សម្តេចធិបតី ណែនាំឱ្យក្រសួងស្ថាប័នពាក់ព័ន្ធត្រៀមឆ្លើយតបជាមួយបាតុភូតធម្មជាតិ El Niño ដែលកម្ពុជា​កំពុងទទួលរងឥទ្ធិពល
សម្ដេច​ធិបតីណែនាំអាជ្ញាធរពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់ ត្រួតពិនិត្យ និងគ្រប់គ្រងឱ្យបានចំពោះទំនិញគេចពន្ធ និងខូចគុណភាព ហើយត្រូវសហការគ្នាចាត់វិធានការឱ្យបានច្បាស់លាស់
សម្ដេច​ធិបតីក្រើនរំឭកអាជ្ញាធរពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់ត្រូវបន្តបង្ក្រាប Online Scams មិនត្រូវបន្ធូរដៃឡើយ
សម្ដេចតេជោ ហ៊ុន សែន អញ្ជើញជួបពិភាក្សាទ្វេភាគីជាមួយ ឯកឧត្តម លី ឈាង នាយករដ្ឋមន្ត្រីចិន

ព័ត៌មានសំខាន់ៗ

បណ្ដា​ប្រទេស​នៅ​អាស៊ីអាគ្នេយ៍ត្រៀម​ទទួល​ស្វាគមន៍​ភ្ញៀវទេសចរ​ចិន ស្របពេល​ដក​ការ​រឹតត្បិត​

2023/01/09 11:42:19 am        681
​អាស៊ីអាគ្នេយ៍៖ បណ្តា​ប្រទេស​អាស៊ីអាគ្នេយ៍​បាន​ស្វាគមន៍​ ការ​បន្ធូរបន្ថយ​ការ​រឹតបន្តឹង​របស់​ប្រទេស​ចិន​លើ​ការ​ធ្វើដំណើរ​ជា​អន្តរជាតិ ដោយ​និយាយ​ថា ខ្លួន​នឹង​បញ្ចូល​កម្លាំង​រុញច្រាន​ដល់​ការ​ងើបឡើង​វិញ​នៃ​ឧស្សាហកម្ម​ទេសចរ​ណ៍​របស់​ពួកគេ​ បន្ទាប់ពី​ការផ្អាក​ជា​យូរ​មក​ហើយ​ដែល​បង្កឡើង​ដោយ​ជំងឺ​រាតត្បាត​សកល​។​ ​ប្រទេស​ជាច្រើន​រួម​ទាំង​ព្រះរាជាណាចក្រ​កម្ពុជា ឥណ្ឌូនេស៊ី និង​សិង្ហបុរី​បាន​ប្រកាស​ថា ​ពួកគេ​នឹង​មិន​តម្រូវ​ឲ្យ​មានការ​ធ្វើ​តេស្តរ​កវី​រុស COVID-19 សម្រាប់​អ្នកដំណើរ​មកពី​ប្រទេស​ចិន​ទេ​។​​ ជាមួយគ្នា​នោះប្រទេស​មួយ​ចំនួន​រួមមាន​វៀតណាម ថៃ និង​ម៉ាឡេស៊ី​បាន​និយាយ​ថា ពួកគេ​កំពុង​ត្រៀម​ស្វាគមន៍​ក្រុម​ទេសចរ​ជនជាតិ​ចិន ដោយមាន​យុទ្ធនា​ការ​ត្រៀម​ជាច្រើន​ក្នុង​ការ​ផ្សព្វផ្សាយ​ពី​ប្រទេស​របស់​ពួកគេ​នៅ​លើ​ចិនដីគោក​។ ​ក្រុម​មន្ត្រី​ទេសចរណ៍ និង​ម្ចាស់​អាជីវកម្ម​ក្នុង​តំបន់​និយាយ​ថា ក្រុម​ភ្ញៀវ​បរទេស​ចិន​សំខាន់​ណាស់​សម្រាប់​ប្រទេស​ និង​អាជីវកម្ម​របស់​ពួកគេ​។ ​ប្រធាន​សមាគម​ទីភ្នាក់ងារ​ធ្វើដំណើរ​ថៃលោក Sisdivachr Cheewarattanaporn បាន​និយាយ​ថា ភ្ញៀវ​ទេសចរ​ចិន​សំខាន់​ណាស់​សម្រាប់​ប្រទេស​ថៃ​។ ​គ្រប់​ទីភ្នាក់ងារ​ធ្វើដំណើរ សណ្ឋាគារ និង​គោលដៅ​ទេសចរណ៍​ទាំងអស់​របស់​ថៃ​កំពុង​ត្រៀម​លក្ខណៈ​ទទួល​ពួកគេ។ ​ថៃ​បាន​ត្រៀមខ្លួន​រួចរាល់​ហើយ ហើយ​សមាគម​របស់​យើង​នឹង​ប្រឹងប្រែង​អស់ពី​លទ្ធភាព​ ដើម្បី​ទទួល​ស្វាគមន៍​ក្រុម​ភ្ញៀវ​ទេសចរ​ជន​ជាតិ​ចិន​។ ​ចំណែក​រដ្ឋមន្ត្រី​ក្រសួង​ទេសចរណ៍​កម្ពុជា​លោក Thong Khon បាន​និយាយ​ថា ប្រទេស​កម្ពុជា​តែង​តែង​បើក​ទទួល​ពលរដ្ឋ​ចិន ភ្ញៀវ​ទេសចរ​ចិន និង​ក្រុម​វិនិយោគិន​ជនជាតិ​ចិន​ជានិច្ច​៕អត្ថបទ៖ សុខមាន

អាមេរិក និង​អឺរ៉ុប​ថ្កោលទោស​អ៊ីរ៉ង់​លើ​ការប្រហារជីវិត​ដោយ​ការ​ព្យួរ​ក​បុរស​ ២​នាក់​ថែមទៀត​ពាក់ព័ន្ធ​ការតវ៉ា​

