប្រទេសមានសរុបចំនួន៤៦៦ និងបានទទួលយកជនមានពិការភាពចូលបម្រើការងារសរុបចំនួន៦ ៩០៥នាក់ ក្នុងនោះស្ត្រីមានពិការភាពចំនួន ៤ ៥២៧នាក់។ សម្ដេចធិបតីបានបញ្ជាក់ថាគិតមកដល់ឆ្នាំ២០២៥ រាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បាននិងកំពុងដំណើរការអនុវត្តកម្មវិធីកំណត់អត្តសញ្ញាណកម្មពិការភាពតាមគំរូសង្គមនិងសិទ្ធិជាមូលដ្ឋាន ដែលបច្ចុប្បន្នជនមានពិការភាពចំនួន ៣៥៥ ២៨០ នាក់ ក្នុងនោះស្ត្រីចំនួន១៧៤ ០១៣ នាក់ ត្រូវបានកំណត់ អត្តសញ្ញាណតាមរយៈជនបង្គោលនៅឃុំ សង្កាត់ទូទាំងប្រទេស ហើយបានផ្តល់បណ្ណសម្គាល់ជនមានពិការភាពបានចំនួន២៨៩ ៥៤៣បណ្ណ ក្នុងនោះស្ត្រីចំនួន ១៤១ ០៨៥ នាក់។ សម្ដេចធិបតី នាយករដ្ឋមន្រ្ដីមានប្រសាសន៍បញ្ជាក់ថា រាជរដ្ឋាភិបាលនីតិកាលទី៧នៃរដ្ឋសភាបានដាក់ចេញនូវយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ ដើម្បីកំណើន ការងារ សមធម៌ ប្រសិទ្ធភាព និងចីរភាព ដោយកំណត់យកអាទិភាពគន្លឹះចំនួន៥ រួមមាន មនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យាដែលមានន័យថា «មនុស្ស» នៅតែជាអាទិភាពទី១ សម្រាប់រួមចំណែកដល់ការអភិវឌ្ឍ ប្រទេសជាតិ។ យុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១នេះ ផ្តោតនិងតម្កល់ខ្ពស់នូវឧត្តមគតិស្នេហាជាតិដ៏ថ្លៃថ្លា និងបរិសុទ្ធ បន្តបំពេញបេសកកម្មជាប្រវត្តិសាស្ត្រក្នុងការបម្រើជាតិមាតុភូមិប្រែក្លាយកម្ពុជាឱ្យទៅជាទឹកដីដ៏ពិសិដ្ឋ បរិបូរណ៍ វិបុលភាព ជាសង្គមមួយមានការដឹកនាំប្រកបដោយគុណាធិបតេយ្យ រួមសាមគ្គីជាធ្លុងមួយ លុបបំបាត់ ការរើសអើង លើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋគ្រប់រូប ជាពិសេសជនមានពិការភាពតាមរយៈការអភិវឌ្ឍ ប្រព័ន្ធគាំពារសង្គមតាមអភិក្រមហានិភ័យនៃវដ្តជីវិតដោយឈរលើស្មារតី «មិនបោះបង់ពលរដ្ឋណាម្នាក់» ជាមួយនឹងទស្សនវិស័យនិងគោលដៅដ៏ច្បាស់លាស់ គឺដើម្បីជំរុញកំណើនសេដ្ឋកិច្ចប្រកបដោយសមធម៌ និងបរិយាបន្ន ដើម្បីឈានទៅសម្រេចឱ្យបាននូវចក្ខុវិស័យកម្ពុជាជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅ ឆ្នាំ២០៣០ និងមានចំណូលខ្ពស់នៅឆ្នាំ២០៥០៕

ទូតសាធារណរដ្ឋឆែក ប្តេជ្ញាជំរុញទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការឆែក-កម្ពុជាឱ្យកាន់តែរីកចម្រើន

