សម្ដេចធិបតី ហ៊ុន ម៉ាណែត៖ អាទិភាពរបស់រាជរដ្ឋាភិបាល​ គឺ ប្រទេសជាតិ​,​ប្រជាជន, ទឹកដី និង​ ឯករាជ្យភាពជាតិ
សម្ដេចធិបតី៖ យុទ្ធនាការកម្ចាត់ Online Scams ប៉ុន្មានខែចុងក្រោយនេះ បានស្ដារមុខមាត់កម្ពុជាមកវិញ
សម្ដេចធិបតី៖ កម្ពុជាជាសមាជិក WTO មិនអាចហាមឃាត់ការនាំចូលទំនិញពីប្រទេសដទៃបានទេ
សម្ដេចធិបតី៖ ឆ្នាំ២០២៩ កម្ពុជានឹងចាកចេញពីប្រទេសអភិវឌ្ឍន៍តិចតួចបន្តដំណើរទៅកាន់ប្រទេសអភិវឌ្ឍន៍

ព័ត៌មានសំខាន់ៗ

ការបង្ហាញ​ខ្លួន​នៅ​តុលាការ​របស់លោក Trump លុប​លើ​ព័ត៌មាន​ផ្សេងទៀត​នៅ​សហរដ្ឋអាមេរិក និង​កាណាដា​

2023/04/05 09:51:22 am        480
​អាមេរិក៖ ការផ្សាយ​ព័ត៌មាន​ពេល​ល្ងាច​របស់​សហរដ្ឋអាមេរិក និង​ប្រទេស​កាណាដាបាន​នាំមុខ​ជាមួយនឹង​រឿងរ៉ាវនៃ​ការឡើង​បង្ហាញ​របស់ខ្លួន​អតីត​ប្រធានាធិបតី Donald Trump នៅ​តុលា​ការដែល​បង្កើតជា​រឿង​ប្រវត្តិសាស្ត្រ​កាលពី​ថ្ងៃ​អង្គារ ទី​៤ ខែមេសា​។ លោក Trump បានផ្តល់​ចម្លើយ​ពី​ភាព​គ្មាន​ទោស​ចំពោះ​បទឧក្រិដ្ឋ​ចំនួន ៣៤ករណី​នៃ​ការ​ក្លែងបន្លំ​ឯកសារ​ពាណិជ្ជកម្ម ខណៈ​រដ្ឋអាជ្ញា​បាន​ចោទប្រកាន់​លោក​ពីបទ​បង់ប្រាក់​ទៅឱ្យ​ស្ត្រី​ ២​នាក់​មុន​ការបោះឆ្នោត​នៅ​សហរដ្ឋអាមេរិក​ឆ្នាំ ២០១៦ ​ដើម្បី​បិទ​ការផ្សព្វផ្សាយ​អំពី​ទំនាក់ទំនង​ផ្លូវភេទ​របស់​ពួកគេ​ជាមួយ​លោក​។​ ​ការចោទប្រកាន់​នេះ​ផ្តោតលើ​ការបង់ប្រាក់​បិទមាត់​ទៅ​ឲ្យ​តារាភាពយន្ត​អាសអាភាស​នាង Stormy Daniels។ នាង​អះអាងថា​មាន​ទំនាក់ទំនង​ផ្លូវភេទ​ជាមួយ​លោក Trump ដែល​លោក​បាន​បដិសេធ​។ រដ្ឋអាជ្ញាបាន​ពិពណ៌នា​លម្អិត​អំពី​ការបង់ប្រាក់​ដែល​ត្រូវបាន​ចោទប្រកាន់​ផ្សេងទៀត ដើម្បី​បិទ​រឿងរ៉ាវ​ដែល​ជះឥទ្ធិពល​អាក្រក់ដែល​រឿង​មួយ​ពាក់ព័ន្ធ​នឹង​អ្នក​បើកទ្វារ និង​មួយទៀត​ពាក់ព័ន្ធ​នឹង​អតីត​តារា​ម៉ូ​ឌែ​ល​ទស្សនា​វ​ដ្តី ​Playboy ​ម្នាក់​។ ចៅក្រមលោក Juan Merchan មិន​បានចេញ​សេចក្តី​បង្គាប់​ហាមឃាត់​លើ​លោក Trump នោះទេ ប៉ុន្តែ​បានស្នើ​ឱ្យ​ភាគី​ទាំង២ ​យកចិត្តទុកដាក់​លើ​ពាក្យសម្តី​ និង​វោហារសាស្ត្រ​របស់​ពួកគេ​។​ ​ខណៈ​ការ​ក្លែងបន្លំ​ឯកសារ​ពាណិជ្ជកម្ម​នៅ​ទីក្រុង​ញូវយ៉ក​លើ​ពាណិជ្ជកម្ម​ផ្ទាល់ខ្លួន គឺជា​បទល្មើស​មជ្ឈិម​ដែល​ត្រូវ​ផ្តន្ទាទោស​ឲ្យ​ជាប់ពន្ធនាគារ​មិន​លើសពី​មួយឆ្នាំ វា​ត្រូវបាន​បង្កើន​ទៅជា​បទឧក្រិដ្ឋ​ដែល​មានទោស​រហូតដល់ ៤ឆ្នាំ នៅពេលដែល​ត្រូវបានធ្វើ​ដើម្បី​ជំរុញ ឬ​លាក់បាំង​បទឧក្រិដ្ឋ​ផ្សេងទៀតដូចជា​ការរំលោភច្បាប់​បោះឆ្នោត​ជាដើម៕អត្ថបទ៖ សុខមាន

លោក Trump ត្រឡប់មក​រដ្ឋ Florida វិញ​ បន្ទាប់ពី​ការនាំ​ខ្លួន​ឡើង​តុលាការ​នៅ​ញូវយ៉ក