2023/01/09 11:10:09 am        670
​អាមេរិក៖ សហរដ្ឋ​អាមេរិក​បាន​ចូលរួម​ជាមួយ​សហភាព​អឺរ៉ុប ក្នុង​ការ​ថ្កោលទោស​លើ​ការ​ប្រហារ​ជីវិត​បុរស ​២​នាក់​ដោយ​ចង​ព្យួរ​ក​កាលពី​ថ្ងៃ​ទី​៧ ​ខែ​មករា ក្រោយ​ពួកគេ​ត្រូវ​បាន​រក​ឃើញ​ទោស​កំហុស​ពី​បទ​សម្លាប់​សមាជិក​ក​ង​កម្លាំង Basij អំឡុង​ការ​តវ៉ា​ប្រឆាំង​រដ្ឋាភិបាល​។ ​អ្នកនាំពាក្យ​ក្រសួងការបរទេស​សហ​រដ្ឋ​អាមេរិកលោក Ned Price បាន​ថ្កោលទោស​យ៉ាង​ដាច់​អហង្ការ ​នៅ​អ្វី​ដែល​លោក​បាន​ហៅថា​ជាការ​កាត់ទោស និង​ការប្រហារជីវិត​ដ៏​អាម៉ាស់​លើ​បុរស ​២​នាក់​ពី​បទ​សម្លាប់​សមាជិក​កងកម្លាំង​ប៉ា​រ៉ា​កាលពី​ខែ​វិច្ឆិកា ​ឆ្នាំ​២០២២ ​កន្លងទៅ​។ ​លោក Price បាន​និយាយ​នៅ​លើ​បណ្ដាញ Twitter ថា ការ​ប្រហារជីវិត​ទាំងនេះ​គឺជា​ផ្នែក​ដ៏​សំខាន់​នៃ​កិច្ចខិតខំ​ប្រឹង​ប្រែង​រប​ស់​របប​នេះ ក្នុង​ការ​គាបសង្កត់​ការតវ៉ា​ទាំងឡាយ​។ យើង​នៅតែ​បន្ត​ធ្វើការ​ជាមួយ​បណ្ដា​ដៃគូ ​ដើម្បី​ស្វែងរក​ការទទួលខុសត្រូវ​សម្រាប់​ការ​បង្ក្រាប​ដ៏​សាហាវ​របស់​អ៊ីរ៉ង់ ​ដែល​បាន​សម្លាប់​មនុស្ស​យ៉ាង​ហោច​ណាស់ ៥១៦​នាក់រួម​ទាំង​កុមារ ​៧០​នាក់ និង​មនុស្ស​ចំនួន ​១៩.២៦២​នាក់​ត្រូវ​បាន​ចាប់​ខ្លួន​។ ​ប្រធាន​កិច្ចការ​បរទេស​សហភាព​អឺរ៉ុប​លោក Josep Borrell បាន​និយាយ​ថា សហភាព​អឺរ៉ុប​បាន​តក់​ស្លុត​ដោយ​សារតែ​ការ​ប្រហារ​ជីវិត​នេះ​។ ​សហភាព​អឺរ៉ុប​អំពាវនាវ​ជាថ្មី​ទៀត​ ឲ្យ​ក្រុម​អាជ្ញាធរ​អ៊ីរ៉ង់បញ្ចប់​សកម្មភាព​បង្ក្រាប​ដោយ​ហិង្សា​ជាបន្ទាន់​លើ​ជន​ស៊ីវិល និង​បាន​ថ្កោលទោស​យ៉ាង​ដាច់អហង្ការ ​ចំពោះ​ការ​អនុវត្តន៍​ច្បាប់​កាត់ទោស​ប្រហារជីវិត​លើ​ក្រុម​បាតុករ​។​ ​ទីភ្នាក់ងារ​ព័ត៌មាន​តុលាការ​របស់​អ៊ីរ៉ង់ Mizan Online បាន​ប្រកាស​ការ​ប្រហារ​ជីវិត​លើ​លោក Mohammad Mahdi Karami និង​លោក Seyyed Mohammad Hosseini ដោយ​ការ​ព្យួរ -​ក​-។ ទីភ្នាក់ងារ​នេះ​បាន​ហៅ​ពួកគេ​ថា​ ជា​អ្នក​ប្រព្រឹត្តិ​អំពើ​ឧក្រិដ្ឋ​កម្ម​ដ៏​ធំដែល​នាំ​ឲ្យ​រក​ការ​ធ្វើ​ទុក្ករកម្ម​របស់ Ruhollah Ajamian ក្នុង​អំឡុង​ការតវ៉ា​នៅក្នុង​ទីក្រុង Karaj ​ក្បែរ​រដ្ឋធានី​របស់​អ៊ីរ៉ង់​៕អត្ថបទ៖ សុខមាន

ក្រុមអ្នកតវ៉ា​បាន​ប៉ះទង្គិច​គ្នា​ជាមួយ​នគរបាល​នៅ​រោងចក្រ​ផលិត​ឧបករណ៍​តេស្ត​រហ័ស​រក​វីរុស COVID-19 ​នៅ​ចិន