2025/12/02 04:24:37 pm        135
ភ្នំពេញ ៖ លោកជំទាវ ម៉ាកេតា កូល ហៃកូវ៉ា (Markéta Kolc Hájková) ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសាធារណរដ្ឋឆែកប្រចាំព្រះរាជាណាចក្រកម្ពុជា ប្តេជ្ញាជំរុញទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការឆែក-កម្ពុជាឱ្យកាន់តែរីកចម្រើនថែមទៀត។​លោកជំទាវ ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសាធារណរដ្ឋឆែក បានបញ្ជាក់បែបនេះ ក្នុងឱកាស សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ នៅព្រឹកថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២៥ នៅវិមានសន្តិភាព។ក្នុងឱកាសនៃជំនួប, លោកជំទាវឯកអគ្គរដ្ឋទូត បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះ សម្ដេចបវរធិបតី ដែលបានចំណាយពេលដ៏មមាញឹក អនុញ្ញាតឱ្យរូបលោកជំទាវ និងសហការី ចូលជួបសម្ដែងការគួរសមនាឱកាសនេះ។ លោកជំទាវបានគូសបញ្ជាក់អំពីទំនាក់ទំនងដ៏យូរអង្វែង និងកិច្ចសហប្រតិបត្តិការល្អរវាងសាធារណរដ្ឋឆែក និងព្រះរាជាណាចក្រកម្ពុជា។ ជាមួយគ្នានេះលោកជំទាវបានគោរពជម្រាបជូនសម្ដេចបវរធិបតីថា ឆ្នាំ២០២៦ គឺជាខួបលើកទី៧០ នៃទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរ ដែលលោកជំទាវនឹងពិនិត្យលើកសំណើ ដើម្បីរៀបចំប្រារព្ធខួបនេះឱ្យបានល្អប្រសើរ។ លោកជំទាវក៏បានគូសបញ្ជាក់ពីការប្តេជ្ញាចិត្តក្នុងការខិតខំជំរុញទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគីឆែក-កម្ពុជា ឱ្យកាន់តែរីកចម្រើនបន្ថែមទៀត។ជាការឆ្លើយតប, សម្ដេចបវរធិបតីបានសម្ដែងការស្វាគមន៍ និងអបអរសាទរចំពោះលោកជំទាវដែលត្រូវបានតែងតាំងជាឯកអគ្គរដ្ឋទូតប្រចាំព្រះរាជាណាចក្រកម្ពុជា។ សម្ដេចបវរធិបតី មានជំនឿជឿជាក់ថា នៅក្នុងអាណត្តិការទូតរបស់លោកជំទាវ ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការកម្ពុជា-ឆែក នឹងកាន់តែរីកចម្រើនថែមទៀត។ សម្ដេចបវរធិបតី និងលោកជំទាវឯកអគ្គរដ្ឋទូត បានពិភាក្សាលើការបន្តជំរុញ និងពង្រីកកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរលើវិស័យសំខាន់ៗ មានជាអាទិ៍៖ អប់រំ, សុខាភិបាល, សន្តិសុខ និងការពារជាតិ, កសិកម្ម, ទេសចរណ៍, ហេដ្ឋារចនាសម្ព័ន្ធ និងបច្ចេកវិទ្យា។ បន្ថែមលើនេះ, សម្តេចបវរធិបតី និងលោកជំទាវ បានឯកភាពក្នុងការលើកកម្ពស់ឱ្យមានការភ្ជាប់ទំនាក់ទំនងរវាងវិស័យឯកជននៃប្រទេសទាំងពីរ ដើម្បីបង្កើនកាលានុវត្តភាពបន្ថែមទៀតក្នុងការជំរុញដល់ការវិនិយោគ។ជាកិច្ចបញ្ចប់, សម្ដេចបវរធិបតី បានលើកទឹកចិត្តឱ្យលោកជំទាវឯកអគ្គរដ្ឋទូត បន្តធ្វើការកាន់តែជិតស្និទ្ធថែមទៀតជាមួយក្រសួង-ស្ថាប័នពាក់ព័ន្ធកម្ពុជា និងបានជូនពរលោកជំទាវឱ្យទទួលបានជោគជ័យនៅក្នុងបេសកកម្មការទូតរបស់លោកជំទាវ នៅព្រះរាជាណាចក្រកម្ពុជា៕

សម្ដេចប្រមុខរដ្ឋស្ដីទី ជំរុញកម្ពុជា-កាណាដា បន្តពូនជ្រុំទំនាក់ទំនងពាណិជ្ជកម្ម និងវិនិយោគ​បន្ថែម ខណៈពាណិជ្ជកម្មប្រទេសទាំងពីរកើនដល់ជាង ១ពាន់លានដុល្លារ