2023/04/05 09:25:35 am        431
​អាមេរិក៖ អតីត​ប្រធានាធិបតី​សហរដ្ឋអាមេរិកលោក Donald Trump បានមក​ដល់​រដ្ឋ Florida វិញ​កាលពី​ថ្ងៃ​អង្គារ បន្ទាប់ពី​ត្រូវបាន​ចោទប្រកាន់​ពីបទ​ក្លែងបន្លំ​ឯកសារ​ពាណិជ្ជកម្មនៅក្នុង​ទីក្រុង​ញូវយ៉ក​។ លោក Trump បានផ្តល់​ចម្លើយ​ពី​ភាព​គ្មាន​ទោសកំហុស​ចំពោះ​បទឧក្រិដ្ឋ​ចំនួន ៣៤​ករណីនៃ​ការ​ក្លែងបន្លំ​ឯកសារ​ពាណិជ្ជកម្មនៅក្នុង​ពេលវេលា​ជា​ប្រវត្តិសាស្ត្រ​សម្រាប់​សហរដ្ឋអាមេរិក​។​ចុងចោទលោក Donald Trump កាលពី​ថ្ងៃ​អង្គារ ទី​៤ ខែមេសាបាន​បដិសេធចោល​កំហុស​ទាំងអស់ ខណៈ​រដ្ឋអាជ្ញា​បាន​ចោទប្រកាន់​លោក​ពីបទ​បង់ប្រាក់​ទៅឱ្យ​ស្ត្រី ២​នាក់​មុន​ការបោះឆ្នោត​នៅ​សហរដ្ឋអាមេរិក​កាលពី​ឆ្នាំ២០១៦ ដើម្បី​បំបិទមាត់​មិន​ឲ្យ​ផ្សព្វផ្សាយ​ពី​ទំនាក់ទំនង​ផ្លូវភេទ​របស់​ពួកគេ​ជាមួយលោក​។​ ​នៅក្នុង​ការ​បង្ហោះ​តាម​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម​លើកដំបូង​របស់លោក ​Trump ចាប់តាំងពី​ការចូល​បង្ហាញខ្លួន​នៅ​តុលាការ​នៅ​តំបន់ Manhattan កាលពី​ព្រឹក​ថ្ងៃ​អង្គារ អតីត​ប្រធានាធិបតី​សហរដ្ឋអាមេរិក​រូបនេះបាន​សរសេរ​នៅលើ​បណ្តាញ​សង្គម​របស់លោក Truth Social ថា សវនាការ​នេះ​ពិតជា​ភ្ញាក់ផ្អើល​ដល់​មនុស្ស​ជាច្រើនក្នុង​រឿង​មិនគួរ​មានការ​ភ្ញាក់ផ្អើល ដូច្នេះគ្មាន​រឿងក្តី​អ្វី​ទាំងអស់​។ ស្ទើរតែ​គ្រប់​អ្នកជំនាញ​ច្បាប់បាន​និយាយថា​ ពុំមាន​ករណី​ណាមួយ​នៅទីនេះ​នោះទេ​។ ពុំមាន​អ្វីដែល​ធ្វើ​ខុសច្បាប់​នោះឡើយ​។ ​លោក Trump អាយុ ៧៦ឆ្នាំ​បាន​និយាយថា «​ពុំមាន​កំហុស​នោះទេ​» នៅពេល​ត្រូវបាន​គេ​សួរ​។ លោក Trump មិនបាន​និយាយ​អ្វី​ឡើយ ខណៈ​លោក​ចូលទៅក្នុង​បន្ទប់​សវនាការ ឬ​ពេលដែល​លោក​ចាកចេញ​មកវិញ​ប្រហែល​មួយ​ម៉ោង​ក្រោយមក៕អត្ថបទ៖ ប៊ុនថន

សម្តេចតេជោ អំពាវនាវឲ្យជនរួមជាតិគ្រប់រូបរួមគ្នាទិញ និងគាំទ្រផលិតផលខ្មែរដើម្បីបង្កើតការងារដល់ពលរដ្ឋខ្មែរ