2023/01/09 10:38:59 am        625
​ចិន៖ វីដេអូ​មួយចំនួន​ដែល​បាន​បង្ហោះ​នៅលើ​បណ្ដាញ​សង្គម​ បាន​បង្ហាញ​ពី​ក្រុមអ្នកតវ៉ា​បាន​ប៉ះទង្គិច​ជាមួយ​នគរបា​ល​នៅ​ភាគ​កណ្ដាល​ប្រទេស​ចិន អំឡុង​ការធ្វើ​បាតុកម្ម​កាលពី​ថ្ងៃ​សៅរ៍ ដោយ​មនុស្ស​រាប់​រយ​នាក់​នៅ​រោងចក្រ​ផលិត​ឧបករណ៍​ធ្វើតេស្ត​រហ័ស​រក​វីរុស COVID-19​។​ក្រុម​អ្នកប្រើប្រាស់​បណ្ដាញ​សង្គម​បាន​និយាយថា ការតវ៉ា​នេះ​ពាក់ព័ន្ធ​បញ្ហា​ប្រាក់​ឈ្នួល និង​ការ​កាត់​បន្ថយ​បុគ្គលិក​ដ៏​ច្រើន​នៅ​ក្រុមហ៊ុន Zybio នៅ​កណ្ដាល​ទីក្រុង​ឆុង​ឈី​ង (Chongqing)​។​ ​សារព័ត៌មាន Reuters ​មិន​អាច​សុំ​ការ​អត្ថាធិ ប្បាយ​ណាមួយ​ភ្លាមៗ​ទេពី​ក្រុមហ៊ុន Zybio ប៉ុន្តែ​ត្រូវ​បាន​ផ្ទៀងផ្ទាត់​តាម​រយៈ​ទីតាំង​ភូមិសាស្ត្រ ដែល​វីដេអូ​ខ្លះ​ត្រូវ​បាន​ថត​នៅ​រោងចក្រ​ក្នុង​ទីក្រុង​ឆុង​ឈី​ង​។ នគរបាល​បាន​ដកថយ ក្រោយ​ការ​ប៉ះទង្គិច​ដោយ​ហិង្សា​ជាមួយ​ក្រុម​បាតុករ​។ ​វីដេអូ​មួយ​បាន​បង្ហាញ​ពី​ក្រុម​បាតុករ​គប់​វត្ថុ​សម្រាប់​បិទ​ចរាចរណ៍ សំបក​ឡាំង និង​កៅអី​លើ​នគរបាលបង្ក្រាប​កុបកម្ម។ វីដេអូ​ផ្សេងទៀត​ដែល​បាន​បង្ហោះ​នៅ​លើ​បណ្ដាញ​សង្គម​នានា​ដូចជា Twitter និង ​Douyin បាន​បង្ហាញ​ពី​ក្រុម​អ្នក​តវ៉ា​រាប់​សិប​នាក់​ស្រែក​ថា ឲ្យ​លុប​យើង​វិញ​មក​៕អត្ថបទ៖ សុខមាន

ចិន​បើក​ព្រំដែន​ឡើងវិញទទួលភ្ញៀវ​ទេសចរ ក្រោយ​បិទ​រយៈពេល​ ៣​ឆ្នាំ​ដោយសារ​ការឆ្លង​រាលដាល​វីរុស COVID-19

2023/01/09 10:13:41 am        491
​ចិន៖ ប្រទេស​ចិន​បាន​បើក​ព្រំដែន​ឡើងវិញ​ទទួលភ្ញៀវ​ទេសចរ​អន្ត​រ​ជាតិ​ជា​លើកដំបូង ​ចាប់​តាំងពី​ការ​រឹតត្បិត​ការ​ធ្វើដំណើរ​កាលពី​ខែ​មីនា ​ឆ្នាំ​២០២០​។ ​ការ​មក​ដល់​របស់​អ្នកដំណើរ​នា​ពេល​ខាងមុខ នឹង​មិន​តម្រូវ​ឲ្យ​ដាក់​នៅ​ដាច់ដោយឡែក​ទៀត​ទេ ជា​ការ​ផ្លាស់ប្ដូរ​ដ៏​ធំ​នៅ​ក្នុង​គោលនយោបាយ​ទប់ស្កាត់​ការឆ្លង​រាលដាល​វីរុស Covid របស់​ប្រទេស​នេះ ខណៈ​កំពុង​ទប់ទល់​ការ​ហក់​ឡើង​ខ្លាំង​នៃ​ករណី​ឆ្លង​។ ​អ្នកដំណើរ​ទាំងនោះ​នឹង​នៅតែ​តម្រូវ​ឲ្យ​បង្ហាញ​លទ្ធផល​តេស្ត​អវិជ្ជមាន PCR ក្នុង​រយៈពេល​ ៤៨​ម៉ោង​នៃ​ការធ្វើដំណើរ។ ​វិធានការ​នេះ​នឹង​ត្រូវបាន​ស្វាគមន៍​ដោយ​មនុស្ស​ជាច្រើន ដែល​កំពុង​រង់ចាំ​ឱកាស​ដ៏​ល្អ​នេះ​ដើម្បី​ជួបជុំ​គ្រួសារអំឡុង​បុណ្យ​ចូល​ឆ្នាំ​ប្រពៃណី​ចិន​ខាងមុខ​។​ ​នៅ​ក្នុង​ទីក្រុង​ហុងកុង មនុស្ស​ចំនួន ៤០០.០០០​នាក់​ត្រូវគេ​រំពឹង​ថា ​ធ្វើដំណើរ​ទៅកាន់​ចិនដីគោក​នៅ​ក្នុង​ប៉ុន្មាន​សប្ដាហ៍​ខាងមុខ ដោយមាន​មនុស្ស​ឈរ​តម្រង់​ជួរ​គ្នា​យ៉ាង​វែង​រង់ចាំ​ជើង​ហោះ​ហើរ​ចូល​ទៅ​កាន់​ទីក្រុង​នានា រួម​ទាំង​រដ្ឋធានី Beijing និង​ទីក្រុង Xiamen​។ ​ប្រទេស​ចិន​បាន​ទទួល​ជើង​ហោះហើរ​ដំបូង​ ក្រោម​វិធានការ​គ្មាន​ការ​តម្រូវ​ឲ្យ​នៅ​ដាច់ដោយឡែក​ថ្មី​របស់​ប្រទេស​នេះ សម្រាប់​អ្នកដំណើរ​នៅ​អាកាសយានដ្ឋាន​ធំៗ​ទូទាំង​ប្រទេស​កាលពី​ថ្ងៃ​អាទិត្យ​។ កាលពី​ថ្ងៃអាទិត្យ រថយន្តក្រុង ​២​ជាន់​ផ្ទុក​ពេញ​ដោយ​អ្នកដំណើរ​បាន​មកដល់​ស្ពាន​ទីក្រុង Hong Kong ត​ភ្ជាប់​ពី​ទីក្រុង​ Zhuhai ​ទៅ​ទីក្រុង Macau ដើម្បី​ឡើង​ជិះ​រថយន្ត​ទៅកាន់​ខេត្ត Guangdong ក្នុងចំណោម​ពួកគេ​គឺជា​ក្រុម​និស្សិត​មហាវិទ្យាល័យ​ដែល​កំពុង​វិលត្រឡប់​ទៅផ្ទះ​របស់ខ្លួន​៕អត្ថបទ៖ សុខមាន