2025/12/02 02:37:23 pm        170
សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទីនៃព្រះរាជាណាចក្រកម្ពុជា បានជំរុញឱ្យកម្ពុជា-កាណាដា បន្តពូនជ្រុំទំនាក់ទំនងពាណិជ្ជកម្ម និងវិនិយោគជាមួយគ្នាបន្ថែមទៀត ខណៈពាណិជ្ជកម្មប្រទេសទាំងពីរនាពេលបច្ចុប្បន្នកើនដល់ជាង១ពាន់លានដុល្លារអាមេរិក។សម្ដេចតេជោ ប្រមុខរដ្ឋស្ដីទី បានជំរុញបែបនេះ ក្នុងឱកាស អនុញ្ញាតឱ្យឯកឧត្តម Christian DesRoches ឯកអគ្គរដ្ឋទូត កាណាដា ប្រចាំព្រះរាជាណាចក្រកម្ពុជា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមានព្រឹទ្ធសភា នាព្រឹកថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២៥នេះ។ឯកឧត្តម ជា ធីរិទ្ធ អ្នកនាំពាក្យព្រឹទ្ធសភា បានឲ្យដឹងនៅក្រោយជំនួបថា នៅក្នុងជំនួបនោះ សម្ដេចតេជោ ហ៊ុន សែន បានសម្ដែងនូវការស្វាគមន៍ចំពោះឯកឧត្តមឯកគ្គរដ្ឋទូតកាណាដា ក៏ដូចជាសហការីនៅដែលបានជួបសម្ដែងការគួរសមនាពេលនេះ។សម្ដេចតេជោបានចាត់ទុកវត្តមានរបស់ឯកឧត្តមអគ្គរដ្ឋទូតកាណាដា នឹងធ្វើឲ្យទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរកាន់តែរីកចម្រើនបន្ថែមទៀត។ សម្ដេចបានសម្ដែងនូវក្តីរីករាយផងដែរចំពោះការវិលត្រឡប់របស់កាណាដាសារជាថ្មីក្នុងការដាក់នៃវាសនដ្ឋានស្ថានទូតប្រចាំនៅព្រះរាជាណាចក្រកម្ពុជា ដែលនេះបង្ហាញយ៉ាងច្បាស់អំពីការយកចិត្តទុកដាក់របស់កាណាដាចំពោះទំនាក់ទំនងជាមួយនឹងប្រទេសកម្ពុជា។នៅក្នុងឱកាសនោះ ឯកឧត្តមអគ្គរដ្ឋទូតកាណាដា បានសម្ដែងនូវការអរគុណចំពោះសម្ដេចតេជោ ហ៊ុន សែន ដែលបានអនុញ្ញាតឲ្យឯកឧត្តម និងសហការីបានចូលជួបសម្ដែងការគួរសមនៅពេលនេះ។ឯកឧត្តមបានបង្ហាញនូវភាពរីកចម្រើននៃទំនាក់ទំនងកម្ពុជា និងកាណាដា ហើយឯកឧត្តមផ្ទាល់ក៏ជាអ្នកស្រឡាញ់ចំពោះប្រទេសកម្ពុជា ដែលឯកឧត្តមបានរៀនភាសាខ្មែរ ហើយបានចេះនិយាយភាសាខ្មែរទៀតផង។ឯកឧត្តមសង្ឃឹមថា វត្តមានរបស់ឯកឧត្តមនៅក្នុងប្រទេសកម្ពុជានឹងធ្វើឱ្យទំនាក់ទំនងរវាងកម្ពុជា កម្ពុជា និងកាណាដា ជាពិសេសឯកឧត្តមនឹងធ្វើយ៉ាងណាឱ្យទំនាក់ទំនងនៅក្នុងវិស័យពាណិជ្ជកម្មរវាងកម្ពុជា និងកាណាដាកាន់តែមានភាពសកម្ម។ ឯកឧត្តមក៏បានលើកឡើងពីពាណិជ្ជកម្មរវាងប្រទេសទាំងពីរដែលក្នុងរយៈពេលចុងក្រោយនេះគឺមានភាពរីកចម្រើនគួរឲ្យកត់សម្គាល់ ដែលស្របជាមួយគ្នាទៅនឹងទំនាក់ទំនងទ្វេភាគីផ្នែក នយោបាយ និងការទូតរវាងកាណាដាននិងកម្ពុជា។ ក្នុងឱកាសនោះ សម្តេចតេជោបានសម្ដែងនូវក្តីរីករាយចំពោះការលើកឡើងរបស់ឯកឧត្តមអគ្គរដ្ឋទូតកាណាដា ជាពិសេសគឺការកើនឡើងនូវទំនាក់ទំនងពាណិជ្ជកម្មរវាងកម្ពុជា និងកាណាដា ដែលក្នុងពេលកន្លងទៅនេះទំនាក់ទំនងពាណិជ្ជកម្មរវាងប្រទេសទាំងពីរគឺការកើនឡើងដល់ជាង១ពាន់លានដុល្លារ ដែលសម្ដេចតេជោបានចាត់ទុកទំនាក់ទំនងពាណិជ្ជកម្មដែលមានប្រមាណប្រមាណជាង ១ពាន់លានដុល្លារនេះ គឺមិនមែនជារឿងសាមញ្ញទេ ដែលប្រទេសនៅឆ្ងាយពីគ្នាក៏ប៉ុន្តែអាចធ្វើពាណិជ្ជកម្មក្នុងរង្វង់ជាង១ពាន់លានដុល្លារជាមួយគ្នា គឺកើតឡើងពីការប្ដេជ្ញាចិត្ត និងការខិតខំប្រឹងប្រែងរវាងភាគីទាំងពីរ។សម្ដេចតេជោសង្ឃឹមថា កម្ពុជា និងកាណាដានឹងរួមសហការគ្នាបន្ថែមទៀតដើម្បីពូនជ្រុំនូវទំនាក់ទំនងរវាងប្រទេសទាំងពីរដែលជាទំនាក់ទំនងប្រវត្តិសាស្ត្រយូរមកហើយ ដែលមកដល់ពេលនេះនៅតែរក្សាបាននូវទំនាក់ទំនងដ៏ល្អ និងជាផ្នែកនៃការរុញច្រាននៃទំនាក់ទំនងដទៃទៀត ទាំងផ្នែកពាណិជ្ជកម្មវិនិយោគ ពិសេសនៅក្នុងផ្នែកវិនិយោគនៅក្នុងព្រះរាជាណាចក្រកម្ពុជាបន្ថែមទៀត។នៅក្នុងឱកាសនោះ ឯកឧត្តមអគ្គរដ្ឋទូតកាណាដាក៏បានសម្ដែងនូវក្តីអរគុណចំពោះសម្តេចតេជោសារជាថ្មី ជាពិសេសឯកឧត្តមចាប់អារម្មណ៍ចំពោះការលើកឡើងរបស់សម្ដេចតេជោ ហើយតួអង្គរបស់សម្ដេចតេជោ ឯកឧត្តមមិនមែនតែចាប់អារម្មណ៍តែពេលនេះនោះទេ គឺឯកឧត្តមបានចាប់អារម្មណ៍តាំងពីពេលដែលឯកឧត្តមនៅកាណាដាមកម៉្លេះ ហើយឯកឧត្តមបានសិក្សាអំពីប្រវត្តិតស៊ូរបស់សម្ដេចតេជោផងដែរ។ ឯកឧត្តមសន្យាថា នឹងជំរុញបន្ថែមទៀត នៅអ្នកវិនិយោគកាណាដាមកកម្ពុជា ហើយឯកឧត្តមបានបញ្ជាក់ថានៅពេលនិយាយពីការវិនិយោគនៅកម្ពុជា គេនឹងនឹកឃើញដល់ធនាគារ ABA ដែលជាធនាគាររបស់កាណាដា ដែលនេះជាផ្លែផ្កាមួយ ហើយឯកឧត្តម នឹងជំរុញការវិនិយោគបន្ថែមទៀតទៅកាន់អ្នកវិនិយោគកាណាដាមកកាន់ព្រះរាជាណាចក្រកម្ពុជា។ជាចុងក្រោយ សម្ដេចតេជោ ហ៊ុន សែន បានជូនពរឯកឧត្តមឯកអគ្គរដ្ឋទូតកាណាដាប្រចាំនៅកម្ពុជាសូមទទួលបាននូវភាពជោគជ័យក្នុងភារកិច្ចការងារ៕