2023/04/04 10:36:53 pm        78
ភ្នំពេញ÷ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងជាប្រធានកិត្តិយសគណៈកម្មាធិការជាតិចលនាភូមិ មួយផលិតផលមួយ បានអំពាវនាវជាថ្មីម្តងទៀតឲ្យបងប្អូនប្រជាជនកម្ពុជាគ្រប់រូបចូលរួមគាំទ្រ និងទិញផលិតផលខ្មែរយកទៅប្រើប្រាស់ឲ្យបានច្រើន ដើម្បីធ្វើយ៉ាងណាបង្កើតការងារដល់ពលរដ្ឋខ្មែរខ្លួនឯងឲ្យបានកាន់តែច្រើនបន្ថែមទៀត ខណៈរាជរដ្ឋាភិបាលកំពុងជំរុញគុណភាពផលិតផលខ្មែរនេះឲ្យបានកាន់តែល្អក្នុងគោលបំណងបង្កើនតម្លៃ ដើម្បីឆ្លើយតបទៅនឹងតម្រូវការទីផ្សារក្នុងប្រទេស និងក្រៅប្រទេស។ក្នុងសារិខិតរបស់សម្តេចតេជោ នាយប់ថ្ងៃទី៤ ខែមេសា ឆ្នាំ២០២៣នេះ ដើម្បីអបអរសាទរទិវាជាតិលើកកម្ពស់ការប្រើប្រាស់ផលិតផលខ្មែរ លើកទី៦ឆ្នាំ២០២៣ ក្រោមវិធានបទ«រួមគ្នាទិញផលិតផលខ្មែរ គឺបង្កើតការងារជូនពលរដ្ឋខ្មែរ» សម្តេចតេជោ នាយករដ្ឋមន្រ្តីបានលើកឡើងថា ដើម្បីឲ្យផលិតផលខ្មែរកាន់តែរីកចំរើនបន្ថែមទៀតនោះ ភាគីពាក់ព័ន្ធទាំងអស់ទាំងក្នុងជូររាជរដ្ឋាភិបាល អង្គការសង្គមស៊ីវិល និងវិស័យឯកជន ត្រូវបន្តសហការគ្នាដើម្បីជំរុញចលនាភូមិមួយផលិតផលមួយ ក្នុងការចងក្រងបណ្តាញ សមាជិកចលនាភូមិមួយផលិតផលមួយឲ្យបានទូលំទូលាយ និងគៀរគដៃគូនានាសហការគ្នារៀបចំឲ្យមាន ព្រឹត្តិការណ៍តាំងបង្ហាញ និងលក់ ទិញផលិតផលខ្មែរ តាមទីកន្លែងដែលមានសក្តានុពលទូទាំងប្រទេស។នៅក្នុងសារលិខិត សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីបានប្រកាសផងដែរថា ទិវាជាតិលើកកម្ពស់ការប្រើប្រាស់ផលិតផលខ្មែរ លើកទី៦ នឹងរៀបចំនៅខេត្តស្វាយរៀង ចាប់ពីថ្ងៃទី ដល់ថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២៣នេះ ខណៈការដែលរាជរដ្ឋាភិបាលឲ្យមានការរៀបចំនូវកម្មវិធីនេះ គឺដើម្បីជំរុញឲ្យព្រឹត្តិការណ៍នេះក្លាយទៅជាសំឡេងស្គរ ទូងដាស់ស្មារតីបងប្អូនប្រជាពលរដ្ឋកម្ពុជាគ្រប់រូបឲ្យខិតខំផលិត និងប្រើប្រាស់ផលិតខ្មែរឲ្យបានកាន់តែច្រើនខ្លាំងឡើងបន្ថែមទៀតផងដែរ។សម្តេចតេជោ ហ៊ុន សែន ក៏បានលើកឡើងផងដែរថា ទិវាជាតិលើកកម្ពស់ការប្រើប្រាស់ផលិតផលខ្មែរ លើកទី៦ ឆ្នាំ២០២៣នេះ ត្រូវបានរៀបចំដើម្បីផ្សព្វផ្សាយដល់ក្រសួងស្ថាប័ន និងដៃគូពាក់ព័ន្ធ ព្រមទាំងប្រជាពលរដ្ឋទាំងអស់រួមគ្នាផលិត កែច្នៃប្រើប្រាស់ និងទិញផលិតផលខ្មែរ ជាពិសេសក្នុងឱកាសនៃពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិរបស់យើងនាថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២៣ខាងមុខនេះ សម្រាប់ជាការរួមគ្នាកសាងកម្លាំងសេដ្ឋកិច្ចកម្ពុជាឲ្យកាន់តែមានសន្ទុះខ្លាំងក្លាថែមទៀត ក្រោមបរិយាកាសដ៏អំណោយផល នៃម្លប់សន្តិភាពផងដែរ។ក្នុងសារលិខិតនេះដែរ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី ក៏បានលើកឡើងផងដែរថា ពេលវេលាប្រមាណសាមសិបឆ្នាំមុន ដែលរាជរដ្ឋាភិបាលបានហែលឆ្លងស្ថានភាពដ៏លំបាកលំបិនមួយ ដែលស្ថានភាពពេលនោះគឺដៃម្ខាងត្រូវខិតខំបញ្ចប់សង្រ្គាម ស្វែងរកសុខសន្តិភាព និងដៃម្ខាងទៀតគឹប្រឹងកសាង ស្តារឡើងវិញ និងអភិវឌ្ឍប្រទេសរហូតឈានដល់ការសម្រេចបាននូវការការបញ្ចប់សង្រ្គាមបានទាំងស្រុងក្រោម«នយោបាយ ឈ្នះ ឈ្នះ» ដែលនាំឲ្យប្រទេសជាតិយើងឆ្ពោះទៅរកការអភិវឌ្ឍលើគ្រប់វិស័យ។ សម្តេចតេជោ បានបញ្ជាក់បន្ថែមទៀតថា«សន្តិភាព និងការអភិវឌ្ឍ គឺជាចំណងទំនាក់ទំនងគ្នាដែល មិនអាចកាត់ផ្តាច់បាន។ ដូច្នេះយើងត្រូវរួមគ្នាបន្តថែរក្សាសុខសន្តិភាពដើម្បីរួមសហការគ្នាជំរុញល្បឿននៃការអភិវឌ្ឍ ដោយទាញយកសក្តានុពលនៃសន្តិភាពនេះឲ្យបានអស់លទ្ធភាពផងដែរ៕អត្ថបទ÷ បាន ចក់