សម្ដេចតេជោ ហ៊ុន សែន៖ «បើគ្មានការគាំទ្រពីប្រជាពលរដ្ឋទេ កម្ពុជាក៏មិនអាចការពារពីកូវីដ-១៩ បានដែរ»

2023/01/09 09:48:15 am        363
សម្ដេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណដល់ប្រជាពលរដ្ឋដែលបានផ្ដល់នូវការជឿទុកចិត្ត ចំពោះ​គណបក្សប្រជាជនកម្ពុជា ជាពិសេស​ការ​ជឿ​ទុក​ចិត្ត​ចំពោះ​សម្ដេច​ផ្ទាល់​ សម្រាប់​ការ​ដឹក​នាំ​ប្រទេស​ប្រកប​ដោយសន្ដិភាព និងការអភិវឌ្ឍ។ សម្ដេចបញ្ជាក់ថា​ប្រសិន​បើ​គ្មាន​ការ​គាំទ្រ​ពី​សំណាក់​ប្រជាពលរដ្ឋក្នុងការចាក់វ៉ាក់សាំងការពារកូវីដ-១៩ទេ​ ប្រទេសកម្ពុជា ក៏មិន​អាច​បើក​ដំណើរ​ការ​សង្គមសេដ្ឋកិច្ចជាធម្មតាឡើងវិញបានដែរ។ សម្ដេចតេជោ ហ៊ុន សែន បាន​ថ្លែង​នៅ​ក្នុង​ឱកាស​អញ្ជើញ​ធ្វើ​ជា​សហធិបតី​នៅ​ក្នុង​ពិធី​សម្ពោធ​បើក​ការដ្ឋាន​សាង​សង់ពង្រីក និងលើកកម្រិតគុណភាពកំណាត់ផ្លូវជាតិលេខ៧ ចាប់ពីរង្វល់មូលស្គន់ ទីរួមស្រុកជើងព្រៃ រហូតដល់ទីរួមខេត្តកំពង់ចាម នាព្រឹកថ្ងៃទី៩ ខែមករា ឆ្នាំ២០២៣នេះថា បើ​គ្មាន​ការ​គាំទ្រ​ពី​ប្រជាពលរដ្ឋប្រទេសកម្ពុជា ក៏មិនអាចជោគ​ជ័យ​លើ​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ​កូវីដ-១៩ បាន​ដែរ ប្រសិនបើប្រជាពលរដ្ឋមិនទទួលយកអនុវត្តនូវវិធានការសុខាភិបាល ៣ការពារ និង៣កុំ និងការទទួលវ៉ាក់សាំង។ សម្ដេចតេជោបានបញ្ជាក់ថា គ្រាន់តែមួយរយៈខ្លីប៉ុណ្ណោះ កូវីដ១៩ បាន​ទាញ​យក​ជីវិត​ប្រជាជន​កម្ពុជា ៣០៥៦ នាក់ ដែលជាចំនួនមួយ គួរឱ្យខ្លាច។ ប៉ុន្ដែ​ដោយ​សារ​មាន​ការ​គាំទ្រ​ពី​សំណាក់​ប្រជាពលរដ្ឋ​ទៅ​លើគោលនយោបាយ ទៅលើយុទ្ធសាស្រ្ដ និងបណ្ដាវិធានការទាំងឡាយ ដែល​រាជ​រដ្ឋាភិបាល​បាន​ដាក់​ចេញ គឺត្រូវបានប្រជាពលរដ្ឋទទួលស្វាគមន៍។សម្តេច​តេជោ ហ៊ុន សែន ប្រកាសដល់ប្រជាពលរដ្ឋកុំភ្លេចខ្លួន ក្នុងកិច្ចការ​ការ​ពារ​ការ​ឆ្លង​រីក​រាល​ដាល​ជំងឺ​កូវីដ១៩ ដោយនាំគ្នាទៅចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ឱ្យបានគ្រប់ៗគ្នា ទាំង​ដូស​មូល​ដ្ឋាន និង​ដូសជំរុញ តាមការណែនាំរបស់ក្រុមគ្រូពេទ្យចាក់វ៉ាក់សាំង៕ អត្ថបទ៖ វ៉ន ដារ៉ា 

សម្តេចតេជោ ហ៊ុនសែន អញ្ជើញបើកការដ្ឋានសាងសង់ពង្រីក និងលើកគុណភាព កំណាត់ផ្លូវជាតិលេខ៧ ពីស្គន់ទៅក្រុងកំពង់ចាម