សម្ដេចធិបតី ហ៊ុន ម៉ាណែត អនុញ្ញាតជូនឯកអគ្គរដ្ឋទូតឆេកប្រចាំកម្ពុជាជួបសម្តែងការគួរសម និងពិភាក្សាការងារ

2025/12/02 11:37:59 am        161
ភ្នំពេញ៖ នៅព្រឹកថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២៥នេះ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយក​រដ្ឋ​មន្រ្ដី​​​នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតជូនលោកជំទាវ Markéta Kolc Hájková ឯក​អគ្គ​រដ្ឋ​ទូត​វិសាមញ្ញ និងពេញសមត្ថភាព នៃសាធារណរដ្ឋឆេក ប្រចាំព្រះរាជាណាចក្រកម្ពុជា ជំនួប​សម្តែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាព។

សម្តេចតេជោប្រមុខរដ្ឋស្តីទី អនុញ្ញាតឱ្យលោកជំទាវឯកអគ្គរដ្ឋទូតឆែក ចូលជួបសម្តែងការគួរសម

2025/12/02 11:31:04 am        156
នៅព្រឹកថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២៥ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យលោកជំទាវ ម៉ាកេតា ខូល ហាចកូវ៉ា ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋឆែក ប្រចាំព្រះរាជាណាចក្រកម្ពុជា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមានព្រឹទ្ធសភា៕