សម្ដេចតេជោ ហ៊ុន សែន អញ្ជើញចូលរួមក្នុងពិធីលៀងសាយភោជន៍ រៀបចំដោយនាយករដ្ឋមន្ត្រីឡាវ

2023/04/04 08:49:12 pm        435
ឡាវ៖ នៅរាត្រីថ្ងៃទី៤ ខែមេសា ឆ្នាំ២០២៣ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញចូលរួមក្នុងពិធីលៀងសាយភោជន៍ ដែលរៀបចំដោយឯកឧត្តម Sonexay Siphandone នាយករដ្ឋមន្រ្តី នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ។ នេះជាពិធីលៀងសាយភោជន៍ពេលរាត្រីជាមហាកិត្តិយសដ៏ខ្ពង់ខ្ពស់បំផុត ជូនសម្តេច ឯកឧត្តម លោកជំទាវ ប្រមុខរដ្ឋាភិបាល និងថ្នាក់ដឹកនាំ នៃបណ្តាប្រទេសមេគង្គ ដែលបានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំកំពូលមេគង្គលើកទី៤ នៅរដ្ឋធានីវៀងចន្ទន៍ នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ។ ប្រមុខរដ្ឋាភិបាល និងថ្នាក់ដឹកនាំ នៃបណ្តាប្រទេសមេគង្គ ត្រូវបានការធ្វើគារវកិច្ចស្វាគមន៍យ៉ាងស្និទ្ធស្នាលពី ឯកឧត្តម Sonexay Siphandone នាយករដ្ឋមន្រ្តីឡាវ មុនពិធីលៀងសាយភោជន៍ពេលរាត្រីចាប់ផ្តើម។ថ្លែងសុន្ទរកថាក្នុងពិធីលៀងសាយភោជន៍ពេលរាត្រី ឯកឧត្តម Sonexay Siphandone នាយករដ្ឋមន្រ្តីឡាវ មានប្រសាសន៍ថា ក្នុងនាមរដ្ឋាភិបាល និងប្រជាជនឡាវ ឯកឧត្តមសូមសំដែងនូវការស្វាគមន៍​យ៉ាងស្និទ្ធស្នាល​រ៉ាក់ទាក់បំផុត ជូនចំពោះសម្តេច ឯកឧត្តម លោកជំទាវ ប្រមុខរដ្ឋាភិបាល និងថ្នាក់ដឹកនាំនៃប្រទេសមេគង្គ ក៏ដូចជាដៃគូអភិវឌ្ឍន៍ទាំងអស់របស់ គណៈកម្មការទន្លេមេគង្គ ដែលបានចំណាយពេលវេលាដ៏មានតម្លៃបំផុត អញ្ជើញមកចូលរួមកិច្ចប្រជុំកំពូលមេគង្គលើកទី៤ នៅរដ្ឋធានីវៀងច័ន្ទដ៏ស្រស់បំព្រង។ ឯកឧត្តមនាយករដ្ឋមន្រ្តីឡាវ មានប្រសាសន៍បន្តថា កិច្ចប្រជុំរបស់យើងនៅថ្ងៃទី៥មេសាស្អែក គឺពិតមានតម្លៃខ្លាំង​ណាស់ ដើម្បីពិនិត្យឡើងវិញអំពីវឌ្ឍនភាព និងសមិទ្ធផលសំខាន់ៗ ដែលគណៈកម្មការទន្លេមេគង្គសម្រេចបាន តាមរយៈការលើកកម្ពស់កិច្ចខិតខំប្រឹងប្រែងរួមគ្នា និងភាពជាដៃគូឆ្ពោះទៅសម្រេចបាន នូវគោលដៅ​អភិវឌ្ឍន៍​ប្រកបដោយចីរភាពក្នុងអាងទន្លេមេគង្គ ចាប់តាំងពីកិច្ចប្រជុំកំពូលគណៈកម្មការទន្លេមេគង្គលើកទី៣ កាលពី​ឆ្នាំ២០១៨ នៅប្រទេសកម្ពុជា។ ឯកឧត្តមនាយករដ្ឋមន្រ្តីឡាវ ក៏បានចាត់ទុកថា កិច្ចប្រជុំរបស់យើងក៏​នឹងពិភាក្សាអំពី​បញ្ហាប្រឈម ដែលកំពុងកើតមាននៅក្នុងអាងទន្លេមេគង្គ និងកំណត់ទិសដៅយុទ្ធសាស្ត្រនាពេលអនាគត ដើម្បីរួម​គ្នាដោះស្រាយបញ្ហាប្រឈមក្នុងអាងទន្លេមេគង្គ ឱ្យកាន់តែមានប្រសិទ្ធភាព ព្រមទាំងបន្តជំរុញកិច្ចសហប្រតិបត្តិការ និងភាពជាដៃគូក្នុងតំបន់ សម្រាប់ចីរភាពទន្លេមេគង្គ។ឯកឧត្តមនាយករដ្ឋមន្រ្តីឡាវ ក៏បានប្រសិទ្ធពរជ័យបវរមហាប្រសើរ ជូនសម្តេច ឯកឧត្តម លោកជំទាវ សូមមាន​សុខភាពល្អបរិបូរណ៍ មាំមួន បញ្ញាញាណភ្លឺថ្លា ក្នុងឱកាសនៃការស្នាក់អាស្រ័យនៅរដ្ឋធានីវៀងចន្ទន៍ ពិសេសការ​ចូលរួមពិភាក្សាគ្នាលើ មូលបទ នវានុវត្តន៍ និងកិច្ចសហប្រតិបត្តិការសម្រាប់អាងទន្លេមេគង្គ ដែលមានសន្តិសុខទឹក ប្រកបដោយចីរភាព ក្នុងកិច្ចប្រជុំកំពូលមេគង្គលើកទី៤ ដើម្បីបម្រើឲ្យឧត្តមប្រយោជន៍រួម នៃបណ្តាប្រទេសមេគង្គ ពិសេសដើម្បីបម្រើដល់ផលប្រយោជន៍របស់ប្រជាពលរដ្ឋទាំងអស់៕

គ្រូបង្រៀន​នៅ​អង់គ្លេស​ច្រាន​ចោល​ការផ្តល់ប្រាក់​ឈ្នួល​ពី​រដ្ឋាភិបាល​ដោយ​ប្រកាស​ធ្វើ​កូដកម្ម​បន្ថែម​ទៀត​

2023/04/04 02:38:34 pm        463
​អង់គ្លេស៖ ក្រុម​គ្រូបង្រៀន​នៅក្នុង​ប្រទេស​អង់គ្លេស​បាន​ច្រានចោល​យ៉ាង​ដាច់ខាត​ នូវ​ការផ្តល់ប្រាក់​ឈ្នួល​ពី​រដ្ឋាភិបាល​អង់គ្លេស​ក្នុង​គោលបំណង​បញ្ចប់​កូដកម្ម​រំខាន​ជា​បន្តបន្ទាប់​។ សហជីព​របស់​ពួក​គេ​បាន​និយាយ​កាលពី​ថ្ងៃ​ចន្ទ ទី​៣ មេសា ដោយ​ប្រកាស​ពី​ការ​ដើរ​ចេញពី​ការងារ​ពីរ​ថ្ងៃ​បន្ថែម​ទៀត​។​ ​សហជីព​អប់រំ​ជាតិ​ដែល​ជា​សហជីព​អប់រំ​ធំ​បំផុត​របស់​អង់គ្លេស​បាន​និយាយ​ថា ៩៨%​ នៃ​គ្រូបង្រៀន​ដែល​បាន​បោះ​ឆ្នោត​ ក្រោយ​ការណែនាំ​របស់​ខ្លួន​ក្នុង​ការ​ទាត់ចោល​ការ​ផ្ដល់​ប្រាក់​ឈ្នួល​បុគ្គល​ចំនួន ១.០០០​ផោន​តែមួយ​លើក​នៅ​ឆ្នាំនេះ​ ​និង​ការដំឡើង​ប្រាក់​ឈ្នួល​មធ្យម ​៤.៥% នៅ​ក្នុង​ឆ្នាំ​ហិរញ្ញវត្ថុ​បន្ទាប់​។ ​អគ្គលេខាធិការ​នៃ​សហជីព​អប់រំ​ជាតិ​លោកស្រី Mary Bousted និង​លោក Kevin Courtney បាន​និយាយ​នៅ​ក្នុង​សេចក្ដី​ថ្លែងការណ៍​ថា​ ការ​ច្រាន​ចោល​យ៉ាង​ដាច់​ខាត​ចំពោះ​ការ​ផ្ដល់​ឲ្យ​របស់​រដ្ឋាភិបាល​ គួរតែ​ទុក​រដ្ឋមន្ត្រី​អប់រំ​លោកស្រី​ Gillian Keegan ដោយ​មិនបាច់​សង្ស័យ​ទេ​ថា ​លោកស្រី​នឹង​ត្រូវ​វិលត្រឡប់​មក​តុ​ចរចា​ដោយ​នាំមក​ជាមួយ​នូវ​សំណើ​កាន់តែ​ប្រសើរ​ជាច្រើន​។ ​គ្រូបង្រៀន​រាប់​ពាន់​នាក់​ទូទាំង​ចក្រភព​អង់គ្លេស​បាន​ចេញ​ធ្វើ​កូដកម្ម​នៅ​ឆ្នាំនេះ ទាមទារ​ប្រាក់​ឈ្នួល​លើស​ពី​ការ​ចំណាយ​ក្នុង​ពេល​មាន​អតិផរណា​ហក់​ឡើង​ខ្ពស់ ដោយ​បិទទ្វារ​ថ្នាក់រៀន និង​ដាក់​សម្ពាធ​បន្ថែម​លើ​លោក​នាយក​រដ្ឋមន្ត្រី Rishi Sunak ដើម្បី​ជួយ​ដោះស្រាយ​ជម្លោះ​។ សហជីព​នេះ​និយាយថា គ្រូ​បង្រៀន​នឹង​ចេញ​ធ្វើ​កូដកម្ម ​២​ថ្ងៃ​បន្ថែម​ទៀត​នៅ​ថ្ងៃ​ទី​២៧ ខែ​មេសា និង​ថ្ងៃ​ទី​២ ខែ​​ឧសភា​៕អត្ថបទ៖ សុខមាន