2023/01/09 07:28:19 am        732
កំពង់ចាម៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និងឯកឧត្តម វ៉ាង វិនធៀន ឯកអគ្គរដ្ឋទូតចិនប្រចាំនៅកម្ពុជា អញ្ជើញធ្វើជាសហធិបតីនៅក្នុងពិធីសម្ពោធបើកការដ្ឋានសាងសង់ពង្រីក និងលើកម្រិតគុណភាពកំណត់ផ្លូវជាតិលេខ៧ ចាប់ពីរង្វល់មូលស្គន់ ទីរួមស្រុកជើងព្រៃ រហូតដល់ទីរួមខេត្តកំពង់ចាម នៅព្រឹកថ្ងៃទី០៩ ខែមករា ឆ្នាំ២០២៣នេះ។ ក្រសួងសាធារណការ និងដឹកជញ្ជូន បានឲ្យដឹងថា កំណាត់ផ្លូវជាតិលេខ៧នេះ ត្រូវបានស្តារ និងស្ថាបនាឡើងវិញកាលពីឆ្នាំ១៩៩៩ ជាប្រភេទផ្លូវក្រាលបេតុងកៅស៊ូ(AC) មានទទឹង ៧ម៉ែត្រ និង៩ម៉ែត្រ។ កាលនោះ កំណាត់ផ្លូវនេះ រួមជាមួយស្ពានមិត្តភាពកម្ពុជា-ជប៉ុន (ស្ពានគីហ្សូណា) ត្រូវបានសាងសង់ឡើងក្រោមជំនួយឥតសំណងពីរដ្ឋាភិបាលប្រទេសជប៉ុន។ ក្រោយមកដោយសារកំណើនសេដ្ឋកិច្ច គួបផ្សំនឹងសកម្មភាព ចរាចរណ៍របស់អ្នកដំណើរ និងការដឹកជញ្ជូនមានការកើនឡើងយ៉ាងគំហុក បានប្រែក្លាយកំណាត់ផ្លូវនេះឱ្យទៅជា «ផ្លូវកដប» ដែលមានសភាពចង្អៀត មានការកកស្ទះ និងមានគ្រោះថ្នាក់ញឹកញាប់ ទើបរាជរដ្ឋាភិបាលសម្រេចសាងសង់ពង្រីក និងលើកកម្រិតគុណភាពកំណាត់ផ្លូវនេះឡើងវិញឱ្យបានធំទូលាយ និងល្អប្រសើរជាងមុន។ គម្រោងពង្រីក និងលើកកម្រិតគុណភាពកំណាត់ផ្លូវជាតិលេខ៧នេះ មានប្រវែងសរុបជាង ៤៥គីឡូម៉ែត្រ ចាប់ពីរង្វង់មូលស្គន់ ទីរួមស្រុកជើងព្រៃ ទៅដល់រង្វង់មូលគល់ស្ពានគីហ្សូណា ក្រុងកំពង់ចាម នឹងត្រូវស្ថាបនាជាប្រភេទផ្លូវ ក្រាលបេតុងកៅស៊ូ (AC) កម្រាស់ ៩សង់ទីម៉ែត្រ និងពង្រីកទទឹងតួផ្លូវពី ២គន្លង ទៅ ៤គន្លង ដោយគន្លងនីមួយៗមានប្រវែង ៣.៧៥ម៉ែត្រ និងសួនពុះទ្រូងផ្លូវ ១.៥ម៉ែត្រ។ គម្រោងនេះ នឹងរួមបញ្ចូលការ សាងសង់ស្ពានថ្មី ចំនួន ១កន្លែង ប្រវែង ៤០ម៉ែត្រ មានទទឹង ២៤ម៉ែត្រ ស្ពានថ្មីចំនួន ៦កន្លែងផ្សេងទៀត ប្រវែងសរុប ១០៦ម៉ែត្រ មានទទឹង ១២ម៉ែត្រ និងពង្រីកបន្ថែមស្ពានចាស់ ដែលមានស្រាប់ចំនួន ១កន្លែង ទទឹង ១០.៥ម៉ែត្រដាក់លូគ្រប់ប្រភេទចំនួន ៣៣០កន្លែង បំពាក់កាមេរ៉ា ត្រួតពិនិត្យ ល្បឿនរថយន្ត ២កន្លែង បំពាក់ស្ថានីយជញ្ជីងថ្លឹងរថយន្ត ដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់វៃឆ្លាត និងត្រួតពិនិត្យដោយស្វ័យ ប្រវត្តិ (AI and Weigh-in-Motion) ចំនួន ២កន្លែង និងបំពាក់ស្លាក សញ្ញាចរាចរណ៍ គំនូសចរាចរណ៍ បង្គោលគីឡូម៉ែត្រ និងបង្គោល សុវត្ថិភាពទៅតាមបទដ្ឋានបច្ចេកទេសផ្លូវថ្នល់។ គម្រោងនេះ ត្រូវអនុវត្ដការសាងសង់ដោយក្រុមហ៊ុនសាជីវកម្មស្ពាន និងថ្នល់ចិន(CRBC) និងត្រួតពិនិត្យបច្ចេកទេសដោយក្រុមហ៊ុនទីប្រឹក្សា បច្ចេកទេសក្វាងចូវវ៉ានអាន ប្រើប្រាស់រយៈពេលសាងសង់ចំនួន ៤០ខែ នឹងបញ្ចប់នៅក្នុងឆ្នាំ២០២៦ គ្រោងចំណាយថវិកាសរុបជាង ១១៧លានដុល្លារអាមេរិក ដែលជាឥណទានសម្បទានពីរដ្ឋាភិបាលចិន រួមជាមួយនឹងថវិកាបដិភាគរបស់រាជរដ្ឋាភិបាលកម្ពុជា សម្រាប់ការដោះស្រាយផលប៉ះពាល់ ការបោសសម្អាតគ្រាប់មីន យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ និងពន្ធអាករផ្សេងៗ៕

Breaking News ! លោក គី តិច មេធាវីសម្តេចតេជោ ហ៊ុន សែន នាំយកថវិកាឈ្នះក្តីទណ្ឌិត សម រង្ស៊ី បរិច្ចាកជូនមន្ទីរពេទ្យគន្ធបុប្ផា