សម្ដេចធិបតី នាយករដ្ឋមន្រ្ដីអនុញ្ញាតជូនឯកអគ្គរដ្ឋទូតប្រេស៊ីល​ប្រចាំ​កម្ពុជា​ជួបសម្តែងការគួរសម និងពិភាក្សាការងារ

2025/12/02 10:58:37 am        176
ភ្នំពេញ៖ នៅព្រឹកថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២៥នេះ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋ​មន្រ្ដី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បានអនុញ្ញាតជូនលោកជំទាវ Vivian Loss Sanmartin ឯកអគ្គ​រដ្ឋ​ទូត​វិសាមញ្ញ និងពេញសមត្ថភាព នៃសាធារណរដ្ឋសហព័ន្ធប្រេស៊ីល ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា​ ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាព។

សម្តេចធិបតី នាយករដ្ឋមន្ត្រី អនុញ្ញាតជូនគណៈប្រតិភូក្រុមប្រឹក្សាធុរកិច្ច អាម៉េរិក-អាស៊ាន ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ

2025/12/02 09:55:57 am        145
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា អនុញ្ញាជូន គណៈប្រតិភូក្រុមប្រឹក្សាធុរកិច្ច អាម៉េរិក-អាស៊ាន ដឹកនាំដោយលោក Ted Osius អនុប្រធានជាន់ខ្ពស់ និងជានាយកគ្រប់គ្រងប្រចាំតំបន់ នៃUSABC អមដំណើរដោយលោកស្រី Bridgette L. Walker ភារៈធារីនៃស្ថានទូតសហរដ្ឋអាម៉េរិក ប្រចាំព្រះរាជាណាចក្រកម្ពុជា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នាព្រឹកថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០២៥ នៅវិមានសន្តិភាព រាជធានីភ្នំពេញ។

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ក្រុមអ្នកជួយសង្គ្រោះកំពុងប្រញាប់ប្រញាល់ជួយសង្គ្រោះមនុស្ស ២នាក់ ដែលជាប់ក្នុងរូងភ្នំ នៅប្រទេសឡាវ
06/01/2026 04:06 PM
រដ្ឋមន្ត្រី៖ កាតាត្រៀមខ្លួនចរចាអំពីការយកថ្លៃសេវាបណ្ដោះអាសន្នសម្រាប់ការឆ្លងកាត់ច្រកសមុទ្រ ហ័រមូស
06/01/2026 04:06 PM
តម្លៃប្រេងឡើង​ជាង ២ភាគរយ​ ខណៈអ៊ីស្រាអែលបង្កើនការលុក​លុយ​ក្នុង​ដែន​ដី​របស់​លីបង់
06/01/2026 04:06 PM
ចក្រភពអង់គ្លេស និងអាល្លឺម៉ង់ ជំរុញឲ្យគ្រប់ភាគីនៃជម្លោះនៅលីបង់ បញ្ឈប់អរិភាព
06/01/2026 04:06 PM
ក្រសួងសុខាភិបាល៖ ចំនួនអ្នកស្លាប់ពីការវាយប្រហាររបស់អ៊ីស្រាអែលលើលីបង់កើនឡើងជាង ៣.៤០០នាក់
06/01/2026 04:06 PM
ទេសរដ្ឋមន្រ្តី គន់ គីម អញ្ជើញជួបអតីតយុទ្ធជនចំនួន ៣០០គ្រួសារ ដើម្បីរៀបចំផ្តល់ដីធ្វើកសិកម្ម ក្នុងខេត្តបាត់ដំបង
06/01/2026 04:06 PM
អ៊ីរ៉ង់បដិសេធរបាយការណ៍អំពីការលាលែងពីតំណែងរបស់ប្រធានាធិបតី
06/01/2026 04:06 PM
ប្រធានសហព័ន្ធបាល់ទាត់លើតុចាត់ទុកជើងឯកថ្នាក់ជាតិលើកដំបូងជាសញ្ញាណល្អក្នុងការអភិវឌ្ឍ
06/01/2026 03:06 PM
ប្រធានាធិបតីស៊ីរីបានសន្ទនាតាមទូរស័ព្ទជាមួយលោក TRUMP អំពីការគាំទ្រដល់សេដ្ឋកិច្ចរបស់ក្រុងដាម៉ាស
06/01/2026 03:06 PM
អ៊ីរ៉ង់ព្រមានសាធារណជនកុំយកចិត្តទុកដាក់នឹងពាក្យចចាមអារ៉ាមអំពីការចរចាជាមួយអាមេរិក
06/01/2026 03:06 PM