ការរញ្ជួយ​ដី​កម្រិត ៦.៩​រ៉ិ​ច​ទ័​រ​បាន​អង្រួន​តំបន់ឆ្នេរ​ភាគ​ខាងកើត​រុស្ស៊ី ប៉ុន្តែ​គ្មាន​រលក​យក្ស​ស៊ូណាមិ​កើត​ឡើង​នោះ​ទេ

2023/04/04 12:21:16 pm        160
​រុស្ស៊ី៖ ការរញ្ជួយ​ដី​កម្រិត ៦.៩​រ៉ិ​ច​ទ័​រ​បាន​អង្រួន​តំបន់ឆ្នេរ​ភាគ​ខាងកើត​ប្រទេស​រុស្ស៊ី​កាលពី​ថ្ងៃ​ចន្ទ ប៉ុន្តែ​ក្រសួង​សង្គ្រោះ​បន្ទាន់​រុស្ស៊ី​និយាយ​ថា គ្មាន​រលក​យក្ស​ស៊ូណាមិ​កើតឡើង​នោះ​ទេ ហើយក៏​គ្មាន​គ្រោះថ្នាក់​ភ្លាមៗ​ ឬ​ការខូចខាត​នោះ​ដែរ។ ​យោងតាម​ការអះអាងរ​បស់​ក្រសួង​សង្គ្រោះបន្ទាន់​បាន​ឲ្យ​ដឹង​ថា ការរញ្ជួយ​ដី​នេះ​កើត​ឡើង​នៅ​ចម្ងាយ​ប្រហែល ៤៤​គីឡូម៉ែត្រ​ភាគ​ខាង​ត្បូង​តំបន់ Petropavlovsk-Kamchatsky ស្ថិត​តាម​បណ្ដោយ​ឆ្នេរសមុទ្រ​ប៉ាស៊ីហ្វិក​ក្នុង​ជម្រៅ​ដី ១០០គីឡូម៉ែត្រ​។ រូបភាព​វីដេអូ​ឃ្លី​ប​ពី​ឧបទ្វីប Kamchatka ស្ថិតនៅ​ចម្ងាយ​ប្រហែល ៦.៨០០​គីឡូម៉ែត្រ​​ភាគ​ខាងកើត​ទីក្រុង​ម៉ូស្គូ ឃើញ​ស្នាម​ប្រេះ​នៅ​លើ​ជញ្ជាំង​អគារ និង​ដប​បែក​នៅ​ក្នុង​ផ្សារ​ទំនើប បន្ទាប់ពី​ធ្លាក់​ដោយសារ​រញ្ជួយ​ដី ប៉ុន្តែ​មិន​មាន​ការខូចខាត​ហេដ្ឋារចនាសម្ព័ន្ធ​សំខាន់ៗ​នោះ​ទេ។ ​ក្រសួង​សង្គ្រោះ​បន្ទាន់​និយាយ​ថា ក្រុម​ជួយសង្គ្រោះ និង​ក្រុម​ភ្នាក់ងារ​ពន្លត់​អគ្គិភ័យ​កំពុង​ពិនិត្យ​អគារ។ ​ក្រុម​សាក្សី​បាន​សារភាព​ថា ពួកគេ​ខ្លាច។ ឪពុក​ម្តាយ​ព្យាយាម​នាំ​កូន​ៗ​របស់​ពួកគេ​ទៅកាន់​ទី​សុវត្ថិភាព ខណៈ​ដែល​ម្ចាស់​សត្វ​ចិញ្ចឹម​ព្រួយបារម្ភ​ពី​សត្វ​របស់​ពួកគេ។ ​ពលរដ្ឋ​មួយ​រូប​រស់នៅ​ឧបទ្វីប Petropavlovsk និង​សុំ​មិន​បញ្ចេញ​ឈ្មោះ​របស់​នាង​និយាយ​ថា អ្នកខ្លះ​ប្រៀបធៀប​ការ​រញ្ជួយ​ដី​កាលពី​ថ្ងៃ​ចន្ទ​នៅ​ឧបទ្វីប​រុស្ស៊ី ទៅ​នឹង​ការ​រញ្ជួយ​ដ៏​គ្រោះថ្នាក់​ដែល​បាន​បំផ្លិចបំផ្លាញ​ប្រទេស​ទួរគី​កាលពីដើម​ឆ្នាំនេះ៕​អត្ថបទ៖ សារ៉ាត់

បំណាក់​ដី​នៅ​ប្រទេស​កុង​ហ្គោ​ភាគ​ខាងកើត​បណ្តាល​ឲ្យ​មនុស្ស​យ៉ាងហោចណាស់ ២១​នាក់​ស្លាប់