2023/01/07 02:23:13 pm        287
​ភ្នំពេញ៖ នៅសៀលថ្ងៃទី០៧ ខែមករា ឆ្នាំ២០២៣នេះ លោក គី តិច មេធាវីសម្តេចតេជោ ហ៊ុន សែន នាំយកថវិកាឈ្នះក្តីទណ្ឌិត សម រង្ស៊ី បរិច្ចាកជូនមន្ទីរពេទ្យគន្ធបុប្ផា។គួរបញ្ជាក់ថា ថវិកានោះ ជាថវិកាចំណែករបស់សម្តេចពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា បានមកពីការប្តឹងឈ្នះទណ្ឌិត សម រង្ស៊ី ចំនួន ៤៨.៤៤៨,២៨ដុល្លាអាមេរិក ក្នុងសំណុំរឿងបរិហាកេរ្តិ៍ កាលពីឆ្នាំ២០១៥ ក្រោយពេលតុលាការលក់ឡៃឡុងទ្រព្យសម្បត្តិ នៃអតីតទីស្នាក់កណ្តាល អតីតគណបក្សសង្គ្រោះជាតិ។​ព័ត៌មានលម្អិត BTV នឹងផ្សាយជូននាពេលបន្តបន្ទាប់។https://fb.watch/hURERlTSu4/?mibextid=cr9u03

សម្តេចតេជោព្រមានកំចាត់ចោលចំពោះបក្សនយោបាយណាដែលជាប់ពាក់ព័ន្ធនឹងជនក្បត់ជាតិបីជំនាន់

2023/01/07 09:29:15 am        581
ភ្នំពេញ ​៖ ជាថ្មីម្តងទៀត សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានព្រមានយ៉ាងដាច់ណាត់ថា នឹងធ្វើការកំចាត់ចោលរាល់គណបក្សនយោបាយ ឬបុគ្គលណាដែលជាប់ពាក់ព័ន្ធនឹងជនជ្រុល និយមក្បត់ជាតិបីជំនាន់ ដោយបច្ចុប្បន្នកំពុងរត់ចោលស្រុក ខណៈក្រុមក្បត់ជាតិទាំងនេះហើយបានកំពុង ព្យាយាមម្តងហើយម្តងទៀតក្នុងការបំផ្លិតបំផ្លាញសុខសន្តិភាពនៅកម្ពុជា ដែលកំពុងមានសព្វថ្ងៃនេះ។ ថ្លែងក្នុងឱកាសប្រារព្ឋខួបលើកទី៤៤«ទិវាជ័យជម្នះ៧មករា»(៧មករា១៩៧៩-៧មករា២០២៣) ដែលបានប្រព្រឹត្តិទៅនៅមជ្ឈមណ្ឌលកំសាន្តកោះពេជ្យ នាព្រឹកថ្ងៃទី៧ ខែមករា ឆ្នាំ២០២៣នេះ សម្តេច តេជោ ហ៊ុន សែន បានប្រកាសថា មិនត្រូវលើកលែងឲ្យក្រុមពួកជ្រុលនិយមក្បត់ជាតិ ដែលប៉ុនប៉ង សកម្មភាពណាមួយ ធ្វើឲ្យកម្ពុជាមានភាពវឹកវរនោះទេ ហើយអ្នកណា ឬបក្សណាក៏ដោយឲ្យតែដឹងថា ផ្សំគំ និតជាមួយក្រុមក្បត់ជាតិ និងជ្រុលនិយមទាំងនោះនឹងត្រូវតែកំចាត់ចោលភ្លាមៗគ្មានការអនុគ្រោះនោះឡើយ។​ជាមួយគ្នានោះដែរ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី ក៏បានរំលឹកផងដែរថា កម្ពុជាប្រកាន់ខ្ជាប់ធម្មនុញ្ញអង្គការសហប្រជាជាតិ និងច្បាប់ បទដ្ឋាន ព្រមទាំងគោលការណ៍ទាំងឡាយដែលត្រូវបានទទួលស្គាល់ជាសាកល ហើយជំទាស់ដាច់ខាតចំពោះការប្រើប្រាស់កម្លាំង ឬការគំរាមកំហែងដោយកម្លាំងប្រឆាំងនឹងរដ្ឋអធិបតេយ្យមួយ។ ចំពោះបញ្ហាសង្គ្រាម និងសន្តិភាព ឆ្លងកាត់ប្រវត្តិសាស្រ្តដ៏ជូរចត់ដែលកម្ពុជាបានជួបរួចមកហើយនោះ យើងយល់ថាសង្រ្គាមមិនអាចបញ្ចប់ដោយសង្រ្គាមបានឡើយ មានតែការដោះស្រាយជម្លោះដោយសន្តិវិធីតាមរយៈការសន្ទនា និងពិគ្រោះយោបល់ប៉ុណ្ណោះ ទើបអាចសម្រេចបាននូវសន្តិភាពប្រកបដោយចីរភាពបាន៕ អត្ថបទ ៖ បាន ចក់

សម្តេចតេជោ៖យើងទាំងអស់គ្នាត្រូវតែរួមគ្នាពូនជ្រុំថែរក្សា និងការពារ៧មករាឲ្យខាងតែបាន

2023/01/07 09:25:53 am        82
ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានគណបក្សប្រជាជន កម្ពុជា បានអំពាវនាវដល់បងប្អូនជនរួមជាតិទាំងអស់ត្រូវរួមគ្នាពូនជ្រុំថែរក្សា និងការពារនូវ«ទិវា៧មករា» ឲ្យខាងតែបាន ខណៈថ្ងៃ៧មករានេះហើយ បាននាំដែនដីមរណៈរបស់កម្ពុជា ឲ្យក្លាយទៅជាដែនដីដ៏ស្រស់ ត្រកាលឡើងវិញរហូតដល់សព្វថ្ងៃនេះ។ ថ្លែងក្នុងឱកាសប្រារព្ឋខួបលើកទី៤៤«ទិវាជ័យជម្នះ៧មករា»(៧មករា១៩៧៩-៧មករា២០២៣) ដែលបានប្រព្រឹត្តិទៅនៅមជ្ឈមណ្ឌលកំសាន្តកោះពេជ្យ នាព្រឹកថ្ងៃទី៧ ខែមករា ឆ្នាំ២០២៣នេះ សម្តេច តេជោ ហ៊ុន សែន បានលើកឡើងថា ថ្ងៃ៧មករា គឺជាថ្ងៃកំណើតទី២របស់ប្រជាជនខ្មែរគ្រប់រូប ហើយប្រសិនបើមិនមានថ្ងៃ៧មករា ឆ្នាំ១៩៧៩ទេគឺពុំមានវត្តមានថ្ងៃនេះឡើយ ដូច្នេះបងប្អូនជនរួមជាតិទាំងអស់ ត្រូវតែការពារនូវ«ទិវា៧មករា»នេះ ដោយមិនត្រូវបណ្តែតបណ្តោយឲ្យជនអគតិណាបំផ្លិតបំផ្លាញបាននោះ ឡើយ។​ជាមួយគ្នានោះដែរ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា និងជាប្រធានគណបក្សប្រ ជាជនកម្ពុជា ក៏បានលើកឡើងផងដែរថា ខួបនៃទិវាជ័យជម្នះ ៧មករា នៅឆ្នាំនេះ ប្រារព្ធឡើងក្នុងសភាពការណ៍ដែលព្រះរាជាណាចក្រកម្ពុជា បានសម្រេចសមិទ្ធផលធំៗថ្មីទៀតលើគ្រប់វិស័យ បន្ទាប់ពីបានងើបឡើងវិញយ៉ាងឆាប់រហ័សពីវិបត្តិជំងឺកូវីដ-១៩ ហើយកំពុងបន្តឈានទៅមុខប្រកបដោយភាពជឿជាក់លើមាគ៌ាសន្តិភាព ប្រជាធិបតេយ្យ និងអភិវឌ្ឍន៍ ជាមួយនឹងការលេចត្រដែតឡើងនូវកិត្យានុភាពរបស់កម្ពុជាលើឆាកអន្តរជាតិជាដើមនោះ។សូមរំលឹកថាថ្ងៃ ៧ មករា ឆ្នាំ ១៩៧៩ គឺជាទិវាមហាជ័យជំនះរបស់ប្រជាជនកម្ពុជាលើបនប្រល័យពូជសាសន៍ ប៉ុល ពត។ កម្ពុជាបានបិទនូវទំព័រសករាជដ៏ខ្មៅងងឹតរបស់ខ្លួន ហើយបើកចេញនូវទំព័រសករាជថ្មីគឺសករាជឯករាជ្យ សេរីភាព ប្រជាធិបតេយ្យ និងវឌ្ឍនភាពសង្គម។ ប្រជាជនកម្ពុជា បានប្រសិទ្ធនាមថ្ងៃ ៧ មករា ឆ្នាំ១៩៧៩ ថាជាថ្ងៃកំណើតទី២របស់ខ្លួន ហើយកំណត់នូវគោលជំហរយ៉ាងច្បាស់ថា «បើគ្មានថ្ងៃ៧ មករា ឆ្នាំ ១៩៧៩ ទេនោះ យើងនឹងគ្មានអ្វីៗទាំងអស់នៅថ្ងៃនេះ »។ លើមូលដ្ឋាននៃការពង្រីកជ័យជំនះ ៧ មករា ឆ្ពោះទៅមុខឥតឈប់ឈរ សាធារណរដ្ឋប្រជាមានិតុកម្ពុជា ដែលជាតំណាងស្របច្បាប់តែមួយគត់របស់ប្រជាជនកម្ពុជាសម្រេចបានស្នាដៃធំៗជាប្រវត្តិសាស្ត្រចំនួ៤គឺ៖ទី១- បានរំដោះប្រជាជនកម្ពុជាពីរបប ប៉ុល ពត ដ៏សែនមហាឃោឃៅ យង់ឃ្នង និងទប់ស្កាត់របបអន្យតិរ្ថិយនេះមិនឲ្យវិលត្រឡប់មកកម្ពជាជាលើកទី២។ទី២- បាននាំមកជូនប្រជាជនវិញនូវសិទ្ធិសេរីភាពទាំងអស់ ដែលសិទ្ធិសេរីភាពទាំងនោះត្រូវបានបន ប៉ុល ពត កំចាត់បង់ក្នុងរបប ៣ ឆ្នាំ ៨ ខែ ២០ថ្ងៃរបស់ពួកវាទៅហើយ។ទី៣- បានស្តារ និងកសាងខឿនសេដ្ឋកិច្ចជាតិ ឲ្យមានស្ថេរភាពជាបណ្តើរៗតាំងពីពេលនោះមក។ទី៤- បានធ្វើជាកម្លាំងស្នូលនៃការបង្រួបបង្រួមជាតិ និងជាកម្លាំងមិនអាចខ្វះបាន ក្នុងការអនុវត្តន៍កិច្ចព្រមព្រៀងទីកុ្រងប៉ារីស ថ្ងៃទី២៣ ខែតុលា ឆ្នាំ ១៩៩១៕អត្ថបទ ៖ បាន ចក់

កម្ពុជាអបអរសាទរខួបអនុស្សាវរីយ៍លើកទី៤៤ នៃថ្ងៃជ័យជម្នះ ៧មករា(៧ មករា ១៩៧៩-៧ មករា ២០២៣)