2023/04/04 12:15:45 pm        120
​កុង​ហ្គោ៖ រដ្ឋាភិបាល​ខេត្ត និង​មន្ត្រី​ក្នុង​តំបន់បាន​និយាយ​កាលពី​ថ្ងៃ​ចន្ទ​ថា មនុស្ស​យ៉ាងហោចណាស់ ២១នាក់​បាន​ស្លាប់ និង​ច្រើន​នាក់​ផ្សេងទៀត​កំពុង​បាត់​ខ្លួន ​បន្ទាប់ពី​មាន​មហន្តរាយ​បំណាក់​ដី​នៅ​ភាគ​ខាងកើត​សាធារណរដ្ឋ​ប្រជាធិបតេ​យ្យ​កុង​ហ្គោ​។ ​លោក Voltaire Batundi អ្នកដឹកនាំ​សង្គម​ស៊ីវិល​នៅ​តំបន់ Masisi បាន​និយាយថា សាកសព​ស្ត្រី ៨នាក់ និង​កុមារ ១៣នាក់ត្រូវបាន​រកឃើញ បន្ទាប់ពី​បំណាក់​ដី​បាន​វាយប្រហារ​ទន្លេ​មួយ​ក្នុង​តំបន់ Bolowa កាលពី​ថ្ងៃអាទិត្យ ខណៈ​អ្នក​ទាំងនេះ​កំពុង​បោកគក់​សំលៀកបំពាក់ និង​លាង​សម្អាត​ឧបករណ៍​ផ្ទះបាយ​។ ​ពលរដ្ឋ​និយាយថា នៅ​ម៉ោង​ប្រហែល ១១.៣០​នាទី​ព្រឹកបំណាក់​ដី​បាន​កើតឡើង ស្ត្រី​ និង​កុមារ​កំពុង​បោកគក់​សំលៀកបំពាក់ដែល​ពួកគេ​ទាំងអស់​ត្រូវបាន​កប់ គ្មាន​នរណាម្នាក់​ចេញមកក្រៅ​រួច​នោះទេ​។ ​រហូតមកដល់​ពេលនេះ យើង​ទាញ​យកបាន​សាកសព ២១​នាក់មាន​ស្ត្រី ​៧​នាក់ និង​កុមារ ​១៤​នាក់​។ នោះ​ហើយ​ជា​របៀប​ដែល​គ្រោះមហន្តរាយ​បានកើត​ឡើង​កាលពី​ម្សិលមិញ យើង​គ្មាន​ជំនួយ​នោះទេ​ក្រៅពី​ក្រុមយុវជន​នៅក្នុង​ភូមិ និង​មកពី​ភូមិ​នានា​ដែល​នៅ​ជិតខាង​៕អត្ថបទ៖ ប៊ុនថន

សម្ព័ន្ធ​យោធា​ណា​តូ​និយាយថា ហ្វាំ​ង​ឡង់​នឹង​ចូល​ជា​សមាជិក NATO នៅ​ថ្ងៃ​អង្គារ​នេះ​

2023/04/04 12:06:25 pm        229
​អឺរ៉ុប៖ អគ្គលេខាធិការ​សម្ព័ន្ធ​យោធា​ណា​តូ​លោក Jens Stoltenberg បាន​និយាយថា ប្រទេស​ហ្វាំ​ង​ឡង់​នឹង​ក្លាយ​ជា​សមាជិក​ទី៣១ របស់​សម្ព័ន្ធ​យោធា​ដ៏​ធំ​បំផុត​របស់​ពិភពលោក​នៅ​ថ្ងៃ​អង្គារ​នេះ ដោយ​ជំរុញ​ឱ្យ​មាន​ការព្រមាន​ពី​ប្រទេស​រុស្ស៊ី​ថា ខ្លួន​នឹង​ពង្រឹង​ការ​ការពារ​របស់​ខ្លួន​ជា​ការ​ឆ្លើយតប​។ លោក Stoltenberg បាន​និយាយ​នៅ​ទីក្រុង​ប្រ៊ុ​ច​សែ​ល​ថា នេះ​គឺជា​សប្តាហ៍​ប្រវត្តិសាស្ត្រ​។ ចាប់​ពី​ថ្ងៃ​អង្គារ​នេះ​ ប្រទេស​ហ្វាំ​ង​ឡង់​នឹង​ក្លាយ​ជា​សមាជិក​ពេញលេញ​របស់​សម្ព័ន្ធ​យោធា​នេះ​។ លោក​និយាយ​ថា លោក​សង្ឃឹមថា​ ប្រទេស​ស៊ុយអែត​ដែល​បាន​ដាក់​ពាក្យ​ស្នើសុំ​ចូល​ជា​សមាជិក​ ក្នុង​ពេល​តែមួយ​ជាមួយ​ប្រទេស​ហ្វាំ​ង​ឡង់​ដែរ​នោះ ក៏​នឹង​អាច​ចូលរួម​ជា​សមាជិក​សម្ព័ន្ធ​យោធា​ណា​តូ​ក្នុង​រយៈ​ពេល​ប៉ុន្មាន​ខែ​ខាងមុខនេះ​។ អតីត​នាយករដ្ឋមន្ត្រី​ន័​រវេ​ស​បាន​និយាយ​ថា យើង​នឹង​លើក​ទង់ជាតិ​ប្រទេស​ហ្វាំ​ង​ឡង់​ជា​លើកដំបូង​នៅ​ទី​នេះ​ នៅ​ទីស្នាក់ការ​សម្ព័ន្ធ​យោធា​ណា​តូ​។ វា​នឹង​ក្លាយ​ជា​ថ្ងៃ​ដ៏​ប្រសើរ​សម្រាប់​សន្តិសុខ​របស់​ប្រទេស​ហ្វាំ​ង​ឡង់ សម្រាប់​សន្តិសុខ​ប្រទេស​នៅ​អឺរ៉ុប​ខាងជើង និង​សម្រាប់​ប្រទេស​សម្ព័ន្ធ​ណា​តូ​ទាំងអស់​។ លោក Stoltenberg និយាយ​ថា ទួរគី​ដែល​ជា​ប្រទេស​ចុងក្រោយ​របស់​សម្ព័ន្ធ​យោធា NATO ដែល​បាន​ផ្តល់​សច្ចាប័ន​លើ​សមាជិកភាព​របស់​ហ្វាំ​ង​ឡង់ នឹង​ប្រគល់​ឯកសារ​ផ្លូវការ​របស់​ខ្លួន​ទៅ​ឱ្យ​រដ្ឋមន្ត្រីការបរទេស​សហរដ្ឋអាមេរិក​លោក Antony Blinken នៅ​ថ្ងៃ​អង្គារ​នេះ​។ ប្រធានាធិបតី​ហ្វាំ​ង​ឡង់​លោក Sauli Niinistö និយាយ​នៅ​ក្នុង​សេចក្តី​ថ្លែងការណ៍​ថា វា​គឺជា​ពេលវេលា​ប្រវត្តិសាស្ត្រ​មួយ​សម្រាប់​ពួក​យើង​។ សម្រាប់​ប្រទេស​ហ្វាំ​ង​ឡង់ គោល​បំណង​ដ៏​សំខាន់​បំផុត​នៅ​ក្នុង​កិច្ចប្រជុំ​គឺ​ដើម្បី​បញ្ជាក់​ពី​ការ​គាំទ្រ​របស់​ណា​តូ​ចំពោះ​អ៊ុយ​ក្រែ​ន ខណៈ​រុស្ស៊ី​បន្ត​ការ​វាយ​លុក​ដោយ​ខុសច្បាប់​របស់​ខ្លួន​។ អនុរដ្ឋមន្ត្រី​ការបរទេស​រុស្ស៊ី​លោក Alexander Grushko បាន​និយាយ​ថា ទីក្រុង​មូ​ស្គូ​នឹង​ឆ្លើយតប​ចំពោះ​ប្រទេស​ហ្វាំ​ង​ឡង់ ដែល​ក្លាយ​ជា​សមាជិក​ណា​តូ​ដោយ​ការ​ពង្រឹង​ការ​ការពារ​របស់​ខ្លួន​។ ​លោក Grushko បាន​និយាយ​ថា យើង​នឹង​ពង្រឹង​សក្តានុពល​យោធា​របស់​យើង​នៅ​ភាគ​ខាងលិច និង​នៅ​ភាគ​ពាយ័ព្យ​។ ក្នុង​ករណី​មានការ​ដាក់​ពង្រាយ​កង​កម្លាំង​របស់​សម្ព័ន្ធ​យោធា​ណា​តូ​ផ្សេងទៀត​ នៅ​លើ​ទឹកដី​ប្រទេស​ហ្វាំ​ង​ឡង់ យើង​មាន​ចំណាត់​ការ​បន្ថែម​ទៀត​ដើម្បី​ធានា​បាន​សន្តិសុខ​យោធា​របស់​រុស្ស៊ី៕​អត្ថបទ៖ ប៊ុនថន