2023/01/07 07:42:25 am        730
ភ្នំពេញ​៖ នៅថ្ងៃទី៧ ខែមករា ឆ្នាំ២០២៣ នេះ គឺជាខួបលេីកទី ៤៤ឆ្នាំ (៧ មករា ១៩៧៩-៧ មករា ២០២៣) ដែលកម្ពុជាត្រូវបានសង្គ្រោះ និងរំដោះចេញផុតពីរបបកម្ពុជាប្រជាធិបតេយ្យ ឬ ហៅថារបបប្រល័យពូជសាសន៍ ប៉ុល ពត ដែលបានធ្វើអោយកម្ពុជាក្លាយជាវាលពិឃាតដ៏ខ្មៅងងឹតអស់រយៈពេល៣ឆ្នាំ ៨ខែ និង២០ថ្ងៃ ។ នៅព្រឹកថ្ងៃទូ០៧ ខែមករា ឆ្នាំ២០២៣នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា , សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានកិត្តិយសគណបក្សប្រជាជនកម្ពុជា និងជាប្រធានរដ្ឋសភាព, ព្រមទាំងមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំ មន្ត្រីរាជការ ស្ថាប័នតាមក្រសួងនានា ភ្ញៀវជាតិ អន្តរជាតិ មន្ត្រីអង្គទូត សិស្សានុសិស្ស និងប្រជាពលរដ្ឋរាប់ម៉ឺននាក់ បានចូលរួមអបអរសាទរថ្ងៃជ័យជម្នះ៧មករា លើកទី៤៤ឆ្នាំ (៧ មករា ១៩៧៩-៧ មករា ២០២៣)យ៉ាងមហោឡារិក នៅមជ្ឈមណ្ឌលកោះពេជ្រ។ គួររំលឹកដែរថា កាលពី៤៤មុន ប្រជាពលរដ្ឋខ្មែរគ្រប់រូប រួមទាំងកុមារតូចៗត្រូវរស់នៅក្រោមការបង្ខិតបង្ខំអោយធ្វើការលើសកម្លាំង គ្មានថ្ងៃឈប់សម្រាក អាហារមិនគ្រប់គ្រាន់ គ្មានមន្ទីរពេទ្យ គ្មានសាលារៀន គ្មានវត្តអារាម ហើយសិទ្ធិសេរីភាពទាំងអស់របស់ពលរដ្ឋមិនមានឡើយ។ ប៉ុន្តែក្រោយពីប្រទេសជាតិត្រូវបានរំដោះ នៅថ្ងៃទី៧ ខែមករា ឆ្នាំ១៩៧៩ ក្រោមការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា ប្រជាពលរដ្ឋមានសិទ្ធិសេរីភាពពេញលេញឡើងវិញ ហើយប្រទេសជាតិទាំងមូលមានសុខសន្តិភាព និងការអភិវឌ្ឍន៍រីកចម្រើនគ្រប់វិស័យមកទល់សព្វថ្ងៃនេះ ក្រោមការដឹកនាំដ៏ឈ្លាសវៃ របស់សម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្រ្តី និងជាប្រធានគណបក្សប្រជាជនកម្ពុជា៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

នាយករដ្ឋមន្ត្រីអ៊ីស្រាអែល៖ យោធានឹងនៅភាគខាងត្បូងលីបង់ ជាផ្នែកនៃកិច្ចព្រមព្រៀងក្របខ័ណ្ឌ
06/27/2026 11:06 AM
ទាហាន និងជនស៊ីវិលរបស់ប្រទេសគុយបា ចូលរួមក្នុងសមយុទ្ធយោធា
06/27/2026 11:06 AM
សហរដ្ឋអាមេរិក និងអ៊ីរ៉ង់ ខ្វែងគំនិតគ្នាលើបណ្តាញទំនាក់ទំនងនៅច្រកសមុទ្រ Hormuz
06/27/2026 11:06 AM
អ៊ីស្រាអែល និងលីបង់ ចុះកិច្ចព្រមព្រៀងក្របខ័ណ្ឌសន្តិភាព បន្ទាប់ពីការចរចាសម្របសម្រួលដោយអាមេរិក
06/27/2026 10:06 AM
អឺរ៉ុប ស្ថិតក្នុងការព្រមានខ្ពស់ ខណៈរលកកម្ដៅខ្លាំង នឹងរំកិលទៅទិសខាងកើត និងខាងត្បូង
06/27/2026 10:06 AM
សហរដ្ឋអាមេរិក វាយប្រហារលើអ៊ីរ៉ង់ក្នុងការឆ្លើយតបទៅនឹងការវាយប្រហារលើនាវាដឹកទំនិញ
06/27/2026 09:06 AM
ប្រទេសវ៉េណេស៊ុយអេឡា ជួបប្រទះរញ្ជួយដីថ្មីមួយកម្រិត ៤.៩ រ៉ិចទ័រ ប៉ុន្មានថ្ងៃបន្ទាប់ពីការរញ្ជួយដីធំៗ២លើក
06/27/2026 09:06 AM
ចំនួនអ្នកស្លាប់កើនឡើងដល់ជាង៩0០នាក់ក្នុងរញ្ជួយដីនៅវ៉េណេស៊ុយអេឡា ខណៈគ្រួសារជាច្រើនអន្ទះសាររង់ចាំព័ត៌មាន
06/27/2026 08:06 AM
ប្រធានគណៈប្រចាំការនៃគណៈអចិន្ត្រៃយ៍យុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្ដាល និងលេខាទី១ នៃគណៈកម្មាធិការមជ្ឈិមសម្ព័ន្ធយុវជនកុម្មុយនីស្តចិនចុះអនុស្សរណៈស្ដីពីកិច្ចសហប្រតិបត្តិការជាមួយគ្នា
06/26/2026 08:06 PM
កសិដ្ឋានចិញ្ចឹមសត្វគោ និងជ្រូកនៅប្រទេសបែលហ្ស៊ិក កំពុងជួបការលំបាក ដោយសាររលកកម្តៅ
06/26/2026 08:06 PM