សម្ដេចតេជោ ហ៊ុន សែន ដឹកនាំគណៈប្រតិភូជាន់ខ្ពស់នៃរាជរដ្ឋាភិបាលធ្វើដំណើរទៅដល់ប្រទេសឡាវហើយ

2023/04/04 10:54:53 am        210
ភ្នំពេញ៖ នៅវេលាម៉ោង១០និង២០នាទី ព្រឹកថ្ងៃទី៤ ខែមេសា ឆ្នាំ២០២៤នេះ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់នៃរាជរដ្ឋាភិបាលកម្ពុជាធ្វើដំណើរទៅដល់ទីក្រុងវៀងច័ន្ទ ប្រទេសឡាវហើយ ដើម្បីចូលរួមកិច្ចប្រជុំកំពូលគណៈកម្មការទន្លេមេគង្គលើកទី៤ ក្រោមមូលបទ “នវានុវត្តន៍ និងកិច្ចសហប្រតិបត្តិការសម្រាប់អាងទន្លេមេគង្គ ដែលមានសន្តិសុខទឹក និងប្រកបដោយចីរភាព” ។វត្តមានសម្តេចតេជោនាយករដ្ឋមន្រ្តី ត្រូវបានការធ្វើគារវកិច្ចស្វាគមន៍យ៉ាងស្និទ្ធស្នាលរាក់ទាក់ ពីសំណាក់ឥស្សរជនជាន់ខ្ពស់រដ្ឋាភិបាលឡាវ ឯកឧត្តម លោកជំទាវ ជាឥស្សរជនការទូត របស់ព្រះរាជាណាចក្រកម្ពុជា ប្រចាំសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ជាច្រើនរូប។ តាមកម្មវិធីដែលគ្រោងទុក នៅព្រឹកថ្ងៃទី៥ ខែមេសា ឆ្នាំ២០២៣ស្អែកនេះ សម្តេចតេជោនាយករដ្ឋមន្រ្តី នឹងអញ្ជើញទទួលទានអាហារពេលព្រឹកការងារជាមួយ ឯកឧត្តមនាយករដ្ឋមន្រ្តីឡាវ វៀតណាម មុននឹងអញ្ជើញចូលរួមកិច្ចប្រជុំកំពូលគណៈកម្មការទន្លេមេគង្គលើកទី៤ ក្រោមមូលបទ “នវានុវត្តន៍ និង កិច្ចសហប្រតិបត្តិការសម្រាប់អាងទន្លេមេគង្គ ដែលមានសន្តិសុខទឹក និងប្រកបដោយចីរភាព”៕

ការស្ទង់មតិ​របស់​ទូរទស្សន៍ CNN៖ ពលរដ្ឋ​អាមេរិក​ភាគច្រើន​គាំទ្រ​ឲ្យ​មានការ​ចោទប្រកាន់​លោក Trump

2023/04/04 10:45:15 am        202
​អាមេរិក៖ ចំនួន​ ៦០%​ នៃ​ជនជាតិ​អាមេរិក​បាន​យល់ព្រម​លើ​ការចោទប្រកាន់​លើ​អតីត​ប្រធានាធិបតី Donald Trump នេះ​បើ​យោង​តាម​ការស្ទង់មតិ​ថ្មី​ពី​ទូរទស្សន៍ CNN ដែល​ធ្វើឡើង​ដោយ​ក្រុមហ៊ុន SQL Server Reporting Services​(SSRS) បន្ទាប់ពី​ព័ត៌មាន​ដែល​ថា ​គណៈវិនិច្ឆ័យ​នៅ​ទីក្រុង​ញូវយ៉ក​បាន​បោះ​ឆ្នោត​ឲ្យ​ចោទប្រកាន់​រូបលោក ​ទាក់​ទង​នឹង​ការ​បង់​ប្រាក់​បំបិទមាត់​ឲ្យ​ទៅ​តារាភាពយន្ត​អាសអាភាសនាង ​Stormy Daniels។ប្រហែល​ ៣​ភាគ​៤ ​នៃ​ជនជាតិ​អាមេរិក​និយាយ​ថា នយោបាយ​យ៉ាងហោចណាស់​មាន​តួនាទី​មួយ​ចំនួន​ក្នុង​ការ​សម្រេចចិត្ត​ចោទ​ប្រកាន់​លោក Trump រួម​ទាំង ៥២% ដែល​បាន​និយាយ​ថា ​វា​ដើរតួ​យ៉ាង​សំខាន់​។ ​ក្រុម​អ្នក​ឯករាជ្យ​ភាគច្រើន​តម្រង់​ជួរ​គាំទ្រ​ការចោទប្រកាន់​នេះដោយមាន ៦២% យល់​ព្រម ​និង ៣៨% មិន​យល់ព្រម​។ ​គណបក្ស​ប្រជាធិបតេយ្យ​គឺ​ស្ទើរតែ​ទាំងស្រុង​គាំទ្រ​ចំពោះ​ការចោទប្រកាន់​ដោយមាន​ ៩៤% យល់ព្រម រួម​ទាំង​ ៧១% ដែល​គាំទ្រ​យ៉ាង​ខ្លាំង​ចំពោះ​ការ​ចោទ​ប្រកាន់​នេះ ជាមួយគ្នា​នោះ​ក្រុម​មកពី​គណបក្ស​សាធារណរដ្ឋ​មិនសូវ​រួបរួម​ក្នុង​ការ​ប្រឆាំង​ចំនួន ​៧៩% មិន​យល់ព្រម និង ៥៤% មិន​គាំទ្រ​ទាំងស្រុង។ ​ខណៈ​ការ​បង្ហាញ​ទស្សនៈ​លើ​ការចោទប្រកាន់​ត្រូវ​បាន​បំបែក​តាម​ជួរ​គណបក្ស ការស្ទង់មតិ​បាន​រក​ឃើញ​ថា​ ភាគច្រើន​នៅ​ទូទាំង​ប្រជាសាស្ត្រ​សំខាន់ៗ ដែល​មាន​ការ​បែក​បាក់​គ្នា​ទាំងអស់​យល់ព្រម​លើ​ការសម្រេចចិត្ត​ ក្នុង​ការ​ចោទប្រកាន់​អតីត​ប្រធានាធិបតី​។នោះ​រួមបញ្ចូល​យេនឌ័រ ៦២% នៃ​ស្ត្រី​ ៥៨% នៃ​បុរស​ ក្រុម​រើសអើង​ពូជសាសន៍ និង​ជនជាតិភាគតិច ៨២% នៃ​មនុស្ស​ពេញ​វ័យ​ស្បែក​ខ្មៅ​ ៧១% នៃ​មនុស្ស​ពេញ​វ័យ​និយាយ​ភាសា​អេ​ស្ប៉ា​ញ មនុស្ស​ពេញ​វ័យ​ស្បែក​ស ៥១% មនុស្ស​វ័យ​ចំណាស់ ៦៩% ក្រោម​អាយុ ៣៥​ឆ្នាំ ៦២% អាយុ ៣៥​ដល់ ​៤៩​ឆ្នាំ​មាន ​៥៣% អាយុ​ចាប់ពី​ ៥០​ដល់ ​៦៤​ឆ្នាំ ៥៤%​។ ​ទូរទស្សន៍ ​CNN បាន​រាយការណ៍​ថា​ អតីត​ប្រធានាធិបតី​រូប​នេះ​ប្រឈម​នឹង​បទ​ចោទ​ប្រកាន់​ជាង ៣០​ករណី​ទាក់ទង​នឹង​ការ​ក្លែងបន្លំ​អាជីវកម្ម ប៉ុន្តែ​ការចោទប្រកាន់​នៅតែ​ស្ថិត​ក្រោម​ការ​បិទ​បាំង ហើយ​ការចោទប្រកាន់​មិន​ត្រូវ​បាន​បង្ហាញ​សាធារណៈ​ នៅ​ពេល​នៃ​ការស្ទង់មតិ​នោះ​ទេ​៕​អត្ថបទ៖ សុខមាន

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

មន្ត្រីជាន់ខ្ពស់ក្រសួងការងារ៖ បច្ចុប្បន្ន ការងារ និងសាលារៀន រត់រកមនុស្សដល់មូលដ្ឋាន ហើយការធ្វើការងារក្នុងស្រុកជួយកសាងសេដ្ឋកិច្ចជាតិ
06/27/2026 06:06 PM
តំបន់​គ្រីមៀប្រកាសស្ថានភាព​គ្រា​អាសន្ន បន្ទាប់ពីអ៊ុយក្រែនវាយប្រហារបណ្តាញថាមពល
06/27/2026 05:06 PM
លោក Zelenskyy៖ មីស៊ីល Flamingo បានវាយប្រហារដោយជោគជ័យ​ លើ​រោងចក្រយោធាដ៏​សំខាន់របស់រុស្ស៊ី
06/27/2026 04:06 PM
អ៊ីរ៉ង់ថ្កោលទោសការវាយប្រហាររបស់​អាមេរិក ដោយចោទប្រកាន់ថា រំលោភលើកិច្ចព្រមព្រៀងសន្តិភាព
06/27/2026 04:06 PM
មនុស្សយ៉ាងតិច ២នាក់ស្លាប់ ខណៈកោះ​តៃវ៉ាន់ជូនដំណឹងថ្មី អំពីភ្លៀងធ្លាក់ខ្លាំង ក្រោយ​មាន​ទឹកជំនន់គ្រប់ទីកន្លែង​
06/27/2026 03:06 PM
សម្ដេចធិបតី ហ៊ុន ម៉ាណែត៖ អាទិភាពរបស់រាជរដ្ឋាភិបាល​ គឺ ប្រទេសជាតិ​,​ប្រជាជន, ទឹកដី និង​ ឯករាជ្យភាពជាតិ
06/27/2026 03:06 PM
ទីក្រុងសេអ៊ូល បញ្ជាក់​ថា យន្តហោះយោធាចិន និងរុស្ស៊ី ចូលទៅក្នុងតំបន់ការពារដែនអាកាសរបស់ខ្លួន
06/27/2026 03:06 PM
អ្នកគាំទ្រក្រុម​ហេសបូឡា ចេញមក​តាមដងផ្លូវទីក្រុងបេរូត ដើម្បីតវ៉ា​កិច្ចព្រមព្រៀងជាមួយ​អ៊ីស្រាអែល
06/27/2026 03:06 PM
អ្នកការទូតជាន់ខ្ពស់​ប៉ាគីស្ថាន និងអ៊ីរ៉ង់ បញ្ជាក់ពី​ការប្តេជ្ញាចិត្ត ចំពោះសន្តិភាពក្នុងតំបន់ ក្រោយ​មាន​ការវាយប្រហារថ្មី
06/27/2026 03:06 PM
លោក Trump បង្ហាញលិខិតឆ្លងដែនសហរដ្ឋ​អាមេរិកថ្មីដែល​មាន​រូបភាពរបស់លោក​
06/27/2026 03:06 PM